15
Thursday, 29 Sep B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 85,391
Today
Yesterday 91,353
This Month 3,822,381
Total ២៧៤,៩៩៣,២៣៨
free counters
កំពុងទស្សនា ចំនួន
STORY
images/articles/3110/756y45gdf.jpg
Public date : 20, Sep 2022 (1,601 Read)
ព្រះសាស្ដាប្រារព្ធបុត្រឧទ្យានបាលមួយរូប ដែលនៅក្នុងទក្ខិណាគិរិជនបទ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ វេ សព្ពសមេតានំ ដូច្នេះជាដើម ។ បានឮមកថា ព្រះសាស្ដាកាលចេញព្រះវស្សាហើយ យាងចេញពីវត្តជេតពន ទ្រង់ត្រាច់ចារិកទៅកាន់ទក្ខិណាគិរិជនបទ ។ មានឧបាសកមួយរូបនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យគង់ក្នុងឧទ្យាន ហើយរៀបចំចាត់ចែងយាគូនិងបង្អែមថ្វាយ រួចពោលថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ប្រាថ្នានិមន្តមើលឧទ្យាន ចូរនិមន្តទៅជាមួយឧទ្យានបាលនេះចុះ រួចហើយគាត់បង្គាប់ឧទ្យានបាលថា អ្នកចូរថ្វាយផលាផលដល់លោកម្ចាស់ ។ ភិក្ខុទាំងឡាយត្រាច់ចារិកទៅ បានឃើញដើមឈើដែលត្រូវគេដកមួយកន្លែង ហើយសួរថា ដើមឈើកន្លែងនេះ ម្ដេចក៏ត្រូវគេដក មិនមានដើមឈើ តើព្រោះហេតុអ្វី ? នាយឧទ្យានបាលប្រាប់ពួកភិក្ខុថា បុត្ររបស់ឧទ្យានបាលមួយរូបកាលស្រោចទឹកដើមឈើ បានដកឡើងដោយគិតថា យើងស្រោចតាមប្រវែងឫស ដូច្នេះទើបស្រោចទឹកតាមប្រមាណឫសឈើ ព្រោះហេតុនោះ កន្លែងនេះ ទើបត្រូវដកដើមឈើ ។ ភិក្ខុទាំងឡាយទៅកាន់សំណាក់ព្រះសាស្ដា ហើយក្រាបទូលរឿងនោះដល់ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន កុមារនេះក៏ប្រទូសឧទ្យានដែរ រួចហើយទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទវិស្សសេនសោយរាជសម្បត្តិក្នុងនគរពារាណសី ។ កាលគេប្រកាសការលេងមហោស្រព អ្នករស់នៅក្នុងឧទ្យានគិតថា យើងនឹងលេងមហោស្រព ទើបពោលនឹងពួកស្វាថា ឧទ្យាននេះមានឧបការៈច្រើនដល់ពួកអ្នក, យើងនឹងលេងមហោស្រព ៧ ថ្ងៃ, ពួកអ្នកចូរស្រោចដើមឈើក្នុងកាល ៧ ថ្ងៃនេះផង ។ ពួកស្វាទទួលថា ល្អ ។ ឧទ្យានបាលក៏ឲ្យឆ្នាំងស្បែកដល់ពួកស្វា ហើយចេញទៅ ។ ពួកស្វាកាលស្រោចទឹក បានស្រោចដើមឈើដែលនៅខ្ចីៗ (ស្មើគ្នា) ។ ពេលនោះ មេហ្វូងស្វាពោលថា នែអ្នកទាំងឡាយ ចូរបង្អង់សិន ធម្មតាទឹកជារបស់រកបានដោយក្រក្នុងកាលទាំងពួង អ្នកទាំងឡាយគប្បីរក្សាទឹក អ្នកទាំងឡាយចូរដកដើមឈើខ្ចីៗ ឲ្យដឹងប្រវែងឫសសិន ហើយស្រោយចទឹកឲ្យច្រើនលើដើមឈើដែលមានឫសវែង និងស្រោចទឹកតិចដល់ដើមឈើដែលមានឫសខ្លី ។ ពួកស្វាពោលថា ល្អ ហើយពួកខ្លះដកដើមឈើមើលឫស ពួកខ្លះស្រោចទឹក ។ ពេលនោះ ព្រះពោធិសត្វជាបុត្ររបស់ត្រកូលមួយក្នុងក្រុងពារាណសី លោកទៅកាន់ឧទ្យានដោយករណីកិច្ចឯណានីមួយ បានឃើញពួកស្វាកំពុងធ្វើយ៉ាងនោះ ទើបសួរថា នែពួកស្វា ហេតុអ្វី បានជាពួកអ្នកធ្វើយ៉ាងនេះ ? កាលពួកស្វាពោលថា មេហ្វូង (ឲ្យធ្វើ) លោកក៏ពោលថា បញ្ញារបស់មេហ្វូងរបស់ពួកលោកគង់ជាយ៉ាងនេះទៅហើយ ចុះបញ្ញារបស់ពួកលោកគង់ជាយ៉ាងណាដែរ ដូច្នេះកាលនឹងប្រកាសសេចក្ដីនោះ ទើបពោលគាថាទី ១ ថា យោ វេ សព្ពសមេតានំ, អហុវា សេដ្ឋសម្មតោ; តស្សាយំ ឯទិសី បញ្ញា, កិមេវ ឥតរា បជា។ ស្វាណា ដែលគេសន្មតថាជាសត្វប្រសើរបំផុតជាងពួកស្វា ដែលមានជាតិស្មើរគ្នានេះ ប្រាជ្ញារបស់ស្វានោះ មានតែត្រឹមប៉ុណ្ណេះ ពួកសត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញា ដូចម្ដេចទៅ ។ ពួកស្វាស្ដាប់របស់ព្រះពោធិសត្វហើយ ពោលគាថាទី ២ ថា ឯវមេវ តុវំ ព្រហ្មេ, អនញ្ញាយ វិនិន្ទសិ; កថំ មូលំ អទិស្វាន, រុក្ខំ ជញ្ញា បតិដ្ឋិតំ។ បពិត្រអ្នកដ៏ប្រសើរ ការតិះដៀលយ៉ាងនេះ ព្រោះតែមិនដឹង បុគ្គលមិនឃើញនូវឫស ហើយគប្បីដឹងនូវដើមឈើដែលតាំងនៅស៊ប់ ដូចម្ដេចកើត ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា នាហំ តុម្ហេ វិនិន្ទាមិ, យេ ចញ្ញេ វានរា វនេ; វិស្សសេនោវ គារយ្ហោ, យស្សត្ថា រុក្ខរោបកា។ យើងមិនតិះដៀលពួកអ្នក ដែលជាពានរ អាស្រ័យនៅក្នុងព្រៃនេះទេ តែថាពួកជនអ្នកដាំដើមឈើ ដើម្បីប្រយោជន៍ ដល់ស្ដេចវិស្សសេនណា ស្ដេចវិស្សសេននោះ គួរគេដៀលបាន ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា វានរជេដ្ឋកោ អារាមទូសកកុមារោ អហោសិ មេហ្វូងស្វាក្នុងកាលនោះ បានមកជាកុមារប្រទូសឧទ្យានបណ្ឌិតបុរិសោ បន អហមេវ អហោសិំ ចំណែកបុរសជាបណ្ឌិត គឺតថាគតនេះឯង ។ អារាមទូសកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៤) ដោយ​៥០០០​ឆ្នាំ​
