30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៩,១៨៧
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១២៣,៣៧៤
សរុប ៣៨៩,២០៥,៨៥៨
ប្រជុំអត្ថបទ
images/articles/3034/PNG_image.png
គ្រប់រឿងសុទ្ធតែមានសច្ចរស
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤
អ្វីៗក្នុងលោកនេះ វាយ៉ាងដូច្នោះឯង ជាការពិតដោយបរមត្ថមានហេតុ មានផលត្រឹមត្រូវ អ្វីដែលត្រូវកើត រមែងកើត អ្វីដែលត្រូវរលត់ រមែងរលត់ គឺគ្រប់រឿងទាំងអស់ សុទ្ធតែមានការពិតឲ្យសុខចិត្ត កាលណាបើមានបញ្ញាចូលដល់ការពិតនោះៗ ប៉ុន្តែព្រោះមិនបានសិក្សាការពិត រវល់តែចង់បានអ្វីៗតាមតណ្ហា ទីបំផុតក៏បានជួបការខកចិត្ត ដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច ។ ក្នុងអរហន្តវគ្គ (វគ្គទី ៧ នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ។ បុគ្គលដែលមានស្មារតី រមែងខ្វល់ខ្វាយ (គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយ មានឈាននិងវិបស្សនាជាដើមហើយនឹកដល់ ពិចារណាដល់ ក្នុងការចូលសមាបត្តិនោះៗ) លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ (គឺមិនមានទីអាល័យហួងហែង) លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ ហើយហើរទៅ ដូច្នោះឯង។ សិក្សាព្រះសូត្រ ភាគទី ១១ ដោយ៥០០០ឆ្នាំ
images/articles/3035/PNG_image_3.png
បដិសម្ភិទា​មគ្គ​
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤
មាតិកា​ (បដិសម្ភិទា​មគ្គ​) បញ្ញា​ (ការ​ដឹង​ច្បាស់​) ក្នុង​ការ​ប្រុង​ត្រចៀក ឈ្មោះថា​ សុត​មយ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្តាប់​ហើយ​សង្រួម ឈ្មោះថា​ សីល​មយ​ញ្ញាណ បញ្ញា​ក្នុង​ការ​សង្រួម​ហើ​យតំ​កល់​ទុក ឈ្មោះថា សមាធិ​ភាវនា​មយ​ញ្ញាណ​ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា ធម្ម​ដ្ឋិ​តិញ្ញាណ​ បញ្ញា​ក្នុង​ការ​បំប្រួញ​នូវ​ពួក​ធម៌​ជា​អតីត អនាគត និង​បច្ចុប្បន្ន ហើយ​កំណត់ទុក​ ឈ្មោះថា សម្ម​សន​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​ ការប្រែប្រួល​នៃ​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ឈ្មោះថា ឧទយ​ព្វ​យានុ​បស្ស​នា​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​អារម្មណ៍​ថា បែកធ្លាយ​ ឈ្មោះថា វិបស្សនា​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ ឈ្មោះថា អាទីនវ​ញ្ញាណ​ បញ្ញា​គឺ​សេចក្តី​ប្រាថ្នា​ដើម្បី​រួច ឬការពិចារណា ឬការ​ព្រងើយកន្តើយ ឈ្មោះថា​ សង្ខារុបេក្ខា​ញ្ញាណ បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់​ចាក​សង្ខារ​និមិត្ត​ខាងក្រៅ​ ឈ្មោះថា គោ​ត្រ​ភុ​ញ្ញាណ បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់​ចាក​សភាវៈ​ទាំងពីរ​ ឈ្មោះថា មគ្គញ្ញាណ បញ្ញា​ដែល​សម្រាប់​រម្ងាប់​នូវ​ព្យាយាម ឈ្មោះថា ផលញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់​ ឈ្មោះថា វិមុត្តិ​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​ធម៌​ដែល​តាំង​ឡើង​ក្នុង​ខណៈ​មគ្គផល​នោះ​ ឈ្មោះថា បច្ចវេក្ខណញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​អាយតនៈ​ខាងក្នុង ឈ្មោះថា​ វត្ថុ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​អារម្មណ៍​ខាងក្រៅ ឈ្មោះថា​ គោចរ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ ការកំណត់​នូវ​ការ​ត្រាច់​ទៅ (នៃ​វិញ្ញាណ​) ឈ្មោះថា ចរិយា​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌​ ៤ ឈ្មោះថា ភូមិ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌ ៩ ឈ្មោះថា​ ធម្ម​នានត្ត​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​ដឹង​ដ៏​ប្រសើរ ឈ្មោះថា ញាត​ដ្ឋ​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​ដឹង​ជ្រួតជ្រាប​ ឈ្មោះថា តី​រណ​ដ្ឋ​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​លះ ឈ្មោះថា បរិច្ចាគ​ដ្ឋ​ញ្ញាណ បញ្ញា​ជា​គ្រឿង​អប់រំ​ ឈ្មោះថា ឯករស​ដ្ឋ​ញ្ញាណ បញ្ញា​ជា​គ្រឿង​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា ផស្ស​នដ្ឋ​ញ្ញាណ​ បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា អត្ថប្បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​ធម៌​ផ្សេង​ៗ ឈ្មោះថា​ ធម្មប្បដិ​សម្ភិទា​ញាណ បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា​ញាណ​ បញ្ញា​ក្នុង​បដិ​ភា​ណផ្សេង​ៗ ឈ្មោះថា បដិភាណប្បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​វិបស្សនា​វិ​ហារ​ផ្សេង​ៗ ឈ្មោះថា វិហារ​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ផល​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា សមា​បត្ត​ដ្ឋ​ញ្ញាណ​ បញ្ញា​ក្នុង​វិហារ​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា វិហារ​សមា​បត្ត​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្តាច់​បង់​នូវ​អាសវៈ​ព្រោះ​សេចក្តី​បរិសុទ្ធ​ ដោយ​សេចក្តី​មិន​រាយមាយ ឈ្មោះថា អា​នន្ត​រិក​សមាធិ​ញ្ញាណ បញ្ញា គឺ​ទស្សនា​ធិប​តេយ្យ​ផង ការបាន​នូវ​វិហារ​ដ៏​ស្ងប់​ផង​ សេចក្តី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម​ផង ឈ្មោះថា អរ​ណវិហារ​ញ្ញាណ បញ្ញា​ដែល​មាន​ភាព​ស្ទាត់ជំនាញ​ព្រោះ​ហេតុប្រ​កប​ដោយ​កម្លាំង​សមថៈ​ និង​វិបស្សនា​ទាំង ២ ផង ព្រោះ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំង ៣ ផង ព្រោះ​ញាណ​ចរិយា ១៦​ ផង ព្រោះ​សមាធិ​ចរិយា ៩ ផង ឈ្មោះថា និរោធ​សមាបត្តិ​ញ្ញាណ បញ្ញា​ក្នុង​ការ​បង្អស់​នូវ​ការប្រព្រឹត្តិ​ទៅ​ (នៃ​កិលេស និង​ខន្ធ​) របស់​បុគ្គល​អ្នកដឹងខ្លួន​ ឈ្មោះថា បរិនិព្វាន​ញ្ញាណ បញ្ញា​ដែល​មិន​ប្រាកដ​ក្នុង​ការ​ផ្តាច់ផ្តិល​ដោយ​ប្រពៃ នូវ​ធម៌​ទាំងពួង​ផង​ ក្នុង​ការ​រំលត់​ផង ឈ្មោះថា សម​សីស​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​រំលត់​នូវ​ភ្លើង​ដ៏​ក្រាស់ មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ ឈ្មោះថា សល្លេ​ខដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង​របស់​បុគ្គល​មានចិត្ត​មិន​រួញរា​ និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ឈ្មោះថា វីរិយារម្ភ​ញ្ញាណ បញ្ញា​គឺ​ការប្រកាស​នូវ​ធម៌​ផ្សេង​ៗ ឈ្មោះថា អត្ថ​សន្ទស្សន​ញ្ញាណ បញ្ញា​ក្នុង​ត្រាស់​ដឹង​នូវ​ការ​សង្រ្គោះ​ធម៌​ទាំងពួង​ឲ្យ​មានតែ​មួយ​ និង​កិលេស​មាន​ភាព​ផ្សេង​ៗ ទាំង​គុណធម៌​មាន​សភាព​តែមួយ ឈ្មោះថា ទស្សន​វិសុទ្ធិ​ញ្ញាណ បញ្ញា​ព្រោះ​ការ​ដឹង ឈ្មោះថា ខន្តិ​ញ្ញាណ បញ្ញា​ព្រោះ​ការ​ពាល់ត្រូវ​ ឈ្មោះថា បរិ​យោ​គា​ហន​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រមូល ឈ្មោះថា បទេស​វិហារ​ញ្ញាណ បញ្ញា​ព្រោះ​ភាពជា​អធិបតី​ ឈ្មោះថា សញ្ញា​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា ចេ​តោ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ការ​អធិដ្ឋាន​ ឈ្មោះថា ចិត្ត​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​សភាវៈ​សូន្យ ឈ្មោះថា ញាណ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ការ​លះបង់​ ឈ្មោះថា វិមោក្ខ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​សេចក្តី​ពិត ឈ្មោះថា សច្ច​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​ សម្រេច​ដោយអំណាច​នៃ​ការ​អធិដ្ឋាន​នូវ​សុខ​សញ្ញា និង​លហុ​សញ្ញា ព្រោះ​កំណត់​នូវ​កាយ និង​ចិត្ត​ថា​តែមួយ​ ឈ្មោះថា ឥទ្ធិ​វិធ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​សទ្ទ​និមិត្ត​មាន​ភាព​ផ្សេង​ៗ ទាំង​មាន​ភាព​តែមួយ ដោយអំណាច​នៃ​កិរិយា​ផ្សាយ​ទៅ​នៃ​វិតក្កៈ ឈ្មោះថា​ សោត​ធាតុ​វិសុទ្ធិ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ការ​ត្រាប់​ទៅ​នៃ​វិញ្ញាណ ដែល​មាន​សភាព​ផ្សេង​ៗ ទាំង​មាន​សភាព​តែមួយ ដោយអំណាច​នៃ​បសាទ​របស់​ឥន្រ្ទិយ​ទាំងឡាយ ព្រោះ​ផ្សាយ​ទៅ​នៃ​ចិត្ត​ទាំង​ ៣ ឈ្មោះថា ចេ​តោ​បរិ​យញ្ញា​ណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ពួក​ធម៌​ដែល​ប្រព្រឹត្តទៅ​បាន​ព្រោះ​បច្ច័យ​ ដោយអំណាច​នៃ​កិរិយា​ផ្សាយ​ទៅ​នៃ​កម្ម​ដែល​មាន​សភាព​ផ្សេង​ៗ គ្នា ទាំង​មាន​សភាព​តែមួយ​ ឈ្មោះថា បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ឃើញ​នូវ​រូប​និមិត្ត​មាន​សភា​វៈ​ផ្សេង​ៗ ទាំង​មាន​សភាព​តែមួយ ដោយអំណាច​នៃ​ពន្លឺ ឈ្មោះថា ទិព្វចក្ខុ​ញ្ញាណ បញ្ញា​ដែល​ស្ទាត់ជំនាញ​នៃ​ឥន្រ្ទិយ​ ៣ ដោយ​អាការ ៦៤ ឈ្មោះថា អា​សវ​ក្ខ​យញ្ញា​ណ បញ្ញា​ក្នុង​អត្ថ​ថា កំណត់​ដឹង ឈ្មោះថា​ ទុក្ខ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា លះ ឈ្មោះថា សមុទយ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ធ្វើឲ្យ​ជាក់ច្បាស់​ ឈ្មោះថា និរោធ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ចំរើន ឈ្មោះថា មគ្គញ្ញាណ ទុក្ខ​ញ្ញាណ​ ទុក្ខសមុទយ​ញ្ញាណ ទុក្ខនិរោធ​ញ្ញាណ ទុក្ខនិរោធ​គាមិនី​បដិបទា​ញាណ អត្ថប្បដិសម្ភិទា​ញាណ​ ធម្មប្បដិ​សម្ភិទា​ញាណ និរុត្តិប្បដិ​សម្ភិទា​ញាណ បដិភាណប្បដិសម្ភិទា​ញាណ​ ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ សត្តា​សយានុ​សយ​ញ្ញាណ យម​កប្បា​ដិ​ហិ​រញ្ញា​ណ មហាករុណា​សមាបត្តិ​ញ្ញាណ សព្វញ្ញុតញ្ញាណ អនាវ​រណ​ញ្ញាណ នេះ​ញាណ ៧៣ បណ្តា​ញាណ ៧៣ នេះ ញាណ​ ៦៧ ជា​សាធារណៈ​ដល់​ពួក​សាវ័ក ញាណ ៦ មិន​សាធារណៈ​ដល់​ពួក​សាវ័ក​ទេ។ ចប់​មាតិកា ។ ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ ព្រះត្រៃបិដកលេខ ៦៩ ) ដោយ៥០០០ឆ្នាំ
images/articles/3037/2021-05-10_08_03_03-buddha_thai_style_painting_jpg_-_Google_Search.jpg
តើអ្វីដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង?
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤
តើអ្វី ដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង មិនអាល័យអតីតកាល មិនមានកង្វល់ដល់រឿងអនាគត ? គឺយើងធ្វើបច្ចុប្បន្នឱ្យល្អ និងឱ្យសប្បាយទាំងយប់ទាំងថ្ងៃ ដូចព្រះនន្ទត្ថេរ ភ្លេចព្រះនាងជនបទកល្យាណី ព្រោះពេញព្រះហឫទ័យនឹងស្រីទេពអប្សរដូច្នោះឯង ទីបំផុតព្រះនន្ទត្ថេរ បានលះបង់តណ្ហាក្នុងលោក ព្រោះអាស្រ័យសំវរ ការសង្រួមឥន្ទ្រិយ ជាបដិបទាសម្រេចព្រះអរហត្ត បរិនិព្វាន ។ ចិត្តេន នីយតិ លោកោ ចិត្តតែងនាំសត្វលោកទៅ ។ មនុស្សយើងពូកែធ្វើអ្វីៗ ប្រណីត ៗ គ្រប់យ៉ាង ប៉ុន្តែ មិនអាចធ្វើចិត្តខ្លួនឯងឱ្យស្ងប់បាន ត្រូវចិត្តលោកិយនាំទៅភ្លើតភ្លើន ឬទុក្ខព្រួយ សោកសៅ មួម៉ៅ ក្ដៅក្រហាយ... ក្នុងរឿងនោះៗ ដែលរឿងទាំងអស់នោះ ត្រូវបានសាងឡើងដោយចិត្តខ្លួនឯង ៕៚ ខ្លឹមសារនៅក្នុង ចិត្តសូត្រទី ២ ( បិដក ២៩ ទំព័រ ១០២ ) ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១ ដោយ៥០០០ឆ្នាំ
images/articles/3038/2021-05-12_09_24_13-Beautiful_Thai_style_Sleeping_Buddha_Painting_art_Vintage_color_tone_-_Wallscafe.jpg
យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤
សព្វា ទិសា អនុបរិគម្ម ចេតសា នេវជ្ឈគា បិយតរមត្តនោ ក្វចិ ឯវំ បិយោ បុថុ អត្តា បរេសំ តស្មា ន ហឹសេ បរំ អត្តកាមាតិ ។ បុគ្គលមានចិត្តរំពឹងគិតសព្វទិស រមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយឡើយ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនោះឯង ។ ព្រោះហេតុនោះ អ្នកដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀននូវសត្វដទៃឡើយ ។ ជីវិតនេះ បើយើងមិនទាន់ប្រាកដក្នុងចិត្តថា រស់នៅដើម្បីអ្វីទេនោះ យើងគួរតែសម្រេចចិត្តជាដំបូងថា យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់ ហើយធ្វើអ្វីៗ ឱ្យបានល្អ ឱ្យជាប្រយោជន៍ដល់អ្នកទាំងអស់នោះ ។ លុះដល់ពេលបានជួបព្រះធម៌ ក្នុងមល្លិកាសូត្រ ជាដើម ទើបយើងមកពិចារណាថា ខ្លួនយើងគឺជាទីស្រឡាញ់ដ៏ក្រៃលែងនៃខ្លួនឯង ដូច្នេះ យើងគប្បីរស់នៅឱ្យបានល្អដើម្បីខ្លួនយើងផង និងដើម្បីអ្នកដែលយើងស្រឡាញ់ផង ទាំងអ្នកដែលស្រឡាញ់យើងផង ហើយមិនគប្បីបៀតបៀននូវគ្រប់ជីវិតដទៃទៀតផង ព្រោះអ្នកដទៃ ក៏មានការស្រឡាញ់ខ្លួនឯងខ្លាំងក្រៃលែងដែរ គប្បីមានខ្លួនឯងជាឧបមា ៕៚ ខ្លឹមសារនៅក្នុង មល្លិកាសូត្រទី ៨ ( បិដក ២៩ ទំព័រ ២០៧ ) ដោយ៥០០០ឆ្នាំ
images/articles/3211/____________________________________.jpg
លោកុត្តរ បដិច្ចសមុប្បាទ ១១ 
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤
សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ប្រៀនប្រដៅ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈ៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន​ ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ”។ សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន។ លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖ សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២) បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣) បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤) បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥) សុខៈ ជាបច្ច័យដល់ សមាធិ (៦) សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧) ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨) និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩) វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០) វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១)។ លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុលោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។ អ្វីនោះគឺ ការកើតឡើង នៃវេទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង។ អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។ វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។ វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។ និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់។ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត។ សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល។ សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់។ បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍។ បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ។ បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ។ ១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង?ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេចក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ: - កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ - វិបាកសទ្ធា ជឿផលនៃកម្ម - កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន - តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេចក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។ ២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។ ៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត។ បីតិមាន៥យ៉ាងគឺៈ - ខុទ្ទកាបីតិ សេចក្តីរំភើបកាយនិងចិត្ត តិចៗ - ខណិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយខណៈ - ឱកន្តិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយស្របក់ - ឧបេង្គាបីតិ សេចក្តីរំភើបកាយនិងចិត្ត ហាក់ដូចជាអណ្តែតខ្លួន - ផរណាបីតិ សេចក្តីរំភើបកាយនិងចិត្ត ច្រើនធំទូលាយ។ បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ។ ៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ - កាយបស្សទ្ធិ សេចក្តីស្ងប់កាយ ស្រួលកាយមិនលំបាក - ចិត្តបស្សទ្ធិ សេចក្តីស្ងប់ចិត្ត មិនរវើរវាយ។ បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន។ ៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ - កាយិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងកាយ - ចេតសិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងចិត្ត។ ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង។ ៦-សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ - កាមច្ឆន្ទៈ សេចក្តីផ្គងចិត្តចុះ ក្នុងកិលេសកាម និងវត្ថុកាម - ព្យាបាទៈ គំគួនអាឃាត ចំពោះអារម្មណ៍ដែលខ្លួនស្អប់ - ថីនមិទ្ធៈ សេចក្តីធុញទ្រាន់ ច្រអូសកាយ ច្រអូសចិត្ត - ឧទ្ធច្ចកុក្កច្ចៈ សេចក្តីអន្ទះអន្ទែងចិត្ត អណ្តែតអណ្តូងចិត្ត រំខានចិត្ត - វិចិកិច្ឆា សេចក្តីសង្ស័យមិនអស់មិនហើយ ងងឹតងងល់ មិនទុកចិត្ត សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ)។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង។ ៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែ​ទប់​សង្កត់​ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសាបសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ - មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងពិតឃើញពិតថា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ដែលនាំទៅកាន់ ភាពបរិសុទ្ធ។ - បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យ អរិយមគ្គ (លោកុត្តរមគ្គ) កើតឡើង។ - ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹង ការឃើញ នូវករណីយកិច្ចដែលជាចំណែក នៃលោកុត្តរ គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់ ជាបរមត្ថសច្ចៈ មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣ (កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការរំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា។ ៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង។ ៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង។ ១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ - សក្កាយទិដ្ឋិ ឃើញថាកាយជារបស់ខ្លួន - វិចិកិច្ឆា សេចក្តីសង្ស័យ - សីលព្វតបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត(ធ្វើពិធីបួងសួងអាទិទេព) - កាមរាគៈ តម្រេកក្នុងកាមទាំងឡាយ - បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត - រូបរាគៈ តម្រេកក្នុងរូប - អរូបរាគៈ តម្រេកក្នុងអរូប - មានៈ សេចក្តីប្រកាន់ - ឧទ្ធច្ចៈ ចិត្តិសាប់រសល់ - អវិជ្ជា សេចក្តីមិនដឹងមិនយល់ សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង។ ១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ ១- កាមាសវៈ អាសវៈជាប់ជំពាក់ក្នុងកាម (កាមតាមទ្វារ៦) ២- ភវាសវៈ អាសវៈជាប់ជំពាក់ក្នុងភព (កាមភព រូបភព អរូបភព) ៣- ទិដ្ឋាសវៈ អាសវៈជាប់ជំពាក់ក្នុងទិដ្ឋិ (សេចក្តីយល់ខុស) ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ)។ ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ។ សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3212/_________________________________.jpg
លោកិយបដិច្ចសមុប្បាទ១២
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។ ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន។ សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។ ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។ លោកិយបដិច្ចសមុប្បាទ១២ អត្ថន័យទូទៅ ពាក្យ​ក្នុង​ភាសា​បាលី​ថា បដិច្ចសមុប្បាទឬ ​នៅ​ក្នុង​ភាសា​សំស្ក្រឹត​ថា ប្រដីដ្យសមុដ្បាទ មាន​អត្ថន័យ​ថា ​ដើម​កំណើត​​នៃ​អ្វីមួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ឬ ការ​កើត​ឡើង​នៃ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ការ​កើត​ឡើង​នៃ​អ្វី​មួយ​ទៀត​ជាមុន ។ ន័យ​ម្យ៉ាង​ទៀត បដិច្ចសមុប្បាទ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា គ្មាន​វត្ថុ​អ្វី​មួយ (ទោះ​ជា​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​ជីវិត​ក្តី ឥត​ជីវិត​ក្តី) មាន​វត្តមាន​ដោយ​ឯកឯង ឬ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ បាន​ទេ ពោល​គឺ​ វត្ថុ​នោះ​​ត្រូវ​​ពឹង​ផ្អែក​លើ​វត្ថុ​កើត​មុន​វា​​ដើម្បី​ឲ្យ​វា​អាច​កើត​ឡើង​បាន ។ ចំណែក​វត្ថុ​ដែល​កើត​មុន​នោះ​ ក៏​ត្រូវ​ពឹង​លើ​វត្ថុ​ដែល​កើត​មុន​វា​មួយ​ទៀត​ដើម្បី​ឲ្យ​វត្ថុ​នោះ​កើត​ឡើង​បាន ។ ​យោង​តាម​ទ្រឹស្តី​ពុទ្ធសាសនា បដិច្ចសមុប្បាទ​ មាន​អត្ថន័យ​ពីរ​យ៉ាង​៖ ក្នុង​ន័យ​ទូទៅ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​សញ្ញាណ​​ដែល​ជា​ខ្លឹម​សំខាន់​នៅ​ក្នុង​ប្រពៃណី​ពុទ្ធសាសនា ពោល​គឺ វត្ថុ​គ្រប់​យ៉ាង​កើត​ឡើង​​ដោយ​ពឹង​ទៅ​លើ​មូលហេតុ និង លក្ខខណ្ឌ​ ដ៏​ច្រើន​សន្ធឹក។ ក្នុង​ន័យ​ជាក់​លាក់ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង​នៃ​គោលការណ៍​ទូទៅ​ខាង​លើ​នេះ ពោល​គឺ ភាព​ជាប់​ទាក់ទង​គ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃ​ដើម​កំណើត​នៃ​អ្វី​មួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ។ សញ្ញាណ​នៃ​បដិច្ចសមុប្បាទ (ទាំង​ន័យ​ទូទៅ និង ន័យ​ជាក់លាក) គឺ​ជា​មូលដ្ឋាន​សម្រាប់​យល់​សញ្ញាណ​គន្លឹះ​​ដទៃ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តី​អំពី​កម្ម និង ការ​បដិសន្ធិ​ជា​ថ្មី ការ​កើត​ឡើង​នៃ​ទុក្ខ និង លទ្ធភាព​នៃ​ការ​រំដោះ​ខ្លួន​​តាម​រយៈ​ការ​យល់​ដឹង​ថា​គ្មាន​ខ្លួន ឬ អនត្តា ។ គោលគំនិត​ទូទៅ​នៃ​បដិច្ចសមុប្បាទ (អ្វីៗ​គ្រប់យ៉ាង​សុទ្ធ​តែ​​ពឹង​ផ្អែក​លើ​អ្វីៗ​ដទៃ​ទៀត) គឺ​ជា​ផ្នែក​មួយ​សម្រាប់​បំពេញ​ឲ្យ​សញ្ញាណ (គំនិត) នៃ​ទ្រឹស្តី សុញ្ញតា (ភាព​ទទេ ឬ សូន្យ)។ ធម៌​សូត្រ អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តី​ប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។ ចតុរារិយសច្ច ឬ​ សេចក្តីពិត​ ៤ យ៉ាង ព្រះពុទ្ធ​ទ្រង់បាន​ត្រាស់សម្តែង​ទុក​ថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ​ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។ ព្រះពុទ្ធ​បាន​បង្រៀន អំពីសេចក្តីពិត ៤​ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។ ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ​ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។​ បើ​នៅ​​មាន​ជាតិ (កំណើត) នោះ​បញ្ចក្ខន្ធ (ឬ​ខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះ​ទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប​ ៤ និងទុក្ខព្រោះនាម ៨)។ទុក្ខ ​ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។ ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។ តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។ ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។ ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។ សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។ បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ច​សមុ​ប្បាទ​៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហា​គឺ​សេច​ក្តី​ប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។ កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។ ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/845/Untitled-1.jpg
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
រឿង​​ច​ចក​​ឈ្មោះ​បូ​តិ​មំ​សៈ (​ ចាក​ បូ​. ន. ) (​ ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ ) បាន​ដឹង​ថា​ កាល​កន្លង​ទៅ​ជា​យូរ​លង់​ណាស់​ហើយ​ មាន​ហ្វូង​សត្វ​ចៀម​ជា​ច្រើន​ នៅ​អា​ស្រ័យ​ក្នុង​គុហារ​ក្បែរ​ភ្នំ​ទៀប​ហេម​វន្ត​ប្រ​ទេស​ ។ ក្នុង​ចំ​ណោម​សត្វ​ទាំង​ឡាយ​នោះ​ មាន​មេ​ចៀម​​១​ ឈ្មោះ​មេ​ណ្ឌ​មាតា​ ជា​សត្វ​វាង​វៃ​ប្រ​សប់​​ក្នុង​ឧ​បាយ​គ្រប់​យ៉ាង​ ។
images/articles/1877/Untitled-1-Recovered.jpg
ការរលឹក​ដល់​សេច​ក្តី​ស្លាប់​
