សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (2013)
    Public date : 11, May 2024 (5,042 Read)
    តិលមុដ្ឋិជាតក (គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច) ព្រះបរមសាស្តាកាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពនទ្រង់ប្រារព្ធភិក្ខុមួយអង្គ​ដែលច្រើនទៅដោយសេចក្តីក្រោធទើបត្រាស់រឿងនេះមានព្រះបាលីថាអជ្ជាបិមេតំមនសិដូច្នេះជា​ដើម។បានស្តាប់មកថាមានព្រះភិក្ខុ១អង្គលោកច្រើនទៅដោយសេចក្តីក្រោធនិងសេចក្តីចង្អៀតចង្អល់​ចិត្តគ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួចក៏ខឹងក្រោធភ្លាមធ្វើការប្រទូសរ៉ាយនិងការអន់ចិត្តឲ្យប្រាកដ។ ក្រោយមកថ្ងៃមួយភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថាលោកដ៏មានអាយុទាំង​ឡាយភិក្ខុអង្គនោះជាបុគ្គលច្រើនដោយសេចក្តីក្រោធនិងសេចក្តីចង្អៀតចង្អល់ចិត្តពេលក្រោធម្តងៗមានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រានដូច្នោះឯង។លោកបួសក្នុងព្រះសាសនាដែលប្រដៅ​​មិនឲ្យក្រោធជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាងប៉ុន្តែសូម្បីគ្រាន់​តែ​សេច​​ក្តីក្រោធ​ប៉ុណ្ណោះក៏មិនអាចគ្របសង្កត់បាន។ ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្ម​សភា​​ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយព្រះអង្គត្រាស់ឲ្យភិក្ខុ១អង្គទៅនិមន្តភិក្ខុដែលច្រើន​ទៅដោយសេចក្តីក្រោធនោះមកកាលដែលលោកនិមន្ត​មកដល់ហើយទ្រង់ត្រាស់សួរថាម្នាលភិក្ខុមានដំណឹងថាលោកជាបុគ្គលក្រោធងាយពិតមែនឬ?កាលដែលភិក្ខុអង្គនោះក្រាបទូលការពិតហើយព្រះអង្គទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយមិន​មែន​តែ​ក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ​។កាលដែលភិក្ខុទាំងឡាយទូលអារាធនាទើបព្រះភគវានាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ៖ ក្នុងអតីតកាលគ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសីឱរសរបស់ព្រះបាទព្រហ្ម​ទត្ត​នោះមាននាមថាព្រហ្មទត្តកុមារ។ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រព្រះរាជាក្នុងគ្រាមុនៗសូម្បី​​មានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយក្រៅពីនគររបស់ខ្លួនដែរ។ដែលធ្វើយ៉ាងនេះមកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថាព្រះរាជបុត្រទាំងនោះនឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផងនិងជាអ្នកចេះមាន​សេច​​ក្តី​អត់ធន់ចំពោះក្តៅរងាផងព្រមទាំងនឹងបានដឹងនូវប្រពៃណីទំនៀមទម្លាប់របស់មនុស្សក្នុងលោក​ផង​ដែរ។ ព្រោះហេតុដូច្នោះទើបព្រះបាទព្រហ្មទត្តត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រដែលមានព្រះជន្ម​វ​ស្សា១៦ឆ្នាំឲ្យចូលមកគាល់ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូឆត្រស្លឹកឈើមួយនិងទ្រព្យ១ពាន់កហាបណៈព្រមទាំងត្រាស់ប្រាប់ថាបុត្រចូរទៅកាន់នគរតក្កសិលាប្រឹងប្រែងសិក្សាយកនូវសិល្ប៍​សាស្ត្រមក។ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ។ព្រហ្មទត្តកុមារក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយក៏ដោះស្បែកព្រះបាទនិងដោះឆត្រចូលទៅសំពះលោកអាចារ្យរួចឈរក្នុងទីដ៏សមគួរ។ កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈនិងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារចំណែកព្រះរាជកុមារក៏រៀនយកនូវសិល្ប៍​សាស្ត្រ​ដោយការតាំងចិត្ត។ថ្ងៃមួយព្រហ្មទត្តកុមារនិងសិស្សទាំងឡាយទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យគ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាលទាំងដែលនៅអង្គុយ​ចាំមើលទៀតផងព្រហ្មទត្តកុមារឃើញគ្រាប់ល្ងដែលយាយហាលក៏នឹកចង់បរិភោគទើបចាប់​យក​មួយក្តាប់ដៃមកទំពាបរិភោគស្ត្រីចាស់ជរាគិតថាមាណពនេះចង់បរិភោគទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ។ថ្ងៃបន្ទាប់មកទៀតព្រះរាជកុមារនោះក៏បានធ្វើយ៉ាងនោះទៀតសូម្បីស្ត្រីចាស់​ជរា​ក៏មិនបានពោលថាអ្វីដែរនៅស្ងៀមជាលើកទី២។ លុះដល់ថ្ងៃទី៣ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀតលើកនេះស្ត្រីចាស់ជរាមិនអាចទ្រាំបានគាត់ស្រែកយំហើយពោលរៀបរាប់ថាអាចារ្យទិសាបាមោក្ខប្រើឲ្យសិស្សរបស់​ខ្លួនប្លន់យើង។អាចារ្យត្រឡប់មកសួរថាតើមានរឿងអ្វីលោកយាយ។ស្ត្រីចាស់ជរាពោលថាលោក​អាចារ្យសិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ម្សិលមិញមួយក្តាប់ម្សិលម្ង៉ៃមួយក្តាប់បើសិស្សលោកអាចារ្យស៊ីល្ងរបស់ខ្ញុំយ៉ាងនេះទោះជាគ្រាប់ល្ងរបស់ខ្ញុំមានប៉ុន្មានក៏មិនសល់ដែរ។អាចារ្យទិសាបាមោក្ខពោលថាសូមលោកយាយឈប់យំទៅណ៎ា!ចាំខ្ញុំសងតម្លៃល្ងដល់លោក​យាយ​។ ស្ត្រីចាស់ជរាពោលថាខ្ញុំមិនត្រូវការតម្លៃអ្វីទេខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោកកុំឲ្យថ្ងៃក្រោយ​ធ្វើអ៊‍ីចឹងទៀត។អាចារ្យពោលថាមិនអីទេលោកយាយសូមលោកយាយកុំព្រួយលោកយាយចាំមើលណ៎ា!ភ្លាមនោះលោកអាចារ្យបានឲ្យមាណពពីរនាក់ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ៣រំពាត់ព្រមទាំងពោលប្រដៅថាអ្នកកុំធ្វើយ៉ាងនេះតទៅទៀត។ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យមានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់។ ព្រះរាជកុមារប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ទាំងមានគំនុំទុកក្នុងហឫទ័យដោយចងអាឃាតថាយើងនឹងសម្លាប់អាចារ្យនេះនៅពេលដែលយើងបានសោយរាជ្យ។ដល់ពេលដែលត្រូវចាក​ចេញទៅកាន់ព្រះនគរវិញព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យធ្វើដូចជាមានសេចក្តីស្រឡាញ់និងដឹងគុណគ្រូអាចារ្យណាស់បានពោលផ្តាំថាបពិត្រលោកអាចារ្យកាលណាដែលខ្ញុំបាននូវ​រាជ​សម្បត្តិក្នុងព្រះនគរពារាណសីខ្ញុំនឹងបញ្ជូនដំណឹងមកកាលនោះសូមលោកអាចារ្យអញ្ជើញទៅកុំខានឲ្យសោះពោលផ្តាំរួចហើយក៏ចាកចេញទៅ។ ព្រហ្មទត្តកុមារធ្វើដំណើរដល់ក្រុងពារាណសីបានចូលទៅថ្វាយបង្គំព្រះជនកព្រះជននីហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ។ព្រះរាជាត្រាស់ថាយើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎!ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិទើបទ្រង់ស្ថាបនាព្រះរាជបុត្រឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ។កាលបានគ្រងសិរីរាជសម្បត្តិហើយក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើ​មក​លើព្រះអង្គកាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលាស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរាទើប​ចាត់ការបញ្ជួនទូតទៅដោយតាំងព្រះហឫទ័យថាយើងនឹងសម្លាប់អាចារ្យនោះ។ លោកគ្រូអាចារ្យបានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយក៏គិតថាក្នុងពេលដែលព្រះ​រាជា​នៅក្មេងដូច្នេះយើងមិនអាចឲ្យទ្រង់យល់បានឡើយគិតហើយគាត់ក៏មិនបានទៅក្នុងពេលនោះដែរ។លុះដល់វេលាដែលព្រះរាជានោះចូលដល់មជ្ឈិមវ័យហើយទើបលោកគ្រូអាចារ្យគិតថាឥឡូវនេះយើង​អាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បានទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសីហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំងឲ្យគេក្រាបទូលថាអាចារ្យពីនគរតក្កសិលាមកហើយ។ ព្រះរាជាទ្រង់​សោមនស្សត្រេកអរបង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមកគ្រាន់តែទ្រង់ទតព្រះនេត្រឃើញ​លោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាមទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហមហើយ​ត្រាស់ហៅអាមាត្យទាំងឡាយមកថានែអាមាត្យទាំងឡាយ!អាចារ្យនេះហើយវាយយើងឲ្យបែក​ខ្នងនៅស្នាមរហូតដល់សព្វថ្ងៃឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថាអាត្មាអញនឹងស្លាប់ក្នុងថ្ងៃនេះ។ រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យដោយគាថាដែលមានសេច​ក្តី​ថាអ្នកឲ្យគេចាប់យើងត្រង់ដើមដៃហើយអ្នកវាយយើងដោយរំពាត់ព្រោះហេតុតែល្ងមួយក្តាប់ការវាយយើងដោយរំពាត់ព្រោះហេតុតែល្ងមួយក្តាប់ការវាយនោះប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ម្នាលព្រាហ្មណ៍អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬទើបបានជាមករកយើងដល់ទីនេះអំពើដែលអ្នកឲ្យគេចាប់​ដៃ​យើង​ម្ខាងម្នាក់ហើយអ្នកបានវាយយើងដល់ទៅ៣រំពាត់នោះនឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះ​ឯង​។លោកគ្រូអាចារ្យបានស្តាប់ហើយទើបពោលគាថាដូច្នេះថា៖ អរិយោអនរិយំកុព្ពន្តំយោទណ្ឌេននិសេធតិ សាសនំតំនតំវេរំឥតិនំបណ្ឌិតាវិទូ។ អរិយជនណាហាមឃាត់នូវបុគ្គលមិនប្រសើរមានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់អំពើរបស់​អរិយជននោះរាប់ថាជាការប្រៀនប្រដៅគឺមិនមែនជាពៀរឡើយបណ្ឌិតទាំងឡាយរមែងដឹងច្បាស់​នូវហេតុនោះដូច្នេះឯង។ បពិត្រមហារាជព្រោះហេតុនោះសូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះព្រះអង្គមិនគួរសាងកម្ម​ពៀរ​ក្នុងសភាពបែបនេះឡើយ។ប្រសិនបើក្នុងកាលនោះទូលព្រះបង្គំមិនបានទូន្មានប្រៀនប្រដៅព្រះ​អង្គ​ទេបន្តមកទៀតទ្រង់នឹងលួចនំលួចស្ករក្រួសនិងផ្លែឈើជាដើមម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរ​កម្ម​ផ្សេងៗរហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវសម្លាប់អ្នកស្រុកទីបំផុតត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជាទ្រង់នឹងទទួលនូវភ័យគឺអាជ្ញាដោយព្រះតម្រាស់ថាពួកអ្នកចូរដាក់អាជ្ញាឲ្យសមគួរដល់ទោសរបស់ចោរនេះដូច្នោះតើសម្បត្តិមានសភាពបែបនេះនឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅតាមពិតទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះក៏ព្រោះអាស្រ័យទូល​ព្រះបង្គំ​ជា​ខ្ញុំហ្នឹងឯងមិនមែនទេឬ?លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង។ ក្នុងពេលនោះអាមាត្យទាំងឡាយដែលឈរនៅជុំវិញបានស្តាប់ពាក្យលោកគ្រូអាចារ្យហើយទើបក្រាប​ទូលថាព្រះករុណាថ្ងៃវិសេសពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ភាពជាធំនេះគឺជា​របស់លោកអាចារ្យរបស់ព្រះអង្គដោយពិត។ខណៈនោះព្រះរាជាទ្រង់កំណត់បានទ្រង់ដឹងគុណលោក​គ្រូអាចារ្យទើបត្រាស់ថាបពិត្រលោកអាចារ្យខ្ញុំសូមជូននូវភាពជាធំនេះដល់លោកសូមលោកទទួលនូវរាជសម្បត្តិនេះចុះ។លោកគ្រូអាចារ្យបដិសេធថាទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ។ ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលាឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមកហើយ​ទ្រង់ប្រទានឥស្សរិយយសដ៏ធំដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯងក្នុងតំណែងជាបុរោ​ហិតនិងតាំងទុកក្នុងឋានៈជាបិតា។ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិតបំពេញបុណ្យទាំង​ឡាយ​មានទានជាដើមនិងមានសុគតិភពប្រព្រឹត្តទៅខាងមុខ។ ព្រះបរមសាស្តាកាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះមកសម្តែងរួចហើយព្រះអង្គទ្រង់​ប្រកាសចតុរារិយសច្ចនិងប្រជុំជាតក។ក្នុងវេលាចប់សច្ចកថាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធបានតាំងនៅក្នុងអនាគាមិផលបរិស័ទដទៃៗបានជាព្រះសោតាបន្ននិងព្រះសកទាគាមី។ព្រះ​រាជាក្នុងគ្រានោះបានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង ចំណែក​លោកគ្រូអាចារ្យគឺបានមកជាតថាគត៕ (អដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកតិកនិបាតសង្កប្បវគ្គបិដកលេខ៥៨ទំព័រ១៣៩) ដោយ៥០០០ឆ្នាំ
    Public date : 11, May 2024 (11,054 Read)
    ព្រះបរមសាស្តាកាលទ្រង់គង់នៅវត្តជេតពនទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរត្រាស់ព្រះធម្មទេសនានេះមាន​ពាក្យផ្តើមថាអសព្វត្ថគាមិំវាចំដូច្នេះជាដើម។បានឮថាព្រះថេរៈនោះកាលពោលធម៌មិនដឹងធម៌ដែល​គួរនិងមិនគួរថាក្នុងទីនេះគួរពោលធម៌នេះក្នុងទីនេះមិនគួរពោលធម៌នេះក្នុងមង្គលការក៏ពោល​អវ​មង្គលធ្វើការអនុមោទនាអវមង្គលថាតិរោកុដ្ដេសុតិដ្ឋន្តិ,សន្ធិសិង្ឃាដកេសុចពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំងជិតទា្វរក្រុងនិងទ្វារផ្ទះជាដើម។លុះដល់អវមង្គលក៏ធ្វើការអនុមោទ​នា​ថាពហូទេវាមនុស្សាច,មង្គលានិអចិន្តយុំទេវតានិងមនុស្សទាំងឡាយជាច្រើនបានគិតរកនូវមង្គលទាំងឡាយជាដើមហើយពោលដដែលៗថាសូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន១រយដង១ពាន់ដងចុះ។ ថ្ងៃមួយភិក្ខុទាំងឡាយលើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថាម្នាលអ្នកមានអាយុទាំងឡាយព្រះលោឡុទាយិត្ថេរមិនដឹងធម៌ដែលគួរនិងមិនគួរពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង។ព្រះបរមសាសា្តស្តេចយាងមកទ្រង់ត្រាស់សួរថាម្នាលភិក្ខុទាំងឡាយអម្បាញ់មិញនេះអ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី?កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់ថាម្នាល​ភិក្ខុ​ទាំងឡាយមិនមែនតែពេលនេះទេដែលលោឡុទាយីនេះមិនឈ្លាសវៃកាលពោលធម៌ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះសូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាលចម្រើនវ័យហើយរៀនសព្វសិល្បវិទ្យាក្នុងនគរតក្កសិលាបាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសីបង្រៀនសិល្បវិទ្យាដល់មាណព៥០០រូប។គ្រានោះបណ្តា​មាណពទាំងនោះមានមាណពម្នាក់មិនឈ្លាសវៃ(បញ្ញាទន់ខ្សោយ)និយាយផ្តេសផ្តាសជាធម្មន្តេ​វា​សិក(សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ)ប៉ុន្តែមិនអាចរៀនបាន(រៀនមិនចេះ)ព្រោះជាអ្នកអាប់ឥតប្រាជ្ញាប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ។​ថ្ងៃមួយព្រះពោធិសត្វបរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែពោលនឹងមាណពដែលមកច្របាច់ដៃជើងនិងខ្នងថានែអ្នកដ៏ចម្រើនអ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិនសឹមទៅ។ មាណព​កល់ជើងគ្រែម្ខាងហើយមិនមានអ្វីកល់ជើងគ្រែម្ខាងទៀតក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់។ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹកឃើញមាណពនោះក៏សួរថានែអ្នកដ៏ចម្រើនអ្នកអង្គុយ​ធ្វើអ្វី?មាណពឆ្លើយថាបពិត្រលោកអាចារ្យខ្ញុំរកអ្វីកល់ជើងគ្រែមិនមានទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ។ព្រះបរមពោធិសត្វសង្វេគគិតថាមាណពនេះមានឧបការៈគុណចំពោះអញក្រែ​លែ​ង​ណាស់ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះមាណពនេះល្ងង់ជាងគេរៀនសិល្បៈមិនចេះធ្វើដូចម្តេចហ្ន៎ទើបធ្វើឲ្យមាណពនេះឈ្លាសវែបានលុះគិតដូច្នោះហើយក៏មានគំនិតថាមានឧបាយមួយអញចាំ​សួរមាណពនេះពេលដែលមាណពនេះទៅរកឧសរកបន្លែមកថាថ្ងៃនេះអ្នកឃើញអ្វី?អ្នកធ្វើអី្វ? កាលបើដូច្នោះមាណពនេះនឹងប្រាប់អញថាថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះធ្វើកិច្ចនេះពេលនោះអញនឹងសួរថាកន្លែងដែលអ្នកឃើញកន្លែងដែលអ្នកធ្វើនោះដូចអ្វី?មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថាយ៉ាងនេះដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយនឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃបានដោយឧបាយនេះ(គិតដូច្នេះហើយ)ទើបហៅមាណពនោះមកប្រាប់ថានែមាណពចាប់ពីពេលនេះទៅក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះអ្នកបានឃើញបានបរិ​ភោគ​បានផឹកឬបានទំពាវត្ថុណាក្នុងទីនោះពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង។ មាណពនោះយល់ព្រមថាប្រពៃហើយលោកអាចារ្យ។ថ្ងៃមួយមាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយឃើញពស់ក្នុងព្រៃពេលត្រឡប់មកវិញប្រាប់អាចារ្យថាបពិត្រលោកអាចារ្យខ្ញុំឃើញ​ពស់។អាចារ្យ​សួរថានែមាណពដែលឈ្មោះថាពស់ដូចអ្វី?មាណពឆ្លើយថាដូចដងនង្គ័ល។អាចារ្យ​ត្រេកអរថាល្អហើយល្អហើយមាណពឧបមាដែលអ្នកនាំមកថាពស់ដូចដងនង្គ័លជាទីពេញចិត្ត​យើង​​ហើយ។គ្រានោះព្រះបរមពោធិសត្វត្រិះរិះថាឧបមាគួរពេញចិត្តមាណពនាំមកបានអញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន។ថ្ងៃមួយមាណពនោះបានឃើញដំរីក្នុងព្រៃក៏មកប្រាប់ថាបពិត្រលោកអាចារ្យ​ខ្ញុំឃើញដំរី។អាចារ្យសួរថាដំរីដូចអ្វី?មាណពឆ្លើយថាក៏ដូចដងនង្គ័លដែរ។ ព្រះបរមពោធិសត្វគិតថាប្រមោយដំរីក៏ងដូចដងនង្គ័លអវយវៈដទៃៗដូចជាភ្លុកជាដើមអាចមានរូប​រាង​ដូច្នេះបានប៉ុន្តែមាណពនេះមិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ប្រហែលនិយាយសំដៅយកប្រមោយ​ដំរីហើយក៏នៅស្ងៀម។ថ្ងៃមួយមាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅក៏​មក​​ប្រាប់ថាបពិត្រលោកអាចារ្យថ្ងៃនេះខ្ញុំបានបរិភោគអំពៅ។កាលអាចារ្យសួរថាអំពៅដូចអ្វី?ក៏ពោល​ថាដូចដងនង្គ័ល។ព្រះបរមពោធិសត្វគិតថាមាណពនេះពោលហេតុផលសមគួរបន្តិចហើយក៏នៅ​​ស្ងៀម។ថ្ងៃមួយទៀតក្នុងទីដែលបានទទួលអញ្ជើញមាណពពួកខ្លះបានបរិភោគស្ករអំពៅនិងទឹក​ដោះ​ជូរពួកខ្លះបរិភោគស្ករអំពៅនិងទឹកដោះស្រស់។ មាណព​នោះមកដល់កន្លែងវិញប្រាប់អាចារ្យថាបពិត្រលោកអាចារ្យថ្ងៃនេះខ្ញុំបរិភោគទឹកដោះជូរផងទឹក​ដោះស្រស់ផងកាលត្រូវអាចារ្យសួរថានែមាណពទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី?ក៏ឆ្លើយថាដូច​ដងនង្គ័ល។ព្រះបរមពោធិសត្វពោលថាមាណពនេះកាលពោលថាពស់ដូចដងនង្គ័លពោលបានត្រឹម​ត្រូវសូម្បីពោលថាដំរីដូចដងនង្គ័លក៏អាចពោលបានដោយសំដៅយកប្រមោយសូម្បីដែលពោល​ថា​អំពៅដូចដងនង្គ័លក៏នៅសមគួរប៉ុន្តែទឹកដោះជូរទឹកដោះស្រស់ពណ៌សជានិច្ចទ្រទ្រង់ខ្លួនដោយភាជនៈ​មិនគួរនឹងពោលឧបមាក្នុងរឿងនេះបានដោយប្រការទាំងពួងអញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ​សិក្សាបានទើបពោលគាថានេះថា អសព្ពត្ថគាមិំវាចំ,ពាលោសព្ពត្ថភាសតិ; នាយំទធិំវេទិននង្គលីសំ,ទធិប្បយំមញ្ញតិនង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចាដែលមិនគួរពោលគ្រប់យ៉ាងបានក្នុងទីទាំងពួងមាណពនេះមិនស្គាល់ទឹកដោះជូរមិនស្គាល់ដងនង្គ័លឡើយទើបសម្គាល់នូវទឹកដោះជូរនិងទឹកដោះស្រស់ថាដូចដងនៃនង្គ័លទៅវិញ។ ក្នុងគាថានោះមានសេចក្តីសង្ខេបដូច្នេះថាវាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះបុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើដូចត្រូវសួរថាទឹកដោះជូរដូចអ្វី?ក៏ឆ្លើយភ្លាមថាដូចដងនង្គ័លកាលពោលយ៉ាងនេះព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់។សួរថាព្រោះហេតុអ្វី?ឆ្លើយថាព្រោះថាសូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជាដង​នង្គ័ល​បាន។ន័យម៉្យាងទៀតព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថាដូចដងនង្គ័លមាណពនេះ​ល្ងង់ដល់កម្រិតនេះព្រះបរមពោធិសត្វគិតថាប្រយោជន៍អ្វីដោយមាណពនេះទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះឲ្យត្រឡប់ទៅផ្ទះវិញ។ ព្រះបរមសាស្តាទ្រង់នាំយកព្រះធម្មទេសនានេះមកហើយទ្រង់ប្រជុំជាតកថាតទាលាឡកមាណវោលាឡុទាយីអហោសិមាណពល្ងង់ក្នុងកាលនោះបានមកជាលោឡុទាយី។ទិសាបាមោក្ខោអាចរិយោបនអហមេវអហោសិំចំណែកអាចារ្យទិសាបាមោក្ខគឺតថាគតនេះឯង៕ ចប់នង្គលីសជាតក។(ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកឯកកនិបាតកុសនាឡិវគ្គបិដកលេខ៥៨ទំព័រ៥៥) ដោយ៥០០០ឆ្នាំ
    Public date : 11, May 2024 (10,922 Read)
    (ក្អែកជាសត្វមិនមានខ្លាញ់រាវ)ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធញាតត្ថចរិយាគឺការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិបានត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថានិច្ចំឧព្វិគ្គហទយាដូច្នេះជាដើម។រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតកទ្វាទសកនិបាត។ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក។ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរផាត់ម្សៅតែងកាយប្រដាប់​កម្រងផ្កាស្លៀកសំពត់សមនឹងយសសក្តិកំពុងធ្វើដំណើរចូលនគរ។នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះបណ្តាក្អែកទាំងពីរនោះក្អែកមួយនិយាយនឹងក្អែកមួយទៀតថានែសម្លាញ់ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ។ ក្អែកមួយទៀតជំទាស់ថាអ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយព្រាហ្មណ៍នេះជាអ្នកធំធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជនអ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែងណាស់ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយនឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន។ក្អែកមួយនោះពោលថាខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន។ក្អែកមួយទៀតពោលថាបើយ៉ាងនោះអ្នកនឹងបានដឹងខ្លួនឯងហើយក៏ហើរចៀសចេញទៅ។ក្អែកមួយនោះពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយក៏ធ្វើជាបន្ទន់ខ្លួនចុះហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ។ព្រាហ្មណ៍ក្រោធចងពៀរនឹងហ្វូងក្អែក។ គ្រានោះទាសីបម្រើខាងបុកអង្ករម្នាក់យកស្រូវហាលនៅក្បែរផ្ទះអង្គុយយាមរួចក៏ដេកលក់ទៅពពែ​រោម​វែង​មួយដឹងថាទាសីនោះធ្វេសប្រហែសក៏មកស៊ីស្រូវទាសីនោះភ្ញាក់ឡើងឃើញពពែក៏ដេញទៅពពែលួចមកស៊ីស្រូវពេលដែលទាសីនោះដេកលក់យ៉ាងនោះឯងអស់វារៈពីរបីដងទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដងហើយគិតថាកាលពពែស៊ីរឿយៗនឹងស៊ីស្រូវអស់ពាក់កណ្តាលអញនឹងខាតប្រយោជន៍ជាច្រើនពេលនេះត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត។នាងក៏កាន់ចន្លុះ(គ្រឿងអុជបំភ្លឺធ្វើដោយជ័រនិងស្លឹកឈើឬធ្វើដោយសំបកឈើមានជ័រ;មានច្រើនយ៉ាង:ចន្លុះស្លឹក,ចន្លុះក្រាក់,ចន្លុះស្មាច់...។) អង្គុយធ្វើដូចជាដេកលក់កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះពពែក៏ត្រូវភ្លើងឆេះកាលរាងកាយត្រូវភ្លើងឆេះពពែគិតឲ្យភ្លើងរលត់ទើបរត់ទៅយ៉ាងលឿនយកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរីខ្ទមនោះក៏ឆេះសន្ធោះសន្ធៅអណ្តាតភ្លើងដែលកើតអំពីខ្ទមនោះរាលទៅ​ឆេះ​រោង​ដំរីកាលរោងដំរីឆេះខ្នងដំរីក៏ឆេះដែរដំរីនីមួយៗមានខ្លួនរបួសយ៉ាងដំណំ។ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបានក៏ក្រាបទូលព្រះរាជា។ព្រះរាជាក៏ត្រាស់នឹងបុរោហិតថាលោកអាចារ្យហ្មដំរីអស់ថ្វី​ដៃ​ដែលនឹងរក្សាហ្វូងដំរីហើយលោកល្មមនឹងស្គាល់ថ្នាំអ្វីៗខ្លះឬ?បុរោហិតទទួលព្រះរាជតម្រាស់​ថា​ព្រះករុណាថ្លៃវិសេស។ព្រះរាជាត្រាស់សួរថាបានអ្វីទើបគួរ?បុរោហិតក្រាបទូលថាបពិត្រ​មហារាជទាល់​តែ​បានខ្លាញ់ក្អែកទើបអាចព្យាបាលបាន។ព្រះរាជាត្រាស់ថាបើដូច្នោះអ្នកទាំងឡាយចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយកខ្លាញ់មកចុះ។ចាប់តាំងពីពេលនោះមកមនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែកមិនបានខ្ញាញ់ក៏បោះចោលជាគំនរៗក្នុងទីនោះៗ។មហាភ័យបានកើតឡើងដល់ហ្វូងក្អែក។ គ្រានោះព្រះមហាបុរសមានហ្វូងក្អែក៨ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច។មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក។ព្រះមហាសត្វត្រិះរិះថាវៀរអាត្មាអញចេញហើយអ្នកដទៃដែលអាចបំបាត់ភ័យដែលកំពុងកើតឡើងដល់ពួកញាតិរបស់អញមិនមានឡើយអញត្រូវកម្ចាត់​ភ័យ​នោះហើយរំពឹងនឹកដល់បារមី១០ប្រការធ្វើមេត្តាបារមីឲ្យជាបុរេចារិក(ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ,ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ)ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះចូលទៅតាមប្រហោងបង្អួចដែលគេបើកទុកចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ។ ពេលនោះអាមាត្យម្នាក់ធ្វើអាកប្បកិរិយានឹងចាប់ស្តេចក្អែកពោធិសត្វព្រះរាជាត្រាស់ហាមឃាត់ថាក្អែក​ចូលមករកទីពឹងកុំចាប់ក្អែកនោះឡើយ។ស្តេចក្អែកសម្រាកនៅទីនោះបន្តិចហើយរំពឹងនឹកដល់ព្រះ​​បារមីចេញអំពីអាសនៈក្រាបទូលព្រះរាជាថាបពិត្រមហារាជធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិមានឆន្ទាគតិជាដើមទើបប្រពៃកម្មណាៗដែលនឹងត្រូវធ្វើកម្មនោះៗត្រូវពិចារណាឲ្យល្អិត​​ល្អន់ហើយសឹមធ្វើទើបប្រពៃម៉្យាងទៀតកម្មណាដែលនឹងធ្វើត្រូវបានផលកម្មនោះប៉ុណ្ណោះទើបគួរធ្វើកម្មក្រៅអំពីនេះមិនគួរធ្វើប្រសិនបើព្រះរាជាទាំងឡាយទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះមហាភ័យមានមរណភ័យជាទីបំផុតរមែងកើតឡើងដល់មហាជនត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរបានក្រាបទូលកុហកធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយមានព្រះទ័យជ្រះថ្លាឲ្យព្រះបរមពោធិសត្វទំនៅលើតាំងឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ១សែនដងឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារឲ្យផឹកទឹកលុះស្តេចក្អែកសប្បាយចិត្តបាត់ការហត់នឿយហើយទើបត្រាស់ពាក្យនេះថានែបណ្ឌិតអ្នកពោលថាធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានព្រោះហេតុដូចម្តេចទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ?ព្រះមហាសត្វកាលនឹងក្រាបទូលក៏ពន្យល់ថាបពិត្រមហារាជដោយហេតុឈ្មោះនេះដោយហេតុឈ្មោះនេះធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយសម្តែងធម៌ពោលគាថានេះថា និច្ចំឧព្ពិគ្គហទយា,សព្ពលោកវិហេសកា; តស្មានេសំវសានត្ថិ,កាកានម្ហាកញាតិនំ។ ក្អែកទាំងឡាយជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ចជាសត្វបៀតបៀនមនុស្សលោកទាំងពួងព្រោះហេតុនោះបានជាខ្លាញ់រាវនៃពួកក្អែកជាញាតិរបស់យើងទាំងនោះមិនចេះមានឡើយ។ ក្នុងគាថានោះមានសេចក្តីសង្ខេបដូច្នេះបពិត្រមហារាជធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើលគឺធ្លាប់តែតក់​ស្លុតជានិច្ច។បទថាសព្វលោកវិហេសកាសេចក្តីថាក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀនគម្រាម​កំហែងមនុស្សដែលជាធំមានក្សត្រជាដើមខ្លះស្ត្រីបុរសទូទៅខ្លះក្មេងប្រុសក្មេងស្រីជាដើមខ្លះហេតុ​នោះគឺដោយហេតុពីរប្រការនេះខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះទើបមិនមានសូម្បីក្នុងអតីតក៏មិនធ្លាប់មានសូម្បីក្នុងអនាគតក៏នឹងមិនមាន។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះដោយប្រការដូច្នេះហើយទូលដាស់តឿនព្រះរាជាថាបពិត្រ​មហា​​រាជធម្មតាព្រះរាជាមិនបានពិចារណាហើយមិនគប្បីបដិបត្តិព្រះរាជកិច្ច។ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ។ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីលទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង។ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួងទ្រង់តម្កល់និពទ្ធទានគឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែកហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង(ប្រដាប់ធ្វើដោយឈើសម្រាប់​ដង,សម្រាប់រែកទឹក)លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេងៗព្រះរាជទានដល់ហ្វូងក្អែករាល់ៗថ្ងៃចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង។ ព្រះបរមសាស្តាទ្រង់នាំយកព្រះធម្មទេសនានេះមកហើយទ្រង់ប្រជុំជាតកថាតទាពារាណសិរាជាអានន្ទោអហោសិព្រះរាជានគរពារាណសីក្នុងកាលនោះបានមកជាអានន្ទ។កាករាជាបនអហមេវអហោសិំចំណែកស្តេចក្អែកគឺតថាគតនេះឯង៕ កាកជាតកចប់។(ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកឯកកនិបាតអសម្បទានវគ្គបិដកលេខ៥៨ទំព័រ៦១) ដោយ៥០០០ឆ្នាំ
    Public date : 11, May 2024 (6,729 Read)
    រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ ព្រះបរមសាស្តាកាលស្ដេចគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធភ្លៀងដែលទ្រង់បណ្តាលឲ្យធ្លាក់​មកបានត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថាអភិត្ថនយបជ្ជុន្នដូច្នេះជាដើម។​បានឮថាសម័យមួយក្នុងដែនកោសលមិនមានភ្លៀងសោះសន្ទូងទាំងឡាយហួត​ហែង​អណ្តូងទឹកស្រះបោក្ខរណីនិងស្រះក្នុងទីនោះៗក៏រីងស្ងួតសូម្បីស្រះបោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ។ហ្វូងក្អែកនិងហ្វូងបក្សីជាដើមនាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ចេញមកស៊ីទាំងដែលកំពុងរើបម្រះ។ ព្រះបរមសាស្តាទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រីនិងអណ្តើកត្រូវព្រះមហាករុណាដាស់​តឿន​ព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះតម្រិះថាថ្ងៃនេះតថាគតគួរបណ្តាល​​ភ្លៀងឲ្យធ្លាក់ចុះមក។លុះរាត្រីកន្លងទៅ(ភ្លឺ)ទ្រង់បដិបត្តិសរីរៈស្រេចហើយទ្រង់​កំណត់​វេលាភិក្ខាចារមានភិក្ខុសង្ឃមួយពួកធំហែហមស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលាក្រោយភត្តទ្រង់ត្រឡប់មកអំពីបិណ្ឌបាតហើយកាលទ្រង់​ត្រឡប់មកអំពី​នគរសាវត្ថី​ចូលកាន់ព្រះវិហារទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណី​ជេតពនត្រាស់ហៅព្រះអានន្ទថាម្នាលអានន្ទអ្នកចូរយកសំពត់ងូតទឹកមកតថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន។ ព្រះអានន្ទកា្របទូលថាបពិត្រព្រះអង្គដ៏ចម្រើនទឹកក្នុងស្រះបោក្ខរណីជេតពនរីងស្ងួតអស់​ហើយនៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬព្រះអង្គ?ព្រះសាស្តាត្រាស់ថាម្នាល​អានន្ទធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំងអ្នកចូរទៅយកសំពត់ងូតទឹកមកចុះ។ព្រះអានន្ទក៏ទៅយកមកថ្វាយព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ឧទកសាដកដោយជាងម្ខាងជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរទ្រង់តាំងព្រះ​ទ័យ​ថាតថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន។ ភ្លាមនោះឯងបណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជក៏សម្តែងអាការៈក្តៅសក្កទេវរាជទ្រង់ពិចារណាថាតើមានហេតុអ្វីហ្ន៎?ទ្រង់ជ្រាបហេតុនោះទើបមានទេវបញ្ជាហៅវលា​ហក​ទេវរាជម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថានែទេវបុត្រព្រះបរមសាស្តាទ្រង់តាំងព្រះ​ទ័យថាតថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនទ្រង់ប្រថាប់ឈរនៅក្បែរ​ជណ្តើរ​​ស្រះអ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំបណ្តាលឲ្យភ្លៀងធ្លាក់​​ចុះ​មកឆាប់ៗចុះ។ វលាហកទេវរាជទទួលទេវបញ្ជាហើយស្លៀកដុំពពកមួយដុំដណ្តប់​មួយដុំច្រៀងបទ​ចម្រៀង​ដែលមានឈ្មោះថាមេឃសង្គីតបែរមុខទៅរកលោកធាតុខាងកើតហោះទៅកាន់ទិសខាងកើតក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ស្រូវត្រួតលើគ្នាជាជាន់ៗទាំង​រយ​ជាន់ពាន់ជាន់ផ្គរលាន់ទ្រហឹងអឺងកងផ្លេកបន្ទោរដាលច្រវាត់ភ្លៀងក៏ធ្លាក់ចុះមកដូចគេ​ផ្កាប់​ឆ្នាំងដែនកោសលទាំងមូលជន់លិចដូចជំនន់ទឹកហូរមកភ្លៀងបង្អុរចុះមកមិនដាច់​ខ្សែមួយភ្លែតប៉ុណ្ណោះក៏ពេញស្រះបោក្ខរណីជេតពនទឹកលិចរហូតដល់មាត់ជណ្តើរ។ ព្រះបរមសាស្តាទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយទ្រង់គ្រងសំពត់ពីរជាន់​ពណ៌​ក្រហមក្រវាត់វត្ថពន្ធចង្កេះទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាងហែហមដោយភិក្ខុសង្ឃ​ស្តេច​យាងទៅទ្រង់គង់លើបវរពុទ្ធាសនៈដែលក្រាលទុកហើយក្នុងបរិវេណព្រះគន្ធកុដិ​កាល​ភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយស្តេចឧដ្ឋាការទ្រង់ប្រថាប់ឈរលើផ្ទៃជណ្តើរ​កែវ​មណីប្រទានឱវាទដល់ភិក្ខុសង្ឃហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យត្រឡប់ទៅវិញស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្តទ្រង់ផ្ទំ​សីហ​សេយ្យាដោយបែរទៅខាងស្តាំ។ លុះដល់ពេលរសៀលពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថាអ្នកមាន​អាយុ​ទាំងឡាយអ្នកទាំងឡាយចូរមើលព្រះគុណសម្បត្តិគឺខន្តីមេត្តានិងព្រះករុណា​របស់ព្រះទសពលកាលសន្ទូងទាំងឡាយកំពុងតែស្វិតស្រពោនជលាល័យគ្រប់កន្លែង​ក៏រីងស្ងួតហ្វូងត្រីនិងអណ្តើកជួបប្រសព្វទុក្ខធំទ្រង់អាស្រ័យព្រះករុណាទ្រង់ស្លៀកសំពត់ឧទកសាដកដោយព្រះពុទ្ធបំណងនឹងឲ្យមហាជនផុតចាកទុក្ខទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវនទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមកដូចជំនន់ទឹកធំហូរមកជន់លិចកោសលរដ្ឋគ្រប់កន្លែងដោយវេលាត្រឹមតែមួយភ្លែតទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយទុក្ខតាមផ្លូវចិត្តហើយស្ដេចយាងចូលកាន់វិហារ។ ព្រះបរមសាស្ដាស្ដេចយាងចេញអំពីព្រះគន្ធកុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថាម្នាល​ភិក្ខុទាំងឡាយអម្បាញ់មិញនេះអ្នកទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី?កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់ថាម្នាលភិក្ខុទាំង​ឡាយមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមកក្នុង​កាលមហាជនកំពុងតែជួបការលំបាកដោយទឹកភ្លៀងនោះសូម្បីក្នុងកាលមុនគឺតថា​គត​កើតក្នុងកំណើតសត្វតិរច្ឆានក្នុងកាលជាស្ដេចនៃហ្វូងត្រីក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ​ហើយទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាលមានត្រពាំង​មួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះបោក្ខរណីជេតពននាក្រុងសាវត្ថី​ដែន​​កោសលនេះឯង។ គ្រានោះព្រះបរមពោធិសត្វបដិសន្ធិក្នុងកំណើតត្រីមានហ្វូងត្រីជា​បរិវារនៅក្នុងត្រពាំងនោះ​សូម្បីក្នុងកាលនោះដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរសន្ទូងរបស់ពួក​អ្នកស្រុកក្រៀមស្វិតខូចខាតអស់ក្នុងបឹងជាដើមគ្មានទឹកហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរ​ចូលភក់។សូម្បីអូរនោះហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗហ្វូងក្អែកជា​ដើម​​ក៏​នាំគ្នាចឹកចេញមកស៊ីដោយចំពុះ។ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះ​រិះ​ថាអ្នកដទៃវៀរអាត្មាអញចេញហើយមិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំង​នេះ​បានឡើយអញនឹងធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមកដោះពួកញាតិអំពីទុក្ខគឺ​សេច​ក្តីស្លាប់ឲ្យទាល់តែបានហើយញែកភក់ពណ៌ខ្មៅចេញមកស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័នបើកភ្នែកទាំងគូដែលប្រៀបបាននឹងកែវមណីមានពណ៌ក្រហមសម្លឹងមើលអាកាសបន្លឺសំឡេងពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថាបពិត្រព្រះបជ្ជុន្នដ៏ចម្រើនខ្ញុំអាស្រ័យពួកញាតិបានក្តៅក្រហាយហើយកាលខ្ញុំជាអ្នកទ្រទ្រង់សីលដល់នូវសេចក្តីលំបាកយ៉ាងនេះហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមកខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ីប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិតាំងពីត្រីតូចប៉ុនគ្រាប់អង្ករសូម្បីសត្វដទៃៗខ្ញុំក៏មិនធ្លាប់ផ្តាច់ជីវិតដែរដោយសច្ចវាចានេះសូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួកញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះកាលនឹងហៅទេវរាជឈ្មោះបជ្ជុន្នដូចប្រើបម្រើក៏ពោលគាថានេះថា អភិត្ថនយបជ្ជុន្ននិធឹកាកស្សនាសយ កាកំសោកាយរន្ធេហិមញ្ចសោកាបមោចយ។ បពិត្រមេឃសូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើងសូមបំផ្លាញកំណប់របស់ក្អែកឲ្យវិនាសសូមធ្វើទុក្ខក្អែកឲ្យសោកសៅសូមញ៉ាំងខ្ញុំ(និងពួកញាតិខ្ញុំ)ឲ្យរួចចាកសេចក្តីសោក។ បណ្តាបទទាំងនោះបទថាអភិត្ថនយបជ្ជុន្នសេចក្តីថាមេឃហៅថាស្តេចបជ្ជុន្នក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀងអ្នកមានឈ្មោះដោយអំណាចនៃមេឃ។​បាន​ឮថាស្តេចត្រីនោះមានបំណងដូច្នេះថាធម្មតាភ្លៀងមិនគ្រហឹមមិនឲ្យមានផ្លេក​បន្ទោរ​សូម្បីបង្អុរចុះមកក៏មិនល្អព្រោះដូច្នោះអ្នកចូរគ្រហឹមចូរឲ្យមានផ្លេកបន្ទោរហើយញ៉ាំង​ភ្លៀងឲ្យបង្អុរមកចុះ។ បទថានិធឹកាកស្សនាសយសេចក្តីថាហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរចូលភក់ដើម្បីជ្រកចេញមកដោយចំពុះស៊ីជាអាហារព្រោះហេតុនោះទើបហ្វូងត្រីដែលត្បុរចូលភក់នោះ​ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះកាលលោកបណ្តាលឲ្យភ្លៀងបង្អុរចុះមកជាប្រក្រតីហើយក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ។ បទថាកាកំសោកាយរន្ធេហិសេចក្តីថាហ្វូងក្អែកកាលត្រពាំងមានទឹកពេញហើយមិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅកាលអ្នកធ្វើឲ្យត្រពាំងនេះពេញប្រៀបដោយទឹកក៏ជាការទម្លាយហ្វូងក្អែកនោះដោយសេចក្តីសោកអ្នកចូរញ៉ាំងភ្លៀងឲ្យបង្អុរចុះមកដើម្បីរម្ងាប់សេចក្តីសោកគឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ។អធិប្បាយថាហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅដែលមានលក្ខណៈខ្លោចផ្សាខាងក្នុងបានដោយវិធីណាអ្នកចូរធ្វើវិធីនោះចុះ។ ចអក្សរក្នុងបទគាថាមញ្ចសោកោបមោចយនេះមានការប្រមូលមកជាអត្ថមាន​ន័យ​ថា​អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោកដែលកើតអំពីសេចក្តីស្លាប់នេះចុះ។ព្រះ​ពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះឲ្យបណ្តាលភ្លៀងមួយមេធំធ្លាក់​ចុះមកទូទៅពេញដែនកោសលធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខក្នុងបរិយោ​សាន​នៃ​ជីវិតក៏បានទៅតាមយថាកម្ម។ ព្រះបរមសាស្តាទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយកាលដែលតថាគតបណ្តាលឲ្យភ្លៀងបង្អុរចុះមកនោះមិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេសូម្បីក្នុងកាលមុនកាល​ដែល​តថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ។លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រជុំជាតកថាតទាមច្ឆគណាពុទ្ធបរិសាអហេសុំហ្វូងត្រីក្នុងកាលនោះបានមកជាពុទ្ធបរិស័ទក្នុងកាលឥឡូវនេះបជ្ជុន្នទេវរាជាអានន្ទោបជ្ជុន្នទេវរាជបានមកជាអានន្ទមច្ឆរាជាបនអហមេវអហោសិំចំណែកស្តេចត្រីគឺតថាគតនេះឯង៕ ចប់មច្ឆជាតក។(ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកឯកកនិបាតវរុណវគ្គបិដកលេខ៥៨ទំព័រ៣២) ដោយ៥០០០ឆ្នាំ
    Public date : 11, May 2024 (6,318 Read)
    ព្រះបរមសាស្តាកាលស្ដេចគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ទើបត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថាបស្សសទ្ធាយសីលស្សដូច្នេះជាដើម។ បានឮថាឧបាសកនោះជាអរិយសាវកជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាថ្ងៃមួយគាត់ដើរទៅកាន់វត្តជេតពនដល់ឆ្នេរស្ទឹងអចិរវតីក្នុងពេលរសៀលកាលមិនឃើញទូកត្រង់ច្រាំងស្ទឹងព្រោះម្ចាស់ទូកទៅស្តាប់ធម៌ទើបចម្រើនបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំហើយចុះកាន់ស្ទឹងជើងរបស់គាត់មិនលិចទឹកទេដូចដើរលើផែនដីពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលកបីតិដែលមានព្រះពុទ្ធជាអារម្មណ៍របស់គាត់ក៏ខ្សោយទៅជើងរបស់គាត់ផ្តើមលិចចុះគាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំដើរលើខ្នងទឹកទៅដល់វត្តជេតពនថ្វាយបង្គំព្រះមានព្រះភាគហើយអង្គុយក្នុងទីដ៏សមគួរមួយ។ ព្រះបរមសាស្តាទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថាម្នាលឧបាសកអ្នកធ្វើដំណើរតាមផ្លូវមកដល់ទីនេះប្រហែលជាហត់នឿយបន្តិចហើយមើលទៅ។ឧបាសកនោះក្រាបទូលថាបពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ទើបបានទីពឹងលើខ្នងទឹកដូចជាន់ផែនដីដើរមក។ ព្រះមានព្រះភាគទ្រង់ត្រាស់ថាម្នាលឧបាសកមិនមែនតែអ្នកប៉ុណ្ណោះទេដែលរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះសូម្បីក្នុងកាលមុនឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ។កាលឧបាសកនោះក្រាបបង្គំអារាធនាទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា៖ ក្នុងអតីតកាលក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សបព្រះអរិយសាវកថ្នាក់សោតាបន្នមួយរូបឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់។ភរិយារបស់ជាងកោរកាត់នោះប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថាបពិត្រអ្នកអើយសុខទុក្ខស្វាមីរបស់ខ្ញុំសូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ។ លុះដល់ថ្ងៃទី៧ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ។ជនទាំងពីរនាក់នោះបានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ។ជាងកោរកាត់នោះបានសម្លាប់បក្សីអាំងស៊ីហើយឲ្យឧបាសកនោះ។ឧបាសកមិនព្រមបរិភោគដោយពោលថាកុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ។ ឧបាសកនោះគិតថាក្រៅពីព្រះរតនត្រៃហើយមិនមានទីអ្វីដទៃសម្រាប់អញទេទើបគាត់រឭកគុណព្រះរតនត្រៃ។គ្រានោះកាលគាត់កំពុងរឭកគុណព្រះរតនត្រៃស្តេចនាគដែលកើតក្នុងកោះនោះក៏និម្មិតរាងកាយរបស់ខ្លួនជាទូកធំមានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក។ទូកនោះពេញទៅដោយរតនៈ៧ប្រការសសរក្តោងទាំង៣សម្រេចអំពីកែវមណីពណ៌ឥន្ទនិលទូកសម្រេចអំពីមាសខ្សែសម្រេចអំពីប្រាក់ច្រវាសម្រេចអំពីមាស។ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថាអត្ថិជម្ពុទីបំគមិកាមានអ្នកចង់ទៅជម្ពូទ្វីបទេ?ឧបាសកឆ្លើយថាមយំគមិស្សាមពួកយើងចង់ទៅ។ ទេវតាពោលថាបើដូច្នោះចូរឡើងទូកមក។ឧបាសកឡើងទូកហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ។ទេវតាប្រចាំសមុទ្ទពោលថាបានតែអ្នកម្នាក់ប៉ុណ្ណោះអ្នកនោះមិនបានទេ។ឧបាសកសួរថាព្រោះហេតុអ្វី?ទេវតាប្រចាំសមុទ្ទឆ្លើយថាព្រោះបុរសនោះមិនមានគុណគឺសីលនិងអាចារៈព្រោះហេតុនោះទើបខ្ញុំនាំទូកមកដើម្បីអ្នកមិនមែនដើម្បីបុរសម្នាក់នោះទេ។(កាលទេវតាពោលដូច្នេះហើយឧបាសកក៏ពោលថា)ណ្ហើយចុះខ្ញុំនឹងឲ្យចំណែកបុណ្យដល់បុរសនេះដោយទានដែលខ្ញុំបានឲ្យហើយដោយសីលដែលខ្ញុំបានរក្សាហើយដោយភាវនាដែលខ្ញុំបានអប់រំហើយ។ ជាងកោរកាត់ឆ្លើយថាអនុមោទាមិសាមិបពិត្រលោកម្ចាស់ខ្ញុំសូមអនុមោទនា។ទេវតារក្សាសមុទ្ទពោលថាខ្ញុំនឹងនាំទៅឥឡូវនេះហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ(ដាក់ក្នុងទូក)ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹងហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះរបស់អ្នកទាំងពីរដោយអានុភាពរបស់ខ្លួន។(សមុទ្ទទេវតានោះ)បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថាឈ្មោះ​ថា​សេចក្តីស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយគឺគេគួរធ្វើមែនពិតប្រសិនបើជាងកោរកាត់នេះមិនបាន​សេព​គប់នឹងឧបាសកនេះទេត្រូវវិនាសកណ្តាលសមុទ្ទនេះឯងទើបពោលគាថាទាំងនោះថា បស្សសទ្ធាយសីលស្ស,ចាគស្សចអយំផលំ; នាគោនាវាយវណ្ណេន,សទ្ធំវហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធាសីលចាគៈនាគនេះមានភេទដូចជាសំពៅនាំ ឧបាសកមានសទ្ធា។ សព្ភិរេវសមាសេថ,សព្ភិកុព្ពេថសន្ថវំ; សតញ្ហិសន្និវាសេន,សោត្ថិំគច្ឆតិន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរសគប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួកសប្បុរសដូចជាងផ្ងូតទឹកដល់នូវសួស្តីព្រោះនៅរួមជាមួយនឹងពួកសប្បុរស។ បណ្តាបទទាំងនោះ បទថាបស្សបានដល់(ទេវតា)ហៅថាចូរមើលចុះមិនកំណត់បុគ្គលណាមួយ។ បទថាសទ្ធាយគឺដោយលោកិយសទ្ធានិងលោកុត្តរសទ្ធា។សូម្បីសីលក៏មានន័យដូច្នេះដែរ។ បទថាចាគស្សបានដល់ទេយ្យធម្មបរិចា្ចគនិងកិលេសបរិច្ចាគ។ បទថាអយំផលំបានដល់នេះជាផលគឺជាគុណជាអានិសង្ស។ម្យ៉ាងទៀតគប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថាចូរមើលផលនៃការបរិច្ចាគចុះស្តេចនាគនេះក្លែងភេទជាទូក។ បទថានាវាយវណ្ណេនគឺដោយសណ្ឋានជាទូក។ បទាថាសទ្ធំគឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ។ បទថាសព្ភិរេវគឺពួកបណ្ឌិតនោះឯង។ បទថាសមាសេថបានដល់ចូរមកនៅគឺមកនៅជាមួយគ្នារស់នៅជាមួយគ្នា។ បទថាកុព្វេថបានដល់គប្បីធ្វើ។ បទថាសន្ថវំបានដល់សិទ្ធស្នាលក្នុងឋានៈជាមិត្តប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ។ បទថាន្ហាបិតោបានដល់ក្ដុម្ពីជាជាងកោរកាត់។បាលីខ្លះថានហាបិតោក៏មាន។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយទើបនាំស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ។ ព្រះបរមសាស្តាលុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយទើបទ្រង់ប្រកាសសច្ចធម៌កាលចប់សច្ចធម៌ឧបាសកនោះបានសម្រេចសកទាគាមិផលហើយទ្រង់ប្រជុំជាតកថាឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ(លុះចម្រើនមគ្គខ្ពស់ៗឡើងទៅ)ក៏បានបរិនិព្វានហើយសេ្តចនាគបានមកជាព្រះសារីបុត្រចំណែកទេវតាប្រចាំសមុទ្ទគឺតថាគតនេះឯង៕ ចប់សីលានិសំសជាតក។(ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកទុកនិបាតអសទិសវគ្គបិដកលេខ៥៨ទំព័រ៩៣) ដោយ៥០០០ឆ្នាំ
    Public date : 11, May 2024 (8,351 Read)
    ខ្ញុំបានស្តាប់មកយ៉ាងនេះ។សម័យមួយព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័នជាកលន្ទនិវាបស្ថានជិតក្រុងរាជគ្រឹះ។សម័យនោះឯងព្រះសារីបុត្តដ៏មានអាយុនិងព្រះមហាមោគ្គល្លានដ៏មានអាយុ​នៅក្នុងវត្តកបោតកន្ទរា។សម័យនោះព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មី។អង្គុយក្នុង​ទីវាលចូលកាន់សមាធិណាមួយក្នុងរាត្រីខាងខ្នើត។ សម័យនោះមានយក្ខពីរនាក់ជាសម្លាញ់នឹងគ្នាមកអំពីទិសខាងជើងទៅទិសខាងត្បូងដោយកិច្ចណា​មួយ។យក្ខទាំងនោះបានឃើញព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មីៗអង្គុយក្នុងទីវាលក្នុង​រាត្រីខាងខ្នើតលុះយក្ខម្នាក់បានឃើញហើយនិយាយប្រាប់យក្ខម្នាក់ទៀតថាម្នាលសម្លាញ់ចិត្តរបស់​ខ្ញុំកើតប្រាកដដើម្បីប្រហារក្បាលសមណៈនេះ។កាលបើយក្ខម្នាក់និយាយយ៉ាងនេះហើយយក្ខ​នោះក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថាកុំសម្លាញ់អ្នកកុំប្រហារសមណៈឡើយម្នាលសម្លាញ់​សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើនមានអានុភាពច្រើន។ យក្ខម្នាក់នោះបាននិយាយនឹងយក្ខនោះជាគម្រប់ពីរដងទៀតថាម្នាលសម្លាញ់ចិត្តរបស់ខ្ញុំកើតប្រាកដ​ដើម្បីប្រហារក្បាលសមណៈនេះ។យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះជាគម្រប់ពីរដង​ទៀត​ថាកុំសម្លាញ់អ្នកកុំប្រហារសមណៈឡើយម្នាលសម្លាញ់សមណៈនោះមានគុណដ៏​លើស​លុប​មាន​ឫទ្ធិច្រើនមានអានុភាពច្រើន។យក្ខម្នាក់នោះនិយាយទៅនឹងយក្ខនោះជាគម្រប់បីដងទៀត​ថាម្នាលសម្លាញ់ចិត្តរបស់ខ្ញុំកើតប្រាកដដើម្បីប្រហារក្បាលសមណៈនេះ។យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះជាគម្រប់បីដងទៀតថាកុំសម្លាញ់អ្នកកុំប្រហារសមណៈឡើយម្នាលសម្លាញ់សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើនមានអានុភាពច្រើន។ លំដាប់នោះយក្ខម្នាក់នោះមិនអើពើនឹងយក្ខនោះឡើយហើយប្រហារចំព្រះសិរ្សៈព្រះសារីបុត្តត្ថេរដ៏មានអាយុ។មានសេចក្តីដំណាលថាយក្ខនោះអាចពន្លិចដំរីមានកម្ពស់៧ហត្ថឬ៨ហត្ថ(ឲ្យស្រុតទៅ​ក្នុងផែនដី)ក៏បានអាចធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីក៏បានដោយការប្រហារនោះ។លំដាប់នោះស្រាប់​តែយក្ខនោះពោលថាខ្ញុំក្តៅណាស់ដូច្នេះហើយធ្លាក់ទៅកាន់មហានរកត្រង់ទីនោះឯង។ ព្រះមហាមោគ្គល្លានដ៏មានអាយុបានឃើញយក្ខនោះកំពុងប្រហារចំព្រះសិរ្សៈព្រះសារីបុត្តដ៏មានអាយុដោយទិព្វចក្ខុដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតាលុះឃើញហើយក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុលុះចូលទៅដល់ហើយក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថាម្នាលអាវុសោលោកល្មមអត់ធន់បានដែរឬល្មមប្រព្រឹត្តទៅបានដែរឬមិនមានសេច​ក្តី​ទុ​ក្ខតិចតួចទេឬ។ ព្រះសារីបុត្តដ៏មានអាយុប្រាប់ថាម្នាលអាវុសោមោគ្គល្លានខ្ញុំល្មមអត់ធន់បានម្នាលអាវុសោមោគ្គ​ល្លាន​ខ្ញុំល្មមប្រព្រឹត្តទៅបានតែថាមានសេចក្តីទុក្ខបន្តិចត្រង់ក្បាលរបស់ខ្ញុំ។ម្នាលអាវុសោសារីបុត្តអស្ចារ្យ​ណាស់ម្នាលអាវុសោសារីបុត្តចម្លែកណាស់ព្រោះថាសារីបុត្តដ៏មានអាយុមានឫទ្ធិច្រើនមានអានុភាពច្រើន។ ម្នាលអាវុសោសារីបុត្តក្នុងទីនេះមានយក្ខមួយប្រហារចំព្រះសិរ្សៈនៃលោក(ការប្រហារនោះ)ពេញជាការ​ប្រហារខ្លាំងឯយក្ខនោះអាចពន្លិចដំរីមានកម្ពស់៧ហត្ថឬ៨ហ្ថ(ឲ្យស្រុតទៅក្នុងផែនដីបាន)អាច​ធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបានដោយការប្រហារនោះ។ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុនិយាយ​យ៉ាងនេះថាម្នាលអាវុសោមោគ្គល្លានខ្ញុំល្មមអត់ធន់បានម្នាលអាវុសោមោគ្គល្លានខ្ញុំល្មមប្រព្រឹត្ត​ទៅបានតែថាមានសេចក្តីទុក្ខបន្តិចត្រង់ក្បាលរបស់ខ្ញុំ។ ម្នាលអាវុសោមោគ្គល្លានអស្ចារ្យណាស់ម្នាលអាវុសោមោគ្គល្លានចម្លែកណាស់ព្រោះថាមហាមោគ្គ​ល្លាន​ដ៏មានអាយុមានឫទ្ធិច្រើនមានអានុភាពច្រើនមើលយក្សឃើញបានចំណែកខាងយើងមិនឃើញ​សូម្បី​បិសាចដែលអាស្រ័យនឹងអាចម៍ដីសោះឡើយ។ ព្រះមានព្រះភាគទ្រង់ព្រះសណ្តាប់ពាក្យចរចាមានសភាពយ៉ាងនេះរបស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះដោយទិព្វសោតធាតុដ៏បរិសុទ្ធកន្លងសោតធាតុរបស់មនុស្សធម្មតា។លុះព្រះមានព្រះភាគទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយទើបបន្លឺឧទាននេះក្នុងវេលានោះថា យស្សសេលូបមំចិត្តំឋិតំនានុបកម្បតិ វិរត្តំរជនីយេសុកោបនេយ្យេនកុប្បតិ យស្សេវំភាវិតំចិត្តំកុតោតំទុក្ខមេស្សតិ។ ចិត្តរបស់បុគ្គលណាមានឧបមាដោយថ្មតាន់នៅនឹងមិនញាប់ញ័រប្រាស់ចាកតម្រេកក្នុងហេតុគួររីករាយទាំងឡាយមិនក្រោធក្នុងវត្ថុគួរក្រោធចិត្តដែលបុគ្គលណាបានចម្រើនយ៉ាងនេះហើយសេចក្តីទុក្ខនឹងមានមកដល់បុគ្គលនោះអំពីណាបាន។ (សុត្តន្តបិដកខុទ្ទកនិកាយឧទានមេឃិយវគ្គបិដកលេខ៥២ទំព័រ២០៥) ព្រះសារីបុត្រដ៏មានអាយុមានសម្បុរដូចមាសព្រះមហាមោគ្គល្លានដ៏មានអាយុមានសម្បុរដូចផ្កាឧប្បល​ខៀវ។ព្រះថេរៈទាំងអង្គនោះឯងមានជាតិជាព្រាហ្មណ៍ដល់ព្រមដោយអភិនីហារអស់១អសង្ខេយ្យនិង១សែនកប្បជាអ្នកបានសម្រេចអភិញ្ញា៦និងបដិសម្ភិទាជាព្រះមហាខីស្រពបាន​សមា​បត្តិគ្រប់យ៉ាងដល់ទីបំផុតសាវកបារមីញាណ៦៧ប្រការធ្វើកបោតកន្ទរវិហារនោះឲ្យស្វាង​ស្វៃ​​ជាមួយគ្នាដូចសីហៈពីរនៅល្អាងមាសតែមួយជាមួយគ្នាដូចខ្លាធំពីរទម្រេតខ្លួនលើផែនដីតែមួយជា​មួយ​គ្នាដូចស្ដេចដំរីឆទ្ទន្តពីរចូលព្រៃសាលវ័នដែលមានផ្ការីកស្គុះស្គាយតែមួយជាមួយគ្នាដូចស្ដេចគ្រុឌពីរ​នៅព្រៃសិម្ពលីតែមួយជាមួយគ្នាដូចស្ដេចវេស្សវ័ណពីរអង្គឡើងយានដែលនាំដោយមនុស្សតែមួយ​ជាមួយគ្នាដូចស្ដេចសក្កៈពីរអង្គប្រថាប់អង្គុយលើបណ្ឌុកម្ពលសិលាសនៈតែមួយជាមួយគ្នាដូចស្ដេច​មហាព្រហ្មពីរអង្គនៅក្នុងវិមានតែមួយជាមួយគ្នាដូចដួងចន្ទពីរដួងនិងព្រះអាទិត្យពីរដួងនៅក្នុងផ្ទៃអាកាសតែមួយជាមួយគ្នាដូច្នេះ។ បណ្ដាព្រះថេរៈទាំងអង្គនោះព្រះមហាមោគ្គល្លានដ៏អាយុបានគង់នៅស្ងៀមចំណែកព្រះសារីបុត្រដ៏មានអាយុចូលសមាបត្ដិ។ពាក្យថាចូលកាន់សមាធិណាមួយបានដល់ឧបេក្ខាព្រហ្មវិហារសមាបត្តិ។ កេចិអាចារ្យទាំងឡាយពោលថាជាសញ្ញាវេទយិតនិរោធសមាបត្តិ។’ចំណែកអាចារ្យមួយពួកទៀតពោលថាជាផលសមាបត្តិ។ពិតមែនសមាបត្តិទាំងឡាយ៣នេះអាចដើម្បីនឹងរក្សានូវកាយបាន។ (បរមត្ថទីបនីអដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយឧទានមេឃិយវគ្គយក្ខបហារសុត្ត) ដោយ៥០០០ឆ្នាំ
    Public date : 11, May 2024 (5,960 Read)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេសបានត្រាស់ព្រះធម្មទេនានេះមានពាក្យថាមិត្តោមិត្តស្សដូច្នេះជាដើម។ សម័យមួយគ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នាដែលរស់នៅក្នុងនគរសាវត្ថីមានប្រមាណ៥០០នាក់បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ននៅក្នុងកោដិសន្ថារពេលដល់វេលាពាក់កណ្ដាលអធ្រាត្រក៏ត្រិះរិះដល់កាមវិតក្កៈ។រឿងទាំងអស់បណ្ឌិតគប្បីឲ្យពិស្ដារដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង។ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នាដោយការបង្គាប់របស់ព្រះភគវា។ ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយទ្រង់មិនបានធ្វើការចុះចំពោះមិនត្រាស់ថាពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថាម្នាលភិក្ខុទាំង​ឡាយឈ្មោះថាកិលេសមិនមែនជារបស់តិចតួចឡើយធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើត​ឡើងហើយសូម្បីបណ្ឌិតក្នុងកាលមុនកាលព្រះពុទ្ធនៅមិនទាន់កើតឡើងក៏សង្កត់សង្កិនកិលេសទាំងឡាយហើយបានដល់នូវបច្ចេកពោធិញាណដូច្នេះហើយទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីមានសម្លាញ់២នាក់ក្នុងស្រុកមួយក្នុងដែលកាសីកាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក។ក្នុងមនុស្សទាំង២នាក់នោះមនុស្សម្នាក់កាលមកក៏រក្សាទឹក​ផឹក​របស់ខ្លួនទុកផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀតដល់វេលាស្ងាចទើបចេញអំពីព្រៃឈរមុជទឹក​ពិចារណាថាថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះដោយកាយទ្វារជាដើមតើមានឬទេក៏ឃើញថាបាន​លួចទឹករបស់មិត្តផឹកហើយក៏ដល់នូវសេចក្ដីសង្វេគថាតណ្ហានេះកាលចម្រើនឡើងគង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដយើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបានដូច្នេះហើយធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ចម្រើនវិបស្សនាញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើងឈរពិចារណាដល់គុណដែលខ្លួនបាន។ លំដាប់នោះមនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមកពោលនឹងគេថានែសម្លាញ់ចូរមកយើងនាំគ្នាទៅផ្ទះ។គាត់ប្រាប់ថាអ្នកទៅចុះកិច្ចដោយផ្ទះមិនមានដល់យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ។ម្នាក់ទៀតពោលថាព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ។លំដាប់នោះលោកទើបសួរម្នាក់ទៀតថាព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា?ម្នាក់ទៀតឆ្លើយថាព្រះបច្ចេកពុទ្ធទាំងឡាយមានសក់ត្រឹម២អង្គុលី(២ធ្នាប់)គ្រងសំពត់កាសាយៈនាំគ្នានៅក្នុងញកភ្នំនន្ទមូលក៍ក្នុងព្រៃហិមពាន្តនៅទិសខាងជើង។លោកទើបស្ទាបសីសៈក្នុងពេលនោះឯងភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ២ជាន់ដែលជ្រលក់ហើយក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរធ្វើនូវចីវរឆៀងស្មាម្ខាងដែលមានពណ៌ដូចអាចម៍ល័ក្តក្រហមភ្លាវមានសំពត់បង្សុកូលចីវរពណ៌មេឃស្ពាយលើស្មាខាងស្តាំងមានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង។លោកស្ថិតនៅលើអាកាសសម្ដែងធម៌ហើយហោះទៅចុះត្រង់ញកភ្នំនន្ទមូលក៍ក្នុងពេលនោះឯង។ មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯងអង្គុយនៅលើរានផ្សារឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅគាត់ទម្លាយនូវឥន្ទ្រិយសម្លឹងមើលស្ត្រីដែលល្អស្រស់នោះហើយ​ត្រឡប់គិត​​វិញថាលោភៈនេះកាលចម្រើនឡើងនឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយមានចិត្តតក់ស្លុតចម្រើនវិបស្សនាញ៉ាំង​បច្ចេកពោធិញាណឲ្យកើតឡើងស្ថិតលើអាកាសសម្ដែងធម៌ហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា។មានបិតានិងបុត្រមួយគូជាអ្នកនៅក្នុងកាសិគ្រាមនោះឯងដើរផ្លូវទៅជាមួយគ្នា។ ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ។ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបានហើយចាប់បុត្រទុកដោះលែងបិតាដោយបង្គាប់ថាលោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោកបើចាប់បងប្អូនប្រុស២នាក់បានចាប់ប្អូនទុកដោះលែងបង។បើចាប់អាចារ្យ(គ្រូ)និងអន្តេវាសិក(សិស្ស)បានចាប់អាចារ្យទុកដោះលែងអន្តេវាសិកអន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យដោយសេចក្ដីលោភក្នុងសិល្បៈ។ លំដាប់នោះបិតានិងបុត្រនោះដឹងថាពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះទើបធ្វើកតិកាគ្នាថាកូនកុំហៅយើងថាឪពុកសូម្បីយើងក៏មិនហៅអ្នកថាកូនដែរក្នុងវេលាត្រូវពួកចោរចាប់បានត្រូវចោរសួរថាអ្នកជាអ្វីនឹងគ្នាបិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ(និយាយកុហកទាំងដែលដឹងខ្លួន)ថាយើងមិនជាអ្វីនឹងគ្នាឡើយ។ កាលបិតានិងបុត្ររួចផុតចាកព្រៃហើយបានទៅមុជទឹកក្នុងវេលាល្ងាចបុត្រកាលជម្រះសីលរបស់ខ្លួនឃើញមុសាវាទនោះគិតថាបាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយយើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបានដូច្នេះហើយទើបចម្រើនវិបស្សនាញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើងស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតារួចហោះទៅកាន់ញកភ្នំនន្ទមូលក៍នោះឯង។ នៅមានមួយនាក់ទៀតជាមេស្រុកក្នុងកាសិគ្រាមនោះឯងបង្គាប់ឲ្យគេសម្លាប់សត្វ។ក្នុងវេលាធ្វើពលីកម្មមហាជនប្រជុំគ្នាពោលនឹងគាត់ថាបពិត្រលោកម្ចាស់ពួកយើងត្រូវការសម្លាប់ម្រឹគនិងជ្រូកជាដើមដើម្បីធ្វើពលីកម្មដល់ពួកយក្សពេលនេះជាកាលនៃពលីកម្ម។គាត់ក៏ពោលថាពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ។ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់។គាត់ឃើញត្រីនិងសាច់ជាច្រើនធ្វើនូវសេចក្ដីក្ដៅក្រហាយថាមនុស្សទាំងនេះសម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះដូច្នេះហើយទើបឈរដោយអាស្រ័យវាតបាន(ឈរផ្អែកបង្អួច)ចម្រើនវិបស្សនាញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើងស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជនហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា។ នៅមានមួយនាក់ទៀតជាមេស្រុកក្នុងដែនកាសីនោះឯងបានហាមការលក់ដូរទឹកស្រវឹងត្រូវមហាជននាំគ្នាសួរថាលោកម្ចាស់កាលមុនពេលនេះជាពេលលេងមហោស្រពហៅថាសុរាឆ័ណ(សុរាដែលផឹកក្នុងថ្ងៃមហោស្រព)ពួកខ្ញុំនឹងធ្វើយ៉ាងណា។មេស្រុកទើបពោលថាពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ។ ពួកមនុស្សនាំគ្នាលេងមហោស្រពផឹកសុរាហើយកាលធ្វើនូវជម្លោះទើបបាក់ដៃជើងបែកក្បាលដាច់ត្រចៀកនិងចងដោយរបស់ពិន័យជាច្រើន។មេស្រុកឃើញពួកមនុស្សទាំងនោះហើយគិតថាកាលយើងមិនអនុញ្ញាតមនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ។គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយ​ហេតុ​ត្រឹមប៉ុណ្ណេះថិតនៅដោយអាស្រ័យនឹងវាតបាន(ឈរផ្អែកបង្អួច)ចម្រើនវិបស្សនាបានញ៉ាំងបច្ចេក​ពោធិញាណឲ្យកើតឡើងស្ថិតនៅលើអាកាសសម្ដែងថាអប្បមត្តាហោថ​ពួកលោកចូរជាអ្នកមិនប្រមាទហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា។ ក្នុងកាលជាចំណែកខាងក្រោយមកព្រះបច្ចេកពុទ្ធទាំង៥ព្រះអង្គហោះមកចុះត្រង់ទ្វារក្រុងពារាណសី​ដើម្បីភិក្ខាចារស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយត្រាច់ប្រោសសត្វដោយឥរិយាបថមានការឈាន​ទៅមុខជាដើមដែលគួរជ្រះថ្លារហូតដល់ទ្វារព្រះរាជវាំង។ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះទ្រង់មានចិត្តជ្រះថ្លានិមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍លាងព្រះបាទនិងលាបដោយប្រេងក្រអូបហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីតប្រថាប់ក្នុងទីដ៏សមគួរមួយត្រាស់សួរថាបពិត្រព្រះគុណម្ចាស់ទាំងឡាយការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយគួរឲ្យជ្រះថ្លាពិតការបព្វជ្ជាក្នុងវ័យនេះលោកម្ចាស់ទាំងឡាយឃើញទោសក្នុងកាមទាំងឡាយដូចម្ដេចអ្វីជាអារម្មណ៍របស់លោកម្ចាស់?ព្រះបច្ចេកពុទ្ធទាំងនោះកាលនឹងទូលដល់ព្រះរាជានោះទើបសម្ដែងជាគាថា(ម្ដងមួយអង្គៗ)ថា (ព្រះបច្ចេកពុទ្ធទី១បានសំដែងថា) មិត្តោមិត្តស្សបានីយំ,អទិន្នំបរិភុញ្ជិសំ; តេនបច្ឆាវិជិគុច្ឆិំ,តំបាបំបកតំមយា; មាបុនអករំបាបំ,តស្មាបព្ពជិតោអហំ។ អាត្មាភាពជាមិត្រ(នៃមិត្រម្នាក់)បានប្រើប្រាស់ទឹកដែលមិត្រនោះមិនឲ្យហើយហេតុនោះអាត្មាភាពខ្ពើមរអើមក្នុងកាលជាខាងក្រោយអាត្មាភាពបានធ្វើបាបនោះហើយអាត្មាភាពលែងធ្វើបាបទៀតហើយព្រោះហេតុនោះបានជាអាត្មាភាពបួស។ (ព្រះបច្ចេកពុទ្ធទី២បានសំដែងថា) បរទារញ្ចទិស្វាន,ឆន្ទោមេឧទបជ្ជថ; តេនបច្ឆាវិជិគុច្ឆិំ,តំបាបំបកតំមយា; មាបុនអករំបាបំ,តស្មាបព្ពជិតោអហំ។ សេចក្តីបា្រថា្ន(ក្នុងកាម)កើតឡើងដល់អាត្មាភាពព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃព្រោះហេតុនោះអាត្មាភាពខ្ពើមរអើមក្នុងកាលជាខាងក្រោយអាត្មាភាពបានធ្វើបាបនោះហើយអាត្មាភាពលែងធ្វើបាបទៀតហើយព្រោះហេតុនោះបានជាអាត្មាភាពបួស។ (ព្រះបច្ចេកពុទ្ធទី៣បានសំដែងថា) បិតរំមេមហារាជ,ចោរាអគណ្ហុកាននេ; តេសាហំបុច្ឆិតោជានំ,អញ្ញថានំវិយាករិំ។ តេនបច្ឆាវិជិគុច្ឆិំ,តំបាបំបកតំមយា; មាបុនអករំបាបំ,តស្មាបព្ពជិតោអហំ។ បពិត្រមហារាជពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃអាត្មាភាពដែលពួកចោរនោះសួរហើយទុកជាដឹងក៏បា្រប់ហេតុនោះដោយចំណែកដទៃវិញ។ព្រោះហេតុនោះអាត្មាភាពខ្ពើមរអើមក្នុងកាលជាខាងក្រោយអាត្មាភាពបានធ្វើបាបនោះហើយអាត្មាភាពលែងធ្វើបាបទៀតហើយព្រោះហេតុនោះបានជាអាត្មាភាពបួស។ (ព្រះបច្ចេកពុទ្ធទី៤បានសំដែងថា) បាណាតិបាតមករុំ,សោមយាគេឧបដ្ឋិតេ; តេសាហំសមនុញ្ញាសិំ។ តេនបច្ឆាវិជិគុច្ឆិំ,តំបាបំបកតំមយា; មាបុនអករំបាបំ,តស្មាបព្ពជិតោអហំ។ ការសែនព្រេនឈ្មោះសោមយាគតាំងឡើងហើយពួកមនុស្សបានធ្វើបាណាតិបាតអាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ។ព្រោះហេតុនោះអាត្មាភាពខ្ពើមរអើមក្នុងកាលជាខាងក្រោយអាត្មាភាពបានធ្វើបាបនោះហើយអាត្មាភាពលែងធ្វើបាបទៀតហើយព្រោះហេតុនោះបានជាអាត្មាភាពបួស។ (ព្រះបច្ចេកពុទ្ធទី៥បានសំដែងថា) សុរាមេរយមាធុកា,យេជនាបឋមាសុនោ; ពហូនំតេអនត្ថាយ,មជ្ជបានមកប្បយុំ; តេសាហំសមនុញ្ញាសិំ។ តេនបច្ឆាវិជិគុច្ឆិំ,តំបាបំបកតំមយា; មាបុនអករំបាបំ,តស្មាបព្ពជិតោអហំ។ ពួកជនណា(ក្នុងស្រុក)របស់យើងដែលសម្គាល់សុរានិងមេរ័យថាដូចទឹកឃ្មុំជាជន(មានសភាពយ៉ាងនេះ)ជាដំបូងពួកជននោះបានចាត់ចែងទឹកស្រវឹងដើម្បីសេចក្តីវិនាសដល់ពួកជនច្រើនអាតា្មភាពបានអនុញ្ញាតឲ្យពួកជននោះ។ព្រោះហេតុនោះអាត្មាភាពខ្ពើមរអើមក្នុងកាលជាខាងក្រោយអាត្មាភាពបានធ្វើបាបនោះហើយអាត្មាភាពលែងធ្វើបាបទៀតហើយព្រោះហេតុនោះបានជាអាត្មាភាពបួស។ ព្រះបច្ចេកពុទ្ធទាំងឡាយបានសម្ដែងទាំង៥គាថានេះដោយលំដាប់។ចំណែកព្រះរាជាស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធមួយអង្គៗហើយទ្រង់សរសើរថាបពិត្រព្រះគុណម្ចាស់ទាំងឡាយបព្វជ្ជានេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ។ បណ្ដាបទទាំងនោះបទថាមិត្តោមិត្តស្សសេចក្ដីថាបពិត្រមហារាជអាត្មាភាពជាមិត្តរបស់មិត្តបាន​ផឹកទឹករបស់មិត្តនោះដោយនិយាមនេះ។បទថាតស្មាសេចក្ដីថាឈ្មោះថាបុថុជ្ជនទាំងឡាយតែងធ្វើ​នូវបាបកម្មព្រោះហេតុណាអាត្មាភាពមិនធ្វើបាបកម្មនោះទៀតព្រោះហេតុនោះ។បទថាបាបំសេចក្ដី​ថាអាត្មាភាពបានធ្វើបាបនោះឲ្យជាអារម្មណ៍ហើយបួស។បទថាឆន្ទោសេចក្ដីថាបពិត្រមហារាជព្រោះឃើញភរិយារបស់អ្នកដទៃដោយទំនងនេះសេចក្ដីពេញចិត្តទើបកើតឡើងដល់អាត្មាភាព។បទ​ថាអគណ្ហុប្រែថាបានរួមគ្នាចាប់។ បទថាជានំសេចក្ដីថាអាត្មាភាពត្រូវពួកចោរនោះសួរថាអ្នកនេះជាអ្វីនឹងលោកទាំងដែលដឹងហើយក៏ឆ្លើយជាយ៉ាងដទៃថាមិនជាអ្វីនឹងខ្ញុំទេ។បទថាសោម​យាគេសេចក្ដីថាកាលមហោស្រពប្រាកដឡើងពួកមនុស្សនាំគ្នាធ្វើពលីកម្មដល់យក្សឈ្មោះថាពិធី​សោម​យាគៈពេលពិធីនោះប្រាកដហើយអាត្មាភាពក៏អនុញ្ញាត។បទថាសុរាមេរយមាធុកាសេច​ក្ដី​ថាពួកជនដែលសម្គាល់សុរាមានសុរាដែលលាយដោយម្សៅជាដើមនិងមេរ័យមានទឹកត្រាំដោយផ្កា​ឈើ​ជាដើមថាដូចជាទឹកឃ្មុំ។បទថាយេជនាបឋមាសុនោសេចក្ដីថាពួកជននោះមានហើយគឺមានមកយូរហើយក្នុងស្រុករបស់ពួកយើង។បទថាពហូនំតេសេចក្ដីថាពួកជនទាំងនោះកាលលេងមហោស្រពហើយមានការផឹកសុរាសេចក្ដីវិនាសមានដល់ជនដ៏ច្រើនក្នុងមួយថ្ងៃ។ ព្រះរាជាស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយមានចិត្តជ្រះថ្លាទ្រង់ថ្វាយសំពត់ចីវរនិងភេសជ្ជៈហើយទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ។សូម្បីព្រះបច្ចេកពុទ្ធទាំងនោះក៏ធ្វើអនុមោទនាដល់ព្រះរាជាហើយនាំគ្នាទៅក្នុងពេលនោះឯង។តាំងតែពីពេលនោះមកព្រះរាជាទ្រង់នឿយនាយជាអ្នកមិនមានការសម្លឹងក្នុងវត្ថុកាមទាំងឡាយទ្រង់សោយព្រះក្រយាហារដែលមានរសដ៏លើសផ្សេងៗទ្រង់មិនហៅមិនទតមើលពួកស្ត្រីមានចិត្តនឿយនាយស្ដេចយាងចូលបន្ទប់ដ៏មានសិរីប្រថាប់អង្គុយធ្វើកសិណបរិកម្មត្រង់ជញ្ជាំងដែលមានពណ៌សទ្រង់បានធ្វើឈានឲ្យកើតឡើងហើយ។ព្រះអង្គបានដល់នូវឈានហើយកាលនឹងតិះដៀលកាមទាំងឡាយទើបត្រាស់ព្រះគាថាថា ធិរត្ថុសុពហូកាមេ,ទុគ្គន្ធេពហុកណ្ដកេ; យេអហំបដិសេវន្តោ,នាលភិំតាទិសំសុខំ។ គួរឲ្យតិះដៀលកាមដ៏ច្រើនដែលមានក្លិនអាក្រក់មានសត្រូវច្រើនព្រោះថាអាត្មាអញបានសេពហើយក៏មិនបានសេចក្តីសុខ(ក្នុងឈាន)បា្រកដដូច្នោះ។ បណ្ដាបទទាំងនោះបទថាពហុកណ្ដកេសេចក្ដីថាពួកបច្ចាមិត្រច្រើន។បាលីថាយេអហំគឺយោអហំបាលីនេះឯង។បទថាតាទិសំបានដល់សេចក្ដីសុខក្នុងឈានគឺវៀចាកកិលេស។ លំដាប់នោះព្រះអគ្គមហេសីរបស់ព្រះរាជាត្រិះរិះថាព្រះរាជាអង្គនេះទ្រង់ស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយទ្រង់មានឥរិយាបថនឿយនាយមិនត្រាស់នឹងយើងស្ដេចចូលព្រះដំណាក់ដ៏ទ្រង់សិរីយើងនឹងរង់ចាំចាប់ព្រះអង្គដូចនេះហើយព្រះនាងទើបយាងទៅទ្វារព្រះដំណាក់ឈរទ្រង់ទ្វារហើយស្ដាប់ព្រះឧទានរបស់ព្រះរាជាដែលកំពុងតិះដៀលកាមទាំងឡាយទើបត្រាស់ថាបពិត្រមហារាជព្រះអង្គតិះដៀលកាមតែឈ្មោះថាសេចក្ដីសុខដែលស្មើដោយកាមមិនមានកាលនឹងទ្រង់ពណ៌នាដល់សេចក្ដីសុខក្នុងកាមទើបត្រាស់ព្រះគាថាថា មហស្សាទាសុខាកាមា,នត្ថិកាមាបរំសុខំ; យេកាមេបដិសេវន្តិ,សគ្គំតេឧបបជ្ជរេ។ កាមទាំងឡាយមានសេចក្តីរីករាយច្រើនជាសុខសេចក្តីសុខក្រៅអំពីកាមមិនមានទេពួកជនណាបានសេពកាមទាំងឡាយពួកជននោះតែងកើតក្នុងឋានសួគ៌។ បណ្ដាបទទាំងនោះបទថាមហស្សាទាសេចក្ដីថាបពិត្រមហារាជធម្មតាថាកាមទាំងនេះមានសេចក្ដីរីករាយច្រើនសេចក្ដីសុខដទៃដែលក្រៃលែងជាងនេះមិនមានព្រោះអ្នកសេពកាមជាប្រក្រតីនឹងមិនចូលដល់អបាយទាំងឡាយនឹងនាំគ្នាទៅកើតក្នុងឋានសួគ៌។ ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយកាលនឹងទ្រង់តិះដៀលថានែវសលិនាងនិយាយអ្វីឈ្មោះថាសេចក្ដីសុខក្នុងកាមនឹងមានមកពីណាកាមទាំងនេះជាវិបរិណាមទុក្ខទើបទ្រង់ត្រាស់ព្រះគាថាដ៏សេសថា អប្បស្សាទាទុខាកាមា,នត្ថិកាមាបរំទុខំ; យេកាមេបដិសេវន្តិ,និរយំតេឧបបជ្ជរេ។ កាមទាំងឡាយមានសេចក្តីរីករាយតិចជាទុក្ខសេចក្តីទុក្ខក្រៅអំពីកាមមិនមានទេពួកជនណាសេពកាមទាំងឡាយពួកជននោះតែងកើតក្នុងនរក។ អសីយថាសុនិសិតោ,នេត្តិំសោវសុបាយិកោ; សត្តីវឧរសិខិត្តា,កាមាទុក្ខតរាតតោ។ កាមទាំងឡាយមានសេចក្តីទុក្ខលើសជាងដាវដែលសំលៀងហើយជាងព្រះខាន់ដែលលាបដោយថ្នាំពិសទាំងជាងលំពែងដែលពួយត្រង់ទ្រូង។ អង្គារានំវជលិតំ,កាសុំសាធិកបោរិសំ; ផាលំវទិវសំតត្តំ,កាមាទុក្ខតរាតតោ។ កាមទាំងឡាយមានសេចក្តីទុក្ខលើសជាងរងើកភ្លើងដ៏ច្រាលឆ្អៅជាងរណ្តៅរងើកភ្លើងមានជម្រៅមួយទ្រទូងឬអណ្តាតភ្លើងដែលក្តៅពេញមួយថ្ងៃ។ វិសំយថាហលាហលំ,តេលំបក្កុថិតំយថា; តម្ពលោហវិលីនំវ,កាមាទុក្ខតរាតតោ។ កាមទាំងឡាយមានសេចក្តីទុក្ខលើសជាងថ្នាំពុលដ៏ក្លៀវក្លាឬប្រេងកំពុងពុះឬក៏ទង់ដែងរលាយ។ បណ្ដាបទទាំងនោះបទថានេត្តិំសោសេចក្ដីថាស្មើគ្នានឹងនេត្តិសោ។ពាក្យថានេត្តិំសោ​សូម្បីនេះជាឈ្មោះនៃព្រះខាន់ប្រភេទនោះ។បទថាទុក្ខតរាសេចក្ដីថាសេចក្ដីទុក្ខពួកណាដែលនឹងកើតដល់បុគ្គលព្រោះអាស្រ័យរណ្ដៅធ្យូងភ្លើងដែលឆេះឡើងឬអន្ទាក់សំណាញ់ដែកដែលត្រូវអាំងរហូតថ្ងៃយ៉ាងនេះកាមទាំងឡាយនេះឯងនៅជាទុក្ខក្រៃលែងជាងសេចក្ដីទុក្ខនេះទៀត។ក្នុងគាថាតទៅមានសេចក្ដីថាថ្នាំពិសជាដើមពួកនោះឈ្មោះថាជាទុក្ខព្រោះនាំសេចក្ដីទុក្ខមកឲ្យយ៉ាង​ណាសូម្បីកាមទាំងឡាយក៏ជាទុក្ខយ៉ាងនោះដែរតែសេចក្ដីទុក្ខនោះជាសេចក្ដីទុក្ខដែលក្រៃលែងជាងសេចក្ដីទុក្ខទាំងពួង។ ព្រះមហាសត្វសម្ដែងធម៌ដល់ព្រះទេវីយ៉ាងនេះហើយទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នាហើយត្រាស់ថាម្នាលអាមាត្យទាំងឡាយពួកអ្នកចូរទទួលរាជសម្បត្តិចុះយើងនឹងបួសក្នុងពេលដែលមហាជនកំពុងកន្ទក់កន្ទេញនោះឯងស្ដេចក្រោកឡើងទៅប្រថាប់លើអាកាសប្រទានព្រះឱវាទហើយស្ដេចទៅកាន់ព្រៃហិមពាន្តនៅទិសខាងជើងតាមផ្លូវអាកាសនោះឯងទ្រង់សាងអាស្រមក្នុងទីដែលគួររីករាយបួសជាឥសីក្នុងទីបំផុតនៃព្រះជន្មជាអ្នកមានព្រហ្ម-លោកប្រព្រឹត្តទៅក្នុងទីខាងមុខ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទើបត្រាស់ថាម្នាលភិក្ខុទាំងឡាយឈ្មោះថាកិលេសដែលជារបស់តិចតួចមិនមានឡើយសូម្បីមានប្រមាណតិចក៏បណ្ឌិតទាំងឡាយនាំគ្នាសង្កត់សង្កិនដែរដូច្នេះហើយទើបទ្រង់ប្រកាសសច្ចៈទាំងឡាយកាលចប់សច្ចៈភិក្ខុទាំង៥០០រូបនោះក៏បានតាំងនៅក្នុងព្រះអរហត្តរួចហើយប្រជុំជាតកថា តទាបច្ចេកពុទ្ធាបរិនិព្ពាយិំសុព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះបរិនិព្វានហើយ។ ទេវីរាហុលមាតាអហោសិព្រះទេវីបានមកជារាហុលមាតា។ រាជាបនអហមេវអហោសិំចំណែកព្រះរាជាគឺតថាគតនេះឯង។ ចប់បានីយជាតក។ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកឯកាទសកនិបាតបិដកលេខ៥៩ទំព័រ២២៤) ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    Public date : 11, May 2024 (5,833 Read)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធនូវភិក្ខុដែលប្រដៅក្រមួយរូបបានត្រាស់ព្រះធម្មទេសនាមានពាក្យថានមេរុចិ្ចដូច្នេះជាដើម។ គ្រានោះព្រះសាស្ដាត្រាស់ហៅភិក្ខុនោះមកហើយត្រាស់ថាម្នាលភិក្ខុបានឮថាអ្នកជាមនុស្សប្រដៅក្រពិតមែនឬ?កាលភិក្ខុនោះទូលថាពិតមែនហើយព្រះអង្គ។ព្រះអង្គទើបត្រាស់ថាម្នាលភិក្ខុមិនមែនតែក្នុងពេលនេះទេសូម្បីក្នុងកាលមុនអ្នកក៏ជាមនុស្សប្រដៅក្រដែរព្រោះអាស្រ័យភាពជាមនុស្សប្រដៅក្រមិនស្ដាប់ពាក្យរបស់បណ្ឌិតទាំងឡាយអ្នកបានដល់សេចក្ដីវិនាសក្នុងមាត់ខ្យល់វេរម្ភៈហើយទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងនគរពារាណសីព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាតមានឈ្មោះថាអបនន្ទៈ។ត្មាតពោធិសត្វនោះមានហ្វូងត្មាតជាបរិវារនៅលើភ្នំគិជ្ឈកូដ។ចំណែកកូនរបស់ព្រះពោធិសត្វមានឈ្មោះថាមិគាលោបៈជាអ្នកដល់ព្រមដោយថាមពលត្មាតនោះហើរខ្ពស់ឡើងកន្លងនូវដែនរបស់ត្មាតដទៃទៀត។ត្មាតទាំងឡាយប្រាប់ស្ដេចត្មាតថាបុត្ររបស់ព្រះអង្គហើរឆ្ងាយណាស់។ព្រះពោធិសត្វនោះប្រកាស់ហៅនូវបុត្រនោះថាម្នាលកូនបានឮថាអ្នកហើរខ្ពស់ណាស់កាលបើអ្នកហើរខ្ពស់អ្នកនឹងដល់នូវការអស់ជីវិតដូច្នេះហើយទើបពោលគាថាទាំងឡាយ៣ថា នមេរុច្ចិមិគាលោប,យស្សតេតាទិសីគតី; អតុច្ចំតាតបតសិ,អភូមិំតាតសេវសិ។ ម្នាលមិគាលោបៈដំណើររបស់អ្នកប្រាកដដូច្នោះមិនពេញចិត្តអញទេម្នាលកូនដ្បិតអ្នកហើរទៅខ្ពស់ពេកម្នាលកូនអ្នកសេពគប់នូវទីមិនមែនផែនដី។ ចតុក្កណ្ណំវកេទារំ,យទាតេបថវីសិយា; តតោតាតនិវត្តស្សុ,មាស្សុឯត្តោបរំគមិ។ ផែនដីប្រាកដដល់អ្នកដូចជាស្រែមានជ្រុង៤ម្នាលកូនចូរអ្នកត្រឡប់អំពីទីនោះមកវិញកុំទៅហួសអំពីទីនេះឡើយ។ សន្តិអញ្ញេបិសកុណា,បត្តយានាវិហង្គមា; អក្ខិត្តាវាតវេគេន,នដ្ឋាតេសស្សតីសម។ ពួកសកុណជាតិឯទៀតមានស្លាបជាយានទៅកាន់អាកាសពួកសត្វទាំងនោះសម្គាល់ខ្លួនថាស្មើដោយវត្ថុដ៏ទៀងទាត់ត្រូវកម្លាំងខ្យល់បក់បោកវិនាស។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះត្មាតបិតាហៅកូនដោយឈ្មោះថាមិគាលោបៈ។បទថាអតុច្ចំតាតបតសិសេចក្ដីថាម្នាលកូនអ្នកកុំហើរខ្ពស់ពេកកន្លងដែនរបស់ត្មាតដទៃឡើយ។ត្មាតបិតាប្រាប់ដែនដល់កូនដោយពាក្យនេះថាចតុក្កណ្ណំវកេទារំគឺដូចស្រែមាន៤ជ្រុងអធិប្បាយថាកូនអើយកាលផែនដីដ៏ធំនេះហាក់ដូចជាស្រែ៤ជ្រុងដល់អ្នកហើយគឺប្រាកដដូចជាតូចយ៉ាងនោះកាលនោះអ្នកគួរត្រឡប់អំពីឋានៈដែលមានសភាពដូចនោះអ្នកកុំទៅទៀតឡើយ។បទថាសន្តិអញ្ញេបិសេចក្ដីថាមិនមែនតែអ្នកប៉ុណ្ណោះសូម្បីត្មាតទាំងឡាយដទៃក៏ធ្វើយ៉ាងនោះ។បទថាអក្ខិត្តាសេចក្ដីថាសូម្បីត្មាតទាំងនោះកន្លងនូវដែនរបស់យើងទៅហើយត្រូវកម្លាំងខ្យល់កន្ត្រាក់ហើយក៏វិនាស។បទថា សស្សតីសមាសេចក្ដីថាពួកវាសម្គាល់ខ្លួនថាជាអ្នកស្មើដោយផែនដីនិងភ្នំទាំងឡាយដែលជាវត្ថុទៀងទាត់សូម្បីតែមិនអាចបំពេញនូវអាយុដែលមានបរិមាណ១០០០ឆ្នាំរបស់ខ្លួន,បានវិនាសហើយនៅរវាងនោះ។ មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតាព្រោះភាពជាអ្នកមិនស្ដាប់ឱវាទកាលហើរទៅបានឃើញនូវដែនតាមដែលបិតាប្រាប់ហើយនៅតែហើរកន្លងដែននោះទៅក៏ដល់ខ្យល់កាលវាត(ខ្យល់រដូវកាល)ហើយទន្លុះខ្យល់សូម្បីនោះហើរស្ទុះទៅកាន់មុខខ្យល់វេរម្ភៈលំដាប់នោះខ្យល់វេរម្ភៈក៏ប្រហារនូវមិគាលោបៈនោះ។មិគាលោបៈគ្រាន់តែត្រូវខ្យល់វេរម្ភៈនោះប្រហារហើយក៏ដាច់ជាបំណែកតូចធំវិនាសទៅក្នុងអាកាសនោះឯង។ដោយហេតុនោះព្រះសម្មាសម្ពុទ្ធទើបសម្ដែងថា អកត្វាអបនន្ទស្ស,បិតុវុទ្ធស្សសាសនំ; កាលវាតេអតិក្កម្ម,វេរម្ភានំវសំអគា។ មិគលោបៈមិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ឈ្មោះអបនន្ទៈហើរកន្លងនូវខ្យល់ រដូវកាលបានទៅដល់អំណាចនៃខ្យល់ព្យុះ។ តស្សបុត្តាចទារាច,យេចញ្ញេអនុជីវិនោ; សព្ពេព្យសនមាបាទុំ,អនោវាទករេទិជេ។ កូនក្តីប្រពន្ធក្តីឬសត្វឯទៀតជាអ្នកចិញ្ចឹមជីវិតតាមមិគាលោបៈនោះពួកសត្វស្លាបទំាងអស់ក៏ដល់នូវសេចក្តីវិនាសព្រោះទិជជាតិ(សត្វដែលកើតក្នុវារៈពីរដងបានដល់សត្វជាអណ្ឌជកំណើតមានសត្វស្លាបជាដើម)មិនធ្វើតាមឱវាទ។ ឯវម្បិឥធវុទ្ធានំ,យោវាក្យំនាវពុជ្ឈតិ; អតិសីមចរោទិត្តោ,គិជ្ឈោវាតីតសាសនោ; សព្ពេព្យសនំបប្បោន្តិ,អកត្វាវុទ្ធសាសនំ។ បុគ្គលណាមិនយល់នូវពាក្យរបស់បុគ្គលចាស់ទុំក្នុងលោកនេះបុគ្គលនោះ (ដល់នូវសេចក្តីវិនាស)ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅជាសត្វភ្លើតភ្លើនត្រាច់ទៅកាន់ទីហួសដែនជនទាំងអស់ដល់នូវសេចក្តីវិនាសព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ។ គាថាទាំងឡាយ៣នេះជាអភិសម្ពុទ្ធគាថា។បណ្ដាបទទាំងនោះបទថាអនុជីវិនោបានដល់ត្មាតដែលអាស្រ័យត្មាតមិគាលោបៈនោះ។បទថាអនោវាទករេទិជេសេចក្ដីថាកាលត្មាតមិគាលោបៈនោះមិនធ្វើតាមឱវាទត្មាតទាំងនោះហើរទៅជាមួយត្មាតមិគាលោបៈនោះកន្លងនូវដែនដល់នូវសេចក្ដីវិនាស។បទថាឯវម្បិសេចក្ដីថាម្នាលភិក្ខុទាំងឡាយត្មាតនោះដល់សេចក្ដីវិនាសហើយយ៉ាងណាសូម្បីអ្នកដទៃណាជាគ្រហស្ថក្ដីជាបព្វជិតក្ដីក៏យ៉ាងនោះដូចគ្នាមិនកាន់នូវពាក្យរបស់បណ្ឌិតទាំងឡាយដែលជាអ្នកអនុគ្រោះដល់សេចក្ដីចម្រើនសូម្បីអ្នកនោះនឹងវិនាសដូចត្មាតនេះដែលត្រាច់ទៅកន្លងនូវដែនជាអ្នករឹងរូសនោះឯង។ ព្រះសាស្ដាកាលនាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រកាសសច្ចៈទាំងឡាយហើយប្រជុំជាតកថា តទាមិគាលោបោទុព្ពចភិក្ខុអហោសិត្មាតមិគាលោបៈក្នុងកាលនោះបានមកជាភិក្ខុប្រដៅក្រនេះ។ អបនន្ទោបនអហមេវអហោសិំចំណែកស្ដេចត្មាតឈ្មោះអបនន្ទៈគឺតថាគតនេះឯង។ ចប់មិគាលោបជាតក៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកឆក្កនិបាតអវារិយវគ្គបិដកលេខ៥៩ទំព័រ៤៣) ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    Public date : 11, May 2024 (7,372 Read)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធភិក្ខុដែលចិញ្ចឹមមាតាបានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាតស្សនាគស្សវិប្បវាសេនដូច្នេះជាដើម។ បច្ចុប្បន្នវត្ថុប្រាកដដូចសាមជាតកវត្ថុនោះឯង។ចំណែកព្រះសាស្ដាត្រាស់ហៅឲ្យភិក្ខុទាំងឡាយមកហើយត្រាស់ថាម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំលើកទោសភិក្ខុនេះឡើយបោរាណបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆានកាលព្រាត់ប្រាស់ចាកមាតាក៏ស្គាំងស្គមព្រោះអត់អាហារអស់៧ថ្ងៃសូម្បីបានភោជនដែលសមគួរដល់ព្រះរាជាហើយគិតថាយើងវៀរចាកមាតាហើយនឹងមិនបរិភោគទាល់តែបានឃើញមាតាទើបកាន់យកនូវអាហារដូច្នេះហើយកាលដែលភិក្ខុទាំងឡាយទូលអង្វរអារាធនាទើបទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីគ្រានោះព្រះពោធិសត្វកើតក្នុងកំណើតដំរីក្នុងហិមវន្តប្រទេសមានពណ៌សសុទ្ធមានរូបស្អាតគួរពេចពិលរមិលមើលគួរជាទីជ្រះថ្លាដល់ព្រមដោយលក្ខណៈមានដំរី៨០០០០ជាបរិវារ។ព្រះពោធិសត្វនោះចិញ្ចឹមមាតាដែលចាស់ជរាមាតារបស់ព្រះពោធិសត្វជាដំរីខ្វាក់ភ្នែក។ព្រះពោធិសត្វបានឲ្យផលាផលដែលមានរសផ្អែមទាំងឡាយដល់ដំរីហើយបញ្ជូនទៅកាន់សម្នាក់មាតា។ដំរីទាំងឡាយមិនបានឲ្យដល់មេដំរីនោះឡើយនាំគ្នាបរិភោគដោយខ្លួន។ព្រះពោធិសត្វកំណត់ដឹងរឿងនោះហើយគិតថាយើងលះបង់នូវហ្វូងហើយនឹងទៅចិញ្ចឹមមាតាពេលដល់ចំណែកនៃរាត្រីហើយកាលដំរីទាំងឡាយដទៃមិនដឹងទើបនាំមាតាទៅកាន់ជើងភ្នំឈ្មោះចណ្ឌោរណៈទុកមាតាក្នុងគុហាភ្នំដែលឋិតនៅជាប់តំបន់មួយហើយក៏ចិញ្ចឹម។ លំដាប់នោះព្រានព្រៃដែលរស់នៅនគរពារាណសីមួយរូបវង្វេងផ្លូវមិនអាចនឹងកំណត់នូវទិសបានស្រែកយំដោយសំឡេងដ៏ខ្លាំង។ព្រះពោធិសត្វស្ដាប់នូវសំឡេងរបស់ព្រាននោះហើយគិតថាបុរសនេះជាមនុស្សអនាថាបើគេវិនាសក្នុងទីដែលយើងឋិតនៅនោះមិនសមគួរឡើយដូចនេះហើយទើបទៅរកគេឃើញគេកំពុងគេចទៅដោយសេចក្ដីភ័យខ្លាចក៏សួរថាអម្ភោនែបុរសដ៏ចម្រើនលោកកុំមានភ័យព្រោះអាស្រ័យយើងឡើយលោកកុំគេចទៅអីព្រោះហេតុអ្វីលោកទើបស្រែកយំត្រាច់ទៅដូច្នេះកាលគេពោលថាបពិត្រលោកម្ចាស់ខ្ញុំវង្វេងផ្លូវថ្ងៃនេះជាថ្ងៃទី៧ហើយសម្រាប់ខ្ញុំ។ព្រះមហាសត្វពោលថានែបុរសដ៏ចម្រើនលោកកុំភ័យឡើយយើងដាក់លោកទុកក្នុងផ្លូវមនុស្សដូចនេះហើយឲ្យគេឡើងជិះលើខ្នងរបស់ខ្លួននាំចេញអំពីព្រៃហើយទើបត្រឡប់មកវិញ។ចំណែកព្រាននោះជាមនុស្សអាក្រក់គិតថាយើងទៅកាន់នគរហើយនឹងទូលដល់ព្រះរាជាដូច្នេះហើយទើបធ្វើដើមឈើជាគ្រឿងចំណាំធ្វើភ្នំជាគ្រឿងចំណាំបានចេញទៅកាន់នគរពារាណសី។ ក្នុងពេលនោះដំរីមង្គលរបស់ព្រះរាជាបានធ្វើកាលកិរិយា។ព្រះរាជាត្រាស់បញ្ជាឲ្យវាយស្គរប្រកាសថាបើអ្នកណាឃើញដំរីដែលមានរូបដ៏សមគួរដើម្បីនឹងធ្វើជាព្រះទីនាំងក្នុងទីណាអ្នកចូរប្រាប់។បុរសនោះចូលគាល់ព្រះរាជាទូលថាបពិត្រព្រះសម្មតិទេពខ្ញុំព្រះអង្គបានឃើញស្ដេចដំរីដែលមានសីលពណ៌សសុទ្ធជាដំរីប្រកបដោយរូបដើម្បីនឹងជាព្រះ​ទីនាំងរបស់ព្រះអង្គបានខ្ញុំនឹងប្រាប់ផ្លូវសូមទ្រង់បញ្ជូននាយហត្ថាចារ្យនឹងទូលព្រះបង្គំទៅចាប់ដំរីនោះចុះ។ព្រះរាជាទទួលពាក្យនោះហើយត្រាស់ថាពួកលោកចូរធ្វើបុរសនេះឲ្យជាអ្នកនាំផ្លូវទៅកាន់ព្រៃហើយនាំនូវស្ដេចដំរីដូចដែលបុរសនេះពោលមកដូច្នេះហើយទ្រង់ក៏បញ្ជូននាយហត្ថាចារ្យនឹងបុរសនោះមួយអន្លើដោយបរិវារដ៏ច្រើន។ នាយហត្ថាចារ្យទៅជាមួយបុរសនោះបានឃើញព្រះពោធិសត្វដែលកំពុងចូលទៅកាន់ស្រះឈូកស្វែងរកអាហារ។ចំណែកព្រះពោធិសត្វឃើញនាយហត្ថាចារ្យហើយអធិដ្ឋានថាភ័យនេះមិនកើតឡើងអំពីអ្នកដទៃនឹងកើតឡើងអំពីសម្នាក់បុរសនោះយើងនេះជាអ្នកមានកម្លាំងខ្លាំងអាចដើម្បីនឹងកម្ចាត់នូវដំរីសូម្បីទាំងពាន់បើយើងក្រោធហើយអាចនឹងញ៉ាំងនូវពាហនៈរបស់សេនាព្រមទាំងដែនឲ្យវិនាសប្រសិនបើយើងនឹងក្រោធសីលរបស់យើងនឹងបែកធ្លាយព្រោះហេតុនោះក្នុងថ្ងៃនេះសូម្បីគេចាក់យើងដោយលំពែងយើងនឹងមិនក្រោធឡើយដូច្នេះហើយបង្អោនក្បាលចុះឈរនៅមិនកម្រើក។ នាយហត្ថាចារ្យចុះកាន់ស្រះបទុមមើលនូវលក្ខណសម្បត្តិរបស់ដំរីនោះហើយពោលថាម្នាលបុត្រចូរមកដូចនេះហើយចាប់កាន់ប្រម៉ោយដែលប្រាកដដូចខ្សែប្រាក់(រួចធ្វើដំណើរទៅ)ក្នុងថ្ងៃទី៧ទើបដល់នគរពារាណសី។ចំណែកមាតាព្រះពោធិសត្វកាលកូនមិនមកក៏បរិទេវនាការថាកូនរបស់យើងនឹងត្រូវព្រះរាជានិងរាជមហាមាត្យនាំទៅឥឡូវនេះព្រៃនេះនឹងចម្រើនដោយការព្រាត់ប្រាស់ចាកដំរីនោះដូច្នេះហើយទើបពោលគាថាទាំងឡាយ២ថា តស្សនាគស្សវិប្បវាសេន,វិរូឡ្ហោសល្លកីចកុដជាច; កុរុវិន្ទករវីរាភិសសាមាច,និវាតេបុប្ផិតាចកណិការា។ ដើមពោនស្វាផងដើមខ្លែងគង់ផងដើមទទឹមនិងស្មៅធំឈ្មោះករវីរៈផងក្រអៅឈូកនិងស្រងែផងដុះទ្រុបទ្រុលហើយទាំងដើមកណិការជិតជើងភ្នំក៏ចេញផ្កាដែរព្រោះតែដំរីនោះមិននៅ។ កោចិទេវសុវណ្ណកាយុរា,នាគរាជំភរន្តិបិណ្ឌេន; យត្ថរាជារាជកុមារោវា,កវចមភិហេស្សតិអឆម្ភិតោ។ ក្នុងស្រុកឬក្នុងក្រុងណាមួយព្រះរាជាឬព្រះរាជកុមារណាមួយមានគ្រឿងអាភារណៈជាវិការនៃមាសរមែងចិញ្ចឹមសេ្តចដំរីដោយដុំនៃភោជនដ្បិតដំរីដែលព្រះរាជាឬព្រះរាជកុមារ(គង់ហើយ)មិនតក់ស្លុត(ក្នុងសង្គ្រាម)អាចនឹងទម្លុះទម្លាយនូវក្រោះ(នៃពួកបច្ចាមិត្របាន)។ ចំណែកនាយហត្ថាចារ្យកាលធ្វើដំណើរទៅក្នុងរវាងផ្លូវបានបញ្ជូនសារទៅដល់ព្រះរាជា។ព្រះរាជាបានបញ្ជាឲ្យគេតាក់តែងព្រះនគរ។នាយហត្ថាចារ្យនាំព្រះពោធិសត្វដែលប្រោះព្រំដោយរបស់ក្រអូបនិងប្រដាប់តាក់តែងចូលកាន់រោងដំរីឲ្យគេឡោមព័ទ្ធដោយវាំងននដ៏វិចិត្រនិងឲ្យគេទៅទូលដល់ព្រះរាជា។ព្រះរាជាទ្រង់នាំនូវភោជនដែលរស់ដ៏លើសផ្សេងៗយាងទៅញ៉ាំងឲ្យអ្នកបម្រើឲ្យដល់ព្រះពោធិសត្វ។ព្រះពោធិសត្វគិតថាយើងកាលវៀរចាកមាតាហើយនឹងមិនទទួលយកនូវអាហារដូច្នេះហើយទើបមិនកាន់យកនូវដុំបាយ។លំដាប់នោះព្រះរាជាកាលនឹងអង្វរព្រះពោធិសត្វទើបត្រាស់ព្រះគថាទី៣ថា គណ្ហាហិនាគកពឡំ,មានាគកិសកោភវ; ពហូនិរាជកិច្ចានិ,តានិនាគករិស្សសិ។ ម្នាលដំរីអ្នកចូរទទួលពំនូតភោជនចុះម្នាលដំរីអ្នកកុំស្គមឡើយម្នាលដំរីរាជកិច្ចទាំងឡាយមានច្រើនអ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយទើបពោលគាថាទី៤ថា សានូនសាកបណិកា,អន្ធាអបរិណាយិកា; ខាណុំបាទេនឃដ្ដេតិ,គិរិំចណ្ឌោរណំបតិ។ មេដំរីនោះជាសត្វកំព្រាខ្វាក់ភ្នែកមិនមានគេដឹកនាំទង្គិចជើងនឹងដង្គត់ឈើហើយបែរមុខទៅរកភ្នំចណ្ឌោរណៈដួលនៅ។ លំដាប់នោះព្រះរាជាកាលនឹងសួរទើបត្រាស់គាថាទី៥ថា កានុតេសាមហានាគ,អន្ធាអបរិណាយិកា; ខាណុំបាទេនឃដ្ដេតិ,គិរិំចណ្ឌោរណំបតិ។ មា្នលដំរីប្រសើរមេដំរីខ្វាក់ភ្នែកមិនមានគេដឹកនាំទង្គិចជើងនឹងដង្គត់ឈើបែរមុខទៅរកភ្នំចណ្ឌោរណៈដួលនៅនោះតើត្រូវជាអ្វីនឹងអ្នកឯង។ ព្រះពោធិសត្វទើបពោលគាថាទី៦ មាតាមេសាមហារាជ,អន្ធាអបរិណាយិកា; ខាណុំបាទេនឃដ្ដេតិ,គិរិំចណ្ឌោរណំបតិ។ បពិត្រមហារាជមេដំរីខ្វាក់ភ្នែកមិនមានគេដឹកនាំទង្គិចជើងនឹងជង្គត់ឈើបែរមុខទៅរកភ្នំចណ្ឌោរណៈដួលនៅនោះត្រូវជាមាតារបស់ទូលព្រះបង្គំជាខ្ញុំ។ ព្រះរាជាបានស្ដាប់នូវអត្ថនៃគាថាទី៦នោះហើយកាលញ៉ាំងគេឲ្យដោះលែងព្រះពោធិសត្វទើបត្រាស់គាថាទី៧ថា មុញ្ចថេតំមហានាគំ,យោយំភរតិមាតរំ; សមេតុមាតរានាគោ,សហសព្ពេហិញាតិភិ។ អ្នកទាំងឡាយចូរលែងនូវដំរីប្រសើរនុ៎ះជាសត្វចិញ្ចឹមនូវមាតាចូរឲ្យដំរីបានជួបជុំនឹងមាតាព្រមទាំងញាតិទាំងពួងចុះ។ អភិសម្ពុទ្ធគាថាទី៨និងទី៩ថា មុត្តោចពន្ធនានាគោ,មុត្តមាទាយកុញ្ជរោ; មុហុត្តំអស្សាសយិត្វា,អគមាយេនបព្ពតោ។ ដំរីគ្រាន់តែរួចចាកចំណងដែលព្រះរាជាកាសីបានបញ្ចូនទៅសម្រាកខ្លួនតែមួយរំពេចក៏ដើរសំដៅទៅរកភ្នំ។ តោសោនឡិនិំគន្ត្វា,សីតំកុញ្ជរសេវិតំ; សោណ្ឌាយូទកមាហត្វា,មាតរំអភិសិញ្ចថ។ ដំរីនោះចេញទៅអំពីភ្នំនោះដើរទៅកាន់ព្រៃជាទីពួនសម្ងំដ៏ត្រជាក់ដែលដំរីធ្លាប់សេព(នៅ)ហើយដងទឹកដោយប្រមោយយកមកស្រោចស្រពមាតា។ បានឮថាដំរីនោះបានរួចផុតចាកចំណងហើយសម្រាកបន្តិចក៏សម្ដែងធម៌ដោយទសរាជធម្មគាថាដល់ព្រះរាជានិងឲ្យឱវាទថាបពិត្រមហារាជសូមទ្រង់ចូរជាអ្នកកុំប្រមាទឡើយដូច្នេះហើយកាលមហាជនបូជាដោយគ្រឿងក្រអូបនិងផ្កាកម្រងជាដើមទើបចេញចាកព្រះនគរហើយទៅដល់ស្រះបទុមនោះ។ក្នុងខណៈនោះឯងព្រះពោធិសត្វគិតថាយើងនឹងញ៉ាំងមាតារបស់យើងឲ្យកាន់យកនូវអាហារហើយទើបនឹងកាន់យកដោយខ្លួនដូច្នេះហើយទើបកាន់យកក្រអៅឈូកដ៏ច្រើននិងកាន់យកទឹកឲ្យពេញដោយប្រមោយហើយចេញចាកគុហាដែលជាទីពួនទៅកាន់សម្នាក់មាតាដែលអង្គុយទៀបទ្វារគុហាទើបស្រោចនូវទឹកដើម្បីត្រឡប់បាននូវសម្ផស្សលើសរីរៈរបស់មាតាដែលអត់អាហារអស់៧ថ្ងៃ។ ព្រះសាស្ដាកាលធ្វើឲ្យជាក់ច្បាស់នូវសេចក្ដីនោះទើបត្រាស់ព្រះគាថាទាំងឡាយ២នេះ។ សូម្បីមាតារបស់ព្រះពោធិសត្វកាលនឹងជេរនូវទឹកដែលធ្លាក់មកនោះដោយសម្គាល់ថាភ្លៀវធ្លាក់ដូច្នេះហើយទើបពោលគាថាទី១០ថា កោយំអនរិយោទេវោ,អកាលេនបិវស្សតិ; គតោមេអត្រជោបុត្តោ,យោមយ្ហំបរិចារកោ។ ភ្លៀងអ្វីហ្នឹងផ្តេសផ្តាសបង្អុរចុះពុំជួកាលសោះកូនបង្កើតរបស់អញដែលជាអ្នកបម្រើអញទៅបាត់ហើយតើ។ លំដាប់នោះព្រះពោធិសត្វកាលនឹងលួងលោមមាតាទើបពោលគាថាទី១១ថា ឧដ្ឋេហិអម្មកិំសេសិ,អាគតោត្យាហមត្រជោ; មុត្តោម្ហិកាសិរាជេន,វេទេហេនយសស្សិន។ បពិត្រអ្នកមេសូមអ្នកក្រោកឡើងសម្រាន្តអ្វីខ្ញុំជាកូនបង្កើតរបស់លោកដែលព្រះរាជាកាសីទ្រង់ប្រកបដោយប្រាជ្ញាមានយសបានលែងមកវិញហើយ។ មាតាព្រះពោធិសត្វនោះមានចិត្តត្រេកអរកាលនឹងធ្វើនូវការអនុមោទនាដល់ព្រះរាជាទើបពោលគាថាចុងក្រោយថា ចិរំជីវតុសោរាជា,កាសីនំរដ្ឋវឌ្ឍនោ; យោមេបុត្តំបមោចេសិ,សទាវុទ្ធាបចាយិកំ។ ព្រះរាជាណាបានលែងកូនរបស់ខ្ញុំជាអ្នកកោតក្រែងចំពោះបុគ្គលចាស់សព្វៗកាលសូមព្រះរាជានោះញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើនគង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះ។ គ្រានោះព្រះរាជាកាលនឹងសរសើនូវគុណរបស់ព្រះពោធិសត្វទើបឲ្យគេកសាងនូវស្រុកក្នុងទីមិនឆ្ងាយអំពីនឡិនិ(កន្លែងព្រះពោធិសត្វ)ហើយបានញ៉ាំងវត្តបដិបត្តិដែលជាប់ជានិច្ចឲ្យតម្កល់ដល់ព្រះពោធិសត្វនិងមាតានោះ។ក្នុងកាលជាចំណែកខាងក្រោយព្រះពោធិសត្វកាលមាតាធ្វើកាលកិរិយាហើយទើបធ្វើនូវការរក្សាសរីរៈរបស់មាតានោះហើយបានទៅកាន់អាស្រមបទឈ្មោះការណ្ឌកៈ។ក្នុងទីនោះឥសីចំនួន៥០០ចុះចាកអំពីភ្នំហិមពាន្តមកនៅ។ព្រះពោធិសត្វបានថ្វាយវត្តបដិបត្តិនោះដល់ឥសីទាំងនោះ។ព្រះរាជាបានញ៉ាំងគេឲ្យកសាងនូវរូបបដិមាថ្មដែលដូចរូបរបស់ព្រះពោធិសត្វនិងបានញ៉ាំងនូវមហាសក្ការៈឲ្យប្រព្រឹត្តទៅ។អ្នករស់នៅក្នុងជម្ពូទ្វីបទាំងអស់បានប្រជុំគ្នាជាប្រចាំឆ្នាំធ្វើនូវមហោស្រពឈ្មោះហត្ថិមហៈ(បុណ្យដំរី)។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រកាសសច្ចៈទាំងឡាយនិងប្រជុំជាតកក្នុងកាលជាទីបញ្ចប់នៃសច្ចៈមាតុបោសកភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល។តទារាជាអានន្ទោអហោសិព្រះរាជាក្នុងកាលនោះបានមកជាអានន្ទ។បាបបុរិសោទេវទត្តោបុរសបាបបានមកជាទេវទត្ត។ហត្ថាចរិយោសារិបុត្តោហត្ថាចារ្យបានមកជាសារីបុត្រ។មាតាហត្ថិនីមហាមាយាដំរីជាមាតាបានមកជាព្រះនាងមហាមាយា។មាតុបោសកនាគោបនអហមេវអហោសិំចំណែកមាតុបោសកនាគ(ដំរីចិញ្ចឹមមាតា)គឺតថាគតនេះឯង។ ចប់មាតុបោសកជាតក៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកឯកទសកនិបាតបិដក៥៩ទំព័រ២១០) ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    Public date : 08, May 2024 (1,509 Read)
    បណ្ឌិតគប្បីធ្វើក្រដាសទាំងឡាយជាដើមឲ្យដូចជាស្រែធ្វើឧបករណ៍សរសេរទាំងឡាយឲ្យដូចជានឹមនិងនង្គ័លធ្វើអក្ខរៈទាំងឡាយឲ្យដូចជាគ្រាប់ពូជហើយគប្បីប្រព្រឹត្តត្រាច់ទៅចុះ។អក្ខរៈមួយតួៗ(ដែលសរសេរហើយ)រមែងស្មើនឹងព្រះពុទ្ធរូបមួយអង្គព្រោះហេតុនោះបុរសជាបណ្ឌិតគប្បីចារឹកនូវព្រះត្រៃបិដកចុះ។ បុគ្គលអ្នកកសាងនូវព្រះត្រៃបិដកនឹងមិនគប្បីស្គាល់នូវទុគ្គតិឡើយនឹងបានជាស្ដេចចក្រពត្តិដែលជាធំលើទ្វីបទាំង៤អស់ច្រើនដង។ (បុគ្គលអ្នកកសាងព្រះត្រៃបិដក)នឹងបានជាស្ដេចបទេសរាជដ៏ធំដោយចំនួនរាប់មិនបាននឹងបានជាទេវរាជក្នុងឆកាមាវចរសួគ៌ជាច្រើនដង។ (បុគ្គលអ្នកកសាងព្រះត្រៃបិដក)ឈ្មោះថាជាពុទ្ធង្កូរកាលធ្វើបុណ្យទាំងឡាយមានទានជាដើមលះចាកភពទៅហើយនឹងបានជាអ្នកមានអវយវៈបរិបូណ៌និងបានទទួលការបូជាក្នុងលោកទាំង៣។ បុគ្គលអ្នកបង្រៀនព្រះត្រៃបិដករមែងកើតត្រកូលដ៏ឧត្តមដែលមានទ្រព្យច្រើនចម្រើនរុងរឿងផ្សាយទៅដោយពិតហើយនឹងបាននៅរួមជាមួយនឹងជនដ៏ប្រសើរ។ ពិតមែនហើយដោយផលនៃអក្ខរៈមួយតួៗបុគ្គលអ្នកកសាងព្រះត្រៃបិដករមែងបានទទួលនូវសេចក្ដីសុខដ៏បវរអស់៨៤,០០០ដង។ ធីរជនជាបណ្ឌិតណាមួយធ្វើខ្លួនឯងឬឲ្យគេធ្វើនូវគម្ពីរមានអដ្ឋកថាជាដើម,ធីរជនជាបណ្ឌិតនោះឈ្មោះថាជាអ្នកបានសន្សំបុណ្យជាអនន្ត(មិនមានទីបំផុត)បានអានិសង្សនៃបុណ្យជាអនន្តប្រាកដស្មើដោយការកសាងព្រះចេតិយ៨៤,០០០(ផង),ដោយការកសាងពុទ្ធរូប៨៤,០០០(ផង),ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស៨៤,០០០(ផង),ប្រាកដស្មើដោយការកសាងវិហារ(វត្ត)៨៤,០០០(ផង)។ អ្នកណាធ្វើខ្លួនឯងឬឲ្យគេធ្វើនូវទូសម្រាប់តម្កល់ពុទ្ធវចនៈក្ដីអ្នកណាធ្វើខ្លួនឯងឬឲ្យគេធ្វើនូវគ្រឿងតាក់តែងពុទ្ធវចនៈ(ឲ្យល្អ)ក្ដីអ្នកណាចារខ្លួនឯងឬឲ្យគេចារនូវពុទ្ធវចនៈក្ដីអ្នកណាឲ្យខ្លួនឯងឬបង្គាប់ឲ្យគេឲ្យនូវគម្ពីរពុទ្ធសាសនាក្ដីអ្នកណាឲ្យខ្លួនឯងឬបង្គាប់ឲ្យគេឲ្យនូវតម្លៃគម្ពីរពុទ្ធសាសនា(ទិញគម្ពីរពុទ្ធសាសនា)ក្ដីអ្នកណាឲ្យខ្លួនឯងឬបង្គាប់ឲ្យគេឲ្យនូវប្រេងលម្អិតធញ្ញជាតិដើម្បីលាប(អប់)គម្ពីរក្ដីអ្នកណាឲ្យខ្លួនឯងឬបង្គាប់ឲ្យគេឲ្យនូវនិត្ថៈ(វត្ថុសម្រាប់ធ្វើឲ្យជាប់)ណាមួយដើម្បីចងភ្ញាប់ត្រង់គម្ពីរដែលដាច់ក្ដីនូវអំបោះឬបន្ទះក្ដារពីរផ្ទាំងណាមួយដើម្បីគាបគម្ពីរក្ដីនូវសំពត់ណាមួយដើម្បីចងរុំគម្ពីរក្ដីនូវខ្សែណាមួយដើម្បីចងគម្ពីរបាច់ក្ដីនូវថង់(ឡាំង)ណាមួយដើម្បីដាក់ខ្ចប់គម្ពីរក្ដី,អ្នកណាធ្វើខ្លួនឯងឬឲ្យគេធ្វើនូវគ្រឿងតាក់តែងគម្ពីរ(ឲ្យល្អ)ឬនូវគ្រឿងបន្ទះក្ដារឈើដោយថ្មហរិតាលមនោសិលាមាសឬប្រាក់ក្ដីអ្នកនោះ(ៗ)ឈ្មោះថាជាអ្នកបានសន្សំបុណ្យជាអនន្តបានអានិសង្សនៃបុណ្យជាអនន្តប្រាកដស្មើដោយការកសាងព្រះចេតិយ៨៤,០០០(ផង),ដោយការកសាងពុទ្ធរូប៨៤,០០០(ផង),ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស៨៤,០០០(ផង),ប្រាកដស្មើដោយការកសាងវិហារ(វត្ត)៨៤,០០០(ផង)។(គម្ពីរចូឡគន្ថវំស) ដោយ​៥០០០​ឆ្នាំ​
                          Page 3