30
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១,២៣៩
Today
ថ្ងៃម្សិលមិញ ១២,៨៩៩
ខែនេះ ៣,៤២៤,២៨០
សរុប ៣៧៧,៧៤៥,៨០២
ប្រជុំអត្ថបទ
images/articles/2881/____________xtpic.jpg
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,៩៦៤ ដង)
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖ ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។ លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។ ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។ ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។ ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះ​ថា​សេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបាន​សេព​គប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ; នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ ឧបាសកមានសទ្ធា ។ សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ; សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។ បណ្តាបទទាំងនោះ បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។ បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។ បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។ បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។ បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។ បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។ បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។ បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។ បទថា កុព្វេថ បានដល់ គប្បីធ្វើ ។ បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។ បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។ ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕ ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣) ដោយ៥០០០ឆ្នាំ
images/articles/1777/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៣៥០ ដង)
- សួរ​ថាៈ តាម​ដែល​អធិប្បាយ​មក​នេះ យើង​ជា​ឪពុក​ម្ដាយ​ចិញ្ចឹម​រក្សា តើ​មាន​គោលការណ៍​ពិចារណា​យ៉ាង​ណាថា កូន​យើង​រឹង​មាំ អាច​ទៅ​ប្រឈម​មុន​នឹង​សង្គម​ខាង​ក្រៅ​បាន? ក្នុង​ផ្លូវ​ធម៌​មាន​គោល​ការណ៍​វាយ​តម្លស​យ៉ាង​ណា​ថា ក្មេង​មាន​សភាព​រឹង​មាំ​ល្មម​នឹង​ដំណើរ​ជីវិត​បាន​ដោយ​ខ្លួន​ឯង។ ឆ្លើយៈ មើល​ការ​អភិវឌ្ឍ ៤ ផ្នែកគឺ៖ ១)- ការ​អភិវឌ្ឍ​ផ្នែក​រាង​កាយក្រៅ​ពី​មើល​សុខ​ភាព​រាង​កាយ​ហើយ ត្រូវ​ពិចារណា​មើល​សម្ពន្ធ​ភាព​ជា​មួយ​វត្ថុ សម្ភារៈប្រើប្រាស់​ បរិភោគ ថា​គេ​អភិវឌ្ឍ​ឬ​នៅ ដូច​ជា​មើល​ថា គេ​ដឹង​ពីការ​បរិភោគ ប្រើប្រាស់ វត្ថុ​សម្ភារៈ​យ៉ាង​ណា ដូច​ជា ការ​ទទួលទាន​ អាហារ មើល គេ​ថា គេ​បរិភោគ​ដោយ​មាន​គោល​បំណង​ដោយ​ពិត​គឺ​ដើម្បី​សុខ​ភាពនៃ​រាងកាយ​រឹងមាំ មិនមែន​ដើម្បី​តែ​ឆ្ងាញ់​ពិសារ​ដើម្បី​ភាព​សង្ហារ ខ្ជះខ្ជាយ​អួតឋានៈ។ យ៉ាង​នេះ​សម្ដែង​ឲ្យ​ឃើញ​ថា គេ​មាន​ការ​អភិវឌ្ឍ ដែល​រួម​ទៅ​ដល់​ការ​ប្រើ​បច្ចេកវិជ្ជា​ផ្សេងៗ​ផង​ដែរ។ សង្កេត​ក្នុង​ការ​មើល ការ​ស្ដាប់ ថា​មើល​យ៉ាង​ដូចម្ដេច មើល​បាន​ប្រយោជន៍​ទេ ដឹង​នូវ​សិក្សា​អំពី​ហេតុ​ការណ៍​ផ្សេងៗ​ទេ ឬ​ថា​ឃើញ​អារម្មណ៍​ផ្សេងៗ ហើយ​ធ្លាក់​ក្នុង​ទាសភាព​ជំពាក់​ចិត្ត​ស្រវឹង។ យ៉ាង​នេះ ជា​ការ​អភិវឌ្ឍ​ផ្លូវ​កាយ។ ២)- ការ​អភិវឌ្ឍ​ផ្នែក​សីល សង្កេត​មើល​សម្ពន្ធ​ភាព​ជា​មួយ​មិត្តភក្តិ សម្ពន្ធភាព​ជា​មួយ​បងប្អូន។ មើល​សម្ពន្ធភាព​ជា​មួយ មិត្តភក្តិ ដូច​ជា​ សេពគប់​ជា​មួយ​មិត្តណា ធ្វើ​ចំពោះ​មិត្តនោះ យ៉ាង​ណា តើ​សេពគប់​ជា​មួយ​មនុស្ស​ប្រភេទណា មាន​អាកប្បកិរិយា​ទស្សនគតិ​ត្រឹម​ត្រូវ​ដែរឬ​ទេ សន្ទនា​ពី​អ្វី មាន​សម្ពន្ធភាព​ជា​មួយ​មនុស្ស​ក្នុង​សង្គម​យ៉ាង​ណា ចេះ​សង្គ្រោះ​ជួយ​គ្នា​ដែរ​ឬ​ទេ។ នេះ​ជា​ការ​អភិវឌ្ឍ​ផ្នែក​សង្គម។ ៣)- ការ​អភិវឌ្ឍ​ផ្នែកចិត្ត​សន្ដាន សង្កេត​មើល​ថា មានគុណ​គឺ​សេចក្ដី​ល្អ​ឬ​ទេ មាន​មេត្តា ករុណា ពេល​ជួប​អ្នក​មាន​ទុក្ខ​លំបាក អ្នក​ជំងឺ ចេះ​ជួយ​គេ​ទេ? មាន​ទឹក​ចិត្ត​ចំពោះ​អ្នក​ដទៃ​ឬ​ទេ​ មាន​កតញ្ញុតា​ឬ​ទេ ។ល។ ហើយ​មើល​សមត្ថភាព​របស់​ចិត្ត​ថា តើ​រឹង​មាំ មាន​សេចក្ដី​ព្យាយាម ប្រឹង​ប្រែង មាន​ការ​ទទួល​ខុស​ត្រូវ​មាន​សតិ​ជា​គ្រឿង​រក្សា​ខ្លួន មាន​សមាធិ​មាំទាំ​ក្នុង​កិច្ចការ​ងារ​ដែរ​ឬ​ទេ ព្រម​ទាំង​ពិចារណា​មើល​សុខភាព​ផ្លូវ​ចិត្ត​ថា មាន​ក្ដី​សប្បាយ​រីករាយ ស្រស់ថ្លា មិន​មួហ្មង មិនតឹង​តែង មិន​កង្វល់។ ៤)- ការ​អភិវឌ្ឍ​ផ្នែក​បញ្ញា សង្កត់​មើល​ថា អាច​ទទួល​ដឹង​នូវ​របស់​ផ្សេងៗ​តាម​សេចក្ដី​ពិត គឺ​អាច​សម្លឹង​របស់​ផ្សេងៗ​ដោយ​មិន​ប្រកាន់ ដោយ​ការ​ពេញ​ចិត្ត មិន​ពេញ​ចិត្ត​ឬ​រីករាយ មិន​រីករាយ។ តែ​សម្លឹង​របស់​ទាំង​នោះ ដោយ​ការ​សិក្សា​ចង់​ដឹង ចង់​ចេះស្រាវជ្រាវ​សេចក្ដី​ពិត និង ដោះស្រាយ​បញ្ហា ពិគ្រោះ​ពិចារណា​សម្លឹង​លោក​នេះ​យ៉ាង​ណា មាន​ទស្សនគតិ​ចំពោះ​មនុស្ស​ក្នុង​សង្គម​យ៉ាង​ដូចម្ដេច មាន​ទិដ្ឋិ​យល់​ឃើញ​យ៉ាង​ណា។ -សួរៈ ការ​សម្ដែង​ចេញ​មក ឬ​ការ​ប្រព្រឹត្ត​ផ្សេង​ៗ​ក្នុង​លក្ខណៈ​នៃ​ការ​អភិវឌ្ឍ អាច​នឹង​ចាប់​ផ្ដើម​ពី​អាយុ​ប៉ុន្មាន? -ឆ្លើយៈ មិន​ទាក់​ទង​ជា​មួយ​អាយុ។ អាយុ​គឺ​ការ​កំណត់​នូវ​វ័យ ឬ​ថា ជា​ព្រំដែន​នៃ​ការ​ចម្រើន​ធំធាត់។ ពេល​វេលា​ក្នុង​ការ​សន្សំ​ភាព​ជំនាញ ការ​អភិវឌ្ឍ​ខ្លួន​នឹង​កើត​ឡើង​ជា​មួយ​អាការ​សំដែង​ចេញ​នូវ​លក្ខណៈ​នៃ​ការ​ប្រព្រឹត្ត ដែល​បង្ហាញ​ឲ្យ​ឃើញ​ដល់​ការ​អភិវឌ្ឍ​ក្នុង​ផ្នែក​នីមួយៗ ទាំង​៤ផ្នែក ថា តើ​មាន​លំដាប់​ណា? -​សួរៈ បច្ចុប្បន្ន​យើង​ឲ្យ​តម្លៃ​មនុស្ស មិន​បាន​ឲ្យ​តម្លៃ​ក្នុង​លក្ខណៈ​ការ​អភិវឌ្ឍ​រាង​កាយ គឺ​សីល សមាធិ បញ្ញា ទេ តែ​យើង​ច្រើន​ឲ្យ​តម្លៃ​លើ សញ្ញាបត្រ ឬ​ឲ្យ​តម្លៃ​តាម​ផ្នែក​សេដ្ឋកិច្ច មើល​តាម​ចំនួន​ទ្រព្យ​តិច​ឬ​ច្រើន ហើយ​ក៏​សំគាល់​ថា បុគ្គល​នេះ​ជា​អ្នកមាន​ក្នុង​ប្រទេស។ ក្នុង​លក្ខណៈ​នេះ សង្គម​កំពុង​សំដែង​លោក​នេះ (បង្ហាញ​លោក​នេះ) ក្នុង​ផ្លូវ​ខុស​មែន​ទេ? -ឆ្លើយៈ សង្គម​កំពុង​តែ​ឲ្យ​នូវ​សភាព​ដែល​ឃ្លៀងឃ្លាត​ប្រាស​ចាក​ការ​ពិត។ ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម ដោយ​៥០០០​ឆ្នាំ​
images/articles/2294/Untitled-1-Recovered.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,៦៧៤ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង ស្រុក ឬ ជនបទ​មួយ​ដែលគ្មាន​ទឹកភ្លៀង​ស្រុក​នោះក៏ ហួតហែង​ក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រង​គួរជាទីពិចពិល​រមិលមើល​ឡើយ មនុស្ស​សត្វ​ទាំងឡាយ នៅក្នុងស្រុក​នោះ ក៏​ភៀសខ្លួន​ចេញ​ទៅ​ស្រុកដទៃ​ដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិត​របស់​ខ្លួន​បន្តទៀត នេះ​ជាសេចក្ដីប្រៀបធៀបឲ្យឃើញ​ថា បើក្នុងខ្លួនយើង​គ្មានចិត្ត​មេត្តា​ដល់សត្វ​ទាំងឡាយ​ទេ
images/articles/2310/Untitled-1-Recovered.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦,២០០ ដង)
រាគៈ​ជាសត្រូវ​ជិត​របស់​មេត្តា​ព្រហ្មវិហារ ព្រោះសភាព​នៃមេត្តាជាមួយរាគ មានចំណែក​ស្មើគ្នាដោយសម្លឹងមើលតែចំពោះ​ចំណែក​នៃសេចក្ដីល្អ ដូចសត្រូវ​របស់​មនុស្សដែល​តាំងមូលដ្ឋាននៅជិត មូលដ្ឋាន​នោះ​រមែង​បានចេញចូល ដោយងាយ​ព្រោះហេតុ​នោះ មេត្តា​គឺព្រះយោគាវចរ ត្រូវតែ​ថែរក្សា​ឲ្យល្អ (ឲ្យឆ្ងាយ) គឺឲ្យឆ្ងាយ​អំពីរោគ ចំណែក​ព្យាបាទ​ជាសត្រូវ​ឆ្ងាយ (របស់មេត្តា) ព្រោះមេត្តា​ជាមួយ​នឹង​ព្យាបាទមាន (សភាព) ជាចំណែក​របស់ខ្លួន​ដែលមិនស្មើគ្នា ដូច​សត្រូវ​របស់​មនុស្ស​ដែល​តាំង​មូលដ្ឋាន​នៅក្នុងព្រៃភ្នំជាដើម ព្រោះដូច្នោះ ព្រះយោគាវចរ ទើប​មិន​ត្រូវខ្លាច​អំពី​សំណាក់​នៃព្យាបាទ​នោះ ហើយ​ចំរើន​មេត្តា​ទៅចុះ។ ក្នុងសេចក្ដី​ថា បុគ្គល​ចំរើន​មេត្តា​ផងធ្វើ​អាការក្រោធ​ឲ្យប្រព្រឹត្ត​ទៅផង នោះជាអឋាន (គឺ​ប្រព្រឹត្ត​ទៅមិនបាន​ឡើយ)។ខាងដើម កណ្ដាល ទីបំផុត អារម្មណ៍នឹង​ការពង្រីកផ្សាយ​អារម្មណ៍នៃ​ព្រហ្មវិហារ ​ក្នុង​ន័យ​​ម្យ៉ាង​ថា ព្រហ្មវិហារ​ទាំង៤​នោះ មាន​ក្នុងកត្តុកាម​ឆន្ទ (ឆន្ទគឺ​សេចក្ដីប្រាថ្នា​នឹងធ្វើ) ជាខាងដើម មានការបន្ទោបង់ (គឺ​លះបង់) ជាកណ្ដាល មានអប្បមានា ជាទីបំផុត ដោយអំណាច​បញ្ញត្តិធម៌ ចាត់ថា មានឯកសត្វជាអារម្មណ៍ ឬថា (ដោយ​សម្បត្តិ​ធម៌) មានអនេកសត្វជាអារម្មណ៍ កាល​បើ​ដល់​ឧបចារ ឬអប្បនា​ហើយ ការពង្រីកអារម្មណ៍​ទើប​មាន។ ក្នុងការពង្រីកអារម្មណ៍នោះ បណ្ឌិត​គប្បីជ្រាប​លំដាប់​នៃការពង្រីក​ផ្សាយ (មេត្តា​ដូចតទៅ) នេះ ឧបមា​ដូចជាអ្នកស្រែ​ដែល​ឆ្លាត កំណត់ទី (ទំហំគោលដៅ) ដែលត្រូវភ្ជួរ​ហើយ​ទើបភ្ជួរ​ទៅយ៉ាងណា ព្រះយោគាវចរក៏​យ៉ាង​នោះ មុនដំបូង​គប្បី​កំណត់​យកផ្ទះ​មួយខ្នង (ទី​លំនៅ​របស់ជន​មួយគ្រួសារ) ហើយ​ចំរើន​មេត្តា​ទៅ​ក្នុងសត្វ​ទាំង​ឡាយ​ក្នុង​ផ្ទះ​នោះ ដោយន័យ​ថា សូមសត្វ​ទាំង​ឡាយ​ក្នុងផ្ទះនេះ ចូល​ជាអ្នក​មិន​មាន​ពៀរ​ចុះ ជាដើម ធ្វើចិត្តឲ្យ​ទន់ គួរដល់​ក្នុងការភាវនា​ចំពោះ​ផ្ទះមួយខ្នងនោះ ហើយទើប​កំណត់​ពីរខ្នង​បន្ទាប់​ពីនោះ ទើបកំណត់ ៣-៤-៥-៦-៧-៨-៩-១០ ខ្នង​ហើយ ផ្សាយទៅផ្លូវ​មួយខ្សែ ពាក់កណ្ដាល​ស្រុក ស្រុកមួយ រាជាណាចក្រមួយប្រទេសមួយ ជនបទមួយ ទិសមួយ ដោយន័យដូច្នេះ​ចូលធ្វើ​ទាំងចក្រវាឡ​មួយ ឬ​ថា​នឹងគប្បី​ចំរើន​មេត្តា​ទៅក្នុងសត្វ​ទាំង​ឡាយ​នោះៗ ក្រៃលែង​ជាងនោះ​ទៅទៀតក៏បាន ព្រហ្មវិហារដទៃ​ទៀត មានករុណា​ព្រហ្មវិហារ​ជាដើម ក៏គប្បី​ចំរើន​ដោយន័យ​ដូចគ្នានោះឯង នេះ​ជាលំដាប់​នៃការ ពង្រីកអារម្មណ៍​ក្នុងព្រហ្មវិហារ ភាវនានោះ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/2324/Untitled-1-Recovered.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,៥០៦ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង ព្រះយោគាវចរ​នេះកាល​ចម្រើន​មេត្តា​ចេតោវិមុត្តិ តាមផ្លូវអប្បនានោះ​ក្នុងផ្លូវ​ណាមួយ ដូចបាន​ពោល​ហើយដូច្នេះ (លោក​សម្ដែងសមាធិ​ខាងដើម​ដោយ​មិនបាន​យកមក​ដាក់​ក្នុងសៀវភៅ​នេះ​ទេ) រមែងបាន​អានិសង្ឃ​១១​ប្រការ ដែល​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​ត្រាស់​ទុក​ដោយ​ន័យ​ថា អ្នកចំរើន​មេត្តា​ចេតោវិមុត្តិ រមែង​ដេកលក់​ដោយសុខ​ដូច្នេះ​ជាអាទិ៍។
images/articles/2490/image.jpeg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥១,៦៦១ ដង)
៙. មេត្តាប្រែថាការរាប់អាន សូមសត្វគ្រប់ប្រាណបានសុខា គ្រប់គ្នាយកខ្លួនជាឧបមា សត្វក្នុងលោកកាប្រាថ្នាសុខ ។ យើងស្រឡាញ់ខ្លួនមាំមួនពិត ដូច្នេះត្រូវគិតកុុំសាងទុក្ខ កុំយកខឹងស្អប់ជាប់ជាមុខ ត្រូវចេះឲ្យសុខសព្វសត្តា ។ អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា បែងចែកការងារជាធម្មតា ប៉ុន្តែបំណងប៉ងប្រាថ្នា គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។ ព្រោះសត្វលោកលង់ក្នុងសង្សារ ស្រវេស្រវាលិចខ្លះហើយ សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ សត្វខ្លះបានស្បើយពីទុក្ខា ។ ព្រះធម៌ទីពឹងពំនឹងសត្វ ដឹកនាំឆ្លងកាត់វដ្ដសង្សារ យើងត្រូវនាំគ្នាស្ដាប់ទេស្នា ចម្រើនមេត្តារក្សាគ្នា ។ មានសីលមានទានទក្ខិណា មេត្តាប្រៀបដូចច្រូចគង្គា អ្នកស្លាប់អ្នករស់រួចវេរា អហោសិគ្នាជាសុខហោង៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/3089/TERR43.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,០៩០ ដង)
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ពួកនាងកុមារិកា មានអាយុ ៥០០ ឆ្នាំ ទើបល្មមឲ្យមានប្តី ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានអាពាធតែ ៣ យ៉ាង គឺចំណង់ក្នុងអាហារ ១ បរិភោគអាហារមិនបាន ១ សេចក្តីគ្រាំគ្រារាងកាយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលដែលពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាន់ហើរធ្លាក់ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះនឹងពេញដោយមនុស្ស (រកចន្លោះគ្មាន) ដូចអវីចិនរក ពុំនោះសោត ដូចព្រៃបបុរ ឬព្រៃរាំងភ្នំ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះ ជាកេតុមតីរាជធានីវិញ ជារាជធានីស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារ ដ៏សម្បូណ៍ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ ៨ ម៉ឺន ៤ ពាន់ មានកេតុមតីរាជធានីឯង ជាប្រធាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាម សង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាធានី ជាស្តេចចក្រពត្តិ ទ្រង់ជា ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទដល់នូវថិរភាព ទ្រង់បរិបូណ៌ ដោយរ័តន៍ ៧ ប្រការ ។ ឯរ័តន៍ទាំង ៧ ប្រការរបស់ព្រះបាទសង្ខៈនោះ គឺ ចក្ករ័តន៍ ១ ហត្ថិរ័តន៍ ១ អស្សរ័តន៍ ១ មណិរ័តន៍ ១ ឥត្ថីរ័តន៍ ១ គហបតិរ័តន៍ ១ រាប់បរិនាយករ័តន៍ ១ ផង ជាគម្រប់ ៧ ។ ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រ ច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច សង្កត់សង្កិននូវពួកសេនារបស់ស្តេចដទៃបាន ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រង នូវផែនដី ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាមមេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិសេស ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ សីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរទូន្មាន ជាសាស្តានៃ ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវចតុរារិយសច្ច មានដំណើរទៅ កាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវ នេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វនចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រម ទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន ចំពោះខ្លួនឯង ហើយញុំាងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំង អត្ថ និងព្យព្ជានៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគតដែលសម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវ នេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ច្រើនពាន់ ដូចតថាគតដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវ នេះដែរ ។ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់ បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់ (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ ដាក់ព្រះកេសានិងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្រ្ត ចេញចាក រាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសម្នាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។ កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះ ហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតនូវកិលេស មានព្រះហឫទ័យបែរ ឆ្ពោះ ទៅរកព្រះនិញ្វន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជា បុគ្គលមិនមានផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរ ប៉ន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាក សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ចក្កវត្តិសូត្រ បិដកលេខ ១៨ ទំព័រ ១៥២-១៥៦) ដោយ​៥០០០​ឆ្នាំ​
images/articles/3184/_________________________________.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១០,០២៤ ដង)
នៅក្នុងគម្ពីរមនេារថបូរណី អដ្ឋកថា បឋមរាជសូត្រ លេាកបានសម្តែងអំពី ទេវតារាល់ថ្ងៃឧបេាសថ ចុះមកកត់ឈ្មេាះបុគ្គលដែលបានធ្វេីល្អ ចូលនៅក្នុងបព្ជាីក្រាំងមាស ហេីយយកទៅប្រកាសឲ្យទេវតាដឹង កាលបេីទេវតាដឹងហេីយ ទេវតាសប្បាយចិត្ត ព្រេាះគិតថា នៅឋានទេវលេាក និងបរិបូណ៌ទៅដេាយទេវតា តែបេីមនុស្សទាំងឡាយ ចូលចិត្តធ្វេីអាក្រក់ ទេវតាទាំងឡាយ មិនសប្បាយចិត្តឡេីយ ។ បទថា អមច្ចា បារិសជ្ជា បានដល់ បារិចារិកទេវតា (ទេវតាទទួលប្រេី) ។ បទថា ឥមំ លេាកំ អនុវិចរន្តិ សេចក្តីថា បានឮថាក្នុងថ្ងៃ ៨ សេ្តចសក្កទេវរាជ ទ្រង់បញ្ញាស្តេចមហារាជទាំង ៤ ថាលេាកទាំងឡាយ ថ្ងៃនេះ ជាថ្ងៃ ៨ លេាកទាំងឡាយចូរត្រាច់ទៅកាន់មនុស្សលេាក ហេីយកត់យកឈ្មេាះ និងគេាត្ររបស់មនុស្សដែលធ្វេីបុណ្យមក ។ ស្តេចមហារាជទាំង ៤ នេាះ ក៏ត្រឡប់ទៅបពា្ជាបរិវារបស់ខ្លួនថា ទៅចុះលេាកទាំងឡាយ លេាកចូរត្រាច់ទៅកាន់មនុស្សលេាក សរសេរឈ្មេាះ និងគេាត្រ និងរបស់មនុស្សដែលធ្វេីបុណ្យចុះក្នុងផែនមាសហេីយនាំមកចុះ ។ បរិវារទាំងនេាះធ្វេីតាមពាក្យបព្ជាានេាះ ដេាយហេតុនេាះ ទេីបព្រះមានព្រះភាគត្រាស់ថា ឥមំ លេាកំ អនុវិចរន្តិ ដូច្នេះ ។ បទថា កិច្ចិ ពហូ ជាដេីម ព្រះមានព្រះភាគត្រាស់ទុកដេីម្បីសម្តែងអាការត្រួតត្រាមេីលរបស់ទេវតាទាំងនេាះ ។ ពិតមែន ទេវតាទាំងឡាយត្រាច់ទៅត្រួតត្រាមេីល ដេាយអាការដូចពេាលមកនេះ ។ តេីអ្នកចង់ឲ្យទេវតាកត់ឈ្មេាះអ្នកចូលបព្ជាីក្រាំងមាស ឬចង់ឲ្យស្តេចយមរាជកត់ឈ្មេាះអ្នកចូលបព្ជាីខ្មៅ? ៚អត្ថបទស្រង់ចាកពីសៀវភៅ»សីលមយៈ ……………..ព្រះពុទ្ធដីកា បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។ ដោយ៥០០០ឆ្នាំ
images/articles/3173/_____________________________________________.jpg
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៣,៣០៦ ដង)
​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដី​ចំរើន​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីព្រមព្រៀង​របស់​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ព្រមព្រៀង​គ្នា​ហើយ​ ​ការ​ឈ្លោះប្រកែក​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​ប្រទេចផ្ដាសា​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​បោកបោះ​ពាក្យសំដី​ដល់គ្នា​នឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​លះបង់​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ជន​ទាំងឡាយ​ ​ដែល​មិន​ជ្រះថ្លា​ក្នុង​សង្ឃ​នោះ​ ​ក៏​រមែង​ជ្រះថ្លា​ ​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ក៏​រឹងរឹតតែ​ជ្រះថ្លា​ឡើង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​​សេចក្ដីព្រមព្រៀង​នៃ​សង្ឃ​ ​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​ ​ការ​អនុគ្រោះ​បុគ្គល​ទាំងឡាយ​ ​ដែល​មាន​សេចក្ដីព្រមព្រៀង​គ្នា​ ​(​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​)​ ​បុគ្គល​ត្រេកអរ​ ​ក្នុង​ជន​ដែល​ព្រមព្រៀង​គ្នា​ ​តាំងនៅ​ក្នុង​ធម៌​ ​រមែង​មិន​សាបសូន្យ​ ​ចាក​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ ​បុគ្គល​ធ្វើ​សង្ឃ​ ​ឲ្យ​ព្រមព្រៀង​គ្នា​ ​រមែង​រីករាយ​ ​ក្នុង​ឋានសួគ៌​ ​អស់​ ​១​ ​កប្ប​។​ ​ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៩​។ បិដក ភាគ ៥៣ - ទំព័រទី ១៧ ដោយ៥០០០ឆ្នាំ
images/articles/3174/_________________________________.jpg
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៣,០៩១ ដង)
ការបដិបត្តិដើម្បីប្រយោជន៍សុខដល់ជនច្រើននៅពេលចេញព្រះវស្សាទី ១ របស់ព្រះដ៏មានព្រះភាគ ក្នុងកាលណោះ ព្រះអង្គទ្រង់ត្រាស់ទៅកាន់ព្រះអរហន្ត ៦០ អង្គ ដែលមានសេចក្តីទាំងស្រុង ក្នុងវិន័យបិដកលេខ ៦ ទំព័រ ៦៦ ដូចតទៅ៖ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយអំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សោតក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបីរបស់ទេវតាក្តី ទោះបីរបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុកនិងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះសត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ ទេវតានិងមនុស្សទាំងឡាយ អ្នកទាំងឡាយកុំទៅពីរនាក់តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្តែងធម៌ ឲ្យពីរោះបទដើមបទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកក៏មាន សត្វទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបម្រុង ត្រាស់ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគតក៏នឹងចូលទៅកាន់សេនានិគម ក្នុងឧរុវេលា-ប្រទេស ដើម្បីសម្តែងធម៌។ ក្នុងបិដកលេខ ២៩ ទំព័រ ២៨៧ ទុតិយបាសសូត្រ មានសេចក្តីផ្តើមថា៖ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុង ពារាណសី ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះ ភាគទ្រង់ត្រាស់ដូចបានសរសេរហើយពីខាងដើម គឺទ្រង់ត្រាស់ឲ្យព្រះភិក្ខុនិមន្តទៅសម្តែងព្រះធម៌ តាមផ្លូវមួយតែ មួយអង្គ កុំទៅពីរអង្គតាមផ្លូវមួយជាមួយគ្នាឡើយ។ ក្នុងបិដកលេខ ៤៣ ទំព័រ ១៣ សុគតសូត្រ មានសេចក្តីទាំងស្រុងដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោក ការនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគតដូចមេ្តច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយ វិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណរក បុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគត ដូចម្តេច ។ ព្រះសុគតនោះ ទ្រង់សម្តែងធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគត ក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ ការនោះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តី វិនាសសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ »ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនខុស ដោយបទនិងព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទនិង ព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ រមែងយល់សេចក្តីបានដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជា មនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យ ប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសសាបសូន្យនៃ ព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយទៀតភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺ និកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រ ដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះក៏ដាច់មូលលែងប្រតិស្ឋាននៅ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការ ប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិន ទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំនៃជនដែលកើតខាងក្រោយគឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជា ថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធាន ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិន ទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែល ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាប សូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យ នៃព្រះសទ្ធម្ម។ ៚ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។ »ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនត្រូវ ដោយបទនិងព្យញ្ជនៈដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់ សេចក្តីបានងាយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យ វិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យ ជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលនូវពាក្យរប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំ នូវមាតិកា ភិក្ខុទាំងនោះ ញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រដោយគោរព លុះអំណើះទៅមុខព្រះសូត្ររបស់ភិក្ខុ ទាំងនោះមិនបានដាច់ឫស តាំងនៅតៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈមិន ប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធុរបន្ថយ ដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធាន ក្នុងវិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើត ខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះឯង ជាអ្នកមិន ប្រតិបត្តិឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុង វិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ម្នាលភិក្ខុទាំង ឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ក្នុងបិដកលេខ ១៦ ទំព័រ ២៥៣ នៅក្នុង មហាបរិនិព្វានសូត្រ ព្រះអង្គទ្រង់ណែនាំឲ្យរៀនសូត្រ និងបដិបត្តិ ដើម្បីឲ្យសាសនព្រហ្មចរិយៈឋិតនៅអស់កាលយូរ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ពពួកជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក មានសេចក្តីដូចតទៅ៖ គ្រានោះ ព្រះមានព្រះភាគទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលយូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់ សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយ ប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីបៀតបៀនដោយប្រពៃហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំង ឡាយណាដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយ ប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ តើដូច​​ម្តេច ។ អ្វីខ្លះ ។ គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ ប្រកបដោយអង្គ ៨។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បី តម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស ទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណាដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ។ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់ តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយមានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាននឹងមានដល់តថាគតមិនយូរឡើយ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគតជាសាស្តាលុះទ្រង់ មានព្រះបន្ទុលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះតទៅទៀតថា៖ ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តី ស្លាប់នៅពិខាងមុខ ។ ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះមាន កិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះតទៅទៀតថា៖ វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។ អប្បមត្តា សតីមន្តោ សុសីលា ហោថ ភិក្ខវោ សុសមាហិតសង្កប្បា សចិត្តមនុរក្ខថ។ យោ ឥមស្មឹ ធម្មវិនយេ អប្បមត្តោ វិហរិស្សតិ បហាយ ជាតិសំសារំ ទុក្ខស្សន្តំ ករិស្សតិ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្ត របស់ខ្លួន ឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះបង់នូវជាតិសំសារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខានឡើយ។ ក្នុងបិដកលេខ ១៨ ទំព័រ ២៥៨ នៅក្នុង បាសាទិកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពោធិបក្ខិយធម៌ទាំង ៣៧ ប្រការ ចែកជា ៧ ពួក មានពួកសតិប្បដ្ឋាន ៤ ជាដើម ថាគួររួបរួម ផ្ទៀងផ្ទាត់ នូវអត្ថ នូវព្យញ្ជនៈដោយ ព្យញ្ជនៈ ក្នុងធម៌នោះ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតថេរអស់កាលយូរ ដើម្បីប្រយោជន៍ដល់ជន ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក។ ក្នុងបិដកលេខ ៥៣ ទំព័រ ១៧ នៅក្នុង មោទសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសាមគ្គីរបស់សង្ឃ មានសេចក្តី ដូចតទៅ៖ សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ សមគ្គរតោ ធម្មដ្ឋោ យោគកេ្ខមា ន ធំសតិ សង្ឃំ សមគ្គំ កត្វាន កប្បំ សគ្គម្ហិ មោទតីតិ។ សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនៃសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា (ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប។ ក្នុងបិដកលេខ ២៦ ទំព័រ ៩៩ នៅក្នុង សាមគ្គាមសូត្រ ព្រះអង្គសម្តែងអំពីវិវាទមូល ៦ ប្រការ៖ ១. ច្រើនដោយក្រោធ និងការចងគំនុំ ២. ការរមិលគុណ និងការលើកខ្លួនវាយឫក ៣. ច្រណែន និងកំណាញ់ ៤. អំនួតអួតអាង និងមាយាលាក់ពុត ៥. ការប្រាថ្នាអាក្រក់ និងការយល់ខុស ៦. ការស្ទាបអង្អែលនូវសីលព្វ័ត ហើយមានការប្រកាន់តាមទិដ្ឋិរបស់ខ្លួន និងការប្រកាន់មាំ លះបង់បានដោយ កម្រ។ ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖ ម្នាលអានន្ទ ភិក្ខុណា ជាអ្នកច្រើនដោយក្រោធ និងការចងគំនុំ ( ៥ ប្រការទៀតក៏ដូចគ្នា ) ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែងចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែងចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែងចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញក្នុងសិក្ខាផង ។ … ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទតែងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ជាបន្តទៅព្រះអង្គទ្រង់ឲ្យលះបង់នូវវិវាទមូលទាំង ៦ ប្រការនោះ។ ក្នុងវិនយបិដក លេខ ១០ ទំព័រ ៦១ នៅក្នុង សមថក្ខន្ធកៈ អំពីមូលនៃវិវាទាធិករណ៍ ព្រះអង្គទ្រង់ត្រាស់សម្តែង មូលនៃវិវាទ ៦ ប្រការដូចគ្នាដែរ។ មូលនៃវិវាទ ៦ ប្រការ មានក្នុងបិដកលេខ ១៩ ទំព័រ ១៩៨ នៅក្នុងសង្គិតិសូត្រ ពួក ៦ និងនៅក្នុងបិដកលេខ ៤៦ ទំព័រ ១១១ វិវាទមូលសូត្រ។ ក្នុងវិនយបិដក​លេខ ១៣ ទំព័រ ២០៤ មហាសង្គាម មានសម្តែងអំពីភិក្ខុជាវិន័យធរពួកខ្លះក្នុងសាសនានេះ លំអៀងដោយអគតិ ៤ យ៉ាង ហើយពោលក្នុងវត្ថុ ១៨ ប្រការ គឺសម្តែងសភាវៈមិនមែនធម៌ ថាជាធម៌ សម្តែងនូវ ធម៌ថាមិនមែនជាធម៌ សម្តែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សម្តែងនូវវិន័យថាមិនមែនជាវិន័យជាដើម។ ការសម្តែងវត្ថុ ១៨ ប្រការ ដោយអគតិ ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជា សុខដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចម្រើនដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ភិក្ខុជាវិន័យធរ កាលបើលុះក្នុងអគតិ មានឆន្ទាគតិជាដើម ដោយវត្ថុទាំង ១៨ ប្រការ ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង។ ក្នុងបិដកលេខ ៤៤ ទំព័រ ២៣៨ នៅក្នុង ថេរសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអ្នកដឹកនាំមានមិច្ឆាទិដ្ឋិ គឺយល់ ខុសអំពីសេចក្តីពិតជាដើមដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ មិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនបានជាប្រយោជន៍ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំង ឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារ ច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។ល។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ តែ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ដ៏វិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតម្កល់នៅក្នុងអសទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនោះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះ ថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នកមានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវ ទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ-ភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំ លែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះ ថា ប្រតិបត្តិ ដើម្បីមិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជាប្រយោជន៍ដល់ជនច្រើន មិន ជាគុណទេ ជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកប្រតិបត្តិដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ដល់ជន ច្រើន ដើម្បីគុណនិងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខជាថេរៈដឹង រាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ ជាអ្នក សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮ ហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។បេ។ ចាក់ធ្លុះដោយប្រាជ្ញា ១ ជាសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតម្កល់នៅក្នុងព្រះសទ្ធម្ម ពួកភិក្ខុដទៃដល់នូវទិដ្ឋានុគតិ របស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ ច្រើន មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះ ជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ់ាងនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខដល់ទេវតា និង មនុស្សទាំងឡាយ។ (អត្ថបទ៖ សិក្សាព្រះធម៌) ………………… ធម៌ ស្រដៀងនឹងព្រះសទ្ធម្ម គឺ សទ្ធម្មប្បដិរូប។ ព្រះបរិយត្តិសទ្ធម្ម បានដល់ បាលីនៃពុទ្ធវចនៈ និង អដ្ឋកថា ។ កាលស្តាប់ពាក្យខុសហើយ ផលក៏ខុសដែរ នឹងនាំអោយអន្តរាយដល់ការត្រាស់ដឹង។ ពុទ្ធបរិសទ្ធ គប្បីសំគាល់ នូវព្រះពុទ្ធវចនៈ ដែលព្រះអង្គសំដែងហើយ ដោយល្អថា គួររៀន គួរទន្ទេញ គួរចងចាំ ហើយបដិបត្តិតាម ព្រះធម៌យូរៗ ទើបមានម្តង។ …………………ព្រះពុទ្ធដីកា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហេីយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលេាកុត្តរៈ ប្រកបដេាយសភាពដ៏សូន្យ ព្រះសូត្រទាំងនេាះ កាលបុគ្គលពេាល យេីងនឹងប្រុងស្តាប់ ដាក់ចុះនូវសេាតៈ យកចិត្តទុកដាក់ដេីម្បីដឹង និងសម្គាល់នូវធម៌ទាំងនេាះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ២,៧៨៦ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖ ១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។ ២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។ ៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។ ៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។ ៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។ ៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។ ៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។ ៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។ ៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។ ១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា ១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។ ១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។ ១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។ ១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។ ១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។ ១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។ ១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។ ១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។ ១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។ ២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។ ២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។ ២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។ ២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត ២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។ ២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត ២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។ ២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។ ២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។ ២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។ ៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌) ដោយ៥០០០ឆ្នាំ
images/articles/3176/retg54terwe43w333.jpg
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៦,២៤២ ដង)
ធុតង្គ ១៣ ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់​កំចាត់​បង់​នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់​បង់នូវធម៌​ជា​សត្រូវ ។ បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែ​រក្សា​សីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកប​ដោយ​មហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ច​ប្រតិបត្តិមួយ​នាំ​មក​នូវសេចក្តី​ចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះ​កិលេស​​​​យ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាង​ឆាប់​រហ័ស​ផង ហើយជាកិច្ច​មួយដើម្បីរក្សាទុកនូវ​វត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មាន​ព្រះពុទ្ធ​ជាដើមផង។ » ធុតង្គ មាន១៣យ៉ាងគឺ៖ ១.បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់​នូវចីវរដែលដល់នូវភាព​គួរខ្ពើម​ដូច​អាចម៍ដី ជាប្រក្រតី។ ២.តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមាន​ចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។ ៣.បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយា​ត្រាច់ទៅដើម្បី​បិណ្ឌបាត​ជា​វត្ត។ ៤.សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀង​តាម​លំដាប់​នៃផ្ទះ ជាប្រក្រតី គឺ​មិន​រំលងទៅ​ផ្ទះដទៃ។ ៥.ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជា​ប្រក្រតី គឺ​ឆាន់​ក្នុង​កន្លែង​តែមួយ​រហូត​ដល់ឆាន់រួច​រាល់។ ៦.បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។ ៧.ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាម​នូវ​ភោជន​រួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើ​ចាប់​ផ្តើម​ឆាន់​ហើយ គឺ​មិន​​ទទួល​ចង្ហាន់​ដែល​នាំ​មកតាម​ក្រោយឡើយ។ ៨.អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។ ៩.រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់​ឈើ​ជាប្រក្រតី។ ១០.អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុង​ទី​វាលស្រឡះ​ ជា​ប្រក្រតី។ ១១.សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។ ១២.យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុ​សំដែង​ឲ្យជា​ដំបូងដដែល មិនរើរុះ ជាប្រក្រតី។ ១៣.នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយ​ឥរិយាបថ​អង្គុយ ជាប្រក្រតី។ » ធុតង្គលក្ខណាទិ ១.ធុតង្គ ១៣នេះ មានចេតនាសម្រាប់សមាទាន ជាលក្ខណៈ។ ២.មានកិរិយាកំចាត់បង់នូវ​ភាពដែលល្មោភលើសលន់ជាកិច្ច។ ៣.អាចនឹងបង្ហាញផលឲ្យឃើញប្រាកដឡើងជាភាពដែលមិនល្មោភ មានអប្បិច្ឆតាធម៌ និងអរិយធម៌ មានសីលដែលបរិសុទ្ធជាដើម ជាហេតុជួយបណ្តុះបណ្តាល​ឲ្យ​កើត​ឡើង។ » វិធីសមាទានធុតង្គ ព្រះយោគាវចរកុលបុត្រអង្គណា ដែលត្រូវការនឹងសមាទានធុតង្គទាំង ១៣ ណាមួយ កាល​​បើព្រះមានព្រះភាគគង់នៅឡើយ ត្រូវសមាទានក្នុងសំណាក់ព្រះអង្គ។ អំណឹះអំពី​ព្រះអង្គទៅ ត្រូវសមាទានក្នុងសំណាក់​មហាសាវក អំណឹះអំពីមហាសាវកទៅ ព្រះខីណាស្រព​ដ៏សេស ព្រះអនាគាមិ ព្រះសកគាមិ ព្រះសោតាបន្ន លោកអ្នក​ទ្រទ្រង់​នូវ​បិដក​ទាំង ៣ ទ្រទ្រង់នូវបិដក ២ នូវបិដក ១ លោកអ្នកទ្រទ្រង់នូវសង្គីតិ ព្រះអដ្ឋកថាចារ្យ​រៀង​​ចុះ​មកជាលំដាប់ អំណឹះអំពីលោកទាំងនោះទៅទៀត ត្រូវសមាទានក្នុង​សំណាក់​លោក​អ្នក​ទ្រទ្រង់នូវធុតង្គមុនៗមក បើមិនមានលោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមកទេ ត្រូវ​បោស​សំអាតនូវលានព្រះចេតិយឲ្យស្អាត ហើយក្រាបថ្វាយបង្គំដោយគោរព ឲ្យដូច​ជា​កាល​ដែលព្រះសម្ពុទ្ធទ្រង់គង់នៅ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលីឡើង តាំង​សមាទាន​​ក្នុងទីនោះចុះ ពុំនោះនឹងសមាទានដោយខ្លួនឯងក៏បាន។ (ប្រភពព្រះពុទ្ធសាសនាឈូកក្រហម) …………………………………….…. រឿងភិក្ខុធុតង្គ ៧ អង្គ (ចាក ទា. ខុ.) (អ្នកបួសក្នុងពុទ្ធសាសនា ត្រូវបានអរហត្តផលជាដាច់ខាតក្នុងជាតិណាមួយ) ក្នុងសាសនាព្រះពុទ្ធកស្សបៈ កំពុងរៀវរោយ មានភិក្ខុ ៧ អង្គ បានឃើញអាការៈប្លែកសាមណេរដទៃក៏មានចិត្តសង្វេគ គិតគ្នាថា " បើពុទ្ធសាសនា មិនទាន់អន្តរាយទៅទេ យើងទាំងឡាយនឹងធ្វើនូវទីពឹងដល់ខ្លួនឲ្យបាន " គិតគ្នាយ៉ាងនេះហើយ នាំគ្នាថ្វាយបង្គំ សុវណ្ណចេតិយដែលបញ្ចុះព្រះសីរិកធាតុ ចូលទៅធុតង្គក្នុងព្រៃ បានឃើញភ្នំមួយ ក៏និយាយគ្នាថា " លោកអង្គណានៅស្ដាយជីវិតគួរ ត្រលប់ទៅវិញចុះ បើអង្គណាមិនស្ដាយជីវិតទេ ចូរឡើងទៅលើភ្នំនេះជាមួយគ្នា" ។ ពេលនោះគ្មានលោកអង្គណាមួយប្រកែក ក៏នាំគ្នាចងបង្អោងឡើងទៅលើកំពូលភ្នំដ៏ខ្ពស់នោះ លុះឡើងដល់ហើយក៏ច្រានបង្អោងចេញ នាំគ្នាធ្វើសមណធម៌ក្នុងទីនោះ ទាំងអស់គ្នា។ បណ្ដេាភិក្ខុទាំង ៧ អង្គនោះ មានភិក្ខុមួយអង្គជាសង្ឃត្ថេរ បានសម្រេចព្រះអរហត្ត ។ ក្នុងយប់ទី ១ នោះលោកហោះទៅ លុបលាងព្រះភក្ត្រក្នុងស្រះអនោគត្ត ហើយទៅបិណ្ឌបាតក្នុងឧត្តរកុរុទ្វីប យកមកប្រាប់ភិក្ខុទាំង ៦ អង្គថា អាវុសោទាំងឡាយ លោកនាំគ្នាឆាន់ចង្ហាន់នេះចុះ។ ភិក្ខុទាំងឡាយទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន យើងទាំងឡាយ បានប្ដេជ្ញាថា បើបានសម្រេច គុណវិសេស ដូចលោកម្ចាស់ ទើបទៅរកចង្ហាន់ឆាន់ដោយខ្លួនឯង យើងទាំងឡាយមិនឆាន់ចង្ហាន់ ដោយសារអ្នកដទៃឡើយ សូមលោកម្ចាស់ឆាន់តាមសប្បាយចុះ។ ក្នុងថ្ងៃទី ២ ព្រះថេរៈបន្ទាប់បានសម្រេចអនាគាមិផល លោកទៅបិណ្ឌបាត្រ យកមកឲ្យភិក្ខុទាំងឡាយឆាន់ទៀត។ ភិក្ខុទាំងនោះ ប្រកែកដូចមុន សុខចិត្តស្លាប់ បើមិនបានសម្រេចគុណវិសេសណាមួយ។ ថ្ងៃបន្ទាប់មក ភិក្ខុដែលបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។ ឯភិក្ខុដែលបានសម្រេចអនាគាមិផលលោកធ្វើមរណកាល ទៅកើតក្នុងព្រហ្មលោក។ នៅសល់ភិក្ខុ ៥ អង្គមិនបានសម្រេចគុណវិសេសអ្វីឡើយ ដល់ថ្ងៃទី ៧ មានកាយស្គាំងស្គមស្លេកស្លាំង ព្រោះអត់អាហារ ក៏ធ្វើមរណកាលទៅកើតក្នុងទេវលោកទាំង ៥ អង្គទៅ។ លុះដល់មកពុទ្ធកាលនេះ ទើបច្យុតចាកទេវលោកមកកើតក្នុងត្រកូលផ្សេង ៗ គ្នា គឺ ទេវបុត្រ ១ អង្គបានមកកើតជាព្រះរាជា ព្រះនាមកក្កុសាតិ ១ អង្គទៀតមកកើតជាកុមារកស្សបៈ ១ អង្គទៀតមកកើតជាទារុចីរិយៈ ១ អង្គទៀតមកកើតជាទព្វមល្លបុត្រ ១ អង្គទៀតមកកើតជាសកិយបរិព្វាជក សុទ្ធតែបានសម្រេចព្រះអរហត្តគ្រប់ទាំង ៥ អង្គ៕ ដោយ៥០០០ឆ្នាំ
images/articles/3178/_________________________________.jpg
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ២,៧៣៤ ដង)
កូនមាសឪពុក! ក្នុងផែនពសុធានេះ ទាំងពីដើមរហូតមក គ្រប់យ៉ាងជា របស់គូគ្នា មានងងឹតមានភ្លឺ មានល្អមានអាក្រក់ ប្រសិនបើឱ្យរើសចំពោះរបស់ ដែលខ្លួនឯងពេញចិត្តហើយគ្រប់គ្នា រមែងប្រាថ្នា តែរបស់ដែលល្អ តែតាមពិតសេចក្ដី ប្រាថ្នានោះ គឺទាល់តែមានការប្រព្រឹត្ត ឱ្យបានល្អត្រឹមត្រូវ ទើបអាចសម្រេចទៅបាន។ ការដើរផ្លូវ ពោលគឺការប្រព្រឹត្ត ដើម្បីឱ្យបាន ទៅដល់សេចក្ដីល្អ សមតាមបំណង ប្រាថ្នាគឺ «ការស្រឡាញ់ អ្នកដទៃ» ជាការស្រឡាញ់ ដោយសេចក្ដីរាប់អាន ស្រឡាញ់ ដោយមេត្តា ព្រោះថា ការស្រឡាញ់ អ្នកដទៃបែបនេះ អាចដោះស្រាយនូវបញ្ហាបាន ដោយចំពោះ គឺបញ្ហាបៀតបៀន ធើ្វឱ្យលោកនេះមានតែសុខ សន្តិភាព «មេត្តាជាធម៌ សាងលោក និងទ្រទ្រង់លោក»។ ការស្រឡាញ់ អ្នកដទៃ ដោយធម៌មេត្តា នឹងកើតឡើងបាន ឪពុកសូមប្រាប់ដល់កូនដូចតទៅ៖ ១-សូមឱ្យកូនសម្លឹង មើលអ្នកដទៃ ថាជាមិត្តរួមកើត រួមចាស់ រួមស្លាប់ ជាមួយគ្នាទាំងអស់ មិនថាអតីត អនាគត ឬបច្ចុប្បន្នឡើយ។ ២-សម្លឹង មើលផ្នែកល្អនៃសត្វលោក និងសម្លឹង មើលបំណង ប្រាថ្នានៃសត្វលោក ដែលចង់បានសេចក្ដីសុខ ដូចៗគ្នា ព្រមទាំង សម្លឹងមើលសង្ខារលោក តាមសេចក្ដីពិតផង។ ៣-មានសេចក្ដី សន្ដោស គឺមានការពេញចិត្ត តាមមានតាមបាន ជាភូមិឋាន ក្នុងជីវិត មានបានយ៉ាងណា ក៏ព្រមល្មម យ៉ាងនោះ មិនប្រកាន់ស្អិត ព្រោះឃើញ ដល់ហេតុដែលសមគួរ ជាមួយផល សូមឱ្យកូនគិតថា «មានក៏ល្អ មិនមានក៏បាន»។ ពេញចិត្ត ចំពោះរបស់ដែល សមគួរ គឺរបស់ដែល បានមក ដោយសុចរិត ចិញ្ចឹមជីវិតដោយទ្រព្យ ត្រជាក់ត្រជំ។ ៤-មានការតាំងចិត្តមាំ ឃើញទោស នៃសេចក្ដីខ្ជិល ឃើញគុណ ប្រយោជន៍នៃសេចក្ដីព្យាយាម កាលបាន ជួបនូវ របស់ដែលមិនជាទីប្រាថ្នា ត្រូវកូនធើ្វទុកក្នុងចិត្តថា លាភ យស សុខទុក្ខ សរសើរនិន្ទា អត់លាភ អត់យស ជាច្បាប់ ធម្មតារបស់ជីវិត បើក្ដៅខ្លាំងកូនត្រូវពាក់មួក ឬបាំងឆត្រ កូនមិនត្រូវ ខឹងប្រទូស្ដ នឹងក្ដៅឡើយ។ ចំណូចទី១ និងទី២ ជាហេតុជិតនៃចិត្តមេត្តា ចំណុចទី៣ សេចក្ដីសន្ដោស រារាំង លោភៈ ព្រោះបើលោភៈច្រើននាំឱ្យខូចការរាប់អាន រហូតនាំចូលទៅរកការបៀតបៀន ទៀតផង ចំណុចទី៤ គឺព្យាយាមជាគូ នឹងសន្ដោស ញ៉ាំងជីវិតឱ្យមានស្ថេរភាព ជាប្រយោជន៍ដល់ការ រក្សានូវ គុណធម៌ ម្យ៉ាងទៀត ការមិនញាប់ញ័រ នឹងលោកធម៌ មិនទាស់ចិត្តជាមួយនឹង របស់ធម្មតា ឈ្មោះថា មានធម៌ ជាទីពឹង បុគ្គលមានធម៌ជាទីពឹង រមែងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ។ ចូរកូនចាំទុកថា៖ ខឹងក្រោធនឹងអ្នកដទៃ គឺលុតជង្គង់អង្វរសូមសេចក្ដីសុខពីអ្នកដទៃ ឯការស្រឡាញ់ រាប់អានអ្នកដទៃ ជាការចែកនូវសេចក្ដីសុខ ដែលខ្លួនមាន យ៉ាងសម្បូណ៌ឱ្យដល់ អ្នកដទៃ។ បើកូនចេះស្រឡាញ់ រាប់អាន អ្នកដទៃប្រកបដោយធម៌មេត្តា ហើយកូននឹង បាននូវសេចក្ដីល្អ សមតាមបំណងប្រាថ្នា បីដូចកូនមាសឪពុក មានទេវតា តាមថែរក្សា អីចឹងឯង។ *មេត្តាប្រែថា៖ ការរាប់អាន រកអ្នកដែលបានរួមកើតស្លាប់ គ្រប់គ្នា ប្រាថ្នា សុខឆាប់ៗ ប្រញាប់ចង់រួចពីទុក្ខា។ សត្វលោកស្រឡាញ់ ខ្លួនឯងណាស់ កិលេសសែនក្រាស់ គ្រប់អាត្មា ព្រះឱ្យយកខ្លួនជាឧបមា សត្វក្នុងលោកាប្រាថ្នាសុខ។ អធ្យាស្រ័យសត្វមិនដូចគ្នា ចាត់ចែងការងារតាមភូមិស្រុក ប៉ុន្តែសត្វលោក ប្រឹងសម្រុក ធើ្វការ យកសុខដូចតែគ្នា។ កាលណាបានយល់ ដូច្នេះហើយ ចម្លើយដ៏ល្អគឺភាវនា ចម្រើនមេត្តាច្រូចគង្គា ព្រួយពិសក្លាយជាបុប្ផាស្រស់ ។ អត្ថបទ៖ (កូនមាសឪពុក) ដោយ៥០០០ឆ្នាំ
images/articles/3179/_________________________________.jpg
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៤,២៧៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​មិគារមាតុប្រាសាទ ក្នុង​បុព្វារាម ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម ទ្រង់គង់​ក្នុង​ឧបោសថ​ថ្ងៃនោះ។ លុះ​វេលារាត្រី​អស់ហើយ បឋមយាម​កន្លងទៅ​ហើយ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏មានព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ បឋមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ កាលដែល​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំ​ទូល​យ៉ាងនេះហើយ ព្រះ​ដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើ​វេលារាត្រី​អស់ហើយ មជ្ឈិមយាម ​កន្លង​ទៅហើយ ព្រះអានន្ទ​ដ៏​មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើក​អញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏​មានព្រះភាគ ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជា​គំរប់​ពីរដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ មជ្ឈិមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈ​ជាគំរប់​ពីរដង។ កាលបើ​វេលារាត្រី​អស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រី​ប្រាកដ​ដូចជា​មាន​មុខស្រស់ (បំព្រង) ក្នុងពេលដែល​អរុណរះ​ឡើង ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោកចាក​អាសនៈ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង លើកអញ្ជលីប្រណម្យ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជាគំរប់​ ៣ដង​ទៀត​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាម​កន្លង​ទៅហើយ អរុណ​ក៏រះហើយ​ រាត្រី​ក៏ប្រាកដ​ដូចជា​មុខស្រស់​ហើយ ភិក្ខុសង្ឃ​​ក៏អង្គុយ​ចាំយូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ សូមព្រះដ៏មាន​ព្រះភាគ​ ទ្រង់សំដែង​បាតិមោក្ខ​ដល់ភិក្ខុ​ទាំង​ឡាយ​។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ មាន​បរិសទ្យ​មិន​បរិសុទ្ធទេ។ គ្រានោះ ព្រះ​មហាមោគ្គល្លាន​ដ៏មាន​អាយុ​ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅ​យកបុគ្គលណា​ហ្ន៎​ បាន​ជា​ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះ​មហាមោគ្គល្លានដ៏​មានអាយុ ស្ទង់មើល​ចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយ​ធ្វើទុកក្នុង​​ចិត្ត​ចំពោះភិក្ខុសង្ឃ​ទាំងអស់នោះ។ ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ បានឃើញ​បុគ្គលនោះ​ទ្រុស្តសីល មានធម៌លាមក មានមារយាទ​មិនស្អាត គួរឲ្យរង្កៀស មាន​អំពើអាក្រក់​បិទបាំង​ទុក មិនមែន​ជាសមណៈ ប្តេជ្ញាខ្លួនថាជា​សមណៈ ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ ប្តេជ្ញាខ្លួន​ថាជា​អ្នកប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយរាគៈ ក្រខ្វក់​ដូច​សម្រាម អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ លុះឃើញ​ហើយ ក៏​ក្រោកចាក​អាសនៈ ចូលទៅរក​បុគ្គលនោះ​ លុះចូល​ទៅជិត​ហើយ ក៏ពោល​ចំពោះទៅបុគ្គល​នោះ ដូច្នេះថា នែ​អាវុសោ អ្នកចូរក្រោក​ចេញ ដ្បិត​ព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុទាំងឡាយ​ហើយ។ កាលដែល​ព្រះមហាមោគ្គល្លាន ពោលយ៉ាង​នេះហើយ បុគ្គលនោះ​ក៏នៅ​ស្ងៀម។ ព្រះមហាមោគ្គល្លាន​​ដ៏មានអាយុ បាននិយាយ​​នឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នក​ច្បាស់​ហើយ អ្នកលែង​បាននៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​ហើយ។ បុគ្គលនោះ​ក៏​នៅ​ស្ងៀម អស់វារៈ​ពីរដងទៀត។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បាននិយាយ​នឹងបុគ្គល​នោះ ជាគំរប់បី​ដងទៀត​ដូច្នេះ​ថា នែ​អាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះដ៏មានព្រះ​ភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ទៀត​ហើយ។ បុគ្គល​នោះក៏​នៅស្ងៀម អស់វារៈជាគំរប់​បីដងទៀត។ ទើប​ព្រះមហា​មោគ្គលា្លន​ដ៏មាន​អាយុ ចាប់ដើមដៃ​បុគ្គលនោះ ទាញចេញ​ទៅ​​ខាងក្រៅ​ស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និង​រនុក​ទ្វារ រួចចូលទៅ​គាល់ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គ​បាន​បណ្តេញ​ឲ្យដើរ​ចេញហើយ ឥឡូវ​នេះ​ បរិសទ្យ​បរិសុទ្ធ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះអង្គ​ទ្រង់សំដែង​បាតិមោក្ខ ដល់ភិក្ខុ​ទាំងឡាយ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះ​ចំឡែក​ណាស់ មោឃបុរស​នោះ មិនសមបើ​នឹង​បង្អង់​ទាល់តែ​ចាប់ទាញដៃ​ចេញសោះ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បី​ធ្វើ​ឧបោសថ គប្បីសំដែង​បាតិមោក្ខចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែង​បាតិមោក្ខ ចាប់ដើម​តាំងអំពី​ថ្ងៃ​នេះតទៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះតថាគត គប្បីសំដែង​នូវបាតិមោក្ខ​ដល់បរិសទ្យ មិនបរិសុទ្ធ ដោយ​ហេតុ​ណា ហេតុនោះ​មិនមែន​ជាឋានៈ មិនមែន​ជាបច្ច័យ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ មានទំនាបទៅ​ដោយ​លំដាប់ មានទីជម្រាលទៅ​ដោយ​លំដាប់ មាន​ទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​តែម្តង ដូចជា​អណ្តូង​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទីជម្រាល​ទៅដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែនចោតជ្រៅ​ទៅតែម្តង ដូចជា​អណ្តូង ដោយហេតុ​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី១ ក្នុង​មហាសមុទ្រ​ ដែលពួក​អសុរ​ឃើញហើយៗ តែងរីករាយ​ក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យ​ខាងដើមដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត​ មហាសមុទ្រ ជាទីនៅអាស្រ័យ​​នៃពួកសត្វ​ធំ ៗ ជាច្រើន ពួក​សត្វធំៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​អត្តភាព ១០០ យោជន៍ខ្លះ។បេ។ មាន​អត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ​ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ​អស្ចារ្យ​ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យចំឡែក ៨ យ៉ាង​នេះឯង ដែលពួក​អសុរឃើញហើយ ៗ តែងរីករាយ​ក្នុងមហា​សមុទ្រ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុងធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ដែលមានទំនាប​ទៅដោយ​លំដាប់ មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅ​ទៅតែ​ម្តង ដូចជា​អណ្តូង យ៉ាង​ណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ ដោយ​លំដាប់ មានសេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយលំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មាន​សេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ដោយ​ហេតុណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​អស្ចារ្យ ចំឡែក​ ទី១ ក្នុង​ធម្មវិន័យនេះ ដែល​ពួកភិក្ខុ​ឃើញ​ហើយ ៗ​ តែង​រីករាយ​ក្នុងធម្មវិន័យ​នេះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យ​នៃពួក​សត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែល​មាន​អត្តភាព ១០០ ​យោជន៍​ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍​ខ្លះ ដែលនៅក្នុង​មហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំ ៗ ជាច្រើនពួក បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីធ្វើ​អោយជាក់ច្បាស់​នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ត ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ​ធម្មវិន័យ​នេះ ជាទីនៅអាស្រ័យនៃពួក​បុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈនៃ​ខ្លួន​ជា​អរហន្ត ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុអស្ចារ្យ​ចំឡែក ទី៨ ក្នុង​ធម្មវិន័យ​នេះ ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/3212/_________________________________.jpg
ផ្សាយ : ១៧ តុលា ឆ្នាំ២០២៣ (អាន: ៧,៣៦៣ ដង)
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។ ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន។ សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។ ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។ លោកិយបដិច្ចសមុប្បាទ១២ អត្ថន័យទូទៅ ពាក្យ​ក្នុង​ភាសា​បាលី​ថា បដិច្ចសមុប្បាទឬ ​នៅ​ក្នុង​ភាសា​សំស្ក្រឹត​ថា ប្រដីដ្យសមុដ្បាទ មាន​អត្ថន័យ​ថា ​ដើម​កំណើត​​នៃ​អ្វីមួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ឬ ការ​កើត​ឡើង​នៃ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ការ​កើត​ឡើង​នៃ​អ្វី​មួយ​ទៀត​ជាមុន ។ ន័យ​ម្យ៉ាង​ទៀត បដិច្ចសមុប្បាទ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា គ្មាន​វត្ថុ​អ្វី​មួយ (ទោះ​ជា​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​ជីវិត​ក្តី ឥត​ជីវិត​ក្តី) មាន​វត្តមាន​ដោយ​ឯកឯង ឬ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ បាន​ទេ ពោល​គឺ​ វត្ថុ​នោះ​​ត្រូវ​​ពឹង​ផ្អែក​លើ​វត្ថុ​កើត​មុន​វា​​ដើម្បី​ឲ្យ​វា​អាច​កើត​ឡើង​បាន ។ ចំណែក​វត្ថុ​ដែល​កើត​មុន​នោះ​ ក៏​ត្រូវ​ពឹង​លើ​វត្ថុ​ដែល​កើត​មុន​វា​មួយ​ទៀត​ដើម្បី​ឲ្យ​វត្ថុ​នោះ​កើត​ឡើង​បាន ។ ​យោង​តាម​ទ្រឹស្តី​ពុទ្ធសាសនា បដិច្ចសមុប្បាទ​ មាន​អត្ថន័យ​ពីរ​យ៉ាង​៖ ក្នុង​ន័យ​ទូទៅ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​សញ្ញាណ​​ដែល​ជា​ខ្លឹម​សំខាន់​នៅ​ក្នុង​ប្រពៃណី​ពុទ្ធសាសនា ពោល​គឺ វត្ថុ​គ្រប់​យ៉ាង​កើត​ឡើង​​ដោយ​ពឹង​ទៅ​លើ​មូលហេតុ និង លក្ខខណ្ឌ​ ដ៏​ច្រើន​សន្ធឹក។ ក្នុង​ន័យ​ជាក់​លាក់ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង​នៃ​គោលការណ៍​ទូទៅ​ខាង​លើ​នេះ ពោល​គឺ ភាព​ជាប់​ទាក់ទង​គ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃ​ដើម​កំណើត​នៃ​អ្វី​មួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ។ សញ្ញាណ​នៃ​បដិច្ចសមុប្បាទ (ទាំង​ន័យ​ទូទៅ និង ន័យ​ជាក់លាក) គឺ​ជា​មូលដ្ឋាន​សម្រាប់​យល់​សញ្ញាណ​គន្លឹះ​​ដទៃ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តី​អំពី​កម្ម និង ការ​បដិសន្ធិ​ជា​ថ្មី ការ​កើត​ឡើង​នៃ​ទុក្ខ និង លទ្ធភាព​នៃ​ការ​រំដោះ​ខ្លួន​​តាម​រយៈ​ការ​យល់​ដឹង​ថា​គ្មាន​ខ្លួន ឬ អនត្តា ។ គោលគំនិត​ទូទៅ​នៃ​បដិច្ចសមុប្បាទ (អ្វីៗ​គ្រប់យ៉ាង​សុទ្ធ​តែ​​ពឹង​ផ្អែក​លើ​អ្វីៗ​ដទៃ​ទៀត) គឺ​ជា​ផ្នែក​មួយ​សម្រាប់​បំពេញ​ឲ្យ​សញ្ញាណ (គំនិត) នៃ​ទ្រឹស្តី សុញ្ញតា (ភាព​ទទេ ឬ សូន្យ)។ ធម៌​សូត្រ អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តី​ប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។ ចតុរារិយសច្ច ឬ​ សេចក្តីពិត​ ៤ យ៉ាង ព្រះពុទ្ធ​ទ្រង់បាន​ត្រាស់សម្តែង​ទុក​ថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ​ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។ ព្រះពុទ្ធ​បាន​បង្រៀន អំពីសេចក្តីពិត ៤​ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។ ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ​ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។​ បើ​នៅ​​មាន​ជាតិ (កំណើត) នោះ​បញ្ចក្ខន្ធ (ឬ​ខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះ​ទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប​ ៤ និងទុក្ខព្រោះនាម ៨)។ទុក្ខ ​ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។ ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។ តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។ ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។ ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។ សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។ បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ច​សមុ​ប្បាទ​៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហា​គឺ​សេច​ក្តី​ប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។ កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។ ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
ផ្សាយ : ១៧ តុលា ឆ្នាំ២០២៣ (អាន: ៥,០៨៤ ដង)
វិត្ថតូបោសថសូត្រ ទី២ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។ ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។ ដោយ៥០០០ឆ្នាំ
images/articles/3215/_________________________________.jpg
ផ្សាយ : ១៧ តុលា ឆ្នាំ២០២៣ (អាន: ៣,១២៥ ដង)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរ មានដោយសុភាសិតចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថាពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិ អសុរិន្ទ បាននិយាយ នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយ នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។ [៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពាន ឡើង ហេតុនោះអ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បាន ពោលហើយ តែពួក ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯង ចូរ ពោលគាថាចុះ។ [៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះ ហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់ អ្នក នុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។ [៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ យ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិត បុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះបានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់បោលទៅ។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថាដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង សក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។ [៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍ អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ បុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថាបុគ្គលមានកំឡាំងថយ តែងអត់សង្កត់ ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅ កំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គល អ្នកមានកំឡាំងជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គល អ្នកខឹង សេចក្តីអាក្រក់ រមែង មានដល់អ្នកនោះឯង ព្រោះសេចក្តី ខឹងតបនោះ ឯបុគ្គល អ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គល ណាមានស្មារតី ដឹងថាបុគ្គលដទៃ ខឹងហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួក ទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។ [៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និង អសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទ ពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយ ការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តី ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែក គាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោល ហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុ នេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។ សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ (ព្រះត្រៃបិដក លេខ ៣០) ដោយ៥០០០ឆ្នាំ
images/articles/3220/______________________________.jpg
ផ្សាយ : ១៧ តុលា ឆ្នាំ២០២៣ (អាន: ៣,៥៩៦ ដង)
សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំង​ឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ​ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។ [១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។ [១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យ​និរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។ [១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិមាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ បាន។បេ។ ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។ [១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនវីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។ ចប់ វិវេកថា។ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ (ព្រះត្រៃបិដក ភាគទី៧១) ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.48
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