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
មរណស្សតិ ឥឡូវ​នេះ ភាវនានិទ្ទេសនៃមរណស្សតិ បន្ទាប់​ពី​ទេវតានុស្សតិ ដល់​ហើយ​តាម​លំដាប់ ៖ ការ​ដាច់​នៃ​ជីវិតិន្ទ្រិយ ដែល​បន្ត​ទៅ​ក្នុង​ភព​មួយ ឈ្មោះ​ថា មរណ ក្នុង​ពាក្យ​ថា មរណស្សតិ នោះ​, ឯ សមុច្ឆេទមរណ ពោល គឺ ការ​ដាច់​ជា​សមុច្ឆេទនៃ​វដ្ដ​ទុក្ខ​ របស់​ព្រះអរហន្តទាំង​ឡាយ​ក្ដី, ខណិកមរណ បាន​ដល់ ការ​រលត់​ក្នុង​ខណៈ​ៗ​នៃ​សង្ខារ​ទាំង​ឡាយ​ក្ដី, សម្មតិមរណ ក្នុង​ពាក្យ​និយាយ​របស់​អ្នក​
images/articles/1596/59430b3873fda8cd475f254d34728804.jpg
ពុទ្ធកាល (កាលរបស់ព្រះសម្មាសម្ពុទ្ធ)
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
ពុទ្ធកាល ពុទ្ធ​បរិស័ទ​ជា​អ្នក​រក្សា​ព្រះពុទ្ធសាសនា ត្រូវ​តែ​បាន​ដឹង​អំពី​ដំណើរ​នៃ​ពង្សាវតារ​ក្នុង​ព្រះពុទ្ធខ្លៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ថែរក្សា​ និង​បាន​ជ្រះថ្លា រឹតតែ​ខ្លាំង​ដោយ​អំណាច​បាន​ដឹង អំពី​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ។ ពុទ្ធកាល​ ឬ គឺ​កាល​ដែល​ព្រះពុទ្ធ​ទ្រង់​គង់​ព្រះជន្ម​នៅ​ក៏​ ឬហៅ​បាន​ថា​ពោធិកាលឬ ពោធិសម័យ​ក៏​បាន។ ពោល​ធិ​កាល​នៃ​ព្រះសក្យ​មុនីសព្វញ្ញូពុទ្ធ​
images/articles/2210/Untitled-1-Recovered.jpg
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់ ( ដក​ស្រង់​ចេញ​ពី សៀវ​ភៅ ចល​នា​សង្ខារ​ជី​វិត រៀប​រៀង​ដោយ​ ព្រះ​មហា​ អ៊ុច ហ៊ាង និង​ ព្រះ​បាឡាត់​ធម្ម​ឃោ​សរក្ខិត លីវ លាង ) ជី​វិត​របស់​មនុស្ស​​សត្វ មាន​ប្រ​មាណ​តិច​តួច​ស្តួច​ស្តើង​ណាស់ ខ្លី​ណាស់ តិច​ណាស់ ឆាប់​រេច​រឹល ឆាប់​សឹក ឆាប់​រ​បេះ​រ​បោច រង្គោះ​រង្គើ ធ្លុះ​ធ្លាយ​ពុក​ផុយ​ណាស់ មិន​ជាប់​មាំ​ពូ​កែ​ទេ ។ សូម្បី​ម្ចាស់​ជី​វិត​មាន​មធ្យោ​បាយ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ជី​វិត​រស់​នៅ
images/articles/2011/Untitled-1-Recovered.jpg
នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​ ១.​ អ្នក​ជា​ស្វា​មី​ប្រ​ភេ​ទ​ណា? ស្វាមី​ ៧​ជំពូក៖ -វ​ធកា​ស្វា​មីៈ ស្វាមី​ដូច​ពេជ្ឃ​ឃាត​ រង់​ចាំ​តែ​រក​រឿង​វាយ​តប់​និង​សម្លាប់​ភ​រិយា​ខ្លួន​ ចិត្ត​មិន​ត្រា​ប្រ​ណី​ ដូច​ជា​ពេជ្ឃ​ឃាត​ដែល​មិន​ត្រា​ប្រ​ណី​ ចំពោះ​អ្នក​ទោស​របស់​ខ្លួន ។ -ចោរ​ស្វា​មីៈ ស្វា​មី​ដូច​ចោរ​ មិន​ត្រង់​នឹង​ភរិយា​ខ្លួន​ ចាំ​តែ​លួច​បំ​បាត់​ទ្រ​ព្យ​សម្ប​ត្តិ​ ឬ​លាក់​លាម​រឿង​អ្វី​ៗ​នឹង​ប្រ​ពន្ធ​ ដូច​ជា​ចោរ​ដែល​ចាំ​តែ​លួច​ទ្រព្យ​គេ​
images/articles/2217/Untitled-1-Recovered.jpg
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌ ជីវិត​ក្នុងការរស់​នៅ​ប្រចាំថ្ងៃ រមែង​មានការ​ជួបប្រទះ​រឿងរ៉ាវ​ជាច្រើន​មិនអាច​ពណ៌នា​បាន ជួនកាល​បាន​ជួប​ប្រទះ​សុខ ឬ​ក៏​ទុក្ខ​ជាធម្មតា​មនុស្ស​យើង​មិន​អាច​គេច​ផុត​បាន​ឡើយ ​ហើយ​យើង​មិន​អាច​ដឹង​អំពី​ដំណើរ​នៃ​ជីវិត​ដែល​កំពុង​តែ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ផ្សេងៗ។ ក្នុងឆាកជីវិត​របស់​មនុស្ស​យើង មិន​អាច​នឹង​មើល​ឃើញ​បាន​ទេ ថា​វា​ទៅ​ជា​យ៉ាង​ណា​នោះ
images/articles/2216/Untitled-1-Recovered.jpg
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
សុត្ត​ន្ត​បិ​ដក​ អង្គុត​រ​​និ​កាយ តិក​​និ​បាត មហា​​វគ្គ ( បិ. ៤១ ទំ ២៤៣ ) ជន​ទាំង​ឡាយ​ណានិ​យាយ ( ទាំង​កំ​ហឹង ) ជា​អ្នក​ប្រ​កាន់​ខ្ជាប់​ ជា​អ្នក​លើក​តម្កើង​ខ្លួន ពោល​ទាក់​ទង​ដល់​អ​ន​រិយ​គុណ ជា​អ្នក​ស្វែង​រក​កំ​ហុស​គ្នា​ទៅ​វិញ​ទៅ​មក តែង​ត្រេក​អរ​ចំ​ពោះ​ពាក្យ​ទុព្ភា​សិត សេច​ក្តី​ភ្លាំង​ភ្លាត់​ភាន់​ច្រ​ឡំ​នឹង​ការ​ផ្ចាញ់​សម្តី​នៃ​គ្នា​នឹង​គ្នា ឯ​អ​រិ​យ​​ជនមិន​ប្រ​ព្រឹត្ត​ការ​និ​យាយ​ដូច្នោះ​ឡើយ ។ បើ​អ​រិ​យជន
images/articles/643/Untitled-1.jpg
រឿងប្រេតប្តីប្រពន្ធ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
រឿងប្រេតប្តីប្រពន្ធ ( ចាក បេ. ខុ. ) ( ទោសនៃសេចក្តីកំណាញ់ មិនមានសទ្ធា ) ក្នុងសម័យបុព្វកាល មានត្រកូលព្រាហ្មណ៏​មួយ ក្នុង​ក្រុង​ពារាណសី ។ ត្រកូល​នោះមាន​កូន ៣​នាក់ ប្រុស
images/articles/2863/jhgfd.jpg
សុវណ្ណហំសជាតក
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
