Reading Article
Public date : 20, Jul 2020 (57,669 Read)
អរិយមគ្គមានអង្គ៨

|
ព្រះសទ្ធម្មចែកជា ៣ ប្រភេទគឺ
១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះត្រៃបិដកសំដែងអំពីគោលធម៌ របៀបបែបផែន ដំបូន្មាន ច្បាប់សម្រាប់ប្រតិបត្តិដែលពុទ្ធបរិស័ទត្រូវរៀនស្វាធ្យាយ ទ្រទ្រង់ បង្ហាត់បង្រៀន សំដែងប្រាប់ដល់អ្នកដទៃ, ២- បដិបត្តិធម៌ ធម៌សម្រាប់ប្រតិបត្តិប្រព្រឹត្តតាម បានដល់សីល សមាធិ បញ្ញា ឬសេចក្ដីប្រតិបត្តិតាមធ្វើតាមកាន់តាម នូវធម៌ដ៏សមគួរដល់ធម៌ដែលខ្លួនបានរៀន បានស្ដាប់ បានចេះដឹង ដើម្បីឲ្យដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ឲ្យសំរេចនូវធម៌ដែលខ្លួនមិនទាន់សំរេច ដើម្បីឲ្យជាក់ច្បាស់ ។ ៣- បដិវេធធម៌ ការត្រាស់ដឹង បានដល់កិរិយាបានសំរេច បានជាក់ច្បាស់ចាក់ធ្លុះនូវបរមត្ថៈ គឺមគ្គ ផល និព្វាន ដែលជាផលសំរេចអំពីការរៀនស្ដាប់ចេះដឹង នឹងប្រតិបត្តិនោះ ។ ![]() វេនេយ្យសត្វដូចអ្នកដំណើរ, ព្រះសម្មាសម្ពុទ្ធដូចអ្នកស្គាល់ផ្លូវ បង្ហាញផ្លូវត្រង់, បរិយត្តិធម៌ដូចជាផ្លូវត្រង់, បដិបត្តិធម៌ដូចជាដំណើរទៅតាមផ្លូវត្រង់នៃអ្នកដំណើរ, បដិវេធធម៌ដូចជាដំណើរទៅដល់កន្លែងដែលត្រូវទៅឲ្យដល់នៃអ្នកដំណើរ ។ ព្រះសទ្ធម្មទាំង ៣ ប្រភេទនេះ បណ្ឌិតគប្បីលើកយកអរិយមគ្គមានអង្គ ៨ មកពិនិត្យឲ្យយល់ច្បាស់ថាៈ ការរៀនចេះចាំបង្រៀនសំដែងនូវមគ្គ នោះជាបរិយត្តិ, ការប្រឹងប្រែងប្រតិបត្តិប្រព្រឹត្តតាមអង្គមគ្គ នោះជាបដិបត្តិ, ការបានសំរេចនូវអង្គមគ្គ នោះជាបដិវេធៈ ។ អរិយមគ្គមានអង្គ ៨ ១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ, ២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, ៣- សម្មាវាចា សំដីត្រូវ, ៤- សម្មាកម្មន្តៈ ការងារត្រូវ, ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ, ៦- សម្មាវាយាមៈ ព្យាយាមត្រូវ, ៧- សម្មាសតិ ការរលឹកត្រូវ, ៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ ។ ![]() ១-សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤ ១- ទុក្ខៈ ធម្មជាតដែលនាំឲ្យលំបាកព្រួយមានជាតិ ជរា មរណៈជាដើម, ២- ទុក្ខសមុទយៈ ហេតុបណ្ដាលឲ្យកើតទុក្ខបានដល់តណ្ហា, ៣- ទុក្ខនិរោធៈ ព្រះនិព្វានរំលត់តណ្ហាបណ្ដាលទុក្ខ, ៤- ទុក្ខនិរោធគាមិនីបដិបទា មធ្យមមាគ៌ានាំឲ្យទៅកាន់ទីរំលត់ទុក្ខ ។ ២-សម្មាសំង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ ១- នេក្ខម្មសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការចេញចាកកាម, ២- អព្យាទសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនព្យាបាទ, ៣- អវិហឹសាសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនបៀតបៀន។ ៣-សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ ១- មុសាវាទា វេរមណី ការវៀរចាកកិរិយាពោលកុហក, ២- បិសុណាយ វាចាយ វេរមណី ការវៀរចាកសំដីញុះញង់, ៣- ផរុសាយ វាចាយ វេរមណី ការវៀរចាកសំដីទ្រគោះ ៤- សម្ផប្បលាបា វេរមណី ការវៀរចាកកិរិយាពោលរឿងឥតប្រយោជន៍ ។ ![]() ៤-សម្មាកម្មន្តៈ ការងារត្រូវបានដល់ការវៀរចាក កាយទុច្ចរិត ៣ យ៉ាងគឺ ១- បាណាតិបាតា វេរមណី ការវៀរចាកកិរិយាបំបាត់ប្រាណសត្វ, ២- អទិន្នាទានា វេរមណី ការវៀរចាកការកាន់យកវត្ថុដែលគេមិនឲ្យ, ៣- កាមេសុមិច្ឆាចារា វេរមណី ការវៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ ៥-សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ, សម្រាប់គ្រហស្ថ បានដល់ការវៀរចាកជំនួញខុស កិរិយាលះបង់ការបំបាត់ដោយជញ្ជីងជាដើម ការធ្វើជាសាក្សីកោង, ការល្មោភសំណូក ហើយប្រកបអាជីវកម្ម ដោយវណិជ្ជកម្មដែលនាំឲ្យសេដ្ឋកិច្ចជាតិចំរើន, ដោយវិជ្ជាជីវៈ ដ៏យុត្តិធម៌, ដោយកសិកម្ម ជាឧត្តមកម្ម នឹងគោរក្ខកម្ម, សម្រាប់បព្វជិត បានដល់ការលះបង់មិច្ឆាអាជីវៈដោយអនេសនៈបាបធម៌ មានទូតកម្ម វេជ្ជកម្មជាដើម ការត្រាច់ទៅកាន់អគោចរដ្ឋាន ហើយចិញ្ចឹមជីវិតដោយភិក្ខាចរិយធម៌ដ៏ស្មើ ឬបច្ច័យដែលកើតឡើងតាមធម៌ ។ ៦-សម្មាវាយាមៈ ព្យាយាមត្រូវ បានដល់សម្មប្បធាន គឺការបង្កើតឆន្ទៈ ព្យាយាមប្រារព្ធ វីរិយៈ តាំងបធាន ផ្គងចិត្តៈ -ដើម្បីមិនឲ្យអកុសលធម៌លាមក មិនទាន់កើតឡើង កើតឡើងបាន, -ដើម្បីលះបង់នូវអកុសលធម៌លាមកកើតឡើងហើយ, -ដើម្បីឲ្យកុសលធម៌មិនទាន់កើតឡើង កើតឡើង, -ដើម្បីឲ្យកុសលធម៌កើតឡើងហើយ ឋិតនៅ មិនសាបសូន្យ ឲ្យចំរើនច្រើនឡើង ឲ្យចំរើនទូលំទូលាយ ឲ្យបរិបូណ៌ ។ ![]() ៧-សម្មាសតិៈ ការរលឹកត្រូវ បានដល់ សតិប្បដ្ឋាន ៤ គឺ ១- កាយានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិខ្ជាប់ខ្ជួនពិចារណារឿយៗ ក្នុងកាយ, ២- វេទនានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយៗ ក្នុងវេទនា. ៣- ចិត្តានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយៗ ក្នុងចិត្ត, ៤- ធម្មានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយៗ ក្នុងធម៌ ។ ៨-សម្មាសមាធិៈ សមាធិត្រូវ បានដល់ឈាន ៤ ដែលភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ចាកអកុសលធម៌ទាំងឡាយ ហើយបានសម្រេច គឺ ១- មឋមជ្ឈាន ប្រកបដោយ វិតក្កៈ វិចារៈ មានបីតិ សុខៈ កើតអំពីវិវេគ, ២- ទុតិយជ្ឈាន រម្ងាប់វិតក្កៈ វិចារៈ ថ្លាល្អខាងក្នុង មានឯកោទិភាពចិត្ត មានបីតិសុខកើតអំពីវិវេគ, ៣- តតិយជ្ឈាន ប្រាសចាកបីតិ មានសុខៈ នឹងឧបេក្ខា, ៤- ចតុត្ថជ្ឈាន លះបង់សុខនឹងទុក្ខ មិនមានសោមនស្សទោមនស្ស ជាអទុក្ខមសុខៈ មានសតិប្រកបដោយឧបេក្ខាដ៏បរិសុទ្ធ ។ បណ្ដាមគ្គទាំង ៨ -សម្មាទិដ្ឋិ ញ៉ាំងលោកឲ្យដឹងច្បាស់នូវ អនិច្ចតា ទុក្ខតា អនត្តតា, នូវសមុទ័យនៃលោកប្បញ្ហា គឺតណ្ហា, នូវឧបាយដោះនឹងកិរិយាដោះ, -សម្មាសង្កប្បៈ ឲ្យស្គាល់សមុដ្ឋានអសន្តិភាព គឺកាមៈ ព្យាបាទៈ វិហឹសា ហើយឲ្យសាងសន្តិភាពដោយកាមវិរតិ ព្រហ្មវិហារធម៌ ៤ ជាធម៌ស្ងួនលោក, -សម្មាវាចា ឲ្យមានសច្ចៈ មានសន្តិភាពសាមគ្គីអរិយធម៌ដោយវាចានឹងវាចាប្រកបដោយប្រយោជន៍, -សម្មាកម្មន្តៈ ឲ្យគោរពសិទ្ធិ សេរីភាព អធិបតេយ្យដែលមានសំរាប់កាយិកចេតសិកសុខជីវិត សវិញ្ញាណកាវិញ្ញាណកទ្រព្យ គ្រាមធម៌, -សម្មាអាជីវៈ ឲ្យប្រកបអាជីវកម្មដោយធម៌, -សម្មាវាយាមៈ ឲ្យលះបង់អាលស្យភាព (កំជិល) ដែលជាប្រធានអកុសលធម៌, -សម្មាសតិ ឲ្យមានសតិសម្បជញ្ញៈជានិច្ចថា “ លោកមានសមភាពទៅវិញទៅមក” ព្រោះលោកជាទឹក ដី ភ្លើង ខ្យល់ ឋិតនៅក្នុងអាណា អនិច្ចតា ទុក្ខតា អនត្តតា ដូចគ្នា ជាប់ចោទលោកប្បញ្ញាដូចគ្នា, -សម្មាសមាធិ ឲ្យមានចិត្តស្អាតផូរផង់ តាំងនៅមាំមួនចំពោះសត្វនឹងសង្ខារ ។ មគ្គទាំង ៨ នេះចាត់ចូលក្នុងសិក្ខាទាំង ៣ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ ចូលក្នុង អធិប្បញ្ញា សិក្ខា, សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូលក្នុង អធិសីល សិក្ខា, សម្មាវិយាមៈ សម្មាសតិ សម្មាសមាធិ ចូលក្នុង អធិចិត្ត សិក្ខា ។ ព្រះពុទ្ធសាសនា មានគោលធម៌ប៉ុណ្ណេះជាដើម ដែលជាពន្លឺបំភ្លឺលោក ឲ្យភ្លឺស្វាងចាកមហន្ធការគឺអវិជ្ជា ហើយឲ្យស្គាល់មធ្យោបាយសាងសន្តិភាពសម្រាប់សាកលលោក នឹងឯកន្តសន្តិភាព គឺសន្តិភាពសម្រាប់ខ្លួននាបច្ចុប្បន្ន អនាគត នឹងសន្តិភាព រួចចាកអណាលោករាជនឹងលោកប្បញ្ញានាអវសានជាតិ ។ រវាងសតវត្សទី ២៥ នៃពុទ្ធសករាជ, ពិភពលោកក្នុងកំឡុងកាំរស្មីអាទិត្យ ត្រូវលោកសង្គ្រាមគំរាមយ៉ាងខ្លាំង ព្រោះលោកខ្វះមនុស្សធម៌ ដល់គំរប់ ២៥០០ វស្សានៃពុទ្ធសករាជ ក៏មានចិត្តស្នេហាសន្តិភាពបាននាំគ្នាធ្វើបុណ្យរំលឹករយៈកាល ២៥០០ វស្សា ដើម្បីសន្តិភាព ប៉ុន្តែសន្តិភាពមិនមែនមានត្រង់អំនួតថា “ ខ្ញុំធ្វើពិធីនេះដែរ” ទេ ព្រោះដំណើរនោះជាអាកប្បកិរិយាក្លែងបន្លំក៏សឹងមាន សន្តិភាពឥតអាមិស មាននៅត្រង់ការប្រតិបត្តិតាមគោលនៃព្រះសទ្ធម្ម ៨ ដែលពោលមកហើយនោះពិត ៗ ។ បើលោកត្រូវការសន្តិភាព ស្រឡាញ់សន្តិភាព សូមអញ្ជើញធ្វើតាមគោលព្រះសទ្ធម្ម ៨ នោះចុះ ។ (ដកស្រង់ចេញពី ធម្មប្បជោត រៀបរៀងដោយព្រះមហា អ៊ុក អ៊ឺន ក្នុងទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥៨ ចុះផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ) ប្រភព ដោយ៥០០០ឆ្នាំ |