Reading Article
Public date : 13, Mar 2023 (9,281 Read)
កោសម្ពិយជាតក

|
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តឃោសិតារាម ដែលអាស្រ័យនឹងក្រុងកោសម្ពី ទ្រង់ប្រារព្ធភិក្ខុទាំងឡាយ ដែលបង្កជម្លោះគ្នាក្នុងក្រុងកោសម្ពី បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា បុថុសទ្ទោ ដូច្នេះជាដើម ។
ដោយ៥០០០ឆ្នាំរឿងរ៉ាវរបស់ភិក្ខុទាំងនោះ មានមកក្នុងកោសម្ពកក្ខន្ធកៈ (វិនយបិដក មហាវគ្គ បិដកលេខ ៨ ទំព័រ ៣០៤) នោះឯង ។ ចំណែកសេចក្ដី (ខាងក្រោម) នេះជារឿងរ៉ាវសង្ខេប ក្នុងជាតកនេះ ។ បានឮមកថា ក្នុងពេលនោះ ភិក្ខុ ២ រូប គឺព្រះវិនយធរ (អ្នកទ្រទ្រង់វិន័យ) មួយរូប ព្រះសុត្តន្តិកៈ (អ្នកទ្រទ្រង់ព្រះសូត្រ) មួយរូប នៅក្នុងអាវាសមួយជាមួយគ្នា ។ ក្នុងបណ្ដាភិក្ខុ ២ រូបនោះ ថ្ងៃមួយ ព្រះសុត្តន្តិកៈបន្ទោបង់ឧច្ចារៈ ដាក់ភាជនៈដែលបន្សល់ទឹកសម្រាប់ជម្រះក្នុងផើងទឹក ហើយចេញទៅ ។ ព្រះវិនយធរចូលទៅក្នុងទីនោះតាមក្រោយ ឃើញទឹកនោះ រួចចេញមកសួរថា អាវុសោ លោកបន្សល់ទឹកឬ ? ព្រះសុត្តន្តិកៈពោលថា ពិតមែនហើយ អាវុសោ ។ ព្រះវិនយធរពោលថា លោកមិនដឹងភាពជាអាបត្តិក្នុងចំណុចនេះឬ? ព្រះសុត្តន្តិកៈ ពោលថា ពិតមែនហើយ អាវុសោ ខ្ញុំមិនដឹងទេ ។ ព្រះវិនយធរពោលថា អាវុសោ ការដែលលោកបន្សល់ទឹកទុកក្នុងភាជនៈជាអាបត្តិ ។ ព្រះសុត្តន្តិកៈពោលថា បើយ៉ាងនោះ ខុំនឹងសម្ដែងអាបត្តិនោះ ។ ព្រះវិនយធរពោលថា អាវុសោ បើលោកមិនក្លែង ទៅដោការមិនមានសតិ រមែងមិនមានអាបត្តិ ។ ព្រះសុត្តន្តិកៈនោះក៏យល់ថា មិនជាអាបត្តិ ក្នុងអាបត្តិនោះ ។ ចំណែកព្រះវិនយធរប្រាប់កូនសិស្សរបស់ខ្លួនថា ព្រះសុត្តន្តិកៈនេះ សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹង ។ សិស្សទាំងនោះឃើញសិស្សរបស់ព្រះសុត្តន្តិកៈនោះហើយពោលថា ឧបជ្ឈាយ៍របស់លោក សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹងភាពជាអាបត្តិ ។ សិស្សទាំងនោះ ទៅប្រាប់ឧបជ្ឈាយ៍របស់ខ្លួន ។ ព្រះសុត្តន្តិកៈនោះពោលយ៉ាងនេះថា ព្រះវិនយធរនេះ ក្នុងកាលមុនពោលថា មិនជាអាបត្តិ តែឥឡូវមកពោលថា ជាអាបត្តិ លោកនោះជាអ្នកនិយាយកុហក ។ សិស្សរបស់ព្រះសុត្តន្តិកៈនាំគ្នាទៅ ពោលថា ឧបជ្ឈាយ៍របស់លោក ជាមនុស្សនិយាយកុហក ដូច្នេះហើយ សិស្សរបស់ព្រះវិនយធរនិងរបស់ព្រះសុត្តន្តិកៈ ក៏បង្កជម្លោះដល់គ្នានឹងគ្នា យ៉ាងនេះឯង ។ លំដាប់នោះ ព្រះវិនយធរបានឱកាស ធ្វើឧក្ខេបនីកម្ម (ការលើកវត្ត) ដោយការមិនឃើញអាបត្តិដល់ព្រះសុត្តន្តិកៈនោះ ។ ចាប់ពីពេលនោះមក សូម្បីឧបាសកឧបាសិកាទាំងឡាយដែលជាអ្នកថ្វាយបច្ច័យដល់ភិក្ខុទាំងនោះ ក៏បែកគ្នាជាពីរចំណែក ។ សូម្បីភិក្ខុនីទាំងឡាយដែលជាអ្នកទទួលឱវាទ ក៏បែកគ្នាជាពីរចំណែក សូម្បីពួកអារក្ខទេវតា ក៏បែកគ្នាជាពីរចំណែក ។ សូម្បីអាកាសដ្ឋទេវតាដែលជាមិត្រធ្លាប់ឃើញគ្នារបស់អារក្ខទេវតា និង ទេវតាជាបុថុជ្ជនទាំងឡាយ ដរាបដល់ព្រហ្មលោក ក៏បែកជាពីរចំណែក ។ កោលាហលនេះបានប្រព្រឹត្តដរាបដល់ឋានអកនិដ្ឋភព ។ លំដាប់នោះ ភិក្ខុមួយរូបចូលគាល់ព្រះតថាគត ក្រាបទូលលទ្ធិរបស់ភិក្ខុអ្នកលើកទោសថា ព្រះសុត្តន្តិកៈនេះត្រូវយើងលើកទោសដោយកម្មដែលជាធម៌ និងលទ្ធិរបស់អ្នកប្រព្រឹត្តតាមភិក្ខុដែលគេលើកវត្តថា ឧបជ្ឈាយ៍របស់យើងត្រូវគេលើកទោសដោយកម្មមិនជាធម៌ និងភាពដែលភិក្ខុទាំងនោះសូម្បីភិក្ខុអ្នកលើកទោសទាំងឡាយហាម ក៏នៅត្រាច់តាម ឡោមព័ទ្ធព្រះសុត្តន្តិកៈនោះ ឲ្យព្រះសាស្ដាជ្រាប ។ ព្រះភគវាទ្រង់បញ្ជូនព្រះតម្រាស់ទៅអស់វារៈ ២ ដងថា អ្នកទាំងឡាយចូរសាមគ្គីគ្នា ។ ព្រះអង្គបានស្ដាប់ថា ភិក្ខុមិនប្រាថ្នានឹងសាមគ្គីគ្នា។ ក្នុងវារៈទី ៣ ទ្រង់បានឮថា ភិក្ខុសង្ឃបែកគ្នាហើយ ទើបស្ដេចយាងទៅកាន់សម្នាក់ភិក្ខុទាំងនោះ ហើយសម្ដែងទោសក្នុងការលើកទោសរបស់ភិក្ខុអ្នកលើកទោស និងសម្ដែងទោសក្នុងការមិនឃើញអាបត្តិរបស់ភិក្ខុដទៃដែលក្លែង ហើយព្រះអង្គក៏យាងចេញទៅ ។ ព្រះមានព្រះភាគទ្រង់បញ្ញត្តភត្តគ្គវត្ត (វត្តក្នុងរោងភត្ត) ថា ភិក្ខុគប្បីអង្គុយក្នុងរវាងអាសនៈ ដូច្នេះ ដល់ភិក្ខុទាំងនោះ ដែលធ្វើឧបោសថជាដើម ក្នុងសីមាជាមួយគ្នា ក្នុងវត្ត ឃោសិតារាមនោះ រួចហើយទ្រង់បានស្ដាប់ថា សូម្បីឥឡូវនេះ ភិក្ខុទាំងឡាយនៅតែឈ្លោះគ្នាទៀត ទើបព្រះអង្គយាងទៅក្នុងទីនោះរួចត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំឈ្លោះគ្នា ដូច្នេះហើយ កាលភិក្ខុជាធម្មវាទីមួយរូប ដែលមិនប្រាថ្នាឲ្យព្រះមានព្រះភាគលំបាក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគជាធម្មាសាមី ទ្រង់នៅស្ងៀមចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គចូរមានសេចក្ដីខ្វល់ខ្វាយតិចចុះ ព្រះមានព្រះភាគចូរប្រកបដោយការនៅជាសុខក្នុងបច្ចុប្បន្ន ហើយប្រព្រឹត្តទៅចុះ ពួកយើងខ្ញុំព្រះអង្គនឹងបង្កហេតុ បង្កជម្លោះ បង្កសេចក្ដីប្រកួតប្រកាន់ បង្កវិវាទ ទើបព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយយ៉ាងនេះថា មានព្រះរាជាព្រះនាម ព្រហ្មទត្ត ជាស្ដេចសោយរាជ្យក្នុងនគរពារាណសី ដូច្នេះហើយ ទ្រង់ត្រាស់រឿងដែលព្រះបាទព្រហ្មទត្តដណ្ដើមរាជ្យរបស់ព្រះបាទទីឃីតិកោសល ហើយសម្លាប់ព្រះបាទទីឃីតិកោសល ដែលទ្រង់ក្លែងខ្លួនមិនឲ្យអ្នកណាស្គាល់ និងរឿងដែលទីឃាវុកុមារឲ្យជីវិត ដល់ព្រះបាទ ព្រហ្មទត្តនោះ ហើយស្ដេចទាំង ២ ក៏ផ្ដើមសាមគ្គីគ្នាចាប់ពីពេលនោះមក ព្រះមានព្រះភាគឲ្យឱវាទថា ម្នាលភិក្ខុទាំងឡាយ សូម្បីព្រះរាជាអ្នកមានអាជ្ញា ក៏គង់នៅមានខន្តិ និងសោរច្ចៈ (សេចក្តីស្ងប់ស្ងៀម) ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែលតថាគតសម្ដែងល្អហើយនេះ ក៏គួរមានខន្តី និងសោរច្ចៈ ដូច្នេះហើយ ទ្រង់ហាមជាគម្រប់ពីរ ជាគម្រប់បីដងថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំបង្កជម្លោះឈ្លោះទាស់ទែងគ្នា ដូច្នេះហើយ ទ្រង់ឃើញការមិនធូរថយ ទ្រង់ត្រិះរិះថា មោឃបុរសទាំងនេះត្រូវកិលេសគ្របសង្កត់ មិនអាចនឹងឲ្យដឹងបានឡើយ ដូច្នេះហើយ ទើបទ្រង់ចៀសចេញទៅ ។ ក្នុងថ្ងៃស្អែក កាលព្រះសាស្ដាយាងត្រឡប់ពីបិណ្ឌបាត ទ្រង់សម្រាកបន្តិច ទ្រង់រៀបចំសេនាសនៈ ហើយកាន់យកបាត្រនិងចីវរ ទ្រង់ឋិតនៅលើអាកាស កណ្ដាលសង្ឃ ត្រាស់ព្រះគាថាទាំងឡាយនេះថា បុថុសទ្ទោ សមជនោ, ន ពាលោ កោចិ មញ្ញថ; សង្ឃស្មិំ ភិជ្ជមានស្មិំ, នាញ្ញំ ភិយ្យោ អមញ្ញរុំ។ ជនសុទ្ធតែមានសំឡេងខ្លាំងស្មើគ្នា មិនមានជនណាមួយដឹងថា អាត្មាអញជាបុគ្គលពាលឡើយ កាលបើសង្ឃកំពុងបែកគ្នា ក៏មិនមានជនណាមួយ ដឹងនូវហេតុដទៃ ឲ្យក្រៃលែងជាងនេះទៅទៀត ។ បរិមុដ្ឋា បណ្ឌិតាភាសា, វាចាគោចរភាណិនោ; យាវិច្ឆន្តិ មុខាយាមំ, យេន នីតា ន តំ វិទូ។ ពួកជនអ្នកភ្លេចស្មារតី មានអាការស្រដៀងនឹងបណ្ឌិត មានវាចាជាអារម្មណ៍ ចេះតែល្មោភនិយាយ តាមដែលខ្លួនចង់និយាយឲ្យតែរួចពីមាត់ មានគេដឹកនាំ ដោយជម្លោះណា ក៏នៅតែមិនស្គាល់នូវជម្លោះនោះឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ពៀររបស់ជនទាំងនោះ រមែងមិនស្ងប់រម្ងាប់បានឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ នុបនយ្ហន្តិ, វេរំ តេសូបសម្មតិ។ លុះតែពួកជនណា មិនចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ទើបពៀររបស់ជននោះ ស្ងប់រម្ងាប់បាន ។ ន ហិ វេរេន វេរានិ, សម្មន្តីធ កុទាចនំ; អវេរេន ច សម្មន្តិ, ឯស ធម្មោ សនន្តនោ។ ពៀរទាំងឡាយក្នុងលោកនេះ មិនស្ងប់រម្ងាប់ដោយពៀរក្នុងកាលណាម្តងឡើយ មានតែស្ងប់រម្ងាប់ ដោយមិនមានពៀរ នេះជាធម៌មានមកតាំងអំពីដើម ។ បរេ ច ន វិជានន្តិ, មយមេត្ថ យមាមសេ; យេ ច តត្ថ វិជានន្តិ, តតោ សម្មន្តិ មេធគា។ ពួកជនក្រៅពីបណ្ឌិត មិនដឹងច្បាស់ថា ពួកយើងនឹងដល់នូវសេចក្តីវិនាសក្នុងកណ្តាល សង្ឃនេះទេ បណ្តាជនទាំងនោះ លុះតែពួកជនណាដឹងច្បាស់ (យ៉ាងនេះថា ពួកយើងនឹងដល់នូវសេចក្តីវិនាស) ទើបកលហធម៌ គឺការឈ្លោះប្រកែកទាំងឡាយ ស្ងប់រម្ងាប់អំពីសម្នាក់ពួកជននោះទៅបាន ។ អដ្ឋិច្ឆិន្នា បាណហរា, គវាស្សធនហារិនោ; រដ្ឋំ វិលុម្បមានានំ, តេសម្បិ ហោតិ សង្គតិ; កស្មា តុម្ហាក នោ សិយា។ អម្បាលពួកជនដែលបានកាត់ឆ្អឹងគ្នា បានសម្លាប់គ្នា បានលួចយកគោ សេះ និងទ្រព្យ ប្លន់យកទាំងដែន គេគង់រួមគ្នាបាន ហេតុអ្វីក៏ពួកអ្នករួមគ្នាមិនបាន ។ សចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; អភិភុយ្យ សព្ពានិ បរិស្សយានិ, ចរេយ្យ តេនត្តមនោ សតីមា។ បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយ មានវិហារធម៌ដ៏ប្រពៃ គប្បីគ្របសង្កត់ នូវសេចក្តីអន្តរាយទាំងឡាយទាំងពួង ហើយមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសម្លាញ់នោះចុះ ។ នោ ចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; រាជាវ រដ្ឋំ វិជិតំ បហាយ, ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។ បើបុគ្គលមិនបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយគ្នា មានវិហារធម៌ដ៏ល្អទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចជាព្រះរាជាលះបង់ដែនដែលឈ្នះហើយ (ពុំនោះសោត) ដូចដំរីដ៏ប្រសើរ ដែលត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ ។ ឯកស្ស ចរិតំ សេយ្យោ, នត្ថិ ពាលេ សហាយតា; ឯកោ ចរេ ន បាបានិ កយិរា, អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។ ការត្រាច់ទៅម្នាក់ឯង ប្រសើរជាង (ព្រោះ) សហាយតាគុណមិនមានក្នុងបុគ្គលពាលទេ បុគ្គលគួរត្រាច់ទៅតែម្នាក់ឯង តែថាត្រូវជាអ្នកខ្វល់ខ្វាយតិច កុំធ្វើបាបទាំងឡាយឡើយ ដូចជាដំរីដ៏ប្រសើរ ដែលត្រាច់ទៅក្នុងព្រៃ ។ បទថា អដ្ឋិច្ឆិន្នា សេចក្ដីថា គាថានេះ ព្រះមានព្រះភាគត្រាស់សំដៅដល់ព្រះបាទព្រហ្មទត្ត និងទីឃាវុកុមារ ។ សូម្បីព្រះរាជាទាំងនោះក៏ត្រឡប់មកសាមគ្គីគ្នាបាន ។ ព្រោះហេតុអ្វី ពួកអ្នកដែលមិនបានកាត់ឆ្អឹងមាតាបិតារបស់គ្នា មិនបានសម្លាប់គ្នា មិនបានលួចទ្រព្យគ្នា មិនអាចនឹងសាមគ្គីគ្នាចឹង ។ ព្រះទសពលទ្រង់អធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអ្នកមានអាជ្ញាក៏នៅសាមគ្គីគ្នា ធ្វើនូវអាវាហវិវាហៈឲ្យជាសម្ព័ន្ធភាព ផឹកទឹក និងសោយភោជនជាមួយគ្នា ចំណែកពួកអ្នកបានបួស ក្នុងសាសនាដែលមានសភាពបែបនេះ ម្ដេចក៏មិនអាចនឹងលះបង់សូម្បីតែពៀរវេរារបស់ខ្លួន ភាវៈជាភិក្ខុរបស់ពួកអ្នក តើដូចម្ដេច ។ បទថា រាជាវ រដ្ឋំ វិជិតំ បហាយ សេចក្ដីថា គប្បីត្រាច់ទៅតែឯង ដូចព្រះបាទ មហាជនក និងព្រះបាទអរិន្ទមៈ ដែលលះបង់ដែនរបស់ខ្លួនហើយត្រាច់ទៅដូច្នោះ ។ បទថា មាតង្គរញ្ញេវ នាគោ សេចក្ដីថា ដំរីមាតង្គក្នុងព្រៃ ។ បទថា មាតង្គោ សេចក្ដីថា ជាឈ្មោះនៃដំរី ។ បទថា នាគោ សេចក្ដីថា ជាឈ្មោះនៃដីរីធំ ។ លោកអធិប្បាយថា ដំរីមាតង្គៈជាអ្នកចិញ្ចឹមមាតាត្រាច់ទៅតែឯងក្នុងព្រៃ យ៉ាងណា ដំរីសីលវហត្ថីមិនធ្វើបាបទាំងឡាយ យ៉ាងណា ដំរីបាលិលេយ្យកៈមិនធ្វើបាបទាំងឡាយត្រាច់ទៅតែឯង យ៉ាងណា អ្នកគប្បីមិនធ្វើបាប ហើយត្រាច់ទៅតែឯង ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដា សូម្បីត្រាស់យ៉ាងនេះហើយ កាលមិនអាចនឹងឲ្យភិក្ខុទាំងឡាយនោះសាមគ្គីគ្នាបាន ទើបយាងទៅកាន់ស្រុកពាលកលោណកៈ ហើយសម្ដែងអានិសង្សនៃភាពជាអ្នកត្រាច់ទៅតែឯង ដល់ព្រះភគុត្ថេរ បន្ទាប់មកព្រះអង្គក៏យាងទៅកាន់លំនៅរបស់កុលបុត្រទាំង ៣ សម្ដែងអានិសង្សនៃការនៅដោយសាមគ្គីដល់កុលបុត្រទាំងនោះ បន្ទាប់ពីនោះ យាងទៅព្រៃបាលិលេយ្យក៍ ហើយគង់នៅទីនោះអស់ ៣ ខែ ទ្រង់មិនមកនគរកោសម្ពីម្ដងទៀតឡើយ ស្ដេចយាងទៅកាន់ក្រុងសាវត្ថី ។ ចំណែកឧបាសកឧបាសិកាទាំងឡាយ អ្នករស់នៅនគរកោសម្ពីប្រឹក្សាគ្នាថា ភិក្ខុទាំងឡាយដែលនៅក្រុងកោសម្ពីនេះ ធ្វើមិនជាប្រយោជន៍ដល់ពួកយើងច្រើន ព្រះមានព្រះភាគត្រូវភិក្ខុទាំងឡាយនេះបៀតបៀនហើយទ្រង់យាងចេញទៅ ពួកយើងនឹងមិនធ្វើការអភិវាទជាដើម ដល់ភិក្ខុទាំងនេះ នឹងមិនឲ្យបិណ្ឌបាតដល់ភិក្ខុ ដែលចូលទៅបិណ្ឌបាត កាលធ្វើយ៉ាងនេះ ភិក្ខុទាំងនេះនឹងគេចទៅខ្លះ នឹងរម្ងាប់ពៀរខ្លះ នឹងឲ្យព្រះភគវន្តជ្រះថ្លាខ្លះ ប្រឹក្សាគ្នាដូច្នេះហើយ ក៏បាននាំគ្នាធ្វើយ៉ាងនោះ ។ ភិក្ខុទាំងនោះត្រូវឧបាសកឧបាសិកាទាំងឡាយបៀតបៀន ដោយទណ្ឌកម្មនោះហើយ បាននាំគ្នាទៅក្រុងសាវត្ថី ឲ្យព្រះមានព្រះភាគអត់ទោសឲ្យ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតថា បិតា សុទ្ធោទនមហារាជា អហោសិ បិតាបានមកជាព្រះសុទ្ធោទនមហារាជមាតា មហាមាយា មាតាបានមកជាព្រះនាងមហាមាយា ទីឃាវុកុមារោ បន អហមេវ អហោសិំ ចំណែកទីឃាវុកុមារ គឺ តថាគត នេះឯង ។ ចប់ កោសម្ពិយជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៧) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. |