ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៥,៩៤៩
Today
ថ្ងៃម្សិលមិញ ២៨៤,៥១៣
ខែនេះ ១,៩៣៨,២៩៧
សរុប ៣០០,៣០១,៥០៨
Flag Counter
អ្នកកំពុងមើល ចំនួន
ប្រជុំអត្ថបទ
images/articles/1653/54erefeww4343.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៥៧,៣២២ ដង)
មាឃបូជា ជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា​ដែល​រួម​មាន មាឃ​បូជា ពិសាខបូជា អាសាឡ្ហបូជា និង​បុណ្យ​បវារណា (ចេញវស្សា)។ បុណ្យ​មាឃ​បូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្ដសករាជ នា​ថ្ងៃ​ទី​ ១៥ កើត​ខែ​មាឃ ក្រោយ​ពី​ឋានៈ ជា​​អង្គការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក​ក្នុង​អង្គមហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍​ចំនួន ១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀត បាន​យល់​ថា​វិថី​ជីវិត និង​សម្រាប់​យក​ទៅផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀត បាន​យល់​ពី​ពុទ្ធសាសនា​។ គោល​ការណ៍ ទាំង ១១ ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា ឱវាទប្បាដិមោក្ខ ដែល​ពុទ្ធសាសនិក​ជន​ម្នាក់ៗ ត្រូវយកមក​សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​តទៅ ១- គោល​បំណង​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា​គោល​បំណង​របស់​ពុទ្ធសាសនិកម្នាក់ៗ គឺ​ស្វែង​រក​និព្វានដែល​ប្រែ​ថា សភាវៈ​ប្រាស​ចាក​ទុក្ខ​មិន​មាន សេចក្ដី​ទុក្ខ មិន​មាន​បញ្ហា​នៅក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​នេះ​ មាន​ន័យ​ស្មើ​នឹង ពាក្យ​ថា សន្តិ ដែល​ប្រែ​ថា សេចក្ដី​ស្ងប់។ យើង​អាច​និយាយ​ថា គោល​បំណង​របស់ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ​សន្តិភាព​ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្ដិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់​សន្តិភាព​សង្គម និង​ពិភពលោក នេះ​ជា​កាតព្វកិច្ច​ដែល​ពុទ្ធសាសនិក​ម្នាក់ៗ​ត្រូវ​ប្រឹងប្រែង ធ្វើ​ឲ្យ​សម្រេច។ ២- គោលដៅ សន្ដិភាព ឬ​និព្វាន មិន​មែន​កើត​ឡើង​ដោយ​ការ​សូម​ បន់​ស្រន់បួងសួង​ទេ ក៏​មិន​អាច​កើត​ ឡើង​ដោយ​សារ​ការ​ផ្ដល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់​អាទិទេព ឬ​ព្រះជាម្ចាស់​អង្គ​ណា​មួយ​ឡើយ សន្តិភាពនេះ កើត​ដោយ​សារ​ការ​សន្សំ​របស់​សកម្មភាព ៣ យ៉ាងគឺ ១- ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​នឹង​ផ្លូវ​សម្ដី។ ២- ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អឲ្យ​ ស្ថិត​ស្ថេរ​គង់វង្សក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ និង​ផ្លូវ​សម្ដី។ ៣- ពង្រឹង​ចិត្ត​ដែល​ជា​មូល​ដ្ឋាន​នៃ​អំពើ​ល្អ ដោយ​កម្ចាត់​កិលេស​ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ ២. លក្ខណៈរបស់​ព្រះពុទ្ធសាសនិកជនៈ លក្ខខណ្ឌ​ទី ១ មាន​ការ​អត់ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង​កម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌ​ទី ២ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី ៣ មិន​ប្រើ​ពាក្យ​បៀតបៀន​ និង​តិះដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី ៤ រក្សា​សីល​រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី ៥ បរិភោគ​ប្រើ​ប្រាស់​វត្ថុ​ទាំង​ឡាយ​ដោយ​សន្សំសំចៃ និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី ៦ ចូលលចិត្ត​ភាពស្ងប់ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី ៧ មាន​សេចក្ដី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត​ធ្វើ​ឲ្យ​មាន​សមាធិ។ ៣. មេរៀន​ពី​បុណ្យ​មាឃបូជា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង ១១ ប្រការ​នេះ​សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ ចំណុច ១ ក្នុងឋានៈ​ជា​បរិស័ទ ការ​អនុវត្ត​តាម​ប្រការ​ទាំង ១១ នេះ​នឹង​នាំ​ទៅ​រកសន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច ២ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​ដែល​មាន​គោល​បំណង​រួម​មាន​គោល​ដៅដូច​គ្នា និង​ការ​ប្រព្រឹត្តប្រហាក់​ប្រហែល​គ្នា​នេះ នឹង​អាច​នាំ​មក​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​ប្រកប​ដោយ​និរន្តរភាព។ ចំណុច ៣ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ​ក្នុង​សង្គម​ឬ​ប្រទេស​ជាតិ​មួយ ដែល​ព្យាយាម ស្វែង​រក​នូវ​ឱកាស​ដើម្បី​រក្សា​សន្តិភាព​និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ដល់​ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោរព​តាម​គោល​ការណ៍ទាំង ១១ ប្រការ​នេះ នឹង​កាត់​បន្ថយ​បាន​នូវអស្ថេរភាព ជម្លោះ និង​អំពើ​ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកួត​ប្រជែង​គ្នា​បាន។ ចំណុច ៤ ក្នុងឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោល​ការណ៍​នេះ នឹង​នាំ ឲ្យ​មាន​ការ​យោគយល់​ការ​ផ្ដល់​កិត្តិយសដល់​គ្នានឹង​គ្នា និង​ការ​ស់​នៅជុំ​គ្នា ក្នុង​ឋានៈ​ជា​មនុស្ស​ជាតិ បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ដ៏​ដោយ។ ចំណុច ៥ ក្នុង​ឋានជា​អន្តរជាតិ ការ​គោរពតាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព​នៃ​មនុស្ស​ជាតិ​បរិស្ថាន​ធម្មជាតិ ដណ្ដើម​គ្នា​ដើម្បី​រស់​ឡើយ។ សង្ឃឹម​ថា​យើង​ម្នាក់ៗ អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​​ថ្ងៃ​មាឃ​បូជា​នេះ និង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យ​ទាន​រក្សា​សីល និង​សមាធិសម្អាត​ចិត្តរបស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ ដើម្បី​បូជា និង​រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែលព្រះអង្គ​បាន​បង្កើត​ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/3069/20rrook.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៣,៣០២ ដង)
ទុតិយបរិហានិសូត្រ ទី៩ [២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ ឧបាសកញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ មិនសិក្សាក្នុងអធិសីល [សីល៥ ឬសីល១០។ អដ្ឋកថា។] ១ ជាអ្នកមិនមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តរិះគន់ ស្វែងរកទោសស្តាប់ធម៌ ១ ស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានោះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យដល់ឧបាសក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសកមិនញុំាងការឃើញភិក្ខុឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តមិនរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ឧបាសក។ ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនឡើងដោយក្រៃលែង ១ មានចិត្តមិនរិះគន់ ស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកតែងធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១ ឧបាសក កាលសេពនូវអបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។ ទុតិយបរិហានិសូត្រ ទី ៩ ឬ ធម៌ ៧ យ៉ាងនេះ ធ្វើឲ្យសាបសូន្យដល់ឧបាសក បិដក ៤៧ ទំព័រ ៤៦ ឃ្នាប ២៧ ដោយ៥០០០ឆ្នាំ
images/articles/3068/2021uook.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,២៨៥ ដង)
បឋមសមជីវឹសូត្រ ទី៥ [៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុង្សុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍ របស់គហបតី ឈ្មោះនកុលបិតា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ នកុលបិតាគហបតី និងនកុលមាតាគហបតានី បាននាំគ្នាចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំព្រះអង្គ បានប្រសប់គ្នា នឹងនកុលមាតាគហបតានី តាំងពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលមាតាគហបតានី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង។ ចំណែកនកុលមាតាគហបតានី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះដែរថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំម្ចាស់ បានប្រសប់គ្នា នឹងនកុលបិតាគហបតី តាំងអំពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលបិតាគហបតី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង។ ព្រះមានព្រះភាគត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន ចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) អ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះ ប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើមានចំណង់ក្នុងកាម ក៏រមែង ជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។ បឋមសមជីវឹសូត្រ ទី ៥ ឬ ប្ដីប្រពន្ធចង់ជួបគ្នាគ្រប់ៗជាតិត្រូវមានធម៌ ៤ យ៉ាងនេះដូចគ្នា បិដកភាគ ៤២ ទំព័រ ១៥០ ឃ្នាប ៥៦ ដោយ៥០០០ឆ្នាំ
images/articles/3067/43SDWE3.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,២១៩ ដង)
សប្បុរិសទានសូត្រ ទី៨ [៤៨] ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយសទ្ធា ១ ឲ្យទានដោយគោរព ១ ឲ្យទានតាមកាលគួរ ១ ឲ្យទានដោយចិត្តអនុគ្រោះ ១ ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយសទ្ធា ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ជាបុគ្គលមានរូបល្អ គួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយភាពជាអ្នកមានសម្បុរល្អដ៏ក្រៃលែងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយគោរព ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ពួកជនណា ទោះកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី របស់បុគ្គលនោះ ជនទាំងនោះ តែងស្តាប់ដោយល្អ ផ្អៀងស្រោត តាំងចិត្តដើម្បីដឹងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានតាមកាលដ៏គួរ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ប្រយោជន៍ គឺភោគៈដ៏ពោរពេញ រមែងមកតាមកាលដ៏គួរ ដល់បុគ្គលនោះផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង រមែងបង្អោនចិត្តទៅ ដើម្បីបរិភោគក្នុងកាមគុណ ៥ ដ៏លើសលុបផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង សេចក្តីអន្តរាយនៃភោគៈទាំងឡាយ មិនមានមកអំពីទីណាមួយ គឺអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពីហេតុមិនជាទីស្រលាញ់ និងអំពីមនុស្សជាទាយាទ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទានមាន ៥ យ៉ាងនេះឯង។ សប្បុរិសទានសូត្រ ទី ៨ ឬ ផលរបស់ទាននីមួយៗ បិដក ៤៥ ទំព័រ ៨៨ ឃ្នាប ៤៨ ដោយ៥០០០ឆ្នាំ
images/articles/3066/208ok.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ២,៥០៤ ដង)
វិបត្តិសូត្រ ទី១០ [២៨] ម្នាលភិក្ខុទាំងឡាយ វិបត្តិរបស់ឧបាសកនេះ មាន៧យ៉ាង ម្នាលភិក្ខុទាំងឡាយ សម្បត្តិរបស់ឧបាសកនេះ មាន៧យ៉ាង។ បរាភវសូត្រ ទី១១ ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសរបស់ឧបាសកនេះ មាន៧យ៉ាង ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនរបស់ឧបាសកនេះ មាន៧យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសក មិនញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ មិនមានចិត្តរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនរបស់ឧបាសក មាន៧យ៉ាងនេះឯង។ ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសក្នុងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនដោយក្រៃលែង ១ ជាអ្នកមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ឧបាសកកាលសេពនូវបរិហានិយធម៌ទាំង ៧ នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យ ចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញ នូវពួកភិក្ខុដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសចំពោះការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លា ក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនដោយក្រៃលែង ១ មិនមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១ ឧបាសកកាលសេព នូវអបរិហានិយធម៌ទាំង ៧យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។ វិបត្តិសូត្រ ទី_ ១០ ឬវិបត្តិនិងសម្បត្តិរបស់ឧបាសក ៧ យ៉ាង បិដកភាគ ៤៧ ទំព័រ ៤៩ ឃ្នាប ២៨ ដោយ៥០០០ឆ្នាំ
images/articles/3064/gle_Search.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ២,៤៨៣ ដង)
១. អវិជ្ជាសូត្រ [៦១] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់អវិជ្ជា មិនប្រាកដទេ អវិជ្ជាមិនមានក្នុងកាលមុនអំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អវិជ្ជានេះ តថាគតពោលយ៉ាងនេះ តែថា អវិជ្ជា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រាកដដោយអាហារ មិនបានពោលថា អវិជ្ជាឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អវិជ្ជា។ គប្បីឆ្លើយថា នីវរណៈ ៥។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់នីវរណៈ ៥។ គប្បីឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ទុច្ចរិត ៣។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាតគពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ការមិនមានសតិ មិនមានសម្បជញ្ញៈ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់អយោនិសោមនសិការៈ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តីមិនជឿ)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធិយៈ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ (ការមិនស្តាប់ព្រះសទ្ធម្ម)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ (ការសេពគប់អសប្បុរស)។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈពេញបរិបូណ៌ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ រមែងញុំាងការមិនមានសតិ និងមិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈពេញបរិបូណ៌ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិតទាំង ៣ ពេញបរិបូណ៌ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះឯង។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ ជ្រោះភ្នំល្អាង និងអូរតូចពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំ ឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ មហាសមុទ្រសាគរពេញបរិបូណ៌យ៉ាងនេះ ឧបមា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជា ឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់វិជ្ជា និងវិមុត្តិ។ គប្បីឆ្លើយថា ពោជ្ឈង្គ ៧។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពោជ្ឈង្គ ៧ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ពោជ្ឈង្គ ៧។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិប្បដ្ឋាន ៤ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិប្បដ្ឋាន ៤។ គប្បីឆ្លើយថា សុចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សុចរិត ៣។ គប្បីឆ្លើយថា ការសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា សតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ និងសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិ និងសម្បជញ្ញៈ។ គប្បីឆ្លើយថា យោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់យោនិសោមនសិការៈ។ គប្បីឆ្លើយថា សទ្ធា។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធាប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធា។ គប្បីឆ្លើយថា សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា សប្បុរិសសំសេវៈ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធា ពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូច ឲ្យពេញ ជ្រោះភ្នំ ល្អាង និងអូរតូច ពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធាពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ យមកវគ្គ ទី ២ ឬ អាហាររបស់ធម៌នីមួយៗ បិដកភាគ ៥០ ទំព័រ ២៤៦ ឃ្នាប_ ៦១ ដោយ៥០០០ឆ្នាំ
images/articles/3156/t9038gtitwgk0osw0k_th.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ១,៤៨៨ ដង)
