អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៨,៨៧៩ ដង)
រឿងព្រានព្រៃ

|
រឿងព្រានព្រៃ
( ចាក សី. ឯ. ) ( ទោសអកតញ្ញូជន ធ្ងន់ជាងភ្នំសិនេរុ ) កាលពីព្រេងនាយមាន ព្រានព្រៃម្នាក់នៅក្នុងក្រុងពារាណសី ធ្វើដំណើរទៅស្វែងរកទ្រព្យ ទុកបំរុងផ្គត់ផ្គង់ជីវិតរបស់ខ្លួនក្នុងព្រៃហេមពាន្ភ ដើរវិលវល់ៗ ក៏វង្វេងរកផ្លូវចេញមិនឃើញតាំងទ្រហោយំខ្ទ័រពេញព្រៃនោះ ។
កាលគ្រានោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាដំរី មានសិរីរកាយសសុទ្ធ កំណត់នាមថាសីលវនាគរាជ បានឮនូវសំរែកទ្រហោយំនោះ ក៏មានសេចក្តីករុណា អាណិតអាសូរបុរសនោះក្រៃលែង ទើបបញ្ជិះលើខ្នងនាំចេញពីព្រៃទៅដាក់ក្នុងផ្លូវមនុស្ស ហើយពោលប្រាប់ថា នែបុរសដ៏ចំរើន ! អ្នកអញ្ចើញទៅតាមផ្លូវនេះ ហើយបើមានគេសួររកកន្លែងរបស់ខ្ញុំ អ្នកកុំប្រាប់គេឲ្យសោះ ។ ឯព្រាននោះជាមនុស្សទ្រុស្តមិត្តអកតញ្ញូ កាលជិះលើខ្នងដំរីពោធិសត្វ ក៏កំណត់នូវឈើធំតាមលំដាប់ដរាបដល់ផ្លូវមនុស្ស ។ លុះដល់ក្រុងពារាណសី បានឃើញជាងអ្នករចនាភ្លុកច្រើននាក់ក៏ពោលសួរថា នែជាងដ៏ចំរើនទាំងឡាយ អ្នកចង់បានភ្លក់ដំរីទាំងរស់មែនទេ? គាត់ស្តាប់ពាក្យជាងពោលថា អើភ្លុកដំរីរស់មានតំលៃលើសលប់ ជាងភ្លុកដំរីស្លាប់ទៅទៀត ទើបគាត់រៀបចំស្បៀងអាហារ និងរណា សព្វគ្រប់ ក៏ចូលទៅរកដំរីពោធិសត្វដើម្បីសុំភ្លុកដ៏ប្រសើរទាំងពីរ ក៏ច្បាមជាប់ដោយប្រមោយបំរុងនឹងបោកកំទេចទទួលបានគំនិតថា អញមិនឲ្យដោយបំណងថាភ្លុកទាំងឡាយនេះជាទី ស្រឡាញ់របស់អញ ។ ណ្ហើយចុះភ្លុកទាំងពីរនេះមិនមែនថ្លៃជាងសព្វញ្ញុតញ្ញាណទេ ។ អាត្មាអញនឹងឲ្យភ្លុកទាំងពីរនេះទៅ ជាទានដល់ព្រាននោះ ដើម្បីនឹងបានត្រាស់នូវសព្វញ្ញុតញ្ញាណ ព្រានព្រៃនោះ កាន់យកភ្លុកត្រឡប់ទៅនគរវិញ ក៏លក់ចាយវាយចិញ្ចឹមជីវិតអស់ក៏មកសុំទៀត ។ ឯដំរីក៏ឲ្យ លុះព្រានត្រឡប់មកវិញ ក៏លក់ចាយវាយអស់ទៀត ហើយក៏សុំគំរប់ ៣ ដង ។ ឯដំរីពោលថា ប្រពៃហើយអញ្ចើញតាមត្រូវការ ទើបទ្រោមចុះឲ្យរាបងាយស្រួលព្រានអារកាត់ ។ រីព្រាននោះជាមនុស្សអកតញ្ញូមិនដឹងដប់ ក៏ឡើងជិះលើពោងដំរី ហើយកាត់ភ្លុកទាំងពីរ តាំងពីបណ្តូលមក ឲ្យហូរឈាមសស្រាក់ឥតមេត្តាបន្តិចឡើយ ធ្វើប៉ុណ្ណោះហើយមិនអស់ចិត្ត ក៏ពន្លះសាច់និងគាស់ថ្គាមទៀតទើបចាកចេញទៅ ។ គ្រាន់តែព្រានដើរចេញផុតពីដំរីភ្លាម មហាផែនដីដែលមានសមត្ថភាព អាចទ្រទ្រង់នូវភារៈដ៏ធ្ងន់ដូចភ្នំសិនេរុ និងយុគន្ធរជាដើមបាន ក៏មិនអាចទ្រទ្រង់នូវគំនិតទោសរបស់ព្រានចង្រៃនោបានដែរ ទើបបើកនូវចន្លោះឲ្យព្រាននោះចូលទៅ ។ អណ្តាតភ្លើងអវិចីក៏ចេញមកស្រោបព្រាននោះយ៉ាងទាន់ហន់ ។ ពពួកទេវតាដែលអាស្រ័យនៅនាដើមព្រៃនោះក៏ស្រែកបន្លឺព្រមគ្នាថា អកតញ្ញូស្ស បោសស្ស និច្ចំ វិវរទស្សិនោ សព្វព្ចោ បឋវី ទជ្ជា នេវ នំ អភិរាធយេ ។
សត្វអកតញ្ញូទោះបី រាជ្យយ៉ាងចំណានលើពសុធា មិនអាចញាំងខ្លួនឲ្យរមនា ព្រោះសែ្វងទោសាគេជានិច្ច។ ដំរីឋិតនៅដរាបដល់អស់អាយុ ក៏ទៅកើតតាមយថាកម្ម ។ ( មហា សំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ភាគទី២ ។ ដោយ៥០០០ឆ្នាំ |