Tueday, 31 Jan B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 153,951
Today
Yesterday 225,017
This Month 6,538,649
Total ២៩៨,៣១៤,៣៣៩
Flag Counter
Online
BEDOK
images/articles/3098/756etds.jpg
Public date : 20, Aug 2022 (2,686 Read)
[៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ តែងត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប រមែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ [៣៧] ម្នាលភិក្ខុទាំងឡាយ លាមក ត្រូវគ្នា សមគ្នា ដោយលាមក មូត្រ ត្រូវគ្នា សមគ្នា ដោយមូត្រ ទឹកមាត់ ត្រូវគ្នា សមគ្នា ដោយទឹកមាត់ ខ្ទុះ ត្រូវគ្នា សមគ្នា ដោយខ្ទុះ ឈាម ត្រូវគ្នា សមគ្នា ដោយឈាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប សូម្បីក្នុងអតីតកាល… សូម្បីក្នុងអនាគតកាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប យ៉ាងនោះឯង។ [៣៨] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ [៣៩] ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ ត្រូវគ្នា សមគ្នា ដោយទឹកដោះស្រស់ ប្រេង ត្រូវគ្នា សមគ្នា ដោយប្រេង ទឹកដោះរាវ ត្រូវគ្នា សមគ្នា ដោយទឹកដោះរាវ ទឹកឃ្មុំ ត្រូវគ្នា សមគ្នា ដោយទឹកឃ្មុំ ទឹកអំពៅ ត្រូវគ្នា សមគ្នា ដោយទឹកអំពៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ សូម្បីក្នុងអតីតកាល… សូម្បីក្នុងអនាគតកាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ក៏យ៉ាងនោះឯង។ [៤០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ពាក្យនេះហើយ ក៏ទ្រង់ត្រាស់គាថានេះ តទៅទៀតថា ព្រៃគឺកិលេសដុះឡើង ព្រោះការច្រឡូកច្រឡំ ព្រៃគឺកិលេសដាច់ទៅ ព្រោះការមិនច្រឡូកច្រឡំ បុគ្គលឡើងឈើទាប មុខជាលិចចុះក្នុងអន្លង់ធំ យ៉ាងណាមិញ បុគ្គលអាស្រ័យនឹងជនខ្ជិលច្រអូស ទោះបីចិញ្ចឹមជីវិតដោយស្រួល ក៏រមែងលិចចុះទៅ យ៉ាងនោះឯង ហេតុដូច្នោះ បុគ្គលគប្បីវៀរស្រឡះចាកបុគ្គលខ្ជិលច្រអូស មានសេចក្តីព្យាយាមថោកទាបនោះចេញ គប្បីនៅជាមួយនឹងជនជាបណ្ឌិត អ្នកស្ងប់ស្ងាត់ អ្នកប្រសើរ អ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន អ្នកមានឈាន អ្នកផ្តើមព្យាយាមជានិច្ច។ ចប់សូត្រទី៦។ សគាថាសូត្រ ទី ៦ - បិដកភាគ ៣២ ទំព័រ ៣៥ ឃ្នាប ៣៦ ដោយ​៥០០០​ឆ្នាំ​
images/articles/3107/20CCook.jpg
Public date : 20, Aug 2022 (3,992 Read)
ឧជ្ជយសូត្រ ទី៥ [៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧជ្ជយព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំមានប្រាថ្នា ដើម្បីទៅឃ្លាតចេញអំពីស្រុក ធម៌ទាំងឡាយណា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់ពួកយើងខ្ញុំ សូមព្រះគោតមដ៏ចំរើន ទ្រង់សំដែងនូវធម៌នោះដល់យើងខ្ញុំ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើដូចម្តេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងាររបស់ខ្មាន់ធ្នូក្ដី ការងាររបស់រាជបុរសក្ដី សិល្បៈណាមួយក្ដី ជាអ្នកប៉ិនប្រសប់ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាលព្រាហ្មណ៍ ចុះអារក្ខសម្បទា តើដូចម្ដេច។ ម្នាលព្រហ្មណ៍ ភោគៈទាំងឡាយ ដែលកុលបុត្រក្នុងលោកនេះ បានមកដោយកំឡាំងព្យាយាម ប្រឹងប្រែង សន្សំ ដោយកំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកបដោយធម៌ កុលបុត្រនោះ រមែងញុំាងភោគៈទាំងនោះ ឲ្យសម្រេច ដោយការរក្សាគ្រប់គ្រង ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដចទាំងឡាយ នាំយកភោគៈទាំងនេះ របស់អាត្មាអញទៅបាន កុំឲ្យពួកចោរលួចយកទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យពួកទាយាទ មិនជាទីស្រឡាញ់ ដណ្ដើមយកទៅបាន ម្នាលព្រាហ្មណ៍ នេះហៅថាអារក្ខសម្បទា។ ម្នាលព្រាហ្មណ៍ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណា ពួកជនណា ទោះគហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើនដោយសីល ចាស់ហើយតែចំរើនដោយសីល បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា មាននៅក្នុងស្រុក ឬនិគមនោះ (កុលបុត្រនោះ) រមែងឈរចរចា សាកច្ឆាជាមួយនឹងពួកជនទាំងនោះ តែងសិក្សានូវសទ្ធាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសទ្ធា តាមសមគួរ សិក្សានូវសីលសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសីល តាមសមគួរ សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្រាហ្មណ៍ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្រាហ្មណ៍ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹង ហើយក៏ដឹងថា ទន់ទៅខាងម្ខាង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កុលបុត្រអ្នកដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនតិច តែចិញ្ចឹមជីវិត ច្រើនលើសលុប អ្នកផងទាំងឡាយ តែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនធំ តែចិញ្ចឹមជីវិត ដោយក្បិតក្បៀត អ្នកផងទាំងឡាយ រមែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ មុខជានឹងស្លាប់ ៗ ដោយឥតទីពឹង។ ម្នាលព្រាហ្មណ៍ កាលណាកុលបុត្រនេះ ដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាស យ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា សមជីវិតា។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ ប្រការ គឺជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១។ ម្នាលព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃសេចក្ដីចំរើន ៤ ផង មានផ្លូវនៃសេចក្ដីវិនាស ៤ ផង បុរសគប្បីបិទខ្ទប់នូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបើកបង្ហូរ នូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏មិនបង្អោរនូវធារទឹក ដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះ ស្រះដ៏ធំនោះ នឹងមានសេចក្ដីសាបសូន្យជាប្រាកដ មិនមានសេចក្ដីចំរើនឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការគឺ ជាអ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេងល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១។ ម្នាលព្រាហ្មណ៍ ស្រះធំមានផ្លូវនៃសេចក្ដីចំរើន ៤ផង មានផ្លូវនៃសេចក្ដីវិនាស ៤ផង បុរសគប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបិទនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏បង្អោរចុះនូវធារទឹកដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះហើយ សេចក្ដីចំរើនរបស់ស្រះនោះ នឹងមានប្រាកដ មិនមានសេចក្ដីសាបសូន្យឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលបើភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការ គឺជាអ្នកមិនលេងស្ត្រី ១។បេ។ សមគប់នឹងបុគ្គលល្អ ១ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹងនៃព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្រាហ្មណ៍ នេះហៅថា សទ្ធាសម្បាទា។ ម្នាលព្រាហ្មណ៍ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលព្រាហ្មណ៍ នេះហៅថា សីលសម្បទា។ ម្នាលព្រាហ្មណ៍ ចុះចាគសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ម្នាលព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាលព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានប្រាជ្ញា។បេ។ ជាដំណើរយល់ការ ដែលអស់ទៅនៃទុក្ខដោយប្រពៃ ម្នាលព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារទាំងឡាយ ១ មិនប្រហែសធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែលរកបានមក ១ មានសទ្ធា ១ បរិបូណ៌ដោយសីល ១ ដឹងនូវពាក្យពេចន៍ ១ ប្រាសចាកសេចក្ដីកំណាញ់ ជំរះនូវផ្លូវ មានសួស្ដី ជាផ្លូវទៅកាន់បរលោកជានិច្ច ១ ធម៌ទាំង ៨ ប្រការនេះ តែងនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ដែលព្រះដ៏មានព្រះភាគ ព្រះអង្គជាសច្ចនាម ទ្រង់សំដែងដល់កុលបុត្រអ្នកមានសទ្ធា ស្វែងរកផ្ទះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងបរលោកផង ដោយប្រការដូច្នេះ ការបរិច្ចាគ និងបុណ្យនេះ តែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។ ឧជ្ជយសូត្រ ទី៥ ឬ ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ និងបរលោក ៤ បិដក ៤៨ ទំព័រ ២៥១ ឃ្នាប ៥៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3108/20Cook.jpg
Public date : 20, Aug 2022 (3,745 Read)
[៤៩] អរិយសាវ័ក មិនសេពនូវធម៌ ជាប្រធាននៃសេចក្តីវិនាសភោគ៦យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ បានប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហកខុសកាល ជាប្រធាននៃសេចក្តីវិនាសភោគ ១ ការដើរមើលមហោស្រពជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺលេងល្បែងភ្នាល់ ជាប្រធាន នៃសេចក្តីវិនាសភោគៈ ១ ការសេពនូវបាបមិត្ត ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវសេចក្តីខ្ជិល ជាប្រធាននៃសេចក្តីវិនាសភោគៈ ១។ [៥០] ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទនេះមាន៦យ៉ាង គឺវិនាសទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការកឲ្យកើតជម្លោះ ១ ហេតុនាំឲ្យកើតរោគទាំងឡាយ ១ ការនាំឲ្យខូចឈ្មោះ ១ ការបង្ហាញកេរ្តិ៍ខ្មាស ១ ហេតុជាគំរប់ ៦ គឺធ្វើបញ្ញាឲ្យមានកំឡាំងថយ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទមាន៦យ៉ាងនេះឯង។ [៥១] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការដើរទៅតាមច្រកល្ហកខុសកាលនេះមាន៦យ៉ាង គឺអ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាខ្លួន១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាកូនប្រពន្ធ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាទ្រព្យសម្បត្តិ១ សេចក្តីរង្កៀស តែងកើតមានក្នុងកន្លែង (ដែលខ្លួនទៅដល់) នោះៗ១ ពាក្យមិនពិត តែងធ្លាក់មកត្រូវលើបុគ្គលនោះ[រមែងត្រូវគេចោទបង្កាច់ ក្នុងអំពើដែលខ្លួនមិនបានធ្វើសោះ ព្រោះជាន់ដានចោរ។]១។ បុគ្គលនោះឈ្មោះថា បំពេញនូវធម៌ទុក្ខច្រើន១។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវកិរិយាត្រាច់ទៅ តាមច្រកល្ហកខុសកាល មាន៦យ៉ាងនេះឯង។ [៥២] ម្នាលគហបតិបុត្ត ទោសក្នុងការដើរមើលល្បែង មហោស្រពនេះ៦យ៉ាង គឺរបាំក្នុងទីណា ក៏ទៅក្នុងទីនោះ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ១ ការប្រគំក្នុងទីណា ក៏ទៅក្នុងទីនោះ១ គេប្រជុំនិយាយរឿងព្រេង ឥតប្រយោជន៍ (មានរឿងចម្បាំងនៃមហាភារតៈ និងរឿងនាងសិតាជាដើម) ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយគង [បើតាមព្យញ្ជនៈ គួរប្រែថា ល្បែងលេងទះទៃ គឺច្រៀងប្របកៃ។] ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ១។ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាដើរមើលល្បែង មហោស្រព មាន៦យ៉ាងនេះឯង។ [៥៣] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទនេះ មាន៦យ៉ាង គឺបុគ្គលនោះ បើឈ្នះគេ តែងបានពៀរ១ បើចាញ់គេ តែងសោកស្តាយទ្រព្យសម្បត្តិ១ វិនាសទ្រព្យសម្បត្តិ ដែលឃើញជាក់ស្តែង ទាន់ភ្នែក១ កាលបើទៅសាលាវិនិច្ឆ័យ គេមិនជឿស្តាប់ពាក្យ១ ពួកមិត្តអាមាត្យ តែងបោះបង់ចោល១ ជាបុគ្គលដែលគេមិនត្រូវការដណ្តឹង ឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់ មិនអាចចិញ្ចឹមប្រពន្ធបានទេ១។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មាន៦យ៉ាងនេះឯង។ [៥៤] ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់ នូវបាបមិត្តនេះ មាន៦យ៉ាង គឺពួកជនដែលជាអ្នកលេងល្បែងភ្នាល់១ ជនដែលជាអ្នកលេង[អ្នកលេង មាន៤យ៉ាង គឺអ្នកលេងស្រី១ អ្នកលេងភត្ត១ អ្នកលេងផឹកស្រា១ អ្នកលេងមើមឈើ មានស៊ីមើមដំឡូងជាដើម១។] ស្រី១ ជនដែលជាអ្នកលេងផឹកសុរា១ ជនដែលជាអ្នកបោកប្រាស បញ្ឆោតអ្នកដទៃ ដោយរបស់ក្លែង១ ជនដែលជាអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ១ ជនដែលជាអ្នកឆក់ដណ្តើមទ្រព្យអ្នកដទៃ១ ជនទាំងនោះ ជាមិត្ត ជាសំឡាញ់ របស់ជននោះ។ ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្ត មាន៦យ៉ាងនេះឯង។ [៥៥] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិលនេះ មាន៦យ៉ាង គឺមិនធ្វើការងារដោយអាងថា ត្រជាក់ណាស់១ មិនធ្វើការងារ ដោយអាងថាក្តៅណាស់១ មិនធ្វើការងារ ដោយអាងថាល្ងាចណាស់១ មិនធ្វើការងារ ដោយអាងថាព្រឹកណាស់១ មិនធ្វើការងារ ដោយអាងថាឃ្លានណាស់១ មិនធ្វើការងារ ដោយអាងថាស្រេកណាស់១ កាលបើជនអ្នកខ្ជិលច្រអូសនោះ ច្រើនដោយការពោលអាងកិច្ចយ៉ាងនេះ ភោគទាំងឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវសេចក្តីរេចរឹលទៅវិញផង។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិល មាន៦យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះហើយ ព្រះសុគត ជាសាស្តា លុះសំដែងធម៌នេះហើយ ទ្រង់សំដែងគាថាព័ន្ធនេះ តទៅទៀតថា [៥៦] បុគ្គលខ្លះ ជាមិត្តសំឡាញ់ បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាញ់ៗ តែនៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសំឡាញ់បុគ្គលនោះ មកជាសំឡាញ់នឹងខ្លួនក៏មាន។ កិរិយាដេកដល់ថ្ងៃ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ១ ភាវៈជាអ្នកមានពៀរច្រើន១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍១ បាបមិត្ត១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នុ៎ះ រមែងបំផ្លាញបុរស (ឲ្យវិនាស)។ នរជន ដែលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាសចាកលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា១ របាំ និងចម្រៀង១ ការដេកថ្ងៃ១ ការឲ្យគេបំរើខ្លួន ក្នុងកាលមិនគួរ១ ពួកមិត្តអាក្រក់១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នេះ តែងបំផ្លាញបុរសឲ្យវិនាស។ ពួកជនលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រី ដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គល ដែលមានសេចក្តីចំរើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះឯង តែងសាបសូន្យ ដូចព្រះចន្ទខាងរនោច។ ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាកសេចក្តីចំរើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះទៅក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរ ដល់ខ្លួនដោយឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេងល្បែង មិនអាចនឹងគ្រប់គ្រងផ្ទះសម្បែងបាន។ ប្រយោជន៍ទាំងឡាយ តែងកន្លងហួសមនុស្សដែលលះបង់ចោលនូវការងារ ដោយពោលអាងថា វេលានេះ ត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់។ ជនណាមួយ ធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្តៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះ រមែងមិនសាបសូន្យចាកសេចក្តីសុខឡើយ។ ប្រធាននៃសេចក្តីវិនាសភោគៈ ៦ យ៉ាង បិដកភាគ ១៩ ទំព័រ_ ៧១ ឃ្នាប ៤៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3134/20fffmons.jpg
Public date : 20, Aug 2022 (1,874 Read)
[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយមេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះបើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ។] ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែលមិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី ដែលធ្លាប់ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះ ព្រះសុគត ជាសាស្តា លុះសំដែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យជាគាថាព័ន្ធ តទៅទៀតថា [៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រងផ្ទះ គប្បីនមស្ការទិសទាំងឡាយនុ៎ះ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] បរិបូណ៌ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គលមានសភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាម រវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយាប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញាវាងវៃ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ បុគ្គលមានសេចក្តីសង្គ្រោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ [សំដៅយកមនុស្សនាំពាក្យខ្លួន ដែលបានថាឲ្យរបស់អ្វី ដល់សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យរបស់នោះ។] ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់ការណ៍ផ្សេងៗ ជាអ្នកណែនាំរឿយៗ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត ជាប្រយោជន៍ក្នុងលោកនេះ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គលនោះៗ តាមសមគួរ១។ សង្គហធម៌ ទាំងនេះ (មានក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅបាន ដូច្នោះឯង បើ សង្គហធម៌ ទាំងនេះមិនមានហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវសេចក្តីរាប់អាន និងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ។ ព្រោះហេតុតែអ្នកប្រាជ្ញាទាំងឡាយ សំឡឹងឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួរគេសរសើរផង។ តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ - បិដកភាគ ១៩ ទំព័រ ៨៩ ឃ្នាប ៧៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3141/2021xzserest.jpg
Public date : 20, Aug 2022 (1,875 Read)
អក្កោសកវគ្គ អក្កោសកសូត្រ ទី ១ [១១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាង តែងប្រាកដឡើង ដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកត្រូវបារាជិក អស់ផ្លូវកែខៃ ១ ជាអ្នកត្រូវអាបត្តិដ៏សៅហ្មងណាមួយ ១ ជាអ្នកប៉ះពាល់នូវរោគយ៉ាងធ្ងន់ ១ ជាអ្នកស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរ ប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។ ភណ្ឌនការកសូត្រ ទី ២ ១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវវិវាទ ធ្វើនូវតិរច្ឆានកថា ធ្វើនូវអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាង តែងប្រាកដឡើងដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនបានគុណវិសេស ដែលខ្លួនមិនទាន់បាន ១ គុណវិសេស ដែលខ្លួនបានហើយ សាបសូន្យទៅវិញ ១ កិត្តិសព្ទអាក្រក់ រមែងខ្ចរខ្ចាយទៅ ១ ស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយសា្លប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើជំលោះ ធ្វើវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។ អក្កោសកវគ្គ ឬ ភិក្ខុធ្វើនូវតិរច្ឆានកថាមែងមានទោស ៥ យ៉ាង - បិដក ៤៥ ទំព័រ ២៤៦ ឃ្នាប ១១១ ដោយ​៥០០០​ឆ្នាំ​
images/articles/3140/2021ujhterest.jpg
Public date : 20, Aug 2022 (1,856 Read)
[១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យ ដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស។ [១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យ ដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលគេពោលត្រឹមត្រូវ។ [១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តាជាអសព្វញ្ញូ ពោលខុស។ [១៩៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រឹមត្រូវថា បដិគ្គាហក ត្រូវដឹងប្រមាណ ទាយកមិនបាច់ដឹងប្រមាណទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [១៩៩] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវ ថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០២] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០៣] ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិច បន្តួច ដោយហោចទៅ សូម្បីអស់កាលត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ [២០៤] ម្នាលភិក្ខុទាំងឡាយ ដូចទឹកមូត្រ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ទឹកមាត់ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ខ្ទុះ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ឈាម សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិចបន្តួច ដោយហោចទៅ សូម្បីអស់កាល ត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ ចប់ វគ្គ ទី ៣ ។ បិដកភាគ ៤០ ទំព័រ ៧៧ ឃ្នាប ១៩៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3074/fsdwww4ok.jpg
Public date : 11, Aug 2022 (2,890 Read)
អនត្តលក្ខណសូត្រ ទី៧ [១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅពួកបញ្ចវគ្គិយភិក្ខុ។បេ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើរូបនេះ ជារបស់ខ្លួន រូបនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គល គប្បីបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវេទនានេះ ជារបស់ខ្លួន វេទនានេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវេទនា ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើសង្ខារនេះ ជារបស់ខ្លួន សង្ខារនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវិញ្ញាណនេះ ជារបស់ខ្លួន វិញ្ញាណនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ [១២៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរូបណាមិនទៀង រូបនោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញនូវរូបនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះវិញ្ញាណណា មិនទៀង វិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះវិញ្ញាណណា ដែលមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញ នូវវិញ្ញាណនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ [១២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ បុគ្គលគួរឃើញនូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វេទនាណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឬវេទនាណាមួយ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនាប៉ុណ្ណោះ បុគ្គលគួរឃើញ នូវវេទនានុ៎ះ ដោយបញ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារប៉ុណ្ណោះ បុគ្គលគប្បីឃើញ នូវសង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ បុគ្គលគួរឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ [១៣០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើបានឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង នឿយណាយ ក្នុងវេទនាផង នឿយណាយ ក្នុងសញ្ញាផង នឿយណាយ ក្នុងសង្ខារទាំងឡាយផង នឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក តែងផុតស្រឡះ ព្រោះប្រាសចាកតម្រេក។ កាលបើចិត្តផុតស្រឡះហើយ ប្រាជ្ញា ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ព្រះអរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ។ ពួកបញ្ចវគ្គិយភិក្ខុ ក៏ពេញចិត្ត ត្រេកអរចំពោះភាសិត នៃព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះហើយ ចិត្តរបស់បញ្ចវគ្គិយភិក្ខុ ក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់។ អនត្តលក្ខណសូត្រ ទី ៧ បិដកភាគ ៣៣ ទំព័រ ១៥៥ ឃ្នាប ១២៧ ដោយ៥០០០ឆ្នាំ
images/articles/3077/20iiook.jpg
Public date : 11, Aug 2022 (4,135 Read)
កោសម្ពិយសូត្រ ទី៨ [១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ ក៏សម័យនោះឯង ពួកភិក្ខុក្នុងក្រុងកោសម្ពី បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ អ្នកចូរហៅភិក្ខុទាំងឡាយនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុនោះ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យភិក្ខុនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។ [១៨១] លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច សម័យណាដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ បានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានតាំងយ៉ាងនោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮដូច្នេះថា សម័យណា ដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ មិនបានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង ម្នាលមោឃបុរសទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយដឹងដូចម្តេច ឃើញដូចម្តេច បានជាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នា ឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ម្នាលមោឃបុរសទាំងឡាយ ហេតុនោះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ ដល់អ្នកទាំងឡាយ អស់កាលជាយូរអង្វែង។ [១៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៦ប្រការនេះ ជាទីរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ធម៌ទាំងឡាយ៦ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរតាំងកាយកម្មប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គលក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួររលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត លាភណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីតែវត្ថុដែលរាប់ចូលក្នុងបាត្រ ភិក្ខុជាអ្នកបរិភោគ មិនចែករំលែកលាភទាំងឡាយ មានសភាពដូច្នោះទេ គឺជាអ្នកបរិភោគសាធារណ៍ ដោយពួកសព្រហ្មចារីបុគ្គល ដែលមានសីល នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត សីលណាមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលល្អ ដែលវិញ្ញូជនតែងសរសើរ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយវិញទៀត ទិដ្ឋិ [អដ្ឋកថា ថា សម្មាទិដ្ឋិ ប្រកបដោយសោតាបត្តិមគ្គ។] ណា ដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វ ដែលធ្វើតាម ឲ្យអស់ទៅនៃសេចក្តីទុក្ខបាន ដោយប្រពៃ ភិក្ខុប្រកបដោយទិដ្ឋិស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងទិដ្ឋិ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ទាំង៦ប្រការនេះឯង ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃបាន។ ម្នាលភិក្ខុទាំងឡាយ កំពូលនៃផ្ទះមានកំពូល ជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទុក្ខ ដោយប្រពៃបាន យ៉ាងនោះដែរ។ [១៨៣] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិដ៏ប្រសើរ ដែលជាទីស្រោចស្រង់ ដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់សេចក្តីទុក្ខបាន ដោយប្រពៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែងពិចារណាដូច្នេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនដឹងច្បាស់ មិនឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេសនោះ តាំងនៅក្នុងសន្តាន អាត្មាអញ មិនទាន់លះបង់បាន មានដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានកាមរាគគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានព្យាបាទគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានថីនមិទ្ធៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានឧទ្ធច្ចកុក្កច្ចៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានវិចិកិច្ឆាគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ ខ្វល់ខ្វាយដោយការគិតនូវលោកនេះហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានសេចក្តីខ្វល់ខ្វាយ ដោយការគិតនូវលោកខាងមុខហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនបានដឹងច្បាស់ មិនបានឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេស ដែលតាំងនៅក្នុងសន្តាននោះ ដែលថាអាត្មាអញ មិនទាន់លះបង់បាន មិនមានឡើយ ចិត្តរបស់អាត្មាអញ បានតំកល់ទុកប្រពៃហើយ ដើម្បីត្រាស់ដឹងនូវអរិយសច្ចធម៌ទាំងឡាយ។ នេះជាញាណទី១ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។ [១៨៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណាដូច្នេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តើបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន ឬហ្ន៎។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តែងបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន។ នេះជាញាណទី២ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។ [១៨៥] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ករមែងពិចារណា ដូច្នេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិមានសភាពយ៉ាងនោះដែរ តើមានឬហ្ន៎។ អរិយសាវ័កនោះ ក៏ដឹងយ៉ាងនេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិ មានសភាពយ៉ាងនោះ មិនមានទេ។ នេះជាញាណទី៣ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៦] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិ គឺការចេញចាកអាបត្តិ មានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ មានសភាពយ៉ាងនោះខ្លះដែរ តែថា ភិក្ខុនោះ រមែងសំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវការសង្រួមតទៅ។ ម្នាលភិក្ខុទាំងឡាយ ដូចជាកុមារក្មេងជាកូនខ្ចីនៅដេកផ្ងារនៅឡើយ ប៉ះពាល់រងើកភ្លើងដោយដៃក្តី ដោយជើងក្តី ក៏ដកមកវិញជាប្រញាប់ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គលដែលប្រកបដោយទិដ្ឋិ គឺការចេញចាកអាបត្តិមានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិមានសភាពយ៉ាងនោះខ្លះដែរ តែថាភិក្ខុនោះ សំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវកិរិយាសង្រួមតទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៤ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៧] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយធ្វើការងារអ្វីៗខ្ពស់ និងទាបរបស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថាគេមានសេចក្តីប្រាថ្នាក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោមានកូនខ្ចី ខំប្រឹងស៊ីស្មៅផង ថ្និតថ្នមកូនផង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយ ធ្វើការងារអ្វីៗខ្ពស់ និងទាប របស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថា គេមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៥ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៨] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនុ៎ះ តែងត្រូវការយកចិត្តទុកដាក់ ចំពោះអ្នកសំដែងធម៌វិន័យ ដែលតថាគត បានសំដែងទុកមក ហើយប្រមូលចិត្តមកឲ្យមូល ផ្ទៀងត្រចៀកប្រុងស្តាប់ធម៌ (នោះ)។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៦ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៩] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនោះ រមែងបានអត្ថវេទ បានធម្មវេទ និងបាមោជ្ជ ដែលប្រកបដោយធម៌ ចំពោះអ្នកសំដែងធម្មវិន័យ ដែលតថាគត បានសំដែងទុកមក។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៧ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៩០] ម្នាលភិក្ខុទាំងឡាយ ធម្មតានៃអរិយសាវ័ក ដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ សម្រេចល្អហើយ ក្នុងការធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ ឈ្មោះថា ជាអ្នកប្រកបដោយសោតាបត្តិផល។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។ ចប់ កោសម្ពិយសូត្រ ទី៨។ កោសម្ពិយសូត្រ ទី ៨ ឬ ធម៌ ៦ យ៉ាងនេះ ធ្វើឲ្យមនុស្សចេះស្រលាញ់គ្នា បិដកភាគ ២២ ទំព័រ ៣៤៦ ឃ្នាប ១៨០ ដោយ៥០០០ឆ្នាំ
images/articles/3078/202ttrch.jpg
Public date : 11, Aug 2022 (3,566 Read)
មហាសតិប្បដ្ឋានសូត្រ ទី៩ [១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់អ្នកកុរុ ក្នុងដែនកុរុ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគមនោះឯង បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង៤នេះ ជាផ្លូវមូលតែមួយ [ក្នុងអដ្ឋកថា មានសេចក្តីពន្យល់អំពីបទថា ផ្លូវមូលតែមួយជាច្រើនន័យគឺ ន័យមួយ លោកថា ជាផ្លូវមូលតែមួយ ព្រោះជាផ្លូវប្រតិបត្តិ ដើម្បីចេញចាកសង្សារ ទៅកាន់ព្រះនិព្វាន មិនមានបែកទៅជាផ្លូវ២ ឬជាផ្លូវ៣ឡើយ។ ន័យមួយទៀត លោកថា ជាផ្លូវដែលត្រូវដើរបានតែមនុស្សម្នាក់ ព្រោះសតិប្បដ្ឋានទាំង៤នេះ បានតែព្រះយោគី ដែលលះបង់ពួកចេញ ហើយទៅសម្ងំនៅក្នុងទីស្ងាត់ម្នាក់ឯង ទើបប្រតិបត្តិកើត។ មួយទៀត លោកថា ជាផ្លូវរបស់មនុស្សប្រសើរ គឺថា ជាផ្លូវរបស់ព្រះសម្មាសម្ពុទ្ធ ព្រោះព្រះអង្គប្រសើរជាងសត្វទាំងពួងផង ហើយទ្រង់បានបង្កើតផ្លូវ គឺសតិប្បដ្ឋាន ឲ្យកើតមានឡើងផង។] (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ សតិប្បដ្ឋានទាំង៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [អដ្ឋកថា ថា លោកក្នុងទីនេះ សំដៅយកកាយ ព្រោះកាយនោះ ជាសភាវៈតែងទ្រុឌទ្រោម វិនាសទៅជាធម្មតា មួយទៀត អភិជ្ឈាទោមនស្ស ដែលភិក្ខុលះបង់ក្នុងកាយនោះ មិនមែនត្រឹមតែក្នុងកាយប៉ុណ្ណោះទេ សូម្បីតែអភិជ្ឈា និងទោមនស្សក្នុងពួកវេទនា សញ្ញា សង្ខារ វិញ្ញាណ ក៏ត្រូវលះចោលដែរ ព្រោះហេតុនោះ បានជាក្នុងគម្ពីរវិភង្គ លោកប្រាប់ថា ឧបាទានក្ខន្ធទាំង៥ ក៏ហៅថា លោកដែរ។]ចេញ១ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១។ ចប់ ឧទ្ទេសវារកថា។ អានាបានបព្វៈ [១១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ (អស្សាសបស្សាសៈ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញនឹង រម្ងាប់កាយសង្ខារ ដកដង្ហើមចូល ។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងក្តី កូនសិស្សនៃជាងក្រឡឹងក្តី ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងវែង ឬកាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូលសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចូល មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាខាងក្នុង (កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ (កាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុង និងកាយខាងក្រៅ (កាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំកើតឡើងក្នុងកាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។] គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំកើតឡើងក្នុងកាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។] គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ ទាំងធម៌ដែលសូន្យទៅក្នុងកាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន (មិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។ ចប់ អានាបានបព្វៈ។ ឥរិយាបថបព្វៈ [១១៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុកាលដើរក្តី ក៏ដឹងច្បាស់ថា អាត្មាអញដើរ កាលឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ កាលអង្គុយក្តី ក៏ដឹងច្បាស់ថា អាត្មាអញអង្គុយ កាលដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ មួយទៀត ភិក្ខុនោះ បានតាំងនូវកាយ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយនោះ ដោយអាការៈយ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងយ៉ាងនេះ ជា ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង និងធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ ឥរិយាបថបព្វៈ ។ សម្បជញ្ញបព្វៈ [១១៤] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ [សម្បជញ្ញៈ មាន ៤ គឺ សាត្ថកសម្បជញ្ញៈ កិរិយាដឹងច្បាស់នូវកម្ម ដែលមានប្រយោជន៍ និងកម្មឥតប្រយោជន៍១ សប្បាយសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវអារម្មណ៍ ដែលជាទីសប្បាយ១ គោចរសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវកម្មដ្ឋាន ដែលត្រូវចិត្ត១ អសម្មោហសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវហេតុដែលមិនវង្វេងភ្លេច១។ (អដ្ឋកថា) ទីឃនិកាយសីលក្ខន្ធវគ្គ។] គឺសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅមុខ ឬថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបត់ដៃជើង ឬលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបន្ទោបង់ នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ សម្បជញ្ញបព្វៈ។ បដិកូលមនសិការបព្វៈ [១១៥] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាត មានប្រការផ្សេងៗ ធញ្ញជាតទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែលមានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យមើលដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែករាជមាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ (ភិក្ខុ) ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ បដិកូលមនសិការបព្វៈ ។ ធាតុមនសិការបព្វៈ [១១៦] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាលភិក្ខុទាំងឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បីពិឃាតគោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវធំ បែកជា៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុដូច្នេះថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្សល់ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ថាជាធាតុ៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។ ចប់ ធាតុមនសិការបព្វៈ។ នវសីវថិកាបព្វៈ [១១៧] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុឃើញនូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ស្លាប់អស់២ថ្ងៃក្តី ស្លាប់អស់៣ថ្ងៃក្តី ដែលកំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយ [អដ្ឋកថា ថា បានដល់កាយដែលនៅមានធម៌៣យ៉ាង គឺអាយុ១ កំសួលភ្លើងធាតុ១ វិញ្ញាណ១។] នេះសោត ក៏គង់នឹងមានសភាពដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។ [១១៨] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ដែលក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់គម្រង់ទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី សត្វស្វានទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយ កំពុងកកេរស៊ីក្តី បាណកជាតិ (សត្វល្អិតៗ មានរុយជាដើម) ទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី ដោយការកំណត់នូវអសុភ មានអសុភ ដែលពួកសត្វកំពុងចឹកស៊ីជាដើម គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ [១១៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុ គប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចង ដូចម្តេចមិញ។បេ។ [១២០] សរីរៈនៅសល់តែរាងឆ្អឹង ឥតមានសាច់ ប្រឡាក់ដោយឈាម មានសរសៃជាគ្រឿងចង។បេ។ [១២១] សរីរៈនៅសល់តែរាងឆ្អឹង មិនមានសាច់ និងឈាម មានតែសរសៃជាគ្រឿងចង។បេ។ [១២២] សរីរៈនៅសល់តែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយរាត់រាយទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងទ្រនុងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងស្មាទៅ ដោយឡែក ឆ្អឹងកំភួនដៃទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវសរីរៈស្លាប់ ដែលសល់តែរាងឆ្អឹង ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ [១២៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចជាសម្បុរ នៃស័ង្ខ។បេ។ [១២៤] សរីរៈនៅសល់តែឆ្អឹងទទេ រោយរាយជាពំនូកៗ កន្លងហួសទៅមួយឆ្នាំហើយ។បេ។ [១២៥] សរីរៈសល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាកម្ទេចតូច កម្ទេចធំផ្សេងៗ (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ នវសីវថិកាបព្វៈ។ ចប់ កាយានុបស្សនា ។ វេទនានុបស្សនា ការពិចារណានូវវេទនា [១២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា។ កាលទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា។ កាលទទួល អទុក្ខមសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា។ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តី [អដ្ឋកថា ថា សោមនស្សវេទនា ដែលអាស្រ័យ នូវកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦ ហៅថា សាមិសសុខ។] ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ [អដ្ឋកថាថា បានខាងសោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា ដែលឥតអាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ [បានខាងទោមនស្សវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ដែលឥតអាមិសៈ [បានខាងទោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ដែលឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ [បានខាងឧបេក្ខាវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ [បានខាងឧបេក្ខាវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មានសុខវេទនាជាដើម) យ៉ាងនេះ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាទាំងឡាយ មានមែន គ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុ) មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ វេទនានុបស្សនា។ ចិត្តានុបស្សនា ការពិចារណាចិត្ត [១២៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្តរួញរា ក៏ដឹងច្បាស់ថា ចិត្តរួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះចិត្តដល់នូវភាវៈជាធំ (គឺរូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈជាធំ ទោះចិត្តមិនដល់នូវភាវៈជាធំ (គឺជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈជាធំ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺនៅជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តនៅមានចិត្តដទៃប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺជារូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង ទោះចិត្តតាំងនៅមាំ (ជាអប្បនាសមាធិ និងឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តតាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ (ប្រាសចាកសមាធិទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ [ពាក្យថា ចិត្តរួចស្រឡះក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយវិមុត្តិ២ប្រការគឺ តទង្គវិមុត្តិ១ វិក្ខម្ភនវិមុត្តិ១។ អនុបស្សនា៧ មានអនិច្ចានុបស្សនាជាដើម ហៅថា តទង្គវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកនិច្ចសញ្ញា គឺសេចក្តីសម្គាល់ថាទៀង តាមទំនង ដែលយោគីបានកំណត់នូវអង្គនៃធម៌ ជាសត្រូវដល់ធម៌នោះៗ។ សមាបត្តិ៨ ហៅថា វិក្ខម្ភនវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកពួកអកុសលធម៌ មាននីវរណៈជាដើម តាមទំនងដែលយោគីបានសង្កត់សង្កិនដោយខ្លួនឯង។ អដ្ឋកថា មហាបទានសូត្រទំព័រ២៦។] ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ (ភិក្ខុ) ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្ត ក្នុងចិត្តខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុមានចិត្តមិនអាស្រ័យ ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។ ចប់ ចិត្តានុបស្សនា។ ធម្មានុបស្សនា ការពិចារណានូវធម៌ [១២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះកាមច្ឆន្ទៈមាននៅ ក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះអសុភនិមិត្ត ឬចំពោះសភាវៈមិនទៀងថាទៀង ទុក្ខថាសុខ មិនមែនខ្លួន ថាខ្លួន ដូច្នេះជាហេតុនាំឲ្យកើតកាមច្ឆន្ទៈ។] កិរិយាលះបង់ នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះសភាវៈមិនទៀង ថាមិនទៀងមែន ទុក្ខថា ទុក្ខមែន មិនមែនខ្លួន ថាមិនមែនខ្លួនពិត ដូច្នេះ ជាហេតុលះបង់នូវកាមច្ឆន្ទៈ។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺកំណត់ ឬរៀននូវអសុភនិមិត្ត គឺអារម្មណ៍ថា មិនល្អ១ កិរិយាប្រកបរឿយៗ នូវការចម្រើនអសុភ១ ភាវៈជាអ្នកមានទ្វារគ្រប់គ្រងល្អក្នុងឥន្ទ្រិយទាំងប្រាំមួយ១ ភាវៈជាអ្នកដឹងប្រមាណ ក្នុងការបរិភោគភោជន១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នករៀន ឬនិយាយតែពាក្យដែលជាទីសប្បាយ១។] កាមច្ឆន្ទៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [កាមច្ឆន្ទៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។]។ ទោះព្យាបាទមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះបដិឃនិមិត្ត គឺអារម្មណ៍ ដែលខ្ទាំងខ្ទប់ចិត្ត ជាហេតុនាំឱ្យកើតព្យាបាទ។] កិរិយាលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះមេត្តាជាចេតោវិមុត្តិ គឺមេត្តាចិត្ត ដែលបានអប្បនាឈាន ជាហេតុឲ្យលះបង់នូវព្យាបាទបាន។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺ រៀនមេត្តានិមិត្ត១ កិរិយាប្រកបរឿយៗ នូវការចម្រើនមេត្តា១ ពិចារណាឃើញនូវភាវៈនៃសត្វ ដែលមានកម្ម ជារបស់ខ្លួន១ ភាវៈជាអ្នកច្រើនដោយការពិចារណា១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១
images/articles/3223/56u7887777uu7.jpg
Public date : 11, Aug 2022 (1,255 Read)
អ្នកទាំងឡាយចូរស្តាប់ថេរាបទាន ដូចតទៅនេះ មានភ្នំមួយ ឈ្មោះលម្ពកៈ នៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត គេបានសង់អាស្រម សាងបណ្ណសាលាឲ្យខ្ញុំ ។ ស្ទឹងមានច្រាំងដ៏រាក់ មានកំពង់ល្អ ជាទីគាប់ចិត្ត ដ៏ដេរដាសដោយផ្នូកខ្សាច់ដ៏ស្អាត មានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ស្ទឹង (នោះ) មិនមានក្រួសរវាន មិនចោត មានទឹកដ៏ឆ្ងាញ់ មិនមាន ក្លិនអាក្រក់ តែងហូរទៅក្នុងទីនោះ ជាលម្អដល់អាស្រមខ្ញុំ ។ មានក្រពើ មករ ឆ្ងាម អណ្តើក លេងក្នុងស្ទឹងនុ៎ះ ហែបហែល ក្នុងស្ទឹងនោះ ជាលម្អដល់អាស្រមខ្ញុំ ។ មានទាំងត្រីស្លាត ត្រី សណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីខ្ជឹង តែង​ហែល ឆ្វៀលឆ្វាត់ ទៅមក ជាលម្អដល់អាស្រមខ្ញុំ ។ នៅត្រើយស្ទឹង ទាំងសងខាង មានដើម​ឈើដ៏សម្បូណ៌ ដោយផ្កានិងផ្លែសំយុង ចុះមក អំពីត្រើយស្ទឹងទាំងសងខាង ជាលម្អដល់អាស្រមខ្ញុំ ។ ស្វាយ សាលព្រឹក្ស ដង្កៀបក្តាម ច្រនៀង ឈើភ្លើង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ចម្បក់ស្រល់ ក្តុល ខ្ទឹង បុន្នាគ រំចេក មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ រំដួល អាសោក នួនស្រី មានផ្ការីក អង្កោល វល្លិបាស មានផ្ការីក ផ្សាយក្លិនទៅក្នុងអាស្រមខ្ញុំ ។ រំចេក ចេក ខ្មួញ មិ្លះរួត ផ្សាយក្លិន ដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ឈើជាច្រើន គឺកណិកា កណ្ណិការ ធ្នង់ អញ្ជន់ ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រម ខ្ញុំ ។ មានក្រូចឆ្មារ ក្រូចក្លា រលួស មានផ្ការីក ផ្សាយក្លិនដូច ជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ ឈើជាច្រើនយ៉ាង គឺរាជព្រឹក្ស ក្លែងគង់ ក្ទម្ព ពកុល ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ អា​ឡក​ព្រឹក្ស សណ្តែកក្រហម ចេក ក្រូចថ្លុង តែងលូត លាស់ ដោយទឹកដ៏មានក្លិន ឈើទាំងនោះទ្រទ្រង់ផ្លែ ( ជានិច្ច ) ។ ឈូកខ្លះកំពុងផ្កា ខ្លះកំពុងបញ្ចេញកេសរ ខ្លះជម្រុះផ្កា រីកស្គុះ ស្គាយក្នុងស្រះ ក្នុងកាលនោះ ។ ពួកឈូកកំពុងលេចពន្លក មានក្រអៅ កំពុងលូតលាស់ ដេរដាសដោយត្របកផ្កានិងស្លឹក ល្អក្នុងស្រះ ក្នុងកាលនោះ ។ គុម្ពផ្កានយិតាផង អម្ពគណ្ឌីផង ឧត្តរាហិផង ពន្ធុជីវកៈផង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ទៀប ស្រះ ក្នុងកាលនោះ ។ ពួកត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រី ក្រពុលបាយ ត្រីឆ្ពិន ត្រីចង្វា ត្រីផ្ទោង នៅក្នុងស្រះ ក្នុងកាល នោះ ។ ក្រពើ ឆ្លាម តន្តិគ្គាហៈ អារក្សទឹក ឱគាហៈ ថ្លាន់នៅ ក្នុងស្រះ ក្នុងកាលនោះ ។ ញ្រប ព្រហ៊ីត ចាក្រពាក ក្អែកទឹក តាវ៉ៅ សេកនិងសារិកា តែងអាស្រ័យរស់នៅនឹងស្រះនោះ ។ មានបក្សីខ្វែក ក្តាមមាន់ព្រៃ ត្រដេវវិច សេក អាស្រ័យរស់នៅ នឹងស្រះនោះ ។ ពួកបក្សី គឺ ហង្ស ក្រៀល ក្ងោក តាវ៉ៅ មាន់ ទោ ចង្កៀលខ្យង ប៉ោលតោក តែងអាស្រ័យ រស់នៅនឹងស្រះ នោះ ។ ពួកបក្សីជាច្រើន គឺ មៀម ខ្លែងស្រាក លលក ខ្លែង អង្កត់ខ្មៅ តែងអាស្រ័យរស់នៅ នឹងស្រះនោះ ។ ពួកម្រឹគជា ច្រើនគឺ បសទម្រឹគ ជ្រូក ឆ្កែព្រៃ រមាំង ប្រើស រមាស តែង អាស្រ័យរស់នៅនឹងស្រះនោះ ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ដំរីចុះប្រេង តែងអាស្រ័យ រស់នៅនឹងស្រះនោះ ។ ពួកកិន្នរ ពានរ ឬពួកមនុស្ស អ្នកធ្វើការក្នុងព្រៃ មនុស្សអ្នក បម្រើ ញ្រនព្រៃ តែងអាស្រ័យរស់នៅ នឹងស្រះនោះ ។ ដើម ទន្លាប់ ដើមទន្លា ដើមស្រគម ពង្រ ទ្រទ្រង់ផ្លែអស់កាលជានិច្ច ក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព ប្រកបដោយខ្លឹមនិងផ្លែ តែងទ្រទ្រង់ផ្លែជានិច្ច ក្នុងទីមិន ឆ្ងាយអំពីអាស្រមខ្ញុំ ។ ដើមសម៉ កន្ទួតព្រៃ ស្វាយព្រីង សម៉ពិភេទន៍ ស្តៅ រាក់ខ្មៅ ព្នៅ តែងទ្រទ្រង់ផ្លែជានិច្ច ។ ដំឡូងស្រំ ដំឡូងដូង ដំឡូងដៃខ្លា និងដំឡូងឈាមមាន់ ទាំងឈើជាថ្នាំ ក៏ មានច្រើននៅជិតអាស្រមខ្ញុំ ។ ស្រះដែលធម្មតានិមិ្មតល្អ ហើយ ក៏មាននៅក្នុងទីមិនឆ្ងាយ អំពីអាស្រមខ្ញុំ មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់រាបទាបល្អ គួរជាទីរីករាយចិត្ត ។ ស្រះនោះសឹងដ៏បរិបូណ៌ដោយ ឈូក និងឧប្បល ប្រកបដោយ ឈូកស ព្រោងញ្រតដោយស្គន់ មានក្លិនដូចជាទិព្វ រមែង ផ្សាយទៅ ។ ក្នុងកាលនោះ ខ្ញុំតែងនៅក្នុង អាស្រមជាទីត្រេក អរ ដែលធម្មតាធ្វើទុកល្អហើយ ក្នុងព្រៃ ដែលមានផ្កា មានផ្លែ បរិបូណ៌ដោយអង្គគ្រប់សព្វ យ៉ាងនេះ ។ ខ្ញុំជាតាបស ឈ្មោះ សុរុចិជាអ្នកមានសីល បរិបូណ៌ដោយវត្ត មានឈាន ត្រេកអរ ក្នុងឈាន ដល់នូវកម្លាំងនៃអភិញ្ញា ទាំង ៥ គ្រប់កាលទាំងពួង ។ ពួកញ្រហ្មណ៍ទាំងអស់នុ៎ះ ជាសិស្សរបស់ខ្ញុំ ចំនួន ២៤ ពាន់ នាក់ ជាអ្នកមានជាតិមានយស នៅចាំបម្រើខ្ញុំ ។ ( ពួកញ្រហ្មណ៍ទាំងនោះ ) ជាអ្នកចេះបទ ចេះវេយ្យាករណ៍ ដល់នូវត្រើយ នៃវិជ្ជា ក្នុងសទ្ធម្ម គឺលក្ខណសាស្រ្ត ឥតិហាសសាស្រ្ត ព្រម ទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត ។ ពួកសិស្សរបស់ខ្ញុំ ជាអ្នកឈ្លាសវៃក្នុងឧត្បាត ក្នុងនិម្មិតនិងលក្ខណៈទាំងឡាយ បានសិក្សាល្អក្នុងផែនដី ក្នុងទីក្នុងអាកាស ។ ពួកសិស្សទាំង នុ៎ះ ជាអ្នកប្រាថ្នាតិច មានប្រាជ្ញាខ្ជាប់ខ្ជួន មានអាហារតិច មិន ល្មោភ សន្តោសដោយលាភ និងឥតលាភ តែងចោមរោមខ្ញុំ សព្វកាល ។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាជ្ញ មានឈាន ត្រេក អរក្នុងឈាន មានចិត្តស្ងប់រម្ងាប់ មានសមាធិ ប្រាថ្នានូវការ មិនមានកង្វល់ តែងចោមរោមខ្ញុំ សព្វកាល ។ ពួកសិស្សទាំង នុ៎ះ ជាអ្នកប្រាជ្ញដល់នូវត្រើយនៃអភិញ្ញា ត្រេកអរក្នុងគោចរ ជា កេរ្ត៍នៃបិតា ត្រាច់ទៅក្នុងអាកាសបាន តែងចោមរោមខ្ញុំសព្វ កាល ។ ពួកសិស្សខ្ញុំនោះ ជាអ្នកប្រាជ្ញ សង្រួមក្នុងទ្វារ ៦ មិន មានតណ្ហាជាគ្រឿងញាប់ញ័រ មានឥន្រ្ទិយរក្សាហើយ មិនច្រឡូកច្រឡំ ( ដោយពួកគណៈ ) ដែលគេគ្របសង្កត់បានដោយ ក្រ ។ ពួកសិស្សរបស់ខ្ញុំទាំងនោះ ដែលគេគ្របសង្កត់បាន ដោយក្រ រមែងញុំាងរាត្រីឲ្យកន្លងទៅ ដោយការអង្គុយផ្គត់ ភ្នែន ការឈរនិងការចង្រ្កម ។ ពួកសិស្សរបស់ខ្ញុំ ដែលគេ គ្របសង្កត់បានដោយក្រ រមែងមិនត្រេកត្រអាលក្នុងអារម្មណ៍ ដែលគួរត្រេកអរ មិនខឹងក្នុងអារម្មណ៍ ដែលគួរខឹង មិនវង្វេង ក្នុងអារម្មណ៍ដែលគួរវង្វេង ។ ពួកសិស្សទាំងនោះ កាលល្បង ឫទ្ធិរមែងប្រព្រឹត្តអស់កាលជានិច្ច ពួកសិស្សទាំងនោះ តែង ញុំាងផែនដីឲ្យញាប់ញ័រ ជាបុគ្គលដែលគេ មិនងាយគ្របសង្កត់ បាន ដោយការប្រណាំងប្រជែង ។ ពួកសិស្សទាំងនោះ កាល បើលេង រមែងលេងតែឈាន តែងយកផ្លែព្រីង អំពីដើមព្រីង ពួកសិស្សរបស់ខ្ញុំ ជាបុគ្គលដែល​គេគ្របសង្កត់បានដោយក្រ ។ ពួកខ្លះទៅគោយានទ្វីប ពួកខ្លះទៅបុព្វវិទេហទ្វីប ពួកខ្លះទៅ កាន់ឧត្តរកុរុទ្វីប ពួកសិស្សខ្ញុំ គេគ្របសង្កត់បានដោយក្រ ។ ពួកសិស្សទាំងនោះ រមែងបញ្ជូន​នូវ អម្រែកទៅមុន ពួកសិស្ស ទាំងនោះ រមែងទៅខាងក្រោយ ទាំងផ្ទៃអាកាសក៏សឹង​តែ​បិទ បាំង ដោយពួកតាបស ២៤ ពាន់រូប ។ ( ពួកសិស្សរបស់ខ្ញុំខ្លះ បរិភោគ ) ផ្លែឈើដែលចំអិនដោយភ្លើង ( ខ្លះបរិភោគ ) ផ្លែ ឈើមិនបាច់ចំអិនដោយភ្លើង ខ្លះទំពាដោយធ្មេញ ខ្លះបុកក្នុង ត្បាល ខ្លះដំដោយថ្ម ខ្លះបរិភោគផ្លែឈើជ្រុះឯង ។ ពួកខ្លះទៀត ចុះត្រាំទឹក ក្នុងវេលាល្ងាចព្រឹក ជាអ្នកត្រេកអរ ក្នុងអំពើដ៏ ស្អាត ប្រព្រឹត្តស្រោចស្រប់ដោយទឹក ពួកសិស្សរបស់ខ្ញុំ គេ គ្របសង្កត់បានដោយក្រ ។ ជាអ្នកមាន​រោម​ក្លៀកនិងក្រចក ដុះវែង មានធ្មេញ ប្រកបដោយមន្ទិល មានក្បាលប្រឡាក់ ដោយធូលី ក្រអូបដោយក្លិននៃសីល ពួកសិស្សរបស់ខ្ញុំ គេ គ្របសង្កត់បានដោយក្រ ។ ពួកជដិល ប្រជុំគ្នាក្នុង វេលាព្រឹក មានតបៈដ៏ខ្លាំង សម្តែងនូវលាភធំនិងលាភតូច ហើយទៅក្នុង អាកាស​ ក្នុងកាលនោះ ។ កាលពួកតាបសទាំងនុ៎ះ ចៀស ចេញទៅ សូរសព្ទខ្លាំង ក៏លាន់ឮឡើង ពួកទេវតាក៏រីករាយ ដោយសូរសព្ទស្បែកខ្លា ( របស់ពួកតាបសទាំងនោះ ) ។ ពួក ឥសីជាអ្នកត្រាច់ទៅ ក្នុងអាកាស តែងចេញទៅកាន់ទិសតូច ទិសធំ ឥសីទាំងនោះ ជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ទៅ កាន់ទីតាមប្រាថ្នា ។ ពួកឥសីទាំងអស់នុ៎ះឯង ជាអ្នកញុំាងផែនដីឲ្យកម្រើក ត្រាច់ទៅក្នុងអាកាស ជាអ្នកមានតេជះ ខ្លាំង គេគ្របសង្កត់បានដោយក្រ មិនញាប់ញ័រ ប្រៀបដូចសាគរ ។ ពួកខ្លះជាអ្នកកាន់វត្តឈរចង្រ្កម ពួកខ្លះទៀតកាន់វត្តអង្គុយ ពួកខ្លះបរិភោគផ្លែឈើដែលជ្រុះឯង ពួកសិស្សខ្ញុំ គេគ្រប សង្កត់បានដោយក្រ ។ ពួកឥសីទាំងនុ៎ះ ជាអ្នកនៅដោយមេត្តា ធម៌ ជាអ្នកស្វែងរកប្រយោជន៍ ដល់ពួកសត្វទាំងពួង ពួក ឥសីទាំងអស់នោះ ជាអ្នកមិនលើកខ្លួនឯង មិនបង្អាប់បុគ្គល ណាមួយ ។ ពួកឥសីទាំងនោះ ជាអ្នកមិនញាប់ញ័រ ដូចសេ្តច សីហៈ មានកម្លាំងដូចសេ្តចដំរី ឬដូចខ្លាធំ ដែលគេគ្របសង្កត់ បានដោយក្រ រមែងមកកាន់ទីជិតនៃខ្ញុំជានិច្ច ។ ពួកវិជ្ជាធរនិង ទេវតា នាគ គន្ធព្វ អារក្សទឹក កុម្ភណ្ឌ អសុរ គ្រុឌ ក៏មក អាស្រ័យរស់នៅនឹងស្រះនោះ ។ ពួកឥសីទាំងនោះ ជាអ្នកទ្រ ទ្រង់ផ្នួងសក់និងបរិក្ខារ ស្លៀកដណ្តប់នូវសំពត់ ដែលធ្វើដោយ ស្បែកខ្លា អាចត្រាច់ទៅក្នុងអាកាសបាន ក៏មកអាស្រ័យរស់ នៅនឹងស្រះនោះ ។ ពួកឥសីទាំងនុ៎ះ មានការប្រព្រឹត្តដ៏សមគួរ ប្រកបដោយសេចក្តីគោរពដល់គ្នានិងគ្នា ទាំងសំដីទ្រគោះរក គ្នារបស់ពួកឥសីទាំង ២៤ ពាន់រូប ក៏មិនមានក្នុងកាលនោះ ។ ពួកឥសីទាំងអស់នោះ កាលនឹងដាក់ជើងក្នុងពេលឈានជើង មានសំឡេងតិច ៗ សង្រួមដោយល្អ ចូលមកជិតថ្វាយបង្គំខ្ញុំ ដោយត្បូង ។ ខ្ញុំមានឈាន ត្រេកអរក្នុងឈាន ត្រូវពួកសិស្ស ទាំងនោះ ដែលជាអ្នកស្ងប់ មានតបៈ​ចោម​រោម​ហើយ នៅក្នុង អាស្រមនោះ ។ អាស្រមក្រអូបដោយក្លិនរបស់ពួកឥសី និងក្លិនទាំងពីរ គឺ ក្លិនផ្កានិងក្លិនផ្លែឈើ របស់ឈើ ដែលមានផ្លែ ។ ខ្ញុំមិនស្គាល់យប់ថ្ងៃ ខ្ញុំមិនមានសេចក្តីអផ្សុក ខ្ញុំកាលទូន្មាន ពួក សិស្សរបស់ខ្ញុំ តែងមាននូវសេចក្តីរីករាយយ៉ាងក្រៃលែង ។ ក្លិនទាំងឡាយ របស់ផ្កាឈើ ដែលកំពុងផ្កានិងផ្លែ ដែលកំពុងទុំ ក៏មានក្លិនដូចជាទិព្វ រមែងផ្សព្វផ្សាយទៅ ញុំាងអាស្រមរបស់ ខ្ញុំឲ្យរុងរឿង ។ ខ្ញុំជាអ្នកមានព្យាយាមដុតកិលេស មានបញ្ញា ខ្ជាប់ខ្ជួន ចេញអំពីសមាធិហើយ តែងកាន់​យក​នូវភារៈ គឺអម្រែក ដើរទៅក្នុងព្រៃ ។ ខ្ញុំជាអ្នកសិក្សាល្អហើយ ក្នុងឧត្បាត យល់សប្ននិងលក្ខណៈទាំងឡាយ ចេះចាំនូវបទមន្តដែលគេនិយម ក្នុងកាលនោះ ។ ព្រះសម្ពុទ្ធមាន​ជោគ​ ព្រះនាមអនោម ទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់ប្រាថ្នាវិវេកធម៌ បានសេ្តច​មក​កាន់​ហិមវន្តប្រទេស ។ លុះព្រះមុនីដ៏ខ្ពង់ខ្ពស់ ប្រកបដោយករុណាជាបុរសដ៏ឧត្តម សេ្តចចូលមកកាន់ហិមវន្ត ប្រទេស​ហើយ ទ្រង់គង់ផ្គត់ព្រះភ្នែន (ទៀបអាស្រមរបស់ខ្ញុំ) ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធនោះប្រកប​ដោយពន្លឺ ជាទីត្រេកអរនៃ ចិត្ត រុងរឿងដូចផ្ការាជព្រឹក្ស ឬក៏ដូចគំនរភ្លើងឆេះ នូវគ្រឿង យ័ញ្ញដែលគេដុត ។ លុះខ្ញុំបានឃើញព្រះសម្ពុទ្ធ ជានាយកនៃ លោក ព្រះអង្គរុងរឿង ដូចដើម​ឈើប្រចាំទ្វីប ឬដូចផ្លេកបន្ទោរ ក្នុងអាកាស ឬក៏ដូចសាលរាជព្រឹក្សមានផ្ការីកដ៏ល្អ ។ ខ្ញុំរំពឹង ថាព្រះមុនីដ៏ប្រសើរនេះ ជាមហាវីរបុរស ទ្រង់ធ្វើនូវទីបំផុតទុក្ខ បុគ្គលអាស្រ័យការឃើញនេះ រមែងរួចចាកទុក្ខទាំងពួង ។ លុះ ខ្ញុំឃើញព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតាហើយ ក៏ពិនិត្យមើល លក្ខណៈថា ព្រះពុទ្ធមែនឬហ្ន៎ ឬក៏មិនមែនជាព្រះពុទ្ធទេអេះ បើដូច្នោះ អាត្មា​អញ​នឹងសង្កេតមើល នូវព្រះសម្ពុទ្ធព្រះអង្គមាន ចក្ខុ ។ ចក្រទាំងឡាយមានកាំមួយពាន់ ក៏ប្រាកដ ក្នុងផ្ទៃព្រះបាទាដ៏ប្រសើរ លុះខ្ញុំឃើញលក្ខណៈ របស់ព្រះសម្ពុទ្ធនោះហើយ ក៏ដល់នូវសេចក្តីចូលចិត្ត ចំពោះព្រះតថាគត ។ ក្នុងគ្រានោះ ខ្ញុំចាប់យកអំបោស មកបោសលំនៅ រួចហើយប្រមូលយកផ្កា ៨ ក្តាប់មកបូជា ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ ។ លុះខ្ញុំបូជាចំពោះ ព្រះពុទ្ធអង្គនោះ ជាបុគ្គលឆ្លងឱឃៈ មិនមានអាសវៈហើយ ទើបធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង រួចនមស្ការចំពោះព្រះសម្ពុទ្ធ ជានាយកនៃសត្វលោក ។ ព្រះសម្ពុទ្ធ ព្រះអង្គមិនមានអាសវៈ សម្រេចដោយញាណណា ខ្ញុំនឹងសម្តែងនូវញាណរបស់ព្រះ អង្គនោះ សូមអ្នកទាំងឡាយស្តាប់ខ្ញុំសម្តែងចុះ ។ បពិត្រព្រះ អង្គ ជាព្រះសយម្ភូមានករុណាមិនមានប្រមាណ សូមព្រះអង្គ ស្រង់សត្វលោកនេះឲ្យទាន ដ្បិតពួកសត្វ នឹងឆ្លងនូវខ្សែទឹក គឺ សេចក្តីសង្ស័យបាន ព្រោះអាស្រ័យនូវ ការជួបប្រទះនឹងព្រះអង្គ ។ ព្រះអង្គជាសាស្តាចារ្យ​ផង​ ទុកដូចជាទង់ផង ដូចជា ទង់ជ័យផង ដូចជាប្រាសាទរបស់ពួកសត្វ ព្រះអង្គជាអ្នកដឹក នាំផង ជាទីពឹងផង ជាពុំនាក់ផង ជាបុគ្គលប្រសើរជាងសត្វ ជើងពីរផង ។ ទឹកក្នុងសមុទ្រគេអាចវាស់ដោយអាឡ្ហកៈបាន សព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចវាស់បានឡើយ ។ គេអាចដាក់ដីក្នុងមណ្ឌលនៃជញ្ជីង ហើយថ្លឹងបាន ឯសព្វញ្ញុត​ញ្ញាណ​របស់ព្រះអង្គ គេមិនអាចនឹងថ្លឹងបានឡើយ ។ គេអាច វាស់អាកាសដោយខ្សែ ឬដោយម្រាមដៃបាន ឯសព្វញ្ញុតញ្ញាណ របស់ព្រះអង្គ គេមិនអាចនឹងវាស់បានឡើយ ។ បុគ្គល គប្បីធ្វើទឹកក្នុងមហាសមុទ្រ និងផែនដីឲ្យស្មើបាន តែមិនគប្បី យកពុទ្ធញ្ញាណ មកប្រកបដោយឧបមាបានឡើយ ។ ចិត្តរបស់សត្វទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក ព្រមទាំងទេវលោក បពិត្រព្រះអង្គមានចក្ខុ សត្វទាំងឡាយនុ៎ះ តាំងនៅខាងក្នុងនៃសំណាញ់​ញាណ​ របស់ព្រះអង្គ ។ ព្រះអង្គបានដល់ នូវពោធិញ្ញាណដ៏ឧត្តម ដោយសព្វគ្រប់ ដោយ​ញាណ​ណា បពិត្រព្រះ សព្វញ្ញូព្រះអង្គរមែងញាំញីតិរិ្ថយដទៃ ដោយញាណនោះ ។ តាបសឈ្មោះសុរុចិនោះ សរសើរដោយគាថានេះហើយ ក៏ក្រាល នូវស្បែកខ្លា ទើបអង្គុយលើផែនដី ។ ភ្នំដែលលិចចុះទៅ ក្នុង មហាសមុទ្រ អស់ប្រមាណ ៨ ហ្មឺន ៤ ពាន់យោជន៍ ខ្ពស់ឡើង ក៏ប៉ុណ្ណោះដែរ គេហៅថាស្តេចភ្នំ ។ កំពស់ក្តី បណ្តោយក្តី ទទឹងក្តី នៃភ្នំសិនេរុនោះ មានប្រមាណមួយសេនកោដិយោជន៍ ដោយចំណែកនៃការរាប់ដ៏ល្អិត ។ ខ្នាច់ដែលគេតាំងទុក ខ្នាច់ នោះក៏ដល់នូវការអស់ទៅ ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេ មិនអាចរាប់បានឡើយ ។ បុគ្គលណាព័ទ្ធព័ន្ធទឹក ដោយសំណាញ់មានក្រឡាញឹក ពួកសត្វណាមួយក្នុងទឹក គប្បីតាំងនៅ ខាងក្នុងសំណាញ់ យ៉ាងណាមិញ ។ បពិត្រព្រះអង្គជាមហា វីរបុរស ពួកតិរ្ថិយជាច្រើនណាមួយ ស្ទុះទៅកាន់ទីសាំញុំាគឺ ទិដ្ឋិ ដែលវង្វេងហើយ ដោយការប្រកាន់មាំ ក៏យ៉ាងនោះដែរ ។ ពួកសត្វទាំងអស់នុ៎ះ តាំងនៅក្នុងខាងក្នុងសំណាញ់ញាណដ៏ បរិសុទ្ធរបស់ព្រះអង្គ ជាគ្រឿងឃើញ មិនមានអ្វីរារាំងបាន រមែងមិនកន្លងនូវញាណ របស់ព្រះអង្គបានឡើយ ។ គាប់ជួន សម័យនោះ ព្រះមានព្រះភាគជិនសិរី ព្រះនាមអនោមទស្សី ព្រះអង្គមានយសធំ ( ទ្រង់ឈ្នះមារ ) ចេញអំពីសមាធិ ហើយ ទ្រង់ប្រមើលមើលទិស ។ សាវ័កឈ្មោះនិសកៈ របស់ព្រះមុនី ព្រះនាមអនោមទស្សី មានពួកព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ អ្នក បរិសុទ្ធ មានអភិញ្ញា ៦ មានចិត្តនឹងធឹងចោមរោមហើយ បាន ដឹងព្រះហឫទ័យ របស់ព្រះពុទ្ធ ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ជា លោកនាយក ។ ពួកសាវ័កទាំងនោះ ឋិតនៅព្ធដ៏អាកាស ធ្វើ ប្រទក្សិណក្នុងទីនោះ ផ្គងអញ្ជលីនមស្ការ ចុះមកក្នុងសំណាក់ ព្រះពុទ្ធ ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបង ក្នុងលោកជានរាសកៈ ព្រះអង្គឈ្នះមារ ទ្រង់គង់ត្រង់កណ្តាល ពួកភិក្ខុ ហើយធ្វើនូវការញញឹមឲ្យប្រាកដ ។ ( លំដាប់នោះ ) ភិក្ខុអ្នកបម្រើ ឈ្មោះវរុណៈ របស់ព្រះសាស្តា ព្រះនាមអនោម ទស្សី ធ្វើនូវចីវរឆៀងស្មាខ្មាង ហើយទូលសួរព្រះសម្ពុទ្ធ ជា នាយកនៃលោកថា បពិត្រព្រះមានព្រះភាគ អ្វីជាហេតុនៃការ ញញឹម របស់ព្រះសាស្តា ព្រោះថា ព្រះពុទ្ធទាំងឡាយ មិនដែល ធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥតហេតុទេ ។ ព្រះមានព្រះ ភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់គង់ក្នុងកណ្តាលពួកភិក្ខុ បានពោលគាថានេះថា តាបស ណា បូជាតថាគតដោយផ្កាផង សរសើរនូវញាណផង តថាគត នឹងសម្តែងចំពោះតាបសនោះ ហេតុនេះ អ្នកទាំងឡាយ ចូរ ស្តាប់តថាគតសម្តែងចុះ ។ ពួកទេវតាទាំងអស់នោះ ព្រមទាំង មនុស្ស ចង់ស្តាប់ព្រះសទ្ធម្ម ទើបនាំគ្នាចូលមកគាល់ព្រះ សម្ពុទ្ធ ព្រោះដឹងច្បាស់នូវព្រះវាចា របស់ព្រះពុទ្ធ ។ ពួកទេវតា មានឫទ្ធិច្រើន ក្នុងលោកធាតុទាំង ១០ ចង់ស្តាប់ព្រះសទ្ធម្ម ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ។ សេនាមានអង្គ ៤ គឺសេនាដំរី ១ សេនាសេះ ១ សេនារថ ១ សេនាថ្មើរជើង ១ នឹងចោមរោម តាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា ។ ពួកដូរ្យ ដន្រ្តី ៦០ ពាន់ ស្គរទាំងឡាយដែលតាក់តែងល្អ នឹងបម្រើតាបសនេះ អស់កាលជានិច្ច នេះជាផល នៃពុទ្ធបូជា ។ ពួកស្រ្តី ១៦ ពាន់ ពួកនារីដែលតាក់តែងល្អ មានសំពត់និងគ្រឿងប្រដាប់ដ៏ វិចិត្រ ពាក់កុណ្ឌជាវិការៈនៃកែវមណី ពួកនារីទាំងនោះមាន មុខទូលាយ ស្រស់ស្រាយមានសញ្ញាដ៏ល្អ មានដងខ្លួនពាក់ កណ្តាលដ៏វៀរ នឹងចោមរោមតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា ។ ( សុរុចិតាបស ) នឹងរីករាយក្នុងទេវ លោក អស់មួយសែនកប្ប នឹងបានជាសេ្តចចក្រពត្រក្នុងដែនដី អស់មួយពាន់ដង ។ បានជាព្រះឥន្រ្ទសោយរាជ្យ ក្នុងឋានទេវតា អស់មួយពាន់ដង នឹងសោយរាជ្យ ក្នុងប្រទេសដ៏ទូលាយ មិនអាចរាប់បាន ។ តាបសនេះ នឹងទៅកាន់អត្តភាព ជាមនុស្ស ក្នុងកាលដែលដល់នូវបច្ឆិមភព នឹងទៅកើតក្នុងផ្ទៃ នៃនាងញ្រហ្មណីឈ្មោះសារី ។ តាបសនេះ នឹងបានជាអ្នកមានបញ្ញាមុត ថ្លា មាននាមថាសារីបុត្ត តាមនាមនិងគោត្រ របស់មាតា ។ តាបសនេះ ជាអ្នកមិនមានកង្វល់ នឹងលះបង់នូវទ្រព្យ ៨០ កោដិ ហើយចេញបួស ស្វែងរកនូវសន្តិបទ គឺព្រះនិញ្វន នឹងត្រាច់មក កាន់ផែនដីនេះ ។ ព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូល ក្សត្រិយ៍ឈ្មោះឱក្កាកៈ ក្នុងកប្បដែលប្រមាណ មិនបានអំពី កប្បនេះ នឹងកើតឡើងក្នុងលោក ។ តាបសនេះ នឹងបានជា ឱរស ជាអ្នកទទួលមត៌ក ក្នុងធម៌ទាំងឡាយ របស់ព្រះសាស្តា អង្គនោះ ជាធម្មនិម្មិត ជាអគ្គសាវ័ក មានឈ្មោះសារីបុត្ត ។ ស្ទឹងឈ្មោះភាគីរសីនេះ ដែលបែកចេញមក អំពីភ្នំហិមពាន្ត រមែងហូរចុះទៅកាន់ មហាសមុទ្រ ញុំាងមហា សមុទ្រឲ្យឆ្អែត យ៉ាងណាមិញ ។ ព្រះសារីបុត្តនេះ ជាបុគ្គលអង់អាចភ្លៀវក្លា ក្នុងការបែកធ្លាយ ៣ យ៉ាង ដល់នូវបញ្ញាបារមី នឹងញុំាងពួក សត្វឲ្យឆ្អែត ក៏យ៉ាងនោះដែរ ។ គំនរខ្សាច់ណាក្នុងចន្លោះនេះ រាប់យកទាំងភ្នំហិមពាន្ត និងមហាសមុទ្រសាគរ គំនរខ្សាច់ នោះ គេមិនគប្បីរាប់បានឡើយ ។ តែបើការរាប់នូវគ្រាប់ខ្សាច់ នោះ បុគ្គលអាចរាប់ដោយមិនសល់បាន យ៉ាងណា ទីបំផុត នៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនមែន យ៉ាងនោះទេ ។ កាល បើគេដាក់ខ្នាច់ គ្រាប់ខ្សាច់ក្នុងស្ទឹងគង្គា គប្បីអស់ទៅឯទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនអស់ ដូច្នោះទេ ។ រលក ក្នុងមហាសមុទ្រ ដែលគេមិនគប្បីរាប់បាន ដោយការរាប់ យ៉ាងណា ទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត ក៏គេនឹងមិនអាច រាប់បាន យ៉ាងនោះ ។ តាបសនេះ នឹងសម្រេច បញ្ញាបារមី បានជាអគ្គសាវ័ក ញុំាងព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុង ពួកសត្វឲ្យត្រេកអរ នឹងបង្អុរនូវភ្លៀងគឺធម៌ដោយប្រពៃ ប្រព្រឹត្ត តាមធម្មចក្ក ដែលព្រះសម្ពុទ្ធជាសក្យបុត្តព្រះ អង្គជា បុគ្គលនឹងធឹង ឲ្យប្រព្រឹត្តទៅហើយ ។ ព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុងពួកសក្យៈ ទ្រង់ជ្រាបច្បាស់នូវហេតុ ទាំងនុ៎ះ ទ្រង់គង់ក្នុងកណ្តាលនៃពួកភិក្ខុហើយនឹងតាំង ( ព្រះសារីបុត្ត ) ក្នុងទីជាអគ្គសាវ័ក ។ ឱហ្ន៎ ខ្ញុំបានធ្វើអធិការ ចំពោះព្រះសាស្តា ព្រះនាមអនោម ទស្សីអង្គណា ហើយបានសម្រេចបារមី ក្នុងទីទាំងពួងអំពើ ដែលខ្ញុំធ្វើចំពោះព្រះសាស្តាអង្គនោះ ចំជាត្រូវល្អ ។ កម្មដែល ខ្ញុំធ្វើហើយក្នុងកាលប្រមាណមិនបាន ឲ្យផលហើយក្នុងជាតិ នេះ ខ្ញុំរួចស្រឡះហើយ ដូចជាសន្ទុះនៃសរ ដុតបំផ្លាញហើយនូវ កិលេសទាំងឡាយ ។ ខ្ញុំនុ៎ះកាលស្វែងរកនូវអសង្ខតធម៌គឺព្រះ និញ្វន ជាផ្លូវមិនកម្រើក កាលពិនិត្យមើល នូវពួកតិរ្ថិយទាំង អស់ បានអន្ទោលទៅក្នុងភព ។ បុរសអ្នកមានព្យាធិ ស្វែងរក ឱសថ ជ្រើសរើសនូវទ្រព្យទាំងអស់ ដើម្បីសះស្បើយ ចាក ព្យាធិ យ៉ាងណាមិញ ។ បុគ្គលស្វែងរកផ្លូវ នៃអមតនិញ្វន ជា អសង្ខតធម៌ បួសជាឥសីមិនដែលដាច់ អស់ ៥០០ ជាតិ ក៏ យ៉ាងនោះដែរ ។ ខ្ញុំពេញហើយដោយភារៈគឺផ្នួងសក់ ស្លៀក ដណ្តប់នូវស្បែកខ្លាដ៏ប្រសើរ ដល់នូវអភិញ្ញាបារមី ហើយបាន ទៅកើតក្នុងព្រហ្មលោក ។ ការបរិសុទ្ធក្នុងសាសនាខាងក្រៅ វៀរលែង សាសនានៃព្រះជិនសិរី មិនមានទេ ពួកសត្វណា មួយ ជាអ្នកមានប្រាជ្ញា រមែងបរិសុទ្ធក្នុងសាសនា នៃព្រះជិន សិរី ។ ខ្ញុំមិនទាន់យល់ច្បាស់នៅឡើយថា ដំណើរនុ៎ះ ជាកិច្ច ប្រាថ្នានូវប្រយោជន៍របស់ខ្ញុំ ទើបខ្ញុំស្វែងរកអសង្ខតធម៌ អន្ទោលទៅកាន់លទ្ធិដ៏អាក្រក់ ។ បុរសអ្នកត្រូវការខ្លឹម កាត់ ពុះដើមចេក មិនគប្បីបានខ្លឹម ក្នុងដើមចេកនោះទេ ពិតណាស់ បុរសនោះជាអ្នកទទេចាកខ្លឹម យ៉ាងណាមិញ ។ ពួកជនជា ច្រើននាក់ ជាតិរិ្ថយ មានទិដ្ឋិផ្សេង ៗ គ្នា ក្នុងលោកជាអ្នកទទេ សោះ ចាកអសង្ខតធម៌ ក៏យ៉ាងនោះដែរ ដូចជាបុរសកាត់ដើម ចេក ទទេចាកខ្លឹម ។ ក្នុងកាលដែលដល់នូវភពទីបំផុត ខ្ញុំបាន កើតជាញ្រហ្មណ៍ លះបង់ភោគសម្ប័ទជាច្រើន ហើយចូលទៅ កាន់ផ្នួស ។ ចប់ ភាណវារៈ ទី ១ ។ អានបន្ត
images/articles/3215/_________________________________.jpg
Public date : 21, Jul 2022 (1,393 Read)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរ មានដោយសុភាសិតចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថាពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិ អសុរិន្ទ បាននិយាយ នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយ នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។ [៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពាន ឡើង ហេតុនោះអ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បាន ពោលហើយ តែពួក ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯង ចូរ ពោលគាថាចុះ។ [៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះ ហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់ អ្នក នុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។ [៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ យ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិត បុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះបានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់បោលទៅ។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថាដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង សក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។ [៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍ អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ បុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថាបុគ្គលមានកំឡាំងថយ តែងអត់សង្កត់ ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅ កំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គល អ្នកមានកំឡាំងជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គល អ្នកខឹង សេចក្តីអាក្រក់ រមែង មានដល់អ្នកនោះឯង ព្រោះសេចក្តី ខឹងតបនោះ ឯបុគ្គល អ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គល ណាមានស្មារតី ដឹងថាបុគ្គលដទៃ ខឹងហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួក ទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។ [៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និង អសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទ ពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយ ការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តី ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែក គាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោល ហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុ នេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។ សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ (ព្រះត្រៃបិដក លេខ ៣០) ដោយ៥០០០ឆ្នាំ
