Wednesday, 15 Jul B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Audio Live
Location: Battambang
Time: By schedule
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
មើលច្រើនទៀត​
Notification
All Visitors
Today 48,129
Today
Yesterday 96,647
This Month 1,103,608
Total ១៣៩,៣៥៥,០៨៤
free counters
កំពុងទស្សនា ចំនួន
ADVISE
images/articles/2510/image.jpeg
Public date : 06, Jul 2020 (19900 Read)
៙. អារម្មណ៍របស់ចិត្ត គឺជាលោកនៃការរស់នៅ ឯចំណែកចិត្តដឹងអារម្មណ៍គឺជាការរស់នៅក្នុងលោក ។ បើចិត្តមានសភាពយ៉ាងណាៗ លោកនៃការរស់នៅក៏ទៅជាយ៉ាងនោះៗឯង គឺថា បើចិត្តជាលោភៈ លោកនៃការរស់នៅរមែងខ្វះខាត រហេមរហាម ដូចឋានប្រេត បើចិត្តជាទោសៈ លោកនៃការរស់នៅមានការក្ដៅក្រហាយ ដូចឋាននរក បើចិត្តជាមោហៈ លោកនៃការរស់នៅមានសភាពមមិងមមាំង ដូចភូមិតិរច្ឆាន តែបើចិត្តមានទានសីល លោកនៃការរស់នៅទៅជាមានសភាពរីករាយស្រស់ស្រាយ ដូចជាឋានសួគ៌ា បើចិត្តមានភាវនា លោកនៃការរស់នៅរមែងស្ងប់ត្រជាក់ ដូចរស់នៅក្នុងព្រហ្មលោក បើចិត្តមានវិបស្សនាពិតប្រាកដនោះ លោកនៃការរស់នៅមានសភាពជាឥស្សរៈ មិនមានកង្វល់ មិនមានការហួងហែង ជាការរស់នៅក្នុងលោកនៃព្រះអរិយៈ រហូតដល់មានផលសមាបត្តិ បានរស់នៅពិតៗ ក្នុងអារម្មណ៍ព្រះនិព្វាន ដូច្នេះ លោកនៃការរស់នៅ គឺយើងសាងដោយខ្លួនឯង មិនអាចនាំអ្នកដទៃ ឲ្យមករស់នៅជាមួយបានឡើយ គឺថា បើយើងប្រាថ្នា ចង់រស់នៅក្នុងលោកណា យើងគប្បីសាងលោកនោះ រស់នៅដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដោយប្រការដូច្នេះ សូមទានជ្រាប ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2511/image.jpeg
Public date : 06, Jul 2020 (19736 Read)
វាចាធម្មទានមានឥទ្ធិពល ជួបគ្នារាល់ថ្ងៃត្រូវលៃលក កុំឲ្យកាន់យករករឿងឈ្លោះ មុខមាត់វាចាការអនុគ្រោះ បើមិនដូច្នោះរស់រងទុក្ខ ។ ក្រោធមានកម្លាំងខ្លាំងអស្ចារ្យ ទម្លាយស្នេហាបានគ្រប់មុខ អាវុធវាចាប្រហារសុខ ពោលពាក្យស្មាញស្មុគគុកខ្លួនឯង ។ កុំចង់បានគេល្អគ្រប់មុខ ចង់ហួសនាំទុក្ខនាំចំបែង ថាគេអាក្រក់ភ្លេចខ្លួនឯង ជេរគេក្ដែងៗខ្លួនឯងសោះ ។ ម្ដេចក៏មិនល្អខ្លួនឯងទៅ ល្អនៅក្នុងផ្លូវនៃសប្បុរស មធុភាណីស្ដីពីរោះ ក្រែងបានសប្បុរសទាំងអស់គ្នា ។ កុំយកទឹកក្ដៅស្រោចបន្លែ ដោយគិតថាថែនោះពុំជា ប្រដៅកូនចៅក្រោធគ្រប់គ្រា ប្រយត្ន័រងាបាត់គ្នាអស់​ ។ បុប្ផភាណីសម្ដីផ្កា វៀរចាកមុសាបុប្ផាស្រស់ វាចាក្រអូបវៀរអសុរោះ វាចាខ្មួរខ្មោះអស់អ្នកស្ដាប់​ ។ វាចាធម្មទានមានឥទ្ធិពល ស្ដាប់យល់បានដល់ទីផុតស្លាប់ បងប្អូនកូនចៅត្រូវប្រញាប់ ទាន់មានធម៌ស្ដាប់ឆាប់សិក្សា​ ។ សទ្ធាជាដៃបញ្ចេញមក ត្រងត្រាប់ស្ដាប់យកអត្ថថ្លៃថ្លា ចាក់ធ្លុះសេចក្ដីដោយបញ្ញា លះការខ្វាយខ្វល់ដល់និព្វាន ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2516/Un76543titled-1.jpg
Public date : 06, Jul 2020 (12695 Read)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់ ៙. យើងកើតមកមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនពិត ប៉ុន្តែយើង ចេះពេញចិត្តនឹងសម្បត្តិដែលយើងមាន នេះជាគុណធម៌ គឺសេចក្ដីសន្ដោស ដែលមានអានុភាពធ្វើសម្បត្តិទ្រព្យដែលខ្លួនមាននោះ ឲ្យជាសម្បត្តិគ្រប់គ្រាន់ទៅបាន នេះអស្ចារ្យ ណាស់ ព្រោះថា សូម្បីភ្នំមាសពីរ ក៏មិនអាចធ្វើបុរសម្នាក់ ដែលមិនមានធម៌សន្ដោសនោះឯង ឲ្យឆ្អែតគ្រប់គ្រាន់ទៅបានឡើយ ( សន្ដោសចំពោះរបស់ដែលបាន ក្សេមក្សាន្តចំពោះរបស់ដែលមាន )៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2518/U54ntitled-1.jpg
Public date : 06, Jul 2020 (41783 Read)
បាននៅរស់ហើយគួរចេះស្កប់ បាននៅរស់ហើយគួរចេះស្កប់ ជីវិតជាទ្រព្យជាដើមទុន ខំប្រឹងព្យាយាមសន្សំបុណ្យ ត្រៃរត្នមានគុណគួរបូជា ។ រឿងក្នុងជីវិតពិតយ៉ាងហ្នឹង សិក្សាឲ្យដឹងធម៌ធម្មា អត់ធន់ឱវាទព្រះភគវា ផុតកម្មវេរាដោយមេត្តា ។ រៀនយកគំនិតព្រះបុណ្ណៈ សុនាបរន្តៈមនុស្សយ៉ាងណា ទោះជាកាចកាប់វាយប្រហារ បុណ្ណៈគិតថាគួរគប្បី ។ គេគ្រាន់តែពោលពាក្យស្ដីថា អត់មានប្រហារដោយអ្វី ៗ ឬគេវាយគប់ដោយដុំដី ប៉ុណ្ណឹងមានស្អីគេល្អហើយ ។ ខន្តីមេត្តាគូគុណគាប់ បញ្ញាជាទ្រព្យទៅរកត្រើយ បាននៅជីវិតប៉ុណ្ណឹងហើយ កុំនៅកន្តើយប្រឹងសិក្សា ។ ជីវិតមានកម្មចាំឲ្យផល បាបអកុសលឬកុសលា មិនលុះអំណាចនៃអ្នកណា មិនឲ្យសុខាបានយូរឡើយ ។ សាមិសសុខជាអន្ទាក់ យើងត្រូវតែភ្ញាក់រត់រកត្រើយ ភពបីមិនមែនស្រុកយើងឡើយ សត្វកើតមកហើយតែងតែស្លាប់ ។ សត្វកើតមកហើយតែងមានទុក្ខ ដូចនៅក្នុងគុកគេចងចាប់ ត្រូវតែរត់ចេញជាប្រញាប់ ខំប្រឹងរកស្ដាប់ធម៌ទេសនា ។ ព្រះពុទ្ធទ្រង់ត្រាស់សច្ចធម៌ មគ្គសច្ចបវរលះតណ្ហា ទុក្ខនិរោធផុតទុក្ខា ស្ដាប់ធម៌ទេសនាទៅនិព្វាន ៕ ប. ស. វ. ដោយ៥០០០ឆ្នាំ
images/articles/2575/image.jpeg
Public date : 06, Jul 2020 (27551 Read)
