Friday, 24 Nov B.E.2561  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 38,315
Today
Yesterday 61,915
This Month 1,598,570
Total ៥១,៣៨៣,២៥៩
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/2829/esrfddfdgfbghj.jpg
Today
Public date : 24, Nov 2017 (3 Read)
កាល​បើ​នៅ​ត្រូវ​ការ​ច្រើន​ប៉ុន​ណា ក៏​ត្រូវ​តែ​រែក​ពុន​លី​សែង ឬ​ក៏​ត្រូវ​ទូល​ទៅ​នូវ​ភារៈ​ធ្ងន់​ប៉ុណ្ណឹ​ងដែរ ។ ការ​ស្វែង​រក​និង​ការ​បាន​មក មើល​ទៅ​ហាក់​ដូច​ជា​ហ៊ឹក​ហ៊ាក់​ហ៊ឺហាខ្លាំង​ក្លា​មាំ​មួន​ណាស់ ប៉ុន្តែ នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភាព​ងាយ​ស្រួល ក្លាយ​ទៅ​ជា​យ៉ាប់ ទៅ​ជា​រវល់​ច្រើន លំបាក​ច្រើន ដោយ​ទាំង​មិន​ចាំ​បាច់​អ្វីនោះ​​ផង​ឡើយ ។ វា​ជា​ការ​សាង​បញ្ហា សាង​រឿង​រវល់​ឥត​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង​ទៅ​វិញ​ទេ នេះ​ឯង​កាម​គុណ វា​មាន​ទាំង​អស្សាទៈ គឺ​សុខ​សោមនស្ស វា​មាន​ទាំង​អាទីនវៈ​គឺ​ទោស ដែល​លំបាក​នឹង​យល់​ទៅ​បាន ។ ដំណោះ​ស្រាយ គឺ​ត្រូវ​ចេះ​ពិចារណា​នូវ​ប្រយោជន៍​ក្នុង​វត្ថុ​ប្រើ​ប្រាស់ និង​ត្រូវ​ដឹង​ថា អ្វី​ដែល​មិន​ចាំ​បាច់​សម្រាប់​ជីវិត​នេះ ព្រោះ​ជីវិត​នេះ ចាំ​បាច់​ត្រូវ​ការ​យ៉ាង​រួស​រាន់​នូវ​កុសលធម៌ ដើម្បី​កម្ចាត់​បង់​ហេតុ​នៃ​សេចក្ដី​ទុក្ខ ដូច​ជា​ភ្លើង​កំពុង​ឆេះ​ក្បាល ហើយ​ប្រញាប់​លត់​នូវ​ភ្លើង​នោះ ដូច្នោះ​ឯង ។ ត្រូវ​ចេះ​សន្ដោស​ក្នុង​បច្ច័យ ៤ ជ្រើស​រើស​យក​អ្វី​ៗ​ដោយ​ស្មារតី មិន​កាន់​យក​តាម​តែ​ចំណង់​នៃ​កិលេស​កាម​នោះ​ឡើយ ត្រូវ​ចាំ​ថា កាម​គុណ​រឹត​តែ​ស៊ី រឹត​តែ​ឃ្លាន , រឹត​តែ​បាន រឹត​តែ​មិន​គ្រប់ ទាំង​ដែល​មិន​ចាំ​បាច់​បាន​អ្វី​ៗ​នោះ​ដោយ​សព្វ​គ្រប់​ទៀត​ផង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2828/stcgdfxxcsdfxgcv.jpg
Today
Public date : 24, Nov 2017 (3 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ស្តេច​យាង​ទៅ​កាន់​អង្គុត្តរាប​ជន​បទ ព្រម​ទាំង​ភិក្ខុ​សង្ឃ ១២៥០ អង្គ ដែល​ជា​ព្រះភិក្ខុ​សង្ឃ​ក្នុង​ចតុរង្គ​សន្និបាត​នោះ​ឯង ។ សម័យ​នោះ កេណិយជដិល បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ស្ដាប់​ព្រះធម្មទេសនា មាន​សេចក្តី​ជ្រះថ្លា អារាធនា​ព្រះដ៏មាន​ព្រះភាគ និង​ព្រះភិក្ខុ​សង្ឃ​ទាំង​អស់​អង្គ ទទួល​ភត្តាហារ​ក្នុង​ថ្ងៃ​ស្អែក ។ ក្នុង​សម័យ​នោះ​ដែរ សេលព្រាហ្មណ៍ អាស្រ័យ​នៅ​ក្នុង​អាបណនិគម ចេះ​ចប់​ក្នុង​គម្ពីរ​ត្រៃវេទ និង​គម្ពីរ​ផ្សេង​ៗ​ទៀត បង្រៀន​កូន​សិស្ស ៣០០ នាក់ ហើយ​សេល​ព្រាហ្មណ៍​នេះ​ឯង​ធ្លាប់​ជាទី​ជ្រះថ្លា​របស់​កេណិយជដិល​រហូត​មក ។ សេល​ព្រាហ្មណ៍ ព្រម​ទាំង​កូន​សិស្ស បាន​ចូល​ទៅ​កាន់​អាស្រម​របស់​កេណិយ​ជដិល ក៏​បាន​ឃើញ​មនុស្ស​ទាំង​ឡាយ កំពុង​តែ​ធ្វើ​កិច្ចការ​ផ្សេង​ៗ អ៊ូអរ​ក្នុង​ទី​នោះ លុះ​សាក​សួរ​ដឹង​រឿង​ថា មាន​ការ​រៀបចំ​ថ្វាយ​ទាន​ចំពោះ​ព្រះសម្មាសម្ពុទ្ធ និង​ភិក្ខុ​សង្ឃ​ សេល​ព្រាហ្មណ៍​មាន​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង​ទាំង​សួរ​បញ្ជាក់​ពាក្យ​ថា​ព្រះពុទ្ធ​ជា​ច្រើន​ដង​ទៀត​ផង ហើយ​បាន​គិត​ថា ពាក្យ​ថា​ព្រះពុទ្ធ​នេះ រក​បាន​ដោយ​ក្រ​ក្នុង​លោក ។ សេល​ព្រាហ្មណ៍​បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ឃើញ​នូវ​មហា​បុរិស​លក្ខណៈ ៣២ ប្រការ​របស់​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​បាន​ពោល​សរសើរ ក្នុង​ទី​ចំពោះ​ព្រះភក្ត្រ​នៃ​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា​បពិត្រ​ព្រះដ៏​មាន​បុណ្យ ព្រះអង្គ​មាន​ព្រះកាយ​ពេញ​លេញ មាន​ព្រះសរីរៈ​ល្អ មាន​កំពស់​និង​ទំហំ​សម​សួន អ្នក​ផង​មើល​មិន​ចេះ​ឆ្អែត​ឆ្អន់ មាន​សម្បុរ​ដូច​មាស មាន​ព្រះ​ទាឋាស​ស្អាត ទ្រង់​ប្រកប ដោយ​សេចក្ដី​ព្យាយាម មហាបុរិស​លក្ខណ​ទាំង​ឡាយ ដែល​មាន​ដល់​ជន​អ្នកមាន​កំណើត​ល្អ​យ៉ាង​ណា មហាបុរិស​លក្ខណៈ​ទាំង​អស់​នោះ ក៏​មាន​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​យ៉ាង​នោះ​ដែរ ព្រះអង្គ​មាន​ព្រះនេត្រ​ថ្លា មាន​ព្រះភក្ត្រ​ស្រស់​បស់ មាន​ព្រះអង្គាវយវៈ​ត្រង់​ដូច​ជា​អង្គព្រហ្ម មាន​ព្រះ​រស្មី មាន​ព្រះញាណ​ដ៏​ល្អ ទ្រង់​ខ្លាច​ភ័យ​ក្នុង​សង្សារ​វដ្ដ ទ្រង់​មាន​ព្រះតចៈ​ភ្លឺ​ដូច​មាស រុង​រឿង​កណ្ដាល​ពពួក​សមណៈ​ដូច​ជា​ព្រះអាទិត្យ ព្រះអង្គ​មាន​ពន្លឺ​ដ៏​ថ្លៃថ្លា​យ៉ាង​នេះ ត្រូវ​ការ​អ្វី​ដោយ​សមណភាព គួរ​ណាស់​តែ​សោយរាជ្យ​ជា​ស្ដេច​ចក្រពត្តិ ( ទូន្មាន​ប្រជាជន ឲ្យ​ត្រឹម​ត្រូវ​តាម​ធម៌ ) ដូច​ជា​សារថី​ដ៏​ឧត្ដម ទ្រង់​គ្រប់​គ្រង​ផែនដី​រហូត​ដល់​សមុទ្រ​ទាំង ៤ ជាទី​បំផុត ជា​ស្ដេច​ឈ្នះ​សង្គ្រាម ជា​ឥស្សរៈ​នៃ​ជម្ពូទ្វីប ពួក​ខត្តិយ​ជាតិ​ដែល​សោយ​រាជ្យ ដោយ​ភោគ​សម្បត្តិ ចូល​មក​ជាក្សត្រិយ៍​ចំណុះ​ព្រះអង្គ បពិត្រ​ព្រះគោតម សូម​ព្រះអង្គ​សោយ​រាជ​សម្បត្តិ ជា​ព្រះរាជាធិរាជ​ដ៏​ធំ​ជាង​មនុស្ស ព្រះមាន​ព្រះភាគ ត្រាស់​ថា ម្នាល​សេលព្រាហ្មណ៍ តថាគតជា​ស្ដេចព្រោះ​ធម៌ ប្រសើរ​ដោយ​គុណ​ឥត​បុគ្គល​ណា​ស្មើ ញ៉ាំង​ចក្រ​ជា​ចក្រ​ដែល​បុគ្គល​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅ​មិន​កើត ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម៌​បាន​សេលព្រាហ្មណ៍ ក្រាប​បង្គំ​ទូល​ថាបើ​​ដូច្នោះ ព្រះអង្គ​ជា​ព្រះសម្ពុទ្ធ បាន​ត្រាស់​ដឹង​ហើយ​តើ​ព្រះអង្គត្រាស់​ថា តថាគត​ជា​ស្ដេច​ព្រោះ​ធម៌​ហើយ ប្រសើរ​ដោយ​គុណ ឥត​បុគ្គល​ណា​ស្មើ ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម៌​បាន​សេលព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម សូម​ព្រះអង្គ​ប្រាប់​ខ្ញុំ ចុះ​លោក​ណា​ជា​សេនាបតី ជា​សាវ័ក​របស់​ព្រះសាស្ដា ចុះ​លោក​ណា​ញ៉ាំង​ធម្មចក្រ​ដែល​ព្រះអង្គ​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​សេលព្រាហ្មណ៍ ធម្មចក្រ​ណា ដែល​តថាគត​ឲ្យ​ប្រព្រឹត្ត​ទៅ សារីបុត្ត​ជា​អនុជាត ក៏​ញ៉ាំង​ធម្មចក្រ​នោះ ឲ្យ​ប្រព្រឹត្ត​ទៅ ទុក្ខសច្ច និង​និរោធសច្ច ដែល​តថាគត​ត្រូវ​ដឹង​ច្បាស់ ក៏​តថាគត​បាន​ដឹង​ច្បាស់​ហើយ មគ្គសច្ច​ដែល​តថាគត​ត្រូវ​អប់រំ ក៏​តថាគត បាន​អប់រំ​ហើយ សមុទយសច្ច ដែល​តថាគត​ត្រូវ​លះ​បង់ ក៏​តថាគត បាន​លះបង់​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​ហេតុ​នោះ បាន​ជាតថាគត​ឈ្មោះ​ថា​ព្រះពុទ្ធ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​នាំ​បង់ ជម្រះ​បង់ នូវ​សេចក្ដី​សង្ស័យ​ក្នុង​តថាគត​ចេញ ការ​ជួប​ប្រទះ​នឹង​ព្រះសម្ពុទ្ធ​ទាំង​ឡាយ​រឿយ​ៗ គេ​មិន​ងាយ​នឹង​បាន​ទេ ការ​កើត​ប្រាកដ​ឡើង​ក្នុង​លោក​រឿយៗ នៃ​ព្រះសម្ពុទ្ធ​ទាំង​ឡាយ ក៏​គេ​មិន​ងាយ​នឹង​បាន​ដែរ ម្នាលព្រាហ្មណ៍ តថាគត​ហ្នឹង​ឯង​ជា​ព្រះពុទ្ធ ជា​ពេទ្យ​វះ មិន​មាន​ពេទ្យ​ដទៃ​ប្រសើរ​ជាង​ឡើយ មាន​សភាព​ជា​អ្នក​ប្រសើរ កន្លង​បង់​នូវ​សេចក្ដី​ប្រៀប​ផ្ទឹម ជា​អ្នក​ញាំ​ញី​នូវ​មារ និង​សេនា​របស់​មារ ធ្វើ​ពួក​សត្រូវ​ទាំង​អស់ ឲ្យ​លុះ​ក្នុង​អំណាច​បាន ឥត​មាន​ភ័យ​អំពី​អ្វី រមែង​រីករាយ ទើប​សេលព្រាហ្មណ៍ និយាយ​នឹង​ពួក​មាណព​ទាំង​នោះ​ថា ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន ចូរ​អ្នក​ទាំង​ឡាយ​ស្ដាប់ នូវ​ព្រះពុទ្ធ​ដីកា​នេះ​ចុះ ព្រះមានចក្ខុ ជា​ពេទ្យ​វះ ( ដ៏ប្រសើរ ) មាន​ព្យាយាម​ធំ ទ្រង់​មានព្រះពុទ្ធដី​កាមក​ទាំង​ប៉ុន្មាន ដូច​ជា​សីហៈ​បន្លឺ​ក្នុង​ព្រៃ នរណា​បាន​ឃើញ​ព្រះសាស្ដា មាន​សភាព​ជា​បុគ្គល​ប្រសើរ កន្លង​បង់​នូវ​សេចក្ដី​ប្រៀប​ផ្ទឹម ជា​អ្នក​ញាំញី​នូវ​មារ​និង​សេនា​នៃ​មារ​ហើយ ( ដូច​ម្ដេច​ឡើយ ) នឹង​អត់​ទ្រាំ​មិន​ជ្រះ​ថ្លា​បាន សូម្បី​ជន​អ្នក​កើត​ក្នុង ត្រកូល​ដ៏​ថោក​ទាប ( ក៏​គង់​ជ្រះ​ថ្លា​នឹង​ព្រះអង្គ​ដែរ ) អ្នក​ណា​ចូល​ចិត្ត​តាម​ខ្ញុំ អ្នក​នោះ​ចូរ​មក អ្នក​ណា​មិន​ចូល​ចិត្ត​ទេ អ្នក​នោះ​ចូរ​ទៅ​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សម្នាក់​នៃ​ព្រះសម្ពុទ្ធ ព្រះអង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ ក្នុង​ទី​នេះ​ហើយ ពួក​មាណព​ទាំង​អស់ ក៏​និយាយ​នឹង​សេលព្រាហ្មណ៍​ថា បើ​លោក​ដ៏​ចម្រើន ពេញ​ចិត្ត​នឹង​សាសនា របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាង​នេះ យើង​ទាំង​ឡាយ​ក៏​នឹង​បួស​ក្នុង​សម្នាក់​ព្រះ​សម្ពុទ្ធ ទ្រង់​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ដែរ ( សេលព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា ) ព្រាហ្មណ៍​ទាំង ៣០០ នាក់​នេះ លើក​កម្បង់​អញ្ជលី​សូម​ផ្នួស បពិត្រព្រះ​មាន​បុណ្យ យើង​ទាំង​ឡាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសម្នាក់​ព្រះអង្គព្រះមាន​ព្រះភាគ​ត្រាស់ថា ម្នាល​សេលព្រាហ្មណ៍ ព្រហ្មចរិយៈ​ដែល​តថាគត​សម្ដែង ដោយ​ប្រពៃហើយ ជា​ព្រហ្មចរិយៈ​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ឲ្យ​ផល​មិន​រង់ចាំ​កាល បព្វជ្ជា​របស់​បុគ្គល​អ្នក​មិន​ប្រហែសធ្វេស ជា​អ្នក​សិក្សា ជា​បព្វជ្ជា​មិន​សោះ​សូន្យ​ទេ ។ សេលព្រាហ្មណ៍ ព្រម​ទាំង​បរិស័ទ ក៏​បាន​បព្វជ្ជា​និង​ឧបសម្បទា ក្នុង​សម្នាក់​នៃ​ព្រះមានព្រះភាគ ។ ថ្ងៃ​ស្អែក​ឡើង ព្រះដ៏មាន​ព្រះភាគ មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ទាំង​អស់​អង្គ បាន​ទទួល​ចង្ហាន់​របស់​កេណិយ​ជដិល នៅ​ក្នុង​អាស្រមបទ​របស់​គាត់ រួច​ហើយ​ព្រះអង្គ​ទ្រង់​អនុមោទនា​គាថា ២ ព្រះគាថា ៖ អគ្គិហុត្តមុខា យញ្ញា សាវិត្តិ ឆន្ទសោ មុខំ រាជា មុខំ មនុស្សានំ នទីនំ សាគរោ មុខំ ។ យញ្ញ​ទាំង​ឡាយ មាន​ការ​បូជា​ភ្លើង​ជា​ប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជា​ប្រធាន​នៃ​ឆន្ទសាស្ត្រ ព្រះរាជា​ជា​ប្រធាន​នៃ​ពួក​មនុស្ស សាគរ​ជា​ប្រធាន​នៃពួកនទី ។ នក្ខត្តានំ មុខំ ចន្ទោ អាទិច្ចោ តបតំ មុខំ បុញ្ញមាកង្ខមានានំ សង្ឃោ វេ យជតំ មុខន្តិ ។ ព្រះ​ចន្ទ​ជា​ប្រធាន​នៃ​ពួក​ផ្កាយ ព្រះអាទិត្យ​ជាប្រធាន​នៃ​ពួក​កម្ដៅ ព្រះសង្ឃ​ក៏​ជា​ប្រធាន​នៃ​មនុស្ស​ទាំង​ឡាយ​ដែល​ប្រាថ្នា​បុណ្យ​ហើយ​បូជា ។ សេលភិក្ខុ ព្រម​ដោយ​បរិស័ទ បាន​ព្យាយាម​បដិបត្តិ មិន​ជា​យូរ​ប៉ុន្មាន ក៏​បាន​អស់​នូវ​អាសវក្កិលេស នាំ​គ្នា​ចូល​គាល់​ព្រះដ៏មានព្រះភាគ ហើយ​បាន​ពោល​គាថា​ទាំង​ឡាយ​ថ្វាយ​ព្រះអង្គ ដែល​មាន​សេចក្តី​ថា​បពិត្រ​ព្រះអង្គ​ទ្រង់​មាន​បញ្ញាចក្ខុ យើង​ខ្ញុំ​ទាំង​ឡាយ បាន​ដល់​នូវ​ទី​ពឹង រាប់​មក​ដល់​ថ្ងៃ​នេះ គម្រប់​ជា ៨ ថ្ងៃ​ហើយ បពិត្រ​ព្រះមាន​បុណ្យ យើង​ខ្ញុំ​ទាំង​ឡាយ បាន​ទូន្មាន​ខ្លួន​តាម​ព្រះសាសនា​របស់​ព្រះអង្គ​អស់ ៧ រាត្រី​ហើយ ព្រះអង្គ​ជា​ព្រះពុទ្ធ ព្រះអង្គ​ជា​បរមសាស្ដា ព្រះអង្គ​ជាអ្នក​ប្រាជ្ញ​គ្រប​សង្កត់​នូវ​មារ ព្រះអង្គ​ជា​អ្នក​ឈ្លាសវៃ ក្នុង​អនុសយធម៌ ទ្រង់​ឆ្លង ( ចាក​សង្សារ​វដ្ដ ) បាន​ដោយ​ព្រះអង្គ​ឯង ហើយ​ទ្រង់​ចម្លង​ពពួក​សត្វ​នេះ​ឲ្យ​ឆ្លង​បាន​ផង ព្រះអង្គ​កន្លង​ផុត​ឧបធិ ព្រះអង្គ​ទម្លាយ នូវ​អាសវៈ​ទាំង​ឡាយ ព្រះអង្គ​មិន​មាន​ឧបាទាន ទ្រង់​លះ​បង់​នូវ​ភ័យ​ដែល​គួរ​ឲ្យ​ខ្លាច​ទាំង​អស់ ដូច​សីហៈ ភិក្ខុ​ទាំង ៣០០ រូបនេះ ឈរ​ប្រណម្យ​អញ្ជលី បពិត្រ​ព្រះអង្គ​អ្នក​មាន​ព្យាយាម សូម​ព្រះអង្គ​លា​ព្រះបាទ​ទាំង​គូ ពួក​នាគ​គឺ​ភិក្ខុ សូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះអង្គ​ជាបរមសាស្ដា ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2827/tybfhtvgfdxzcxd.jpg
Public date : 23, Nov 2017 (19 Read)
អារម្មណ៍​របស់​ចិត្ត គឺ​ជា​លោក​នៃ​ការ​រស់​នៅ ឯ​ចំណែក​ចិត្ត​ដឹង​អារម្មណ៍ គឺ​ជា​ការ​រស់​នៅ​ក្នុង​លោក ។ បើ​ចិត្ត​មាន​សភាព​យ៉ាង​ណា ៗ លោក​នៃការ​រស់​នៅ គឺ​ទៅ​ជា​យ៉ាង​នោះ​ឯង គឺ​ថា បើ​ចិត្ត​ជា​លោភៈ លោក​នៃ​ការ​រស់​នៅ​រមែង​ខ្វះ​​ខាត រហេម​រហាម ដូច​ឋាន​ប្រេត បើ​ចិត្ត​ជា​ទោសៈ លោក​នៃ​ការ​រស់​នៅ មាន​ការ​ក្ដៅ​ក្រហាយ ដូច​ឋាននរក បើ​ចិត្ត​ជា​មោហៈ លោក​នៃ​ការ​រស់​នៅ មាន​សភាព​មមិង​មមាំង ដូច​ភូមិតិរច្ឆាន តែ​បើ​ចិត្ត​មាន​ទាន​សីល​វិញ លោក​នៃ​ការ​រស់​នៅ​ទៅ​ជា​មាន​សភាព​រីករាយ ស្រស់​ស្រាយ ដូច​ជា​ឋានសួគ៌ា ហើយ​បើ​ចិត្ត​មាន​ភាវនា លោក​នៃ​ការ​រស់​នៅ រមែង​ស្ងប់​ត្រជាក់ ដូច​រស់​នៅ​ក្នុង​ព្រហ្មលោក បើ​ចិត្ត​មាន​វិបស្សនា​ពិត​ប្រាកដ​នោះ លោក​នៃ​ការ​រស់​នៅ​មាន​សភាព​ជា​ឥស្សរៈ មិន​មាន​កង្វល់ មិន​មាន​ការ​ហួងហែង ជា​ការ​រស់​នៅ​ក្នុង​លោក​នៃ​ព្រះអរិយៈ រហូត​ដល់​មាន​ផល​សមាបត្តិ បាន​រស់​នៅ​ពិត​ៗ​ក្នុង​អារម្មណ៍​ដែល​ជា​ព្រះនិព្វាន ដូច្នេះ លោក​នៃ​ការ​រស់​នៅ គឺ​យើង​សាង​ដោយ​ខ្លួន​ឯង មិន​អាច​នាំ​អ្នក​ដទៃ ឲ្យ​មក​រស់​នៅ​ជា​មួយ​បាន​ឡើយ គឺ​ថា​បើ​យើង​ប្រាថ្នា​ចង់​រស់​នៅ​ក្នុង​លោក​ណា យើង​គប្បី​សាង​លោក​នោះ រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន ដោយ​ប្រការ​ដូច្នេះ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2826/werhvcvsxdhfbjg.jpg
Public date : 23, Nov 2017 (12 Read)
សម័យ​មួយ ដ៏​មាន​ព្រះ​ភាគ ទ្រង់​ស្តេច​យាង​ទៅ​កាន់​ដែន​វិទេហៈ ជា​មួយ​នឹង​ភិក្ខុ​សង្ឃ​ប្រមាណ ៥០០ អង្គ សុទ្ធ​តែ​សម្បូណ៌​ទៅ​ដោយ​គុណ មាន​គុណ​គឺ​សេចក្តី​សន្តោស និង​ការ​ប្រាថ្នា​តិច​ជាដើម ។ សម័យ​នោះ​ឯង ព្រហ្មាយុ​ព្រាហ្មណ៍ នៅ​អាស្រ័យ​ក្នុង​នគរមិថិលា ជា​មនុស្ស​ចាស់​ជរា មានអាយុ ១២០ ឆ្នាំ ចេះ​ចប់​គម្ពីរ​ត្រៃវេទ និង​គម្ពីរ​មហាបុរិស​លក្ខណៈ គាត់​មាន​បំណង​គាល់​ព្រះដ៏​មានព្រះភាគ ប៉ុន្តែ​ចាំ​ឲ្យ​ប្រាកដ​សិន​ថា តើ​ព្រះពុទ្ធ​មែន ឬ​មិន​មែន ដូច្នេះ​ទើប​គាត់​ចាត់​ឲ្យ​ឧត្តរមាណព​ជា​កូនសិស្ស ទៅ​ពិនិត្យ​មើល​មហាបុរិស​លក្ខណៈ ៣២ ប្រការ​នៃ​ព្រះពុទ្ធ​អង្គ​ជា​មុនសិន ។ ឧត្តរមាណព បាន​ឃើញ​មហាបុរិស​លក្ខណៈ ៣២ ប្រការ​នៃ​ព្រះដ៏មាន​ព្រះភាគ​ហើយ ទាំង​បាន​នៅ​ជាប់​តាម​ព្រះដ៏មាន​ព្រះភាគ​អស់ ៧ ខែ​ទៀត​ផង ។ កាល​ដែល​ឧត្តរមាណព បាន​ជម្រាប​ដំណឹង​ដល់​ព្រហ្មាយុ​ព្រាហ្មណ៍ អំពី​មហាបុរិស​លក្ខណៈ​ទាំង​៣២​ប្រការ ព្រម​ទាំង​ព្រះចរិយាគុណ​របស់​ព្រះដ៏មាន​ព្រះភាគ យ៉ាង​សន្ធឹក​សន្ធាប់​រួច​មក ព្រហ្មាយុ​ព្រាហ្មណ៍​បាន​ក្រោក​អំពី​អាសនៈ ធ្វើ​នូវ​សំពត់ឧត្តរាសង្គៈ​ឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ត្រង់​ទី​ដែល​ព្រះដ៏មាន​ព្រះភាគ​គង់​នៅ ហើយ​បន្លឺ​វា​ចាន​មស្ការ​ព្រះសម្មាសម្ពុទ្ធ​គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ស្ដេច​យាង​ទៅ​កាន់​ចារិក​ក្នុង​ដែន​វិទេហៈ តាម​លំដាប់ ក៏​បាន​ដល់​នគរ​មិថិលា ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​មឃទេវម្ពវ័ន ជិត​ក្រុង​មិថិលា​នោះ​ឯង ។ ព្រហ្មាយុ​ព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ​ទូល​សួរ​បញ្ហា ៨ ចំណុច គឺ ១- កថំ ខោ ព្រាហ្មណោ ហោតិ បុគ្គល​ដូចម្ដេច ហៅថា ព្រាហ្មណ៍ ?​ ២- កថំ ភវតិ វេទគូ បុគ្គល​ដូចម្ដេច ហៅ​ថា អ្នក​ចេះ​ចប់​នូវ​វេទៈ ? ៣- តេវិជ្ជោ ភោ កថំ ហោតិ បុគ្គល​ដូច​ម្ដេច ហៅ​ថា អ្នក​មាន​ត្រៃវិជ្ជា ? ៤- សោត្ថិយោ កិន្តិ វុច្ចតិ បុគ្គល​ដូច​ម្ដេច ហៅ​ថា អ្នក​មាន​សួស្ដី ? ៥- អរហំ ភោ កថំ ហោតិ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន បុគ្គល​ដូច​ម្ដេច​ហៅថា ព្រះអរហន្ត ? ៦-កថំ ភវតិ កេវលី បុគ្គល​ដូច​ម្ដេច​ហៅ​ថា អ្នក​បរិបូណ៌​ដោយ​គុណ​ទាំង​អស់ ? ៧- មុនិ ច ភោ កថំ ហោតិ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មួយ​ទៀត បុគ្គល​ដូច​ម្ដេច ហៅ​ថា មុនី ? ៨- ពុទ្ធោ កិន្តិ បវុច្ចតីតិ បុគ្គល​ដូច​ម្ដេច ហៅ​ថា ព្រះ​ពុទ្ធ ? គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​តប​នឹង​ព្រហ្មាយុ​ព្រាហ្មណ៍​វិញ ដោយ​គាថា​ទាំង​ឡាយ​ថា បុព្វេនិវាសំ យោ វេទី សគ្គាបាយញ្ច បស្សតិ អថោ ជាតិក្ខយំ បត្តោ អភិញ្ញាវោសិតោ មុនិ ។ បុគ្គល​ណា ដឹង​នូវ​ខន្ធ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ក្នុង​កាល​មុន ឃើញ​ច្បាស់​នូវ​ឋាន​សួគ៌​និង​អបាយ មួយ​ទៀត បុគ្គល​ណា ដល់​នូវ​កិរិយា​អស់​ទៅនៃ​ជាតិ បុគ្គល​នោះ​ជា​មុនី ដល់​នូវ​ទី​បំផុត​ដោយ​អភិញ្ញា ( ក្នុង​ព្រះគាថា​មួយ​នេះ ព្រះអង្គ​ទ្រង់​ត្រាស់​អំពី​អ្នក​មាន​វិជ្ជា ៣ ) ។ ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ បហីនជាតិមរណោ ព្រហ្មចរិយស្ស កេវលី បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតីតិ ។ អ្នក​ប្រាជ្ញ​ដឹង​ច្បាស់​នូវ​ចិត្ត​ដ៏​បរិសុទ្ធ ជា​ចិត្ត​រួច​ស្រឡះ​ហើយ​ចាក​រាគៈ ដោយ​ប្រការ​ទាំង​ពួង ជា​អ្នក​មាន​ជាតិ​និង​មរណៈ​លះ​បង់​ហើយ ជា​អ្នក​ប្រកប​ដោយ​មគ្គព្រហ្មចរិយៈ​ទាំង​អស់ ជា​អ្នក​ដល់​ត្រើយ​នៃ​ធម៌​ទាំង​ពួង បុគ្គល​ប្រាកដ​ដូច្នោះ តថាគតហៅ​ថា ព្រះពុទ្ធ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​តប​បញ្ហា​ទី ១ ឈ្មោះ​ថា​ព្រាហ្មណ៍ ព្រោះ​ជា​អ្នក​មាន​បាប​បាន​បណ្ដែត​ចោល​ហើយ ដោយ​ព្រះតម្រាស់​ថា ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ២ គឺ​ជា​អ្នក​ចេះ​ចប់​នូវ​វេទៈ ដោយ​ព្រះ​តម្រាស់​ថា បារគូ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៣ គឺ​ជា​អ្នក​មាន​ត្រៃវិជ្ជា ដោយ​ព្រះ​តម្រាស់ ៣ បាទ​ខាង​ដើម ក្នុង​ព្រះ​គាថា​ទី ១ មាន​បទ​ថា បុព្វេនិវាសំ ជា​ដើម ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​តប​បញ្ហាទី ៤ គឺ​អ្នក​មាន​សួស្ដី​ ដោយ​ព្រះតម្រាស់​ថា មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៥ គឺ​ព្រះអរហន្ត ដោយ​ព្រះតម្រាស់​ថា បហីន​ជាតិ​មរណោ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហាទី ៦ គឺ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំង​អស់ ដោយ​ព្រះតម្រាស់​ថា ព្រហ្មចរិយស្ស កេវលី ។ ព្រះអង្គ​ទ្រង់​ត្រាស់​តបបញ្ហាទី ៧ គឺ​ដែល​ហៅថា​មុនី ដោយ​ព្រះតម្រាស់​ថា អភិញ្ញាវោសិតោ មុនិ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៨ គឺ​ដែល​ហៅ​ថា​ព្រះពុទ្ធ ដោយ​ព្រះតម្រាស់​ថា បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតិ ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ គឺ​ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ព្រះធម្មទេសនា ឲ្យ​ព្រហ្មាយុ​ព្រាហ្មណ៍ សម្រេច​មគ្គផល ហើយ​បាន​អារាធនា​ព្រះពុទ្ធអង្គ មួយ​អន្លើ​ដោយ​ព្រះភិក្ខុសង្ឃ ថ្វាយ​ចង្ហាន់​អស់ ៧ ថ្ងៃ ។ ព្រហ្មាយុព្រាហ្មណ៍​បាន​ចាក​លោក​នេះ​ហើយ បដិសន្ធិ​ក្នុង​សុទ្ធាវាស​ព្រហ្ម នឹង​បរិនិព្វាន​ក្នុង​ទី​នោះ​ឯង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2824/textpic.jpg
Public date : 23, Nov 2017 (11 Read)
វត្ថុ​កាម​ក្ដី ស្នេហា​ក្ដី មិន​មែន​លំបាក​ក្នុង​ការ​បាន​មក​នោះ​ទេ ប៉ុន្តែ​វា​មិន​ងាយ​នឹង​រក្សា ណា​មួយ​មិន​ចេះ​គ្រប់ ទាំង​ដែល​មាន​សេចក្ដី​ត្រេកអរ​តិច តែ​មាន​ទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត​ច្រើន រវល់​ច្រើន​ឥត​ប្រយោជន៍ ។ សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ក្នុង​ព្រះពុទ្ធសាសនា គឺ​សេចក្ដី​ជ្រះថ្លា មេត្តា ករុណា ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​ដែល​យើង​ស្រឡាញ់​នោះ បាន​ល្អ មាន​សេចក្ដី​សុខ​ក្នុង​ព្រះធម៌ និង​រួច​ផុត​ចាក​ទុក្ខ​អំពី​វដ្ដ​សង្សារ ។ ត្រូវ​ប្រយ័ត្ន សកម្មភាព​នៃ​សេចក្ដី​ស្រឡាញ់​ខុស​ទំនង ក្លាយ​ទៅ​ជា​ការ​បៀតបៀន​ទាំង​ខ្លួន​ឯង ទាំង​អ្នក​ដែល​យើង​ស្រឡាញ់ ទាំង​អ្នក​ដែល​ស្រឡាញ់​យើង​ច្រើន​ទៀត​ផង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/1714/Untitled-1-Recovered.jpg
Public date : 23, Nov 2017 (5339 Read)
បង្គន់ជាទី​បន្ទោបង់​ឧច្ចារៈ​បស្សាវៈ (​មូត្រលាមក) លោក​រាប់​ចូល​ក្នុង​ទិសេនាសនប្បច្ច័យ​ដូច​កុដិ​សាលា​ឬ​ផ្ទះសំបែង និង​ទីសេនាសនៈ​ឯទៀត​ដែរ​ព្រោះ​ជាទី​ជ្រក​អាស្រ័យ​ដើម្បី​បន្ទោបង់ និង​ដើម្បី​ការពារ​ត្រជាក់​​ក្ដៅ​ដូច​គ្នា ប្លែក​តែ​កុដិ សាលា ឬ​ផ្ទះសំបែង សម្រាប់​ដេក​នៅ​បង្គន់​សម្រាប់​បន្ទោបង់​មូត្រ​លាមក​ប៉ុណ្ណោះ។ នរណា​ៗ​ក៏​ត្រូវ​តែ​បិទ​បាំង​កេរ្តិ៍ខ្មាស​ក្នុង​ពេល​បន្ទោ​បង់​ជា​ការ​ចាំបាច់​ខាន​ពុំបាន។ព្រោះ​ហេតុ​នេះ កាល​បើ​ពោល​ដល់​ផលានិសង្ស​សង់​បង្គន់​ជា​ទាន​ក៏​ប្រហាក់​ប្រហែល​ទៅ​នឹង​អានិសង្ស​សង់​កុដិ សាលា និង​ទីសេនាសនៈ​ដូច​គ្នា តែ​បើ​ពោល​ឲ្យ​ល្អិត​ទៅ ការ​សង់​បង្គន់​មាន​ផលានិសង្ស ប្លេក​ពី​ការ​សង់​សេនា​សនៈ​​ឯទៀតៗ បន្តិច​ចំពោះ​ការ​បិទបាំង​ខ្មាស និង​ជា​ការ​ចាំ​បាច់​ត្រូវ​តែ​បិទបាំង ត្រូវ​តែ​បន្ទោបង់​ឲ្យ​ទាន់​ពេល​ខាន​ពុំ​បាន។ កាល​បើ​បង្គន់​ជាទី​សំខាន់ ជា​ការ​ចាំបាច់​ដូច​ពោល​មក​ហើយ​ផលានិសង្ស នៃ​ការ​សង់​បង្គន់​ក៏​ត្រូវ​តែ​មាន​ច្រើន ព្រោះ​ជា​ការ​សង្គ្រោះ​ដោះ​ទុក្ខ​អ្នក​មាន​ធុរៈ​ដូច​មាន​និទាន​បញ្ជាក់​ថា រឿង​ព្រះពាកុលត្ថេរ ក្នុង​សាសនា​ព្រះពុទ្ធកស្សប មុន​សាសនា​ព្រះសមណគោរតម​បរមគ្រូ​នៃ​យើង​មាន​គហបតី​ម្នាក់​បាន​ឃើញ​ព្រះ​អរហន្ត​មួយ​អង្គ លោក​ឈឺ​បន្ទោបង់​ឧច្ចារៈ​ខ្លាំង​ត្រង់​ទី​កន្លែង​វាល​ដដែល​មាន​មនុស្ស​ច្រើន​លោក​ដើរ​រក​បង្គន់​ដើម្បី​បន្ទោបង់​គហបតី​នោះ​បាន​ឃើញ​បាន​ដឹង​រឿង​នោះ​ក៏​ប្រញាប់​ប្រញាល់​យក​សំពត់​ធ្វើ​ជា​រនាំង​បិទ​បាំង​ជា​បង្គន់ ប្រគេន​លោក​ភ្លាម​ទាន់​ពេល​លោក​ក៏​បន្ទោបង់​ដោយ​ស្រួល​ហើយ​គហបតី​នោះ​ទូល​លោក​ថា​ដោយ​អំណាច​ផល​ដែល​ខ្ញុំ​បាន​ធ្វើ​បង្គន់​ប្រគេន​លោក​ម្ចាស់ ដោយ​រួសរាន់​ទាន់​ពេល​វេលា​យ៉ាង​នេះ​បើ​លោកម្ចាស់​បាន​សម្រេច​ធម៌​ណា​ក្នុង​អត្តភាព​នេះ​សូម​ឲ្យ​ខ្ញុំ​ព្រះករុណា​បាន​សម្រេច​ធម៌​នោះ​ដូច​លោកម្ចាស់​ក្នុង​ជាតិ​ខាង​មុខ​កុំ​ខាន។ លោក​បាន​ទទួល​ថា​អ្នក​ប្រាថ្នា​យ៉ាង​ណា​សូម​បាន​សម្រេច​យ៉ាង​នោះ​គហបតី​នោះ​លុះ​អស់​អាយុ​ទៅ បាន​ទៅ​កើត​ជា​ទេវបុត្រ​ឋិត​នៅ​ក្នុង​ឋាន​ទេវលោក អស់​១ពុទ្ធន្តរ (ចន្លោះ​ព្រះពុទ្ធ​១អង្គ) លុះ​មក​ដល់​ពុទ្ធកាល​នៃ​ព្រះសមណគោតម​បរមគ្រូ​ជាម្ចាស់​នៃ​យើង​នេះ​ទេវបុត្រ​នោះ ច្យុត​ចាក​ឋាន​សួគ៌​មក​កើត​ក្នុង​ត្រកូល​សេដ្ឋី​មួយ​នៅ​ក្បែរមាត់​ទន្លេ នៅ​ក្នុង​ពេល​វេលា​ដែល​ប្រសូត​ម្ដាយ​ឪពុក​ យក​ទារក​នោះ​ទៅ​ធ្វើ​មង្គល​នៅ​មាត់​ទន្លេ ផ្ងូត​ទឹក​ក្នុង​ទន្លេ​ទារក​នោះរបូត​ដៃ​ពី​ម្ដាយ ធ្លាក់​ទៅ​ក្នុង​ទឹក​មាន​ត្រី​ធំ​១​លេប​ទៅ​ក្នុង​ពោះ ហែល​តាម​ទន្លេ​ទៅ​មាន​អ្នក​នេសាទ​ត្រី​នោះ ចាប់​ទៅ​លក់​ឲ្យ​សេដ្ឋី​ម្នាក់​នៅ​មាត់​ទន្លេ​ជិតនោះ​ដែរ។ សេដ្ឋី​នោះ​បាន​ឲ្យ​គេ​វះ​ពោះ​ត្រី​នោះ​ក៏​ឃើញ​កូន​នោះ​នៅ​ក្នុង​ពោះ ក៏​ត្រេកអរ​ពន់​ប្រមាណ​យក​កូន​នោះ​ជា​កូន​សំណព្វ​ចិត្ត ដូច​កូន​បង្កើត​របស់​ខ្លួន។ ឯសេដ្ឋី​ជា​ម្ដាយឪពុក​បាន​ដឹង​ដំណឹង​នោះ​ក៏​មកសុំ​កូន​នោះ​ទៅ​វិញ​តែ​សេដ្ឋី​ជាម្ដាយ​ចិញ្ចឹម​ពុំ​ព្រម​ឲ្យ​ហើយ​ត្រកូល​សេដ្ឋី​ទាំង​ពីរ​បាន​ដាក់​វេន​គ្នា​ចិញ្ចឹម​កូន​នោះ​៤ខែ​ម្នាក់។ កូន​នោះ​ក៏​បាន​ឈ្មោះ​ថាពាកុលកុមារ​ (​កុមារ​ដែលមាន​ត្រកូលពីរ) តាំងពីពេល​នោះ​មក។ លុះ​ពាកុលកុមារ​នោះមាន​វ័យ​ចម្រើន​ឡើង​បាន​អាយុ​២០ឆ្នាំ បានបួស​ជាភិក្ខុ​មាន​នាម​ថា ពាកុលត្ថេរ បាន​ជា​ព្រះអរហន្ត​១​អង្គ ក្នុង​ព្រះពុទ្ធសាសនា​លោក​មាន សុភាព​ល្អ​ណាស់ ឥត​មាន​រោគា​អ្វី​បន្តិច​បន្តួច​ទេ តាំង​ពី​ប្រសូត​រហូត​ដល់​ចាស់​លោក​មាន​ព្រះជន្ម​១៦០​ឆ្នាំ​ទើប​ចូល​និព្វាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1303/Untitled-1-Recovered.jpg
Public date : 23, Nov 2017 (8393 Read)
កូន​ត្រូវ​ដឹង​ថាៈ ធម៌​រមែង​រក្សា​ឲ្យ​យើង​មាន​សេចក្តី​សុខ តែ​ធម៌​នឹង​មក​រក្សា យើង​មិន​បាន​ឡើយ បើ​យើង​មិន​ចូល​ទៅ​រក​ធម៌​ទេ​នោះ ប្រៀប​ដូច​ជា​អាហារ នឹង​មក​ឲ្យ​យើង​ឆ្អែត​មិន​បាន​ដោយ​ពិត បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​នោះ​ៗ​ទេ យ៉ាងណា​មិញ ធម៌​ក៏យ៉ាង​នោះ​ដែរ បើ​យើង​មិន​យក​មក​បដិបត្តិ​ទេ ធម៌​ក៏​ជួ​យ​អ្វី​យើង​មិន​បាន​ឡើយ ដូច្នេះ ក្នុងកាល​ដែល​យើង​នឹង​មាន​នូវ​សេចក្តី​សុខ​សេចក្តី​ចម្រើន​ទៅ​បាន​នោះ ក៏​ព្រោះ​យើង​បាន​បដិបត្តិ​នូវ​ធម៌​ហ្នឹង​ឯង ។ធម៌​ជារបស់​ចាំ​បាច់​ក្រៃ​លែង​ជាង​អាហារ ក្រៃ​លែង​ជាង​ខ្យល់​អាកាស និង​ក្រៃ​លែង​អ្វី​ទាំង​អស់ ព្រោះ​ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1287/Untitled-1-Recovered.jpg
Public date : 23, Nov 2017 (5652 Read)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ កូន​ជា​ទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​ខ្នះ​ខ្នែង​ក្នុង​ការងារ​ទាំង​៦ នេះ​គឺ ១. សេចក្តី​ខ្ជិល​ច្រអូស​ជា​ព្រៃ​ស្ម​សាន​កប់​មនុស្ស​ទាំង​រស់ ។ ២. គ្រែ​ដេក​គឺ​ជា​គុក​របស់​មនុស្ស​កម្ជិល ។ ៣. ការ​ខ្ជិល​និង​ការ​ក្រលំបាក​ជា​មិត្ត​ជិត​ដិត​នឹង​គ្នា ។ ៤. មនុស្ស​យើង​រួច​ពី​នរក​មក មិន​មែន​មក​ដេក​ខ្ជិល​នោះ​ទេ ។ ៥. ជីវិត​នេះ​ត្រូវ​បង់​ពន្ធ​ឲ្យ​មច្ចុរាជ​រាល់​ថ្ងៃ ។
images/articles/1304/Untitled-1-Recovered.jpg
Public date : 23, Nov 2017 (6033 Read)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា រមែង​បាន​បុណ្យ​កុសល​ច្រើន​ខ្លាំង​ណាស់ កូន​ត្រូវ​តែ​ទំនុក​បម្រុង​លោក​ដោយ​ធម៌​ ៥ យ៉ាង​គឺ៖ ១- ភតោ នេសំ ភរិស្សាមិ អាត្មា​អញ​មាតា​បិតា​បាន​ចិញ្ចឹម​រក្សា​មក​ហើយ នឹង​ចិញ្ចឹម​មាតា​បិតា​វិញ ២- កិច្ចំ នេសំ ករិស្សាមិ នឹង​ជួយ​ធ្វើ​ការងារ​មាតា​បិតា ៣- កុលវំសំ ឋបេស្សមិ នឹង​តម្កល់​វង្ស​ត្រកូល ៤- ទាយជ្ជំ បដិបជ្ជាមិ ប្រតិបត្តិ​ឲ្យ​សមគួរ​ជា​អ្នក​ទទួល​ទ្រព្យ​មត៌ក​បាន ៥- បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សាមិ ឧទ្ទិទក្ខិណា​ទាន​ដល់​មាតា​បិតា ដែល​ធ្វើ​កាលកិរិយា​ទៅ​កាន់​បរលោក​ហើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1250/Untitled-1-Recovered.jpg
Public date : 23, Nov 2017 (7282 Read)
