អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦,៩២៦ ដង)
រឿងព្រះបាទឃតៈ

|
រឿងព្រះបាទឃតៈ
( ចាក ម. អ. ) ( ការមិនសោយសោក ជាឱសថវិសេសក្នុងលោក ) កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមធង្កៈ ជាព្រះចៅក្រុងសាវត្ថី ។ ថ្ងៃមួយទ្រង់លើកទ័ពកេណ្ឌបរិវារទៅដណ្តើមយករាជសម្បត្តិក្នុងសាវត្ថី ហើយបរិវារចាប់ព្រះរាជាព្រះនាមឃតៈ ជាម្ចាស់រាជសម្បត្តិក្រុងពារាណសីនោះ ចងដោយច្រវាក់ទាំងខែ្ស ៗ ហើយឲ្យរុញបញ្ចូលក្នុងគុកទៀត ។
ព្រះបាទឃតៈ ស្តេចពុំសោយសោកនូវរាជសម្បត្តិ ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃនៃបច្ចាមិត្តសោះ ទ្រង់គិតប្រមូលមកនូវកសិណ ហើយនាំឈានឲ្យកើតឡើងក៏ហោះឡើងទៅអង្គុយពែនភ្នែន នាអាកាសវេហាស៍ ។ ព្រះរាជាធង្កៈ គ្រាន់តែទតឃើញហេតុនោះ ការក្តៅក្រហាយក៏កើតឡើងមួយរំពេច ទើបក្រោកទៅកាន់សំណាក់ព្រះបាទឃតៈ ហើយមើលព្រះភក្រ្ត ព្រះបាទឃតៈ ក៏ស្រាប់តែឃើញព្រះភក្រ្តនោះស្រស់បំព្រង ព្រមដោយសិរីដូចជាស្រទាប់ផ្កាឈូកមានសម្បុរដូចមាស ទើបសួរហេតុការណ៍ដែលមិនសោយសោកនោះ ។ ព្រះបាទឃតៈទ្រង់ក៏ពោលនូវគាថា ដែលមានក្នុងធង្ករាជជាតកប្រាប់ស្តេចធង្កៈថា នាព្ភតីតហរោ សោកោ នានាគតសុខាវហោ តស្មា ធង្ក ន សោចាមិ នត្ថិសោកេ ទុតីយតា
សោចំ បណ្ឌុកិសោ ហោតិភត្តព្ចាស្ស ន រុច្ចតិ
អមិត្តា សុមនា ហោន្តិ សល្លវិទ្ធស្ស រុប្បតោ ។
សេចក្តីសោកមិនមែននាំមកនូវសម្បត្តិដែលកន្លងទៅហើយទាំងមិននាំនូវសេចក្តីសុខក្នុងអនាគតផង ឯខ្ញុំក៏មិនមែនជាសំឡាញ់នឹងសេចក្តីសោកដែរ ម្នាលធង្កៈព្រោះហេតុនោះ ទើបខ្ញុំមិនសោយសោក ។ បុគ្គលដែលសោយសោកតែងមានសិរីរៈស្គមហើយបរិភោគបាយក៏មិនមានឳជារស ។ សត្រូវទាំងឡាយរមែងក្តៅក្រហាលចំពោះសរគឺ សេចក្តីសោកដែលមុតហើយ ទើបជាសត្វមានចិត្តល្អវិញ ។ ព្រះរាជាធង្កៈទ្រង់ព្រះសណ្តាប់គាថានោះចប់ហើយ ក៏ឲ្យព្រះបាទឃតៈអត់ទោសឲ្យ ហើយប្រគល់រាជសម្បត្តិឲ្យ ទើបស្តេចត្រឡប់ទៅកាន់នគរសាវត្ថីវិញ ។ គួរឲ្យសរសើរព្រះទ័យព្រះបាទឃតៈណាស់ គ្រាន់តែទ្រង់បានទទួលរាជសម្បត្តិពីស្តេចបច្ចាមិត្តហើយ ក៏ប្រគល់ឲ្យអាមាត្យទាំងឡាយ ទើបទៅបួសក្នុងហេមពាន្តប្រទេស មិនដែលមានឈានសាបសូន្យម្តងឡើយ លុះអាយុអស់ហើយក៏បានទៅកើតក្នុងព្រហ្មលោកនាយ ។ ( ព្រះមហា សំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |