30
ថ្ងៃ ច័ន្ទ ទី ០២ ខែ តុលា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦២,៨៤១
Today
ថ្ងៃម្សិលមិញ ១៣៩,២៤៩
ខែនេះ ២០២,០៩០
សរុប ៣៤២,៨៥៧,៦៤៨
Flag Counter
ប្រជុំអត្ថបទ
images/articles/425/2020-07-22_09_16_38-buddhist_converstion_-_Google_Search.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៣,៤៤៣ ដង)
ធម៌​ ១០​ ជា​អាហារ​នៃ​ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​បាន​ដោយ​កម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖ ១. អនាលស្យំ ឧដ្ឋានំ ភោគានំ អាហារោ សេចក្តីមិនខ្ជិល សេចក្តី​ព្យាយាម​ ជាអាហាររបស់ភោគៈ ២. មណ្ឌនា វិភូសនា វណ្ណស្ស អាហារោ ការប្រដាប់ ការតាក់តែង ជាអាហារ​របស់ពណ៌សម្បុរ ៣. សប្បាយកិរិយា អារោគ្យស្ស អាហារោ ការធ្វើនូវសេចក្តីសប្បាយ ជាអាហារ​របស់​ភាព​មិន​មាន​​រោគ ៤. កល្យាណមិត្តតា សីលានំ អាហារោ សភាពមិត្តល្អ ជាអាហាររបស់សីល ៥. ឥន្ទ្រិយសំវរោ ព្រហ្មចរិយស្ស អាហារោ ការសង្រួមឥន្ទ្រិយ ជា​អាហារ​របស់ព្រហ្មចរិយៈ ៦. អវិសំវាទនា មិត្តានំ អាហារោ ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ ៧. សជ្ឈាយកិរិយា ពាហុសច្ចស្ស អាហារោ ការ​ធ្វើ​នូវ​កិរិយា​ស្វាធ្យាយ​ ជាអាហារ របស់​ភាព​ជា​អ្នក​​ចេះដឹងច្រើន ៨. សុស្សូសា បរិបុច្ឆា បញ្ញាយ អាហារោ ការស្តាប់ ការសាកសួរ ជា​អាហាររបស់បញ្ញា ៩. អនុយោគោ បច្ចវេក្ខណា ធម្មានំ អាហារោ ការប្រកបរឿយៗ ការ​ពិចារណា ជា​អាហារ​របស់​ធម៌​​ទាំងឡាយ ១០. សម្មាបដិបត្តិ សគ្គានំ អាហារោ សេចក្តីប្រតិបត្តិល្អ ជា​អាហារ​របស់​ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ ) ធម៌​ ១០​ នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ ដែល​ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌​ ១០​ យ៉ាង នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ យ៉ាងនេះ ដែល​ជា​ទី​ប្រាថ្នា​ ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​កម្រ​​បាន​ក្នុង​លោក, ធម៌ ១០ យ៉ាងនោះ គឺ ៖ ១. អាលស្យំ អនុដ្ឋានំ ភោគានំ បរិបន្ថោ ការខ្ជិល និង​ការ​មិន​ប្រឹង​ប្រែង​ នាំឲ្យអន្តរាយដល់ភោគៈ ២. អមណ្ឌនា អវិភូសនា វណ្ណស្ស បរិបន្ថោ ការមិនប្រដាប់ មិន​តាក់​តែង​ នាំឲ្យអន្តរាយដល់ពណ៌​សម្បុរ ៣. អសប្បាយកិរិយា អារោគ្យស្ស បរិបន្ថោ ការ​ធ្វើ​នូវ​សេចក្តី​មិន​សប្បាយ​​ នាំ​ឲ្យ​អន្តរាយ​ដល់​ភាព​មិន​​មានរោគ ៤. បាបមិត្តតា សីលានំ បរិបន្ថោ មិត្តលាមក នាំឲ្យអន្តរាយដល់សីល ៥. ឥន្ទ្រិយាសំវរោ ព្រហ្មចរិយស្ស បរិបន្ថោ ការមិនសង្រួមនូវឥន្ទ្រិយ នាំ​ឲ្យ​អន្តរាយ​ដល់​ព្រហ្មចរិយៈ​ ៦. វិសំវាទនា មិត្តានំ បរិបន្ថោ ការពោលពាក្យខុស នាំឲ្យអន្តរាយដល់​ពួក​មិត្ត ៧. អសជ្ឈាយកិរិយា ពាហុសច្ចស្ស បរិបន្ថោ ការ​ធ្វើ​នូវ​សេចក្តី​មិន​ស្វាធ្យាយ​ នាំឲ្យអន្តរាយ ដល់​ភាព​​ចេះដឹងច្រើន ៨. អស្សុស្សុសា អបរិបុច្ឆា បញ្ញាយ បរិបន្ថោ ការមិនប្រុងស្តាប់ មិន​សាកសួរ នាំ​ឲ្យ​អន្តរាយ​ដល់​បញ្ញា ៩. អននុយោគោ អប្បច្ចវេក្ខណា ធម្មានំ បរិបន្ថោ ការ​មិន​ប្រកប​រឿយៗ​ ការមិនពិចារណា នាំឲ្យ​អន្តរាយ​ដល់ធម៌ទាំងឡាយ ១០. មិច្ឆាបដិបត្តិ សគ្គានំ បរិបន្ថោ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ ) ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែល​បុគ្គល​បាន​ដោយ​កម្រ ក្នុង​លោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖ ១. ភោគា ភោគៈ ២. វណ្ណោ ពណ៌សម្បុរ ៣. អារោគ្យំ ការមិនមានរោគ ៤. សីលានិ សីល ៥. ព្រហ្មចរិយំ ព្រហ្មចរិយៈ ៦. មិត្តា មិត្ត ៧. ពាហុសច្ចំ សភាពជាអ្នកចេះដឹងច្រើន ៨. បញ្ញា បញ្ញា ៩. ធម្មោ ធម៌ [ លោកុត្តរធម៌ ៩ ] ១០. សគ្គា ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ ) អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០ ធនេន ធញ្ញេន ច យោធ វឌ្ឍតិ បុត្តេហិ ទារេហិ ចតុប្បាទេហិ ច ស ភោគវា ហោតិ យសស្សី បូជិតោ ញាតីហិ មិត្តេហិ អថោបិ រាជុភិ ។ បុគ្គល​ណា​ក្នុង​លោក​នេះ​ ចម្រើន​ដោយ​ទ្រព្យ​ផង​ ដោយ​ស្រូវ​ផង​ ដោយ​កូន​​ផង​ ដោយ​ប្រពន្ធ​ផង​ ដោយ​សត្វ​​ជើង​ ៤​ ផង​ បុគ្គល​នោះ​ឈ្មោះ​ថា​ មាន​ភោគៈ​ មាន​យស​ដែល​ពួក​ញាតិ​ និង​មិត្ត​ ព្រម​ទាំង​ស្តេច​បូជា​ហើយ ។ សទ្ធាយ សីលេន ច យោធ វឌ្ឍតិ បញ្ញាយ ចាគេន សុតេន ចូភយំ សោ តាទិសោ សប្បុរិសោ វិចក្ខណោ ទិដ្ឋេវ ធម្មេ ឧភយេន វឌ្ឍតិ ។ បុគ្គល​ណា​ ក្នុង​លោក​នេះ​ ចម្រើន​ដោយ​សទ្ធា​ផង​ ដោយ​សីល​ផង​ ដោយ​បញ្ញា​ផង​ ដោយ​ចាគៈ​ផង​ ដោយ​សុតៈ​​ទាំង​ពីរ​ផង​ បុគ្គល​បែប​នោះ​ ហៅ​ថា​ សប្បុរស​ ជា​អ្នក​ពិចារណា​ឃើញច្បាស់​ រមែង​ចម្រើន​ដោយ​ហេតុ​ទាំង​ពីរ​ ក្នុង​​បច្ចុប្បន្ន​នេះ​ឯង​ ។ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ ) កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០ ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ ១. អប្បិច្ឆកថា និយាយអំពីសេចក្តីប្រាថ្នាតិច ២. សន្តុដ្ឋិកថា និយាយអំពីសេចក្តីសន្តោស ៣. បវិវេកកថា និយាយអំពីសេចក្តីស្ងប់ស្ងាត់ ៤. អសំសគ្គកថា និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ៥. វីរិយារម្ភកថា និយាយអំពីប្រារព្ធសេចក្តីព្យាយាម ៦. សីលកថា និយាយអំពីសីល ៧. សមាធិកថា និយាយអំពីសមាធិ ៨. បញ្ញាកថា និយាយអំពីបញ្ញា ៩. វិមុត្តិកថា និយាយអំពីវិមុត្តិ ១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ ) អភិណ្ហប្បច្ចវេក្ខណៈ​ ១០ អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖ ១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បី​​ពិចារណា​រឿយៗ ថា​ អាត្មា​អញ​​កាន់​យក​នូវ​ភេទ​ដ៏​ប្លែក​ អំពី​​ភេទ​​របស់​​គ្រហស្ថ ២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ការ​ប្រព្រឹត្ត​​ចិញ្ចឹមជីវិត របស់​អាត្មាអញ​ប្រព្រឹត្ត​ជាប់​ដោយបុគ្គលដទៃ ៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ​ អាត្មាអញគួរធ្វើ ៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​​រឿយៗ​ ថា​ អាត្មាអញ​​មិន​តិះ​ដៀល​ខ្លួន​ឯង ដោយសីលធម៌បានទេឬ ? ៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ពួក​សព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ? ៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការ​ព្រាត់​ប្រាស​និរាស​ចាកសត្វ និងសង្ខារទាំងអស់ ដែល​ជា​ទី​ស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មា​អញតែងមានជាធម្មតា ៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​​គប្បី​ពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មាន​កម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មា​អញ​នឹង​ធ្វើ​នូវ កម្ម​ណា ល្អ ឬអាក្រក់ អាត្មាអញ​គង់​នឹង​បាន​ជា​អ្នក​ទទួល​យក​នូវ​ផល នៃ​កម្ម​នោះ​ពុំ​​ខានឡើយ ៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​រឿយៗ​ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ? ៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាត្មាអញ​មាន​សេចក្តី​អភិរម្យ​ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ? ១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មាន​ដល់​អាត្មាអញដែរឬ ធម៌​ដ៏​វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មា​អញ​នោះ​ សព្រហ្មចារី​ទាំង​ឡាយ​សួរ​ក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ? ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ ) សេចក្តីពន្យល់ វេវណ្ណិយំ ពាក្យថា​ វេវណ្ណិយំ​ ( អ្នក​មាន​ភេទ​ដ៏​ប្លែក )​ គឺ​ មាន​រូប​ប្លែក​ផ្សេង ៗ​ នោះ​ មាន​​ ២​ យ៉ាងគឺ មាន​រូប​ប្លែក​ផ្សេង​ដោយ​​សរីរៈ​ ១​ មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​បរិក្ខារ​ ១ ។ បណ្តា​រូប​ប្លែក​ផ្សេង​ទាំង​ ២​ យ៉ាង​នោះ​ ការ​​មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​​សរីរៈ​ គប្បី​ជ្រាប​ដោយ​ការ​កោរ​សក់​ និង​ពុក​មាត់ ។​ ក៏​​កាល​​មុន​​នឹង​​បួស​ សូម្បី​​ស្លៀក​​សំពត់​ ក៏​ត្រូវ​ប្រើ​សំពត់​សាច់​​ល្អិត​ ជ្រលក់​ពណ៌​ផ្សេងៗ​ សូម្បី​​​បរិភោគ​​ក៏​ត្រូវ​​បរិភោគ​​អាហារ​ឆ្ងាញ់ៗ​ ដាក់​លើ​ភាជន៍​មាស​ និង​ប្រាក់​ សូម្បី​​ដេក​ ឬ​​អង្គុយ​​ក៏​​ត្រូវ​ដេក​ ឬ​អង្គុយ​លើ​ទី​ដេក​ ទី​អង្គុយ​យ៉ាង​​ល្អ​ប្រណីត ​ក្នុង​​បន្ទប់​ស្រស់​ស្អាត ​សូម្បី​ផ្សំ​ថ្នាំ​ក៏​ត្រូវ​ប្រើ​ទឹក​ដោះ​​ថ្លា​ ទឹក​ដោះ​ខាប់​ជា​ដើម​ ប៉ុន្តែ​​​ចាប់​​តាំង​​ពី​​បួស​​ហើយ​ ចាំ​បាច់​ត្រូវ​ស្លៀក​សំពត់​កាត់​ដាច់​ ដេរ​ភ្ជាប់ ជ្រលក់​ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬ​បាត្រដី ចាំបាច់​ត្រូវ​ដេក​លើ​គ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុង​សេនាសនៈ​មាន​គល់​ឈើ​ជា​ដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និង​កន្ទេល​ផែងជាដើម ចាំ​បាច់​ត្រូវ​ផ្សំ​ថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បី​ជ្រាប​ភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុង​សេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែង​លះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោល​បាន ។ បរប្បដិពទ្ធា​ មេ​ ជីវិកា ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិត​គប្បី​ពិចារណា​យ៉ាង​នេះ​ថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថ​ក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជា​អ្នក​គោរព​កោត​ក្រែង​​ក្នុង​បិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។ អញ្ញោ​ មេ​ អាកប្បោ​ ករណីយោ ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិត​គប្បី​ពិចារណា​ថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺ​ការ​ឈាន​ជើង​ដោយ​មិនកំណត់ ការអើត-ក អាត្មាអញ​គប្បី​ធ្វើ​អាកប្បកិរិយា​ឲ្យ​ប្លែក​ផ្សេង​អំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មាន​ចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិន​ឈាន​ជើង​វែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះ​ថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។ សីលតោ​ ន​ ឧបវទតិ ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះ​សីល​ជា​បច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យ​កើត​ឡើង​ខាង​​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តី​សង្រួម​ក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិសុទ្ធិសីល បព្វជិត​ដែល​តាំង​នៅ​ក្នុង​ចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែង​សម្រេច​ព្រះអរហត្តបាន ។ អនុវិច្ច​ វិញ្ញូ​ សព្រហ្មចារី ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួក​សព្រហ្មចារី​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តី​ខ្លាច​បាប​ខាង​ក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែង​ឲ្យ​សម្រេច​សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺ​រមែង​ញ៉ាំង​ចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។ នានាភាវោ​ វិនាភាវោ ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះ​ព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះ​ថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។ តស្ស​ ទាយាទោ​ ភវិស្សាមិ ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺ​ជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។ កថម្ភូតស្ស​ មេ​ រត្តិន្ទិវា​ វីតិបតន្តិ ពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺ​អាត្មា​អញ​កំពុង​ធ្វើ​វត្តប្បដិបត្តិ​ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬ​មិន​ទាន់​បាន​ទន្ទេញ​ទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែង​បរិបូណ៌ ។ សុញ្ញាគារេ​ អភិរមាមិ ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញ​នៅ​តែ​ម្នាក់​ឯង​គ្រប់​ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។ ឧត្តរិមនុស្សធម្មោ ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជា​មនុស្ស​ឧត្តម​ខ្ពង់​ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសល-កម្មបថ​ ១០ មាន គឺ មាន​នៅ​ក្នុង​សន្តាន​របស់​អាត្មា​អញ​ហើយ​ឬ​នៅ ។ បុដ្ឋោ,​ ន​ មង្កុ​​ ភវិស្សាមិ ពាក្យ​ថា​ បុដ្ឋោ​ បាន​ដល់​ ត្រូវ​មិត្ត​​សព្រហ្មចារី​​សួរ​​ដល់​​គុណ​វិសេស​​ដែល​​ខ្លួន​​សម្រេច ។ ពាក្យ​​ថា​ ន​ មង្កុ​ ភវិស្សាមិ​ បាន​ដល់​ អាត្មា​អញ​នឹង​មិន​ជា​​អ្នក​​អឹម​អៀម​ ឱន-​ក​ចុះ អស់​អំណាច​ ។​ ព្រោះ​ថា​ បព្វជិត​​កាល​​ពិចារណា​​យ៉ាង​​នេះ​ រមែង​មិន​ឈ្មោះ​ថា​ ស្លាប់​​ដោយ​ឥត​អំពើ ៕ ដោយ៥០០០ឆ្នាំ
images/articles/424/2020-07-22_09_02_10-buddhist_converstion_-_Google_Search.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥១,១១៨ ដង)
សម្តី​នៅ​ក្នុង​លោក​នេះ មាន ៣ គឺ ១. គូថភាណី សម្តី​ស្អុយ​ដូច​លាមក ២. បុប្ផភាណី សម្តី​ក្រអូប​ដូច​ផ្កា ៣. មធុភាណី សម្តី​ផ្អែម​ដូច​ទឹក​ឃ្មុំ ការ​និយាយ​ដោយ​កុហក​ដោយ​ដឹង​ខ្លួន ព្រោះ​ហេតុ​តែ​ខ្លួន និង​អ្នក​ដទៃ ឬ​ព្រោះ​​ហេតុ​សំណូក​បន្តិចបន្តួចក្តី នេះ​ហៅ​ថា សម្តី​ស្អុយ​ដូច​លាមក ។ មិន​​ពោល​ពាក្យ​កុហក ដោយ​ដឹងខ្លួន ព្រោះ​ហេតុ​តែ​ខ្លួន និងអ្នកដទៃ ឬ​ព្រោះ​​ហេតុ​សំណូក​បន្តិច​បន្តួច​ក្តី នេះ​ហៅ​ថា សម្តី​ក្រអូប​ដូចផ្កា ។ ការ​លះបង់​នូវ​វាចា​អាក្រក់ ពោល​តែ​សម្តី​ដែល​ឥតទោស ជា​សុខ​ដល់​ត្រចៀក គួរ​ជា​ទី​ស្រឡាញ់ ជ្រាប​​ចូល​ទៅ​ក្នុង​​ដួងចិត្ត ជា​សម្តី​​អ្នក​​ក្រុង​​ដែល​ជា​ទី​ពេញ​ចិត្ត​នៃ​ជន​ច្រើន​ ជា​ទីគាប់ចិត្តនៃជនច្រើននេះហៅថា​សម្តី​ផ្អែម​ដូច​ទឺក​ឃ្មុំ ។ ( អង្គុត្តរនិកាយ​ តិកនិបាត ) ដោយ៥០០០ឆ្នាំ
images/articles/287/Unt5432itled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៤,៥០៥ ដង)
តើ​​សាធុជន​​ទាំង​​ឡាយ​ដែល​​ចូល​មក​អាន​ញឹក​ញាប់​ ធ្លាប់​បាន​ឃើញ​​និយាយ​ទាក់​ទង​នឹង​សេចក្តី​​ប្រមាទ​ និង មិន​ប្រមាទ? ច្បាស់​ជា​ឃើញ​ញយ​ដង​ហើយ ហើយ​ប្រហែល​ជាគិត​ថា​ជា​ធម៌​ដដែល​ៗ​ ធ្វើ​ឲ្យ​គ្មាន​ចំណាប់​អារម្មណ៍។ បើ​គិត​ថា​ជា​ធម៌​ដដែល​ៗ​នោះ​ពិត​ជា​ត្រឹម​ត្រូវ តែ​បើ​គិត​ថា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​វិញ​ មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ តែង​តែ​វិល​វល់​ចំណាប់​អារម្មណ៍​ជា​មួយ​តែ​នឹង​រឿង​ដដែល​ៗ​ ជា​រៀង​រាល់​ថ្ងៃ។ បរិភោគអាហារ​ ដដែលៗ, ដេក ដើរ​ ឈរ អង្គុយ ដដែលៗ, ធ្វើកិច្ចការងារ ដដែលៗ, ចំពោះ​អ្នក​បរិភោគកាម រីករាយនឹងកាមគុណដដែលៗ ។ល។ ចំណែក​ឯ​ធម៌​មិន​ប្រមាទ​នេះ ក៏​នៅ​តែ​មាន​ដើម្បី​ដាស់​តឿន​សតិ​ដដែលៗ ព្រោះ​មនុស្ស​នៅ​តែ​ប្រព្រឹត្តខុស​ ភ្លាំងភ្លាត់ដដែលៗ ។ ពេល​ដែល​សាធុជន​បាន​ឃើញ​ពាក្យ​ថា “ មិន​ប្រមាទ” នេះ កុំ​ទាន់​បញ្ជូន​ចិត្ត​ បញ្ជូន​អារម្មណ៍ ទៅ​រក​ឋាន​សួគ៌ និព្វាន​ អ្វី គួរ​តែ​សម្លឹង​មើល​ស្ថាន​ភាព​ក្នុង​បច្ចុប្បន្ន​ ពេលនេះ ឥឡូវ​នេះ គឺ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង​គ្រប់​គ្នាថា បើសិន​ជា​រស់​នៅ​ដោយ​សេចក្តី​ប្រមាទ​ គឺ​ការ​ធ្វេស​ប្រហែស​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ជីវិត​ប្រ​ចាំ​ថ្ងៃ? អ្នក​បើក​បរ​ដែល​មាន​សេចក្តី​ប្រមាទរមែង​ជួប​ឧបទ្ទវហេតុ​ មាន​បើក​បរ​​បុកគ្នា ធ្លាក់​កន្លុក បុកសសេរ​ភ្លើង ធ្លាក់​ជ្រោះ ធ្លាក់​ច្រាំង​ជាដើម មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​តែ​ម្នាក់​ទេ ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ថែម​ទៀត។ អ្នក​ធ្វើ​កិច្ចការ​អ្វី​មួយ​ដោយក្តី​ប្រមាទ​គឺ​​គ្មាន​ការប្រុង​ប្រយ័ត្ន​ មិន​យកចិត្ត​ទុកដាក់ ចំពោះ​កិច្ចការ​របស់​ខ្លួន នឹង​ទទួល​ការ​ខាត​បង់​ ភ្លេច​ភ្លាំង​ កិច្ចការ​មិន​បានល្អ ទាំង​មិន​បានចម្រើន​ទៅ​មុខតាម​ការ​គួរ។ ដូច្នេះ​ធម៌​មិន​ប្រមាទ​នេះ​ជាធម៌​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​តែ​លើក​យក​មក​និយាយ​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​ជា​ការ​ជួយ​ពញ្ញាក់​ស្មារតីដល់​គ្នា​នឹង​គ្នា​។ ប្រយោជន៍​នៃ​សេចក្តី​មិន​ប្រមាទ​គឺ​បាន​ទាំង​សង្ខាង​គឺ​ផ្លូវ​លោក​និង​ផ្លូវ​ធម៌។ កុសល​ធម៌​ទាំង​ឡាយ​អាច​តាំង​នៅ​បាន​ដោយ​សេចក្តី​មិន​ប្រមាទ បើ​បុគ្គល​រស់​នៅ​ដោយ​សេចក្តី​ប្រមាទ​គឺ​ការប្រហែស​ធ្វេស ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ស្លាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់​ ដូច​មាន​ព្រះ​គាថា​ដែល​ដកស្រង់​ចេញ​ពី​ធម្មបទដ្ឋកថា​ខាង​ក្រោម​នេះ៖ អប្បមាទោ​ អមតំ ​បទំ​ បមាទោ មច្ចុនោ បទំ អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា ឯតំ វិសេសតោ ញត្វា អប្បមាទមិ្ហ បណិ្ឌតា អប្បមាទេ បមោទនិ្ត អរិយានំ គោចរេ រតា តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា ផុស្សនិ្ត ធីរា និព្វានំ​ យោគក្ខេមំ អនុត្តរនិ្ត​ ។ សេចក្តី​មិនប្រមាទ ជា​ផ្លូវ​នៃ​សេចកី្ត​មិន​ស្លាប់, សេចកី្ត​ប្រមាទ​ជា​ផ្លូវ​នៃសេចកី្ត​ស្លាប់, អ្នក​ដែល​មិន​ប្រមាទ​ហើយ​ ឈ្មោះ​ថា​មិន​ស្លាប់, អ្ន​ក​ដែល​ប្រមាទ​ប្រៀប​​ដូច​ជា​​បុគ្គល​ ដែល​ស្លាប់​​ទៅ​ហើយ, បណិ្ឌត​ទាំង​ឡាយ​ដឹងរឿងនេះ​ដោយ​​វិសេស​ហើយ ទើប​តាំង​នៅ​ក្នុង​សេចកី្ត​​មិ​ន​ប្រមាទ ហើយ​រីក​រាយ​ក្នុង​សេចកី្ត​មិន​ប្រមាទ, ត្រេក​អរ​​ក្នុង ធម៌​ជា​ទី​គោច​ររបស់​ព្រះ​​អរិយៈ​​ទាំង​ឡាយ, បណិ្ឌត​អ្នក​មិន​ប្រមាទ​ទាំង​នោះ ជាអ្នកមានឈាន មានសេចកី្តព្យាយាម​មានការ​ប្រឹង​​ប្រែងជាប់ជានិច្ច ជាអ្នកបា្រជ្ញ​តែង​ពាល់​ត្រូវ​នូវ​ព្រះ​និព្វាន ដែល​ជា​ឋាន​ក្សេម​ចាក​​យោគៈ​ដ៍​ប្រសើរ​។ បមាទមនុយុញ្ជនិ្ត ពាលា​ទុម្មេធិនោ ជនា អប្បមាទញ្ច មេធាវី ធនំ​សេដ្ឋំវ រក្ខតិ​ ។ មា បមាទមនុយញ្ជេថ មា កាមរតិសន្ថវំ អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ​ វិបុលំ សុខំ ។ ពួក​ជនពាល មាន​បញ្ញា​ល្ងង់ខ្លៅ រមែង​តាម​ប្រកប​នូវ​សេចកី្ត​ប្រមាទ, ​ចំណែក​​អ្នក​ប្រាជ្ញ​វិញ តែងរក្សាទុកនូវសេចកី្តមិនប្រមាទ ដូច​ជា​បុគ្គល​រក្សា​ទ្រព្យដ៏ប្រសើរទុក ​យ៉ាងនោះឯង ។​អ្នក​ទាំង​ឡាយ ចូរ​កុំ​តាម​ប្រកប​សេចកី្ត​ប្រមាទ​ឡើយ,​ ចូរ​កុំ​តាម​ប្រ​កប​នូវ​សេចកី្ត​ត្រេក​អរ​ក្នុង​កាម​ឡើយ​, ព្រោះ​ថា​ អ្នក​ដែល​មិន​ប្រមាទ​ហើយ រំពឹង​ពិចារណា​ត្រិះ​រិះ​នឹង​បាន​​សម្រេច​​នូវ​សេចកី្ត​សុខ​ដ៏​ប្រសើរ ​។ បមាទំ អប្បមាទេន យទា នុទតិ បណ្ឌិតោ បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនឹ បជំ បព្វតដោ្ឋវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ ។ ពេលណា បណិ្ឌត​កំចាត់​បង់​នូវ​សេចកី្ត​ប្រមាទ ដោយ​សេចកី្ត​មិន​ប្រមាទ,​ពេល​នោះ បណិ្ឌត​នោះ​នឹង​ឡើង​ទៅ​ដល់​បញ្ញា ដូច​ជា​បា្រសាទ មិន​មាន​សេចកី្ត​​សោក​​សៅ​តែង​​មើល​​ឃើញ​នូវ​ពួក​សត្វ ដែល​មាន​សេចកី្ត​សោក​សៅ​ អ្នក​មាន​បញ្ញា រមែង​មើល​ឃើញ​​នូវ​បុគ្គល​​ពាល​ទាំង​ឡាយ ដូច​ជា​បុគ្គល​ដែល​​ឈរ​នៅ​លើ​កំពូល​​ភំ្ន​មើល​ឃើញ​នូវ​​បុគ្គល​​ដែល​ឈរ​​នៅ​​លើ​​ផែន​ដី​យ៉ាង​នោះ​ឯង ។ កាល​​ព្រះ​សម្មាសម្ពុទ្ធ​ទៀបនឹង​បរិ​និព្វាន ព្រះ​អង្គ​ក៏​ទ្រង់​បាន​លើក​យក​មក​រំលឹក​ជា​លើក​ចុង​ក្រោយ​ម្តង​ទៀត​នូវ​អប្បមាទធម៌​នេះ ដែល​យើង​តែង​តែ​ដឹង​ថា​ជា បច្ឆិមពុទ្ធវចនៈ គឺព្រះ​វាចាចុងក្រោយ​បង្អស់​របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រោះ​តែ​ព្រះ​ធម៌​នេះ​មានសារៈសំខាន់​ចាំបាច់​នោះ​ឯង។ ដោយ៥០០០ឆ្នាំ
images/articles/278/unn333amed.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥២,៧៧៥ ដង)
១- សេព​គប់​ជា​មួយ​សប្បុរស សប្បុរស​ជា​មនុស្ស​ស្ងប់ ប្រព្រឹត្ត​សុចរិត​ដោយ​កាយ វាចា ចិត្ត ជាអ្នក​គោរព​ច្បាប់ មាន​ភូមិធម៌ មាន​ភូមិ​បញ្ញា គួរ​ដល់​ការគោរព​រាប់អាន។មនុស្ស​ដែល​មិន​រឹងត្អឹង មិន​ចចេស​មុខ​រឹង បាន​ជ្រើសរើស​យក​សប្បុរស​ជា​កល្យាណ​មិត្ត សេព​គប់​ជិត​ដិត ។ មនុស្ស​មិន​រឹង​ត្អឹង​មាន​បំណង​កសាង​ខ្លួន​ឲ្យ​បាន​ជា​មនុស្ស​ល្អ រមែង​ស្វែង​រក​នូវ​សប្បុរស​សម្រាប់​រំលឹក​ដាស់​តឿន​ខ្លួន​រក​ទី​ប្រឹក្សា​ល្អ មិត្តល្អ សៀវភៅ​ល្អ រហូត​ដល់​បរិយាកាស​សង្គម​ជុំ​វិញ​ខ្លួន​ក៏​ល្អ​ទៀត​ផង ដើម្បី​ជា​ឧបការៈ​ឲ្យ​មាន​បញ្ញា​ស្មារតី ។ ២- ស្តាប់​ធម៌​របស់​សប្បុរស ការ​សេព​គប់​ជា​មួយ​សប្បុរស​ដើម្បី​ឲ្យ​បាន​នូវ​ប្រយោជន៍ គឺ​ត្រូវ​ស្តាប់នូវ​ព្រះធម៌​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ស្តាប់​ក្រេប​យក​នូវ​អត្ថរស​អំពី​ន័យ​សំខាន់​ៗ ជា​គ្រឿង​ដាស់​ស្មារតី​ខ្លួន​ឲ្យ​ភ្ញាក់​រលឹក ទាំង​ស្តាប់​អំពី​បុគ្គល​ផ្ទាល់ ទាំង​អាន​សៀវភៅ តាំង​ចិត្ត​រៀន ស្រាវជ្រាវ​សន្ទនា​សាក​សួរ ធ្វើ​ឲ្យ​មាន​ការ​ចេះ​ដឹង​ពិត​ប្រាកដ ។ ៣- ធ្វើ​ទុក្ខ​ក្នុង​ចិត្ត​ដោយ​ឧបាយ​ត្រូវ​ទំនង បាន​ឃើញ​បាន​ឮ បាន​អាន បាន​ស្តាប់ រួច​ហើយ​ក៏​ចេះ​​គិត​ពិចារណា​ដោយ​ខ្លួន​ឯង វែក​ញែក​រក​ហេតុ​ផល​ថា នុ៎ះ​គឺ​អ្វី កើត​ឡើង​បាន​យ៉ាង​ណា ដូចម្តេច​បាន​ជា​យ៉ាង​ហ្នឹង តើ​ហេតុ​ផល​នេះ​វា​សម​គ្នា​ដែរ​ឬ​ទេ ដូច​នេះ​ជា​ដើម ។ ៤- បដិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ គឺ​បដិបត្តិ​ត្រឹម​ត្រូវ​តាម​គោល​របស់​ព្រះធម៌ នាំ​យក​ធម៌​ដែល​បាន​ស្តាប់​បាន​រៀន និង​បាន​ត្រិះរិះ​ឃើញ​ច្បាស់​ហើយ មក​បដិបត្តិ​កម្ចាត់​ភាព​សៅ​ហ្មង​ក្នុង​សន្តាន។ ការ​បដិបត្តិ​ជា​ការងារ​នាំ​មក​នូវ​ផល ដែល​ផល​រមែង​សមស្រប​ទៅ​តាម​ការងារ​ជា​ហេតុ​ដោយ​ពិត។ (អង្គុត្តរនិកាយ ចតុក្កនិបាត) «ពរ ៤ប្រការ» ដោយ ៥០០០ឆ្នាំ
images/articles/280/wnDYBRDXb5y.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤០,៣៣៨ ដង)
ប្រាសាទព្រះចង្កូមកែវ - ព្រះទាឋធាតុដ៏ពិសិទ្ធិថ្លៃថ្លារបស់ព្រះសម្ពុទ្ធ គឺជាសក្ការវត្ថុមួយ ដែលគួរធ្វើការបូជាដ៏ប្រសើរបំផុតនៃពុទ្ធបរិស័ទទូទាំងពិភពលោក និងជាវត្ថុដ៏មានតម្លៃដែលពុទ្ធបរិស័ទស្រីលង្កាយកចិត្តទុកដាក់ ថែរក្សាការពារ យ៉ាងហ្មត់ចត់នៅឯព្រះវិហារព្រះចង្កូមកែវក្នុងទីក្រុងឃេនឌី។ ពុទ្ធបរិស័ទកោះលង្កាមានជំនឿថា ព្រះទាឋធាតុបានជួយថែរក្សាប្រទេស និងសង្គមរបស់ពួកគេឱ្យមានភាពរីកចម្រើនត្រជាក់ត្រជុំអស់រយៈកាលជាង ២៥០០ ឆ្នាំមកហើយ។ ក្នុងរាជ្យរបស់ព្រះបាទ កតិសិរិមេវ៉ាន (Kitsiri Mevan)គ.ស.៣០១-៣២៨ ព្រះទាឋធាតុ គឺព្រះចង្កូមកែវឆ្វេងខាងលើ របស់ព្រះដ៏មានព្រះភាគ១ បាននាំមកពីដែនកាលិង្គ (Kalinga) ដោយព្រះនាង ហេមមាលា(Hemamālā) និងទន្តកុមារ (Danta-kumara)។ (សមន្តប្បាសាទិកា ពាហិរនិទាន បានប្រាប់ថា ជាព្រះ ទាឋធាតុស្តាំខាងក្រោមទេ ។ តែឯកសារជាច្រើនបានបញ្ជាក់ថា ព្រះទាឋធាតុ នៅឃេនឌី សព្វថ្ងៃ គឺជាព្រះធាតុឆ្វេងខាងលើទេ ដូច្នេះ សូមពុទ្ធបរិស័ទចងចាំនិងពិចារណារាវរកទៀតផងចុះ។ េបី ចេះអានភាសាអង់គេស្ល ក៏អាចអានសៀវភៅផ្សេងៗ ដែលយើង បានបង្ហាញនៅក្នុងឯកសារយោងជាពិសេស គឺឯកសារប្រចាំនៅ ព្រះវិហារព្រះចង្កូមកែវ និងបទានុក្រមព្រះពុទ្ធសាសនាដែល រដ្ឋាភិបាលរៀបចំតែម្តង។ The Sacred Tooth Relic at Sri Dalada Maligawa page 11 and better to check the Encyclopaedia of Buddhism vol.IV page 282.) វិហារព្រះចង្កូមកែវ គេចាត់ទុកព្រះចង្កូមកែវថា ជានិមិត្តរូបរបស់ព្រះរាជា ហើយជាវត្ថុដ៏ពិសិទ្ធិបំផុត នៃការគោរពបូជាក្នុងកោះស្រីលង្កានេះ។ ការកសាងវត្តអារាម និងព្រះវិហារនៅជិតព្រះរាជវាំង គឺជាទំនៀមទំលាប់ ឬប្រពៃណីរបស់ព្រះរាជានៃប្រទេសនេះទៅហើយ ដូច្នេះហើយ បានជាយើងឃើញមានព្រះវិហារសម្រាប់ដម្កល់ព្រះចង្កូមកែវជាច្រើនកន្លែងនៅតាមបណ្តាទីក្រុងចាស់ៗ ដូចជា Polonnaruwa, Beligala, Dambadeniya and Yapahuwaរបស់ប្រទេសនេះ។ ព្រះបាទអរិយចក្រវត្តិ(Aryachakravarti)បានដណ្តើមយកព្រះចង្កូមកែវ រួចភាសខ្លួនទៅប្រទេសឥណ្ឌា។ តែក្រោយមកព្រះបាទបរាក្រមពាហុ ទី៣ (Para-kramabahu III) បានយកព្រះទាឋធាតុនោះត្រឡប់មកស្រីលង្កាវិញ។ ព្រះបាទវិមលធម៌សុរិយា (Vimaladharma suriya) I បាននាំព្រះចង្កូមកែវត្រឡប់ទៅទីក្រុង Kandy វិញ បន្ទាប់មកព្រះអង្គក៏បានកសាងកន្លែង ដម្កល់ព្រះចង្កូមកែវ ហើយក្រោយមកព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម វីរៈ បរក្រាមៈ នរេន្ទសិង្ហៈ (Veera Parakrama Narendasinghe) បានកសាងជាថ្មីវិញយ៉ាងផ្ចិតផ្ចង។ អាគារថ្មីបួនជ្រុងដែលធ្វើគ្របពីលើអាគារចាស់នោះ គឺគ្មានបានកែប្រែក្បាច់ ស្ថាបត្យកម្មអ្វីឡើយ។ ផ្នែកខាងក្នុងនៃវិហារព្រះចង្កូមកែវ អាគារព្រះចង្កូមកែវមានពីរជាន់ ហើយព្រះទាឋធាតុដម្កល់ទុកនៅជាន់ខាងលើក្នុងកោដ្ឋមាស ៧ជាន់រំលេចដោយវត្ថុដ៏មានតម្លៃជាច្រើនស្ថិតនៅក្នុងទូកញ្ចក់ដ៏ក្រាស់ ដែលមិនអាចបាញ់ទម្លុះដោយគ្រាប់កាំភ្លើងបាន។ នៅមានកោដ្ឋតូចមួយដទៃទៀត ដែលសម្រាប់បីទ្រ ក្នុងពេលប្រារព្ធធ្វើកម្មវិធីបុណ្យនៅរាល់ឆ្នាំ ក៏ដម្កល់ទុកក្នុងទូនេះដែរ។ មានគំនូរ បែបសាសនាដ៏វិចិត្រដែលគេលាបពណ៌ជាច្រើនដង តាំងពីសម័យបុរាណមកជាគ្រឿងលម្អបន្ទប់នេះដែរ។ មានតែព្រះសង្ឃអ្នកមើលការខុសត្រូវនៅទីកន្លែងនោះប៉ុណ្ណោះ ទើបអាចមានសិទ្ធិចូលក្នុងបន្ទប់នោះបាន ហើយមានតែព្រះសង្ឃតំណាងដល់និកាយធំៗ ពីរអង្គ និងបុរសម្នាក់ដែលរាជរដ្ឋាភិបាលបានចាត់ តាំងប៉ុណ្ណោះ ទើបមានសិទ្ធិបើកកោដ្ឋព្រះធាតុបាន។ ដំបូលប្រក់មាសនៃវិហារព្រះចង្កូមកែវ រីឯដំបូលប្រក់មាសខាងលើព្រះវិហារនោះ គឺជាការបរិច្ចាគធនធានកសាងឡើងដោយលោក ប្រធានាធិបតី រនសិង្ហៈ ប្រេមទស្សៈ(Narasinghe Premadassa) នៃប្រទេសនេះ ក្នុងឆ្នាំ១៩៨៧។ គ្រប់សម័យកាល Kandy គឺជាទីក្រុងដែលគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង។ មិនតែប៉ុណ្ណោះ ក្នុងខែ សីហា ទីក្រុងចាស់បានក្លាយជាទីប្រជុំជនសម្រាប់កម្មវិធីរឿងព្រេងដ៏ល្បីល្បាញមួយ ក្នុងចំណោមកម្មវិធីជាច្រើនក្នុងទ្វីបអាស៊ី (Asia) យើងនេះ។ វត្ថុដ៏មានតម្លៃជាងគេក្នុងទីក្រុងKandyគឺព្រះវិហារ ព្រះចង្កូមកែវ (Daladā Māligawa) កន្លែងដម្កល់ព្រះចង្កូមកែវ និងបឹងនៅខាងមុខនោះឯង។ ពិធីបូជាគេធ្វើជារៀងរាល់ថ្ងៃក្នុងអាគារដម្កល់ព្រះចង្កូមកែវ ដើម្បីជាបុណ្យកុសល និងរលឹកដល់ព្រះពុទ្ធគុណ ហើយមានការបូជាដោយតន្ត្រីរបាំ មានផ្លុំខ្លុយ និង វាយស្គរជាដើមដើម្បីបូជាដល់ព្រះទាឋធាតុ។ នៅពេប្រារឰកម្មវិធីអាសាឡ្ហបូជា (Esala Perahera) ចាប់ផ្តើមធ្វើនៅខែមិថុនា ឬសីហា ជារៀងរាល់ឆ្នាំ គេបើកព្រះចង្កូមកែវ ឱ្យពួកពុទ្ធបរិស័ទគោរពបូជា ក្នុងទីសាធារណៈ។ អ្នកផ្លុំត្រែស័ង្ខ អ្នកវាយស្គរវាយចេញជាចង្វាក់ សម្រាប់អ្នករាំហើយដំរីដែលតាក់តែងដោយគ្រឿង អលង្ការផ្សេងៗដើរពីមុខផ្ទុកដោយកោដ្ឋមាសដម្កល់ ព្រះទាឋធាតុដ៏ឆើតឆាយ។ ពិធីដ៏មហិមានេះក្លាយ ជាទស្សនីយភាព និងភាពរុងរឿងដែលមិនអាចនឹងបំភ្លេចបានឡើយ។ ដោយ ៥០០០ឆ្នាំ
