Reading Article
Public date : 28, Sep 2023 (5,423 Read)
បានីយជាតក

|
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេស បានត្រាស់ព្រះធម្មទេនានេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។
ដោយ៥០០០ឆ្នាំសម័យមួយ គ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នា ដែលរស់នៅក្នុងនគរសាវត្ថី មានប្រមាណ ៥០០ នាក់ បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ន នៅក្នុងកោដិសន្ថារ ពេលដល់វេលាពាក់កណ្ដាលអធ្រាត្រ ក៏ត្រិះរិះដល់កាមវិតក្កៈ ។ រឿងទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង ។ ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នា ដោយការបង្គាប់របស់ព្រះភគវា ។ ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយ ទ្រង់មិនបានធ្វើការចុះចំពោះ មិនត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈ ទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេស មិនមែនជារបស់តិចតួចឡើយ ធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើតឡើងហើយ សូម្បីបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធនៅមិនទាន់កើតឡើង ក៏សង្កត់សង្កិនកិលេសទាំងឡាយ ហើយបានដល់នូវបច្ចេកពោធិញាណ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានសម្លាញ់ ២ នាក់ ក្នុងស្រុកមួយក្នុងដែលកាសី កាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការ ដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការ ក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក ។ ក្នុងមនុស្សទាំង ២ នាក់នោះ មនុស្សម្នាក់កាលមកក៏រក្សាទឹកផឹករបស់ខ្លួនទុក ផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀត ដល់វេលាស្ងាចទើបចេញអំពីព្រៃ ឈរមុជទឹកពិចារណាថា ថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះ ដោយកាយទ្វារជាដើម តើមានឬទេ ក៏ឃើញថា បានលួចទឹករបស់មិត្តផឹក ហើយក៏ដល់នូវសេចក្ដីសង្វេគថា តណ្ហានេះ កាលចម្រើនឡើង គង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដ យើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបាន ដូច្នេះហើយ ធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបាន ។ លំដាប់នោះ មនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមក ពោលនឹងគេថា នែសម្លាញ់ ចូរមក យើងនាំគ្នាទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះមិនមានដល់ យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ ។ ម្នាក់ទៀតពោលថា ព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ ។ លំដាប់នោះ លោកទើបសួរម្នាក់ទៀតថា ព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា ? ម្នាក់ទៀតឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់កាសាយៈ នាំគ្នានៅក្នុងញកភ្នំនន្ទមូលក៍ ក្នុងព្រៃហិមពាន្តនៅទិសខាងជើង ។ លោកទើបស្ទាបសីសៈ ក្នុងពេលនោះឯង ភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅ ត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ ២ ជាន់ដែលជ្រលក់ហើយ ក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរ ធ្វើនូវចីវរឆៀងស្មាម្ខាង ដែលមានពណ៌ដូចអាចម៍ល័ក្តក្រហមភ្លាវ មានសំពត់បង្សុកូល ចីវរពណ៌មេឃ ស្ពាយលើស្មាខាងស្តាំង មានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង ។ លោកស្ថិតនៅលើអាកាស សម្ដែងធម៌ហើយ ហោះទៅចុះត្រង់ញកភ្នំនន្ទមូលក៍ ក្នុងពេលនោះឯង ។ មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯង អង្គុយនៅលើរានផ្សារ ឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅ គាត់ទម្លាយនូវឥន្ទ្រិយ សម្លឹងមើលស្ត្រីដែលល្អស្រស់នោះ ហើយត្រឡប់គិតវិញថា លោភៈនេះ កាលចម្រើនឡើង នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយ មានចិត្តតក់ស្លុត ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតលើអាកាសសម្ដែងធម៌ ហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ មានបិតា និងបុត្រមួយគូ ជាអ្នកនៅក្នុងកាសិគ្រាមនោះឯង ដើរផ្លូវទៅជាមួយគ្នា ។ ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ ។ ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបាន ហើយចាប់បុត្រទុក ដោះលែងបិតា ដោយបង្គាប់ថា លោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោក បើចាប់បងប្អូនប្រុស ២ នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់អាចារ្យ (គ្រូ) និង អន្តេវាសិក (សិស្ស) បាន ចាប់អាចារ្យទុក ដោះលែងអន្តេវាសិក អន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យ ដោយសេចក្ដីលោភក្នុងសិល្បៈ ។ លំដាប់នោះ បិតានិងបុត្រនោះដឹងថា ពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះ ទើបធ្វើកតិកាគ្នាថា កូនកុំហៅយើងថាឪពុក សូម្បីយើងក៏មិនហៅអ្នកថាកូនដែរ ក្នុងវេលាត្រូវពួកចោរចាប់បាន ត្រូវចោរសួរថា អ្នកជាអ្វីនឹងគ្នា បិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ (និយាយកុហកទាំងដែលដឹងខ្លួន) ថា យើងមិនជាអ្វីនឹងគ្នាឡើយ ។ កាលបិតានិងបុត្ររួចផុតចាកព្រៃហើយ បានទៅមុជទឹកក្នុងវេលាល្ងាច បុត្រកាលជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា បាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅ ក្នុងអបាយទាំងឡាយ យើងនឹងសង្កត់សង្កិនកិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតា រួចហោះទៅកាន់ញកភ្នំនន្ទមូលក៍នោះឯង ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងកាសិគ្រាមនោះឯង បង្គាប់ឲ្យគេសម្លាប់សត្វ ។ ក្នុងវេលាធ្វើពលីកម្ម មហាជនប្រជុំគ្នាពោលនឹងគាត់ថា បពិត្រលោកម្ចាស់ ពួកយើងត្រូវការសម្លាប់ម្រឹគ និងជ្រូកជាដើម ដើម្បីធ្វើពលីកម្មដល់ពួកយក្ស ពេលនេះជាកាលនៃពលីកម្ម ។ គាត់ក៏ពោលថា ពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ ។ ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ គាត់ឃើញត្រី និងសាច់ជាច្រើន ធ្វើនូវសេចក្ដីក្ដៅក្រហាយថា មនុស្សទាំងនេះ សម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះ ដូច្នេះហើយ ទើបឈរដោយអាស្រ័យវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជន ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងដែនកាសីនោះឯង បានហាមការលក់ដូរទឹកស្រវឹង ត្រូវមហាជននាំគ្នាសួរថា លោកម្ចាស់ កាលមុនពេលនេះជាពេលលេងមហោស្រព ហៅថា សុរាឆ័ណ (សុរាដែលផឹកក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹងធ្វើយ៉ាងណា ។ មេស្រុកទើបពោលថា ពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ ។ ពួកមនុស្សនាំគ្នាលេងមហោស្រព ផឹកសុរាហើយ កាលធ្វើនូវជម្លោះ ទើបបាក់ដៃជើង បែកក្បាល ដាច់ត្រចៀក និងចងដោយរបស់ពិន័យជាច្រើន ។ មេស្រុកឃើញពួកមនុស្សទាំងនោះហើយ គិតថា កាលយើងមិនអនុញ្ញាត មនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ ។ គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយហេតុត្រឹមប៉ុណ្ណេះ ថិតនៅដោយអាស្រ័យនឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា បានញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងថា អប្បមត្តា ហោថ ពួកលោកចូរជាអ្នកមិនប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ ក្នុងកាលជាចំណែកខាងក្រោយមក ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមកចុះត្រង់ទ្វារក្រុងពារាណសី ដើម្បីភិក្ខាចារ ស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយ ត្រាច់ប្រោសសត្វ ដោយឥរិយាបថមានការឈានទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង ។ ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា និមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាបដោយប្រេងក្រអូប ហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីត ប្រថាប់ក្នុងទីដ៏សមគួរមួយ ត្រាស់សួរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ ការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយ គួរឲ្យជ្រះថ្លាពិត ការបព្វជ្ជាក្នុងវ័យនេះ លោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច អ្វីជាអារម្មណ៍របស់លោកម្ចាស់ ? ព្រះបច្ចេកពុទ្ធទាំងនោះ កាលនឹងទូលដល់ព្រះរាជានោះ ទើបសម្ដែងជាគាថា (ម្ដងមួយអង្គ ៗ ) ថា (ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា) មិត្តោ មិត្តស្ស បានីយំ, អទិន្នំ បរិភុញ្ជិសំ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ មិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ២ បានសំដែងថា) បរទារញ្ច ទិស្វាន, ឆន្ទោ មេ ឧទបជ្ជថ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៣ បានសំដែងថា) បិតរំ មេ មហារាជ, ចោរា អគណ្ហុ កាននេ; តេសាហំ បុច្ឆិតោ ជានំ, អញ្ញថា នំ វិយាករិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃ អាត្មាភាពដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏បា្រប់ហេតុនោះ ដោយចំណែកដទៃវិញ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៤ បានសំដែងថា) បាណាតិបាតមករុំ, សោមយាគេ ឧបដ្ឋិតេ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៥ បានសំដែងថា) សុរាមេរយមាធុកា, យេ ជនា បឋមាសុ នោ; ពហូនំ តេ អនត្ថាយ, មជ្ជបានមកប្បយុំ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់សុរា និងមេរ័យ ថាដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្តីវិនាសដល់ពួកជនច្រើន អាតា្មភាពបានអនុញ្ញាត ឲ្យពួកជននោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ព្រះបច្ចេកពុទ្ធទាំងឡាយបានសម្ដែងទាំង ៥ គាថានេះ ដោយលំដាប់ ។ ចំណែកព្រះរាជាស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធមួយអង្គៗហើយ ទ្រង់សរសើរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ បព្វជ្ជានេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ។ បណ្ដាបទទាំងនោះ បទថា មិត្តោ មិត្តស្ស សេចក្ដីថា បពិត្រមហារាជ អាត្មាភាពជាមិត្ត របស់មិត្ត បានផឹកទឹករបស់មិត្តនោះ ដោយនិយាមនេះ ។ បទថា តស្មា សេចក្ដីថា ឈ្មោះថា បុថុជ្ជនទាំងឡាយតែងធ្វើនូវបាបកម្ម ព្រោះហេតុណា អាត្មាភាពមិនធ្វើបាបកម្មនោះទៀត ព្រោះហេតុនោះ ។ បទថា បាបំ សេចក្ដីថា អាត្មាភាពបានធ្វើបាបនោះ ឲ្យជាអារម្មណ៍ហើយបួស ។ បទថាឆន្ទោ សេចក្ដីថា បពិត្រមហារាជ ព្រោះឃើញភរិយារបស់អ្នកដទៃ ដោយទំនងនេះ សេចក្ដីពេញចិត្តទើបកើតឡើងដល់អាត្មាភាព ។ បទថា អគណ្ហុ ប្រែថា បានរួមគ្នាចាប់ ។ បទថា ជានំ សេចក្ដីថា អាត្មាភាពត្រូវពួកចោរនោះសួរថា អ្នកនេះជាអ្វីនឹងលោក ទាំងដែលដឹងហើយ ក៏ឆ្លើយជាយ៉ាងដទៃថា មិនជាអ្វីនឹងខ្ញុំទេ ។ បទថា សោមយាគេ សេចក្ដីថា កាលមហោស្រពប្រាកដឡើង ពួកមនុស្សនាំគ្នាធ្វើពលីកម្មដល់ យក្ស ឈ្មោះថា ពិធីសោមយាគៈ ពេលពិធីនោះប្រាកដហើយ អាត្មាភាពក៏អនុញ្ញាត ។ បទថា សុរាមេរយមាធុកា សេចក្ដីថា ពួកជនដែលសម្គាល់សុរាមានសុរាដែលលាយដោយម្សៅជាដើមនិងមេរ័យមានទឹកត្រាំដោយផ្កាឈើជាដើមថា ដូចជាទឹកឃ្មុំ ។ បទថា យេ ជនា បឋមាសុ នោ សេចក្ដីថា ពួកជននោះមានហើយ គឺមានមកយូរហើយក្នុងស្រុករបស់ពួកយើង ។ បទថា ពហូនំ តេ សេចក្ដីថា ពួកជនទាំងនោះ កាលលេងមហោស្រពហើយ មានការផឹកសុរា សេចក្ដីវិនាសមានដល់ជនដ៏ច្រើនក្នុងមួយថ្ងៃ ។ ព្រះរាជាស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយ មានចិត្តជ្រះថ្លា ទ្រង់ថ្វាយសំពត់ចីវរនិងភេសជ្ជៈ ហើយទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ ។ សូម្បីព្រះបច្ចេកពុទ្ធទាំងនោះ ក៏ធ្វើអនុមោទនាដល់ព្រះរាជាហើយនាំគ្នាទៅក្នុងពេលនោះឯង ។ តាំងតែពីពេលនោះមក ព្រះរាជាទ្រង់នឿយនាយ ជាអ្នកមិនមានការសម្លឹងក្នុងវត្ថុកាមទាំងឡាយ ទ្រង់សោយព្រះក្រយាហារដែលមានរសដ៏លើសផ្សេងៗ ទ្រង់មិនហៅ មិនទតមើលពួកស្ត្រី មានចិត្តនឿយនាយ ស្ដេចយាងចូលបន្ទប់ដ៏មានសិរី ប្រថាប់អង្គុយធ្វើកសិណបរិកម្មត្រង់ជញ្ជាំងដែលមានពណ៌ស ទ្រង់បានធ្វើឈានឲ្យកើតឡើងហើយ ។ ព្រះអង្គបានដល់នូវឈានហើយ កាលនឹងតិះដៀលកាមទាំងឡាយ ទើបត្រាស់ព្រះគាថាថា ធិរត្ថុ សុពហូ កាមេ, ទុគ្គន្ធេ ពហុកណ្ដកេ; យេ អហំ បដិសេវន្តោ, នាលភិំ តាទិសំ សុខំ។ គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្តីសុខ (ក្នុងឈាន) បា្រកដដូច្នោះ ។ បណ្ដាបទទាំងនោះ បទថា ពហុកណ្ដកេ សេចក្ដីថា ពួកបច្ចាមិត្រច្រើន ។ បាលីថា យេ អហំ គឺ យោ អហំ បាលីនេះឯង ។ បទថា តាទិសំ បានដល់ សេចក្ដីសុខក្នុងឈាន គឺវៀចាកកិលេស ។ លំដាប់នោះ ព្រះអគ្គមហេសីរបស់ព្រះរាជាត្រិះរិះថា ព្រះរាជាអង្គនេះទ្រង់ស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយ ទ្រង់មានឥរិយាបថនឿយនាយ មិនត្រាស់នឹងយើង ស្ដេចចូលព្រះដំណាក់ដ៏ទ្រង់សិរី យើងនឹងរង់ចាំចាប់ព្រះអង្គ ដូចនេះហើយ ព្រះនាងទើបយាងទៅទ្វារព្រះដំណាក់ ឈរទ្រង់ទ្វារហើយស្ដាប់ព្រះឧទាន របស់ព្រះរាជាដែលកំពុងតិះដៀលកាមទាំងឡាយ ទើបត្រាស់ថា បពិត្រមហារាជ ព្រះអង្គតិះដៀលកាម តែឈ្មោះថាសេចក្ដីសុខដែលស្មើដោយកាម មិនមាន កាលនឹងទ្រង់ពណ៌នាដល់សេចក្ដីសុខក្នុងកាម ទើបត្រាស់ព្រះគាថាថា មហស្សាទា សុខា កាមា, នត្ថិ កាមា បរំ សុខំ; យេ កាមេ បដិសេវន្តិ, សគ្គំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយច្រើន ជាសុខ សេចក្តីសុខក្រៅអំពីកាម មិនមានទេ ពួកជនណាបានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌ ។ បណ្ដាបទទាំងនោះ បទថា មហស្សាទា សេចក្ដីថា បពិត្រមហារាជ ធម្មតាថា កាមទាំងនេះមានសេចក្ដីរីករាយច្រើន សេចក្ដីសុខដទៃដែលក្រៃលែងជាងនេះ មិនមាន ព្រោះអ្នកសេពកាមជាប្រក្រតី នឹងមិនចូលដល់អបាយទាំងឡាយ នឹងនាំគ្នាទៅកើតក្នុងឋានសួគ៌ ។ ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយ កាលនឹងទ្រង់តិះដៀលថា នែវសលិ នាងនិយាយអ្វី ឈ្មោះថា សេចក្ដីសុខក្នុងកាមនឹងមានមកពីណា កាមទាំងនេះជាវិបរិណាមទុក្ខ ទើបទ្រង់ត្រាស់ព្រះគាថាដ៏សេសថា អប្បស្សាទា ទុខា កាមា, នត្ថិ កាមា បរំ ទុខំ; យេ កាមេ បដិសេវន្តិ, និរយំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយតិច ជាទុក្ខ សេចក្តីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងនរក ។ អសី យថា សុនិសិតោ, នេត្តិំសោវ សុបាយិកោ; សត្តីវ ឧរសិ ខិត្តា, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ ដែលសំលៀងហើយ ជាងព្រះខាន់ដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង ។ អង្គារានំវ ជលិតំ, កាសុំ សាធិកបោរិសំ; ផាលំវ ទិវសំតត្តំ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងរងើកភ្លើង ដ៏ច្រាលឆ្អៅ ជាងរណ្តៅរងើកភ្លើង មានជម្រៅមួយទ្រទូង ឬអណ្តាតភ្លើង ដែលក្តៅពេញមួយថ្ងៃ ។ វិសំ យថា ហលាហលំ, តេលំ បក្កុថិតំ យថា; តម្ពលោហវិលីនំវ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លា ឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ ។ បណ្ដាបទទាំងនោះ បទថា នេត្តិំសោ សេចក្ដីថា ស្មើគ្នានឹង នេត្តិសោ ។ ពាក្យថា នេត្តិំសោ សូម្បីនេះជាឈ្មោះនៃព្រះខាន់ប្រភេទនោះ ។ បទថា ទុក្ខតរា សេចក្ដីថា សេចក្ដីទុក្ខពួកណា ដែលនឹងកើតដល់បុគ្គល ព្រោះអាស្រ័យរណ្ដៅធ្យូងភ្លើងដែលឆេះឡើង ឬអន្ទាក់សំណាញ់ដែកដែលត្រូវអាំងរហូតថ្ងៃយ៉ាងនេះ កាមទាំងឡាយនេះឯង នៅជាទុក្ខក្រៃលែងជាងសេចក្ដីទុក្ខនេះទៀត ។ ក្នុងគាថាតទៅ មានសេចក្ដីថា ថ្នាំពិសជាដើមពួកនោះ ឈ្មោះថា ជាទុក្ខ ព្រោះនាំសេចក្ដីទុក្ខមកឲ្យយ៉ាងណា សូម្បីកាមទាំងឡាយក៏ជាទុក្ខយ៉ាងនោះដែរ តែសេចក្ដីទុក្ខនោះជាសេចក្ដីទុក្ខដែលក្រៃលែងជាងសេចក្ដីទុក្ខទាំងពួង ។ ព្រះមហាសត្វសម្ដែងធម៌ ដល់ព្រះទេវី យ៉ាងនេះហើយ ទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នា ហើយត្រាស់ថា ម្នាលអាមាត្យទាំងឡាយ ពួកអ្នកចូរទទួលរាជសម្បត្តិចុះ យើងនឹងបួស ក្នុងពេលដែលមហាជនកំពុងកន្ទក់កន្ទេញនោះឯង ស្ដេចក្រោកឡើង ទៅប្រថាប់លើអាកាស ប្រទានព្រះឱវាទ ហើយស្ដេចទៅកាន់ព្រៃហិមពាន្តនៅទិសខាងជើង តាមផ្លូវអាកាសនោះឯង ទ្រង់សាងអាស្រមក្នុងទីដែលគួររីករាយ បួសជាឥសី ក្នុងទីបំផុតនៃព្រះជន្ម ជាអ្នកមានព្រហ្ម-លោកប្រព្រឹត្តទៅក្នុងទីខាងមុខ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេសដែលជារបស់តិចតួច មិនមានឡើយ សូម្បីមានប្រមាណតិច ក៏បណ្ឌិតទាំងឡាយ នាំគ្នាសង្កត់សង្កិនដែរ ដូច្នេះហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ កាលចប់សច្ចៈ ភិក្ខុទាំង ៥០០ រូបនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត រួចហើយប្រជុំជាតកថា តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះបរិនិព្វានហើយ ។ ទេវី រាហុលមាតា អហោសិ ព្រះទេវីបានមកជារាហុលមាតា ។ រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។ ចប់ បានីយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៤) ដោយខេមរ អភិធម្មាវតារ |