យុធព្ជាយជាតក

|
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវមហាភិនេស្ក្រមណ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មិត្តាមច្ចបរិព្យូឡ្ហំ ដូច្នេះ (ជាដើម) ។
(សេចក្ដីពិស្ដារថា) ថ្ងៃមួយ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាពោលពាក្យសរសើរព្រះគុណរបស់ព្រះសាស្ដាថា ម្នាលអ្នកមានអាយុទាំងឡាយ ប្រសិនបើព្រះទសពលស្ដេចនឹងនៅគ្រប់គ្រងផ្ទះសោត ព្រះអង្គនឹងជាស្ដេចចក្រពត្តិ ក្នុងផ្ទៃនៃសកលចក្រវាឡ ប្រកបដោយរតនៈ ៧ ប្រការ ទ្រង់សម្រេចដោយឫទ្ធិទាំង ៤ មានព្រះឱរស ១០០០ ជាបរិវារ តែព្រះអង្គបានលះរាជសម្បត្តិ ដែលមានសភាពបែបនេះ ទ្រង់ឃើញទោសក្នុងកាមទាំងឡាយ ឡើងកាន់សេះកណ្ដកៈ មាននាយឆន្នអាមាត្យជាមិត្រ ចេញចាកព្រះនគរក្នុងវេលាពាក់កណ្ដាលអធ្រាត្រ ទ្រង់ព្រះផ្នួសត្រង់ច្រាំងស្ទឹងអនោមា ធ្វើនូវទុក្ករការិកអស់ ៦ វស្សា បានដល់នូវសម្មាសម្ពោធិញ្ញាណ ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលតថាគតចេញសាងមហាភិនេស្ក្រមណ៍ សូម្បីក្នុងកាលមុន ក៏ធ្លាប់លះបង់រាជសម្បត្តិក្នុងនគរពារាណសី ដែលមានប្រមាណ ១២ យោជន៍ ចេញបួសដូចគ្នាដែរ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា ៈ ក្នុងអតីតកាល មានព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមថា សព្វទត្ត ក្នុងរម្មនគរ ។ ពិតមែនហើយ នគរពារាណសីនេះ ក្នុងឧទយជាតក មានឈ្មោះថា សុរុន្ធននគរ, ក្នុងចូឡសុតសោមជាតក មានឈ្មោះថា សុទស្សនៈ, ក្នុងសោណនន្ទជាតក មានឈ្មោះថា ព្រហ្មវឌ្ឍនៈ, ក្នុងខណ្ឌហាលជាតក មានឈ្មោះថា បុប្ផវតី ក្នុងសង្ខព្រាហ្មណជាតក មានឈ្មោះថា មោឡិនី តែក្នុងយុធញ្ជយជាតកនេះ មានឈ្មោះថា រម្មនគរ ។ ឈ្មោះរបស់នគរនេះ បានផ្លាស់ប្ដូរក្នុងសម័យខ្លះ ដោយប្រការដូច្នេះ ។ ព្រះបាទសព្វទត្តមានព្រះឱរសមួយពាន់អង្គ ទ្រង់ព្រះរាជទានស្ថាបនាព្រះឱរសច្បង ដែលមានព្រះនាមថា យុធញ្ជ័យ ជាឧបរាជ ។ ឧបរាជនោះបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅរាល់ៗថ្ងៃ ។ កាលកន្លងទៅហើយយ៉ាងនេះ ក្នុងថ្ងៃមួយ ព្រះពោធិសត្វបានឡើងជិះលើរថដ៏ប្រសើរអំពីព្រឹក ស្ដេចយាងទៅកាន់ឧទ្យានកីឡា ដោយសិរីសម្បត្តិដ៏ធំ ទតព្រះនេត្រឃើញដំណក់ទឹកសន្សើម ដែលជាប់នៅនឹងអន្ទាក់សំណាញ់ ដែលធ្វើដោយសរសៃអំបោះ ក្នុងទីផ្សេងៗ មានចុងស្លឹកឈើ ចុងស្មៅ ចុងមែកឈើ និងសរសៃពីងពាងជាដើម ទើបត្រាស់សួរថា នែសារថីសម្លាញ់ នេះជាអ្វី ទ្រង់បានស្ដាប់ថា បពិត្រទេវៈ នេះជាដំណក់ទឹកសន្សើមក្នុងហិមសម័យ ។ ព្រះពោធិសត្វបានលេងក្នុងព្រះរាជឧទ្យានរហូតអស់ចំណែកនៃថ្ងៃ ទើបស្ដេចយាងត្រឡប់ក្នុងវេលាល្ងាច ទ្រង់មិនបានឃើញដំណក់ទឹកសន្សើមទាំងនោះឡើយ ក៏ត្រាស់សួរថា ម្នាលសារថីសម្លាញ់ ដំណក់ទឹកសន្សើមទាំងនេះ បាត់ទៅណា ឥឡូវនេះយើងមិនឃើញឡើយ ទ្រង់បានស្ដាប់ថា បពិត្រព្រះអង្គ ដំណក់ទឹកសន្សើមនោះ កាលដួងព្រះអាទិត្យរះឡើង ក៏រលាយធ្លាក់ចុះលើផែនដីអស់ហើយ ដូច្នេះហើយ ទ្រង់ដល់ហើយនូវសេចក្ដីសង្វេគត្រិះរិះថា សូម្បីជីវិតនិងសង្ខាររបស់សត្វទាំងនេះ ក៏ដូចនឹងដំណក់ទឹកសន្សើមលើចុងស្មៅនេះដែរ យើងកាលមិនទាន់ត្រូវជរា ព្យាធិ មរណៈបៀតបៀន គួរនឹងលាព្រះមាតាព្រះបិតាទៅបួស ដូច្នេះហើយ ទ្រង់ទើបធ្វើដំណក់ទឹកសន្សើមនោះឯងឲ្យជាអារម្មណ៍ បានឃើញភ័យក្នុងភពទាំង ៣ ដូចត្រូវភ្លើងឆេះ ។ ស្ដេចមកដល់ព្រះដំណាក់របស់ព្រះអង្គហើយ ទ្រង់យាងទៅសម្នាក់របស់ព្រះរាជបិតា ដែលប្រថាប់នៅក្នុងសាលាវិនិច្ឆ័យ ដែលតាក់តែងល្អហើយ ថ្វាយបង្គំព្រះបិតា ហើយប្រថាប់គង់ក្នុងទីដ៏សមគួរមួយ កាលនឹងទូលសូមអនុញ្ញាតបព្វជ្ជាទើបត្រាស់ព្រះគាថាទី ១ ថាៈ មិត្តាមច្ចបរិព្យូឡ្ហំ, អហំ វន្ទេ រថេសភំ; បព្ពជិស្សាមហំ រាជ, តំ ទេវោ អនុមញ្ញតុ។ បពិត្រព្រះរាជា ជាធំលើរថ ខ្ញុំព្រះអង្គសូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេពអនុញ្ញាតផ្នួសនោះ(ដល់ខ្ញុំព្រះអង្គ)។ បណ្ដាបទទាំងនោះ បទថា បរិព្យូឡ្ហំ ប្រែថា ឡោមព័ទ្ធហើយ ។ បទថា តំ ទេវោ សេចក្ដីថា សូមព្រះទេវៈមេត្តាអនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គ ។ លំដាប់នោះ ព្រះរាជាកាលនឹងហាមឃាត់ ទើបត្រាស់ព្រះគាថាទី ២ ថា សចេ តេ ឩនំ កាមេហិ, អហំ បរិបូរយាមិ តេ; យោ តំ ហិំ សតិ វារេមិ, មា បព្ពជ យុធញ្ចយ។ បើបុត្រឯងខ្វះកាមទាំងឡាយ បិតានឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក បិតានឹងឃាត់ (បុគ្គលនោះ) ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ព្រះរាជកុមារស្ដាប់ព្រះរាជតម្រាស់នោះហើយ ទើបត្រាស់ព្រះគាថាទី ៣ ថា ន មត្ថិ ឩនំ កាមេហិ, ហិំសិតា មេ ន វិជ្ជតិ; ទីបញ្ច កាតុមិច្ឆាមិ, យំ ជរា នាភិកីរតិ។ ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គលនីមួយបៀតបៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថាខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង(ដល់ខ្លួន)ដែលជរាកម្ចាត់បង់មិនបាន ។ បណ្ដាបទទាំងនោះ បទថា ទីបញ្ច សេចក្ដីថា បពិត្រព្រះអង្គ សេចក្ដីខ្វះដោយកាមទាំងឡាយរបស់ខ្ញុំព្រះអង្គមិនមានឡើយ អ្នកណាៗដែលនឹងបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ តែខ្ញុំព្រះអង្គប្រាថ្នានឹងសាងទីពឹងរបស់ខ្លួនដើម្បីដំណើរទៅកាន់បរលោក ។ បទថា យំ ជរា នាភិកីរតិ សេចក្ដីថា ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើកោះដែលជរាគ្របសង្កត់មិនបាន កម្ចាត់មិនបាន គឺនឹងស្វែងរកអមតមហានិព្វាន ខ្ញុំមិនត្រូវការដោយកាមទាំងឡាយ បពិត្រមហារាជ សូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គបួសចុះ ។ ព្រះរាជកុមារទូលសូមរឿយៗ ដោយប្រការដូច្នេះ ព្រះរាជាត្រាស់ហាមថា កុំបួសឡើយបុត្រ ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់កន្លះថា បុត្តោ វា បិតរំ យាចេ, បិតា វា បុត្តមោរសំ បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរសដែរ ។ វាអក្សរក្នុងគាថានោះ ជាសម្បិណ្ឌត្ថៈ (មានការប្រមូលមកជាអត្ថ) ។ ចំណុចនេះមាន ពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះឱរសអង្វរព្រះរាជបិតា និងព្រះរាជបិតាក៏អង្វរព្រះរាជឱរស ។ ព្រះរាជាត្រាស់កន្លះគាថាដ៏សេសថា នេគមោ តំ យាចេ តាត, មា បព្ពជ យុធញ្ចយ។ ម្នាលកូន ជនអ្នកនៅក្នុងនិគមអង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ពាក្យនៃគាថាមានអធិប្បាយថា ម្នាលបុត្រ មហាជនដែលរស់នៅក្នុងនិគមនេះ នាំគ្នាអង្វរអ្នក សូម្បីអ្នកនគរក៏នាំគ្នាអង្វរអ្នកថា ព្រះអង្គកុំបួសឡើយ ។ ព្រះកុមារត្រាស់ព្រះគាថាទី ៤ ថា មា មំ ទេវ និវារេហិ, បព្ពជន្តំ រថេសភ; មាហំ កាមេហិ សម្មត្តោ, ជរាយ វសមន្វគូ។ បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ ។ បណ្ដាបទទាំងនោះ បទថា វសមន្វគូ សេចក្ដីថា ខ្ញុំព្រះអង្គកុំជាមនុស្សពោរពេញដោយកាមទាំងឡាយ បានឈ្មោះថា ដើរទៅកាន់អំណាចរបស់ជរាឡើយ អធិប្បាយថា សូមព្រះអង្គមេត្តាទតទូលព្រះបង្គំដោយឋានៈដែលជាអ្នកញ៉ាំងវដ្ដទុក្ខឲ្យអស់ទៅ ត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណចុះ ។ កាលព្រះពោធសិត្វក្រាបទូលយ៉ាងនេះហើយ ព្រះរាជាក៏ជាអ្នកអស់យោបល់ ។ ចំណែកព្រះរាជមាតារបស់ព្រះពោធិសត្វ បានស្ដាប់ថា បពិត្រព្រះទេវី ព្រះឱរសរបស់ព្រះនាង កំពុងទូលសូមឲ្យព្រះបិតាអនុញ្ញាតការបព្វជ្ជា ព្រះនាងក៏ត្រាស់ថា ពួកអ្នកនិយាយអ្វី ទាំងដែលព្រះភក្ត្រមិនមានសេចក្ដីត្រេកអរ ទ្រង់ប្រថាប់លើសុវណ្ណសិវិកា (គ្រែស្នែងមាស) ប្រញាប់យាងទៅទីវិនិច្ឆ័យ កាលនឹងអង្វរទើបត្រាស់ព្រះគាថាទី ៦ ថា អហំ តំ តាត យាចាមិ, អហំ បុត្ត និវារយេ; ចិរំ តំ ទដ្ឋុមិច្ឆាមិ, មា បព្ពជ យុធញ្ចយ។ ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូមឃាត់អ្នក យើងចង់ឃើញអ្នកអស់កាលយូរ ម្នាលយុធព្ជា័យ ចូរអ្នកកុំបួសឡើយ ។ ព្រះរាជកុមារបានស្ដាប់ព្រះរាជសវនីយ៍នោះហើយ ទើបត្រាស់ព្រះគាថាទី ៧ ថា ឧស្សាវោវ តិណគ្គម្ហិ, សូរិយុគ្គមនំ បតិ; ឯវមាយុ មនុស្សានំ, មា មំ អម្ម និវារយ។ ទឹកសន្សើមលើចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាលព្រះអាទិត្យរះឡើង យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ បពិត្រព្រះមាតា សូមព្រះមាតា កុំឃាត់ខ្ញុំឡើយ ។ ពាក្យនៃគាថានោះមានអធិប្បាយថា បពិត្រព្រះមាតា ដំណក់ទឹកសន្សើមលើចុងស្មៅ កាលព្រះអាទិត្យរះឡើងក៏រលាយបាត់ទៅ មិនអាចនឹងតាំងនៅ គឺធ្លាក់ចុះទៅលើផែនដីទាំងអស់ យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះ ជារបស់តិចតួច មិនអាចនឹងតាំងយូរបានឡើយ ក្នុងលោកសន្និវាសដែលមានសភាពបែបនេះ ព្រះមាតានឹងឃើញខ្ញុំព្រះអង្គយូរបានប៉ុណ្ណា សូមព្រះម៉ែម្ចាស់កុំឃាត់ខ្ញុំព្រះអង្គឡើយ ។ សូម្បីកាលព្រះពោធិសត្វក្រាបទូលយ៉ាងនេះហើយ ព្រះនាងក៏នៅតែអង្វរដដែលៗ ជារឿយៗ ។ លំដាប់នោះ ព្រះមហាសត្វ បានក្រាបទូលហៅព្រះរាជបិតា ទើបត្រាស់ព្រះគាថាទី ៨ ថា តរមានោ ឥមំ យានំ, អារោបេតុ រថេសភ; មា មេ មាតា តរន្តស្ស, អន្តរាយករា អហូ’’តិ។ បពិត្រព្រះបិតា ជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំព្រះអង្គ) ឲ្យឡើងកាន់ព្រះរាជយាននេះ កុំឲ្យមាតាធ្វើនូវសេចក្តីអន្តរាយ ដល់ខ្ញុំព្រះអង្គ ដែលកំពុងឆ្លង ។ ពាក្យនៃគាថានោះ មានអធិប្បាយថា បពិត្រព្រះបិតាអ្នកជាធំលើរថ សូមទ្រង់បញ្ជាឲ្យមនុស្សយាងព្រះមាតារបស់ខ្ញុំព្រះអង្គនេះ ឲ្យស្ដេចឡើងកាន់ព្រះរាជយាន គឺព្រះសុវណ្ណសិវិកា កុំឲ្យព្រះមាតាធ្វើសេចក្ដីអន្តរាយដល់ខ្ញុំព្រះអង្គ ដែលកំពុងឈានកន្លងដែនកន្តារគឺ ជាតិ ជរា ព្យាធិ និងមរណៈឡើយ ។ ព្រះរាជាស្ដាប់ព្រះតម្រាស់របស់ព្រះឱរសហើយ ត្រាស់ថា ម្នាលនាងដ៏ចម្រើន សូមអូនយាងទៅចុះ ចូរប្រថាប់លើសុវណ្ណសិវិការបស់អូន ហើយឡើងកាន់ប្រាសាទញ៉ាំងសេចក្ដីត្រេកអរឲ្យចម្រើនចុះ ។ ព្រះនាងស្ដាប់ព្រះរាជតម្រាស់របស់ព្រះរាជានោះហើយ កាលមិនអាចនឹងប្រថាប់នៅបាន ទ្រង់ឡោមព័ទ្ធដោយពួកនារី ស្ដេចយាងទៅកាន់ប្រាសាទ ទ្រង់ប្រថាប់ឈរទតមើលសាលាវិនិច្ឆ័យដោយទឹកព្រះទ័យថា បុត្រជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាហ្ន៎ ។ ចំណែកព្រះពោធិសត្វ កាលព្រះមាតាស្ដេចទៅហើយ ទ្រង់ក៏អង្វរព្រះរាជបិតាម្ដងទៀត ។ ព្រះរាជាកាលមិនអាចនឹងហាមបាន ទ្រង់ក៏អនុញ្ញាតថា ម្នាលបុត្រ បើយ៉ាងនោះ ចូរធ្វើចិត្តរបស់អ្នកឲ្យដល់ទីបំផុត បុត្រចូរបួសចុះ ។ ក្នុងវេលាដែលព្រះរាជាអនុញ្ញាតហើយ ព្រះកនិដ្ឋារបស់ព្រះពោធិសត្វព្រះនាម យុធិដ្ឋិលកុមារ ថ្វាយបង្គំព្រះរាជបិតា ក្រាបទូលសូមអនុញ្ញាតថា បពិត្រព្រះបិតា សូមទ្រង់អនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គផង ។ ព្រះរាជកុមារទាំងពីរថ្វាយបង្គំព្រះរាជបិតាហើយ លះបង់នូវកាមទាំងឡាយ មានមហាជនឡោមព័ទ្ធស្ដេចយាងចេញចាកទីវិនិច្ឆ័យ ។ ចំណែកព្រះទេវីទតព្រះនេត្រមើលព្រះមហាសត្វ ទ្រង់ព្រះកន្សែងបរិទេវនាការថា កាលបុត្ររបស់យើងបួសហើយ រម្មនគរនឹងសោះសូន្យ ទើបត្រាស់ព្រះគាថាទាំង ២ ថា អភិធាវថ ភទ្ទន្តេ, សុញ្ញំ ហេស្សតិ រម្មកំ; យុធញ្ចយោ អនុញ្ញាតោ, សព្ពទត្តេន រាជិនា។ នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចម្រើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជានឹងសូន្យ (ព្រោះថា) យុធព្ជា័យកុមារ ព្រះរាជាសព្វទត្ត អនុញ្ញាត (ឲ្យបួសហើយ) ។ យោហុ សេដ្ឋោ សហស្សស្ស, យុវា កញ្ចនសន្និភោ; សោយំ កុមារោ បព្ពជិតោ, កាសាយវសនោ ពលិ។ ព្រះរាជកុមារណា នៅក្មេង មានសម្បុរផ្ទឹមនឹងមាស ប្រសើរបំផុតជាងព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកម្លាំង ស្លៀកសំពត់កាសាយៈ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា អភិធាវថ សេចក្ដីថា ព្រះនាងត្រាស់បញ្ជាពួកនារី ដែលឈរឡោមព័ទ្ធព្រះនាងថា នែនាងដ៏ចម្រើនទាំងឡាយ នាងទាំងឡាយចូរស្ទុះទៅចុះ ។ ដោយបទថា ភទ្ទន្តេ ព្រះនាងត្រាស់ថា សេចក្ដីចម្រើនព្រោះការទៅនោះ ចូរមានដល់នាង ។ បទថា រម្មកំ ព្រះនាងត្រាស់សំដៅដល់រម្មនគរ ។ បទថា យោហុ សេដ្ឋោ សេចក្ដីថា ព្រះឱរសរបស់ព្រះរាជាដ៏ប្រសើរជាងឱរសទាំងពាន់នោះ ទ្រង់បួសហើយ ទាំងនេះ ព្រះនាងត្រាស់សំដៅដល់ព្រះមហាសត្វដែលកំពុងយាងទៅដើម្បីបួស ដោយប្រការដូច្នេះ ។ ចំណែកព្រះពោធិសត្វទ្រង់មិនទាន់បួសភ្លាមទេ ព្រះអង្គថ្វាយបង្គំព្រះរាជមាតា ព្រះរាជបិតាហើយ ទ្រង់ដឹកនាំព្រះកនិដ្ឋាយុធិដ្ឋិលកុមារ ស្ដេចចេញចាកព្រះនគរ ឲ្យមហាជននាំគ្នាត្រឡប់ហើយ ព្រះកុមារទាំងពីរអង្គក៏ចូលទៅកាន់ព្រៃហិមពាន្ត ទ្រង់សាងអាស្រមក្នុងស្ថានទីដែលគួររីករាយ ទ្រង់បួសជាឥសី ធ្វើឈាននិងអភិញ្ញាឲ្យកើតឡើង រស់នៅដោយផ្លែឈើ មើមឈើ ក្នុងព្រៃជាដើម រហូតអស់ព្រះជន្មាយុ ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាចុងក្រោយថា ឧភោ កុមារា បព្ពជិតា, យុធញ្ចយោ យុធិដ្ឋិលោ; |