អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៨៥៥ ដង)
រឿងមិត្តវិន្ទុក

|
រឿងមិត្តវិន្ទុក
( ចាក ម. អ. ) ( ទោសនៃការមិនដឹងគុណ ) មានសេចក្តីតំណាលថា ក្នុងសាសនាកាលនៃព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកស្សបៈ មានសេដ្ឋីបុត្រម្នាក់ឈ្មោះមិត្តវិន្ទុក មានសម្បត្តិមានទ្រព្យ ៨០ កោដិនៅក្នុងក្រុងពារាណសី ជាបុគ្គលទ្រុស្តសីល ឯមាតាបិតាជាសោតាបន្នបុគ្គល ។ លុះចំណេរជាខាងក្រោយមកបិតារបស់មិត្តវិន្ទុកធ្វើមរណកាល ។
បុរសឈ្មោះវិន្ទុកនិយាយនឹងមាតាថា បពិត្រលោកម៉ែ ខ្ញុំនឹងធ្វើជំនួញដោយសំពៅ ។ មាតានិយាយថា នែកូនអ្នកជាកូនតូចមួយ ទ្រព្យនៅក្នុងផ្ទះនេះមានច្រើនណាស់ សមុទ្រមានទូកនិងសំពៅច្រើនណាស់អ្នកកុំទៅឡើយ ។ បុរសឈ្មោះមិត្តវិន្ទុក និយាយថា ខ្ញុំទៅឥឡូវនេះ ម៉ែមិនអាចឃាត់ខ្ញុំទេ ទោះបីម្តាយចាប់ដៃបុរសនោះក៏បុរសនោះរលាស់ដៃម្តាយចេញឲ្យដួលហើយ លោតកន្លងម្តាយស្ទុះទៅកាន់សមុទ្រដោយសំពៅ ។ លុះដល់គំរប់៧ថ្ងៃសំពៅនោះក៏ នៅនឹងថ្កល់ឥតកំរើកព្រោះអាស្រ័យបុរសឈ្មោះមិត្តវន្ទុកជាអ្នក ធ្វើអំពើអាក្រក់ ។ ពួកអ្នកសំពៅកំពុងចែកស្លាកដោយគិតថា នៅក្នុងសំពៅនេះមុនជាមានមនុស្សកាឡកណ្ណី លុះមនុស្សទាំងអស់គ្នាដែលនៅក្នុងសំពៅនោះ ចាប់ស្លាកជាគំរប់ ៣ដង ស្លាកនោះនៅតែដល់បុរសឈ្មោះមិត្តវន្ទុក ។ ក្នុងកាលនោះមនុស្សទាំងឡាយ ធ្វើក្បូនចាប់បុរសឈ្មោះមិត្តវិន្ទុកបោះចោរទៅក្នុងសមុទ្រ ។ បុរសនោះអណ្តែតទៅតាមក្បួន ដល់កោះមួយឃើញនគរមួយមានមុខទ្វារបួនក្នុងកោះនោះ ។ បានឮថា កោះនោះជាកោះឧស្សទនរក ជាកន្លែងសំរាប់នៅរបស់កម្មសត្វនរកច្រើនគ្នា ។ ចំណែកខាងនគរនោះ ហាក់ដូចជានគរដែលគេសម្រាប់តាក់តែងដោយគ្រឿងអលង្ការសព្វយ៉ាង ប្រាកដដោយកម្លាំងកម្ម គឺកិរិយាប្រហារមាតាដល់បុរសឈ្មោះមិត្តវិន្ទុក ៗ ចូលទៅគិតថា អញនឹងបានជាស្តេចក្នុងនគរនេះ ហើយឃើញសត្វមួយរូបដែលកងចក្កដ៏មុតវិលនៅលើក្បាលកំពុងខ្សឹបខ្សួល ។ ខណៈនោះកងចក្កដ៏មុតលើក្បាលសត្វនរក ប្រាដកដូចជាផ្កាឈូក ចំណងប្រកបដោយអង្គប្រាំលើដើមទ្រូងប្រាកដ ដូចជាគ្រឿងសម្រាប់បិទនូវទ្រូងឈាមដែលហូរចេញ អំពីសរីរប្រាកដដូចជាគេលាបស្រឡាបដោយខ្លឹមចន្ទន៍ សំឡេងយំខ្សឹបខ្សួលថាជាចំរៀង ដែលកើតឡើងដល់បុរសមិត្តវិន្ទុកហើយក៏ចូលទៅរកសត្វនរកនិយាយថា ម្នាលបុរសដ៏ចំរើនផ្កាឈូកនេះអ្នកឯងពាក់យូរណាស់ហើយ ចូរឲ្យខ្ញុំពាក់ម្តង ។ សត្វនរកប្រាប់ថាម្នាលសំឡាញ់ នេះមិនមានផ្កាឈូកទេ នេះជាកងចក្ក ។ បុរសនោះពោលថាអ្នកឯងពោលដូចនេះមិនចង់ឲ្យខ្ញុំសោះ ។ សត្វនរកគិតថា កម្មរបស់អញអស់ហើយ បុរសនោះសម្លាប់នៅមាតា ដូចជាអញបានធ្វើយ៉ាងនេះ បើដូច្នេះអញនឹងឲ្យកងចក្កនេះដល់បុរសនោះហើយហៅមកថា នែអ្នកដ៏ចំរើនអ្នកចូលមកមកទទួលផ្កាឈូកនេះ ទើបបោះកងចក្កនោះទៅលើក្បាលបុរសនោះ ។ កងចក្កនោះវិលហាក់បីដូចជាកិនអម្បែងក្បាលបុរសនោះ ក្នុងខណៈនោះបុរសមិត្តវិន្ទុកដឹងថា វត្ថុនេះជាកងចក្កដ៏មុតស្រួចផ្តល់នូវសេចក្តីវេទនាស្រែកយំថា ចូរអ្នកយកកងចក្កដ៏មុតរបស់អ្នកវិញទៅ ។ ចំណែកឯសត្វនរកក៏រត់បាត់ក្នុងពេលនោះទៅ ។ មិត្តវិន្ទុកសោយនូវសេចក្តីទុក្ខនៅក្នុងឧស្សទនរក នោះអស់កាលដ៏យូរដោយវិបាកជាគ្រឿងហូរមកមិនដាច់នៃអកុសលកម្ម គឺកិរិយាសម្លាប់មាតា កាលបើផលនោះអស់ហើយ ក៏ចោលកងចក្កទៅតាមយថាកម្មនោះឯង ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |