អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២២៧ ដង)
អំពីការងារចាយវាយទ្រព្យសម្បត្តិ

|
ទ្រព្យសម្បត្តិដែលបានមកអំពីការងារប្រាសចាកទោស មនុស្សយើងមិនត្រូវធ្វេសប្រហែសឡើយ មិនមែនមិនឲ្យអស់ទេ ប៉ុន្តែត្រូវអស់ក្នុងហេតុដែលគួរ ហើយចាំបាច់ត្រូវតែឲ្យអស់ទៀតផង ហេតុដែលគួរមាន ៤ ប្រការគឺ៖
១- ចិញ្ចឹមជីវិតខ្លួនឯង ចញ្ចឹមមាតាបិតា បុត្រភរិយា ទាសកម្មករ អ្នកដែលមកអាស្រ័យជាមួយនិងញាតិមិត្ត ឬអ្នកដទៃណាៗដែលខ្លួនសមគួរនឹងចិញ្ចឹម ឲ្យបានឆ្អែត រស់នៅជាសុខសម្រាន្ត ២- ចាយវាយប្រើប្រាស់ដោយការឆ្លាតឈ្លាស ដើម្បីជួយខ្លួនឯងឲ្យផុតអំពីរឿងអន្តរាយ មានការអន្តរាយព្រោះភ្លើង ព្រោះទឹក ព្រោះចោរជាដើម បានសេចក្តីថា ចាយទ្រព្យដើម្បីការទ្រព្យ ។ ៣- ចាត់ចែងជួយសង្រ្គោះញាតិ សម្រាប់ទទួលភ្ញៀវ សម្រាប់ធ្វើបុណ្យឧទិ្ទសដល់អ្នកដែលស្លាប់ ឧទ្ទិសដល់ទេវតា និងចាត់ចែងជួយប្រទេសជាតិទៀតផង ។ ៤- បរិច្ចាគធ្វើទានឲ្យដល់សមណព្រាហ្មណ៍ ជាការបរិចា្ចគដ៏ខ្ពង់ខ្ពស់ ព្រោះបូជាគុណមានសីលគុណជាដើម ដែលគុណនេះមានអំណាចអានុភាពដ៏ក្រៃលែង អាចញ៉ាំងមនុស្សធម្មតាម្នាក់ឲ្យបានទៅជាព្រះសម្មាសម្ពុទ្ធ ឬព្រះបច្ចេកពុទ្ធ ជាបុគ្គលបរិសុទ្ធផុតក្នុងលោក ។ ការងារចាត់ចែងចាយវាយទ្រព្យសម្បត្តិ ប្រព្រឹត្តទៅសមគួរតាមហេតុយ៉ាងនេះ ទ្រព្យសម្បត្តិនោះឈ្មោះថាអស់ទៅដោយប្រពៃ ។ ត្រូវប្រយ័ត្នការពារទ្រព្យសម្បត្តិ កុំឲ្យវិនាសដោយសារការប្រព្រឹត្តនូវអបាយមុខ ៨ ប្រការគឺ៖ ១- លេងស្រី ២- លេងទឹកស្រវឹង សេពគ្រឿងញៀនផ្សេងៗ ៣- ដើរស៊ីចាយសប្បាយក្នុងការបរិភោគ ជាអ្នកលេងស៊ី ៤- លេងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ៥- ត្រាច់ទៅតាមច្រកល្ហករឿយៗនៅពេលយប់ ៦- ដើរមើលមហោស្រពល្បែងរបាំរាំរែករឿយៗ ៧- ប្រកបរឿយៗនូវសេចក្តីខ្ជិល ៨- សេពគប់បាបមិត្ត ។ អបាយមុខទាំងអស់ មិនមែននាំឲ្យវិនាសតែទ្រព្យសម្បត្តិទេ វាថែមទាំងបញ្ចុះតម្លៃជីវិតរបស់ខ្លួន និងគ្រួសាររបស់ខ្លួន កាត់បន្ថយនូវស្មារតីដែលជារបស់មានតម្លៃបំផុតសម្រាប់ជីវិតមនុស្សទៀតផង ។ អបាយមុខជាខ្លោងទ្វារនៃនរក ជាមេរោគ ជាបាបមិត្ត ដឹកនាំឲ្យធ្វើការងារប្រកបដោយទោស ជាប្រធាននៃសេចក្តីវិនាសគ្រប់យ៉ាង តាមពិតមនុស្សយើងមិនគួរបៀតបៀនខ្លួនឯងឡើយ ព្រោះមិនមានអ្នកណាជាទីស្រឡាញ់របស់យើង ជាងខ្លួនយើងទេ មិនមានអ្នកណាជួយយើង ឲ្យដូចជាខ្លួនឯងឡើយ បើខ្លួនឯងមិនជួយខ្លួនឯងហើយ ព្រះក៏ជួយយើងមិនរួចដែរ ។ ដកស្រង់ចេញពីសៀវភៅ " មនុស្សជាមួយនឹងការងារ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ដោយ៥០០០ឆ្នាំ |