(សេចក្ដីលោភតែងញ៉ាំងបុគ្គលឲ្យវិនាស) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនីឈ្មោះថុល្លនន្ទា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ លទ្ធំ តេន តុដ្ឋព្វំ ដូច្នេះ ជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់នៅក្នុងនគរសាវត្ថី បវារណាខ្ទឹមចំពោះភិក្ខុនីសង្ឃ ហើយ ផ្តាំអ្នកចម្ការថា ប្រសិនបើអ្នកព្រះនាងម្ចាស់ទាំងឡាយមកយកខ្ទឹម ចូរប្រគេនមួយ អង្គ ពីរ-បីកញ្ចប់ចុះ ។ ចាប់ពីពេលនោះមក ភិក្ខុនីទាំងឡាយត្រូវការខ្ទឹម ក៏នាំគ្នាទៅកាន់ ផ្ទះឧបាសកនោះខ្លះ ទៅកាន់ចម្ការខ្លះ លុះដល់ថ្ងៃមហោស្រពមួយ ខ្ទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ទៅ ។ ភិក្ខុនីឈ្មោះ ថុល្លនន្ទា មួយអន្លើដោយបរិវារទៅកាន់ផ្ទះ ឧបាសកនោះ ហើយពោលថា នែអ្នកមានអាយុ អាត្មាត្រូវការខ្ទឹម ។ អ្នកបម្រើពោលថា បពិត្រអ្នកនាងម្ចាស់ ខ្ទឹមនៅផ្ទះមិនមានទេ អស់ហើយ និមន្តទៅចម្ការចុះ ទើបនាំគ្នាទៅ ចម្ការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណ ។អ្នកចាំចម្ការពោលទោសថា ព្រោះហេតុ អ្វី ទើបភិក្ខុនីទាំងឡាយ នាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះ ពួក ភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិច បានស្តាប់ពាក្យរបស់អ្នកចាំចម្ការហើយ ពោលទោស ភិក្ខុនីទាំងនោះ ។ ពួកភិក្ខុលុះបានឮអំពីភិក្ខុនីទាំងនោះ ក៏នាំគ្នាពោលទោស ហើយ ក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់តិះដៀលភិក្ខុនី ឈ្មោះថុល្លនន្ទាហើយ ទ្រង់សម្តែងធម៌ដ៏សមគួរដល់រឿងនោះ ដល់ភិក្ខុនីទាំងឡាយ ដោយន័យមានជាអាទិ៍ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន មិនជាទីស្រឡាញ់ មិនជាទីត្រេកអរ មិនជាទីចម្រើនចិត្ត សូម្បីដល់មាតាបិតាបង្កើត មិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាបាន មិនអាចញ៉ាំងអ្នកដែលជ្រះថ្លា ហើយឲ្យរឹងរឹតតែជ្រះថ្លាបានឡើងទេ មិនអាចញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត ឬ លាភដែលកើតហើយ ក៏មិនអាចធ្វើឲ្យឋិតថេរគង់វង្សបាន ចំណែកអ្នកដែលប្រាថ្នាតិច រមែងញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត លាភដែលកើតហើយក៏ធ្វើឲ្យឋិតថេរគង់វង្ស បាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះ​ទេ ដែល ភិក្ខុនីឈ្មោះថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើននោះ សូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីច្រើនដែរ ហើយទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិក្នុងត្រកូលព្រាហ្មណ៍ កាលចម្រើនវ័យហើយ មាតាបិតារៀប ចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នា មានធីតាបីនាក់ ឈ្មោះ នន្ទា នន្ទវតី សុន្ទរីនន្ទា កាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយ ព្រះពោធិ​សត្វក៏ធ្វើកាលកិរិយាទៅ កើតជាសត្វហង្សមាស ហើយមានញាណរលឹកជាតិបានទៀត​ផង ហង្សមាសនោះធំ ឡើងហើយ ឃើញអត្តភាពដែលពេញបរិបូណ៌ដោយរោមដែលជាមាស ក៏គិតថា អញ ចុតិ​មក​អំពីទីណាហ្ន៎ ទើបមកកើតក្នុងទីនេះ ក៏ដឹងថា មកអំពីមនុស្សលោក ពិចារណា តទៅទៀតថា ព្រាហ្ម​ណី​និងពួកធីតារបស់អញ នៅមានជីវិតឬហ្ន៎ ? ក៏បានដឹងថា ទីទ័លក្រ ត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាក ទើបគិតថា រោមទាំងឡាយក្នុងសរីរៈ របស់អញជាមាសទាំងអស់ អញនឹងឲ្យ​រោម​អំពីសរីរៈនេះដល់នាងទាំងនោះ ម្តងមួយៗ ដោយហេតុនោះ ភរិយានិងធីតាទាំងបី របស់អញនឹងរស់នៅដោយមិនលំបាក គឺរស់នៅ ដោយសុខសប្បាយ ។ សុវណ្ណហង្សក៏ហើរទៅកាន់ទីនោះ ទំលើ​ត្បាល់​ជាន់ ។ ព្រាហ្ម​ណី និងធីតាឃើញព្រះមហាសត្វហើយក៏សួរថា បពិត្រអ្នកដ៏ចម្រើន តើអ្នកមកអំពីទីណា ? ហង្សមាសពោធិសត្វឆ្លើយថា យើងជាបិតារបស់អ្នកទាំងឡាយ ស្លាប់ទៅកើតជា ហង្សមាសមកដើម្បី​ជួប​អ្នកទាំងឡាយ តាំងពីពេលនេះទៅអ្នកទាំងឡាយមិនបាច់ទៅស៊ី ឈ្នួលអ្នកដទៃ ដើម្បីចិញ្ចឹមជីវិតដោយ​លំបាកទៀតទេ យើងនឹងឲ្យរោមដល់អ្នកទាំង ឡាយម្តងមួយៗ ចូរយកទៅលក់ចិញ្ចឹមជីវិតតាមសប្បាយចុះ ជម្រុះរោមទុកឲ្យមួយ ហើយទើបហើរទៅ ។ ហង្សមាសនោះមកជាចន្លោះៗ រលាស់ជម្រុះ​រោម​ឲ្យម្តងមួយដោយ ទំនងនេះ ព្រាហ្មណីនិងកូនៗ បានធូរធារឡើងៗ ចិញ្ចឹមជីវិតដោយសុខស្រួល មាន​ សេចក្តីសុខសប្បាយគ្រប់គ្នា ។ ថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនៗថា នែនាងទាំង ឡាយ ធម្មតាសត្វតិរច្ឆានស្គាល់ចិត្តបានដោយលំបាក ពេលខ្លះ បិតារបស់កូនមិនមកទី នេះ ពួកយើងនឹងធ្វើដូចម្តេច ឥឡូវនេះ ពេលដែលបិតារបស់កូនឯងមក ពួកយើងនាំគ្នា ចាប់ដករោមឲ្យអស់ចុះ ។ ពួកកូនស្រីនាំគ្នានិយាយថា ធ្វើយ៉ាងនោះ បិតារបស់ពួកខ្ញុំនឹង លំបាក ម្នាក់ៗក៏មិនយល់ព្រម ប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំ ថ្ងៃមួយ ពេលដែលស្តេចហង្សមាសមកក៏និយាយថា បពិត្រអ្នកជាម្ចាស់ មកនេះសិន លុះស្តេច ហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរ ដករោមអស់ ប៉ុន្តែព្រោះចាប់ដកយក ដោយកម្លាំងល្មោភ ព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្ត រោមទាំងនោះទើបដូចជា រោមកុកទាំងអស់ ។ ព្រះមហាសត្វមិនអាចនឹងត្រដាងស្លាបហើរទៅបាន ព្រាហ្មណីក៏ ចាប់ហង្សមាស​យក​ទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំ រោមដែលដុះឡើងថ្មីរបស់ហង្ស មាសនោះ ក្លាយជាពណ៌សទាំង​អស់ ។ ហង្សនោះលុះរោមដុះឡើងគ្រប់គ្រាន់ ហើយ ក៏លោតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាម ហើយក៏មិនបានមកទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយករឿងក្នុងអតីតនេះមកសម្តែងហើយ ទើបទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះទេ ដែលថុល្លនន្ទាមានសេចក្តី ប្រាថ្នាច្រើន សូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរ ហើយព្រោះតែមានសេចក្តី ប្រាថ្នាច្រើន ទើបត្រូវវិនាសចាកមាស ពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នា ច្រើននោះឯង នឹងត្រូវសាបសូន្យសូម្បីតែខ្ទឹម ព្រោះហេតុនោះ តាំងពីពេលនេះទៅ​នឹង​ មិនបានសូម្បីតែឆាន់ខ្ទឹម សូម្បីភិក្ខុនីដ៏សេសទាំងឡាយ ព្រោះអាស្រ័យថុល្លនន្ទានោះ ក៏នឹងមិនបានឆាន់​ខ្ទឹមដូចថុល្លនន្ទាដែរ (ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ) ហេតុនោះ សូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ ប្រមាណ ប៉ុន្តែបើបានតិច ក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះ មិនគួរប្រាថ្នា ឲ្យក្រៃលែងឡើងឡើយ ហើយទ្រង់ត្រាស់ព្រះគាថានេះថា យំ លទ្ធំ តេន តុដ្ឋព្ពំ, អតិលោភោ ហិ បាបកោ; ហំសរាជំ គហេត្វាន, សុវណ្ណា បរិហាយថា។ ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះ ថាសេចក្តីល្មោភហួសជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្តេចហង្ស ។ បណ្តាបទទាំងនោះ បទថា តុដ្ឋព្វំ ប្រែថា គប្បីត្រេកអរ ។ ព្រះបរមសាស្តា លុះទ្រង់ត្រាស់ព្រះធម្មទេសនានេះហើយ ទ្រង់តិះដៀលដោយ អនេកបរិយាយ ហើយទ្រង់បញ្ញត្តសិក្ខាបទថា យា បន ភិក្ខុនី លសុណំ ខាទេយ្យ, បាចិត្តិយំ ភិក្ខុនីណា ឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តិយៈ (បិដកលេខ ៥ ទំព័រ ១៥៦) ដូច្នេះហើយ ទ្រង់​ប្រជុំជាតកថាតទា ព្រាហ្មណី អយំ ថុល្លនន្ទា អហោសិ ព្រាហ្មណីក្នុងកាលនោះ បានមកជា​ថុល្លន​ន្ទាភិក្ខុនី ។តិស្សោ ធីតរោ ឥទានិ តិស្សោយេវ ភគិនិយោ ធីតាទាំងបីបានមកជា បងប្អូនស្រីក្នុងកាលឥឡូវនេះ ។សុវណ្ណហំសរាជា បន អហមេវ អហោសិំ ចំណែកសុវណ្ណហង្សគឺ តថាគតនេះឯង ។ ចប់ សុវណ្ណហំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦០) ដោយ៥០០០ឆ្នាំ
images/articles/2838/thjxtpic.jpg
មោនេយ្យបដិបទា ឬនាលកបដិបទា
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤
ព្រះនាលកត្ថេរបានស្ដាប់ដូចនោះហើយ ក៏ជាអ្នកមានសេចក្ដីប្រាថ្នាតិចក្នុងឋានៈ ៣ គឺ ការក្នុងឃើញ ១ ក្នុងការស្ដាប់ ១ ក្នុងការសួរ ១ ។ កាលចប់ព្រះធម្មទេសនា ព្រះនាលកៈមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះ​មានព្រះភាគ ហើយចូលទៅកាន់ព្រៃ មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន ទើប​​យើងបានគាល់ព្រះមានព្រះភាគទៀត នេះគឺជាភាពជាអ្នកប្រាថ្នាតិចក្នុងការឃើញរបស់ព្រះនា​ល​កៈ ​។ មួយទៀត មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន យើងគប្បីបានស្ដាប់ព្រះធម្មទេសនាទៀត នេះគឺភាពជាអ្នកប្រាថ្នាតិក្នុងការស្ដាប់របស់ព្រះនាលកៈ ។ មួយទៀត មិនញ៉ាំងការប្រាថ្នា​ច្រើនឲ្យកើតឡើងថា ធ្វើដូចម្ដេចហ៎្ន យើងគប្បីបានសាកសួរក្នុងមោនេយ្យបដិបទាទៀត នេះគឺ ភាពជាអ្នកប្រាថ្នាតិក្នុងការសួររបស់ព្រះនាលកៈនោះ ។ ព្រះនាលកៈនោះ ជាអ្នកមានសេចក្ដីប្រាថ្នាតិចយ៉ាងនេះ ចូលទៅកាន់ជើងភ្នំហើយ មិននៅអស់ ២ ថ្ងៃក្នុង​ព្រៃមួយ, មិនអង្គុយអស់ ២ ថ្ងៃ នៅក្រោមដើមឈើមួយ, មិនចូលទៅបិណ្ឌបាតក្នុងស្រុកមួយ អស់ ២ ​ថ្ងៃ ។ ព្រះនាលកៈត្រាច់ពីព្រៃមួយទៅព្រៃមួយ ពីដើមឈើមួយទៅដើមឈើមួយ ពីស្រុកមួយទៅស្រុក​មួយ បដិបត្តិបដិបទាដ៏សមគួរ ហើយតាំងនៅក្នុងអរហត្តផល ។ ភិក្ខុអ្នកបំពេញមោនេយ្យបដិ​បទា​យ៉ាងឧក្រិដ្ឋ នឹងមានជីវិតរស់នៅបាន ៧ ខែប៉ុណ្ណោះ ។ បំពេញយ៉ាងកណ្ដាល នឹងមានជីវិតរស់​នៅ​បាន ៧ ឆ្នាំ ។ បើបំពេញកម្រិតស្រាល នឹងមានជីវិតរស់នៅបាន ១៦ ឆ្នាំ ។ ព្រះនាលកត្ថេរនេះ លោកបដិបត្តិយ៉ាងឧក្រិដ្ឋ ដូច្នោះលោករស់នៅបានត្រឹមតែ ៧ ខែ ដឹងថា ខ្លួននឹងអស់​អាយុ ទើបស្រង់ទឹក ស្លៀកបណ្ដប់សំពត់ ក្រវ៉ាត់វត្ថពន្ធចង្កេះ ដណ្ដប់សង្ឃាដិ ២ ជាន់ បែរមុខទៅទិស​ដែលព្រះទសពលគង់នៅ ថ្វាយបង្គំដោយបញ្ចង្គបត្រិស្ថាន ផ្គងអញ្ជលី ឈរត្រង់ចង្កេះភ្នំហិង្គុ​លិកៈ ​បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ។ ព្រះមានព្រះភាគទ្រង់ជ្រាបថា ព្រះនាលកៈបរិនិព្វានហើយ ទើបស្ដេចយាងទៅកាន់ភ្នំនោះព្រមដោយភិក្ខុ​សង្ឃ ធ្វើឈាបនកិច្ច ឲ្យកាន់យកព្រះធាតុយកទៅបញ្ចុះនៅចេតិយ ហើយស្ដេចយាងត្រឡប់ ។ (បរមត្ថជោតិកា សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត មហាវគ្គ នាលកសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.25
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