ជីវប្រវត្តិ ព្រះឧត្តមមុនី អ៊ុម ស៊ូ
|
|
|
ព្រះឧត្តមមុនី អ៊ុម ស៊ូរ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាផ្នែកខាងព្រះអភិធម្មបរមត្ថ ដែលបានបំពេញកិច្ចការងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនា និងអក្សរសាស្ត្ររជាតិ ហើយមានព្រះកិត្តិនាមល្បីទូទៅទាំងក្នុងប្រទេស និងក្រៅប្រទេស។មិនតែប៉ុណ្ណោះថែមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដោយសារបានបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។ យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារ អ៊ុម ស៊ូរ កើតនៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៤៣៣ គ.ស.១៨៨០ វេលាម៉ោង៦ព្រឹក នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានបិតានាម ទេស និងមាតានាម អ៊ុម។ កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតា រហូតដល់ចេះមើលអានសរសរបាន។ អាយុ១៦ឆ្នាំ ចូលទៅស្នាក់នៅជាមួយនឹងព្រះគ្រូធម្មរតនវង្ស ទៀង ចៅអធិការវត្តសិរីសាគរស្រុកកំពង់ត្របែក ជាមេគណខេត្តបាភ្នំ ដែលសព្វថ្ងៃខេត្តនេះត្រូវបានទៅជាស្រុកវិញ។ រៀនធម៌វិន័យបាន១វស្សា ក៏បានបព្វជ្ជាជាសាមណេរក្នុងអាយុ១៧ឆ្នាំ។ សៀវភៅដដែលបានបញ្ជាក់ថា ក្នុងភាពជាសមណេររយៈពេល៣ព្រះវស្សា បានសិក្សាគម្ពីរនានា មានព្រះអភិធម្ម៧គម្ពីរជាដើម ចារសាស្ត្រាគ្រែ៣ ទន្ទេញចាំមាត់បាតិមោក្ខ។បន្ទាប់ពីព្រះធម្មរតនវង្ស ទៀង អនិច្ចធម្មទៅ សាមណេរ ស៊ូរ ខំចម្លងសាមណេរវិន័យមកចែកគ្នាសិក្សា និងរៀនសមណធម៌ពីគ្រូអាចារ្យប៉ែន ជាឧបាសក។លុះដល់ព្រះជន្នាយុ១៩ព្រះ បន្ទាប់ពីបានសឹកមកជាឧបាសកបានត្រឹមតែ២ឆ្នាំ គឺមកដល់អាយុ ២១ឆ្នាំពេញបរិបូរណ៍ ឧបាសក ស៊ូរ ក៏បានចូលមកឧបសម្បទាជាភិក្ខុក្នុងវត្តសិរីសាគរវិញ ដែលមានលោកគ្រូព្រហ្មសរោ ឃួន ចៅអធិការវត្តពោធិ៍លាស់ ជាព្រះឧបជ្ឈាយ៍ លោកគ្រូបញ្ញាសទ្ធម្មោ មាស ចៅអធិការវត្តសិរីសាគរ និងលោកគ្រូចន្ទកេសរោ ឃឹម វត្តពោធិ៍លាស់ ជាឧបសម្បទាចារ្យ ព្រះអង្គបានបំពេញជាភិក្ខុរួចមក ក្នុងវស្សាទី១ រៀនបាតិមោក្ខប្រែ ចតុប្បារិសុទ្ធិសីល នៅក្នុងវត្តកំណើត។ វស្សាទី២ និមន្តចេញទៅរៀនព្រះត្រៃបិដក មូលកច្ចាយនៈនៅខេត្តកំពង់ស្ពឺ ហើយវស្សាទី៣ និមន្តមកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀនមូលកច្ចាយនៈ។ មកដល់វស្សាទី៤និមន្តទៅរៀននៅវត្តសិរីសាគរដែលជាវត្តកំណើតវិញ និងជួយបង្ហាត់មូលច្ចាយនៈ និងធម្មបទអស់៣វស្សា។ក្នុងវស្សាទី៧ ទី៨ និងទី៩ ព្រះអង្គនិមន្តមកនៅភ្នំពេញវិញ រៀនមង្គលត្ថទីបនី វិសុទ្ធិមគ្គ គម្ពីរផ្សេងៗទៀត និងបឋមសាមន្តប្បាសាទិកា ជាដើម ពីសំណាក់អាចារ្យ អួន និងព្រះមហាវិមលធម្មថោង។ វស្សាទី១០ ដល់ទី១៦ ជាអាចារ្យបង្រៀននៅវត្តសិរីសាគរ ព្រមទាំងទទួលចំណាត់តាំងពីសម្តេចមហាសង្ឃរាជ និល ទៀង ឱ្យបង្ហាត់ធម៌ភាណវារៈដល់ភិក្ខុសាមណេរចំនួន២៨វត្តក្នុងខេត្តបាភ្នំ។ ក្នុងវស្សាទី១៧ ព្រះមហាវិមលធម្ម ថោង និមន្តឱ្យមកនៅភ្នំពេញវិញ បានតែងតាំងជាព្រះគ្រូវិមលប្បញ្ញាក្នុងឆ្នាំដែលរាជការតាំងសាលាបាលីជាន់ខ្ពស់ នៅវិហាព្រះកែវ។
|



