អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣៩០ ដង)
រឿងសុជាតមាណព

|
រឿងសុជាតមាណព
( ចាក បេ. ខុ. ) ( ព្រះធម៏អាចរម្ងាប់សេចក្តីសោកបានឆាប់រហ័ស ) កាលព្រះបរមសាស្តាពេជ្ញតាញាណ ព្រះអង្គគង់សម្រាន្តព្រះឥរិយាបថ នៅក្នុងសុគន្ធកុដិ នៃវត្តជេតពន មានកុដុម្ពីម្នាក់នៅក្នុងក្រុងសាវត្ថីបិតា អនិច្ចកម្មទៅ កុដុម្ពីនោះមានសេចក្តីសោយសោកស្រែកយំ ឪរាយាត្រាទៅដូចជាមនុស្សឆ្គួត បានឃើញបុគ្គលណា ក៏សួរបុគ្គលនោះថា បានឃើញបិតាខ្ញុំដែរ ឬទេ ? បុគ្គលទាំងនោះមិនអាចនឹងបន្ទោសបង់ សេចក្តីសោករបស់កុដុម្ពីនោះបានឡើយ ។
ដោយហេតុតែឧបនិស្ស័យនៃកុដុម្ពីនោះ នឹងបានសម្រេចព្រះសោតាបត្តិផលដ៏រុងរឿង ព្រះបរមសាស្តាព្រះអង្គទ្រង់ពិតពិល រមិលមើលឧបនិស្ស័យនៃសត្វលោក លុះវេលាដែលបច្ចុសម័យភ្លឺស្រាងបំព្រាង ក៏ឃើញឧបនិស្ស័យនៃកុដុម្ពីនោះ នឹងបានសម្រេចព្រះសោតាបត្តិផល ទើបព្រះអង្គទ្រង់ព្រះចិន្តាថា គួរតែព្រះតថាគត នាំយកហេតុក្នុងអតីតមកបន្ទោបង់សេចក្តីសោកសៅ នៃកុដុម្ពីឪ្យបានសម្រេចព្រះសោតាបត្តិផល ។ ទ្រង់ព្រះចិន្តាស្រេចហើយ ទើបព្រះអង្គទ្រង់នាំភិក្ខុសង្ឃយាងទៅបិណ្ឌបាទ ផ្ទះកុដុម្ពីនោះ ។ ឯកុដុម្ពីនោះបានឮថា ព្រះអង្គទ្រង់យាងមក ក៏មានចិត្តត្រេកអរពន់ពេកប្រមាណ ស្ទុះទៅធ្វើបច្ចុមគ្គមនាការ ទទួលនិមន្តព្រះអង្គឪ្យគង់លើអាសនៈនមស្តារថ្វាយបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គបានឃើញបិតាខ្ញុំព្រះអង្គនៅទីណា ? ព្រះបរមសាស្តាទ្រង់មានព្រះពុទ្ធដីកាថា អ្នកសួររកបិតាអ្នកដែលស្លាប់ក្នុងអតីតជាតិ ឬស្លាប់ក្នុងអនាគត ? កុដុម្ពីនោះបានស្តាប់ព្រះពុទ្ធដិកាដូច្នោះ មានចិត្តបន្ទោបង់សេចក្តីសោកដោយគិតថា កំណើតសព្វសត្វដែលកើតមកក្នុងវាលវដ្តសង្សារ នឹងរាប់បិតាពុំអស់ មិនមែនមានបិតាមួយទេ លុះកុដុម្ពីគិតដូច្នោះហើយក៏នៅស្ងៀម ។ លំដាប់នោះព្រះបរមគ្រូទ្រង់មានពុទ្ធដិកាបន្ទោសបង់សេចក្តីសោក ហើយទ្រង់សំដែងធម៏ទេសនាឪ្យកុដុម្ពីនោះបានតាំងនៅក្នុងព្រះសោតាបត្តិផល តំកល់ចិត្តស្ងប់ក្នុងព្រះពុទ្ធសាសនា ទើបព្រះអង្គទ្រង់នាំភិក្ខុសង្ឃយាងត្រលប់ទៅវត្តជេតពន នៃមហាវិហារវិញ ។ លំដាប់នោះពួកភិក្ខុសង្ឃនាំយករឿងនោះមកប្រជុំគ្នានៅក្នុងរោងធម្មសភាថា ម្នាលអាវុសោទាំងឡាយ អ្នកចូរពិតពិលរមិលមើលអានុភាព នៃព្រះមានបុណ្យ ឧបាសកប្រកបដោយសេចក្តីសោក នឹងរកបុគ្គលណាឃាត់មិនបាន ក៏ព្រះអង្គទ្រង់ធ្វើឪ្យបានសម្រេចព្រះសោតាបត្តិផលតែម្តង ។ គ្រានោះព្រះសាស្តាទ្រង់យាងទៅកាន់រោងធម្មសភាគង់លើពុទ្ធាសនៈស្រេចហើយ ទើបមានពុទ្ធដិការសួរថា ម្នាលភិក្ខុទាំងឡាយ តើអ្នកប្រជុំគ្នាទីនេះមានហេតុដូចម្តេច ភិក្ខុទាំងឡាយថ្វាយបង្គំប្រណម្យទូលនូវហេតុនោះ ទើបព្រះអង្គទ្រង់មានពុទ្ធដិកា ម្នាលភិក្ខុទាំងឡាយ តថាគតបន្ទោសេចក្តីសោក នៃឧបាសកនេះមិនមែនតែជាតិនេះទេ សូម្បីពីជាតិមុន ក៏តថាគតធ្លាប់បន្ទោបង់សេចក្តីសោករបស់ឧបាសកនេះដ៏អស្ចារ្យដែរ ទើបភិក្ខុអារាធនាព្រះអង្គ ៗ នាំយកអតីតកាលនិទានមក សម្តែងថា ម្នាលភិក្ខុទាំងឡាយកាលខាំងកំបាំងស្ងាត់កន្លងរំលងទៅមាន ក្សត្រមួយអង្គ ទ្រង់ព្រះនាមព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ នៅក្រុងពារាសី មានគហបតីម្នាក់ក្នុងស្រុកនោះ បិតាធ្វើកាលកិរិយាទៅ គហបតីនោះមានសេចក្តីទុក្ខសោកពន់ពេក មានមុខជោកជាំដោយទឹកភ្នែក ស្រែកយំដើរបទក្សិណជើងថ្ករខ្មោចបិតានោះ ។ ចៅសុជាត ជាកូននៃគហបតីនោះ ជាអ្នកមានប្រាថ្ញាឈ្លាសវៃ គិតរកឧបាយ ធ្វើឪ្យបិតាលះបង់សេចក្តីសោក ។ ថ្ងៃមួយចៅសុជាតចេញទៅក្រៅនគរ បានឃើញគោ ១ ស្លាប់លុះគិតទៅឃើញហើយក៏បោចស្មៅនិងទឹកយកទៅ តម្កល់ទុកនៅខាងមុខមាត់ខ្មោចគោនោះ រួចស្រែកទ្រហោយំ ហៅគោនោះហាក់បីដូចជាមានជីវិត រួចថាចូរស៊ីស្មៅផឹកទឹក ។ មនុស្សទាំងឡាយដើរទៅមក បានឃើញចៅសុជាតធ្វើដូច្នោះ ទើបសួរថា ចៅនេះឆ្គួតទេដឹង បានជាយកស្មៅទឹកមកឪ្យគោស្លាប់ស៊ី ? ចៅសុជាតបានស្តាប់ ហើយក៏នៅស្ងៀម ។ ពួកមនុស្សទាំងនោះនាំគ្នា យកសេចក្តីនោះទៅនិយាយប្រាប់បិតាចៅសុជាតថា កូនអ្នកដូចជាឆ្គួត មានចិត្តប្រែប្រួលយកស្មៅទឹកឪ្យគោស្លាប់ស៊ី ។ ឯគហបតីបានស្តាប់ហើយ ក៏យាងទៅយ៉ាងប្រញាប់ មានចិត្តរម្ងាប់បង់សេចក្តីសោក ដោយគិតថាចៅសុជាតឆ្គួតមែន លុះទៅដល់ហើយស្រដីនឹងចៅសុជាតថា អ្នកមានចំណេះដឹងជ្រៅជ្រះ ប្រាថ្ញាឈ្លាសវៃ ព្រោះហេតុអ្វីក៏អ្នកយកស្មៅនឹងទឹកមកឪ្យគាស្លាប់ស៊ី ? កូនឯងធ្វើដូច្នេះហាក់បីដូចជាមនុស្សឆ្គួតល្ងង់ខ្លៅ ។ ចៅសុជាតបានស្តាប់ពាក្យបិតា ហើយក៏គិតធ្វើឪ្យបិតាដឹងខ្លួន ទើបនិយាយថា គោនេះមានជើង ៤ ក្បាល ខ្លួន កន្ទុយ ភ្នែកនៅបរិបូរណ៏ ពុំទាន់មានដំបៅស្អុយរលួយដេកនៅស្ងៀម ស្លាប់ដូចជាពុំស្លាប់ ខ្ញុំសំគាល់ថាវាក្រោកឡើងបាន ឯជើងក្តី ដៃក្តី ក្បាលក្តី កាយក្តីនៃជីតាពុំប្រាកដ បិតាបានដាក់ឆ្អឹងជីតានៅក្នុងស្តូប ដែលធ្វើឡើងដោយដីឥដ្ធ ជាមនុស្សឆោតល្ងង់ មិនដឹងថាសង្ខារទាំងឡាយកើតឡើង ហើយរលត់ទៅវិញ ។ បិតាបានស្តាប់ពាក្យព្រះពោធិសត្វ បានដឹងថាកូនជាបណ្ឌិតមែន ធ្វើការណ៏នែនាំនេះឪ្យយើងដឹង ទើបសសើរកូនប្រុសថា ម្នាលចៅសុជាត សព្វសត្វមានសេចក្តីស្លាប់ធម្មតា យើងបានដឹងហើយ ចាប់តាំងពីពេលនេះយើងលែងយំសោកស្រណោះអាល័យ ដូចពេលមុនទៀតហើយ សេចក្តីសោកស្តាយរបស់យើងនាំឪ្យក្តៅក្រហាយ ដូចជាភ្លើងឆេះព្រៃកណ្តាលថ្ងៃ ចំណែកឯងដូចជាគេនាំយកទឹកមកស្រោចស្រប់រំលត់ភ្លើងនោះ ។ គហបតីលុះបានស្តាប់ពាក្យចៅសុជាតហើយ ក៏បន្ទោបង់សេចក្តីសោកស្តាយ រួចទៅងូតទឹក បរិភោគអាហាភោជន ប្រព្រឹត្តធ្វើកិច្ចការទាំងពួង លុះធ្វើកាលកិរិយា បាងទៅកើតក្នុងស្ថានសួគ៏ ។ ព្រះបរមគ្រូទ្រង់នាំអតីតនិទានមកថ្លែង សម្តែងធម៏ទេសនាអំពី ចតុរារិយសច្ចស្រេចហើយ មនុស្សម្នាផងទាំងឡាយបានតម្តល់ចិត្តក្នុងព្រះសោតាបត្តិផល ទើបព្រះអង្គទ្រង់ប្រជុំនិទានជាតកថា បិតាចៅសុជាតនោះគឺកុដុម្ពីហ្នឹងហើយ ឯងចៅសុជាតគឺអង្គតថាគត ។ វាយអត្តបទបញ្ចូលដោយ កញ្ញា ហេង សំដាណែត។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក។ ដោយ៥០០០ឆ្នាំ |