សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (2013)
    Public date : 03, Apr 2024 (14,422 Read)
    នៅ​ក្នុង​ជី​វិត​គ្រប់​ព្រះ​អង្គ​គ្រប់​គ្នា​មិន​មាន​ធម៌​អ្វី​នៅ​ពេល​ណា​កន្លែង​ណា​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​មិន​បាន​ត្រាស់​ក្នុង​សតិ​ប្ប​ដ្ឋាន​នោះ​ទេ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ឲ្យ​ដឹង​នូវ​ធម៌​ទាំង​ពួង​ដោយ​ពាក្យ​ថា​បជា​នា​តិ​។នៅ​ក្រុង​ញូ​ដេ​លី​នៃ​ប្រ​ទេស​ឥ​ណ្ឌា​សព្វ​ថ្ងៃ​មាន​កន្លែង​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​ពុទ្ធ​បរិ​ស័ទ​តែង​ថ្វាយ​បង្គំ​នម​ស្ការ​ឯ​ចំណែក​សតិ​ប្ប​ដ្ឋាន​គឺកាយវេ​ទនា​ចិត្ត​ធម៌​ដែ​ល​ជា​ទី​តាំង​នៃ​សតិ​រលឹក​សិក្សា​មាន​គ្រប់​ព្រះ​អង្គ​គ្រប់​គ្នា​គ្រប់​ពេល​វេ​លា​គ្រប់​កន្លែង​។​ សតិ​រលឹក​ដឹង​ស្គាល់​ធម៌​ដែល​កំពុង​ប្រាដក​គឺ​ជា​ការ​នម​ស្ការ​ព្រះ​សម្មា​សម្ពុទ្ធ​ដ៏​សំខាន់​ក្រៃ​លែង​ជា​ង​ការ​សូត្រ​ធម៌​នមស្ការ​និង​ការ​ថ្វាយ​បង្គំ​ដោយ​កាយ​ទៅ​ទៀត​។"អ្នក​ចម្រើន​សតិ​ប្ប​ដ្ឋាន​"ពាក្យ​នេះ​គ្រាន់​តែ​ជា​វោ​ហារ​ប៉ុណ្ណោះ​ដោយ​បរមត្ថ​គឺ​សតិ​ថ្នាក់​សតិ​ប្ប​ដ្ឋាន​កើត​ឡើង​ដោយ​មាន​បច្ច័យ​គ្រប់​គ្រាន់​។ បច្ច័យ​យ៉ាង​សំខាន់​នៃសតិ​​ថ្នាក់​សតិ​ប្ប​ដ្ឋាន​មាន​២​ចំណុច​ដូច​តទៅ​: ១-ក្នុង​ជីវិត​ប្រ​ក្រ​តី​មាន​ធម៌​បរមត្ថ​គឺ​រូប​ធម៌​និង​នាម​ធម៌​ស្រេច​ស្រាប់​ដែល​ព្រះ​អង្គ​ត្រាស់​ប្រាប់​ឲ្យ​សិក្សា​ឲ្យ​ឃើ​ញ​ឲ្យ​ដឹង​ថា​ជា​តួ​ធម៌​ពោល​គឺ​មិន​មែន​ដឹង​ធម៌​អ្វី​ដទៃ​ទៀត​ឡើយ។ធម៌​ដែល​ត្រូវ​ដឹង​គឺ​ធម៌​ពួក​កាយ​ពួក​វេ​ទនា​ពួក​ចិត្ត​ពួ​ក​ធម៌​គ្រប់​ព្រះ​អង្គ​គ្រប់​គ្នា​មាន​ហើយ​គ្រប់​ទ្វារ​ទាំង​៦មាន​ទ្វារ​ភ្នែក​ជា​ដើម​។​ត្រូវ​ស្តាប់​ឲ្យ​រឿយ​ៗ​ស្តាប់​ហើយ​ស្តាប់​ទៀត​យល់​ឡើង​ៗ​ធម៌​ដែល​គប្បី​ដឹង​គឺ​ខណៈ​នេះ​ឯង​។ ២-សិក្សា​សង្កេត​ពិ​និត្យ​ចំពោះ​តួ​ធម៌​ពិត​ៗ​កុំ​ឲ្យ​មាន​តែ​បញ្ហា​បរិយត្តិ​គឺ​ត្រូវ​ឃើញ​លក្ខ​ណៈ​នៃ​សភា​វធម៌​ដោយ​បញ្ញា​ដ៏​ប្រ​ពៃ​។តាម​ពិត​ចំណុច​មួយ​នេះ​ក៏​នៅ​លើ​បច្ច័យ​ដូច​គ្នា​ដែរ​ព្រោះ​យោ​និ​សោ​មន​សិ​ការ​ដែល​ជា​តួ​សិក្សា​សង្កេត​ពិនិត្យ​ត្រូវ​តាក់​តែង​ដោយ​ការ​សន្សំ​បុណ្យ​។​ស្តាប់​ធម៌​ជា​មួយ​គ្នា​តែ​ផល​សម្រេច​ខុស​គ្នា​ត្រង់​នេះ​គឺ​យើង​ត្រូវ​យល់​ដល់​តួ​យោ​និសោម​នសិការ​មា​ន​តិច​មា​ន​ច្រើន​មាន​ខ្លាំង​មាន​ខ្សោយ​តាម​ឧ​បនិស្ស័យ​បុណ្យ​បារមី​រៀង​ៗ​ខ្លួន​។ ដោយ​បរមត្ថ​អ្នក​ចម្រើន​សតិ​ប្ប​ដ្ឋាន​អត់​មាន​ទេ​ដូច្នេះ​ទើប​អត់​មាន​ចាប់​ផ្តើម​អ្វី​ទាំង​អស់​ក្រៅ​ពី​ស្តាប់​ព្រះ​ធម៌​ឲ្យ​យល់​ថា​ធម៌​ទាំង​ពួង​គឺ​នាម​រូប​មិន​គួរ​ប្រ​កាន់​ថា​ជា​ខ្លួន​និង​ថា​ជា​របស់​ខ្លួន​ឡើយ​។​ការ​ដែល​បាន​ស្តាប់​យល់​ហើយ​ក៏​ជា​បច្ច័យ​ឲ្យ​សតិថ្នាក់​សតិ​ប្ប​ដ្ឋាន​កើត​ឡើង​បញ្ញា​ដឹង​ច្បាស់​ជា​តួ​បរិញ្ញា​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ការ​កំណត់ដឹង​នូវ​រូប​ធម៌​នាម​ធម៌​តាម​សេច​ក្តី​ពិត​។ ទាំង​ពីរ​ចំណុច​នេះ​ទី​១ហៅថា​បរតោ​ឃោសៈគឺ​ជា​បរតោ​ឃោសៈ​ដ៏​ល្អ​និង​កម្រ​បំផុត​ព្រោះទាក់​ទង​នឹង​ការ​ត្រាស់​ដឹង​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​,ទី​២​ហៅ​ថា​យោ​និ​សោមនសិការ​។កា​ល​ណា​​បើ​ទាំង​ពីរ​ចំណុច​នេះ​បាន​ជា​បច្ច័យ​នៃ​សតិ​ប្ប​ដ្ឋាន​ហើយទើប​បាន​ជា​ឧ​បការ​ដល់​សតិ​ប្ប​ដ្ឋាន​ប្បដិ​បត្តិ​នោះ​ៗ​សូម្បី​រូបជ្ឈាន​ដែល​បាន​បទដ្ឋាន​នៃ​វិបស្សនា​ក៏​ត្រូវ​តែ​មាន​ចំណុច​ពីរ​នេះ​ជា​ដាច់​ខាត​។យោ​និ​សោ​មន​សិការ​មា​ន​តាំង​ពី​កុសល​ថ្នាក់​ស្តាប់​រហូត​ដល់​កុសល​ថ្នាក់​វិបស្ស​នា​និង​អរិយ​មគ្គ​។​យោ​និ​សោ​មន​សិការ​នេះ​ដែល​អា​ច​សម្រេច​ដល់​ថ្នាក់​វិបស្សនា​ទៅ​បាន​ក៏​ត្រូវ​អាស្រ័យ​បរតោ​ឃោសៈ​ដ៏​អស្ចារ្យ​គឺ​ព្រះ​ធម៌​ទេស​នា​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នោះ​ឯង​។ ក្នុង​មិគ​ជា​លសូត្រ​គម្ពីរ​ឧ​ទាន​បដិក​លេខ​៥២ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រ​កាស​ថា​កល្យាណ​មិត្ត​ជា​ប្រធាន​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​មាន​សីល​មាន​កថា​វត្ថុ​មាន​ព្យា​យាម​និង​មាន​បញ្ញា​ចាក់​ធ្លុះ​។​ព្រះ​សម្មា​សម្ពុទ្ធ​ជា​កំពូល​កល្យា​ណ​មិត្ត​នៃ​ពុទ្ធ​បរិស័ទ​ព្រោះ​ព្រះ​អង្គ​បាន​ប្រ​កាស​ឲ្យ​សត្វ​លោក​បាន​ស្តាប់​ថា​នេះ​ជា​ទុក្ខ​នេះ​ជា​ការ​រលត់​ទុក្ខ​។កាយ​វេ​ទនា​ចិត្ត​ធម៌​ដែល​មិន​ទៀង​គឺ​ជា​ទុក្ខ​សត្វ​បុគ្គល​ជា​អ្នក​មាន​ទុក្ខ​ដទៃ​ទៀត​មិន​មាន​ឡើយ​ការ​កំណត់​ដឹង​ទុក្ខ​មិន​មែន​ជា​សត្វ​គ្រាន់​តែ​ជា​សង្ខារ​ធម៌​នេះ​គឺ​បរិ​ញ្ញា​ជា​តួ​កំណត់​ដឹង​។បរិញ្ញា​នេះ​ហៅ​ថា​បហាន​បរិញ្ញា​។អវិជ្ជា​រលត់​អស់​ទុក្ខ​រមែង​មិន​មាន​ការ​មិន​កើត​ឡើង​នៃ​ទុក្ខ​គឺ​ព្រះ​និ​ព្វាន​។​​ការ​ជាក់​ច្បាស់​នូវ​ព្រះ​និ​ព្វាន​រៀង​ៗ​ខ្លួន​ដោយ​បច្ច​វេក្ខ​ណ​ញ្ញាណ​។ ស្រង់​ចាក​ពី​សៀ​វភៅ​"ព្រះ​ថេរី​គា​ថា​ភាគ​២" រៀប​រៀង​ដោយលោក​គ្រូ​អគ្គ​បណ្ឌិត​ប៊ុត-សាវង្ស​។ ដោយ​៥០០០​ឆ្នាំ​
    Public date : 03, Apr 2024 (13,294 Read)
    សីល​ទី​៤​នេះព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​និយាយ​កុហក​ហើយ​ឲ្យ​និយាយ​តែ​ពាក្យ​ពិតមាន​ប្រយោជន៍ជា​ពាក្យ​ពិរោះ​ទន់ភ្លន់សុភាពរាប់សារដើម្បី​អោយ​មនុស្ស​សាង​ប្រយោជន៍​ដោយ​ពាក្យ​សម្ដីនិងសាង​មិត្ត​ភាព​រវាង​គ្នា​និង​គ្នាព្រោះ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ការ​មិន​និយាយ​កុហក​គឺ​ជា​ការ​ឲ្យ​នូវ​ការ​ពិត​ត្រង់​ដល់​អ្នក​ដទៃឲ្យ​នូវ​ការ​មិន​វង្វេង​ភាន់​ច្រឡំអ្នក​ដែល​និយាយ​ពាក្យ​ពិតគឺ​មាន​សំដី​ដូច​ជា​ផ្កា​មាន​ក្លិន​ក្រអូប​ឲ្យ​តែ​របូត​ចេញ​ពី​មាត់​កាល​ណាអ្នក​ផង​តែង​រើស​យក​ជា​គ្រឿង​ប្រដាប់​កាយដូច​ជា​វាចា​របស់​ព្រះសម្មាសម្ពុទ្ធថ្វី​បើ​ពេល​វេលា​កន្លង​ទៅ​ជាង២៥៤០ឆ្នាំទៅ​ដោយ​ក៏​ដោយក៏​នៅ​តែ​មាន​ក្លិនក្រអូប​ដដែលនៅ​តែ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ត្រូវ​ការប្រាថ្នា​ចង់​ស្ដាប់​ព្រោះ​ជាវាចា​ពិត​ឥត​ក្លែងក្លាយ។ គួរ​ហាត់​និយាយ​តែ​វាចា​ល្អៗមាន​ប្រយោជន៍​ដល់​អ្នក​ស្ដាប់​ដែល​ជា​វាចា​សុភាសិតព្រះសម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​និយាយ​នូវ​វាចា​ល្អ៥យ៉ាង​គឺៈ ១-ស្គាល់​ពេលវេលា​ដែល​គួរ​និយាយ។ ២-និយាយ​ពាក្យ​ពិត​តាម​ដែល​ដឹងប៉ុន្តែ​ត្រូវ​ស្គាល់​កាល​ស្គាល់​បុគ្គលស្គាល់​បរិស័ទដែលត្រូវ​និយាយ។ ៣-និយាយ​ពាក្យ​ពិរោះសុភាពរាបសារមិន​ទ្រគោះ​បោះបោក។ ៤-និយាយ​ពាក្យ​មាន​ប្រយោជន៍ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្ងប់​រំងាប់​ចិត្តសូម្បី​តែ​និយាយ​បន្តិចបន្តួច​ក៏​ដោយ។ ៥-និយាយ​ប្រកប​ដោយ​ចិត្ត​មេត្តា​ពិតៗចិត្ត​មាន​មេត្តា​គឺជា​ចិត្ត​សប្បុរសជា​ចិត្ត​មិន​ចង្អៀត​ចង្អល់ជា​ចិត្ត​ធំ​ទូលាយតែង​អនុគ្រោះ​នូវ​ប្រយោជន៍​ដល់​សត្វ​លោក​ចង់​ឲ្យ​សត្វ​លោក​បាន​នូវ​សេចក្ដីសុខរួច​ផុត​ចាក​ក្ដី​ទុក្ខទាំង​ពួង។ សូម​អោយ​មនុស្ស​គ្រប់​គ្នាធ្វើ​ខ្លួន​ឯង​អោយ​ជា​ឧបមាថា​អាត្មា​អញ​មិន​ត្រូវ​ការ​ពាក្យ​កុហក​អំពី​អ្នក​ដទៃ​យ៉ាង​ណាអ្នក​ដទៃ​ក៏​មិន​​ត្រូវ​ការ​ពាក្យ​កុហក​អី​អាត្មា​អញ​យ៉ាង​នោះ​ដែរដូច្នេះ​អាត្មា​អញ​ត្រូវ​តែ​ជា​អ្នក​មាន​សីលគឺ​វៀរចាក​ការ​និយាយ​កុហកធ្វើ​ឲ្យ​ជាទី​ទុក​ចិត្ត​នៃ​អ្នក​ដទៃការ​និយាយ​ពាក្យ​ពិតគឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​នូវ​រឿយ​ច្របូកច្របល់​ក្នុង​សង្គម​ជាតិធ្វើ​ឲ្យ​ជាតិ​រុងរឿងក៏​ដោយ​សារពលរដ្ឋ​មាន​នូវ​សច្ចៈ​ធម៌។ សច្ចំវេអមតាវាចាព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា​ជា​ពាក្យ​មិន​ស្លាប់ព្រោះ​សច្ចៈ​ពិត​មាន​ឫទ្ធិ​ចំណាប់អ្នក​ផង​ចង់​ស្ដាប់​ហើយ​ជឿ​ទុក​ចិត្ត។ ដកស្រង់​ចេញពី​សៀវភៅជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌ ដោយ​៥០០០​ឆ្នាំ​
    Public date : 03, Apr 2024 (10,705 Read)
    បាបានិវារេតិហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់ប្រៀប​ដូច​ជាជួយ​ឃាត់​ផ្លូវ​កុំ​ឲ្យ​ទៅ​តំបន់​ខ្មាំង​សត្រូវ​ឬ​ទៅ​កាន់​ចំការ​មីនដូច្នោះ​ដែរ។បុគ្គល​គប្បី​លះ​បង់​នូវ​អំពើ​អាក្រក់​ទាំង​ឡាយ​ដូច​ជា​ពួក​ឈ្មួញ​ដែល​មាន​ទ្រព្យច្រើនមាន​គ្នា​តិចគេចវាង​យ៉ាង​ឆ្ងាយ​អំពី​ផ្លូវ​ដែលមាន​ចោរ​ប្លន់ឬ​ក៏​ដូច​ជា​បុគ្គល​ដែល​ស្រលាញ់​ការ​រស់ចៀស​វាង​នូវ​ថ្នាំ​ពិសយ៉ាង​នោះ​ឯង។ បុគ្គល​អ្នក​ចម្រើន​បញ្ញាបាន​ឃើញ​នូវ​ភព​បីដូច​ជា​ព្រៃ​ដែល​មាន​ចោរ​ប្លន់ក៏​ប្រញាប់​រូត​រះ​ជំរះ​ផ្លូវ​ទៅ​កាន់​ព្រះនិព្វានដែល​ជាផ្លូវ​គេច​ចេញ​អំពី​ភព​បី។ការ​យក​ឈ្នះ​លើ​ខ្លួន​ឯង​ដែល​ជា​អ្នក​ធ្វើ​អាក្រក់សៅហ្មង​ដោយ​កិលេសមាយាពុតត្បុត​ក្រេវក្រោធឃោរឃៅទើប​ជា​ការ​ប្រសើរចំណែក​ការ​ឈ្នះ​លើ​អ្នក​ដទៃមាន​អ្វី​នឹង​ប្រសើរ​ទៅ​បាន​នុះព្រោះ​ថាកាល​បើ​បុគ្គល​អប់រំ​ខ្លួន​បាន​ល្អ​ហើយមាន​ប្រក្រតី​សង្រួម​ជាប់​ជានិច្ចដូច្នេះសូម្បី​ទេវតាគន្ធព្វមារព្រម​ទាំង​ព្រហ្មក៏​មិន​អាច​ធ្វើ​នូវ​ជ័យ​ជំនះ​នៃ​បុគ្គល​នោះឲ្យ​ត្រឡប់​ទៅ​ជា​បរាជ័យ​វិញ​បាន​ឡើយ។ អ្នក​ស្រែ​អាច​ធ្វើ​ប្រឡាយ​ទឹក​បង្ហូរ​ទឹកអំពី​ទី​ទួល​មក​ទី​ទាប​តាម​ការ​ពេញ​ចិត្តអ្នក​ធ្វើ​ព្រួញរមែង​ពត់​ព្រួញ​ឲ្យ​ត្រង់ជាង​ឈើ​ធ្វើ​រទេះរមែង​ដាប់​ចាំង​អារ​ឈូស​នូវ​ឈើ​នោះៗឲ្យ​ត្រង់​ឬ​ឲ្យ​កោងតាម​ដោយ​ទព្វសម្ភារៈ​ដែល​ត្រូវ​ធ្វើបណ្ឌិត​កាន់​យក​និមិត្ត​ទាំង​អស់​នេះមក​ជា​អារម្មណ៍​​ក្នុង​ការ​ពិចារណាក៏​ធ្វើ​ការ​ទូន្មាន​ចិត្ត​ឲ្យ​សម្រេច​បានព្រោះ​ថា​ទឹក​ក្ដីឈើ​ធ្វើ​ព្រួញ​ក្ដីឈើ​ធ្វើរទេះ​ក្ដីសុទ្ធ​តែ​មិន​មាន​ចិត្តប៉ុន្តែ​គេ​អាច​បង្ហូរពត់​ឲ្យ​ត្រង់និង​ចាំ​ដាប់​នូវ​វត្ថុ​នោះៗបាន​តាម​ប្រាថ្នាឯ​ចំណែក​មនុស្ស​មាន​ទាំង​កាយមាន​ទាំង​ចិត្ត​ដោយ​ពិតដូច​ម្តេច​មិន​អាច​ធ្វើ​ចិត្ត​របស់​ខ្លួនឲ្យ​ប្រព្រឹត្ត​ទៅក្នុង​អំណាចហើយ​បំពេញ​នូវ​ធម៌ស្ងប់​បាន​នោះព្រោះ​ហេតុដូច្នេះ​ទើប​បណ្ឌិត​អាច​ទូន្មាន​ខ្លួន​ឯង​បានការ​ទូន្មាន​ខ្លួន​ឯង​បាន​ទើប​ជា​មនុស្ស​ប្រសើរគឺ​ប្រសើរ​ក្រៃ​លែង។ ដកស្រង់ចេញពីសៀវភៅមនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
    Public date : 03, Apr 2024 (10,801 Read)
    តើ​អ្វី​ជា​ជីវិត?ភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តរូបសំលេងក្លិនរសផោដ្ឋព្វៈអម្មារម្មណ៍និង​វេទនា​ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែកទ្វារ​ត្រចៀកទ្វារ​ច្រមុះទ្វារ​អណ្ដាតទ្វារ​កាយគឺ​ជា​តួជីវិតជា​របស់​ក្ដៅ។តើ​ក្ដៅ​ព្រោះ​អ្វី?ក្ដៅ​ព្រោះ​ភ្លើង​កិលេសគឺរាគៈទោសៈមោហៈ។ នា​ពេល​បច្ចុប្បន្ន​នេះបើ​ទោះ​ជា​គ្មាន​អ្នក​ណា​ប្រាប់ក៏​យើង​អាច​ដឹង​បាន​ថាសត្វ​លោក​កំពុង​រស់​នៅ​ក្នុង​កំដៅហើយ​កំដៅ​នេះ​មាន​កំនើន​កើន​ជាង​មុន១ដងជា៥ដងឯណោះ។សភាព​ទាំង​អស់​នេះ​ក៏​ព្រោះ​តែ​ភ្លើងរាគៈទោសៈមោហៈអាស្រ័យ​នៅ​ក្នុង​ចិត្ត​របស់​សត្វ​លោកកាន់​តែ​មានចំហេះ​ខ្លាំង​ឡើងៗដោយហេតុ​ថាសត្វ​លោក​កាន់​តែ​ឆ្លាតមាន​ល្បិច​កល​ពិស​ពុលក្នុង​ការ​ផ្ដុំ​ភ្លើង​តណ្ហាឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា​លំដាប់។ សត្វ​លោក​រឹត​តែ​គ្មាន​ដឹង​គ្មាន​ជំនឿគ្មាន​ប្រកាន់​យក​ថាការ​ពន្លត់​ភ្លើងរាគៈទោសៈមោហៈគឺ​ជា​ចំណុច​ដ៏​ត្រជាក់​ដ៏​កំពូល​របស់​ជីវិត​នោះ​ទេផ្ទុយ​មក​វិញ​គេ​ច្រើន​តែ​ស្វែង​រក​សេចក្ដី​សប្បាយ​រីករាយ​លើ​បញ្ចកាមគុណដែល​ជា​ការ​ពង្រីក​ភ្នក់​ភ្លើង​ឲ្យ​កាន់​តែ​ធំដោយ​គំនិត​បញ្ឆេះ​ច្រើន​ជាង​គំនិត​ពន្លត់។ សកល​លោក​បាន​ក្លាយ​ទៅ​ជា​លោក​ដែល​មាន​កំដៅ​ទាំង​មនុស្ស​ទាំង​សត្វ​ទាំង​សកល​ធាតុ​ក៏​ព្រោះ​តែ​មនុស្ស​ក្នុង​ពិភព​លោក​នាំ​គ្នា​ស្ទាប​អង្អែល​នូវ​បញ្ច​កាម​គុណនាំ​គ្នា​បំរើ​សេចក្ដី​សប្បាយ​បោក​ប្រាស់ប្រកប​ដោយ​ចិត្ត​ពោរពេញ​ទៅ​ដោយ​រាគៈទោសៈមោហៈលើស​ពី​សម័យ​មុន១ជា១០ដងឬ១ជា២០ដងក៏​អាច​ថា​បាន។ សព្វ​ថ្ងៃ​នេះមនុស្ស​បាន​នាំ​គ្មាពពាក់​ពពូន​ជំពាក់​ជំពិន​លើ​អំពើ​ដុត​កំដៅ​ខ្លួន​ឯងគឺ​នាំ​គ្នា​ថ្ងូរនាំ​គ្នា​ជូរ​ចត់​ក្នុង​ជីវិត​របស់​ខ្លួនគេ​នាំ​គ្នា​បង្កើត​កិលេស​របស់​ខ្លួនគេ​ប្រាថ្នា​លើក​ខ្លួន​របស់​គេ​ជា​ម្ចាស់ពិភព​លោក។ជាង​នេះ​ទៅ​ទៀតគំនិត​របស់​មនុស្ស​ម្នាក់​ៗតែង​មាន​ការ​ប្រកាន់​យក​នូវ​របស់​មិន​ទៀតជា​ទុក្ខជា​អនត្តាថា​ជា​របស់​ទៀតជា​សុខជា​អត្តា។ ប៉ុន្តែ​ការ​ប្រកាន់និងគំហើយ​របស់​គេ​ទាំង​នោះ​លទ្ធ​ផល​ចុង​ក្រោយគឺ​សំណើច​លាយ​ទំនួញសំអប់​លាយ​សំឡាញ់​សម្លូត​លាយ​កំណាច​ជា​ដើមដែល​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរស្ថិត​ក្រោម​លក្ខណៈ​ដុត​បំផ្លាញ​ខ្លួន​ឯង​ដោយ​វិធី​ផ្សេងៗ​យ៉ាង​មុខ​គួរ​ឲ្យ​សង្វេគ​ខ្លោច​ផ្សា​ដោយ​គ្មាន​ដឹង​ខ្លួន​ឡើយ។សូម​មេត្តា​ពិចារណា​នូវ​ពុទ្ធ​ភាសិត​មួយ​កន្លែង​ទៀត​ដូច​ខាង​ក្រោមៈ មិន​មាន​ភ្លើង​អ្វី​(ក្ដៅ)​ស្មើដោយ​រាគៈ មិន​មាន​ចង្រៃ​អ្វី(ឲ្យ​ទោស)​ស្មើ​ដោយ​ទោសៈ មិន​មាន​សំណាញ់​អ្វី(ស្មុគ្រស្មាញ)​ស្មើ​ដោយ​មោហៈ តាមពុទ្ធភាសិត​ខាង​លើ​នេះស្ដែង​ឲ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់​ថាសូម្បី​តែ​ភ្លើង​ពិតៗក៏​មិន​អាច​មាន​កំដៅ​ស្មើ​ដោយ​ភ្លើង​រាគៈ​បាន​ឡឡើយ។ដូច្នេះ​នរក​ក្នុង​លោក​នេះគឺ​ជា​នរក​កាច​សាហាវ​ជាង​នរក​ស្រុក​ខ្មោចព្រោះ​ភ្លើង​ដ៏​ក្ដៅ​គឺ​រាគៈទោសៈមោហៈនេះ​វា​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ឬ​បង្កើត​ឲ្យ​មាន​រក​ស្រុក​ខ្មោច។ ដក​ស្រង់​ចេញ​ពី​សៀវភៅតើ​នរក​មាន​ដែរ​ឬ​ទេ ដោយ​៥០០០​ឆ្នាំ​
    Public date : 03, Apr 2024 (64,484 Read)
    លក្ខណៈ​ព្រះពុទ្ធ​សាសនាព្រះ​អង្គ​ទ្រង់​ត្រាស់​សំដែង​ថាខន្តី​ជា-តបធម៌​ឧត្ដមតបធម៌​គឺ​ធម៌​ជា​គ្រឿង​ដុត​បំផ្លាញ​នូវ​កិលេស​ក្នុង​សន្ដាន​ចិត្តមនុស្ស​សម័យ​ដើម​មុន​ព្រះអង្គ​បាន​ត្រាស់​ដឹងគេ​និយម​ធ្វើ​តបធម៌​ច្រើន​បែបច្រើន​យ៉ាងណាស់ប៉ុន្តែ​សុទ្ធ​តែ​ជា​របៀប​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ឥត​ប្រយោជន៍ជា​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង​ក្លាឲ្យ​ដល់​រូប​កាយ​របស់​ខ្លួន​ឯងដោយ​យល់ថាធ្វើ​របៀប​នេះ​នឹង​នាំ​ឲ្យ​គេ​បាន​បរិសុទ្ធដល់​ទី​បំផុត​នៃ​សាសនា​ឬ​លទ្ធិ​របស់​គេ។ តាម​ពិត​កិលេស​មិន​មែន​មាន​រូប​កាយ​ជា​ប្រភព​នៃ​កំណើត​នោះ​ទេសូម្បី​សត្វ​ក្នុង​អរូប​ភព​ក៏​​នៅ​មាន​កិលេស​ដែរប៉ុន្តែ​ប្រភព​ពិត​ប្រាដក​របស់​កិលេស​គឺ​អវិជ្ជា​ដែល​មិន​ដឹង​នូវ​ក្នុង​សច្ចធម៌។ អំណត់​គឺ​សេចក្ដី​អត់​ធន់​ជា​ភ្លើង​ដុត​កំទេច​នូវ​អវិជ្ជាព្រោះសេចក្ដី​អត់ធន់​ជា​កម្លាំងក្នុង​ការ​ញ៉ាំង​កុសល​ធម៌​ទាំង​ពួង​ឲ្យ​សម្រេច​ដូច​កម្លាំង​កាយ​របស់​បុរសដែល​ញ៉ាំង​ឲ្យ​ការងារ​នោះ​ៗ​មាន​ការភ្ជួររាស់ជា​ដើមសម្រេច​ទៅ​បាន។សេចក្ដី​អត់ធន់​គឺ​ជា​វិជ្ជា​មួយ​ដ៏​យ៉ាង​ខ្ពង់ខ្ពស់​បំផុតដែល​សត្វ​លោក​មិន​ងាយ​រៀន​ចេះប៉ុន្តែ​បើ​បុគ្គល​ណា​ប្រកប​បាន​នូវ​វិជ្ជា​នេះបុគ្គល​នោះ​រមែង​រួច​ផុត​អំពី​ការ​ញាប់ញ័រដោយ​លោក​ធម៌​ទាំង​៨គឺមាន​លាភ១អត់​លាភ១មាន​យស១អត់​យស១សរសើរ១និន្ទា១សុខ១ទុក្ខ១។ ក្នុង​ជីវិត​ទាំង​គ្រហស្ថទាំង​បព្វជិតសុទ្ធ​តែ​មាន​សេចក្ដី​លំបាកដូច្នេះ​ទើប​គ្រប់​គ្នា​ត្រូវ​ចេះ​អត់ទ្រាំគឺ​អត់​ទ្រាំ​បំពេញ​ការងារ​តាម​តួនាទីទាំង​ជា​ការងារ​ប្រាស​ចាក​ទោស​ផងឲ្យ​សម្រេច​ទៅបានជា​ពិសេស​គឺ​អត់​ទ្រាំ​បាន​ចំពោះ​អារម្មណ៍​ក្នុង​លោករឿង​រ៉ាវ​ផ្សេងៗដែល​មាន​ជា​ប្រចាំ​ក្នុង​ជីវិត។អារម្មណ៍​ឯ​ណា​មួយ​ក្នុង​លោកអារម្មណ៍​នោះ​គេ​តែង​រៀន​គឺ​រៀន​ទទួល​យក​ស្មារតីរៀន​ទាំង​អត់​ស្រលាញ់អត់​ស្អប់​អត់វង្វេងអត់​ស្រវឹងអត់តក់ស្លុតនិង​រៀន​លះបង់។ ចំពោះ​វិជ្ជា​ថ្នាក់​ឧត្ដម​ក្នុង​ជីវិតគឺ​វិជ្ជា​អាច​ទ្រាំ​បានឃើញអារម្មណ៍​ក្នុង​លោក​ទាំង​អស់ជា​របស់​សម្រាប់​ស្រាវជ្រាវឃើញ​ការ​ទ្រាំ​បាន​ជា​ការ​រៀន​ចប់ឃើញ​ការ​មិន​ជាប់​ជំពាក់​ជា​សញ្ញា​ប័ត្រ​នៃ​ការ​ប្រឡង​ចេញ។ដូច្នេះ​លក្ខណៈ​សំខាន់​ដែល​ត្រូវ​យល់​ដឹងគឺ​ព្រះពុទ្ធ​សាសនា​មាន​ការ​ទ្រាំ​បានជា​លក្ខណៈការ​ទ្រាំ​បាន​គឺ​ជា​ទង់​ជ័យ​ព្រះពុទ្ធ​សាសនា។ ដកស្រង់ចេញពីសៀវភៅមនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
                          Page 6