images/articles/286/U______ntitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៨,៨០៥ ដង)
ហេតុ​ដូច​ម្ដេច​បាន​ជា​អង្គ​ប្រជុំ ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ​បាន​សម្រេច​យក​ប្រភេទ​សិល្បៈ​ទេវៈ​ទី​៣ គឺ​សំដៅ​យក​គុណ​ធម៌​៧ យ៉ាង​គឺ វិសុទ្ធិទាំង ៧ ? វិសុទ្ធិ​ទាំង​ ៧ នេះ​អាច​នាំ​មនុស្ស​លោក​ឲ្យ​ទៅ​ដល់​ត្រើយ​នាយ​ព្រះមហា​បរិនិព្វាន​បាន ឬ​ក៏​យ៉ាង​ហោច​ណាស់ គឺ​ធ្វើ​ឲ្យ​មនុស្ស​បន្ថយ​នូវ​កិលេស គ្រឿង​សៅ​ហ្មង បន្ថយ​ភាព​ភាន់​ច្រឡំ ភាព​សង្ស័យ​ មើល​ឃើញ​វត្ថុ និង​បាតុភូត​តាម​សភាវៈ​ពិត សភាវៈ​មែន​។ ឧទាហរណ៍ : លោកិយ​បញ្ញា​របស់​មនុស្ស ធ្វើ​ឲ្យ​ពិភព​លោក​រីក​ចម្រើន​សំបូរ​បែប ដោយ​សម្ភារៈ​ផ្សេង​ៗ ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រកប​ដោយ​ប្រណីត​ភាព ធ្វើ​ឲ្យ​សន្មតិ​សច្ចៈ ឬ (បញ្ញ​ត្តិ​សច្ចៈ) មាន​កម្លាំង​ខ្ឡាំង​ក្លា ។ លោកុត្តរ​សច្ចៈ (ធម្ម​បញ្ញា) គឺ​បញ្ញា​ផ្លូវ​ធម៌ ជា​បញ្ញា​ខ្ពស់​បំផុត​សម្រាប់​ឆ្លុះ​បញ្ចាំង សភាវ​ធម៌​ពិត សភាវ​ធម៌​មែន​របស់​វា អាច​បន្ថយ​បាន​នូវ អំណាច​កិលេស លោភៈ ទោសៈ មោហៈ កម្ចាត់​នូវ​ចំណង់​លោកិយ​ជា​បណ្ដើរ​ៗ ​។ ១- សីលវិសុទ្ធិ : ការរក្សាសីលមានភាពបរិសុទ្ធប្រពៃនេះ ជាគ្រឹះ ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​បំផុត​សម្រាប់​ធ្វើ​ឲ្យ​សមាធិ​បាន​សម្រេច​។ សីល គឺ​ជា​ការ​គ្រប់​គ្រង​កាយ និង​វាចាឲ្យ​មាន​វិន័យ មាន​សណ្ដាប​ធ្នាប់ មាន​របៀប​រៀប​រយ សម្រាប់​អប់​រំចិត្ត ប្រដៅចិត្ត ត្រួតចិត្ត បញ្ជា​លើ​ចិត្ត​បាន​គ្រប់​ពេល​វេលា ។ ២- ចិត្តវិសុទ្ធិ: ការ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ក្នុង​អប្បនាសមាធិ (បាន​ឈាន) ឬ​ក្នុង​ឧប្ប​ចារៈ (ជិត​បាន​ឈាន) ទាប​បំផុត​ជា​ខណិ​ក​សមាធិ (ស្ងប់​ជា​ខណៈៗ ) សុទ្ធ​តែ​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ​ធ្វើ​វិបស្សនា​បញ្ញា វិបស្សនា​ញាណ​។ ៣- ទិដ្ឋិវិសុទ្ធិ: សេចក្ដី​បរិសុទ្ធ​ដោយ​ការ​ឃើញ ។ គឺ​ឃើញ​នូវ​ឃើញ​ដោយ​បរិសុទ្ធ ឃើញ​ហួស​ពី​អ្វី​ៗ ដោយ​សន្មត ពីអ្វី​ៗ​ដោយ​​ឡែក ពី​អ្វី​ជា​ខាង​ក្រៅ ។ តាម​ធម្មតា​មនុស្ស​យើង តែង​មើល​ឃើញ​អ្វី​​ៗ ទៅ​តាម​បញ្ញត្តិ ឬ​តាម​សន្មត ដូច​ជា​គេ​សន្មត​ថា នេះ​ជា​មនុស្ស ជា​សត្វ ឈ្មោល ញី ស ខ្មៅ ធាត់ ស្គម​ ស្រី​ ប្រុស​ ក្មេង ចាស់ មាន ក្រ ធំ តូច ខ្មែរ យួន ចិន ចាម ជាដើម សុទ្ធតែជាសន្មតិសច្ចៈ ។ ដូច្នេះ គេ​ស្គាល់​ពិត ដឹង​ពិត ត្រឹម​តែ​ការ​ស​ន្មតិប៉ុណ្ណោះ ព្រោះ​គេ​ថា​បុថុជ្ជន គេ​ប្រើ​ត្រឹម​តែ​បញ្ញា​លោកិយ​។ ការ​ពិត​សុទ្ធ​តែ​ជា​របស់​រួម​ផ្សំ​គ្នា ប្រមូល​បញ្ចូល​គ្នា ផ្ដុំគ្នា ជា​សង្ខារ​ធម៌​ទាំង​ឡាយ​តែ​ប៉ុណ្ណោះ គឺ​គ្រាន់​តែ​ជា​រូប​ៗ រូប​បូក​នឹង​រូប រូប​បូក​នឹង​នាម នាម​បូក​នឹង​នាម ហើយ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​ក្រិត្យ​ក្រម​ធម្មជាតិ​តែ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ចម្រើន​វិបស្សនា គេ​ស្គាល់​តាម​ការ​សន្មតិ​នោះ​ដែរ តែ​គេ​យក​បញ្ញា​ពិចារណា​ទៅ​ឆ្លុះ​វែក​ញែក មើល​សភាវ​ធម៌​ពិត ដែល​ស្ថិត​នៅ​កប់​ជ្រៅ​ក្នុង​សន្មតិ​នោះថែម​ទៀត ។ ការ​វែក​ញែក ពិចារណា​ល្អិត​ល្អន់​នេះ នាំ​ឲ្យ​អ្នក​វិបស្សនា​ឃើញ​ច្បាស់​ថា មិន​មែន​ជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ជា​ដើម​ទេ គឺ​បែរ​ជា​ឃើញ​ថា ជា​ធាតុ ៤ ជា​ខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬ​ជា​រូប និង​នាម​ប៉ុណ្ណោះ ។ មុន​ពុទ្ធ​កាល អ្នក​ចម្រើន​វិបស្សនា​យល់​ច្បាស់​ថា​រូប និង​នាម ជា​របស់​ផ្សេង​គ្នា​ផង រួម​គ្នា​ផង ។ ការ​យល់​យ៉ាង​នេះ លោក​ហៅ​​ថា ទិដ្ឋិវិសុទ្ធិ គឺ​បរិសុទ្ធដោយ​ការ​ពិចារ​ណា​ឃើញ​ថា មិន​មែន​សត្វ បុគ្គលឬមនុស្ស ប្រុសស្រី​ជា​​​​​ដើម​ឡើយ គឺ​គ្រាន់​តែ​ជា​ធាតុ ជា​ខន្ធឬ​ជា​រូបនិង​នាមដែល​ផ្សេង​គ្នា​ផង និង​រួម​គ្នា​ផង​តែ​ប៉ុណ្ណោះ។ ៤- កង្ខាវិ​តរណ​វិសុទ្ធិៈ សេចក្ដី​បរិសុទ្ធ​ដោយ​ញណ ជា​គ្រឿង​ឆ្លង​ផុត​សេចក្ដី​សង្ស័យ ។ សង្ស័យ​អំពី​អ្វី ? សង្ស័យ​អំ​ពី​ខន្ធ​៥ ឬ​នាម​រូប ដោយ​ឆ្ងល់​ថា : តើ​ខន្ធ​៥ ឬ នាម​រូប​កើត​មក​ពី​ណា? មាន​អ្វី​ជា​ហេតុ​បច្ច័យ ? មុន​ពុទ្ធ​កាល គេ​យល់​ថា នាម​រូប​កើត​ពី​អាទិ​ទេព ដូច​ជា​ព្រះ​ព្រហ្ម ព្រះ​ឥសូរ ជា​ដើម ជា​អ្នក​បង្កើត​ ។ ក្នុង​ពុទ្ធកាល​ដោយ​ការ​ខិត​ខំ​ពិចារណា​របស់​អ្នក​ចម្រើន​វិបស្សនា បាន​យល់​ច្បាស់​ថា នាម​រូប​គឺ​កើត​មក​ពី : +អវិជ្ជា : ការ​មិន​ដឹង​សច្ច​ធម៌ ។ +តណ្ហា : ការ​ចង់​ជួប​ស្និទ្ធ​ស្នាល នឹង​កាម​គុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស ។ +ឧបាទាន : ការ​ប្រកាន់​ខ្ជាប់​នូវ​កាម​គុណ ៥ ថា​ជា​របស់​ខ្លួន ។ +កម្ម : ការ​បញ្ចេញ​សកម្មភាព កាយ វាចា ចិត្ត ប្រព្រឹត្ត​ធ្វើ អំពើ​កុសល និង អកុសល +អាហារ : ឱ​ជា​រស ដែល​សម្រាប់​ទ្រ​ទ្រង់​ជីវិត ។ ការ​យល់​ដឹង​អំពី​ដើម​កំណើត ឬ​ហេតុ​បច្ច័យ នៃ​នាម​រូប ទាំង​អតីត អនាគត បច្ចុប្បន្ន​យ៉ាង​នេះ លោក​ហោ​ថា : កង្ខាវិតរណវិសុទ្ធិ គឺ​សេចក្ដី​បរិសុទ្ធ ដោយ​រក​ឆ្លង​ផុត​នូវ​សេចក្ដី​សង្ស័យ ​។ ៥- មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ជា​គ្រឿង​ពិចារណា នេះ​ជា​ផ្លូវ នេះ​មិន​មែន​ជា​ផ្លូវ ។ ការ​ពិចារណា​នាម​រូប ឬ​បញ្ចក្ខ​ន្ធ​គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯ​ណា​នី​មួយ​ជា​អតីត​ក្ដី អនាគត​ក្ដី បច្ចុប្បន្នក្ដី ឲ្យ​ឃើញ​សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា ចិត្ត ក៏​ចុះ​ស៊ប់​តាំង​នៅ​ក្នុង​ការ​ពិចារ​ណា អារម្មណ៍​របស់​វិបស្សនា ហើយ​ពេល​នោះស្រាប់​តែ​ឧបកិលេស​ទាំង ១០ ណា​មួយ​កើត​ឡើង ហើយ​រីករាយ​សប្បាយ ដោយ​សម្គាល់​ថា ខ្លួន​បាន​សម្រេច​ធម៌​វិសេស​ហើយ បណ្ដោយ​ឲ្យ​ទិដ្ឋិ មានៈ តណ្ហា កើតឡើង មិនប្រឹងបដិបត្តិ ពិចារណាតទៅទៀតក៏ឈប់ផ្អាកត្រឹមប៉ុណ្ណោះ ។ ការ​បណ្ដោយ​ចិត្ត​ឲ្យ​រីក​រាយ​សប្បាយ ស្និទ្ធស្នាល​និង​ឧបកិលេស​ទាំង ១០ ណា​មួយ​នេះ មិន​មែន​ជា​មគ្គ​ទេ ។ ឯ​មគ្គ​នោះ លុះ​ត្រា​តែ​អ្នក​ចម្រើន​វិបស្សនា លើក​យក​ឧបកិលេស​ទាំង​នោះ​មក​ពិចារណា​ឲ្យ​ឃើញ​ថា សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា មួយ​ជាន់​ទៀត ទើប​អាច​ឃើញ​មគ្គ​ទៅ​កាន់​និព្វាន ​។ ការ​យល់​ច្បាស់ ដឹងច្បាស់ ឃើញ​ច្បាស់​បែប​ណេះ លោក​ហៅ​ថា មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ ឬ​សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ពិចារណា​ឃើញ​ថា ឧបកិ​លេស ជា​ឧបសគ្គ​រាំង​រា​វិបស្សនា មិន​ឲ្យ​ឆ្លង​ទៅ​ដល់​មគ្គ ។ ៦- បដិប​ទា​ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​​បរិសុទ្ធ​​ដោយ​​ញាណ ជា​គ្រឿង​ឃើញ​បដិបទា ។ វិសុទ្ធិ​នេះ កើត​ឡើង​បន្ទាប់​ពី​ឧប​កិលេស រលត់​បាត់​អស់​ទៅ​ហើយ​ញាណ​ពិចារណា​ស្គាល់​មគ្គ និង​មិន​មែន​មគ្គ​កើត​ឡើង​ប្រាកដ ។ បដិបទា ក្នុង​ទី​នេះ សំដៅ​យក​ការ​ឃើញ​អរិយ​សច្ចៈ ៤ ហើយ​ដំណើរ​ចិត្ត​ពិចារណា បាន​ប្រព្រឹត្ត​ទៅ​តាម​លំដាប់​វិបស្សនា​ញាណ​៩ ចាប់​តាំង​ពី​ឧទយព្វយញ្ញាណ ​ត​រៀង​ទៅ​​ដរាប​​ដល់​​បាន​​សម្រេច មគ្គផល​ជា​ព្រះ​អរិយ​បុគ្គល ៤ ពួក​ថ្នាក់​ណា​មួយ​តាម​ឧប​និស្ស័យ ។ អ្នក​វិបស្សនា​ខ្លះ សម្រេច​ត្រឹម​ថ្នាក់ សោតា ខ្លះ​ថ្នាក់ សកទា​គា​មី ខ្លះ​បាន​សម្រេច​ដល់​ថ្នាក់​អរហន្ត ។ ការ​ខិត​ខំ​ពិចារណា​រហូត​ដល់​បាន​សម្រេច​មគ្គ​ផល​និព្វាន​បែប​នេះ លោក​ហៅ​ថា បដិបទា​ញាណ​ទស្សន​វិសុទ្ធិ ។ ៧- ញាណ​ទស្សនវិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ​ទស្សនៈ ។ វិសុទ្ធិ​នេះ​កើត​បន្ទាប់​អ្នក​ចម្រើន​វិបស្សនា បាន​សម្រេច​មគ្គផល​ជា​ព្រះអរិយ​បុគ្គល​ថ្នាក់​ណា​មួយ​ហើយ ។ លោក​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង ដោយ​បច្ចវេក្ខណ​ញាណថា អាត្មា អញ​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតា ថ្នាក់​សក​ទាគាមី អនាគាមី ឬ​ថ្នាក់​អហរន្ត ។ ថ្នាក់​សោតា សកទាគាមី អនាគាមី មាន​បច្ចវេក្ខណញាណ​ ៥ សម្រាប់​ពិចារណា​គឺ : ១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស​ដែល​លះ​បង់​អស់​ហើយ ។ ២- អវសិដ្ឋ​កិលេសំ បច្ច​វេក្ខតិ ពិចារណា​កិលេស​ដែល​សេស​សល់ ។ ៣- មគ្គំ បច្ចវេក្ខតិ ពិចារណា​មគ្គ ។ ៤- ផលំ បច្ចវេក្ខតិ ពិចារ​ណា​ផល ។ ៥- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ឯព្រះអរហន្ត មានបច្ចវេក្ខតិញាណ ៤ គឺ ១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស ដែល​លះ​បង់​អស់​ហើយ ។ ២- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។ ៣- ផលំ បច្ចវេក្ខតិ ពិចារណាផល ។ ៤- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ព្រោះ​លោក​មិន​មាន​កិលេស​នៅ​សេស​សល់​ទេ​។ បញ្ញា​ដែល​ពិចារណា​ដឹង​ច្បាស់ ឃើញ​ច្បាស់ នូវ​មគ្គផល និព្វាន ដោយ​បច្ចវេក្ខណញាណ​ផ្ទាល់​ខ្លួន​ឯង​បែប​នេះ ជា​លោកុត្តរប្បញ្ញា ជា​បញ្ញា​កម្ទេច​នាម​រូប​លែង​ឲ្យ​មាន​ជាតិ ជរា ព្យាធិ មរណៈ​ទៀត​ហើយ ។ នេះ​ហើយ​ដែល​លោក​ឲ្យ​ឈ្មោះ​ថា និព្វាន ។ «ពាលោ ពាលាខ្លាំង បានធម្មំ ហើយចោលទៅ អ្នកប្រាជ្ញប្រែជាខ្លៅ ព្រោះកម្លៅ ពុំជឿបុណ្យ ។» ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ចន្ទត្ថេរោ ប្រាក់ ហ៊ិន ——————— រៀបរៀងដោយ : ព្រឹទ្ធាចារ្យ ឆេង ផុន ដោយ៥០០០ឆ្នាំ
