អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥១,៥២៥ ដង)
សេចក្តីសង្វេគក្នុងហេតុដែលគួរសង្វេគ និងសេចក្តីព្យាយាមដោយឧបាយរបស់បុគ្គលអ្នកមានចិត្តសង្វេគ

|
សំវេគោ ច សំវេជនីយេសុ ឋានេសុ សេចក្តីសង្វេគក្នុងហេតុទាំងឡាយគួរសង្វេគ [ បានដល់ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ និងព្យាធិទុក្ខ ]
សំវិគ្គស្ស ច យោនិសោ បធានំ សេចក្តីព្យាយាម [ បានដល់សម្មប្បធាន ៤ ] ដោយឧបាយរបស់បុគ្គលអ្នកមានចិត្តសង្វេគ
![]() អធិប្បាយ ក្នុងពាក្យថា សំវេគោ ច សំវេជនីយេសុ ឋានេសុ នេះ ដែលឈ្មោះថា សំវេគ បានដល់ ញាណទស្សនៈ ដោយការឃើញ ការកើតជាដើមដោយភាពជាភ័យ យ៉ាងនេះថា ជាតិភ័យ ( ការកើតជាភ័យ ) ជរាភ័យ ( ការចាស់ជាភ័យ ) ព្យាធិភ័យ ( ការឈឺជាភ័យ ) មរណភ័យ ( ការស្លាប់ជាភ័យ ) ។ ពាក្យថា សំវេជនីយំ ឋានំ សំដៅដល់ ជាតិ ជរា ព្យាធិ និងមរណៈ។ ធម៌ទាំង ៤ ប្រការនេះ លោកហៅថា ធម៌ជាទីតាំង ជាហេតុនៃសេចក្តីសង្វេគតក់ស្លុត ព្រោះជាហេតុនាំឲ្យកើតសេចក្តីសង្វេគយ៉ាងនេះថា ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ ។ ពាក្យថា សំវិគ្គស្ស ច យោនិសោ បធានំ គឺសេចក្តីព្យាយាមដោយឧបាយត្រូវទំនង របស់អ្នកដែលកើតសេចក្តីសង្វេគយ៉ាងនេះ ។ ពាក្យនេះជាឈ្មោះនៃសេចក្តីព្យាយាមដែលមកហើយយ៉ាងនេះថា “ឥធ ភិក្ខុ អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ ភិក្ខុក្នុងសាសនានេះ រមែងញ៉ាំងឆន្ទៈឲ្យកើតឡើង ដើម្បីការមិនកើតឡើងនៃអកុសលធម៌ដ៏លាមក ដែលនៅមិនទាន់កើតឡើង” ។ ( សង្គីតិសុត្តវណ្ណនា ) បទថា ជាតិភយំ ( ជាតិភ័យ ) បានដល់ ញាណដែលឃើញជាតិ ( ការកើត ) ដោយភាពជាភ័យតាំងនៅ ។ សូម្បីក្នុងញាណ ដែលឃើញជរា និងមរណៈ ដោយភាពជាភ័យជាដើម ក៏មានន័យនេះឯង ។ បទថា អនុប្បន្នានំ បាបកានំ ( ដើម្បីញ៉ាំងអកុសលធម៌ដ៏លាមកដែលមិនទាន់កើត ) ជាដើម ព្រះដ៏មានព្រះភាគត្រាស់សេចក្តីព្យាយាមដែលជាហេតុរបស់ភិក្ខុអ្នកឃើញជាតិជាដើម ដោយភាពជាភ័យហើយ ប្រាថ្នាដើម្បីនឹងរួចផុតចាកជាតិ ជរា ព្យាធិ និងមរណៈ ។ ( អដ្ឋសាលិនី អដ្ឋកថា ) ដោយ៥០០០ឆ្នាំ |