Reading Article
Public date : 05, Dec 2020 (21,960 Read)
មរណៈមិនល្អ កាលកិរិយាក៏មិនល្អ តើដោយប្រការដូចម្តេច?

|
ព្រះសារីបុត្តដ៏មានអាយុ ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលស្គាល់ថេរវាចា ព្រះសារីបុត្តដ៏មានអាយុថា ករុណាអាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុបានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចនូវការនៅយ៉ាងណាៗ មរណៈមិនល្អ(១) កាលកិរិយាក៏មិនល្អ(២) ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈមិនល្អ កាលកិរិយាក៏មិនល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនេះៗ តើដោយប្រការដូចម្តេច ។
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីរីករាយក្នុងការងារ(៣) ត្រេកអរ ក្នុងការងារ ប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការងារ ជាអ្នកមានសេចក្តីរីករាយ ក្នុងការចរចារ ត្រេកអរ ក្នុងការចរចារ ប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការចរចា រមែងជាអ្នកមានសេចក្តីរីករាយ នឹងការដេកលក់ ត្រេកអរ ក្នុងការដេកលក់ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹង ការដេកលក់ ជាអ្នកមានសេចក្តីរីករាយ ក្នុងពួកគណៈ ត្រេកអរ ក្នុងពួកគណៈ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងពួកគណៈ ជាអ្នកមានសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ត្រេកអរ ក្នុងការច្រឡូកច្រឡំ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងការច្រឡូកច្រឡំ ជាអ្នកមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌គឺតណ្ហា ទិដ្ឋិ មានះ ត្រេកអរ ក្នុងបបញ្ចធម៌ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងបបញ្ចធម៌ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈមិនល្អ កាលកិរិយា ក៏មិនល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ យ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះសក្កាយគឺវដ្តៈ ក្នុងត្រៃភូមិ មិនលះបង់សក្កាយ ដើម្បីធ្វើនូវទីបំផុត នៃទុក្ខ ដោយប្រពៃឡើយ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនេះៗ ។ ម្នាលអាវុសោ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ តើដោយប្រការដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការងារ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការងារ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការចរចា មិនត្រេកអរ ក្នុងការចរចា មិនប្រកបរឿយៗ ក្នុងការចរចា ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការដេកលក់ មិនត្រេកអរក្នុងការដេកលក់ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការដេកលក់ ជាអ្នកមិនរីករាយ ក្នុងពួកគណៈ មិនត្រេកអរ ក្នុងពួកគណៈ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងពួកគណៈ ជាអ្នកមិនរីករាយ ក្នុងការច្រឡូកច្រឡំ មិនត្រេកអរ ក្នុងការច្រឡូកច្រឡំ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ មិនត្រេកអរក្នុងបបញ្ចធម៌ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងបបញ្ចធម៌ ។ ម្នាលអាវុសោ ទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ យ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរចំពោះព្រះនិព្វាន លះបង់ហើយនូវសក្កាយ ដើម្បីធ្វើនូវទីបំផុត នៃទុក្ខដោយប្រពៃ ។ បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុង បបញ្ចធម៌ដូចជាម្រឹគ បុគ្គលនោះ ឈ្មោះថា វៀរនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដ៏ប្រសើរ ។ លុះតែបុគ្គលណាលះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែលមិនមានបបញ្ចធម៌ បុគ្គលនោះ ឈ្មោះថា ញ៉ាំងព្រះនិព្វានជាទីក្សេមចាកយោគៈ ដ៏ប្រសើរឲ្យសម្រេចបាន ។ _______________________________ (១) បុគ្គលដែលស្លាប់ទាំងសេចក្តីតក់ស្លុតភិតភ័យ ឈ្មោះថាមរណៈមិនល្អ ។ (២) បុគ្គលដែលស្លាប់ហើយ ទៅកើតក្នុងអបាយ ឈ្មោះថាកាលកិរិយាមិនល្អ ។ អដ្ឋកថា ។ (៣) ការងារមានធ្វើវិហារជាដើម ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៤៦ ទំព័រ ២៩-៣២ ដោយ៥០០០ឆ្នាំ |