អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៨២ ដង)
ទ្រឹស្តីកម្មជាទ្រឹស្តីដែលនិយាយអំពីហេតុនិងផល

|
ការបកស្រាយអំពីពាក្យថា " កម្ម " ។ ពាក្យថា " កម្ម " នៅក្នុងភាសាបាលីប្រែដោយព្យញ្ជនៈ (ប្រែតាមរូបស័ព្ទ) ថា " ការធ្វើ " ឬ " ទង្វើ " ។ ដោយឡែកក្នុងទ្រឹស្តីកម្មរបស់ព្រះពុទ្ធសាសនា គឺមានន័យសំដៅតែទៅលើការធ្វើដែលប្រកបដោយចេតនាប៉ុណ្ណោះ មិនបានសំដៅទៅដល់ការធ្វើគ្រប់យ៉ាង ទាំងមិនបានសំដៅទៅដល់ផលរបស់កម្ម ដូចដែលមនុស្សជាច្រើននាំគ្នាប្រើយ៉ាងខុសឆ្គងនោះឡើយ ដ្បិតថាផលរបស់កម្មហៅថា " ផល " ឬវិបាករបស់កម្ម (កម្មផល ឬកម្មវិបាក) ។
ចេតនាអាចនឹងល្អឬអាក្រក់ក៏ថាបាន ដូចគ្នាទៅនឹងតណ្ហាដែលមានទាំងល្អនិងអាក្រក់ ដូចនេះទើបកម្មអាចនឹងមានទាំងល្អនិងអាក្រក់ ។ កម្មល្អ (កុសលកម្ម) រមែងឲ្យផលល្អ រីឯកម្មអាក្រក់ (អកុសលកម្ម) រមែងឲ្យនូវផលអាក្រក់ ។ តណ្ហា ចេតនា កម្ម មិនថាល្អឬអាក្រក់រមែងមានកម្លាំងម៉្យាងជាផល គឺកម្លាំងដែលធ្វើឲ្យកើតមានការអន្ទោលទៅមកដែលសំដៅដល់ការអន្ទោលទៅមក ទាំងនៅក្នុងផ្នែកល្អនិងផ្នែកអាក្រក់ (សុគតិនិងទុគតិ) ។ និយាយម៉្យាងទៀតថា មិនថាកម្មដែលបុគ្គលបានធ្វើហើយ ជាកម្មល្អឬអាក្រក់ក៏ដោយចុះ សុទ្ធតែស្ថិតនៅក្នុងវដ្តចក្រនៃការអន្ទោលវិលវល់កើតស្លាប់ (សង្សារវដ្ត) ទាំងអស់ ។ ដោយឡែកព្រះអរហន្ត ទោះបីលោកបានធ្វើនូវកម្ម (អំពី) ក៏ពិតមែន តែលោកក៏មិនបានសន្សំនូវកម្ម ព្រោះលោករួចចាកផុតពីការប្រកាន់មាំនៅក្នុងតួខ្លួន (បញ្ចក្ខន្ធ) ផុតចាកពីតណ្ហាដែលនឹងធ្វើឲ្យកើតនូវការអន្ទោលវិលវល់ ផុតចាកកិលេសអាសវៈទាំងឡាយទាំងពួង (កិលេសសាសវធម្ម) ។ ព្រោះហេតុដូច្នេះ ទើបមិនមានការកើតថ្មីសម្រាប់លោក ។ ទ្រឹស្តីកម្មនេះ ចាំបាច់មិនត្រូវឲ្យមានការយល់ច្រឡំជំពាក់វាក់វិនទៅនឹងអ្វីដែលយើងនាំគ្នាហៅថា " យុត្តិធម៌ផ្នែកសីលធម៌ " ឬ " ការផ្តល់នូវគុណនិងទោស " ។ ផ្នត់គំនិតដែលទាក់ទងជាមួយយុត្តិធម៌ផ្នែកសីលធម៌ ឬការឲ្យនូវគុណនិងទោសនេះ កើតចេញពីជំនឿដែលថាមានបុគ្គលវិសេសគឺព្រះជាម្ចាស់ ចាំធ្វើតួនាទីជំនុំជម្រះ ជាអ្នកបញ្ញាត្តក្រឹត្យក្រម ទាំងជាអ្នកសម្រេចថាអ្វីត្រូវអ្វីខុស ។ ទ្រឹស្តីកម្មជាទ្រឹស្តីដែលនិយាយអំពីហេតុនិងផល ជាទ្រឹស្តីអំពីកិរិយានិងបដិកិរិយា ជាច្បាប់ធម្មជាតិហើយដែលមិនមានពាក់ព័ន្ធជាមួយនឹងផ្នត់គំនិតស្តីអំពី " យុត្តិធម៌ " ឬ " ការផ្តល់នូវគុណនិងទោស " ដោយប្រការណាមួយនោះឡើយ ។ ការធ្វើដែលប្រកបដោយចេតនាគ្រប់ប្រភេទ នឹងឲ្យផលឬវិបាករបស់វាត្រឡប់មកវិញ បើជាកម្មល្អនឹងឲ្យនូវផលល្អ តែបើជាកម្មអាក្រក់ក៏នឹងឲ្យមកវិញនូវផលអាក្រក់ វាមិនមែនជា " យុត្តិធម៌ " ឬ " ការផ្តល់នូវគុណនិងទោស " ពីសំណាក់អាទិទេពអង្គណាមួយ ឬអំពីអំណាចវិសេសណាមួយដែលរង់ចាំជំនុំជម្រះ នូវរាល់ទង្វើរបស់អ្នកនោះឡើយ ប៉ុន្តែវាប្រព្រឹត្តទៅតាមច្បាប់របស់ធម្មជាតិ និងជាច្បាប់នៅក្នុងខ្លួនរបស់វាផ្ទាល់ ។ រឿងនេះគឺមិនពិបាកយល់ឡើយ តែរឿងដែលពិបាកយល់នោះគឺថា ផ្អែកតាមទ្រឹស្តីកម្មនេះ តើផលរបស់កម្មដែលធ្វើដោយការតាំងចិត្ត (មានចេតនា) អាចតភ្ជាប់ទៅដល់ជីវិតបន្ទាប់បានយ៉ាងដូចម្តេច? នៅក្នុងទីនេះនឹងអធិប្បាយអំពីសេចក្តីស្លាប់ តាមគោលការណ៍របស់ព្រះពុទ្ធសាសនា គ្រាន់ជាមូលដ្ឋានចំណេះដឹង សម្រាប់ត្រិះរិះពិចារណាដូចតទៅ ៖ ដូចយើងជ្រាបស្រាប់ហើយ (ដូចបានអធិប្បាយរួមមកហើយ) ថាអ្វីដែលយើងនាំគ្នាហៅថាជាសត្វ ជាបុគ្គលនោះ គឺមិនមានអ្វីផ្សេងឡើយក្រៅពីការរួមបញ្ចូលគ្នារបស់កម្លាំង ឬឋាមពល ទាំងខាងផ្នែករាងកាយនិងចិត្តគំនិត ហើយអ្វីដែលយើងនាំគ្នាហៅថាសេចក្តីស្លាប់នោះគឺ សំដៅដល់ការឈប់ធ្វើការរបស់រាងកាយ ។ ដូច្នេះសួរថាតើកម្លាំងឬឋាមពលទាំងឡាយ នឹងឈប់ទៅព្រមគ្នាជាមួយនឹងការឈប់ធ្វើការរបស់រាងកាយមែនឬ? ទ្រឹស្តីព្រះពុទ្ធសាសនាឆ្លើយថា " មិនមែនយ៉ាងដូច្នោះឡើយ " ។ ការតាំងចិត្ត ការប៉ុនប៉ង សេចក្តីត្រេកត្រអាល សេចក្តីសេ្រកឃ្លានក្នុងការប្រាថ្នាឲ្យខ្លួន ក្លាយទៅជាយ៉ាងនេះ ឬយ៉ាងនោះ ការជាប់ជំពាក់ទៅលើអ្វីមួយ ការចង់ឲ្យមានដំណើរបន្ត សេចក្តីប្រាថ្នាដ៏ក្រៃលែងទាំងនេះ ជាកម្លាំងដ៏មហាសាលដែលរុញច្រានគ្រប់ជីវិត គ្រប់សភាវៈ ឬសូម្បីតែលោកទាំងមូលឲ្យធ្លាក់ទៅក្នុងអំណាចនៃច្បាប់វដ្តចក្រ វាជាកម្លាំងដ៏មហិមាបំផុត ជាកម្លាំងដ៏មហាសាលបំផុតក្នុងលោក ។ តាមគោលការណ៍របស់ព្រះពុទ្ធសាសនា (តាមច្បាប់ធម្មជាតិ) កម្លាំងដែលថានេះមិនបានឈប់ព្រមទៅជាមួយនឹង ការឈប់ធ្វើការរបស់រាងកាយ (គឺសេចក្តីស្លាប់) នោះឡើយ តែវាបានបន្តទៅប្រាកដខ្លួននៅក្នុងរូបមួយដទៃផ្សេងទៀត ដោយបង្កឲ្យមាននូវជាតិកំណើតថ្មី ឬដែលយើងនាំគ្នាហៅថា ការកើតថ្មី (ការកើតម្តងទៀត) ។ មកដល់ត្រង់ចំណុចនេះ មានសំណួរមួយសួរថាប្រសិនបើបុគ្គលមិនមានភាពទៀតទាត់ ឋិតឋេរឬមានខ្លឹមសារ ដូចជាតួខ្លួនឬវិញ្ញាណ (អាត្ម័ន) ហើយអ្វីទៅដែលអាចទៅចាប់កំណើតថ្មី