៙. សេចក្ដីល្អ ឬអាក្រក់ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន ។ មនុស្សដែលយើងព្រមទទួលថា ជាមនុស្សល្អនោះ ព្រោះគេបានធ្វើល្អ និងនិយាយល្អ ទាំងនេះព្រោះមកអំពីមាន ការគិតល្អជាមូលដ្ឋាន ។ អាចនិយាយម្យ៉ាងទៀតថា គេតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ។ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ជាងយើងជាមនុស្សល្អនោះឡើយ ។ ជំនួសការដែលយើងចង់ឲ្យអ្នកដទៃ ធ្វើសេចក្ដីល្អឲ្យយើង គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯង ទៅតាមដែលយើងត្រូវការ ។ សេចក្ដីល្អដែលយើងធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្ត ជាពិតប្រាកដ គឺធ្វើឲ្យចិត្តបានសុខស្ងប់ ។ កាលបើចិត្តបានសុខស្ងប់ហើយ អ្វី ៗ ក៏រៀបរយទៅផងដែរ ។ ៙. ចិត្តរបស់មនុស្ស សំខាន់សម្រាប់មនុស្សខ្លួនឯងណាស់ មានតម្លៃជាទីបំផុត ត្រូវថែទាំឲ្យក្រៃលែង ។ មនុស្សនឹងទៅជាបុគ្គលយ៉ាងណា គឺស្រេចហើយតែចិត្តរបស់គេនោះឯង តួយ៉ាងព្រះសិទ្ធត្ថ ដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធ ក៏ព្រោះមកអំពីព្រះហឫទ័យព្រះអង្គដែរ ។ មនុស្សធម្មតា តែក្រោយមកបានក្លាយជាព្រះអរហន្ត ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ព្រោះចិត្តរបស់លោកប្រាសចាកកិលេសហ្នឹងឯង រីឯមនុស្សមានមុខមាត់ស្អាតបាតខ្លះ តែជាទីរង្កៀសដល់មនុស្សទាំងឡាយ ព្រោះចិត្តអាក្រក់ ហើយធ្វើអាក្រក់ និយាយអាក្រក់ ទៅតាមចិត្តដែលអាក្រក់នោះ ៗ ។ ៙. ចំពោះចិត្តមានសេចក្ដីសំខាន់យ៉ាងណា អ្នកសិក្សាអំពីចិត្ត អាចឃើញច្បាស់បាន ។ អ្នកដែលមានជោគល្អជាទីបំផុត គឺអ្នកដែលអាចធ្វើចិត្តឲ្យជាសុខបានរាល់ថ្ងៃ និងសេចក្ដីស្ងប់ដ៏ពិតប្រាកដ នៃចិត្តនោះឯង ។ ត្រូវចាំថា បើចិត្តអាក្រក់ហើយ អ្វី ៗ ទៀតដែលអាក្រក់នឹងតាមមក តែបើចិត្តល្អវិញ សេចក្ដីល្អគ្រប់យ៉ាងនឹងតាមមកក្រោយដែរ ដូចកង់រទេះ វិលតាមស្នាមជើងគោដែលអូសនូវរទេះនោះ ឬដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះឯង ។ ៙. យើងកើតទុក្ខទោមនស្ស ព្រោះចិត្តគិតតាក់តែងខ្លួនឯង មិនមែនព្រោះអ្នកដទៃទេ ។ ចិត្តនេះ គិតឲ្យខ្លួនឯង ខ្វះខាតរហេមរហាមក៏បាន គិតឲ្យខ្លួនឯងគ្រប់ ឡើងសល់ទៀតក៏បាន គិតឲ្យសុខ គិតឲ្យទុក្ខ បានទាំងអស់ ដូច្នេះ គួរយើងសិក្សាព្រះធម៌ ដើម្បីបានឆ្លាតក្នុងការគិត គឺយោនិសោមនសិការ ៕ សាធុ ! សាធុ ! ៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2633/645overed.jpg
Public date : 06, Jul 2020 (32507 Read)
ការធ្វើបុណ្យក្នុងព្រះពុទ្ធសាសនា បុណ្យដែលធំដុំមែនទែន នៅត្រង់លះកិលេសក្នុងចិត្តខ្លួនឯង ដូច្នេះអ្នកធ្វើទាន រក្សាសីលជា-ដើមហើយ ត្រូវចេះនឹកដល់បុណ្យធំៗផ្សេងទៀត ដូចជាការចម្រើនមេត្តាចិត្ត ការឲ្យអភ័យ សេចក្តីអត់ធន់ អនិច្ចសញ្ញា សិក្សាការពិត ។ល។ នៅក្នុងភិក្ខុវគ្គ ព្រះគាថាធម្មបទ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។ ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។ ដកស្រង់ពី សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2636/43overed.jpg
Public date : 06, Jul 2020 (28965 Read)
មិនមានអ្វីទៀងទាត់ក្នុងជីវិតឡើយ ដូច្នេះហើយទើបមិនគប្បីអួតខ្លួនឯងក្នុងរឿងអ្វីៗនោះទេ ។ ធ្វើសេចក្តីល្អ ដើម្បីខ្លួនឯងជាមនុស្សល្អ មិនមែនគ្រាន់តែដើម្បីបង្អួតបង្អរអ្នកដទៃនោះឡើយ ។ នៅក្នុងធម្មដ្ឋវគ្គ ( វគ្គទី ១៩ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធ-អង្គទ្រង់ត្រាស់ថា៖ ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។ បុគ្គលមានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែចេះនិយាយឬ ដោយភាពជាអ្នកមានពណ៌សម្បុរល្អស្អាតនោះ មិនទាន់បានឡើយ។ យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។ លុះត្រាតែអកុសលធម៌ មានឥស្សាជាដើមនេះ ដែលបុគ្គលណាបានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសៈខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អទៅបាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2648/tex567tpic.jpg
Public date : 06, Jul 2020 (17800 Read)
ដឹងខ្លួនថាកំពុងវង្វេង គឺល្អណាស់ ល្អត្រង់ចេះសាកសួររកផ្លូវត្រូវ តែបើកំពុងវង្វេងហើយ ដឹងខ្លួនថា ខ្លួនឯងជាអ្នកចេះដឹង បែបហ្នឹងប្រាកដជាជួបគ្រោះថ្នាក់ ។ តើយើងមានចិត្តចង់ស្តាប់អ្នកដែលអស់កិលេស និយាយឲ្យយើងស្តាប់ដែរឬទេ ? អ្នកដែលអស់កិលេស គឺអ្នកដែលស្គាល់ផ្លូវរួចផុតចាកទុក្ខ ។ តើយើងមានដឹងខ្លួនថា យើងកំពុងតែវង្វេងក្នុងវដ្តសង្សារដែរឬទេ ? បើដឹងខ្លួនថាកំពុងវង្វេង យើងប្រាកដជាចូលចិត្តស្តាប់ ចូលចិត្តសិក្សានូវព្រះពុទ្ធដីកា តាមរយៈព្រះត្រៃបិដក និងពិចារណាតាមអដ្ឋកថា មិនខានឡើយ ។ ក្នុងពាលវគ្គ ( វគ្គទី ៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ៖ យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។ អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ចំណែកបុគ្គលណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល​ដោយពិត ។ ដកស្រង់ចេញពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2692/t6545xtpic.jpg
Public date : 06, Jul 2020 (21123 Read)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត (ព្រះអរហន្តជាគ្រហស្ថ) ការសម្រេចព្រះអរហត្តរបស់គ្រហស្ថនេះ មានមតិរបស់អាចារ្យមួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិតទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន ៧ ថ្ងៃ ។ ការយល់យ៉ាងនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ បរិព្វាជកវគ្គ តេវិជ្ជវច្ឆសូត្រ បានសម្ដែងថា យេបិ ហិ សន្តតិមហាមត្តោ ឧគ្គសេនោ សេដ្ឋិបុត្តោ វីតសោកទារកោតិ គិហិលិង្គេ ឋិតាវ អរហត្តំ បត្តា, តេបិ មគ្គេន សព្ពសង្ខារេសុ និកន្តិំ សុក្ខាបេត្វា បត្តា។ តំ បត្វា បន ន តេន លិង្គេន អដ្ឋំសុ, គិហិលិង្គំ នាមេតំ ហីនំ, ឧត្តមគុណំ ធារេតុំ ន សក្កោតិ។ តស្មា តត្ថ ឋិតោ អរហត្តំ បត្វា តំទិវសមេវ បព្ពជតិ វា បរិនិព្ពាតិ វា។ សូម្បីបុគ្គលទាំងឡាយណា គឺសន្តតិមហាមាត្យ ឧគ្គសេនសេដ្ឋបុត្ត វីតសោកទារកៈ ឋិតនៅក្នុងភេទជាគ្រហស្ថ ក៏បានសម្រេចនូវព្រះអរហត្ត ។ សូម្បីបុគ្គលទាំងនោះ ញ៉ាំងសេចក្ដីប្រាថ្នាក្នុងសង្ខារទាំងពួងឲ្យស្ងួតទៅដោយមគ្គហើយទើបបានសម្រេច ។ តែកាលបានសម្រេចនូវព្រះអរហត្តហើយ រមែងមិនតាំងនៅដោយភេទជាគ្រហស្ថនោះឡើយ ។ ភេទជាគ្រហស្ថឈ្មោះថាជា ហីនភេទ រមែងមិនអាចដើម្បីនឹងទ្រទ្រង់ឧត្តមគុណគឺព្រះអរហត្តនោះឡើយ ។ ព្រោះហេតុនោះ បុគ្គលណាឋិននៅក្នុងភេទជាគ្រហស្ថ បានសម្រេចហើយនូវព្រះអរហត្ត តែងតែបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើសិនជាមិនបានបួស) រមែងបរិនិព្វានក្នុងថ្ងៃនោះប៉ុណ្ណោះ ។ សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏សម្ដែងថា ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មិំ យេវ ទិវសេ បព្ពជតិ វា បរិនិព្ពាយតិ វា បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ រមែងបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើមិនបានបួសទេ) រមែងបរិនិព្វានក្នុងថ្ងៃនោះ ប៉ុណ្ណោះ យ៉ាងនេះឯង ។ ដូច្នេះ បញ្ជាក់ឲ្យឃើញថា មតិរបស់អាចារ្យដែលយល់ថា គ្រហស្ថបានសម្រេចជាព្រះអរហន្តហើយ បើមិនបានបួសទេ រមែងបរិនិព្វានក្នុងរវាង ៧ ថ្ងៃនោះ ជាការយល់មិនត្រឹមត្រួវឡើយ ។ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2691/8765tpic.jpg
Public date : 06, Jul 2020 (21042 Read)
១. មិនបានទូលសួរ ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ឯសិក្ខាបទទាំងឡាយដែលតូចៗដោយលំដាប់ គឺសិក្ខាបទណាខ្លះ ។ ២. ជាន់ដេរសំពត់វស្សិកសាដករបស់ព្រះមានព្រះភាគ ។ ៣. ឲ្យមាតុគ្រាមថ្វាយបង្គំព្រះសរីរៈនៃព្រះមានព្រះភាគមុនគេ កាលដែលមាតុគ្រាមទាំងនោះយំទួញសោក ធ្វើសរីរៈនៃព្រះមានព្រះភាគឲ្យប្រឡាក់ដោយទឹកភ្នែក ។ ៤. កាលព្រះមានព្រះភាគកំពុងធ្វើនិមិត្តជាឱឡារិក (បញ្ឆិតបញ្ឆៀង) និងធ្វើឱកាស (បំភ្លឺ ហេតុ) ជាឱឡារិក លោកមិនបានអារាធនាព្រះមានព្រះភាគថា សូមព្រះមានព្រះភាគគង់ នៅអស់មួយកប្ប (កំណត់អាយុ) ។ ៥. ធ្វើសេចក្ដីខ្វល់ខ្វាយឲ្យមាតុគ្រាមបានបព្វជ្ជាក្នុងធម្មវិន័យ ។ កំហុសទាំង ៥ ដែលព្រះថេរៈទាំងឡាយលើកឡើងនេះ គ្រាន់តែលើកឡើងដើម្បីឲ្យព្រះអានន្ទទទួលស្គាល់ថាជា អំពើមិនល្អ ដែលមានក្នុងបទថា ឥទន្តេ អានន្ទ ទុក្កដំ នែអាវុសោ អានន្ទ នេះជាអំពីមិនល្អរបស់លោក ។ មិនមែនព្រះថេរៈទាំងឡាយដាក់ឲ្យព្រះអានន្ទត្រូវអាបត្តិទុក្កដ ហើយឲ្យព្រះអានន្ទសម្ដែងអាបត្តិទុក្កដទេ ។ (វិនយបិដក ចូឡវគ្គ បញ្ចសតិកក្ខន្ធកៈ បិដកលេខ ១១ ទំព័រ ៣៦៩) ដោយ៥០០០ឆ្នាំ
images/articles/2690/tex986tyrtpic.jpg
Public date : 06, Jul 2020 (30204 Read)
(មិនមែនដូចរូបគំនូរដែលមានព្រះឥន្ទ្រមកដេញពិណថ្វាយ)ព្រះពោធិសត្វពិរចារណារកឃើញមជ្ឈិមប្បដិទា ដោយបានបែរត្រឡប់ពីការបដិបត្តិទុក្ករកិរិយាដោយខ្លួនព្រះអង្គឯង មិនមែនដោយព្រះឥន្ទ្រមកក្រើនរំលឹកដោយដេញពិណ ឬដោយបុគ្គលណាមួយមកពន្យល់ណែនាំឡើយ ។ មានគម្ពីរខ្លះបានសម្ដែងត្រង់ចំណុចហ្នឹងថា ព្រះឥន្ទ្រមកដេញពិណឲ្យព្រះអង្គពិចារណា ហើយក៏មានបុគ្គលមួយចំនួនខ្លះ ដោយមិនបានសិក្សាស្រាវជ្រាវតាមបិដកអដ្ឋកថា ក៏កាន់យកតៗគ្នាមកដល់សព្វថ្ងៃ ដូចមានជាក់ស្ដែងក្នុងរូបគំនូរនានាតាមវត្តអារាមជាដើម តែការយល់ដូច្នេះ មិនត្រឹមត្រូវតាមព្រះត្រៃបិដកដែលព្រះអង្គបានសម្ដែងផ្ទាល់ឡើយ សេចក្ដីពិត គឺព្រះអង្គបានពិចារណាដោយខ្លួនឯងដល់កាលដែលព្រះអង្គនៅជាកុមារតូច ដែលក្នុងកាលនោះ ទ្រង់ធ្លាប់បានសម្រេចបឋមជ្ឈាន ទើបទ្រង់ត្រិះរិះថា នេះជាផ្លូវត្រាស់ដឹងហ៎្ន ។ ខ្ញុំលើកសេចក្ដីនេះដោយដកស្រង់ចេញពីសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ មហាសច្ចកសូត្រ បិដកលេខ ២២ ទំព័រ ១២១ ព្រះមានព្រះភាគសម្ដែងថាម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ជន ទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។ ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ នឹងវិចារៈ មានបីតិនឹងសុខ ដែលកើត អំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ ទេដឹង ។ ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿង រឭកតាមនូវស្មារតី ក៏កើតឡើងដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការ ត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខ ណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាច សេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។ (ដោយ អវតារ) ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
