Reading Article
Public date : 21, Jul 2021 (64,484 Read)
ព្រះពុទ្ធសាសនា ពិស្ដារ

|
ព្រះពុទ្ធសាសនា
ពាក្យថា ព្រះពុទ្ធសាសនា ចែកជាពីរបទគឺ៖ ពុទ្ធ និង សាសនា។ ពុទ្ធៈ ជាឈ្មោះបន្ទាប់ពីបានត្រាស់ដឹងរបស់មហាក្សត្រអស្ចារ្យ មួយព្រះអង្គ ស្ដេចសម្ភពក្នុងសក្យត្រកូលក្នុងមជ្ឈិមប្រទេស គឺប្រទេសឥណ្ឌា មានទីតាំងនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជាយើងនេះ បើនឹងរាប់ចំនួន ពីឥឡូវនេះទៅនឹងថ្ងៃដែលក្សត្រអង្គនេះប្រសូតចំនួន ២៨៣៥ឆ្នាំហើយ គឺ៨០ឆ្នាំមុនពុទ្ធសករាជ។ ព្រះអង្គម្ចាស់នេះ មានព្រះនាមថា សិទ្ធត្ថ បានសោយរាជ្យតាំងពីព្រះជន្ម ១៦ឆ្នាំរហូតដល់២៩ឆ្នាំ បានពិចារណាឃើញសេចក្ដីទុក្ខព្រួយដែល កើតអំពីជាតិ គឺខន្ធ៥ អំពីជរា គឺចាស់គ្រាំគ្រា អំពីព្យាធិ គឺសេចក្ដីឈឺចាប់ អំពីមរណៈគឺសេចក្ដីស្លាប់ដោយប្រាជ្ញាក៏ក្លាហាន ហើយមិនអាចទ្រាំនៅក្នុង ព្រះរាជនិវេសនដ្ឋានបានឡើយ ទ្រង់ឃើញបព្វជ្ជា ជាឱកាសដ៏ឃ្លាតចាកកាមគុណារម្មណ៍ដែលដឹកនាំចិត្តឲ្យវង្វេងមួម៉ៅ ជាឱកាសស្រួលនឹងស្វែងរក ឧបាយដើម្បីបំពេញប្រយោជន៍របស់ខ្លួននិងអ្នកដទៃ កាលបើទ្រង់ព្រះចិន្ដាដូច្នេះហើយ សន្ដានព្រះទ័យរបស់ព្រះអង្គ ក៏ទន់ទោរទៅរកការសាងផ្នួសឥតអាឡោះអាល័យ ការគ្រប់គ្រងរាជសម្បត្តិសោះឡើយទើបទ្រង់គេចជៀស ភាសព្រះអង្គចេញសាងអភិនេស្ក្រមណ៍ ក្បែរឆ្នេរស្ទឹងអនោមា ទ្រង់អធិដ្ឋានភេទបព្វជ្ជាហើយ ទៅសិក្សាលទ្ធផលនៃអាឡារតាបស និងឧទកតាបស ដែលមានឈ្មោះល្បីល្បាញ ព្រះអង្គរៀនចប់លទ្ធិអំពីតាបសទាំងពីរនាក់ ប៉ុន្តែមិនមែនជាផ្លូវត្រាស់ដឹងពិតទើបព្រះអង្គចេញចាកសំណាក់អាចារ្យទាំងពីរលីលា ទៅកាន់ឧរុវេលាសេនានិគម ខំអប់រំបំពេញទុក្ករកិរិយា ដែលកម្រនរណាធ្វើបានទូន្មានរាងកាយស្វែងរកមោក្ខធម៌ ដើម្បីរំលត់សេចក្ដីទុក្ខព្រួយទាំងនោះអស់ ៦ឆ្នាំ ដ៏រាបបានសម្រេចនូវអនុត្តរសម្មាសម្ពោធិញ្ញាណ មានប្រាជ្ញាដ៏ថ្លៃថ្លាវិសេស ជាទីគាប់ព្រះទ័យក្នុងរាត្រី នៃវិសាខបុណ្ណមី លើអបរាជិកបល្ល័ង្ក ជាជ័យមង្គលក្រោមម្លប់ដើមពោធិព្រឹក្ស ក្នុងរយៈវេលា ៤៥ឆ្នាំ មុនពុទ្ធសករាជ។ មនុស្សអស្ចារ្យនេះហើយ ដែលទ្រង់ព្រះនាមថា « ពុទ្ធ » ប្រែថា ព្រះអង្គចេះដឹង ព្រះអង្គត្រាស់ដឹង ព្រះអង្គជ្រាបច្បាស់នូវសេចក្ដីពិតមែនជាដើម។ ព្រះពុទ្ធជាម្ចាស់ កាលបើបានត្រាស់ដឹងហើយ ឯកកោវ លោកេ អនុត្តរំ សម្មាសម្ពោធឹ អភិសម្ពុទ្ធោ មានតែព្រះអង្គមួយប៉ុណ្ណោះ ដែលបានត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក មានព្រះទ័យពោរពេញដោយព្រះទ័យករុណាចំពោះសត្វលោក ដែលលិចលង់ក្នុងសង្សារវដ្ដ ប្រាថ្នាឲ្យសត្វលោកផុតចាកភាពល្ងង់ខ្លៅ នឹងរកឧបាយគេចវេះជៀសវាងឲ្យរួចពីគ្រឿងទុក្ខ។ ទើបព្រះអង្គខំសម្ដែងព្រះធម៌ ទូន្មានប្រៀបប្រដៅសត្វនិករ ព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចសន្ដោសប្រោសប្រាណយឹងយោងសត្វលោកឥតរើសមុខ តាំងពីត្រាស់រហូតដល់បរិនិព្វានបានចំនួន ៤៥ឆ្នាំគត់។
ព្រះធម៌ជាពាក្យទូន្មានទាំងអស់របស់ព្រះអង្គ ក្នុងអំឡុង ៤៥ ឆ្នាំនោះឯងហើយ ដែលហៅថា ពុទ្ធសាសនា។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ៥០០០ឆ្នាំ |