អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៤១៨ ដង)
ទោសនៃការសេពគប់ជនពាល និងផឹកសុរា

|
រឿងអ្នកប្រមឹក
(ចាក ម. អ.) ( ទោសនៃការសេពគប់ជនពាល និងផឹកសុរា ) ពីអតីតសម័យ ក្នុងក្រុងពារាណសី មានមាណពម្នាក់ជាកូនអ្នករក្សានិច្ចសីល ។ មាណពនោះចូលចិត្តដើរជាមួយនឹងអ្នកលេងទាំងឡាយ ដែលមានវ័យស្រករគ្នា ។ អ្នកលែងទាំងឡាយ តែងបបួលមាណព ឲ្យផឹកស្រាតែមិនព្រមសោះ ។ ថ្ងៃមួយគិតគ្នាថា បើមាណពនោះមិនផឹកស្រា មុខជាមិនចេញថ្លៃឲ្យពួកយើងទេ ហើយក៏រិះរកមធ្យោបាយ ដើម្បីឲ្យមាណពនោះផឹក ទើបបបួលទៅលេងក្នុងឧទ្យានក្នុងថ្ងៃមហោស្រព ខ្ចប់ទឹកស្រាដែលមានរសដីក្លៀវក្លា ( មេស្រា ) ដោយស្លឹកត្របកឈូកទៅផង ហើយធ្វើកិច្ចឲ្យបុរសដទៃ នាំមកឲ្យ ពោលថាអ្នកទាំងឡាយ ចូរឲ្យផឹកទឹកដោះ ដល់មាណពក្នុងកាលជាទីផឹកទឹក ហើយនាំមកនូវទឹករសជាតិផ្អែម ។ អ្នកលេងទាំងនោះ ក៏ចោះទំលាយកញ្ចប់ត្របកឈូកខាងក្រោម ហើយលើកយកមកផឹក ធ្វើអាការៈដូចជាទឹកផ្អែម ។ ( នេះឧបាយអ្នកលេងបញ្ឆោតមាណព ឲ្យលុះក្នុងតម្រាមនុស្សពាល ) ។ មាណពមានចំណង់ជាខ្លាំង ដាច់ចិត្តសូមទឹកនោះ ស្មានជាមានរសផ្អែមយកមកផឹក នាំស៊ីសាច់ផង ក៏ស្រវឹងមួយរំពេច ។ កាលស្រវឹងស៊ប់ហើយ មានភ្នែកពីរបើកម្រិមៗ ទ្រេតចុះទ្រេតឡើង ផ្លូវមួយដើរជ្រែងតែម្នាក់ឯង មិនកោតក្រែងដល់អ្នកដទៃ ស្មានតែខ្លួនជាមនុស្សគាប់ប្រសើរគ្រាន់បើជាងគេ ស្រែកបន្ទរថា នែភឿនទាំងឡាយខ្ញុំមិនដឹងថាទឹកនេះឆ្ងាញ់ដល់ម្ល៉ឹងសោះ ចុះហេតុអ្វីបានជាអ្នកទាំងឡាយ មិនប្រាប់ខ្ញុំផង ហៃអ្នកដ៏ចំរើនទាំងឡាយអើយ ចូរនាំយកទឹកនោះមកទៀត ។ ពួកអ្នកលេងក៏ឲ្យតាមពាក្យសុំ ។ សេចក្តីស្រេកក្នុងស្រា រឹតតែមានខ្លាំងឡើងៗ ដល់មាណពនោះ ( ត្រង់នេះឯង បុរាណពោលថាដុះមេ ) ។ មាណពចេះតែសសោះអន្ទងទទូចសុំជារឿយៗ ដរាបដល់ពួកអ្នកលេងពោលថា ស្រាអស់រលីងហើយ ។ មាណពដោះចិញ្ចៀនឲ្យអ្នកលេងទាំងនោះ យកទៅលក់ទិញស្រាមកផឹកស្រវឹងឯតែជាមួយគ្នា វិលទៅដេកឯផ្ទះវិញ ។ បិតានិយាយប្រដៅអស់ចំណេះ ក៏មិនព្រមស្តាប់សោះ ហើយលាមាណពទៅកាន់សាលវិនិច្ឆ័យ ប្តឹងក្រសួងតុលាការថាអាប្រមឹកនេះ មិនមែនកូនខ្ញុំទេ សូមលោកជាចៅក្រមបណ្តេញវាចេញចុះ ។ បុរសនោះត្រូវឪពុក និងក្រសួងតុលាការបណ្តេញចោលហើយ ដោយស្រវឹងជោគជាំមិនអាចធ្វើការអ្វីកើត ក៏កាន់អំបែងកំបែកដើរតាមច្រកល្ហកផ្ទះសុំបាយ ដរាបដល់ដេកដួលស្លាប់នាសំយាបផ្ទះអ្នកដទៃ ។ នេះទោសផឹកស្រា វិនាសទាំងទ្រព្យទាំងជីវិត និងប្រយោជន៍បរលោក អសោចអស់ទាំងកេរិ៍្តឈ្មោះវង្សត្រកូល ខូចពូជអំបូរអស់ ។ ( មហាសំ-សុខនិស្សិតសាលាបាលីជាន់ខ្ពស់ ) ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |