Reading Article
Public date : 29, Jul 2021 (7,592 Read)
ពេលកូនចាប់បដិសន្ធិ

|
ពេលកូនចាប់បដិសន្ធិ
ជាធម្មតា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិ រហូតថ្ងៃចេញចាកផ្ទៃ កូនត្រូវស្ថិតនៅក្នុងផ្ទៃមាតាចំនួន ៩ខែ ១០ថ្ងៃ។ មានកូនខ្លះក៏នៅរហូតដល់ ១០ ខែ ឯខ្លះតែ ៧ ខែ ក៏ត្រូវប្រសូតមកក៏មាន។ រយះពេលនៃការលូតលាស់នៅក្នុងផ្ទៃនេះ ជារយះដែលមាតាបិតា ត្រូវស្រលាញ់ថ្នាក់ថ្នម និងការពារចំពោះអាយុជីវិតរបស់កូនហើយ។ នៅក្នុងផ្ទៃ កូនរមែងទទួលអារម្មណ៍ដូចគ្នានឹងម្ដាយដែរ ដូច្នេះហើយបានជាពេលមានទម្ងន់ នាងជាមាតាមិនគប្បីខឹងច្រើន មួម៉ៅច្រើន ឬកើតទុក្ខទោម្នេញទេ ព្រោះនឹងអាចធ្វើឲ្យកូននោះមានមុខមាត់មិនស្អាតបាត ឬមុខក្រញូវដូចម្ដាយពេលខឹងដែរ។ អ្នកដែលជាឪពុកក៏ត្រូវថ្នមភរិយាខ្លួនដែរ ធ្វើយ៉ាងណាឲ្យនាងសប្បាយចិត្ត។ ក្នុងរយះពេលមានទម្ងន់នេះ នាងជាមាតាតែងចង់ឃ្លានជានិច្ច។ ការបរិភោគក៏មិនត្រូវតាមចិត្តចង់ដែរ ត្រូវគិតថា ចំណីនេះនឹងប៉ះពាល់ដល់កូនខ្លួន ដូចជារបស់មានជាតិស្រា ជាតិក្ដៅ ហឺរ កូនយើងក៏ត្រូវទទួលជាតិអាល់កុលហឺរដែរ លុះដល់កើតមក ភាគច្រើន ក៏ច្រើនតែផឹកស្រាដូចម្ដាយដែរ។ គេបានណែនាំឲ្យនាងជាមាតាសម្លឹងរូបណាដែលស្អាតៗ ឬយករូបកូនក្មេងស្អាតៗ មកបិទដើម្បីឲ្យកាត់ទៅរកកូន។ បើម្ដាយជាអ្នកមានសីលទាន ឧស្សាហ៍ធ្វើបុណ្យ ធ្វើទាន មានចិត្តរីករាយ កូនក៏នឹងអាចកាត់ទៅរកម្ដាយបានដែរ។ គ្រប់ឥរិយាបទទាំងបួន ត្រូវប្រុងប្រយ័ត្ន ក្រែងលោឈឺចាប់ដល់កូន។ ឪពុកមិនត្រូវវាយតប់ប្រពន្ធឡើយ ព្រោះបើវាមិនរលូតទេ ក៏នឹងអាចកើតមកពិការ ឬសតិបញ្ញាមិនល្អ។ ការប្រើថ្នាំកែរោគ ដោយមិនស្គាល់គុណភាពថ្នាំច្បាស់លាស់ ឬមិនតាមបញ្ជាពេទ្យក៏នឹងអាចឲ្យកូនពិការដែរ។ គួរឧស្សាហ៍ទៅឲ្យពេទ្យពិនិត្យពោះឲ្យបានញឹកញាប់។ គួរលើកលែងការរួមដំណេកខ្លះ និងគួរពិគ្រោះនឹងពេទ្យ ពីរឿងកម្រិតនៃការរួមដំណេកជាមួយស្វាមី។ អ្នកជាឪពុកត្រូវប្រយ័ត្នក្នុងការដើរលេងជាមួយស្រីពេស្យា ព្រោះនឹងអាចឆ្លងមេរោគកាមរោគពីស្រីទាំងនោះ លុះមកវិញរួមដំណេកជាមួយភរិយា ក៏ឆ្លងទៅដល់ភរិយានិងកូនផងដែរ។ កូនដែលឆ្លងពីឪពុក ម្ដាយដូច្នេះ កើតមកច្រើនមានពិការភាព ឬខួរក្បាលមិនល្អ។ ចាស់ៗខ្មែរយើងតែងឲ្យនាងជាម្ដាយផឹកថ្នាំឆ្លងទន្លេ បួន ឬប្រាំខែ មុនឆ្លងទន្លេ ព្រោះបើកូនស្រួល ការឈឺចាប់របស់ម្ដាយក៏មិនមានដែរ។ ការដែលកូនលំបាកនេះ នឹងប៉ះពាល់ដល់សុខភាព និងខួរក្បាល អារម្មណ៍របស់កូនពិតប្រាកដ។ ពេលប្រសូតទៀតសោត ក៏ត្រូវតែទៅពេទ្យ ឬបើគ្មានពេទ្យ ក៏គួររើសរកយាយហ្មបណាដែលមានសមត្ថផាព និងមានអនាម័យក្នុងការកាត់ទងផ្ចិត ព្រោះការខ្វះអនាម័យនឹងអាចឲ្យកូនកើតរោគតេតាណូស លុះធំឡើងប្រកាច់ដែលយើងហៅថាស្កន់នោះឯង។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ៥០០០ឆ្នាំ |