Reading Article
Public date : 29, Jul 2019 (14,827 Read)
មកដល់កូនប្រុសសម្លាញ់មាសឪពុក

|
មកដល់កូនប្រុសសម្លាញ់មាសឪពុក
ឪពុកប្រាថ្នាឲ្យកូនប្រុសជាប្រុសពិតៗ ជាមនុស្សចេះលះបង់ មានសេចក្ដីអត់ធន់ រឹងប៉ឹងស្វាហាប់ មានអធ្យាស្រ័យតស៊ូ ព្យាយាមហើយឆ្លាត មិនលះបង់ចោលនូវមុខនាទី ជាមួយគ្នាផងដែរ ឪពុកសូមឲ្យកូនជាមនុស្សសុខភាពរាបសា មានចរិយាទន់ភ្លន់។ មនុស្សដែលសុភាពរាបសា មានចរិយាទន់ភ្លន់ មិនមែនបានសេចក្ដីថា ជាមនុស្សទន់ខ្សោយនោះទេ។ ក្នុងទំនងដូចគ្នា មនុស្សដែលរឹងប៉ឹងស្វាហាប់ មិនមែនបានសេចក្ដីថា ជាមនុស្សកាចសាហាវ ប្រាសចាកនូវគុណ សម្បត្តិរបស់មនុស្សនោះឡើយ។ កូនត្រូវនាំយកនូវគុណសម្បត្តិទាំងពីរប្រការនេះ មករួបរួមបញ្ចូលគ្នាហើយឲ្យតាំងនៅក្នុងខ្លួនកូនឲ្យបានកុំខាន គឺរឹងប៉ឹង ស្វាហាប់មានអំណត់អត់ធន់ និង សុភាពរាបសាចរិយាទន់ភ្លន់ ចេះក្រែងចិត្តអ្នកដទៃ ដោយចំពោះទៅលើសុភាពស្ត្រី។ កូនប្រុសមាសឪពុក កូនត្រូវចេះក្រែងចិត្តសុភាពស្ត្រីឲ្យច្រើន ត្រូវបដិបត្តិឲ្យបានល្អ មានសភាពទន់ភ្លន់ និង សុភាពរាបសាជាទីបំផុត ព្រោះស្ត្រីភេទជាភេទដែលល្អល្អះល្អិតល្អន់ទន់ភ្លន់ដោយធម្មជាតិ ជាភេទដែលត្រូវការភាពស្រទន់ ការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ដោយល្អ តែទាំងនេះសូមកុំយល់ខុសថា ស្ត្រីជាភេទដែលទន់ខ្សោយឲ្យសោះ ព្រោះទៅតាមសេចក្ដីពិតហើយនោះស្ត្រីមានសេចក្ដីអត់ធន់ មានការលះបង់ដ៏យ៉ាងខ្ពង់ខ្ពស់នេះគឺឪសំដៅយកស្ត្រីដែលល្អ ជាស្ត្រីដែលបានអប់រំបន្ទុំឧបនិស្ស័យក្នុងគុណធម៌ទាំងឡាយ។ ការមានគភ៌ត្រូវពពោះ៩ខែប្លាយក្ដី ការឆ្លងទន្លេសម្រាលកូនក្ដី សឹងមានការលំបាកលំបិនដ៏យ៉ាងខ្លាំងក្លាជាការសម្ដែង ដល់សេចក្ដីអត់ធន់ដ៏យ៉ាងខ្ពង់ខ្ពស់របស់ស្ត្រីប៉ុន្តែ ក៏មានសេចក្ដីសោមនស្សរីករាយ កប់សៀតជាមួយសេចក្ដីលំបាកផងដែរ ព្រោះដឹងខ្លួនថា បានធ្វើម៉ែ។ តើមានអ្នកណាខ្លះទៅនៅក្នុងលោកនេះដែលមានសេចក្ដីអត់ធន់ និងលះបង់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យដូចជាម៉ែ។ សេចក្ដីដែលឪពុកនិយាយនេះ យ៉ាងហោចណាស់ក៏គង់មានស្ត្រីម្នាក់ជាព័ស្ដុតាង ដែលល្មមនឹងឲ្យឪយកជាសំអាងបាន គឺម៉ែរបស់កូនហ្នឹងឯង។ ឪពុកនិយាយរឿងនេះ ដើម្បីឲ្យកូនជាក់ច្បាស់នៅក្នុងចិត្ត ចំពោះភារកិច្ចដ៏សំខាន់របស់ស្ត្រីភេទ ដើម្បីកូនប្រុសបានបដិបត្តិ ទៅរកដោយសុភាពរាបសានិងទន់ភ្លន់។ កូនមិនត្រូវធ្វើអ្វីតាមតែចិត្តខ្លួនឯងនឹកចង់នោះទេ មិនត្រូវឃើញតែពីបានមកខ្លួនដោយមិនចេះទទួលខុសត្រូវ និងមិនត្រូវសម្លុត គំរាម កំហែងទឹកចិត្តរបស់នៅពេលដែលមានទំនាក់ទំនងនឹងគ្នានោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ កូនគង់តែនៅមានការទាក់ទងគ្នាជាមួយនឹងស្ត្រីជារៀងរហូតតទៅក្នុងជីវិត បើមិនផ្នែកណាមួយទេ ក៏ផ្នែកណាមួយទៀតដែរ ហើយជាធម្មតាតទៅខាងមុខ កូនក៏ត្រូវរៀបការមានប្រពន្ធ គឺជាការរស់រួមសុខទុក្ខជាមួយស្ត្រីណាម្នាក់ ដែលកូនសម្រេចចិត្តជ្រើសរើសយកជាគូប្រចាំជីវិត។ ការយកប្រពន្ធជាការសម្រេចចិត្តដ៏ធំមួយក្នុងជីវិតព្រោះហេតុដូច្នេះ កូនប្រុសកុំប្រញាប់ប្រញាល់យកដោយឥតគិតគូរនោះ ត្រូវមើលឲ្យល្អ គិតឲ្យសព្វគ្រប់សិន។ នៅមានការសម្រេចចិត្តដ៏សំខាន់មួយទៀត គឺការសម្រេចចិត្តជ្រើសរើសការងារចិញ្ចឹមជីវិត កូនត្រូវជ្រើសរើសឲ្យសមនឹងឧបនិស្ស័យ ព្រមទាំងជំនាញរបស់ខ្លួនផងដើម្បីជាហេតុឲ្យកូនចេះស្រលាញ់ក្នុងការងារនោះឯង។ កូនមាសឪពុក កូនត្រូវជាមនុស្សនឹងធឹង កុំឡេះឡោះចំពោះការងារ កូនត្រូវចាំទុកថា ការងារល្អដែលកូនបានធ្វើ គឺជាគុណតម្លៃនៃជីវិតរបស់កូន។ ជាបន្តទៅឪសូមឲ្យកូនទាំងប្រុសទាំងស្រីសិក្សាអំពីម៉ែនិងស្ដាប់ឱវាទរបស់ម៉ែ ដោយការយកចិត្តទុកដាក់ជាទីបំផុត។ ដកស្រង់ចេញពីសៀវភៅ ម៉ែ ដោយ៥០០០ឆ្នាំ |