អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,២៤៩ ដង)
រឿងសត្វទទា

|
រឿងសត្វទទា
( ចាក ម. វា. ) ( គុណនៃសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នា ) កាលកន្លងទៅហើយ មានសត្វបីគឺ ៖ ដំរី ១ ស្វា១ ទទា១ ត្រូវជាសំឡាញ់នឹងគ្នា នៅអាស្រ័យនឹងដើមជ្រៃធំមួយនាហេមវន្តប្រទេស ។ សត្វទាំងនោះមិនមានការគោរពដល់គ្នានឹងគ្នាសោះ ព្រោះមិនទាន់ដឹងអ្នកណាចាស់ជាងអ្នកណា ។
ថ្ងៃមួយគិតគ្នាថា បើយើងទាំងបីនៅយ៉ាងនេះមិនស្រួលទេ ដូច្នេះយើងត្រូវតែធ្វើសេចក្តីគោរពកោតក្រែង និងឋិតនៅក្នុងឪវាទ អ្នកណាដែលចាស់ជាងគេ ។ ទើបសួរគ្នាថា នែសំឡាញ់អ្នកណាដឹងដើមជ្រៃនេះកើតពីត្រឹមណាមក? លំដាប់នោះដំរីឆ្លើយថាម្នាលសំឡាញ់ កាលឈើនេះនៅតូច ខ្ញុំដើរទៅមកនៅក្រោមចន្លោះភ្លៅខ្ញុំ តែងត្រដុសផ្ចិតជានិច្ច ។ ស្វាពោលថា ម្នាលសំឡាញ់ កាលខ្ញុំនៅតូចអង្គុយលើផែនដីមិនបាច់ងើយក្រឡេកមើលទេ តែងស៊ីបណ្តូលជ្រៃនេះ ខ្ញុំដឹងតាំងពីជ្រៃនេះនៅតូចម្ល៉េះ ។ តពីនោះមក សត្វទទាពោលថា ម្នាលសំឡាញ់ កាលជ្រៃនេះមិនទាន់កើត ខ្ញុំស៊ីផ្លែជ្រៃធំនៅឯនោះ ហើយមកជុះអាចម៍នៅត្រង់កន្លែងនេះជានិច្ច ដើមជ្រៃនេះប្រាកដជាកើតពីអាចម៍ខ្ញុំ ខ្ញុំដឹងតាំងពីជ្រៃនេះមិនទាន់កើតម្ល៉េះ ព្រោះហេតុនេះខ្ញុំចាស់ជាងអ្នករាល់គ្នា ។ តាំងពីថ្ងៃនោះមកសត្វទាំងពីរក៏នាំគ្នាធ្វើសេចក្តីគោរពកោតក្រែង និងថ្វាយបង្គំជាដើមដល់សត្វទទា និងស្ថិតក្នុងឪវាទទៀតផង ។ សត្វទទា តែងឲ្យសត្វទាំងពីរនោះស្ថិតនៅក្នុងសីល៥ ហើយសមាទានដោយខ្លួនឯងផង ។ សត្វទាំងបី ក៏ដំកល់នៅក្នុងសីល៥ និងធ្វើសេចក្តីគោរពដល់គ្នានឹងគ្នាដរាបដល់អស់អាយុ បានទៅកើតក្នុងទេវលោកទាំងអស់គ្នា ។ ( ព្រះមហា ប៉ុល សៅ និស្សិតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានតក ។ ដោយ៥០០០ឆ្នាំ |