30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៣,៨៤៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤២៣,៥៦៩
សរុប ៣៨៣,៧១០,២៦២
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៣៦០ ដង)

សេចក្តី​សំខាន់​នៃ​ការ​មាន​កល្យាណមិត្ត



 
ក្នុង​បិដក​លេខ ៣៧ ទំព័រ ៦៣ នៅ​ក្នុង បឋម​កល្យាណ​មិត្ត​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា “ការ​មាន​មិត្ត​ល្អ ជា​បុព្វនិមិត្ត​នៃ​អរិយមគ្គ” មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ​ ៖
សាវត្ថី​និទាន ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​រះ​ឡើង​នៃ​អរុណ នេះ​ជា​ប្រធាន នេះ​ជា​បុព្វនិមិត្ត ( គ្រឿង​កំណត់​មុន ) ​នៃ​ព្រះអាទិត្យ​ដែល​រះ​ឡើង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​មាន​មិត្ត​ល្អ នេះ​ជាប្រធាន នេះ​ជា​បុព្វ​និមិត្ត ប្រព្រឹត្ត​ទៅ​ដើម្បី​ញ៉ាំង​អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ ឲ្យ​កើត​ឡើង​ដល់​ភិក្ខុ​ ដោយ​ប្រការ​យ៉ាង​នេះ​ដែរ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដំណើរ​នេះ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ ភិក្ខុ​នោះ​នឹង​ចម្រើន​អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ និង​ធ្វើ​អរិយ-មគ្គ​ប្រកប​ដោយ​អង្គ ៨ ឲ្យ​ច្រើន​ឡើង ។

ក្នុង​បិដក​លេខ ៣៧ ទំព័រ ៣ ឧបឌ្ឍសូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ភាព​នៃ​បុគ្គល ដែល​មាន​មិត្ត​ល្អ ចាត់​ជា​​ព្រហ្មចរិយ​ធម៌​ទាំង​មូល មិន​មែន​ពាក់​កណ្តាល​ដូច​ព្រះអានន្ទ​បាន​ពោល​នោះ​ឡើយ សេចក្តី​នេះ​មាន​ដូច​ត​ទៅ ៖
ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ ។ សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​គង់​នៅ​ក្នុង​សក្ករនិគម​របស់​ពួក​សក្យៈ ក្នុង​ដែន​​សក្យៈ ។ គ្រា​នោះ ព្រះអានន្ទ​ដ៏​មាន​អាយុ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ។ លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន គុណ​ជាតឯណា គឺ​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​​ការ​មាន​ក្លើ​ល្អ គុណ​ជា​ត​នេះ ចាត់​ជា​ពាក់​កណ្តាល​នៃ​ព្រហ្មចរិយធម៌ ។
 


ម្នាល​អានន្ទ អ្នក​កុំពោល​យ៉ាង​នេះ​ឡើយ ម្នាល​អានន្ទ អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ ម្នាល​អានន្ទ គុណ​ជាតឯណា គឺ​​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ គុណ​ជា​ត​នេះ​ឯង ចាត់​ជា​ព្រហ្មចរិយធម៌​ទាំង​មូល ។ ម្នាល​​អានន្ទ ព្រហ្មចរិយធម៌​នេះ​ឯង ប្រាកដ​ដល់​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​ក្លើ​ល្អ និង​ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​​ប្រកប​ដោយ​អង្គ ៨ និង​ធ្វើ​ឲ្យ​ច្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ។

ម្នាល​អានន្ទ ចុះ​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​ក្លើ​ល្អ ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ ប្រកប​ដោយ​អង្គ ៨ ធ្វើ​ឲ្យ​ច្រើន​​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ តើ​ដូច​ម្តេច ។ ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​នូវ​សម្មាទិដ្ឋិ ដែល​​អាស្រ័យ​នូវ​សេច​ក្តី​ស្ងប់​ស្ងាត់ អាស្រ័យ​នូវ​សេចក្តី​នឿយ​ណាយ អាស្រ័យ​នូវ​សេចក្តី​រលត់ មាន​កិរិយា​បង្អោន​ទៅ​​ដើម្បី​លះ​បង់ ចម្រើន​នូវ​សម្មាសង្កប្បៈ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់​ស្ងាត់ ។ល។ ចម្រើន​នូវ​សម្មាវាចា ។ល។ ចម្រើន​នូវ​សម្មាកម្មន្តៈ ។ល។ ចម្រើន​នូវ​សម្មាអាជីវៈ ។ល។ ចម្រើន​នូវ​សម្មាវាយាមៈ ។ល។ ចម្រើន​នូវ​សមា្ម-សតិ ។ល។ ចម្រើន​នូវ​សម្មាសមាធិ ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យ​នូវ​សេចក្តី​នឿយ​ណាយ អាស្រ័យ​នូវសេចក្តី​រលត់ មាន​កិរិយាបង្អោន​ទៅ​ដើម្បី​លះ​បង់ ។ ម្នាល​អានន្ទ ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​​ក្លើ​ល្អ ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ធ្វើ​ឲ្យ​ច្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នេះ​ឯង ។

ម្នាល​អានន្ទ អ្នក​គប្បី​ដឹង​សេចក្តី​នោះ​ដោយ​បរិយាយ​នេះ​ចុះ​ថា នេះ​ជា​ព្រហ្មចរិយធម៌​ទាំង​មូល គឺ​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ​ ។ ម្នាល​អានន្ទ ព្រោះ​អាស្រ័យ​តថាគត​ដែល​ជា​មិត្ត​ល្អ បាន​ជា​ពួក​សត្វ​ដែល​​មាន​ជាតិ​ជា​ធម្មតា រួច​ស្រឡះ​ចាក​ជាតិ​ទៅ​បាន ពួក​សត្វ​ដែល​មាន​ជរាជា​ធម្មតា រួច​ស្រឡះ​ចាក​ជរា​ទៅ​បាន ពួក​​សត្វ​ដែល​មាន​មរណៈ​ជា​ធម្មតា រួច​ស្រឡះ​ចាក​មរណៈ​ទៅ​បាន ពួក​សត្វ​ដែល​មាន​សោក ខ្សឹក​ខ្សួល លំបាក​កាយ​ លំបាក​ចិត្ត និង​សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត​ជា​ធម្មតា រួច​ស្រឡះ​ចាក​សោក ខ្សឹក​ខ្សួល លំបាក​កាយ លំបាក​ចិត្ត និង​​សេចក្តី​ចង្អៀត​ចង្អល់​ទៅ​បាន ។ ម្នាល​អានន្ទ អ្នក​គប្បី​ដឹង​សេចក្តី​នុ៎ះ ដោយ​បរិយាយ​នេះ​ចុះ​ថា នេះ​ជា​ព្រហ្មចរិយ​ធម៌​ទាំង​មូល គឺការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ ។

ក្នុង​បិដក​លេខ ៣៧ ទំព័រ ២០៣ នៅ​ក្នុង បឋម​សូរិយូបម​សូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​ថា “ការ​មាន​មិត្ត​ល្អ ជា​បុព្វនិមិត្ត​នៃ​ពោជ្ឈង្គ ៧” មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ ៖
ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​រះឡើង​នៃ​អរុណ​នុ៎ះ​ឯង​ជា​ប្រធាន ​ជា​បុព្វ​និមិត្ត នៃ​ព្រះអាទិត្យ​ដែល​រះ​ឡើង ( យ៉ាង​ណា​ ) ភាវៈ​នៃ​កល្យាណ​មិត្ត​នុ៎ះ​ឯង ជា​ប្រធាន ជា​បុព្វនិមិត្ត​នៃ​ការ​ញ៉ាំង​ពោជ្ឈង្គ​ទាំង​ ៧ ឲ្យ​កើត​ឡើង​ដល់​ភិក្ខុ ក៏​យ៉ាង​​នោះដែរ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ ភិក្ខុ​ដែល​នឹង​ចម្រើន​នូវ​ពោជ្ឈង្គ​ទាំង ៧ ធ្វើ​ឲ្យ​រឿយ​ៗ នូវ​ពោជ្ឈង្គ​ទាំង ៧ ( នោះ ) គួរ​ប្រាថ្នា​នូវ​ភិក្ខុ​ដែល​ជាកល្យាណ​មិត្ត ( កុំខាន ) ។
 


ក្នុង​បិដក​លេខ ៤០ ទំព័រ ២៦ នៅ​ក្នុង កល្យាណ​មិត្តតាទិ​វគ្គ​ទី ៨ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ប្រយោជន៍​ដ៏​​សំខាន់ ព្រោះ​មក​អំពី​មាន​កល្យាណមិត្ត មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ ៖
ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ​សភាវៈ ១ ដែល​ញ៉ាំង​ពួក​កុសល​ធម៌ មិន​ទាន់​​កើត​ឡើង​ឲ្យ​កើត​ឡើង​បាន​ក្តី ពួក​អកុសល​ធម៌ ដែល​កើត​ឡើង​ហើយ ឲ្យ​សាបសូន្យ​ទៅ​ក្តី ដូច​ការ​មាន​កល្យាណ​​មិត្ត​នេះសោះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​បុគ្គល​មាន​កល្យាណ​មិត្ត ពួក​កុសលធម៌​ដែល​មិន​ទាន់​កើត​ឡើង ក៏​រមែង​កើត​ឡើង​បាន​ផង ពួក​អកុសល​ធម៌ ដែល​កើត​ឡើង​ហើយ រមែង​សាប​សូន្យ​ទៅ​ផង ។

ក្នុង​បិដក​លេខ ៤០ ទំព័រ ៣៣ នៅក្នុង បមាទាទិ​វគ្គ​ទី ៩ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង អំពី​ប្រយោជន៍​ដ៏​ច្រើន ព្រោះ​មក​អំពី​មាន​កល្យាណ​មិត្ត មាន​ដូច​តទៅ​ ៖
ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ​សភាវៈ ១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​​ច្រើន ដូច​ការ​មាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​កល្យាណ​មិត្ត​នេះ​ឯង ទើប​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​ច្រើន ។

ក្នុង​បិដក​លេខ ៤០ ទំព័រ ៤២ ក្នុង វគ្គទី ១០ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា ៖
ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ ១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​ឋិត​នៅ មិន​វិនាស មិន​អន្តរធាន​នូវ​ព្រះសទ្ធម្ម ដូច​ការ​មាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​​កល្យាណមិត្ត​នេះ​ឯង ទើប​ប្រព្រឹត្ត​ទៅ ដើម្បី​ឋិត​នៅ មិន​វិនាស​ មិន​អន្តរធាន​នូវ​ព្រះសទ្ធម្ម ។

ក្នុង​បិដក​លេខ ៤០ ទំព័រ ៣៧ ក្នុង វគ្គទី ១០ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​ថា ៖
ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​នូវ​អង្គ​ដទៃ ដែល​ជា​អង្គ​ខាង​ក្រៅ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​​ច្រើន ដូច​ការមាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​កល្យាណ​មិត្ត​នេះ​ឯង ទើប ( ជា​អង្គ​ខាង​ក្រៅ ) ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​ច្រើន ។

ក្នុង​បិដក​លេខ ៥៣ ទំព័រ ១៥ ទុតិយសេក្ខ​សូត្រ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ព្រះ​សេក្ខៈ ជា​អ្នក​មាន​សេចក្តី​​ចម្រើន​ព្រោះ​មាន​កល្យាណ​មិត្ត ខ្លឹម​សារ​មាន​ទាំង​ស្រុង​ដូច​ត​ទៅ ៖

ខ្ញុំ​បាន​ស្តាប់​មក​ថា ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សម្តែង​ហើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​​ភិក្ខុ​ជា​សេក្ខៈ មិន​ទាន់​សម្រេច​អរហត្តផល​នៅ​ឡើយ ហើយ​ប្រាថ្នា​ធម៌​ជាទី​ក្សេម​ចាក​យោគៈដ៏​ប្រសើរ ម្នាល​ភិក្ខុ​​ទាំង​ឡាយ តថាគត​ធ្វើ​បច្ច័យ​ខាង​ក្រៅ​ឲ្យ​ជា​ហេតុ​ហើយ មិន​ឃើញ​ហេតុ​ដទៃ សូម្បី​តែហេតុ​មួយ​ដែល​មាន​ឧបការៈ ច្រើន​យ៉ាង​នេះ ឲ្យ​ដូច​ជា​ភាព​នៃ​បុគ្គល​មាន​កល្យាណមិត្ត​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​កល្យាណមិត្ត ទើប​លះ​បង់​អកុសល ចម្រើន​កុសល​បាន ។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​សេចក្តី​នុ៎ះ​ហើយ ។ ទ្រង់​ត្រាស់​​គាថា​ព័ន្ធនេះ ក្នុង​ព្រះសូត្រ​នោះ​ថា ៖

