អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៣២៦ ដង)
រឿងឆ្កែខាំពពែ

|
រឿងឆ្កែខាំពពែ
(ចាក លោក ជា) (ការវិនិច្ឆ័យកី្តពនិត្យហេតុផល ជាគតិរបស់បណ្ឌិត) កាលពីព្រេងនាយ មានគង្វាលពពែម្នាក់គៀងពពែឲ្យទៅស៊ីស្មៅក្បែរព្រៃមួយ។ កាលនោះមានថ្មើរព្រៃម្នាក់ បាននាំឆ្កែជាច្រើនចូលទៅក្នុងព្រៃនោះដើម្បីរកឧសនឹងបន្លែ។ ថ្មើរព្រៃបានឃើញហ្វូងពពែនៅក្នុងព្រៃនោះ ក៏នាំឆ្កែចេញឆ្ងាយប្រហែល៦០ព្យាមព្រោះខ្លាចឆ្កែខាំពពែ។ លុះនាំឆ្កែទៅឆ្ងាយហើយចូលទៅសម្រាកក្រោមម្លប់ឈើមួយ ត្រូវខ្យល់បក់រំភើយៗ ត្រជាក់ទន់ភ្នែកដេកលក់ទៅ។
ពេលនោះមានកូនពពែមួយដើរចេញពីហ្វូងទៅឆ្ងាយប្រហែល ៦០ ព្យាមទៅជួបនឹងឆ្កែរបស់ថ្មើរព្រៃ ពួកឆ្កែទាំងឡាយក៏ចោមរោមខំាកូនពពែនោះស្លាប់ទៅ។ អ្នកគង្វាលស្ទុះរត់ទៅដេញឆ្កែយ៉ាងខ្លាំង សំដៅទៅកន្លែងដែលឆ្កែកំពុងខំាពពែ។ ថ្មើរព្រៃក៏ភ្ញាក់ភ័យឆោឡោ ទើបនិយាយអង្វរគង្វាលពពែថាម្នាលសំឡាញ់កុំខឹងខ្ញុំឥតដឹងជាពពែអ្នកមកក្នុងទីនេះ ខ្ញុំខ្លាចក្រែងឆ្កែខាំពពែសំឡាញ់ដូច្នេះ បានជាខ្ញុំនាំឆ្កែឲ្យឆ្ងាយពីហ្វូងពពែប្រហែល ៦០ព្យាម។ គង្វាលពពែមិនសុខចិត្តទៅប្រាប់លោកសេដ្ឋីជាចៅហ្វាយរបស់ខ្លួន។ សេដ្ឋីហៅថ្មើរព្រៃទៅស្តីបន្ទោសដាក់កំហុសឲ្យសងថ្លៃពពែ ថ្មើរព្រៃមិនព្រមសងព្រោះអាងថាខ្លួនឥតខុស។ សេដ្ឋីក្តៅចិត្តណាស់ ព្រោះអាងថាខ្លួនមានទ្រព្យ ក៏និយាយប្រាប់ថ្មើរព្រៃថាស្អែកអញទៅប្តឹង ឲ្យចៅក្រមកាត់ទោសអ្នកឯងហើយ។ ថ្មើរព្រៃនិយាយបណ្តោយថា ស្រួលហើយលោកសេដ្ឋីដើម្បីរកខុសត្រូវឲ្យឃើញដោយសុចរិត។ ល្ងាចនោះសេដ្ឋីយកសំណូកទៅសូកឧជុកសេនាបតីជាចៅក្រម ឧជុកសេនាបតីជាចៅក្រមទុច្ចរិត ទទួលសំណូកហើយប្រាប់លោកសេដ្ឋីថាកុំព្រួយឡើយ ចាំខ្ញុំគម្រាមឲ្យវាសងពពែមួយជាពពែបួនទើបឲ្យវារួចខ្លួន បើវាមិនសងទេ នឹងដាក់ទោសវាជាទម្ងន់។ ព្រឹកឡើងឧជុកសេនាបតីទៅកាន់សាសាក្តីឃើញសេដ្ឋី និងថ្មើរព្រៃនៅក្នុងទីនោះក៏ធ្វើជាសួរពើរថាៈ លោកសេដ្ឋី និងថ្មើរព្រៃអញ្ជើញមកមានការអ្វី ចៅក្រមទីពីរជំរាបថាលោកសេដ្ឋីនិងថ្មើរព្រៃនេះមានវិវាទនឹងគ្នា ត្រូវកាត់ក្តីក្នុងថ្ងៃនេះ ឧជុកសេនាបតីសួរទៅសេដ្ឋីថាៈ លោកមានរឿងមិនសុខចិត្តដូចម្តេច? សេដ្ឋីឆ្លើយថា ថ្មើរព្រៃនេះឲ្យឆ្កែខំាពពែខ្ញុំស្លាប់ ហើយមិនព្រមសងថ្លៃពពែខ្ញុំ ជាមនុស្សប្រព្រឹត្តបំពានលើច្បាប់ ព្រោះហេតុនេះហើយ បានជាខ្ញុំមិនសុខចិត្តចូលមកឲ្យលោកជាទេវតាកាត់សេចក្តីឲ្យបានសុចរិត។ ឧជុកសេនាបតី ក៏និយាយទៅថ្មើរព្រៃថា អ្នកឯងក៏អាក្រក់ម្ល៉េះឲ្យឆ្កែខំាពពែគេស្លាប់ ហើយមិនសងពពែគេវិញ អ្នកឯងជាមនុស្សទុច្ចរិតអាក្រក់ណាស់ ត្រូវតែសងពពែលោកសេដ្ឋី១ ជា៤ មិនសងមិនបាននឹងមានទោសជាទម្ងន់។ ថ្មើរព្រៃនិយាយតវ៉ាតាមសេចក្តីពិត ទើបនិយាយបានពីរបីម៉ាត់ ឧជុកសេនាបតីស្រេកគម្រាម ឲ្យឆាប់ចេញទៅយកលុយថ្លៃពពែមកសងសេដ្ឋី។ ថ្មើរព្រៃទាល់គំនិតអស់សង្ឃឹម ក៏លើកដៃខ្ទប់មុខស្រែកទ្រហោយំដើរចេញទៅផ្ទះ។ ក្នុងកាលនោះមានធនេញ្ជយបណ្ឌិតពោធិសត្វ ដើរចេញមកអំពីបំរើស្តេច ថ្មើរព្រៃហើយក៏ដើរទៅរក ក្រាបថ្វាយបង្គំប្រាប់តាមដំណើររឿង។ ព្រះពោធិសត្វក៏នាំថ្មើរព្រៃចូលទៅក្នុងសាសាក្តីវិញ ទៅដល់ឧជុកសេនាបតីឃើញក៏សួរព្រះពោធិសត្វថា លោកបណ្ឌិតនាំថ្មើរព្រៃកំណាចមកធ្វើអ្វី មកឲ្យកំហុសខ្ញុំឬ?។ ព្រះពោធិសត្វនិយាយថាមិនដូច្នេះទេ ខ្ញុំចង់ដឹងថាថ្មើរព្រៃមានរឿងដូចមេ្តច បានជាលោកកាត់ឲ្យថ្មើរព្រៃនេះសងពពែសដ្ឋី ១ជា ៤ បើតាមខ្ញុំដឹងលោកកាត់កាត់ក្តីនេះមិនសមរម្យទេ។ ឧជុកសេនាបតីឮធនេញ្ជយបណ្ឌិតពោធិសត្វថាដូច្នោះ ក៏មានចិត្តតក់ស្លុតភ័យញ័រខ្លួនដោយខ្លាចបញ្ញាបារមីរបស់ព្រះពោធិសត្វ។ ពេលនោះព្រះពោធិសត្វសួរទៅថ្មើរព្រៃនិងអ្នកគង្វាលពពែ ចំពោះមុខសេដ្ឋីនិងចៅក្រមទាំងអស់គ្នាម្តងទៀត។ ថ្មើរព្រៃឆ្លើយតាមពិតថា ឆ្កែខ្ញុំនៅឆ្ងាយពីពពែប្រហែល ៦០ ព្យាម ខ្ញុំនាំឆ្កែចូលទៅសម្រាកក្រោមម្លប់ឈើត្រូវខ្យល់បក់ត្រជាក់ ខ្ញុំទទួលទានដំណេកលក់ទៅ ស្រាប់តែឮមាត់គង្វាលពពែស្រែកថាឆ្កែខំាពពែស្លាប់ មកចាប់ពិរុធខ្ញុំម្ចាស់ឲ្យសង។ ព្រះពោធិសត្វសួរបញ្ជាក់ទៀតថា ពពែឆ្កែខំានោះនៅក្នុងទីណា ខំាក្នុងហ្វូងពពែឬអ្វី?។ គង្វាលពពែឆ្លើយថា ខំាក្នុងទីជិតដើមឈើដែលថ្មើរព្រៃដេកចម្ងាយប្រហែល៦០ ព្យាមពីហ្វូងពពែមក។ ពេលនោះព្រះពោធិសត្វសួរបញ្ជាក់ទៅឧជុកសេនាបតី និងចៅក្រមទាំងអស់ថា ត្រូវកាត់ឲ្យកំហុសនេះទៅខាងណា?។ ចៅក្រមទាំអស់នៅស្ងៀម ឧជុកសេនាបតីឆ្លើយថា សូមលោកបណ្ឌិតកាត់ឲ្យបានសុចរិតចុះ។ ព្រះពោធិសត្វកាត់សេចក្តីថា រឿងនេះមិនត្រូវឲ្យថ្មើរព្រៃសងថ្លៃពពែសេដ្ឋីទេ ត្រូវឲ្យគង្វាលពពែសងវិញទើបត្រូវ ព្រោះខ្លួនជាអ្នកឃ្វាលពពែ មិនប្រមូលឲ្យជួបជុំគ្នា បើតាមច្បាប់ថ្មើរព្រៃត្រូវមានអំណាចស្តីបន្ទោសធ្វើទណ្ឌកម្មដល់គង្វាលពពែទៀត ព្រោះខ្លួនឥតគំនិត។ ដោយ៥០០០ឆ្នាំ |