អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៥៤៧ ដង)
មានសទ្ធាប្រសើរជាងមានទ្រព្យ

|
រឿងបុណ្ណសេដ្ឋី
(ចាក វិ ខុ) (មានសទ្ធាប្រសើរជាងមានទ្រព្យ) កាលព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅវត្តវេឡុវន នាក្រុងរាជគ្រឹះ។ ក្នុងកាលនោះមានបុរសកំសត់ម្នាក់ឈ្មោះបុណ្ណ បាននាំភរិយានិងកូនស្រីម្នាក់ឈ្មោះឧត្តរា ទៅជួលធ្វើការឲ្យសុមនសេដ្ឋី។ ថ្ងៃមួយអ្នកក្រុងរាជគ្រឹះ បាននាំគ្នាទៅលេងមហោស្រពកំណត់ ៧ ថ្ងៃ។ឯសុមនសេដ្ឋី បានឮដំណឹងនោះហើយ ក៏បើកឲ្យទាសកម្មករទាំងឡាយ ទៅលេងមហោស្រពទាំងអស់គ្នា។ ឯបុណ្ណមាណពពុំបានទៅលេងមហោស្រពនិងគេឡើយ ទើបសេដ្ឋីសួរថាបុណ្ណ! ហេតុអ្វីក៏មិនទៅលេងមហោស្រពនឹងគេ?។
បុណ្ណមាណពឆ្លើយថា បពិត្រលោកសេដ្ឋី ការទៅលេងមហោស្រព ជាភារៈរបស់ជនអ្នកមានទ្រព្យសម្បត្តិ ឯខ្លួនខ្ញុំនេះក្រណាស់រកតែអង្ករមួយនាឡិលើផ្ទះមិនមាន ព្រោះហេតុនេះហើយបានជាខ្ញុំបាទមិនទៅលេងននឹងគេ។ សុមនសេដ្ឋីនិយាយថាពាក្យដែលអ្នកនិយាយនេះត្រូវណាស់យើងមិនដែលឮបុគ្គលណានិយាយដូចអ្នកឡើយ បើដូច្នោះអ្នកយកគោនិងនង្គ័លទៅភ្ជួរស្រែចុះ បុណ្ណមាណព ក៏យកនង្គ័លទៅភ្ជួរស្រែទៅ។ ពេលនោះព្រះសារីបុត្តចេញពិរោធសមាបត្តិហើយ ពិចារណារកបុគ្គលដែលគូរទៅសង្រ្គោះ ក៏បានឃើញបុណ្ណមាណពនោះ ចូលក្នុងសំណាញ់ញាណ ទើបលោកយកបាត្រ និមន្តសំដៅទៅស្រែដែលមាណពកំពុងភ្ជួរ ទៅដល់ហើយឈរងើយមើលឈើមួយដើម។ បុណ្ណមាណពឃើញដូច្នោះ ក៏ដាក់នង្គ័លចូលទៅថ្វាយបង្គំដោយសេចក្តីជ្រះថ្លា បានដឹងអធ្យាស្រ័យរបស់ព្រះសារីបុត្ត ដែលត្រូវការឈើស្ទន់និងទឹកហើយក៏ឡើងកាច់ឈើស្ទន់ដងទឹកទៅប្រគេន លោកក៏ទទួលយកទៅលុបព្រះភ័ក្រ្តខ្ពុរព្រះឱស្ឋ លុះធ្វើកិច្ច្នោះចប់ហើយ បានជ្រាបថាបន្តិចទៀត ភរិយារបស់មាណពនេះនិងយកបាយមកឲ្យស្វាមីរបស់នាង ទើបលាបុណ្ណមាណព និមន្តទៅចាំស្កាត់ផ្លូវនាងជាភរិយា។ ឯនាងជាភរិយារបស់បុណ្ណមាណព កាលបើដល់ពេលហើយ ក៏ទូលបាយមួយចំអែតទៅឲ្យស្វាមី ទៅដល់ពាក់កណ្តាលផ្លូវបានឃើញព្រះសារីបុត្តឈរស្ពាយបាត្រក៏គិតថា អញមានលាភធំណាស់តើ បានជួបនឹងស្រែបុណ្យដ៏ប្រសើរយ៉ាងនេះ គិតដូច្នេះហើយ យកបាយទាំងអស់ដាក់ក្នុងបាត្រទៅ ទើបនាងតាំងសេចក្តីប្រាថ្នាថា ដោយផលនៃទាននេះ ខ្ញុំព្រះករុណាសូមឲ្យបានសម្រេចនូវគុណវិសេស ដូចជាលោកម្ចាស់។ ព្រះសារីបុត្តបានធ្វើភត្តានុមោទនាហើយ ក៏និមន្តហួសទៅ។ ឯនាងជាភរិយារបស់បុណ្ណមាណពនោះ ក៏ម្នីម្នាត្រឡប់ទៅផ្ទះវិញ ខំចាត់ចែងចំអិនអាហារម្តងទៀត លុះចំអិនហើយ ដ៏ដួសដោះដាក់ភាជន៍ យកទៅឲ្យស្វាមី។ ឯបុណ្ណមាណពកាលបើមិនឃើញភរិយា យកបាយទៅឲ្យតាមទម្លាប់ពេលហើយ ក៏ចេះតែខំភ្ជួរដ៏រាបដល់បានដីចំនូន ៣២ សិន ដល់ថ្ងៃរសៀលបន្តិចមិនឃើញភរិយាយកបាយទៅឲ្យ ក៏ឈប់ភ្ជួរលែងគោឲ្យស៊ីស្មៅចូលទៅអង្គុយចាំភរិយាក្រោមម្លប់ឈើមួយដើម។ ឯនាងជាភរិយាដើរទៅជិតដល់ហើយ បានឃើញស្វាមីអង្គុយចាំដូច្នោះ ភ័យខ្លាំងណាស់ទើបគិតថា បើអញយកបាយទៅដូចធម្មតាក្រែងគាត់វាយ ដូច្នេះអញត្រូវស្រែកពីចំងាយ នាងក៏ស្រែកប្រាប់ថាខ្ញុំប្រគេនបាយលោកកណ្តាលផ្លូវអស់មូយដងទៅហើយ បានជាយូរក្រយកមកជូនអ្នក សូមអ្នកទទួលបុណ្យឲ្យច្រើនជាងខ្ញុំចុះ។ បុណ្ណមាណពឮដូច្នោះហើយត្រេកអរណាស់ស្រែកថាសាធុៗ ក៏ជូនបុណ្យដែលខ្លួនបានប្រគេនឈើស្ទន់និងទឹកដល់ភរិយាវិញ។ បុណ្ណមាណពបរិភោគអាហារហើយ ញ័រខ្លួនខ្លាំងណាស់ ព្រោះហួសពេល ក៏ដេកកើយភ្លៅភរិយាលក់់ទៅ ដល់ភ្ញាក់ឡើងក្រឡេកមើលទៅកន្លែងដែលភ្ជួរ ស្រាប់តែឃើញក្រហមច្រាលក៏នាំភរិយាដើរទៅមើល ឃើញដីដែលភ្ជួរ ៣២ សិននោះសុទ្ធតែជាមាសទាំងអស់ ទើបនិយាយថា បុណ្យយើងឲផលហើយតើបើដូច្នោះយើងត្រូវទៅក្រាបទូលដល់ព្រះរាជារបស់យើង ក៏នំាគ្នាទៅក្រាបទូលដល់ព្រះបាទពិម្ពិសារៗ ត្រេកអរណាស់បានចាត់ចែងឲ្យរាជអាមាត្យយករទេះទៅដឹកជញ្ជូនចាក់គរនក្នុងព្រះរាជវាំង បានគំនរកំពស់ ៨០ ហត្ថ ទើបតាំងបុណ្ណមាណពនោះថាជាមហាសេដ្ឋីក្នុងនគររាជគ្រឹះ បានឈ្មាះថាបុណ្ណសេដ្ឋី។ ក្នុងកាលខាងក្រោយមកព្រះពិម្ពិសារ បានព្រះរាជទានដីភូមិ ១ កន្លែងដល់បុណ្ណសេដ្ឋីៗ ក៏ចាត់ចែងសង់ផ្ទះធ្វើឃ្លាំងធ្វើកំពែងព័ទ្ធភូមិនោះ ហើយជញ្ជូនយកមាសទៅដាក់ក្នុងឃ្លាំងរបស់ខ្លួនទៅ ទើបនិមន្តព្រះសម្ពុទ្ធ ព្រមទាំងព្រះសង្ឃទៅថ្វាយទានអស់ ៧ថ្ងៃ ក្នុងថ្ងៃជាគំរប់ ៧ ព្រះសម្ពុទ្ធទ្រង់សំដែងអនុបុព្វិកថា លុះចប់កាលណាជនទាំង ៣ រូបគឺ បុណ្ណសេដ្ឋី ភរិយារបស់បុណ្ណសេដ្ឋី និងនាងឧត្តរាជាកូន ក៏បានសម្រេចដល់សោតបត្តិផលក្នុងពេលនោះ។ ដោយ ៥០០០ ឆ្នាំ |