images/articles/3219/___________________________.jpg
Public date : 17, Jul 2022 (967 Read)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះ ឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់​បង់​ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយ​ជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា? ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។ លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។ (មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។ (កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។ (ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាល​ត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈ​ទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ​ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯក​កច្ឆៈ​ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយ ក៏ឆេះ​រោល​រាល​ក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើ​មរណ​កាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចក​ផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំង​ឡាយ​ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។ ឥសិទាសីថេរី ចប់ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/3216/_________________________________.jpg
Public date : 29, Jun 2022 (874 Read)
បញ្ញាក្នុងការចេញ និងការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះ​ថា​មគ្គញាណ តើដូចម្តេច។ ​ក្នុងខណៈ​នៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ រមែងចេញចាក​មិច្ឆាទិដ្ឋិ រមែងចេញ​ចាកកិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាទិដ្ឋិ​នោះផង ចាកខន្ធទាំងឡាយ​ផង រមែងចេញចាក​និមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោក​ពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថា​លើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញ​ចាកមិច្ឆាសង្កប្បៈ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសង្កប្បៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយ​អត្ថថា​​រក្សាទុក រមែងចេញ​ចាកមិច្ឆាវាចា ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាវាចា​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញចាកនិមិត្ត​ទាំងពួង​ខាង​ក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​​មគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថា​តាំងឡើង រមែងចេញចាក​មិច្ឆាកម្មន្តៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាកម្មន្តៈ​​នោះផង ចាកខន្ធទាំងឡាយផង​ រមែងចេញ​ចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាអាជីវៈ ដោយ​អត្ថថាផូរផង់ រមែងចេញ​ចាកមិច្ឆាអាជីវៈ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆា​អាជីវៈ​នោះផង ចាកខន្ធ​ទាំងឡាយ​ផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាវាយាមៈ ដោយអត្ថថា​ផ្គងឡើង រមែងចេញចាក​មិច្ឆាវាយាមៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាវាយាមៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែង​ចេញចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញ្ញាណ សម្មាសតិ ដោយអត្ថថា​ប្រុងប្រយ័ត្ន រមែងចេញចាក​មិច្ឆាសតិ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសតិ​នោះផង ចាកខន្ធទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិន​រាយមាយ រមែងចេញចាក​មិច្ឆាសមាធិ ចេញចាកកិលេស​​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសមាធិ​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់​​ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។ [១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាកកាមរាគ​សញ្ញោជនៈ និង​​​បដិឃសញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ និង​បដិឃានុស័យ​ដ៏​គ្រោតគ្រាត ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​សញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ​ និង​​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៥] ​ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាក​កាមរាគសញ្ញោជនៈ និង​​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ និង​បដិឃានុស័យដ៏​ល្អិត ចេញចាកកិលេស​ដែល​​ប្រព្រឹត្តិ​​​តាមសញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាក​និមិត្ត​ទាំងពួង​​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​​ទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និង​អវិជ្ជានុស័យ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​នូវ​​អនុសយក្កិលេស​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ [១៤៧] យោគីរមែងដុតបំផ្លាញ​​នូវ​កិលេសដែល​មិន​ទាន់កើត ដោយ​អង្គឈាន​ដែល​កើតហើយ​ ហេតុ​នោះ លោកហៅថា ឈាន យោគី​រមែងមិន​ញាប់ញ័រ​ក្នុង​ទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុងឈាន និង​វិមោក្ខ។ បើយោគី​តម្កល់ចិត្ត​ហើយ​ពិចារណា រមែងឃើញ​ច្បាស់​យ៉ាងណា គប្បី​តម្កល់​ចិត្ត​ទុកយ៉ាង​​នោះ វិបស្សនា និង​សមថៈ​ជាធម៌មានចំណែក​ស្មើគ្នា ​ជាគូជាប់គ្នា រមែងប្រព្រឹត្តិ​ទៅ​ក្នុងកាល​ណោះ ​ការ​ឃើញថា សង្ខារ​ទាំងឡាយ​ជាទុក្ខ និរោធ​ជាសុខ បញ្ញាដែល​ចេញចាក​សភាវៈទាំង ២ រមែងពាល់​ត្រូវ​នូវ​ព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នក​ឈ្លាសវៃ​​ក្នុងភាព​នៃ​ធម៌​ផ្សេងគ្នា និង​ធម៌ដូចគ្នា រមែងដឹង​នូវ​កិរិយាប្រព្រឹត្តិ​ក្នុង​វិមោក្ខ រមែង​មិន​ញាប់​ញ័រ​ក្នុងទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុង​ញាណ​ទាំងពីរ។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹង​​នូវ​ធម៌​នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា​ដឹង​​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ព្រះត្រៃបិដកលេខ ៦៩) ដោយ៥០០០ឆ្នាំ
images/articles/3135/2021-09-07_11_0Mon.jpg
Public date : 24, Apr 2022 (2,047 Read)
[៧៤] ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ចៅហ្វាយនាយ ត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការចាត់ចែងការងារសមគួរ តាមកំឡាំង១ ដោយការឲ្យនូវភត្តាហារ និងថ្លៃឈ្នួល១ ដោយការព្យាបាល ក្នុងវេលាឈឺថ្កាត់១ ដោយការចែករំលែកនូវរបស់ មានរសត្រកាលចំឡែក១ ដោយការឲ្យឈប់សម្រាកក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយ ដោយស្ថាន៥យ៉ាង គឺ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ១ ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ១ កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ១ ធ្វើការងាររបស់ចៅហ្វាយនាយ ដោយយកចិត្តទុកដាក់១ នាំកិត្តិគុណរបស់ចៅហ្វាយនាយ ទៅថ្លែងក្នុងទីនោះៗ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយ ដោយស្ថាន៥យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយ បានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីចៅហ្វាយនាយនិងតួនាទីកម្មករ - បិដកភាគ ១៩ ទំព័រ ៨៨ ឃ្នាប ៧៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3180/_________________________________.jpg
Public date : 18, Apr 2022 (1,429 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលី។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅកាន់ក្រុង​វេសាលី ដើម្បី​បិណ្ឌបាត។ លុះ​ទ្រង់ត្រាច់​ទៅ​បិណ្ឌបាត ក្នុង​ក្រុងវេសាលី​ហើយ ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលា​ខាងក្រោយភត្ត ហើយ​ទ្រង់ត្រាស់​ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ ចូរអ្នក​កាន់យក​និសីទនៈ​ទៅ យើងនឹង​ចូល​ទៅសម្រាក ក្នុងវេលា​ថ្ងៃ ឯបាវាលចេតិយ។ ព្រះអានន្ទដ៏​មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏​កាន់​និសីទនៈទៅតា​មខាងក្រោយៗ ព្រះដ៏មានព្រះភាគទៅ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូល​ទៅកាន់​បាវាលចេតិយ លុះចូលទៅ​ដល់ហើយ ក៏គង់លើ​អាសនៈ ដែលព្រះអានន្ទ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ គង់​ហើយ ក៏ទ្រង់ត្រាស់​នឹង​ព្រះអានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទី​គួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ បុគ្គលនោះ ទោះបី​ប្រាថ្នា នឹង​គប្បី​ឋិត​នៅ​អស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ម្នាលអានន្ទ ឯ​ឥទ្ធិបាទទាំង ៤ តថាគត​បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ តថាគត បើ​ប្រាថ្នា ​គប្បីឋិត​នៅអស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ឯ​ព្រះអានន្ទ​ដ៏មានអាយុ ទុកជា​ព្រះ​ដ៏មានព្រះភាគ ទ្រង់ធ្វើ​និមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស​ជាឱឡារិក យ៉ាងនេះ​ហើយ ក៏មិនអាច​នឹង​យល់​សេចក្ដី​ច្បាស់លាស់​បាន មិនបាន​អារាធនា​ព្រះដ៏​មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍​​ដល់​ជនច្រើន ដើម្បី​សេចក្ដីសុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ពួក​​ទេវតា និង​មនុស្ស​ដូច្នេះ​សោះ ព្រោះ​មារ ចូលមក​ជ្រែកគំនិត។ ព្រះដ៏មាន​ព្រះភាគ ទ្រង់មាន​ព្រះពុទ្ធដីកា ជាគំរប់​ពីរ​ដង​ផង​។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នឹងព្រះអានន្ទ​ដ៏មានអាយុ ជាគំរប់​បីដង​ផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទី​គួរត្រេកអរ សារន្ទទចេតិយ ជាទីគួរ​ត្រេកអរ បាវាលចេតិយ ជាទី​គួរត្រេកអរ។ ម្នាល​អានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់​ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បាន​ប្រារព្ធល្អ​ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គប្បីឋិត​នៅ អស់១ អាយុកល្ប ឬ​លើស​ជាង ១ អាយុកល្ប​ក៏បាន។ ឯព្រះ​អានន្ទ​ដ៏មានអាយុ ទុកជា​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ធ្វើ​និមិត្ត​ជាឱឡារិក​យ៉ាងនេះហើយ ក៏នៅតែមិនអាច​យល់​សេចក្ដី​ច្បាស់លាស់​បានឡើយ ហើយមិន​បាន​អារាធនា​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដី​សុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយដូច្នេះសោះឡើយ ព្រោះមារ ចូលមក​ជ្រែកគំនិត។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​នឹង​អានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរសំគាល់​នូវកាល​ដែលគួរ​នឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ រួចក៏ក្រោក​ចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយ​ទៀបគល់ឈើមួយ ​ជិត​ព្រះដ៏មានព្រះភាគ។ គ្រានោះ កាលបើព្រះអានន្ទ​ដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន​ចិត្ត​បាប ក៏បាន​ពោលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ បរិនិព្វាន​ក្នុង​កាល​ឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន​របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់​វាចានេះ​ហើយថា នែ​មារមាន​ចិត្តបាប ពួកភិក្ខុ ជាសាវក​របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាក​យោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរដល់​ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បាន​សង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជា​កិច្ច​ដែល​ខ្លួនបាន​សង្កត់សង្កិន​ដោយល្អ​ តាមពាក្យ​ដែល​សមហេតុ ហើយសំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ នៅ​មិនទាន់​មាន ដរាប​ណាទេ តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវក​របស់​ព្រះដ៏មានព្រះភាគ បាន​ឈ្លាសវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ​បានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលបាន​សង្កត់​សង្កិន​ដោយល្អ តាមពាក្យ ដែល​សមហេតុ ហើយ​សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យបានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះព្រះដ៏មាន​ព្រះភាគ ត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មាន​ចិត្តបាប ពួកភិក្ខុ​នី ជាសាវិកា របស់តថាគត មិនទាន់​មាន​ដរាបណា តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ។បេ។ ពួកឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា។បេ។ ពួកឧបាសិកា ជាសាវិកា របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់​នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌​សម​គួរដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បានសង្កត់​សង្កិននូវ​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យជា​កិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យ​ដែលសមហេតុ សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យ នៅមិនទាន់​មាន ដរាបណា​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ឧបាសិកា ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ ដែលឈ្លាស​វាងវៃ ក្លៀវក្លា ដល់​នូវ​ការ​ក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ នៃអាចារ្យ​របស់ខ្លួន​ហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបានហើយ ទាំងសង្កត់​សង្កិន​នូវបរប្បវាទ ដែល​កើត​ឡើង​ហើយ ឲ្យជា​កិច្ចដែល​សង្កត់សង្កិន​ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយ​សំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ​បានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វាន​ទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹង​បរិនិព្វាន របស់ព្រះដ៏មាន​ព្រះភាគហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ បានត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មានចិត្តបាប ព្រហ្មចារ្យ របស់​តថាគតនេះ នៅមិនទាន់​ខ្ជាប់ខ្ជួន មិនទាន់​ចំរើន មិនទាន់ផ្សាយ​ទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា និង​មិនទាន់​ពេញ​បរិបូណ៌​ដរាបណា មួយទៀត ពួក​ទេវតា និងមនុស្ស​មិនទាន់​​ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត​នឹងមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ​របស់​ព្រះដ៏មាន​ព្រះភាគ​នេះ បាន​ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅ​សព្វទិសហើយ គេបាន​ដឹងច្រើន​គ្នាហើយ បានពេញ​បរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះ​សំដែង​បាន​ដោយល្អហើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់​ព្រះដ៏មានព្រះភាគ​ហើយ។ ម្នាល​មារមានចិត្តបាប ចូរអ្នក​មាន​សេចក្ដី​ខ្វល់ខ្វាយ​តិចចុះ ការ​បរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពី​ថ្ងៃនេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​សតិសម្បជញ្ញៈ ទ្រង់ដាក់​អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ដាក់​អាយុសង្ខារ​ហើយ ក៏កើតការកក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូក​ភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ​ ក៏លាន់ឮឡើង។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវ​សេចក្ដី​នេះ​ហើយ ក៏បន្លឺនូវ​ឧទាននេះ ក្នុងវេលានោះថា ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ​នូវព្រះនិព្វាន ​ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់​នូវសង្ខារ ដែល​នាំសត្វ​ទៅកាន់ភព ទ្រង់ត្រេកអរ​នូវអារម្មណ៍​ខាងក្នុង (ដោយអំណាច​វិបស្សនា) មាន​ព្រះហឫទ័យ​តាំងមាំហើយ (ដោយអំណាច​សមថៈ) ទ្រង់បាន​ទំលាយ​នូវ​បណ្ដាញ គឺកិលេស ដែល​កើតមាន​នៅ​ក្នុង​ព្រះអង្គ​ដូចជា​ក្រោះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដី​ត្រិះរិះយ៉ាង​នេះថា អើហ្ន៎ ការ​កក្រើក​ផែនដី​នេះជាយ៉ាងធំ ការកក្រើក​ផែនដីនេះ​ធំណាស់​តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួច​រោម ទាំងផ្គរ​ក៏លាន់ឮឡើង។ ហេតុ​ដូចម្ដេច បច្ច័យ​ដូចម្ដេចហ្ន៎ ដែលនាំ​ឲ្យការ​កក្រើក​ផែនដី ជា​យ៉ាង​ធំម្ល៉េះ។ ទើបព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុង​ទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ គង់ក្នុងទី​សមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការកក្រើក​ផែនដីនេះ​ជាយ៉ាងធំ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការ​កក្រើក​ផែន​ដីនេះ ធំពេក​ណាស់តើ គួរឲ្យ​ភ្លូកភ្លឹក គួរឲ្យ​ព្រឺព្រួចរោម ទាំងផ្គរ​ក៏លាន់​ឮ​ឡើង។ បពិត្រ​ព្រះអង្គដ៏​ចំរើន ហេតុដូចម្ដេច បច្ច័យដូច​ម្ដេចហ្ន៎ ដែលនាំឲ្យកើតការ​កក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យ​ដែលនាំឲ្យ​កើតការកក្រើក​ផែនដីនេះ​មាន ៨ យ៉ាង។ ហេតុ​បច្ច័យទាំង ៨យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពី​នេះ ប្រតិស្ថាន​នៅលើ​ទឹក ឯទឹក​ប្រតិស្ថាន​នៅលើខ្យល់ ខ្យល់​ប្រតិស្ថាន​នៅលើអាកាស ម្នាល​អានន្ទ សម័យ​ដែលមាន​ខ្យល់បក់ ខ្យល់​ធំដែល​បក់នោះ រមែងធ្វើ​ទឹកឲ្យ​កក្រើក ឯទឹកដែល​កក្រើក​មកហើយ ក៏ធ្វើផែនដី​ឲ្យកក្រើក​ដែរ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ​ ទី១ ដែលនាំ​ឲ្យកើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត សមណៈ​ក្ដី ព្រាហ្មណ៍ក្ដី ដែលមាន​ឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ ក្នុងចិត្ត ឬទេវតា​ដែលមានឫទ្ធិធំ មាន​អានុភាព​ធំ បុគ្គលនោះ បានចំរើន​បឋវិសញ្ញា ឲ្យមាន​កំឡាំងតិច ចំរើន​អាបោសញ្ញា ឲ្យ​មាន​កំឡាំង​ច្រើន បុគ្គលនោះ រមែងធ្វើ​ផែនដីនេះ ឲ្យកក្រើក​រំភើប ញាប់ញ័រ​បាន ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី២ ដែលនាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ ច្យុតចាក​ពួកទេវតា ដែលឋិតនៅ​ក្នុងឋាន​តុសិត​ មានសតិ និងសម្បជញ្ញៈ យាងចុះ​កាន់ព្រះមាតុឧទរ ក្នុងកាល​នោះ​ ផែនដី​នេះ តែងកក្រើក​រំភើប ញាប់ញ័រ​ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៣ ដែលនាំ​ឲ្យ​កក្រើកផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ពោធិសត្វ មាន​សតិ និងសម្បជញ្ញៈ ទ្រង់ប្រសូត​ចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៤ ដែលនាំឲ្យ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ត្រាស់ដឹង​នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៥ ដែលនាំ​ឲ្យកើត​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ញុំាង​អនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះ ផែនដីនេះ តែងកក្រើក​ រំភើប​ញាប់ញ័រ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី៦ ដែលនាំឲ្យ​កើតការកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគតគត មានសតិ និងសម្បជញ្ញៈ ដាក់​ចុះនូវ​អាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក ​រំភើប​ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៧ ដែលនាំឲ្យកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​ រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំ​ឲ្យ​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែល​នាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ មាន ៨ យ៉ាងនេះឯង។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/3170/5334treefds33.jpg
Public date : 18, Apr 2022 (1,440 Read)
[២៦៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គលជាអ្នកក្រោធ មានទោសចិត្តនៅខាង [បានដល់បុគ្គល ដែលមានទោសចិត្តជានិច្ច បុគ្គលនេះ តែងពោលទោសថា ព្រះសមណគោតម លោកមិនមានធម៌ដ៏ប្រសើរ ជាជាងធម៌របស់មនុស្សទេ តែងពោលបង្កាច់ព្រះអង្គ ដូចសុនក្ខត្តលិច្ឆវី។] ក្នុង ១ បុគ្គលជាអ្នកជឿ ដោយប្រកាន់ [បានដល់បុគ្គលអប្បឥតបញ្ញា មានតែសទ្ធាជ្រុល សេចក្ដីជ្រះថ្លាតិច តែងជឿថា ព្រះពុទ្ធ ព្រះអង្គជាលោកុត្តរទាំងអស់ សូម្បីអាការទាំង ៣២ មានសក់ ជាដើម របស់ព្រះអង្គ គង់ជាលោកុត្តរដែរ ដូច្នេះ ឈ្មោះថា ពោលបង្កាច់ព្រះអង្គដែរ។ (អដ្ឋកថា)។] ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ [២៦៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គលសំដែងនូវពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ថាជាពាក្យដែលព្រះតថាគត បានសំដែង បានពោល ១ បុគ្គលសំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ព្រះតថាគតទេ។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គល សំដែងនូវពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ថាជាពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ១ បុគ្គលសំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះឯង មិនពោលបង្កាច់ព្រះតថាគតឡើយ។ [២៧០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ បុគ្គល ទាំង ២ ពួក តើដូចម្តេច។ គឺបុគ្គល ដែលសំដែងសូត្រ មានសេចកី្តជាបុគ្គលាធិដ្ឋាន [បានដល់ព្រះសូត្រ ដែលសំដែងបុគ្គលាធិដ្ឋាន ដូចទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ បុគ្គលពួក ២ បុគ្គលពួក ៣ បុគ្គលពួក ៤ ជាដើម ហៅថា ព្រះសូត្រជានេយ្យត្ថ។] ថាជាសូត្រមានសេចកី្តជាធម្មាធិដ្ឋានទៅវិញ ១ ដែលសំដែងសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន [បានដល់ព្រះសូត្រ ដែលសំដែងជាធម្មាធិដ្ឋាន ដូចសំដែងថា អនិច្ចំ ទុក្ខំ អនត្តា ជាដើម ហៅថា ព្រះសូត្រជានីតត្ថ (អដ្ឋកថា)។] ថាជាសូត្រ មានសេចក្តីជាបុគ្គលាធិដ្ឋានទៅវិញ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ ព្រះតថាគតទេ។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គលសំដែងសូត្រ មានសេចកី្តជាបុគ្គលាធិដ្ឋាន ថាជាសូត្រមានសេចកី្តជាបុគ្គលាធិដ្ឋាន ១ បុគ្គលសំដែងសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន ថាជាសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ព្រះតថាគតឡើយ។ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត - បិដក ៤០ ទំព័រ ១៣២_ ឃ្នាប ២៦៨ ដោយ៥០០០ឆ្នាំ
images/articles/3224/56u7887777uu7.jpg
Public date : 17, Apr 2022 (1,012 Read)
អានទៅខាងដើមអត្ថបទ ញ្រហ្មណ៍ ឈ្មោះសញ្ជ័យ ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ចេះ ចប់ត្រៃវេទ ខ្ញុំនៅក្នុងសំណាក់​ញ្រហ្មណ៍នោះ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ញ្រហ្មណ៍ឈ្មោះអស្សជិ ដែលគេគ្របសង្កត់ ​បានដោយក្រ មានតេជះខ្ពង់ខ្ពស់ ជាសាវ័ករបស់ព្រះអង្គ ត្រាច់ ទៅបិណ្ឌបាត ក្នុងកាលនោះ ។ ខ្ញុំព្រះអង្គបានឃើញព្រះអស្សជិនោះ ជាមុនី ប្រកបដោយបញ្ញា ខ្ជាប់ខ្ជួនក្នុងញាណ មានចិត្ត ស្ងប់រម្ងាប់ ជាមហានាគ ( លោករីកពេញដោយគុណ ) ដូចផ្កា ឈូករីក ។ លុះខ្ញុំឃើញព្រះអស្សជិ មានឥន្រ្ទិយទូន្មានល្អ មាន ចិត្តស្អាត ដូចឧសភៈ លោកប្រសើរ មានព្យាយាម ខ្ញុំក៏គិតថា ស្រមណ៍នេះប្រាកដ ជាព្រះអរហន្ត ទើបមានរូបល្អ សង្រួមល្អ គួរជាទីជ្រះថ្លា ទូន្មានឥន្រ្ទិយដែលគួរទូន្មានដ៏ប្រសើរ ប្រាកដជា ឃើញនូវព្រះនិញ្វន ឈ្មោះអមតៈ ។ បើដូច្នោះ មានតែអាត្មា អញសួរអត្ថដ៏ឧត្តម នឹងស្រមណ៍ ជាអ្នកមានចិត្តរីករាយ ប្រសិនបើអញសួរទៅហើយ លោកនឹងតបបាន អាត្មាអញនឹង សូមសួរលោក តទៅទៀត ក្នុងវេលានោះ ។ កាលព្រះអស្សជិ កំពុងនិមន្តទៅបិណ្ឌបាត ខ្ញុំក៏បានដើរតាមពីក្រោយ រិះរកឱកាសដើម្បីសួរនូវអមតបទ ។ ខ្ញុំបានចូលទៅសួរព្រះអស្សជិត្ថេរ ដែលនិមន្តដល់ត្រង់ចន្លោះថ្នល់ថា បពិត្រលោកមានព្យាយាម លោកជាគោត្រអ្វី បពិត្រលោកនិរទុក្ខ លោកជាសិស្សរបស់ គ្រូណា ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ក៏បាន ដោះស្រាយថា ម្នាលអាវុសោព្រះសម្ពុទ្ធ ដូចកេសររាជសីហ៍ មិនចេះខ្លាច កើតហើយក្នុងលោក អាត្មាជាសិស្សរបស់ព្រះ សម្ពុទ្ធនោះ ។ បពិត្រលោកមានព្យាយាមធំ ជាអនុជាតមាន យសធំ ចុះពាក្យប្រដៅនៃព្រះសម្ពុទ្ធ របស់លោក តើដូចម្តេច សូមលោកសម្តែងធម៌គឺពាក្យប្រដៅ ( របស់ព្រះសម្ពុទ្ធនោះ ) ដល់ខ្ញុំ ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ទើប សម្តែង នូវសាសនធម៌ទាំងពួង ដែលល្អិតជ្រាលជ្រៅ ជាចំណែក ( និញ្វន ) ជាគុណកម្ចាត់បង់នូវសរគឺតណ្ហា ដែលបន្ទោ បង់ នូវកងទុក្ខទាំងពួងថា ធម៌ទាំងឡាយណា មានហេតុជា ដែនកើតមុន ព្រះតថាគតបានសម្តែង នូវហេតុរបស់ធម៌ទាំង នោះផង នូវការរលត់នៃធម៌ទាំងនោះផង ព្រះមហាសមណៈ តែងពោលយ៉ាងនេះ ។ កាលព្រះអស្សជិត្ថេរ បានដោះស្រាយ បញ្ហាហើយ ខ្ញុំក៏បានសម្រេចផលជាបឋម បានប្រាសចាកធូលី ប្រាសចាកមន្ទិល ព្រោះបានស្តាប់ពាក្យប្រដៅ របស់ព្រះ ជិនស្រី ។ លុះខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនីហើយ ឃើញនូវធម៌ដ៏ឧត្តម ទាំងមានចិត្តចុះស៊ប់សួន ក្នុងព្រះសទ្ធម្ម ហើយបានពោលនូវគាថានេះថា ធម៌នេះ ជាគន្លងនៃសេចក្តី ជាក់ច្បាស់ មិនមានសោក ដែលខ្ញុំមិនទាន់ឃើញ កន្លងទៅយូរ ហើយ ដោយសែននៃកប្បជាច្រើន ។ កាលខ្ញុំស្វែងរកធម៌ បាន ត្រាច់ទៅហើយក្នុងលិទ្ធអាក្រក់ ឥឡូវប្រយោជន៍នោះ ខ្ញុំបាន សម្រេចហើយ វេលានេះ ជាកាលគួរខ្ញុំមិនប្រមាទ ។ ខ្ញុំដែល បានព្រះអស្សជិត្ថេរ ប្រោសប្រាណហើយ ក៏បានសម្រេចអចលបទ គឺព្រះនិញ្វន ទើបទៅស្វែងរកជួបនឹងសម្លាញ់ ក៏បាន ទៅឯអាស្រម ។ សម្លាញ់របស់ខ្ញុំ ជាអ្នកសិក្សាល្អ បរិបូណ៌ ដោយឥរិយាបថ បានឃើញខ្ញុំអំពីចម្ងាយ ក៏សួរខ្ញុំថា អ្នកមាន មុខនិងភ្នែកក៏ស្រស់បស់ មានភាពជាអ្នកប្រាជ្ញ អ្នកប្រហែល ជាបានសម្រេច នូវចំណែកនៃព្រះនិញ្វន ឈ្មោះអមតៈ ជាធម៌ មិនច្យុតហើយឬ នែញ្រហ្មណ៍ អ្នកមានសភាពល្អបានដើរមក អ្នកទូន្មានខ្លួនក្នុងធម៌ ដែលគប្បីទូន្មាន របស់អ្នកទូន្មានហើយ មានចិត្តស្ងប់រម្ងាប់ ដូចដំរីដែលគេបង្ហាត់មិនឲ្យញាប់ញ័រ ។ ខ្ញុំ ប្រាប់សម្លាញ់ថា ព្រះនិញ្វនឈ្មោះអមតៈ ជាគុណបន្ទោបង់នូវ សរ គឺសេចក្តីសោក ខ្ញុំបានសម្រេចហើយ អ្នកចូលសម្រេច ព្រះនិញ្វននោះចុះ យើងនឹងនាំគ្នាទៅកាន់សំណាក់ព្រះពុទ្ធ ។ សម្លាញ់របស់ខ្ញុំនោះជាអ្នកសិក្សាល្អ បានទទួលពាក្យថា ប្រពៃ ហើយ រួចចាប់ដៃគ្នា ដើរចូលមកសំណាក់ព្រះអង្គ ក្រាបទូល ថា បពិត្រព្រះសក្យបុត្ត ខ្ញុំព្រះអង្គទាំងពីរនាក់ នឹងបួសក្នុងសំណាក់នៃព្រះអង្គ ជាអ្នកមិនមានអាសវៈ ព្រោះបានអាស្រ័យ នូវសាសនធម៌របស់ព្រះអង្គហើយ ។ កោលិតជាបុគ្គលប្រសើរដោយឫទ្ធិ ឯខ្ញុំព្រះអង្គ ជាបុគ្គលដល់នូវត្រើយនៃបញ្ញា យើងខ្ញុំទាំងពីរនាក់ បានញុំាងសាសនធម៌ឲ្យល្អដូចគ្នា ។ កាល ដែលខ្ញុំព្រះអង្គ មានបំណងមិនទាន់បានសម្រេចនៅឡើយ បាន ត្រាច់ទៅ ក្នុងលិទ្ធអាក្រក់ លុះបានមកជួបប្រទះ នឹងព្រះអង្គ ទើបបំណងរបស់ខ្ញុំព្រះអង្គ ពេញបរិបូណ៌ឡើង ។ ឈើទាំង ឡាយ ដែលដុះលើផែនដី រមែងមានផ្ការីកក្នុងរដូវ ក្លិនទាំង ឡាយជាទិព្វ រមែងផ្សាយទៅ ញុំាងពួកសត្វទាំងពួងឲ្យត្រេក អរបាន ( យ៉ាងណាមិញ ) ។ បពិត្រព្រះអង្គ មានព្យាយាមធំ ជាសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គតាំង នៅក្នុងសាសនា របស់ព្រះអង្គ ខំស្វែងរក ( នូវសម័យ ) ដើម្បីផ្កា ខ្ញុំស្វែងរកផ្កា គឺ វិមុត្តិ ជាគ្រឿងរួចចាកភវសង្សារ តែងធ្វើពួកសត្វទាំងពួង ឲ្យ ត្រេកអរ ដោយការបាននូវផ្កាគឺវិមុត្តិ ក៏យ៉ាងនោះដែរ ។ បពិត្រ ព្រះអង្គមានបញ្ញាចក្ខុ ក្នុងពុទ្ធក្ខេត្ត ទាំងប៉ុន្មាន លើកលែងតែ ព្រះមហាមុនីចេញ មិនមានបុគ្គលណា នឹងប្រហែលដោយ ប្រាជ្ញា នៃបុត្ររបស់ព្រះអង្គទេ ។ ពួកសិស្សរបស់ព្រះអង្គបាន ទូន្មានល្អហើយផង ពួកបរិស័ទ សិក្សាល្អហើយផង គប្បីទូន្មាន ឥន្រ្ទិយដ៏ប្រសើរ លោកទាំងនោះ មានឥន្រ្ទិយទូន្មានហើយ តែង ចោមរោម ព្រះអង្គសព្វ ៗ កាល ។ ពួកបរិស័ទ ដែលមាន ឈាន ត្រេកអរក្នុងឈាន មានប្រាជ្ញា មានចិត្តស្ងប់រម្ងាប់ មាន ចិត្តតំកល់មាំ ជាមុនីបរិបូណ៌ដោយញាណ តែងចោមរោមព្រះ អង្គ សព្វ ៗ កាល ។ ពួកបរិស័ទដែលជាអ្នក ប្រាថ្នាតិច មាន បញ្ញាឆ្អិន មានបញ្ញាជាគ្រឿងទ្រទ្រង់ មានអាហារតិច មិន ល្មោភ ជាអ្នកសន្តោសតាមមានតាមបាន តែងចោមរោមព្រះ អង្គសព្វ ៗ កាល ។ ពួកបរិស័ទដែលជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ត្រេកអរក្នុងការកម្ចាត់បង់នូវកិលេស មានឈាន មានចីវរ សៅហ្មង ត្រេកអរតែក្នុងទីស្ងាត់ មានប្រាជ្ញាជាគ្រឿងចងចាំ តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ ពួកសេក្ខបុគ្គលកំពុង ប្រតិបត្តិខ្លះ ឋិតនៅក្នុងផលខ្លះ និងព្រះអរហន្តបរិបូណ៌ ដោយ ផលខ្លះ ជាអ្នកស្វែងរកប្រយោជន៍ដ៏ខ្ពង់ខ្ពស់ តែងចោមរោម ព្រះអង្គសព្វ ៗ កាល ។ ពួកសោតាបន្នបុគ្គល មិនមានធម៌ជា មន្ទិលផង សកទាគាមិបុគ្គលផង អនាគាមិនបុគ្គលផង អរហន្តផង តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ ពួកសាវ័កជា ច្រើនរបស់ព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងសតិប្បដ្ឋាន ត្រេកអរ ក្នុងការចម្រើនពោជ្ឈង្គ តែងចោមរោមព្រះអង្គ សព្វ ៗ កាល ។ ពួកសាវ័ក អ្នកឈ្លាសវៃ ក្នុងឥទ្ធិបាទ ត្រេកអរក្នុងការ ចម្រើនសមាធិ ប្រកបនូវសមប្បធាន តែងចោមរោមព្រះអង្គ សព្វ ៗ កាល ។ ពួកសាវ័កអ្នកបាននូវត្រៃវិជ្ជាផង បានអភិញ្ញា ៦ ផង ដល់នូវត្រើយនៃឫទ្ធិផង ដល់នូវត្រើយនៃប្រាជ្ញាផង តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ បពិត្រព្រះអង្គមានព្យាយាមធំ ពួកសិស្សរបស់ព្រះអង្គបែបនេះ បានសិក្សាល្អ កម្រ បុគ្គលគ្របសង្កត់បាន មានតេជះខ្ពង់ខ្ពស់ តែងចោមរោមព្រះ អង្គសព្វ ៗ កាល ។ ព្រះអង្គ ត្រូវពួកសិស្សទាំងនោះ ដែលជា អ្នកសង្រួម មានតបៈចោមរោមហើយ ទ្រង់មិនខ្លាចដូចស្តេច ម្រឹគ រុងរឿងដូចព្រះចន្រ្ទ ។ ឈើទាំងឡាយ ដុះនៅលើផែនដី តែងលូតលាស់ចម្រើនឡើង ឈើទាំងនោះ តែងបញ្ចេញផ្លែ ។ បពិត្រព្រះសក្យបុត្ត មានយសធំ ព្រះអង្គដូចផែនដី ពួកសាវ័ក តាំងនៅ ក្នុងសាសនធម៌របស់ព្រះអង្គហើយ តែងបាននូវផ្លែ គឺអមតមហានិញ្វន ។ សាគរទទួលទឹក របស់ស្ទឹងទាំងនុ៎ះ គឺ សិន្ទុ សរស្សតី ចន្ទភាគា គង្គា យមុនា សរភូ និងមហី ដែល ហូរមក ។ ទឹកស្ទឹងទាំងនោះ តែងលះបង់ ឈ្មោះដើមចោល ចេញ គេដឹងថាជាសាគរតែម្យ៉ាង ( យ៉ាងណាមិញ ) ។ វណ្ណៈ ទាំង ៤ នេះ លុះបួសក្នុងសំណាក់របស់ ព្រះអង្គហើយ តែង លះឈ្មោះដើមចោលចេញ គេដឹងថាជាពុទ្ធ បុត្តតែម្យ៉ាង ក៏ យ៉ាងនោះដែរ ។ មួយទៀត ព្រះចន្រ្ទប្រាសចាកមន្ទិល អណ្តែតទៅក្នុងអាកាសធាតុ មានពន្លឺរុងរឿងកន្លង នូវពួកផ្កាយ ទាំងអស់ក្នុងលោក យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គមានពួកទេវតានិងមនុស្សចោមរោម ហើយ ទ្រង់រុងរឿងកន្លង នូវពុទ្ធក្ខេត្តសព្វកាល ក៏យ៉ាងនោះដែរ ។ រលកដែលតាំងឡើងក្នុងទឹកជ្រៅ មិនប្រព្រឹត្តកន្លងនូវច្រាំងរលកទាំងនោះ រមែងមកផ្ទប់នឹងច្រាំងទាំងអស់ សឹងបែកខ្ទេច ខ្ទីរោយរាយទៅ ( យ៉ាងណាមិញ ) ។ ពួកតិរ្ថិយជាច្រើន មាន ទិដ្ឋិផ្សេង ៗ គ្នាក្នុងលោក មានប្រាថ្នាដើម្បីនឹងឆ្លងនូវ ធម៌របស់ ព្រះអង្គ ក៏មិនប្រព្រឹត្តកន្លង នូវព្រះអង្គជាមុនីឡើយ ក៏យ៉ាងនោះដែរ ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ប្រសិនបើពួកតិរ្ថិយទាំងនោះ មកដល់ព្រះអង្គ ដោយលំដាប់នៃវារៈទាំងឡាយ លុះចូល មកកាន់សំណាក់ព្រះអង្គហើយ រមែងខ្ទេចខ្ទី ។ មួយ ទៀត ដើមកុមុទ និងចង្កុលណីជាច្រើន កើតឡើងក្នុងទឹក តែង ទទឹក ដោយទឹកផង ប្រឡាក់ដោយភក់និងល្បាប់ផង យ៉ាង ណាមិញ ។ ពួកសត្វជាច្រើន តែងកើតឡើង ចម្រើនឡើងក្នុង លោក ជាសត្វទទឹកដោយរាគៈ និង ទោសៈ ដូចកុមុទ ក្នុងភក់ ក៏យ៉ាងនោះដែរ ។ ឈូកដែលដុះឡើង ក្នុងទឹករមែងរុងរឿង ក្នុងកណ្តាលទឹក ឈូកនោះមិនជាប់ដោយទឹក នៅជាឈូក មានកេសរ ដ៏បរិសុទ្ធ យ៉ាងណាមិញ ។ បពិត្រព្រះអង្គមាន ព្យាយាមធំ ជាមហាមុនី ព្រះអង្គកើតឡើងក្នុងលោក ព្រះអង្គ មិនជាប់ជំពាក់ដោយលោក ដូចឈូក ( មិនជាប់ ) ដោយទឹក ក៏យ៉ាងនោះដែរ ។ ពួកវារិជាតិជាច្រើន តែងរីកក្នុងខែជាទី ត្រេកអរ ( ខែកត្តិក ) មិនកន្លងខែនោះទៅបានឡើយ ព្រោះខែ នោះ ជាសម័យរីក យ៉ាងណាមិញ ។ បពិត្រព្រះសក្យបុត្ត ព្រះ អង្គ រីកហើយដោយវិមុត្តិ ពួកសាវ័កទាំងនោះ រមែងមិនប្រព្រឹត្ត កន្លងនូវសាសនាឡើយ ដូចផ្កាឈូករីកដោយទឹក ។ ស្តេច​សាល​​ព្រឹក្សមានផ្ការីកហើយ តែងផ្សាយនូវក្លិនដូចជាទិព្វ ស្តេចសាលព្រឹក្ស មានពួកសាល​ព្រឹក្សដទៃចោមរោម តែងល្អ ដោយនាមជាសាលព្រឹក្ស យ៉ាងណាមិញ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ព្រះអង្គរីកហើយ ដោយពុទ្ធញ្ញាណ មានភិក្ខុ សង្ឃចោមរោមហើយ រុងរឿងដូចជាស្តេចសាលព្រឹក្ស ក៏ យ៉ាងនោះដែរ ។ មួយទៀត ភ្នំហិមពាន្ត ជាឱសថរបស់សត្វ ទាំងអស់ផង ជាទីនៅនៃពួកនាគ អសុរនិងពួកទេវតាផង យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គដូច ជាឱសថ នៃពួកសត្វដែលបានត្រៃវិជ្ជា បាន​ឆឡភិញ្ញា ដល់ ហើយ នូវបារមីនៃឫទ្ធិផង ក៏យ៉ាងនោះដែរ ។ បពិត្រព្រះអង្គ មានព្យាយាមធំ សត្វ​ទាំងនោះដែលព្រះអង្គ មានព្រះហឫទ័យ ករុណា ទ្រង់ប្រដៅហើយ តែងរីករាយដោយតម្រេកធម៌ តែង នៅក្នុងសាសនានៃព្រះអង្គ ។ សីហៈជាមិគរាជ ចេញអំពីទី អាស្រ័យហើយ​ តែងក្រឡេកមើលទិសទាំង ៤ ទើបបន្លឺឡើង ៣ ដង ។ កាលមិគរាជបន្លឺឡើង ពួកម្រឹគទាំងអស់ តែងតក់ ស្លុតយ៉ាងខ្លាំង ព្រោះតែស្តេចម្រឹគនុ៎ះ ជាសត្វមានជាតិខ្ពស់ តែងធ្វើសត្វឲ្យតក់ស្លុតសព្វ ៗ កាល ( យ៉ាងណាមិញ ) ។ បពិត្រព្រះអង្គមាន ព្យាយាមធំ កាលព្រះអង្គមានបន្ទូល ផែនដី នេះកម្រើក ពួកសត្វ ដែលគួរត្រាស់ដឹង រមែងត្រាស់ដឹង ពួក មារតែងតក់ស្លុត ។ បពិត្រព្រះមហាមុនី កាលបើព្រះអង្គទ្រង់ បន្លឺឡើង ពួកតិរិ្ថយទាំងអស់តែងតក់ស្លុត ដូចពួកក្អែកនិងខ្លែង ដែលភ្ញាក់ផ្អើល ឬដូចជាពួកម្រឹគដែលភ្ញាក់ផ្អើល ដោយសារ សេ្តចម្រឹគ ។ ពួកមេគណៈណា ដែលគេហៅថា សាស្តាក្នុង លោក មេគណៈទាំងនោះ តែងសម្តែងប្រាប់បរិស័ទ នូវធម៌ ដែលនាំមកត ៗ គ្នា ។ បពិត្រព្រះអង្គ មានព្យាយាមធំ ឯព្រះ អង្គមិនសម្តែងធម៌ ដល់ពួកសត្វ ដូច្នោះទេ ព្រោះត្រាស់ដឹងនូវ សច្ចធម៌ទាំងឡាយ ដោយព្រះអង្គឯង ព្រមទាំងត្រាស់ដឹង នូវ ពោធិបក្ខិយធម៌ទាំងអស់ ដោយព្រះអង្គឯង ។ ព្រះអង្គទ្រង់ ជ្រាប នូវអាសយានុសយៈ នូវឥន្រ្ទិយទាំងឡាយ នូវពលៈនិង មិនមែនពលៈ ទ្រង់ជ្រាបច្បាស់នូវពួកសត្វ ដែលមានភ័ព្វនិង ឥតភ័ព្វ ហើយទ្រង់សម្តែងធម៌ ដូចមហាមេឃ ( គម្រាម ហើយ ) ។ បរិស័ទអង្គុយ ក្នុងទីបំផុតនៃចក្រវាឡ មានទិដ្ឋិ ផ្សេង ៗ គ្នា តែងត្រិះរិះនូវធម៌នោះ ដើម្បីនឹងផ្តាច់បង់សេចក្តី សង្ស័យ ។ ព្រះមុនីទ្រង់ឈ្លាសវៃ ក្នុងបទឧបមា បានជ្រាបនូវ ចិត្ត របស់សត្វទាំងអស់ ទ្រង់សម្តែងតែបញ្ហាមួយ ក៏បានកាត់ បង់ នូវសេចក្តីសង្ស័យ របស់ពួកសត្វបាន ។ ផែនដីដែលពេញ ដោយមនុស្ស ប្រកបដោយរាគាទិក្កិលេស មនុស្សទាំងអស់ នោះ នាំគ្នាប្រណមអញ្ជលី សរសើរគុណព្រះនាយក ។ ម្យ៉ាង ទៀត មនុស្សទាំងនោះកាលសរសើរគុណ គប្បីសរសើរ ដោយគុណផ្សេង ៗ អស់មួយកប្ប ក៏មិនគប្បីសម្រេចនូវការ រាប់បានឡើយ ( ព្រោះ ) ព្រះតថាគត មានគុណគេមិនគប្បីរាប់ បាន ។ ព្រះជិនស្រីដ៏ប្រសើរ ដែលមនុស្សនិងទេវតាសរសើរ ហើយ ដោយកម្លាំងរបស់ខ្លួន យ៉ាងនោះ មនុស្សទាំងឡាយ កាលសរសើរ គប្បីសរសើរ យ៉ាងនេះឯង អស់កោដិនៃកប្ប ។ ប្រសិនបើបុគ្គលណាមួយ ទោះជាទេវតា ឬមនុស្សដែលសិក្សាល្អហើយ គប្បីកំណត់ដើម្បីនឹងរាប់ (នូវធារទឹកក្នុងសមុទ្រ) បុគ្គលនោះ នឹង បានតែសេចក្តីលំបាក ។ បពិត្រព្រះសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គឋិតនៅហើយ ក្នុងសាសនារបស់ព្រះ អង្គ ដល់នូវបញ្ញាបារមី ជាបុគ្គលមិនមានអាសវៈ ។ ថ្ងៃនេះ ខ្ញុំ ព្រះអង្គជាធម្ម សេនាបតី ក្នុងសាសនារបស់ព្រះសក្យបុត្ត បាន ញាំញីពួកតិរ្ថិយ ញុំាងសាសនានៃព្រះជិនស្រីឲ្យប្រព្រឹត្តទៅ ។ អំពើដែលខ្ញុំធ្វើហើយ អស់កប្បប្រមាណមិនបាន ឲ្យផលដល់ ខ្ញុំក្នុងជាតិនេះ ខ្ញុំព្រះអង្គបានផុតស្រឡះហើយចាកកិលេស ដូចកម្លាំងសរ ( ដែលផុតចាកធ្នូ ) ទាំងបានដុតបំផ្លាញ នូវកិលេសអស់ហើយ ។ មនុស្សណាមួយ បាននាំទៅនូវភារៈលើ ក្បាល សព្វ ៗ កាល ( មនុស្សនោះ ) ក៏ដល់នូវសេចក្តីទុក្ខ ដោយភារៈ ព្រោះភារៈជារបស់ធ្ងន់ ។ ឯខ្ញុំព្រះអង្គ ត្រូវភ្លើង កិលេសទាំង ៣ គឺលោភៈ ទោសៈ មោហៈ ដុតរោលហើយ បាន អន្ទោល​ទៅក្នុងភពទាំងឡាយ សឹងតែធ្ងន់ហើយ ដោយទម្ងន់ គឺភព ដូចជាគេដកយក ភ្នំសិនេរុ ( មកទូលលើក្បាល ) ។ ភារៈ នោះ ខ្ញុំព្រះអង្គ បានទំលាក់ចោលហើយ ភពទាំងឡាយ ខ្ញុំព្រះ អង្គ ក៏បានទម្លាយចោលហើយ កិច្ចទាំងពួងដែលគួរធ្វើក្នុង សាសនា របស់ព្រះសក្យបុត្ត ខ្ញុំព្រះអង្គបានធ្វើរួចហើយ ។ ពុទ្ធក្ខេត្តមានកំណត់ត្រឹមណា វៀរលែងតែព្រះអង្គ ជាបុគ្គលប្រសើរក្នុងសក្យត្រកូលចេញ ខ្ញុំព្រះអង្គជាបុគ្គលប្រសើរ ដោយ ប្រាជ្ញា នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គពុំបាន ។ ខ្ញុំព្រះ អង្គឈ្លាសវៃ ចំណាប់ក្នុងសាមាធិ ដល់នូវបារមីញាណ ដោយឫទ្ធិ ថ្ងៃនេះ ( បើ ) ខ្ញុំព្រះអង្គប្រាថ្នា ( នឹងធ្វើឫទ្ធិ ) ក៏គប្បី និម្មិតប្រមាណ ១ ពាន់ឫទ្ធិបាន ។ ព្រះមហាមុនីទ្រង់ស្ទាត់ស្ទាញ ខាងអនុបុព្វវិហារធម៌ បានសម្តែងនូវសាសនធម៌ ដល់ខ្ញុំព្រះ អង្គ ឯព្រះនិញ្វន ជាគ្រឿងរំលត់ទុក្ខ ជាដំណេករបស់ខ្ញុំព្រះអង្គ ។ ទិព្វចក្ខុ របស់ខ្ញុំព្រះអង្គស្អាតហើយ ខ្ញុំព្រះអង្គជាបុគ្គល ឈ្លាសវៃ ក្នុងសមាធិបានប្រកបក្នុងសម្មប្បធាន ត្រេកអរក្នុង ការចម្រើន នូវពោជ្ឈង្គ ។ កិច្ចណាដែលសាវ័កគួរដល់ កិច្ច ទាំងអស់នោះ ខ្ញុំព្រះអង្គធ្វើស្រេចហើយ វៀរលែងតែព្រះលោកនាថចេញ នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គ ពុំបាន ឡើយ ។ ខ្ញុំព្រះអង្គ ជាបុគ្គលឈ្លាសវៃ ក្នុងសមាបត្តិ ជាអ្នក បាននូវឈាន និងវិមោក្ខ យ៉ាងរហ័ស ត្រេកអរក្នុងការចម្រើន នូវពោជ្ឈង្គ ដល់ហើយនូវបារមីញាណ នៃសាវកគុណ ។ ចិត្ត (របស់ខ្ញុំព្រះអង្គ) ដែលសង្គ្រោះដោយសទ្ធា ក្នុងពួកសព្រហ្មចារី សព្វ ៗ កាល ព្រោះសេចក្តីគោរព ចំពោះបុរសប្រសើរ ដោយប្រាជ្ញា ដោយការបាននូវសាវកគុណ ។ ខ្ញុំព្រះអង្គមាន សេចក្តី​ឆោត​ គឺមានៈដាក់ចុះហើយ ដូចពស់មានចង្កូមគេដក ហើយ ពុំនោះសោត ដូចគោមានស្នែងបាក់ ខ្ញុំព្រះអង្គ ចូល មកកាន់ទីប្រជុំសង្ឃ ដោយសេចក្តីគោរពក្រៃពេក ។ ឯបញ្ញា របស់ខ្ញុំព្រះអង្គ ប្រសិនបើមានរូប គប្បីស្មើនឹងសេ្តចផែនដីក៏បាន នេះជាផលនៃ ការសរសើរនូវញាណ របស់ព្រះមានព្រះភាគ ទ្រង់ព្រះនាមអនោមទស្សី ។ ធម្មចក្រដែលព្រះសក្យបុត្ត ជា តាទិបុគ្គល ទ្រង់ឲ្យប្រព្រឹត្តទៅហើយ ខ្ញុំព្រះអង្គឲ្យប្រព្រឹត្តទៅ តាម ដោយប្រពៃ នេះជាផលនៃការសរសើរនូវញាណ ។ (មួយទៀត) បុគ្គល អ្នកមានសេចក្តីប្រាថ្នាលាមក ជាបុគ្គល ខ្ជិល មានព្យាយាមថោកថយ មិនចេះដឹង ប្រព្រឹត្តអានាចារ កុំ ឲ្យមកជួបប្រទះនឹងខ្ញុំព្រះអង្គ ក្នុងទីណាមួយបានឡើយ ។ បុគ្គលជាអ្នកចេះដឹងច្រើន អ្នកមានប្រាជ្ញា អ្នកមានចិត្តតម្កល់ មាំក្នុងសីល និងអ្នកប្រកបរឿយ ៗ នូវចេតោសមថៈ សូមចូលមកតម្កល់នៅលើ​ក្បាល ( របស់ខ្ញុំ ) ។ ព្រោះហេតុនោះ ខ្ញុំសូមពោលនឹង លោកទាំងឡាយ សូមអំពើដ៏ចម្រើន ( មាន ) ដល់លោកទាំងឡាយ ទាំងអស់ ដែលបានមកជួបជុំ ក្នុងទីនេះ សូមលោកទាំងឡាយមានប្រាថ្នាតិច សន្តោស នាំគ្នាឲ្យទាន សព្វ ៗ កាលចុះ ។ ខ្ញុំបានជួបនូវអាចារ្យអង្គណា ជាដំបូង ហើយបានប្រាសចាកធូលី ប្រាសចាកមន្ទិល អាចារ្យខ្ញុំនោះ ជាអ្នកប្រាជ្ញ ជាសាវ័ក ឈ្មោះអស្សជិ ។ ខ្ញុំជាអ្នកស្តាប់ពាក្យ នៃព្រះអស្សជិអង្គនោះ បានជាធម្មសេនាបតី បានដល់នូវបារមី ក្នុងទីទាំង​ពួង​ហើយ ជាអ្នកមិនមានអាសវៈ ។ ព្រះសាវ័ក ឈ្មោះអស្សជិ ជាអាចារ្យ របស់ខ្ញុំ គង់ក្នុងទិសណា ខ្ញុំធ្វើទី ក្បាលដំណេក ទៅក្នុងទិសនោះ ។ ព្រះគោតម ជាបុគ្គលប្រសើរក្នុងសក្យត្រកូល ទ្រង់រឭកឃើញនូវអំពើរបស់ខ្ញុំ ទ្រង់គង់ ក្នុងកណ្តាលជំនុំសង្ឃ ហើយតម្កល់ទុកនូវខ្ញុំក្នុងទីដ៏ប្រសើរ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនា របស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះសារីបុត្តត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។ ចប់ សារីបុត្តត្ថេររាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3185/435efedfseee.jpg
Public date : 04, Apr 2022 (1,334 Read)
[២៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកខុសមួយ សេចក្តីដែលអាចារ្យនាំមកខុស ១។ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកខុសហើយ រូបសេចកី្ត ដែលអាចារ្យនាំមក ក៏ខុសដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវ ១ សេចក្ដីដែលអាចារ្យនាំមកត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវហើយ សូម្បីរូបសេចកី្ត ដែលអាចារ្យនាំមក ក៏ត្រូវដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្មឡើយ។ ចប់ អធិករណវគ្គ ទី២។ ធម៌ ២ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្ម - បិដកភាគ_ ៤០ ទំព័រ ១៣០ ឃ្នាប ២៦៦ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយសម្រាប់ឆ្នាំថ្មីនេះ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