Reading Article
Public date : 19, Jun 2021 (8,669 Read)
សម្ដេចព្រះសុគន្ធាធិបតី គណៈធម្មយុត្តិកនិកាយ បញ្ញាសីលោ ប៉ាន

|
ប្រវត្តិរូបសង្ខេប
នៃ សម្ដេចព្រះសុគន្ធាធិបតី បញ្ញាសីលោ ប៉ាន គណៈធម្មយុត្តិកនិកាយ ព.ស ២៤០១ ~ ២៤៣៦ គ.ស ១៨៥៧ ~ ១៨៩៣ សម្ដេចព្រះសុគន្ធាធិបតី ប៉ាន សម្ដេចសម្ភព នៅថ្ងៃព្រហស្បតិ៍ ១រោច ខែកត្ដិក ឆ្នាំ ចរ អដ្ឋស័ក ព.ស ២៣៧០ គ.ស ១៨២៦ ច.ស ១១៨៨ នៅភូមិព្រែក ព្រះស្ដេច ខេត្តបាត់ដំបង។ ឯស្រុកទាំងអស់នេះមិនបានបញ្ជាក់ពីឈ្មោះនៃមាតាបិតាសម្ដេចទេ។ ព្រះមាតាបិតាសម្តេច បានរត់ទៅនៅខេត្តបាត់ដំបង ពីព្រោះមានការកើតចលាចលនៃ ឧកញ៉ាតេជោ ទែន តែនៅក្នុងប្រវត្តិសាស្រ្ដខ្មែរ របស់លោក រស់ចន្ត្រាបុត្រ កាលសម័យព្រឹត្តិការណ៍ បងប្អូន មូ នាំគ្នាបង្កើតចលាចល(គ.ស១៧៧៩-១៧៨៨)។
កាលសម្ដេចព្រះជន្ម ១២វស្សា (ឆ្នាំរកា នពស័ក ព.ស២៣១៨ គ.ស ១៨៣៧ ម.ស ១៧៥៩ ច.ស ១១៩៩) បានបុព្វជ្ជាជា សាមណេរ នៅវត្តពោធិ៍ ឃុំសង្កែ ខេត្តបាត់ដំបង គណៈមហានិកាយ។ ព្រះអង្គបាននិមន្តចូលនៅក្រុងថេព ប្រទេស ថៃ គង់នៅវត្តសាកេតគណៈមហានិកាយ។ លុះដល់ព្រះជន្មាយុ ២១វស្សា បានឧបសម្បទាជាភិក្ខុ គណៈមហានិកាយ គង់នៅវត្តសាកេត បាន៤វស្សា។ នៅពេលនោះ ក្រុមម៉ឺន ភូវ ឌិន ជាជីដូន បាននាំសម្ដេច ទៅថ្វាយសម្ដេចព្រះ ចមក្លាវ។ សម្ដេចព្រះ ចមក្លាវ ឲ្យសិក្សាសិក្ខាវិន័យ ក្នុងតំណាក់ចៅឃុនព្រះញាណរក្ខិត សុត ចៅអធិការវត្តបរមនិវាសន៍ គណៈធម្មយុត្ត។ លុះកន្លងមក នៅថ្ងៃ១រោច ខែអាសាធ ឆ្នាំរកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ សម្ដេចមានព្រះជន្ម ២៤វស្សា បានចូលឧបសម្បទាជាភិក្ខុ ក្នុងគណៈធម្មយុត្ត។ សម្ដេចព្រះ ចមក្លាវ ជាព្រះឧបជ្ឈាយ៍ ចៅឃុនញាណរក្ខិត លុតជាកម្មវាចាចារ្យ អមរាភិរក្ខិត កើតជាអនុស្សាវនាចារ្យ បាននាមឆាយាថា បញ្ញាសីលោ។ នៅក្នុងឆ្នាំ ១៨៥៦ បានសម្ដេចព្រះហិរិរក្សារាមាឥស្សរាធិបតីព្រះ អង្គឌួង បានធ្វើព្រះរាជសុភអក្សរ ថ្វាយព្រះចៅក្រុងសៀម សូមព្រះអង្គត្រង់ព្រះរាជានុញ្ញាតឲ្យព្រះមហា ប៉ាន បានវិលត្រលប់មកប្រទេសកម្ពុជាវិញ។ ពេលនោះ សម្ដេចព្រះ ចមក្លាវ ទ្រង់ព្រះរាជានុញ្ញាត ព្រមទាំងទ្រង់អារាធនា ចៅឃុនព្រះអមរាភិរក្ខិត កើត នឹងព្រះសង្ឃ៨អង្គ ឧបាសក ៤នាក់ ឲ្យជូនព្រះមហា ប៉ាន មកគង់នៅប្រទេសកម្ពុជា ក្នុងឆ្នាំខាល ឆស័ក ព.ស ២៣៩៨ គ.ស ១៨៥៤ ម.ស ១៧៧៦ ច.ស ១២១៦។ ព្រះបាទសម្ដេចព្រះ អង្គឌួង ទ្រង់និមន្តព្រះមហា ប៉ាន ឲ្យគង់នៅវត្ត សាលាគូ (វត្តអំពិលបី) ក្រុងឧត្ដង្គមានជ័យ។ ព្រះមហា ប៉ាន បានឡើងសមណស័ក្ដិៈ ១- ព្រះអរិយវង្ស ២- ព្រះវិមលធម្ម ៣- ព្រះមហាវិមលធម្ម ៤- សម្ដេចព្រះសុគន្ធាធិបតី ព្រះសង្ឃនាយក (មានព្រះរាជបញ្ញត្តិឲ្យទូលឆ្លើយ ដោយពាក្យព្រះរាជស័ព្ទទាំងអស់)។ បញ្ជាក់ៈ ព្រះមហា ប៉ាន បានឡើងជាសម្ដេចព្រះសុគន្ធាធិបតី ព្រះសង្ឃនាយក ពីឆ្នាំម្សាញ់ នព្វស័ក ព.ស២៤០១ គ.ស១៨៥៧ ម.ស១៧៧៩។ សម្ដេចព្រះសុគន្ធាធិបតី សង្ឃនាយក ប៉ាន ព្រះអង្គទ្រង់សោយទីវង្គត នៅថ្ងៃ សៅរ៍ ៤រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៤៣៧ ម.ស ១៨១៥ ក្នុងព្រះជន្ម គំរប់ ៦៧វស្សា។ កំណត់សំគាល់ នៅក្នុងសៀវភៅតែមួយមានឈ្មោះមិនឯកភាពសោះ។ ដោយ៥០០០ឆ្នាំ |