អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៤,៩១៨ ដង)
ពិចារណាទានបារមី

|
ការពិចារណាឃើញទោសនិងអានិសង្ឃ តាមលំដាប់នៃការមិនបរិច្ចាគ និងការបរិច្ចាគជាដើម ជាបច្ច័យនៃបារមីទាំងឡាយ មានទានបារមីជាដើម ។ គប្បីជ្រាបវិធីពិចារណាដូចតទៅនេះ៖
ពិចារណាទានបារមី ទ្រព្យនាំមកនូវការវិនាសច្រើនយ៉ាង ដូចនេះគឺៈ - ភាពជាអ្នកប្រាថ្នាច្រើនដោយវត្ថុកាម មានដីធ្លីស្រែចំការ មាសប្រាក់ជាដើម នៃបុគ្គលទាំងឡាយដែលមានចិត្តហួងហែង ជាប់ជំពាក់នៅក្នុងវត្ថុកាមនោះៗ ។ - សាធារណភ័យ មានចោរភ័យ រាជភ័យ និង អគ្គិភ័យជាដើម ។ - ការតាំងចិត្តឈ្លោះប្រកែកគ្នា ជាសត្រូវនឹងគ្នាបៀតបៀនគ្នាជាដើម ។ - របស់ដែលមិនមានខ្លឹមសារ ។ - ប្រព្រឹត្តទុច្ចរិតក្នុងការស្វែងរកទ្រព្យ ។ - មានដំណើរទៅកាន់អបាយភូមិ នៃបុគ្គលដែលមានចិត្តសៅហ្មង ជាប់ជំពាក់ក្នុងទ្រព្យ ។ គួរធ្វើសេចក្តីល្អមិនប្រមាទក្នុងការបរិច្ចាគថា ការបរិច្ចាគវត្ថុទាំងនោះជាមង្គលដ៏ឧត្តម ។ ម៉្យាងទៀតគប្បីពិចារណាថាៈ - ស្មូមជាបុគ្គលស្និទ្ធស្នាលរបស់យើង ព្រោះប្រាប់អាថ៌កំបាំងរបស់ខ្លួនគាត់ឲ្យយើងដឹង ។ - ស្មូមជាអ្នកណែនាំដល់យើងថា អ្នកចូរលះទ្រព្យដែលមិនមានខ្លឹមសារ ហើយកាន់យកនូវទ្រព្យដែលមានខ្លឹមសារ ជារបស់ខ្លួនពិតទៅកាន់បរលោក ។ - ស្មូមគឺជាសម្លាញ់ជួយរែកជញ្ជូនទ្រព្យរបស់យើងអំពីលោកនេះ នៅពេលដែលខន្ធលោកនេះត្រូវភ្លើង គឺមរណៈឆាបឆេះ ដូចជាផ្ទះដែលត្រូវភ្លើងឆេះដូច្នោះឯង ។ - ស្មូមជាកល្យាណមិត្តដ៏ក្រៃលែង ព្រោះជាសម្លាញ់ក្នុងការឲ្យទាន និងព្រោះជាអ្នកជ្រោមជ្រែងជួយឲ្យបានដល់ពុទ្ធភូមិ ដែលបានដោយលំបាកដ៏ក្រៃលែងជាងសម្បត្តិទាំងពួង ។ - ស្មូម ជាអ្នកលើកតម្កើងយើងក្នុងកម្មដ៏ក្រៃលែង ព្រោះដូច្នោះ គួរធ្វើនូវការលើកតម្កើងនោះ ឲ្យបានសម្រេចជាការពិត ។ - សូម្បីគេមិនសូម ក៏យើងឲ្យដែរ ព្រោះជីវិតរបស់គេប្រាកដច្បាស់ស្រេចហើយ មិនចាំបាច់និយាយដល់ការសូមនោះឡើយ ។ - ស្មូមមកហើយដោយខ្លួនឯង ត្រូវតាមអធ្យាស្រ័យក៏ក្រៃលែង មិនចាំបាច់ស្វែងរក គួរឲ្យដោយបុណ្យរបស់យើង ។ - ការអនុគ្រោះរបស់យើងនេះ ដោយសំដៅដល់ការឲ្យទានដល់ស្មូមយាចក យើងគួរអនុគ្រោះសត្វលោក ដូចអនុគ្រោះខ្លួនយើង ។ - កាលបើស្មូមយាចកមិនមានទេ ទានបារមីរបស់យើងនឹងគប្បីបំពេញបានយ៉ាងដូចម្តេច ។ - យើងគប្បីជាទីស្រឡាញ់ និងជាទីពេញចិត្តរបស់ស្មូមទាំងឡាយបានយ៉ាងណា ។ - ស្មូមយាចកទាំងនោះ គប្បីជាទីស្រឡាញ់ ជាទីពេញចិត្តរបស់យើងបានយ៉ាងដូចម្តេចដែរ ។ - នៅពេលឲ្យ យើងក៏ពេញចិត្ត លុះឲ្យរួចហើយក៏រីករាយ កើតបីតិសោមនស្សបាននោះ តើយ៉ាងណាទៅ ។ - កាលបើទ្រព្យមាន ស្មូមយាចកក៏មាន តែមិនបរិច្ចាគ គឺវាជាការបោកបញ្ជោតខ្លួនឯងដ៏ក្រៃលែង ។ ស្រង់ចាកពី សៀវភៅ " បារមី ភាគ១ " រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |