បញ្ហាលោកវជ្ជៈ
|
|
|
បច្ចុប្បន្ននេះ មានការនិយាយគ្នាច្រើនថា ភិក្ខុសង្ឃធ្វើបែបនេះអាបត្តិ បែបនោះជាអាបត្តិ ពីព្រោះជាលោកវជ្ជៈ គឺអ្វីដែលគេយល់ទាក់ទងនឹងពាក្យនេះ នឹងយល់ទៅទៀតថា ប្រសិនបើធ្វើអ្វីមួយហើយមនុស្សគេបន្ទោស នោះហើយគឺលោកវជ្ជៈ ការបន្ទោសរបស់មនុស្សលោក។ ការពិត សិក្ខាបទទាំងអស់ កាលបើបែងចែកដោយវជ្ជៈ (ទោស)មាន ២ ប្រភេទគឺ លោកវជ្ជៈ និង បញ្ញត្តិវជ្ជៈ។ លោកវជ្ជៈ ប្រែតាមសព្ទថា អាបត្តិដែលមានទោសប្រាកដក្នុងលោក (វិគ្គហៈ លោកេ វិទិតំ វជ្ជំ យស្សាតិ > លោកវជ្ជា)។ ពាក្យថា លោក ក្នុងទីនេះ មានន័យថា ក្នុងចំណោមមនុស្ស ពីព្រោះត្រូវអាបត្តិដោយចិត្តអកុសលចិត្តប៉ុណ្ណោះ។ សេចក្តីថា សិក្ខាបទដែលក្នុងពេលកំពុងប្រព្រឹត្តកន្លង ប្រសិនបើដឹងនូវវត្ថុដែលកំពុងល្មើស (គឺដឹងខ្លួនថាកំពុងធ្វើរឿងនោះៗ) ចិត្តនឹងជាអកុសលតែមួយប៉ុណ្ណោះ ប្រសិនបើមិនដឹងនូវវត្ថុដែលកំពុងល្មើស ចិត្តអាចជាកុសល ឬអកុសលក៏បាន ដូចជា មេថុនធម្មសិក្ខាបទ (ការសេពមេថុន ប្រសិនបើមានចេតនាសេពមេថុន គឺជាអកុសលយ៉ាងច្បាស់)។ រីឯ បញ្ញត្តិវជ្ជៈ ប្រែតាមសព្ទថា អាបត្តិដែលមានទោសគឺការប្រព្រឹត្តកន្លងនូវពុទ្ធបញ្ញត្តិ (វិគ្គហៈ បញ្ញត្តំ វីតិក្កមន្តំ វជ្ជំ យស្សាតិ > បញ្ញត្តិវជ្ជា)។ សេចក្តីថា សិក្ខាបទដែលក្នុងពេលកំពុងធ្វើការប្រព្រឹត្តកន្លង ប្រសិនបើដឹងនូវវត្ថុដែលកំពុងល្មើស ចិត្តអាចជាកុសលឬអកុសលក៏បាន។ ក្នុងករណីដែលមិនដឹងនូវវត្ថុដែលកំពុងល្មើសក៏ដូចគ្នា ដូចជា វិកាលភោជនសិក្ខាបទ (ការទទួលទានអាហារក្នុងវេលាវិកាល ទោះបីដឹងខ្លួនថាកំពុងទទួលទានអាហារក្នុងវេលាវិកាល ក៏ចិត្តមានឱកាសជាកុសលឬអកុសលបានដែរ)។ [សូមមើលការពន្យល់លម្អិតក្នុងកង្ខាវិតរណីអដ្ឋកថា ត្រង់ការពន្យល់មេថុនធម្មសិក្ខាបទ ព្រមទាំងដីកាជាដើម] ក្នុងចំណុចនេះ សម្ដៅដល់ ការដឹងនូវវត្ថុដែលកំពុងល្មើស មិនមែនសំដៅយកការដឹងពុទ្ធបញ្ញត្តិទេ ពីព្រោះប្រសិនបើដឹងពុទ្ធបញ្ញត្តិហើយ នៅតែធ្វើការបំពាន ចិត្តនឹងជាអកុសលយ៉ាងច្បាស់។ នេះចំពោះតែសិក្ខាបទប្រភេទលោកវជ្ជៈប៉ុណ្ណោះ រួមទាំងកិច្ចវត្តផ្សេងៗ រមែងមានដល់សាមណេរ គឺជាអ្វីដែលសាមណេរត្រូវប្រតិបត្តិ ដូចគ្នានឹងសិក្ខាបទ ១០ ដែរ (សូមមើល វិមតិវិនោទនីដីកាបន្ថែម)។ សរុបមក សិក្ខាបទប្រភេទដែលដឹងខ្លួនក្នុងពេលកំពុងធ្វើ ចិត្តនឹងជាអកុសលយ៉ាងច្បាស់ គឺរាប់ជាលោកវជ្ជៈ, សិក្ខាបទដែលទោះបីដឹងខ្លួនក្នុងពេលកំពុងធ្វើ ចិត្តក៏អាចជាកុសល ឬអកុសលក៏បាន រាប់ជាបញ្ញត្តិវជ្ជៈ។ សិក្ខាបទណាជាលោកវជ្ជៈ សិក្ខាបទណាជាបញ្ញត្តិវជ្ជៈ សុទ្ធតែមានបញ្ជាក់ទុកដោយផ្ទាល់ក្នុងសិក្ខាបទនោះៗរួចហើយ មិនមែនជាអ្វីដែលនរណាម្នាក់អាចទៅកំណត់យកដោយខ្លួនឯងបានឡើយ (មិនចេះតែចោទបានឡើយ)។ កាលបើមានរឿងអំពីភិក្ខុសាមណេរកើតឡើង គួរតែប្រៀបធៀបទៅនឹងសិក្ខាបទដែលពាក់ព័ន្ធ រួមទាំងបទភាជនីយ៍ (ការពន្យល់ក្នុងសិក្ខាបទ) អនាបត្តិ (មូលហេតុដែលធ្វើឲ្យមិនត្រូវអាបត្តិ) អង្គអាបត្តិ និងការពន្យល់នៃសិក្ខាបទនោះក្នុងការវិនិច្ឆ័យ ពីព្រោះប្រសិនបើមិនបានសិក្សាព្រះវិន័យឲ្យបានជ្រៅជ្រះទេ ក៏អាចក្លាយទៅជាការបន្ទោសអ្នកដែលគួរសរសើរ ឬសរសើរអ្នកដែលគួរបន្ទោសបាន ដូចឧទាហរណ៍រឿងពួកភិក្ខុក្រុមរបស់ព្រះអស្សជិ និងព្រះបុនព្វសុកៈ ដែលបានទៅប្រចិបប្រចុបគ្រហស្ថក្នុងក្រុងកីដាគិរីជាដើម។៚ ដោយ៥០០០ឆ្នាំ |

