Reading Article
Public date : 30, Jul 2019 (7,926 Read)
មាតាបិតាជាទីពឹងរបស់មនុស្ស សង្គម និងធម្មជាតិ

|
កូនគឺជាអ្នកបន្តចម្លងនូវអ្វីៗគ្រប់យ៉ាងទាំងអស់ពីមាតាបិតា តាំងពីសាច់ឈាម ចិត្តគំនិត ការប្រព្រឹត្ត និងទ្រព្យសម្បត្តិពីមួយជំនាន់ទៅមួយជំនាន់ទៀត ដរាបណានៅតែមានមាតាបិតារស់នៅ ។ ដូច្នេះ ទើបមាតាបិតាជាមេពុម្ពរបស់កូន មេពុម្ពរបស់សង្គម មេពុម្ពរបស់ប្រទេស និងជាមេពុម្ពមនុស្សលោក ។ បើមេពុម្ពយ៉ាងណាវត្ថុដែលចេញពីពុម្ព ក៏យ៉ាងនោះដែរ។ ក្នុងទស្សនៈពុទ្ធសាសនា មនុស្សម្នាក់ៗ កើតមកតែងមានទីពឹងទីអាស្រ័យសម្រាប់ជាកម្លាំងក្នុងការដើរលើផ្លូវជីវិត ។ ទីពឹងនេះ មាន ៣ យ៉ាងគឺ ពឹងលើខ្លួនឯង ពឹងលើសង្គម និងពឹងលើធម្មជាតិ ។
បើតាមពុទ្ធភាសិត ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ អាហុនេយ្យា ច បុត្តានំ បជាយ អនុកម្បកា ដែលប្រែថា មាតាបិតាជាព្រហ្មរបស់បុត្រ ជាបុព្វាចារ្យ ជាអាហុនេយ្យៈរបស់បុត្រទាំងឡាយ និងជាអ្នកអនុគ្រោះដល់ពួកសត្វលោក នោះខ្ញុំយល់ថា មាតាបិតាមានសារសំខាន់ណាស់សម្រាប់សត្វលោកទាំងឡាយដែលមានជីវិតជាឯកជន ដែលរស់នៅក្នុងសង្គម និងដែលពឹងពាក់ទៅលើទ្រព្យសម្បត្តិធម្មជាតិ។ ឬបើនឹងនិយាយផ្ទុយមកវិញ យើងអាចនិយាយថា ទាំងបុគ្គលម្នាក់ៗ ទាំងសង្គមទាំងមូល និងទាំងធម្មជាតិដែលនៅជុំវិញយើង ឬពិភពលោកនេះ សុទ្ធតែត្រូវពឹងពាក់លើមាតាបិតាទាំងអស់ ព្រោះជាកត្តាកំណត់នូវការរីកចំរើន ឬថយក្រោយ និងការគង់វង្ស ឬរលំរលាយ ។ មាតាបិតាបង្កើតកូនឲ្យទៅជាកសិករ កម្មករ ឧស្សាហករ ពាណិជ្ជករ គ្រូ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អ្នកបួស ទាហាន និងជាចៅកូវរដ្ឋ។ បើមាតាបិតាបានបំពេញនាទីខ្លួនជាអាហុនេយ្យបុគ្គលរបស់បុត្រគឺ ជាអ្នកបានបំពេញនាទីឬបដិបត្តិធម៌របស់មាតាបិតាដោយប្រពៃ ( សុបដិបន្នោ ) ។ ជាអ្នកបំពេញនាទី ឬបដិបត្តិធម៌ដោយត្រង់ គឺបដិបត្តិជាមជ្ឈិមាបដិទាមិនតឹងពេក មិនធូរពេក ដោយឈរលើដ្ឋានទាំង ៨ គឺការយល់ត្រូវ ការគិតត្រូវ ការប្រព្រឹត្តត្រូវ ការចិញ្ចឹមជីវិតត្រូវ ការព្យាយាមត្រូវ ការមានសតិរលឹកត្រូវ និងការតម្កល់ចិត្តឲ្យនឹងត្រូវហើយនោះ កសិករ កម្មករ ... និងចៅកូវរដ្ឋទាំងនោះ ក៏នឹងទៅជាកសិករល្អ កម្មករល្អ ... និងចៅកូនរដ្ឋល្អជាមិនខាន ។ ហើយបើមាតាបិតានៃជំនាន់នីមួយៗ បំពេញនាទីដោយប្រពៃ និងដោយត្រង់គ្រប់ៗជំនាន់នោះ សង្គមយើងពិភពលោកយើងនេះនឹងមិនមានសភាពឃោរឃៅ ប្រកួតប្រជែងខ្ទេចខ្ទីទ្រព្យធម្មជាតិដូចសព្វថ្ងៃនេះឡើយ។ ម្នាក់ៗនៅក្នុងសង្គម នឹងមានសេចក្ដីមេត្តាដល់គ្នានឹងគ្នា សង្គមមនុស្សនឹងគួរឲ្យចង់រស់នៅជាងបច្ចុប្បន្ននេះជាមិនខាន ហើយធម្មជាតិ ក៏នឹងនៅជាគូជីវិតសម្រាប់មនុស្សជាតិ ជានិរន្តន៍តទៅ ។
ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ៥០០០ឆ្នាំ |