អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៤៩៦ ដង)
មូលហេតុដែលព្រះអង្គសម្តែងសតិប្បដ្ឋានសូត្រ

|
បានឮមកថា អ្នកដែនកុរុ មិនថា ជាភិក្ខុ ភិក្ខុនី និងឧបាសក ឧបាសិកា មានរាងកាយ និងចិត្តសម្បូរណ៌ជានិច្ច ដោយសេពបច្ច័យគឺ រដូវជាទីសប្បាយ ព្រោះដែននោះ សម្បូរណ៌ដោយសប្បាយ មានឧតុជាទីសប្បាយជាដើម ។
អ្នកកុរុនោះ មានកម្លាំងបញ្ញាដែលរាងកាយនិងចិត្តដ៏សម្បូរណ៌ឧបត្ថម្ភហើយ ទើបអាចទទួលទេសនាដ៏ជ្រាលជ្រៅនោះបាន ។ ព្រោះដូច្នោះ ព្រះមានព្រះភាគ កាលទ្រង់ឃើញភាពជាអ្នកអាចទទួលទេសនាដ៏ជ្រាលជ្រៅយ៉ាងនេះ ទើបទ្រង់លើកកម្មដ្ឋាន ២១ ឋានៈ ដាក់ចុះក្នុងព្រះអរហត្ត ត្រាស់មហាសតិប្បដ្ឋានសូត្រ ដែលមានអត្ថដ៏ជ្រាលជ្រៅនេះដល់អ្នកកុរុទាំងនោះ ។ ប្រៀបដូចបុរសបានប្រអប់មាសហើយ គប្បីដាក់ផ្កាឈើប្រភេទផ្សេងៗ ចុះក្នុងប្រអប់មាសនោះ ឬថា បុរសបានហិបមាសហើយ គប្បីដាក់រតនៈ ៧ ចុះយ៉ាងណា សូម្បីព្រះមានជោគ ដូច្នោះ ទ្រង់បានបរិស័ទអ្នកកុរុហើយ ទើបទ្រង់សម្តែងទេសនាដ៏ជ្រាលជ្រៅ ។ ដោយហេតុនោះឯង ក្នុងសេចក្តីនេះ ព្រះមានព្រះភាគ ទ្រង់សម្តែងព្រះសូត្រដទៃៗទៀត មានអត្ថដ៏ជ្រាលជ្រៅក្នុង គម្ពីរទីឃនិកាយ នេះ ក៏គឺ មហានិទានសូត្រ ក្នុង គម្ពីរមជ្ឈិមនិកាយ ក៏គឺ សតិប្បដ្ឋានសូត្រ សារោបមសូត្រ រុក្ខោបមសូត្រ រដ្ឋបាលសូត្រ មាគណ្ឌិសូត្រ អានេញ្ជសប្បាយសូត្រ ។ មួយទៀតបរិស័ទ ៤ ក្នុងដែនកុរុនោះ នាំគ្នាប្រកបរឿយៗ ក្នុងការចម្រើនសតិប្បដ្ឋានជាប្រក្រតី ដោយទីបំផុត អ្នកបម្រើ និងអ្នកធ្វើការងារទាំងឡាយ ក៏និយាយគ្នាតែរឿង ដែលទាក់ទងដោយរឿងសតិប្បដ្ឋានទាំងនោះ សូម្បីតែក្នុងទីកំពង់ទឹក ទីខាកស្តោះជាដើម ក៏មិនមានការនិយាយគ្នា ដល់រឿងដែលគ្មានប្រយោជន៍ឡើយ ។ បើស្រ្តីខ្លះ ត្រូវសួរថា នែនាង នាងតម្កល់ចិត្តក្នុងសតិប្បដ្ឋានណាមួយ បើនាងមិនឆ្លើយអ្វី អ្នកកុរុនឹងតិះដៀលគេថា គួរតិះដៀលជីវិតអ្នកឯងពិតៗ អ្នកឯងរស់នៅក៏ដូចជាស្លាប់ហើយ ហើយក៏នឹងទូន្មានគេថា កុំធ្វើយ៉ាងនេះ តទៅទៀត ហើយឲ្យគេរៀនសតិប្បដ្ឋានប្រការណាមួយ ។ តែស្រ្តីណានិយាយថា ខ្ញុំដាក់ចិត្តក្នុងសតិប្បដ្ឋានប្រការឯណោះ អ្នកកុរុក៏នឹងសរសើរពោលថា សាធុ សាធុ ដល់នាង សរសើរដោយពាក្យផ្សេងៗ ជាដើម ថាជីវិតរបស់អ្នកជាជីវិតល្អ សមនឹងអ្នកកើតមកជាមនុស្ស ព្រះសម្មាសម្ពុទ្ធ ទ្រង់ឧប្បត្តិកមកដើម្បីជាប្រយោជន៍ដល់អ្នកឯងពិតៗ ។ ក្នុងសេចក្តីនេះមិនមែន អ្នកដែនកុរុដែលកើតមកជាមនុស្ស ប្រកបដោយការដាក់ចិត្តក្នុងសតិប្បដ្ឋានតែម៉្យាងប៉ុណ្ណោះទេ សូម្បីតែសត្វតិរច្ឆាន ដែលអាស្រ័យអ្នកកុរុ ក៏ដាក់ចិត្ត ចម្រើនសតិប្បដ្ឋានដូចគ្នា ។ ខ្ញុំព្រះករុណា មិនបានលើកមកទាំងអស់ទេ បើអ្នកសិក្សាចង់បានសេចក្តីពិស្តារ ចូរទៅតាមមើលក្នុងអដ្ឋកថាផងចុះ ។ កាលដែលព្រះសម្មាសម្ពុទ្ធ គ្រាទ្រង់ត្រាស់សម្តែងពាក្យប្រៀនប្រដៅជាធម៌នាំអ្នកបដិបត្តិចេញចាកទុក្ខ ដោយ ៧ ឆ្នាំយ៉ាងនេះហើយ កាលនឹងទ្រង់សម្តែងវេលា (បដិបត្តិ) ដែលតិចជាងនោះទៀត ទើបត្រាស់ថា តិដ្ឋតុ ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ ៧ ឆ្នាំ ចូរលើកទុកដូច្នេះ ជាដើម ។ ក៏ពាក្យនោះ សូម្បីទាំងអស់ ត្រាស់ដោយវេនេយ្យបុគ្គលថ្នាក់កណ្តាល តែដែលត្រាស់ថា បុគ្គលទទួលប្រៀនប្រដៅវេលាព្រឹក សម្រេចគុណធម៌វេលាល្ងាច ទទួលពាក្យប្រៀនប្រដៅវេលាល្ងាច ក៏សម្រេចគុណធម៌វេលាព្រឹកដូច្នេះ ទ្រង់សំដៅដល់បុគ្គលដែលមានបញ្ញាវាងវៃ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ពាក្យប្រៀនប្រដៅរបស់តថាគត នាំអ្នកបដិបត្តិចេញចាកទុក្ខយ៉ាងនេះហើយ កាលនឹងទ្រង់ញ៉ាំងទេសនា ដែលទ្រង់សម្តែងដោយធម៌ដ៏កំពូល គឺព្រះអរហត្តឲ្យចប់ស្រេចក្នុងឋានៈ ២១ ប្រការ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយផ្លូវនេះជាផ្លូវឯក ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីឈានកន្លងសេចក្តីសោក និងបរិទេវៈ ដើម្បីរំលត់ទុក្ខ និងទោមនស្ស ដើម្បីសម្រេចញេយ្យធម៌ ដើម្បីឲ្យជាក់ច្បាស់នូវព្រះនិព្វាននេះ គឺសតិប្បដ្ឋាន ៤ ដោយប្រការដូច្នេះ ពាក្យណា ដែលតថាគតពោលហើយ យ៉ាងនេះពាក្យនោះ តថាគតអាស្រ័យនូវផ្លូវឯកនេះ ។ ពាក្យដ៏សេស មានអត្ថងាយយល់ទាំងអស់ឯង ។ វេលាចប់ទេសនា ភិក្ខុ ៣ ម៉ឺនរូប តាំងនៅក្នុងព្រះអរហត្ត ។ ស្រង់ចាក សៀវភៅ " រឿងរ៉ាវដែលទាក់ទងនឹងពុទ្ធស្ថាន " រៀបរៀងដោយ ភិក្ខុ យ៉ង់ សុផាត ។ ដោយ៥០០០ឆ្នាំ |