Reading Article
Public date : 31, Jul 2019 (27,178 Read)
មរណានុស្សតិ

|
មរណានុស្សតិ
កាលបើព្រះយោគាវចរកុលបុត្រ មានប្រាថ្នាដើម្បីចម្រើននូវមរណានុស្សតិកម្មដ្ឋាន គប្បីចូលទៅកាន់ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗហើយ ធ្វើទុកក្នុងចិត្តដោយឧបាយថា "មរណំ ភវិស្សតិ ជីវិតិន្ទ្រិយំ ឧបច្ឆិជ្ជិស្សតិៈ សេចក្ដីស្លាប់គង់តែនឹងមាន ជីវិតិន្ទ្រីយ៍ មុខជានឹងដាច់បង់ទៅ" ឬថា "មរណំ មរណំ ស្លាប់ៗ" ដូច្នេះក៏បាន។ បើធ្វើទុកក្នុងចិត្តដោយឧបាយយ៉ាងនេះហើយ នីវរណធម៌ទាំង ៥ មិនទាន់ទ្រោមទៅ ស្មារតីមិនទាន់តាំងនៅ កម្មដ្ឋានក៏មិនទាន់ដល់នូវឧបចារៈ ត្រូវឲ្យរឭកដល់សេចក្ដីស្លាប់ដោយអាការ ៨ យ៉ាងតទៅទៀត។ អាការទាំង ៨ យ៉ាងនោះដូចម្ដេច? អាការទាំង ៨ យ៉ាងនោះដូច្នេះ គឺ ១- វធកបច្ចុប្បដ្ឋានតោ ត្រូវរឭកថា "សេចក្ដីស្លាប់តាំងឡើងប្រាកដ ដូចជាសត្រូវងារដាវផ្គងដាក់លើក"។ ២- សម្បត្តិវបត្តិតោ ត្រូវរឭកថា "ធម្មតាសម្បត្តិក្នុងលោកសុទ្ធតែកន្លងនូវវិបត្តិទៅពុំបាន"។ ៣- ឧបសំហរណតោ ត្រូវរឭកដល់សេចក្ដីស្លាប់របស់ខ្លួនប្រៀបដោយសេចក្ដីស្លាប់របស់អ្នកដទៃ។ ៤- កាយពហុសាធារណតោ ត្រូវរឭកថា "កាយនេះទូទៅដល់អន្តរាយច្រើនប្រការ មានត្រកូលនៃសត្វដង្កូវ ៨០ ជាដើម"។ ៥- អាយុទុព្វលតោ ត្រូវរឭកថា "អាយុនេះមានកម្លាំងថយពន់ពេក ព្រោះថា ជីវិតរបស់សត្វទាំងឡាយជាប់នៅដោយខ្យល់ អស្សាសៈ បស្សាសៈ ជាដើម"។ ៦- អនិមិត្តតោ ត្រូវរឭកថា "សេចក្ដីស្លាប់មិនមានកំណត់ព្រោះថា ជីវិតជាដើមរបស់សត្វទាំងឡាយរកកំណត់មិនបាន"។ ជីវិតំ ព្យាធិ កាលោ ច ទេហនិក្ខេបនំ គតិ បញ្ចេតេ ជីវលោកស្មឹ អនិមិត្តា ន នាយរេ។ ធម៌ ៥ យ៉ាងនេះគឺ ជីវិត ១ ព្យាធិ ១ កាល ១ ទេហនិក្ខេបនៈ (ស្ថានទីដាក់ចរាងកាយ) ១ គតិ ១ របស់សត្វទាំងឡាយក្នុងជីវលោក មិនមាននិមិត្ត ដឹងមិនបាន។ ក្នុងធម៌ ៥ យ៉ាងនោះ ជីវិតឈ្មោះថាមិនមានមិនិត្ត ព្រោះមិនមានកំណត់ថា នឹងគប្បីរស់នៅត្រឹមប៉ុណ្ណោះ មិនរស់នៅតពីនេះទៅ (ដូច្នេះជាដើម) ព្រោះថាសត្វទាំងឡាយ រមែងស្លាប់តាំងពីក្នុងកាលនៅជាកលលៈក៏មាន ក្នុងកាលដែលនៅជាអម្ពុទៈ ជាបេសិ ជាឃនៈ នៅក្នុងគភ៌បាន ១ ខែ បាន ២ ខែ បាន ៣ ខែ បាន ៤ ខែ បាន ៥ ខែ បាន ១០ ខែក៏មាន ក្នុងសម័យដែលចេញចាកផ្ទៃក៏មាន អំពីនោះក៏ស្លាប់ខាងក្នុង ១០០ ឆ្នាំក៏មាន ខាងក្រៅ (លើសពី) ១០០ ឆ្នាំក៏មានដូចគ្នា។ សូម្បីព្យាធិ ឈ្មោះថាមិនមាននិមិត្ត ព្រោះមិនមានកំណត់ថា សត្វទាំងឡាយនឹងស្លាប់ដោយព្យាធិនេះប៉ុណ្ណោះ មិនស្លាប់ដោយព្យាធិដទៃ ព្រោះថាសត្វទាំងឡាយស្លាប់ដោយរោគភ្នែកក៏មាន ដោយរោគក្រៅនេះមានរោគត្រចៀកជាដើមយ៉ាងណាមួយក៏មាន។ សូម្បីកាល ក៏ឈ្មោះថាមិនមាននិមិត្ត ព្រោះមិនមានកំណត់យ៉ាងនេះថា នឹងត្រូវស្លាប់ក្នុងកាលនេះប៉ុណ្ណោះ មិនស្លាប់ក្នុងកាលដទៃ ព្រោះថាសត្វទាំងឡាយរមែងស្លាប់ក្នុងពេលព្រឹកក៏មាន ក្នុងពេលដទៃមានពេលថ្ងៃត្រង់ជាដើម ពេលណាមួយក៏មាន។ សូម្បីទេហនិក្ខេបនៈ ក៏ឈ្មោះថាមិនមាននិមិត្ត ព្រោះមិនមានកំណត់យ៉ាងនេះថា កាលសត្វទាំងឡាយស្លាប់ រាងកាយនឹងត្រូវដាក់នៅទីនេះប៉ុណ្ណោះ មិនមែនដាក់នៅទីដទៃ ព្រោះថារាងកាយរបស់បុគ្គលទាំងឡាយអ្នកកើតក្នុងស្រុក (មកស្លាប់) ដាក់នៅក្រៅស្រុកក៏មាន រាងកាយរបស់បុគ្គលទាំងឡាយអ្នកកើតក្រៅស្រុក (មកស្លាប់) ដាក់នៅក្នុងស្រុកក៏មាន ដោយន័យជាមួយគ្នានោះ បណ្ឌិតគប្បី (ពណ៌នា)ឲ្យទូលំទូលាយទៅច្រើនប្រការ ជាដើមថា "រាងកាយរបស់បុគ្គលទាំងឡាយអ្នកកើតលើគោក (ទៅស្លាប់) ដាក់នៅក្នុងទឹក ឬថារាងកាយរបស់បុគ្គលទាំងឡាយអ្នកកើតក្នុងទឹក (មកស្លាប់) ដាក់នៅលើគោក"។ សូម្បីគតិ ក៏ឈ្មោះថាមិនមាននិមិត្ត ព្រោះមិនមានកំណត់យ៉ាងនេះថា សត្វអ្នកចុតិអំពីគតិនេះ នឹងត្រូវ (ទៅ) កើតក្នុងគតិនេះព្រោះថាសត្វទាំងឡាយអ្នកចុតិអំពីទេវតា (មក) កើតក្នុងពួកមនុស្សក៏មាន អ្នកចុតិអំពីមនុស្សលោក (ទៅ) កើតក្នុងលោកដទៃ មានទេវលោកជាដើមទីណាមួយក៏មាន ព្រោះយ៉ាងនេះ (សត្វ) លោកទើបវិលវល់ទៅក្នុងគតិ ៥ ដូចគោដែលគេទឹមក្នុងយន្ត (គឺបើកវិលជុំវិញ) ដើរវិលនៅដូច្នោះ។ ៧- អទ្ធានបរិច្ឆេទតោ ត្រូវរឭកថា "ជីវិតរបស់មនុស្សក្នុងកាលឥឡូវនេះ កំណត់យ៉ាងយូរបំផុតត្រឹមមួយរយឆ្នាំ បើលើសក៏បន្តិចបន្តួច"។ (កំណត់នេះតាមជំនាន់អាយុខេយ្យមួយរយឆ្នាំ)។ ៨- ខណបរិត្តតោ ត្រូវរឭកថា "ជីវិតរបស់សត្វទាំងឡាយ បើពោលតាមបរមត្ថ តូចពេកណាស់ ប្រព្រឹត្តទៅបានតែត្រឹម ១ ខណចិត្តប៉ុណ្ណោះឯង"។ បណ្ដាអាការទាំង ៨ យ៉ាងនេះត្រង់អាការទី ៣ ដែលថា ត្រូវរឭកដល់សេចក្ដីស្លាប់របស់ខ្លួន ប្រៀបដោយសេចក្ដីស្លាប់របស់អ្នកដទៃនោះ ត្រូវប្រៀបដោយសេចក្ដីស្លាប់របស់បុគ្គល ៧ ពួកគឺ ១- យសមហត្តតោ ប្រៀបដោយសេចក្ដីស្លាប់របស់បុគ្គលដែលមានយសបរិវារច្រើន មានស្ដេចមហាសម្មតិរាជ និងស្ដេចមន្ធាតុ ជាដើម។ ២- បញ្ញមហត្តតោ ប្រៀបដោយសេចក្ដីស្លាប់របស់បុគ្គលដែលមានបុណ្យច្រើន មានជោតិយសេដ្ឋី និងជដិលសេដ្ឋីជាដើម។ ៣- ថាមមហត្តតោ ប្រៀបដោយសេចក្ដីស្លាប់របស់បុគ្គលដែលមានកម្លាំងច្រើន មានស្ដេចវាសុទេព និងពលទេពជាដើម។ ៤- ឥទ្ធិមហត្តតោ ប្រៀបដោយសេចក្ដីស្លាប់របស់បុគ្គលដែលមានឫទ្ធិច្រើន ដូចព្រះមោគ្គល្លានត្ថេរ។ ៥- បញ្ញាមហត្តតោ ប្រៀបដោយសេចក្ដីស្លាប់របស់បុគ្គលដែលមានប្រាជ្ញាច្រើន ដូចព្រះសារីបុត្តត្ថេរ។ ៦- បច្ចេកពុទ្ធតោ ប្រៀបដោយបរិនិព្វានរបស់ព្រះបច្ចេកពុទ្ធ ៧- សម្មាសម្ពុទ្ធតោ ប្រៀបដោយបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ។ ត្រូវប្រៀបដូចម្ដេចសេចក្ដីស្លាប់របស់បុគ្គលទាំង ៧ ពួកនេះ? ត្រូវប្រៀបធៀបថា "អម្បាលដូចជាបុគ្គលដែលថ្កើងថ្កានដល់ម្លោះ គង់កន្លងមិនផុតពីសេចក្ដីស្លាប់ ចំណង់បើអាត្មាអញ ជាបុគ្គលថោកថយដល់ម្ល៉េះ ដូចម្ដេចនឹងកន្លងឲ្យផុតអំពីសេចក្ដីស្លាប់ទៅបាន"។ កាលបើព្រះយោគី រឭកដល់សេចក្ដីស្លាប់ដោយអាការទាំង ៨ យ៉ាង អាការណាមួយហើយ ដោយអំណាចដែលធ្វើទុកក្នុងចិត្តរឿយៗ ចិត្តក៏សេពនូវភាវនាច្រើន ស្មារតីក៏តម្កល់នៅ មានសេចក្ដីស្លាប់ជាអារម្មណ៍ នីវរណធម៌ ក៏ទ្រោមទៅ អង្គឈានសោតក៏កើតប្រាកដឡើង តែក្នុងមរណានុស្សតិកម្មដ្ឋាននេះ មានអំណាចឲ្យសម្រេចបានតែត្រឹមឧបចារជ្ឈានប៉ុណ្ណោះ មិនអាចឲ្យសម្រេចដល់អប្បនាឈានបានឡើយ។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |