អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៧០៧ ដង)
រឿងបុរសកាឡកណ្ណី

|
រឿងបុរសកាឡកណ្ណី
( ចាក កា. ឯ. ) ( ការមិនឆ្មើងឆ្មៃជាលក្ខណៈរបស់បណ្ឌិត ) មានសេចក្តីដំណាលថា អនាថបណ្ឌិកសេដ្ឋី មានសម្លាញ់ម្នាក់ឈ្មោះកាឡកណ្ណី ធ្លាប់លេងល្បែងក្មេងជាមួយគ្នាកាលនៅពីកុមារតូចៗ និងធ្លាប់រៀនសូត្រក្នុងសាលាជាមួយគ្នា ។ ដល់ធំមានបុត្រភរិយារៀងៗ ខ្លួនបុរសឈ្មោះកាឡកណ្ណីនោះធ្លាក់ខ្លួនជាអ្នកក្រ ។ ឯអនាថបណ្ឌិកឡើងជាសេដ្ឋី ។ បុរសកាឡកណ្ណីឃើញសំឡាញ់មានទ្រព្យ ក៏សុំនៅពឹងពាក់អាស្រ័យជាមួយ ។
អនាថបណ្ឌិកសេដ្ឋី មានសេចក្តីត្រេកអររីករាយ ទទួលឲ្យនៅហើយឲ្យជួយមើលការខុសត្រូវរបស់ខ្លួន បានទំនុកបំរុងចំនីអាហារ គ្រឿងស្លៀកពាក់មិនឲ្យខ្វះឡើយ ។ បុរសកាឡកណ្ណីក៏ជួយធ្វើការផង មើលការខុសត្រូវផង ដោយស្មោះស័្មគ្រដូចការងាររបស់ខ្លួន ។ ថ្ងៃមួយមិត្តនិងទាសកររបស់សេដ្ឋី នាំគ្នាទៅនិយាយប្រាប់សេដ្ឋីថា បពិត្រសំឡាញ់ លោកសេដ្ឋី សូមកុំឲ្យបុរសកាឡកណ្ណីនៅក្នុងសំណាក់លោកឡើយ ព្រោះថាពាក្យថាកាឡកណ្ណីនេះចង្រៃណាស់ ក្រែងលោកមានគ្រោះថ្នាក់វិនាសអន្តរាយ ម៉្យាងទៀតបុរសកាឡកណ្ណីនេះជាមនុស្សក្រីក្រអនាថា មិនមែនជាមនុស្សសមឋានៈជាមិត្តសំឡាញ់ឡើយ ។ មហាសេដ្ឋីត្រិះរិះក្នុងចិត្តថា បុរាណបណ្ឌិតទាំងឡាយ លោកមិនកំណត់ឈ្មោះជាមង្គល ឬ អព្វមង្គលនោះទេ ស្រេចតែលើអំពើដែលធ្វើ ទើបកំណត់ថាអំពើនោះជាមង្គល ឬ អព្វមង្គល ។ ឯខ្លួនអញក៏មិនគួរលះបង់ចោលសំឡាញ់ចាស់របស់អញ ព្រោះតែខ្លាចមានគ្រោះថ្នាក់នោះទេ ។ ត្រិះរិះដូច្នេះហើយក៏ស្ងៀមពុំនិយាយអ្វីឡើយ ។ ថ្ងៃមួយមហាសេដ្ឋី មានកិច្ចទៅត្រូតត្រាមើលសុខទុក្ខរបស់ប្រជារាស្រ្ត ដែលនៅក្នុងស្រុកសួយរបស់លោក មុននឹងចេញទៅ បានហៅបុរសកាឡកណ្ណីជាសំឡាញ់មកផ្តាំផ្ញើ ឲ្យមើលថែរក្សាផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ។ ក្នុងពេលយប់ដែលសេដ្ឋីមិននៅនោះ ពូកចោរហារយ ដឹងថាសេដ្ឋីមិននៅក៏នាំគ្នាកាន់គ្រឿងសាស្រ្តាវុធគ្រប់ដៃ ចូលមកឡោមព័ទ្ធ ជុំវិញផ្ទះសេដ្ឋី ចំណែកខាងបុរសកាឡកណ្ណី តាំងចិត្តមិនដេកក្នុងវេលាយប់ ខ្លាចសត្រូវចូលបៀតបៀន កំពុងតែអង្គុយចាំយាម ស្រាប់តែឃើញពួកចោរព័ទ្ធជុំវិញផ្ទះ ក៏ដាស់មនុស្សក្នុងផ្ទះ ឲ្យភ្ញាក់ឡើងលេងភ្លេងតូរ្យតន្ត្រីដូចកាលសេដ្ឋីនៅ ។ ពួកចោរខំពិនិត្យស្តាប់ឮសូររណ្តំ ក៏សំគាល់ថាសេដ្ឋីនៅក្នុងផ្ទះទេតើ ! បើដូច្នេះយើងឆាប់រត់ចេញ ក៏នាំគ្នារត់ចេញអស់ចោរគ្រឿងសាស្ត្រាវុធត្រៀបត្រាជុំវិញផ្ទះ ។ មនុស្សអ្នកស្រុកទាំងឡាយ ដឹងថាចោរចេញទៅអស់ហើយ ក៏នាំគ្នាមកមើលជុំវិញផ្ទះសេដ្ឋី ឃើញសុទ្ធគ្រឿងសាស្រ្តាវុធ បានដឹងថាចោររត់ទៅ ដោយឧបាយរបស់បុរសកាឡកណ្ណី ក៏នាំគ្នាសរសើរគ្រប់ៗគ្នា ។ ដល់សេដ្ឋីមកវិញ នាំគ្នាទៅជំរាបសេដ្ឋីសរសើរអំពីគុណភាពរបស់បុរសកាឡកណ្ណី គ្រប់ៗ គ្នា ទើបសេដ្ឋីនិយាយតបវិញថា ពេលមុនអ្នករាល់គ្នា ប្រាប់ខ្ញុំឲ្យដេញបុរសកាឡកណ្ណីនោះចេញ ព្រោះខ្លាចចង្រៃ ឥឡូវត្រឡប់ជាសរសើរថា ជាសុភមង្គលប្រាប់ខ្ញុំវិញ បើយើងដេញចេញឈប់ឲ្យនៅ ទ្រព្យយើងថ្ងៃនេះក៏អស់រលីង ព្រោះហេតុនោះសូមអ្នករាល់គ្នាជ្រាបថា បុរសកាឡកណ្ណីនេះជាសំឡាញ់ចាស់របស់ខ្ញុំធ្លាប់លេងសើច រៀនសូត្រជាមួយគ្នាតាំងពីនៅតូចៗខ្ញុំកាន់យកនូវសេចក្តីរាប់អានស្មោះត្រង់នឹងគ្នាជាប្រមាណ មិនមែនយកត្រង់ឈ្មោះល្អអាក្រក់ជាប្រមាណនោះទេ ។ និយាយដូច្នេះហើយបានឲ្យរង្វាន់ដល់បុរសកាឡកណ្ណីនោះជាការតបគុណ ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ភាគទី៣ ។ ដោយ៥០០០ឆ្នាំ |