អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៤០,៣៩៨ ដង)
រឿងគវម្បតិមាណព

|
រឿងគវម្បតិមាណព
( ចាក វិ. ខុ. ) ( គុណនៃការកសាងសេនាសនៈ សម្រាប់អ្នកដំណើរ ) ក្នុងសាសនាព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈ មានគង្វាលគោម្នាក់ជាអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនា បានឃើញភិក្ខុមួយអង្គជាព្រះខីណាស្រព និមន្តទៅបិណ្ឌបាត្រក្នុងភូមិរបស់ខ្លួន ដល់លោកត្រឡប់ចេញពីភូមិមកវិញ ទៅគង់ឆាន់ចង្ហាន់កណ្តាលទីវាលឆ្ងាយពីភូមិនោះបន្តិច ។ ឯភូមិនោះគ្មានដើមឈើជាម្លប់ទេ ព្រោះតាំងនៅកណ្តាលទីវាលស្រឡះ ។ នាយគោបាលបានឃើញយ៉ាងនេះហើយ ក៏គិតថា បើអញធ្វើខ្ទមត្រង់ទីនេះមួយសម្រាប់អ្នកដំណើរប្រហែលជាព្រះថេរៈ លោកចូលទៅជ្រកក្នុងខ្ទមអញមិនខាន ។ លុះគិតយ៉ាងនេះហើយ ក៏ទៅកាប់កូនច្រេស ៤ ដើម យកមកបោះធ្វើជាសសរ យកមែកនិងស្លឹកបាំងពីលើ ហើយទៅបវារណាប្រគេនខ្ទមនោះដល់ព្រះថេរៈៗ ក៏តែងចូលទៅឆាន់ចង្ហាន់ក្នុងខ្ទមនោះរាល់ៗ ថ្ងៃ ។ ថ្ងៃក្រោយមកបានយកកូនច្រេសមួយដើម ទៅដាំនៅមុខខ្ទមនោះទៀត ដើម្បីធ្វើជាម្លប់ ។ នាយគោបាលដល់អស់អាយុ បានទៅកើតនៅស្ថានចតុមហារាជការ មានស្រីទេពអប្សរចោមរោមបំរើមីដេរដាសពេញវិមានប្រសាទ នៅមុខវិមានប្រាសាទនោះ មានដើមច្រេសមួយដើមធំ មានផ្កានិងស្លឹករីកស្គុះស្គាយដុះឡើងជាគ្រឿងលម្អ ដោយអំណាចផលដែលបានសាងខ្ទមនិងដាំដើមច្រេសនោះ គោបាលទេវបុត្របានសោយសេចក្តីសុខ ក្នុងមនុស្សលោកនិងទេវលោក ជាអនុលោមបដិលោមអស់មួយពុទ្ធន្តរ ។ ដល់មកសាសនាព្រះពុទ្ធបរមគ្រូនៃយើងនេះ បានមកកើតក្នុងត្រកូលមួយ នាមជ្ឈិមប្រទេស មានឈ្មោះថាគវម្បតិមាណព ជាមិត្រសំឡាញ់របស់ព្រះយសត្ថេរ ។ ថ្ងៃមួយគវម្បតិមាណព ទៅស្ដាប់ធម៌ព្រះសម្ពុទ្ធ បានសម្រេចព្រះអរហន្ត ក៏បួសក្នុងពេលនោះទៅ ។ ឯដើមច្រេសនៅស្ថានចាតុមហារាជិកា ដែលដុះនៅមុខវិមានរបស់លោកកាលកើតជាទេវបុត្រនោះ មិនវិនាសបាត់បង់ទៅណាឡើយ លោកតែងនិមន្តទៅសម្រាកកាយ ចម្រើនឈានសមាបត្តិក្រោមម្លប់ច្រេសនោះតែរាល់ៗពេល ។ ឯស្តេចបាយាសិ ដែលមិនជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាអ្នកធ្វើទានខ្ជីខ្ជា លុះទីវង្គតទៅ បានទៅកើតក្នុងស្ថានចតុមហារាជិកា ទេវបុត្រកំសត់ទុគ៌តឥតមានវិមានប្រាសាទឥតមានបរិវារ បានឃើញដើមច្រេសនោះទំនេរក៏ចូលទៅអាស្រ័យនៅ ។ ថ្ងៃមួយព្រះគវម្បតិថេរ និមន្តទៅសម្រាកម្នាក់ឯង ទើបសួរថា ម្នាលទេវបុត្រអ្នកទើបនឹងមកពីណា ? ។ បាយាលិទេវបុត្រ បានថ្លែងប្រវត្តិរបស់ខ្លួនតាំងពីដើមដរាបដល់ចប់ លោកបានជ្រាបប្រវត្តិនោះហើយ និមន្តចុះមកស្ថានមនុស្សវិញ ។ ឯបាយាសិទេវបុត្រក៏នៅអាស្រ័យដើមច្រេសនោះដរាបមក ។ ថ្ងៃមួយព្រះបាទវេស្សវ័ណ បានហៅបាយាសិទេវបុត្រប្រើឳ្យទៅ រក្សាសមុទ្រខ្សាច់មួយ ដែលមានពួកអមនុស្សចេះតែបៀតបៀនពួកឈ្មួញរទេះ អ្នកត្រាច់ចរទៅមកធ្វើពាណិជ្ជកម្ម ។ បាយាសិទេវបុត្រ កាលបើបានពរពីស្តេចវេស្សវ័ណហើយ ក៏ទៅនៅកណ្តាលវាលខ្សាច់នោះ ឯដើមច្រេស ក៏ទៅប្រតិស្ឋានជាវិមាន នៅនាវាលខ្សាច់នោះដែរ ។ វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។ ដោយ៥០០០ឆ្នាំ |