កល្យាណមិត្តោ  យោ  ភិក្ខុ            សប្បតិស្សោ  សគារវោ
ករំ  មិត្តានំ  វចនំ                         សម្បជានោ  បតិស្សវោ
បាបុណេ  អនុបុព្វេន                    សព្វសំយោជនក្ខយន្តិ  ។


ភិក្ខុ​ណា មាន​កល្យាណ​មិត្ត មាន​សេចក្តី​កោត​ក្រែង​ប្រកប​ដោយ​សេចក្តី​គោរព ធ្វើ​តាម​ពាក្យ​របស់​កល្យាណមិត្ត​​ទាំង​ឡាយ ជា​អ្នក​មាន​សេចក្តី​ដឹង​ខ្លួន មាន​ស្មារតី ភិក្ខុ​នោះ ទើប​គួរ​ដល់​នូវ​កិរិយា​អស់​សំយោជនៈ​ទាំង​ពួង ដោយ​​លំដាប់​បាន ។ សេចក្តី​នេះ ព្រះដ៏មាន​ព្រះភាគ បាន​ត្រាស់​ទុក​ហើយ ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ដូច្នេះ​ឯង ។
 


ក្នុង​បិដក​លេខ ៤៩ ទំព័រ ៤ នៅ​ក្នុង សម្ពោធិ​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​អំពី​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​​ត្រាស់​ដឹង ៥ យ៉ាង រួច​ហើយ​ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​អានិសង្ស​នៃ​ការ​មាន​មិត្ត​ល្អ ៤ យ៉ាង​ជា​បន្ត ៖

១. ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​មាន​សីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ជា​អ្នក​ឃើញ​ភ័យ​​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​បន្តិច​បន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខា​បទ​ទាំង​ឡាយ ។

២. ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​បាន​តាម​ប្រាថ្នា បាន​ដោយ​មិន​លំបាក បាន​ដោយ​ងាយ នូវ​កថាមាន​សភាព​យ៉ាង​នេះ ដែល​​ជា​កថា​ផូរ​ផង់ ជាទី​សប្បាយ​ទូលាយ​ចិត្ត គឺ​អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណ​ទស្សនកថា ។

៣. ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម ដើម្បី​លះ​បង់​នូវ​ពួក​អកុសលធម៌​ចេញ ដើម្បី​ញ៉ាំង​ពួក​កុសល​ធម៌​ឲ្យ​កើត​ឡើង ជា​អ្នក​មាន​កម្លាំង​មាន​សេចក្តី​ប្រឹង​ប្រែង ខ្ជាប់​ខ្ជួន មិន​ដាក់​ធុរៈចោល ក្នុង​កុសល​ធម៌​ទាំង​ឡាយ។

៤. ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​មាន​បញ្ញា ប្រកប​ដោយ​បញ្ញា ដែល​អាច​កំណត់​នូវ​ការ​កើត​ឡើង និង​ការ​វិនាស​ទៅ ( នៃ​​ខន្ធ​បញ្ចកៈ ) ជា​គ្រឿង​ទម្លាយ​នូវ​កិលេស​ដ៏​ប្រសើរ ជា​ធម្មជាតិ​កម្ចាត់​បង់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ ។

អានិសង្ស​នៃ​ការ​មាន​មិត្ត​ល្អ​ទាំង ៤ យ៉ាង​នេះ សុទ្ធ​តែ​ជា​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង រួម​នឹង​ការ​មាន​មិត្ត​​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ មួយ​ទៀត ដែល​ជា​ប្រធាន ទើប​បាន​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ត្រូវ​​ជា ៥ ។

ជា​ចុង​បញ្ចប់​នៃ​ព្រះសូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា ៖
ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​នោះ​តាំង​នៅ​ក្នុង​ធម៌​ទាំង ៥ នេះ​ហើយ គប្បី​ចម្រើន នូវ​ធម៌ ៤ យ៉ាង​ត​ទៅ​​ទៀត គឺ
១. ចម្រើន​អសុភ ដើម្បី​លះរាគៈ
២. ចម្រើន​មេត្តា ដើម្បី​លះ​ព្យាបាទ
៣. ចម្រើន​អានាបានស្សតិ ដើម្បី​ផ្តាច់​ផ្តិល​នូវ​វិតក្ក
៤. ចម្រើន​អនិច្ចសញ្ញា ដើម្បី​ដក​ចោល​នូវ​អស្មិមានះ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​សំគាល់​ថា​ មិន​មែន​ខ្លួន រមែង​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​សេចក្តី​សំគាល់​ថា​មិន​ទៀង ។ ភិក្ខុ​អ្នក​មាន​សេចក្តី​សំគាល់​ថា​មិន​មែន​ខ្លួន រមែង​ដល់​នូវ​ព្រះនិព្វាន​ជា​គ្រឿង​ដក​ចោល​នូវ​អស្មិមានះ​ក្នុង​បច្ចុប្បន្ន។

ក្នុង​បិដក​លេខ ៤៨ ទំព័រ ២៤៤ នៅ​ក្នុង ទីឃជាណុ​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ការ​មាន​មិត្តល្អ គឺ​បាន​​សន្ទនា​ធម៌​ជា​មួយ​នឹង​អ្នក​មាន​បញ្ញា សីល ចាគៈ បញ្ញា នាំ​ឲ្យ​បាន​សម្រេច​នូវ​ប្រយោជន៍​បច្ចុប្បន្ន ។

ក្នុង​បិដក​លេខ ១៩ ទំព័រ ៧២ នៅ​ក្នុង សិង្គាលក​សូត្រ ព្រះអង្គ​ទ្រង់​សម្តែង​អំពី​អបាយ​មុខ គឺ​ប្រធាន​នៃ​សេចក្តី​​វិនាស ក្នុង​នោះ​មាន​ការ​សេពគប់​បាប​មិត្ត​មួយ​ផង​ដែរ ។ ក្នុង​បិដក​លេខ ៤៨ ទំព័រ ២៤៧ ព្រះអង្គ​ទ្រង់ត្រាស់​​សម្តែង​អំពី​បាប​មិត្ត​នាំ​ឲ្យ​មាន​នូវ​សេចក្តី​វិនាស​ដូច​គ្នា ។
 


ក្នុង​បិដក​លេខ ១៩ ទំព័រ ៧៨ នៅ​ក្នុង សិង្គាលក​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ឲ្យ​ចេះ​ជ្រើស​រើស​មនុស្ស​​ដើម្បី​សេពគប់ គឺ​មិត្ត​ដូចម្តេច​ជា​មិត្ត​ពិត មិត្ត​ដូច​ម្តេច​ជា​មិត្ត​ប្លម ។

ក្នុង​បិដក​លេខ ១៩ ទំព័រ ២៦៣ នៅ​ក្នុង ទសុត្តរសូត្រ ពួក ៤ មាន​ធម៌សម្តែង​អំពី​ការ​សេពគប់​នឹង​សប្បុរស គឺ​ជា​ធម៌​មួយ​ក្នុង​ចក្កធម៌ ៤ ប្រការ ។ ចក្កធម៌ គឺ​ជាធម៌​ដែល​នាំ​ជីវិតឆ្ពោះ​ទៅ​រក​សេចក្តី​ចម្រើន​រុងរឿង ដូច​កង់​នាំ​រថ​ទៅ​កាន់ទិស​ដៅ និង​ម្យ៉ាង​ទៀត ចក្កធម៌ ៤ ប្រការ​នេះ​មាន​ឧបការ​គុណ​ដ៏​ក្រៃលែង ។ ចក្កធម៌ ៤ ប្រការ គឺ ​
១.ការ​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ
២. ការ​សេពគប់​នឹង​សប្បុរស
៣. ការ​តម្កល់​ខ្លួន​ដោយ​ប្រពៃ
៤. ភាព​ជា​អ្នក​បាន​​ធ្វើ​បុណ្យ​ទុក​ក្នុង​កាល​មុន ។

ក្នុង​បិដក​លេខ ៤២ ទំព័រ ៧៩ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង ចក្កសូត្រ មាន​ធម៌ ៤ យ៉ាង​នេះ​ឯង ។

ក្នុង​បិដក​លេខ ៤៣ ទំព័រ ២៦២ និង ២៦៣ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ​ធម៌ ៤ គឺ
១. ការ​សេព​គប់​នឹង​សប្បុរស
២. ការ​ស្តាប់​ធម៌​របស់​សប្បុរស
៣. ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ឧបាយ
៤. ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​តាម​ធម៌ ។

ធម៌​ទាំង ៤ ប្រការ​នេះ គឺ​នៅ​ក្នុង បញ្ញាវុឌ្ឍិសូត្រ ទ្រង់ត្រាស់​ថា​ជា​ធម៌​នាំ​ឲ្យ​ចម្រើន​នូវ​បញ្ញា និង​នៅ​ក្នុង ពហុការ-សូត្រ ទ្រង់​ត្រាស់​ថា ជា​ធម៌​មាន​ឧបការៈ​ច្រើន​ដល់​មនុស្ស ។

ក្នុង​បិដកលេខ ៣៩ ទំព័រ ៧៣ នៅ​ក្នុង ទុតិយសារីបុត្ត​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា ការ​សេព​គប់​នឹង​​សប្បុរស ជា សោតាបត្តិយង្គ ១ ។ សោតាបត្តិយង្គ គឺ​ជា​គុណ​សម្បត្តិ​ដែល​នឹង​ធ្វើ​ឲ្យ​បាន​ជា​សោតាបន្នបុគ្គល មាន ៤ យ៉ាង បាន​ដល់​បញ្ញា​វុឌ្ឍិធម៌ ឬ​ឧបការ​ធម៌​ហ្នឹង​ឯង ។

ក្នុង​បិដក​លេខ ៥០ ទំព័រ ៥១ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ
នាថករណធម៌ ១០ យ៉ាង ក្នុង ១០ យ៉ាង​នោះ មាន​​ការ​មាន​នូវ​កល្យាណ​មិត្ត​មួយ​ផងដែរ ជា​ធម៌​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពឹង​ខ្លួន​ឯង​បាន ។ ក្នុង​បិដក​លេខ ១៩ នៅ​ក្នុង សង្គីតិសូត្រ និង​នៅ​ក្នុង ទសុត្តរសូត្រ ពួក ១០ មាន​នាថករណ​ធម៌​ដូច​គ្នា​ដែរ ។

ក្នុង​បិដក​លេខ ៥៤ ទំព័រ ៨៥ នៅ​ក្នុង មង្គល​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែងថា ៖
អសេវនា  ច  ពាលានំ             បណ្ឌិតានញ្ច  សេវនា
បូជា  ច  បូជនីយានំ               ឯតម្មង្គលមុត្តមំ  ។

ការ​មិន​សេពគប់​បុគ្គល​ពាល​ទាំងឡាយ ១ ការ​សេព​គប់​បណ្ឌិត​ទាំង​ឡាយ ១ ការ​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​ទាំង​​ឡាយ ១ នេះ​ជាមង្គល​ដ៏​ឧត្តម ។

ក្នុង​បិដក​លេខ ៥២ ទំព័រ ៤ ​ក៏​មាន មង្គល​សូ្តត្រ នេះ​ដែរ ។

ដោយ ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៧,៣២៤ ដង)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ៣,៥៨៦ ដង)
សេចក្តីនៃពាក្យថា អភិធម្មត្ថសង្គហៈ 
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,៤៦១ ដង)
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៩,៦៨៥ ដង)
ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៣៣,៩២០ ដង)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៤៩ ដង)
មិន​មាន​អ្វី​នៅ​នា​និព្វាន
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,៣៧០ ដង)
លក្ខណៈ​ពិសេស​នៃ​ជន​ជាតិ​ខ្មែរ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.28
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