កូន​ជា​ទី​ស្រឡាញ់!ពាក្យ​ចាស់​បុរាណ​បាន​ពោល​ហើយ គឺ​ថា (គិត​ធ្វើ​ឲ្យ​វែង) បាន​សេចក្តី​ថា​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​មើល​ទៅមុខ​ មើល​ឲ្យ​វែង​ឆ្ងាយ ពោល​គឺ​ឲ្យ​សម្លឹង​មើល​អនាគត​កាល ។ ពាក្យ​នេះ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​មនុស្ស​ដែល​សម្លឹង​មើល​កិច្ចការ​ក្នុង​កាល​វែង​ឆ្ងាយ​នោះ រមែង​នឹង​បាន​ទទួល​នូវ​សេចក្តី​សម្រេច​ក្នុងកិច្ចការ​ផ្សេងៗ ដែល​ខ្លួន​ធ្វើ​ក្នុង​រយៈ​កាល​យូរ​ ។ ពាក្យ​ថា (កុំ​បែង​ខ្លី) គឺ​កុំ​គិត​ខ្លី ។មនុស្ស​ដែល​មើល​អ្វី​ខ្លី​ក្រញុច មើល​ឃើញ​អ្វី​នៅ​តែ​នឹង​មុខ មើល​ផង​ក្នុង​រយៈ​ខ្លី ប្រុស​ស្រី​ដូច​នេះ​គេ​ហៅ​ថា​មនុស្ស​គំនិត​ខ្លី ឬ​គំនិត​អុស​មួយ​បាយ រមែង​បាន​ទទួល​ផល​សម្រេច​ក្នុង​មួយ​ពេល​យ៉ាង​ខ្លី​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ជាសំខាន់ ឡើយ​រួ​ច​ហើយ​ក៏​ត្រូវ​ដួល​ចុះ​អស់​ពី​ទី​ពឹង ។ ម្យ៉ាង​ទៀត មនុស្ស​គិត​ខ្លី រមែង​ធ្វើ​អ្វីៗ ដោយ​សេចក្តី​ប្រមាទ ធ្វើ​ដោយ​ប្រញាប់​មិន​គិត​មុខ​គិត​ក្រោយ ធ្វើ​ទៅ​តាម​តែ​ចំណែង រមែង​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​អស់​មួយ​ជីវិត ។ មនុស្ស​ខ្លះ​គិត​ខ្លី​ពេក​ក៏​ក្លាយ​ទៅ​ជា​ឃាតកៈ មនុស្ស​ខ្លះ​ទៀត​ធ្វើ​អត្តឃាត ។ ល។ កាល​កូន​នឹង ធ្វើ​នូវ​កិច្ចការ​អ្វី​ក៏​ដោយ​កូន​ត្រូវ​សម្លឹង​ឲ្យ​វែង​ឆ្ងាយ ដូច​ពាក្យ​ថា (បិទ​ភ្នែកឲ្យ​ជិត សម្លឹង​ឲ្យ​ឆ្ងាយ) បើការងារ​នោះ​រឹត​តែ​ធំ​ដុំ និង​សំខាន់​បំផុត​ក្នុង​ជីវិត​កូន​ក៏​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ ជាទី​បំផុត ក្នុង​ជីវិត​កូន​ក៏​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ​ជាទី​បំផុត​ផង​ដែរ ហើយ​ត្រូវ​មាន​ស្មារតី​រក្សា​ឲ្យ​ខ្ជាប់​ខ្ជួន ។ កូន​មាន​គិត​ឃើញ​ទេ​ថា​ មាន​ការងារ​ខ្លះ មាន​តម្លៃ​ជាង​ជីវិត​របស់​យើង​រាប់​ដង​មិន​អស់​ទៅ​ទៀត ។ ជា​មួយ​នឹង​ការងារ​កូន​ត្រូវ​ចាំទុក​ថាៈ - ខ្លាច​លំបាក​តែ​ខ្ជិល មិន​ព្យាយាម មិន​រួច​ពី​សេចក្តី​លំបាក​ឡើយ ។ - ខ្វះ​សេចក្តី​អត់​ធន់ ការងារ​មិន​បាន​ល្អ ។ - ខ្វះ​ការ​តស៊ូ ការ​ងារ​មិន​សម្រេច ។ -រវល់​តែ​រឿង​ស្នេហា កាន់​ការ​ងារ​ធំ​មិន​បាន ។ -ព្រោះ​សេចក្តី​ប្រហែស​ធ្វេស ការ​ងារ​ដែល​ចេហ​ស្ទាត់​ហើយ​នោះ ត្រឡប់​ទៅ​ជាទទួល​បរាជ័យ​ដូច​បុគ្គល​ល្ងង់​ខ្លៅ ។ - រស់​នៅ​ដើម្បី​ធ្វើការ​មិន​មែន​ធ្វើ​ការ​ដើម្បី​ត្រឹម​តែ​រស់​នោះ​ទេ ។ - មិន​មាន​អ្នក​​ណា​គាំ​ទ្រ​យើង​ឲ្យ​ខ្ពង់​ខ្ពស់ ក្រៅ​អំពី​ខ្លួន​ឯង ដែល​គោរព​នូវ​ការ​ងារ​របស់​ខ្លួន​នោះ​ឡោះយ ។ - កុំ​ជា​មនុស្ស​ពិការ​ទាំង​ដែល​មាន​នូវ​អវយវះ​គ្រប់​គ្រាន់​ឲ្យ​សោះ ។ - ការងារ​អាក្រក់​នាំ​ទៅ​រក​ភាព​ងងឹត​ ឯ​ការងារ​ល្អ​នាំ​ទៅ​រក​ភាព​ភ្លឺ​ស្វាង ។ - ការ​ងារ​ដែល​ប្រាស​ចាក​ទោស​ជា​មង្គល​ដ៏​ឧត្តម ។ - ការងារ​ជា​អាយុ​ជីវិត ជា​កិត្តិយស ។ ល។ ការងារ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំង​អស់ ព្រោះ​ការ​ងារ​នាំ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ទាំង​ពួង ។ សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ពោល​ហើយ​នេះ​សម្រាប់​ឲ្យ​កូន​រៀន​គិត​ឲ្យ​វែង​ក្នុង​ជិវិត ។​ កាព្យ​បុរាណ គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី វិស័យ​ចង់​ស្រី​មើល​ឬក​ពា​ ផ្គាប់​ស្តេច​តោង​តាម​ព្រះហទយា ផ្គាប់​រាស្ត្រ​ដូច​គ្នា​តោង​មើល​ចិត្ត ។ ភ្ញៀវ​មក​តោង​មើល​អាការ​ចេញ ពោល​ពាក្យ​ម្តេច​មិញ​គង់​ឃើញ​ពិត ពាក្យ​ស្លែង​ក្រែង​ស្លូត​ជូន​ជា​មិត្ត ពាក្យ​ពិត​ជូន​ពាល​មាល​មិញ ។ ល ។ ស្លៀក​ស​សាង​ព្រត​ចិត្ត​នៅ​ខ្មៅ ចោល​ប្រាជ្ញ​តាម​ខ្លៅ​ចង់​ចៀស​បាប យក​វែក​ឲ្យ​ដឹង​រស​ប្រៃ​សាប យក​ខ្សាច់​មក​គាប​បាន​ប្រេង​ឬ ។ ឬស្សី​ធ្វើ​ក្លាក់​ដាក់​គ្មាន​ថ្នាំង គង​ស្គរ​គាំង​វាយ​មិន​ឮ សុរិយា​មិន​យក​ជា​ពន្លឺ ជឿ​ធឹ​អំពិល​អំពែក​សត្វ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
Top Best 10 pro