(ព្រះបាទពារាណសី សួរពោធិសត្វថា) បពិត្រតាបសព្រះនាមអដ្ឋិសេនៈ ខ្ញុំមិនដែលស្គាល់ពួកស្មូមណាពួកស្មូមនោះ ប្រជុំគ្នាមករកខ្ញុំ ហើយសូម (នូវវត្ថុដែលខ្លួនត្រូវការ) ហេតុអ្វីក៏លោកមិនសូមខ្ញុំ។ (តាបសពោធិសត្វ ពោលថា) បុគ្គលអ្នកសូម រមែងមិនជាទីស្រឡាញ់ (នៃអ្នកឲ្យ) បុគ្គលអ្នកមិនឲ្យនូវរបស់ដែលគេសូមរមែងមិនជាទីស្រឡាញ់ (នៃស្មូម) ព្រោះហេតុនោះ បានជាអាត្មាមិនសូមមហារាជ កុំឲ្យមហារាជ ស្អប់អាត្មាឡើយ ។ (ព្រះរាជាត្រាស់ថា) សមណព្រាហ្មណ៍ ណារស់ដោយការសូម តែមិនសូមវត្ថុខ្លូនត្រូវសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃ ឲ្យខូចបុណ្យផង ឈ្មោះថាមិនបានរស់ស្រួល ដោយខ្លួនឯងផង ។ សមណព្រាហ្មណ៍ណា រស់ដោយការសូម ហើយសូមនូវវត្ថុដែលខ្លួនត្រូវការសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃឲ្យបានបុណ្យផង ឈ្មោះថា រស់នៅស្រួល ដោយខ្លួនឯងផង ។ បុគ្គលមានប្រាជ្ញាទាំងឡាយ ឃើញពួកស្មូម មកដល់ហើយ មិនដែលប្រទូស្ត លោកជាព្រហ្មចារីបុគ្គលជាទីស្រឡាញ់នៃខ្ញុំ លោកប្រាថ្នារបស់ណា ដែលត្រូវនិយាយសូម លោកចូរសូមចុះ ។ (ពោធិសត្វ ពោលថា) បុគ្គលមានប្រាជ្ញាទាំងឡាយ មិនដែលសូមទេ ស្រេចតែនឹង (ឧបដ្ឋក) អ្នកមានប្រាជ្ញា គួរដឹង(ខ្លួនឯងចុះ) ពួកអរិយៈ គ្រាន់តែឈរឧទ្ទិសស្ងៀមៗប៉ុណ្ណោះ នុ៎ះជាការសូម របស់ពួកអរិយៈ។ (ព្រះរាជា ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមប្រគេនមេគោមានសម្បុរក្រហម១ពាន់ ព្រមទាំងគោឈ្មោលដល់លោកម្ចាស់ ដ្បិតថា បុគ្គលមានមារយាទដ៏ប្រសើរ បានស្តាប់គាថារបស់លោកដែលប្រកបដោយធម៌ហើយមិនឲ្យដល់បុគ្គល មានអាចារៈដ៏ប្រសើរ (ដូចគ្នា) ដូចម្តេចបាន ។ ចប់ អដ្ឋិសេនជាតកទី៨ បិដក៥៩ ទំព័រ៨៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3074/fsdwww4ok.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ២,៩៩៨ ដង)
អនត្តលក្ខណសូត្រ ទី៧ [១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅពួកបញ្ចវគ្គិយភិក្ខុ។បេ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើរូបនេះ ជារបស់ខ្លួន រូបនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គល គប្បីបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវេទនានេះ ជារបស់ខ្លួន វេទនានេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវេទនា ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើសង្ខារនេះ ជារបស់ខ្លួន សង្ខារនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវិញ្ញាណនេះ ជារបស់ខ្លួន វិញ្ញាណនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ [១២៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរូបណាមិនទៀង រូបនោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញនូវរូបនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះវិញ្ញាណណា មិនទៀង វិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះវិញ្ញាណណា ដែលមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញ នូវវិញ្ញាណនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ [១២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ បុគ្គលគួរឃើញនូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វេទនាណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឬវេទនាណាមួយ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនាប៉ុណ្ណោះ បុគ្គលគួរឃើញ នូវវេទនានុ៎ះ ដោយបញ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារប៉ុណ្ណោះ បុគ្គលគប្បីឃើញ នូវសង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ បុគ្គលគួរឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ [១៣០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើបានឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង នឿយណាយ ក្នុងវេទនាផង នឿយណាយ ក្នុងសញ្ញាផង នឿយណាយ ក្នុងសង្ខារទាំងឡាយផង នឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក តែងផុតស្រឡះ ព្រោះប្រាសចាកតម្រេក។ កាលបើចិត្តផុតស្រឡះហើយ ប្រាជ្ញា ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ព្រះអរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ។ ពួកបញ្ចវគ្គិយភិក្ខុ ក៏ពេញចិត្ត ត្រេកអរចំពោះភាសិត នៃព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះហើយ ចិត្តរបស់បញ្ចវគ្គិយភិក្ខុ ក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់។ អនត្តលក្ខណសូត្រ ទី ៧ បិដកភាគ ៣៣ ទំព័រ ១៥៥ ឃ្នាប ១២៧ ដោយ៥០០០ឆ្នាំ
images/articles/3142/2021svaarest.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៣,១៣៣ ដង)
បឋមអក្ខន្តិសូត្រ ទី ៥ [១១៥] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។ បឋមអក្ខន្តិសូត្រ ទី ៥ ឬ ទោសនៃសេចក្តីមិនអត់ធន់ ៥ យ៉ាង - បិដកភាគ ៤៥ ឃ្នាប ១១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3164/20ythjljj.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១,៧២២ ដង)
[២៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។ អំណាចប្រយោជន៍ ២ ប្រការ តើដូចម្តេច។ គឺតថាគត ពិចារណាឃើញធម៌ នៅជាសុខ ក្នុងបច្ចុប្បន្នរបស់ខ្លួន ១ មានសេចកី្តអនុគ្រោះប្រជុំ ជនជាន់ក្រោយ ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការនេះ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។ ប្រយោជន៍ ២ ប្រការ ដែលគប់នូវសេនាសនៈស្ងាត់ - បិដកភាគ ៤០ ទំព័រ ១៣៥_ ឃ្នាប ២៧៤ ដោយ៥០០០ឆ្នាំ
images/articles/2789/textpic.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៣០,៥២០ ដង)
កុំ​បណ្ដោយ​ឱ្យ​រឿង​រ៉ាវ នោះ​បន្តិច នេះ​បន្តិច មក​ទម្លាយ​សេចក្ដី​សុខ​របស់​យើង​ឡើយ តាម​ពិត វា​គ្រាន់​តែ​ជា​រឿង​រ៉ាវ​ក្នុង​លោក នៃ​គំនិត​របស់​យើង​ប៉ុណ្ណោះ ព្រោះ​បើ​មិន​មាន​ចិត្ត​ដឹង​អារម្មណ៍​ទេ ឬ​មិន​មាន​ចិត្ត​គិត​ទេ មាន​រឿង​អ្វី​នៅ​ឯណា ។ ពុទ្ធ​បរិស័ទ​យើង គួរ​តែ​មាន​អារម្មណ៍​សម្រាប់​ចិត្ត​ខ្លួន​ឯង គឺ​ជា​អារម្មណ៍​ព្រះកម្មដ្ឋាន នេះ ទើប​ឈ្មោះ​ថា បាន​អប់រំ​ចិត្ត មាន​ចិត្ត​ពួន​សំងំ ចិត្ត​វិវេក ប្រតិបត្តិ​យ៉ាង​នេះ ទើប​ចិត្ត​មិន​សន្សំ​រឿង មិន​សន្សំ​ទុក្ខ​កង្វល់​យក​មក​ដាក់​ខ្លួន​ឡើយ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/3121/20rrmple_W.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,៥៣៣ ដង)
ភោគសូត្រ ទី៧ [១២៧] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺភោគៈសាធារណៈដល់ភ្លើង ១ ភោគៈសាធារណៈដល់ទឹក ១ ភោគៈសាធារណៈដល់ព្រះរាជា ១ ភោគៈសាធារណៈដល់ចោរ ១ ភោគៈសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺអាស្រ័យភោគៈ ហើយញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញុំាងមាតា និងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញុំាងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ ១ ញុំាងមិត្រ និងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្រអាមាត្យឲ្យបានសុខសប្បាយ ១ ដំកល់ទុកនូវទាន មានផលដ៏ខ្ពស់ ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ភោគសូត្រ ទី ៧ ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៩ ឃ្នាប ១២៧ ដោយ​៥០០០​ឆ្នាំ​
images/articles/3056/_________terest.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,៩១៥ ដង)
ព្រះ​វិសុទ្ធវង្ស ហួតតាត អាចារ្យ​បង្រៀន​​នៅ​សាលា​​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំពេញ បាន​អធិប្បាយ​ហើយ​រៀប​រៀង​ឡើង ព.ស. ២៤៧០ ។ ទេសនារម្ភោ សូម​អស់​លោក​អ្នក​ទាំង​ឡាយ​ប្រុង​ចាំ​ស្ដាប់ ! អាត្មា​នឹង​អធិប្បាយ​ពី​សេចក្ដី​ដែល​មាន​​ប្រយោជន៍​ដល់​​លោក​អ្នក​ទាំង​ឡាយ តាម​សម​គួរ​ដល់​ភាសិត​របស់​ព្រះ​សម្មា​សម្ពុទ្ធ​​ជា​បរម​គ្រូ​នៃ​យើង និង​តាម​មតិ​របស់​អាត្មា​ដែល​ជា​អ្នក​អធិប្បាយ​​នេះ​ខ្លះ ដើម្បី​នឹង​ឱ្យ​អស់​លោក​​អ្នក​ទាំងឡាយ​ស្ដាប់​ងាយ​​យល់ ងាយ​ចូល​ចិត្ត ព្រោះ​​ការ​​ស្ដាប់​​នេះ កាល​បើ​ស្ដាប់​ពុំ​បាន​មិន​ដឹង​ជា​ថា​ដូចម្ដេច នោះ​ទោះ​បី​ស្ដាប់​អស់​ប៉ុន្មាន​ឆ្នាំ ក៏​ជា​ការ​​ឥត​ប្រយោជន៍​​ប្រហែល​គ្នា​នឹង​មិន​ស្ដាប់ កាល​បើ​ស្ដាប់​បាន​យល់​សេចក្ដី សូម្បី​តែ​ស្ដាប់​តែមួយ​រំពេច ក៏​ឈ្មោះ​ថា​បាន​ស្ដាប់​ដោយ​ប្រពៃ ។ អស់​អ្នក​ទាំងឡាយ​សុទ្ធ​តែ​ជា​ខេមរជាតិ គេ​ដឹង​សព្វ​ប្រទេស​ថា​ជា​ជាតិ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា គួរ​តែ​ឱ្យ​មាន​សេចក្ដី​រីករាយ​ក្នុង​​ចិត្ត​ថា​​មាន​ភព្វ​មាន​សំណាង បាន​មក​​ចួប​ប្រទះ​ព្រះ​ពុទ្ធ​ដែល​ជា​ពាក្យ​ប្រដៅ​ដ៏​ថ្លៃ​ថ្លា​វិសេស ព្រោះ​ពុទ្ធ​សាសនា​ជា​គុណ​ជាតិ​ដ៏​ឧត្ដម អាច​ធ្វើ​អ្នក​ដែល​​ប្រតិបត្តិ​​តាម​​ឱ្យ​បាន​ចម្រើន​ដោយ​ការ​ចេះ​ដឹង​និង​​សេចក្ដី​ថ្លៃថ្លា ។ តែ​អ្នក​ដែល​មាន​ឈ្មោះ​ថា​កាន់​ព្រះ​ពុទ្ធ​សាសនា​ចំពួក​ខ្លះ ដែល​បាន​សិក្សា​ឱ្យ​ស្គាល់​ជាក់​នូវ​រសជាតិ​ព្រះ​ពុទ្ធ​សាសនា នៅ​មាន​គំនិត​​ង៉េងង៉ាង​ដោយ​សេចក្ដី​ងឿង​ឆ្ងល់ ដូច​ជា​អ្នក​ខ្លះ​ដែល​បាន​ឃើញ​អ្នក​កាន់​ព្រះ​ពុទ្ធ​ខ្លះ​ដែល​ពុំ​សូវ​ចេះ​ដឹង ជា​អ្នក​ទាប​ថោក ជា​អ្នក​​ក្រី​ក្រ​លំបាក ​ក៏​ចូល​ចិត្ត​​ថា​ព្រះ​ពុទ្ធ​សាសនា​ទាប​ថោក​ណាស់ ធ្វើ​អ្នក​ដែល​ប្រតិបត្តិ​តាម​ឱ្យ​ល្ងង់ ឱ្យ​ទាប​ទាប​ថោក ឱ្យ​ក្រី​ក្រ​លំបាក ម្ល៉ោះ​ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​​ព្រះ​ពុទ្ធ​​សាសនា ឱ្យ​ជា​ការ​មាំ​មួន​ឡើយ នេះ​មក​ពី​អ្នក​គិត​នេះ​ឯង មិន​បាន​សិក្សា មិន​បាន​ពិនិត្យ​ឱ្យ​ឃើញ​តាម​ការ​ណ៍​ពិត​មែន ។ សព្វ​ថ្ងៃ​នេះ​មាន​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ជា​អ្នក​ចេះ​ដឹង ជា​អ្នក​ខ្ពង់​ខ្ពស់ ជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ ក៏​មាន​ជា​ច្រើន​រូប​​ណាស់​ដែរ តែ​មិន​ទាញ​យក​មក​ជា​គ្រឿង​ដឹក​នាំ​គំនិត ។ ម្យ៉ាង​ទៀត មាន​អ្នក​ដែល​មិន​កាន់​ព្រះ​ពុទ្ធ​សាសនា​ជា​អ្នក​ឥត​មាន​ចេះ​ដឹង​អ្វី​សោះ ជា​អ្នក​ទាប​ថោក ជា​អ្នក​ក្រី​ក្រ​លំបាក ក៏​សឹង​​មាន​ជា​ច្រើន​រាប់​មិន​អស់ អ្នក​មាន​គំនិត ហេតុ​​ដូចម្ដេច​ក៏​គិត​ឱ្យ​ឃើញ​ហេតុ​នេះ ផង ? ម្យ៉ាង​ទៀត មាន​មនុស្ស​ចំពួក​ខ្លះ​បាន​ចូល​មក​សិក្សា​ចំណេះ​វិជ្ជា​​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​មាន​ចំណេះ​អក្សរ​ជា​ដើម នៅ​ទី​វត្ត​អារាម​ដែល​ជា​ទី​បណ្ដុះ​​នៃ​ពូជ​ចំណេះ​ខាង​ព្រះ​ពុទ្ធ​សាសនា​​តាំង​ពី​ក្មេង​មក អ្នក​ខ្លះ​បាន​ទាំង​បួស​ថែម​​ទៀត តែ​មិន​ខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​ចេះ​ដឹង​ប្រាកដ​មែន​ទែន លុះ​ដល់​វេលា​ដែល​ចេញ​ពី​វត្ត​អារាម​ទៅ បាន​​ទៅ​សិក្សា​ចំណេះ​វិជ្ជា​ឯ​ទៀត​ក្រៅ​ពី​លទ្ធិ​ព្រះ​ពុទ្ធ​សាសនា ក៏​ត្រឡប់​ឃើញ​ថា​ព្រះ​ពុទ្ធ​សាសនា​​មិន​រៀប​រយ មិន​ថ្លៃ​ថ្លា​ប្រពៃ​ដូច​ជា​ចំណេះ​វិជ្ជា​ឯ​ទៀត ម្ល៉ោះ​ហើយ​ក៏​នាំ​គ្នា​​និយាយ​បង្អាប់​​ចំណេះ​ដែល​ចេះ​ពី​វត្ត​អារាម​ទៅ គឺ​ថា​បើ​ឃើញ​ចំណេះ​ណា​មួយ​មិន​ប្រាកដ ឬ​ឃើញ​អក្សរ​ដែល​អ្នក​ណា​មួយ​គេ​សរសេរ​មិន​ល្អ ក៏​នាំ​គ្នា​និយាយ​ថា​​ចំណេះ​វត្ត​អក្សរ​វត្ត​ប្រើ​មិន​កើត ដូច​ជា​ទី​វត្ត​រមែង​តែ​ធ្វើ​មនុស្ស​អ្នក​រៀន​មិន​ឱ្យ​ចេះ​ប្រាកដ ត្រង់​ខ្លួន​ឯង​ដែល​ខ្ជិល​រៀន​នោះ​មិន​គិត​​ឃើញ​ដល់ នេះ មក​ពី​គំនិត​​ដែល​គិត​ឃើញ​ខុស ព្រោះ​លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ភាន់​ច្រឡំ ។ អស់​លោក​ទាំងឡាយ​ប្រយត្ន​កុំ​ឱ្យ​ភាន់​ច្រឡំ​គំនិត​ដូច​មនុស្ស​ចំពួក​ខ្លះ​ដែល​គិត​ឃើញ​​ខុស​ដូច​ខាង​លើ​នេះ​ឡើយ ត្រូវ​ចូល​ចិត្ត​ឱ្យ​មាំ​ថា ព្រះ​ពុទ្ធ​សាសនា​នេះ​ជា​ច្បាប់​ប្រដៅ​​មនុស្ស​ដែល​ជឿ​ប្រតិបត្តិ​តាម ឱ្យ​មាន​ប្រាជ្ញា ឱ្យ​មាន​ចំណេះ​វិជ្ជា ឱ្យ​បាន​ថ្លៃថ្លា ឱ្យ​មាន​​របៀប​រៀប​រយ​ល្អ ឱ្យ​បាន​សេចក្ដី​សុខ​ដូច​សេចក្ដី​អធិប្បាយ​ត​ទៅ​នេះ កិរិយា​កើត​ឡើង​នៃ​ព្រះ​ពុទ្ធ​សាសនា ពាក្យ​ថា “ពុទ្ធ​សាសនា” ដែល​យើង​កាន់​សព្វ​ថ្ងៃ​នេះ ចែក​ចេញ​ជា​ពីរ​បទ គឺ​ពុទ្ធ ជា​បទ​ ១ សាសនា ជា​បទ ​១ ។ ពុទ្ធ​នេះ​ជា​ឈ្មោះ​នៃ​មនុស្ស​អស្ចារ្យ ១ នាក់ ដែល​កើត​ក្នុង​សក្យ​ត្រកូល ជាតិ​ជា​ក្ស​ត្រ​នៅ​ក្នុង​មជ្ឈិម​​ប្រទេស គឺ​ប្រទេស​ដែល​គេ​ហៅ​សព្វ​ថ្ងៃ​នេះ​ថា​ជា​ស្រុក​ឥណ្ឌា​ឬ​ស្រុក​អាំងប៉ែក​ខាង​ជើង បើ​គិត​ចំនួន​ឆ្នាំ​ថយ​ក្រោយ​ពី​ឥឡូវ​នេះ​ទៅ​ទល់​នឹង​កាល​សម័យ​ដែល​មនុស្ស​​អស្ចារ្យ​នោះ​កើត​ឡើង នោះ​យូរ​ចំនួន​ជាង ២.៥៥០ ឆ្នាំ​មក​ហើយ ។ មនុស្ស​អស្ចារ្យ​នោះ​មាន​ឈ្មោះ​ថា សិទ្ធត្ថ បាន​សោយ​រាជ្យ​តាំង​ពី​ព្រះ​ជន្ម ១៦ ឆ្នាំ ដល់​​មក​ព្រះ​ជន្ម ២៩ ឆ្នាំ ​បាន​ពិចារណា​​ឃើញ​​ច្បាស់​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​ដែល​កើត​ឡើង​អំពី​ជាតិ​គឺ ខន្ធ ៥ អំពី​ជរា​គឺ​ចាស់​គ្រាំ​គ្រា អំពី​ព្យាធិ​ គឺ​សេចក្ដី​ឈឺ​ចាប់ អំពី​មរណៈ ​គឺ​សេចក្ដី​ស្លាប់ ដោយ​​ប្រាជ្ញា​ដ៏​ក្លាហាន​ហើយ​មិន​អាច​នឹង​ទ្រាំ​នៅ​ក្នុង​និវេសនដ្ឋាន ដែល​ជា​ទី​ជោក​ជាំ​ដោយ​កាម​​គុណ​ទាំង ៥ បាន​ឡើយ ក៏​ចេញ​បួស​ខំ​ប្រែង​​ស្វែង​រក​​ធម៌​ដើម្បី​នឹង​រម្លត់​​បង់​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​​ទាំង​នោះ ដរាប​ដល់​បាន​សម្រេច​នូវ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​វិសេស​ឈ្មោះ​ថា “សម្ពោធិញ្ញាណ” ដែល​​យើង​ធ្លាប់​ហៅ​មក ធ្លាប់​ឮ​មក​ថា​ព្រះ​អង្គ​បាន​ត្រាស់ ។ មនុស្ស​អស្ចារ្យ​នេះ​ហើយ ដែល​មាន​នាម​ថា “ពុទ្ធ” ប្រែ​ថា​ព្រះ​អង្គ​ចេះ​គ្មាន​សល់ ឬ​ថា​ព្រះ​អង្គ​ជ្រាប​​ច្បាស់​នូវ​សេចក្ដី​ពិត​មែន ឬ​ថា​ព្រះ​អង្គ​ភ្ញាក់​ហើយ​អំពី​ដេក​លក់​គឺ​​សេចក្ដី​ល្ងង់ ។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​នេះ កាល​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហើយ ទ្រង់​បាន​​ពិចារណា​​ឃើញ​​សត្តនិករ​គឺ​ពពួក​មនុស្ស​និង​ទេវតា ដែល​កើត​ឡើង​ក្នុង​លោក​មាន​សន្ដាន​ក្រាស់​ដោយ​​មោហៈ​គឺ​សេចក្ដី​ល្ងង់ មិន​ដឹង​ថា​ខ្លួន​ធ្លាក់​លិច​នៅ​ក្នុង​​សមុទ្រ​ដ៏​ធំ​ពោល​គឺ​សង្សារ​វដ្ដ ដែល​ជា​ទី​ប្រកប​ដោយ​ទុក្ខ​ភ័យ​មិន​ដឹង​ថា​ខ្លួន​ច្រឡោត​នៅ​លើ​គំនរ​ភ្លើង​ទាំង ៥ ពោល​គឺ​កាម​គុណ ៥ ដែល​ជា​គ្រឿង​នាំ​បណ្ដាល​​ឱ្យ​បាន​សេចក្ដី​ទុក្ខ​លំបាក​សេចក្ដី​រោល​រាល​ជានិច្ច មាន​តែ​សេចក្ដី​ធ្វេស​ប្រហែស ឥត​មាន​គំនិត​គិត​ស្វែង​រក​ឧបាយ​នឹង​រលាស់​ខ្លួន​ឱ្យ​រួច​ផុត​ពី​ក្នុង​មហា​​សមុទ្រ ឬ​ពី​ក្នុង​គំនរ​ភ្លើង​នោះ​ឡើយ ដោយ​សញ្ញា​វិបល្លាស គឺ​សេចក្ដី​សម្គាល់​ខុស​ថា​ជា​ទី​ប្រកប​ដោយ​សេចក្ដី​សុខ​​ស្រួល​វិញ ។ ព្រះ​អង្គ​ទ្រង់​ឃើញ​ថា សត្តនិករ​ទាំងអស់​ជា​ច្រើន​មាន​គំនិត​គិត​ធ្លោយ​យ៉ាង​នេះ មក​ពី​មោហ​ធម៌​ដែល​ស្រោប​គំនិត​​សត្វ​បិទ​បាំង​ជិត ហើយ​ដឹក​នាំ​សត្វ​ឱ្យ​ធ្វើ​នូវ​អំពើ​ខុស​ផ្សេង​ៗ មោហៈ​ដែល​បិទ​គំនិត​មនុស្ស ហើយ​ដឹក​នាំ​មនុស្ស​សត្វ​ទៅ​នោះ ឧបមា​ដូច​ជា​សេចក្ដី​ល្ងង់​របស់​​ពពួក​​សត្​វ​មមាច សត្វ​កណ្ដូប​ជា​ដើម បិទ​បាំង​មិន​ឱ្យ​ស្គាល់​ថា​ជា​គ្រឿង​ក្ដៅ​ឡើយ ហើយ​បណ្ដាល​ឱ្យ​អាច​ហាន​ចូល​ទៅ​ក្នុង​ភ្លើង ដរាប​ដល់​សេចក្ដី​វិនាស ។ ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ពិចារណា​ឃើញ​ដូច្នោះ​ហើយ ក៏​កើត​មាន​ព្រះ​ទ័យ​ប្រកប​ដោយ​មហា​ករុណា គឺ​សេចក្ដី​អាណិត​​ធំ​ដល់​ពួក​មនុស្ស​សត្វ​ទាំងនោះ ប្រាថ្នា​នឹង​ជួយ​ដោះ​ឱ្យ​រួច​ចេញ​ពី​សេចក្ដី​ងងឹត​ល្ងង់ ដើម្បី​នឹង​ឱ្យ​កើត​មាន​ប្រាជ្ញា​ភ្លឺ​ស្វាង​ឡើង នឹង​បាន​ស្គាល់ទុក្ខ​-សុខ អាក្រក់-ល្អ និង​គុណ-ទោស ហើយ​នឹង​ស្វែង​រក​ឧបាយ​ដោះ​ខ្លួន​ឱ្យ​រួច​ចេញ​ចាក​គ្រឿង​ទុក្ខ ។ ទើប​ព្រះ​អង្គ​ទ្រង់​សម្ដែង​ធម៌​ទេសនា​ប្រដៅ​សត្តនិករ រាប់​ចំនួន​ឆ្នាំ​តាំង​ពី​ព្រះ​អង្គ​បាន​ត្រាស់​ហើយ ដរាប​​ដល់​ថ្ងៃ​ដែល​ព្រះ​​អង្គ​ចូល​​បរិនិព្វាន​បាន​ចំនួន ៤៥ ឆ្នាំ​គត់ ។ ធម៌​ទេសនា​ជា​ពាក្យ​ប្រដៅ​ទាំងអស់ របស់​ព្រះ​សម្មាសម្ពុទ្ធ​នោះ​ឈ្មោះ​ថា “សាសនៈ” គឺ​ដែល​​យើង​ធ្លាប់​​ហៅ​ថា “សាសនា ឬ​សាស្នា” ប្រែ​ថា “ពាក្យ​ឬ​ធម៌​ជា​ច្បាប់​សម្រាប់​ប្រៀន​ប្រដៅ” បើ​រួម​​ពាក្យ​ថា “ពុទ្ធ” ភ្ជាប់​មក​នឹង​ពាក្យ​ថា “សាសនា” ជា​ពាក្យ ១ ម៉ាត់ ហៅ​ថា “ពុទ្ធ​សាសនា” ប្រែ​ថា “ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ” គឺ​ច្បាប់​សម្រាប់​ប្រដៅ​មនុស្ស​សត្វ​មិន​ឱ្យ​ល្ងង់ ឱ្យ​កើត​មាន​ប្រាជ្ញា​ស្គាល់​គ្រឿង​ពិត​មែន ឬ​ឱ្យ​កើត​​មាន​ចំណេះ​វិជ្ជា ឬ​ថា​ច្បាប់​សម្រាប់​ប្រដៅ​សត្វ ឱ្យ​ចេះ​គិត​ស្វែង​រក​ឧបាយ​នឹង​ដោះ​ខ្លួន​ឱ្យ​រួច​ពី​គ្រឿង​ទុក្ខ ឱ្យ​បាន​ដល់​នូវ​សេចក្ដី​សុខ ។ តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា ព្រះ​ពុទ្ធ​សាសនា​នេះ គួរ​អស់​លោក​អ្នក​ទាំងឡាយ​ជ្រាប​ថា ជា​ពាក្យ​ប្រដៅ​មាន​តម្លៃ​ដោយ​ក្រៃលែង ។ ពាក្យ​ប្រដៅ​ទាំងនោះ​មាន​ពាក្យ​ខ្លះ ត្រូវ​គ្នា​នឹង​ពាក្យ​សុភាសិត​របស់​អ្នក​ប្រាជ្ញ​ទាំងឡាយ​អំពី​បុរាណ ដែល​មនុស្ស​ក្នុង​លោក​គេ​បាន​ចេះ​រៀងៗមក​​តាំង​អំពី​​មុន​​ព្រះ​សម្មាសម្ពុទ្ធ​បាន​ត្រាស់​មក​ក៏​មាន ពាក្យ​ខ្លះ​ជា​ពាក្យ​ប្រដៅ​ផុត​វិស័យ​គំនិត​មនុស្ស​និង​ទេវតា​ទាំងអស់ ក្រៅ​តែ​អំពី​ព្រះ​សម្មាសម្ពុទ្ធ ឥត​មាន​​អ្នក​​ណា​មួយ​​នឹង​មាន​គំនិត​គិត​បង្កើត​ឡើង​បាន​ដូច​នោះ​ក៏​មាន​ជា​ច្រើន​អន្លើ ដូច​សេចក្ដី​ដែល​សម្ដែង​ដោយ​សង្ខេប​ត​ទៅ​នេះ ១- ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​ឡើង​ដំបូង ក្នុង​ស្រុក​មជ្ឈិម​ប្រទេស ៗ នោះ កាល​មុន​ដែល​មិន​​ទាន់​​ព្រះ​ពុទ្ធ​សាសនា មនុស្ស​ក្នុង​ប្រទេស​ទាំងនោះ​នាំ​គ្នា​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​លទ្ធិ​សាសនា​ព្រាហ្មណ៍​ដោយ​ច្រើន ជា​ផ្លូវ​ប្រតិបត្តិ​តឹង​ពេក​ក៏​មាន ធូរ​ពេក​ក៏​មាន ដូច​​យ៉ាង​ប្រតិបត្តិ​បង្អត់​អាហារ​ខ្លួន​ឱ្យ​លំបាក​រូប​កាយ ដេក​លើ​បន្លា និង​អាំង​ភ្លើង​ក្នុង​វេលា​ថ្ងៃ​ក្នុង​រដូវ​ក្ដៅ​ជាដើម ជា​សេចក្ដី​ប្រតិបត្តិ​ឥត​​ប្រយោជន៍​​ទាំងអស់ ក៏​​ឥត​មាន​មនុស្ស​ណាមួយ​គិត​ឃើញ​ថា​ឥត​ប្រយោជន៍ ហើយ​នឹង​រើ​គំនិត​រក​ផ្លូវ​ប្រតិបត្តិ​ថ្មី​ទៀត​ឡើយ ។ ដល់​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បាន​ត្រាស់​ឡើង ទ្រង់​បាន​សម្ដែង​ធម៌​ទេសនា​ជា​ដំបូង កែ​ប្រែ​សេចក្ដី​ប្រតិបត្តិ​ទាំងនោះ គឺ​ពន្យល់​​មិន​ឱ្យ​ប្រតិបត្តិ​តាម ហើយ​ឱ្យ​ប្រតិបត្តិ​តាម​បែប​យ៉ាង ដែល​ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា​មាន​ប្រយោជន៍​ពិត​វិញ ធម៌​ទេសនា​ជា​ដំបូង​នោះ ព្រះ​អង្គ​សម្ដែង​ថា “ទ្វេមេ ភិក្ខវេ បព្វជិតេន ន សេវិតព្វា” ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ប្រតិបត្តិ​ដ៏​លាមក​អាក្រក់​ទាំង​ពីរ​យ៉ាង​នេះ បព្វជិត​មិន​គួរ​សេព គឺ​ថា​មិន​ត្រូវ​ប្រតិបត្តិ​ឡើយ សេចក្ដី​ប្រតិបត្តិ​អាក្រក់​ពីរ​យ៉ាង​នោះ គឺ​កាម​សុខល្លិកានុយោគ ការ​ប្រកប​ខ្លួន​ឱ្យ​ជាប់​ចំពាក់​ដោយ​សេចក្ដី​សុខ​ក្នុង​កាម​ទាំងឡាយ ១ អត្តកិលមថានុយោគ ការ​ប្រកប​សេចក្ដី​លំបាក​ដល់​ខ្លួន​ឱ្យ​នឿយ​ហត់​ឥត​ប្រយោជន៍ ១ ។ សេចក្ដី​ប្រតិបត្តិ​ទាំង ២ យ៉ាង​នេះ ជា​ការ​នាំ​ឱ្យ​សាប​សូន្យ មិន​ជា​សេចក្ដី​ចម្រើន​ទេ មិន​តែ​ប៉ុណ្ណោះ​ឡើយ​ថែម​ទាំង​​បណ្ដាល​ឱ្យ​​បាន​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​ទៀត ។ ឯតេ ខោ ភិក្ខវេ ឧភា អន្តេ អនុបគម្ម មជ្ឈិមា បដិបទា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​​ប្រតិបត្តិ​​ជា​កណ្ដាល​ដែល​មិន​លាយ​ច្រឡំ​នឹង​សេចក្ដី​ប្រតិបត្តិ​ទាំង ២ យ៉ាង​នោះ តថាគត​បាន​ត្រាស់​ដឹង​ហើយ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឱ្យ​កើត​​ប្រាជ្ញា ឱ្យ​កើត​សេចក្ដី​​ដឹង​ច្បាស់​ប្រាកដ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ក្រៃ​ពេក ដើម្បី​សេចក្ដី​ដឹង​ល្អ ដើម្បី​ព្រះ​និព្វាន ។ ក៏​សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​នោះ​ដូចម្ដេច ? សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​នោះ គឺ​ធម៌​ដែល​គួរ​ស្វែង​រក​មាន​អង្គ ៨ ហៅ​ថា “អដ្ឋង្គិកមគ្គ” ជា​គ្រឿង​ចេញ​ផុត​ចាក​សត្រូវ​គឺ​កិលេស ។ អដ្ឋង្គិមគ្គ​ទាំង ៨ នោះ​គឺ សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ត្រូវ ១ សម្មាសង្កប្បោ សេចក្ដី​ត្រិះរិះ​ត្រូវ ១ សម្មាវាចា សម្ដី​និយាយ​ត្រូវ ១ សម្មាកម្មន្តោ ការងារ​ត្រូវ ១ សម្មាអាជីវោ ចិញ្ចឹម​ជីវិត​ត្រូវ ១ សម្មាវាយាមោ ព្យាយាម​ត្រូវ ១ សម្មាសតិ សេចក្ដី​រឭក​ត្រូវ ១ សម្មាសមាធិ កិរិយា​តម្កល់​ចិត្ត​ត្រូវ ១ ។ ២- មាន​ធម៌​ជា​ពុទ្ធ​សាសនា​ម្យ៉ាង​ទៀត ហៅ​ថា “សច្ចធម៌” ជា​ធម៌​ប្រកាស​នូវ​សេចក្ដី​ពិត​មែន ជា​សេចក្ដី​កំបាំង​នឹង​គំនិត​ប្រាជ្ញា​របស់​មនុស្ស​ទេវតា​ទាំងអស់ កាល​មុន​ដែល​ពុំ​ទាន់​មាន​ព្រះ​ពុទ្ធ​សាសនា នោះ​ឥត​មាន​អ្នក​ណា​មួយ​ចេះ​ប្រដៅ​គ្នា​ឱ្យ​គិត​ឃើញ​ត្រូវ​ដូច​សច្ចធម៌​នេះ​ឡើយ បើ​ទុក​ជា​មាន​អ្នក​ឃើញ​ខ្លះ ក៏​គ្រាន់​តែ​ឃើញ​ព្រឹលៗ មិន​ច្បាស់​លាស់ លុះ​ដល់​ព្រះ​អង្គ​បាន​ត្រាស់​ឡើង ទើប​ព្រះ​អង្គ​សម្ដែង​អំពី​ធម៌​ពិត​មែន​នោះ​ឱ្យ​អស់​មនុស្ស​ទេវតា​ទាំងឡាយ​បាន​ស្គាល់​ច្បាស់​ច្រើន​គ្នា​ឡើង ហៅ​ថា “អរិយសច្ច” ៗ នេះ​មាន ៤ យ៉ាង​គឺ ១- ទុក្ខ កិរិយា​កើត​នៃ​ខន្ធ ៥ កិរិយា​ចាស់​គ្រាំ​គ្រា​នៃ​ខន្ធ ៥ កិរិយា​ឈឺ​ចាប់​នៃ​ខន្ធ ៥ កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ ៥ គឺ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ជា​ដើម ជា​គ្រឿង​ទុក្ខ ។ ២- ទុក្ខសមុទយោ តណ្ហា​ជា​មេ​បណ្ដាល​ឱ្យ​កើត​ទុក្ខ ។ ៣- ទុក្ខនិរោធោ ធម៌​ជា​គ្រឿង​រលត់​មិន​សល់​នៃ​គ្រឿង​ទុក្ខ​គឺ​ព្រះ​និព្វាន ។ ៤- ទុក្ខនិរោធគាមិនីបដិទា សេចក្ដី​ប្រតិបត្តិ​ធ្វើ​អ្នក​ដែល​ប្រតិបត្តិ​តាម​ឱ្យ​ដល់​នូវ​ទុក្ខ​និរោធ (សេចក្ដី​ប្រតិបត្តិ​ត្រង់​នេះ​បាន​ដល់​មជ្ឈិម​បដិបទា​ទាំង ៨ ប្រការ មាន​សម្មាទិដ្ឋិ​ជា​ដើម មាន​សម្មា​សមាធិ​ជា​ទី​បំផុត ដូច​សម្ដែង​ខាង​ដើម​ហើយ) ។ អរិយសច្ច​ធម៌​ទាំង ៤ នេះ បណ្ដាល​មនុស្ស​មាន​ប្រាជ្ញា​ទាំង​ប៉ុន្មាន តែ​បាន​ឮ​បាន​ស្ដាប់ ហើយ​គិត​តាម​ទំនង​លំអាន​ធម៌​នេះ​ទៅ ក៏​នឹង​ជឿ​ប្រាកដ​ថា​ត្រូវ​ពិត​មែន ដូច​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ បាន​ដំណឹង​ថា​ពួក​អ្នក​ប្រាជ្ញ​ក្នុង​ប្រទេស​ធំៗ ដូច​ក្នុង​ប្រទេស​អឺរ៉ុប គេ​បាន​ពិនិត្យ​ដល់​ព្រះ​ពុទ្ធ​សាសនា​ត្រង់​នេះ​ក៏​មាន​សេចក្ដី​ស្ងើច​អស្ចារ្យ​សរសើរ​ថា ព្រះ​ពុទ្ធ​ចេះ​សម្ដែង​ធម៌​ត្រូវ​ពិត​មែន​ណាស់ ។ ៣- មាន​ធម៌​ជា​ពុទ្ធ​សាសនា​ម៉្យាង​ទៀត​សម្រាប់​ប្រដៅ​មនុស្ស ឱ្យ​ចេះ​គិត​ពិចារណា​ដល់​រូប​កាយ ឱ្យ​ឃើញ​ថា​មិន​ទៀង ថា​ជា​ទុក្ខ និង​ឱ្យ​ឃើញ​ថា​មិន​មែន​ជា​របស់​ខ្លួន ហៅ​ថា “ព្រះ​ត្រៃលក្ខណៈ” ជា​ប្រយោជន៍​នឹង​កុំ​ឱ្យ​សត្វ​ទាំងឡាយ​មាន​សេចក្ដី​ស្រវឹង​ទៅ​ក្នុង​រូប​កាយ ។ ធម៌​ជា​របៀប​នៃ​ព្រះ​ពុទ្ធ​សាសនា ដែល​នាំ​យក​មក​ពន្យល់​ក្នុង​ទីនេះ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ឃើញ​ជា​តួ​យ៉ាង​នៃ​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​តម្លៃ​វិសេស ព្រោះ​ជា​ពាក្យ​ប្រដៅ​ផុត​វិស័យ​មនុស្ស​និង​ទេវតា​គិត​ប្រដៅ​ឱ្យ​ដូច​ពុំ​បាន​ឡើយ ។ ដែល​នៅ​មាន​ត​ទៅ​ទៀត​នោះ​ច្រើន​ណាស់ មិន​មាន​ពេល​ល្មម​នឹង​នាំ​យក​មក​អធិប្បាយ​ឱ្យ​សព្វ​គ្រប់​បាន ព្រោះ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ឡើង បាន​សម្ដែង​ធម៌​ជា​ពាក្យ​ប្រដៅ​អស់ ៤៥ ឆ្នាំ ទើប​ព្រះ​អង្គ​បរិនិព្វាន​ទៅ ព្រះ​សង្គីតិកាចារ្យ​គឺ​ពួក​សិស្ស​របស់​ព្រះ​អង្គ​ត​មក លោក​បាន​សង្គាយនា​រួប​រួម​ពាក្យប្រដៅ​របស់​ព្រះ​អង្គ​ទុក​ជា ៣ ផ្នែក ហៅ​ថា “ព្រះ​ត្រៃលក្ខណ​បិដក” គឺ​វិន័យ​បិដក ១ សុត្តន្ត​បិដក ១ អភិធម្ម​បិដក ១ បិដក​ទាំង ៣ នេះ​ដូច​ជា​ទូ​សម្រាប់​ដាក់​នូវ​របស់​មាន​តម្លៃ គឺ​ព្រះ​ពុទ្ធ​សាសនា​នេះ​ឯង ។ ម៉្យាង​ទៀត ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​ពាក្យ​ប្រដៅ​មនុស្ស​សត្វ​ឱ្យ​មាន​ប្រយោជន៍​ឱ្យ​បាន​សេចក្ដី​សុខ​នោះ មិន​មែន​ប្រដៅ​ឱ្យ​តែ​បាន​ប្រយោជន៍​នឹង​សុខ​ក្នុង​បរលោក​​មុខ ដែល​យើង​មើល​ទៅ​មិន​ឃើញ​នោះ​ទេ ជា​ពាក្យ​ប្រដៅ​ឱ្យ​បាន​ទាំង​ប្រយោជន៍​នឹង​សេចក្ដី​សុខ​ក្នុង​លោក​នេះ​ផង ដូច​សេចក្ដី​រៀប​រាប់​ដោយ​សង្ខេប​ត​ទៅ​នេះ ១ ព្រះ​អង្គ​ប្រដៅ​មនុស្ស​មិន​ឱ្យ​ប្រព្រឹត្ត​តាម​អបាយ​មុខ ៦ យ៉ាង គឺ​មិន​ឱ្យ​មិន​ផឹក​សុរា ១ មិន​ឱ្យ​ដើរ​លេង​តាម​ច្រក​ល្ហក​ក្នុង​វេលា​យប់ ១ មិន​ឱ្យ​ដើរ​មើល​ល្បែង​មហោស្រព ១ មិន​ឱ្យ​លេង​ល្បែង​ភ្នាល់ មាន​បៀប៉ោ​ជា​ដើម ១ មិន​ឱ្យ​សម​គំនិត​នឹង​មនុស្ស​ខូច​យក​ធ្វើ​ជា​មិត្ត​សម្លាញ់ ១ មិន​ឱ្យ​ខ្ជិល​ធ្វើ​ការងារ​រក​ស៊ី ១។ ២ ព្រះ​អង្គ​ប្រដៅ​មនុស្ស​ឱ្យ​ចេះ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទោ​មក​តាម​ជាន់ គឺ​មាតា​បិតា​និង​កូន គ្រូ​អាចារ្យ​និង​សិស្ស ភរិយា​និង​ស្វាមី មិត្ត​សម្លាញ់​និង​សម្លាញ់​ផង​គ្នា ចៅហ្វាយ​នាយ​និង​ទាសកម្មករ​គឺ​កូន​ឈ្នួល​ឬ​បាវព្រាវ សមណៈ​គឺ​អ្នក​បួស​និង​គ្រហស្ថ ។ ព្រះ​ពុទ្ធ​សាសនា​ដែល​នាំ​យក​មក​ពន្យល់​បន្តិច​បន្តួច​ប៉ុណ្ណោះ​នេះ ឱ្យ​ឃើញ​ថា​ជា​ពាក្យ​ប្រដៅ​មនុស្ស​សត្វ​ឱ្យ​មាន​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​នេះ​ផង ។ សូម​អស់លោក​ទាំងឡាយ​ជ្រាប​នេះ ព្រះ​ពុទ្ធ​សាសនា​នេះ​បើ​អ្នក​ណា​មួយ​បាន​កាន់ បាន​សិក្សា បាន​សង្កេត​ពិនិត្យ​មើល​ឱ្យ​សព្វ​គ្រប់​ទៅ​គង់​នឹង​បាន​ដឹង​ជា​ប្រាកដ ថា​មាន​រស​ជាតិ​ដ៏​ថ្លៃ​ថ្លា អាច​ឱ្យ​សម្រេច​ប្រយោជន៍​ដល់​ខ្លួន​អ្នក​ប្រតិបត្តិ​ក្នុង​បច្ចុប្បន្ន​នេះ​ផង ក្នុង​បរលោក​ខាង​មុខ​ផង ។ ឯ​សាសនា​ឯ​ទៀត​ដែល​មាន​ក្នុង​ស្រុក​យើង​ក៏​សុទ្ធ​តែ​មាន​ពាក្យ​ប្រដៅ​ឱ្យ​មនុស្ស​ប្រតិបត្តិ​ល្អ​ដោយ​ឡែក​ដែរ យើង​មិន​បន្តុះ​បង្អាប់​សាសនា​របស់​គេ​នោះ​ទេ ព្រោះ​ចូល​ចិត្ត​ថា ធម្មតា​ពាក្យ​ប្រដៅ​ដែល​ហៅ​សាសនា​នីមួយៗ បើ​ប្រសិន​ជា​ប្រដៅ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​សុទ្ធ​តែ​អាក្រក់​នោះ តើ​អ្នក​ណា​គេ​នឹង​ខំ​ប្រតិបត្តិ​តាម គឺ​មាន​ពាក្យ​ប្រដៅ​ឱ្យ​ធ្វើ​ល្អ​ដែរ បើ​មិន​មាន​ច្រើន​ក៏​គង់​មាន​ខ្លះ ល្មម​តែ​អ្នក​ដែល​ចូល​ចិត្ត​ជឿ​យក​មក​ប្រតិបត្តិ​តាម​បាន តែ​ទោះ​បី​មាន​ដូច្នោះ​ក្ដី​ក៏​គង់​មិន​មាន​លើស​លុប​ជាង​ព្រះ​ពុទ្ធ​សាសនា​ឡើយ ក្នុង​សាសនា​ឯ​ទៀត​បើ​មាន​សេចក្ដី​ប្រតិបត្តិ​ត្រូវ​ល្អ​ប៉ុន្មាន សេចក្ដី​ប្រតិបត្តិ​នោះ​ក៏​សឹង​មាន​បរិបូណ៌​គ្រប់​គ្រាន់​ខាង​ព្រះ​ពុទ្ធ​សាសនា​ឯ​ណេះ​ឥត​មាន​ខ្វះ ព្រោះ​ព្រះ​ពុទ្ធ​សាសនា​នេះ​កើត​មាន​ឡើង​មុន​សាសនា​ឯ​ទៀតៗជា​ច្រើន ។ ហេតុ​ដូច្នោះ អស់​លោក​អ្នក​ទាំងឡាយ​ដែល​បាន​ចូល​មកកាន់​ព្រះ​ពុទ្ធ​សាសនា​ហើយ គួរ​តាំង​ចិត្ត​ប្រតិបត្តិ​ឱ្យ​ស៊ប់សួន បើ​មាន​កិច្ច​ធុរៈ​រវល់​ចំពោះ​ខ្លួន​ច្រើន មិន​អាច​នឹង​ប្រតិបត្តិ​ឱ្យ​ពេញ​បន្ទុក​បាន ក៏​គប្បី​ប្រតិបត្តិ​យ៉ាង​តិច​ល្មម​សម​គួរ​ដល់​កម្លាំង​ដែល​អាច​នឹង​ប្រតិបត្តិ​ច្រើន​យ៉ាង តាម​ជាន់​នៃ​អ្នក​ប្រតិបត្តិ ដូច​សេចក្ដី​អធិប្បាយ​ត​ទៅ​ក្នុង​ខាង​មុខ ។ ម្យ៉ាង​ទៀត ការ​ប្រតិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​នេះ ដូច​ក្នុង​សម័យ​ឥឡូវ​នេះ​ជា​ការ​លំបាក​នឹង​ចេះ​ដឹង​ពេក​ទេ ពិត​មែន​ជា​ព្រះ​ពុទ្ធ​សាសនា​ប្រៀប​ដូច​ជា​របស់​មាន​តម្លៃ​តម្កល់​នៅ​ក្នុង​ទូ​ដ៏​មាំមួន​ពោល​គឺ​ព្រះ​ត្រៃបិដក ហើយ​ចាក់​សោ គឺ​ថា​ភាសា​បាលី អ្នក​ដែល​មិន​ចេះ​ភាសា​បាលី​ដូច​គេ​ឥត​មាន​កូន​សោ​នៅ​ដៃ មិន​អាច​នឹង​ចាក់​បើក​ទូ​យក​របស់​មាន​តម្លៃ គឺ​ព្រះ​ពុទ្ធ​សាសនា​មក​បាន ឯ​សព្វ​ថ្ងៃ​នេះ​ក្នុង​ស្រុក​យើង​កូន​សោ​កាន់​តែ​មាន​ក្រែល​ដែរ​ហើយ កូន​សោ​នោះ​គឺ​គម្ពីរ​សាត្រា ឬ​សៀវភៅ​ដែល​គេ​ប្រែ​ពី​ភាសា​បាលី​មក​ជា​ភាសា​យើង​ហើយ​បោះពុម្ព​ឡើង កាល​បើ​បាន​សៀវភៅ​ប្រែ​ធម៌​អាថ៌​ទាំងនោះ​មក​ក៏​ដូច​គេ​មាន​កូន​សោ​នៅ​ដៃ អាច​នឹង​ចាក់​ទូ​គឺ​ព្រះ​ត្រៃបិដក​បើក​យក​របស់​មាន​តម្លៃ​គឺ​ព្រះ​ពុទ្ធ​សាសនា មក​ប្រដាប់​តាក់​​តែង​ខ្លួន​គឺ​ប្រតិបត្តិ​តាម​ដូច​ប្រាថ្នា​បាន ។ ពុទ្ធ​សាសន​បដិបត្តិ សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​អ្នក​កាន់​សាសនា​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​នោះ បើ​ចែក​ដោយ​សង្ខេប​មាន ៣ ជាន់​គឺ ៖ ១- ជាន់​ខាង​ក្រោម​គឺ​លោកិយ​ធម៌ សម្រាប់​ពុទ្ធ​សាសនិក​ជន​គឺ​ជន​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ជាន់​ក្រោម គឺ​អ្នក​ដែល​ជា​បុថុជ្ជន ប្រតិបត្តិ​ធ្វើ​តាម​ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​កណ្ដាល ។ ២- ជាន់​កណ្ដាល​គឺ​លោកុត្តរ​ធម៌ សម្រាប់​ពុទ្ធ​សាសនិក​ជន​ជាន់​កណ្ដាល គឺ​អ្នក​ដែល​បាន​តម្កល់​នៅ​ក្នុង​មគ្គផល តាំង​ពី​ទី១ គឺ​សោតាបត្តិមគ្គ ដល់​ទី៧ គឺ​អរហត្ត​មគ្គ ប្រតិបត្តិ​ធ្វើ​តាម ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​ខ្ពស់​បំផុត ។ ៣- ជាន់​ខ្ពស់​បំផុត​គឺ​លោកុត្តរ​ធម៌ សម្រាប់​ពុទ្ធសាសនិកជន​ជាន់​ខ្ពស់​បំផុត គឺ​អ្នក​ដែល​បាន​តម្កល់​នៅ​ក្នុង​អរហត្ត​ផល ប្រព្រឹត្ត​ប្រតិបត្តិ​តាម ។ ក្នុង​ឱកាស​នេះ នឹង​អធិប្បាយ​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ជាន់​ខាង​ក្រោម សម្រាប់​មនុស្ស​ជា​បុថុជ្ជន​ សេចក្ដី​ប្រតិបត្តិ​នោះ​មាន​បែប​ផ្សេង​គ្នា​ជា​ពីរ​យ៉ាង គឺ​សេចក្ដី​ប្រតិបត្តិ​សម្រាប់​អ្នក​បួស ១ សម្រាប់​គ្រហស្ថ ១ ។ នឹង​សម្ដែង​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​សម្រាប់​គ្រហស្ថ ដោយ​សង្ខេប​ដូច​មាន​ត​ទៅ​នេះ ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​គ្រហស្ថ​ត្រូវ​ប្រតិបត្តិ​នោះ​មាន​ច្រើន​ប្រការ មាន​តាំង​ពី​កិច្ច​ដែល​តម្កល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ ដរាប​ដល់​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ខ្លួន​ឱ្យ​តម្កល់​នៅ​ក្នុង​អរិយ​ភូមិ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ អ្នក​ដែល​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា កាល​ជាន់​ដើម​ពី​ក្នុង​ពុទ្ធ​សម័យ ឬ​ក៏​ក្នុង​កាល​ខាង​ក្រោយ​ត​ពី​ព្រះ​ជា​បរម​គ្រូ​ទ្រង់​ចូល​បរិនិព្វាន​រៀង​មក ក៏​រមែង​ប្រតិបត្តិ​ទៅ​តាម​សមគួរ​ដល់​សទ្ធា​ចិត្ត​របស់​ខ្លួន​ទី​ទៃៗ អ្នក​ខ្លះ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ អ្នក​ខ្លះ​តម្កល់​ខ្លួន​នៅ​ក្នុង​និច្ចសីល និង​ឧបោសថ​សីល និង​សុចរិតទាំង៣ប្រការ អ្នក​ខ្លះ​ក៏​បាន​ប្រតិបត្តិ​តាម​គន្លង​នៃ​សមថភាវនា​និង​វិបស្សនា​ភាវនា ដរាប​ដល់​ធ្វើ​ខ្លួន​ឱ្យ​ផុត​ជាតិ​ជា​បុថុជ្ជន ឱ្យ​តម្កល់​នៅ​ក្នុង​ទី​អរិយ​ភូមិ​បាន ។ អស់​លោក​អ្នក​ទាំង​ឡាយ ក៏​សុទ្ធ​តែ​ជា​អ្នក​ប្រកប​ដោយ​កិច្ច​កង្វល់ ក្នុង​ការងារ​ដែល​ត្រូវ បើ​មិន​អាច​នឹង​ប្រតិបត្តិ​ឱ្យ​សព្វ​គ្រប់​បាន ក៏​គប្បី​ប្រតិបត្តិ​ឱ្យ​សម​គួរ​ដល់​ស្ថាន​ដែល​ត្រូវ​បាន​ឈ្មោះ​ថា​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ត្រឹម​តែ​សេចក្ដី​ខាង​ក្រោយ​នេះ​គឺ ១- តម្កល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគមន៍ គឺ​តាំង​ចិត្ត​ជឿ​ជាក់​ហើយ​ចេញ​វាចា​ប្រកាស​យក ព្រះ​ពុទ្ធ ព្រះ​ធម៌ និង​ព្រះ​សង្ឃ​ថា​ជា​ទី​ពឹង ទី​រឭក ព្រម​ទាំង​សេចក្ដី​ដឹង​ក្នុង​គុណ​នៃ​ព្រះ​រតន​ត្រ័យ​នោះ​ផង មាន​ដឹង​ថា ព្រះ​ពុទ្ធ​ព្រះ​អង្គ​មាន​នាម​ថា “អរហំ” ព្រោះ​ព្រះ​អង្គ​កម្ចាត់​បង់​ហើយ​នូវ​សត្រូវ​គឺ​ធម៌​ជា​គ្រឿង​សៅហ្មង​ដូច្នេះ​ជាដើម ដឹង​ថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះ​បរិយត្តិ​ធម៌​និង​នរលោកុត្តរ​ធម៌ ដែល​ព្រះ​អរហំ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ហើយ​ល្អ ដូច្នេះ​ជា​ដើម ដឹង​ថា “សុបដិបន្នោ ភគវតោ សាវកសង្ឃោ” ព្រះ​សង្ឃ​ជា​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លោក​ប្រតិបត្តិ​ហើយ​ដោយ​ល្អ ដូច្នេះ​ជា​ដើម ។ ២- សមាទាន​រក្សា​សីល ៥ គឺ​វៀរ​មិន​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ ១ មិន​លួច​ទ្រព្យ​របស់​អ្នក​ដទៃដែល​មិន​ឱ្យ ១ មិន​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម ១ មិន​និយាយ​កុហក ១ មិន​ផឹក​សុរា ១ ។ (សីល ៥ នេះ​ត្រូវ​រក្សា​ឱ្យ​បាន​ជាប់​ជានិច្ច បើ​ប្រសិន​ជា​មាន​ដាច់​ត្រង់​សីល​ណា​មួយ​នៅ​ពេល​ណា​ដោយ​សេចក្ដី​ភ្លាំង​ភ្លាត់​នោះ ត្រូវ​សមាទាន​អំពី​អ្នក​ដទៃ ឬ​គ្រាន់​តែ​អធិដ្ឋាន​ដោយ​ខ្លួន​ឯង ឱ្យ​បាន​ជាប់​ឡើង​វិញ​ក៏​បាន) ។ ៣- រក្សា​នូវ​សុចរិត ៣ ប្រការ​គឺ កាយ​សុចរិត ១ វចី​សុចរិត ១ មនោ​សុចរិត ១ ។ កាយ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​កាយ មាន ៣ ​យ៉ាង​គឺ វៀរ​មិន​ឱ្យ​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ ១ វៀរ​មិន​លួច​យក​ទ្រព្យ​របស់​អ្នក​ដទៃ ១ វៀរ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម​គឺ​ការ​កន្លង​ប្រវេណី ១ ។ វចី​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា មាន ៣​យ៉ាង​គឺ វៀរ​មិន​និយាយ​កុហក ១ វៀរ​មិន​និយាយ​ពាក្យ​ញុះញង់ ១ វៀរ​មិន​និយាយ​អាក្រក់​គឺ​ពាក្យ​ចាក់​ដោត​ដោយ​ការ​ប្រទេច​ផ្ដាសា ១ វៀរ​មិន​និយាយ​ពាក្យ​ឥត​ប្រយោជន៍ ១ ។ មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្ត មាន៣​យ៉ាង​គឺ មិន​មាន​ប្រាថ្នា​លោភលន់​ចង់​បាន​ទ្រព្យ​របស់​អ្នក​ដទៃ ១ មិន​មាន​គំនិត​គំនុំ​គុំ​ធ្វើ​អ្នក​ដទៃ​ឱ្យ​វិនាស ១ មាន​គំនិត​គិត​ត្រូវ​តាម​ហេតុ​ពិត ១ (តាំង​ពី​ត្រៃ​សរណគមន៍​ដល់​សុចរិត ៣ ប្រការ មាន​ពិស្ដារ​ក្នុង​សៀវភៅ​គិហិបដិបត្តិ) ។ សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដូច​រៀប​រាប់​ខាងលើ​នេះ សូម្បី​បន្តិច​ប៉ុណ្ណេះ ក៏​គង់​តែ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ប្រតិបត្តិ​តាម​ដូច​សេចក្ដី​ខាង​ក្រោយ​នេះ ៖ ១- នឹង​បាន​នូវ​អំណរ​ពេញ​ចិត្ត​ខ្លួន​ឯង​ថា “ខ្លួន​អញ​បាន​តម្កល់​ខ្លួន​ក្នុង​ទី​ដ៏​ត្រូវ​ហើយ អញ​បាន​ត្រូវ​ហើយ អញ​ឥត​មាន​ខុស​ទេ ” ។ ២- នឹង​បាន​ជា​ទី​ទុក​ចិត្ត ជា​មនុស្ស​ជំនឿ​ពេញ​ចិត្ត​នៃ​អ្នក​ឯ​ទៀត គឺ​ថា​បើ​ខ្លួន​នៅ​ក្នុង​បន្ទុក​អ្នក​ឯ​ទៀត​ដែល​យស​សក្ដិ​ធំ​ជាង​ខ្លួន គេ​នឹង​ទុក​ចិត្ត​ជឿ​ស្រឡាញ់​រាប់​អាន ដោយ​គេ​ខឹង​ថា​ខ្លួន​ជា​អ្នក​សុចរិត​ល្អ​ហើយ គេ​នឹង​លើក​សរសើរ​ទំនុក​បម្រុង​ឱ្យ​បាន​នូវ​សេចក្ដី​ថ្កុំថ្កើង​និង​សេចក្ដី​សុខ​ស្រួល ព្រោះ​ហេតុ​ដែល​ខ្លួន​កាន់​សុចរិត​គួរ​ឱ្យ​គេ​ទុក​ចិត្ត​បាន ។ ៣- នឹង​មាន​កិត្តិសព្ទ​កេរ្តិ៍​ឈ្មោះ​ថា​ជា​អ្នក​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ ។ ៤- វេលា​ដែល​នឹង​ដល់​នូវ​មរណ​កាល ក៏​ឥត​មាន​សេចក្ដី​វង្វេង​ឡើយ ។ ៥- លុះ​ធ្វើ​មរណកាល​ទៅ​ហើយ ក៏​រមែង​បាន​ទៅ​កើត​ក្នុង​សុគតិភព ។ ម្យ៉ាង​ទៀត សូម​អស់​លោក​អ្នក​ទាំង​ឡាយ​ជ្រាប​ថា​ផល​ប្រយោជន៍​ដែល​កើត​ឡើង​អំពី​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដូច​សេចក្ដី​អធិប្បាយ​ក្នុង​ខាង​លើ​នេះ ។ ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១០-១១ ដោយ៥០០០ឆ្នាំ
images/articles/3075/2ttrook.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,៦៩០ ដង)
អស្សទ្ធសំសន្ទនសូត្រ ទី៧ [៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ (ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីមាំមួន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីមាំមួន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា)។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនភ្លេចស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនភ្លេចស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង… ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ជាមួយនឹងពួកជនមិនខ្មាសបាប។បេ។ ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ [៤២] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ។បេ។ ត្រូវគ្នា សមគ្នា។ ចប់សូត្រទី៧។ អស្សទ្ធសំសន្ទនសូត្រ ទី ៧ បិដកភាគ ៣២ ទំព័រ ៣៩ ឃ្នាប ៤១ ដោយ៥០០០ឆ្នាំ
images/articles/3162/2022-01-09_16_2500.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,០៧២ ដង)
សមចិត្តវគ្គ ទី៤ [២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។ សមចិត្តវគ្គ ទី ៤ ឬ ភូមិរបស់សប្បុរសនិងអសប្បុរស - បិដកភាគ ៤០ ទំព័រ ១៣៦ ឃ្នាប ២៧៧ ដោយ៥០០០ឆ្នាំ
images/articles/3194/_______________________________________.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៩២៥ ដង)
បញ្ញាវគ្គ វិបស្សនាកថា សាវត្ថីបរិបុណ្ណនិទាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ មិនប្រកបដោយអនុលោ​មិក​ខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាល​មិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទា​គាមិផល ​អនា​គា​មិ​ផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យ​ដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ [២០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទា​គាមិ​ផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ​ឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាម​ធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ [២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាជាខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិន ប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទាគា​មិ​ផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាមិនមែនខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះកាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ [២០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិ​ផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ [២០៦] ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការប៉ុន្មាន ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការប៉ុន្មាន។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ ចុះកាន់សម្មត្តនិយាមធម៌ ក៏ដោយអាការ ៤០ ដែរ។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ តើដូចម្តេចខ្លះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ តើដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញនូវខន្ធ ៥ ថាមិនទៀង ១ ថាជាទុក្ខ ១ ជារោគ ១ ជាបូស ១ ជាសរ ១ ជារបស់លំបាក ១ ជាអាពាធ ១ ជារបស់ដទៃ ១ ជារបស់វិនាស ១ ជាចង្រៃ ១ ជាឧបទ្រព ១ ជាភ័យ ១ ជាឧបសគ្គ ១ ជាគ្រឿងញាប់ញ័រ ១ ជាគ្រឿងបែកធ្លាយ ១ ថាមិនទៀង ១ ថាមិនមានទីជ្រកកោន ១ ថាមិនមាន​ទីពួន ១ ថាមិនមានទីពឹង ១ ថាជាវាល ១ ថាទទេ ១ ថាសោះសូន្យ ១ ថាមិនមែនខ្លួន ១ ថាជា​ទោស ១ ថាមានសេចក្តីប្រែប្រួលជាធម្មតា ១ ថាគ្មានខ្លឹម ១ ថាជាឫសគល់នៃសេចក្តីលំបាក ១ ថាជាអ្នកសម្លាប់ ១ ថាមិនមានសេចក្តីចម្រើន ១ ថាប្រកបដោយអាសវៈ ១ ថាជារបស់ដែលបច្ច័យប្រជុំតាក់តែង ១ ថាជាអាមិសៈនៃមារ ១ ថាមានការកើតជាធម្មតា ១ មាន​ជរា​ជាធម្មតា ១ មានព្យាធិជាធម្មតា ១ មានមរណៈជាធម្មតា ១ មានសោកជាធម្មតា ១ មានការខ្សឹកខ្សួលជាធម្មតា ១ មានសេចក្តីចង្អៀតចង្អល់ជាធម្មតា ១ មានសេចក្តីសៅហ្មងជាធម្មតា ១ គឺថា កាលពិចារណាឃើញថា ខន្ធ ៥ មិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនដ៏ទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាទុក្ខ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានសុខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជារោគ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានរោគ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាបូស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះ​និញ្វន ​ជាឋានមិនមានបូស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាសរ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជា​ឋានមិនមានសរ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាខន្ធលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទុក្ខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាអាពាធ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានអាពាធ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ដទៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនជាបច្ច័យរបស់អ្នកដទៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាវិនាស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាសភាវៈមិនវិនាស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាចង្រៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានចង្រៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបទ្រព រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបទ្រព រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាភ័យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមិនមានភ័យ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបសគ្គ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបសគ្គ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាគ្រឿងញាប់ញ័រ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការញាប់ញ័រ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់បែកធ្លាយ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការបែកធ្លាយ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីជ្រកកោន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីជ្រកកោន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីពួន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពឹង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានទីពឹង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាវាល រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទីវាល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ទទេ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនទទេ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាសូន្យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថាការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានសូន្យ (ចាកកិលេស) ដ៏ក្រៃលែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមែនខ្លួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះ​និញ្វន ជាឋានមានអត្ថដ៏ឧត្តម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាទោស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះ​និញ្វន ជាឋានមិនមានទោស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញ ខន្ធ ៥ ថាមានការប្រែប្រួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការប្រែប្រួលជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានខ្លឹម រមែងបាននូវអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានខ្លឹម រមែងចុះកាន់សម្មត្តនិយាមធម៌ កាល​ពិចារណាឃើញខន្ធ ៥ ថាជាឫសគល់នៃការលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានមិនមានឫសគល់នៃសេចក្តីលំបាក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអ្នកសម្លាប់ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនជាទីសម្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រាសចាកសេចក្តីចម្រើន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមែនជាទីប្រាសចាកសេចក្តីចម្រើន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រកបដោយអាសវៈ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាសវៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាបច្ច័យប្រជុំតាក់តែង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានបច្ច័យប្រជុំតាក់តែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអាមិសៈនៃមារ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាមិសៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានការកើតជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានឈប់កើត រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានជរាជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានជរា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានព្យាធិជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានព្យាធិជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីស្លាប់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិន ស្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសោកជាធម្មតា រមែងបានអនុលោ​មិក​ខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសោក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីខ្សឹកខ្សួល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តី​ចង្អៀតចង្អល់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីចង្អៀតចង្អល់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសៅហ្មងជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសៅហ្មង រមែងចុះកាន់សម្មត្តនិយាមធម៌។ [២០៧] ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាទុក្ខ បានដល់ទុក្ខា​នុប​ស្សនា​។ ពាក្យថារោគ បានដល់ទុក្ខានុបស្សនា។ ពាក្យថាបូស បានដល់ទុក្ខានុបស្សនា។ ពាក្យ​ថា​សរ បានដល់ទុក្ខានុបស្សនា។ ពាក្យថាលំបាក បានដល់ទុក្ខានុបស្សនា។ ពាក្យថាអាពាធ បានដល់​ទុក្ខានុបស្សនា។ ពាក្យថាជារបស់អ្នកដទៃ បានដល់អនត្តានុបស្សនា។ ពាក្យថាវិនាស បានដល់អនត្តានុបស្សនា។ ពាក្យថាចង្រៃ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបទ្រព​ បានដល់ទុក្ខានុបស្សនា។ ពាក្យថាភ័យ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបសគ្គ បានដល់ទុក្ខានុបស្សនា។ ពាក្យថាញាប់ញ័រ បានដល់អនិច្ចានុបស្សនា។ ពាក្យថាបែកធ្លាយ បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានទីជ្រកកោន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពួន បានដល់ទុក្ខានុបស្សនា​។ ពាក្យថាមិនមានទីពឹង បានដល់ទុក្ខានុបស្សនា។ ពាក្យថាទីវាល បានដល់ទុក្ខានុបស្សនា ។ ពាក្យថាទទេ បានដល់អនត្តានុបស្សនា។ ពាក្យថាសោះសូន្យ បានដល់អនត្តានុបស្សនា។ ពាក្យថាមិនមែនខ្លួន បានដល់អនត្តានុបស្សនា។ ពាក្យថាទោស បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការប្រែប្រួលជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានខ្លឹម បានដល់អនត្តានុបស្សនា។ ពាក្យថាមានការលំបាកជាឫសគល់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជាអ្នកសម្លាប់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាប្រាសចាកសេចក្តីចម្រើន បានដល់អនិច្ចានុបស្សនា។ ពាក្យថាប្រកបដោយអាសវៈ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានបច្ច័យប្រជុំតាក់តែង បានដល់អនិច្ចានុបស្សនា។ ពាក្យថាជាអាមិសៈនៃមារ បានដល់ទុក្ខា​នុបស្សនា។ ពាក្យថាមានការកើតជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានជរាជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានព្យាធិជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា​មានសេចក្តីស្លាប់ជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមានសោកជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា បានដល់ទុក្ខា​នុបស្សនា​។ ពាក្យថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា មានសេចក្តីសៅហ្មងជាធម្មតា បានដល់ទុក្ខានុបស្សនា។ ភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ។ កាលភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ តើអនិច្ចានុបស្សនា មានប៉ុន្មាន ទុក្ខានុបស្សនា មានប៉ុន្មាន អនត្តានុបស្សនា មានប៉ុន្មាន។ អនត្តានុបស្សនា មាន ២៥ អនិច្ចានុបស្សនា មាន ៥០ វិបស្សនាទាំងឡាយណា ដែលព្រះមានព្រះភាគសំដែងចំពោះទុក្ខានុបស្សនា វិបស្សនានោះ មាន ១២៥។ ចប់ វិបស្សនាកថា។ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ (ព្រះត្រៃបិដក ភាគទី៧១) ដោយ៥០០០ឆ្នាំ
images/articles/3165/fdfge53egrfgre4333.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១,៩៣១ ដង)
តតិយវគ្គ [១៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលមួយ កាលកើតឡើងក្នុងលោក ក៏កើតឡើងដើម្បី មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នកណា។ គឺបុគ្គលជាមិច្ឆាទិដ្ឋិ ជាអ្នកយល់ខុស បុគ្គលនោះ រមែងនាំជនច្រើនឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតាំងនៅក្នុងអសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ [១៩២] ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បី ជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នក ណា។ គឺបុគ្គលជាសម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ បុគ្គលនោះ រមែងនាំជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើយក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ តតិយវគ្គ ឬ បុគ្គលម្នាក់កើតឡើងក្នុងលោកដើម្បីជាទុក្ខដល់មនុស្សនិងទេវតាទាំងឡាយ - បិដកភាគ ៤០ ទំព័រ ៧៥ ឃ្នាប ១៩១ ដោយ៥០០០ឆ្នាំ
images/articles/3195/202________________________rest.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១,៩៩៣ ដង)
កឹសីលសូត្រ ទី៩ (ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជន​មានសីល​ដូចម្តេច មាន​មារយាទ​ដូចម្តេច ចំរើន​នូវអំពើ​ទាំងឡាយ​ដូចម្តេច គប្បីជា​បុគ្គល​ប្រតិស្ឋាន​មាំល្អ (ក្នុងសាសនា) ផង ដល់នូវ​ប្រយោជន៍​ខ្ពង់ខ្ពស់ គឺ​អរហត្តផល​ផង។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែល​ចំរើន ជាអ្នក​មិនមាន​សេចក្តី​ច្រណែន ស្គាល់កាល​គួរចួបនឹងគ្រូ ស្គាល់ខណៈ​ស្តាប់​ធម្មីកថា ដែល​លោកពោល គប្បីស្តាប់​សុភាសិត​ឯទៀត​ដោយគោរព។ បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្ត​បន្ទាបខ្លួន ហើយ​ចូលទៅ​កាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹក​រឿយ ៗ ទាំងប្រព្រឹត្ត​ដោយ​ប្រពៃនូវ​អត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស​ ដែលគ្រូសំដែង​ហើយ)។ បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរ​ក្នុងធម៌ ឋិតនៅ​ក្នុងធម៌ ចេះ​វិនិច្ឆ័យ​នូវធម៌ មិនគួរ​ប្រព្រឹត្តនូវ​ពាក្យ ដែល​ប្រទូស្តចំពោះ​ធម៌ គប្បីញុំាង​កាលឲ្យ​អស់ទៅ ដោយ​សុភាសិត​ទាំងឡាយ​ដែលពិត ៗ។ បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចា​ឥត​ប្រយោជន៍ ការ​ខ្សឹកខ្សួល ការ​ប្រទុស្ត ការធ្វើ​នូវមាយា ការកុហក ការជាប់​ចិត្ត ការប្រកាន់ ការប្រណាំង​ប្រជែង សំដី​អាក្រក់ ទឹកអម្ចត់ គឺ​រាគាទិក្កិលេស និងការជ្រប់​នៅដោយ​តណ្ហា គប្បីជា​បុគ្គល​ប្រាសចាក​សេចក្តី​ស្រវឹង មានចិត្ត​ឋិតនៅ​មាំ។ សុភាសិតទាំងឡាយ (ដែលប្រកប​ដោយ​សមថវិបស្សនា) គឺអ្នកប្រាជ្ញដឹងច្បាស់ ថាមាន​សារៈ ឯញាណ​សំរេចអំពីសុតៈ គឺអ្នកប្រាជ្ញដឹងច្បាស់​ថា មាន​សមាធិជា​សារៈ បញ្ញា និងសុតៈ រមែងមិន​ចំរើនដល់​នរជន ដែលជា​អ្នកមាន​ចិត្តរហ័ស ជាអ្នក​ធ្វេស​ប្រហែស ។ មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គល​សំដែង​ហើយ ជនពួកនោះ រមែង​ប្រសើរ​ដោយ​វចីកម្ម មនោកម្ម និង​កាយកម្ម ជនពួក​នោះ រមែង​ឋិតនៅ​ក្នុងសេចក្តី​ស្ងប់ស្ងាត់ ស្ងប់ស្ងៀម និង​សមាធិ ហើយបាន​ដល់នូវខ្លឹម​នៃការ​ស្តាប់ផង នៃប្រាជ្ញា​ផង។ ចប់ កឹសីលសូត្រ ទី៩។ (ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ព្រះត្រៃបិដកលេខ ៥៤) …………………….ព្រះពុទ្ធដីកា សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖ បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តម គឺការមិនមានរេាគ១, សីល (គឺមារយាទ) ១, ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង ១, ការឧស្សាហ៍ស្តាប់ ១, ការអនុវត្តន៍នូវសុចរិតធម៌ ១, ការមិនរុញរានៃចិត្ត ១, ធម៌ទាំង ៦ នេះ ជាទ្វារ ទាំងជាប្រធាននៃសេចក្តីចម្រេីន ។ (អត្ថស្សទ្វារជាតកទី ៤) ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