images/articles/288/Un322rqtitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៦,៧៨២ ដង)
ព្រះ​បរម​សាស្តា​កាល​ដែល​ទ្រង់​គង់​ប្រថាប់​ក្នុង​ព្រះ​គន្ធកុដិ នា​ដែន​ដី​នៃ​ព្រៃ​ហេមពាន្ត ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​មារា​ធិរាជ​។ក្នុង​កាល​នោះ​មារ​បាន​មក​អារាធនា​សូម​ឲ្យ​ព្រះ​អង្គ​ត្រឡប់​ទៅ​គ្រប់​គ្រង​រាជ​សម្បត្តិ​វិញ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​មារ​ថា ភ្នំ​មាស​២​ ក៏​មិន​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​គ្រប់​គ្រាន់​បាន​ដែរ​ បុគ្គល​ជ្រាប​ដូច្នេះ​ហើយ​ គប្បី​ប្រព្រឹត្ត​ធម៌​សន្តោស​ ដូច្នេះ​ជា​ដើម។ ជា​បន្ត​ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​គាថា​ដូច្នេះ​ថា៖ អត្ថម្ហិ ជាតម្ហិ សុខា សហាយា តុដ្ឋី សុខា យា ឥតរីតរេន បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ សព្វស្ស ទុក្ខស្ស សុខំ បហានំ។ កាល​បើ​សេចក្តី​ត្រូវ​ការ​កើត​ឡើង​ហើយ​ សម្លាញ់​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ សេចក្តី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មាន​តាម​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ បុណ្យ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ក្នុង​កាល​អស់​ជិវិត​ ការ​លះ​បង់​ទុក្ខ​ទាំង​អស់​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។ ការ​ប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការ​ប្រតិបត្តិ​ល្អ​ដល់​សមណៈ​​នាំ​សេចក្តីសុខ​មក​ឲ្យក្នុង​លោក​ ម៉្យាងទៀត ការ​ប្រតិបត្តិល្អ​ដល់​ព្រាហ្មណ៍(អ្នក​ដែល​មាន​បាប​បណ្តែត​ចោល​ហើយ​) នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សីល​នាំ​សេចក្តី​សុខ​មក​ឲ្យ​ដរាប​ដល់​ចាស់​ សទ្ធា​ដែល​បុគ្គល​តំកល់​ស៊ប់​ហើយ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​បាន​ចំពោះ​នូវ​បញ្ញា​ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​មិន​ធ្វើ​បាប​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​៕ [ស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត"​រៀប​រៀង​ដោយ​អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស] ដោយ ៥០០០ឆ្នាំ
images/articles/291/image.jpeg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៨៥,០០៥ ដង)
កម្ម​បទ​ចែក​ចេញ​ជា​កម្ម​មាន​៣​យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និង​មនោ​កម្ម១។ ចែក​​ប្រភេទ​​មាន​​ពីរ​យ៉ាង​​គឺ​ អកុសលកម្មបទ១ កុសលកម្មបទ១ ។ អកុសលកម្មបទ១០ * តើ​អ្វី​ទៅ​ជា​​អកុសលកម្ម​​បថ?​គន្លង ឬ​ផ្លូវ​នៃ​អំ​ពើ​ជា​អកុសល ហៅថា អកុសល​កម្មបថ​​មាន​​១០​​យ៉ាង​គឺ កាយទុច្ចរិត អំពើ​អាក្រក់​​ដែល​សំរេច​ដោយ​កាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើ​​អាក្រក់​​សម្រេច​ដោយ​​វា​ចា​​មាន​៤យ៉ាង, មនោ​ទុច្ចរិត អំពើ​អាក្រក់​​ដែល​សម្រេច​ដោយ​ចិត្ត​មាន​៣​យ៉ាង។ ​យ៉ាង​​នី​មួយ​​​​ៗ​​​មាន​​​​ដូច​​តទៅ​៖ កាយទុច្ចរិត​៣​​ ១-បាណាតិបាតា កិរិយា​​សម្លាប់​សត្វ​​មាន​ជីវិត​​ដោយ​​កាយ ឬ​​ប្រើ​​គេ​​ឲ្យ​​ធ្វើ​​ដោយ​​វាចា​។ ២-អទិន្នា​ទានា កិរិយា​​លួច​​យក​​នូវ​វត្ថុ​​ដែល​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ​​ដោយ​​វាចា។ ៣- កាមេសុមិច្ឆាចារា កិរិយា​​ប្រព្រឹត្ដ​​ខុស​​ក្នុង​​កាម​​​ទាំងឡាយ​​ដែល​មិន​មែន​ជា​​កម្ម​សិទ្ធិ​​របស់​​ខ្លួន​​។ វចី​ទុច្ច​រិត​៤​ ១- មុសាវាទា​ កិរិយា​ពោល​ដោយ​ពាក្យកុហក។ ២- បិសុណាវាចា កិរិយា​ពោល​ពាក្យ​ញុះញង់ ស៊ក​សៀតបំបែកបំបាក់គេ។ ៣-ផរុសវាចា ករិយា​ពោលពាក្យអាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​ជាដើម។ ៤- សម្ផប្បលាបា កិរិយា​ពោល​ពាក្យ​រោយ​រាយ​ឥតប្រយោជន៍។ មនោទុច្ច​រិត​៣ ១- អភិជ្ឈា ចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​បាន​មកជា​របស់ខ្លួន។ ២- ព្យាបាទ ចិត្ដ​ចង​គំនុំគំគួន គឺប៉ង​ចង់​ឲ្យ​អ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។ ៣-មិច្ឆាទិដ្ឋិ គំនិត​យល់ខុស ហើយ​ប្រកាន់​ថា​ជាត្រូវ។ កុសលកម្មបទ១០ * តើអ្វីទៅជា​កុសលកម្ម​បថ? ​គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថ​មាន​១០​យ៉ាង​គឺ កាយសុចរិត អំពើល្អ​ដែល​សម្រេច​ដោយ​កាយ មាន ៣យ៉ាង, វចីសុចរិត អំពើ​ល្អសម្រេច​ដោយ​វាចា​មាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ ​យ៉ាង​នី​មួយ​​ៗ​​មាន​​​ដូច​តទៅ​៖ កាយសុចរិត​៣ ១- បាណាតិបាតា វេរមណី ចេតនា​ជា​ហេតុ​វៀរចាកកិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យធ្លាក់​ចុះកន្លង​ គឺ​ការ​សម្លាប់សត្វ។ ២- អទិន្នា​ទានា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់យក​នូវ​របស់​ដែលគេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ ៣- កាមេសុមិច្ឆាចារា វេរមណី ចេតនា​ជាហេតុ​វៀរ​ចាកកិរិយា​ប្រព្រឹត្ដ​ខុស​ក្នុងកាម​ទាំងឡាយ។ វចីសុចរិត​៤ ១- មុសា​វាទា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោលពាក្យកុហក។ ២- បិសុណាវាចា វេរមណី ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ពោលពាក្យ​ញុះញង់​ ស៊កសៀត​បំបែក​បំបាក់​អ្នកដទៃ។ ៣- ផរុសវាចា វេរមណី ចេតនា​ជាហេតុវៀរចាក​កិរិយា​ពោលពាក្យ​អាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​​ជា​ដើម។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុ​វៀរចាកកិរិយា​ពោលពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍។ មនោសុចរិត៣ ១- អនភិជ្ឈា មិនមានចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​មក​ជា​របស់ខ្លួន។ ២- អព្យាបាទ មិនមានចិត្ដ​ចង​គំនុំគុំគួន គឺ​ប៉ង​ចង់​ឲ្យអ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។ ៣- សម្មាទិដ្ឋិ គំនិត​យល់ឃើញត្រូវ​ ហើយ​ប្រកាន់​ថាពិតជាត្រឹមត្រូវ​មែន។ កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/3249/____________________________________.jpg
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣ (អាន: ៤,០៨២ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរម្ងាប់វិវាទ របស់មហាមាត្យ​​ទាំង ២ របស់ព្រះបាទកោសល បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កោ នុ ឧទ្ធិតភត្តោវ ដូច្នេះជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង (ឧរគជាតក) ទុកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកាសី កាលចម្រើនវ័យធំហើយ បានសិក្សារៀនសូត្រសិល្បសាស្ត្រទាំងពួង ហើយលះបង់កាម បួសជាឥសី កសាងអាស្រមបទ ក្បែរច្រាំងទន្លេគង្គា ក្នុងហិមវន្តប្រទេស ញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង លេងឈានកីឡា សម្រេចការនៅក្នុងទីនោះ ។ បានឮមកថា ក្នុងជាតកនេះ ព្រះពោធិសត្វជាអ្នកមានចិត្តកណ្ដាលដ៏ក្រៃលែង បំពេញឧបេក្ខាបារមី ។ មានស្វាច្រឡើសបើសទ្រុស្តសីលមួយ មកធ្វើសលាកបវេសនកម្ម (ការសម្ដែងអាការៈធ្វើដូចជាសេពមេថុនធម្ម) ដោយអង្គជាត តាមប្រហោងត្រចៀក ដល់ព្រះពោធិសត្វ ដែលកំពុងអង្គុយទៀបទ្វារបណ្ណសាលា ។ ព្រះពោធិសត្វហាមឃាត់ហើយ លោកមានចិត្តជាកណ្ដាល អង្គុយនៅស្ងៀម ។ ថ្ងៃមួយ មានអណ្ដើកមួយងើបឡើងមកពីទឹក ដេកហាមាត់ កម្ដៅថ្ងៃនៅនឹងច្រាំងទន្លេគង្គា ។ ស្វាឡេះឡោះឃើញអណ្ដើក ក៏ធ្វើសលាកបវេសនកម្ម ដាក់មាត់អណ្ដើកនោះ ។ ពេលនោះ អណ្ដើកភ្ញាក់ឡើង ខាំអង្គជាតរបស់ស្វា ហាក់ដូចជាដាក់ចូលទៅក្នុងស្មុគ ធ្វើឲ្យស្វាមានទុក្ខវេទនាយ៉ាងខ្លាំង ។ ស្វាកំហូចកាលមិនអាចនឹងអត់ទ្រាំបាន ក៏គិតថា បុគ្គលណាគប្បីដោះយើងពីសេចក្ដីទុក្ខនេះ យើងនឹងទៅកាន់សម្នាក់បុគ្គលណា រួចគិតឃើញថា វៀរចាកព្រះតាបសចេញហើយ បុគ្គលដទៃដែលអាចដោះយើងចេញពីសេចក្ដីទុក្ខនេះ រមែងមិនមាន យើងគួរទៅកាន់សម្នាក់តាបស ដូច្នេះទើបយកដៃលើកអណ្ដើក ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វកាលលលេងនឹងស្វាទ្រុស្តសីលនោះ ទើបពោលគាថាទី ១ ថា កោ នុ ឧទ្ធិតភត្តោវ, បូរហត្ថោវ ព្រាហ្មណោ; កហំ នុ ភិក្ខំ អចរិ, កំ សទ្ធំ ឧបសង្កមិ។ បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា ។ ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា អហំ កបិស្មិ ទុម្មេធោ, អនាមាសានិ អាមសិំ; ត្វំ មំ មោចយ ភទ្ទំ តេ, មុត្តោ គច្ឆេយ្យ បព្ពតំ។ ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយ ដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ ។ ដោយសេចក្ដីអាណិតស្វានោះ ព្រះពោធិសត្វកាលនឹងចរចាជាមួយអណ្ដើក ទើបពោលគាថាទី ៣ ថា កច្ឆបា កស្សបា ហោន្តិ, កោណ្ឌញ្ញា ហោន្តិ មក្កដា; មុញ្ច កស្សប កោណ្ឌញ្ញំ, កតំ មេថុនកំ តយា។ ពួកអណ្ដើកជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក ។ គាថានោះ មានសេចក្ដីថា ឈ្មោះថា អណ្ដើកទាំងឡាយ រមែងជាកស្សបគោត្រ ស្វាទាំងឡាយរមែងជាកោណ្ឌញ្ញគោត្រ ការចងអាវាហវិវាហៈនូវគ្នានឹងគ្នា របស់កស្សបគោត្រ និងកោណ្ឌញ្ញគោត្រ រមែងមាន ។ មេថុនពោលគឺកម្មទ្រុស្តសីល ដ៏សមគួរដល់មេថុនធម្ម ដែលស្វាឡេះឡោះទ្រុស្តសីលនោះធ្វើជាមួយអ្នក និងដែលអ្នកធ្វើជាមួយស្វានោះ រមែងមាន ព្រោះហេតុនោះ នែកស្សបៈ អ្នកចូរដោះលែងកោណ្ឌញ្ញៈ ។ អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយ ជ្រះថ្លានឹងហេតុផល ក៏លែងអង្គជាតរបស់ស្វា ។ ស្វាគ្រាន់តែរួចភ្លាម ក៏ថ្វាយបង្គំព្រះពោធិសត្វ រួចរត់ចេញទៅ មិនក្រឡេកមើលទីនោះទៀតឡើយ ។ ចំណែកអណ្ដើកថ្វាយបង្គំព្រះពោធិសត្វហើយទៅកាន់លំនៅរបស់ខ្លួនវិញ ។ សូម្បីព្រះពោធិសត្វជាអ្នកមានឈានមិនសាបសូន្យ បានទៅកាន់ព្រហ្មលោក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតកថាតទា កច្ឆបវានរា ទ្វេ មហាមត្តា អហេសុំ អណ្ដើកនិងស្វាក្នុងកាលនោះ បានមកជាមហាមាត្យទាំង ២ តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ កច្ឆបជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត ឧទបានវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៨) ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២២ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣ (អាន: ៤,២៦១ ដង)
វិត្ថតូបោសថសូត្រ ទី២ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។ ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។ ដោយ៥០០០ឆ្នាំ
images/articles/3215/_________________________________.jpg
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣ (អាន: ២,៣៣៧ ដង)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរ មានដោយសុភាសិតចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថាពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិ អសុរិន្ទ បាននិយាយ នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយ នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។ [៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពាន ឡើង ហេតុនោះអ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បាន ពោលហើយ តែពួក ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯង ចូរ ពោលគាថាចុះ។ [៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះ ហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់ អ្នក នុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។ [៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ យ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិត បុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះបានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់បោលទៅ។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថាដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង សក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។ [៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍ អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ បុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថាបុគ្គលមានកំឡាំងថយ តែងអត់សង្កត់ ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅ កំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គល អ្នកមានកំឡាំងជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គល អ្នកខឹង សេចក្តីអាក្រក់ រមែង មានដល់អ្នកនោះឯង ព្រោះសេចក្តី ខឹងតបនោះ ឯបុគ្គល អ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គល ណាមានស្មារតី ដឹងថាបុគ្គលដទៃ ខឹងហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួក ទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។ [៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និង អសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទ ពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយ ការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តី ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែក គាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោល ហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុ នេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។ សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ (ព្រះត្រៃបិដក លេខ ៣០) ដោយ៥០០០ឆ្នាំ
images/articles/3216/_________________________________.jpg
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣ (អាន: ១,៧៥៤ ដង)
បញ្ញាក្នុងការចេញ និងការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះ​ថា​មគ្គញាណ តើដូចម្តេច។ ​ក្នុងខណៈ​នៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ រមែងចេញចាក​មិច្ឆាទិដ្ឋិ រមែងចេញ​ចាកកិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាទិដ្ឋិ​នោះផង ចាកខន្ធទាំងឡាយ​ផង រមែងចេញចាក​និមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោក​ពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថា​លើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញ​ចាកមិច្ឆាសង្កប្បៈ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសង្កប្បៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយ​អត្ថថា​​រក្សាទុក រមែងចេញ​ចាកមិច្ឆាវាចា ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាវាចា​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញចាកនិមិត្ត​ទាំងពួង​ខាង​ក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​​មគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថា​តាំងឡើង រមែងចេញចាក​មិច្ឆាកម្មន្តៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាកម្មន្តៈ​​នោះផង ចាកខន្ធទាំងឡាយផង​ រមែងចេញ​ចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាអាជីវៈ ដោយ​អត្ថថាផូរផង់ រមែងចេញ​ចាកមិច្ឆាអាជីវៈ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆា​អាជីវៈ​នោះផង ចាកខន្ធ​ទាំងឡាយ​ផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាវាយាមៈ ដោយអត្ថថា​ផ្គងឡើង រមែងចេញចាក​មិច្ឆាវាយាមៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាវាយាមៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែង​ចេញចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញ្ញាណ សម្មាសតិ ដោយអត្ថថា​ប្រុងប្រយ័ត្ន រមែងចេញចាក​មិច្ឆាសតិ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសតិ​នោះផង ចាកខន្ធទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិន​រាយមាយ រមែងចេញចាក​មិច្ឆាសមាធិ ចេញចាកកិលេស​​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសមាធិ​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់​​ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។ [១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាកកាមរាគ​សញ្ញោជនៈ និង​​​បដិឃសញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ និង​បដិឃានុស័យ​ដ៏​គ្រោតគ្រាត ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​សញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ​ និង​​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៥] ​ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាក​កាមរាគសញ្ញោជនៈ និង​​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ និង​បដិឃានុស័យដ៏​ល្អិត ចេញចាកកិលេស​ដែល​​ប្រព្រឹត្តិ​​​តាមសញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាក​និមិត្ត​ទាំងពួង​​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​​ទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និង​អវិជ្ជានុស័យ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​នូវ​​អនុសយក្កិលេស​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ [១៤៧] យោគីរមែងដុតបំផ្លាញ​​នូវ​កិលេសដែល​មិន​ទាន់កើត ដោយ​អង្គឈាន​ដែល​កើតហើយ​ ហេតុ​នោះ លោកហៅថា ឈាន យោគី​រមែងមិន​ញាប់ញ័រ​ក្នុង​ទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុងឈាន និង​វិមោក្ខ។ បើយោគី​តម្កល់ចិត្ត​ហើយ​ពិចារណា រមែងឃើញ​ច្បាស់​យ៉ាងណា គប្បី​តម្កល់​ចិត្ត​ទុកយ៉ាង​​នោះ វិបស្សនា និង​សមថៈ​ជាធម៌មានចំណែក​ស្មើគ្នា ​ជាគូជាប់គ្នា រមែងប្រព្រឹត្តិ​ទៅ​ក្នុងកាល​ណោះ ​ការ​ឃើញថា សង្ខារ​ទាំងឡាយ​ជាទុក្ខ និរោធ​ជាសុខ បញ្ញាដែល​ចេញចាក​សភាវៈទាំង ២ រមែងពាល់​ត្រូវ​នូវ​ព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នក​ឈ្លាសវៃ​​ក្នុងភាព​នៃ​ធម៌​ផ្សេងគ្នា និង​ធម៌ដូចគ្នា រមែងដឹង​នូវ​កិរិយាប្រព្រឹត្តិ​ក្នុង​វិមោក្ខ រមែង​មិន​ញាប់​ញ័រ​ក្នុងទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុង​ញាណ​ទាំងពីរ។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹង​​នូវ​ធម៌​នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា​ដឹង​​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ព្រះត្រៃបិដកលេខ ៦៩) ដោយ៥០០០ឆ្នាំ
images/articles/3220/______________________________.jpg
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣ (អាន: ២,៨៤៥ ដង)
សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំង​ឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ​ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។ [១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។ [១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យ​និរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។ [១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិមាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ បាន។បេ។ ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។ [១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនវីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។ ចប់ វិវេកថា។ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ (ព្រះត្រៃបិដក ភាគទី៧១) ដោយ៥០០០ឆ្នាំ
images/articles/3219/___________________________.jpg
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣ (អាន: ១,៧៤៤ ដង)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះ ឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់​បង់​ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយ​ជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា? ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។ លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។ (មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។ (កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។ (ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាល​ត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈ​ទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ​ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯក​កច្ឆៈ​ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយ ក៏ឆេះ​រោល​រាល​ក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើ​មរណ​កាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចក​ផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំង​ឡាយ​ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។ ឥសិទាសីថេរី ចប់ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/3236/2022-03-25_10_08_46-______________________-_Word.jpg
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣ (អាន: ២,៧៩១ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យត្ថ វេរី និវសតិ ដូច្នេះជាដើម ។ កាលទេវទត្តត្រូវផែនដីស្រូប ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តត្រូវវិនាសមួយអន្លើដោយបរិស័ទ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងនោះទូលថា ដោយរឿងនេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តវិនាសមួយអន្លើដោយបរិស័ទ មិនមែនក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ក៏វិនាសដូចគ្នាដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងព្រះរាជឧទ្យាន ។ សូម្បីទេវទត្តក៏កើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងទីនោះដែរ ។ថ្ងៃមួយ បុរោហិតទៅកាន់ឧទ្យាន មុជទឹក រួចប្រដាប់តាក់តែង ហើយចេញទៅ (ក្នុងពេលនោះ) មានស្វាឡេះឡោះមួយទៅមុន ហើយអង្គុយលើកំពូលខ្លោងទ្វាររាជឧទ្យាន (ពេលបុរោហិតមកដល់) ក៏បន្ទោរ​បង់វច្ចៈដាក់ក្បាលបុរោហិតនោះ កាលបុរោហិតងើយមើលខាងលើ ស្វាកំហូចក៏បន្ទោរ​បង់ដាក់មុខបុរោហិតថែមមួយទៀត ។ បុរោហិតត្រឡប់ហើយ គំរាមស្វាថា យើងនឹងដឹងនូវកម្មដែល​គប្បីធ្វើដល់ឯង ដូច្នេះហើយគាត់ទៅមុជទឹកម្ដងទៀត រួចចៀសចេញទៅ ។ ពួកស្វាប្រាប់ភាពដែលបុរោហិតនោះចងពៀរដល់ព្រះពោធិសត្វ ។ ព្រះមហាសត្វគិតថា ឈ្មោះ​ថា ការនៅក្នុងលំនៅរបស់សត្រូវ រមែងមិនគួរ ហ្វូងស្វាទាំងអស់ត្រូវរត់ទៅក្នុងទីដទៃ ដូច្នេះទើបញ៉ាំងពួកស្វាឲ្យប្រាប់ដល់ស្វាទាំងមួយពាន់ ។ ស្វាដែលប្រដៅក្រ កាន់យកស្វាជាបរិវាររស់ខ្លួន (មិនចេញទៅដោយគិតថា) យើងនឹងដឹងក្នុងកាលខាងក្រោយ ដូច្នេះទើបអង្គុយ​ក្នុងទីនោះឯង ។ ព្រះពោធិសត្វនាំបរិវាររបស់ខ្លួនចូលទៅកាន់ព្រៃ ។ ថ្ងៃមួយ ទាសីអ្នកបុកស្រូវម្នាក់យកស្រូវមកហាលកម្ដៅថ្ងៃ មានពពែមួយមកស៊ីស្រូវដែលទាសីនោះហាល ហើយត្រូវប្រហារដោយអង្កត់ភ្លើង ពពែមានខ្លួនឆេះរត់ទៅ ហើយត្រដុសខ្លួននឹងខ្ទមស្មៅ ដែលអាស្រ័យនឹងរោងដំរីមួយកន្លែង ។ ភ្លើងក៏ឆេះខ្ទមស្មៅ បន្ទាប់មកឆាប់ឆេះរាលដាលដល់រោងដំរី ធ្វើឲ្យខ្នងដំរីរលាក ហ្មដំរីក៏នាំគ្នាព្យាបាលដំរី ។ ចំណែកបុរោហិតកំពុងតែពិចារណាឧបាយចាប់ស្វា ។ កាលព្រះរាជាត្រាស់សួរគាត់ដែលមកបម្រើ និងដែលបានអង្គុយហើយថា នែអាចារ្យ ដំរីទាំងឡាយរបស់យើងកើតដំបៅ ហ្មដំរីមិនដឹងការព្យាបាលសោះ តើលោកមានដឹងថ្នាំយ៉ាងណានីមួយទេ ? បុរោហិតទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ដឹង ។ ព្រះរាជាសួរថា ថ្នាំនោះឈ្មោះអ្វី ? បុរោហិតទូលថា បពិត្រមហារាជ គឺ ខ្លាញ់ស្វា ។ ព្រះរាជាសួរថា ចុះយើងនឹងបានខ្លាញ់ស្វា ក្នុងទីណា ? បុរោហិតទូលថា ស្វាជាច្រើនមានក្នុងឧទ្យាន ។ ព្រះរាជាត្រាស់ថា អ្នកទាំងឡាយចូរសម្លាប់ស្វាក្នុងឧទ្យាន ហើយនាំយកខ្លាញ់មក ។ ពួកនាយខ្នាន់ធ្នូទៅហើយ បាញ់សម្លាប់ស្វាទាំង ៥០០ ។ ស្វាដែលជាប្រធានមួយ កាលរត់ទៅ បានត្រូវគ្រាប់ព្រួញ តែមិនដួលស្លាប់ ក្នុងទីនោះទេ ហើយទៅដល់លំនៅព្រះពោធិសត្វ ទើបដួលស្លាប់ ។ ពួកស្វាប្រាប់នូវការដែលស្វានោះត្រូវប្រហារនិងស្លាប់ហើយ ដល់ព្រះពោធិសត្វថា សត្វនោះមកដល់លំនៅរបស់ពួកយើង រួចក៏ស្លាប់ទៅ ។ ព្រះពោធិសត្វទៅអង្គុយកណ្ដាលហ្វូងស្វា ហើយពោលថា ធម្មតាបុគ្គលដែលមិនធ្វើតាមឱវាទរបស់បណ្ឌិត ហើយនៅក្នុងលំនៅរបស់សត្រូវ រមែងវិនាសយ៉ាងនេះឯង ដូច្នេះហើយ លោកក៏ពោលគាថាទាំងនេះ ដោយអំណាចពាក្យជាឱវាទដល់ហ្វូងស្វាថា យត្ថ វេរី និវសតិ, ន វសេ តត្ថ បណ្ឌិតោ; ឯករត្តំ ទ្វិរត្តំ វា, ទុក្ខំ វសតិ វេរិសុ។ បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ (ព្រោះ) នៅក្នុងពួកបុគ្គលមានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ ។ ទិសោ វេ លហុចិត្តស្ស, បោសស្សានុវិធីយតោ; ឯកស្ស កបិនោ ហេតុ, យូថស្ស អនយោ កតោ។ បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចម្រើន ដែលព្រាហ្មណ៍ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុតែស្វាមួយ ។ ពាលោវ បណ្ឌិតមានី, យូថស្ស បរិហារកោ; សចិត្តស្ស វសំ គន្ត្វា, សយេថាយំ យថា កបិ។ បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង ។ ន សាធុ ពលវា ពាលោ, យូថស្ស បរិហារកោ; អហិតោ ភវតិ ញាតីនំ, សកុណានំវ ចេតកោ។ បុគ្គលល្ងង់មានកម្លាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមានសេចក្តីចម្រើន ដល់ពួកញាតិ ដូចទទាធា្នក់ មិនជាប្រយោជន៍ដល់ពួកសត្វស្លាប (ដែលជាញាតិ) ។ ធីរោវ ពលវា សាធុ, យូថស្ស បរិហារកោ; ហិតោ ភវតិ ញាតីនំ, តិទសានំវ វាសវោ។ ឯបុគ្គលមានប្រាជា្ញ មានកម្លាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចម្រើនដល់ពួកញាតិ ដូចជាវាសវៈ ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា ក្នុងឋានត្រៃត្រិង្ស ។ យោ ច សីលញ្ច បញ្ញញ្ច, សុតញ្ចត្តនិ បស្សតិ; ឧភិន្នមត្ថំ ចរតិ, អត្តនោ ច បរស្ស ច។ បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈផង (បុគ្គលនោះ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួន និងអ្នកដទៃ ទាំងពីរ ។ តស្មា តុលេយ្យ មត្តានំ, សីលបញ្ញាសុតាមិវ; គណំ វា បរិហរេ ធីរោ, ឯកោ វាបិ បរិព្ពជេ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និងសុតៈហើយ គប្បីថែរក្សាពួកក្រុម ក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ក៏បាន ។ ពាក្យថា បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត សេចក្ដីថា បុគ្គលណាជាមនុស្សល្ងង់ តែសម្គាល់ខ្លួនថា អាត្មាអញជាបណ្ឌិត ហើយមិនធ្វើតាមឱវាទបណ្ឌិត លុះក្នុងអំណាចចិត្តរបស់ខ្លួន បុគ្គលនោះកាលលុះក្នុងអំណាចចិត្តរបស់ខ្លួនហើយ រមែងដេកស្លាប់ ដូចស្វាដែលប្រដៅក្រ ដេកស្លាប់នេះឯង ។ ព្រះមហាសត្វជាស្ដេចស្វាពោលកិច្ចដែលជាវិន័យនិងបរិយត្តិយ៉ាងនេះឯង ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចកបិ ទេវទត្តោ អហោសិ ស្វាប្រដៅក្រ ក្នុងកាលនោះ បានមកជាទេវទត្តបរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទរបស់ស្វានោះ បានមកជាបរិស័ទរបស់ទេវទត្ត បណ្ឌិតកបិរាជា បន អហមេវ អហោសិំ ចំណែកស្ដេចស្វាដែលជាបណ្ឌិត គឺ តថាគត នេះឯង ។ កបិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៦) ថ្ងៃ អង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3240/ertretyuyti67654tr.jpg
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣ (អាន: ២,៧៩៨ ដង)
រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាលណោះ ព្រះឥន្ទ្រាធិរាជនិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិរិយបណ្ឌិតបានអារសាច់របស់ ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។ សេចក្តីលម្អិតមានដូចតទៅនេះ ៖ មានសេចក្តីតំណាលថា ព្រះរាជាដែនបញ្ចាល បានចាត់រាជបម្រើនាំសំពត់រ័ត្នកម្ពល់ មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជ ។ ព្រះបាទមហារដ្ឋរាជទ្រង់ទតឃើញសំពត់ នោះហើយ ទ្រង់ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរក រតនវត្ថុដែលមានតម្លៃជាង ផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃ គ្មានអ្វីស្មើ នឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំ ព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។ ព្រះបាទមហារដ្ឋ ទ្រង់ថ្វាយបង្គំព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជជា សម្លាញ់ខ្ញុំព្រះអង្គជាមនុស្សមច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះ ស្តេចនោះ ឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើ បាដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេចនោះ ដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ ។ ព្រះបាទមហារដ្ឋរាជ ទ្រង់បានបួងសួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង (ក) ។ ខណៈនោះ ផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានផ្កាបទុមបញ្ចពណ៌ធំផុស លេច ឡើងលើផ្ទៃទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលា ផ្សេងៗ ហើយហក់ហែលចោមរោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគំតូរ្យតន្រ្តីឮសូររងំពីរោះល្វេងល្វើយគួរជាទីអស្ចារ្យ ។ រាជទូតទាំងឡាយ បានបើកភេត្រាដ៏មានសិរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូល គាល់ក្រាបទូលតំណាលពីហេតុអស្ចារ្យផ្សេងៗ ។ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃ លែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រា ទ្រង់បានថ្វាយបង្គំ ទ្រង់ បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ” ។ ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបាដិហារ្យយ៉ាងអស្ចារ្យ អណ្តែតឡើងព្ធដ៏អាកាស បាន បញ្ចេញឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចម្រុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយ ពណ្ណរាយ ផ្សព្វផ្សាយចេញទៅសព្វទិស ទាំងពួង ។ ពួកទេពតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញ ពីទីតំបន់ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។ ព្រះរាជាបានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមាយាងចុះ មកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបម្រុងទុក លុះព្រះពុទ្ធបដិមាយាងចុះមកហើយ ទ្រង់ព្រមដោយ ចតុរង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ ព្រះពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ ហើយទ្រង់ឲ្យតម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាស ផ្សាយដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទិបព្រះពុទ្ធបដិមា ជាមួយនឹងយើង តាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។ កាលនោះ មានបុរសកម្សត់ម្នាក់ ឈ្មោះ វិរិយបណ្ឌិត ជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មានបំណងនឹងលក់ខ្លួនទិញមាសទិបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និង បិតាធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមី ខ្លួន ឲ្យយកទៅទិញមាសទិបព្រះពុទ្ធបដិមា ។ គាត់បានមាសហើយចូលទៅក្នុងសាលា ប្រាថ្នានឹងទិបព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាង មកទេ អ្នកដទៃទិបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។ វិរិយបណ្ឌិតនិយាយអង្វរ ខ្លាំងពេក អ្នកយាមរក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ គាត់បានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមាមាន ព្រះពុទ្ធដីកាអនុញាតឲ្យអ្នកឯង អ្នកចូរទិបចុះ” ។ វិរិយបណ្ឌិតក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយគាត់ តាំងចិត្តអធិដ្ឋាន ដោយពោលអាងពាក្យសច្ចៈផ្សេងៗ ដើម្បីសូមឲ្យព្រះពុទ្ធបដិមាបើកព្រះ ឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។ គ្រានោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “នែវិរិយបណ្ឌិត ចូរអ្នក ទិបតថាគតតាមប្រាថ្នាចុះ” ហើយបានបញ្ចេញរស្មីទាំង ៦ ពណ៌ ដូចព្រះពុទ្ធបដិមា អង្គមុននោះដែរ ។ វិរិយបណ្ឌិតក៏បានទិបព្រះពុទ្ធបដិមាដោយមាស ដែលខ្លួនមានទាំង ប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព័ត៌មាននោះ ក៏ឲ្យហៅវិរិយបណ្ឌិតមក ហើយទ្រង់ បានព្រះរាជទានសម្បត្តិផ្សេងៗច្រើនអនេក ។ អ្នកនគរក៏នាំមាស ប្រាក់ សំពត់ជាដើមមក ជូនយ៉ាងកកកុញ ។ គាត់បានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខ ក្សេមក្សាន្ត ដរាបដល់ ក្ស័យជីវិត ។ ចប់ វិរិយបណ្ឌិតជាតក ៕ (ចាកបញ្ញាសជាតក របស់ជនជាតលាណា) ញ៉ុក-ថែម កំណាព្យឆព្វណ្ណរង្សីពណ៌លឿង រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែរធ្វើមាស បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ កំណាព្យមួយបែបទៀត ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងឆ្នៃរចនា ថ្វាយសាធុការពេញផែនដី ។ ដោយ៥០០០ឆ្នាំ
images/articles/3228/________________________________________________.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣ (អាន: ៦,៤៨៣ ដង)
ខាងក្រោមនេះ ជាតំណទាញយកព្រះត្រៃបិដកខ្មែរ និងព្រះត្រៃបិដកអង់គ្លេស ។ ដែលក្នុងនោះ ព្រះត្រៃបិដកភាសាខ្មែរ ជាpdf scan មានចំនួន ២ច្បាប់ដូចនេះ គឺសន្លឹកពណ៌ស និងសន្លឹកពណ៌លឿង និងមានមួយច្បាប់ទៀតជាច្បាប់ pdf វាយអក្សរថ្មីឡើងវិញរបស់វត្តបញ្ញាធំ ។ និងច្បាប់ប្រែរួមជាមួយព្រះអដ្ឋកថា ។ និងមានច្បាប់ព្រះត្រៃបិដកជាភាសាអង់គ្លេសមួយច្បាប់ទៀត សម្រាប់លោកអ្នកដែលមិនអាចអានភាសាខ្មែរបាន អាចចូលអានច្បាប់pdf នេះ ។ ចុចទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
images/articles/3230/202____________rce_Overlay.jpg
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣,៣០៧ ដង)
គម្ពីរមហាបដ្ឋាន ជាគម្ពីរសម្តែងឡើងនូវធម៌ពិត សច្ចធម៌ និងការបង្ហាញផ្លូវបដិបត្តិទៅកាន់ការផុតទុក្ខគឺព្រះនិព្វាន ។ សត្វលោក កើតមកសុទ្ធតែមានអវិជ្ជា និងតណ្ហា ឧបាទានគ្រប់គ្នា មានតែព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធប៉ុណ្ណោះដែល អាចត្រាស់ដឹងនូវសច្ចធម៌ដោយខ្លួនឯង ក្រៅអំពីនេះសត្វលោកសុទ្ធតែរង់ចាំការស្តាប់បដិបត្តិតាមព្រះពុទ្ធទើបអាច ស្វែងរកផ្លូវចេញចាកទុក្ខបាន ។ គម្ពីរមហាបដ្ឋាននេះ ជាគម្ពីរមានសេចក្តីទូលំទូលាយក្រៃលែង មានន័យល្អិតសុខុមជាទីបំផុត ពោលពេញទៅដោយហេតុនិងផល ដូច្នេះកាលពុទ្ធបរិស័ទបានសិក្សាគម្ពីរនេះហើយ រមែងដឹងច្បាស់នូវហេតុផល ជាឈ្មោះនៃបញ្ញាឃើញច្បាស់នូវសភាវពិត លះបង់សេចក្តីប្រកាន់ រមែងបាននូវសេចក្តីសុខ ។ ទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