សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • អត្ថបទ: (២០១៣)
    ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៤ (អាន: ២០,២៦៣ ដង)
    រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ (បិដកលេខ៧៣ទំព័រ២៨និងអដ្ឋកថា) ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះលោក​ធ្លាប់​បាន​បំពេញ​កុសល​មក​ហើយក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗការ​សន្សំបុណ្យ​ទាំង​ឡាយក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗការសន្សំបុណ្យ​ទាំងឡាយដែល​ជាឧបនិស្ស័យនៃវិវដ្ដៈក្នុងភព​មួយ​នោះលោក​បាន​កើត​ក្នុង​កំណើត​យក្សក្នុងកាល​នៃ​ព្រះមានព្រះភាគ​ព្រះនាម​អត្ថទស្សីកាល​ខាង​ក្រោយ​មកព្រះអង្គ​ក៏​ទ្រង់បរិនិព្វាន​ទៅព្រោះ​តែ​ការ​មិនបាន​ឃើញពេល​ដែលព្រះអង្គ​ទ្រង់​គង់​ព្រះជន្ម​នៅទើប​មាន​សេចក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង។ក្នុងកាល​នោះអគ្គសាវក​របស់​ព្រះសម្មាសម្ពុទ្ធ​អត្ថទស្សីមានព្រះនាមថាសាគរកាល​ទូន្មាន(យក្សនោះ)ទើប​ពោល​ថាការបូជា​ព្រះសារីរិកធាតុរបស់​ព្រះមានព្រះភាគរមែង​មាន​ផល​ច្រើន​ដូច​ការ​បូជា​ដែល​គេ​ធ្វើ​ហើយ​ក្នុង​កាល​ព្រះមានព្រះភាគ​ទ្រង់​គង់​ព្រះជន្មនៅព្រោះអំណាច​នៃ​ចិត្ត​ដែល​ជ្រះថ្លា(ហេតុ​ដូច្នេះ)អ្នក​ចូល​កសាង​ព្រះស្ដូប​ចុះ!។យក្ស​បាន​ស្ដាប់​ហើយកើត​សេចក្ដី​ជ្រះថ្លាទើប​បបួល​គ្នាកសាង​ស្ដូប(ព្រះចេតិយ)រួច​បញ្ចុះ​ព្រះបរមសារីរិកធាតុនិង​បាន​បូជា​ព្រះស្ដូប​ដែល​តម្កល់ព្រះសារីរិកធាតុ​នោះហើយចុតិ​អំពី​កំណើត​យក្សបាន​សោយ​សម្បត្តិ​ព្រះឥន្ទ្រក្នុងទេវលោកនិង​សម្បត្តិ​ស្ដេចចក្រពត្តិ​ក្នុងមនុស្សលោក។ក្នុងពុទ្ធុប្បាទ​នេះបានកើត​ក្នុងត្រកូល​ដែលមានទ្រព្យ​ច្រើន​ក្នុងនគរ​សាវត្ថីដឹងក្ដីហើយជ្រះថ្លា​ក្នុងព្រះពុទ្ធ​សាសនាបាន​ចេញបួសមិនយូរប៉ុន្មាន​ក៏បាន​ជាព្រះអរហន្ត។ ក្នុងកាលជាខាងក្រោយ​មកលោករលឹក​ឃើញ​នូវបុព្វកម្មរបស់ខ្លួនក៏កើតសោមនស្សកាល​ប្រកាស​នូវអំពើ​នោះឲ្យ​ប្រាកដ​ច្បាស់ដែល​ខ្លួន​ប្រព្រឹត្ត​ហើយ​ក្នុងកាល​មុនទើបពោល​គាថា​ទាំងនេះ​ថា កាលព្រះសុគតព្រះនាមអត្ថទស្សីទ្រង់បរិនិព្វាន​ទៅខ្ញុំ​បានកើត​កំណើត​យក្សក្នុងលំដាប់​ស្មើ​គ្នាកាល​នោះខ្ញុំ​បាន​ដល់​នូវ​យស។ (ខ្ញុំ​គិត​ថា)ឱហ្ន៎!យសដែល​អាត្មា​អញ​បាន​ហើយមិនល្អ​សោះពន្លឺ​ភ្លឺស្វាង​ក្នុងរាត្រី​មិន​ល្អការរះ​ឡើង​នៃ​ព្រះអរុណ​ក៏​មិន​ល្អព្រោះ​ថាកាល​ដែល​ភោគអាត្មា​អញ​នៅ​មានព្រះសម្ពុទ្ធ​មានចក្ខុ​ទ្រង់​បរិនិព្វាន​ទៅ។ សាវក​ឈ្មោះសាគរៈបានដឹងច្បាស់នូវតម្រិះ​របស់ខ្ញុំ​លោកមានប្រាថ្នា​នឹងស្រង់​ខ្ញុំ​ឡើងទើប​និមន្ត​មក​កាន់​សំណាក់​ខ្ញុំ(ហើយប្រាប់ថា)នែ​បុរស​អ្នក​មាន​ប្រាជ្ញាល្អអ្នកយំសោក​ធ្វើអ្វីអ្នក​កុំខ្លាច​ឡើយអ្នក​ចូរប្រព្រឹត្ត​ធម៌​ចុះការ​បរិបូណ៌ដោយពូជគឺ​កុសល​របស់​សត្វ​ទាំង​អស់ព្រះពុទ្ធ​ទ្រង់​បានប្រគល់​ឲ្យ​ហើយ។ បុគ្គល​ណាបូជា​ព្រះសម្ពុទ្ធ​ជាំលោក​នាយកដែល​ទ្រង់​គង់​ព្រះជន្ម​នៅ​ក្ដីបូជា​ព្រះសារីរិកធាតុ​របស់​ព្រះជិនស្រីសូម្បីប៉ុន​គ្រាប់ស្ពៃដែល​ទ្រង់​បរិនិព្វាន​ទៅហើយ​ក្ដីកាល​បើ​មាន​ចិត្ត​សេចក្ដី​ជ្រះថ្លា​ស្មើបុណ្យ​ដែល​ដល់​នូវ​ភាព​ដ៏ធំក៏ស្មើគ្នាព្រោះហេតុ​នោះអ្នក​ចូល​កសាង​ព្រះស្ដូបហើយបូជា​ព្រះជិនធាតុ​ទាំងឡាយចុះ!។ ខ្ញុំបានស្ដាប់​នូវ​ព្រះវាចានៃ​ព្រះសាគរៈហើយបាន​ធ្វើ​ពុទ្ធស្ដូប(គឺ​ព្រះចេតិយតម្កល់​នូវ​ព្រះសារីរិកធាតុ)ព្រម​ទាំងបានបម្រើ​ព្រះស្ដូប​ដ៏ប្រសើរ​របស់​ព្រះពុទ្ធ​មុនី​អស់៥ឆ្នាំ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងសត្វ​ទ្វេបាទជាចម្បង​ក្នុង​លោក​ទ្រង់ប្រសើរបំផុត​ជាងនរជនខ្ញុំបាន​សោយនូវសម្បត្តិហើយបានសម្រេច​ព្រះអរហន្តព្រោះកុសលកម្មនោះ។ ក្នុងកប្បទី៧០០អំពីភទ្ទកប្បនេះទៅខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិ៤ដងមានប្រាជ្ញាក្រាស់​ដូច​ផែនដីបរិបូណ៌ដោយរតនៈ៧ប្រការមានកម្លាំងច្រើន។ បដិសម្ភិទា៤វិមោក្ខ៨និងអភិញ្ញា៦ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយទាំងព្រះពុទ្ធសាសនាក៏ខ្ញុំ​បានប្រតិបត្តិ​ហើយ។ បានឮមកថាព្រះបច្ចុបដ្ឋាន​សញ្ញកត្ថេរមានអាយុបានសម្ដែងនូវគាថា​ទាំងនេះដោយប្រការ​ដូច្នេះ។ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន និងអដ្ឋកថាឈ្មោះវិសុទ្ធជនវិលាសិនីចប់ ដកស្រង់ចេញពីសៀវភៅសារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយលោកង៉ែតសុផាន់ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៤ (អាន: ៤,៥៧២ ដង)
    នឹងសម្ដែងអំពីវលាហកស្សជាតកតាមបទបាឡីថាយេនកាហន្តិឱវាទន្តិដូច្នេះជាដើម។សេចក្ដីក្នុងបាឡីជាតកនោះថាក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនរាមបានសម្ដែងនូវធម៌ទេសនា១បទនោះថាយេនកាហន្តិឱវាទន្តិដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអប្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា។ គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថានែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយមិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វីភិក្ខុនោះក៏ក្រាបបង្គំទូលថាពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថាចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះភិក្ខុនោះទូលថាឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានជួបប្រទះនូវស្រីម្នាក់មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្កាប្រដាប់កាយដ៏រុងរឿងផងហើយខ្ញុំព្រះករុណាក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង។អានទាំងស្រុងចុចទីនេះ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៤ (អាន: ៣៣,៤៦២ ដង)
    កាលព្រះមានព្រះភាគទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានហើយព្រះបាទអជាតសត្តុបាននាំព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលអំពីចំណែកបែងចែកមកសាងព្រះស្តូបហើយធ្វើបុណ្យឆ្លង។ឧបាសិកាអ្នកក្រុងរាជគ្រឹះម្នាក់បដិបត្តិសរីរកិច្ចអំពីព្រឹកហើយគិតថានឹងបូជាព្រះសាស្ដាបានកាន់យកផ្កាននោង៤ទងដែលខ្លួនបានមកមានសទ្ធាកើតឆន្ទៈឧស្សាហៈឡើងក្នុងចិត្តយ៉ាងមុតមាំមិនបានគិតដល់អន្តរាយក្នុងដំណើរផ្លូវជាអ្នកមានមុខឆ្ពោះទៅកាន់ព្រះស្តូប។ ខណៈនោះមានមេគោកូចខ្ចីមួយបោលស្ទុះទៅដោយរហ័សបានជល់ឧបាសិកានោះឲ្យអស់ជីវិត។នាងធ្វើកាលកិរិយាក្នុងខណៈនោះឯងបានកើតក្នុងតាវត្តិង្សសួគ៌ាស្ថាន។កាលសក្កទេវរាជស្ដេចយាងក្រសាលឧទ្យាននាងបានប្រាកដខ្លួនព្រមទាំងរថគ្រប់សង្កត់ទេពធីតាទាំងអស់ដោយរស្មីរបស់ខ្លួននៅកណ្ដាលស្រីទេពនាដកៈទាំងពីរកោដិកន្លះដែលជាបរិវាររបស់សក្កទេវរាជនោះ។ សក្កទេវរាជបានទតឃើញនាងយ៉ាងនោះហើយទ្រង់មានព្រះទ័យភ្ញាក់ផ្អើលកើតសេចក្ដីអស្ចារ្យដូច្នេះថាកីទិសេននុខោឱឡារិកេនកម្មុនាអយំឯទិសិំសុមហតិំទេវិទ្ធិមុបាគតាដោយកម្មជាឱឡារិកយ៉ាងណាហ៎្នទើបទេពធីតានេះមានឫទ្ធិដ៏ធំក្រៃលែងយ៉ាងនេះ?យ៉ាងនេះហើយទើងទ្រង់សួរទេពធីតានោះដោយគាថាទាំងឡាយនេះថា ម្នាលនាងដ៏ចម្រើនមានសំពត់លឿងមានទង់លឿងស្អិតស្អាងដោយគ្រឿងប្រដាប់មានពណ៌លឿងមានអវយវៈលាបដោយខ្លឹមចន្ទន៍លឿងទ្រទ្រង់ផ្កាឧប្បលលឿង។មានប្រាសាទនិងទីដេកលឿងមានទីអង្គុយលឿងមានភោជនលឿងមានឆ័ត្រលឿងមានរថលឿងមានស៊ែលឿងមានផ្លិតលឿង។នាងបានធ្វើអំពើដូចម្តេចក្នុងភពជារបស់មនុស្សក្នុងកាលមុនម្នាលទេវតាយើងសួរហើយនាងចូរប្រាប់នេះជាផលនៃកម្មអី្វ? សូម្បីទេពធីតានោះក៏បានព្យាករដល់សក្កទេវរាជដោយគាថាទាំងឡាយនេះថាបពិត្រព្រះអង្គដ៏ចម្រើនវល្លិឈ្មោះកោសាតកី(វល្លិននោងព្រៃ)ជាជាតិវល្លិល្វីងដែលគេមិនត្រូវការខ្ញុំម្ចាស់មានចិត្តជ្រះថ្លាបាននាំយកផ្កាននោងព្រៃនោះ៤ទងទៅបូជាព្រះស្តូប។ឧទ្ទិសចំពោះព្រះសរីរធាតុនៃព្រះសាស្តាខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅក្នុងព្រះធាតុនៃព្រះមានព្រះភាគនោះមិនបានក្រឡេកមើលផ្លូវគោនោះ។ គ្រានោះមេគោមកជល់ខ្ញុំម្ចាស់ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប(ស្លាប់ទៅ)បើខ្ញុំម្ចាស់សន្សំបុណ្យនោះសម្រេចម្ល៉េះសមជាមានសម្បតិ្តដ៏លើលុបជាងនេះ។ បពិត្រព្រះអង្គជាធំជាងទេវតានាមមឃវៈជាទេវកុញ្ជរខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្សមកកើតជាមួយនឹងព្រះអង្គព្រោះកម្មនោះ។ នាកាលធ្វើសង្គាយនាព្រះធម្មសង្គាហកាចារ្យទាំងឡាយពោលថាព្រះឥន្ទ្រនាមមឃវៈជាទេវកុញ្ជរជាធំជាងទេវតាក្នុងជាន់ត្រៃត្រឹង្សបានស្តាប់ពាក្យនេះហើយក៏ញុំាងទេវធីតាឲ្យជ្រះថ្លាក្នុងភពតាវត្តឹង្សហើយបានពោលពាក្យនេះនឹងមាតលិទេវបុត្រ។ បន្ទាប់មកសក្កទេវរាជក៏បានសម្ដែងធម៌ដោយគាថាទាំងឡាយនេះដល់ទេវបរិស័ទដែលមានព្រះមាតលីជាប្រធានថាម្នាលមាតលិអ្នកចូរមើលសេចកី្តអស្ចារ្យនេះជាផលនៃកម្មដ៏វិចិត្រទេយ្យវត្ថុសូម្បីបន្តិចបន្ទួចដែលគេធ្វើហើយជាបុណ្យមានផលច្រើន។កាលបើចិត្តជ្រះថ្លាចំពោះព្រះតថាគតជាសម្ពុទ្ធឬសាវ័ករបស់ព្រះតថាគតហើយទក្ខិណាទានឈ្មោះថាមានផលតិចមិនមែនឡើយ។ម្នាលមាតលិអ្នកចូរមកយើងទាំងឡាយនឹងបូជាព្រះធាតុព្រះតថាគតឲ្យលើសលុបជាងនេះទៅទៀតការសន្សំនូវបុណ្យទាំងឡាយរមែងនាំមកនូវសេចកី្តសុខ។ កាលព្រះតថាគតឋិតនៅកី្តបរិនិព្វានទៅកី្តបើតាំងចិត្តស្មើផលក៏ស្មើដ្បិតថាសត្វទាំងឡាយមានការតម្កល់ចិត្តទុកជាហេតុទើបទៅកាន់សុគតិបាន។ទាយកទាំងឡាយរមែងទៅកាន់ស្ថានសួគ៌បានព្រោះធ្វើការបូជាចំពោះព្រះតថាគតទាំងឡាយណាព្រះតថាគតទាំងនោះបានកើតឡើងក្នុងលោកដើម្បីប្រយោជន៍ដល់ជនច្រើន។ នាកាលសក្កទេវរាជត្រាស់យ៉ាងនេះរួចហើយស្ដេចសក្កៈជាទេវានមិន្ទៈទ្រង់រម្ងាប់នូវសេចក្ដីឧស្សាហៈក្នុងការក្រសាលព្រះឧទ្យានហើយទ្រង់ត្រឡប់អំពីឧទ្យាននោះទ្រង់ធ្វើការបូជាព្រះចូឡាមណីចេតិយអស់៧ថ្ងៃដែលជាបូជនីយដ្ឋានដែលទ្រង់បូជាជារឿយៗ។ សម័យខាងក្រោយមកទៀតស្ដេចសក្កទេវរាជបានពោលរឿងនោះថ្វាយដល់ព្រះនារទត្ថេរដែលទៅកាន់ទេវលោកព្រះថេរៈក៏ប្រាប់រឿងនោះដល់ព្រះធម្មសង្គាហកាចារ្យទាំងឡាយព្រះសង្គាហកាចារ្យទាំងឡាយនោះក៏បានលើករឿងនោះឡើងកាន់ការធ្វើសង្គាយនាដោយប្រការដូច្នេះឯង។ ចប់បីតវិមានវត្ថុ។(សុត្តន្តបិដកខុទ្ទកនកាយឥត្ថិវិមានមញ្ជិដ្ឋកវគ្គបីតវិមានវត្ថុបិដកលេខ៥៥ទំព័រ៩៩និងអដ្ឋកថាឈ្មោះបរមត្ថទីបនី)ថ្ងៃអាទិត្យ០៦កើតខែភទ្របទឆ្នាំរកានព្វស័កព.ស.២៥៦១ម.ស.១៩៣៩ច.ស.១៣៧៩ត្រូវនឹងថ្ងៃទី២៧ខែសីហាគ.ស.២០១៧។ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៤ (អាន: ៥,៩៤៧ ដង)
    អតីតេកិរបានឮមកថាក្នុងអតីតកាលមានសេតសមណី(ដូនជីស្លៀកស)ឈ្មោះសច្ចតបាបី(ច្បាប់ខ្លះថាបញ្ចតបាវី)អាស្រ័យនឹងនគរពារាណសីនាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសានកាលនៅក្នុងទីនោះនាងញ៉ាំងនូវភត្តទាំងឡាយ៤ឲ្យកន្លងផុតទៅទើបបរិភោគ(រំលង៤ថ្ងៃបរិភោគ១ដង)(កិត្តិគុណ)ក៏បានប្រាកដឡើងទូទាំងព្រះនគរដូចជាព្រះចន្ទ្រនិងព្រះអាទិត្យ។ អ្នកនគរពារាណសីសូម្បីកណ្ដាស់សូម្បីភ្លាត់តែងតែពោលថានមោសច្ចតបាបិយាសូមនមស្ការនាងសច្ចតបាបី។លំដាប់នោះក្នុងថ្ងៃមួយជាវេលាលេងមហោស្រពក្នុងថ្ងៃដំបូងពួកជាងមាទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយហើយនាំមកនូវត្រីសាច់សុរាគ្រឿងក្រអូបនិងកម្រងផ្កាជាដើមទើបប្រារព្ធនឹងផឹកនូវសុរា។ លំដាប់នោះជាងមាសម្នាក់កាលចោលនូវពែងសុរាក៏ពោលថានមោសច្ចតបាបិយាសូមនមស្ការនាងសច្ចតបាបី។ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថាអម្ភោអន្ធពាល,ចលចិត្តាយឥត្ថិយានមោករោសិ,អហោពាលោនៃលោកអន្ធពាលលោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើកឱហ្ន៎បុគ្គលពាល។ជាងមាសនោះឆ្លើយថាម្នាលសម្លាញ់លោកកុំនិយាយយ៉ាងនេះឡើយកុំធ្វើកម្មដែលនាំទៅកាន់នរក។បុរសដែលឆ្លាតនោះពោលថាអ្នកមិនមានបញ្ញាទេលោកចូរនៅស្ងៀមចុះអ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់តអំពីនេះទៅ៧ថ្ងៃយើងនឹងទៅនាំនាងសច្ចតបាបីមកឲ្យតែងខ្លួនយ៉ាងស្អាតហើយឲ្យមកអង្គុយក្នុងទីនេះឲ្យកាន់យកនូវពែងសុរាហើយយើងនឹងផឹកសុរាឈ្មោះថាមាតុគ្រាមជាអ្នកមានសីលជានិច្ចនោះមិនមានឡើយ។ជាងមាសនោះតបថាលោកមិនអាចនឹងធ្វើបានឡើយដូច្នេះហើយទើបធ្វើការភ្នាល់នឹងបុរសនោះ។ បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃក្នុងថ្ងៃបន្ទាប់បុរសនោះក៏ចូលទៅក្នុងព្រៃស្មសានកាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះហើយក៏នៅទីនោះ។កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរពេលត្រឡប់មកបានឃើញបុរសនោះក៏គិតថាមហិទ្ធិកោតាបសោភវិស្សតិ,អហំតាវសុសានបស្សេវសាមិ,អយំមជ្ឈេសុសានស្សវសតិ,ភវិតព្ពមស្សព្ភន្តរេសន្តធម្មេន,វន្ទិស្សាមិនំតាបសនេះជាអ្នកមានឫទ្ធិច្រើនយើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះតាបសនេះ(ហ៊ាន)នៅក្នុងទីកណ្ដាលនៃព្រៃស្មសានប្រាកដ​ជាមាន​ធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុងយើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះដូច្នេះហើយនាងក៏ចូលទៅថ្វាយបង្គំ។តាបសប្លមមិនបានក្រឡេងមើលមិនបានហៅរក(មិនបាននិយាយជាមួយ)។ ក្នុងថ្ងៃទីពីរក៏ធ្វើយ៉ាងនោះទៀត។តែដល់ថ្ងៃទីបីកាលនាងសច្ចតបាបីថ្វាយបង្គំតាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថាអើនាងចូរទៅចុះ។ក្នុងថ្ងៃទីបួនតាបសធ្វើនូវបដិសណ្ឋារៈថាកច្ចិភិក្ខាយនកិលមសិនាងមិនលំបាកដោយភិក្ខាហារទេឬ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថាការបដិសណ្ឋារៈគឺយើងបានហើយទើបចៀសចេញទៅ។ក្នុងថ្ងៃទីប្រាំនាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះហើយបានអង្គុយក្នុងទីទាបមួយទើបចេញទៅ។ ក្នុងថ្ងៃទីប្រាំមួយនាងបានចូលមកថ្វាយបង្គំតាបសនោះតាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថាម្នាលប្អូនស្រីថ្ងៃនេះសំឡេងនៃការច្រៀងនិងការប្រគំដ៏ធំមានក្នុងក្រុងពារាណសីឬ?នាងសច្ចតបាបីឆ្លើយថាបពិត្រអ្នកដ៏ចម្រើនលោកមិនដឹងទេឬគេលេងមហោស្រពក្នុងនគរនោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ។តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថាសំឡេងនោះនៅក្នុងទីនោះហ្ន៎ហើយសួរនាងថាម្នាលប្អូនស្រីនាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ(នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ)?នាងឆ្លើយថាបពិត្រអ្នកដ៏ចម្រើនបួនថ្ងៃហើយសួរទៅតាបសវិញថាចុះលោកម្ចាស់ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ?តាបសប្លមពោលថាប្រាំពីរប្អូនស្រី។ឥទំសោមុសាអភាសិតាបសប្លមនោះបានពោលនូវពាក្យកុហកនេះ។តាមពិតតាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ។ តាបសសួរតទៅថាម្នាលប្អូនស្រីនាងបួសប៉ុន្មានឆ្នាំហើយ?នាងសច្ចតបាបីឆ្លើយថាអស់១២ឆ្នាំហើយនាងសួរវិញថាចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ?តាបសពោលថាឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង(យើងបួសបាន៦ឆ្នាំ)។លំដាប់នោះតាបសក៏សួរតទៅថាម្នាលប្អូនស្រីតើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ?នាងឆ្លើយថាបពិត្រអ្នកដ៏ចម្រើននៅទេហើយលោកម្ចាស់វិញសន្តធម៌មានដល់លោកនៅ?តាបសពោលថាសត្តធម៌មិនមានដល់យើងទេ។តាបសនោះទើបពោលទៀតថាម្នាលប្អូនស្រីពួកយើងមិនបាននូវកាមសុខនិងមិនបាននូវនេក្ខម្មសុខនរកក្ដៅ(មើលទៅមិនមែន)សម្រាប់តែយើងពីរទេពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញខ្ញុំនឹងសឹកជាគ្រហស្ថហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមានខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ។ នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួនក៏បានពោលថាបពិត្រលោកម្ចាស់ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេខ្ញុំនឹងសឹកជាគ្រហស្ថ។លំដាប់នោះតាបសនោះបានពោលនឹងនាងថាមកចុះអូនបងមិនបោះបង់អូនទេអូននឹងជាភរិយារបស់បងដូច្នេះហើយបុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរហើយក៏រួមសមគ្គសង្វាសរស់នៅជាមួយគ្នាហើយនាំនាងទៅកាន់កន្លែងផឹកសុរាបានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា(ឲ្យចាក់ស្រា)ហើយក៏ផឹកនូវសុរា។ ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់។នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ។តទាកុណាលោសុរាធុត្តកោអហោសិក្នុងកាលនោះកុណាលសកុណៈគឺជាអ្នកលេងសុរានោះ។កាលប្រកាសនូវរឿងដែលខ្លួនឃើញមកទើបពោលថា (នែបុណ្ណមុខៈសម្លាញ់នាងសមណីឈ្មោះសច្ចតបាបីកាលនៅកណ្តាលព្រៃស្មសានរំលងចោលនូវបាយ៤ដងបានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរាខ្ញុំបានឃើញហើយ)។ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកអសីតិនិបាតកុណាលជាតកបិដកលេខ៦១ទំព័រ១៦៣-១៦៤)ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៤ (អាន: ៥,៩៨២ ដង)
    អតីតេក្នុងអតីតកាលព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសលហើយកាន់យករាជ្យនិងនាំ​យក​ព្រះអគ្គមហេសីដែលកំពុងមានគភ៌របស់ព្រះបាទកោសលនោះទៅកាន់នគរពារាណសីសូម្បីកាលទ្រង់ដឹងនូវភាវៈនៃគភ៌របស់ព្រះនាងនោះក៏ដោយទ្រង់នៅតែតែងតាំងព្រះនាងទុកក្នុងតំណែងអគ្គមហេសី។ ពេលដែលគភ៌ព្រះនាងចាស់ហើយក៏ប្រសូតព្រះឱរសដែលស្អាតដូចជាមាសមួយអង្គព្រះនាងគិតថាកាលព្រះកុមារនេះធំហើយព្រះបាទពារាណសីទ្រង់នឹងឲ្យគេសម្លាប់ដោយគិតថានេះជាបុត្ររបស់សត្រូវមិនមានប្រយោជន៍ដែលត្រូវចញ្ចឹមឡើយ(ដើម្បី)មិនឲ្យបុត្ររបស់យើងស្លាប់ក្នុងដៃរបស់បុគ្គលដទៃទើបព្រះនាងពោលនឹងភីលៀងថានែនាងនាងចូរក្រាលនូវសំពត់ចាស់រុំទារកនេះហើយចូរយកទៅដាក់ឲ្យដេកក្នុងព្រៃជាទីចោលនូវសាកសពស្រស់ហើយសឹមចូរត្រឡប់មកចុះ។នាងភីលៀងបានធ្វើយ៉ាងនោះមុជទឹកហើយទើបត្រឡប់មក។ ចំណែកព្រះបាទកោសលដែលស្លាប់នោះបានកើតជាអារក្ខទេវតារបស់បុត្រ។ដោយអានុភាពរបស់អារក្ខទេវតានោះកាលមេពពែរបស់អ្នកគង្វាលពពែម្នាក់ត្រាច់ទៅក្នុងកន្លែងនោះក៏ញ៉ាំងមេពពែមួយឲ្យឃើញនូវកុមារនោះញ៉ាំងនូវសេចក្ដីស្នេហាហើយឲ្យផឹកនូវទឹកដោះទើបត្រាច់ទៅបានឲ្យកុមារនោះផឹកនូវទឹកដោះអស់វារៈពីរបីបួនដង។នាយគង្វាលពពែឃើញនូវកិរិយារបស់មេពពែនោះទើបទៅកាន់ទីនោះបានឃើញនូវទារកហើយបានញ៉ាំងសេចក្ដីស្រឡាញ់ហាក់ដូចជាកូនទើបនាំទៅប្រគល់ឲ្យភរិយារបស់ខ្លួន។ ភរិយានោះជាបុគ្គលមិនមានបុត្រមិនមានទឹកដោះឲ្យទារកនោះបៅទើបឲ្យទារកនោះផឹកនូវទឹក​ដោះ​ពពែនោះឯង។បន្ទាប់មកមេពពែទាំងឡាយក៏ស្លាប់ទៅអស់ពីរបីក្បាលរាល់ៗថ្ងៃ។នាយគង្វាលពពែគិតថាបើយើងនៅចិញ្ចឹមទារកនេះទៀតមេពពែនឹងស្លាប់ទាំងអស់នឹងចិញ្ចឹមទារកនេះធ្វើអ្វីដូច្នេះហើយទើបញ៉ាំងទារកឲ្យដេកក្នុងភាជនៈដីមួយហើយបិទបាំងខាងមុខខាងក្រោយយកទៅបណ្ដែតក្នុងទន្លេ។ មានមនុស្សចណ្ឌាលដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ដែលអាស្រ័យនៅក្នុងរាជនិវេសន៍ពេលចុះទៅលាងធ្មៃនៅកំពង់ខាងក្រោមជាមួយនឹងម្ចាស់បានឃើញនូវភាជន៍ដែលអណ្ដែតមកបានទៅនាំយកមកដោយរហ័សដាក់ទុកលើច្រាំងកាលមើលទើបបើកដោយគិតថានេះជាអ្វីហ្ន៎ពេលបើកហើយបានឃើញទារក។ភរិយារបស់មនុស្សចណ្ឌាលជាបុគ្គលមិនមានបុត្របានស្រឡាញ់ទារកនោះទុកដូចជាកូនទើបនាំទៅចិញ្ចឹមទុកក្នុងផ្ទះ។ បន្ទាប់ពីពេលដែលកុមារមានអាយុប្រាំពីរប្រាំបីឆ្នាំកាលមាតាបិតាជាមនុស្សចណ្ឌាលទៅកាន់រាជត្រកូលបាននាំយកនូវកុមារនោះទៅដែរ។បន្ទាប់ពីពេលដែលកុមារនោះមានវ័យបាន១៦ឆ្នាំហើយបានទៅកាន់រាជត្រកូលអស់ជាច្រើនដង(ដើម្បី)ធ្វើការជួសជុលរបស់ចាស់។ ព្រះអគ្គមហេសី(ត្រូវជាមាតារបស់កុមារនោះ)របស់ព្រះរាជាពារាណសីមានព្រះរាជធីតាមួយអង្គព្រះនាមកុរុង្គទេវីជាស្រីមានរូបល្អស្អាត។ព្រះនាងកុរុង្គទេវីនោះបន្ទាប់ពីបានឃើញកុមារនោះក៏មានចិត្តប្រតិព័ទ្ធស្នេហាក្នុងកុមារនោះហើយបានទៅកាន់កន្លែងធ្វើការរបស់កុមារនោះព្រោះភាវៈជាអ្នកមិនមានសេចក្ដីត្រេកអរក្នុងទីដទៃ។អជ្ឈាចារគឺការប្រព្រឹត្តកន្លងល្មើស(រាជប្រវេណី)បានប្រព្រឹត្តហើយក្នុងឱកាសដែលស្ងាត់កំបាំងក្នុងព្រះរាជត្រកូលខាងក្នុងនោះឯងរបស់ព្រះរាជធីតាកុរុង្គទេវីនិងកុមារនោះដែលជាអ្នកមានចិត្តប្រតិព័ទ្ធស្នេហានូវគ្នានឹងគ្នាដោយការឃើញគ្នារឿយៗ។ កាលព្រះនាងកុរុង្គទេវីទៅធ្វើដូច្នេះអ្នកបម្រើទាំងឡាយបានដឹងហើយក្រាបទូលដល់ព្រះរាជា។ព្រះរាជាទ្រង់ពិរោធហើយបានហៅអាមាត្យទាំងឡាយឲ្យប្រជុំគ្នាហើយត្រាស់ថាកូនរបស់មនុស្សចណ្ឌាលនេះបានធ្វើនូវទង្វើនេះពួកលោកនឹងធ្វើយ៉ាងណាដល់គេ?ពួកអាមាត្យក៏ក្រាបទូលថាទោសនេះធំណាស់ព្រះអង្គសមគួរនឹងធ្វើទារុណកម្មផ្សេងៗទើបសម្លាប់តាមក្រោយ។ ក្នុងខណៈនោះអារក្ខទេវតាដែលជាបិតារបស់កុមារនោះបានចូលសណ្ឋិតក្នុងសរីរៈរបស់ព្រះមាតារបស់កុមារនោះឯង។ព្រះនាងនោះក៏បានចូលទៅគាល់ព្រះរាជាដោយអានុភាពរបស់ទេវតាហើយពោលថាបពិត្រមហារាជកុមារនេះមិនមែនជាកូនមនុស្សចណ្ឌាលទេកុមារនេះកើតក្នុងផ្ទៃរបស់ខ្ញុំម្ចាស់​ជាបុត្ររបស់ព្រះបាទកោសលខ្ញុំម្ចាស់បានទូលមុសាវាទនឹងព្រះអង្គថាព្រះឱរសរបស់ខ្ញុំម្ចាស់ស្លាប់ហើយដោយគិតថាជាបុត្ររបស់ព្រះរាជាដែលសត្រូវនឹងព្រះអង្គទើបបញ្ជាឲ្យនាងភីលៀងយកទៅចោលក្នុងព្រៃស្មសានលំដាប់នោះនាយគង្វាលពពែម្នាក់ក៏បានចិញ្ចឹមនូវកុមារនេះពេលកើតហេតុមេពពែស្លាប់ជាច្រើនក្បាលគេទើបយកទៅបណ្ដែតក្នុងទន្លេគ្រានោះមនុស្សចណ្ឌាលដែលជាជួស​ជុល​របស់ចាស់ក្នុងព្រះរាជវាំងរបស់ព្រះអង្គបានឃើញកុមារនេះដែលអណ្ដែតមកហើយគេក៏យកទៅចិញ្ចឹមបើព្រះអង្គមិនជឿទេសូមទ្រង់ឲ្យហៅមនុស្សទាំងអស់នោះមកសួរចុះ។ ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះធ្វើតាំងតែនាងភីលៀងជាដើមហើយសួរទ្រង់បានស្ដាប់ការប្រព្រឹត្តទៅយ៉ាងនោះហើយមានចិត្តត្រេកអរថាកុមារនេះជាអ្នកដល់ព្រមដោយជាតិទើបឲ្យគេងូតទឹកកុមារនោះហើយឲ្យប្រដាប់តាក់តែងទើបទ្រង់ប្រគល់ព្រះធីតាដល់កុមារនោះ។ព្រោះភាវៈនៃមេពពែទាំងឡាយស្លាប់មានដល់កុមារនោះមនុស្សទាំងឡាយទើបធ្វើនូវឈ្មោះកុមារនោះថាឯឡិកកុមារ(កុមារពពែ)។ លំដាប់នោះព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះហើយបញ្ជូនគេដោយត្រាស់ថាអ្នកចូរទៅគ្រប់គ្រងរាជសម្បត្តិរបស់ព្រះបិតារបស់ខ្លួនចុះ។ឯឡិកកុមារក៏នាំនាងកុរុង្គទេវីទៅគ្រប់គ្រងរាជសម្បត្តិ។គ្រានោះព្រះរាជាពារាណសីទ្រង់គិតថាឯឡិកកុមារនេះមិនបានសិក្សាសិល្បសាស្ត្រទើបទ្រង់បញ្ជូនអាចារ្យឈ្មោះឆឡង្គកុមារឲ្យទៅបង្រៀនឯឡិកកុមារ។ឯឡិកកុមារនោះក៏បានតែងតាំងឆឡង្គកុមារឲ្យជាសេនាបតីដោយគិតថាគេជាអាចារ្យរបស់ខ្លួន។ ក្នុងកាលជាខាងក្រោយមកទៀតព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈមួយអន្លើដោយឆឡង្គកុមារសេនាបតី​នោះ។លោកសេនាបតីគាត់អ្នកបម្រើម្នាក់ឈ្មោះធនន្តេវាសី។ឆឡង្គកុមារសេនាបតីនោះបានប្រើនាយធនន្តេវាសីនោះឲ្យនាំយកនូវរបស់របរមានសំពត់និងគ្រឿងអលង្ការជាដើមទៅឲ្យព្រះនាងកុរុង្គទេវី។នាងកុរុង្គទេវីនោះក៏បានធ្វើនូវអំពើបាបសូម្បីមួយអន្លើដោយនាយធនន្តេវាសីនោះទៀត។ កុណាលសកុណៈពោលថាទិដ្ឋាមយា,សម្មបុណ្ណមុខ,កុរុង្គទេវីនាមលោមសុទ្ទរីឯឡិកកុមារំកាមយមានាឆឡង្គកុមារធនន្តេវាសិនាបាបមកាសិនែបុណ្ណមុខៈសម្លាញ់ព្រះអគ្គមហេសីមានព្រះលោមាល្អព្រះនាមកុរុង្គទេវីកាលប្រាថ្នាឯឡិកកុមារហើយបានធ្វើនូវអំពើដ៏លាមកជាមួយនឹងឆឡង្គកុមារសេនាបតីនិងបុរសអ្នកនៅដោយទ្រព្យរបស់ឆឡង្គកុមារនោះទៀតខ្ញុំក៏បានឃើញហើយ។ បណ្ដាបទទាំងនោះបទថាលោមសុទ្ទរី(ព្រះអគ្គមហេសីមានព្រះលោមាល្អ)បានដល់រោមរបស់ព្រះរាជិនីដែលកើតត្រង់ទ្រូង។បទថាឆឡង្គកុមារធនន្តេវាសិនាសេចក្ដីថាសូម្បីប្រាថ្នានូវឯឡិកកុមារហើយព្រះនាងក៏ធ្វើនូវអំពើបាបមួយអន្លើដោយឆឡង្គកុមារសេនាបតីនោះផងនិងអ្នកបម្រើឈ្មោះ​ធនន្តេវាសីនោះផង។ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះជាអ្នកទ្រុស្តសីលមានធម៌ដ៏លាមកព្រោះហេតុនោះយើងទើបមិនពោលសរសើរស្ត្រីទាំងនោះព្រះមហាសត្វបាននាំអតីតនិទាននេះមកសម្ដែងហើយ។ សោហិតទាឆឡង្គកុមារោអហោសិ,តស្មាអត្តនាទិដ្ឋការណំអាហរិ។ពិតមែនហើយក្នុងកាលនោះព្រះមហាសត្វនោះគឺឆឡង្គកុមារព្រោះហេតុនោះព្រះអង្គទើបនាំនូវហេតុដែលទ្រង់ឃើញដោយខ្លួនឯង។ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកអសីតិនិបាតកុណាលជាតកបិដកលេខ៦១ទំព័រ១៦៤)ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៤ (អាន: ៧,៩៩០ ដង)
    អតីតេក្នុងអតីតកាលព្រះរាជាព្រះនាមពកៈទ្រង់សោយរាជ្យប្រកបដោយធម៌ក្នុងក្រុងពារាណសី។ក្នុងសម័យនោះមានធីតាឈ្មោះបញ្ចបាបីរបស់មនុស្សក្រីក្រម្នាក់រស់នៅទិសខាងកើតទ្វារក្រុងពារា​ណ​សី។កិរបានឮមកថាសូម្បីក្នុងជាតិមុននាងបញ្ចបាបីនោះក៏កើតជាទលិទ្ទធីតា(ធីតារបស់អ្នក​ក្រម្នាក់)នាងជាន់នូវដីស្អិតដើម្បីបូកលាបនូវជញ្ជាំងផ្ទះ។លំដាប់នោះព្រះបច្ចេកពុទ្ធមួយអង្គគិតដើម្បី​ប្រយោជន៍ដល់ការធ្វើនូវគ្រឿងបរិភណ្ឌដល់ញកភ្នំរបស់ខ្លួនថាយើងនឹងបាននូវដីស្អិតក្នុងទីណាទើបគិតថាអាចបានក្នុងក្រុងពារាណសីដូច្នេះហើយឃ្លុំនូវចីវរជាអ្នកមានដៃកាន់នូវបាត្រចូលទៅកាន់នគរហើយឈរនៅក្នុងទីមិនឆ្ងាយអំពីនាងនោះ។ នាងទលិទ្ទធីតានោះក្រោធហើយកាលសម្លឹងមើលដោយចិត្តប្រទូស្តទើបពោលថាគ្រាន់តែដីស្អិតក៏សូមដែរ។ព្រះបច្ចេកពុទ្ធបានជាអ្នកនៅស្ងៀមមិនកម្រើកញាប់ញ័រ។លំដាប់នោះនាងទលិទ្ទធីតានោះឃើញនូវភាពនៃព្រះបច្ចេកពុទ្ធដែលមិនកម្រើកញាប់ញ័រក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាឡើងហើយពោល​ថាបពិត្រសមណៈលោកម្ចាស់មិនបាននូវដីស្អិតឬដូច្នេះហើយនាងបាននាំយកនូវដីស្អិតមួយដុំធំមកដាក់ក្នុងបាត្រ។ព្រះបច្ចេកពុទ្ធបានធ្វើនូវការប្រោសព្រំលាបបូកញកភ្នំដោយដីស្អិតនោះ។ មិនយូរប៉ុន្មាននាងទលិទ្ទធីតានោះបានចុតិចាកអត្តភាពនោះហើយកាន់យកនូវបដិសន្ធិក្នុងផ្ទៃនៃស្ត្រីទុគ៌តក្នុងស្រុកមួយដែលនៅខាងក្រៅទ្វារព្រះនគរ។ដោយកាលកន្លងទៅ១០ខែនាងក៏ប្រសូត្រចាក​ផ្ទៃ​នៃមាតា។ដោយផលនៃការថ្វាយដុំដីស្អិតសរីរៈរបស់នាងក៏ដល់ព្រមដោយសម្ផស្ស(ដ៏អស្ចារ្យ​)​តែព្រោះសេចក្ដីក្រោធមើលងាយព្រះបច្ចេកពុទ្ធនាងជាអ្នកមានរូបវិកលអាក្រក់(៥កន្លែងគឺ)ដៃជើងមុខភ្នែកនិងច្រមុះ។ដោយហេតុនោះមនុស្សទាំងឡាយទើបស្គាល់នាងក្នុងឈ្មោះថាថាបញ្ចបាបី(ស្ត្រីមានរូបអាក្រក់៥)។ ក្នុងថ្ងៃមួយព្រះបាទពារាណសីកាលនឹងឃ្លាំមើលព្រះនគរដោយភេទដែលអ្នកដទៃមិនស្គាល់(ក្លែងខ្លួនជាមនុស្សសាមញ្ញដោយស្លៀកពាក់ស៊ីវិល)ទ្រង់បានយាងទៅកាន់ប្រទេសនោះក្នុងវេលារាត្រី។សូម្បីនាងបញ្ចបាបីនោះកាលលេងជាមួយនឹងក្មេងស្រីទាំងឡាយក្នុងស្រុកបានចាប់កាន់ដៃរបស់ព្រះរាជាព្រោះតែមិនស្គាល់។ព្រះរាជានោះមិនអាចនឹងឋិតនៅដោយសភាពរបស់ខ្លួនបានឡើយដោយសម្ផស្សដៃរបស់នាងបញ្ចបាបីនោះហាក់បីដូចជាអ្នកបានពាល់ត្រូវដោយសម្ផស្សជាទិព្វ។ ព្រះរាជានោះបានជាអ្នកមានតម្រេកត្រេកអរនឹងសម្ផស្សទ្រង់ក៏ចាប់នូវនាងបញ្ចបាបីសូម្បីមានរូបអាក្រក់យ៉ាងនោះត្រង់ដៃហើយសួរនាងថានាងជាធីតារបស់អ្នកណា?នាងបញ្ចបាបីពោលថាខ្ញុំជាធីតារបស់អ្នកនៅត្រង់ទ្វារនគរនេះឯងព្រះរាជាសួរនូវនាងដល់ភាពជាអ្នកមិនមានម្ចាស់(សួរថាមានប្ដីនៅ)ដូច្នេះហើយទើត្រាស់ថាយើងនឹងជាស្វាមីរបស់នាងនាងចូរទៅសូមអនុញ្ញាតមាតាបិតាចុះ។ នាងបញ្ចបាបីនោះបានចូលទៅរកមាតាបិតាហើយពោលថាបពិត្រលោកឪពុកអ្នកម្ដាយមានបុរសម្នាក់ចង់បានខ្ញុំ។មាតាបិតារបស់នាងគិតថាបុរសនោះប្រហែលជាមនុស្សទុគ៌តហើយទើបពោលថាបើគេចង់បានមនុស្សដូចកូនយ៉ាងនេះល្អហើយ។នាងបញ្ចបាបីទើបត្រឡប់មកវិញហើយប្រាប់នូវភាពនៃខ្លួនដែលមាតាបិតាអនុញ្ញាត(ដល់ព្រះរាជា)។ព្រះរាជានោះក៏បាននៅជាមួយនាងបញ្ចបាបីនោះក្នុងផ្ទះនោះឯងហើយទ្រង់ក៏ត្រឡប់ចូលរាជនិវេសន៍អំពីព្រលឹម។ចាប់តាំងអំពីពេលនោះមកព្រះរាជាតែងយាងទៅជានិច្ចដោយភេទដែលមិនមានគេស្គាល់ទ្រង់លែងប្រាថ្នាសូម្បីតែការមើលនូវស្ត្រីដទៃ។ ក្នុងថ្ងៃមួយបិតារបស់នាងបញ្ចបាបីបានកើតនូវរោគលោហិតបក្ខន្ទិកាពាធ(ជំងឺធ្លាក់ឈាម)។ថ្នាំដែលនឹងព្យាបាលរោគនោះគឺបាយបាយាសលាយជាមួយទឹកដោះស្រស់ទឹកដោះថ្លាទឹកឃ្មុំនិងស្ករក្រួសតែថ្នាំនោះមិនអាចនឹងកើតឡើងដល់ពួកគេដែលមនុស្សក្រីក្រឡើយ។លំដាប់នោះមាតានាងបញ្ចបាបីពោលនឹងធីតាថានែកូនស្វាមីរបស់កូនអាននឹងញ៉ាំងបាយបាយាសឲ្យកើតឡើងឬ?នាងបញ្ចបាបីពោលថាបពិត្រអ្នកម៉ែស្វាមីរបស់ខ្ញុំគប្បីជាមនុស្សក្រជាងពួកយើងទៀតតែមិនអីទេចាំខ្ញុំសួរគាត់សិនម៉ែកុំគិតច្រើនអី។ក្នុងវេលាដែលព្រះរាជាយាងមកនាងបញ្ចបាបីបានជាអ្នកមានចិត្តទោមនស្សហើយអង្គុយ។ គ្រានោះព្រះរាជាយាងមករកនាងហើយសួរថាហេតុអ្វីបាននាងទោមនស្ស?នាងក៏ប្រាប់សេចក្ដីនោះ។ព្រះរាជាបានស្ដាប់ពាក្យនោះហើយក៏ត្រាស់ថាហៃអូនសម្លាញ់ថ្នាំដែលមានរសវិសេសយ៉ាងនេះបងនឹងបានមកអំពីណាគ្រាត្រាស់យ៉ាងនេះហើយទ្រង់គិតថាយើងមិនអាចនឹងទៅមកយ៉ាងនេះរហូតឡើយប្រាកដជានឹងជួបអន្តរាយតាមផ្លូវហើយបើយើងនឹងនាំនាងមកកាន់រាជនិវេសន៍ខាងក្នុងអ្នកដែលមិនដឹងនូវការដល់ព្រមដោយសម្ផស្សរបស់នាងពួកគេនឹងធ្វើនូវការសើចចំអកឲ្យយើងថាព្រះរាជារបស់យើងកាន់យកយក្ខិនីនាំមកចឹងយើងនឹងធ្វើឲ្យអ្នកនគរទាំងអស់បានដឹងនូវសម្ផស្សរបស់នាងជាមុនសិនដូច្នេះយើងនឹងរួចផុតពីការតិះដៀល។ លំដាប់នោះព្រះរាជាត្រាស់នឹងនាងថាហៃអូនសម្លាញ់សូមកុំគិតឡើយចាំបងនឹងនាំយកបាយាសដើម្បីឪពុករបស់អូនដូច្នេះហើយក៏ទ្រង់អភិរម្យត្រេកអរសប្បាយរីករាយជាមួយនឹងនាងបញ្ចបាបីនោះហើយមកកាន់រាជនិវេសន៍។ក្នុងថ្ងៃស្អែកទ្រង់បញ្ជាឲ្យគេចម្អិនបាយាសដូចនោះហើយទ្រង់ឲ្យនាំស្លឹកឈើមកឲ្យធ្វើនូវកញ្ចប់២ដាក់នូវបាយាសក្នុងកញ្ចប់មួយដាក់នូវចូឡាមណី(ស្នៀតសក់)ក្នុងកញ្ចប់មួយចងជាប់ហើយយាងទៅក្នុងពេលរាត្រី(បានដល់ហើយ)ត្រាស់នឹងនាងបញ្ចបាបីថាហៃអូនសម្លាញ់ពួកយើងជាមនុស្សក្រកិច្ចដោយការញ៉ាំងបាយនេះឲ្យកើតលំបាកណាស់អូនចូរប្រាប់ឪពុកថាថ្ងៃនេះពុកចូរពិសាបាយមួយកញ្ចប់នេះចាំស្អែកពិសាមួយកញ្ចប់នេះ។ នាងបញ្ចបាបីក៏បានធ្វើតាមយ៉ាងនោះ។ល្មមតែឪពុកនាងបញ្ចបាបីបរិភោគបាយបាយាសតែបន្តិចប៉ុណ្ណោះគាត់ក៏ឆ្អែតស្កប់ស្កល់ព្រោះភាវៈនៃបាយនោះដែលដល់ព្រមដោយឱជារស។នាងបញ្ចបាបីក៏ឲ្យនូវចំណែកសល់ដល់ម្ដាយហើយទើបបរិភោគខ្លួនឯង។សូម្បីទាំងបីនាក់ក៏បានឆ្អែតស្កប់ស្កល់។ចំណែកកញ្ចប់ចូឡាមណីពួកគេយកទុកដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក។ ព្រះរាជាមកកាន់និវេសន៍ទ្រង់ជម្រះនូវមុខហើយត្រាស់ថាអ្នកទាំងឡាយចូរនាំមកនូវចូឡាមណីដល់យើង។ពួកអ្នកបម្រើទូលថាបពិត្រព្រះសម្មតិទេពពួកខ្ញុំព្រះអង្គមិនឃើញទេ។ព្រះរាជាត្រាស់អ្នកទាំងឡាយចូរឆែកមើលអស់ទូទាំងនគរទាំងមូល។ពួកគេសូម្បីឆែករកមើលហើយក៏មិនបានឃើញឡើយ។ព្រះរាជាបញ្ជាថាអ្នកទាំងឡាយឆែកមើលឲ្យអស់សូម្បីត្រឹមតែកញ្ចប់បាយធ្វើពីស្លឹកឈើក្នុងផ្ទះរបស់មនុស្សក្រីក្រខាងក្រៅនគរ។កាលពួករាជបុរសឆែកមើលក៏បានឃើញនូវចូឡាមណីក្នុងឆ្នាំងនោះហើយចងនូវមាតាបិតារបស់នាងបញ្ចបាបីដោយចោទថាជាចោរហើយនាំទៅ។លំដាប់នោះបិតារបស់នាងបញ្ចបាបីពោលថាបពិត្រលោកជាម្ចាស់ពួកខ្ញុំមិនមែនជាចោរទេចូឡាមណីនេះអ្នកដទៃនាំមក។រាជបុរសសួរថាអ្នកណានាំមក?គាត់ប្រាប់ថាជាមាតរៈ(កូនប្រសាប្រុស)របស់ខ្ញុំ។រាជបុរសសួរថាចុះគេនោះនៅឯណា?គាត់ប្រាប់ថាទាល់កូនស្រីរបស់ខ្ញុំទើបដឹង។ លំដាប់នោះឪពុកនាងបញ្ចបាបីពោលនឹងកូនស្រីថាម្នាលកូននាងស្គាល់ស្វាមីរបស់នាងទេ។នាងបញ្ចបាបីពោលថាខ្ញុំមិនស្គាល់ទេ។ឪពុកនាងពោលថាបើយ៉ាងនោះជីវិតរបស់ឪពុកមិនមានទេ។នាងបញ្ចបាបីពោលថាបពិត្រលោកឪពុកគាត់មកក្នុងពេលងងឹតហើយត្រឡប់ទៅវិញក្នុងពេលងងឹតខ្ញុំមិនដែលបានឃើញរូបគាត់ច្បាស់ទេតែខ្ញុំអាចស្គាល់ចំណាំគាត់បានដោយសម្ផស្សដៃ។ឪពុកនាងបញ្ចបាបីនោះក៏ប្រាប់ដល់រាជបុរស។សូម្បីពួករាជបុរសក៏ទូលព្រះរាជា។ព្រះរាជាធ្វើហាក់បីដូចជាមិនដឹងត្រាស់ថាបើយ៉ាងនោះអ្នកទាំងឡាយចូរដាក់ស្ត្រីនោះក្នុងវាំងននក្នុងព្រះលានហ្លួងហើយធ្វើនូវវាំងននឲ្យមានប្រហោងប្រមាណប៉ុនដៃហើយឲ្យអ្នកនគរមកប្រជុំគ្នារួចអ្នកទាំងឡាយចូរចាប់នូវចោរដោយសម្ផស្សនៃដៃ។ ពួករាជបុរសក៏ធ្វើយ៉ាងនោះឲ្យមនុស្សទាំងឡាយទៅកាន់សម្នាក់នាងបញ្ចបាបីនោះបានឃើញរូបនាងហើយជាអ្នកមានសេចក្ដីក្ដៅក្រហាយចិត្តខ្ពើមរអើមថាធី,ធីបិសាចិថ្វើយថ្វើយមីបិសាចដូច្នេះហើយមិនហ៊ានដើម្បីនឹងពាល់ឡើយ។ពួករាជបុរសនាំនាងបញ្ចបាបីមកដាក់ក្នុងវាំងននក្នុងព្រះលានហ្លួងហើយក៏ឲ្យអ្នកនគរទាំងអស់មកប្រជុំគ្នា។នាងបញ្ចបាបីនោះបានចាប់ដៃរបស់បុរសដែលលូកមកហើយតាមប្រហោងនៃអ្នកដែលមកហើយមកហើយរួចពោលថាមិនមែនស្វាមីខ្ញុំទេ។ បុរសទាំងឡាយបានដឹងសម្ផស្សរបស់នាងបញ្ចបាបីនោះហាក់បីដូចជាសម្ផស្សជាទិព្វមិនអាចដើម្បីនឹងគេចទៅម្នាក់ៗគិតថាបើស្ត្រីនេះគួរដល់អាជ្ញាហើយយើងសូម្បីត្រូវអាជ្ជានិងចូលដល់ភាពជាអ្នកធ្វើនូវទាសកម្មយើងនឹងធ្វើនូវនាងនោះឲ្យនៅក្នុងផ្ទះ។លំដាប់នោះរាជបុរសទាំងឡាយវាយដោយដំបងឲ្យហើយដេញឲ្យរត់ទៅ។ធ្វើហើយយ៉ាងនេះតាំងតែឧបរាជជាដើមបុរសទាំងអស់ហាក់ដូចជាមនុស្សឆ្កួត។ លំដាប់នោះព្រះរាជាត្រាស់ថានឹងគប្បីជាយើងឬហើយទ្រង់ក៏លូកព្រះហស្តទៅ។នាងបញ្ចបាបីចាប់នូវព្រះហស្តនោះហើយធ្វើនូវសំឡេងដ៏ខ្លាំងថាចោរគឺខ្ញុំចាប់បានហើយ។ព្រះរាជាត្រាស់មនុស្សទាំងនោះថាកាលនាងចាប់ដៃអ្នកទាំងឡាយអ្នកទាំងឡាយគិតដូចម្ដេច។បុរសទាំងនោះក៏ទូលតាមសេចក្ដីពិត។ លំដាប់នោះព្រះរាជាត្រាស់ថាកាលដែលយើងឲ្យធ្វើយ៉ាងនេះក៏ដើម្បីនឹងនាំស្ត្រីនេះមកក្នុងវាំងរបស់យើងកាលនៅគិតថាបើអ្នកទាំងឡាយមិនដឹងនូវសម្ផស្សរបស់នាងទេនឹងតិះដៀលយើងព្រោះហេតុនោះអ្នកទាំងអស់គ្នាគឺយើងបានឲ្យដឹងហើយចូរនិយាយមកមើលថាស្ត្រីនេះគួរដើម្បីនឹងនៅក្នុងផ្ទះរបស់អ្នកណា?បុរសទាំងនោះពោលថាបពិត្រទេវៈក្នុងព្រះរាជវាំងរបស់ព្រះអង្គ។គ្រានោះព្រះរាជាក៏អភិសេកនូវនាងបញ្ចបាបីនោះហើយធ្វើឲ្យជាព្រះអគ្គមហេសីនិងព្រះរាជទានឥស្សិយយសដល់មាតាបិតារបស់នាងបញ្ចបាបី។ តាំងអំពីពេលនោះមកព្រះរាជាទ្រង់ស្រវឹងងប់ងុលឈ្លក់វង្វេងនឹងនាងបញ្ចបាបីនោះណាស់មិនតាំងនូវការវិនិច្ឆ័យក្ដីមិនមើលនូវស្ត្រីដទៃ។ពួកស្រីស្នំទាំងឡាយទើបស្វែងរកទោសជាចន្លោះរបស់នាងបញ្ចបាបីនោះ។ថ្ងៃមួយនាងបញ្ចបាបីឃើញនូវមិនិត្តក្នុងសុបិននៃភាពជាអគ្គមហេសីនៃព្រះរាជាពីរអង្គបានប្រាប់ដល់ព្រះរាជា។ព្រះរាជាប្រកាសឲ្យហៅអ្នកទាយសុបិនមកហើយសួរថាសុបិនឃើញយ៉ាងនេះនឹងកើតរឿងអ្វី?ហោរានោះបានកាន់សំណូកអំពីសម្នាក់របស់ស្ត្រីទាំងឡាយនោះក៏ពោល​ថាបពិត្រមហារាជការដែលព្រះទេវីសុបិនឃើញថាបានអង្គុយលើកដំរីសទាំងអស់នេះជាបុព្វនិមិត្តនៃមរណៈរបស់ព្រះអង្គ,ដែលព្រះនាងសុបិនថាបានស្ទាបព្រះចន្ទ្រដោយការទៅដោយកដំរីនេះជាបុព្វនិមិត្តនៃការនាំមកនូវព្រះរាជាជាសត្រូវរបស់ព្រះអង្គ។ ព្រះរាជាត្រាស់ថាឥឡូវនេះនឹងគប្បីធ្វើដូចម្ដេចគេទូលថាបពិត្រទេវៈមិនអាចនឹងសម្លាញ់ព្រះនាងនេះឡើយគួរដាក់ព្រះនាងលើនាវាហើយបណ្ដែតតាមទន្លេចុះ។ព្រះរាជាឲ្យគេដាក់នាងបញ្ចបាបីនោះមួយអន្លើដោយអាហារនិងគ្រឿងអលង្ការលើនាវាក្នុងពេលរាត្រីឲ្យគេបោះបង់បណ្ដែតតាមទន្លេ។ នាងបញ្ចបាបីនោះកាលអណ្ដែតតាមទន្លេក៏បានដល់ខាងមុខនៃព្រះរាជាពាវរិកៈដែលទ្រង់កំពុងលេងទឹកនៅខាងក្រោមនៃខ្សែទឹករបស់នាវានោះ។សេនាបតីរបស់ព្រះបាទពាវរិកៈនោះឃើញហើយពោលថានាវានេះជារបស់ខ្ញុំ។ព្រះរាជាពាវរិកៈត្រាស់ថាភណ្ឌៈរបស់នាវាជារបស់យើងព្រះរាជាបានឃើញនូវនាងបញ្ចបាបីដោយនាវាដែលមកដល់ហើយក៏សួរថានាងមានឈ្មោះអ្វីមានរូបដូចជាបិសាច?នាងបញ្ចបាបីធ្វើនូវការញញឹមបានពោលប្រាប់នូវភាពជាអគ្គមហេសីរបស់ព្រះរាជាពកៈហើយប្រាប់សេចក្ដីទាំងអស់ដល់ព្រះរាជានោះ។នាងបញ្ចបាបីនោះមានឈ្មោះប្រាកដទូទាំងជម្ពូទ្វីបទាំងអស់ថាបញ្ចបាបី។ លំដាប់នោះព្រះរាជាក៏ចាប់នូវនាងត្រង់ដៃហើយលើកឡើងព្រមគ្នានឹងការចាប់នោះឯងព្រះរាជាមានសេចក្ដីត្រេកអរដោយសម្ផស្សមិនធ្វើនូវឥត្ថិសញ្ញាក្នុងស្ត្រីដទៃតែងតាំងនាងបញ្ចបាបីនោះជាអគ្គមហេសី។នាងបញ្ចបាបីនោះបានជាអ្នកស្មើដោយជីវិតរបស់ព្រះរាជាពាវរិកៈនោះ។ព្រះបាទពកៈទ្រង់ស្ដាប់ការប្រព្រឹត្តទៅនោះហើយគិតថាយើងនឹងមិនឲ្យអគ្គមហេសីរបស់ព្រះរាជានោះឡើយដូច្នេះហើយទើបរួបរួមសេនាធ្វើនូវនិវេសន៍ត្រង់កំពង់ម្ខាងនៃនគរព្រះបាទពាវរិកៈនោះឲ្យបញ្ជូលសារទៅថាព្រះបាទពាវរិកៈចូរឲ្យភរិយាដល់យើងឬច្បាំងគ្នា។ព្រះបាទពាវរិកៈតបថាយើងមិនឲ្យភរិយាឡើយនឹងច្បាំងគ្នាហើយរៀបចាំការច្បាំង។ អាមាត្យទាំងឡាយរបស់ព្រះរាជាទាំងពីរប្រឹក្សាគ្នាថាមរណកិច្ចមិនមានដោយអាស្រ័យមាតុគ្រាមឡើយនាងបញ្ចបាបីនេះគួរដល់ព្រះរាជាពកៈព្រោះទ្រង់ជាស្វាមីដំបូងតែក៏គួរដល់ព្រះរាជាពាវរិកៈព្រោះទ្រង់បាននាវាព្រោះហេតុនោះនាងបញ្ចបាបីនេះគួរនៅក្នុងសម្នាក់របស់ព្រះរាជាមួយអង្គៗ៧ថ្ងៃៗចុះដូច្នេះហើយទើបក្រាបទូលដល់ព្រះរាជាទាំងពីរឲ្យទ្រង់យល់ព្រម។ ព្រះរាជាទាំងពីរអង្គនោះពេញព្រះទ័យ(យល់ស្របតាម)ទ្រង់ឲ្យគេកសាងនគរត្រង់កំពង់ម្ខាងនិងកំពង់ម្ខាងហើយស្ដេចគង់នៅ។នាងបញ្ចបាបីក៏បានជាអគ្គមហេសីនៃព្រះរាជាទាំងពីរអង្គនោះ។សូម្បីព្រះរាជាទាំងពីរអង្គនោះទ្រង់បានជាអ្នកឈ្លក់វង្វេងនឹងនាងបញ្ចបាបី។ចំណែកនាងបញ្ចបាបីនោះបាននៅអស់៧ថ្ងៃក្នុងរាជដំណាក់របស់ព្រះរាជាមួយហើយកាលទៅកាន់រាជដំណាក់របស់ព្រះរាជាមួយអង្គទៀតដោយនាវាក៏បានធ្វើនូវអំពើបាប(ស្រឡាញ់គ្នា)ក្នុងទីពាក់កណ្ដាលទន្លេជាមួយនឹងអ្នកបុរសគមចាស់ដែលជាអ្នកអ៊ំទូកម្នាក់ទៀតក្នុងពេលដែលគេចៀវទូកនាំនាងទៅ។ តទាកុណាលោសកុណរាជាពកោអហោសិក្នុងពេលនោះកុណាលសកុណៈគឺជាព្រះបាទពកៈព្រោះហេតុនោះបាននាំយកនូវរឿងដែលខ្លួនបានឃើញមកកាលនឹងសម្ដែងទើបពោលគាថា​ថាពកស្សចពាវរិកស្សចរញ្ញោ,អច្ចន្តកាមានុគតស្សភរិយា;អវាចរីដ្ឋវសានុគស្ស,កំវាបិឥត្ថីនាតិចរេតទញ្ញំ។ភរិយារបស់ព្រះបាទពកៈនិងព្រះបាទពាវរិតៈជាព្រះរាជាល្មោភ​កាម​ដ៏ក្រៃលែងបានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នាស្រីមិនប្រព្រឹត្តកន្លងស្វាមីនិងបុរសដទៃនោះឯណាកើត។ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកអសីតិនិបាតកុណាលជាតកបិដកលេខ៦១ទំព័រ១៧២-១៧៣)ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៤ (អាន: ៥,៦៣១ ដង)
    ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតវ័នទ្រង់ប្រារព្ធកុដុម្ពិកៈដែលមានបិតាស្លាប់មួយរូបបានត្រាស់ធម្មទេសនានេះមានពាក្យផ្ដើមថាឯថលក្ខណសីតាចដូចនេះ។ សេចក្ដីពិស្ដារថាកុដុម្ពិកៈនោះកាលបិតាធ្វើកាលកិរិយាហើយត្រូវសេចក្ដីសោក​គ្របសង្កត់ទើបបោះ​បង់​កិច្ចទាំងពួងបណ្ដោយទៅតាមសេចក្ដីសោកសៅ។ព្រះសាស្ដាទ្រង់ប្រមើលមើលសត្វលោកក្នុងបច្ចូសសម័យ(ក្នុងវេលាជិតភ្លឺ)ទតឃើញឧបនិស្ស័យសោតាបត្តិផលរបស់កុដុម្ពិកៈនោះព្រឹកឡើងទើប​ស្ដេចត្រាច់ទៅដើម្បីបិណ្ឌបាត្រក្នុងក្រុងសាវត្ថីសោយក្រយាហារស្រេចហើយទ្រង់បញ្ជូនភិក្ខុទាំង​ឡាយឲ្យត្រឡប់ទ្រង់កាន់យកសមណបច្ឆាមួយរូបទៅកាន់ផ្ទះរបស់កុដុម្ពិកៈនោះកាលព្រះសា​ស្ដា​ត្រាស់ហៅកុដុម្ពិកៈដែលថ្វាយបង្គំហើយអង្គុយចុះដោយពាក្យដ៏ពីរោះទើបត្រាស់ថាកិំសោចសិឧបាសកម្នាលឧបាសកអ្នកសោយសោកព្រោះអ្វី?កាលកុដុម្ពិកៈទូលថាអាម,ភន្តេ,បិតុសោកោមំពាធតិករុណាព្រះអង្គដ៏ចម្រើន!សេចក្ដីសោកព្រោះបិតាកំពុងបៀតបៀនខ្ញុំព្រះករុណាព្រះសាស្ដាត្រាស់ថាម្នាលឧបាសកបណ្ឌិតក្នុងកាលមុនបានដឹងលោកធម៌៨ប្រការតាមសេចក្ដីពិតកាលបិតាធ្វើកាលកិរិយាហើយក៏មិនបានប្រសព្វសេចក្ដីសោកសូម្បីបន្តិចបន្តួចឡើយកុដុម្ពិកៈក៏ក្រាបទូលអារាធនាទើបទ្រង់នាំអតីតនិទានមកត្រាស់ថាៈ អតីតេពារាណសិយំទសរថមហារាជានាមក្នុងអតីតកាលព្រះរាជាព្រះនាមទសរថមហារាជទ្រង់លះបង់នូវអគតិសោយរាជ្យសម្បត្តិប្រកបដោយធម៌ក្នុងក្រុងពារាណសី។ព្រះអគ្គហមេសីដែលជាធំជាងស្ត្រី១៦,០០០របស់ព្រះបាទទសរថមហារាជនោះប្រសូតព្រះឱរស២ព្រះអង្គព្រះធីតា១ព្រះ​អង្គ​។ព្រះឱរសច្បងព្រះនាមថារាមបណ្ឌិតព្រះឱរសទីពីរព្រះនាមថាលក្ខណកុមារព្រះធីតាព្រះនាម​ថាសីតាទេវី១។ក្នុងកាលជាចំណែកខាងមុខព្រះអគ្គមហេសីទ្រង់សោយព្រះពិលាល័យ(ព្រះអគ្គ​មហេសីអស់ព្រះជន្ម)។ព្រះរាជាទ្រង់ដល់អំណាចនៃសេចក្ដីសោកអស់កាលដ៏យូរព្រោះការ​សោយ​​ព្រះ​ពិលាល័យនៃព្រះអគ្គមហេសីនោះពួកអាមាត្យបាននាំគ្នាក្រាបទូលឲ្យទ្រង់ស្រាកស្រាន្តទ្រង់ធ្វើការបរិហារដែលគប្បីធ្វើដល់ព្រះនាងហើយទ្រង់តាំងស្ត្រីដទៃទុកក្នុងតំណែងជាអគ្គមហេសី។ ព្រះអគ្គមហេសីថ្មីនោះជាស្រឡាញ់ជាទីគាប់ព្រះហឫទ័យនៃព្រះរាជា។ក្នុងកាលជាខាងក្រោយមកសូម្បីព្រះអគ្គមហេសីនោះក៏ទ្រង់គភ៌ទ្រង់បានទទួលព្រះរាជទានគ្រឿងរក្សាគភ៌បានប្រសូតនូវព្រះឱ​រស​ព្រះញាតិវង្សបានដាក់ព្រះនាមរបស់ព្រះឱរសនោះថាភរតកុមារ។ព្រះរាជាត្រាស់ថាម្នាលនាងដ៏ចម្រើនយើងសូមឲ្យពរដល់នាងនាងចូរទទួលពរចុះដោយទ្រង់ស្រឡាញ់ក្នុងព្រះឱរស។ព្រះនាងធ្វើការ​ទទួលហើយក្នុងពេលដែលព្រះកុមារមានព្រះជន្មាយុបាន៧-៨វស្សាទើបចូលទៅគាល់ព្រះរាជាក្រាបទូលថាបពិត្រព្រះសម្មតិទេពព្រះអង្គបានព្រះរាជទានពរដល់បុត្ររបស់ខ្ញុំម្ចាស់ឥឡូវនេះសូមទ្រង់ព្រះករុណាមេត្តាព្រះរាជទានពរនោះដល់បុត្ររបស់ខ្ញុំម្ចាស់នោះ។ កាលព្រះរាជាត្រាស់ថាម្នាលនាងដ៏ចម្រើនចូរទទួលចុះព្រះនាងទើបក្រាបទូលថាបពិត្រព្រះសម្មតិ-ទេពសូមទ្រង់ព្រះរាជទានរាជសម្បត្តិដល់បុត្ររបស់ខ្ញុំម្ចាស់។ព្រះរាជាទ្រង់ទះព្រះហស្តត្រាស់គម្រាមថានែស្រីថោកទាបនាងចូរវិនាសទៅបុត្រទាំងឡាយ២របស់យើងរមែងរុងរឿងបីដូចជាគំនរភ្លើងនាងនឹងឲ្យយើងសម្លាប់បុត្រទាំង២ហើយសូមរាជសម្បត្តិឲ្យបុត្ររបស់នាង។ព្រះអគ្គមហេសីនោះភិតភ័យហើយចូលកាន់ដំណាក់ដ៏មានសិរីសូម្បីក្នុងថ្ងៃដទៃៗក៏គង់ទូលសុំរាជសម្បត្តិប៉ុណ្ណោះនឹងព្រះរាជារឿយៗ។ ព្រះរាជាគ្រាមិនប្រទានដល់ព្រះនាងទើបទ្រង់ត្រិះរិះថាឈ្មោះថាមាតុគ្រាមជាមនុស្សអកតញ្ញូទ្រុស្តមិត្តនាងនេះនឹងក្លែងសារឬជួលឲ្យគេសម្លាប់បុត្រទាំង២របស់យើង។ព្រះអង្គទើបត្រាស់ឲ្យហៅព្រះឱរសទាំង២ចូលគាល់ទ្រង់ប្រាប់សេចក្ដីនោះមានព្រះតម្រាស់ថាម្នាលបុត្រអន្តរាយគង់នឹងមានដល់អ្នកដែលនៅក្នុងទីនេះអ្នកចូរនាំគ្នាទៅកាន់ដែននៃសាមន្តរដ្ឋឬកាន់ព្រៃនិងត្រឡប់មកវិញក្នុងពេលដែលបិតាចូលទិវង្គតគប្បីកាន់យករាជសម្បត្តិរបស់ត្រកូលចុះដូចនេះហើយត្រាស់បញ្ជាឲ្យពួកព្រាហ្មណ៍ចូលគាល់ម្ដងទៀតត្រាស់សួរនូវការកំណត់ព្រះជន្មាយុរបស់ព្រះអង្គទ្រង់ស្ដាប់ថានឹងប្រព្រឹត្តទៅដល់១២ឆ្នាំខាងមុខទើបត្រាស់ថាម្នាលបុត្រដោយកន្លងទៅ១២ឆ្នាំអំពីនេះទៅពួកអ្នកចូរនាំគ្នាមកឲ្យមហាជនលើកស្វេតច្ឆត្រថ្វាយ។ ព្រះឱរសទាំងនោះក្រាបទូលថាល្អហើយនាំគ្នាថ្វាយបង្គំព្រះបិតាទ្រង់ព្រះកន្សែងហើយស្ដេចចេញចាកប្រាសាទព្រះនាងសីតាទេវីទ្រង់ព្រះតម្រិះថាសូម្បីយើងក៏នឹងទៅជាមួយព្រះម្ចាស់បងថ្វាយបង្គំព្រះបិតាហើយទ្រង់ព្រះកន្សែងស្ដេចចេញទៅ។ក្សត្រទាំង៣ព្រះអង្គនោះឡោមព័ទ្ធដោយមហាជនចេញចាកព្រះនគរទ្រង់ឲ្យមហាជននាំគ្នាត្រឡប់ស្ដេចចូលកាន់ហិមវន្តប្រទេសដោយលំដាប់សាងអាស្រមក្នុងប្រទេសដែលមានទឹកនិងមូលផលាផលសម្បូរណ៍ទ្រង់ចិញ្ចឹមជីវិតដោយផលាផលបានអាស្រ័យនៅហើយក្នុងទីនោះ។ចំណែកព្រះលក្ខណបណ្ឌិតនិងព្រះនាងសីតាបានទូលសុំព្រះរាម​បណ្ឌិត​ហើយទទួលប្ដេជ្ញាថាសូមព្រះអង្គតាំងនៅក្នុងឋានៈនៃព្រះបិតារបស់យើងខ្ញុំព្រះអង្គហេតុនោះសូមទ្រង់ប្រថាប់នៅក្នុងអាស្រមប៉ុណ្ណោះយើងខ្ញុំនឹងនាំផលាផលទំនុកបម្រុងព្រះអង្គ។ចាប់ផ្ដើមអំពីនោះមកព្រះរាមបណ្ឌិតគង់នៅជាប្រចាំក្នុងអាស្រមប៉ុណ្ណោះ។ ព្រះលក្ខណបណ្ឌិតនិងព្រះសីតាទាំង២នាំគ្នាស្វែងរកផលាផលមកទំនុកបម្រុងព្រះរាមបណ្ឌិត។កាល​ក្សត្រទាំង៣ព្រះអង្គនោះទ្រង់ចិញ្ចឹមជីវិតដោយផលាផលយ៉ាងនេះព្រះបាទទសរថមហារាជស្ដេចបានសោយទិវង្គតក្នុងឆ្នាំទី៩ដោយសេចក្ដីសោកសៅព្រោះ(ព្រាត់ប្រាស)ព្រះឱរស។ព្រះទេវីក៏ធ្វើសរីរកិច្ច(ថ្វាយព្រះភ្លើង)នៃព្រះរាជានោះហើយទ្រង់ត្រាស់ថាសូមពួកលោកចូរថ្វាយស្វេត​ច្ឆត្រដល់​ភរតកុមារដែលជាបុត្រយើង។តែពួកអាមាត្យទូលថាម្ចាស់របស់ស្វេតច្ឆត្រនេះនៅក្នុងព្រៃដូចនេះហើយទើបមិនព្រមថ្វាយ។ ព្រះភរតកុមារត្រាស់ថាយើងនឹងនាំយកព្រះរាមបណ្ឌិតដែលជាព្រះភាតារបស់យើងមកអំពីព្រៃនឹងឲ្យទ្រង់លើកឡើងនូវស្វេតច្ឆត្រទ្រង់កាន់នូវបញ្ចរាជកកុធភណ្ឌ៥យ៉ាង១ព្រមដោយសេនា៤ពួកចូលដល់ទីប្រថាប់របស់ព្រះរាមបណ្ឌិតនោះឲ្យតាំងបន្ទាយក្នុងទីមិនឆ្ងាយស្ដេចចូលទៅអាស្រមជាមួយអាមាត្យ២-៣នាក់ក្នុងវេលាដែលព្រះលក្ខណបណ្ឌិតនិងព្រះនាងសីតាស្ដេចទៅព្រៃចូលទៅគាល់ព្រះរាមបណ្ឌិតអ្នកប្រាសចាកសេចក្ដីសង្ស័យប្រថាប់គង់ជាសុខហាក់បីដូចរូបមាសដែលតាំងទុកជិតទ្វារអាស្រមថ្វាយបង្គំហើយឋិតនៅក្នុងទីសមគួរមួយក្រាបទូលនូវការប្រព្រឹត្តទៅរបស់ព្រះរាជាហើយក៏ដួលចុះជិតព្រះបាទ(របស់ព្រះរាម)ទ្រង់ព្រះកន្សែងអន្លើដោយពួកអាមាត្យ។ ព្រះរាមបណ្ឌិតទ្រង់មិនបានសោយសោកមិនបានព្រះកន្សែងឡើយ។សូម្បីអាការៈខុសប្រក្រតីនៃឥន្ទ្រិយក៏មិនបានមានដល់ព្រះអង្គឡើយ។ក្នុងវេលាដែលព្រះភរតៈប្រថាប់គង់ព្រះកន្សែងនោះជាវេលាសាយន្ហសម័យព្រះលក្ខណបណ្ឌិតនិងព្រះនាងសីតាទាំង២ព្រះអង្គទ្រង់នាំគ្នាកាន់ផលាផលស្ដេច​មកដល់។ព្រះរាមបណ្ឌិតទ្រង់ត្រិះរិះថាប្អូនលក្ខណ៍និងនាងសីតានៅក្មេងខ្ចីមិនមានប្រាជ្ញាកំណត់​ពិចារណាដូចយើងបានទទួលដំណឹងថាបិតារបស់របស់ខ្លួនសោយទិវង្គតដោយរហ័សកាលមិនអាចនឹងទប់ទល់សេចក្ដីសោកបានសូម្បីបេះដូងរបស់គេក៏អាចនឹងបែកទៅយើងត្រូវធ្វើឧបាយឲ្យប្អូនលក្ខណ៍និងនាងសីតាចូលទៅកាន់ត្រាំទឹកហើយយើងនឹងប្រាប់ដំណឹងនោះ។ លំដាប់នោះទ្រង់ចង្អុលបង្ហាញឧទកដ្ឋានមួយខាងមុខនៃក្សត្រទាំង២ទើបត្រាស់ថាអ្នកទាំង២ត្រឡប់​មកយូរណាស់នេះជាទណ្ឌកម្មរបស់អ្នកអ្នកចូរចុះទៅត្រាំទឹកហើយឋិតនៅដូចនេះហើយទើប​ត្រាស់កន្លះគាថាថាៈម្នាលលក្ខណៈនិងនាងសីតាអ្នកទាំងឡាយចូរមកអ្នកទាំង២នាក់ចូរចុះទឹក។ពាក្យដែលជាគាថានោះមានអធិប្បាយថាមកនេះប្អូនលក្ខណ៍និងនាងសីតាចូរនាំគ្នាមកចូរចុះ​កាន់ទឹកទាំង២នាក់។ព្រះលក្ខណៈនិងព្រះនាងសីតាទាំង២ព្រះអង្គនោះចូរនាំគ្នាទៅឈរ(ក្នុង​ទឹក)ដោយព្រះតម្រាស់មួយគ្រាប៉ុណ្ណោះ។លំដាប់នោះព្រះរាមបណ្ឌិតកាលនឹងប្រាប់ដំណឹងរបស់ព្រះបិតាដល់ក្សត្រទាំង២ព្រះអង្គនោះទើបត្រាស់កន្លះគាថាដ៏សេសថាភរតកុមារបាននិយាយយ៉ាងនេះថាព្រះបាទទសរថទ្រង់ទិវង្គតហើយ។ ព្រះលក្ខណ៍និងព្រះនាងសីតាទាំង២ព្រះអង្គនោះបានស្ដាប់ដំណឹងថាព្រះរាជបិតាសោយទិវង្គតប៉ុណ្ណោះក៏ដល់វិសញ្ញិភាព(សន្លប់បាត់ទៅ)។(ពេលភ្ញាក់ដឹងខ្លួនឡើង)ព្រះរាមបណ្ឌិតត្រាស់ប្រាប់ម្ដងទៀតព្រះលក្ខណ៍និងព្រះនាងសីតានោះក៏សន្លប់ម្ដងទៀត។ពួកអាមាត្យជួយលើកក្សត្រទាំង២ដែលទ្រង់ដល់វិសញ្ញីដរាបដល់គ្រាទី៣ដោយអាការៈនេះចេញចាកទឹកឲ្យឋិតនៅលើដី។កាលក្សត្រ​ទាំង២បានខ្យល់អស្សាសបស្សាសៈហើយគ្រប់អង្គនាំគ្នាអង្គុយព្រះកន្សែងសោយសោករឿយ​ៗ​។គ្រានោះព្រះភរតកុមារទ្រង់ត្រិះរិះថាព្រះភាតារបស់យើងលក្ខណកុមារនិងព្រះភគិនីសីតាទេវីស្ដាប់ដំណឹងថាព្រះបាទទសរថសោយទិវង្គតហើយមិនអាចទប់ទល់សេចក្ដីសោកបានតែព្រះរាម​បណ្ឌិត​ទ្រង់មិនបានសោយសោកមិនបានគ្រាំគ្រាឡើយអ្វីហ្ន៎ជាហេតុនៃសេចក្ដីមិនសោករបស់ព្រះ​អង្គ​ត្រូវសួរព្រះអង្គមើល។កាលព្រះភរតៈនឹងត្រាស់សួរទើបពោលគាថាទី២ថាបពិត្រព្រះរាមដោយ​អានុភាពអ្វីទើបទ្រង់បានឮថាព្រះបិតាទិវង្គតហើយមិនសោកសា្តយរបស់ដែលគួរសោកស្តាយសេចក្តីទុក្ខមិនគ្របសង្កត់ទ្រង់។ លំដាប់នោះព្រះរាមបណ្ឌិតកាលនឹងសម្ដែងហេតុដែលរារាំងមិនឲ្យព្រះអង្គសោយសោកដល់ព្រះកុមារភរតៈនោះទើបត្រាស់ថាជីវិតណា(របស់ពួកសត្វ)បណ្តាពួកបុរសដែលរវើរវាយបុរស(សូម្បីតែ មា្នក់)ក៏មិនអាចដើម្បីរក្សាជីវិតច្រើននោះបានទេវិញ្ញូជនជាមេធាវីនោះធ្វើខ្លួនឲ្យក្តៅក្រហាយដើម្បីអ្វី។សេចក្តីពិតថាជនទាំងឡាយណាទាំងក្មេងទាំងចាស់ទាំងល្ងង់ទាំងប្រាជ្ញទាំងអ្នកមានទាំងអ្នកក្រជនទាំងអស់នោះសុទ្ធតែមានសេចក្តីស្លាប់នៅខាងមុខ។ផ្លែឈើទុំទាំងឡាយមានសេចក្តីខ្លាចអំពីកិរិយាជ្រុះជានិច្ចយ៉ាងណាមិញពួកសត្វកើតហើយក៏មានសេចក្តីខ្លាចអំពីសេចក្តីស្លាប់ជានិច្ចយ៉ាងនោះដែរ។ ជនទាំងឡាយច្រើនពួកខ្លះគេឃើញក្នុងវេលាព្រឹកវេលាល្ងាចមិនឃើញជនទាំងឡាយច្រើនពួកខ្លះគេឃើញក្នុងវេលាល្ងាចវេលាព្រឹកមិនឃើញ។បើបុគ្គលអ្នកវង្វេងកាលខ្សឹកខ្សួលបៀតបៀនខ្លួនហើយគប្បីនាំមកនូវប្រយោជន៍បន្តិចបន្តួចបានអ្នកប្រាជ្ញក៏គប្បីធ្វើសេចក្តីខ្សឹកខ្សួលនោះដែរ។ (បុគ្គល​ខ្សឹកខ្សួល)បៀតបៀនខ្លួនរបស់ខ្លួនជាអ្នកស្គមមិនមានពណ៌សម្បុរពួកសត្វដែលទៅកាន់បរ​លោក​មិនមែនញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយសេចក្តីខ្សឹកខ្សួលនោះឡើយព្រោះថាសេចក្តីខ្សឹក​ខ្សួល​មិនមានប្រយោជន៍ទេ។ (បណ្ឌិតបុរស)គប្បីញុំាងផ្ទះដែលភ្លើងឆេះឲ្យរលត់ដោយទឹកបានយ៉ាងណាមិញធីរជនជាមេធាវី​បណ្ឌិត​បានស្តាប់ហើយគប្បីញុំាងសេចក្តីសោកដែលកើតហើយឲ្យរលត់ឆាប់ដូចខ្យល់បក់ផាត់នូវប៉ុយយ៉ាងនោះដែរ។សត្វរមែងទៅកាន់បរលោកតែម្នាក់ឯងកើតក្នុងត្រកូលក៏តែម្នាក់ឯងការសមគប់នៃពួកសត្វទាំងអស់គឺមានការជួបជុំជាការប្រសើរបំផុត។ព្រោះហេតុនោះសេចក្តីសោកទាំងឡាយសូម្បីធំក៏មិនដុតកម្ដៅនូវហទយវត្ថុនិងចិត្តរបស់អ្នកប្រាជ្ញជាពហុស្សូតដែលឃើញច្បាស់នូវលោកនេះនិងលោកខាងមុខព្រោះដឹងច្បាស់នូវធម៌។ យើងនោះនឹងរក្សានូវយសផងភោគៈផងភរិយាទាំងឡាយផងញាតិទាំងឡាយផងនិងជនដ៏វិសេស​ផងនេះជាកិច្ចរបស់អ្នកប្រាជ្ញ។ព្រះរាមបណ្ឌិតបានប្រកាសនូវអនិច្ចតាធម៌ដោយគាថាទាំង​ឡាយ១០នេះ។ពួកជនស្ដាប់ធម្មទេសនាដែលប្រកាសសេចក្ដីមិនទៀងរបស់ព្រះរាមបណ្ឌិត​នេះហើយនាំគ្នាស្រាកសោក។បន្ទាប់ពីនោះព្រះភរតកុមារថ្វាយបង្គំព្រះរាមបណ្ឌិតទូលថាសូមព្រះអង្គទ្រង់ទទួល​រាជសម្បត្តិក្នុងនគរពារាណសី។ម្នាលប្អូនអ្នកចូរនាំព្រះលក្ខណ៍និងសីតាទេវីទៅគ្រងរាជសម្បត្តិចុះ។ ព្រះភរតៈទូលថាព្រះអង្គប៉ុណ្ណោះជាអ្នកគ្រងរាជសម្បត្តិ។ព្រះរាមត្រាស់ថាម្នាលប្អូនព្រះបិតារបស់យើងបានត្រាស់ទុកនឹងបងថាតទៅដោយកន្លង១២ឆ្នាំអ្នកចូរមកគ្រងរាជសម្បត្តិកាលបងនឹងទៅក្នុងកាលឥឡូវនេះក៏ឈ្មោះថាមិនធ្វើតាមព្រះតម្រាស់របស់ព្រះអង្គតែក្នុងកាលផុតអំពី៣ឆ្នាំដទៃទៅបង​នឹងទៅ។ព្រះភរតៈទូលសួរថារហូតកាលត្រឹមប៉ុណ្ណេះអ្នកណានឹងគ្រងរាជសម្បត្តិ។ព្រះរាមត្រាស់ថាពួកអ្នកចូរគ្រងរាជសម្បត្តិចុះ។ព្រះភរតៈទូលថាពួកខ្ញុំនឹងមិនគ្រងរាជសម្បត្តិទេ។ទើបព្រះរាម​ត្រាស់ថាបើយ៉ាងនោះទ្រនាប់ជើងទាំងនេះនឹងគ្រងរាជសម្បត្តិរហូតដល់បងទៅហើយទ្រង់ដោះ​តិណបាទុកា(ទ្រនាប់ជើងដែលធ្វើដោយស្មៅ)របស់ព្រះអង្គប្រទានឲ្យ។ ក្សត្រទាំង៣ព្រះអង្គទទួលទ្រនាប់ជើងហើយថ្វាយបង្គំព្រះរាមបណ្ឌិតឡោមព័ទ្ធដោយមហាជនស្ដេច​​ទៅ​កាន់នគរពារាណសី។ទ្រនាប់ជើងគ្រងនូវរាជសម្បត្តិអស់៣ឆ្នាំ។ពួកអាមាត្យនាំគ្នាតម្កល់​តិណ​​បាទុកា(ទ្រនាប់ជើងដែលធ្វើដោយស្មៅ)លើរាជបល្ល័ង្កហើយនាំគ្នាកាត់ក្ដី។បើកាត់ក្ដីមិនល្អទ្រនាប់​ជើងរមែងខ្ទាំងខ្ទប់នូវគ្នានឹងគ្នាដោយសញ្ញានោះត្រូវនាំគ្នាកាត់ក្ដីជាថ្មី។ពេលដែលកាត់ក្ដីល្អប្រពៃហើយទ្រនាប់ជើងប្រាសចាកសំឡេងនឹងនៅស្ងៀម។ដោយកាលកន្លងទៅ៣ឆ្នាំព្រះរាម​បណ្ឌិត​ចេញចាកព្រៃហើយបានដល់នគរពារាណសីបានចូលទៅហើយកាន់ឧទ្យាន។ព្រះកុមារទាំងឡាយទ្រង់ជ្រាបសេចក្ដីដែលព្រះរាមស្ដេចមកមានពួកអាមាត្យឡោមព័ទ្ធទៅកាន់ព្រះឧទ្យានទ្រង់ធ្វើព្រះនាងសីតាឲ្យជាអគ្គមហេសីហើយធ្វើនូវការអភិសេកសូម្បីដល់ក្សត្រទាំងពីរ។ ព្រះមហា​សត្វទ្រង់ដល់ការអភិសេកយ៉ាងនេះហើយប្រថាប់លើរាជរថដែលគេប្រដាប់តាក់តែងហើយស្ដេចចូលកាន់ព្រះនគរដោយបរិវារដ៏ច្រើនទ្រង់ប្រទក្សិណនគរហើយស្ដេចឡើងកាន់ទីអាស្រ័យនៃចន្ទ​ក​ប្រាសាទតាំងតែពេលនោះទ្រង់គ្រងរាជសម្បត្តិដោយធម៌អស់១៦០០០ឆ្នាំក្នុងវេលាអស់ព្រះជន្មា​យុទ្រង់ញ៉ាំងសគ្គបុរីឲ្យពេញ(ទ្រង់កើតក្នុងស្ថានសួគ៌)។ អភិសម្ពុទ្ធគាថានេះសម្ដែងសេចក្ដីនោះថាព្រះបាទរាមៈមានព្រះសូរង្គដូចជារូបសំណាកមាសមានព្រះពាហុធំបានសោយរាជ្យអស់១៦០០០ឆ្នាំ។ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រកាសសច្ចៈក្នុងវេលាចប់សច្ចៈកុដុម្ពិកៈតាំងនៅក្នុងសោតាបត្តិផល។ទ្រង់ប្រជុំជាតកថាព្រះបាទទសរថមហារាជគ្រានោះបានមកជាព្រះបាទសុទ្ធោទនមហារាជ,ព្រះមាតាបានមកជាព្រះនាងមហាមាយាទេវី,នាងសីតាបានមកជារាហុលមាតា,ភតរៈបានមកជាអានន្ទ,លក្ខណកុមារបានមកជាសារីបុត្រ,បរិស័ទបានមកជាពុទ្ធបរិស័ទ,រាមបណ្ឌិតបានមកជាតថាគតនេះឯង។ចប់ទសរថជាតក។ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៤ (អាន: ៩,១០១ ដង)
    (សេចក្ដីលោភតែងញ៉ាំងបុគ្គលឲ្យវិនាស)ព្រះបរមសាស្តាកាលស្ដេចគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធភិក្ខុនីឈ្មោះថុល្លនន្ទាបានត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថាយំលទ្ធំតេនតុដ្ឋព្វំដូច្នេះជាដើម។សេចក្តីពិស្តារថាឧបាសកម្នាក់នៅក្នុងនគរសាវត្ថីបវារណាខ្ទឹមចំពោះភិក្ខុនីសង្ឃហើយផ្តាំអ្នកចម្ការថាប្រសិនបើអ្នកព្រះនាងម្ចាស់ទាំងឡាយមកយកខ្ទឹមចូរប្រគេនមួយអង្គពីរ-បីកញ្ចប់ចុះ។ចាប់ពីពេលនោះមកភិក្ខុនីទាំងឡាយត្រូវការខ្ទឹមក៏នាំគ្នាទៅកាន់ផ្ទះឧបាសកនោះខ្លះទៅកាន់ចម្ការខ្លះលុះដល់ថ្ងៃមហោស្រពមួយខ្ទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ទៅ។ ភិក្ខុនីឈ្មោះថុល្លនន្ទាមួយអន្លើដោយបរិវារទៅកាន់ផ្ទះឧបាសកនោះហើយពោលថានែអ្នកមានអាយុអាត្មាត្រូវការខ្ទឹម។អ្នកបម្រើពោលថាបពិត្រអ្នកនាងម្ចាស់ខ្ទឹមនៅផ្ទះមិនមានទេអស់ហើយនិមន្តទៅចម្ការចុះទើបនាំគ្នាទៅចម្ការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណ។អ្នកចាំចម្ការពោលទោសថាព្រោះហេតុអ្វីទើបភិក្ខុនីទាំងឡាយនាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះពួកភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិចបានស្តាប់ពាក្យរបស់អ្នកចាំចម្ការហើយពោលទោសភិក្ខុនីទាំងនោះ។ពួកភិក្ខុលុះបានឮអំពីភិក្ខុនីទាំងនោះក៏នាំគ្នាពោលទោសហើយក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះមានព្រះភាគទ្រង់តិះដៀលភិក្ខុនីឈ្មោះថុល្លនន្ទាហើយទ្រង់សម្តែងធម៌ដ៏សមគួរដល់រឿងនោះដល់ភិក្ខុនីទាំងឡាយដោយន័យមានជាអាទិ៍ថាម្នាលភិក្ខុទាំងឡាយធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើនមិនជាទីស្រឡាញ់មិនជាទីត្រេកអរមិនជាទីចម្រើនចិត្តសូម្បីដល់មាតាបិតាបង្កើតមិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាបានមិនអាចញ៉ាំងអ្នកដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាបានឡើងទេមិនអាចញ៉ាំងលាភដែលមិនទាន់កើតឲ្យកើតឬលាភដែលកើតហើយក៏មិនអាចធ្វើឲ្យឋិតថេរគង់វង្សបានចំណែកអ្នកដែលប្រាថ្នាតិចរមែងញ៉ាំងលាភដែលមិនទាន់កើតឲ្យកើតលាភដែលកើតហើយក៏ធ្វើឲ្យឋិតថេរគង់វង្សបានហើយទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយមិនមែនតែពេលនេះប៉ុណ្ណោះ​ទេដែលភិក្ខុនីឈ្មោះថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើននោះសូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីច្រើនដែរហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅថា ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វបដិ​សន្ធិក្នុងត្រកូលព្រាហ្មណ៍កាលចម្រើនវ័យហើយមាតាបិតារៀបចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នាមានធីតាបីនាក់ឈ្មោះនន្ទានន្ទវតីសុន្ទរីនន្ទាកាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយព្រះពោធិ​សត្វក៏ធ្វើកាលកិរិយាទៅកើតជាសត្វហង្សមាសហើយមានញាណរលឹកជាតិបានទៀត​ផងហង្សមាសនោះធំឡើងហើយឃើញអត្តភាពដែលពេញបរិបូណ៌ដោយរោមដែលជាមាសក៏គិតថាអញចុតិ​មក​អំពីទីណាហ្ន៎ទើបមកកើតក្នុងទីនេះក៏ដឹងថាមកអំពីមនុស្សលោកពិចារណាតទៅទៀតថាព្រាហ្ម​ណី​និងពួកធីតារបស់អញនៅមានជីវិតឬហ្ន៎?ក៏បានដឹងថាទីទ័លក្រត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាកទើបគិតថារោមទាំងឡាយក្នុងសរីរៈរបស់អញជាមាសទាំងអស់អញនឹងឲ្យ​រោម​អំពីសរីរៈនេះដល់នាងទាំងនោះម្តងមួយៗដោយហេតុនោះភរិយានិងធីតាទាំងបីរបស់អញនឹងរស់នៅដោយមិនលំបាកគឺរស់នៅដោយសុខសប្បាយ។សុវណ្ណហង្សក៏ហើរទៅកាន់ទីនោះទំលើ​ត្បាល់​ជាន់។ព្រាហ្ម​ណីនិងធីតាឃើញព្រះមហាសត្វហើយក៏សួរថាបពិត្រអ្នកដ៏ចម្រើនតើអ្នកមកអំពីទីណា? ហង្សមាសពោធិសត្វឆ្លើយថាយើងជាបិតារបស់អ្នកទាំងឡាយស្លាប់ទៅកើតជាហង្សមាសមកដើម្បី​ជួប​អ្នកទាំងឡាយតាំងពីពេលនេះទៅអ្នកទាំងឡាយមិនបាច់ទៅស៊ីឈ្នួលអ្នកដទៃដើម្បីចិញ្ចឹមជីវិតដោយ​លំបាកទៀតទេយើងនឹងឲ្យរោមដល់អ្នកទាំងឡាយម្តងមួយៗចូរយកទៅលក់ចិញ្ចឹមជីវិតតាមសប្បាយចុះជម្រុះរោមទុកឲ្យមួយហើយទើបហើរទៅ។ហង្សមាសនោះមកជាចន្លោះៗរលាស់ជម្រុះ​រោម​ឲ្យម្តងមួយដោយទំនងនេះព្រាហ្មណីនិងកូនៗបានធូរធារឡើងៗចិញ្ចឹមជីវិតដោយសុខស្រួលមាន​សេចក្តីសុខសប្បាយគ្រប់គ្នា។ថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនៗថានែនាងទាំងឡាយធម្មតាសត្វតិរច្ឆានស្គាល់ចិត្តបានដោយលំបាកពេលខ្លះបិតារបស់កូនមិនមកទីនេះពួកយើងនឹងធ្វើដូចម្តេចឥឡូវនេះពេលដែលបិតារបស់កូនឯងមកពួកយើងនាំគ្នាចាប់ដករោមឲ្យអស់ចុះ។ ពួកកូនស្រីនាំគ្នានិយាយថាធ្វើយ៉ាងនោះបិតារបស់ពួកខ្ញុំនឹងលំបាកម្នាក់ៗក៏មិនយល់ព្រមប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំថ្ងៃមួយពេលដែលស្តេចហង្សមាសមកក៏និយាយថាបពិត្រអ្នកជាម្ចាស់មកនេះសិនលុះស្តេចហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរដករោមអស់ប៉ុន្តែព្រោះចាប់ដកយកដោយកម្លាំងល្មោភព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្តរោមទាំងនោះទើបដូចជារោមកុកទាំងអស់។ព្រះមហាសត្វមិនអាចនឹងត្រដាងស្លាបហើរទៅបានព្រាហ្មណីក៏ចាប់ហង្សមាស​យក​ទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំរោមដែលដុះឡើងថ្មីរបស់ហង្សមាសនោះក្លាយជាពណ៌សទាំង​អស់។ហង្សនោះលុះរោមដុះឡើងគ្រប់គ្រាន់ហើយក៏លោតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាមហើយក៏មិនបានមកទៀតឡើយ។ ព្រះបរមសាស្តាទ្រង់នាំយករឿងក្នុងអតីតនេះមកសម្តែងហើយទើបទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយមិនមែនតែពេលនេះប៉ុណ្ណោះទេដែលថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើនសូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរហើយព្រោះតែមានសេចក្តីប្រាថ្នាច្រើនទើបត្រូវវិនាសចាកមាសពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នាច្រើននោះឯងនឹងត្រូវសាបសូន្យសូម្បីតែខ្ទឹមព្រោះហេតុនោះតាំងពីពេលនេះទៅ​នឹង​មិនបានសូម្បីតែឆាន់ខ្ទឹមសូម្បីភិក្ខុនីដ៏សេសទាំងឡាយព្រោះអាស្រ័យថុល្លនន្ទានោះក៏នឹងមិនបានឆាន់​ខ្ទឹមដូចថុល្លនន្ទាដែរ(ទ្រង់បញ្ញត្តសិក្ខាបទថាភិក្ខុនីណាមួយទំពាស៊ីខ្ទឹមត្រូវអាបត្តិបាចិត្តិយ)ហេតុនោះសូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ប្រមាណប៉ុន្តែបើបានតិចក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះមិនគួរប្រាថ្នាឲ្យក្រៃលែងឡើងឡើយហើយទ្រង់ត្រាស់ព្រះគាថានេះថា យំលទ្ធំតេនតុដ្ឋព្ពំ,អតិលោភោហិបាបកោ; ហំសរាជំគហេត្វាន,សុវណ្ណាបរិហាយថា។ ទ្រព្យណាដែលបុគ្គលបានមកហើយបុគ្គលគប្បីត្រេកអរដោយទ្រព្យនោះព្រោះថាសេចក្តីល្មោភហួសជារបស់លាមក(ដូចនាងព្រាហ្មណី)ក៏សាបសូន្យចាកមាសព្រោះចាប់ស្តេចហង្ស។ បណ្តាបទទាំងនោះបទថាតុដ្ឋព្វំប្រែថាគប្បីត្រេកអរ។ព្រះបរមសាស្តាលុះទ្រង់ត្រាស់ព្រះធម្មទេសនានេះហើយទ្រង់តិះដៀលដោយអនេកបរិយាយហើយទ្រង់បញ្ញត្តសិក្ខាបទថាយាបនភិក្ខុនីលសុណំខាទេយ្យ,បាចិត្តិយំភិក្ខុនីណាឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តិយៈ(បិដកលេខ៥ទំព័រ១៥៦)ដូច្នេះហើយទ្រង់​ប្រជុំជាតកថាតទាព្រាហ្មណីអយំថុល្លនន្ទាអហោសិព្រាហ្មណីក្នុងកាលនោះបានមកជា​ថុល្លន​ន្ទាភិក្ខុនី។តិស្សោធីតរោឥទានិតិស្សោយេវភគិនិយោធីតាទាំងបីបានមកជាបងប្អូនស្រីក្នុងកាលឥឡូវនេះ។សុវណ្ណហំសរាជាបនអហមេវអហោសិំចំណែកសុវណ្ណហង្សគឺតថាគតនេះឯង។ ចប់សុវណ្ណហំសជាតក។(ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកឯកកនិបាតអសម្បទានវគ្គបិដកលេខ៥៨ទំព័រ៦០) ដោយ៥០០០ឆ្នាំ
                          ទំព័រ ៤