អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,៥៩៧ ដង)
រឿងព្រះបាទអាភិង្គរាជ

|
រឿងព្រះបាទអាភិង្គរាជ
( ចាក លោ. ជា. ) ( ជ័យជំនះរបស់បុថុជ្ជន មិនដែលមានតែម្នាក់ឯង ) កាលពីព្រេងនាយមាន ព្រះរាជាមួយអង្គព្រះនាមអាភិង្គរាជ មានឬទ្ធិអំណាចច្រើន អាចរឹបយកនគរដ៏ទៃៗ មកធ្វើជានគរចំណុះខ្លួនបាន ១០០នគរ យកអគ្គមហេសីរបស់ស្តេចនគរទាំង ១០០នោះមកធ្វើជាមហេសីខ្លួនឯង ។
កាលខាងក្រោយមក មានព្រះរាជាមួយអង្គ ព្រះនាមព្រះបាទកោរព្យរាជ សោយរាជ្យសម្បត្តិនៅនគរឥន្ទប័ត្ត ទ្រង់រង្គៀសព្រះទ័យថា ព្រះបាទអភិង្គរាជនឹងមកដណ្តើមយករាជសម្បត្តិក្នុងថ្ងៃណាមួយមិនខាន ទើបអញ្ចើញធនញ្ជាយបណ្ឌិតបរមពោធិសត្វ ជាអ្នកមានប្រាជ្ញារបស់ព្រះអង្គ មកពីគ្រោះការណ៍ ព្រះពោធិសត្វក្រាបទូលថារឿងនេះពិតណាស់ ព្រោះព្រះបាទអាភិង្គរាជជាមនុស្សពាលលុះលង់ទៅក្នុងសេចក្តីលោភ មិនគិតដល់សេចក្តីសុខទុក្ខរបស់ជនដទៃឡើយ ។ ព្រះបាទកោរព្យរាជទ្រង់ព្រះសណ្តាប់ហើយ ទ្រង់ព្រួយព្រះទ័យ ព្រោះមិនអាចទប់ទល់នឹងកម្លាំងទ័ព របស់ព្រះបាទអាភិង្គរាជបានឡើយ ឯកំលាំងទ័ពរបស់ព្រះបាទអាភិង្គរាជនោះមានដល់ទៅមួយអក្ខោភិនី ព្រោះរួមមានសេនាទាហានទាំង ១០០ នគរ មកបញ្ជាការតែព្រះអង្គឯង។ ព្រះពោធិសត្វជានាក់មានប្រាជ្ញាឆ្នើមក្នុងលោក មានព្រះយោបល់ច្បាស់ក្នុងការធ្វើសឹកជាមួយនឹងព្រះបាទអាភិង្គរាជឲ្យមានជ័យជំនះ ដោយប្រើនយោបាយត្រជាក់ ទើបក្រាបទូលដល់ព្រះបាទកោរព្យរាជថា សូមព្រះករុណាកុំព្រួយ ទូលព្រះបង្គំនឹងយកព្រះបាទអាភិង្គរាជធ្វើជាកូនសិស្ស ហើយនាំយកមកថ្វាយបង្គំព្រះអង្គ ។ ព្រះកោរព្យទ្រង់ព្រះសណ្តាប់ហើយស្បើយចាកទុកទើបត្រាស់សួរថា ការធ្វើសឹកនឹងព្រះបាទអាភិង្គរាជនោះ អ្នកត្រូវការទាហានប៉ុន្មាន ? គ្រឿងសាស្រ្តាវុធប៉ុន្មាន ?ព្រះពោធិសត្វក្រាបទូលថា ធ្វើសឹកនេះមិនត្រូវការប្រើគ្រឿងសាស្ត្រាវុធទេ ទូលព្រះបង្គំសុំតែមេទាហានអ្នកស្ទាត់ការ ៥០០ នាក់ដែលកើតថ្ងៃជាមួយនឹងខ្ញុំព្រះអង្គ ហើយនឹងរទះគោ ៥០០ ប៉ុណ្ណោះទេ ។ ព្រះបាទកោរព្យរាជទ្រង់រាជាអនុញ្ញាតតាមសូម ហើយទ្រង់ជប់លៀងដោយភោជនាហា ដ៏មានឪជារស និងឲ្យពរសព្ទសារធុការដល់ព្រះពោធិសត្វ និងបរិវារទាំង ៥០០ នាក់ ហើយបញ្ជូនទៅ ។ ព្រះពោធិសត្វចាត់ចែងរៀបផ្ទុកឥវ៉ាន់ពេញរទះ ទាំង៥០០ ស្រេចចូលទៅថ្វាយបង្គំលាមាតា បិតា ហើយចេញទៅកាន់នគរព្រះបាទអភិង្គរាជ ក្លែងជាឈ្មួញរទះ បរិវារម្នាក់មាន គូលី ៤ នាក់ បររទះ មួយៗ ចូលទៅកាន់នគរ ប៉ុន្តែមិនចូលទៅទាំងអស់គ្នាតែម្តងទេ គឺចូលទៅមួយថ្ងៃម្នាក់តាមទ្វារផ្សេងៗ គ្នា ទៅលក់ឥវ៉ាន់ដូចឈ្មួញធម្មតា ទៅ៣ខែ ទើបដល់លក់ឥវ៉ាន់អស់ទើបឲ្យគូលីយករទះមកវិញ ឯព្រះពោធិសត្វនិងបរិវារ ៥០០នាក់សុំគេចូលធ្វើទាហានទាំងអស់គ្នា ហើយធ្វើជាមិនស្គាល់គ្នាឡើយ មិនយូរប៉ុន្មាន ព្រះបាទអាភិង្គរាជក៏តាំងឲ្យធ្វើមេទ័ពទាំង ៥០០។ ឯព្រះពោធិសត្វជាអ្នកមានសេចក្តីក្លាហាន អង់អាចឈ្លាសវៃក្នុងកិច្ចការទាំងមូល ធ្វើការជាមួយអស់រយះពេល ១២ ខែ ព្រះបាទអាភិង្គរាជឥតមានរង្គៀសសង្ស័យអ្វីឡើយ ព្រោះសំគាល់ថាជាពលរដ្ឋរបស់ព្រះអង្គ ។ ថ្ងៃមួយព្រះបាទអាភិង្គរាជ ប្រាប់ឲ្យព្រះពោធិសត្វ ធ្វើព្រះពន្លានៅទីឧទ្យាន ដើម្បីជប់លៀងពួកទ័ពទាំងអស់ ព្រោះតាំងពីច្បាំងដណ្តើមនគរ ១០០មកមិនដែលធ្វើបុណ្យសំរើបទឹកចិត្តទាហានឡើយ ។ ព្រះពោធិសត្វក៏ចាត់មេទ័ព និងកូនទាហានឲ្យរៀបធ្វើព្រះពន្លា និងកន្លែងស៊ីនៅឧទ្យាន តាមផែនទីដែលបានគូរឲ្យ លុះធ្វើហើយព្រះបាទអាភិង្គរាជយាងមកទតឃើញទីនោះគួរសប្បាយអស្ចារ្យ ទើបចាត់ការឲ្យជប់លៀង ។ ក្នុងពេលដែលជប់លៀងនោះ ព្រះពោធិសត្វបានឲ្យសញ្ញាដល់បរិវារ ៥០០ នាក់របស់ព្រះអង្គថា អ្នកទាំងអស់គ្នាកុំផឹកស្រាឲ្យសោះ ហើយត្រូវចាក់ស្រាឲ្យពួកមេទាហាន និងកូនទាហានទាំងប៉ុន្មានផឹក ឲ្យស្រវឹងពេញបន្ទុក ហើយយើងត្រូវធ្វើជាស្រវឹងបង្ករឿងឈ្លោះគ្នា ព្រោះថ្ងៃនោះយើងត្រូវចាប់ព្រះបាទអាភង្គិរាជហើយ ឯងម្នាក់ៗ ត្រូវចាប់មេទ័ពដែលចំណាន ៗ ចងស្លាបសេកឲ្យអស់ ។ ព្រះពោធិសត្វឲ្យការដល់បរិវាររួចហើយ ដល់ពេលស៊ីផឹកក៏ធ្វើតាមពាក្យព្រះពោធិសត្វ ឯព្រះពោធិសត្វចាំតែមើល កាលបើពួកទាហានផឹកស្រវឹងហើយ ពួកបរិវារបង្កររឿងជន្លោះឡើង ព្រះបាទអាភិង្គរាជភ័យញ័រស្រែកឲ្យព្រះពោធិសត្វជួយ ក្រែងលោមានអន្តរាយដល់ខ្លួន ។ ព្រះពោធិសត្វក៏ស្ទុះទៅចាប់ព្រះបាទអាភិង្គរាជ ហក់ស្ទុះទៅលើបានកំពស់៧ ត្នោតលៃទៅចុះនៅទីឆ្ងាយដែលសន្យានឹងបរិវារជួបជុំគ្នា ។ ព្រះបាទអាភិង្គរាជឃើញអស្ចារ្យដូច្នោះក៏ភ័យរញ័រសព្វសាច់ អង្វរសុំព្រះពោធិសត្វទុកអាយុឲ្យ ព្រះពោធិសត្វនិយាយគម្រាមថា ព្រះអង្គស្គាល់ទេនេះហើយជាធនញ្ជោយបណ្ឌិតជាតិ ព្រះអង្គនេះអាក្រក់ណាស់ ជាស្តេចទុច្ចរិត រឹបយកនគរ គេសម្លាប់គេចោលទៀត យកមហេសីគេមកធ្វើជាមហេសីខ្លួនឯង កំពុងតែនិយាយដូច្នេះពួកបរិវារទាំង ៥០០ នាក់ចាប់ចងមេទ័ព ទាំងអស់នាំយកមក មេទ័បពទាំងអស់នោះឃើញព្រះរាជារបស់ខ្លួនគោរពព្រះពោធិសត្វ ក៏អង្វរសុំអាយុជីវិតរៀងៗខ្លួន ព្រះពោធិសត្វសួរទៅមេទ័ពទាំងនោះថា ព្រះរាជារបស់អ្នកល្អឬអាក្រក់ មេទ័ពទាំងនោះឆ្លើយថាអាក្រក់ណាស់ រឹបយកនគរគេហើយ សម្លាប់គេចោលទៀត នឹងយកប្រពន្ធគេទៀត ជាស្តេចទុច្ចរិតអាក្រក់ជាងគេក្នុងលោក ។ ព្រះពោធិសត្វឃើញថា ពួកទ័ពនិងព្រះបាទអាភង្គិរាជឃើញទោសលាមក របស់ខ្លួនហើយក៏និយាយទូន្មានតាមគតិបណ្ឌិត រួចក៏លែងឲ្យរួចជីវិតរៀងខ្លូន ពួកមេទ័ពនិងព្រះបាទអាភង្គិរាជ នាំគ្នាសុំព្រះពោធិសត្វធ្វើគ្រូ បានសមាទានសីល៥ ។ ព្រះពោធិសត្វបានប្រគល់ រាជសម្បត្តិនគរទាំង ១០០ ទៅឲ្យម្ចាស់នគរវិញ ឯព្រះបាទអភង្គិរាជមានសេចក្តីត្រេកអរចំពោះព្រះពោធិសត្វក្រៃលែង បានចាត់ចែងរៀបចំដំរីមង្គលអញ្ចើញព្រះពោធិសត្វគង់មុខ ហែហមជូនទៅនគរឥន្ទប័ត្តវិញ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |