អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,២៤៥ ដង)
រឿងប្រេតញីស៊ីកូនម្តង៥

|
រឿងប្រេតញីស៊ីកូនម្តង៥
( បេ. ខុ. ) ( ការស្បថទាំងបំពាន មានផលដូចសម្បថ ) កាលអង្គសម្តេចព្រះបរមសាស្តា ទ្រង់គង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងក្រុងសាវត្ថី មានប្រេតញីមួយរូបស៊ីកូនឯងម្តង៥ ។ កាលពីអតីតជាតិ ប្រេតញីនោះជាស្រ្តីមួយរូបដែលត្រូវជាភរិយា កុដុម្ពីម្នាក់ក្នុងក្រុងសាវត្ថីនោះដែរ តែនាងជាស្ត្រីអាឥតមានកូនម្នាក់សោះ ។
ថ្ងៃមួយពួកញាតិទាំងឡាយ និយាយទៅកាន់កុដុម្ពីនោះថា ភរិយារបស់អ្នកឯងជាស្ត្រីអាឥតមានកូន ចូរឯងរកភរិយាដទៃមកក្រែងមានកូន នឹងបានតពូជពង្សវង្សត្រកូលទៅទៀត ។ ភរិយាក៏និយាយទៅកាន់កុដុម្ពីនោះថាខ្ញុំជាស្ត្រីអាគ្មានកូនទេ ពូជពង្សវង្សត្រកូលមុខជានឹងត្រូវរលត់ផុត ត្រឹមនេះមិនខានឡើយ ដើម្បើបន្តពូជរបស់អ្នក ចូរអ្នករកភរិយាមួយមកទៀតចុះ ។ កុដុម្ពីដោយឃើញភរិយាខ្លួនព្រមហើយ ក៏យកប្រពន្ធមួយទៀត ក៏ចូរស្តីដណ្តឹងនាងកុមារិកាម្នាក់ មកជាភរិយា ។ ភរិយាក្រោយនេះនៅរួមរស់ជាមួយកុដុម្ពីមិនយូរប៉ុន្មាន ក៏មានគភ៏ ។ ឯស្ត្រីអាបានឃើញនាងកុមារិកានោះមានគភ៏ បែរជាគិតថា នាងមានកូនមិនយូរទេនាងនឹងបានជាមេផ្ទះធំ ត្រូតលើអញជាមិនខាន អញត្រូវរកឧបាយកល ពន្លូតគភ៏នោះទើបបាន ។ គិតហើយនាងក៏ជួលបរិព្វាជកម្នាក់ ដែលប្រសប់ខាងផ្សំថ្នាំ សម្រាប់ពន្លូតគភ៏ ។ លុះបរិព្វាជកផ្សំថ្នាំយកមកឪ្យនាង ហើយផ្តាំថា " ចូរនាងយកថ្នាំនេះដាក់លាយនឹងបាយឪ្យស៊ី គភ៏នោះនឹងរលូត " ស្ត្រីនោះធ្វើតាមបណ្តាំ ក៏សម្រេចដូចបំណងមែន ។ កាលគភ៏នោះរលូតផុតទៅ នាងកុមារិកានោះ ក៏និយាយរឿងរ៉ាវប្រាប់ដល់ស្វាមី ម្តាយ និងញាតិទាំងអស់របស់ខ្លួន អំពីគំនិតអាឃាដព្យាបាទរបស់ស្ត្រីនោះ ឯពូកញាតិបានស្តីបន្ទោសស្ត្រីអានោះជាច្រើន តែស្ត្រីនោះមិនព្រមទទួលការពិតនោះទេ ហើយហ៊ានស្បថទាំងបំពានថា បើនាងបានធ្វើអំពើអាក្រក់ដូចនេះមែន សូមឪ្យធ្លាក់រងទុក្ខវេទនាក្នុងនរក រួចពីនោះមកកើតជាប្រេតស៊ីកូនឯង សូមឪ្យអត់បាយក្រហាយទឹក ឪ្យមានខ្លូនធំក្លិនស្អុយរុយរោមជានិច្ច ។ ដោយអំណាចបាបកម្ម លុះដល់ពេលរលាយកាយទៅ ស្ត្រីអានោះក៏ធ្លាក់ទៅសោយទុក្ខក្នុងនរក រួចបានត្រលប់ពីនរកមកកើតជាប្រេតញីអាស្រ័យនៅក្បែរភូមិនោះ ។ កាលនោះមានព្រះថេរៈ ៨អង្គគង់ចាំព្រះវស្សានៅក្នុងជនបទមួយ លុះចេញវស្សាក៏និមន្តចូលទៅក្រុងសាវត្ថី ដើម្បើនមស្សការព្រះបរមគ្រូ បានចូលទៅសម្នាក់អាស្រ័យ ក្នុងព្រៃរបោះមួយកន្លែង ដ៏ប្រកបដោយម្លប់សែនត្រជាក់ មានទឹកថ្លាឆ្វង់ ។ ឯប្រេតញីនោះបានសំដែងកាយឪ្យព្រះថេរៈទាំងឡាយនោះឃើញ ទើបព្រះថេរៈ៧អង្គសូត្រជាបទគាថាថា៖ នាងគ្មានសំពត់ស្លៀក មានខ្លូនអាក្រក់ក្រៃ មានក្លិនស្អុយអសោចិ មានរុយរោមពេញទាំងខ្លូន មកនៅអាស្រ័យក្នុងព្រៃនេះ ព្រោះធ្វើកម្មអ្វី ? នាងប្រេតបានរៀបរាប់អំពីអំពើអាក្រក់របស់ខ្លួន ដោយបញ្ជាក់ថា ខ្ញុំធ្លាក់ខ្លួនទៅសោយទុក្ខក្នុងនរករួចបានកើតជាប្រេតនៅទីនេះ ក្នុងវេលាព្រឹកខ្ញុំរលូតកូន៥មកហើយខ្ញុំស៊ីអស់ទៅ វេលារសៀលរលូត៥ទៀត ស៊ីអស់ទៀតទៅ ទុកជាខ្ញុំស៊ីដូច្នោះ ក៏នៅតែមិនចំអែតដែល ក្នុងចិត្តខ្ញុំម្ចាស់មានសេចក្តីក្តៅក្រហាយ ស្រេកឃ្លានដូចមិនដែលបានអាហារ ។ ព្រះថេរៈសួរបន្តរទៀតថា ចុះនាងធ្វើកម្មដូចម្តេច ? នាងប្រេតទូលទៀតថា បពិត្រព្រះករុណា ! កាលពីជាតិមុនខ្ញុំម្ចាស់ជាស្ត្រីអា រួមស្វាមីជាមួយនាងកុមារិកា ជាប្រពន្ធចុង ក្រោយមកនាងកុមារិកាមានគភ៏ ខ្ញុំម្ចាស់មានចិត្តឫស្យា ព្យាយាមពន្លូតគភ៏របស់នាង ។ ឯស្វាមីនិងមាតាបានស្តីបន្ទោស ហើយខ្ញុំម្ចាស់បានមុសាវាទ ដោយស្បថថា បើខ្ញុំម្ចាស់ពន្លូតគភ៏មែន សូមឪ្យខ្ញុំស៊ីកូនមួយថ្ងៃ ១០ មានក្លិនស្អុយរុយរោមពេញខ្លួន ។ ដោយសេចក្តីបំពាននេះធ្វើឪ្យខ្ញុំម្ចាស់ មកសោយទុក្ខក្នុងនរក ហើយមកស៊ីកូនឯង ។ ទូលពុទ្ធដិកាថ្វាយព្រះថេៈរួច បានផ្តាំថា សូមព្រះករុណាមេត្តានិមន្តទៅប្រាប់កុដុម្ពីនោះឪ្យថ្វាយទានដល់ព្រះករុណាម្ចាស់ផង ហើយសូមឧទិ្ទសកុសលផលបុណ្យមកចែក ខ្ញុំម្ចាស់ទទួលទានផង ដើម្បើឆាប់រួចពីប្រេតនេះ ។ ព្រះមហាថេរៈប្រកបដោយសេចក្តីមេត្តា ក៏និមន្តទៅផ្ទះកុដុម្ពីនោះ អធិប្បាយអំពីបណ្តាំនាងប្រេតញី កុដុម្ពីបានចាត់ចែងឧទ្ទិសផលឪ្យប្រេតញី ដោយសទ្ធាជ្រះថ្លាក្រៃលែង គ្រាដែលនាងប្រេតបានរំដោះទុក្ខទោស ក៏បានសោយសម្បត្តិដ៏សែនមនោរម្យ ។ ឯនាងប្រេតក៏សំដែងកាយឪ្យកុដុម្ពីបានឃើញ ។ ព្រះមហាថេរៈបានយករឿងទាំងនេះទូលថ្វាយព្រះបរមសាស្តា ព្រះអង្គបានបញ្ចាក់កម្មដ៏អកុសលនេះ លុះចប់ដល់មហាជន ក៏បានសម្រេចនូវអរិយធម៏គ្រប់ ៗ គ្នា ។ វាយអត្តបទបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |