10
Wednesday, 27 Jan B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 133,503
Today
Yesterday 185,527
This Month 5,200,721
Total ១៦៨,៩៤៧,៧៣៥
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/2690/tex986tyrtpic.jpg
Public date : 26, Jan 2021 (40683 Read)
(មិនមែនដូចរូបគំនូរដែលមានព្រះឥន្ទ្រមកដេញពិណថ្វាយ)ព្រះពោធិសត្វពិរចារណារកឃើញមជ្ឈិមប្បដិទា ដោយបានបែរត្រឡប់ពីការបដិបត្តិទុក្ករកិរិយាដោយខ្លួនព្រះអង្គឯង មិនមែនដោយព្រះឥន្ទ្រមកក្រើនរំលឹកដោយដេញពិណ ឬដោយបុគ្គលណាមួយមកពន្យល់ណែនាំឡើយ ។ មានគម្ពីរខ្លះបានសម្ដែងត្រង់ចំណុចហ្នឹងថា ព្រះឥន្ទ្រមកដេញពិណឲ្យព្រះអង្គពិចារណា ហើយក៏មានបុគ្គលមួយចំនួនខ្លះ ដោយមិនបានសិក្សាស្រាវជ្រាវតាមបិដកអដ្ឋកថា ក៏កាន់យកតៗគ្នាមកដល់សព្វថ្ងៃ ដូចមានជាក់ស្ដែងក្នុងរូបគំនូរនានាតាមវត្តអារាមជាដើម តែការយល់ដូច្នេះ មិនត្រឹមត្រូវតាមព្រះត្រៃបិដកដែលព្រះអង្គបានសម្ដែងផ្ទាល់ឡើយ សេចក្ដីពិត គឺព្រះអង្គបានពិចារណាដោយខ្លួនឯងដល់កាលដែលព្រះអង្គនៅជាកុមារតូច ដែលក្នុងកាលនោះ ទ្រង់ធ្លាប់បានសម្រេចបឋមជ្ឈាន ទើបទ្រង់ត្រិះរិះថា នេះជាផ្លូវត្រាស់ដឹងហ៎្ន ។ ខ្ញុំលើកសេចក្ដីនេះដោយដកស្រង់ចេញពីសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ មហាសច្ចកសូត្រ បិដកលេខ ២២ ទំព័រ ១២១ ព្រះមានព្រះភាគសម្ដែងថាម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ជន ទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។ ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ នឹងវិចារៈ មានបីតិនឹងសុខ ដែលកើត អំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ ទេដឹង ។ ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿង រឭកតាមនូវស្មារតី ក៏កើតឡើងដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការ ត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខ ណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាច សេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។ (ដោយ អវតារ) ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
Public date : 26, Jan 2021 (41885 Read)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ? ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។ ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2688/te3223pic.jpg
Public date : 26, Jan 2021 (29883 Read)
ការសម្រេចធម៌និងការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈក្នុងវេលាដែលព្រះមានព្រះភាគទ្រង់យាងបិណ្ឌបាតប្រព្រឹត្តកិច្ចប្រោសសត្វ ដែល ពុទ្ធវង្សរបស់ព្រះអង្គ ។ ព្រះបាទសុទ្ធោទនៈជាពុទ្ធបិតា បាន​យាងទៅឃាត់ ហើយបានស្ដាប់ ព្រះគាថាដែលព្រះមានព្រះភាគទ្រង់សម្ដែង ក៏បានសម្រេចសោតាបត្តិផល ដោយ ព្រះគាថានេះថាៈ ឧត្តិដ្ឋេ នប្បមជ្ជេយ្យ, ធម្មំ សុចរិតំ ចរេ; ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។ បុគ្គលមិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ សុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ហើយព្រះបាទសុទ្ធោទនៈ ក៏បានសម្រេចសកទាគាមិផលដោយស្ដាប់ព្រះគាថានេះថា ធម្មំ ចរេ សុចរិតំ, ន នំ ទុច្ចរិតំ ចរេ; ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។ បុគ្គលគួរប្រព្រឹត្តធម៌ឲសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ធម្មបាលជាតកំ សុត្វា អនាគាមិផលេ បតិដ្ឋាសិ ហើយព្រះរាជាបានស្ដាប់នូវ ធម្មបាលជាតក (ក្នុងថ្ងៃខាងក្រោយអំពីការបួសរបស់ព្រះនន្ទ) ទ្រង់ក៏បានតាំងនៅក្នុង អនាគាមិផល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត មហាធម្មបាលជាតក បិដកលេខ ៥៩ ទំព័រ ១៨៦) មរណសមយេ សេតច្ឆត្តស្ស ហេដ្ឋា សិរិសយនេ និបន្នោយេវ អរហត្តំ បាបុណិ។ អរញ្ញវាសេន បធានានុយោគកិច្ចំ រញ្ញោ នាហោសិ។ ក្នុងមរណសម័យ (ពេលជិតនឹងស្លាប់) ព្រះបាទសុទ្ធោទនៈទ្រង់ផ្ទុំលើសិរិសយនៈ ខាងក្រោមស្វេតច្ឆត្រប៉ុណ្ណោះ ហើយបានដល់នូវព្រះអរហត្ត ។ កិច្ចដែលត្រូវប្រកបដោយ សេចក្ដីព្យាយាមជាគ្រឿងតម្កល់ទុកដោយអរញ្ញវាស (ព្រៃជាទីនៅ) មិនមានដល់ ព្រះរាជាឡើយ ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក មហាវគ្គ មហាខន្ធកៈ រាហុលវត្ថុកថា ត្រង់ព្រះសម្មាសម្ពុទ្ធទ្រង់យាងនិវត្តទៅនគរកបិលពស្ដុតាមការអារាធនារបស់ព្រះកាឡុទាយីដែលជារាជទូតរបស់ព្រះពុទ្ធបិតា) សេចក្ដីសន្និដ្ឋាន : កាលដែលព្រះបាទសុទ្ធោទនៈសម្រេចព្រះអរហត្តហើយបរិនិព្វាននេះ មិនមែនកើតឡើងក្នុងរវាងវស្សាទី ៤ ឬ ទី ៥ ដូចដែលគម្ពីរជិនមហានិទាន និង ព្រះសាវកនិព្វាន សម្ដែងនោះឡើយ មិនមានបញ្ជាក់ក្នុងគម្ពីរព្រះត្រៃបិដក ឬអដ្ឋកថា ។ រឿងនេះអាចកើតឡើងក្នុងពេលវេលាព្រះសម្មា​សម្ពុទ្ធ​ទ្រង់យាងជាលើកដំបូងនោះឯង ដោយអាងទៅលើរឿងការចេញបួសរបស់ស្ដេចសក្យទាំង ៦ (គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិល ១ ទេវទត្ត ១) គប្បីពិចារណាដល់ស្ដេចដែលត្រូវសោយរាជសម្បត្តិ ។ ថ្ងៃពុធ ១៥ កើត ខែចែត្រ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2687/te43xtsspic.jpg
Public date : 26, Jan 2021 (28742 Read)
អង្គាទិ ១. អង្គំ ការទាយអវយវៈខ្លះ ២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ ៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ ៤. សុបិនំ ទាយយល់សបិ្តខ្លះ ៥. លក្ខណំ ទាយលក្ខណៈខ្លះ ៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ ៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ ៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ ៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ ១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ ១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ ១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ ១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ ១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ ១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ ១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ ១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ ១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ ១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ ២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ ២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ ២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ ២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ ២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ ២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ ២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ ២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ ២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ ២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ ៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។ មណិលក្ខណាទិ ៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ ៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ ៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ ៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ ៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ ៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ ៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ ៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ ៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ ៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ ៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ ៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ ៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ ៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ ៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ ៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ ៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ ៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ ៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ ៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ ៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ ៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ ៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ ៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ ៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ ៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។ រញ្ញោទិ ៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។ ៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។ ៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។ ៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។ ៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។ ៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។ ៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។ ៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។ ៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។ ៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ ៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។ ចន្ទគ្គាហោទិ ៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។ ៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។ ៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។ ៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។ ៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។ ៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។ ៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។ ៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។ ៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។ ៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។ ៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។ ៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។ ៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ សុវុដ្ឋិកាទិ ៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។ ៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។ ៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។ ៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។ ៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។ ៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។ ១០០. រោគោ ភវិស្សតិ នឹងមានរោគ ។ ១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។ ១០២. មុទ្ទា ការរាប់ដោយដៃទទេ ១០៣. គណនា ការរាប់ដោយវិធីនព្វន្ត ១០៤. សង្ខានំ រាប់បូក ១០៥. កាវេយ្យំ កាព្យឃ្លោង ១០៦. លោកាយតំ គម្ពីរលោកាយតៈ ។ អាវាហនាទិ ១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ ១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ ១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ ១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ ១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ ១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ ១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ ១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ ១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ ១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ ១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ ១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ ១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ ១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ ១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ ១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ ១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ ១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ ១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ សន្តិកម្មាទិ ១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ ១២៩. បណិធិកម្មំ លាបំណន់ខ្លះ ១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ ១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ ១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ ១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ ១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ ១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ ១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ ១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ ១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ ១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ១៥២. មូលភេសជ្ជានំ អនុប្បទានំដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ ១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល) បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។ តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។ វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។ សមន្តបាសាទិកា ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ ។ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។ ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទ វិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។ ដោយ៥០០០ឆ្នាំ
images/articles/2759/dfcdfvdvx.jpg
Public date : 26, Jan 2021 (35028 Read)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ ទ្រង់​​គង់​​ប្រថាប់​​នៅ​​នា​បុព្វារាម ឰ​ដ៏​មិគារ​មាតុ​ប្រាសាទ ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង គណកមោគ្គល្លានព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​ក្រាប​ទូល​សួរ​អំពី អនុបុព្វសិក្ខា ការ​សិក្សា​ជា​លំដាប់ អនុបុព្វកិរិយា ការ​ធ្វើ​ជា​លំដាប់ និង អនុបុព្វប្បដិបទា ការ​ដែល​មាន​បដិបទា​ជា​លំដាប់ ក្នុង​ធម្មវិន័យ​នេះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ប្រៀប​ទៅ​នឹង​ការ​ចង្អុល​បង្ហាញ​ប្រាប់​ផ្លូវ ដែល​មាន​ខ្លឹម​សារ​នៅ​ក្នុង​ព្រះសូត្រ បាន​ធ្វើ​ឱ្យ​ព្រាហ្មណ៍​ស្ដាប់​យល់ ព្រម​ដោយ​សេចក្ដី​ជ្រះ​ថ្លា ហើយ​បាន​ពោល​ពាក្យ​ដ៏​ពីរោះ អនុមោទនា​ព្រះធម៌ទេសនា ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ត​ទៅ ៖ កាល​បើ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​មាន​ព្រះពុទ្ធ​ដី​កា​យ៉ាង​នេះ​ហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏​ក្រាប​បង្គំ​ទូល​ព្រះមានព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន បុគ្គល​ទាំង​ឡាយ​ណា ជាអ្នក​មិន​មាន​សទ្ធា ត្រូវ​ការ​តែ​ចិញ្ចឹម​ជីវិត ចេញ​ចាក​ផ្ទះ​ទៅ​ចូល​កាន់​ផ្នួស ជា​អ្នក​លេង ជា​អ្នក​បិទ​បាំង​ទោស​ខ្លួន ជា​អ្នក​បញ្ឆោត ជា​អ្នក​មាន​ចិត្ត​រាយ​មាយ មាន​មានះ​ដុះ​ឡើង មាន​ចិត្ត​ឃ្លេង​ឃ្លោង មាន​មាត់​រឹង មាន​វា​ចា​រោយរាយ មិន​បាន​រក្សា​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ មិន​ដឹង​ប្រមាណ​ក្នុង​ភោជន មិន​ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក មិន​រមិល​មើល ក្នុង​សមណធម៌ ( ផ្នួស ) មិន​មាន​ការ​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា ជា​អ្នក​ល្មោភ​ច្រើន ជា​អ្នក​ប្រព្រឹត្តធូរ ជា​ប្រធាន​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម ដាក់​ធុរៈ​ចោល​ក្នុង​ទី​ស្ងាត់ ជា​អ្នក​ខ្ជិល​ច្រអូស មាន​ព្យាយាម​ក្នុង​អំពើ​ថោក​ទាប ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​បាន​តម្កល់​មាំ មាន​ចិត្ត​វិល​ខុស ឥតបញ្ញា ជា​អ្នក​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន មិន​បាន​នៅ​រួម​ជា​មួយ​នឹង​បុគ្គល​ទាំង​នោះ​ទេ ។ ឯ​កុលបុត្រ​ទាំង​ឡាយ​ណា ដែល​ចេញ​ចាក​ផ្ទះ​ចូល​ទៅ​កាន់​ផ្នួស ដោយ​សទ្ធា មិន​ជា​អ្នក​លេង មិន​បាន​បិទបាំង​ទោស​ខ្លួន មិន​ជា​អ្នក​បញ្ឆោត មាន​ចិត្ត​មិន​បាន​រាយ​មាយ មិន​មាន​មានះ​ដុះ​ឡើង មិន​មាន​ចិត្ត​ឃ្លេង​ឃ្លោង មិន​មាន​មាត់​រឹង មិន​មាន​វាចា​រោយរាយ ជា​អ្នក​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក ជា​អ្នក​រមិល​មើល​ក្នុង​សមណធម៌ មាន​សេចក្ដី​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា មិន​ជា​អ្នក​ល្មោភ​ច្រើន មិន​បាន​ប្រព្រឹត្ត​ធូរ ដាក់​ធុរៈ​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម​ចោល ជា​ប្រធាន​ក្នុង​ទី​ស្ងាត់ មាន​ព្យាយាម​តឹង​តែង មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន មាន​សតិ​តម្កល់​ខ្ជាប់ ដឹង​ខ្លួន មាន​ចិត្ត​តម្កល់​មាំ មាន​ចិត្ត​ប្រកប​ដោយ​អារម្មណ៍​តែ​មួយ មាន​បញ្ញា មិន​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន រមែង​នៅ​រួម​ជា​មួយ​នឹង​កុលបុត្រ​ទាំង​នោះ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​ជា​ក្លិន​នៃ​ឫស ឬ​មើម ណា​នី​មួយ ឫសស្គា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ឫសឬ​មើម ទាំង​អម្បាល​នោះ ក្លិន​នៃ​ខ្លឹម ណា​នី​មួយ ខ្លឹម​ចន្ទន៍​ក្រហម ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ខ្លឹម ទាំង​អម្បាល​នោះ ក្លិន​ផ្កា​ណា​មួយ ផ្កា​ម្លិះ​លា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ផ្កា​ទាំង​អម្បាល​នោះ យ៉ាង​ណា​មិញ ឱវាទ​របស់​ព្រះគោតម​ដ៏​ចម្រើន ក្នុង​ធម៌​ជា​គ្រឿង​ដុស​ខាត់​ចិត្ត​នៃ​សត្វ​ដទៃ ( ឱ្យស្អាត ) ក៏​យ៉ាង​នោះ​ឯង បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​បុគ្គល​ផ្ងារ​ឡើង​នូវ​វត្ថុ​ដែល​ផ្កាប់ ឬ​បើក​នូវ​វត្ថុ​ដែល​គេ​បិទ​បាំង ពុំ​នោះ ដូច​គេ​ប្រាប់​ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេង​ផ្លូវ ពុំ​នោះ​សោត ដូច​គេ​ទ្រោល​ប្រទីប​ប្រេង បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា បុរស​អ្នក​មាន​ភ្នែក​រមែង​មើល​ឃើញ​រូប​ទាំង​ឡាយ​បាន យ៉ាង​ណា​មិញ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​សម្ដែង​ហើយ ដោយ​អនេក​បរិយាយ ក៏​យ៉ាង​នោះ​ឯង ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវព្រះគោតម​ដ៏​ចម្រើន ទាំង​ព្រះធម៌ ទាំង​ព្រះភិក្ខុ​សង្ឃ ជាទី​ពឹង​ទី​រលឹក សូម​ព្រះគោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត ក្នុង​កាល​មាន​ថ្ងៃ​នេះ​ជា​ដើម​ទៅ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
Public date : 26, Jan 2021 (34372 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ស្ដេច​គង់​នៅ​ក្នុង​កូដាគារសាលា នាមហាវ័ន ជិត​ក្រុងវេសាលី ។ សម័យ​នោះ​ឯង មាន​ភិក្ខុ​ច្រើន​អង្គ ប្រកាស​អរហត្ត​ផល​ក្នុង​សម្នាក់​ព្រះដ៏មាន​ព្រះភាគ ហើយ​សុនក្ខត្តលិច្ឆវិបុត្ត បាន​ចូល​ទូល​សួរ​បញ្ហា​នឹង​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​ទាំង​នោះ បាន​ប្រកាស​ព្រះអរហត្តផល ដោយ​ប្រពៃ​មែន​ពិត ឬ​ថា មាន​ភិក្ខុ​ពួក​ខ្លះ​ក្នុង​ចំណោម​នេះ បាន​ប្រកាស​ព្រះអរហត្តផល​ដោយ​អធិមានះ គឺ​គ្រាន់​តែ​សម្គាល់​ថា​ខ្លួន​បាន​សម្រេច​ប៉ុណ្ណោះ​ទេ ។ អធិមានះ គឺ​បុថុជ្ជន​ដែល​ចម្រើន​សមថវិបស្សនា ហើយ​មាន​សេចក្ដី​សម្គាល់​ក្នុង​ធម៌​លោកុត្តរៈ ដែល​ខ្លួន​មិន​ទាន់​បាន​សម្រេច ថា​បាន​សម្រេច​ហើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​ថា​មាន​ដូច្នោះ​មែន ក្នុង​រឿង​នេះ ព្រះអង្គ​ទ្រង់​មាន​សេចក្ដី​ត្រិះរិះ​យ៉ាង​នេះ​ថា តថាគត​នឹង​សម្ដែងធម៌​ដល់​ភិក្ខុ​នោះ ធ្វើ​ឱ្យ​បរិសុទ្ធ ឱ្យ​ពិត​ប្រាកដ ។ ជា​បន្ត ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​អំពី​ពួក​ភិក្ខុ​ដទៃ​ផ្សេង​ទៀត ដែល​មាន​នូវ​ឥច្ឆាចារ គឺ​មាន​ការ​ប្រាថ្នា​អាក្រក់​លាមក ជា​មោឃបុរស តាក់​តែង​បញ្ហា​ចូល​មក​រកតថាគត​ហើយ មិន​បាន​ចេះ​ដឹង​ក្នុង​បញ្ហា​នោះ ក៏​ធ្វើ​ដូច​ជា​ចេះ​ដឹង មិន​បាន​សម្រេច​គុណ​វិសេស ធ្វើ​ដូច​ជា​បាន​សម្រេច ត្រាច់​ទៅ​តាម​ស្រុក​និគម ពោល​អួត​នូវ​គុណ​វិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ នឹង​ជា​ទុក្ខ​ដល់​មោឃបុរស​នោះ អស់​កាល​ជា​អង្វែង ។ ក្នុង​រឿង​នេះ ព្រះតថាគត​ទ្រង់​ព្រះ​តម្រិះ​ថា តថាគត​នឹង​សម្ដែង​ធម៌​ដល់​ពួក​ភិក្ខុ​អ្នក​បដិបត្តិ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ទាំង​នោះ ដោយ​ប្រការ​ដទៃ​ផ្សេង​អំពី​ពួក​ភិក្ខុ​ដែល​មាន​នូវ​អធិមានះ​នោះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​កាម​គុណ ៥ និង​ឋានៈ​ដែល​នាំ​ឱ្យ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​រមែង​មាន ។ ពាក្យ​សម្ដី​របស់​បុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ តែ​ហា​មាត់​និយាយ​ឡើង រមែង​រអិល​ធ្លាក់​ចូល​ទៅ​រក​កាម​គុណ​ផង គេ​តែង​ត្រិះរិះ​រឿយ​ៗ ប្រព្រឹត្ត​ទៅ​ក្នុង​កាម​គុណ​នោះ​ផង តែង​គប់​រក​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​មាន​សភាព​បែប​នោះ​ផង ចំណែក​ខាង​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ប្រកប​ដោយ​អានេញ្ជសមាបត្តិ ( សមាបត្តិ​ដែល​មិន​ញាប់ញ័រ​នឹង​កាម​គុណ មិន​ញាប់​ញ័រ​នឹង​រូប មិន​ញាប់​ញ័រ​ដោយ​កិលេស ) បុគ្គល​នោះ មិន​ចង់​ស្ដាប់ មិន​ផ្ចង់​ត្រចៀក មិន​តាំង​ចិត្ត​ដើម្បី​ដឹង មិន​សេព​គប់ មិន​យក​ចិត្តទុក​ដាក់​ដោយ​សេចក្ដី​គោរព​ឡើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​ឋានៈ​ដែល​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អានេញ្ជសមាបត្តិ ឱន​ទៅ​រក​អាកិញ្ចញ្ញាយតនសមាបត្តិ ឱន​ទៅ​រក​នេវសញ្ញានាសញ្ញាយតនសមាបត្តិ និង​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ។ ពិត​មែន​តែ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ប៉ុន្តែ​បើ​មិន​បដិបត្តិ​សង្រួម​ឥន្ទ្រិយ​ទេ រាគៈ​ក៏​គ្រប​សង្កត់​ចិត្ត ព្រោះ​ហេតុ​តែ​នៅ​មាន​អនុស័យ គឺ​កិលេស​ដែល​នៅ​មិន​ទាន់​បាន​លះហ្នឹងឯង ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​នោះ លុះ​ត្រូវ​រាគៈ​គ្រប​សង្កត់​ចិត្ត​ហើយ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ដល់​នូវ​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រៀប​ទៅ​នឹង​បុរស​ដែល​ត្រូវ​សរត្រាំ​ដោយ​ថ្នាំ​ពិស កាល​ដែល​គ្រូពេទ្យ​ដក​សរពិស​នោះ​ចេញ​ហើយ ប្រាប់​ឱ្យ​បុរស​នោះ​ថែរក្សា​មុខ​របួស មាន​ការ​តម​ចំណី​ទាស់​ជា​ដើម កុំ​ឱ្យ​ដំបៅរីក ប៉ុន្តែ​ព្រោះ​តែ​បុរស​នោះ មិន​បាន​ធ្វើ​តាម​គ្រូពេទ្យ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ទុក្ខ​វេទនា​ស្ទើរ​តែ​នឹង​ស្លាប់ យ៉ាង​ណា​មិញ ការ​មិន​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ដូច​ជា​ការ​មិន​ថែរក្សា​មុខ​របួស យ៉ាង​នោះ​ឯង ។ ពាក្យ​ថា​ដល់​នូវ​សេចក្ដី​ស្លាប់​នេះ ក្នុង​អរិយវិន័យ សំដៅ​យក​ភិក្ខុ​ដែល​ពោល​លា​សិក្ខា ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ហីនភេទ​វិញ ឯ​ចំណែក​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់​នេះ សំដៅ​ដល់​ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​ធ្ងន់​ណា​មួយ ដែល​នាំ​ឱ្យ​សៅ​ហ្មង​ព្រម ។ ចំណែ​កបុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ហើយ​មាន​ការ​ប្រព្រឹត្ត​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ខាង​ចុង​ព្រះសូត្រ​នេះ ដែល​មាន​ខ្លឹម​សារ​ពី​រោះ​ដូច​ត​ទៅ ៖ ម្នាល​សុនក្ខត្ត សេចក្ដី​ឧបមា​នេះ តថាគត​បាន​ធ្វើ​ដើម្បី​នឹង​ញ៉ាំង​ជន​ឱ្យ​ដឹង​សេចក្ដី ។ ឯសេចក្ដី​ក្នុង​ឧបមានុ៎ះ​ដូច​ត​ទៅ​នេះ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ដំបៅ នុ៎ះ ជា​ឈ្មោះ​នៃ​អាយតនៈ ដែល​ប្រព្រឹត្ត​ទៅ​ខាង​ក្នុង​ទាំង ៦ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ពិស​ជា​ទោស នុ៎ះ ជា​ឈ្មោះ​នៃ​អវិជ្ជា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សរ នុ៎ះ ជា​ឈ្មោះ​នៃ​តណ្ហា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា គ្រឿង​សម្រាប់​រាវ​រក នុ៎ះ ជាឈ្មោះ​នៃ​ស្មារតី ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សស្ត្រា នុ៎ះ ជា​ឈ្មោះ​នៃ​បញ្ញា​ដ៏​ប្រសើរ ។ ម្នាល​សុនក្ខត្ត ពាក្យថា ពេទ្យ​វះ​ដ៏​ជំនាញ នុ៎ះ ជា​ឈ្មោះ​នៃ​ព្រះតថាគត​អរហន្តសម្មាសម្ពុទ្ធ ។ ម្នាល​សុនក្ខត្ត ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ​ទាំង ៦ ដឹង​ច្បាស់​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស ជា​អ្នក​រួច​ស្រឡះ​ហើយ ព្រោះ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោន​កាយ ឬ​នឹង​ផ្ដេក​ផ្ដួល​ចិត្ត​ទៅ​ក្នុង​កិលេស ពាក្យ​ដូច្នេះ​នេះ មិន​សម​ហេតុ​ឡើយ ។ ម្នាល​សុនក្ខត្ត ដូច​ផ្តិល​សំរឹទ្ធិ ដល់​ព្រម​ដោយ​ពណ៌ ដោយ​ក្លិន ដោយ​រស តែ​ថា​ផ្តិល​សំរឹទ្ធិ​នោះ​ប្រឡាក់​ដោយ​ថ្នាំពិស ។ កាល​បើ​មាន​បុរស​អ្នក​ចង់​រស់​មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ផឹក​ទឹក នឹង​ផ្តិល​សំរឹទ្ធិ​ឯណោះ ដែល​ខ្លួន​ដឹង​ថា អាត្មា​អញ​ផឹក​ទឹក​នេះ​ទៅ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ផឹក​ទឹក​នឹង​ផ្តិលសំរឹទ្ធិ​នុ៎ះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ ៦ ដឹង​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ ។បេ។ ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ឡើយ ។ ម្នាលសុនក្ខត្ត ដូច​ជា​អាសិរពិស មាន​ពិស​ដ៏ពន្លឹក ។ កាល​បើ​បុរស​អ្នក​ចង់​រស់ មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ហុចដៃ​ទាំង​ឡាយ ឬ​ហុច​មេ​ដៃ​ឱ្យ​ដល់​អាសិរពិស​មាន​ពិស​ដ៏​ពន្លឹក​ឯ​ណោះ ដែល​ខ្លួន​ដឹង​ថា អាសិរពិស​នេះ​ចឹក​អាត្មាអញ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ហុច​ឱ្យ​អាសិរពិស​នោះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ៦ ដឹង​ច្បាស់​ថា កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស រួច​ស្រឡះ​ហើយ ព្រោះ​តែ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោនកាយ ឬ​ផ្ដេកផ្ដួល​ចិត្ត​ទៅ​រក​កិលេស​ពាក្យ​ដូច្នេះ​នុ៎ះ មិន​សមហេតុ​ឡើយ​។លុះ​ព្រះមាន​ព្រះភាគ​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្ត​ត្រេកអរ រីករាយ​ហើយ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2757/sfdgcsddxdvgchfbcf.jpg
Public date : 26, Jan 2021 (22292 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​សាមគ្រាម ក្នុង​ដែន​សក្កៈ ។ សម័យ​នោះ​ឯង និគណ្ឋនាដបុត្ត ទើប​តែ​ធ្វើមរណ​កាល ក្នុង​ដែន​បាវា ។ ព្រោះ​កាល​កិរិយា​នៃ​និគណ្ឋនាដបុត្ត​នោះ ពួក​និគ្រន្ថ​ជា​កូន​សិស្ស បាន​បាក់​បែក​ឈ្លោះ​ប្រកែក​គ្នា​ជា ២ ពួក ប្រកួត​ប្រកាន់​ចាក់​ដោត​គ្នា​ដោយ​លំពែង​គឺ​មាត់ ។ អដ្ឋក​ថា​ប្រាប់​ថា ការ​ឈ្លោះ​ទាស់​ទែង​គ្នា​នេះ ព្រោះ​មក​អំពី​និគណ្ឋនាដបុត្ត គិត​ឃើញ​ថា​លទ្ធិ​របស់​ខ្លួន​នេះ មិន​អាច​ដឹក​នាំ​សត្វ​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ជា​លទ្ធិប្រាសចាក​សារៈ ។ ដើម្បី​កុំ​ឱ្យ អ្នក​ដែល​ជឿ​តាម​ធ្លាក់​ចុះ​កាន់​អបាយភូមិ និគណ្ឋនាដបុត្ត មុន​នឹង​មរណភាព​បាន​ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ដោយ​ឧច្ឆេទវាទ ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ទៀត​ដោយ​សស្សតវាទ ដោយ​គិត​ថា ឱ្យ​កូន​សិស្ស​ទាំង​អស់​នេះ​វិវាទ​គ្នា កាល​ដែល​វិវាទ​គ្នា​ហើយ​នឹង​បាន​ចូល​ទៅ​រក​ព្រះពុទ្ធសាសនា យក​ព្រះពុទ្ធ​សាសនា​ជា​ធំ ។ ក្នុង​កាល​នោះ ព្រះចុន្ទៈ ជា​ប្អូន​បង្កើត​របស់​ព្រះធម្មសេនាបតី លោក​នៅ​ចាំ​វស្សា​ក្នុង​ដែន​បាវា បាន​ជ្រាប​រឿង​រ៉ាវ​ពួក​និគ្រន្ថ​ដូច្នេះ​ហើយ ក៏​បាន​និមន្ត​មក​រក​ព្រះអានន្ទ​ជា​ព្រះឧបជ្ឈាយ៍ នៅ​នាសាមគ្រាម ហើយ​ពិត​ទូល​អំពីរឿង​នោះ​ឯង ។ ព្រះអានន្ទ​ដ៏​មាន​អាយុ និង​ព្រះចុន្ទៈ បាន​និមន្ត​ចូល​គាល់​ព្រះដ៏​មានព្រះភាគ ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​ព្រះអានន្ទ​បន្ត​សេចក្ដី​ក្រាប​ទូល​ព្រះអង្គ​ទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ យ៉ាង​នេះ​ថា អំណើះ​អត់​អំពី​ព្រះដ៏មាន​ព្រះភាគ​ទៅ សូម​កុំ​ឱ្យ​មាន​វិវាទកើត​ឡើង​ក្នុង​សង្ឃ​ឡើយ ព្រោះថា​វិវាទ​នោះ នឹង​​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ​ដល់​ជន​ច្រើន មិន​ជា​សុខ​ដល់​ជន​ច្រើន មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន​ដល់​ជន​ច្រើន ជា​ទុក្ខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអានន្ទ​លើក​អំពី​វិវាទ​ក្នុង​សង្ឃ ព្រោះ​អាជីវៈ​ជា​ហេតុ​ខ្លះ ព្រោះ​អធិប្បាតិមោក្ខ​ជា​ហេតុ​ខ្លះ ចំណែក​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា វិវាទ​ព្រោះ​អាជីវៈ និង​ព្រោះ​អធិប្បាតិមោក្ខ ជា​ហេតុ​នេះ គ្រាន់​តែ​ជា​ការ​បន្តិច​បន្តួច​ទេ ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​អំពី​វិវាទ​ដែល​កើត​ឡើង​ក្នុង​សង្ឃ ព្រោះ​អាស្រ័យ​មគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា វិវាទ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ មិន​ជា​សុខ មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន ដល់​ជន​ច្រើន រមែង​ជា​ទុក្ខ​ដល់​ទេវតា​និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអដ្ឋកថា​ប្រាប់​ថា កាល​ណា​ចូល​ដល់​លោកុត្តរមគ្គ វិវាទ​រមែង​ស្ងប់​រំងាប់​ទៅ​ដោយ​ប្រការ​ទាំង​ពួង គឺ​ថា វិវាទ​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​បាន​សម្រេច​នូវ​មគ្គ​ទាំង​ឡាយ ( មាន​សោតាបត្តិមគ្គ ជា​ដើម ) ឡើយ ។ វិវាទ​ព្រោះ​អាស្រ័យមគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា សំដៅ​យក​មគ្គឬបដិបទាជាបុព្វភាគ បាន​ដល់​មគ្គប្បដិបទា​ជា​ចំណែក​ខាង​ដើម គឺ​នៅ​ជា​លោកិយ​ហ្នឹង​ឯង ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​អំពី​វិវាទ​មូល ៦ ប្រការ ៖ ១-កោធនោ ហោតិ ឧបនាហី ២-មក្ខី ហោតិ បឡាសី ៣-ឥស្សុកី ហោតិ មច្ឆរី ៤-សថោ ហោតិ មាយាវី ៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី ៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជា​អ្នក​ស្ទាប​អង្អែល​នូវការ​យល់​ខុស​របស់​ខ្លួន និង​ជា​អ្នក​ប្រកាន់មាំ លះ​បង់​បាន​ដោយ​កម្រ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​ដែល​មាន​នូវវិវាទមូល ដោយ​នូវ​ប្រការ​នីមួយ​ៗ ឈ្មោះ​ថា មិន​គោរព​កោត​ក្រែង​ព្រះសាស្ដា មិន​គោរព​កោត​ក្រែង​ព្រះធម៌ មិន​គោរព​កោត​ក្រែង​ព្រះសង្ឃ និង​មិន​ធ្វើ​ឱ្យ​ពេញលេញ​ក្នុង​សិក្ខា ភិក្ខុ​នោះ ឈ្មោះ​ថា​បង្កើត​វិវាទ​ក្នុង​សង្ឃ ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​ប្រទាន​ឱវាទ​ឱ្យ​ព្យាយាម​លះ​បង់​នូវវិវាទ​មូល​ដ៏​លាមក​នោះ​ចេញ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទី​បញ្ចប់ ព្រះអង្គ​ទ្រង់ត្រាស់​សម្ដែង​នូវ សារាណីយធម៌ ៦ ប្រការ ព្រម​ទាំង​អានិសង្ស​ផង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
Public date : 26, Jan 2021 (8587 Read)
តាម​ខ្លឹម​សារនៅ​ក្នុង​កេវដ្ដសូត្រ បិដក​លេខ ១៥ គឺមហភូតរូប ៤ ដែល​មិន​ជាប់​ដោយ​ឥន្ទ្រិយ មិន​មែន​ជា​ទុក្ខសច្ច ដូច​ជា​ផែនដី ព្រៃ​ភ្នំ ទន្លេ​សមុទ្រ ភ្នំ​មាស​ភ្នំ​ប្រាក់​ជាដើម​នេះ មិន​ត្រូវ​លើក​ឡើង​ជា​សំណួរ​ថា រលត់​អស់​មិន​មាន​សេស​សល់​ក្នុង​ទី​ណា​នោះ​ទេ ពី​ព្រោះ​ក្នុង​ធម្មជាតិ​ទាំង​អស់​នេះ មិន​មាន​វិសុទ្ធិ ៧ ។ អ្វី​ដែល​ត្រូវ​លើក​យក​មក​សួរ​ថា រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ទី​ណា គឺ​នាម​រូប​ក្នុង​សត្វ​លោក​ដែល​ជាប់​ដោយ​ជីវិតិន្ទ្រិយ ជា​ទុក្ខ​សច្ចអាស្រ័យ​តណ្ហា​ជា​សមុទយៈ ។ ឯ​ចម្លើយ​ត្រូវ​លើក​យក​ព្រះនិព្វាន​ជានិរោធសច្ច​មក​ឆ្លើយ​ថា នាម​រូប​ដែល​សន្មត​ថា​សត្វ​លោក​ហ្នឹង​ឯង រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​ជា​និរោធសច្ច​នោះ ព្រោះ​ការ​រលត់​ទៅ​នៃ​អភិសង្ខារវិញ្ញាណ ។ អដ្ឋកថា កេវដ្ដ​សូត្រ​ប្រាប់​ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះ​អនុប្បាទនិរោធ​នៃ​អភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺ​នាម​រូប​រលត់​ដោយ​អំណាច​នៃ​ការ​មិន​កើត​ឡើង ។ អនុប្បាទនិរោធ គឺ​ព្រះអដ្ឋក​ថា​ពន្យល់​ក្នុង​ព្រះពុទ្ធដីកា​នៃ​កេវដ្ដសូត្រ ដែល​ព្រះអង្គទ្រង់​ត្រាស់​សម្ដែង​ថា ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។ នាម និង​រូប រមែង​រលត់​ឥត​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​នោះ នាម និង​រូប​នេះ រមែង​រលត់​ក្នុង​ព្រះនិព្វាននោះ ព្រោះ​រលត់​ទៅ​នៃ​វិញ្ញាណ ។ ពាក្យ​ថា ឯត្ថ គឺ​ចង្អុល​ប្រាប់​ចំពោះ​ព្រះនិព្វាន​នោះ ដែល​ព្រះអង្គ​ទ្រង់ត្រាស់​កន្លះ​ព្រះ​គាថា​ខាង​ដើម​ថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។ ចំពោះ អនុប្បាទនិរោធ នេះ នៅ​ក្នុង​បិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែង​ប្រាប់​ថា រលត់​ដោយ​មគ្គញ្ញាណ ៤ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
Public date : 26, Jan 2021 (7803 Read)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ​​ទ្រង់​​គង់​​ប្រថាប់​នៅ​នា​ដង​ព្រៃ ជិត​ក្រុង​កុសិនារា ។ ក្នុង​ទី​នោះ​ឯង ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ធ្លាប់​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​តថាគតថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌបាតខ្លះ... ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុភព​តូច​ភពធំ​ខ្លះ ដូច្នេះ​ដែរ​ឬ ? ( កិន្តិ = កឹ + ឥតិ ) ។ ភិក្ខុ​ទាំង​ឡាយ ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ ពុំ​ដែល​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌ​បាត​ខ្លះ... ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណ​គោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ភព​តូច​ភព​ធំ​ខ្លះ ដូច្នេះ​ឡើយ ។ កាល​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សាក​សួរ​បញ្ជាក់​អំពី​សេចក្ដី​ត្រិះរិះ​របស់​ភិក្ខុ​ទាំង​ឡាយ ចំពោះ​ការ​ត្រាស់​សម្ដែង​ព្រះធម៌​របស់​ព្រះអង្គ​នោះ ថា​ដូច​ម្ដេច ទើប​ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ មាន​សេចក្ដី​ត្រិះរិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​យ៉ាង​នេះថា ព្រះដ៏មាន​ព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បាន​ឮ​ថា អ្នក​ទាំង​ឡាយ​មាន​សេចក្ដី​ត្រិះ​រិះ ចំពោះ​តថាគត​យ៉ាង​នេះថា ព្រះដ៏មានព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ធម៌​ទាំង​ឡាយ​ណា ដែល​តថាគត​ត្រាស់​ដឹង​ហើយ សម្ដែង​ហើយ ដូច​ជា​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ អ្នក​ទាំង​ឡាយ​រាល់​រូប​គប្បី​ព្រម​ព្រៀងគ្នា គប្បី​រីក​រាយ​រក​គ្នា កុំ​វិវាទ​គ្នា គប្បី​សិក្សា​ក្នុង​ធម៌​ទាំង​នោះ​ចុះ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ការ​សម្រុះ​សម្រួល​គ្នា កុំ​ឱ្យ​មាន​វិវាទ​នឹង​គ្នា​ក្នុង​អភិធម្ម ទាក់​ទង​ដោយ​អត្ថ​និង​ព្យញ្ជនៈ ។ សម្រុះ​សម្រួល​ក្នុង​វិន័យ តាម​ដែល​មាន​ភិក្ខុ​ត្រូវ​អាបត្តិ ជា​ការ​ប្រព្រឹត្ត​ល្មើស ឱ្យ​ចេញ​ចាក​អកុសលធម៌ មក​តាំង​នៅ​ក្នុង​កុសលធម៌​វិញ ។ សម្រុះ​សម្រួល​ក្នុង​រឿង​ដែល​និយាយ​ស្ដី មាន​វចីសង្ខារ​មិន​ល្អ វាយ​ឫក​ដោយ​ទិដ្ឋិ មាន​ចិត្ត​អាឃាតព្យាបាទ មិន​ស្ដាប់​គ្នា មិន​ត្រេកអរ​រក​គ្នា ។ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ភិក្ខុ​បើ​មិន​លះ​បង់​នូវ​ធម៌​នោះ​ទេ នឹង​មិន​ធ្វើ​ឱ្យ ជាក់​ច្បាស់​នូវ​ព្រះនិព្វាន​បាន​ឡើយ ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​មាន​ភិក្ខុ​ពួក​ដទៃ សួរ​ភិក្ខុ​នោះ​យ៉ាង​នេះ​ថា លោក​ដ៏​មាន​អាយុ បាន​ធ្វើ​ឱ្យ​ភិក្ខុ​ទាំង​នេះ​របស់​ពួក​យើង ចេញ​ចាក​អំពី​អកុសលធម៌ ហើយ​តាំង​នៅ​ក្នុង​កុសល​ធម៌​ដែរ​ឬ ? ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ក្នុង​ទីនេះ ខ្ញុំ​ព្រះករុណា​បាន​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះធម៌​ដល់​ខ្ញុំ​ព្រះករុណា ខ្ញុំ​ព្រះករុណា​បាន​ស្ដាប់​ព្រះធម៌​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ហើយ បាន​សម្ដែង​ប្រាប់​ដល់​ភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំង​នោះ ក៏​បាន​ស្ដាប់​ធម៌​នោះ ហើយ​ចេញ​ចាក​អកុសលធម៌ បាន​តាំង​នៅ​ក្នុង​កុសលធម៌ ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​ពោល​យ៉ាង​នេះ មិន​ឈ្មោះ​ថា​លើក​តម្កើង​ខ្លួន មិន​ឈ្មោះ​ថា​សង្កត់​សង្កិន​បុគ្គល​ដទៃ​ទេ ឈ្មោះ​ថា​ជា​អ្នក​ពោល​ប្ដេជ្ញា​នូវ​ធម៌​តាម​ធម៌ ម្យ៉ាង​ទៀត វាទៈ​និង​អនុវាទៈ​ដែល​ប្រកប​ដោយ​ហេតុ​ណា​មួយ រមែង​មិន​មក​កាន់​ឋានៈ​ដែល​អ្នក​ប្រាជ្ញ​គប្បី​តិះ​ដៀល​បាន​ឡើយ ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​កិន្តិ​សូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មានព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/3015/2020-09-02_12_51_28-Window.jpg
Public date : 26, Jan 2021 (13972 Read)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ក៏បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះឱបាសាទ របស់ដែនកោសល ។ ដំណឹងនោះឮថា ព្រះមានជោគ ទ្រង់គង់ក្នុងសាលវ័ន ជាទេវវ័ន [ក្នុងព្រៃនោះ អ្នកផងតែងធ្វើពលិកម្មថ្វាយពួកទេវតា បានជាហៅថា ទេវវ័ន ឬនឹងហៅថា សាលវ័ន ក៏បាន ។ អដ្ឋកថា ។] នៅខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ។ ក្នុងសម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វ និងមនុស្ស បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។ [៦៤] ពួកព្រាហ្មណ៍ និងគហបតីនៅក្នុងឱបាសាទគ្រាម បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន បានដល់មកឱបាសាទគ្រាម ឥឡូវនេះ មកគង់ក្នុងឱបាសាទគ្រាម ក្នុងសាលវ័នជាទេវវ័ន នៅខាងជើងឱបាសាទគ្រាម កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចម្រើន អង្គនោះ ឮល្បីខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានជោគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលម្អបទដើម មានលម្អបទកណ្តាល និងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានចួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក ។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពីឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស សំដៅទៅកាន់សាលវ័ន ជាទេវវ័ន ។ ក៏សម័យនោះឯង ចង្កីព្រាហ្មណ៍ ចូលទៅដេកក្នុងវេលាថ្ងៃ ឰដ៏ប្រាសាទជាន់ខាងលើ ។ [៦៥] ចង្កីព្រាហ្មណ៍ បានឃើញពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពីឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរត្រសងទៅកាន់សាលវ័ន ជាទេវវ័ន លុះឃើញហើយ ក៏និយាយទៅរកខត្តាមាត្យថា ម្នាលខត្តៈ ចុះហេតុដូចម្តេច បានជាពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរត្រសងទៅកាន់សាលវ័ន ជាទេវវ័ន ។ ខត្តាមាត្យជំរាបថា បពិត្រលោកចង្កីដ៏ចម្រើន មានព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃ ជាច្រើន ឥឡូវ បានមកដល់ឱបាសាទគ្រាម ទ្រង់គង់នៅក្នុងសាលវ័ន ជាទេវវ័ន ក្បែរឱបាសាទគ្រាម ជាខាងជើងនៃឱបាសាទគ្រាម ក៏កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចម្រើននោះ ឮល្បីខ្ចរខ្ចាយ សុះសាយមក យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអហរន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះ ដើរចូលទៅដើម្បីគាល់ព្រះគោតមដ៏ចម្រើន ។ ចង្កីព្រាហ្មណ៍និយាយថា ម្នាលខត្តៈដ៏ចម្រើន បើដូច្នោះ អ្នកចូរចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងឱបាសាទគ្រាម យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចង្កីព្រាហ្មណ៍ បាននិយាយយ៉ាងនេះថា សូមឲ្យអ្នកដ៏ចម្រើនទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់ព្រះសមណគោតមដែរ ។ ខត្តាមាត្យនោះ ទទួលពាក្យចង្កីព្រាហ្មណ៍ថា បាទ លោកដ៏ចម្រើន រួចចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ បានពោលទៅរកពួកព្រាហ្មណ៍ គហបតី ដែលនៅក្នុងឱបាសាទគ្រាម ដូច្នេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ ចង្កីព្រាហ្មណ៍ និយាយយ៉ាងនេះថា សូមឲ្យអ្នកទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់ព្រះគោតមដែរ ។ [៦៦] ក៏សម័យនោះឯង បណ្តាពួកព្រាហ្មណ៍ ដែលមកអំពីដែនដទៃផ្សេងៗ មានពួកព្រាហ្មណ៍ ចំនួន៥០០ នាក់ នៅអាស្រ័យក្នុងឱបាសាទគ្រាម ដោយកិច្ចណានីមួយៗ ។ ពួកព្រាហ្មណ៍ទាំងនោះ បានឮថា ចង្កីព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះសមណគោតម ។ ទើបព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកចង្កីព្រាហ្មណ៍ ត្រង់កន្លែងដែលគាត់នៅ លុះចូលទៅដល់ហើយ បាននិយាយទៅរកចង្កីព្រាហ្មណ៍ ដូច្នេះថា ឮថា ចង្កីដ៏ចម្រើន នឹងចូលទៅគាល់ព្រះសមណគោតម មែនឬ ។ ចង្កីព្រាហ្មណ៍ឆ្លើយថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ យ៉ាងហ្នឹងហើយ ខ្ញុំឯងនឹងទៅគាល់ព្រះសមណគោតមមែន ។ ពួកព្រាហ្មណ៍និយាយឃាត់ថា ចង្កីដ៏ចម្រើន កុំចូលទៅគាល់ព្រះសមណគោតមឡើយ ចង្កីដ៏ចម្រើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ ដ្បិតចង្កីដ៏ចម្រើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណ នៃជីដូនជីតាជាគម្រប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ចង្កីដ៏ចម្រើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណនៃជីដូនជីតា ជាគម្រប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនោះ បានជាចង្កីដ៏ចម្រើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួរតែព្រះសមណគោតមចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ មួយទៀត ចង្កីដ៏ចម្រើន ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងបរិភោគច្រើន មិនតែប៉ុណ្ណោះ ចង្កីដ៏ចម្រើន ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ មួយទៀត ចង្កីដ៏ចម្រើន មាន រូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយពណ៌សម្បុរដ៏ល្អក្រៃលែង មានព្រះវ័ណ្ណ ស្រដៀងនឹងព្រហ្ម មានសរីរៈស្រដៀងគ្នានឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង មួយទៀត ចង្កីដ៏ចម្រើន ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន មួយទៀត ចង្កីដ៏ចម្រើន មានសំដីពីរោះ និយាយសំដីពីរោះ ប្រកបដោយសំដីអ្នកក្រុង ជាសំដីច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន មួយទៀត ចង្កីដ៏ចម្រើន ជាអាចារ្យ ជាប្រធានលើអាចារ្យនៃពួកជនច្រើន បានបង្រៀនមន្តមាណព ៣០០ នាក់ មួយទៀត ចង្កីដ៏ចម្រើន ព្រះបាទបសេនទិកោសល តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែង ទាំងបោក្ខរសាតិព្រាហ្មណ៍ ក៏តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែងចង្កីដ៏ចម្រើនដែរ មួយទៀត ចង្កីដ៏ចម្រើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ចង្កីដ៏ចម្រើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺព្រះរាជទានដោយដាច់ខាត ដោយហេតុណា ហេតុនេះ បានជាថា ចង្កីដ៏ចម្រើន មិនគួរចូលទៅចួបនឹងព្រះសមណគោតមឡើយ គួរតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ ។ [៦៧] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចម្រើន បើដូច្នោះ ចូរស្តាប់ពាក្យខ្ញុំសិនថា បើទុកជាយ៉ាងណាៗ ក៏គួរតែយើងចូលទៅគាល់ព្រះសមណគោតមនោះវិញ មិនគួរឲ្យព្រះគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងទេ នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម មានជាតិបរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងពីតំណនៃព្រះអយ្យកោ អយ្យិកា ជាគម្រប់៧មក មិនមានអ្នកណាតិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ព្រះសមណគោតម មានជាតិដ៏ល្អ ទាំងពីរចំណែក ។បេ ។ ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនេះ មិនគួរឲ្យព្រះគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងទេ គួរតែយើងរាល់គ្នា ចូលទៅគាល់ព្រះគោតមដ៏ចម្រើននោះ ដោយពិត នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម ទ្រង់លះបង់មាសប្រាក់មានប្រមាណច្រើន ដែលឋិតនៅលើផែនដី ទាំងឋិតនៅក្នុងវេហាស៍ គឺក្នុងប្រាសាទជាន់លើ ហើយចេញទៅទ្រង់ព្រះផ្នួស នែគ្នាយើង ឮថាព្រះសមណគោតម ព្រះអង្គជាកម្ល៉ោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យដ៏ចម្រើន គឺបឋមវ័យ ទ្រង់ចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម កាលព្រះវរមាតាបិតា មិនពេញព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកជាំ ដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះកាសាវពស្ត្រ ហើយចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះ រូបល្អ គួរឲ្យរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយព្រះវណ្ណៈដ៏ល្អក្រៃលែង មានព្រះវណ្ណៈស្រដៀងនឹងព្រហ្ម មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណគោតម ទ្រង់មានសីល