images/articles/3164/20ythjljj.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១,៦៩៦ ដង)
[២៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។ អំណាចប្រយោជន៍ ២ ប្រការ តើដូចម្តេច។ គឺតថាគត ពិចារណាឃើញធម៌ នៅជាសុខ ក្នុងបច្ចុប្បន្នរបស់ខ្លួន ១ មានសេចកី្តអនុគ្រោះប្រជុំ ជនជាន់ក្រោយ ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការនេះ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។
ប្រយោជន៍ ២ ប្រការ ដែលគប់នូវសេនាសនៈស្ងាត់ - បិដកភាគ ៤០ ទំព័រ ១៣៥_ ឃ្នាប ២៧៤
ដោយ៥០០០ឆ្នាំ
images/articles/2789/textpic.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៣០,៤៧៥ ដង)
កុំបណ្ដោយឱ្យរឿងរ៉ាវ នោះបន្តិច នេះបន្តិច មកទម្លាយសេចក្ដីសុខរបស់យើងឡើយ តាមពិត វាគ្រាន់តែជារឿងរ៉ាវក្នុងលោក នៃគំនិតរបស់យើងប៉ុណ្ណោះ ព្រោះបើមិនមានចិត្តដឹងអារម្មណ៍ទេ ឬមិនមានចិត្តគិតទេ មានរឿងអ្វីនៅឯណា ។ ពុទ្ធបរិស័ទយើង គួរតែមានអារម្មណ៍សម្រាប់ចិត្តខ្លួនឯង គឺជាអារម្មណ៍ព្រះកម្មដ្ឋាន នេះ ទើបឈ្មោះថា បានអប់រំចិត្ត មានចិត្តពួនសំងំ ចិត្តវិវេក ប្រតិបត្តិយ៉ាងនេះ ទើបចិត្តមិនសន្សំរឿង មិនសន្សំទុក្ខកង្វល់យកមកដាក់ខ្លួនឡើយ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/3121/20rrmple_W.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,៥០៣ ដង)
ភោគសូត្រ ទី៧
[១២៧] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺភោគៈសាធារណៈដល់ភ្លើង ១ ភោគៈសាធារណៈដល់ទឹក ១ ភោគៈសាធារណៈដល់ព្រះរាជា ១ ភោគៈសាធារណៈដល់ចោរ ១ ភោគៈសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺអាស្រ័យភោគៈ ហើយញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញុំាងមាតា និងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញុំាងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ ១ ញុំាងមិត្រ និងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្រអាមាត្យឲ្យបានសុខសប្បាយ ១ ដំកល់ទុកនូវទាន មានផលដ៏ខ្ពស់ ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។
ភោគសូត្រ ទី ៧ ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង
បិដកភាគ ៤៥ ទំព័រ ២៥៩ ឃ្នាប ១២៧
ដោយ៥០០០ឆ្នាំ
images/articles/3056/_________terest.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,៨០២ ដង)
ព្រះវិសុទ្ធវង្ស ហួតតាត អាចារ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ បានអធិប្បាយហើយរៀបរៀងឡើង ព.ស. ២៤៧០ ។
ទេសនារម្ភោ សូមអស់លោកអ្នកទាំងឡាយប្រុងចាំស្ដាប់ ! អាត្មានឹងអធិប្បាយពីសេចក្ដីដែលមានប្រយោជន៍ដល់លោកអ្នកទាំងឡាយ តាមសមគួរដល់ភាសិតរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង និងតាមមតិរបស់អាត្មាដែលជាអ្នកអធិប្បាយនេះខ្លះ ដើម្បីនឹងឱ្យអស់លោកអ្នកទាំងឡាយស្ដាប់ងាយយល់ ងាយចូលចិត្ត ព្រោះការស្ដាប់នេះ កាលបើស្ដាប់ពុំបានមិនដឹងជាថាដូចម្ដេច នោះទោះបីស្ដាប់អស់ប៉ុន្មានឆ្នាំ ក៏ជាការឥតប្រយោជន៍ប្រហែលគ្នានឹងមិនស្ដាប់ កាលបើស្ដាប់បានយល់សេចក្ដី សូម្បីតែស្ដាប់តែមួយរំពេច ក៏ឈ្មោះថាបានស្ដាប់ដោយប្រពៃ ។
អស់អ្នកទាំងឡាយសុទ្ធតែជាខេមរជាតិ គេដឹងសព្វប្រទេសថាជាជាតិអ្នកកាន់ព្រះពុទ្ធសាសនា គួរតែឱ្យមានសេចក្ដីរីករាយក្នុងចិត្តថាមានភព្វមានសំណាង បានមកចួបប្រទះព្រះពុទ្ធដែលជាពាក្យប្រដៅដ៏ថ្លៃថ្លាវិសេស ព្រោះពុទ្ធសាសនាជាគុណជាតិដ៏ឧត្ដម អាចធ្វើអ្នកដែលប្រតិបត្តិតាមឱ្យបានចម្រើនដោយការចេះដឹងនិងសេចក្ដីថ្លៃថ្លា ។
តែអ្នកដែលមានឈ្មោះថាកាន់ព្រះពុទ្ធសាសនាចំពួកខ្លះ ដែលបានសិក្សាឱ្យស្គាល់ជាក់នូវរសជាតិព្រះពុទ្ធសាសនា នៅមានគំនិតង៉េងង៉ាងដោយសេចក្ដីងឿងឆ្ងល់ ដូចជាអ្នកខ្លះដែលបានឃើញអ្នកកាន់ព្រះពុទ្ធខ្លះដែលពុំសូវចេះដឹង ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាក ក៏ចូលចិត្តថាព្រះពុទ្ធសាសនាទាបថោកណាស់ ធ្វើអ្នកដែលប្រតិបត្តិតាមឱ្យល្ងង់ ឱ្យទាបទាបថោក ឱ្យក្រីក្រលំបាក ម្ល៉ោះហើយក៏មិនយកចិត្តទុកដាក់នឹងព្រះពុទ្ធសាសនា ឱ្យជាការមាំមួនឡើយ នេះមកពីអ្នកគិតនេះឯង មិនបានសិក្សា មិនបានពិនិត្យឱ្យឃើញតាមការណ៍ពិតមែន ។
សព្វថ្ងៃនេះមានអ្នកកាន់ព្រះពុទ្ធសាសនា ជាអ្នកចេះដឹង ជាអ្នកខ្ពង់ខ្ពស់ ជាអ្នកមានទ្រព្យសម្បត្តិ ក៏មានជាច្រើនរូបណាស់ដែរ តែមិនទាញយកមកជាគ្រឿងដឹកនាំគំនិត ។
ម្យ៉ាងទៀត មានអ្នកដែលមិនកាន់ព្រះពុទ្ធសាសនាជាអ្នកឥតមានចេះដឹងអ្វីសោះ ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាក ក៏សឹងមានជាច្រើនរាប់មិនអស់ អ្នកមានគំនិត ហេតុដូចម្ដេចក៏គិតឱ្យឃើញហេតុនេះ ផង ? ម្យ៉ាងទៀត មានមនុស្សចំពួកខ្លះបានចូលមកសិក្សាចំណេះវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនាមានចំណេះអក្សរជាដើម នៅទីវត្តអារាមដែលជាទីបណ្ដុះនៃពូជចំណេះខាងព្រះពុទ្ធសាសនាតាំងពីក្មេងមក អ្នកខ្លះបានទាំងបួសថែមទៀត តែមិនខំប្រឹងរៀនសូត្រឱ្យចេះដឹងប្រាកដមែនទែន លុះដល់វេលាដែលចេញពីវត្តអារាមទៅ បានទៅសិក្សាចំណេះវិជ្ជាឯទៀតក្រៅពីលទ្ធិព្រះពុទ្ធសាសនា ក៏ត្រឡប់ឃើញថាព្រះពុទ្ធសាសនាមិនរៀបរយ មិនថ្លៃថ្លាប្រពៃដូចជាចំណេះវិជ្ជាឯទៀត ម្ល៉ោះហើយក៏នាំគ្នានិយាយបង្អាប់ចំណេះដែលចេះពីវត្តអារាមទៅ គឺថាបើឃើញចំណេះណាមួយមិនប្រាកដ ឬឃើញអក្សរដែលអ្នកណាមួយគេសរសេរមិនល្អ ក៏នាំគ្នានិយាយថាចំណេះវត្តអក្សរវត្តប្រើមិនកើត ដូចជាទីវត្តរមែងតែធ្វើមនុស្សអ្នករៀនមិនឱ្យចេះប្រាកដ ត្រង់ខ្លួនឯងដែលខ្ជិលរៀននោះមិនគិតឃើញដល់ នេះ មកពីគំនិតដែលគិតឃើញខុស ព្រោះលុះក្នុងអំណាចនៃសេចក្ដីភាន់ច្រឡំ ។
អស់លោកទាំងឡាយប្រយត្នកុំឱ្យភាន់ច្រឡំគំនិតដូចមនុស្សចំពួកខ្លះដែលគិតឃើញខុសដូចខាងលើនេះឡើយ ត្រូវចូលចិត្តឱ្យមាំថា ព្រះពុទ្ធសាសនានេះជាច្បាប់ប្រដៅមនុស្សដែលជឿប្រតិបត្តិតាម ឱ្យមានប្រាជ្ញា ឱ្យមានចំណេះវិជ្ជា ឱ្យបានថ្លៃថ្លា ឱ្យមានរបៀបរៀបរយល្អ ឱ្យបានសេចក្ដីសុខដូចសេចក្ដីអធិប្បាយតទៅនេះ កិរិយាកើតឡើងនៃព្រះពុទ្ធសាសនា ពាក្យថា “ពុទ្ធសាសនា” ដែលយើងកាន់សព្វថ្ងៃនេះ ចែកចេញជាពីរបទ គឺពុទ្ធ ជាបទ ១ សាសនា ជាបទ ១ ។
ពុទ្ធនេះជាឈ្មោះនៃមនុស្សអស្ចារ្យ ១ នាក់ ដែលកើតក្នុងសក្យត្រកូល ជាតិជាក្សត្រនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសដែលគេហៅសព្វថ្ងៃនេះថាជាស្រុកឥណ្ឌាឬស្រុកអាំងប៉ែកខាងជើង បើគិតចំនួនឆ្នាំថយក្រោយពីឥឡូវនេះទៅទល់នឹងកាលសម័យដែលមនុស្សអស្ចារ្យនោះកើតឡើង នោះយូរចំនួនជាង ២.៥៥០ ឆ្នាំមកហើយ ។
មនុស្សអស្ចារ្យនោះមានឈ្មោះថា សិទ្ធត្ថ បានសោយរាជ្យតាំងពីព្រះជន្ម ១៦ ឆ្នាំ ដល់មកព្រះជន្ម ២៩ ឆ្នាំ បានពិចារណាឃើញច្បាស់នូវសេចក្ដីទុក្ខព្រួយដែលកើតឡើងអំពីជាតិគឺ ខន្ធ ៥ អំពីជរាគឺចាស់គ្រាំគ្រា អំពីព្យាធិ គឺសេចក្ដីឈឺចាប់ អំពីមរណៈ គឺសេចក្ដីស្លាប់ ដោយប្រាជ្ញាដ៏ក្លាហានហើយមិនអាចនឹងទ្រាំនៅក្នុងនិវេសនដ្ឋាន ដែលជាទីជោកជាំដោយកាមគុណទាំង ៥ បានឡើយ ក៏ចេញបួសខំប្រែងស្វែងរកធម៌ដើម្បីនឹងរម្លត់បង់នូវសេចក្ដីទុក្ខព្រួយទាំងនោះ ដរាបដល់បានសម្រេចនូវប្រាជ្ញាដ៏ថ្លៃថ្លាវិសេសឈ្មោះថា “សម្ពោធិញ្ញាណ” ដែលយើងធ្លាប់ហៅមក ធ្លាប់ឮមកថាព្រះអង្គបានត្រាស់ ។
មនុស្សអស្ចារ្យនេះហើយ ដែលមាននាមថា “ពុទ្ធ” ប្រែថាព្រះអង្គចេះគ្មានសល់ ឬថាព្រះអង្គជ្រាបច្បាស់នូវសេចក្ដីពិតមែន ឬថាព្រះអង្គភ្ញាក់ហើយអំពីដេកលក់គឺសេចក្ដីល្ងង់ ។ ព្រះពុទ្ធជាម្ចាស់នេះ កាលដែលព្រះអង្គបានត្រាស់ហើយ ទ្រង់បានពិចារណាឃើញសត្តនិករគឺពពួកមនុស្សនិងទេវតា ដែលកើតឡើងក្នុងលោកមានសន្ដានក្រាស់ដោយមោហៈគឺសេចក្ដីល្ងង់ មិនដឹងថាខ្លួនធ្លាក់លិចនៅក្នុងសមុទ្រដ៏ធំពោលគឺសង្សារវដ្ដ ដែលជាទីប្រកបដោយទុក្ខភ័យមិនដឹងថាខ្លួនច្រឡោតនៅលើគំនរភ្លើងទាំង ៥ ពោលគឺកាមគុណ ៥ ដែលជាគ្រឿងនាំបណ្ដាលឱ្យបានសេចក្ដីទុក្ខលំបាកសេចក្ដីរោលរាលជានិច្ច មានតែសេចក្ដីធ្វេសប្រហែស ឥតមានគំនិតគិតស្វែងរកឧបាយនឹងរលាស់ខ្លួនឱ្យរួចផុតពីក្នុងមហាសមុទ្រ ឬពីក្នុងគំនរភ្លើងនោះឡើយ ដោយសញ្ញាវិបល្លាស គឺសេចក្ដីសម្គាល់ខុសថាជាទីប្រកបដោយសេចក្ដីសុខស្រួលវិញ ។
ព្រះអង្គទ្រង់ឃើញថា សត្តនិករទាំងអស់ជាច្រើនមានគំនិតគិតធ្លោយយ៉ាងនេះ មកពីមោហធម៌ដែលស្រោបគំនិតសត្វបិទបាំងជិត ហើយដឹកនាំសត្វឱ្យធ្វើនូវអំពើខុសផ្សេងៗ មោហៈដែលបិទគំនិតមនុស្ស ហើយដឹកនាំមនុស្សសត្វទៅនោះ ឧបមាដូចជាសេចក្ដីល្ងង់របស់ពពួកសត្វមមាច សត្វកណ្ដូបជាដើម បិទបាំងមិនឱ្យស្គាល់ថាជាគ្រឿងក្ដៅឡើយ ហើយបណ្ដាលឱ្យអាចហានចូលទៅក្នុងភ្លើង ដរាបដល់សេចក្ដីវិនាស ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ពិចារណាឃើញដូច្នោះហើយ ក៏កើតមានព្រះទ័យប្រកបដោយមហាករុណា គឺសេចក្ដីអាណិតធំដល់ពួកមនុស្សសត្វទាំងនោះ ប្រាថ្នានឹងជួយដោះឱ្យរួចចេញពីសេចក្ដីងងឹតល្ងង់ ដើម្បីនឹងឱ្យកើតមានប្រាជ្ញាភ្លឺស្វាងឡើង នឹងបានស្គាល់ទុក្ខ-សុខ អាក្រក់-ល្អ និងគុណ-ទោស ហើយនឹងស្វែងរកឧបាយដោះខ្លួនឱ្យរួចចេញចាកគ្រឿងទុក្ខ ។
ទើបព្រះអង្គទ្រង់សម្ដែងធម៌ទេសនាប្រដៅសត្តនិករ រាប់ចំនួនឆ្នាំតាំងពីព្រះអង្គបានត្រាស់ហើយ ដរាបដល់ថ្ងៃដែលព្រះអង្គចូលបរិនិព្វានបានចំនួន ៤៥ ឆ្នាំគត់ ។ ធម៌ទេសនាជាពាក្យប្រដៅទាំងអស់ របស់ព្រះសម្មាសម្ពុទ្ធនោះឈ្មោះថា “សាសនៈ” គឺដែលយើងធ្លាប់ហៅថា “សាសនា ឬសាស្នា” ប្រែថា “ពាក្យឬធម៌ជាច្បាប់សម្រាប់ប្រៀនប្រដៅ” បើរួមពាក្យថា “ពុទ្ធ” ភ្ជាប់មកនឹងពាក្យថា “សាសនា” ជាពាក្យ ១ ម៉ាត់ ហៅថា “ពុទ្ធសាសនា” ប្រែថា “ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ” គឺច្បាប់សម្រាប់ប្រដៅមនុស្សសត្វមិនឱ្យល្ងង់ ឱ្យកើតមានប្រាជ្ញាស្គាល់គ្រឿងពិតមែន ឬឱ្យកើតមានចំណេះវិជ្ជា ឬថាច្បាប់សម្រាប់ប្រដៅសត្វ ឱ្យចេះគិតស្វែងរកឧបាយនឹងដោះខ្លួនឱ្យរួចពីគ្រឿងទុក្ខ ឱ្យបានដល់នូវសេចក្ដីសុខ ។
តម្លៃនៃព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនានេះ គួរអស់លោកអ្នកទាំងឡាយជ្រាបថា ជាពាក្យប្រដៅមានតម្លៃដោយក្រៃលែង ។ ពាក្យប្រដៅទាំងនោះមានពាក្យខ្លះ ត្រូវគ្នានឹងពាក្យសុភាសិតរបស់អ្នកប្រាជ្ញទាំងឡាយអំពីបុរាណ ដែលមនុស្សក្នុងលោកគេបានចេះរៀងៗមកតាំងអំពីមុនព្រះសម្មាសម្ពុទ្ធបានត្រាស់មកក៏មាន ពាក្យខ្លះជាពាក្យប្រដៅផុតវិស័យគំនិតមនុស្សនិងទេវតាទាំងអស់ ក្រៅតែអំពីព្រះសម្មាសម្ពុទ្ធ ឥតមានអ្នកណាមួយនឹងមានគំនិតគិតបង្កើតឡើងបានដូចនោះក៏មានជាច្រើនអន្លើ ដូចសេចក្ដីដែលសម្ដែងដោយសង្ខេបតទៅនេះ
១- ព្រះពុទ្ធសាសនាដែលមានឡើងដំបូង ក្នុងស្រុកមជ្ឈិមប្រទេស ៗ នោះ កាលមុនដែលមិនទាន់ព្រះពុទ្ធសាសនា មនុស្សក្នុងប្រទេសទាំងនោះនាំគ្នាប្រព្រឹត្តប្រតិបត្តិតាមលទ្ធិសាសនាព្រាហ្មណ៍ដោយច្រើន ជាផ្លូវប្រតិបត្តិតឹងពេកក៏មាន ធូរពេកក៏មាន ដូចយ៉ាងប្រតិបត្តិបង្អត់អាហារខ្លួនឱ្យលំបាករូបកាយ ដេកលើបន្លា និងអាំងភ្លើងក្នុងវេលាថ្ងៃក្នុងរដូវក្ដៅជាដើម ជាសេចក្ដីប្រតិបត្តិឥតប្រយោជន៍ទាំងអស់ ក៏ឥតមានមនុស្សណាមួយគិតឃើញថាឥតប្រយោជន៍ ហើយនឹងរើគំនិតរកផ្លូវប្រតិបត្តិថ្មីទៀតឡើយ ។
ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានត្រាស់ឡើង ទ្រង់បានសម្ដែងធម៌ទេសនាជាដំបូង កែប្រែសេចក្ដីប្រតិបត្តិទាំងនោះ គឺពន្យល់មិនឱ្យប្រតិបត្តិតាម ហើយឱ្យប្រតិបត្តិតាមបែបយ៉ាង ដែលព្រះអង្គទ្រង់ជ្រាបថាមានប្រយោជន៍ពិតវិញ ធម៌ទេសនាជាដំបូងនោះ ព្រះអង្គសម្ដែងថា “ទ្វេមេ ភិក្ខវេ បព្វជិតេន ន សេវិតព្វា” ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិដ៏លាមកអាក្រក់ទាំងពីរយ៉ាងនេះ បព្វជិតមិនគួរសេព គឺថាមិនត្រូវប្រតិបត្តិឡើយ សេចក្ដីប្រតិបត្តិអាក្រក់ពីរយ៉ាងនោះ គឺកាមសុខល្លិកានុយោគ ការប្រកបខ្លួនឱ្យជាប់ចំពាក់ដោយសេចក្ដីសុខក្នុងកាមទាំងឡាយ ១ អត្តកិលមថានុយោគ ការប្រកបសេចក្ដីលំបាកដល់ខ្លួនឱ្យនឿយហត់ឥតប្រយោជន៍ ១ ។ សេចក្ដីប្រតិបត្តិទាំង ២ យ៉ាងនេះ ជាការនាំឱ្យសាបសូន្យ មិនជាសេចក្ដីចម្រើនទេ មិនតែប៉ុណ្ណោះឡើយថែមទាំងបណ្ដាលឱ្យបាននូវសេចក្ដីទុក្ខព្រួយទៀត ។
ឯតេ ខោ ភិក្ខវេ ឧភា អន្តេ អនុបគម្ម មជ្ឈិមា បដិបទា ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិជាកណ្ដាលដែលមិនលាយច្រឡំនឹងសេចក្ដីប្រតិបត្តិទាំង ២ យ៉ាងនោះ តថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឱ្យកើតប្រាជ្ញា ឱ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ ប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងក្រៃពេក ដើម្បីសេចក្ដីដឹងល្អ ដើម្បីព្រះនិព្វាន ។
ក៏សេចក្ដីប្រតិបត្តិជាកណ្ដាលនោះដូចម្ដេច ? សេចក្ដីប្រតិបត្តិជាកណ្ដាលនោះ គឺធម៌ដែលគួរស្វែងរកមានអង្គ ៨ ហៅថា “អដ្ឋង្គិកមគ្គ” ជាគ្រឿងចេញផុតចាកសត្រូវគឺកិលេស ។ អដ្ឋង្គិមគ្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ ប្រាជ្ញាយល់ត្រូវ ១ សម្មាសង្កប្បោ សេចក្ដីត្រិះរិះត្រូវ ១ សម្មាវាចា សម្ដីនិយាយត្រូវ ១ សម្មាកម្មន្តោ ការងារត្រូវ ១ សម្មាអាជីវោ ចិញ្ចឹមជីវិតត្រូវ ១ សម្មាវាយាមោ ព្យាយាមត្រូវ ១ សម្មាសតិ សេចក្ដីរឭកត្រូវ ១ សម្មាសមាធិ កិរិយាតម្កល់ចិត្តត្រូវ ១ ។
២- មានធម៌ជាពុទ្ធសាសនាម្យ៉ាងទៀត ហៅថា “សច្ចធម៌” ជាធម៌ប្រកាសនូវសេចក្ដីពិតមែន ជាសេចក្ដីកំបាំងនឹងគំនិតប្រាជ្ញារបស់មនុស្សទេវតាទាំងអស់ កាលមុនដែលពុំទាន់មានព្រះពុទ្ធសាសនា នោះឥតមានអ្នកណាមួយចេះប្រដៅគ្នាឱ្យគិតឃើញត្រូវដូចសច្ចធម៌នេះឡើយ បើទុកជាមានអ្នកឃើញខ្លះ ក៏គ្រាន់តែឃើញព្រឹលៗ មិនច្បាស់លាស់ លុះដល់ព្រះអង្គបានត្រាស់ឡើង ទើបព្រះអង្គសម្ដែងអំពីធម៌ពិតមែននោះឱ្យអស់មនុស្សទេវតាទាំងឡាយបានស្គាល់ច្បាស់ច្រើនគ្នាឡើង ហៅថា “អរិយសច្ច” ៗ នេះមាន ៤ យ៉ាងគឺ
១- ទុក្ខ កិរិយាកើតនៃខន្ធ ៥ កិរិយាចាស់គ្រាំគ្រានៃខន្ធ ៥ កិរិយាឈឺចាប់នៃខន្ធ ៥ កិរិយាបែកធ្លាយនៃខន្ធ ៥ គឺសេចក្ដីស្លាប់ប៉ុណ្ណោះជាដើម ជាគ្រឿងទុក្ខ ។
២- ទុក្ខសមុទយោ តណ្ហាជាមេបណ្ដាលឱ្យកើតទុក្ខ ។
៣- ទុក្ខនិរោធោ ធម៌ជាគ្រឿងរលត់មិនសល់នៃគ្រឿងទុក្ខគឺព្រះនិព្វាន ។
៤- ទុក្ខនិរោធគាមិនីបដិទា សេចក្ដីប្រតិបត្តិធ្វើអ្នកដែលប្រតិបត្តិតាមឱ្យដល់នូវទុក្ខនិរោធ (សេចក្ដីប្រតិបត្តិត្រង់នេះបានដល់មជ្ឈិមបដិបទាទាំង ៨ ប្រការ មានសម្មាទិដ្ឋិជាដើម មានសម្មាសមាធិជាទីបំផុត ដូចសម្ដែងខាងដើមហើយ) ។
អរិយសច្ចធម៌ទាំង ៤ នេះ បណ្ដាលមនុស្សមានប្រាជ្ញាទាំងប៉ុន្មាន តែបានឮបានស្ដាប់ ហើយគិតតាមទំនងលំអានធម៌នេះទៅ ក៏នឹងជឿប្រាកដថាត្រូវពិតមែន ដូចក្នុងសម័យសព្វថ្ងៃនេះ បានដំណឹងថាពួកអ្នកប្រាជ្ញក្នុងប្រទេសធំៗ ដូចក្នុងប្រទេសអឺរ៉ុប គេបានពិនិត្យដល់ព្រះពុទ្ធសាសនាត្រង់នេះក៏មានសេចក្ដីស្ងើចអស្ចារ្យសរសើរថា ព្រះពុទ្ធចេះសម្ដែងធម៌ត្រូវពិតមែនណាស់ ។
៣- មានធម៌ជាពុទ្ធសាសនាម៉្យាងទៀតសម្រាប់ប្រដៅមនុស្ស ឱ្យចេះគិតពិចារណាដល់រូបកាយ ឱ្យឃើញថាមិនទៀង ថាជាទុក្ខ និងឱ្យឃើញថាមិនមែនជារបស់ខ្លួន ហៅថា “ព្រះត្រៃលក្ខណៈ” ជាប្រយោជន៍នឹងកុំឱ្យសត្វទាំងឡាយមានសេចក្ដីស្រវឹងទៅក្នុងរូបកាយ ។
ធម៌ជារបៀបនៃព្រះពុទ្ធសាសនា ដែលនាំយកមកពន្យល់ក្នុងទីនេះបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឱ្យឃើញជាតួយ៉ាងនៃព្រះពុទ្ធសាសនាដែលមានតម្លៃវិសេស ព្រោះជាពាក្យប្រដៅផុតវិស័យមនុស្សនិងទេវតាគិតប្រដៅឱ្យដូចពុំបានឡើយ ។
ដែលនៅមានតទៅទៀតនោះច្រើនណាស់ មិនមានពេលល្មមនឹងនាំយកមកអធិប្បាយឱ្យសព្វគ្រប់បាន ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ឡើង បានសម្ដែងធម៌ជាពាក្យប្រដៅអស់ ៤៥ ឆ្នាំ ទើបព្រះអង្គបរិនិព្វានទៅ ព្រះសង្គីតិកាចារ្យគឺពួកសិស្សរបស់ព្រះអង្គតមក លោកបានសង្គាយនារួបរួមពាក្យប្រដៅរបស់ព្រះអង្គទុកជា ៣ ផ្នែក ហៅថា “ព្រះត្រៃលក្ខណបិដក” គឺវិន័យបិដក ១ សុត្តន្តបិដក ១ អភិធម្មបិដក ១ បិដកទាំង ៣ នេះដូចជាទូសម្រាប់ដាក់នូវរបស់មានតម្លៃ គឺព្រះពុទ្ធសាសនានេះឯង ។
ម៉្យាងទៀត ព្រះពុទ្ធសាសនាដែលជាពាក្យប្រដៅមនុស្សសត្វឱ្យមានប្រយោជន៍ឱ្យបានសេចក្ដីសុខនោះ មិនមែនប្រដៅឱ្យតែបានប្រយោជន៍នឹងសុខក្នុងបរលោកមុខ ដែលយើងមើលទៅមិនឃើញនោះទេ ជាពាក្យប្រដៅឱ្យបានទាំងប្រយោជន៍នឹងសេចក្ដីសុខក្នុងលោកនេះផង ដូចសេចក្ដីរៀបរាប់ដោយសង្ខេបតទៅនេះ
១ ព្រះអង្គប្រដៅមនុស្សមិនឱ្យប្រព្រឹត្តតាមអបាយមុខ ៦ យ៉ាង គឺមិនឱ្យមិនផឹកសុរា ១ មិនឱ្យដើរលេងតាមច្រកល្ហកក្នុងវេលាយប់ ១ មិនឱ្យដើរមើលល្បែងមហោស្រព ១ មិនឱ្យលេងល្បែងភ្នាល់ មានបៀប៉ោជាដើម ១ មិនឱ្យសមគំនិតនឹងមនុស្សខូចយកធ្វើជាមិត្តសម្លាញ់ ១ មិនឱ្យខ្ជិលធ្វើការងាររកស៊ី ១។
២ ព្រះអង្គប្រដៅមនុស្សឱ្យចេះសង្គ្រោះគ្នាទៅវិញទោមកតាមជាន់ គឺមាតាបិតានិងកូន គ្រូអាចារ្យនិងសិស្ស ភរិយានិងស្វាមី មិត្តសម្លាញ់និងសម្លាញ់ផងគ្នា ចៅហ្វាយនាយនិងទាសកម្មករគឺកូនឈ្នួលឬបាវព្រាវ សមណៈគឺអ្នកបួសនិងគ្រហស្ថ ។
ព្រះពុទ្ធសាសនាដែលនាំយកមកពន្យល់បន្តិចបន្តួចប៉ុណ្ណោះនេះ ឱ្យឃើញថាជាពាក្យប្រដៅមនុស្សសត្វឱ្យមានប្រយោជន៍ក្នុងបច្ចុប្បន្ននេះផង ។ សូមអស់លោកទាំងឡាយជ្រាបនេះ ព្រះពុទ្ធសាសនានេះបើអ្នកណាមួយបានកាន់ បានសិក្សា បានសង្កេតពិនិត្យមើលឱ្យសព្វគ្រប់ទៅគង់នឹងបានដឹងជាប្រាកដ ថាមានរសជាតិដ៏ថ្លៃថ្លា អាចឱ្យសម្រេចប្រយោជន៍ដល់ខ្លួនអ្នកប្រតិបត្តិក្នុងបច្ចុប្បន្ននេះផង ក្នុងបរលោកខាងមុខផង ។
ឯសាសនាឯទៀតដែលមានក្នុងស្រុកយើងក៏សុទ្ធតែមានពាក្យប្រដៅឱ្យមនុស្សប្រតិបត្តិល្អដោយឡែកដែរ យើងមិនបន្តុះបង្អាប់សាសនារបស់គេនោះទេ ព្រោះចូលចិត្តថា ធម្មតាពាក្យប្រដៅដែលហៅសាសនានីមួយៗ បើប្រសិនជាប្រដៅឱ្យមនុស្សប្រព្រឹត្តធ្វើនូវអំពើសុទ្ធតែអាក្រក់នោះ តើអ្នកណាគេនឹងខំប្រតិបត្តិតាម គឺមានពាក្យប្រដៅឱ្យធ្វើល្អដែរ បើមិនមានច្រើនក៏គង់មានខ្លះ ល្មមតែអ្នកដែលចូលចិត្តជឿយកមកប្រតិបត្តិតាមបាន តែទោះបីមានដូច្នោះក្ដីក៏គង់មិនមានលើសលុបជាងព្រះពុទ្ធសាសនាឡើយ ក្នុងសាសនាឯទៀតបើមានសេចក្ដីប្រតិបត្តិត្រូវល្អប៉ុន្មាន សេចក្ដីប្រតិបត្តិនោះក៏សឹងមានបរិបូណ៌គ្រប់គ្រាន់ខាងព្រះពុទ្ធសាសនាឯណេះឥតមានខ្វះ ព្រោះព្រះពុទ្ធសាសនានេះកើតមានឡើងមុនសាសនាឯទៀតៗជាច្រើន ។
ហេតុដូច្នោះ អស់លោកអ្នកទាំងឡាយដែលបានចូលមកកាន់ព្រះពុទ្ធសាសនាហើយ គួរតាំងចិត្តប្រតិបត្តិឱ្យស៊ប់សួន បើមានកិច្ចធុរៈរវល់ចំពោះខ្លួនច្រើន មិនអាចនឹងប្រតិបត្តិឱ្យពេញបន្ទុកបាន ក៏គប្បីប្រតិបត្តិយ៉ាងតិចល្មមសមគួរដល់កម្លាំងដែលអាចនឹងប្រតិបត្តិច្រើនយ៉ាង តាមជាន់នៃអ្នកប្រតិបត្តិ ដូចសេចក្ដីអធិប្បាយតទៅក្នុងខាងមុខ ។
ម្យ៉ាងទៀត ការប្រតិបត្តិតាមព្រះពុទ្ធសាសនានេះ ដូចក្នុងសម័យឥឡូវនេះជាការលំបាកនឹងចេះដឹងពេកទេ ពិតមែនជាព្រះពុទ្ធសាសនាប្រៀបដូចជារបស់មានតម្លៃតម្កល់នៅក្នុងទូដ៏មាំមួនពោលគឺព្រះត្រៃបិដក ហើយចាក់សោ គឺថាភាសាបាលី អ្នកដែលមិនចេះភាសាបាលីដូចគេឥតមានកូនសោនៅដៃ មិនអាចនឹងចាក់បើកទូយករបស់មានតម្លៃ គឺព្រះពុទ្ធសាសនាមកបាន ឯសព្វថ្ងៃនេះក្នុងស្រុកយើងកូនសោកាន់តែមានក្រែលដែរហើយ កូនសោនោះគឺគម្ពីរសាត្រា ឬសៀវភៅដែលគេប្រែពីភាសាបាលីមកជាភាសាយើងហើយបោះពុម្ពឡើង កាលបើបានសៀវភៅប្រែធម៌អាថ៌ទាំងនោះមកក៏ដូចគេមានកូនសោនៅដៃ អាចនឹងចាក់ទូគឺព្រះត្រៃបិដកបើកយករបស់មានតម្លៃគឺព្រះពុទ្ធសាសនា មកប្រដាប់តាក់តែងខ្លួនគឺប្រតិបត្តិតាមដូចប្រាថ្នាបាន ។
ពុទ្ធសាសនបដិបត្តិ សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាត្រូវប្រព្រឹត្តប្រតិបត្តិតាមនោះ បើចែកដោយសង្ខេបមាន ៣ ជាន់គឺ ៖
១- ជាន់ខាងក្រោមគឺលោកិយធម៌ សម្រាប់ពុទ្ធសាសនិកជនគឺជនអ្នកកាន់ព្រះពុទ្ធសាសនាជាន់ក្រោម គឺអ្នកដែលជាបុថុជ្ជន ប្រតិបត្តិធ្វើតាមដើម្បីនឹងឈានឡើងទៅកាន់ជាន់កណ្ដាល ។
២- ជាន់កណ្ដាលគឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់កណ្ដាល គឺអ្នកដែលបានតម្កល់នៅក្នុងមគ្គផល តាំងពីទី១ គឺសោតាបត្តិមគ្គ ដល់ទី៧ គឺអរហត្តមគ្គ ប្រតិបត្តិធ្វើតាម ដើម្បីនឹងឈានឡើងទៅកាន់ជាន់ខ្ពស់បំផុត ។
៣- ជាន់ខ្ពស់បំផុតគឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់ខ្ពស់បំផុត គឺអ្នកដែលបានតម្កល់នៅក្នុងអរហត្តផល ប្រព្រឹត្តប្រតិបត្តិតាម ។
ក្នុងឱកាសនេះ នឹងអធិប្បាយតែត្រង់សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាជាន់ខាងក្រោម សម្រាប់មនុស្សជាបុថុជ្ជន សេចក្ដីប្រតិបត្តិនោះមានបែបផ្សេងគ្នាជាពីរយ៉ាង គឺសេចក្ដីប្រតិបត្តិសម្រាប់អ្នកបួស ១ សម្រាប់គ្រហស្ថ ១ ។
នឹងសម្ដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយសង្ខេបដូចមានតទៅនេះ ផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលគ្រហស្ថត្រូវប្រតិបត្តិនោះមានច្រើនប្រការ មានតាំងពីកិច្ចដែលតម្កល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ ដរាបដល់សេចក្ដីប្រតិបត្តិធ្វើខ្លួនឱ្យតម្កល់នៅក្នុងអរិយភូមិ មានសោតាបត្តិមគ្គជាដើម ។
អ្នកដែលប្រតិបត្តិក្នុងព្រះពុទ្ធសាសនា កាលជាន់ដើមពីក្នុងពុទ្ធសម័យ ឬក៏ក្នុងកាលខាងក្រោយតពីព្រះជាបរមគ្រូទ្រង់ចូលបរិនិព្វានរៀងមក ក៏រមែងប្រតិបត្តិទៅតាមសមគួរដល់សទ្ធាចិត្តរបស់ខ្លួនទីទៃៗ អ្នកខ្លះបានតម្កល់នៅក្នុងព្រះត្រៃសរណគមន៍ អ្នកខ្លះតម្កល់ខ្លួននៅក្នុងនិច្ចសីល និងឧបោសថសីល និងសុចរិតទាំង៣ប្រការ អ្នកខ្លះក៏បានប្រតិបត្តិតាមគន្លងនៃសមថភាវនានិងវិបស្សនាភាវនា ដរាបដល់ធ្វើខ្លួនឱ្យផុតជាតិជាបុថុជ្ជន ឱ្យតម្កល់នៅក្នុងទីអរិយភូមិបាន ។
អស់លោកអ្នកទាំងឡាយ ក៏សុទ្ធតែជាអ្នកប្រកបដោយកិច្ចកង្វល់ ក្នុងការងារដែលត្រូវ បើមិនអាចនឹងប្រតិបត្តិឱ្យសព្វគ្រប់បាន ក៏គប្បីប្រតិបត្តិឱ្យសមគួរដល់ស្ថានដែលត្រូវបានឈ្មោះថាជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រឹមតែសេចក្ដីខាងក្រោយនេះគឺ
១- តម្កល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ គឺតាំងចិត្តជឿជាក់ហើយចេញវាចាប្រកាសយក ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃថាជាទីពឹង ទីរឭក ព្រមទាំងសេចក្ដីដឹងក្នុងគុណនៃព្រះរតនត្រ័យនោះផង មានដឹងថា ព្រះពុទ្ធព្រះអង្គមាននាមថា “អរហំ” ព្រោះព្រះអង្គកម្ចាត់បង់ហើយនូវសត្រូវគឺធម៌ជាគ្រឿងសៅហ្មងដូច្នេះជាដើម ដឹងថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះបរិយត្តិធម៌និងនរលោកុត្តរធម៌ ដែលព្រះអរហំសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងហើយល្អ ដូច្នេះជាដើម ដឹងថា “សុបដិបន្នោ ភគវតោ សាវកសង្ឃោ” ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយល្អ ដូច្នេះជាដើម ។
២- សមាទានរក្សាសីល ៥ គឺវៀរមិនសម្លាប់បំបាត់ជីវិតសត្វតូចធំ ១ មិនលួចទ្រព្យរបស់អ្នកដទៃដែលមិនឱ្យ ១ មិនប្រព្រឹត្តខុសក្នុងផ្លូវកាម ១ មិននិយាយកុហក ១ មិនផឹកសុរា ១ ។ (សីល ៥ នេះត្រូវរក្សាឱ្យបានជាប់ជានិច្ច បើប្រសិនជាមានដាច់ត្រង់សីលណាមួយនៅពេលណាដោយសេចក្ដីភ្លាំងភ្លាត់នោះ ត្រូវសមាទានអំពីអ្នកដទៃ ឬគ្រាន់តែអធិដ្ឋានដោយខ្លួនឯង ឱ្យបានជាប់ឡើងវិញក៏បាន) ។
៣- រក្សានូវសុចរិត ៣ ប្រការគឺ កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ ។ កាយសុចរិត ប្រព្រឹត្តល្អដោយកាយ មាន ៣ យ៉ាងគឺ វៀរមិនឱ្យសម្លាប់បំបាត់ជីវិតសត្វតូចធំ ១ វៀរមិនលួចយកទ្រព្យរបស់អ្នកដទៃ ១ វៀរមិនប្រព្រឹត្តខុសក្នុងផ្លូវកាមគឺការកន្លងប្រវេណី ១ ។ វចីសុចរិត ប្រព្រឹត្តល្អដោយវាចា មាន ៣យ៉ាងគឺ វៀរមិននិយាយកុហក ១ វៀរមិននិយាយពាក្យញុះញង់ ១ វៀរមិននិយាយអាក្រក់គឺពាក្យចាក់ដោតដោយការប្រទេចផ្ដាសា ១ វៀរមិននិយាយពាក្យឥតប្រយោជន៍ ១ ។ មនោសុចរិត ប្រព្រឹត្តល្អដោយចិត្ត មាន៣យ៉ាងគឺ មិនមានប្រាថ្នាលោភលន់ចង់បានទ្រព្យរបស់អ្នកដទៃ ១ មិនមានគំនិតគំនុំគុំធ្វើអ្នកដទៃឱ្យវិនាស ១ មានគំនិតគិតត្រូវតាមហេតុពិត ១ (តាំងពីត្រៃសរណគមន៍ដល់សុចរិត ៣ ប្រការ មានពិស្ដារក្នុងសៀវភៅគិហិបដិបត្តិ) ។
សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាដូចរៀបរាប់ខាងលើនេះ សូម្បីបន្តិចប៉ុណ្ណេះ ក៏គង់តែនឹងមានប្រយោជន៍ដល់អ្នកដែលប្រតិបត្តិតាមដូចសេចក្ដីខាងក្រោយនេះ ៖
១- នឹងបាននូវអំណរពេញចិត្តខ្លួនឯងថា “ខ្លួនអញបានតម្កល់ខ្លួនក្នុងទីដ៏ត្រូវហើយ អញបានត្រូវហើយ អញឥតមានខុសទេ ” ។
២- នឹងបានជាទីទុកចិត្ត ជាមនុស្សជំនឿពេញចិត្តនៃអ្នកឯទៀត គឺថាបើខ្លួននៅក្នុងបន្ទុកអ្នកឯទៀតដែលយសសក្ដិធំជាងខ្លួន គេនឹងទុកចិត្តជឿស្រឡាញ់រាប់អាន ដោយគេខឹងថាខ្លួនជាអ្នកសុចរិតល្អហើយ គេនឹងលើកសរសើរទំនុកបម្រុងឱ្យបាននូវសេចក្ដីថ្កុំថ្កើងនិងសេចក្ដីសុខស្រួល ព្រោះហេតុដែលខ្លួនកាន់សុចរិតគួរឱ្យគេទុកចិត្តបាន ។
៣- នឹងមានកិត្តិសព្ទកេរ្តិ៍ឈ្មោះថាជាអ្នកប្រព្រឹត្តសុចរិតត្រឹមត្រូវ ។
៤- វេលាដែលនឹងដល់នូវមរណកាល ក៏ឥតមានសេចក្ដីវង្វេងឡើយ ។
៥- លុះធ្វើមរណកាលទៅហើយ ក៏រមែងបានទៅកើតក្នុងសុគតិភព ។
ម្យ៉ាងទៀត សូមអស់លោកអ្នកទាំងឡាយជ្រាបថាផលប្រយោជន៍ដែលកើតឡើងអំពីសេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដូចសេចក្ដីអធិប្បាយក្នុងខាងលើនេះ ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១០-១១
ដោយ៥០០០ឆ្នាំ
images/articles/3075/2ttrook.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,៦៥៧ ដង)
អស្សទ្ធសំសន្ទនសូត្រ ទី៧
[៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។
(ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីមាំមួន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីមាំមួន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា)។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនភ្លេចស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនភ្លេចស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។
ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង… ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ជាមួយនឹងពួកជនមិនខ្មាសបាប។បេ។
ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។
[៤២] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ។បេ។ ត្រូវគ្នា សមគ្នា។ ចប់សូត្រទី៧។
អស្សទ្ធសំសន្ទនសូត្រ ទី ៧
បិដកភាគ ៣២ ទំព័រ ៣៩ ឃ្នាប ៤១
ដោយ៥០០០ឆ្នាំ
images/articles/3162/2022-01-09_16_2500.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,០៣៤ ដង)
សមចិត្តវគ្គ ទី៤
[២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។
ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។
សមចិត្តវគ្គ ទី ៤ ឬ ភូមិរបស់សប្បុរសនិងអសប្បុរស - បិដកភាគ ៤០ ទំព័រ ១៣៦ ឃ្នាប ២៧៧
ដោយ៥០០០ឆ្នាំ
images/articles/3194/_______________________________________.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៩០៣ ដង)
បញ្ញាវគ្គ វិបស្សនាកថា
សាវត្ថីបរិបុណ្ណនិទាន
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ មិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាជាខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិន ប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាមិនមែនខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះកាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៦] ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការប៉ុន្មាន ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការប៉ុន្មាន។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ ចុះកាន់សម្មត្តនិយាមធម៌ ក៏ដោយអាការ ៤០ ដែរ។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ តើដូចម្តេចខ្លះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ តើដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញនូវខន្ធ ៥ ថាមិនទៀង ១ ថាជាទុក្ខ ១ ជារោគ ១ ជាបូស ១ ជាសរ ១ ជារបស់លំបាក ១ ជាអាពាធ ១ ជារបស់ដទៃ ១ ជារបស់វិនាស ១ ជាចង្រៃ ១ ជាឧបទ្រព ១ ជាភ័យ ១ ជាឧបសគ្គ ១ ជាគ្រឿងញាប់ញ័រ ១ ជាគ្រឿងបែកធ្លាយ ១ ថាមិនទៀង ១ ថាមិនមានទីជ្រកកោន ១ ថាមិនមានទីពួន ១ ថាមិនមានទីពឹង ១ ថាជាវាល ១ ថាទទេ ១ ថាសោះសូន្យ ១ ថាមិនមែនខ្លួន ១ ថាជាទោស ១ ថាមានសេចក្តីប្រែប្រួលជាធម្មតា ១ ថាគ្មានខ្លឹម ១ ថាជាឫសគល់នៃសេចក្តីលំបាក ១ ថាជាអ្នកសម្លាប់ ១ ថាមិនមានសេចក្តីចម្រើន ១ ថាប្រកបដោយអាសវៈ ១ ថាជារបស់ដែលបច្ច័យប្រជុំតាក់តែង ១ ថាជាអាមិសៈនៃមារ ១ ថាមានការកើតជាធម្មតា ១ មានជរាជាធម្មតា ១ មានព្យាធិជាធម្មតា ១ មានមរណៈជាធម្មតា ១ មានសោកជាធម្មតា ១ មានការខ្សឹកខ្សួលជាធម្មតា ១ មានសេចក្តីចង្អៀតចង្អល់ជាធម្មតា ១ មានសេចក្តីសៅហ្មងជាធម្មតា ១ គឺថា កាលពិចារណាឃើញថា ខន្ធ ៥ មិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនដ៏ទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាទុក្ខ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានសុខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជារោគ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានរោគ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាបូស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានបូស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាសរ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានសរ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាខន្ធលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទុក្ខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាអាពាធ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានអាពាធ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ដទៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនជាបច្ច័យរបស់អ្នកដទៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាវិនាស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាសភាវៈមិនវិនាស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាចង្រៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានចង្រៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបទ្រព រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបទ្រព រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាភ័យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមិនមានភ័យ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបសគ្គ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបសគ្គ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាគ្រឿងញាប់ញ័រ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការញាប់ញ័រ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់បែកធ្លាយ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការបែកធ្លាយ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីជ្រកកោន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីជ្រកកោន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីពួន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពឹង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានទីពឹង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាវាល រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទីវាល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ទទេ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនទទេ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាសូន្យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថាការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានសូន្យ (ចាកកិលេស) ដ៏ក្រៃលែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមែនខ្លួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានអត្ថដ៏ឧត្តម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាទោស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទោស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញ ខន្ធ ៥ ថាមានការប្រែប្រួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការប្រែប្រួលជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានខ្លឹម រមែងបាននូវអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានខ្លឹម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឫសគល់នៃការលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានមិនមានឫសគល់នៃសេចក្តីលំបាក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអ្នកសម្លាប់ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនជាទីសម្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រាសចាកសេចក្តីចម្រើន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមែនជាទីប្រាសចាកសេចក្តីចម្រើន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រកបដោយអាសវៈ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាសវៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាបច្ច័យប្រជុំតាក់តែង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានបច្ច័យប្រជុំតាក់តែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអាមិសៈនៃមារ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាមិសៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានការកើតជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានឈប់កើត រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានជរាជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានជរា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានព្យាធិជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានព្យាធិជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីស្លាប់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិន ស្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសោកជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសោក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីខ្សឹកខ្សួល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីចង្អៀតចង្អល់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសៅហ្មងជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសៅហ្មង រមែងចុះកាន់សម្មត្តនិយាមធម៌។
[២០៧] ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាទុក្ខ បានដល់ទុក្ខានុបស្សនា។ ពាក្យថារោគ បានដល់ទុក្ខានុបស្សនា។ ពាក្យថាបូស បានដល់ទុក្ខានុបស្សនា។ ពាក្យថាសរ បានដល់ទុក្ខានុបស្សនា។ ពាក្យថាលំបាក បានដល់ទុក្ខានុបស្សនា។ ពាក្យថាអាពាធ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជារបស់អ្នកដទៃ បានដល់អនត្តានុបស្សនា។ ពាក្យថាវិនាស បានដល់អនត្តានុបស្សនា។ ពាក្យថាចង្រៃ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបទ្រព បានដល់ទុក្ខានុបស្សនា។ ពាក្យថាភ័យ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបសគ្គ បានដល់ទុក្ខានុបស្សនា។ ពាក្យថាញាប់ញ័រ បានដល់អនិច្ចានុបស្សនា។ ពាក្យថាបែកធ្លាយ បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានទីជ្រកកោន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពួន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពឹង បានដល់ទុក្ខានុបស្សនា។ ពាក្យថាទីវាល បានដល់ទុក្ខានុបស្សនា ។ ពាក្យថាទទេ បានដល់អនត្តានុបស្សនា។ ពាក្យថាសោះសូន្យ បានដល់អនត្តានុបស្សនា។ ពាក្យថាមិនមែនខ្លួន បានដល់អនត្តានុបស្សនា។ ពាក្យថាទោស បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការប្រែប្រួលជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានខ្លឹម បានដល់អនត្តានុបស្សនា។ ពាក្យថាមានការលំបាកជាឫសគល់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជាអ្នកសម្លាប់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាប្រាសចាកសេចក្តីចម្រើន បានដល់អនិច្ចានុបស្សនា។ ពាក្យថាប្រកបដោយអាសវៈ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានបច្ច័យប្រជុំតាក់តែង បានដល់អនិច្ចានុបស្សនា។ ពាក្យថាជាអាមិសៈនៃមារ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការកើតជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានជរាជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានព្យាធិជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីស្លាប់ជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមានសោកជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា មានសេចក្តីសៅហ្មងជាធម្មតា បានដល់ទុក្ខានុបស្សនា។
ភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ។
កាលភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ តើអនិច្ចានុបស្សនា មានប៉ុន្មាន ទុក្ខានុបស្សនា មានប៉ុន្មាន អនត្តានុបស្សនា មានប៉ុន្មាន។
អនត្តានុបស្សនា មាន ២៥ អនិច្ចានុបស្សនា មាន ៥០ វិបស្សនាទាំងឡាយណា ដែលព្រះមានព្រះភាគសំដែងចំពោះទុក្ខានុបស្សនា វិបស្សនានោះ មាន ១២៥។
ចប់ វិបស្សនាកថា។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
(ព្រះត្រៃបិដក ភាគទី៧១)
ដោយ៥០០០ឆ្នាំ
images/articles/3165/fdfge53egrfgre4333.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១,៨៩៤ ដង)
តតិយវគ្គ
[១៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលមួយ កាលកើតឡើងក្នុងលោក ក៏កើតឡើងដើម្បី មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នកណា។ គឺបុគ្គលជាមិច្ឆាទិដ្ឋិ ជាអ្នកយល់ខុស បុគ្គលនោះ រមែងនាំជនច្រើនឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតាំងនៅក្នុងអសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[១៩២] ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បី ជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នក ណា។ គឺបុគ្គលជាសម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ បុគ្គលនោះ រមែងនាំជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើយក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
តតិយវគ្គ ឬ បុគ្គលម្នាក់កើតឡើងក្នុងលោកដើម្បីជាទុក្ខដល់មនុស្សនិងទេវតាទាំងឡាយ - បិដកភាគ ៤០ ទំព័រ ៧៥ ឃ្នាប ១៩១
ដោយ៥០០០ឆ្នាំ
images/articles/3195/202________________________rest.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១,៩៥០ ដង)
កឹសីលសូត្រ ទី៩
(ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជនមានសីលដូចម្តេច មានមារយាទដូចម្តេច ចំរើននូវអំពើទាំងឡាយដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ (ក្នុងសាសនា) ផង ដល់នូវប្រយោជន៍ខ្ពង់ខ្ពស់ គឺអរហត្តផលផង។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើន ជាអ្នកមិនមានសេចក្តីច្រណែន ស្គាល់កាលគួរចួបនឹងគ្រូ ស្គាល់ខណៈស្តាប់ធម្មីកថា ដែលលោកពោល គប្បីស្តាប់សុភាសិតឯទៀតដោយគោរព។
បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្តបន្ទាបខ្លួន ហើយចូលទៅកាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹករឿយ ៗ ទាំងប្រព្រឹត្តដោយប្រពៃនូវអត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស ដែលគ្រូសំដែងហើយ)។
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌ គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិត ៗ។
បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជាបុគ្គលប្រាសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ។
សុភាសិតទាំងឡាយ (ដែលប្រកបដោយសមថវិបស្សនា) គឺអ្នកប្រាជ្ញដឹងច្បាស់ ថាមានសារៈ ឯញាណសំរេចអំពីសុតៈ គឺអ្នកប្រាជ្ញដឹងច្បាស់ថា មានសមាធិជាសារៈ បញ្ញា និងសុតៈ រមែងមិនចំរើនដល់នរជន ដែលជាអ្នកមានចិត្តរហ័ស ជាអ្នកធ្វេសប្រហែស ។
មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។
ចប់ កឹសីលសូត្រ ទី៩។
(ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ព្រះត្រៃបិដកលេខ ៥៤)
…………………….ព្រះពុទ្ធដីកា
សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖ បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តម គឺការមិនមានរេាគ១, សីល (គឺមារយាទ) ១, ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង ១, ការឧស្សាហ៍ស្តាប់ ១, ការអនុវត្តន៍នូវសុចរិតធម៌ ១, ការមិនរុញរានៃចិត្ត ១, ធម៌ទាំង ៦ នេះ ជាទ្វារ ទាំងជាប្រធាននៃសេចក្តីចម្រេីន ។ (អត្ថស្សទ្វារជាតកទី ៤)
ដោយ៥០០០ឆ្នាំ
images/articles/872/Untitled-1.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៤,១៥១ ដង)
ការពិចារណាឃើញទោសនិងអានិសង្ឃ តាមលំដាប់នៃការមិនបរិច្ចាគ និងការបរិច្ចាគជាដើម ជាបច្ច័យនៃបារមីទាំងឡាយ មានទានបារមីជាដើម ។ គប្បីជ្រាបវិធីពិចារណាដូចតទៅនេះ៖
ពិចារណាទានបារមី
ទ្រព្យនាំមកនូវការវិនាសច្រើនយ៉ាង ដូចនេះគឺៈ
- ភាពជាអ្នកប្រាថ្នាច្រើនដោយវត្ថុកាម មានដីធ្លីស្រែចំការ មាសប្រាក់ជាដើម នៃបុគ្គលទាំងឡាយដែលមានចិត្តហួងហែង ជាប់ជំពាក់នៅក្នុងវត្ថុកាមនោះៗ ។
- សាធារណភ័យ មានចោរភ័យ រាជភ័យ និង អគ្គិភ័យជាដើម ។
- ការតាំងចិត្តឈ្លោះប្រកែកគ្នា ជាសត្រូវនឹងគ្នាបៀតបៀនគ្នាជាដើម ។
- របស់ដែលមិនមានខ្លឹមសារ ។
- ប្រព្រឹត្តទុច្ចរិតក្នុងការស្វែងរកទ្រព្យ ។
- មានដំណើរទៅកាន់អបាយភូមិ នៃបុគ្គលដែលមានចិត្តសៅហ្មង ជាប់ជំពាក់ក្នុងទ្រព្យ ។
គួរធ្វើសេចក្តីល្អមិនប្រមាទក្នុងការបរិច្ចាគថា ការបរិច្ចាគវត្ថុទាំងនោះជាមង្គលដ៏ឧត្តម ។
ម៉្យាងទៀតគប្បីពិចារណាថាៈ
- ស្មូមជាបុគ្គលស្និទ្ធស្នាលរបស់យើង ព្រោះប្រាប់អាថ៌កំបាំងរបស់ខ្លួនគាត់ឲ្យយើងដឹង ។
- ស្មូមជាអ្នកណែនាំដល់យើងថា អ្នកចូរលះទ្រព្យដែលមិនមានខ្លឹមសារ ហើយកាន់យកនូវទ្រព្យដែលមានខ្លឹមសារ ជារបស់ខ្លួនពិតទៅកាន់បរលោក ។
- ស្មូមគឺជាសម្លាញ់ជួយរែកជញ្ជូនទ្រព្យរបស់យើងអំពីលោកនេះ នៅពេលដែលខន្ធលោកនេះត្រូវភ្លើង គឺមរណៈឆាបឆេះ ដូចជាផ្ទះដែលត្រូវភ្លើងឆេះដូច្នោះឯង ។
- ស្មូមជាកល្យាណមិត្តដ៏ក្រៃលែង ព្រោះជាសម្លាញ់ក្នុងការឲ្យទាន និងព្រោះជាអ្នកជ្រោមជ្រែងជួយឲ្យបានដល់ពុទ្ធភូមិ ដែលបានដោយលំបាកដ៏ក្រៃលែងជាងសម្បត្តិទាំងពួង ។
- ស្មូម ជាអ្នកលើកតម្កើងយើងក្នុងកម្មដ៏ក្រៃលែង ព្រោះដូច្នោះ គួរធ្វើនូវការលើកតម្កើងនោះ ឲ្យបានសម្រេចជាការពិត ។
- សូម្បីគេមិនសូម ក៏យើងឲ្យដែរ ព្រោះជីវិតរបស់គេប្រាកដច្បាស់ស្រេចហើយ មិនចាំបាច់និយាយដល់ការសូមនោះឡើយ ។
- ស្មូមមកហើយដោយខ្លួនឯង ត្រូវតាមអធ្យាស្រ័យក៏ក្រៃលែង មិនចាំបាច់ស្វែងរក គួរឲ្យដោយបុណ្យរបស់យើង ។
- ការអនុគ្រោះរបស់យើងនេះ ដោយសំដៅដល់ការឲ្យទានដល់ស្មូមយាចក យើងគួរអនុគ្រោះសត្វលោក ដូចអនុគ្រោះខ្លួនយើង ។
- កាលបើស្មូមយាចកមិនមានទេ ទានបារមីរបស់យើងនឹងគប្បីបំពេញបានយ៉ាងដូចម្តេច ។
- យើងគប្បីជាទីស្រឡាញ់ និងជាទីពេញចិត្តរបស់ស្មូមទាំងឡាយបានយ៉ាងណា ។
- ស្មូមយាចកទាំងនោះ គប្បីជាទីស្រឡាញ់ ជាទីពេញចិត្តរបស់យើងបានយ៉ាងដូចម្តេចដែរ ។
- នៅពេលឲ្យ យើងក៏ពេញចិត្ត លុះឲ្យរួចហើយក៏រីករាយ កើតបីតិសោមនស្សបាននោះ តើយ៉ាងណាទៅ ។
- កាលបើទ្រព្យមាន ស្មូមយាចកក៏មាន តែមិនបរិច្ចាគ គឺវាជាការបោកបញ្ជោតខ្លួនឯងដ៏ក្រៃលែង ។
ស្រង់ចាកពី សៀវភៅ " បារមី ភាគ១ "
រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1772/textd-15585385.png
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៩,៩៤៧ ដង)
ព្រះសម្មាសម្ពុទ្ធនៃយើង ទ្រង់បានជ្រាបច្បាស់នូវអនុភាពនៃព្រហ្មវិហារធម៌ គឺមេត្តា ករុណា.. ដោយអំណាចនៃវិមោក្ខ មានសុភបរមវិមោក្ខជាដើម ជាគ្រឿងបំពេញនូវកល្យាណធម៌ទាំងពួងមានទានបារមីជាដើម ទ្រង់ខំបំពេញអស់កាល៤អសង្ខេយ្យ ១សែនកប្ប ចាប់ដើមតាំងពីព្រះអង្គ កាលដែលកើតជាព្រហ្មណ៍ម្នាក់ឈ្មោះ សុមេធព្រាហ្មណ៍ ជាអ្នកមានទ្រព្យសម្បត្តិច្រើន
images/articles/1959/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៧,៥៤៨ ដង)
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់បង្អុរនូវភ្លៀងគឺព្រះធម៌ ដូចជាទឹកភ្លៀង បង្អុរចុះអំពីអាកាស ។
ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធអង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ខ្ញុំកាន់ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ
images/articles/1964/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៤០,៨៤២ ដង)
បុដកបូជកត្ថេរាបទាន
ព្រះពុទ្ធព្រះនាមវិបស្សី ជានាយកនៃលោក ទ្រង់ស្តេចចេញពីបង្ហារសម្រាប់សម្រាក ក្នុងវេលាថ្ងៃ ទ្រង់ធ្វើព្រះដំណើរទៅដើម្បីភិក្ខា បានទ្រង់ចូលសំដៅទៅរកខ្ញុំ ។
លំដាប់នោះ ខ្ញុំមានបិតិសោមនស្ស ក៏បានប្រគេននូវកញ្ចប់អំបិល ដល់ព្រះពុទ្ធជាបុគ្គលប្រសើរ ប្រកបដោយតាទិគុណ ដោយសារកុសលនេះ ក៏បានរីករាយក្នុងឋានសួគ៌ អស់មួយកប្ប ។
images/articles/1974/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៦,៣៨០ ដង)
ឧបដ្ឋាយិកត្ថេរាបទាន
ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក ។ ខ្ញុំបានថ្វាយឧបដ្ឋាកម្នាក់ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង ។ ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញប្រសើរ ទ្រង់ទទួលហើយប្រគល់ឲ្យខ្ញុំវិញទ្រង់ក្រោកចាកអាសនៈនោះ
images/articles/1983/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២០,៦៨០ ដង)
តតិយវគ្គ ទានសូត្រ
នៅក្នុងបិដកលេខ ៥៣ ទំព័រ ២៥ព្រះអង្គទ្រង់ត្រាស់អំពី (ការឲ្យទានដែលមានផលច្រើន) ដោយមានសេចក្តីថា ៖
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើង ម៉្យាងទៀត មន្ទិលគឺសេចក្តីកំណាញ់របស់សត្វទាំងនោះ
images/articles/1999/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១០,៩០៩ ដង)
កិរិយាបរិច្ចាគទាន
ការធ្វើប្រយោជន៍ដល់សង្គម ជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ព្រះពុទ្ធប្រៀនប្រដៅយើងឲ្យចេះធ្វើប្រយោជន៍ក្នុងសង្គម ។ មនុស្សយើងតាំងពីតូចមកដល់ធំ រស់នៅបានដោយសារទាន បានដល់ការឲ្យចំណីចំណុក ចិញ្ចឹមបីបាច់ថែរក្សាពីឪពុកម្តាយ បើគាត់មិនឲ្យយើងទេ យើងនឹងស្លាប់ ។ យើងអាចចេះដឹង អានអក្សរកើត ដោយសារលោកគ្រូអ្នកគ្រូបានប្រគល់ឲ្យនូវចំណេះដឹងដល់យើង ។
images/articles/3175/______________________________.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣ (អាន: ១,១៥៣ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖
១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។
២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។
៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។
៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។
៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។
៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។
៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។
៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។
៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។
១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា
១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។
១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។
១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។
១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។
១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។
១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។
១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។
១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។
១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។
២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។
២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។
២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។
២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត
២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។
២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត
២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។
២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។
២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។
២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។
៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌)
ដោយ៥០០០ឆ្នាំ
images/articles/3196/____________________________________.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣ (អាន: ១,០៩២ ដង)
កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្រ នៅក្នុងនគរហង្សវតី ជាអ្នកឆ្អែតស្កប់ស្កល់ដោយកាមគុណទាំងឡាយ ញុំាងគេឲ្យចោមរោម។ កាលនោះ ខ្ញុំឡើងកាន់ប្រាសាទទាំង ៣ ប្រើប្រាស់ភោគៈច្រើន ញុំាងគេឲ្យចោមរោមដោយការរាំច្រៀង ក្នុងប្រាសាទនោះ។ តូរ្យតន្រ្តីប្រកបដោយការប្រគំដ៏ពីរោះ ដែលគេនាំមកដើម្បីខ្ញុំ ពួកស្រីទាំងអស់ កាលត្រេកអរ រមែងដឹកនាំនូវចិត្តខ្ញុំ។ ពួកស្រីកំពុងពេញល្បែង ពួកស្រីតឿ ពួកស្រីពេញរូបរាង ពួកស្រីចំទង់ ពួកស្រីឡើងរ៉ាវ និងពួកស្រីត្លុក តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកអ្នកប្រគំ ពួកអ្នកដំស្គ ពួកអ្នករបាំ ជាច្រើនគ្នា ពួករបាំប្រុសស្រី តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកជាងកំណោរ ពួកអ្នកផ្ងូតទឹក ពួកអ្នកដាំស្ល ពួកអ្នកធ្វើផ្កាកម្រង ពួកសុបាសកជន ពួកអ្នកប្រដាល់ ពួកអ្នកចំបាប់ទាំងអស់នោះ តែងចោមរោមខ្ញុំសព្វៗ កាល។
កាលពួកជនទាំងនុ៎ះ កំពុងលេងក្នុងការបាញ់ធ្នូដែលសិក្សាស្ទាត់ហើយ ខ្ញុំឥតស្គាល់យប់ និងថ្ងៃឡើយ ដូចជាព្រះឥន្រ្ទឋិតនៅក្នុងតាវត្តិង្សបុរី។ ពួកអ្នកដើរផ្លូវ ពួកអ្នកកំព្រា ពួកយាចក ពួកអ្នកដើរជាច្រើនគ្នា អ្នកទាំងអស់នោះ តែងចូលទៅសុំទានក្នុងផ្ទះខ្ញុំជានិច្ច។ ពួកសមណៈ និងព្រាហ្មណ៍ជាបុញ្ញក្ខេត្តដ៏ប្រសើរ ញុំាងបុណ្យឲ្យចម្រើនដល់ខ្ញុំ តែងមកកាន់ផ្ទះខ្ញុំ។ ពួកនិគ្រន្ថទាំងអស់នោះ គឺពួកបដកៈ លដុកៈ បុប្ផសាដកៈ ទណ្ឌិកៈ ឯកសិខៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តចិញ្ចឹមជីវិតដោយប្រពៃ ពួកអ្នកប្លន់ដណ្តើមទ្រព្យគេ ពួកអ្នកប្រព្រឹត្តធម៌ដូចគោ ពួកអ្នកប្រព្រឹត្តធម៌ដូចទេវតា ពួកអ្នកទ្រទ្រង់ល្អងធូលីទាំងនុ៎ះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តធម៌ ពួកអ្នកដល់នូវការសម្រេចហេតុផ្សេងៗ ពួកអ្នកប្រជុំគ្នារម្ងាប់ការក្រោធ ពួកអ្នកមានតបៈ និងពួកអ្នកប្រព្រឹត្តនៅក្នុងព្រៃជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនខ្វាក់ ពួកទមិឡ ពួកអ្នកដែនសាកុឡៈ ពួកអ្នកដែនមលយាលកៈ ពួកអ្នកដែនសវរៈ និងពួកអ្នកដែនយោនកៈ តែងមកកាន់ផ្ទះខ្ញុំ។
ពួកអ្នកដែនគន្ធកៈ ពួកអ្នកដែនមុណ្ឌកៈ ពួកអ្នកដែនកុដ្ឋលៈ ពួកអ្នកដែនសានុវិន្ទកៈ ពួកអ្នកដែនអារាព និងពួកអ្នកដែនចិន តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកអាស្រ័យនៅភ្នំអលសន្ទកៈ ពួកអ្នកអាស្រ័យនៅភ្នំបល្លវៈ ពួកអ្នកឡើងកំពូលភ្នំ និងពួកចេតបុត្ត អ្នកនៅក្រៅដែន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនមធុរៈ ពួកជនអ្នកនៅក្នុងដែនកោសល ពួកជនអ្នកនៅក្នុងដែនកាសី ពួកជនអ្នកនៅក្នុងដែនហត្ថិបុរី ពួកជនអ្នកនៅក្នុងដែនឥសិន្ទៈ និងពួកជនអ្នកនៅក្នុងដែនមក្កលៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនចេលាវកៈ ពួកជនអ្នកនៅក្នុងដែនអារម្ពៈ ពួកជនអ្នកនៅក្នុងដែនឱភាសៈ ពួកជនអ្នកនៅក្នុងដែនមេឃលៈ ពួកជនអ្នកនៅក្នុងដែនខុទ្ទកៈ និងពួកជនអ្នកនៅក្នុងដែនសុទ្ទកៈជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនរោហកៈ ពួកជនអ្នកនៅក្នុងដែនសិន្ទវៈ ពួកជនអ្នកនៅក្នុងដែនចិត្តកៈ ពួកជនអ្នកនៅក្នុងដែនឯកកណ្ណិកៈ ពួកជនអ្នកនៅក្នុងដែនសុរដ្ឋៈ និងពួកជនអ្នកនៅក្នុងដែនអបរន្តៈ តែងមកកាន់ផ្ទះខ្ញុំ។
ពួកកុមារនៅក្នុងដែនសុបារកៈ នៅក្នុងដែនមលយៈ នៅក្នុងសោណភូមិ នៅក្នុងដែនវិជ្ជហារ ពួកជនទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងផ្កាកម្រង ពួកជាងតម្បាញ ពួកជាងធ្វើស្បែក ពួកជាងចាំងឈើ ពួកអ្នកធ្វើការងារ និងពួកស្មូនឆ្នាំង តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកែវមណី ពួកជាងលោហៈ ពួកជាងមាស ពួកជាងត្បាញសំពត់ និងពួកជាងសំណ ទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកូនសរ ពួកជាងក្រឡឹង ពួកជាងតម្បាញ ពួកអ្នកធ្វើទឹកអប់ ពួកជាងជ្រលក់ និងពួកជាងជុល តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកស្លប្រេង ពួកអ្នកនាំឧស ពួកអ្នកដងទឹក ពួកអ្នកចិញ្រ្ចាំសាច់ ពួកអ្នកដាំស្ល និងពួកអ្នកឈ្លាសវៃក្នុងសំឡេង តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកចាំទ្វារ ពួកអ្នករក្សាអង្គ ពួកអ្នកក្រងផ្កា ពួកអ្នកចាក់ចោលផ្កា ពួកអ្នកជិះដំរី និងពួកគង្វាលដំរី តែងមកកាន់ផ្ទះខ្ញុំ។ ខ្ញុំបានឲ្យសាមគ្គី ដល់ស្តេចឈ្មោះអានន្ទៈ ខ្ញុំបំពេញសេចក្តីខ្វះខាតដោយរតនៈមានពណ៌ ៧។
ពួកជនជាច្រើនទាំងអស់ណា មានវណ្ណៈផ្សេងៗគ្នា ដែលខ្ញុំបានពណ៌នារួចហើយ ខ្ញុំដឹងចិត្តនៃជននោះ ហើយឲ្យឆ្អែតស្កប់ស្កល់ដោយរតនវត្ថុ។ កាលបើគេនិយាយពាក្យពីរោះ កាលបើគេទួងស្គរឡើង កាលបើគេផ្លុំស័ង្ខឡើង ខ្ញុំត្រេកអរតែក្នុងផ្ទះរបស់ខ្លួន។ សម័យនោះ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រមទាំងព្រះខីណាស្រពមួយសែនអង្គ កើតមានឡើងហើយ។ ព្រះសម្ពុទ្ធមានចក្ខុ ព្រមដោយភិក្ខុទាំងឡាយ ទ្រង់ស្តេចទៅតាមថ្នល់ រុងរឿងដូចជាដើមទីបព្រឹក្ស ដែលញុំាងទិសទាំងពួងឲ្យភ្លឺ។ កាលបើព្រះលោកនាយកស្តេចយាងទៅ ស្គរទាំងពួង ក៏លាន់ឮឡើង រស្មីរបស់ព្រះពុទ្ធក៏ផ្សាយចេញទៅ ហាក់ដូចព្រះអាទិត្យទើបនឹងរះ។ ខណៈនោះ ពន្លឺដ៏ធំទូលាយ ចាំងចូលទៅក្នុងផ្ទះទាំងឡាយ ដោយរស្មីផ្សាយចូលទៅតាមចន្លោះសន្ទះទ្វារ។ ខ្ញុំបានឃើញរស្មីរបស់ព្រះពុទ្ធហើយ បានប្រាប់បរិស័ទខ្ញុំថា ព្រះពុទ្ធដ៏ប្រសើរ ស្តេចយាងមកតាមថ្នល់នេះដោយឥតសង្ស័យ។
ខ្ញុំបានចុះអំពីប្រាសាទដោយរហ័ស ទៅរង់ចាំពាក់កណ្តាលផ្លូវ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយក្រាបបង្គំទូលថា សូមព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ អនុគ្រោះដល់ខ្ញុំព្រះអង្គ។ ព្រះពុទ្ធជាអ្នកប្រាជ្ញអង្គនោះ ទ្រង់ទទួលនិមន្ត មួយអន្លើដោយពួកភិក្ខុមួយសែនអង្គ។ លុះខ្ញុំនិមន្តព្រះសម្ពុទ្ធរួចហើយ នាំព្រះអង្គទៅឯផ្ទះរបស់ខ្ញុំ ញុំាងព្រះមហាមុនីឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងផ្ទះនោះ។ ខ្ញុំបានដឹងកាលដ៏គួរនៃព្រះពុទ្ធដ៏ប្រសើរ ជាតាទិបុគ្គល ទ្រង់ឆាន់រួចហើយ ក៏បម្រើព្រះពុទ្ធដ៏ប្រសើរដោយតូរ្យតន្រ្តី ព្រមទាំងចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់គង់នៅខាងក្នុងផ្ទះ ហើយត្រាស់គាថាទាំងនេះថាបុគ្គលណា បានបម្រើតថាគតដោយតូរ្យតន្រ្តីផង បានថ្វាយបាយ និងទឹកផង ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ នរៈនេះ នឹងមានគ្រឿងបរិភោគច្រើន ព្រមទាំងមាសប្រាក់ ភោជន និងបានសោយឯករាជ្យក្នុងទ្វីប ៤។
នរៈនេះ នឹងសមាទានសីល ៥ ត្រេកអរក្នុងកុសលកម្មបថ ១០ ប្រព្រឹត្តសមាទានកុសលធម៌ ហើយនឹងញុំាងបរិស័ទឲ្យសិក្សា។ តូរ្យតន្រ្តីមួយសែន និងពួកនារីមានខ្លួនប្រដាប់ប្រពៃ តែងគាល់បម្រើនរៈនេះជានិច្ច នេះជាផលនៃការបម្រើ។ នរៈនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាព្រះឥន្រ្ទសោយរាជ្យជាស្តេចទេវតា អស់ ៦៤ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៤ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ្យ ត្រាស់ដឹងក្នុងលោក។ នរៈនេះ បើចូលទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកមានភោគៈមិនខ្វះខាត ក្នុងបច្ឆិមជាតិ នឹងបាននូវភាពជាមនុស្ស។ ក្នុងកាលនោះ នរៈនេះ ជាអ្នកស្វាធ្យាយមន្ត ដល់នូវត្រើយនៃវេទទាំង ៣ កាលស្វែងរកប្រយោជន៍ដ៏ឧត្តម នឹងត្រាច់ទៅតាមផែនដី។ នរៈនោះ លុះកាលជាខាងក្រោយ ក៏ចេញបួស ត្រូវកុសលមូលដាស់តឿន នឹងតេ្រកអរក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។
នរៈនេះ នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ នឹងដុតកំដៅនូវកិលេសទាំងឡាយ ហើយបានជាព្រះអរហន្ត។
ថ្ងៃនេះ ខ្ញុំនៅក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្រ ខ្ញុំឥតភ័យ ដូចជាស្តេចខ្លាធំ ឬដូចជាកេសររាជសីហ៍ ជាស្តេចម្រឹគនៅក្នុងព្រៃ។ ខ្ញុំមិនដែលឃើញនូវកំណើតរបស់ខ្ញុំក្នុងទេវលោកកំសត់ ឬក្នុងកំណើតមនុស្សកំសត់ ឬក៏ក្នុងទុគ្គតិឡើយ នេះជាផលនៃការបម្រើ។ ខ្ញុំជាអ្នកប្រកបក្នុងវិវេក ជាអ្នកមានចិត្តស្ងប់ មិនមានឧបធិ មិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះជតុកណ្ណិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។ ចប់ ជតុកណ្ណិកត្ថេរាបទាន។
បិដក ភាគ ៧៤ - ទំព័រទី ២៦០
ជតុកណ្ណិកត្ថេរាបទាន ទី៩
ដោយ៥០០០ឆ្នាំ