អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩,៧៣៦ ដង)
រឿងខ្មោចយក្ខនិងកូនក្មេងតូច

|
រឿងខ្មោចយក្ខនិងកូនក្មេងតូច
( ចាក ម. វា. ) ( អានិសង្ឃនៃការរលឹកនូវពុទ្ធគុណ ) ក្នុងពុទ្ធសម័យ មានបុរសសម្មាទិដិ្ធម្នាក់រកស៊ីកាប់អុសលក់ ។ ថ្ងៃមួយបាននាំកូនតូចទៅកាប់អុសជាមូយផង ។ ដល់ពេលល្ងាចនាំកូននិងអុសមួយរទះបរមកផ្ទះ ដល់ជិតនគរបានដោះគោលែងឪ្យស៊ីស្មៅ ហើយនាំកូនដេកលេងលើដីខ្ពស់ក្បែររទះ ។ ឯគោក៏បានដើរចូលទៅនគរបាត់ ។
បុរសនោះដល់ពេលមកផ្ទះរកគោមិនឃើញ ក៏ឪ្យកូនចាំរទះ រួចទៅរកគោនៅក្នុងនគរ ។ ពួកទ្វារបាលកាលបើដល់ពេលហើយក៏បិទទ្វារនគរ បុរសនោះមិនអាចចេញមកជួបកូនបានឡើយ ។ វេលាយប់នោះមានខ្មោចយក្ខពីររូប មួយសម្មាទិដិ្ធ មួយមិច្ឆាទិដ្ធិ ជាសំឡាញ់នឹងគ្នា នាំគ្នាទៅរកចំណីអាហារ ក៏បានឃើញកុមារតូចនោះដេកក្រោមរទះ ។ ខ្មោចយក្ខមិច្ឆាទិដ្ធិ និយាយថាអញចាប់កុមារនេះហើយ ខ្មោចយក្ខសម្មាទិដ្ធិនិយាយឃាត់ថា កុំអ្នកមិនត្រូវធ្វើយ៉ាងនេះទេ ព្រោះកុមារនេះតែងរលឹកដល់គុណព្រះពុទ្ធថា នមោ ពុទ្ធស្ស ដូច្នេះរាល់ពេលពុំដាច់ ។ ខ្មោចយក្ខនោះមិនស្តាប់ក៏ស្ទុះទៅចាប់បំរុងនឹងបរិភោគ ។ កុមារនោះភ្ញាក់ឡើងភ្លាត់មាត់ថា នមោពុទ្ធស្ស ៗ ញាប់មាត់ដោយបុព្វចរិតដែលខ្លូនធ្លាប់សន្សំមកយូរហើយ ។ ខ្មោចយក្ខមិច្ឆាទិដ្ធិ គ្រាន់តែឮ នមោពុទ្ធស្ស ដូច្នោះ ក៏ភ័យតក់ស្លុតលែងកុមារនោះវិញ ហើយថយមកឈរក្នុងទីឆ្ងាយ ។ កាលនោះខ្មោចយក្ខសម្មាទិដ្ធិនិយាយបំភ័យថា អំពើដែលអ្នកធ្វើនេះមានទោសធំណាស់ ហាក់ដូចជាប្រមាទមើលងាយព្រះពុទ្ធ ។ អ្នកឯងត្រូវទទួលទណ្ឌកម្មទើបរួចទោស គឺអ្នកឯងត្រូវទៅរកអាហារមកឪ្យកុមារនេះបរិភោគទើបបាន ។ ខ្មោចយក្ខព្រមធ្វើតាម ទើបនិយាយផ្តាំនឹងសំឡាញ់ថា ខ្ញុំទៅរកអាហារមិនទាន់ត្រលប់មកដរាបណា អ្នកត្រូវរង់ចាំខ្ញុំដរាបនោះ ផ្តាំហើយក៏ចាកចេញទៅរកអាហារនៅក្នុងនគរ ប្រទះឃើញភាជន៍មាសដ៏ធំមួយ ដែលពេញដោយអាហារមានរសជាតិឆ្ងាញ់ អាហារនេះជាព្រះស្ងោយព្រះបាទអជាតសត្រូវ ក៏យកទាំងភាជន៍មកឪ្យកុមារបរិភោគ មកជិតដល់បាននិមិ្មតខ្លួនជាបិតារបស់កុមារនោះ យកអាហារមកឪ្យបរិភោគ ហើយសរសេរអក្សរភ្ជាប់នឹងភាជន៏មាសថា ពាក្យថាពុទ្ធំគឺកុមារកូនបុរសអ្នកលក់អុសបានពោលហើយ សេចក្តីព្យាយាមនេះគឺខ្ញុំបានធ្វើឪ្យជាទណ្ឌកម្ម ហើយអធិដ្ឋានអក្សរនោះឪ្យព្រះរាជាទតកុំខាន រូចហើយយក្ខទាំងពីរបានបបួលគ្នាចៀសចេញពីទីនោះ ។ វេលាព្រឹកឡើងដល់ពេលព្រះមហាក្សត្រ នឹងសោយព្រះស្ងោយពួកព្រះរាជបំរើ រកភាជន៍មិនឃើញឡើយ កោលាហលក៏កើតឡើងក្នុងព្រះរាជដំណាក់ ទើបព្រះមហាក្សត្រចាត់រាជបុរសឪ្យស្វែងរក រាជបុរសបានឃើញនៅក្នុងរទះរបស់បុរសអ្នកលក់អុស ក៏ចាប់កុមារដែលនៅចាំរទះយកទៅថ្វាយស្តេច ។ ពេលនោះព្រះមហាក្សត្របានទតឃើញអក្សរដែលខ្មោចយក្ខសរសេរភ្ជាប់នឹងភាជន៏មាសនេះហើយ ក៏មានព្រះទ័យសោមនស្សជ្រះថ្លាចំពោះកុមារនោះ បានព្រះរាជទានទីជាសេដ្ធីដល់កុមារនោះ ។ វាយបញ្ចូលអត្តបទដោយ កញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |