15
Monday, 06 Dec B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 18,527
Today
Yesterday 142,685
This Month 780,852
Total ២៣៦,១៩៦,២៧៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 12, Aug 2021 (581 Read)

ពាលបណ្ឌិតសូត្រ ទី៩ (តចប់)



Audio
 

អានខាងដើមអត្ថបទ

[១៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌ដោយអាការសព្វគ្រប់ ក៏កើតប្រាកដឡើង។ ក្សត្រិយ៍ ជាព្រះរាជាបានមុទ្ធាភិសេក ទ្រង់ទតឃើញហើយ ទើបទ្រង់ព្រះតម្រិះ ដូច្នេះថា អើអាត្មាអញ ក៏ធ្លាប់បានឮរឿងនេះមកហើយថា ក្សត្រិយ៍អង្គណា ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ ទាំងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង ព្រះរាជាអង្គនោះ នឹងបានជាស្តេចចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេចចក្រពត្តិហើយតើ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់ក្រោកចាកអាសនៈហើយ ទើបយកព្រះហស្តខាងឆ្វេង ចាប់កុណ្ឌី យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករតន៍ ហើយត្រាស់ថា ចក្ករតន៍ដ៏ចម្រើន ចូរអណ្តែតទៅ ចក្ករតន៍ដ៏ចម្រើន ចូរមានជ័យជំនះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ចក្ករតន៍នោះឯង ក៏អណ្តែតត្រសែត ទៅកាន់ទិសខាងកើត ទើបព្រះបាទចក្រពត្តិ ទ្រង់ស្តេចទៅតាមក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ព្រមទាំងចតុរង្គសេនា ក៏ចូលទៅតាំងព្រះរាជនិវេសន៍ ក្នុងប្រទេសនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកស្តេចណា ដែលជាសត្រូវ គង់នៅក្នុងទិសខាងកើត ព្រះរាជាទាំងនោះ ក៏ស្តេចចូលទៅគាល់ព្រះបាទចក្រពត្តិហើយ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រមហារាជ  ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជារបស់ព្រះអង្គហើយ បពិត្រមហារាជ   សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ក៏មានព្រះបន្ទូល យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករតន៍នោះ ក៏ចុះកាន់សមុទ្រទិសខាងកើត ហើយឆ្លងឡើង វិលទៅកាន់ទិសខាងត្បូង។បេ។ ចុះកាន់សមុទ្រទិសខាងត្បូង ហើយឆ្លងឡើង វិលទៅកាន់ទិសខាងលិច។បេ។ ចុះកាន់សមុទ្រទិសខាងលិច ហើយឆ្លងឡើង វិលទៅកាន់ទិសខាងជើង ព្រះបាទចក្រពត្តិ ក៏ស្តេចទៅតាមខាងក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន នៅក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ស្តេចក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ  ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ទ្រង់ក៏មានព្រះរាជឱង្ការ យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ពួកស្តេចណា ជាសឹកសត្រូវ ក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ តពីនោះមក ចក្ករតន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាព្រំប្រទល់ រួចត្រឡប់មកកាន់រាជធានីនោះវិញ ហើយឋិតនៅ (ក្នុងរបៀងនៃសាលាវិនិច្ឆ័យ) ទៀបទ្វារ នៃព្រះបរមរាជវាំង របស់ព្រះបាទចក្រពត្តិ (នៅនឹងថ្កល់) ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺទ្វារ ក្នុងព្រះបរមរាជវាំង នៃព្រះបាទចក្រពត្តិ (ឲ្យភ្លឺព្រោងព្រាត)។ ម្នាលភិក្ខុទាំងឡាយ ចក្ករតន៍បែបនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហត្ថិរតន៍ (ដំរីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (ដំរីកែវនោះ) ជាស្តេចដំរី ឈ្មោះ ឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈតូចធំ សមរម្យទាំងអស់។ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះព្រះបាទចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើ យានដំរីល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ ឯហត្ថិរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូរអង្វែងហើយ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលហត្ថិរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើហត្ថិរតន៍នោះ) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រានូវផែនដី មានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះក្រយារហារ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់។ ម្នាលភិក្ខុទាំងឡាយ ហត្ថិរតន៍ មានសភាពយ៉ាងនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អស្សរតន៍ (សេះកែវ) ក៏កើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ។ (អស្សរតន៍នោះ) ជាស្តេចសេះឈ្មោះ វលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃកក្អែក មានសក់ (សក្បុស) ដូចជាបណ្តូលស្មៅយ៉ាប្លង ជាសេះមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះស្តេចចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះ ល្អណាស់ហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អស្សរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាសេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូអង្វែងហើយ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលអស្សរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើអស្សរតន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រា ផែនដីដែលមានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះស្ងោយ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់។ ម្នាលភិក្ខុទាំងឡាយ អស្សរតន៍មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត មណិរតន៍ ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ មណិរតន៍នោះ ជាកែវពិទូរ្យ មានជាតិដ៏ល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ។  ម្នាលភិក្ខុទាំងឡាយ មណិរតន៍នោះឯង មានពន្លឺផ្សាយទៅ បានមួយយោជន៍ជុំវិញ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើល នូវមណិរតន៍នោះឯង មុនដំបូង ទ្រង់ប្រជុំអស់ចតុរង្គសេនាមក ហើយទ្រង់ស្ទួយកែវមណីឡើង ទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវី ទៅក្នុងទីងងឹតអព្ទក្នុងរាត្រី។ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំគាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារ ដោយសារពន្លឺ (កែវ) នោះឯង។ ម្នាលភិក្ខុទាំងឡាយ មណិរតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦២] ម្នាលភិក្ខុទាំងឡាយ តទៅទៀត ឥត្ថីរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ ត្រង់នយលក្ខណៈ លេខ១។] (ស្រីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ស្រីកែវនោះ មានរូបឆោមដ៏ល្អ គួរឲ្យអ្នកផងពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែងកន្លងហួសសម្បុរស្ត្រីមនុស្ស តែមិនដល់សម្បុរទិព្វទេ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្អូក) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលភិក្ខុទាំងឡាយ ឯឥត្ថីរតន៍នោះឯង ក្នុងរដូវត្រជាក់ មានខ្លួនក្តៅ ក្នុងរដូវក្តៅ មានខ្លួនត្រជាក់។ ម្នាលភិក្ខុទាំងឡាយ មិនតែប៉ុណ្ណោះសោត ឥត្ថីរតន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បល ផ្សាយចេញអំពីមាត់។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង ជាស្ត្រីតែងក្រោកឡើងមុន តែងអង្គុយក្រោយ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ នយលក្ខណៈ លេខ២។] យកចិត្តទុកដាក់ធ្វើការអ្វីៗ ប្រព្រឹត្តតម្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះហឫទ័យ របស់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង សូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លងស្តេចចក្រពត្តិទៅហើយ ម្តេចឡើយនឹងប្រព្រឹត្តកន្លងដោយកាយបាន។ ម្នាលភិក្ខុទាំងឡាយ ឥត្ថិរតន៍ មានសភាពយ៉ាងនេះឯង តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦៣] ម្នាលភិក្ខុទាំងឡាយ តទៅទៀត គហបតិរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៣ ត្រង់នយលក្ខណៈ លេខ១។] (គហបតីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ឯគហបតិរតន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាចមើលឃើញកំណប់ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតិរតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិ ក៏ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលគហបតិរតន៍នោះឯង មុនដំបូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរតន៍នោះ យ៉ាងនេះថា ម្នាលគហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់ និងមាស។ គហបតិរតន៍នោះ ក្រាបបង្គំទូលតបថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការតែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង គហបតិរតន៍នោះ លូកដៃទាំងពីរចុះទៅក្នុងទឹក ចាប់លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលស្តេចចក្រពត្តិថា បពិត្រមហារាជ ល្មមហើយដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើព្រះរាជកិច្ចបានហើយ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ខ្ញុំព្រះអង្គថ្វាយហើយ។ ស្តេចចក្រពត្តិ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ  ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ អ្នកឯងថ្វាយយើងហើយ។ ម្នាលភិក្ខុទាំងឡាយ គហបតិរតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦៤] ម្នាលភិក្ខុទាំងឡាយ តទៅទៀត បរិនាយករតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៤ ត្រង់នយលក្ខណៈ លេខ១។] (បរិនាយកកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (បរិនាយកកែវនោះ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចេញទៅ ឲ្យចេញទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបាន។ បរិនាយករតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិហើយ ទើបក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងប្រៀនប្រដៅថ្វាយ។ ម្នាលភិក្ខុទាំងឡាយ បរិនាយករតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ (៧ប្រការ) នេះឯង។ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង តើដូចម្តេចខ្លះ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ មានព្រះរូបល្អ គួរឲ្យអ្នកផងពិតពិលរមិលមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវីវណ្ណ ដ៏ល្អក្រៃលែង ជាងមនុស្សឯទៀត ក្នុងលោកនេះ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី១។

[១៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិមានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលយូរអង្វែង ក្រៃលែងជាងមនុស្សទាំងឡាយឯទៀត។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី២។

[១៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់មិនមានអាពាធ មិនមានទុក្ខ ប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី៣។

[១៦៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បិតាជាទីស្រឡាញ់ពេញចិត្ត នៃកូនទាំងឡាយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិដែរ។ ម្នាលភិក្ខុទាំងឡាយ កូនទាំងឡាយ ជាទីស្រឡាញ់ពេញចិត្ត នៃបិតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលមុនដម្បូង ទ្រង់ស្តេចទៅកាន់ទីឧទ្យាន ដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅគាល់ស្តេចចក្រពត្តិ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំស្តេចទៅ ដោយរួសរាន់ឡើយ សូមឲ្យយើងខ្ញុំព្រះអង្គ ឃើញព្រះអង្គ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចចក្រពត្តិ ទ្រង់ត្រាស់នឹងសារថីថា ម្នាលសារថី អ្នកកុំបររថទៅ ដោយរួសរាន់ឡើយ។ សុំឲ្យខ្ញុំឃើញព្រាហ្មណ៍ និងគហបតីទាំងឡាយ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ នេះផង ដោយឫទ្ធិ ៤យ៉ាង នេះផង តើទ្រង់សោយនូវសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និងឫទ្ធិនោះ ជាហេតុដែរឬអ្វី។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចចក្រពត្តិ សូម្បីប្រកបដោយរតនៈតែមួយៗ ក៏គង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ៤យ៉ាង (នោះ)។

[១៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់នូវដុំថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលតថាគត កំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្ត មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ៤យ៉ាង ទ្រង់សោយសេចក្តីសុខ សោមនស្សណា ព្រោះរតនៈ និងឫទ្ធិ៍នោះ ជាហេតុ។ សេចក្តីសុខនោះ ប្រៀបផ្ទឹមនឹងសេចក្តីសុខទិព្វ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង ក៏ដូច្នោះដែរ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ បើអំណើះកាលយូរអង្វែងទៅម្តងៗ ក៏មកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាលខ្លះ ត្រកូលព្រាហ្មណមហាសាលខ្លះ ត្រកូលគហបតីមហាសាលខ្លះ ជាត្រកូលស្តុកស្តម្ភ មាំមួន មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានប្រាក់មាសច្រើន មានគ្រឿងឧបករណ៍ច្រើន មានធញ្ញជាតជាទ្រព្យច្រើន។ មួយទៀត ជនជាបណ្ឌិតនោះ មានរូបល្អ គួរពិតពិលរមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អ ដ៏ក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ និងគ្រឿងប្រទីប។ ជនជាបណ្ឌិតនោះ តែងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ហើយដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។

[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកលេងល្បែងភ្នាល់ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះនោះ ឈ្មោះថា ជាការឈ្នះតែបន្តិចបន្តួចទេ។ ចំណែកជនជាបណ្ឌិតនោះ  ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះឯង ទើបឈ្មោះថា ការឈ្នះធំជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា បណ្ឌិតភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ពាលបណ្ឌិតសូត្រ ទី៩។

ពាលបណ្ឌិតសូត្រ ទី ៩ - បិដកភាគ ២៧ ទំព័រ ១៦១ ឃ្នាប ១៣៥
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 01, Dec 2021 (746 Read)
ភូមិចាលសូត្រ
Public date : 01, Dec 2021 (502 Read)
សាស្ដាជាអសព្វញ្ញូតែងពោលខុស
Public date : 23, Aug 2021 (785 Read)
ពាលបណ្ឌិតសូត្រ ទី៩
Public date : 01, Dec 2021 (577 Read)
ទោស ៥ យ៉ាង របស់បុគ្គលនិយាយច្រើន
Public date : 12, Sep 2021 (820 Read)
ឧបនេយ្យសូត្រ ទី៣
Public date : 12, Aug 2021 (917 Read)
មិត្តមិនគួរសេពគប់ ៤ យ៉ាង
Public date : 01, Dec 2021 (1108 Read)
ទេវទូតសូត្រ ទី១០
Public date : 09, Aug 2021 (433 Read)
សុវិទូរសូត្រ ទី៧
Public date : 12, Sep 2021 (805 Read)
ចង្កមសូត្រ ទី ៥
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...