ថ្ងៃ អង្គារ ទី ១៨ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៨,១៦១
Today
ថ្ងៃម្សិលមិញ ១៥៣,៧២៣
ខែនេះ ៣,២០៤,៤៣២
សរុប ១៩៣,៧៥៩,៧៤៩
free counters
កំពុងទស្សនា ចំនួន
ប្រជុំអត្ថបទ
images/articles/2753/etbhfsd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៥៦៣០១ ដង)
នៅ​ក្នុង​បិដក​លេខ ២១ រថវិនីត​សូត្រ ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា អនុបាទាប​រិនិព្វាន មិន​មែន​ជា​វិសុទ្ធិ​ណា​មួយ ក្នុង​វិសុទ្ធិ​ទាំង ៧ នោះ​ឡើយ ហើយ​ព្រះសារីបុត្ត​បាន​សួរ​ថា ម្នាលអាវុសោ ចុះ​អនុបាទាប​រិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឬ ? ព្រះបុណ្ណមន្តាណីបុត្ត​ឆ្លើយ​ថា អញ្ញត្រ ចេ អាវុសោ ឥមេហិ ធម្មេហិ អនុបាទាបរិនិព្វានំ អភវិស្ស បុថុជ្ជនោ បរិនិព្វា​យេយ្យ បុថុជ្ជនោ ហិ អាវុសោ​ អញ្ញត្រ ឥមេហិ ធម្មេហិ។ ម្នាល​អាវុសោ បើ​អនុបាទាបរិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ហើយ បុថុជ្ជន​ក៏​គង់​បរិនិព្វាន​បាន ម្នាល​អាវុសោ ព្រោះ​បុថុជ្ជន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឯង ។ នៅ​ខាង​ចុង​នៃ​ព្រះធម្មទេសនា ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា ញាណ​ទស្សនវិសុទ្ធិ យាវទេវ អនុបាទាបរិនិព្វានត្ថា ប្រែ​ថា ញាណទស្សនវិសុទ្ធិ ( មគ្គញ្ញាណ ៤ ) មាន​ប្រយោជន៍​ត្រឹម​តែ​អនុបាទាបរិនិព្វាន ( អសង្ខតធាតុ ) ។ អនុបាទាបរិនិព្វានត្ថំ ខោ អាវុសោ ភគវតិ ព្រហ្មចរិយំ វុស្សតីតិ ។ ម្នាល​អាវុសោ ព្រហ្មចរិយធម៌​ដែល​ខ្ញុំ​ប្រព្រឹត្ត​ក្នុង​សម្នាក់ ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​អនុបាទាបរិនិព្វាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2752/sgvdxsxsdcfvhg.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៥៦៣៧១ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​ជេតពន ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ទិដ្ឋិ​ច្រើន​ប្រការ ឱ្យ​ដល់​ភិក្ខុ​ទាំង​ឡាយ​បាន​ស្ដាប់​ក្នុង​វត្ត​ជេតពន​នោះ​ឯង​ ។ ទិដ្ឋិ​ដែល​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ មាន ៥ ចំណែក គឺ ១- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា ។ ២- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មិន​មាន​សញ្ញា ។ ៣- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា​ក៏​មិន​មែន មិន​មាន​សញ្ញា​ក៏​មិន​មែន ។ ៤- សត្វ​ស្លាប់​ទៅ​សូន្យ មិន​កើត​ទៀត​ឡើយ ។ ៥- ទិដ្ឋធម្មនិព្វានវាទ យល់​ឃើញ​ថា​កាម​សុខ​និង​ឈាន​សុខ ជា​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន ។ ទិដ្ឋិ​ទាំង ៥ ពួក​នេះ រួម​ជា ៣ ពួក​ក៏​បាន គឺ ៣ ពួក​ខាង​ដើម ជា​សស្សតវាទ ពួក ១ បន្ត​មក​គឺ​ឧច្ឆេទវាទ ពួក ១ និង​ទិដ្ឋធម្មនិព្វានវាទ ពួក ១ ដោយ​ប្រការ​ដូច្នេះ​ទើប​ព្រះសូត្រ​នេះ មាន​ឈ្មោះ​ថា បញ្ចត្តយសូត្រ គឺ ៥ មក​ជា ៣ ឬ ៣ ទៅ​ជា ៥ ក៏​បាន ។ ជា​បន្ត​មក​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ចែក​ទិដ្ឋិ ៥ ពួក​ខាង​ដើម​នោះ ទៅ​ជា​ទិដ្ឋិ ៤៤ ដូច​នៅ​ក្នុងព្រហ្មជាល​សូត្របិដក​លេខ ១៤ ដែរ គឺ -សស្សតទិដ្ឋិជាសញ្ញីវាទ មាន ១៦ -សស្សតទិដ្ឋិជាអសញ្ញីវាទ មាន ៨ -សស្សតទិដ្ឋិជានេវសញ្ញីនាសញ្ញីវាទ មាន ៨ -ឧច្ឆេទទិដ្ឋិ មាន ៧ -ទិដ្ឋធម្មនិព្វានវាទ មាន ៥ ។ ទិដ្ឋិ​ទាំង ៤៤ គឺ​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ ហៅ​ថា អបរន្តកប្បទិដ្ឋិ ។ បន្ទាប់​មក​ព្រះអង្គ​ទ្រង់​សម្ដែង​អំពី​ទិដ្ឋិ ៥ ពួក​ទៀត ដែល​ប្រារព្ធ​យក​ខន្ធ​អតីត​មក​ជា​អារម្មណ៍ ៥ ពួក​នេះ ចែក​បាន​ជាទិដ្ឋិ ១៨ គឺ ១- សស្សតទិដ្ឋិ មាន ៤ ២- ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ មាន ៤ ៣- អន្តានន្តទិដ្ឋិ មាន ៤ ៤- អមរាវិក្ខេបទិដ្ឋិ មាន ៤ ៥- អធិច្ចសមុប្បន្នទិដ្ឋិ មាន ២ ។ ទិដ្ឋិ ៥ ពួក ចែក​បាន​ជាទិដ្ឋិ ១៨ ដែល​ប្រារព្ធ​យក​ខន្ធ​ខាង​ដើម​គឺ​ខន្ធ​អតីត​មក​ជា​អារម្មណ៍​នោះ ហៅ​ថា បុព្វន្តកប្បទិដ្ឋិ ។ បូក​បញ្ចូល​បុព្វន្តកប្បទិដ្ឋិ ១៨ និង​អបរន្តកប្បទិដ្ឋិ ៤៤ ត្រូវ​ជា​ទិដ្ឋិ ៦២ ។ ចំពោះ​ទិដ្ឋិ​ទាំង ៦២ នេះ គឺ​មាន​សក្កាយទិដ្ឋិ ដែល​ប្រកាន់​ថា​ជា​សត្វ​បុគ្គល​តួ​ខ្លួន ជា​មេ ជា​ប្រធាន ទើប​ព្រះដ៏មានព្រះភាគ ទ្រង់​ប្រកាស​សម្ដែង​នៅ​ក្នុង​ព្រះសូត្រ​នេះ​ជា​បន្ត​ថា ម្នាលភិក្ខុ​ទាំង​ឡាយ សមណៈ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ ក្នុង​លោក​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លង​នូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់ ( ក្នុងបញ្ចក្ខន្ធ ) ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត​ដឹង​ច្បាស់​នូវ​ដំណើរ​នោះ​ថា សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លងនូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់។ សមណព្រាហ្មណ៍​ដ៏​មាន​អាយុ​នេះ​តែង​ពោល​សរសើរ នូវ​បដិបទាជាទី​​សប្បាយ​នៃ​ព្រះនិព្វាន ដោយ​ពិត ប៉ុន្តែ​សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ​ឯង ប្រកាន់​មាំ​នូវ​បុព្វន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​អបរន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​កាម​សញ្ញោជនៈ​ផង ប្រកាន់​មាំ​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់​ផង ប្រកាន់​មាំ​នូវ​និរាមិសសុខ​ផង ប្រកាន់​មាំនូវ​អទុក្ខម​សុខវេទនា​ផង ។ សមណព្រាហ្មណ៍​មាន​អាយុ​នេះ ពិចារណា​ឃើញ​ថា អាត្មា​អញ​ជាអ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់​មាំ ដោយ​ហេតុ​ណា ហេតុ​នោះ ព្រះតថាគត​ពោល​ថា​ជា​ឧបាទាន ( សេចក្ដី​ប្រកាន់​មាំ ) របស់​សមណព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ។ ឧបាទាន​នោះ​ជា​សង្ខតធម៌ ដ៏​គ្រោត​គ្រាត​នៅ​ឡើយ ចំណែក​ខាង​ការ​រលត់សង្ខារ​ទាំងឡាយ​មាន​ពិត ព្រះនិព្វាន​ក៏​មាន​ពិត លុះ​ព្រះតថាគត​ដឹង​ច្បាស់​ដូច្នេះ​ហើយ ជា​អ្នក​ឃើញ​នូវ​ការ​រលាស់​ចេញ​នូវ​ឧបាទាន​នោះ កន្លង​នូវ​ឧបាទាន​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង​ ៦ ហើយ​រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នេះ​ឯង ឈ្មោះ​ថា​សន្តិវរបទ ដ៏​ប្រសើរ ដែល​ព្រះតថាគត​ត្រាស់​ដឹង​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង ៦ ហើយ រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នោះ​ឯង ឈ្មោះ​ថា​សន្តិវរបទ​ដ៏​ប្រសើរ ដែល​ព្រះតថាគតត្រាស់​ដឹង​ហើយ ។ លុះ​ព្រះមាន​បុណ្យ​បាន​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ​ចំពោះ​ភាសិត របស់​ព្រះមាន​បុណ្យ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2754/rtvgrcdgxvred.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៥៩៩៣៦ ដង)
ចន្ទគតិ មាន​រនោច មាន​ខ្នើត​ជា​ធម្មតា បើ​យើង​មិន​ប្រាថ្នា​ឱ្យ​ខុស​ពី​ធម្មតា​ទេ យើង​ក៏​មិន​កើត​ទុក្ខ​ដែរ ។ ផែន​ដី​វិល​ជុំ​វិញ​ព្រះអាទិត្យ ចំណែក​ព្រះចន្ទ​វិល​ជុំ​វិញ​ផែនដី យើង​មិន​ដែល​កើត​ទុក្ខ​ព្រោះ​ហេតុ​តែ​ព្រះចន្ទ​មិន​បាន​មក​វិល​ជុំ​វិញ​ខ្លួន​យើង​នោះ​ឡើយ យ៉ាង​ណា​មិញ អ្វី​ៗ​ក្នុង​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​របស់​លោក បើ​យើង​មិន​ចង់​រវល់​ច្រើន​ទេ យើង​ត្រូវ​សិក្សា​ចូល​ឱ្យ​ដល់​ធម្មតា​ធម៌ អ្វី​ៗ​រៀប​រយ​ស្រេច​បាច់​តាម​ធម្មជាតិ មាន​បច្ច័យ​ឱ្យ​កើត​ឡើង មាន​ជរា​ជា​ធម្មតា មាន​ព្យាធិជាធម្មតា មាន​មរណៈ​ជា​ធម្មតា មាន​ការ​ព្រាត់​ប្រាស ប្រែប្រួល​ជា​ធម្មតា ។ល។ យើង​មិន​មាន​អ្វី​ដែល​ត្រូវ​មក​ប្រាថ្នា​ដោយ​ការ​ហួង​ហែង​ចំពោះ​សង្ខារ​ទាំង​ឡាយ​ថា កុំ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ​ៗ​ឡើយ ព្រោះ​ព្រះនិព្វាន​ទេ​តើ ដែល​មិន​មាន​ជរា ព្យាធិ មរណៈ មិន មានវដ្ដៈ ជាទី​អស់​ទៅ​នៃ​តណ្ហា និង​ជាទី​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣១២២២ ដង)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ​​ទ្រង់​​គង់​​ប្រថាប់​នៅ​នា​ដង​ព្រៃ ជិត​ក្រុង​កុសិនារា ។ ក្នុង​ទី​នោះ​ឯង ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ធ្លាប់​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​តថាគតថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌបាតខ្លះ... ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុភព​តូច​ភពធំ​ខ្លះ ដូច្នេះ​ដែរ​ឬ ? ( កិន្តិ = កឹ + ឥតិ ) ។ ភិក្ខុ​ទាំង​ឡាយ ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ ពុំ​ដែល​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌ​បាត​ខ្លះ... ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណ​គោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ភព​តូច​ភព​ធំ​ខ្លះ ដូច្នេះ​ឡើយ ។ កាល​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សាក​សួរ​បញ្ជាក់​អំពី​សេចក្ដី​ត្រិះរិះ​របស់​ភិក្ខុ​ទាំង​ឡាយ ចំពោះ​ការ​ត្រាស់​សម្ដែង​ព្រះធម៌​របស់​ព្រះអង្គ​នោះ ថា​ដូច​ម្ដេច ទើប​ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ មាន​សេចក្ដី​ត្រិះរិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​យ៉ាង​នេះថា ព្រះដ៏មាន​ព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បាន​ឮ​ថា អ្នក​ទាំង​ឡាយ​មាន​សេចក្ដី​ត្រិះ​រិះ ចំពោះ​តថាគត​យ៉ាង​នេះថា ព្រះដ៏មានព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ធម៌​ទាំង​ឡាយ​ណា ដែល​តថាគត​ត្រាស់​ដឹង​ហើយ សម្ដែង​ហើយ ដូច​ជា​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ អ្នក​ទាំង​ឡាយ​រាល់​រូប​គប្បី​ព្រម​ព្រៀងគ្នា គប្បី​រីក​រាយ​រក​គ្នា កុំ​វិវាទ​គ្នា គប្បី​សិក្សា​ក្នុង​ធម៌​ទាំង​នោះ​ចុះ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ការ​សម្រុះ​សម្រួល​គ្នា កុំ​ឱ្យ​មាន​វិវាទ​នឹង​គ្នា​ក្នុង​អភិធម្ម ទាក់​ទង​ដោយ​អត្ថ​និង​ព្យញ្ជនៈ ។ សម្រុះ​សម្រួល​ក្នុង​វិន័យ តាម​ដែល​មាន​ភិក្ខុ​ត្រូវ​អាបត្តិ ជា​ការ​ប្រព្រឹត្ត​ល្មើស ឱ្យ​ចេញ​ចាក​អកុសលធម៌ មក​តាំង​នៅ​ក្នុង​កុសលធម៌​វិញ ។ សម្រុះ​សម្រួល​ក្នុង​រឿង​ដែល​និយាយ​ស្ដី មាន​វចីសង្ខារ​មិន​ល្អ វាយ​ឫក​ដោយ​ទិដ្ឋិ មាន​ចិត្ត​អាឃាតព្យាបាទ មិន​ស្ដាប់​គ្នា មិន​ត្រេកអរ​រក​គ្នា ។ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ភិក្ខុ​បើ​មិន​លះ​បង់​នូវ​ធម៌​នោះ​ទេ នឹង​មិន​ធ្វើ​ឱ្យ ជាក់​ច្បាស់​នូវ​ព្រះនិព្វាន​បាន​ឡើយ ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​មាន​ភិក្ខុ​ពួក​ដទៃ សួរ​ភិក្ខុ​នោះ​យ៉ាង​នេះ​ថា លោក​ដ៏​មាន​អាយុ បាន​ធ្វើ​ឱ្យ​ភិក្ខុ​ទាំង​នេះ​របស់​ពួក​យើង ចេញ​ចាក​អំពី​អកុសលធម៌ ហើយ​តាំង​នៅ​ក្នុង​កុសល​ធម៌​ដែរ​ឬ ? ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ក្នុង​ទីនេះ ខ្ញុំ​ព្រះករុណា​បាន​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះធម៌​ដល់​ខ្ញុំ​ព្រះករុណា ខ្ញុំ​ព្រះករុណា​បាន​ស្ដាប់​ព្រះធម៌​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ហើយ បាន​សម្ដែង​ប្រាប់​ដល់​ភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំង​នោះ ក៏​បាន​ស្ដាប់​ធម៌​នោះ ហើយ​ចេញ​ចាក​អកុសលធម៌ បាន​តាំង​នៅ​ក្នុង​កុសលធម៌ ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​ពោល​យ៉ាង​នេះ មិន​ឈ្មោះ​ថា​លើក​តម្កើង​ខ្លួន មិន​ឈ្មោះ​ថា​សង្កត់​សង្កិន​បុគ្គល​ដទៃ​ទេ ឈ្មោះ​ថា​ជា​អ្នក​ពោល​ប្ដេជ្ញា​នូវ​ធម៌​តាម​ធម៌ ម្យ៉ាង​ទៀត វាទៈ​និង​អនុវាទៈ​ដែល​ប្រកប​ដោយ​ហេតុ​ណា​មួយ រមែង​មិន​មក​កាន់​ឋានៈ​ដែល​អ្នក​ប្រាជ្ញ​គប្បី​តិះ​ដៀល​បាន​ឡើយ ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​កិន្តិ​សូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មានព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣០៤៨១ ដង)
តាម​ខ្លឹម​សារនៅ​ក្នុង​កេវដ្ដសូត្រ បិដក​លេខ ១៥ គឺមហភូតរូប ៤ ដែល​មិន​ជាប់​ដោយ​ឥន្ទ្រិយ មិន​មែន​ជា​ទុក្ខសច្ច ដូច​ជា​ផែនដី ព្រៃ​ភ្នំ ទន្លេ​សមុទ្រ ភ្នំ​មាស​ភ្នំ​ប្រាក់​ជាដើម​នេះ មិន​ត្រូវ​លើក​ឡើង​ជា​សំណួរ​ថា រលត់​អស់​មិន​មាន​សេស​សល់​ក្នុង​ទី​ណា​នោះ​ទេ ពី​ព្រោះ​ក្នុង​ធម្មជាតិ​ទាំង​អស់​នេះ មិន​មាន​វិសុទ្ធិ ៧ ។ អ្វី​ដែល​ត្រូវ​លើក​យក​មក​សួរ​ថា រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ទី​ណា គឺ​នាម​រូប​ក្នុង​សត្វ​លោក​ដែល​ជាប់​ដោយ​ជីវិតិន្ទ្រិយ ជា​ទុក្ខ​សច្ចអាស្រ័យ​តណ្ហា​ជា​សមុទយៈ ។ ឯ​ចម្លើយ​ត្រូវ​លើក​យក​ព្រះនិព្វាន​ជានិរោធសច្ច​មក​ឆ្លើយ​ថា នាម​រូប​ដែល​សន្មត​ថា​សត្វ​លោក​ហ្នឹង​ឯង រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​ជា​និរោធសច្ច​នោះ ព្រោះ​ការ​រលត់​ទៅ​នៃ​អភិសង្ខារវិញ្ញាណ ។ អដ្ឋកថា កេវដ្ដ​សូត្រ​ប្រាប់​ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះ​អនុប្បាទនិរោធ​នៃ​អភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺ​នាម​រូប​រលត់​ដោយ​អំណាច​នៃ​ការ​មិន​កើត​ឡើង ។ អនុប្បាទនិរោធ គឺ​ព្រះអដ្ឋក​ថា​ពន្យល់​ក្នុង​ព្រះពុទ្ធដីកា​នៃ​កេវដ្ដសូត្រ ដែល​ព្រះអង្គទ្រង់​ត្រាស់​សម្ដែង​ថា ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។ នាម និង​រូប រមែង​រលត់​ឥត​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​នោះ នាម និង​រូប​នេះ រមែង​រលត់​ក្នុង​ព្រះនិព្វាននោះ ព្រោះ​រលត់​ទៅ​នៃ​វិញ្ញាណ ។ ពាក្យ​ថា ឯត្ថ គឺ​ចង្អុល​ប្រាប់​ចំពោះ​ព្រះនិព្វាន​នោះ ដែល​ព្រះអង្គ​ទ្រង់ត្រាស់​កន្លះ​ព្រះ​គាថា​ខាង​ដើម​ថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។ ចំពោះ អនុប្បាទនិរោធ នេះ នៅ​ក្នុង​បិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែង​ប្រាប់​ថា រលត់​ដោយ​មគ្គញ្ញាណ ៤ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2757/sfdgcsddxdvgchfbcf.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤៤២៩៧ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​សាមគ្រាម ក្នុង​ដែន​សក្កៈ ។ សម័យ​នោះ​ឯង និគណ្ឋនាដបុត្ត ទើប​តែ​ធ្វើមរណ​កាល ក្នុង​ដែន​បាវា ។ ព្រោះ​កាល​កិរិយា​នៃ​និគណ្ឋនាដបុត្ត​នោះ ពួក​និគ្រន្ថ​ជា​កូន​សិស្ស បាន​បាក់​បែក​ឈ្លោះ​ប្រកែក​គ្នា​ជា ២ ពួក ប្រកួត​ប្រកាន់​ចាក់​ដោត​គ្នា​ដោយ​លំពែង​គឺ​មាត់ ។ អដ្ឋក​ថា​ប្រាប់​ថា ការ​ឈ្លោះ​ទាស់​ទែង​គ្នា​នេះ ព្រោះ​មក​អំពី​និគណ្ឋនាដបុត្ត គិត​ឃើញ​ថា​លទ្ធិ​របស់​ខ្លួន​នេះ មិន​អាច​ដឹក​នាំ​សត្វ​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ជា​លទ្ធិប្រាសចាក​សារៈ ។ ដើម្បី​កុំ​ឱ្យ អ្នក​ដែល​ជឿ​តាម​ធ្លាក់​ចុះ​កាន់​អបាយភូមិ និគណ្ឋនាដបុត្ត មុន​នឹង​មរណភាព​បាន​ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ដោយ​ឧច្ឆេទវាទ ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ទៀត​ដោយ​សស្សតវាទ ដោយ​គិត​ថា ឱ្យ​កូន​សិស្ស​ទាំង​អស់​នេះ​វិវាទ​គ្នា កាល​ដែល​វិវាទ​គ្នា​ហើយ​នឹង​បាន​ចូល​ទៅ​រក​ព្រះពុទ្ធសាសនា យក​ព្រះពុទ្ធ​សាសនា​ជា​ធំ ។ ក្នុង​កាល​នោះ ព្រះចុន្ទៈ ជា​ប្អូន​បង្កើត​របស់​ព្រះធម្មសេនាបតី លោក​នៅ​ចាំ​វស្សា​ក្នុង​ដែន​បាវា បាន​ជ្រាប​រឿង​រ៉ាវ​ពួក​និគ្រន្ថ​ដូច្នេះ​ហើយ ក៏​បាន​និមន្ត​មក​រក​ព្រះអានន្ទ​ជា​ព្រះឧបជ្ឈាយ៍ នៅ​នាសាមគ្រាម ហើយ​ពិត​ទូល​អំពីរឿង​នោះ​ឯង ។ ព្រះអានន្ទ​ដ៏​មាន​អាយុ និង​ព្រះចុន្ទៈ បាន​និមន្ត​ចូល​គាល់​ព្រះដ៏​មានព្រះភាគ ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​ព្រះអានន្ទ​បន្ត​សេចក្ដី​ក្រាប​ទូល​ព្រះអង្គ​ទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ យ៉ាង​នេះ​ថា អំណើះ​អត់​អំពី​ព្រះដ៏មាន​ព្រះភាគ​ទៅ សូម​កុំ​ឱ្យ​មាន​វិវាទកើត​ឡើង​ក្នុង​សង្ឃ​ឡើយ ព្រោះថា​វិវាទ​នោះ នឹង​​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ​ដល់​ជន​ច្រើន មិន​ជា​សុខ​ដល់​ជន​ច្រើន មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន​ដល់​ជន​ច្រើន ជា​ទុក្ខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអានន្ទ​លើក​អំពី​វិវាទ​ក្នុង​សង្ឃ ព្រោះ​អាជីវៈ​ជា​ហេតុ​ខ្លះ ព្រោះ​អធិប្បាតិមោក្ខ​ជា​ហេតុ​ខ្លះ ចំណែក​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា វិវាទ​ព្រោះ​អាជីវៈ និង​ព្រោះ​អធិប្បាតិមោក្ខ ជា​ហេតុ​នេះ គ្រាន់​តែ​ជា​ការ​បន្តិច​បន្តួច​ទេ ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​អំពី​វិវាទ​ដែល​កើត​ឡើង​ក្នុង​សង្ឃ ព្រោះ​អាស្រ័យ​មគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា វិវាទ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ មិន​ជា​សុខ មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន ដល់​ជន​ច្រើន រមែង​ជា​ទុក្ខ​ដល់​ទេវតា​និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអដ្ឋកថា​ប្រាប់​ថា កាល​ណា​ចូល​ដល់​លោកុត្តរមគ្គ វិវាទ​រមែង​ស្ងប់​រំងាប់​ទៅ​ដោយ​ប្រការ​ទាំង​ពួង គឺ​ថា វិវាទ​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​បាន​សម្រេច​នូវ​មគ្គ​ទាំង​ឡាយ ( មាន​សោតាបត្តិមគ្គ ជា​ដើម ) ឡើយ ។ វិវាទ​ព្រោះ​អាស្រ័យមគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា សំដៅ​យក​មគ្គឬបដិបទាជាបុព្វភាគ បាន​ដល់​មគ្គប្បដិបទា​ជា​ចំណែក​ខាង​ដើម គឺ​នៅ​ជា​លោកិយ​ហ្នឹង​ឯង ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​អំពី​វិវាទ​មូល ៦ ប្រការ ៖ ១-កោធនោ ហោតិ ឧបនាហី ២-មក្ខី ហោតិ បឡាសី ៣-ឥស្សុកី ហោតិ មច្ឆរី ៤-សថោ ហោតិ មាយាវី ៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី ៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជា​អ្នក​ស្ទាប​អង្អែល​នូវការ​យល់​ខុស​របស់​ខ្លួន និង​ជា​អ្នក​ប្រកាន់មាំ លះ​បង់​បាន​ដោយ​កម្រ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​ដែល​មាន​នូវវិវាទមូល ដោយ​នូវ​ប្រការ​នីមួយ​ៗ ឈ្មោះ​ថា មិន​គោរព​កោត​ក្រែង​ព្រះសាស្ដា មិន​គោរព​កោត​ក្រែង​ព្រះធម៌ មិន​គោរព​កោត​ក្រែង​ព្រះសង្ឃ និង​មិន​ធ្វើ​ឱ្យ​ពេញលេញ​ក្នុង​សិក្ខា ភិក្ខុ​នោះ ឈ្មោះ​ថា​បង្កើត​វិវាទ​ក្នុង​សង្ឃ ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​ប្រទាន​ឱវាទ​ឱ្យ​ព្យាយាម​លះ​បង់​នូវវិវាទ​មូល​ដ៏​លាមក​នោះ​ចេញ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទី​បញ្ចប់ ព្រះអង្គ​ទ្រង់ត្រាស់​សម្ដែង​នូវ សារាណីយធម៌ ៦ ប្រការ ព្រម​ទាំង​អានិសង្ស​ផង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣៦១៥៣ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នាមិគារ​មាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ ក្នុង​អដ្ឋកថា​ឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់​ថា ព្រះពុទ្ធអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ ក្នុង​វេលា​រាត្រី លុះ​ដល់​ពេល​ថ្ងៃ​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​វត្តបុព្វារាម ក្នុង​ប្រាសាទ​របស់​មិគារ​មាតា បើ​វេលា​យប់ ស្ដេច​គង់​ប្រថាប់​នៅ​បុព្វារាម ពេល​ថ្ងៃ​ទ្រង់​ស្ដេច​យាង​មក​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ​វិញ នេះ​គឺ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បដិបត្តិ​មក​ជា​ប្រចាំ ព្រោះ​ហេតុអ្វី? ម្យ៉ាង ដើម្បី​អនុគ្រោះ​ដល់​ត្រកូល​ទាំង ២ ម្យ៉ាង​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ប្រកាស​គុណ​នៃ​មហាបរិច្ចាគ​របស់​ត្រកូល​ទាំង ២ នោះ​ឯង ។ នៅ​ក្នុង​មហាបុណ្ណម​សូត្រ​នេះ ផ្ដើម​ដោយ​ព្រះសង្ឃ​ត្ថេរ​មួយ​ព្រះអង្គ​ជា​មហាខីណាស្រព បាន​នាំ​ភិក្ខុ ៦០ ព្រះអង្គ​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ​ក្នុង​ពេល​ព្រលប់ នៅ​ទី​វាលស្រឡះ ចំ​ថ្ងៃ​ពេញ​បូណ៌មី ១៥ កើត ព្រះ​ចន្ទ​ចាប់​ផ្ដើម​រះ​នៅ​ទិស​បូព៌ ព្រះអាទិត្យ​ក៏​អស្ដង្គត ភិក្ខុ​បរិស័ទ​គង់​ស្ថិត​ក្នុង​ឆព្វណ្ណរង្សីនៃ​ព្រះបរមសាស្ដា នា​វត្ត​បុព្វារាម​នោះ​ឯង ។ ភិក្ខុ ៦០ ព្រះអង្គ សុទ្ធ​តែ​បាន​កំណត់​ដឹង​នូវ​នាម​រូប ប៉ុន្តែ​មិន​ទាន់​សម្រេចមគ្គផល ទើប​ព្រះសង្ឃ​ត្ថេរ​ជា​ព្រះអាចារ្យ ជាមហាខីណា​ស្រព ក្រោក​អំពី​អាសនៈ ធ្វើ​ចីវ​រឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះ​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ​ហើយ ក៏​ក្រាប​បង្គំ​ទូល​សួរព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន បើ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ឱកាស​ដើម្បី​ដោះ​ស្រាយ​ប្រស្នា​របស់​ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​នឹង​សួរ​នូវ​ហេតុ​បន្តិច​បន្តួច​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ បើ​ដូច្នោះ អ្នក​ចង់​សួរ​ប្រស្នា​ណា ចូរ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន សួរ​ប្រស្នា​នោះ​ចុះ ។ លំដាប់​នោះ ព្រះសង្ឃត្ថេរ បាន​គង់អង្គុយ​លើ​អាសនៈ​របស់​លោក​ហើយ ក៏​បាន​ក្រាប​បង្គំ​ទូល​សួរ​ជា​បឋម​អំពី​ឧបាទានក្ខន្ធ ៥ ។ តាម​ពិត ព្រះសង្ឃត្ថេរ ជ្រាប​ហើយ ប៉ុន្តែ​ការ​ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​ជា​ការ​អនុគ្រោះ​ដល់​សិស្ស​ទាំង ៦០ ព្រះអង្គ​នោះ​ឯង ។ -សួរអំពី​មូល​ហេតុ​នៃ​ឧបាទានក្ខន្ធ ៥ ។ -សួរ​អំពី​ឧបាទាន ។ -សួរ​អំពី​ឆន្ទរាគៈ​ផ្សេង​គ្នា ។ -សួរ​អំពី​ខន្ធ ១១ កង ។ -សួរ​អំពី​ហេតុ អំពី​បច្ច័យ​នាំ​ឱ្យ​បញ្ញត្តខន្ធ ៥ ។ -សួរ​អំពី​សក្កាយទិដ្ឋិ​កើត​មាន ។ -សួរ​អំពី​សក្កាយទិដ្ឋិ​មិន​កើត​មាន ។ -សួរ​អំពី​អស្សាទ អាទីនវៈ និង​និស្សរណៈ​ក្នុង​ខន្ធ ៥ ។ -សួរ​អំពីកាល​បុគ្គល​ដឹង​ដូចម្ដេច ឃើញ​ដូច​ម្ដេច ទើប​អហង្ការ មមង្ការ និង​មានានុស័យ ក្នុង​កាយ​ដែល​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង ក្នុង​និមិត្ត​ទាំង​ពួង​ជា​ខាង​ក្រៅ​ផង មិន​មាន ។ ជា​ចុង​ក្រោយ​នៃ​ព្រះធម្មទេសនា ព្រះភិក្ខុ​ទាំង ៦០ ព្រះអង្គ​នោះ​ឯង គង់​នៅមួយ​កន្លែង​នៅ​ឡើយ បាន​រួច​ផុត​ចាក​អាសវៈ​ទាំង​ឡាយ ក្នុង​គ្រា​នោះ​ហោង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤៦០៤៤ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​នាមិគារមាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ សម័យ​នោះ​ឯង ព្រះដ៏មាន​ព្រះភាគ មាន​ភិក្ខុសង្ឃ​ចោម​រោម ទ្រង់​គង់​ក្នុង​ទី​វាល​ស្រឡះ នា​វេលា​រាត្រី​ពេញបូណ៌មី ១៥ កើត ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី ៖ -អសប្បុរស មិន​ស្គាល់​នូវ​អសប្បុរស ។ -អសប្បុរស មិន​ស្គាល់​នូវ​សប្បុរស ។ -អសប្បុរស ជា​អ្នក​ប្រកប​ដោយ​អសទ្ធម្ម មាន​ការ​សេព​គប់​ជា​អសប្បុរស មាន​គំនិត​ជា​អសប្បុរស មាន​ការ​ប្រឹក្សា​ជា​អសប្បុរស មាន​វាចា​ជា​អសប្បុរស មាន​ការងារ​ជា​អសប្បុរស មាន​ទិដ្ឋិ​ជា​អសប្បុរស តែង​ឱ្យ​ទាន​ជា​អសប្បុរស ។ -ម្នាល​ភិក្ខុ​ទាំង​ឡាយ អសប្បុរស​នោះ​ឯង ( ប្រកប​ដោយ​ធម៌​អសប្បុរស​ទាំង ៨ ពួក​យ៉ាង​នេះ​ហើយ ) លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ តែង​ទៅ​កើត​ក្នុង​គតិ​របស់​ពួកអសប្បុរស ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯ​គតិ​របស់​ពួក​អសប្បុរស​តើដូចម្ដេច គតិ​របស់​ពួកអសប្បុរស​គឺ​នរក ឬ​កំណើតតិរច្ឆាន ។ -សប្បុរស​ស្គាល់​នូវ​សប្បុរស ។ -សប្បុរស​ស្គាល់​នូវ​អសប្បុរស ។ -សប្បុរស ប្រកប​ដោយ​ព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។ -សប្បុរស មាន​ការ​សេព​គប់​នឹង​អ្នក​ដែល​មាន​នូវ​ព្រះសទ្ធម្ម​ទាំង ៧ នេះឯង ។ -សប្បុរស មាន​គំនិត​ជា​សប្បុរស គឺ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង មិន​គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ មិន​គិត​ដើម្បី​បៀតបៀន​ទាំង​ពីរ​ខាង ។ -សប្បុរស​មាន​ការ​ប្រឹក្សា​ជា​សប្បុរស គឺ​សប្បុរស​មិន​ប្រឹក្សា​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ជាដើម​ឡើយ ។ -សប្បុរស​មាន​វាចា​ជា​សប្បុរស គឺ​វៀរចាក​វចីទុច្ចរិត ៤ យ៉ាង -សប្បុរស​មាន​ការងារ​ជា​សប្បុរស គឺ​វៀរចាក​កាយទុច្ចរិត ៣ យ៉ាង ។ -សប្បុរស​មាន​ទិដ្ឋិ​ជា​សប្បុរស គឺ​មាន​សម្មាទិដ្ឋិ ១០ ហ្នឹងឯង -សប្បុរស​តែង​ឱ្យ​ទាន​ជា​សប្បុរស មាន​ការ​ឱ្យ​ដោយ​គោរព​កោត​ក្រែង​ជាដើម ។ -ម្នាលភិក្ខុ​ទាំង​ឡាយ សប្បុរស​នោះ​ឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះ​មាន​រាងកាយបែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ​តែង​ទៅ​កើត​ក្នុង​គតិ​របស់​សប្បុរស ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គតិ​របស់​សប្បុរស​តើ​ដូច​ម្ដេច គតិ​របស់​សប្បុរស​នោះ គឺ​សភាព​ជា​ទេវតា​ដ៏ស្ដុកស្ដម្ភ ឬ​សភាព​ជា​មនុស្ស​ដ៏​ស្ដុកស្ដម្ភ ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​សេចក្ដីត្រេកអរ​រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤៨២២២ ដង)
យើង​ប្រាថ្នា​ព្រះនិព្វាន តើ​យើង​ដឹង​ថា​ព្រះនិព្វាន​នោះ​យ៉ាង​ដូច​ម្ដេច​ទេ ? ថា​ព្រះនិព្វាន​ជា​បរមសុខ តើ​សុខ​ដ៏​ក្រៃលែង​នោះ​ដូចម្ដេច ? ថា​ព្រះនិព្វាន​រួច​ផុត​ចាក​ទុក្ខ តើ​អ្វី​ជា​ទុក្ខ ? ហើយ​អ្វី​ជា​ការ​រួច​ផុត​ចាក​ទុក្ខ ? ដូច្នេះអ្វី​ដែល​អាច​ដឹង​បាន​ក្នុង​ពេល​នេះ គឺ​រូប​ជា​ធាតុ​មិន​ដឹង ដោយ​ឡែក​អំពី​រូប​គឺ​នាមធម៌​ដែល​ដឹង​អារម្មណ៍ សតិ​រលឹក​ដឹង​លក្ខណៈ​នៃ​រូប​ធម៌ និង​នាម​ធម៌​រឿយៗ រហូត​ដល់​វិបស្សនា​កើត​ឡើង​ស្គាល់​ទុក្ខ ដឹង​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដៈ ទើប​មាន​ញាណ​ក្នុង​សន្តិបទ ដឹង​អំពី​ការ​អស់​ទៅ​នៃ​បច្ច័យ ។ នៅ​ក្នុង​អដ្ឋកថា​សច្ចវិភង្គ សម្ដែង​អំពី​អនុពោធិញ្ញាណ​គឺ​វិបស្សនា​ដឹង​ទុក្ខ រមែង​ហាមនូវ​សក្កាយទិដ្ឋិ ដឹង​សមុទយៈ​រមែង​ហាម​នូវ​ឧច្ឆេទទិដ្ឋិ ដឹង​នូវ​និរោធ​រមែង​ហាម​នូវ​សស្សតទិដ្ឋិ ដឹង​មគ្គ​រមែង​ហាម​នូវ​អកិរិយទិដ្ឋិ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2846/64rgk.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៧០២៤៩ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​ដង​ព្រៃ​ឈ្មោះ​ឥច្ឆានង្គលៈ ជិត​ស្រុក​ឥច្ឆានង្គលៈ​នោះ​ឯង ។ សម័យ​នោះ វា​សេដ្ឋមាណព និង​ភារទ្វាជមាណព​ទាំង ២ នាក់ ទាំង​គំនិត​មិន​ត្រូវ​គ្នាក្នុង​បញ្ហា​ដែល​ថា ឈ្មោះ​ថា​ព្រាហ្មណ៍ តើ​ដោយ​ហេតុ​ដូច​ម្ដេច ។ ភារទ្វាជមាណព​ថា ព្រោះ​មាន​ជាតិ​ល្អ​ទាំង ២ ចំណែក ទាំង​​ខាង​មាតា​និង​ខាង​បិតា ចំណែក​វាសេដ្ឋមាណព​ថា ព្រោះ​មាន​សីល​ផង បរិបូណ៌​ដោយ​វត្ត​ផង ។ ទាំង ២​ នាក់​នេះ​ឯង បាន​នាំ​គ្នា​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ទូល​សួរ​នៅ​ក្នុង​សេចក្ដី​នេះ ដោយ​វាសេដ្ឋ​មាណព​​ពោល​នូវ​គាថា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ ៖ ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ បាន​ទទួល​អនុញ្ញាត អំពី​អាចារ្យ​ដែល​បាន​ឲ្យ​រៀន​សូត្រ​ស្រេច​ហើយ ទាំង​បាន​ប្ដេជ្ញា​ខ្លួន​ឯង​ថា បាន​រៀន​សូត្រ​ចេះ​ចាំ​នូវ​វេទ​ទាំង ៣ ខ្ញុំ​ព្រះអង្គ​ជា​សិស្ស​ច្បង​របស់​បោក្ខរសាតិព្រាហ្មណ៍ ឯ​មាណព​នេះ ជា​សិស្ស​ច្បង របស់​តារុក្ខព្រាហ្មណ៍ បទ​ណា​ដែល​ពួក​ព្រាហ្មណ៍​ចេះ​នូវ​វេទ​ទាំង ៣ បានប្រាប់ ដោយ​អត្ថក្ដី ដោយ​ព្យញ្ជនៈ​ក្ដី ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ក៏​បាន​ចូល​ចិត្ត​ក្នុង​បទ​នោះ​ទាំង​អស់ ទាំង​សេចក្ដី​ព្យាករណ៍​នូវ​បទ​របស់​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ក៏​ប្រាកដ​ស្មើ​នឹង​អាចារ្យ ត្រង់​កន្លែង​ជាទី​ពោលមន្ត បពិត្រ​ព្រះគោតម ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់​មាន​សេចក្ដី​វិវាទ ក្នុង​ការ​ពោល​អំពី​ជាតិ ភារទ្វាជមណព​ពោល​ថា បុគ្គល​ដែល​ឈ្មោះ​ថា​ព្រាហ្មណ៍ ព្រោះ​ជាតិ ចំណែក​ខ្ញុំ​ព្រះអង្គ​ពោល​ថា ព្រោះ​កម្ម បពិត្រ​ព្រះអង្គ​អ្នក​មាន​ចក្ខុ សូម​ព្រះអង្គ​ទ្រង់​ជ្រាប​យ៉ាង​នេះ ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ មិន​អាច​ញ៉ាំង​គ្នា​នឹង​គ្នា​ឲ្យ​ដឹង​បាន ទើប​នាំ​គ្នា​មក​ក្រាប​ទូល​សួរ​ព្រះមាន​ព្រះភាគ​ដែល​ប្រាកដ​ថា​ជា​ព្រះសម្ពុទ្ធ ពួក​ជន​តាំង​អញ្ជលិកម្ម​ថ្វាយ​បង្គំ ចំពោះ​ទៅ​រក​ព្រះចន្ទ​ពេញ​វង់ យ៉ាង​ណា គេ​ក៏​ថ្វាយ​បង្គំ​ចំពោះ​ព្រះគោតម​ក្នុង​លោក យ៉ាង​នោះ​ដែរ ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ សូម​ទូល​សួរ​ព្រះគោតម ដែល​មាន​ដួង​ចក្ខុ​កើត​ឡើង​បរិសុទ្ធ​ស្អាត​ក្នុង​លោក​ថា បុគ្គល​ដែល​ជា​ព្រាហ្មណ៍​នោះ តើ​ព្រោះ​ជាតិ​ឬ​ព្រោះ​កម្ម ដ្បិត​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់​មិន​ស្គាល់ សូម​ព្រះអង្គ​ទ្រង់​សម្ដែង ល្មម​ឲ្យ​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ស្គាល់​ថា​ព្រាហ្មណ៍​បាន​ផង ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ឆ្លើយ​តប​ច្រើន​ព្រះគាថា តាម​ដូច​ព្រះគាថា​ក្នុង​ព្រាហ្មណ​វគ្គ​នៃ​ព្រះគាថា​ធម្មបទ​ដែរ ។ នៅ​ក្នុង​ព្រះពុទ្ធសាសនា យើង​សិក្សា​បាន​យល់​ដឹង​ថា ការ​ប្រព្រឹត្ត​លះ​បង់​នូវ​បាប កម្ចាត់​ហេតុ​នៃ​សេចក្ដី​ទុក្ខ នេះ​ទើប​ជា​គោលការណ៍​សំខាន់​នៃ​ព្រះពុទ្ធសាសនា ចំណែក​អ្វី ៗ គ្រាន់​តែ​ជាទី​តាំង​នៃ​ការ​ពេញ​ចិត្ត ដូច​ជា​ជាតិ​ត្រកូល វណ្ណៈ​ទ្រព្យធន និង​វត្ថុ​កាម​គុណ​ផ្សេងៗ ជា​ដើម​នេះ ដែល​បាន​មក​ហើយ​ មិន​មែន​សម្រាប់​លះ​ហេតុ​នៃ​ទុក្ខ​ក្នុង​វដ្ដ​សង្សារ គឺ​មិន​ចាត់​ថា​ជា​ខ្លឹម​សារ​ក្នុង​ព្រះពុទ្ធសាសនា​ឡើយ ។ យើង​គប្បី​នឹក​រលឹក​ដល់​ឱវាទ​ខ្លឹម​សារ​នៃ​ព្រះសម្មាសម្ពុទ្ធ​គ្រប់ៗ ព្រះអង្គ​គឺ​កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំង​​ពួង ១ កិរិយា​ដល់​ព្រម​ដោយ​ការ​បំពេញ​នូវ​បុណ្យ​កុសល ១ និង​កិរិយា​សម្អាត​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់ ១ កិរិយា​ទាំង ៣ នេះ គឺ​មាន​ប្រយោជន៍​សំខាន់​ក្នុង​ការ​កាត់​ផ្ដាច់​នូវ​វដ្ដៈ ធ្វើ​ឲ្យ អស់​ហេតុ​នៃ​សង្សារ​ទុក្ខ ។ នៅ​ក្នុង​ព្រះសូត្រ​នេះ មាណព​ទាំង ២ នាក់​បាន​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក លើក​ទី ១ ។ ក្រោយ​មក​បាន​ស្ដាប់​ព្រះធម៌​នៅ​ក្នុង​តេវិជ្ជសូត្រ គឺ​ព្រះសូត្រ​ចុង​ក្រោយ​នៃ​ទីឃនិកាយ សីលក្ខន្ធវគ្គ បិដក​លេខ ១៥ បាន​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក ជា​លើក​ទី ២ ហើយ ២, ៣​ថ្ងៃ​ក្រោយ​មក ក៏​បាន​បួស​ជា​សាមណេរ ។ បន្ត​មក​ទៀត បាន​ស្ដាប់​នូវ​អគ្គញ្ញសូត្រ គឺ​ព្រះសូត្រ​ទី ៤ នៃ​ទីឃនិកាយ បាដិកវគ្គ បិដកលេខ ១៨ ក៏​បាន​សម្រេច​ព្រះអរហត្តផល ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2878/______pic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ២៩៥៥ ដង)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់​បង់​ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយ​ជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា ៖ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា ?ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថាម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនាសេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។ (មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ ។ (ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង ។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស ។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាល​ត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈ​ទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ​ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯក​កច្ឆៈ​ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា ។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន ។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំង​ឡាយ​ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ ។ ឥសិទាសីថេរី ចប់ ៕ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/2889/Phutthamonthon_Buddha.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ១៨៧២១ ដង)
បដិបទា [ប៉ៈដិប៉ៈទា ] ( បា., សំ. ) ការប្រព្រឹត្ត, កាន់, ធ្វើតាម; ច្រើននិយាយថា សេចក្ដីបដិបត្តិ, ការប្រតិបត្តិ ដូចគ្នានឹងបដិបត្តិ ឬ ប្រតិបត្តិ ដែរ ។ បដិបទា មាន ៤ យ៉ាង គឺ ៖ ១. ទុក្ខា បដិបទា ទន្ធាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយយឺតយូរ ២. ទុក្ខា បដិបទា ខិប្បាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយឆាប់រហ័ស ៣. សុខា បដិបទា ទន្ធាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយយឺតយូរ ៤. សុខា បដិបទា ខិប្បាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយឆាប់រហ័ស (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៦៣) ម្នាលភិក្ខុទាំងឡាយ បដិបទា (ការប្រតិបត្តិ) នេះមាន ៤ ។ បដិបទា ៤ គឺ អ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាមាន ៤ យ៉ាងនេះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ បិដកលេខ ៤៣ ទំព័រ ១៩) បដិបទារបស់ព្រះសារីបុត្រ ១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះសារីបុត្រជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ បណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) ២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះសារីបុត្រជា សុខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទស្រួលទាំងត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ បិដកលេខ ៤៣ ទំព័រ ៣៣) បដិបទារបស់ព្រះមហាមោគ្គល្លាន ១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះមហាមោគ្គល្លានជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះមហាមោគ្គល្លានជា ទុក្ខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទាដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ បណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ បិដកលេខ ៤៣ ទំព័រ ៣២) មហាមោគ្គល្លានសុត្តាទិវណ្ណនា ក្នុងសូត្រទី ៧ និង ទី ៨ នេះ មានវិនិច្ឆ័យដូចតទៅ ៖ ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាទុក្ខបដិបទ-ខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះមហាមោគ្គល្លានត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ពោលហើយដោយបទជាដើមថា មហាមោគ្គល្លានស្ស, ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាសុខបដិបទខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះសារិបុត្តត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) បានសម្ដែងហើយ ។ ចំណែកឯក្នុង វិសុទ្ធិមគ្គប្បករណ៍ លោកពោលថា មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះសម្មាសម្ពុទ្ធទាំង​ឡាយ​ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ, មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះធម្មសេនា​បតី​សារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងដូចគ្នា ។ ចំណែក បឋមមគ្គ (សោតាបត្តិមគ្គ) របស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា, មគ្គទាំងឡាយ ៣ ខាងលើ (របស់ព្រះមហាមោគ្គល្លានត្ថេរនោះ) រមែងជា ទុក្ខបដិបទទន្ធាភិញ្ញា ។ ចំណែកក្នុងគម្ពីរ អដ្ឋសាលិនី អដ្ឋកថាធម្មសង្គណី ពោលថា ពិតមែនហើយ មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះតថាគត និង ព្រះសារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ ។ ចំណែកឯបឋមមគ្គរបស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា ហើយមគ្គទាំង ៣ ខាងលើ របស់លោក រមែងជា ទុក្ខបដិបទខិប្បាភិញ្ញា ។ មគ្គទាំងអស់នោះ រមែងមិនអនុលោមដល់គ្នានឹងគ្នា ។ ព្រះបាលី (ព្រះត្រៃបិដក) និង អដ្ឋកថាទាំងឡាយនេះ រមែងមិនស្មើគ្នា (មិនដូចគ្នា)សូមសិក្ខាកាមទាំងឡាយ (អ្នកប្រាថ្នាក្នុងការសិក្សា) គប្បីពិចារណាតាមសមគួរចុះ ។ ពាក្យទាំងអស់នោះ គឺខ្ញុំព្រះករុណាគប្បីកាន់យកថា ជាមតិរបស់ព្រះភាណកាចារ្យទាំងឡាយនោះៗ ដែលលោកពោលយ៉ាងនោះៗ ក្នុងទីនោះៗ ។ មហាមោគ្គល្លានសុត្តាទិវណ្ណនា ចប់ ។ (សារត្ថមញ្ជូសា នាម អង្គុត្តរនិកាយដីកា ) ប្រែ និង ប្រមូលរៀបរៀងដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2895/____________tpic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ១៨០៤៩ ដង)
សូចិមុខីសូត្រ (សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌) សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ខបាត លុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយ ឆាន់ចង្ហាន់បិណ្ខបាតនោះ ។ គ្រានោះ បរិព្វាជិកាឈ្មោះសូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី ។ នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិន​មែន​ងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូម្តេចវិញ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើល​ទាយ​ចម្ការ​ទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ ម្នាលប្អូនស្រី ពួក​សមណ​ព្រាហ្មណ៍​ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកងើយមុខឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។ នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយ មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយនក្ខត្តឫក្ស អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្មនិងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបានដោយធម៌ហើយ ទើបឆាន់ ។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ បា្រប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារប្រកបដោយធម៌ សមណសក្យបុត្រ ទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូលប្រគេនដុំបាយដល់ពួក សមណសក្យបុត្រផងចុះ ។ ចប់ សូចិមុខីសូត្រ ៕ (សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ សារិបុត្តសំយុត្ត បិដកលេខ ៣៤ ទំព័រ ១៨៩) ដោយ៥០០០ឆ្នាំ
images/articles/2939/ccpic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ២២២១២ ដង)
កេសបលិពោធ ១៦ យ៉ាង(សេចក្ដីកង្វល់នឹងសក់ ១៦ យ់ាង) ១. អលង្ការបលិពោធ បលិពោធគឺគ្រឿងអលង្ការលម្អ ២. មណ្ឌនបលិពោធ បលិពោធគឺការតែងម៉ូត ៣. តេលមក្ខនបលិពោធ បលិពោធគឺប្រេងលាបសក់ ៤. ធោវនបលិពោធ បលិពោធគឺការកក់លាងជម្រះ ៥. មាលាបលិពោធ បលិពោធគឺភួងកម្រងផ្កា ៦.គន្ធបលិពោធ បលិពោធគឺគ្រឿងក្រអូប ៧. វាសនបលិពោធ បលិពោធគឺការអប់សក់ ៨. ហរីដកបលិពោធ បលិពោធគឺផ្លែសម៉ ៩. អាមលកបលិពោធ បលិពោធគឺផ្លែកន្ទួតព្រៃ ១០. រង្គបលិពោធ បលិពោធគឺថ្នាំលាបពណ៌សក់ ១១. ពន្ធនបលិពោធ បលិពោធគឺក្រណាត់ចង ១២. កោច្ឆបលិពោធ បលិពោធគឺក្រាសសិត ១៣. កប្បកបលិពោធ បលិពោធគឺជាងកាត់ ជាងកក់សម្អាតសក់ ១៤. វិជដនបលិពោធ បលិពោធគឺការសិត ១៥. ឩកាបលិពោធ បលិពោធគឺចៃ ១៦. កេសេសុ វិលូនេសុ សោចន្តិ កិលមន្តិ បរិទេវន្តិ ឧរត្តាឡិំ កន្ទន្តិ សម្មោហំ អាបជ្ជន្តិ ពេលសក់បាត់បង់ទៅ មនុស្សទាំងឡាយក៏សោកសៅ ក្តៅក្រហាយក្នុងចិត្ត យំបូរបាច់ ទះទ្រូង ដល់ថ្នាក់វង្វេង ឈ្លក់នឹងសម្រស់សក់ ។ (មិលិន្ទប្បញ្ហា ពាហិរកថា បុព្វយោគាទិ) ដោយ៥០០០ឆ្នាំ
images/articles/3014/2020-08-31_13_53_42-Betrayal_-_Google_Search.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣១៥៤៣ ដង)
មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។ អ្នកណាខ្លះជាមនុស្សល្អ? អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អ ចំពោះយើងមានដូចខាងក្រោម៖ ១ មាតាបិតា ២ ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ ៣ គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ ៤ ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ ៥ ព្រះពុទ្ធ បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។ មូលហេតុធ្វើអោយស្អប់មនុស្សល្អ ១ មច្ឆាទិដ្ឋិ ៈ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។ ២ មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។ ៣ មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។ ៤ មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។ ៥ មច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។ ៦ មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។ ៧ មិច្ឆាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។ ៨ មច្ឆាសមាធិៈ តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។ កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។ ការយល់ត្រូវ ការយល់ត្រឹមត្រូវ គឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង ១ ស្ដាប់អ្នកដទៃ គឺស្ដាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ។ ២ ការពិចារណា ការស្ដាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។ កាលបើមនុស្សយល់ត្រូវ សកម្មភាពសម្ដែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្ដីសុខរមែងកើតឡើង។ ដោយ៥០០០ឆ្នាំ
images/articles/2668/545eetpic.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៦៥៥៦២ ដង)
១. គោបាលកុបោសថោ ឧបោសថប្រៀបដូចអ្នកគង្វាលគោ ២. និគណ្ធុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់និគ្រណ្ឋ ៣. អរិយុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់ព្រះអរិយៈ ១. បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹងដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផងៗអាត្មាអញបានបរិភោគ នូវភោជនីយៈនេះផងៗ ស្អែកនេះ អាត្មាអញនឹងទំពាស៊ី នូវខាទនីយៈនេះផងៗ នឹងបរិភោគនូវខាទនីយៈនេះ ផងៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃឲប្រព្រឹត្តកន្លងទៅដោយលោភៈនោះ ក៏យ៉ាងនោះឯង ឈ្មោះថា គោបាលកុបោសថ ។ ២. មានពួកសមណៈហៅថានិគណ្ឋៈ សមណៈអម្បាលនោះតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើនអ្នកចូរមកអាយ សត្វទាំងឡាយណា មាននៅក្នុងទិសខាងកើតខាងនាយពី ១០០ យោជន៍ទៅអ្នកចូរដាក់អាជ្ញា ( សម្លាប់ )សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិចខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញាក្នុងសត្វអម្បាលនោះ ចុះសត្វទាំងឡាយណា មាននៅក្នុងទិសខាងត្បូងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ ។ ពួកនិគ្រណ្ឋតែងដឹកនាំសាវកឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲអាណិត មិនឲអនុគ្រោះចំពោះពួកសត្វខ្លះ ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲអស់ ហើយពោលយ៉ាងនេះថាអាត្មាអញមិនទាក់ទាមនឹងនរណា ។ ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេក៏ដឹងថា នេះមាតាបិតារបស់អញបុត្រភរិយារបស់គេដ៏ដឹងថា នេះជា ស្វាមីរបស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាបុត្រភរិយារបស់អញ ពួកបុរសជា ទាស​កម្មករ​របស់គេក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាពួកបុរសដែលជាទាស​កម្មករ​របស់អញ ( សាវកទាំងនោះ ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា( អ្នកដឹកនាំ ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ ។ តថាគតពោលថា ពាក្យដឹកនាំនេះជាពាក្យមុសាវាទរបស់គេ ។ លុះកន្លង រាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ ។ តថាគតពោលថា ការបរិភោគនេះជាអទិន្នាទានរបស់គេ ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថ ។ ៣. ឧបោសថដែលធ្វើចិត្តដែលសៅហ្មងឲផូរផង់បាន ដោយសេចក្ដីព្យាយាម ឈ្មោះថា អរិយុបោសថ ក្នុងអរិយុបោសថនេះ មាន ៦ ប្រភេទគឺ ៖ ៣.១. ព្រហ្មុបោសថ ឧបោសថដែលអ្នករក្សារលឹករឿយៗក្នុងគុណរបស់ព្រហ្មគឺព្រះសម្មាសម្ពុទ្ធ ហើយសមាទាន ។ ៣.២. ធម្មុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះនព្វលោកុត្តរធម៌ និងព្រះបរិយត្តិ ហើយសមាទាន ។ ៣.៣. សង្ឃុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះអរិយសង្ឃទាំង ៨ ហើយសមាទាន ។ ៣.៤. សីលុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់លីសរបស់ខ្លួន ហើយសមាទាន ។ ៣.៥. ទេវតុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់គុណធម៌របស់ខ្លួនដោយតាំងទេវតាទុកក្នុងឋានៈជាសាក្សី ហើយសមាទាន ។ ៣.៦. (អរហន្តុបោសថ) ឧបោសថដែលអ្នកសមាទាន រក្សាដោយនឹករឭកដល់គុណព្រះអរហន្តហើយសមាទាន ។ (សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត បិដកលេខ ៤១ ទំព័រ ២៥៩ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2669/est443pic.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៤៤១០៩ ដង)
អាយុវឌ្ឍនកុមារវត្ថុ (រឿងកុមារដែលចម្រើនដោយអាយុឬកុមារដែលមានអាយុវែង) សេចក្ដីផ្ដើម ព្រះសាស្តាកាលទ្រង់គងនៅនាកុដិក្នុងព្រៃ ដែលអាស្រ័យនឹងទីឃលង្ឃិកនគរ ទ្រង់ ប្រារព្ធអាយុវឌ្ឍនកុមារ បានត្រាស់ព្រះធម្មទេសនានេះថា “អភិវាទនសីលិស្ស“ ដូច្នេះ (ជាដើម) ។ ព្រាហ្មណ៍ជាសម្លាញ់​ពីរនាក់ចេញបួសបានឮថា ព្រាហ្មណ៍ពីរនាក់ ដែលមានប្រក្រតីនៅក្នុងទីឃលង្ឃិកនគរ បួសក្នុង លទ្ធិខាងក្រៅព្រះពុទ្ធសាសនា ហើយបានបំពេញតបៈអស់រយកាល ៤៨ ឆ្នាំ ។ បណ្តា ព្រាហ្មណ៍ទាំងពីរនាក់នោះ ព្រាហ្មណ៍ម្នាក់គិតថា (ប្រសិនបើយើងបួសដូច្នេះរហូត) ប្រពៃណីរបស់យើងនឹងសាបសូន្យ (ដើម្បីកុំឲ្យប្រពៃណីរបស់យើងសាបសូន្យ) យើងត្រូវតែ សឹក លុះគិតដូច្នេះហើយ ក៏លក់បរិក្ខារដែលសម្រាប់ធ្វើតបៈនោះឲ្យដល់បុគ្គលដទៃ (ហើយក៏សឹកទៅ មិនយូរប៉ុន្មាន) ព្រាហ្មណ៍នោះបានភរិយាព្រមទាំងគោ ១០០ ក្បាល និងទ្រព្យ ១០០ កហាបណៈ ហើយគាត់ក៏ញ៉ាំងទ្រព្យឲ្យតាំងនៅ (ដោយប្រការដូច្នេះ) ។ ក្នុងកាលជាខាងក្រោយមក ភរិយារបស់គាត់ប្រសូត្របានបុត្រមួយ ។ ចំណែកសម្លាញ់របស់គាត់ ទៅកាន់នគរផ្សេងហើយក៏ត្រឡប់មកកាន់នគរនោះវិញ ។ គាត់បានឮថា សម្លាញ់នោះមក ក៏នាំបុត្រនិងភរិយាទៅជួប, លុះទៅដល់ហើយក៏បានឲ្យបុត្រទៅភរិយា ហើយចូលទៅថ្វាយបង្គំមុន ។ ចំណែកស្រ្តីដែលជាភរិយាក៏ឲ្យបុត្រទៅស្វាមី ហើយក៏ចូលទៅថ្វាយបង្គំដែរ ។ សម្លាញ់នោះពោលថា ទីឃាយុកា ហោថ សូមអ្នកទាំងពីរចូរជាអ្នកមានអាយុ វែង ។ ប៉ុន្តែ កាលព្រាហ្មណ៍ជាស្វាមី និងភរិយា ឲ្យបុត្រថ្វាយបង្គំ សម្លាញ់នោះនៅស្ងៀម ។ ព្រាហ្មណ៍សួរហេតុដែលសម្លាញ់មិនឲ្យពរដល់បុត្រ គ្រានោះ ព្រាហ្មណ៍បានពោលនឹងសម្លាញ់នោះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះហេតុអ្វី កាលខ្ញុំថ្វាយបង្គំ លោកម្ចាស់ពោលថា សូមឲ្យអ្នកមានអាយុវែង លុះ ក្មេងនេះថ្វាយបង្គំ លោកម្ចាស់មិនបានពោលពាក្យអ្វីៗ សោះ ? សម្លាញ់នោះពោលថា ម្នាលព្រាហ្មណ៍ អន្តរាយអ្វីមួយនឹងកើតឡើងដល់ក្មេងនេះ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ក្មេងនេះនឹងរស់នៅបានកាលប៉ុន្មាន ថ្ងៃ ? សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ ក្មេងនេះរស់នៅបាន ៧ ថ្ងៃ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ ហេតុដែលជាគ្រឿងការពារមានដែរឬទេ ? សម្លាញ់ពោលថា យើងមិនដឹងហេតុដែលជាគ្រឿងការពារទេ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ បុគ្គលណាទើបដឹង ? សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ មានតែព្រះសមណគោតមមួយព្រះអង្គប៉ុណ្ណោះ ដែលទ្រង់ជាអ្នកដឹង លោកចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយសួរចុះ ។ ព្រាហ្មណ៍ពោលថា ខ្ញុំទៅកាន់ទីនោះ ខ្លាចតែសាបសូន្យតបៈ ។ សម្លាញ់ពោលថា បើអ្នកស្រឡាញ់បុត្ររបស់អ្នក អ្នកកុំគិតដល់ការសាបសូន្យនៃតបៈ ឡើយ ចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយទូលសួរចុះ ។ ព្រាហ្មណ៍ជាបិតារបស់ក្មេងនោះទៅគាល់ព្រះសាស្តា ព្រាហ្មណ៍នោះ ទៅកាន់សំណាក់ព្រះសាស្តាហើយ ថ្វាយបង្គំខ្លួនឯងមុន ។ ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ សូម្បីក្នុងកាលដែលបជាបតិ (ប្រពន្ធ) របស់ព្រាហ្មណ៍ថ្វាយបង្គំ ក៏ត្រាស់ដូច្នោះដែរ ក្នុងពេល ដែលគាត់ឲ្យបុត្ររបស់គាត់ថ្វាយបង្គំ ព្រះសាស្តាទ្រង់គង់នៅស្ងៀម ។ គាត់ក៏ទូលសួរ ព្រះសាស្តា ដោយន័យដូចមុននោះឯង ។ សូម្បីព្រះសាស្តាក៏ទ្រង់ព្យាករដល់គាត់យ៉ាងនោះ ដូច្នោះដែរ ។ បានឮថា ព្រាហ្មណ៍នោះមិនត្រាស់ដឹងនូវសព្វញ្ញុតញ្ញាណ ទើបប្រៀបផ្ទឹមមន្តរបស់ ខ្លួននឹងសព្វញ្ញុតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធ ប៉ុន្តែគាត់មិនដឹងឧបាយ ដែលជាគ្រឿង ការពារនូវអន្តរាយនោះ ។ ព្រះសាស្តាត្រាស់ប្រាប់ឧបាយជាគ្រឿងការពារអន្តរាយ ព្រាហ្មណ៍ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាយដែលជាគ្រឿង ការពារមានដែរឬទេ ព្រះអង្គ ? ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ឧបាយនោះ មាន ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះអង្គដ៏ចម្រើន តើត្រូវធ្វើដូចម្តេច ? ព្រះសាស្តាត្រាស់ថា បើអ្នកអាចធ្វើមណ្ឌប (បារាំ, រោងលាត ដែលសម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) ជិតទ្វារផ្ទះរបស់អ្នក ហើយឲ្យគេធ្វើតាំង (តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ) តម្កល់ទុកត្រង់កណ្តាលមណ្ឌបនោះ រួចក្រាលអាសនៈ ៨ ឬ ១៦ កន្លែង ព័ទ្ធជុំវិញតាំងនោះ ហើយឲ្យសាវករបស់តថាគតអង្គុយលើអាសនៈទាំងនោះ សូធ្យ ព្រះបរិត្ត ៧ ថ្ងៃ កុំឲ្យមានចន្លោះ, អន្តរាយរបស់ក្មេងនោះ គប្បីវិនាសទៅដោយឧបាយ យ៉ាងនេះ ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គអាចធ្វើមណ្ឌបជាដើមបាន, ប៉ុន្តែ ខ្ញុំព្រះអង្គមិនដឹងធ្វើវិធីយ៉ាងណា ដើម្បីបានសាវករបស់ព្រះអង្គ ? ព្រះសាស្តាត្រាស់ថា កាលបើអ្នកធ្វើកិច្ចទាំងនេះរួចស្រេចហើយ តថាគតនឹងបញ្ជូន សាវករបស់តថាគតទៅកាន់ទីនោះ ។ ព្រាហ្មណ៍យល់ព្រមថា ប្រពៃហើយ ព្រះគោតមដ៏ចម្រើន ហើយក៏ធ្វើកិច្ចទាំងអស់ នោះនៅជិតទ្វារផ្ទះរបស់ខ្លួនរួចហើយ បានទៅកាន់សម្នាក់ព្រះសាស្តា ។ ពួកភិក្ខុទៅសូធ្យព្រះបរិត្ត ព្រះសាស្តា ទ្រង់បញ្ជូនភិក្ខុទាំងឡាយទៅកាន់ទីនោះ ។ ភិក្ខុទាំងនោះក៏គង់ក្នុង មណ្ឌបនោះ ។ ព្រាហ្មណ៍​ទាំងពីរនាក់ គឺស្វាមី និងភរិយា ឲ្យក្មេងដេកលើតាំងនោះ ។ ភិក្ខុទាំងឡាយ សូធ្យព្រះបរិត្ត អស់ ៧ យប់ ៧ ថ្ងៃ មិនមានពេលចន្លោះ ។ ក្នុងថ្ងៃទី ៧ ព្រះសាស្តា ស្តេចយាងទៅកាន់ទីនោះដោយព្រះអង្គឯង ។ កាលព្រះសាស្តាស្តេច យាងទៅកាន់ទីនោះ ពួកទេវតាក្នុងចក្រវាឡទាំងអស់ ក៏បានមកប្រជុំគ្នាក្នុងទីនោះដែរ ។ យក្សមួយឈ្មោះអវរុទ្ធកយក្ស បម្រើព្រះបាទវេស្សវ័ណអស់ ១២ ឆ្នាំ កាលបានពរអំពី សម្នាក់ស្តេចវេស្សវ័ណនោះថា ក្នុងថ្ងៃទី ៧ អំពីថ្ងៃនេះ អ្នកគប្បីចាប់យកក្មេងនោះ, ព្រោះហេតុនោះ យក្សនោះ ទើបបានមកឈរនៅទីនោះ ។ កាលព្រះសាស្តាស្តេចយាង ទៅកាន់មណ្ឌបនោះ ពួកទេវតាអ្នកដែលមានសក្តិធំប្រជុំគ្នា ពួកទេវតាដែលមានសក្តិតូច ក៏ថយចេញទៅ មិនបានឱកាសនឹងនៅ ហើយចៀសចេញទៅរហូត ១២ យោជន៍ ។ សូម្បី អវរុទ្ធកយក្ស ក៏បានចៀសចេញទៅឈរនៅទីឆ្ងាយ ដូចគ្នា ។ ក្មេងផុតអន្តរាយត្រឡប់មានអាយុវែង សូម្បីព្រះសាស្តា ក៏ទ្រង់ធ្វើព្រះបរិត្ត រហូតអស់មួយរាត្រី ។ ពេលវេលាបាន កន្លងទៅ ៧ ថ្ងៃ, អវរុទ្ធកយក្សមិនមានឱកាសចាប់ក្មេងនោះ ។ លុះអរុណថ្ងៃទី ៨ រះឡើងភ្លាម ពីរនាក់ស្វាមីភរិយា ក៏នាំក្មេងនោះមកថ្វាយបង្គំព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន តើក្មេងនេះនឹងរស់នៅបានយូរ ប៉ុន្មានឆ្នាំ ? ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ក្មេងនេះនឹងរស់នៅបាន ១២០ ឆ្នាំ ។ គ្រានោះ ពីរនាក់ស្វាមីភរិយា បានដាក់នាមក្មេងនោះថា អាយុវឌ្ឍនកុមារ ។ អាយុវឌ្ឍនកុមារនោះ ធំពេញវ័យហើយ មានឧបាសក ៥០០ នាក់ ជាបរិវារ ។ ការក្រាបថ្វាយបង្គំលោកអ្នកដែលមានគុណធ្វើឲ្យមានអាយុវែង ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលធម្មសភាថា “ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរមើលចុះ បានឮថា អាយុវឌ្ឍនកុមារត្រូវស្លាប់ក្នុងថ្ងៃទី ៧ ប៉ុន្តែ ឥឡូវនេះ អាយុវឌ្ឍនកុមារនោះនឹងរស់នៅបានរហូត ១២០ ឆ្នាំ ទាំងមានឧបាសក ៥០០ នាក់ជាបរិវារ ហេតុជាគ្រឿងចម្រើនអាយុរបស់សត្វទាំងនេះប្រហែលជាមានហើយមែនទេ ។ ព្រះសាស្តា ស្តេចយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងនោះក្រាបទូលថា អំពីរឿងនេះ, ព្រះសាស្ដាទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនអាយុតែម្យ៉ាងប៉ុណ្ណោះទេ ដែលត្រូវចម្រើនឡើងនោះ សត្វទាំងឡាយណាថ្វាយបង្គំលោកអ្នកមានគុណ រមែងចម្រើនដោយហេតុ ៤ ប្រការ និង រួចផុតចាកអន្តរាយ ហើយនឹងតាំងនៅរហូតអស់អាយុ ជាយ៉ាងពិតប្រាកដ លុះត្រាស់ ដូច្នេះហើយ កាលនឹងទ្រង់បន្តអនុសន្ធិ (ការតភ្ជាប់សេចក្ដី) ដើម្បីសម្តែងធម៌ ទើបត្រាស់ ព្រះគាថានេះថា ៖ អភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ ចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ។ ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នក ដែលមាន សេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែងដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។ (ប្រែតាមបែបព្រះសង្ឃសូធ្យឲ្យពរ ដូច្នេះថា ធម៌ គឺពរទាំងឡាយ ៤ ប្រការ គឺអាយុ ១ ពណ៌សម្បុរកាយ ១ សេចក្តីសុខ ១ កម្លាំង ១ រមែងចម្រើនអស់កាលជានិច្ច ដល់អ្នកដែលមានសេចក្តីឱនកាយ ថ្វាយ​បង្គំដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្តីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមាន​សេចក្តីចម្រើនដោយគុណ មានសីលគុណជាដើម ឬដែលចម្រើនដោយវ័យ គឺចាស់ព្រឹទ្ធាចារ្យ ។) អធិប្បាយគាថា បណ្តាបទទាំងនោះ បទថា អភិវាទនសីលិស្ស គឺអ្នកថ្វាយបង្គំជាប្រក្រតី បានដល់ អ្នកខ្វល់ខ្វាយក្នុងកិច្ចគឺការថ្វាយបង្គំជារឿយៗ ។ បទថា វុឌ្ឍាបចាយិនោ សេចក្តីថា ដល់គ្រហស្ថអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំ សូម្បីដល់ភិក្ខុកំលោះ ឬសាមណេរដែលបួសក្នុងថ្ងៃនោះ ម្យ៉ាងទៀតដល់បព្វជិតអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំចំពោះលោកអ្នកដែល ចាស់ជាងដោយបព្វជ្ជា ឬឧបសម្បទា (មានវស្សាច្រើនជាអ្នកបួសមុនខ្លួបន) ឬចំពោះលោក អ្នកដែលចម្រើនដោយគុណ ។ ពីរបទថា ចត្តារោ ធម្មា សេចក្តីថា កាលអាយុចម្រើន អាយុនោះរមែង ចម្រើន អស់កាលប៉ុណ្ណា, ធម៌ទាំងឡាយក្រៅនេះ ក៏ចម្រើនអស់កាលប៉ុណ្ណោះដែរ ព្រោះថា បុគ្គល ណាធ្វើបានបុណ្យដែលញុំាងអាយុ ៥០ ឆ្នាំឲ្យប្រព្រឹត្តទៅ អន្តរាយនៃជីវិតរបស់បុគ្គលនោះ អាចកើតឡើងក្នុងកាលដែលមានអាយុ ២៥ ឆ្នាំ អន្តរាយនោះរមែងស្ងប់ទៅបាន ដោយភាពជាអ្នកថ្វាយបង្គំជាប្រក្រតី ។ បុគ្គលនោះ រមែងរស់នៅបាន រហូតអស់អាយុ ។ សូម្បីវណ្ណៈជាដើមរបស់អ្នកនោះ រមែងចម្រើនព្រមជាមួយនឹងអាយុដែរ ។ ន័យដ៏ក្រៃលែងជាងនេះ ក៏យ៉ាងនេះឯង ។ ដែលឈ្មោះថា ការចម្រើននៃអាយុ ដែលប្រព្រឹត្តទៅដោយមិនមានអន្តរាយ រមែង មិនមានឡើយ ។ អានិសង្សនៃការស្ដាប់ធម៌ លុះវេលាចប់ទេសនា អាយុវឌ្ឍនកុមារតាំងនៅក្នុងសោតាបត្តិផល មួយអន្លើដោយ ឧបាសក ៥០០ រូប ។ សូម្បីជនដទៃជាច្រើនទៀត ក៏សម្រេចអរិយផលទាំងឡាយមាន សោតាបត្តិផលជាដើមដែរ ៕ ៚ អាយុវឌ្ឍនកុមារវត្ថុ ចប់ (ធម្មបទដ្ឋកថា អដ្ឋកថា ខុទ្ទកនិកាយ ធម្មបទ សហស្សវគ្គទី ៨ អាយុវឌ្ឍនកុមារវត្ថុទី ៨) ដោយ៥០០០ឆ្នាំ
images/articles/2671/t448ic.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៦០២៩៦ ដង)
បុណ្យ៥យ៉ាងដែលបុរសស្ត្រីគប្បីធ្វើដោយខានមិនបាន ៖ ១- មិនសំលាប់សត្វ--> សាងបារមីរំងាប់ក្តីក្រោធ ខន្តិបារមី និងព្រហ្មវិហារធម៌៤ ។ ២- មិនលូចទ្រព្យគេ--> គោរពកម្មសិទ្ធិអ្នកដទៃ នាំមកនូវភាពរីកចំរើន។ ៣- មិនផិតក្បត់ស្វាមីភរិយា--> រក្សាចរិយាធម៌ ។ ៤- ពោលតែពាក្យពិត និងវាចាមានប្រយោជន៍ --> នាំមកនូវសុខសន្តិភាព ។ ៥- មិនសេពគ្រឿងញៀនស្រវឹង --> ថែរក្សាសុខភាពកាយចិត្ត ។ បើទោះជាត្រូវធ្លាក់ខ្លួនជាស្រីរងកម្ម ប្រុសទាបថោកបែបណាក៏ដោយ ក៏មិនត្រូវភ្លេចរក្សាបុណ្យនេះ ព្រោះមានតែបុណ្យនេះមួយប៉ុណ្ណោះដែលអាចលើកស្ទួយអ្នកឲ្យរួចផុតពីអបាយភូមិបាន មិនត្រូវលិចចុះដោយសារតែលោកនេះ ដែលគ្មានអ្នកណាអាចយកអីទៅតាមបាននោះទេ សូមត្រឹមតែម៉ារួចខ្លួនឲ្យបានទៅចុះ ។ កាលបើធ្លាក់ខ្លួនលំបាកហើយ ឥតសីលទ្រទ្រង់ទៀតគឺដូចជាត្រូវគេជាន់ពន្លិចងើបមុខមិនរួចរហូតទៅអបាយភូមិនៅបរលោកហើយ ! ។ កុំព្រោះហេតុតែជីវិតអ្នកដទៃ សុខចិត្តធ្វើខ្លួនឲ្យធ្លាក់នរកឲ្យសោះ ត្រូវចេះរក្សាខ្លួនផង ! ។ បើយើងចែកចាយក្តីស្រឡាញ់ ឲ្យលឿនដូចជាចែកចាយក្តីស្អប់ លោកនេះមិនដឹងជាស្រស់ស្អាតយ៉ាងណានោះទេ ! ។ សេចក្តីជឿជាក់និងភាពស្មោះត្រង់ដែលល្អបំផុត គឺការធ្វើឲ្យជីវិតខ្លួនឯងបានរួចផុតពីអំពើអបាយមុខផ្សេងៗ ធ្វើបុណ្យក្នុងសីល សមាធិ គឺជាកំពូលបុណ្យក្នុងពុទ្ធសាសនានេះឯង មិនអស់ប្រាក់ហើយបានរួចចាកទុក្ខទៀតផង ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