អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៨២,១៦៧ ដង)
រឿងសសបណ្ឌិត

|
រឿងសសបណ្ឌិត
( ចាក ស. ច. ) ( បើមានបំណងធំ គួរកុំស្តាយជីវិតនិងទ្រព្យសម្បត្តិ ) ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជក្នុងក្រុងពារាណសី ។ កាលនោះព្រះសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វទន្សាយ នៅអាស្រ័យក្នុងដងព្រៃមួយ ក្នុងព្រៃនោះមានស្វា១ ចចក១ ភេ១ ជាសំឡាញ់នឹងគ្នា បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិតគឺសត្វចេះដឹង តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេលល្ងាចទើបមកជួបជុំគ្នា ។ ចំណែកសសបណ្ឌិតគឺទន្សាយ តែងពន្យលធម៌ដល់សត្វទាំងបីថា អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីលធ្វើឧបោសថកម្មកុំបីខាន ។ សត្វទាំងបីក៏ព្រមទទួលប្រតិបត្តិឳវាទរបស់ទន្សាយគ្រប់ៗគ្នា ។
ថ្ងៃមួយទន្សាយក្រឡេកមើលទៅព្ធដ៏អាកាស បានឃើញព្រះចន្ទ្ររះពេញវង់ ភ្លឺស្វាងទែងក្នុងនភាល័យ ក៏ដឹងច្បាស់ថាស្អែកនេះជាថ្ងៃឧបោសថ ទើបហៅសត្វទាំងបីមកប្រាប់ថា នែ ! សំឡាញ់ស្អែកនេះជាថ្ងៃឧបោសថ អ្នកទាំងអស់គ្នាត្រូវរក្សាឧបោសថហើយឳ្យទានផង ព្រោះការរក្សាសីលហើយឳ្យទាន តែងបានផលច្រើន ។
សត្វទាំងបីនោះព្រមទទួលធ្វើតាម លុះព្រឹកឡើង ភេ បានកំណត់សីលក្នុងចិត្តហើយ ក៏ត្រាច់ទៅរកចំណីក្បែរឆ្នេរគង្គានទីបានឃើញត្រីថ្ពិន ៧ ដែលព្រានសន្ទូចដោតជាចង្កោមកប់ទុកក្នុងគំនរខ្សាច់ ក៏បន្លឺ នូវសំឡេងបីដងថា ត្រីនេះមានម្ចាស់ឬទេ ? កាលបើមិនឃើញម្ចាស់ហើយ ក៏ពាំត្រីនោះទៅទុកក្នុងលំនៅរបស់ខ្លួន រង់ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណាសីលរបស់ខ្លួនទៅ ។ ឯចចកចេញទៅរកអាហារ បានប្រទះឃើញសាច់ទន្សងឆ្អើរមួយចង្កាក់នឹងទធិមួយដបដែលអ្នកស្រែម្នាក់ដាក់ក្នុងខ្ទម ក៏ស្រែកបន្លឺបីដងថា របស់នេះមានម្ចាស់ឬទេ ? កាលបើមិនឃើញម្ចាស់ហើយ ក៏ពាំយកទៅទុកក្នុងលំនៅរបស់ខ្លួន រង់ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណាសីលរបស់ខ្លួនទៅ ។
ឯស្វា ក៏បានចូលទៅក្នុងព្រៃរកបេះបានផ្លែស្វាយទុំមួយ យកទៅទុកក្នុងលំនៅរបស់ខ្លួន រង់ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណាមើលសីលរបស់ខ្លួនទៅ ។ ឯទន្សាយបណ្ឌិត បានគិតថា ចាំដល់ពេលស្រួលអញចេញទៅស៊ីស្មៅ ប៉ុន្តែបើមានស្មូមយាចក មកកាន់សំណាក់អញ ៗ គ្មានអ្វីឳ្យទេ សូម្បីតែអង្ករ និងល្ងរក៏គ្មានដែរ បើប្រសិនជាមានស្មូមយាចកមកសុំមែន អញឳ្យសរីរៈរបស់អញទាំងមូលនេះជាទាន ។ ដោយតេជៈសីលនិងទានចេតនារបស់ទន្សាយបណ្ឌិត ដែលកើតមានពិតក្នុងចិត្ត ក៏ក្តៅដល់អាសនៈរបស់សក្កទេវរាជ ។
លំដាប់នោះសក្កទេវរាជ បានពិចារណាជ្រាបហេតុសព្វគ្រប់ហើយ ទើបចង់ល្បងមើលសីលនិងទានរបស់ទន្សាយបណ្ឌិត ក៏និម្មិតខ្លួនជាព្រហ្មណ៍ចាស់ ដើរចូលកន្លែង ភេ ជាមុន ភេបានឃើញឥន្ទព្រាហ្មណ៍នោះហើយ ក៏សួរថា តាអញ្ជើញមកមានការអ្វី ? ។ ឥន្ទព្រាហ្មណ៍ប្រាប់ថា ខ្ញុំមកនេះប្រាថ្នារកអាហារ បើប្រសិនជាបានបន្តិចបន្តួច ខ្ញុំបរិភោគហើយនិងរក្សាសីលនៅក្នុងទីនេះ ។ ភេឆ្លើយថា ប្រពៃហើយលោកតា ថ្ងៃនេះខ្ញុំបានត្រីថ្ពិន ៧ ដែរ សូមលោកតាពិសាចុះ ។
ឥន្ទព្រាហ្មណ៍ទទួលផ្ញើទុកហើយក៏ហួសទៅលំនៅចចកទៀត ។ ចចកបានឃើញហើយ ក៏បាននិយាយរាក់ទាក់នឹងឥន្ទព្រាហ្មណ៍ថា លោកតាថ្ងៃនេះខ្ញុំបានសាច់ទន្សងឆ្អើរមួយចង្កាក់ និងទធិមួយដង សូមលោកតាពិសាហើយនៅធ្វើសមណធម៌ក្នុងទីនេះចុះ ។ ឥន្ទព្រាហ្មណ៍គ្រាន់តែនិយាយទទួលអំណរហើយ ហួសទៅលំនៅរបស់ស្វាទៀត ។ ស្វាបានឃើញហើយ ក៏និយាយរាក់ទាក់គួរសមនឹងឥន្ទព្រាហ្មណ៍ថា ថ្ងៃនេះខ្ញុំមានតែស្វាយទុំមួយ និងទឹកត្រជាក់ទេ សូមអញ្ជើញលោកតាពិសាហើយ នៅធ្វើសមណធម៌ក្រោមម្លម់ឈើជាទីរីករាយនេះចុះ ។ ឥន្ទព្រាហ្មណ៍ គ្រាន់តែរាក់ទាក់ទទួលអំណរហើយ ហួសទៅលំនៅរបស់ទន្សាយបណ្ឌិតទៀត ។ លុះទៅ ដល់ហើយ ក៏និយាយរៀបរាប់អំពីសេចក្តីត្រូវការចង់បរិភោគអាហារ និងនៅរក្សាឧបោសថសីលប្រាប់ដល់ទន្សាយបណ្ឌិត ។ ឯទន្សាយបណ្ឌិតបានឮដូច្នេះហើយ ក៏និយាយថា តាព្រាហ្មណ៍អើយ តាអញ្ចើញមកកាន់សំណាក់ខ្ញុំប្រពៃណាស់ហើយ ខ្ញុំនឹងបានឳ្យទានដែលខ្ញុំមិនធ្លាប់បានឳ្យ ប៉ុន្តែបើលោកតាអ្នករក្សាសីល តមមិនធ្វើបាណាតិបាត ចូរតាទៅរកឧសបង្កាត់ភ្លើងហើយមកប្រាប់ដល់ខ្ញុំ ៗ នឹងលោតទម្លាក់ខ្លួនត្រង់កណ្តាលរងើកភ្លើងនោះ បើសាច់ខ្ញុំឆ្អិនល្មមហើយ សូមលោកតាពិសាហើយធ្វើសមណធម៌ចុះ ។ វេលានោះឥន្ទព្រាហ្មណ៍បានបង្កាត់ភ្លើងដោយឫទ្ធិរបស់ខ្លួនឆេះសន្ធោរសន្ធៅហើយ មកប្រាប់ដល់ទន្សាយបណ្ឌិត ៗ ក៏ដើរទៅឈរជិតគំនរភ្លើងនោះនិយាយថាប្រសិនបើមានសត្វល្អិតជ្រកនៅត្រង់ចន្លោះរោមរបស់យើង សុំកុំឳ្យស្លាប់ រលាស់ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើងដោយចិត្តរីករាយដូចជារាជហង្ស ចុះទំលើគំនរផ្កាឈូកក្រហម គួរអស្ចារ្យពេកណាស់ សូម្បីតែរោមមួយ ក៏មិនឆេះឡើយ ត្រជាក់ដូចជាលោតចូលទៅក្នុងគំនរទឹកសន្សើម ។ លំដាប់នោះទន្សាយសួរឥន្ទព្រាហ្មណ៍ថា តាអើយភ្លើងនេះក៏ត្រជាក់ម្លេះ ? ។ ឥន្ទព្រាហ្មណ៍ឆ្លើយថា ចៅអើយ តាមិនមែនជាព្រាហ្មណ៍ទេ គឺជាព្រះឥន្ទ្រ ខ្ញុំមកនេះដោយចង់ល្បងមើលសីល និងទានរបស់អ្នកទេតើ ! ។ ទន្សាយបណ្ឌិត បានបន្លឺសីហនាទតបថា បពិត្រទេវរាជ កុំថាឡើយព្រះអង្គម្នាក់ឯង បើទុកជាលោកសន្និវាសទាំងមូល មកចង់ល្បងមើលទានរបស់ខ្ញុំក៏ដោយ ត្រង់របស់ខ្ញុំមិនចង់ឳ្យមិនមានទេ ។ លំដាប់នោះសក្កទេវរាជពោលថា ម្នាលទន្សាយបណ្ឌិត គុណរបស់អ្នកចូរតាំងនៅអស់មួយកប្ប កុំឳ្យរលុបបាត់ឡើយ ទើបចាប់ថ្មភ្នំដោយទេវនុភាព ច្របាច់ពួតយកជ័រទៅគូរជារូបទន្សាយភ្ជាប់នឹងមណ្ឌលព្រះចន្ទ្រ ហើយត្រឡប់ទៅកាន់ទេវលោកវិញ ។ ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុងទេវលោកទាំងអស់គ្នា ។ ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ភេក្នុងកាលនោះគឺអានន្ទ ចចកគឺមោគ្គល្លានស្វាគឺសារីបុត្រ ព្រះឥន្ទ្រគឺអនុរុទ្ធ ទន្សាយបណ្ឌិតគឺអង្គព្រះតថាគត ៕ វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។ ដោយ៥០០០ឆ្នាំ |