Public date : 06, Jul 2020 (30621 Read)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ? ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។ ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2688/te3223pic.jpg
Public date : 06, Jul 2020 (18530 Read)
ការសម្រេចធម៌និងការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈក្នុងវេលាដែលព្រះមានព្រះភាគទ្រង់យាងបិណ្ឌបាតប្រព្រឹត្តកិច្ចប្រោសសត្វ ដែល ពុទ្ធវង្សរបស់ព្រះអង្គ ។ ព្រះបាទសុទ្ធោទនៈជាពុទ្ធបិតា បាន​យាងទៅឃាត់ ហើយបានស្ដាប់ ព្រះគាថាដែលព្រះមានព្រះភាគទ្រង់សម្ដែង ក៏បានសម្រេចសោតាបត្តិផល ដោយ ព្រះគាថានេះថាៈ ឧត្តិដ្ឋេ នប្បមជ្ជេយ្យ, ធម្មំ សុចរិតំ ចរេ; ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។ បុគ្គលមិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ សុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ហើយព្រះបាទសុទ្ធោទនៈ ក៏បានសម្រេចសកទាគាមិផលដោយស្ដាប់ព្រះគាថានេះថា ធម្មំ ចរេ សុចរិតំ, ន នំ ទុច្ចរិតំ ចរេ; ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។ បុគ្គលគួរប្រព្រឹត្តធម៌ឲសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ធម្មបាលជាតកំ សុត្វា អនាគាមិផលេ បតិដ្ឋាសិ ហើយព្រះរាជាបានស្ដាប់នូវ ធម្មបាលជាតក (ក្នុងថ្ងៃខាងក្រោយអំពីការបួសរបស់ព្រះនន្ទ) ទ្រង់ក៏បានតាំងនៅក្នុង អនាគាមិផល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត មហាធម្មបាលជាតក បិដកលេខ ៥៩ ទំព័រ ១៨៦) មរណសមយេ សេតច្ឆត្តស្ស ហេដ្ឋា សិរិសយនេ និបន្នោយេវ អរហត្តំ បាបុណិ។ អរញ្ញវាសេន បធានានុយោគកិច្ចំ រញ្ញោ នាហោសិ។ ក្នុងមរណសម័យ (ពេលជិតនឹងស្លាប់) ព្រះបាទសុទ្ធោទនៈទ្រង់ផ្ទុំលើសិរិសយនៈ ខាងក្រោមស្វេតច្ឆត្រប៉ុណ្ណោះ ហើយបានដល់នូវព្រះអរហត្ត ។ កិច្ចដែលត្រូវប្រកបដោយ សេចក្ដីព្យាយាមជាគ្រឿងតម្កល់ទុកដោយអរញ្ញវាស (ព្រៃជាទីនៅ) មិនមានដល់ ព្រះរាជាឡើយ ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក មហាវគ្គ មហាខន្ធកៈ រាហុលវត្ថុកថា ត្រង់ព្រះសម្មាសម្ពុទ្ធទ្រង់យាងនិវត្តទៅនគរកបិលពស្ដុតាមការអារាធនារបស់ព្រះកាឡុទាយីដែលជារាជទូតរបស់ព្រះពុទ្ធបិតា) សេចក្ដីសន្និដ្ឋាន : កាលដែលព្រះបាទសុទ្ធោទនៈសម្រេចព្រះអរហត្តហើយបរិនិព្វាននេះ មិនមែនកើតឡើងក្នុងរវាងវស្សាទី ៤ ឬ ទី ៥ ដូចដែលគម្ពីរជិនមហានិទាន និង ព្រះសាវកនិព្វាន សម្ដែងនោះឡើយ មិនមានបញ្ជាក់ក្នុងគម្ពីរព្រះត្រៃបិដក ឬអដ្ឋកថា ។ រឿងនេះអាចកើតឡើងក្នុងពេលវេលាព្រះសម្មា​សម្ពុទ្ធ​ទ្រង់យាងជាលើកដំបូងនោះឯង ដោយអាងទៅលើរឿងការចេញបួសរបស់ស្ដេចសក្យទាំង ៦ (គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិល ១ ទេវទត្ត ១) គប្បីពិចារណាដល់ស្ដេចដែលត្រូវសោយរាជសម្បត្តិ ។ ថ្ងៃពុធ ១៥ កើត ខែចែត្រ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2687/te43xtsspic.jpg
Public date : 06, Jul 2020 (17687 Read)
អង្គាទិ ១. អង្គំ ការទាយអវយវៈខ្លះ ២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ ៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ ៤. សុបិនំ ទាយយល់សបិ្តខ្លះ ៥. លក្ខណំ ទាយលក្ខណៈខ្លះ ៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ ៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ ៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ ៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ ១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ ១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ ១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ ១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ ១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ ១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ ១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ ១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ ១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ ១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ ២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ ២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ ២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ ២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ ២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ ២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ ២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ ២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ ២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ ២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ ៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។ មណិលក្ខណាទិ ៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ ៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ ៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ ៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ ៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ ៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ ៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ ៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ ៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ ៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ ៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ ៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ ៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ ៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ ៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ ៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ ៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ ៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ ៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ ៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ ៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ ៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ ៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ ៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ ៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ ៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។ រញ្ញោទិ ៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។ ៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។ ៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។ ៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។ ៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។ ៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។ ៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។ ៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។ ៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។ ៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ ៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។ ចន្ទគ្គាហោទិ ៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។ ៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។ ៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។ ៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។ ៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។ ៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។ ៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។ ៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។ ៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។ ៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។ ៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។ ៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។ ៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ សុវុដ្ឋិកាទិ ៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។ ៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។ ៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។ ៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។ ៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។ ៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។ ១០០. រោគោ ភវិស្សតិ នឹងមានរោគ ។ ១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។ ១០២. មុទ្ទា ការរាប់ដោយដៃទទេ ១០៣. គណនា ការរាប់ដោយវិធីនព្វន្ត ១០៤. សង្ខានំ រាប់បូក ១០៥. កាវេយ្យំ កាព្យឃ្លោង ១០៦. លោកាយតំ គម្ពីរលោកាយតៈ ។ អាវាហនាទិ ១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ ១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ ១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ ១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ ១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ ១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ ១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ ១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ ១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ ១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ ១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ ១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ ១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ ១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ ១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ ១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ ១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ ១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ ១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ សន្តិកម្មាទិ ១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ ១២៩. បណិធិកម្មំ លាបំណន់ខ្លះ ១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ ១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ ១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ ១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ ១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ ១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ ១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ ១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ ១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ ១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ១៥២. មូលភេសជ្ជានំ អនុប្បទានំដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ ១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល) បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។ តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។ វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។ សមន្តបាសាទិកា ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ ។ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។ ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទ វិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។ ដោយ៥០០០ឆ្នាំ
images/articles/2686/cew4333.jpg
Public date : 06, Jul 2020 (17145 Read)
បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត កុសលចុះក្នុងអត្ថថាកាត់ផ្តាច់នូវអកុសល ពាក្យថាបុណ្យកុសលរមែងប្រាសចាកលោភៈទោសៈមោហៈ តែងសម្បយុត្តិដោយបញ្ញាជានិច្ច ។ បុគ្គលឥតបញ្ញាធ្វើបុណ្យកុសលមិនបានល្អឡើយ ព្រោះតែងមានការប្រាថ្នាផលតបស្នងជាប់មកជាមួយ តែយ៉ាងណាក៏ល្អជាងអត់ធ្វើដែរ កុំចេះតែតិះដៀលអ្នកដែលគ្នាខំធ្វើហើយនោះពេកអី ដរាបណាការធ្វើបុណ្យគឺដើម្បីឲ្យអ្នកដទៃបានក្តីសុខតែម៉្យាង ដរាបនោះបុណ្យគឺបរិបូរណ៍ដោយបញ្ញាហើយ ។ អ្នកដែលកែប្រែឈប់ធ្វើអំពើបាប មិនត្រូវរំលឹកពីអំពើអាក្រក់នោះឡើងវិញឡើយ ព្រោះការរំលឹកម្តងគឺដូចជាបានធ្វើកម្មនោះឡើងវិញម្តង(ជវនសោយអារម្មណ៍ជាថ្មី៤៥០០០០ដង ម្តងទៀត) រំលឹកពីរដងដូចបានធ្វើកម្មនោះពីរដងដូច្នោះដែរ ។ បើជួបមនុស្សមានកំហុស សូមអនុញ្ញាត្តិឲ្យគេបានកែប្រែកំហុសផង កុំយកអតីតកាលមកសង្កត់ឲ្យគ្នារើជំងឺចាស់ឡើងវិញ លោកនេះមិនមានមនុស្សដែលមិនធ្លាប់ធ្វើខុសនោះឡើយ ។ សូម្បីតែព្រះពោធិសត្វលោកក៏ធ្លាប់មានកំហុស ធ្លាប់ធ្លាក់នរក លោកលែងធ្វើខុសបានតែ៤៥ឆ្នាំក្រោយការត្រាស់ដឹងនេះប៉ុណ្ណោះ ព្រះមហាមោគ្គល្លានជាអគ្គមហាសាវ័កឆ្វេងក៏លោកធ្លាប់បានសម្លាប់មាតាបិតាក្នុងអតីតជាតិ ដែលផលកម្មតាមផ្តន្ទាលោក ជាតិណាក៏លោកត្រូវស្លាប់ដោយដាច់ព្រះសីសៈ(ដាច់ក្បាល)សូម្បីតែជាព្រះខីណាស្រពហើយក៏ដោយ ។ ជនណាសាងបាបនឹងសៅហ្មងដោយខ្លួនឯង ជនណាសាងបុណ្យនឹងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធមិនបរិសុទ្ធ ល្អក់ប៉ុណ្ណាថ្លាប៉ុណ្ណា គឺមានខ្លួនឯងជាអ្នកដឹង មិនមានអ្នកដទៃណាមកធ្វើឲ្យយើងសៅហ្មងឬបរិសុទ្ធបានឡើយ ។ បើយើងខ្លាចទុក្ខត្រូវខំកំចាត់ហេតុរបស់វាចោលចេញ កុំធ្វើអំពើបាបទាំងក្នុងទីវាលនិងក្នុងទីកំបាំង។បុគ្គលមិនមែនថោកទាបព្រោះជាតិត្រកូលទេ ទាំងមិនមែនថ្លៃថ្នូរព្រោះតែជាតិត្រកូលដែរ ថោកទាបឬថ្លៃថ្នូរគឺនៅលើអំពើកម្មរបស់ខ្លួន។ផលកម្មមិនដែលអត់អោនត្រាប្រណីដល់អ្នកប្រព្រឹត្តិម្តងណាឡើយ ទាំងក្នុងបច្ចុប្បន្ននិងអនាគត តុលាការកម្មមិនចេះសុីសំណូកជាដាច់ខាត ! ភាពសោកសៅដោយការស្តាយក្រោយនឹងតាមលងអ្នកគ្រប់ពេលវេលាសូម្បីតែក្នុងការយល់សប្តិ ទោះបីជាអ្នកមិនចេះឈឺចាប់ដោយវិប្បដិសារីយ៍ក៏ដោយ ។ ហេតុអីអ្នកធ្វើអំពើអាក្រក់មិនឃើញទទួលផលភ្លាមៗ? ត្រូវចាំថាកម្មនិងផលកម្មគឺសូន្យចាកគ្នា មានន័យថាវេលាកំពុងធ្វើកម្មគឺផលមិនទាន់ហុចឲ្យទេ ដល់ពេលផលហុចឲ្យគឺហុចឲ្យផ្ទួនៗគ្នានាំឲ្យវិនាសហិនហោចខ្លោចផ្សាស្លាប់ព្រាត់ប្រាសយ៉ាងវេទនាអស់ទៅ ។ សូម្បីទឹកក្អមគង់នឹងពេញដោយតំណក់ទឹក យ៉ាងណាមិញជនពាលសន្សំបាបបន្តិចម្តងគង់នឹងពេញដោយអំពើបាប ហើយឲ្យផលដូច្នោះដែរ ។ ប៉ុន្តែយើងទេដែលចេះតែចង់ឲ្យគេបានទទួលផលឆាប់ៗលើអំណាចកម្ម បាបមិនទាន់ឲ្យផលត្រឹមណាជនពាលរមែងចូលចិត្តថាអំពើបាបមានរសផ្អែមត្រឹមនោះ តែកាលណាបាបឲ្យផលហើយទើបជួបនូវសេចក្តីទុក្ខសមតាមផលកម្មរបស់ខ្លួន « អ្វីៗ កើតឡើងសុទ្ធតែមានហេតុផល វាមកដល់តាមពេលវេលាច្បាស់លាស់របស់វា » ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2679/erere455pic.jpg
Public date : 06, Jul 2020 (28927 Read)
ជីវិតគឺលំបាកខ្លាំងណាស់ទៅហើយ ហេតុនេះមិនត្រូវធ្វើចិត្តឲ្យតានតឹងថែមទៀតទេ ការធ្វើចិត្តឲ្យធូរស្រាល ( កុំគិតច្រើន ) ជីវិតក៏បានធូរស្បើយមួយកំរិតដែរ ។ នឿយជាមួយការងារត្រូវទ្រាំ នឿយជាមួយមនុស្សត្រូវរឹងមាំ មិនអាចបង្ហាញភាពទន់ជ្រាយឲ្យគេបានឃើញជាដាច់ខាត ! ។ ត្រូវដាស់តឿនខ្លួនឯងជាប់ជានិច្ចថា « បើព្រមដួល មានតែគេជាន់ថែមតែប៉ុណ្ណោះ » ។ ពេលខ្លះជីវិតគឺពិតជាមានការហត់នឿយណាស់ សឹងតែលែងចង់បោះជំហានទៅមុខ តែបើយើងធ្វើបែបនេះគឺមិនបានទេ ព្រោះជីវិតនេះមិនមែនជារបស់យើងតែម្នាក់ឯណា ហេតុនេះត្រូវតែសម្រេចចិត្តដើរទៅមុខទៀត ! អញដួលមិនបានទេ ! គ្មានអ្នកណារឹងមាំជាងខ្លួនឯងទេ គ្មានជាដាច់ខាត កុំរវល់តែមើលឆ្វេងស្តាំភ្លេចគិតពីខ្លួនឯង ! ។ រំឡឹករឿងចាស់ ពេលប៉ះរឿងថ្មី តែអ្វីៗមិនប្រែប្រួលទេ ! វិធាន៨យ៉ាងគួរយល់ដឹង ៖ ១_ភាពរីករាយមិនមែនមានអារម្មណ៍តែមួយទេ តែវាចាំបាច់ណាស់សម្រាប់ជីវិត ២_ជោគជ័យមិនមែនមានន័យថារីករាយទេ ៣_គំនិតមើលមិនឃើញ តែវាសំខាន់ជាងអ្វីៗទាំងអស់ ៤_ត្រូវអន្តរាគមជាមុនកុំចាំដោះស្រាយបញ្ហាតាមក្រោយ ៥_ដួលគឺត្រូវក្រោកឡើងដោយខ្លួនឯង បើមិនក្រោកគេនឹងជាន់ថែម ៦_ត្រូវចេះសុំជំនួយពីមនុស្សនិងចក្រវាឡនៅពេលជួបបញ្ហាដែលដោះស្រាយមិនចេញ ៧_ជីវិតគឺទទួលបានពីការស្លាប់ទេ ! ៨_សេចក្តីស្រឡាញ់នៅក្នុងលោកមានច្រើនប្រភេទ តែវត្ថុុមួយគេមិនដែលស្រឡាញ់បានពីរដងឡើយ ចាំណា ! បើគេស្អប់ហើយ ចង់មានក្តីស្រឡាញ់ជាថ្មីគឺវាមិនដូចមុនឡើយ។ចានដីបែក បើចង់ប៉ះភ្ជិតទៅវិញ ការយកដីមកប៉ះវាមិនអាចទៅរួចឡើយ ទាល់តែយកមាសពេជ្រមកប៉ះទើបទៅរួច ! យ៉ាងណាមិញ សេចក្តីស្រឡាញ់សាជាថ្មីបើនៅតែប្រើស្ទីលចាស់វាមិនអាចទៅរួចទេ ទាល់តែដូរស្តាយថ្មី ! ! ! ។ ការចាកចេញពីផែនដីគួរមានកេរ្តិ៍ដំណែលដ៏ពិតប្រាកដ នោះគឺអំពើល្អដែលអាចគង់វង់នៅយូរអង្វែងបាន សេចក្តីស្លាប់គឺជាចំនួនថេរនៅលើអ័ក្សសនិទាន ដែលមានពិសោធលើរាងកាយនៅចុងបញ្ចប់នៃជីវិត ប៉ុន្តែនិរន្តរភាពគឺកេរ្តិ៍ឈ្មោះល្អ កុំភ្លេចណា ! ជីវិតគឺជាអ្វីដែលកំពុងរស់នៅឥឡូវនេះ ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2677/9655pic.jpg
Public date : 06, Jul 2020 (24057 Read)
កូនអើយកេរ្តិ៍មេបា ចូររក្សាឲ្យស៊ប់សួន តំលៃថែនឹមនួន ស្មើនឹងខ្លួន មិនមានឡើយ ! ។ តម្លៃនៃពាក្យនី​មួយ ៗ បើជនឯណាបានរកឃើញអាថ៌កំបាំងដល់ឬសគល់ពិតប្រាកដរបស់វា ហើយរើសយកមកប្រើធ្វើជាមគ្គុទ្ទេសក៏ជីវិត នរជននោះនឹងបន្លុះបាននូវប្រយោជន៍តាំងពីបច្ចុប្បន្នដល់បរលោកនាយ ៖ ១- អ្វីទៅដែលមិនអាចធ្វើបាន និង អ្វីដែលអាចធ្វើបាន ? ២- ភាពក្លាហាន និង ការភ័យខ្លាច ៣- ភាពខ្ជិលច្រអូស និង ការព្យាយាម ៤- ភាពអន្ទះសារ និង ការអត់ធ្មត់ ៥- ភាពជោគជ័យ និង ការបរាជ័យ ! ជំរៅអត្ថន័យនៃពាក្យនិមួយៗ បើយើងចេះវែកញែកពីតំលៃរបស់វា យើងនឹងចេះអភិវឌ្ឍខ្លួនឲ្យបានល្អ នេះគឺជាវិធីឈរជើងឲ្យហ្នឹងដើម្បីកុំឲ្យដួល ។ នៅសម័យពុទ្ធកាល ព្រះសារីបុត្តជាមាតាឬជាមេទ័ពធម៌(មានបញ្ញាដឹកនាំកុលបុត្រ)ព្រះមោគ្គល្លានជាបិតា ថែរក្សាការពារអ្នកព្រហើនកោងកាចដោយឬទ្ធិមកពីខាងក្រៅ ទើបព្រះសាសនាប្រកាសផ្សាយទៅតាមលំអាន មិនមានអ្វីជាឧបសគ្គ ៖ សម័យថ្ងៃមួយ មានព្រះអរហន្តវ័យក្មេង មួយអង្គកំពុងតែបញ្ចុកបបរ ភិក្ខុជរានៅជើងភ្នំ ស្រាប់តែមានគ្រុឌ(សត្វបក្សីធំអាចជាឥន្ទ្រីយ៍)ដេញតាមឆាបសត្វនាគ(សត្វពស់ដ៏ធំ)តំរង់មក ដៃម្ខាងរបស់លោកកាន់ ចាន បបរ ឯដៃម្ខាងទៀតលូកបក់ក្លាយជាភ្នំបាំងជិតមិនឲ្យសត្វគ្រុឌរកនាគឃើញ លុះវារកនាគមិនឃើញវាក៏ហើរចាកចេញទៅ។ព្រះអរហន្តអង្គនោះលោកពោលថា បើគ្មានយើង(លោកពោលនាមរបស់លោក) នៅទីនេះទេ ច្បាស់ជាមានការកាប់សម្លាប់គ្នាជាមិនខាន ! ។ ទីណាមានសមណៈសក្យបុត្រទីនោះនឹងមិនឲ្យមានការកាប់សម្លាប់គ្នាឡើយ ! ។ តាមរយះរឿងនេះ ពុទ្ធបុត្រគឺមិនអាចឈរមើលការវិវាទ ដោយមិនជួយរំងាប់ឬដើរចេញយករួចខ្លួនបានឡើយ ! ឯការខិតខំសាងកាយឲ្យមានឬទ្ធិហើយការពារសាសនាគឺជាកុសលទេតើ ! នៅពុទ្ធកាលបើគ្មានអ្នកមានឬទ្ធិទេ មិនដឹងជាពួកព្រាហ្មណ៍បៀតបៀនពុទ្ធបរិស័ទយ៉ាងណា?។ហេតុនេះបើយើងធ្វើមិនបាន សូមកុំសំគាល់ថាអ្នកដទៃដែលគេបង្អោនចិត្តទៅយកឬទ្ធិអភិញ្ញា បង្អោនចិត្តទៅយកឈាន កុំទើសចិត្តថាគេខុសអី បើយើងធ្វើមិនបាន(មិនបានសន្សំហេតុទុកមក) យ៉ាងហោចណាស់ក៏គេទទួលស្គាល់ថាធម៌នេះរមែងមាននៅក្នុងលោកយ៉ាងនេះក៏បានបុណ្យដែរ ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
Public date : 06, Jul 2020 (23866 Read)
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញ​ត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះ​បង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។ តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។ ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេក​ឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។ ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។ អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ? ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2675/____________pic.jpg
Public date : 06, Jul 2020 (25687 Read)
មហាយាន ម្នាក់ៗខំកសាងខ្លួនដោយការជួយមនុស្សនិងសត្វ ដើម្បីបានក្លាយជាព្រះពោធិសត្វ នឹងបានទៅរស់នៅក្នុងព្រះនិព្វានដែលជាឋានបរមសុខ(និព្វានបញ្ញត្តិជានិព្វានមានឋានមានទីតាំង) ។ សមាធិប្រឆាំងនឹងគំនិតបំពុលបីយ៉ាង ភាពល្ងង់ខ្លៅ(អវិជ្ជា) សេចក្តីត្រូវការមិនចេះចប់ ឬ គ្មានព្រំដែន (តណ្ហា) ការមានះប្រកាន់រឹងត្អឹង(ឧបាទាន) ដោយតស៌ូផ្តាច់ចំណងតណ្ហានិងការប្រកាន់មាំត្រូវពង្រឹងចិត្តមេត្តាជាគោលគ្រឹះ «សូមឲ្យទុក្ខលំបាក ការឈឺចាប់សព្វបែបយ៉ាងដែលមនុស្សសត្វមានសូមធ្លាក់​មក​លើ​ខ្លួន​អាត្មាអញទាំងអស់មកចុះ ! សូមឲ្យក្តីរីករាយរបស់អាត្មាអញផ្សាយទៅកាន់ពួកគេ ! សូមឲ្យទុក្ខសោករោគភ័យទាំងអស់ ក្តីស្រេកឃ្លានទាំងអស់ កំហឹងនិងអំពើមិនបរិសុទ្ធិទាំងអស់ឃ្លាតឆ្ងាយពីពួកគេនិងញាតិរបស់គេ ! ដោយអំណាចធម្មរតនៈជាទីពឹង អំណាចមេត្តាចិត្តជាទីពឹង សូមបានផ្តាច់​បង់​នូវហេតុរបស់ទុក្ខទាំងពួងឲ្យអស់ទៅ សូមរក្សាខ្លួនជាសុខគ្រប់ៗគ្នា សូមបានដល់នូវប្រយោជន៍និព្វាន​ជាទីពឹងគ្រប់ៗគ្នាកុំបីខាន ! (នេះជាការអធិដ្ឋានចិត្តរបស់សង្ឃឡាម៉ាទីបេ) ។ ម្នាក់ៗតស៊ូឲ្យក្លាយ​ជាព្រះពោធិសត្វសិន ទើបចំរើនអនត្តាឬសុញ្ញតសមាធិដែលជាកម្មដ្ឋាននាំឲ្យក្លាយជាព្រះពុទ្ធ ។ដើម្បីចំរើនសុញ្ញតសមាធិត្រូវមានពីរតំណាក់កាល ១ យល់ទ្រឹស្តីពីភាពទទេរ (ទទេយកអីទៅមិនបាន ,ជីវិតដូចការយល់សប្តិ , ធម្មជាតិកើតរលត់ហាមឃាត់មិនបាន,កាយគតាសតិក៏ជាអនត្តាធម៌ ឯណាទៅអញ? នេះជាដៃ ជាជើង ជាភ្នែក ជាត្រចៀក ដែលបំពេញមុខងារខុសៗគ្នាមិនអាចជំនួសគ្នាបាន , អ្វីៗបានត្រឹមតែការដឹងអារម្មណ៍....។ តំណាក់កាលទីពីរ គឺអនុវត្តសមាធិដើម្បីរកឲ្យឃើញភាពទទេរក្នុងច្បាប់ធម្មជាតិ។តាមពិតមហាយាននិកាយមួយនេះនិងថេរវាទ មានវិន័យខុសគ្នាទាំងស្រុង តែធម៌កំពូលគឺមានអនត្តាធម៌ដូចគ្នា ! គួរឲ្យរីករាយជ្រះថ្លាជាមួយដែរ ។ គោលបដិបត្តិរបស់យើងគឺ សីល សមាធិ បញ្ញា ឯខាងគេគឺ មេត្តា សមាធិ និង អនត្តាធម៌យ៉ាងនេះជាដើម ។ បើគេជឿព្រះពុទ្ធ គេគ្មាននិកាយណាមួយកើតឡើងទេ បើគេជឿព្រះពុទ្ធ គេគ្មានធម្មយុត្ត ឬមហានិកាយដែរ ! តែបើគេមានទិដ្ឋិមានះហើយ សូម្បីតែព្រះពុទ្ធក៏គេគិតថានៅមានកំហុសដែរ ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2674/teww6pic.jpg
Public date : 06, Jul 2020 (34429 Read)
លោកតា! តើម៉ែធម៌ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ? កើតបានជាផ្លែឈូកគឺអាស្រ័យទឹក អាស្រ័យភក់ អាស្រ័យពួជឈូក ឯម្ចាស់បឹងឈូកជាអ្នកថែរក្សានិងទទួលផល សេចក្តីនេះយ៉ាងណា គឺដូចជាជីវិតមនុស្សម្នាក់ ដែលកើតឡើងបានព្រោះអាស្រ័យពួជបុណ្យ​របស់ខ្លួន(ពួជឈូក) អាស្រ័យបុណ្យមេបា(ទឹកនិងភក់) អ្នកថែឈូកដូចជាម្តាយចិញ្ចឹមឬម៉ែធម៌ ។ បើគិតពីគុណវិញ បើគ្មានឪម៉ែបង្កើតមកទេក៏គ្មានកូនកើតមកដែរ ព្រោះហេតុនេះម៉ែឪបង្កើតបើកូនសម្លាប់​នឹងត្រូវធ្លាក់ក្នុងអនន្តរិយកម្មជានិច្ច បើទោះជាម៉ែឪនោះអាក្រក់យ៉ាងណាក៏ដោយ(បោះបង់កូនចោលក៏ដោយ)ព្រះពុទ្ធលោកសម្តែងដូច្នេះ។ ឯឪម៉ែចិញ្ចឹម បើកូនសម្លាប់មានទោសត្រឹមបាណាតិបាត មិនមានទោសដល់អនន្តរិយកម្មទេ ! ។គុណបង្កើត គុណចិញ្ចឹម គុណផ្តល់ចំណេះវិជ្ជា គឺគុណបង្កើតធំជាងគេ ដូច្នេះម៉ែឪបង្កើតនៅតែមានគុណធំ​ជាង​ម៉ែឪចិញ្ចឹមដដែល តែណ្ហើយចុះ ! រឿងគុណធម៌កុំចេះតែថ្លឹងលេងៗអី យកល្អភារៈជាកូន គឺទោះម៉ែឪអាក្រក់យ៉ាងក៏នៅតែគោរព ឯភារៈជាម៉ែឪ បើទោះជាកូនអាក្រក់យ៉ាងណាក៏នៅតែអាណិតស្រឡាញ់​ នេះបានសមជាមនុស្ស ធ្វើខុសពីនេះគឺជាសត្វទេ ! ។ កុំភ័យខ្លាចចំពោះអ្វីដែលមិនទាន់បានដឹង និង កុំបារម្ភចំពោះអ្វីដែលមិនទាន់បានកើតឡើង ចូររស់នៅជាមួយខ្លួនឯងឲ្យបានល្អ មួយជំហានម្តងអ្នកនឹងចេះរស់នៅជាមួយបញ្ហាយ៉ាងរីករាយជាមិនខាន ។ ភ័យខ្លាចយ៉ាងណាក៏ជីវិតគង់មានសេចក្តីស្លាប់តាមជាប់ជាមួយមនុស្សដែលបានរៀបចំសេចក្តីស្លាប់ជាប់តាមខ្លួនហើយ នឹងគ្មានការភ័យខ្លាចអ្វីទាំងអស់ ! ។ សេចក្តីសុខវាឋិតនៅលើខ្លួនយើងជាអ្នកគិត ឯជីវិតវាឋិតនៅលើខ្លួនយើងជាអ្នកសាង អ្វីគ្រប់យ៉ាងវាកើតមកតែពីខ្លួនយើងទាំងអស់ « លោកនេះកើតពីកម្ម លោកនេះវិចិត្រឡើងដោយកម្ម កើតដោយកម្ម បញ្ចប់ដោយកម្ម » អ្វីៗត្រូវប្រគល់ឲ្យកម្មចាត់ចែងចុះ យើងក៏នឹងអស់កង្វល់ ! ព្រោះកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយ ! កុំប្រជែងនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត បើគិតយកឈ្នះវាមិនបានទេ មានតែត្រូវហ្វឹកហាត់ចិត្តឲ្យព្រម ព្រោះក្រោយពីចិត្តចេះព្រមហើយ យើងក៏បានសម្រាក គឺការសម្រាកនោះហើយជាសន្តិភាពចិត្ត សម្រាកលែងប្រដេញតាមភាពមិនពិតដែលមាននៅក្នុងលោក ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
« Back12345...7374Next »
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).