30
ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៨០១
Today
ថ្ងៃម្សិលមិញ ២៤៤,៦០១
ខែនេះ ៤,៨៤៥,៣៣៧
សរុប ៣៧៩,១៦៦,៨៥៩
ប្រជុំអត្ថបទ
images/articles/3130/202erdffook.jpg
សម្ដេច​ព្រះ​ធម្មលិខិត ល្វី ឯម
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤
កុមារភាព កុមារ ឯម ប្រសូត ពី​ថ្ងៃ ២ ᧥ ៦ ឆ្នាំ​រោង ទោស័ក ព. ស. ២៤២២ ក្នុង​ក្រុង​ភ្នំពេញ ។ បិតា​នាម មាន់ (ឧកញ៉ា​រតន​នាយក​ចាងហ្វាង​ព្រះ​ឃ្លាំង) មាតា​នាម ប្រាក់ ។ កាល​លោក​ឧកញ៉ា មាន់ ត្រឡប់​ពី​ធ្វើ​ចៅហ្វាយ​ស្រុក ខេត្ត​ត្បូងឃ្មុំ ផ្លាស់​ទៅ​ខេត្ត​លង្វែក បាន​បំបួស​កុមារ ឯម ដែល​មាន​ជន្មាយុ ១៥ ឆ្នាំ ជា​សាមណេរ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ក្នុង​វត្ត​ឧណ្ណាលោម ពី ព. ស. ២៤៣៧ ។ សាមណេរ ឯម បាន​ហាត់​សូត្រ​ធម៌ ១ ចប់ ភាណវារ​បាលី ព្រម​ទាំង​រៀន​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​ព្រះ​តេជ​ព្រះ​គុណ​ព្រះ​នាម​វិមលធម្ម ថោង បាន ៣ គម្ពីរ, ត​មក បាន​រៀប​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​លោក​គ្រូ​អាចារ្យ យ៉ាំង, លោក​គ្រូ​អាចារ្យ រ៉ត, លោក​ឧកញ៉ា សុធម្មមេធា អ៊ុង និង​លោក​ឧកញ៉ា​សទ្ធម្មប្រីជា កង ទៀត រួម​ទាំងអស់ ៩ គម្ពីរ ។ បព្វជ្ជា សាមណេរ ឯម បាន​បព្វជ្ជា​អស់ ៦ វស្សា ដល់​ជន្មាយុ​គ្រប់ ២១ ឆ្នាំ បាន​សូម​ឧបសម្បទា​ជា​ភិក្ខុ ពី ព. ស. ២៤៤៣ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍, ព្រះ​ពុទ្ធវង្ស នន្ទ និង​ព្រះ​មង្គល​ទេពាចារ្យ កុយ ជា​ឧបសម្បទាចារ្យ នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, មាន​លោក​ឧកញ៉ា​មហា​មន្ត្រី ប៉ុក ឌុច ជា​អ្នក​ឧបត្ថម្ភក៍ ។ ការតែងតាំង សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​តាំង​ភិក្ខុ ឯម ដែល​ទើប​នឹង​បាន​ឧបសម្បទា​ថ្មី ៗ ឲ្យ​ធ្វើ​ជា​អាចារ្យ​បង្ហាត់​សូត្រ​ធម៌​ភាណវារ​បាលី ឲ្យ​ប្រើ​ខ្យល់​វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវ​តាម​វិធី​ភាសា​បាលី ដូច​គំរូ​ភាសា​បាលី ដែល​ប្រើ​ក្នុង​ភាសា​បាលី​ជាន់​ខ្ពស់​សព្វ​ថ្ងៃ​នេះ ។ ភិក្ខុ ឯម ព្យាយាម​បង្ហាត់​សូត្រ​ធម៌ ក្នុង​វត្ត​ឧណ្ណាលោម​ផង ក្នុង​វត្ត​កំពង់ឆ្នាំង​ជាដើម​ផង អស់​វេលា​ពីរ​ឆ្នាំ ។ ដល់ ព. ស. ២៤៤៥ សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​ទៅ​ធ្វើ​ចៅអធិការ​វត្ត​ស៊ីធរ ឃុំ​ស៊ីធរ ស្រុក​ស្រីស៊ីធរ ខេត្ត​ព្រៃវែង (សព្វ​ថ្ងៃ​នេះ រួច​ចូល​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល) ។ លោក​គ្រូ​ចៅអធិការ ឯម បាន​រៀបចំ​វត្ត​ស៊ីធរ ដែល​ជា​វត្ត​ចាស់​មាន​ទី​សេនាសនៈ​បាក់បែក ឲ្យ​ទៅ​ជា​វត្ត​មួយ​មាន​ព្រះ​វិហារ​ដ៏​រុងរឿង មាន​កុដិ​សាលា​ធំ ៗ ចំនួន ៣ ខ្នង មាន​ដំណាំ​ឈើ​ធំ ៗ និង​ផល​ព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏​ច្រើន​រយ​ដើម ព្រម​ទាំង​បង្រៀន​គម្ពីរ​បាលី​ដល់​ពួក​ភិក្ខុ​សាមណេរ​ច្រើន​អង្គ អស់​វេលា ៩ ឆ្នាំ មាន​កិត្តិសព្ទ​ល្បីល្បាញ​ខាង​ការ​សម្ដែង​ធម៌​ទេសនា​និង​ការ​បង្ហាត់​បង្រៀន ព្រម​ទាំង​ការ​កសាង​វត្ត​អារាម ។ ស្នាព្រះហស្ត ដល់ ព. ស. ២៤៥៤ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​អធិបតី ដែល​សាង​ព្រះ​រាជ​ដំណាក់​ជិត​វត្ត​លង្កា ទ្រង់​បាន​ឃើញ​វត្ត​លង្កា ដែល​ឋិត​នៅ​ក្នុង​ទី​ទំនាប​ទឹក​លិច សល់​ត្រឹម​តែ​ខឿន​ព្រះ​វិហារ ដែល​មាន​តែ​រោង​ស្បូវ​មួយ គ្រប​ព្រះ​ពុទ្ធ​រូប ១ ព្រះ​អង្គ, ទ្រង់​ក៏​មាន​ព្រះ​រាជ​វិតក្ក​អាណិត​ព្រះ​ពុទ្ធ​រូប ដែល​គេ​មើល​ទៅ​ឃើញ​ដូចជា​គេ​បណ្ដែត​ពោងពាយ​ចោល​កណ្ដាល​បឹង ស្ងាត់​ឈឹង មិន​សូវ​មាន​បរិស័ទ​សោះ ទើប​ទ្រង់​ចូល​ទៅ​គាល់​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទូល​ស្នើ​សុំ​ឲ្យ​សម្ដេច​និមន្ត​លោក​គ្រូ​ចៅអធិការ ឯម ពី​វត្ត​ស៊ីធរ មក​គង់​នៅ​វត្ត​លង្កា​វិញ ដើម្បី​ជួយ​កសាង​វត្ត​នេះ ព្រោះ​លោក​គ្រូ​ចៅអធិការ ខាត់ សុគត​ទៅ​ហើយ ។ សម្ដេច​ព្រះ​មហា​សង្ឃរាជ ទ្រង់​បង្គាប់​លោក​គ្រូ​ព្រះ​មហា​វិមលធម្ម ថោង ឲ្យ​ចាត់ការ​ផ្ទេរ​រៀបចំ​ចៅអធិការ​វត្ត​ទាំង​ពីរ​នេះ ។ លោក​គ្រូ​ព្រះ​មហា​វិមលធម្ម បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​មក​ធ្វើ​ចៅអធិការ​វត្ត​លង្កា ពី​ព. ស. ២៤៥៤​។ លោក​គ្រូ​ព្រះ​អាចារ្យ ឯម ជា​ចៅអធិការ​វត្ត​លង្កា គង់​នៅ​ក្នុង​សេនាសនៈ​ចាស់​មួយ ដែល​ជា​សាលា​រៀន​ផង ជា​កុដិ​សម្រាប់​ចៅអធិការ​ផង ដែល​លោក​អ្នក​ឧកញ៉ា​យោមរាជ ម៉ែម សេនាបតី​ក្រសួង​យុត្តិធម៌ រុះ​រោង​ល្ខោន​របស់​លោក​មក​កសាង​ប្រគេន ។ លោក​គ្រូ​ចៅអធិការ ឯម ខំ​ខ្វល់ខ្វាយ​កសាង​ព្រះ​វិហារ តាំង​ពី​ផ្ដើម​រៀប​ឥដ្ឋ​សសរ និង​ជញ្ជាំង​ឡើង​ជា​ដំបូង ដរាប​ដល់​ខឿន​កំពែង និង​បល្ល័ង្ក​ព្រះ​ពុទ្ធ​រូប​ធំ ដែល​រំកិល​យក​ពី​វត្ត​លង្កា​ចាស់ ខាង​អាគ្នេយ៍​វត្ត​ភ្នំ មក​តម្កល់​ក្នុង​ព្រះ​វិហារ​វត្ត​លង្កា​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​បាន​កសាង​កុដិ ១ ខ្នង ពីរ​ជាន់ ដែល​រុះ​ចេញ​បាត់​ទៅ ហើយ​កសាង​កុដិ​ថ្ម​ធំ​សព្វ​ថ្ងៃ​នេះ​ឡើង​វិញ, លោក​បាន​កសាង​ហោត្រៃ​មួយ​ខ្នង ដោយ​ឥដ្ឋ​ស៊ីម៉ងត៍​ពីរ​ជាន់, សាលា​ធម្មសភា​មួយ​ខ្នង គ្រឿង​ស៊ីម៉ងត៍ ២ ជាន់ មាន​រោង​ជួង ១ ជាន់​នៅ​នោះ​ផង, កំពែង​ស៊ីម៉ងត៍ ៤៧ ល្វែង ព័ទ្ធ​វត្ត​លង្កា ពី​ចំហៀង​ខាង​ជើង​និង​ខាង​កើត ប្រវែង ២៤៧ ម. ៨២ បាន​កសាង​សាលា​បាលី​រង ១ ខ្នង, សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា ១ ខ្នង គ្រឿង​ឥដ្ឋ​ស៊ីម៉ងត៍​ភ្លោះ​ទន្ទឹម​គ្នា ចំ​ខាង​ក្រោយ​ព្រះ​វិហារ, បាន​កសាង​កុដិ​ឈើ ១ ខ្នង ខាង​លិច​កុដិ​ថ្ម​ធំ, បាន​សាង​ប្រាង្គ ១ ខាង​មុខ​ព្រះ​វិហារ បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះ​សព​ព្រះ​មហា​វិមលធម្ម ថោង , បាន​ចាក់​ដី​ជម្រៅ ២ ម៉ែត្រ ពេញ​វត្ត​លង្កា​ទាំង​មូល ព្រម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ការ​កសាង​កុដិ ពេញ​បរិវេណ​វត្ត​លង្កា​ចំនួន ៣៦ ខ្នង ។ មិន​តែ​ប៉ុណ្ណោះ, លោក​បាន​កសាង​សាលា​បាលី​រង ១ និង​កុដិ​ធំ ១ (គ្រឿង​ឈើ) ចេតិយ ១ នៅ​វត្ត​ក្រាំងពន្លៃ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បញ្ចុះ​ធាតុ​លោក​ឧកញ៉ា ល្វីជោ មាន់ (១) ជា​បិតា និង​លោក​ស្រី ប្រាក់ ជា​មាតា ។ (១)​ ឧកញ៉ា ល្វី ជោ ជា​ងារ​នៃ​ចៅហ្វាយ​ខេត្ត​លង្វែក ព្រោះ​សាលា​ខេត្ត​នេះ តាំង​នៅ​ក្នុង​ឃុំ​ល្វី ។ ឃុំ​ល្វី កែ​ជា​ឃុំ​បន្ទាយ​លង្វែក ពី​ឆ្នាំ ១៩៣៥ តាម​ពាក្យ​សុំ​របស់​លោក ម៉ី អ៊ុំ មេ​ឃុំ​ល្វី និង​លោក ទេស លឹម ចៅហ្វាយ​ស្រុក​កំពង់​ត្រឡាច និង​លោក សូរ មៀច គ្រូ​បង្រៀន នៅ​សាលា​ពាម​លង្វែក បាន​សុំ​ទៅ​លោក​ចៅហ្វាយ​ខេត្ត នឹង​លោក​រេស៊ីដងត៍​កំពង់ឆ្នាំង ។ ពាក្យ​ថា ល្វី ថា ល្វី នេះ បាន​ជា​ឲ្យ​ដាក់​នាម​ថា ល្វី ឯម ជាប់​ត​មក ។ សមណស័ក្តិ កាល​ពី ព. ស. ២៤៤៦ លោក​គ្រូ​អាចារ្យ ឯម បាន​សមណ​ស័ក្តិ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា ។ ដល់​មក ព. ស. ២៤៥៧ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ​ញាណ​បវរ​វិជ្ជា (រាជា​គណៈ​ចត្វា) ។ ដល់ ព. ស. ២៤៥៨ មាន​ព្រះ​រាជ​ប្រកាស និង​អារ៉ែតេ​រ៉េស៊ីដងត៍​ស៊ុបប៉េរីយើរ តាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ដោយ​ការ​ប្រឡង​រើស​រូប​ជាប់​លេខ គឺ​ជា​ការ​ប្រឡង​រើស​រូប​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​លើក​ដំបូង​បំផុត ។ ជំនាន់​មុន កាល​សាលា​បាលី​ជាន់​ខ្ពស់ ពុំ​ទាន់​កើត​ឡើង ការ​សិក្សា​ធម៌​វិន័យ និង​ការ​សិក្សា​គម្ពីរ​បាលី​នៃ​កុលបុត្រ​អ្នក​កម្ពុជរដ្ឋ មាន​ស្ដួចស្ដើង​ណាស់ ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រតិបត្តិ​ផ្លូវ​ធម៌​វិន័យ ធ្លាក់​ចុះ​ក្នុង​ការ​វិបត្តិ​ច្រើន​អន្លើ ។ តាំង​ពី​សាលា​បាលី​ជាន់​ខ្ពស់​កើត​ឡើង មាន​ព្រះ​សព​ព្រះ​មហា​វិមល ថោង ជា​នាយក មាន​ព្រះ​ញាណ​បវរ​វិជ្ជា ឯម , ព្រះ​គ្រូ​សង្ឃសត្ថា ជួន ណាត, ព្រះ​គ្រូ​សង្ឃវិជ្ជា ហួត តាត ជាដើម ដែល​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​ជំនួយ​កម្លាំង​ផង លោក​បាន​រៀបចំ​ការ​សិក្សា និង​ការ​កែប្រែ​វត្ត​ប្រតិបត្តិ​ច្រើន​អន្លើ ។ សម័យ​នោះ មាន​អធិករណ៍​យ៉ាង​ធំ ៗ ខាង​ផ្លូវ​ពុទ្ធសាសនា ដូចជា​មហា​សង្គ្រាម ១ កើត​ឡើង​ក្នុង​ប្រទេស ព្រោះ​តែ​ការ​សម្រិត​សម្រាំង​វត្ត​ប្រតិបត្តិ​នោះ​ឯង ។ លោក​គ្រូ​ព្រះ​ញាណ​បវរ​វិជ្ជា ឯម ហាក់​ដូចជា​ធម្មទេសនា ១ រូប​យ៉ាង​ឆ្នើម, វត្ត​លង្កា ហាក់​ដូចជា​សមរភូមិ ១ យ៉ាង​ធំ ក្នុង​ប្រទេស​កម្ពុជា ។ ដោយ​ហេតុ​អធិករណ៍​នេះ បាន​ជា​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម ខំ​កសាង​ធម្ម​អាវុធ គឺ​សៀវភៅ​ធម៌​វិន័យ​ផ្សេង ៗ (ដូច​នឹង​មាន​រាយ​ឈ្មោះ​សៀវភៅ តទៅ​ខាង​មុខ) សរសេរ​បោះពុម្ព​ចែក​ជា​ធម្មទាន ដើម្បី​ជា​គ្រឿង​បំភ្លឺ​សតិ​បញ្ញា នៃ​ពុទ្ធសាសនិកជន ជា​គ្រឿង​រម្ងាប់​អធិករណ៍​នោះ ។ ប៉ុណ្ណោះ​ហើយ ក៏​នៅ​តែ​ពុំ​ទាន់​ស្ងប់, បាន​ជា​វេលា​មួយ លោក​សន្ទនា​ជា​មួយ​នឹង​អ្នក​អម្ចាស់ នរោត្តម សិង្ហរ៉ា ជា​ព្រះ​រាជ​សុណិសា នៃ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ពិគ្រោះ​គ្នា​អំពី​ការ​រម្ងាត់​អធិករណ៍​នោះ, បាន​សម្រេច​ដោយ​យោបល់​ថា​ : គួរ​តែ​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក ដែល​ជា​ភាសា​បាលី ឲ្យ​ជា​សេចក្ដី​សម្រាយ ដើម្បី​ឲ្យ​ជន​ទាំងលាយ មើល​ស្ដាប់​សេចក្ដី​បាន​គ្រប់​គ្នា កុំ​ឲ្យ​ជជែក​យក​តែ​ត្រូវ​រៀង​ខ្លួន​ទៀត ។ អ្នក​អង្គ​ម្ចាស់ នរោត្តម សិង្ហរ៉ា មាន​ព្រះ​រាជ​ហឫទ័យ​ជ្រះ​ថ្លា បាន​ជាវ​គ្រឿង​ប្រដាប់​សរសេរ មាន​ក្រដាស​ជាដើម មក​ប្រគេន​មិន​ឲ្យ​ខ្វះ​ខាត ។ ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាញ​បវរ​វិជ្ជា ល្វី ឯម ក្រោយ​ដែល​បាន​ពិគ្រោះ​នឹង​ព្រះ​ថេរានិត្ថេរៈ ជា​សហការី​របស់​លោក​ហើយ ក៏​ចាត់​ឲ្យ​សរសេរ​ចម្លង​បាលី​វិន័យ​បិដក​ជា​ដំបូង រហូត​ដល់​ចប់​គម្ពីរ​មហា​វិភង្គ ព្រម​ទាំង​ប្រែ​ផង (២) (ចម្លង​នៅ​វត្ត​លង្កា ក្នុង ព. ស. ២៤៦០) ហើយ​ថ្វាយ​ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​សម្ដេច​ព្រះ​កែវហ្វា​នៅ​ឡើយ ដើម្បី​ទ្រង់​ជួយ​ទូល​ស្នើ​ការ​ប្រែ​និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ប្រទេស​កម្ពុជា និង​រាជការ​អាណាព្យាបាល ហើយ​លោក​បាន​ថ្វាយ​យោបល់​ថា​ : កិច្ចការ​នេះ​ធំ​ណាស់ សូម​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត តម្រូវ​ឲ្យ​ប្រគេន​ទៅ​លោក​គ្រូ​ព្រះ ពោធិវ័ង្ស ម៉ា និង​ព្រះ​រាជា​គណៈ​ខ្លះ ខាង​វត្ត​បទុមវតី​ឲ្យ​ចាត់ការ ទើប​នឹង​បាន​សម្រេច ហើយ​នឹង​បាន​សន្តិភាព​ខាង​ពុទ្ធសាសនា​ផង ។ ដំណើរ​ការ​នេះ ក៏​អនុវត្ត​ទៅ​តាម​យោបល់​នោះ​មែន ប៉ុន្តែ​ឥត​ឃើញ​ចេញ​ផល​មក​ជា​យ៉ាង​ដូចម្ដេច​សោះ អស់​វេលា​ដ៏​យូរ​ឆ្នាំ ។ (២)​ សំណៅ​នេះ សព្វ​ថ្ងៃ​នៅ​ឯ​វត្ត​ស្វាយពពែ ។ លុះ​មក​ដល់ ព. ស. ២៤៧២ ព្រះ​តេជ​ព្រះ​គុណ​ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម បាន​ឡើង​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់, ដល់ ព. ស. ២៤៧៥ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ សីរីសម្មតិវង្ស, កាល​ដែល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់​បាន​រាជាភោសេក​ហើយ, ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម បាន​ថ្វាយ​ព្រះ​ពរ​ទូល​ស្នើ អំពី​ការ​ប្រែ និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក​នោះ​ទៀត ។ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស និង​រាជការ​អាណាព្យាបាល​បារាំងសែស ក្រោយ​ដែល​កុង្សីយ៍​សេនាបតី​ជំនុំ​ព្រម​ហើយ ព្រះ​អង្គ​ក៏​ទ្រ់​ប្រោស​ព្រះ​រាជទាន​ព្រះ​រាជានុញ្ញាត​ឲ្យ​បង្កើត​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ, ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ព្រម​ទាំង​តែងតាំង​ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម ជា​អធិបតី​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ផង ។ ការ​កសាង​ព្រះ​ត្រៃបិដក ក៏​បាន​លូត​លាស់​​មក​ជា​លំដាប់ ។ ការ​សិក្សា​ធម្មវិន័យ ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ និង​សាលា​បាលី​ក្នុង​វត្ត​លង្កា ក៏​ចម្រើន​ដោយ​ក្រៃលែង ដរាប​តែ​ព្រះ​ថេរានុត្ថេរៈ ខេត្ត​ក្រៅ មាន​ខេត្ត​បាត់ដំបង និង​កំពង់ឆ្នាំង​ជាដើម បាន​បើក​សាលា​រៀន​បាលី និង​ធម្មវិន័យ យក​តម្រាប់​តាម​វត្ត​លង្កា​ជា​ច្រើន​វត្ត ។ ប្រភពអត្ថបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3123/5yere34343.jpg
ប្រវត្តិលោក ញ៉ុក ថែម
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤
លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ហុល។ កុមារភាព និងការសិក្សា កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវង្ស ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយ​បាន​សិក្សា​ធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវង្ស។ នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជា​សាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោក​បាន​សិក្សា​ធម៌វិន័យ និង​ភាសា​បាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅ​ខេត្ត​បាត់ដំបង ។ លោក​​ក៏​បាន​ទៅ​សិក្សា​នៅ​បរទេសដែរ គឺ​ក្នុង​ឆ្នាំ ១៩១៩ លោក​បាន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេសថៃ ។ លោក​បាន​ជាប់​សញ្ញាប័ត្រ​ធម្មសិក្សា​ជាន់​ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុង​ឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបាន​ឧបសម្ប័ទ​ជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែល​នេះ លោក​បាន​ជាប់​សញ្ញាប័ត្រ​បរិយត្តិ​ភាសា​បាលី ទីមហា ៣ ប្រយោគ ។ ពីរ​ឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោក​បាន​ជាប់ ទីមហា ៤ ប្រយោគ ហើយ​​ពីរ​ឆ្នាំតមកទៀត(១៩២៨) លោក​ជាប់ទីមហា ៥ ប្រយោគ និង​ជាទី​បញ្ចប់ លោកបានជាប់ទីមហា ៦ ប្រយោគ នៅក្នុងឆ្នាំ១៩២៩ ។ សូម​បញ្ជាក់​ថា នៅ​ប្រទេស​ថៃ ការសិក្សា​ភាសា​បាលី មាន​សរុប​ទាំង​អស់​ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែល​ប្រយោគ​ទី ៩ ជា​ប្រយោគ​ខ្ពស់​បំផុត (ថ្នាក់​បណ្ឌិត) ។ លោកបាន លា​ចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ នៅឆ្នាំ ១៩៣៦ ។ ការងារ ពេល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ លោក​ក៏​បាន​ធ្វើការ​នៅ​ទី​នោះ​ដែរ ។ លោក​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​បាលី នៅ​ទីក្រុង​បាងកក ចាប់​ពី​គ.ស.១៩២៧ ទៅ​ទល់​នឹង គ.ស.១៩៣០ ទើប​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើ​ជា​សមាជិក​គណៈកម្មាការ​ប្រព្រះត្រៃបិដក នៅ​ពុទ្ធសាសនបណ្ឌិត្យ ។ នៅ​ឆ្នាំ ១៩៣៨ លោក​ធ្វើការ​នៅ​ព្រះរាជបណ្ណាល័យកម្ពុជា មាន​មុខងារ​ជា​អ្នកចាត់ចែង​ បោះពុម្ព​ផ្សាយ​សៀវភៅ​ផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅ​ឆ្នាំ​បន្ទាប់​មក(១៩៣៩) លោក​បាន​ធ្វើជា​តំណាង​សម្ដេចព្រះនរោត្ដមសុធារស និង​ជា​អធិបតី​ពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយ​តំណាង​ផ្សេងៗ​ទៀត លោក​បាន​​ទៅ​រៀបចំ​កម្មវិធី​សិក្សា និង​ពិធី​សម្ពោធន៍​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្រុង​ហ្លួងព្រះបាង និង​ក្រុង​វៀងច័ន្ទ នា​ប្រទេស​លាវ ។ ឆ្នាំ ១៩៤២ លោក​បាន​ទៅ​សម្ពោធ​មន្ទីរ​សាសនបណ្ឌិត្យ​ខេត្តឃ្លាំង ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង និងឆ្នាំ ១៩៤៣ លោក​ជា​តំណាង​រៀបចំ​កម្មវិធី​សិក្សា​ សម្រាប់​ពុទ្ធសាសនបណ្ឌិត្យ នៅ​ខេត្ត​ប៉ាក់សេ​ ប្រទេសលាវ ។ លោកញ៉ុក ថែម បាន​ធ្វើជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​ថ្នាក់​ទី ៥ នៃសាលាគរុវិជ្ជានៅ​ឆ្នាំ ១៩៤៥ ។ នៅ​ឆ្នាំ ១៩៤៦ លោក​ធ្វើការ​នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំង​ជា​សាស្ត្រាចារ្យ​ នៅ​វិទ្យាល័យស៊ីសុវត្ថិទៀត​ផង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥០ លោក​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​ ចូល​មក​បម្រើ​ក្រសួងសិក្សាធិការជាតិ ក្រោយ​ពេល​ដែល​បារាំង​ផ្ទេរ​វិទ្យាល័យស៊ីសុវត្ថិ មក​ជា​សម្បត្តិ​ជាតិ ​ហើយ​លោក​ធ្វើជា​សាស្ត្រាចារ្យ ជាប់​សន្យា​រហូត​មក ។ ប្រាំមួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ ១៩៥៦ លោក​សុំ​ផ្លាស់​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​ខ្មែរ នៅ​វិទ្យាល័យមុនីវង្ស នា​ក្រុងបាត់ដំបង ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៥៨ លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​វិទ្យាស្ថានជាតិគរុកោសល្យ នា​ក្រុង​ភ្នំពេញ​វិញ​ ក្នុង​ឋានៈ​ជា​សាស្ត្រាចារ្យ​ផង និង​អ្នកស្រាវជ្រាវ​ឯកសារ​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាស្ថាន​នោះ​ផង ។ លោក​ជា​សាស្ត្រាចារ្យ​ខ្មែរ​ នៅ​សាលាភូមិន្ទរដ្ឋបាល ។ ស្នាដៃ កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។ ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖ ពុទ្ធប្បវត្តិសង្ខេប អនុពុទ្ធប្បវត្តិ ភាគ១-២ ប្រជុំភាសិត ភាគ១-២ មហាវេស្សន្ដរជាតក ប្រជុំពុទ្ធភាសិត ជាតិសាសនាព្រះមហាក្សត្រ រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២) រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ ឬ១៩៤៣) ឯកសហរាត្រី (ភាគខ្លះ ប្រែ) ចូឡវេទល្លសូត្រ (ប្រែ) វិធីប្រតិបត្តិធម៌ ពន្លឺអាស៊ីទ្វីប (ប្រែ) បញ្ញាសជាតកសង្ខេប ភាគ១-២។ ន​មោ​ដីកា​កថា នានា​ជាតក​វណ្ណ​ន ធម្មបទ​និទ្ទេស ទេវតា​ភាសិត ពុទ្ធភាសិត និង អត្ថបទ​​​ថៃ​លើ​សាស្ត្រា​ស្លឹក​រិត រឿងប្រលោមលោកបិសាច​ស្នេហា ភ្នំពេញ ១៩៤២ រឿងប្រលោមលោកកុលាប​ប៉ៃលិន ភ្នំពេញ ១៩៤៣៕ ប្រភពអត្តបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3125/2021rrook.jpg
សម្តេចព្រះមហាឃោសានន្ទ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤
សម្តេចព្រះមហាឃោសានន្ទ ព្រះអរហន្តលាក់មុខនៃកម្ពុជា ដែលមនុស្សគ្រប់គ្នាគប្បីស្គាល់ព្រះអង្គ ។ សម្រែកបាក់ទ័ពរបស់ទាហានរដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនពីខ្មែរក្រហមលាន់ពេញព្រៃ សាកសពច្រើនឥតគណនាត្រូវបាន គេដឹកជញ្ជូនឆ្ពោះទៅ កាន់ ទីរួមខេត្តបាត់ដំបង ទឹកមុខទាហានមានសភាពក្រៀមក្រំ អ្នកខ្លះបានស្រែក​ពីលើ រថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា« កូណាចាញ់ ខ្មែរក្រហមហើយ»។ ក្បួនធម្មយាត្រាប្រមាណ ២០០០ នាក់បានទៅដល់ចំណុចគីឡូ ៣៨ ក្នុងស្រុក រតនមណ្ឌល នាខេត្តបាត់ដំបង ម៉ោងប្រហែលជាង ១១ ជិតត្រង់ ដែលជាចំណុចប្រយុទ្ឋ ដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិង​រដ្ឋាភិបាលចម្រុះរបស់​សហនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៩៤ ។ ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយៈ ដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់​សមរភូមិឆ្ពោះទៅកាន់​តំបន់​ប៉ៃលិន នាយទាហានម្នាក់​បានមក​ទូលថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណា​ឈប់បាញ់​បាន តែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។ មនុស្សប្រមាណ ២០០០នាក់ ដោយមានព្រះសង្ឃជិត ១០០០ អង្គ បានឈរត្រៀបត្រា​នៅតាមបណ្ដោយផ្លូវ រងចាំការសម្រេចព្រះទ័យរបស់សម្ដេច។ នៅក្រោមគ្រាប់ភ្នែក​ប្រហែល ៤០០០ គ្រាប់របស់អ្នកដង្ហែសម្ដេច យើងឃើញព្រះអង្គ​និមន្តឡើងឡាន​ម៉ាកតូយូតាតែមួយអង្គឯង​ជាមួយអ្នកបើកបរម្នាក់ បើកចូល​ទៅក្នុងសមរភូមិដែល​អមទៅដោយ​គ្រាប់កាំភ្លើងដូចភ្លៀង។ ការនិមន្តចូលសមរភូមិរបស់ព្រះអង្គ បានអង្រួនដួងចិត្តមនុស្សរាប់​ពាន់នាក់ឲ្យឈរ​យ៉ាងស្ងាត់ស្ងៀម សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី «សន្តិភាព និង អហិង្សា» នៅកម្ពុជា។ ជនបរទេសខ្លះបានលើកដៃរប្រណម្យ​លាយ​ឡំដោយ​ទឹកភ្នែកហូរ​សស្រាក់ ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេច និង អ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលឡានដឹក​សម្ដេចរំកិលខ្លួន​ចាកចេញ​ពីពួកគេបន្តិចម្ដងៗ។ ចំណែកទាហា៊នម្នាក់បាននិយាយខ្សាវៗថា« សម្ដេចអាចសុគត​ក្នុងសមរភូមិ»។ ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លី ជិតមួយម៉ោងកន្លងទៅហើយ នៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀត មនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា​«សម្ដេចអាចសុគតឬរបួសហើយ សម្ដេចអាចខ្មែរក្រហមចាប់ហើយ» ។ ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។ សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញ សម្ដេចមកវិញហើយ !!!» មិនដល់ ៥ នាទីផង ឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រា​ស្ទើរបាត់ស្រមោល​ឡាន​មើលមិនឃើញ។ សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាល ព្រមដោយហត្ថាប្រណម្យទាំងទ្វេ តែមិននិយាយសូម្បីតែមួយ​ម៉ាត់ទៅកាន់​អ្នក​ណាម្នាក់ឡើយ ក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយ​នៅជិតគុម្ពព្រៃ​ហើយគង់យ៉ាងស្រគត់ស្រគំ។ សម្ដេចគង់មិនទាន់បាន ២ នាទីផង សម្លេង​ឧគ្ឃោសនស័ព្ទ​បានបន្លឺឡើងថា«សូមអ្នកដើរធម្មយាត្រាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។ សម្លេងព្រះធម៌និងសម្លេងគ្រាប់កាំភ្លើងបានឮប្រដមប្រសងគ្នារហូត។ សម្ដេចសម្ដែង​ព្រះធម៌ដោយព្រះទ័យស្ងប់ក្រៃលែង ចំណែកអ្នក​ស្ដាប់វិញ​ក៏ហាក់ដូចជាស្ងប់​ជាមួយ​សម្ដេច​ដែរ ដោយមិនខ្វល់ពីស្នូរកំភ្លើងឡើយ។ សម្ដេចសម្ដែងបញ្ជាក់ថា​«ម្ដងមួយជំហ៊ាន ម្ដងមួយជំហាន ជំហ៊ាននីមួយៗគឺសមាធិ ជំហាននីមួយៗគឺសន្តិភាព ជំហាន​នីមួយៗ​គឺអហិង្សា បុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាព»។ ចប់ធម្មទេសនាភ្លាម គណៈកម្មការធម្មយាត្រាបានប្រកាសប្រាប់ថា« ធម្មយាត្រាមិន​អាចបន្តដំណើរទៅប៉ៃលិនទៀតទេ បើរទុកណាភាគីខ្មែរក្រហមនិង​ភាគីរដ្ឋាភិបាល​ព្រមផ្អាកការបាញ់គ្នារយះពេលខ្លីក៏ដោយ តែបញ្ហាចម្បងគឺយើងត្រូវប្រើពេល ២ ឬ ៣ ថ្ងៃបានដល់គោលដៅ ដោយនៅតាមផ្លូវគ្មានមនុស្ស គ្មានអាហារ និង ប្រឈមចំពោះ​ការជាន់មីនគ្រប់ពេល តែបើយើងសម្រេចទៅមុខទៀត គឺ មានមនុស្សយ៉ាងតិចពី ២០០ ទៅ ៣០០ នាក់នឹងស្លាប់»។ ស្រាប់តែពេលនោះមានព្រះសង្ឃ ៤ ឬ ៥ អង្គបានក្រោកឈរឡើង​ហើយស្រែកថា​«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។ សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗ ដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយ​បន្ទរដដែលៗ​ថា«ស្ម័គ្រ​ស្លាប់បញ្ចប់សង្រ្គាម»។ ពេលនោះ សម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយ ក៏ដឹកនាំ​ក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀត ដោយមិនចាប់អារម្មណ៌ និង អ្នកស្ម័គ្រស្លាប់​ឬស្ម័គ្ររស់។ ធម្មទេសនាថ្ងៃនោះ គឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់​បំផុតបន្ទាប់ពី​ធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី ២៥៦០ មុននៅស្ទឹងរូហិនី​នៅជម្ពូទ្វីប(ឥណ្ឌា) ព្រោះហេតុដូច្នោះហើយ ខ្ញុំសូមឯកភាពជាមួយព្រះតេជគុណ​សន្តិធម្មោ (សញ្ជាតិអាមេរិកាំង) ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ» និង លោកធម្មបណ្ឌិត ហេង មណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ» ៕ អត្ថបទដកស្រង់ពីហ្វេសប៊ុក៖ Yon Seng Yeath ដោយ​៥០០០​ឆ្នាំ​
images/articles/3126/2021______.jpg
ជីវប្រវត្តិសង្ខេប ឧកញ៉ា សុត្តន្តប្រីជាឥន្ទ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤
ជីវប្រវត្តិសង្ខេប ឧកញ៉ា សុត្តន្តប្រីជាឥន្ទ(១៨៥៩-១៩២៤) កំណើតកើតនៅស្រុកទន្លេធំ គឺភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មាតាឈ្មោះយាយមុំ បិតា​ឈ្មោះ​បពា្ចង​កែ​។ ឧកញ៉ាកើតថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ២៤០៣ ត្រូវនឹង ថ្ងៃទី២២ កក្កដា ឆ្នាំ១៨៥៩។ កាលអាយុ ១០ឆ្នាំនៅវត្តសិក្សាអក្សរខែ្មរ អាយុ​១៥​ឆ្នាំ​ចេញរៀនប្រែព្រះបរិយត្តិ បួសជាសាមនេរ រួចទៅរៀន នឹងលោក​ព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង។ អាយុ១៨ឆ្នាំ លោក​បាន​ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះដល់១៩ ឆ្នាំ លោកក៏បានទៅរៀននឹងលោកគ្រូព្រះអាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង។ ដល់អាយុ២០ ឆ្នាំ លោកឧកញ៉ាបានបួសជាភិក្ខុ នៅវត្តកែវ បាន១វស្សាទើបលាព្រះឧជ្ឈាយាចារ្យទៅរៀន នៅក្រុងបាងកក ស្រុកសៀម។ ក្រោយពីរៀនបាន៧វស្សាក៏វិលមកស្រុកខែ្មរវិញ ក្នុងអំណាចលោកព្រះយ៉ាកថាថន(ញ៉ុញ) នៅវត្តកណ្តាល ស្រុកបាត់ដំបង រួមបាន១០វស្សា ក៏លាសិក្ខាបទសឹកមកមានបុត្រភរិយានៅភូមិជ្វាធំ លោក កថាថន(ឈុំ) ចិញ្ចឹមជាទី ហ្លួង​វិចិត្រ​វោហារ​បាន​តែង​បាន​ប្រែ​បាលី​ជា​សម្រាយ​មានឈ្មោះ៤៤ ឈ្មោះជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្មាំ រាជការក្រុងភ្នំពេញ បាន​អោយ​លោកយកមកតាំងទីជា ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី។ ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ លោក​បាន​លា​រាជ​ការវិល មកនៅស្រុកបាត់ដំបងវិញ។ លុះនៅថ្ងៃ ១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក លោកធ្លាក់ខ្លួនព្យាធិ ដោយមានរោគក្អក បណ្តា​កូន​ចៅ​រាល់​គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃ អាទិត្យ ១២កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក គឺថ្ងៃ ៨ វិច្ឆិកា ឆ្នាំ ១៩២៤៕ ស្នាដៃ គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) និរាសនគរវត្ត ពាក្យកាព្យ (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត) បឋមសម្ពោធិ (ជាក្រាំង) លោក នីតិបករណ៍ (ពាក្យកាព្យ) សុភាសិតច្បាប់ស្រី (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) ក្បួនមេកាព្យ និងស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ។ ប្រភពអត្ថបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3318/qqas222etpic.jpg
ជីវប្រវត្តិសម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤
សម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម ប្រសូត​នៅ​ថ្ងៃ​សុក្រ ១២​កើត ខែមាឃ ឆ្នាំមមី ពុទ្ធសករាជ ២៤៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​១៩១៨ នៅ​ភូមិ​ជំនាប់ ឃុំ​ជី​រោ ស្រុក​ត្បូង​ឈ្មុំ ខេត្តកំពង់ចាម ។ បិតា​នាម​មាស អ៊ុ​ម មាតា​នាម​សុខ មឹះ ជា​កសិករ​ប្រកប​របរ​ធ្វើ​ចម្ការ ។ ក្នុង​នោះ​សម្តេច​មាន​បងប្អូន​បង្កើត​១២​នាក់ ប្រុស​៧​នាក់ ស្រី​៥​នាក់ សម្តេច​ជា​កូន​ទី​១២ ។ អំពី​ជីវភាព​ផ្នួស យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ឱ្យ​ដឹង​ថា អាយុ​បាន​១៦​ឆ្នាំ ឪពុក​ម្តាយ​បាន​អនុញ្ញាត​ឱ្យ​កូនប្រុស​អ៊ុ​ម ស៊ុម បួស​ជា​សាមណេរ​នៅ​វត្ត​នទី​រង្សី ហៅ​វត្ត​ជី​រោ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។ លុះ​អាយុ​២១​ឆ្នាំ បាន​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​ពទ្ធសីមា វត្ត​នទី​រង្សី ហៅ​វត្ត​ជី​រោ ក្នុង​សំណាក់​ព្រះ​នាគ​មុនី ជា​ឧបជ្ឈាយ៍ ។ ឧបជ្ឈាយ៍​បាន​ដាក់​នាម​បញ្ញត្តិ​ថា សង្ឃ​ត្ថ​រោ​។ បន្ទាប់​មក​បាន​បន្ត​ការ​សិក្សា​ព្រះ​បរិ​យ​ប​ត្តិ​ធម៌ នៅ​វត្ត​កោះគល់ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រួច​មក​បន្ត​ការ​សិក្សា​នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ ក្រុងភ្នំពេញ ដ​រា​ដល់​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់​។ អំពី​ចំណេះវិជ្ជា កិច្ចការ​បម្រើ​ព្រះពុទ្ធ​សាសនា និង​ប្រទេស​ជាតិ ឆ្នាំ​១៩៥០ ភិក្ខុ​អ៊ុ​ម ស៊ុម បាន​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់ បច្ចុប្បន្ន​ហៅ​ថា ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។ ក្រៅពី​ភាសា​ខ្មែរ និង​ភាសាបាលី ភិក្ខុ​អ៊ុ​ម ស៊ុម បាន​សិក្សា​ភាសា​បារាំង និង​ភាសា​អង់គ្លេស អាច​ប្រើ​ការ​បាន ។ អាស្រ័យ​ដោយ​សមត្ថភាព ចំណេះដឹង​ទាំង​វិជ្ជា​ផ្លូវលោក និង​ផ្លូវធម៌ ភិក្ខុ​អ៊ុ​ម ស៊ុម ត្រូវ​បាន​ទទួល​នាទី​ជា​អាចារ្យ​បង្រៀន​ភាសាបាលី​ជា​ច្រើន​ឆ្នាំ នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ វត្ត​សំពៅ​មាស ក្រុងភ្នំពេញ និង​វត្ត​នទី​រង្សី ខេត្តកំពង់ចាម ។ ភិក្ខុ​អ៊ុ​ម ស៊ុម បាន​ជួយ​បណ្តុះបណ្តាល​ឱ្យ​កើត​មាន​សាលា​បាលី​រង សាលា​ធម្ម​វិន័យ ព្រមទាំង​ជួ​ួ​យ​ជ្រើសរើស​គ្រូអាចារ្យ​ទៅ​បង្រៀន​តាម​ទី ផ្សេង​ៗ​ផង ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​សំណង់​ព្រះពុទ្ធ​សាសនា លោកគ្រូ​អាចារ្យ​អ៊ុ​ម ស៊ុម ក៏​បាន​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​ប្រទេស​ជាតិ ដូច​ជា​ការ​កសាង​សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ អណ្តូងទឹក ស្រះ​ទឹកជា​ដើម ទាំង​វិស័យ​សង្គមកិច្ច មានការ​ជួយ​សង្គ្រោះ​អ្នកក្រ​ខ្សត់ ជន​ពិការ អ្នកជំងឺ​របួស សម្រាក​ក្នុង​មន្ទីរពេទ្យ​ដែរ ។ ក្នុង​នោះ​ព្រមទាំង​បាន​អប់រំ​អំពី​សីលធម៌ និង​ជីវភាព​រស់នៅ​ក្នុង​សង្គម​ឱ្យ​បាន​ថ្លៃថ្នូរ​ចំពោះ​ព្រះសង្ឃ និង​គ្រហស្ថ ជា​បន្តបន្ទាប់​នៅ​ក្នុង​ទូ​ទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ ស្នា​ព្រះ​ហស្ត​ក្នុង​ការ​តែង​និពន្ធ ១-​បញ្ច​ធម៌ ២-​ត្រៃលោក​គោក​ត្រៃលក្ខណ៍ ៣-​រក​ធម៌ ៤-​បំភ្លឺ​បុណ្យ ៥-​ជុំវិញ​បញ្ហា​បួស ៦-​ព្រះ​សទ្ធម្ម​លា ៧-​ទស្សនៈ​ព្រះពុទ្ធ​សាសនា ៨-​បញ្ហា​ឧបាសក ៩-​គុណ​សីល ១០-​សុខ​របស់​គ្រហស្ថ ១១-​អានិសង្សសីល ១២-​កុ​រុ​ធម៌ ជាដើម ។ ក្រៅពី​នោះ​មាន​អត្ថបទ​ជា​ច្រើន​ទៀត​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជសុរិយា ។ អំពី​តួនាទី ឆ្នាំ​១៩៥៧ បាន​ទទួល​តួនាទី​ជា​ចៅអធិការ​ស្តីទី នៅ​វត្ត​កែវ​ព្រះ​ភ្លើង​ភ្នំពេញ ។ ឆ្នាំ​១៩៦០ បាន​ទទួល​តួនាទី​ជា​គ្រូសូត្រស្តាំ នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ​ភ្នំពេញ ។ ឆ្នាំ​១៩៥៦ បាន​ទទួល​តួនាទី​ជា​សមាជិក​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រសួង​ធម្មការ ភ្នំពេញ ។ ឆ្នាំ​១៩៦៩ បាន​ទទួល​តួនាទី​ជា​សមាជិក​ថេរ​សភា ជា​លេខាធិការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី​៥ អម​សម្តេចព្រះសង្ឃរាជ​ជួន ណាត និង​ជា​សមាជិក​សកម្ម​របស់​ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ ផ្នែក​ការងារ​ធម្មទូត ។ អំពី​សមណសក្តិ ចាប់ពី​ឆ្នាំ​១៩៥៧ រៀង​មក​លោកគ្រូ​អាចារ្យ​អ៊ុ​ម ស៊ុម បាន​ទទួល​សមណសក្តិ​ទី​ជា​ឋានានុក្រម​និង​ជា​រាជាគណៈ​ដូច​ថត​ទៅ ៖ -​ជា​បាឡាត់​ភ​ទ្ទ​បាល (​ទី​ឋានានុក្រម​) ។ -​ជា​ព្រះ​វិន័យធរ (​ទី​ឋានានុក្រម​) ។ -​ជា​ព្រះ​ធម្ម​បិដក​(​ទី​រាជាគណៈ​ថ្នាក់​ចត្វា​) ។ -​ជា​ព្រះ​ញាណវង្ស (​ទី​រាជាគណៈ​ថ្នាក់​ត្រី​) ។ -​ជា​ព្រះ​សាសន​សោភ័ណ​(​ទី​រាជាគណៈ ថ្នាក់​ទោ ) ។ អំពី​ការ​បាត់បង់​ភាព​ផ្នួស នា​ឆ្នាំ​១៩៧៥​ដល់​១៩៧៨ ឆ្នាំ​១៩៧៥ សភាពការណ៍​ប្រទេស​ជាតិ បាន​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍ ។ ព្រះសង្ឃ​ទូ​ទាំង​ប្រទេស បាន​ចាប់​ផ្សឹក និង​សម្លាប់​ចោល ហើយនឹង​យក​ទៅ​ធ្វើ​ជា​ទាសករ ដូច​ជា​ពលរដ្ឋ​ខ្មែរ ដទៃ​ៗ​ទៀត ។ ចំណែកឯ​វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ត្រូវ​បាន​កម្ទេច​ចោល​ទាំងស្រុង ។ ព្រះសង្ឃ​ក៏​ត្រូវ​បាន​ជម្លៀស​ចេញពី​វត្ត​សារា​វ័​ន្ត​តេ​ជោ និង​បាន​ទៅ​គង់នៅ​វត្ត​នានា ក្នុង​ខេត្តកំពង់ចាម ។ បន្ទាប់​មក​ពួក​អង្គការ​ខ្មែរក្រហម​ចាប់​ឱ្យធ្វើ​ពលកម្ម និង​ផ្សឹក​ពី​ភេទ​ជា​ព្រះសង្ឃ ។ អំពី​ផ្នួស​លើក​ទី​២ ថ្ងៃ​៧ មក​រា ១៩៧៩ ប្រជាពលរដ្ឋ​បាន​រំដោះ​សង្គ្រោះ​ឱ្យ​រស់រាន​មានជីវិត​ផុត​ពី​របប​ប្រល័យពូជសាសន៍ ដោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។ អ្វី​ៗ​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា ត្រូវ​បំផ្លាញ​នា​សម័យ​នោះ ក៏​មានជីវិត​រស់​ឡើង​វិញ​យ៉ាង​ផុលផុស ។ លោក​អាចារ្យ​អ៊ុ​ម ស៊ុម ក៏​ត្រូវ​បាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា អញ្ជើញ​ពី​វត្ត​សំរោង​បុរី ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មក​បំពេញ​ឧបសម្បទា នៅ​វត្ត​ឧណ្ណាលោម នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​១៩៨០ ដោយ​បាន​ទទួល​នាម​បញ្ញត្តិ​ដដែល​ថា សង្ឃត្ថេរ ។ ក្រោយ​ពី​បាន​បំពេញ​ឧបសម្បទា​ថ្មី​ហើយ ភិក្ខុ​សង្ឃត្ថេ​រោ បាន​មក​គង់នៅ​វត្ត​ឧណ្ណាលោម និង​បាន​យក​ព្រះ​ទ័យ​ទុកដាក់​បម្រើ​កិច្ចការ​ក្នុង​ព្រះពុទ្ធ​សាសនា និង​ការងារ​ប្រទេស​ជាតិ ដោយ​ឥត​គិត​ពី​ការ​នឿយហត់ ។ ដោយ​បាន​ដឹកនាំ​ព្រះពុទ្ធ​សា​នា​ជាមួយនឹង​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស (​កាល​ណោះ​នៅ​ជា​ព្រះ​វិន័យធរ​) ព្រោះថា​នៅ​ពេល​រំដោះ​ភ្លាម​មាន​បព្វជិត​ជាច្រើន​ដែល​បាន​បួស​ជា​ចេតនាកម្ម ក៏​ត្រូវ​បាន​សម្រួល​ឱ្យ​បួស​ឡើង​វិញ​តាម​បញ្ញត្តិ​កម្ម​ឱ្យ​ស្រប​តាម​ពុទ្ធានុញ្ញាត​និង​ពុទ្ធ​ប្បញ្ញត្តិ ។ ឆ្នាំ​១៩៨១ ព្រះសង្ឃ​ត្ថេ​រោ បាន​ទទួល​នាទី​ជា​អនុប្រធាន​រណសិរ្ស​រដ្ឋធានី​ភ្នំពេញ និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មា​តុ​ុ​ភូមិ​កម្ពុជា ។ បន្ទាប់​មក​ព្រះ​អង្គ​បាន​ទទួល​នាទី​ជា​ប្រធាន​សង្ឃ​រដ្ឋធានី​ភ្នំពេញ ទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ព្រះសង្ឃ​ទាំងអស់​នៅ​ក្នុង​ក្រុង និង​បាន​ទទួល​ឋានៈ​ជា​សមាជិក​គណៈអធិបតី​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា និង​ជា​សមាជិក​សង្ឃ​នាយករង​ទី​២ នៃ​គណៈមហានិកាយ ។ ឆ្នាំ​១៩៨៨ ក្នុង​ខែមិថុនា តាម​សំណូមពរ និង​សេចក្តី​ជ្រះថ្លា​របស់​សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ភិក្ខុ​សង្ឃត្ថេរ បាន​ស្រាវជ្រាវ​រក​ឃើញ​ព្រះ​សារី​រឹក​ធាតុ ព្រមទាំង​សម្ភារ​របស់​ព្រះ​សក្យមុនីចេតិយ​ខ្លះ​ទៀត យក​ទៅ​ធ្វើ​បុណ្យពុទ្ធាភិសេក និង​ដង្ហែ​ទៅ​តម្កល់​ទុក​នៅ​ព្រះ​សក្យមុនី​ចេ​តយ​វិញ​យ៉ាង​ឧឡា​រឹក នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩៨៩ ។ ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ទុតិយាសាធ ឆ្នាំមមី ត្រ​ស័ក ព​.​ស ២៥៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមិថុនា ១៩៩១ ភិក្ខុ​សង្ឃត្ថេរ ត្រូវ​បាន​តែងតាំង​ជា​ចៅអធិការ​វត្ត​មហាមន្ត្រី រដ្ឋធានី​ភ្នំពេញ និង​ជា​អនុគណ​ខណ្ឌចំការមន ភ្នំពេញ​នា​ឆ្នាំ​១៩៩១ ។ ថ្ងៃ​សុក្រ ២​កើត ខែកត្តិក ឆ្នាំមមែ ត្រី​ស័ក ព​.​ស ២៥៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ភិក្ខុ​សង្ឃត្ថេរ ត្រូវ​បាន​តែងតាំង​ជា​ព្រះ​មង្គលទេពាចារ្យ​សមណស័ក្តិ​ទី​រាជាគណៈ​ថ្នាក់​ទី​១ (​ថ្នាក់​ឯក​) ។ ថ្ងៃ​ពុធ ២​រោច ខែ​ផល្គុន ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​១៩៩២ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ព្រះ​មង្គលទេពាចារ្យ ទី​ជា​សម្តេចព្រះ​មង្គលទេពាចារ្យ ។ ឆ្នាំ​១៩៩៣ សម្តេចព្រះ​មង្គលទេពាចារ្យ អ៊ុ​ម ស៊ុម ត្រូវ​បាន​តែងតាំង​ជា​អគ្គា​ថា​ធិ​ការ​នៃ​ពុទ្ធិកសិក្សា​ជាតិ ទទួល​បន្ទុក​រៀបចំ​ពុទ្ធិកសិក្សា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ទំនាក់ទំនង​ការងារ​ក្រៅប្រទេស ទន្ទឹម​នឹង​ការងារ​ព្រះពុទ្ធ​សាសនា និង​ការងារ​ប្រទេស​ជាតិ ដែល​សម្តេច​បាន​រួមចំណែក​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស សម្តេច​បាន​ទៅ​បំពេញការងារ​ជា​ប្រយោជន៍​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ នៅ​ក្រៅប្រទេស​ជា​ច្រើន​ថែម​ទៀត គឺ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​១៩៩០ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​សហរដ្ឋអាមេរិក លើក​ទី​១ រយៈពេល​១​ខែ បាន​ចំនួន​៨​រដ្ឋ ។ ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​១៩៩២ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​លើក​ទី​១​នៅ​ប្រទេស​បារាំង ។ ថ្ងៃ​ដដែល​នោះ​បាន​បន្តដំណើរ​ពី​ប្រទេស​បារាំង ទៅ​សហរដ្ឋអាមេរិក​ម្តងទៀត នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ពិភាក្សា​អំពី​ដំណើរ​រ​ការងារ​ពុទ្ធិក​មធ្យមសិក្សា ជាមួយនឹង​ព្រះ​ភិក្ខុ ចន្ទ​វ​ណ្ណោ អ៊ុ​ង មាន (​អតីត​និស្សិត​ទៅ​រៀន​នៅ​ឥណ្ឌា​) ។ ថ្ងៃ​ទី​២១-៦ ខែមករា​-​មីនា ១៩៩៣-៩៤ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន លើក​ទី​១ ទី​២ និង​លើក​ទី​៣ ។ ថ្ងៃ​ទី​២៧ ខែឧសភា ១៩៩៣ សម្តេច​បាន​និមន្ត​ទៅ​ក្រុង​កណ្ឌ​ម​ណ្ឌូ​ប្រទេស​នេ​ប៉ា​ល់ ដើម្បី​ចូលរួម​ធ្វើ​សិក្ខាសាលា ។ ថ្ងៃ​ទី​២៧ ខែឧសភា ១៩៩៤ សម្តេច​បាន​និមន្ត​ទៅ​ក្រុង​ព្យុ​ង​យ៉ាង​ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហា​ជម្លោះ​ខ្មែរ ។ ថ្ងៃ​ទី​៨ ខែវិច្ឆិកា ១៩៩៨ សម្តេច​បាន​និមន្ត​ទៅ​ចូលរួម​សន្និសីទ​ពុទ្ធសាសនា​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ស្រី​លង្កា ។ ក្រៅពី​នេះ សម្តេច​បាន​និមន្ត​ទៅ​ទស្សនកិច្ច​នៅ​សហភាព​សូ​វៀត​៣​ដង ប្រទេស​ម៉ុង​ហ្គោ​លី​៣​ដង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៧​ដង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ៣​ដង និង​ប្រទេស​ថៃ​ជា​ច្រើន​ដង ។ សម្តេចព្រះ​មង្គលទេពាចារ្យ ត្រូវ​បាន​ព្រះសង្ឃ​និង​គ្រ​ហស្ត​ពុទ្ធបរិស័ទ​ទូទៅ​ទាំង​សិស្សគណ ទាំង​មិនមែន​ជា​សិស្សគណ គោរព​ប្រតិបត្តិ ស្រឡាញ់ និង​ទទួលយក​ដំបូន្មាន គ្រប់​ៗ​គ្នា​។ សម្តេច​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា​ជា​ព្រះ​មហាថេរ​ពហុ​សូត្រ​មួ​​យ​អង្គ ដែល​មានចំណេះ​ដឹង និង​ពិ​ពិសោធន៍ ចាស់ទុំ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា និង​ផ្លូវលោក (​ជា គាន​, ជីវប្រវត្តិ​សម្តេច​អ៊ុ​ម ស៊ុម បោះពុម្ព​លើក​ទី​១​ឆ្នាំ​២០០០) ៕ ដោយ៥០០០ឆ្នាំ
images/articles/2833/mjnhbgfs.jpg
ឃោដមុខសូត្រ
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
សម័យ​មួយ ព្រះឧទេន​ភិក្ខុ និមន្ត​គង់​នៅ​ក្នុង​ព្រៃ​ស្វាយ​ឈ្មោះ​ខេមិយៈ ជិត​ក្រុង​ពារាណសី ។ សម័យ​កាល​​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ​ហើយ ដូច្នេះ​ហើយ ទើប​ឃោដមុខ​ព្រាហ្មណ៍​មិន​បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគឡើយ ប៉ុន្តែ​បាន​មក​ជួប​នឹង​ព្រះឧទេន​ភិក្ខុ​ហើយ​ពោល​​ថា បពិត្រ​សមណៈ​ដ៏​ចម្រើន ផ្នួស​ប្រកប​ដោយ​ធម៌​មិន​មាន​ទេ ការ​យល់​ឃើញ​របស់​ខ្ញុំ​ក្នុង​ផ្នួស​នេះ​យ៉ាង​នេះ​ឯង បាន​ជា​ខ្ញុំ​យល់​​ឃើញ​ដូច្នោះ ព្រោះ​មិន​ឃើញ​ជន​ទាំង​ឡាយ មាន​សភាព​ដូច​លោក​ដ៏​ចម្រើន​ផង ព្រោះ​មិន​ឃើញ​ធម៌​​ក្នុង​ផ្នួស​នេះ​ផង ។ ដើម្បី​ឲ្យ​ព្រាហ្មណ៍​គាត់​បាន​យល់​ដឹង​ថា​អ្នក​បួស​ប្រកប​ដោយ​ធម៌ មិន​មែន​មិន​មាន​ទេ គឺ​ពិត​ជា​មាន​មែន ព្រះ​ឧទេន​ភិក្ខុ បាន​លើក​យក​បុគ្គល ៤ ពួក ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ហើយ មក​សម្ដែង​​ឲ្យ​ឃោដ​មុខ​ព្រាហ្មណ៍​បាន​ស្ដាប់​ទាំង​សង្ខេប ទាំង​ពិស្ដារ ។ បុគ្គល ៤ ពួក គឺ​ ១​-បុគ្គល​ដុត​កម្ដៅ​ខ្លួន​ឯង ២-បុគ្គល​ដុត​កម្ដៅ​អ្នក​ដទៃ ៣- បុគ្គល​ដុត​កម្ដៅ​ខ្លួន​ឯង ទាំង​ដុត​កម្ដៅ​អ្នក​ដទៃ ៤- បុគ្គល​មិន​ដុត​កម្ដៅ​ខ្លួន​ឯង ទាំង​មិន​ដុត​កម្ដៅ​អ្នក​ដទៃ មិន​មាន​សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​ការ​ប្រាថ្នា​បាប មានតែរំលត់ទុក្ខ ត្រជាក់​ត្រជំ​ទទួល​សេចក្ដី​សុខ និង​មាន​អត្តភាព​ដ៏​ប្រសើរ ក្នុង​បច្ចុប្បន្ននេះ ។ កាល​ដែល​ព្រះឧទេន​ភិក្ខុ​សាក​សួរ​ព្រាហ្មណ៍ បាន​ធ្វើ​ឲ្យ​ឃោដមុខ​ព្រាហ្មណ៍​ពេញ​ចិត្ត​នឹង​កាន់​យក​បុគ្គល​ពួក​ទី ៤ ហើយ ទើប​បាន​ព្រះឧទេន​ភិក្ខុ សម្ដែង​បុគ្គល ២ ពួក​ទៀត គឺ​គ្រហស្ថ​និង​បព្វជិត ដែល​ធ្វើ​ឲ្យ​ព្រាហ្មណ៍​ប្រកាស​ក្នុង​ពេល​នោះ​ថា ផ្នួស​ប្រកប​ដោយ​ធម៌​ប្រាកដ​ជា​មាន​មែន មិន​មែន​ដូច​គំនិត​របស់​គាត់​ពី​មុន​នោះ​ទេ ។ នៅ​ពេល​ដែល​ព្រះឧទេន​ភិក្ខុ​សម្ដែង​អំពី​បុគ្គល ៤ ពួក​ដោយ​ពិស្ដារ​ចប់​ហើយ ឃោដមុខ​ព្រាហ្មណ៍​បាន​ប្រកាស​សរសើរ​ព្រះធម៌ និង​សូម​ដល់​ព្រះឧទេន​ដ៏​ចម្រើន​ផង ព្រះធម៌​ផង និង​ព្រះភិក្ខុ​សង្ឃ​ផង ជាទី​ពឹង​ទី​រលឹក ព្រម​ទាំង​ប្រកាស​ខ្លួន​ជា​ឧបាសក ។ ព្រះឧទេន​ភិក្ខុ បាន​ប្រាប់​ទៅ​ឃោដ​មុខ​ព្រាហ្មណ៍​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​យក​អាត្មា​ជាទី​ពឹង​ឡើយ អាត្មា​យក​ព្រះមាន​ព្រះភាគ​អង្គ​ណា​ជាទី​ពឹង អ្នក​ចូរ​យក​ព្រះមាន​ព្រះភាគ​អង្គ​នោះ​ជាទី​ពឹង​ចុះ ។ ឃោដ​មុខ​ព្រាហ្មណ៍​សួរ​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ចុះ​ឥឡូវ​នេះ ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​គង់​នៅ​ក្នុង​ទី​ណា ។ ឧទេន​ភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ ឥឡូវ​នេះ​ព្រះភគវន្ត​អរហន្ត​សម្មាសម្ពុទ្ធ ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ ។ ឃោដមុខ​ព្រាហ្មណ៍​តប​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន​បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ១០ យោជន៍​យើង​ខ្ញុំ​គួរ​ទៅ​កាន់​ទី​ចំនួន ១០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន​បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ២០ យោជន៍.... ក្នុង​ទី​ចំនួន ៣០ យោជន៍.... ក្នុង​ទី​ចំនួន ៤០ យោជន៍.... ក្នុង​ទី​ចំនួន ៥០ យោជន៍.... យើង​ខ្ញុំ ក៏​គួរ​ទៅ​កាន់​ទី​ចំនួន ៥០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ១០០ យោជន៍ យើង​ខ្ញុំ ក៏​គួរ​តែ​ទៅ កាន់​ទី​ចំនួន ១០០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន កាល​បើ​ព្រះគោតម​ដ៏​ចម្រើន ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ ក៏​យើង​ខ្ញុំ​សូម​ដល់​នូវ​ព្រះគោតមដ៏​ចម្រើន​អង្គ​នោះ ដែល​ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ​ផង ព្រះធម៌​ផង ព្រះភិក្ខុ​សង្ឃ​ផង ជាទី​ពឹង​ទីរលឹក សូម​ព្រះឧទេន​ដ៏​ចម្រើន ជ្រាប​នូវ​ខ្ញុំ​ព្រះករុណា ថា​ជា​ឧបាសក ដល់​នូវ​សរណៈ​ស្មើ​ដោយ​ជីវិត តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ត​ទៅ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន​ព្រះរាជា​ក្នុង​ដែន​អង្គៈ ទ្រង់​ប្រទាននិច្ចភិក្ខា ដល់​ខ្ញុំ​ព្រះករុណា តែ​សព្វ ៗ ថ្ងៃ ខ្ញុំ​ព្រះ​ករុណា​សូម​ប្រគេន​និច្ចភិក្ខា​មួយ​ចំណែក អំពី​និច្ចភិក្ខា​នោះ ដល់​ព្រះឧទេន​ដ៏​ចម្រើន ។ ឧទេន​ភិក្ខុ​សួរ​ថា ម្នាល​ព្រាហ្មណ៍ ចុះ​ព្រះបាទ​អង្គៈ​ទ្រង់​ប្រទាន​និច្ចភិក្ខា​ប៉ុន្មាន ដល់​អ្នក សព្វ ៗ ថ្ងៃ ។ ឃោដមុខ​ព្រាហ្មណ៍​តប​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ព្រះបាទ​អង្គៈ ទ្រង់​ប្រទាន ៥០០ កហាបណៈ ។ ឧទេន​ភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ យើង​មិន​គួរ​ទទួល​មាស​និង​ប្រាក់​ទេ ។ ឃោដ​មុខ​ព្រាហ្មណ៍​ឆ្លើយ​ថា បពិត្រ​​ព្រះឧទេន​ដ៏​ចម្រើន បើ​មាស​ប្រាក់​នោះ​មិន​គួរ ខ្ញុំ​ព្រះករុណា​នឹង​ឲ្យ​ជាង​ធ្វើ​វិហារ​ប្រគេន​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ។ ឧទេនភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ បើ​អ្នក​ចង់​ឲ្យ​ជាង​ធ្វើ​វិហារ​ឲ្យ​អាត្មា ចូរ​ឲ្យ​ជាង​សង់​ឧបដ្ឋានសាលា​ប្រគេន​សង្ឃ នៅ​ក្នុង​ក្រុង​បាដលិបុត្ត​វិញ​ចុះ ។ ឃោដមុខ​ព្រាហ្មណ៍​ពោល​ថា លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន បបួល​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​ធ្វើទាន​ចំពោះ​សង្ឃ ដោយ​​ហេតុ​ណា ខ្ញុំ​ព្រះករុណា​មាន​ចិត្ត​ត្រេកអរ​រីករាយ​ពន់​ប្រមាណ ចំពោះ​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ដោយ​​ហេតុ​នេះ បពិត្រ​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ខ្ញុំ​ព្រះករុណា​នេះ នឹង​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋាន​សាលា​ប្រគេន​​សង្ឃ​ក្នុង​ក្រុង​បាដលិបុត្ត ដោយ​និច្ចភិក្ខា​នេះ​ផង ដោយ​និច្ចភិក្ខា​ដទៃ​ផង ។ លំដាប់​នោះ ឃោដមុខ​ព្រាហ្មណ៍ ក៏​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋាន​សាលា​ប្រគេន​សង្ឃក្នុងក្រុងបាដលិបុត្ត ដោយ​និច្ចភិក្ខា​នុះ​ផង ដោយ​និច្ចភិក្ខា​ដទៃ​ផង ។ ឥឡូ​វនេះ សាលា​នោះ គេ​ហៅ​ថា ឃោដមុខី ។ នៅ​ក្នុង​អដ្ឋកថា បាន​សម្ដែង​ប្រាប់​ថា ឃោដមុខ​ព្រាហ្មណ៍ បាន​បំពេញ​បុណ្យហើយ អស់​ជីវិត​ទៅ​បដិសន្ធិ​ក្នុង​ទេវលោក ។ កាល​ដែល​សង្ឃប្រជុំ​គ្នា​ដើម្បី​ចាត់​ចែង​ជួស​ជុល​នូវ​ឧបដ្ឋាន​សាលា ឃោដមុខ​ទេវបុត្រ​បាន​ចុះ​ពី​ទេវលោក មក​ណែ​នាំ​ឲ្យ​ប្អូន​ស្រី​ទៅ​យក​កំណប់​ទ្រព្យ​មក​ចាត់​ចែង​ជួស​ជុល​និង​សាង​នូវ​សាលា​ឆាន់ និង​ទុក​ទ្រព្យ​ចិញ្ចឹម​កូន​ចៅ​ទៅ​ទៀត​ផង រួច​ហើយ​ថ្វាយ​បង្គំ​ព្រះភិក្ខុ​សង្ឃ អណ្ដែត​ទៅ​ព្ធដ៏អាកាស​វេហា ត្រឡប់​កាន់​ទេវលោក​វិញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2832/ykiujtfgbxdc.jpg
ត្រូវប្រយ័ត្នបញ្ហាហួងហែង
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
ហួង​ហែង​ខ្លាំង​ពេក វា​នាំ​ឲ្យ​លំបាក​ទាំង​អស់​គ្នា គឺ​លំបាក​ទាំង​យើង​អ្នក​ហួង​ហែង​គេ ទាំង​គេ​ដែល​ត្រូវ​យើង​ហួង​ហែង​នោះ​ឯង ។ ការ​ហួង​ហែង​ដូច​ជា​ការ​ឱប​រឹត បើ​វា​តឹង​ពេក​ទៅ វា​ពិត​ជា​នាំ​ឲ្យ​លំបាក​ដក​ដង្ហើម​ណាស់ ម្ល៉ោះ​ហើយ​រឿង​រ៉ាវ​វា​រឹត​តែ​ធំ​ឡើង ដល់​ថ្នាក់​នៅ​ជា​មួយ​គ្នា​មិន​បាន សូម្បី​តែ​កូន ក៏​មិន​ចង់​នៅ​ជា​មួយ​នឹង​ម៉ែឪ​ដែល​ហួង​ហែង​ពេក​នោះ​ដែរ ។ ត្រូវ​ពិចារណា​ថា អ្នក​ណា​ៗ ក៏​គេច​មិន​ផុត​អំពី ចាស់ ឈឺ ស្លាប់ ព្រាត់​ប្រាស និង​ផល​កម្ម​ដែរ ខ្លួន​យើង​ក៏​គេច​មិន​ផុត ហើយ​ដល់​យើង​ស្លាប់​ទៅ យើង​នៅ​ហួង​ហែង​ស្អី​បាន​ទៀត ដូច្នេះ​ត្រូវ​ប្រញាប់​រៀប​ចំ​ឲ្យ​ហើយ​ស្រេច​គ្រប់​រឿង កុំ​ចាំ​បាច់​ហួង​ហែង​វែង​ឆ្ងាយ ត្រូវ​រស់​នៅ​ប្រកប​ដោយ​បញ្ញា ពោល​គឺ​ព្យាយាម​អប់រំ​បញ្ញា មាន​ចិត្ត​សុខ​ស្ងប់ សប្បាយ​ៗ​មុន​ពេល​ស្លាប់ ព្រោះ​មិន​មាន​អ្វី​សម្រាប់​ឲ្យ​ហួង​ហែង ដល់​ពេល​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2835/7766tpic.jpg
ភូមិ ៣១
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
ភូមិ ៣១ ចែកជា ៣ ពួក ។ ពួកទី ១ ពោលដោយលំដាប់ឋាន មាន ៣ គឺ ៖ ១. កាមភូមិ ១១ មាន អបាយភូមិ ៤ (គឺ នរក ប្រេត តិរច្ឆាន អសុរកាយ) និង កាមសុគតិភូមិ ៧ គឺ មនស្ស ចាតុមហារាជិកា តាវត្តិង្ស យាមាតុសិត និម្មានរតី បរនិម្មិតវសវត្តី ។ ២. រូបភូមិ ១៦ មាន បឋមជ្ឈានភូមិ ៣ (គឺព្រហ្មបារិសជ្ជាព្រហ្មបុរោហិតា មហាព្រហ្មា) ទុតិយជ្ឈានភូមិ ៣ (គឺបរិត្តាភាអប្បមាណាភា អាភស្សរា) តតិយជ្ឈានភូមិ ៣ (គឺ បរិត្តសុភាអប្បមាណសុភា សុភកិណ្ហា) និង ចតុត្ថជ្ឈានភូមិ ៧ (វេហប្ផលាអសញ្ញីសត្តា និង សុទ្ធាវាសភូមិ ៦ គឺ អវិហា អតប្បា សុទស្សាសុទស្សី អកនិដ្ឋា) ។ ៣. អរូបភូមិ ៤ មាន អាកាសានញ្ចាយតភូមិ វិញ្ញាណញ្ចាយតនភូមិអាកិញ្ចញ្ញាយតនភូមិ នេវសញ្ញានាសញ្ញាយតនភូមិ ។ ពួកទី ២ ពោលដោយខន្ធ មាន ៣ គឺ ៖ ១. បញ្ចវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ៥ មាន ២៦ គឺ កាមភូមិ ១១ រូបភូមិ ១៥ (វៀរអសញ្ញីសត្តា) ។ ២. ចតុវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ៤ មាន ៤ គឺ អរូបភូមិ ។ ៣. ឯកាវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ១ មាន ១ គឺ អសញ្ញីសត្តា ។ ពួកទី ៣ ពោលដោយសញ្ញា មាន៣ គឺ ៖ ១. សញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមានសញ្ញា មាន ២៩ គឺ កាមភូមិ ១១ រូបភូមិ ១៥ (វៀរអសញ្ញីសត្តា) និង អរូបភូមិ ៣ (វៀរនេវសញ្ញានាសញ្ញាយតនភូមិ)។ ២. អសញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមិនមានសញ្ញា មាន ១ គឺអសញ្ញីសត្តាភូមិ ។ ៣. នេវសញ្ញីនាសញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន មាន១គឺនេវសញ្ញានាសញ្ញាយតនភូមិ ។ ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2843/232wewe.jpg
អ្វី ៗ ជារបស់ក្នុងលោកនេះ
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
យើង​កើត​មក មិន​បាន​យក​អ្វី ៗ មក​ទេ ក្រៅ​ពី​ការ​សន្សំ​សន្ដាន ដល់​ពេល​ចាក​លោក​នេះ​ទៅ​ទៀត ក៏​អត់​យក​អ្វី ៗ អំពី​លោក​នេះ​ទៅ​ដែរ ក្រៅ​អំពី​ការ​សន្សំ​កម្ម ប៉ុន្តែ​មនុស្ស​យើង​ហួង​ហែង​អ្វី ៗ ក្នុង​លោក​នេះ ថា​ជា​របស់​ខ្លួន​ឯង ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ទុក​សោក​កើត​ឡើង ទាំង​ដែល​មិន​បាន​ដឹង​ថា អ្វី ៗ ទាំង​អស់ ជា​របស់​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណាឲ្យ​យើង​ដោយ​បរមត្ថ​ឡើយ ម្ល៉ោះ​ហើយ​មនុស្ស​យើង ព្រោះ​ហេតុ​តែ​ការ​មិន​ដឹង ទើប​បាន​ជា​វង្វេង ក្នុង​របស់​ដែល​ឲ្យ​គ្នា​ដោយ​សន្មតិ ប្រាកដថា អញ និង​ថា​ជា​របស់​អញ ។ ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​ការ​ខក​ចិត្ត និង​ទុក្ខ​សោក​កន្ទក់​កន្ទេញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2842/232323rwer.jpg
ឯសុការីសូត្រ
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតវនារាម របស់​លោក​អនាថ​បណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រាហ្មណ៍ឈ្មោះ​ឯសុការី បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​នូវ​ការ​បញ្ញត្ត​របស់​ពួក​ព្រាហ្មណ៍ ដែល​ព្រាហ្មណ៍​បាន​បញ្ញត្ត​នូវ​ការ​បម្រើ ៤ យ៉ាង ទៅ​តាម​វណ្ណៈ​ទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួក​ព្រាហ្មណ៍​បាន​បញ្ញត្ត​ថាៈ -ព្រាហ្មណ៍​ត្រូវ​បម្រើ​ព្រាហ្មណ៍ ក្សត្រិយ៍​ក៏​ត្រូវ​បម្រើ​ព្រាហ្មណ៍​ដែរ វេស្សៈ សុទ្ទៈ ត្រូវ​បម្រើ​ព្រាហ្មណ៍​ទាំង​អស់ ។ -ក្សត្រិយ៍ ត្រូវ​បម្រើ​ក្សត្រិយ៍ វេស្សៈ និង​សុទ្ទៈ ត្រូវ​បម្រើ​ក្សត្រិយ៍ ។ -វេស្សៈ​ត្រូវ​បម្រើ​វេស្សៈ សុទ្ទៈ​ត្រូវ​បម្រើ​វេស្សៈ ។ -សុទ្ទៈ​ត្រូវ​បម្រើ​សុទ្ទៈ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​ត្រាស់​សម្ដែង​នូវ​ដំណើ​រនោះ ថា​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ព្រាហ្មណ៍​ចុះ​លោក​ទាំង​មូល​យល់​ព្រម​ដាច់​ស្រេច នូវ​ការ​បញ្ញត្ត របស់​ពួក​ព្រាហ្មណ៍​នុ៎ះ​ថា ចូរ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​នូវ​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ​ចុះ ដូច្នេះ​ដែរ​ឬ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន លោក​ទាំង​មូល​មិន​យល់​ព្រម នូវ​ការ​បញ្ញត្ត​នេះ​ទេ ។ ម្នាល​ព្រាហ្មណ៍ បុរស​កំសត់ ឥត​យស មិន​ស្ដុកស្ដម្ភ ពួក​ឈ្មួញ​រទេះ យក​ចំណែក​សាច់ ( គោ​របស់​ខ្លួនដែល​ស្លាប់​តាម​ផ្លូវ ) ផ្ដែក​វេរ​ឲ្យ​ដល់​បុរស​កំសត់​នោះ ដែល​មិន​ចង់​បាន​ដោយ​បង្ខំ​ថា នែ​វ៉ឺយ​បុរស ឯង​ត្រូវ​តែ​ស៊ី​សាច់​នេះ ទាំង​ត្រូវ​សង​ថ្លៃ​ផង សេចក្តី​នេះ​មាន​ឧបមា​យ៉ាង​ណា ម្នាល​ព្រាហ្មណ៍ ដោយ​ការ​ដែល​ពួក​សមណព្រាហ្មណ៍​នោះ មិន​បាន​យល់​ព្រម​សោះ ស្រាប់​តែ​ពួក​ព្រាហ្មណ៍ មក​បញ្ញត្ត​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ ក៏​មាន ឧបមេយ្យ​យ៉ាង​នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រហ្មណ៍ តែ​តថាគត​នឹង​បាន​ពោល​ថា​មិន​ត្រូវ​បម្រើ​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើ​គេ​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប​ក្រៃ​ពេក មិន​បាន​ប្រយោជន៍ ព្រោះ​ហេតុ​ការ​បម្រើ តថាគត​មិន​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះ​ទេ ម្នាល​ព្រាហ្មណ៍ តែ​ថា​កាល​គេ​បម្រើ​បុគ្គល​ណា បាន​ប្រយោជន៍​មិន​បាន​បាប ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ តថាគត​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះចុះ ។ ម្នាល​ព្រាហ្មណ៍ ប្រសិន​បើ​គេ​សួរ ក្សត្រិយ៍​យ៉ាង​នេះ​ថា កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា ទ្រង់​ក្លាយ​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​កា​របម្រើ មួយ​ទៀត កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា បាន​ជា​បុគ្គល​គាប់​ប្រសើរ មិន​ក្លាយ​ជា​បុគ្គល​ថោក​ថយ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​ព្រះអង្គ​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​ក្សត្រិយ៍​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គួរ​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​ខ្ញុំ​បម្រើ​បុគ្គល​ណា ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ លុះ​តែ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បាន​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​ព្រាហ្មណ៍... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​វេស្សៈ... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​សុទ្ទៈ​យ៉ាង​នេះ​ថា កាល​បើ​អ្នក​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ មួយ​ទៀត កាល​បើ​អ្នក បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បានការ​អាក្រក់ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​អ្នក​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​សុទ្ទៈ​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គប្បី​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​អាក្រក់ មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​មែន​ជា​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ថយ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ត្រកូល​ខ្ពង់​ខ្ពស់ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ប្រព្រឹត្ត​ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​វា​ចា​ទ្រគោះ និយាយ​តែ​ពាក្យ​ឥត​ប្រយោជន៍ ជា​អ្នក​មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មិច្ឆាទិដ្ឋិ ហេតុ​នោះ​បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ត្រកូល​ខ្ពង់​ខ្ពស់ ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ មនុស្ស​ពួក​ខ្លះ​ក្នុង​លោក​នេះ ទុក​ជា​មាន​ជាតិ​ថ្លៃថ្លា​ក៏​ដោយ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​សម្ដី​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ជាតិ​ថ្លៃថ្លា ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ភោគៈ​លើស​លុប តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា និយាយ​ពាក្យ​មុសា មាន​វា​ចាញុះញង់ មាន​ពាក្យ​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មនុស្ស​មិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​មាន​ភោគៈ​លើស​លុប​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ភោគៈ​ដ៏​លើស​លុប ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈលើស​លុបទេ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា មិន​ត្រូវ​បម្រើ​អ្នក​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើគេ​បម្រើ​បុគ្គល​ណា សទ្ធា​ចម្រើន សីល​ចម្រើន សុតៈ​ចម្រើន ចាគៈ​ចម្រើន ប្រាជ្ញា​ក៏​ចម្រើន ព្រោះ​ការ​បម្រើ ( នោះ ) ជា​ហេតុ តថាគត​ទើប​ពោលថា​ ត្រូវ​បម្រើ​បុគ្គល​នោះ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​មួយ​រឿង​ទៀត អំពី​ការ​បញ្ញត្ត​ទ្រព្យ​របស់​ពួក​ព្រាហ្មណ៍ គឺ​ការ​ប្រព្រឹត្ត​សូម​ជា​ទ្រព្យ​របស់​ព្រាហ្មណ៍ ធ្នូ​និង​បំពង់​ព្រួញ​ជា​ទ្រព្យ​របស់​ក្សត្រិយ៍ ការ​ភ្ជួរ​រាស់​និង​ការ​រក្សា​គោ​ជា​ទ្រព្យ​របស់​វេស្សៈ កណ្ដៀវ​និង​អម្រែក​ជា​ទ្រព្យ​របស់​សុទ្ទៈ ។ ក្នុង​ទ្រព្យ​ទាំង ៤ ប្រការ​នេះ ប្រសិន​បើ​វណ្ណៈ​ណា​មើល​ងាយ​នូវ​ទ្រព្យ​របស់​ខ្លួន ឈ្មោះ​ថា ជា​អ្នក​មិន​ធ្វើ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ដូច​អ្នក​រក្សា​ទ្រព្យ លួច​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ថា តើ​ព្រះគោតម​ដ៏​ចម្រើន សម្ដែង​ថា​ដូច​ម្ដេច ចំពោះ​រឿង​នេះ ? សេចក្ដី​នៅ​ក្នុង​ព្រះ​សូត្រ គឺ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​បញ្ញត្តលោកុត្តរធម៌​ដ៏​ប្រសើរ ថា​ជា​ទ្រព្យ​សម្រាប់​ខ្លួន​របស់​បុរស​ស្ត្រី។ វណ្ណៈ​ទាំង ៤ ចូល​កាន់​ផ្នួស អាស្រ័យ​ធម្មវិន័យ ដែល​ព្រះតថាគត​សម្ដែង​ហើយ វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន ។ល។ មាន​សម្មាទិដ្ឋិ ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ជា​គ្រឿង​នាំ ចេញ​ចាក​ទុក្ខ ចម្រើន​ចិត្ត​មេត្តា មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ប្រព្រឹត្ត​ទៅ​បាន​គ្រប់​វណ្ណៈ​ទាំង​អស់ មិន​ចំពោះ​តែ​វណ្ណៈព្រាហ្មណ៍​ទេ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​លើក​អំពី​ការ​ងូត​ទឹក​ជម្រះ​ក្អែល អំពី​ការ​បង្កាត់​ភ្លើង ដើម្បី​ឲ្យ​ឯសុការី​ព្រាហ្មណ៍ បាន​យល់​អំពី​ការ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​ព្រះពុទ្ធសាសនា ក្នុង​ការ​លះបង់​នូវ​កិលេស ដោយ​មិន​ចំពោះ​វណ្ណៈ​ណា​មួយ​នោះ​ឡើយ ។ ឯសុការី​ព្រាហ្មណ៍ បាន​ជា​ឧបាសក អ្នក​ដល់​នូវសរណគមន៍ ស្មើ​ដោយ​ជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2888/Hoeea-sen.jpg
ចូឡសីល មជ្ឈិមសីល មហាសីល
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
១. ចូឡសីល ១. បាណាតិបាតា បដិវិរតោ វៀរស្រឡះចាកបាណាតិបាត ២. អទិន្នាទានា បដិវិរតោ វៀរស្រឡះចាកអទិន្នាទាន ៣. អារាចារី វិរតោ មេថុនា វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុក ។ ៤. មុសាវាទា បដិវិរតោ វៀរស្រឡះចាកមុសាវាទ ។ ៥. បិសុណាយ វាចាយ បដិវិរតោ វៀរស្រឡះចាកបិសុណាវាចា ។ ៦. ផរុសាយ វាចាយ បដិវិរតោ វៀរស្រឡះចាកផរុសវាចា ។ ៧. សម្ផប្បលាបា បដិវិរតោ វៀរស្រឡះចាកសម្ផប្បលាបៈ ។ ៨. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកការធ្វើពីជគាមនិងភូតគាម ៩. រត្តូបរតោ វិរតោ វិកាលភោជនា វៀរលែងបរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុង កាលខុស ។ ១០. នច្ចគីតវាទិតវិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការ ស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ ១១. មាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា បដិវិរតោ វៀរស្រឡះចាកកិរិយា ទ្រទ្រង់ប្រដាប់ស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងៗ ។ ១២. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកទីដេកទីអង្គុយដ៏ខ្ពស់ និងទី ដេកទីអង្គុយដ៏ប្រសើរ ។ ១៣. ជាតរូបរជតបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាសនិងប្រាក់ ។ ១៤. អាមកធញ្ញបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលធញ្ញជាតឆៅ ១៥. អាមកមំសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលសាច់ឆៅ ។ ១៦. ឥត្ថិកុមារិកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រីនិងក្មេងស្រី ។ ១៧. ទាសិទាសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលខ្ញុំស្រីនិងខ្ញុំប្រុស ។ ១៨. អជេឡកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលពពែនិងចៀម ។ ១៩. កុក្កុដសូករបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាន់និងជ្រូក ។ ២០. ហត្ថិគវស្សវឡវបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី ។ ២១. ខេត្តវត្ថុបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រែនិងចំការ ។ ២២. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ ។ ២៣. កយវិក្កយា បដិវិរតោ វៀរស្រឡះចាកការទិញនិងការលក់ ។ ២៤. តុលាកូដកំសកូដមានកូដា បដិវិរតោ វៀរស្រឡះចាកការឆបោកឬបន្លំដោយ ជញ្ជីង និងឆបោកដោយភាជន៍មាស ឆបោក ដោយរង្វាស់រង្វាល់ ។ ២៥. ឧក្កោដនវញ្ចននិកតិសាចិយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវអំពើ វៀច គឺការបង្ខុសបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ប្លម ។ ២៦. ឆេទនវធពន្ធនវិបរាមោសអាលោបសហសាការា បដិវិរតោ វៀរស្រឡះចាកកិរិយា កាត់ (នូវអវយវៈមានដៃជាដើម) និងការសម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែងយកទ្រព្យ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ) ២. មជ្ឈិមសីល ១. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ។ ២. សន្និធិការបរិភោគា បដិវិរតោ វៀរស្រឡះចាកការបរិភោគវត្ថុដែលសន្សំទុក ។ ៣. វិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាស្តាប់និងការមើលល្បែងដែលជា សត្រូវដល់កុសលធម៌ ។ ៤. ជូតប្បមាទដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវល្បែងបាស្កាដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទ ។ ៥. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកឧច្ចាសយនមហាសយនៈ ។ ៦. មណ្ឌនវិភូសនដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ ។ ៧. តិរច្ឆានកថាយ បដិវិរតោ វៀរស្រឡះចាកតិរច្ឆានកថា ។ ៨. វិគ្គាហិកកថាយ បដិវិរតោ វៀរស្រឡះហើយ ចាកពាក្យពោលប្រណាំងប្រជែង ។ ៩. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះហើយចាកការប្រកបនូវ ទូតកម្មគឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយទៅផ្ទះមួយ ។ ១០. កុហនលបនា បដិវិរតោ វៀរស្រឡះហើយ ចាកការកុហក និងពាក្យរាក់ទាក់ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ) ៣. មហាសីល ១. តិរច្ឆានវិជ្ជាយ មិច្ឆាជីវា បដិវិរតោ វៀរស្រឡះចាកមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជា (ទាំង១៥៣) ។ តិរច្ឆានវិជ្ជា អង្គាទិ ១. អង្គំ ការទាយអវយវៈខ្លះ ២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ ៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ ៤. សុបិនំ ទាយយល់សបិ្តខ្លះ ៥. លក្ខណំ ទាយលក្ខណៈខ្លះ ៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ ៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ ៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ ៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ ១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ ១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ ១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ ១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ ១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ ១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ ១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ ១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ ១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ ១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ ២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ ២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ ២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ ២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ ២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ ២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ ២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ ២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ ២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ ២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ ៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។ មណិលក្ខណាទិ ៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ ៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ ៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ ៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ ៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ ៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ ៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ ៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ ៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ ៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ ៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ ៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ ៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ ៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ ៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ ៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ ៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ ៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ ៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ ៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ ៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ ៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ ៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ ៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ ៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ ៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។ រញ្ញោទិ ៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។ ៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។ ៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។ ៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។ ៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។ ៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។ ៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។ ៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។ ៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។ ៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ ៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។ ចន្ទគ្គាហោទិ ៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។ ៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។ ៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។ ៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។ ៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។ ៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។ ៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។ ៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។ ៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។ ៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។ ៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។ ៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។ ៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ សុវុដ្ឋិកាទិ ៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។ ៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។ ៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។ ៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។ ៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។ ៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។ ១០០. រោគោ ភវិស្សតិ នឹងមានរោគ ។ ១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។ ១០២. មុទ្ទា ការរាប់ដោយដៃទទេ ១០៣. គណនា ការរាប់ដោយវិធីនព្វន្ត ១០៤. សង្ខានំ រាប់បូក ១០៥. កាវេយ្យំ កាព្យឃ្លោង ១០៦. លោកាយតំ គម្ពីរលោកាយតៈ ។ អាវាហនាទិ ១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ ១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ ១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ ១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ ១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ ១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ ១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ ១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ ១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ ១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ ១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ ១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ ១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ ១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ ១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ ១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ ១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ ១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ ១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ សន្តិកម្មាទិ ១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ ១២៩. បណិធិកម្មំ លាបំណន់ខ្លះ ១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ ១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ ១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ ១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ ១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ ១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ ១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ ១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ ១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ ១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ១៥២. មូលភេសជ្ជានំ អនុប្បទានំ ដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ ១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល) យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។ តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។ (បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ) ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។ (វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ) ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ។ ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។ បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។ ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទវិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2880/32Wic.jpg
ចតុរង្គសន្និបាត
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
ចតុរង្គសន្និបាត ការប្រជុំ ឬ ការជួបជុំប្រកបដោយអង្គ ៤ របស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ដើម្បីទ្រង់សំដែងនូវឱវាទប្បាតិមោក្ខ ។ i. ចតុរង្គសន្និបាតរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ១- មាឃនក្ខត្តេន យុត្តោ បុណ្ណមឧបោសថទិវសោ ថ្ងៃឧបោសថព្រះចន្ទពេញវង់ប្រកបដោយផ្កាយប្រចាំខែមាឃៈ គឺថ្ងៃ ១៥ កើតមាឃៈ ។ ២- កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេលសានិ ភិក្ខុសតានិ ភិក្ខុ ១២៥០ រូប ឥតមាននរណានិមន្តឡើយ ស្រាប់តែមកប្រជុំគ្នាតាមធម្មតារបស់ខ្លួន ។ ៣- តេសុ ឯកោបិ បុថុជ្ជនោ វា សោតាបន្នសកទាគាមិអនាគាមិសុក្ខ-វិបស្សកអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆឡភិញ្ញាវ ភិក្ខុអម្បាលនោះជាបុថុជ្ជន ឬសោតាបន្ន សកទាគាមី អនាគាមី ឬព្រះអរហន្តសុក្ខវិបស្សកៈ សូម្បីតែ ១ រូបក៏មិនមាន សុទ្ធតែជាព្រះអរហន្តបានអភិញ្ញាណ ៦ គ្រប់រូប ។ ៤- ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ, សព្វេ ឯហិភិក្ខុនោយេវ សូម្បីតែ ១ រូបដែលកោរសក់ដោយកាំបិតហើយបួសក៏មិនមាន សុទ្ធតែជាឯហិភិក្ខុទាំងអស់ ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ ទីឃនខសុត្តវណ្ណនា) ii. ចតុរង្គសន្និបាតរបស់ព្រះសម្មាសម្ពុទ្ធពីបុរាណ ១- សព្វេ ឯហិភិក្ខូ ភិក្ខុទាំងអស់សុទ្ធតែជាឯហិភិក្ខុ ២- សព្វេ ឥទ្ធិយា និព្វត្តបត្តចីវរា ភិក្ខុទាំងអស់សុទ្ធតែមានបាត្រនិងចីវរកើតឡើងដោយឫទ្ធិ ៣- សព្វេ អនាមន្តិតាវ អាគតា ភិក្ខុទាំងអស់សុទ្ធតែមកឥតនរណានិមន្ត ៤- ឥតិ តេ ច ខោ បន្នរសេ ឧបោសថទិវសេ មកក្នុងថ្ងៃឧបោសថ ១៥ កើត ។ (សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ មហាវគ្គ មហាបទានសុត្ត សាវកសន្និបាតបរិច្ឆេទវណ្ណនា) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2878/______pic.jpg
ឥសិទាសីថេរីគាថា
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់​បង់​ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយ​ជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា ៖ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា ?ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថាម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនាសេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។ (មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ ។ (ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង ។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស ។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាល​ត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈ​ទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ​ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯក​កច្ឆៈ​ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា ។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន ។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំង​ឡាយ​ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ ។ ឥសិទាសីថេរី ចប់ ៕ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/2895/____________tpic.jpg
សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
សូចិមុខីសូត្រ (សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌) សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ខបាត លុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយ ឆាន់ចង្ហាន់បិណ្ខបាតនោះ ។ គ្រានោះ បរិព្វាជិកាឈ្មោះសូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី ។ នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិន​មែន​ងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូម្តេចវិញ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើល​ទាយ​ចម្ការ​ទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ ម្នាលប្អូនស្រី ពួក​សមណ​ព្រាហ្មណ៍​ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកងើយមុខឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។ នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយ មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយនក្ខត្តឫក្ស អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្មនិងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបានដោយធម៌ហើយ ទើបឆាន់ ។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ បា្រប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារប្រកបដោយធម៌ សមណសក្យបុត្រ ទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូលប្រគេនដុំបាយដល់ពួក សមណសក្យបុត្រផងចុះ ។ ចប់ សូចិមុខីសូត្រ ៕ (សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ សារិបុត្តសំយុត្ត បិដកលេខ ៣៤ ទំព័រ ១៨៩) ដោយ៥០០០ឆ្នាំ
images/articles/2889/Phutthamonthon_Buddha.jpg
បដិបទា
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
បដិបទា [ប៉ៈដិប៉ៈទា ] ( បា., សំ. ) ការប្រព្រឹត្ត, កាន់, ធ្វើតាម; ច្រើននិយាយថា សេចក្ដីបដិបត្តិ, ការប្រតិបត្តិ ដូចគ្នានឹងបដិបត្តិ ឬ ប្រតិបត្តិ ដែរ ។ បដិបទា មាន ៤ យ៉ាង គឺ ៖ ១. ទុក្ខា បដិបទា ទន្ធាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយយឺតយូរ ២. ទុក្ខា បដិបទា ខិប្បាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយឆាប់រហ័ស ៣. សុខា បដិបទា ទន្ធាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយយឺតយូរ ៤. សុខា បដិបទា ខិប្បាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយឆាប់រហ័ស (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៦៣) ម្នាលភិក្ខុទាំងឡាយ បដិបទា (ការប្រតិបត្តិ) នេះមាន ៤ ។ បដិបទា ៤ គឺ អ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាមាន ៤ យ៉ាងនេះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ បិដកលេខ ៤៣ ទំព័រ ១៩) បដិបទារបស់ព្រះសារីបុត្រ ១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះសារីបុត្រជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ បណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) ២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះសារីបុត្រជា សុខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទស្រួលទាំងត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ បិដកលេខ ៤៣ ទំព័រ ៣៣) បដិបទារបស់ព្រះមហាមោគ្គល្លាន ១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះមហាមោគ្គល្លានជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះមហាមោគ្គល្លានជា ទុក្ខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទាដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ បណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ បិដកលេខ ៤៣ ទំព័រ ៣២) មហាមោគ្គល្លានសុត្តាទិវណ្ណនា ក្នុងសូត្រទី ៧ និង ទី ៨ នេះ មានវិនិច្ឆ័យដូចតទៅ ៖ ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាទុក្ខបដិបទ-ខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះមហាមោគ្គល្លានត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ពោលហើយដោយបទជាដើមថា មហាមោគ្គល្លានស្ស, ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាសុខបដិបទខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះសារិបុត្តត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) បានសម្ដែងហើយ ។ ចំណែកឯក្នុង វិសុទ្ធិមគ្គប្បករណ៍ លោកពោលថា មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះសម្មាសម្ពុទ្ធទាំង​ឡាយ​ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ, មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះធម្មសេនា​បតី​សារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងដូចគ្នា ។ ចំណែក បឋមមគ្គ (សោតាបត្តិមគ្គ) របស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា, មគ្គទាំងឡាយ ៣ ខាងលើ (របស់ព្រះមហាមោគ្គល្លានត្ថេរនោះ) រមែងជា ទុក្ខបដិបទទន្ធាភិញ្ញា ។ ចំណែកក្នុងគម្ពីរ អដ្ឋសាលិនី អដ្ឋកថាធម្មសង្គណី ពោលថា ពិតមែនហើយ មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះតថាគត និង ព្រះសារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ ។ ចំណែកឯបឋមមគ្គរបស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា ហើយមគ្គទាំង ៣ ខាងលើ របស់លោក រមែងជា ទុក្ខបដិបទខិប្បាភិញ្ញា ។ មគ្គទាំងអស់នោះ រមែងមិនអនុលោមដល់គ្នានឹងគ្នា ។ ព្រះបាលី (ព្រះត្រៃបិដក) និង អដ្ឋកថាទាំងឡាយនេះ រមែងមិនស្មើគ្នា (មិនដូចគ្នា)សូមសិក្ខាកាមទាំងឡាយ (អ្នកប្រាថ្នាក្នុងការសិក្សា) គប្បីពិចារណាតាមសមគួរចុះ ។ ពាក្យទាំងអស់នោះ គឺខ្ញុំព្រះករុណាគប្បីកាន់យកថា ជាមតិរបស់ព្រះភាណកាចារ្យទាំងឡាយនោះៗ ដែលលោកពោលយ៉ាងនោះៗ ក្នុងទីនោះៗ ។ មហាមោគ្គល្លានសុត្តាទិវណ្ណនា ចប់ ។ (សារត្ថមញ្ជូសា នាម អង្គុត្តរនិកាយដីកា ) ប្រែ និង ប្រមូលរៀបរៀងដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2945/tpic.jpg
សារៈសំខាន់នៃថ្ងៃវិសាខបូជា
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
វិសាខបូជា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។ រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។ ៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។ ៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។ ៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ ដោយ៥០០០ឆ្នាំ
images/articles/3014/2020-08-31_13_53_42-Betrayal_-_Google_Search.jpg
ដូចម្ដេចដែលហៅថាមនុស្សល្អ
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។ អ្នកណាខ្លះជាមនុស្សល្អ? អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អ ចំពោះយើងមានដូចខាងក្រោម៖ ១ មាតាបិតា ២ ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ ៣ គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ ៤ ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ ៥ ព្រះពុទ្ធ បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។ មូលហេតុធ្វើអោយស្អប់មនុស្សល្អ ១ មច្ឆាទិដ្ឋិ ៈ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។ ២ មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។ ៣ មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។ ៤ មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។ ៥ មច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។ ៦ មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។ ៧ មិច្ឆាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។ ៨ មច្ឆាសមាធិៈ តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។ កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។ ការយល់ត្រូវ ការយល់ត្រឹមត្រូវ គឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង ១ ស្ដាប់អ្នកដទៃ គឺស្ដាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ។ ២ ការពិចារណា ការស្ដាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។ កាលបើមនុស្សយល់ត្រូវ សកម្មភាពសម្ដែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្ដីសុខរមែងកើតឡើង។ ដោយ៥០០០ឆ្នាំ
images/articles/3017/2020-09-02_13_51_59-Window.jpg
ដើរយប់នោះមានទោសយ៉ាងណាខ្លះ?
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤
ការដែលដើរលេងយប់នោះ មានទោស៥ប្រការគឺ៖ ១. ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ជួនប្រពន្ធកូនឬបងប្អូនកើត ហេតុដោយរោគាព្យាឬដោយហេតុឯណា១ក្តី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៏ទៅជាទោស១។ ២. ជួនកាលដើរទៅហើយ ពើបប្រទះលើសត្វមានពិសវាចឹក វាខាំបាននូវទុក្ខវេទនាយ៉ាងនេះជាទោស១។ ៣.ជួនកាលដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អាចោរវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរយ៉ាងនេះ ជាទោស១។ ៤. ជួនដើរទៅហើយប្រទះនឹងចោរ ឬ អ្នកដែលមានពៀរវេរាដល់អ្នកឯណា១ គេឃើញឯងក៏សំគាល់ជាចោរ ឬ ថាអ្នកដែល មានពៀរនោះ គេបាញ់ចាក់សំលាប់ ទៅយ៉ាងនេះជាទោស១។ ៥. អ្នកដើរយប់ ជាទីនាំអោយគេគរហានិន្ទាថាបាន គឺថាបើគេបាត់របស់ទ្រព្យអ្វីឯណា១ គេដិតចិត្តសង្ស័យឆ្នៃថា ឯង ព្រោះ ឃើញថា ឯងដើរេលងយប់យ៉ាងនេះជាទោស១។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.41
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