បន្ទាប់អំពីការស្លាប់ទៅហើយនោះ? មុននឹងបកស្រាយអំពីជីវិតក្រោយការស្លាប់នោះ សូមឲ្យមកពិចារណាជាមួយគ្នាសិនថា ជីវិតនេះគឺជាអ្វី ? ហើយជីវិតនេះបន្តភ្ជាប់មកដល់បច្ចុប្បន្នបានយ៉ាងដូចម្តេច? អ្វីដែលយើងហៅថាជាជីវិតនោះ ដូចសំដៅទៅដល់ការរួបរួមគ្នារបស់កម្លាំង ទាំងខាងផ្នែករាងកាយនិងចិត្តគំនិត ។ ខន្ធ៥ នេះរមែងមានការប្រែប្រួលផ្លាស់ប្តូរជានិច្ចមិនស្ថិតនៅដូចដើមសូម្បីមួយខណៈ មានការកើតនិងស្លាប់ទៅគ្រប់ខណៈ " ម្នាលភិក្ខុ ! ពេលខន្ធទាំងឡាយ កើតចាស់និងស្លាប់ទៅគ្រប់ខណៈ អ្នកក៏កើតចាស់និងស្លាប់ (ទៅគ្រប់ខណៈផងដែរ) " ។ ដោយហេតុនេះ សូម្បីតែនៅក្នុងអំឡុងពេលកំពុងមានជីវិតរស់នៅក្នុងខណៈនេះ យើងក៏កើតនិងស្លាប់គ្រប់ខណៈ (ជាការពិតដែលថា ជីវិតរបស់សត្វលោកមានការកើតនិងស្លាប់ទៅនៅគ្រប់ខណៈ ទាំងដែលជារូបធម៌និងនាមធម៌ ដ្បិតថារាល់កោសិកាទាំងឡាយ នៅក្នុងខ្លួនរបស់មនុស្សសត្វរមែងកើតឡើងថ្មី និងជម្រុះចោលនូវកោសិកាចាស់ឥតឈប់ឈរ ដូចគ្នាទៅនឹងអារម្មណ៍ឬការនឹកគិតផ្សេងៗ ដែលតែងតែកើតរលត់ៗ " ខណៈចិត្តមួយកើតឡើងហើយក៏រលត់ទៅវិញ ទាំងជាបច្ច័យឲ្យកើតនូវខណៈចិត្តបន្តៗមកទៀត " បន្តគ្នាជាខ្សែវដ្តៈមួយ ដែលគ្មាទីបញ្ចប់ ។) តែយើងក៏នៅអាចបន្តជីវិតទៅបាន ។ បើយើងអាចយល់បានថា ជីវិតនេះយើងអាចបន្តទៅបានដោយប្រាសរូបធាតុដែលឋិតឋេរដូចជាអត្តាឬវិញ្ញាណ រឿងអ្វីដែលយើងនឹងមិនអាចយល់បានថា កម្លាំងឬឋាមពលទាំងនោះអាចស្ថិតនៅតទៅទៀតបាន ដោយប្រាសចាកអត្តាឬវិញ្ញាណគាំទ្រ បន្ទាប់ពីរាងកាយបានឈប់ធ្វើការទៅហើយនោះ? ខណៈពេលដែលរាងកាយនេះមិនអាចធ្វើការបានតទៅទៀតនោះ ឋាមពលទាំងឡាយមិនបានស្លាប់ព្រមទៅជាមួយនឹងវានោះទេ ។ ប៉ុន្តែផ្ទុយទៅវិញ ឋាមពលទាំងនោះនៅបានបន្តទៅគ្រប់គ្រងរូបដទៃទៀត ដែលយើងហៅថាជាជីវិតមួយផ្សេងទៀត ។ ក្នុងខ្លួនរបស់ទារកឥន្រ្ទិយផ្សេងៗ ទាំងឡាយ ទាំងរាងកាយ ខួរក្បាល និងសតិបញ្ញា នៅទន់ខ្សោយមិនរឹងមាំពេញលេញ តែឥន្រ្តិយទាំងនោះក៍មាននូវសក្តានុពលភាពខាងក្នុងរបស់វា ដែលនឹងធ្វើឲ្យកើតការចម្រើនធំធាត់ ក្លាយជាមនុស្សពេញវ័យដោយបរិបូណ៍បាន ។ ឋាមពលទាំងរាងកាយនិងចិត្តគំនិតដែលប្រកបគ្នាជាបុគ្គលក៏ដូចគ្នា មានកម្លាំងផ្ទាល់របស់វា ដែលនឹងអាចឲ្យវាទៅចាប់យករូបថ្មី ហើយសន្សឹមៗលូតលាស់និងរួបរួមកម្លាំងឡើងមកសាជាថ្មីរហូតចាស់ក្លាបាន ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី " បែ្រសម្រួលដោយ លីន កុសល ដោយ៥០០០ឆ្នាំ |