មានសីលដ៏ប្រសើរ មានសីលជាកុសល ប្រកបដោយសីលជាកុសល នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះវាចាពីរោះ មានព្រះពុទ្ធដីកាដ៏ពីរោះ ប្រកបដោយវាចាជារបស់អ្នកក្រុង ជាព្រះវាចាច្បាស់លាស់ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ឲ្យចូលចិត្តសេចក្តីច្បាស់លាស់បាន នែគ្នាយើង ឮថា ព្រះសមណគោតម ជាអាចារ្យ ជាប្រធានលើអាចារ្យរបស់ពួកជនច្រើន នែគ្នាយើង ឮថា ព្រះសមណគោតម អស់កាមរាគៈហើយ ប្រាសចាកសេចក្តីស្រើបស្រាលហើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាកម្មវាទី ជាកិរិយវាទី ព្រះអង្គ ទ្រង់ធ្វើធម៌ដែលគ្មានបាប ទុកជាខាងមុខ ក្នុងពួកព្រាហ្មណ៍ និងពួកសត្វ នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូលក្សត្រិយ៍ មិនលាយច្រឡំ ហើយមកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ពួកមនុស្ស អ្នកនៅដែនក្រៅ អ្នកនៅជនបទក្រៅ តែងនាំគ្នាមកសាកសួរព្រះសមណគោតម នែគ្នាយើង ឮថា ទេវតាច្រើនពាន់ បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា កិត្តិសព្ទល្អ នៃព្រះសមណគោតម ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ នែគ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា បោក្ខរសាតិព្រាហ្មណ៍ ព្រមទាំងបុត្រ និងភរិយា បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះសមណគោតម ស្តេចមកដល់ឱបាសាទគ្រាមហើយ ឥឡូវនេះ គង់នៅក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ពួកសមណៈ ឬព្រាហ្មណ៍ ណាមួយ ដែលមកដល់គាមក្ខេត្ត របស់យើងហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ សុទ្ធតែជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា នែគ្នាយើង ក៏ព្រះសមណគោតមនេះឯង ស្តេចមកដល់ឱបាសាទគ្រាមហើយ ឥឡូវនេះ គង់ក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ឯព្រះសមណគោតម ជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ក៏ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា ដោយហេតុនេះហើយ បានជាមិនគួរឲ្យព្រះសមណគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងឡើយ តាមពិត គួរតែពួកយើង ចូលទៅគាល់ព្រះសមណគោតមដ៏ចម្រើននោះវិញ នែគ្នាយើង ខ្ញុំដឹងគុណ (ដែលគួរសរសើរ) របស់ព្រះគោតមដ៏ចម្រើននោះ ត្រឹមតែប៉ុណ្ណេះឯង តែព្រះគោតមដ៏ចម្រើននោះ មិនមែនមានគុណដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតមដ៏ចម្រើននោះ មានគុណ នឹងរាប់ នឹងប្រមាណពុំបាន នែគ្នាយើង ព្រះគោតមដ៏ចម្រើននោះ ទោះបីព្រះអង្គប្រកបដោយអង្គតែមួយៗ ព្រះគោតមដ៏ចម្រើននោះ ក៏មិនគួរនឹងចូលមកចួបនឹងយើងទេ តាមពិត គួរតែពួកយើង ចូលទៅចួបនឹងព្រះគោតមដ៏ចម្រើននោះវិញ ។ ពួកព្រាហ្មណ៍និយាយគ្នាថា នែគ្នាយើង បើដូច្នោះ ពួកយើងទាំងអស់គ្នា នឹងនាំគ្នាចូលទៅគាល់ព្រះសមណគោតម ។ ទើបចង្កីព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ច្រើន នាក់ ចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពោលពាក្យណាមួយ ទៅរកពួកព្រាហ្មណ៍ចាស់ៗ លុះបញ្ចប់ពាក្យដែលគួររលឹកហើយ ក៏ទ្រង់គង់ ។ [៦៨] សម័យនោះឯង មានមាណពកំឡោះម្នាក់ ឈ្មោះកាបទិកៈ មានក្បាលកោរ មានអាយុប្រមាណ ១៦ឆ្នាំ អំពីកំណើត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិវុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ អង្គុយនៅក្នុងប្រជុំបរិស័ទនោះ ។ មាណពនោះ ក៏និយាយស្កាត់សំដីរបស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សា ទៅរកព្រះមានព្រះភាគ ។ ទើបព្រះមានព្រះភាគ ទ្រង់ឃាត់កាបទិកមាណពថា ភារទ្វាជៈមានអាយុ កុំនិយាយស្កាត់សំដី របស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សាឡើយ ភារទ្វាជៈមានអាយុ ចូរបង្អង់ចាំឲ្យចប់សំដីគេសិន។ [៦៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើន កុំឃាត់កាបទិកមាណពឡើយ ដ្បិតកាបទិកមាណព ជាកុលបុត្រផង ជាពហុស្សូតផង កាបទិកមាណព ជាបណ្ឌិតផង កាបទិកមាណព ជាអ្នកនិយាយពាក្យពីរោះផង កាបទិកមាណព អាចនឹងប្រឹក្សាក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចម្រើនបានផង ។ ទើបព្រះមានជោគ មានព្រះតម្រិះយ៉ាងនេះថា កាបទិកមាណព មុខជានឹងបានសម្រេចត្រៃវិជ្ជា ក្នុងព្រះពុទ្ធសាសនាដោយពិត ព្រោះហេតុនោះ បានជាពួកព្រាហ្មណ៍ លើកកាបទិកមាណពនោះជាត្រីមុខ ។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាបើព្រះសមណគោតម ទ្រង់ឆ្មៀងព្រះនេត្រមកចំភ្នែករបស់អញ អញនឹងសួរប្រស្នា ចំពោះព្រះសមណគោតម ក្នុងកាលនោះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្កៈ ក្នុងចិត្តរបស់កាបទិកមាណព ដោយព្រះហឫទ័យរបស់ព្រះអង្គហើយ ទើបឆ្មៀងព្រះនេត្រ ចំពោះទៅរកកាបទិកមាណព ។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះសមណគោតម មើលមកអញហើយតើ បើដូច្នោះ មានតែអញសួរប្រស្នា ចំពោះព្រះសមណគោតម ។ លំដាប់នោះ កាបទិកមាណព ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន បទមន្តចាស់ របស់ពួកព្រាហ្មណ៍ដែលប្រកាន់តៗគ្នាថា ដូច្នេះៗ ប្រកាន់តាមក្បួន ក៏បណ្តាពួកព្រាហ្មណ៍ទាំងនោះ ពួកព្រាហ្មណ៍ដែលដល់នូវសេចក្តីចូលចិត្ត ដោយចំណែកមួយថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ក្នុងសេចក្តីនេះ ព្រះគោតមដ៏ចម្រើន ទ្រង់សំដែងថាដូចម្តេចទៅវិញ។ [៧០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ មានព្រាហ្មណ៍ណាខ្លះ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ កាបទិកមាណព ឆ្លើយថា បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ ។ ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ ព្រាហ្មណ៍ខ្លះ មានអាចារ្យជាមួយគ្នាផង ជាប្រធានលើអាចារ្យជាមួយគ្នាផង តាំងអំពីគូនៃអាចារ្យជាគម្រប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ ។ ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ មានពួកព្រាហ្មណ៍ណា ជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់តែងនូវមន្ត អ្នកពោលនូវមន្ត បទនៃមន្តចាស់នេះ ដែលពួកព្រាហ្មណ៍ណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ សូត្រតាមមន្តនោះ ពោលតាមមន្តនោះ ពោលតាមមន្ត ដែលគេពោលហើយ បង្រៀនមន្តដែលគេបង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះវាមកៈ ឈ្មោះវាមទេវៈ ឈ្មោះវេស្សាមិត្តៈ ឈ្មោះយមតគ្គិ ឈ្មោះអង្គីរសៈ ឈ្មោះភារទ្វាជៈ ឈ្មោះវាសេដ្ឋៈ ឈ្មោះកស្សបៈ ឈ្មោះភគុ ក៏ពួកឥសីទាំងនោះ ពោលយ៉ាងនេះថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ។ [៧១] ព្រះភគវន្តមុនីនាថ ទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ មិនមានឮថា បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ ដែលមានអាចារ្យជាមួយគ្នា ឬមានអាចារ្យជាប្រធានលើអាចារ្យជាមួយគ្នា ដរាបតាំងអំពីគូនៃអាចារ្យ ជាគម្រប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តាព្រាហ្មណ៍ទាំងឡាយ ពួកព្រាហ្មណ៍ដែលជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់តែងមន្ត អ្នកពោលមន្ត បទនៃមន្តចាស់នេះ ដែលពួកឥសីណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ បានសូត្រតាមមន្តនោះ បានពោលតាមមន្តនោះ បានពោលតាមមន្ត ដែលគេពោលហើយ បានបង្រៀនមន្ត ដែលគេបង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះវាមកៈ ឈ្មោះវាមទេវៈ ឈ្មោះវេស្សាមិត្តៈ ឈ្មោះយមតគ្គិ ឈ្មោះអង្គីរសៈ ឈ្មោះភារទ្វាជៈ ឈ្មោះវាសេដ្ឋៈ ឈ្មោះកស្សបៈ ឈ្មោះភគុ ក៏ពួកឥសីទាំងនោះ មិនពោលថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ។ ម្នាលភារទ្វាជៈ ដូចបុរសខ្វាក់ទាំងជួរ ដែលជាប់តៗគ្នា បុរសដែលដើរមុន ក៏មើលមិនឃើញ បុរសដែលដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងណាមិញ ម្នាលភារទ្វាជៈ ភាសិតរបស់ពួកព្រាហ្មណ៍ ក៏មានទំនងដូចបុរសខ្វាក់ទាំងជួរ បុរសដែលដើរមុន ក៏មើលមិនឃើញ បុរសដែលដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អ្នកយល់សេចក្តីនោះ ដូចម្តេច កាលបើយ៉ាងនេះ តើសទ្ធាដែលគ្មានឫសគល់ របស់ពួកព្រាហ្មណ៍ សម្រេចបានដែរឬ ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន សម្រេចមិនបានទេ ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិតដោយសទ្ធា ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិត ដោយការស្តាប់តៗគ្នាមក។ [៧២] ព្រះបរមគ្រូទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ កាលពីមុន អ្នកថាជឿ ឥឡូវនេះ អ្នកថាឮតាមគេ ម្នាលភារទ្វាជៈ ធម៌ទាំង៥យ៉ាងនេះ មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ធម៌ទាំង៥យ៉ាង តើដូចម្តេច ធម៌ទាំង៥យ៉ាងគឺ សេចក្តីជឿ១ សេចក្តីគាប់ចិត្ត១ ការឮតាមគ្នា១ ការត្រិះរិះនូវអាការ១ សេចក្តីចូលចិត្តតាមការយល់១ ម្នាលភារទ្វាជៈ ធម៌ទាំង៥នេះឯង មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ម្នាលភារទ្វាជៈ គឺហេតុណា ដែលបុគ្គលជឿស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនជឿស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ មួយទៀត ហេតុណា ដែលបុគ្គលគាប់ចិត្តស៊ប់ ។បេ ។ ពាក្យណា ដែលបុគ្គលឮច្បាស់តាមគ្នា ។បេ ។ ហេតុណា ដែលបុគ្គលត្រិះរិះឃើញជាក់ ។បេ ។ ហេតុណា ដែលបុគ្គលចូលចិត្តស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនចូលចិត្តស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ បុរសជាអ្នកប្រាជ្ញ អ្នករក្សាសច្ចៈ មិនគួរចូលចិត្តដោយដាច់ខាត ក្នុងហេតុនេះថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះឡើយ ។ កាបទិកមាណព ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ចុះការរក្សាសច្ចៈ តើត្រឹមប៉ុន្មាន បុគ្គលរក្សាសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំព្រះអង្គ សូមសួរចំពោះការរក្សាសច្ចៈ និងព្រះគោតមដ៏ចម្រើន។ [៧៣] ព្រះលោកនាថត្រាស់ថា ម្នាលភារទ្វាជៈ បើបុរសមានជំនឿថា ជំនឿរបស់អញយ៉ាងនេះ កាលដែលនិយាយតាមគំនិតដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់ដល់នូវសេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះឡើយ ម្នាលភារទ្វាជៈ ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ តែការត្រាស់ដឹងសច្ចៈ មិនទាន់មានដល់បុរសនោះនៅឡើយទេ ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីគាប់ចិត្ត… ម្នាលភារទ្វាជៈ បើបុរសមានការឮតាមៗគ្នា… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីត្រិះរិះនូវអាការ… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីចូលចិត្តដោយការយល់ថា សេចក្តីចូលចិត្ត តាមការយល់របស់អញ យ៉ាងនេះ កាលបើនិយាយតាមសេចក្តីចូលចិត្ត ដោយការយល់ដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់ដល់នូវសេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះឡើយ ម្នាលភារទ្វាជៈ ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមតែប៉ុណ្ណេះ យើងក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ តែការត្រាស់ដឹងសច្ចៈ មិនទាន់មានដល់បុរសនោះនៅឡើយទេ ។ កាបទិកមាណព ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមប៉ុណ្ណេះ យើងខ្ញុំទាំងឡាយ ក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះដែរ បពិត្រព្រះគោតមដ៏ចម្រើន ចុះការត្រាស់ដឹងសច្ចៈត្រឹមប៉ុន្មាន បុគ្គលត្រាស់ដឹងសច្ចៈត្រឹមប៉ុន្មាន យើងខ្ញុំសូមសួរ ចំពោះការត្រាស់ដឹងសច្ចៈ នឹងព្រះគោតមដ៏ចម្រើន។ [៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ មានសេចក្តីដំណាលថា ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនូវស្រុក ឬនិគមណាមួយ ។ គហបតីក្តី កូនគហបតីក្តី ចូលទៅរកភិក្ខុនោះឯង ល្បងមើលក្នុងធម៌ទាំងឡាយ ៣ប្រការ គឺធម៌ជាទីតាំងនៃលោភៈ ធម៌ជាទីតាំងនៃទោសៈ ធម៌ជាទីតាំងនៃមោហៈ ដោយគំនិតថា បុគ្គលមានចិត្ត ដែលធម៌ជាទីតាំងនៃលោភៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយមិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណាដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនមែនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ តើមានដល់លោកមានអាយុនេះដែរឬហ្ន៎ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីលោភ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះទេ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នកដែលមិនលោភដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើលដោយការត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានសេចក្តីលោភ មិនងាយសំដែងបានឡើយ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃលោភៈ ដោយហេតុណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ ដែលជាទីតាំងនៃទោសៈ ឲ្យក្រៃលែងជាងហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែលធម៌ជាទីតាំងនៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃទោសៈ មានសភាពដូច្នោះ មានដល់លោកមានអាយុនេះ ដែរឬហ្ន៎ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលជនដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃទោសៈ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះឡើយ ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នក ដែលមិនមានទោសៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើល ដោយការត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានទោសៈ មិនងាយសំដែងបានឡើយ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃទោសៈ ដោយហេតុណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃមោហៈ ឲ្យក្រៃលែងជាងហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែលពួកធម៌ជាទីតាំងនៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មានដល់លោកមានអាយុនេះ ដែរឬហ្ន៎ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះទេ ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នកដែលមិនមានមោហៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើល ដោយការត្រិះរិះពុំបានទេ ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានមោហៈ មិនងាយនឹងសំដែងបានឡើយ ។ កាលគហបតី ឬកូនគហបតី ល្បងមើលនូវភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ជាទីតាំងនៃមោហៈ ដោយហេតុណាហើយ ក៏ញុំាងសទ្ធា ឲ្យជ្រួតជ្រាប ក្នុងហេតុនោះ ជាអ្នកមានសទ្ធា កើតឡើងក្នុងកាលនោះ ទើបចូលទៅរក (ភិក្ខុនោះ) កាលចូលទៅរក ក៏បានអង្គុយជិត កាលទៅអង្គុយជិត ក៏ដាក់នូវសោតប្បសាទ លុះមានសោតប្បសាទដាក់ចុះហើយ ទើបស្តាប់ធម៌ លុះស្តាប់ហើយ ទើបទ្រទ្រង់នូវធម៌ ពិចារណានូវសេចក្តីនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ កាលបើពិចារណានូវសេចក្តីហើយ ក៏ចូលចិត្តនូវធម៌ និងគំនិត កាលមានសេចក្តីចូលចិត្ត នូវធម៌ និងគំនិតហើយ ក៏មានឆន្ទៈកើតឡើង លុះមានឆន្ទៈកើតឡើងហើយ ក៏ប្រឹងប្រែង លុះប្រឹងប្រែងហើយ ក៏ត្រិះរិះ លុះត្រិះរិះហើយ ក៏តម្កល់ (នូវសេចក្តីព្យាយាម ដើម្បីមគ្គ) ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមត្ថសច្ចៈ ដោយនាមកាយផង បានចាក់ធ្លុះឃើញច្បាស់ នូវបរមត្ថសច្ចៈនោះ ដោយបញ្ញាផង ។
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់៥០០០ឆ្នាំសម្រាប់ឆ្នាំ២០២១ ABA 000 185 807
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...