images/articles/3092/__________________.jpg
Public date : 20, Sep 2022 (1,913 Read)
images/articles/3052/644yetherte3.jpg
Public date : 20, Sep 2022 (2,767 Read)
សេចក្ដី​ថា ពុទ្ធ​ភាសិត​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ទាំង​ប៉ុន្មាន អ្នក​ប្រាជ្ញ​តែង​រាប់​ថា​ជា​សុភា​សិតា​វាចា​ទាំង​អស់ ព្រោះ​ថា ព្រះ​អង្គ​ពោល​សំដៅ​សេចក្ដី​ក្សេម​ក្សាន្ត​គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​ផុត​ចាក​វដ្ដ​ទុក្ខ គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​មិន​កើត​មិន​ចាស់ មិន​ឈឺ​មិន​ស្លាប់ គឺ​ព្រះ​និព្វាន ។ បាន​ជា​ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដូច្នេះ​ថា យំ ពុទ្ធោ ភាសតី វាចំ ខេបំ និព្វានបត្តិយា ទុក្ខស្សន្តកិរិយាយ សា វេវាចានមុត្តមា ប្រែ​ថា ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​នូវ​វាចា​ណា​ជា​ក្សេម​ក្សាន្ត វាចា​នោះ​ហើយ​ខ្ពស់​វិសេស​ផុត​ជាង​វាចា​ទាំងឡាយ​នានា ព្រោះ​សំដៅ​សេចក្ដី​ដែល​ដល់​នូវ​ព្រះ​និព្វាន ជា​ដែន​ធ្វើ​ឱ្យ​អស់​ទុក្ខ​ទៅ​បាន ។ ឯ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្ត​ហើយ បាន​លុះ​មគ្គផល​ដូច​មាន​សេចក្ដី​ទៅ​នេះ កាល​ទ្រង់​សម្ដែង​ព្រះ​ធម្ម​ចក្កប្បវត្តន​សូត្រ ព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ​និង​ព្រហ្ម១៨កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​អនត្ត​លក្ខណ​សូត្រ បញ្ចវគ្គិយ​ភិក្ខុ​ទាំង៥រូប​ បាន​តម្កល់​នៅ​ក្នុង​ទី​ជា​ព្រះ​អរហន្ត ។ ថ្ងៃ​ជា​ខាង​ក្រោយ​ទៀត បុរស៥៥នាក់ មាន​យស​កុល​បុត្រ​ជា​ដើម បាន​លុះ​ព្រះ​អរហត្ត​ផល ក៏​ព្រោះ​បាន​ស្ដាប់​ទេសនា​នេះ ។ កាល​ទ្រង់​សម្ដែង​អាទិត្ត​បរិយាយ​សូត្រ ក្នុង​គយាសីស​ប្រទេស ជដិល​មួយ​ពាន់​នាក់ បាន​លុះ​ព្រះ​អរហត្ត​ផល ។ កាល​ទ្រង់​សម្ដែង​តិរោកុឌ្ឌ​សូត្រ ពួក​ជន៨ម៉ឺន៤ពាន់​នាក់​ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​ខទិរង្គារ​ជាតក សត្វ៨ម៉ឺន៤ពាន់ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​បារាយន​សូត្រ សត្វ១៤កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​ព្រះ​អភិធម្ម សត្វ៨០កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​សក្កបញ្ហាសូត្រ ទេវតា៨ម៉ឺន បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ នៅ​មាន​ច្រើន​ជាង​នេះ ដោយ​សែន​កោដិ លើស​កម្លាំង​បញ្ញា​នឹង​រាប់​សត្វ​ទាំង​នោះ​បាន ។ គុណ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្ត្រ​ចប់ ។ ដោយ៥០០០ឆ្នាំ
images/articles/3051/674534ttwrww.jpg
Public date : 20, Sep 2022 (1,688 Read)
សេចក្ដី​ថា កាល​ក្នុង​អតីត​កាល​កន្លង​ទៅ​យូរ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​សេដ្ឋី​បុត្រ៤នាក់​នាំ​គ្នា​ចេញ​ទៅ​ពី​ផ្ទះ​អង្គុយ​ជុំ​គ្នា​ក្រោម​ដើម​ឈើ​មួយ​ដើម ក្រឡេក​ឃើញ​ព្រាន​ម្រឹគ​ម្នាក់​ផ្ទុក​សាច់​ក្នុង​រទេះ​ដឹក​ទៅ​លក់ ក៏​នាំ​គ្នា​សូម​សាច់​អំពី​ព្រាន​នោះ សេដ្ឋី​បុត្រ​ជា​បឋម​ពោល​សូម​ថា​នែ​ចៅ​ព្រាន​ចង្រៃ អ្នក​ឯង​ដឹក​សាច់​ទៅ​លក់​ឯ​ណា ឱ្យ​មក​អញ​មួយ​ដុំ ​ព្រាន​ម្រឹក​គិត​ថា អ្នក​នេះ​សូម​អញ គួរ​តែ​ពោល​ពាក្យ​ល្អ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​អ្នក​នេះ​ជា​ផរុស​វាចា មិន​ឆ្ងាញ់​ពិសា​ប្រហែល​ដូច​សាច់​វាវ បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​វាវ​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​វាវ​មួយ​ដុំ​ទៅ ។ សេដ្ឋី​បុត្រ​ជា​គម្រប់​ពីរ ពោល​សូម​ថា អើ​អ្នក​បង អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​ឱ្យ​ខ្ញុំ​សូម​មួយ​ដុំ ព្រាន​ម្រឹគ​គិត​ថា អើ​សម្ដី​អ្នក​នេះ​គួរ​សម​ហ៊ាន​ហៅ​អាត្មា​អញ​ថា​បង ហាក់​ដូច​ជា​បង​ប្អូន​របស់​ខ្លួន សម្ដី​នេះ​ពីរោះ​ប្រហែល​ដូច​សាច់​ចំឡក​ដ៏​ឆ្ងាញ់ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​របស់​អ្នក​គួរ​ហើយ ប្រហែល​ដូច​សាច់​ចំឡក បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​ចំឡក​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​ចំឡក​មួយ​ដុំ​ទៅ ។ សេចដ្ឋី​បុត្រ​ជា​គម្រប់​បី​ពោល​សូម​ថា បពិត្រ​បិតា​អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​អ្នក​ឱ្យ​សាច់​ខ្ញុំ​មួយ​ដុំ​ផង ព្រា​ន​ម្រឹគ​គិត​ថា សម្ដី​ដែល​ហៅ​ថា​បពិត្រ​បិតា​ដូច្នេះ មាន​តែ​កូន​ហៅ​ឪពុក ញ៉ាំង​បេះ​ដូង​នៃ​​ឪពុក​ឱ្យ​ញាប់​ញ័រ គិត​ហើយ​ទើប​តប​ថា ​អើ​សម្ដី​របស់​អ្នក​ពីរោះ​ហើយ ប្រហែល​ដូច​សាច់​បេះ​ដូង បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​បេះ​ដូង​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​បេះ​ដូង​មួយ​ដុំ​ទៅ​ព្រម​ទាំង​សាច់​ឆ្ងាញ់​ឯ​ទៀត​ខ្លះ​ផង ។ សេចដ្ឋី​បុត្រ​ជា​គម្រប់៤ ពោល​សូម​ថា នែ​សម្លាញ់ អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​សម្លាញ់​ឯង​ចែក​ឱ្យ​យើង​ខ្លះ​ផង ព្រាន​ម្រឹគ​គិត​ថា​មនុស្ស​ប្រុស បើ​គ្មាន​មិត្រ​សម្លាញ់​ក្នុង​ស្រុក​នឹង​គេ​ហើយ ក៏​ដូច​ជា​គ្មាន​ស្រុក​នៅ ឧបមា​ដូច​ព្រៃ​មិន​មាន​មនុស្ស​ជ្រក​ពួន​នៅ​ដូច្នោះ​ដែរ ឥឡូវ​អ្នក​នេះ គាត់​នៅ​អាត្មា​អញ​ថា សម្លាញ់ ៗ ហាក់​ដូច​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​មក​យូរ​ហើយ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​របស់​អ្នក​ដែល​ពោល​មក​នេះ ប្រហែល​ដោយ​សម្បត្តិ​របស់​ខ្លួន​ទាំង​អស់​នេះ បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​ព្រម​ទាំង​រទេះ​របស់​ខ្ញុំ​នេះ​ទាំង​អស់​ដល់​អ្នក​ជា​សម្លាញ់ ថា​ហើយ​ក៏​បរ​រទេះ​ដឹក​សាច់​ទៅ​ឱ្យ​សេដ្ឋី​បុត្រ​ជា​គម្រប់៤នោះ​ទៅ ។ សេដ្ឋី​បុត្រ​នោះ​ក៏​រាប់​អាន​ស្មោះ​ស្មើ ប្រាប់​ប្រពន្ធ​កូន​ឱ្យ​រាប់​អាន​ស្មើ​ទៅ ហើយ​ហាម​លែង​ឱ្យ​ធ្វើ​អំពើ​បាណាតិបាត​ត​ទៅ​ទៀត ឱ្យ​នៅ​ដោយ​សម្បត្តិ​របស់​ខ្លួន​ដរាប​ដល់​អស់​ជីវិត សេដ្ឋី​បុត្រ​មាន​លាភ​បាន​សាច់​ច្រើន​ជាង​សេដ្ឋីបុត្រ​ឯ​ទៀតៗ ក៏​ព្រោះ​គុណ​គឺ​ពោល​បិយវាចារ​នោះ​ឯង ។ ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ថា បិយវាចមេវ ភាសេយ្យ យា វាចា បដិនន្ទិតា យំ អនាទាយ បាបានិ បរេសំ ភាសតេ បិយំ ប្រែ​ថា សម្ដី​ឯ​ណា​ដែល​គេ​ត្រេក​អរ​រីក​រាយ​ហើយ បុគ្គល​គប្បី​ពោល​សម្ដី​ជា​បិយវាចា​នោះ​កុំ​ខាន ។ មួយ​វិញ​ទៀត បុគ្គល​បើ​ពោល​ពាក្យ​ឯ​ណា​ក្ដី កុំ​កាន់​ពាក្យ​ដ៏​លាមក​ដែល​ជា​ផរុស​វាចា​មិន​ជា​ទី​ស្រឡាញ់​នោះ​ឡើយ ត្រូវ​ពោល​តែ​ពាក្យ​ជា​បិយវាចា​ដែល​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទាំង​ឡាយ ។ ចប់​រឿង​សេដ្ឋី​បុត្រ៤នាក់ ។ ដោយ៥០០០ឆ្នាំ
images/articles/3241/wewe323rewreeww.jpg
Public date : 17, Sep 2022 (1,436 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កាសាយវត្ថេ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះជាមនុស្សល្មោភ ជាប់ជំពាក់ក្នុងបច្ច័យ លះបង់វត្តទាំងឡាយមានអាចរិយវត្ត និងឧបជ្ឈាយវត្តជាដើម ក្នុងពេលព្រឹក លោកចូលទៅកាន់ក្រុងសាវត្ថី ផឹកយាគូដែលមានខាទនីយៈជាច្រើនជាបរិវារ ក្នុងផ្ទះឧបាសិកាវិសាខា សូម្បីឆាន់បាយស្រូវសាលីដែលមានសាច់និងរសផ្សេងៗហើយ នៅតែមិនឆ្អែត បន្ទាប់មក ក៏សំដៅទៅនិវេសន៍របស់ជនទាំងឡាយ គឺ ចូឡអនាថបណ្ឌិកសេដ្ឋី មហាអនាថបិណ្ឌិកសេដ្ឋី និងព្រះបាទកោសល ទៀត ។ ថ្ងៃមួយ ភិក្ខុទាំងឡាយប្រារព្ធភាពល្មោភរបស់ភិក្ខុនោះ បានញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទានគ្នាដោយរឿងអ្វី ? កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ឲ្យហៅភិក្ខុនោះមក ហើយសួរលោកថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? កាលភិក្ខុនោះទូលថា ពិតមែងហើយព្រះអង្គ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកទើបជាមនុស្សល្មោភ សូម្បីកាលមុន ព្រោះភាពល្មោភ អ្នកបានត្រាច់បរិភោគសាកសពដំរី ក្នុងក្រុងពារាណសី ដោយការមិនឆ្អែតនឹងសាកសពដំរីនោះ អ្នកបានចេញអំពីទីនោះ ត្រាច់ដល់ច្រាំងទន្លេគង្គាហើយចូលកាន់ព្រៃហិមពាន្ត ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានក្អែកល្មោភមួយត្រាច់ស៊ីសាកសពដំរីជាដើម ក្នុងក្រុងពារាណសី កាលមិនឆ្អែតដោយសាកសពដំរីនោះ ក៏គិតថា យើងនឹងស៊ីត្រីងាប់នៅនឹងច្រាំងទន្លេគង្គា ដូច្នេះទើបហើរទៅ កាលស៊ីត្រីងាប់ក្នុងទីនោះ បានស្នាក់នៅអស់ពីរបីថ្ងៃ ហើយចូលទៅកាន់ព្រៃហិមពាន្ត រួចស៊ីផលាផលផ្សេងៗ និងទៅដល់ស្រះបទុមដែលមានត្រីនិងអណ្ដើកច្រើន ក៏បានឃើញសត្វចាក្រ​ពាក ​(សត្វប្រវឹក, ព្រវែក) ២ ពណ៌ដូចមាស កំពុងតែស៊ីសារាយនៅក្នុងស្រះនោះ ហើយគិតថា សត្វទាំងនេះដល់ព្រមដោយពណ៌សម្បុរដ៏ស្អាតយ៉ាងក្រៃលែង ភោជនរបស់សត្វទាំងនេះ នឹងជាទីពេញចិត្ត យើងសួរពីភោជនរបស់សត្វទាំងនេះហើយ សូម្បីយើងបរិភោគភោជននោះហើយ នឹងមានពណ៌ដូចមាសដែរ គិតយ៉ាងនេះហើយ ក្អែកហើរទៅកាន់សម្នាក់សត្វចាក្រពាកទាំងនោះ ធ្វើបដិសណ្ឋារៈ រួចទំលើទីបំផុតមែកឈើមួយ កាលពោលពាក្យដែលប្រកបដោយការសរសើរសត្វចាក្រពាកទាំងនោះ ទើបពោលគាថាទី ១ ថា កាសាយវត្ថេ សកុណេ វទាមិ, ទុវេ ទុវេ នន្ទមនេ ចរន្តេ; កំ អណ្ឌជំ អណ្ឌជា មានុសេសុ, ជាតិំ បសំសន្តិ តទិង្ឃ ព្រូថ។ ខ្ញុំសូមសួរនូវពួកសត្វបក្សី មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ ជាសត្វមានចិត្តរីករាយ ត្រាច់ទៅទាំងគូ ៗ ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈ​ណា ​ក្នុងបណ្ដាមនុស្សទាំងឡាយ អ្នកចូរពោលនូវហេតុនោះ មកមើល ។ ពាក្យថា មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ សេចក្ដីថា មានពណ៌ដូចសំពត់កាសាយៈពណ៌មាស ។ ពាក្យថា ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈណា ក្នុងមនុស្សទាំងឡាយ សេចក្ដីថា នែអ្នកដ៏ចម្រើន ពួកអណ្ឌជៈទាំងឡាយកាលសរសើរពួកលោក ក្នុងមនុស្សទាំងឡាយ តែងពោលថា លោកជាអណ្ឌជៈអ្វី ឈ្មោះថា មានកំណើតអ្វី អធិប្បាយថា រមែងសរសើរពួកលោកក្នុងរវាងមនុស្សទាំងឡាយថា លោកជាបក្សីមានឈ្មោះអ្វី ។ បាលីថា កំ អណ្ឌជំ អណ្ឌជមានុសេសុ ដូច្នេះក៏មាន ។ ពាក្យនោះមានសេចក្ដីថា បក្សីទាំងឡាយរមែងពោលសរសើរថា ពួកលោកជាអណ្ឌជៈអ្វី ក្នុងបណ្ដាអណ្ឌជៈ និងមនុស្សទាំងឡាយ ។ សត្វចាក្រពាកស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា អម្ហេ មនុស្សេសុ មនុស្សហិំស, អនុព្ពតេ ចក្កវាកេ វទន្តិ; កល្យាណភាវម្ហេ ទិជេសុ សម្មតា, អភិរូបា វិចរាម អណ្ណវេ។ ម្នាលក្អែក ជាសត្វបៀតបៀនមនុស្ស ពួកគេតែងពោលសរសើរយើងជាចាក្រពាកថា ជាសត្វប្រព្រឹត្តសមគួរ ក្នុងចំណោមនៃមនុស្សទាំងឡាយ ទាំងគេបានសន្មតយើងថា ជាសត្វមានភាពល្អ ក្នុងចំណោមនៃសត្វស្លាបទាំងឡាយ (ពួកយើងមានសភាពជាសត្វឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះឈូក) ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា កិំ អណ្ណវេ កានិ ផលានិ ភុញ្ជេ, មំសំ កុតោ ខាទថ ចក្កវាកា; កិំ ភោជនំ ភុញ្ជថ វោ អនោមា, ពលញ្ច វណ្ណោ ច អនប្បរូបា។ ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិនថោកទាប អ្នកទាំងឡាយបរិភោគផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគភោជនអ្វីក្នុងស្រះ បានជាកម្លាំង និងសម្បុរ មានសភាពមិនតិច ។ លំដាប់នោះ ចាក្រពាកពោលគាថាទី ៤ ថា ន អណ្ណវេ សន្តិ ផលានិ ធង្ក, មំសំ កុតោ ខាទិតុំ ចក្កវាកេ; សេវាលភក្ខម្ហ អបាណភោជនា, ន ឃាសហេតូបិ ករោម បាបំ។ ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមានក្នុងស្រះទេ ពួកចាក្រពាកបានសាច់បរិភោគអំពីណា ពួកយើងជាអ្នកបរិភោគសារាយ បរិភោគតែទឹកមិនល្អក់ (ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ) ពួកយើងមានសភាពជាអ្នកឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះ ។ បន្ទាប់មក ក្អែកពោល ២ គាថា ថា ន មេ ឥទំ រុច្ចតិ ចក្កវាក, អស្មិំ ភវេ ភោជនសន្និកាសោ; អហោសិ បុព្ពេ តតោ មេ អញ្ញថា, ឥច្ចេវ មេ វិមតិ ឯត្ថ ជាតា។ ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្តយើងទេ ខ្លួនអ្នកមានសភាពប្រហែលនឹងភោជនក្នុងលំនៅនេះ កាលដើមខ្ញុំមានសេចក្តីត្រិះរិះ (យ៉ាងនេះ) ខាងក្រោយមក ខ្ញុំមាន សេចក្តីត្រិះរិះផ្សេង សេចក្តីសង្ស័យរបស់ខ្ញុំ ក៏កើតមានក្នុងហេតុនុ៎ះ ដោយប្រការដូច្នេះឯង ។ អហម្បិ មំសានិ ផលានិ ភុញ្ជេ, អន្នានិ ច លោណិយតេលិយានិ; រសំ មនុស្សេសុ លភាមិ ភោត្តុំ, សូរោវ សង្គាមមុខំ វិជេត្វា; ន ច មេ តាទិសោ វណ្ណោ, ចក្កវាក យថា តវ។ ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើទាំងឡាយផង នូវចំណីអាហារដែលលាយអំបិល និងប្រេងទាំងឡាយផង ខ្លួនយើងតែងបានបរិភោគនូវរស ក្នុងពួកមនុស្ស ដូចបុគ្គលក្លៀវក្លាបានឈ្នះនូវប្រធាននៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុររបស់ខ្ញុំ មិនដូចជាសម្បុររបស់អ្នកទេ ។ ពេលនោះ ចាក្រពាកកាលនឹងពោលហេតុនៃភាវៈមិនមានវណ្ណសម្បត្តិរបស់ក្អែកនោះ និងហេតុនៃភាវៈរបស់ខ្លួន ទើបពោលគាថាដ៏សេសថា អសុទ្ធភក្ខោសិ ខណានុបាតី, កិច្ឆេន តេ លព្ភតិ អន្នបានំ; ន តុស្សសី រុក្ខផលេហិ ធង្ក, មំសានិ វា យានិ សុសានមជ្ឈេ។ អ្នកជាសត្វមានអាហារមិនស្អាត តែងលបឆក់ក្នុងខណៈ (ដែលគេធ្វេសប្រហែល) អ្នកឯងតែងបាននូវចំណីអាហារ និងទឹកផឹកដោយលំបាក ម្នាលក្អែក អ្នកឯងមិនត្រេកអរដោយផ្លែឈើទាំងឡាយ មួយទៀត សាច់ទាំងឡាយណា ដែលមាននៅក្នុងកណ្តាលនៃព្រៃស្មសាន អ្នកមិនត្រេកអរនឹងសាច់នោះឡើយ ។ យោ សាហសេន អធិគម្ម ភោគេ, បរិភុញ្ជតិ ធង្ក ខណានុបាតី; តតោ ឧបក្កោសតិ នំ សភាវោ, ឧបក្កុដ្ឋោ វណ្ណពលំ ជហាតិ។ ម្នាលក្អែក បុគ្គលណាជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេធ្វេសប្រហែស) បាននូវ ភោគៈទាំងឡាយ ដោយអំពើដ៏អាក្រក់ ហើយបរិភោគ ដល់មកខាងក្រោយ អ្នកផងនឹងតិះដៀលបុគ្គលនោះ បុគ្គលដែលត្រូវគេតិះដៀលនោះ រមែងសាបសូន្យចាកសម្បុរ និងកម្លាំង ។ អប្បម្បិ ចេ និព្ពុតិំ ភុញ្ជតី យទិ, អសាហសេន អបរូបឃាតី; ពលញ្ច វណ្ណោ ច តទស្ស ហោតិ, ន ហិ សព្ពោ អាហារមយេន វណ្ណោ។ បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បីតិចតួចតែជាអ្នកមិនបៀតបៀនជនដទៃ ដោយអំពើអាក្រក់ កម្លាំង និងសម្បុរ រមែងកើតមាន ដល់បុគ្គលនោះ ព្រោះថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ ។ ពាក្យថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ សេចក្ដីថា នែក្អែក ឈ្មោះថា សម្បុររមែងមានសមុដ្ឋាន ៤ សម្បុរនោះមិនមែនសម្រេចដោយអាហារតែម្យ៉ាងទេ គឺរមែងសម្រេចសូម្បីដោយ ឧតុ ចិត្ត និង កម្ម ដែរ ។ ចាក្រពាកបានតិះដៀលក្អែកដោយបរិយាយដ៏ច្រើនយ៉ាងនេះ ។ ក្អែកអៀនខ្មាសហើយគិតថា យើងមិនត្រូវការដោយសម្បុររបស់អ្នក ហើយស្រែកឡើងថា កា កា រួចហើរចេញទៅ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុ ចក្កវាកី រាហុលមាតា ចាក្រពាកញីបានមកជារាហុលមាតាចក្កវាកោ បន អហមេវ អហោសិំ ចំណែកចាក្រពាកឈ្មោល គឺ តថាគតនេះឯង ។ ចក្កវាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥០) ថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
images/articles/3249/____________________________________.jpg
Public date : 17, Sep 2022 (1,291 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរម្ងាប់វិវាទ របស់មហាមាត្យ​​ទាំង ២ របស់ព្រះបាទកោសល បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កោ នុ ឧទ្ធិតភត្តោវ ដូច្នេះជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង (ឧរគជាតក) ទុកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកាសី កាលចម្រើនវ័យធំហើយ បានសិក្សារៀនសូត្រសិល្បសាស្ត្រទាំងពួង ហើយលះបង់កាម បួសជាឥសី កសាងអាស្រមបទ ក្បែរច្រាំងទន្លេគង្គា ក្នុងហិមវន្តប្រទេស ញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង លេងឈានកីឡា សម្រេចការនៅក្នុងទីនោះ ។ បានឮមកថា ក្នុងជាតកនេះ ព្រះពោធិសត្វជាអ្នកមានចិត្តកណ្ដាលដ៏ក្រៃលែង បំពេញឧបេក្ខាបារមី ។ មានស្វាច្រឡើសបើសទ្រុស្តសីលមួយ មកធ្វើសលាកបវេសនកម្ម (ការសម្ដែងអាការៈធ្វើដូចជាសេពមេថុនធម្ម) ដោយអង្គជាត តាមប្រហោងត្រចៀក ដល់ព្រះពោធិសត្វ ដែលកំពុងអង្គុយទៀបទ្វារបណ្ណសាលា ។ ព្រះពោធិសត្វហាមឃាត់ហើយ លោកមានចិត្តជាកណ្ដាល អង្គុយនៅស្ងៀម ។ ថ្ងៃមួយ មានអណ្ដើកមួយងើបឡើងមកពីទឹក ដេកហាមាត់ កម្ដៅថ្ងៃនៅនឹងច្រាំងទន្លេគង្គា ។ ស្វាឡេះឡោះឃើញអណ្ដើក ក៏ធ្វើសលាកបវេសនកម្ម ដាក់មាត់អណ្ដើកនោះ ។ ពេលនោះ អណ្ដើកភ្ញាក់ឡើង ខាំអង្គជាតរបស់ស្វា ហាក់ដូចជាដាក់ចូលទៅក្នុងស្មុគ ធ្វើឲ្យស្វាមានទុក្ខវេទនាយ៉ាងខ្លាំង ។ ស្វាកំហូចកាលមិនអាចនឹងអត់ទ្រាំបាន ក៏គិតថា បុគ្គលណាគប្បីដោះយើងពីសេចក្ដីទុក្ខនេះ យើងនឹងទៅកាន់សម្នាក់បុគ្គលណា រួចគិតឃើញថា វៀរចាកព្រះតាបសចេញហើយ បុគ្គលដទៃដែលអាចដោះយើងចេញពីសេចក្ដីទុក្ខនេះ រមែងមិនមាន យើងគួរទៅកាន់សម្នាក់តាបស ដូច្នេះទើបយកដៃលើកអណ្ដើក ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វកាលលលេងនឹងស្វាទ្រុស្តសីលនោះ ទើបពោលគាថាទី ១ ថា កោ នុ ឧទ្ធិតភត្តោវ, បូរហត្ថោវ ព្រាហ្មណោ; កហំ នុ ភិក្ខំ អចរិ, កំ សទ្ធំ ឧបសង្កមិ។ បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា ។ ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា អហំ កបិស្មិ ទុម្មេធោ, អនាមាសានិ អាមសិំ; ត្វំ មំ មោចយ ភទ្ទំ តេ, មុត្តោ គច្ឆេយ្យ បព្ពតំ។ ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយ ដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ ។ ដោយសេចក្ដីអាណិតស្វានោះ ព្រះពោធិសត្វកាលនឹងចរចាជាមួយអណ្ដើក ទើបពោលគាថាទី ៣ ថា កច្ឆបា កស្សបា ហោន្តិ, កោណ្ឌញ្ញា ហោន្តិ មក្កដា; មុញ្ច កស្សប កោណ្ឌញ្ញំ, កតំ មេថុនកំ តយា។ ពួកអណ្ដើកជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក ។ គាថានោះ មានសេចក្ដីថា ឈ្មោះថា អណ្ដើកទាំងឡាយ រមែងជាកស្សបគោត្រ ស្វាទាំងឡាយរមែងជាកោណ្ឌញ្ញគោត្រ ការចងអាវាហវិវាហៈនូវគ្នានឹងគ្នា របស់កស្សបគោត្រ និងកោណ្ឌញ្ញគោត្រ រមែងមាន ។ មេថុនពោលគឺកម្មទ្រុស្តសីល ដ៏សមគួរដល់មេថុនធម្ម ដែលស្វាឡេះឡោះទ្រុស្តសីលនោះធ្វើជាមួយអ្នក និងដែលអ្នកធ្វើជាមួយស្វានោះ រមែងមាន ព្រោះហេតុនោះ នែកស្សបៈ អ្នកចូរដោះលែងកោណ្ឌញ្ញៈ ។ អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយ ជ្រះថ្លានឹងហេតុផល ក៏លែងអង្គជាតរបស់ស្វា ។ ស្វាគ្រាន់តែរួចភ្លាម ក៏ថ្វាយបង្គំព្រះពោធិសត្វ រួចរត់ចេញទៅ មិនក្រឡេកមើលទីនោះទៀតឡើយ ។ ចំណែកអណ្ដើកថ្វាយបង្គំព្រះពោធិសត្វហើយទៅកាន់លំនៅរបស់ខ្លួនវិញ ។ សូម្បីព្រះពោធិសត្វជាអ្នកមានឈានមិនសាបសូន្យ បានទៅកាន់ព្រហ្មលោក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតកថាតទា កច្ឆបវានរា ទ្វេ មហាមត្តា អហេសុំ អណ្ដើកនិងស្វាក្នុងកាលនោះ បានមកជាមហាមាត្យទាំង ២ តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ កច្ឆបជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត ឧទបានវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៨) ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២២ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3282/54teydrfeertyur678678ytrtrew.jpg
Public date : 17, Sep 2022 (1,027 Read)
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី, ព្រះរាជាព្រះនាម កេសវៈ លះបង់រាជសម្បត្តិបួសជាឥសី ។ បុរស ៥០០ នាក់បួសតាមព្រះរាជានោះ។ ព្រះរាជានោះក៏មានព្រះនាមថា កេសវតាបស ។ ខ្មាន់ព្រះកេសដែលជាអ្នកប្រដាប់តាក់តែងព្រះអង្គ ក៏បួសតាម ហើយបានជាសិស្ស មានឈ្មោះថា កប្បកៈ ។ កេសវតាបសនិងបរិស័ទរស់នៅក្នុងព្រៃហិមពាន្តអស់ ៨ ខែ, ក្នុងវស្សានរដូវ (លោកនាំសិស្ស) ទៅកាន់នគរពារាណសី ដើម្បីសេពរសជាតិប្រៃនិងជូរ ទៅដល់ហើយក៏ចូលទៅបិណ្ឌបាតក្នុងព្រះនគរ ។ លំដាប់នោះ ព្រះរាជាទតឃើញពួកឥសី ទ្រង់ជ្រះថ្លា និមន្តកេសវតាបសឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងសំណាក់ខ្លួនអស់ ៤ ខែ ហើយឲ្យពួកតាបសស្នាក់នៅក្នុងឧទ្យាន, ក្នុងពេលព្រឹកនិងល្ងាច ព្រះរាជាតែងយាងទៅបម្រើពួកតាបស ។ តាបសទាំងអស់រស់នៅបានពីរបីថ្ងៃ ត្រូវសំឡេងដំរីជាដើមបៀតបៀនហើយកើតសេចក្ដីអផ្សុក ទើបពោលនឹងអាចារ្យថា បពិត្រអាចារ្យ ពួកខ្ញុំអផ្សុកណាស់ (ប្រាថ្នានឹងចេញ) ទៅ ។ អាចារ្យពោលថា អ្នកទាំងឡាយនឹងទៅណា ? ពួកតាបសពោលថា បពិត្រអាចារ្យ ពួកខ្ញុំនឹងទៅព្រៃហិមពាន្តវិញ ។ អាចារ្យពោលថា ក្នុងថ្ងៃដែលពួកយើងមក ព្រះរាជាបានឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងទីនេះអស់ ៤ ខែ, អ្នកទាំងឡាយនឹងទៅ ដូចម្ដេច ? ពួកតាបសពោលថា “លោកអាចារ្យមិនប្រាប់ពួកខ្ញុំទេ ក៏ទទួលប្ដេជ្ញា ពួកខ្ញុំមិនអាចនៅក្នុងទីនេះទេ ពួកខ្ញុំនឹងនៅក្នុងទីដែលអាចដឹងសុខទុក្ខរបស់លោកអាចារ្យ ដែលនៅមិនឆ្ងាយអំពីទីនេះ” ថារួចក៏នាំគ្នាថ្វាយបង្គំអាចារ្យហើយចៀសចេញទៅ ។ ចំណែកអាចារ្យក៏នៅជាមួយសិស្សឈ្មោះកប្បកៈ ។ ព្រះរាជាកាលយាងមកឧបដ្ឋាក សួរថា បពិត្រលោកម្ចាស់ ពួកតាបសទៅណា ? កេសវតាបសទូលថា បពិត្រមហារាជ ពួកតាបសទាំងអស់ប្រាប់អាត្មាថា “ពួកខ្ញុំអផ្សុក” ពួកតាបសទាំងនោះទៅព្រៃហិមពាន្តវិញហើយ ។ ក្រោយមកមិនយូរប៉ុន្មាន សូម្បីកប្បកតាបសក៏អផ្សុក ត្រូវអាចារ្យហាមហើយហាមទៀត ក៏នៅតែពោលថា ខ្ញុំមិនអាចនៅទីនេះទេ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ តែកប្បកតាបសមិនទៅកាន់សំណាក់ពួកតាបសដទៃទេ លោក ស្នាក់ក្នុងទីដែលអាចឮដំណឹងរបស់អាចារ្យ ដែលនៅក្នុងទីមិនឆ្ងាយអំពីទីនោះ ។ ក្នុងកាលជាខាងក្រោយមក រោគក្នុងផ្ទៃកើតឡើងដល់អាចារ្យដែលចេះតែរលឹកដល់សិស្ស ។ ព្រះរាជាឲ្យពេទ្យទាំងឡាយថែរក្សាព្យាបាល, រោគនៅតែមិនស្ងប់ ។ តាបសទូលថា បពិត្រមហារាជ ព្រះអង្គប្រាថ្នាឲ្យអាត្មាស្ងប់ចាករោគដែរឬទេ ? ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ ប្រសិនបើអាច ខ្ញុំគប្បីធ្វើសេចក្ដីសុខដល់លោកម្ចាស់ ក្នុងកាលឥឡូវនេះឯង ។ កេសវតាបសពោលថា បពិត្រមហារាជ បើព្រះអង្គប្រាថ្នាសេចក្ដីសុខដល់អាត្មា សូមព្រះអង្គបញ្ជូនអាត្មាទៅកាន់សំណាក់អន្តេវាសិកចុះ ។ ព្រះរាជាត្រាស់ថា “ប្រពៃហើយ” រួចទ្រង់ឲ្យ គេដាក់កេសវតាបសដេកលើគ្រែ និងបញ្ជូនអាមាត្យ ៤ នាក់ ដែលមាននារទអាមាត្យជាប្រធានទថា អ្នកទាំងឡាយចូរដឹងការប្រព្រឹត្តទៅរបស់លោកម្ចាស់របស់យើង ហើយនាំដំណឹងមកប្រាប់យើង ។ កប្បកអន្តេវាសិកឮដំណើរមករបស់អាចារ្យ ធ្វើការទទួល កាល អាចារ្យសួរថា ពួកតាបសនៅឯណា ក៏ពោលថា បានឮថា ពួកតាបសនៅក្នុងទីឯណោះ ។ សូម្បីពួកតាបសកាលបានឮដំណើរមករបស់អាចារ្យ ក៏មកប្រជុំគ្នាត្រង់ទីនោះ ហើយប្រគេនទឹកក្ដៅ និងផលាផលដល់អាចារ្យ ។ រោគក៏រម្ងាប់ក្នុងខណៈនោះឯង ។ កេសវតាបសនោះមានសម្បុរដូចមាស ក្នុងកំឡុងពីរបីថ្ងៃប៉ុណ្ណោះ ។ ពេលនោះ នារទអាមាត្យសួរថា មនុស្សិន្ទំ ជហិត្វាន, សព្ពកាមសមិទ្ធិនំ; កថំ នុ ភគវា កេសី, កប្បស្ស រមតិ អស្សមេ។ កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់ព្រះបាទពារាណសី ជាធំជាងមនុស្ស អ្នកឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយ ក្នុងអាស្រម របស់កូនសិស្សឈ្មោះកប្បៈ តើដោយឧបាយ ដូចម្ដេច ។ កេសវតាបសឆ្លើយថា សាទូនិ រមណីយានិ, សន្តិ វក្ខា មនោរមា; សុភាសិតានិ កប្បស្ស, នារទ រមយន្តិ មំ។ ម្នាលអាមាត្យ រសទាំងឡាយដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយ ជាទីរីករាយចិត្តក៏មាន ពាក្យជាសុភាសិតទាំងឡាយរបស់កប្បៈ តែងធ្វើឲ្យអាត្មាត្រេកអរបាន ។ នារទអាមាត្យសួរទៀតថា សាលីនំ ឱទនំ ភុញ្ជេ, សុចិំ មំសូបសេចនំ; កថំ សាមាកនីវារំ, អលោណំ ឆាទយន្តិ តំ។ លោកម្ចាស់ឆាន់ចង្ហាន់ស្រូវសាលី ដែលលាយនឹងសាច់ដ៏ស្អាត ហេតុដូចម្ដេច បានជាស្រងែនិងស្មៅគៃលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន ។ កេសវតាបសឆ្លើយថា សាទុំ វា យទិ វាសាទុំ, អប្បំ វា យទិ វា ពហុំ; វិស្សត្ថោ យត្ថ ភុញ្ជេយ្យ, វិស្សាសបរមា រសា។ បុគ្គលមានសេចក្ដីស្និទ្ធស្នាលបរិភោគភោជន ទោះបីឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែងណា ភោជន (ណាដែលបុគ្គលបរិភោគហើយក្នុងទីកន្លែងនោះ ជាភោជនប្រសើរ) ព្រោះរស មានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ កេសវជាតក បិដកលេខ ៥៨ ទំព័រ ២៣៥) ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ កាលទ្រង់ប្រជុំជាតក ទើបត្រាស់ថា តទា រាជា មោគ្គល្លានោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាមោគ្គល្លាន នារទោ សារិបុត្តោ នារទៈបានមកជាសារិបុត្រ កប្បន្តេវាសិកោ អានន្ទោ អន្តេវាសិក ឈ្មោះកប្បកៈ បានមកជាអានន្ទ កេសវតាបសោ អហមេវ ចំណែកកេសវតាបសគឺតថាគតនេះឯង ។ (ធម្មបទដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ បុប្ផវគ្គ វិដដូភវត្ថុ) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3284/4564yrtgfdsertytuyiuoiuytre.jpg
Public date : 17, Sep 2022 (599 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។ សេចក្ដីល្មោភរបស់ភិក្ខុនោះ នឹងមានជាក់ច្បាស់ក្នុងកាកជាតក (ចក្កវាកជាតក) ក្នុង នវកនិបាត ។ ក្នុងគ្រានោះ ភិក្ខុទាំងឡាយក្រាបទូលព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាមនុស្សល្មោភ ។ លំដាប់នោះ ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ។ ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភ ព្រោះហេតុនៃសេចក្ដីល្មោភ អ្នកដល់ការអស់ជីវិត សូម្បីបណ្ឌិតទាំងឡាយដោយអាស្រ័យអ្នក ក៏វិនាសចាកទីនៅរបស់ខ្លួន ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប ។ ក្នុងគ្រានោះ សេដ្ឋីក្រុងពារាណសីឲ្យគេព្យួរកញ្រ្ចែងដើម្បីការនៅជាសុខរបស់បក្សី ក្នុងទីនោះៗ ព្រោះសេចក្ដីត្រូវការបុណ្យ ។ សូម្បីនាយគ្រួរបស់សេដ្ឋីក្រុងពារាណសី ក៏ព្យួរកញ្ច្រែងមួយ នៅនឹងផ្ទះបាយរបស់ខ្លួន ព្រះពោធិសត្វសម្រេចការនៅក្នុងទីនោះ ។ ព្រាបពោធិសត្វនោះ ចេញទៅអំពីព្រឹក ត្រាច់ស្វែងរកអាហារ ហើយ ត្រឡប់មកក្នុងពេលល្ងាច កាលនៅក្នុងទីនោះ ញ៉ាំងពេលវេលាឲ្យអស់ទៅយ៉ាងនេះ ។ ថ្ងៃមួយ មានក្អែកមួយ កាលមកដល់ដំបូលផ្ទះបាយ បានធុំក្លិនត្រីនិងសាច់ហើយកើតសេចក្ដីល្មោភ គិតថា យើងអាស្រ័យនឹងអ្នកណាហ្ន៎ ទើបបានត្រីនិងសាច់នេះ ដូច្នេះហើយ ក៏ទំលើទីមិនឆ្ងាយ កាលរកមើល ឃើញព្រះពោធិសត្វដែលត្រឡប់មកក្នុងពេលល្ងាចចូលទៅកាន់ផ្ទះបាយ ទើបគិតថា យើងអាស្រ័យព្រាបនេះ នឹងបានត្រីនិងសាច់ គិតយ៉ាងនេះហើយ ក្នុងថ្ងៃស្អែក ក្អែកនោះមកអំពីព្រឹក ក្នុងកាលព្រះពោធិសត្វចេញទៅដើម្បីរកអាហារ ក៏ហើរទៅតាមក្រោយ ។ ព្រះពោធិសត្វពោលនឹងក្អែកថា នែសម្លាញ់ ព្រោះហេតុអ្វី អ្នកហើរតាមខ្ញុំ ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំពេញចិត្តនឹងកិរិយារបស់លោក ចាប់ពីពេលនេះទៅ ខ្ញុំនឹងបម្រើលោក ។ ព្រាបពោលថា នែសម្លាញ់ លោកមានអាហារដទៃ យើងមានអាហារដទៃ លោកមកបម្រើខ្ញុំ នឹងលំបាក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ កាលលោកស្វែងរកអាហារ សូម្បីខ្ញុំក៏ស្វែងរកអាហារ ខ្ញុំនឹងទៅជាមួយលោក ។ ព្រាបទទួលថា ល្អហើយចឹង លោកគប្បីមិនប្រមាទអស់កាលទាំងពួងចុះ ។ ព្រះពោធិសត្វឲ្យឱវាទក្អែកយ៉ាងនេះហើយ កាលត្រាច់ទៅកាន់ទីគោចរ បានបរិភោគគ្រាប់ស្មៅជាដើម ។ កាលព្រះពោធិសត្វកំពុងស្វែងរកអាហារ ក្អែកហើរទៅ កកាយដុំអាចម៍គោ ចឹកស៊ីសត្វល្អិត ឆ្អែតពេញផ្ទៃហើយ ទើបមកកាន់សម្នាក់ព្រះពោធិសត្វ រួចពោលថា បពិត្រលោកម្ចាស់ លោកត្រាច់ទៅហួសកាលហើយ មិនគួរជាអ្នកមានឈ្មោះថា ល្មោភក្នុងអាហារឡើយ ដូច្នេះ កាលព្រះពោធិសត្វស្វែងរកអាហារ ហើយមកក្នុងពេលល្ងាច ក្អែក (ក៏ហើរមកតាម) ហើយចូលក្នុងរោងបាយជាមួយនឹងព្រះពោធិសត្វ ។ នាយចុងភៅពោលថា ព្រាបរបស់យើងនាំសត្វដទៃមក ដូច្នេះទើបដាក់កំប្រោង ដើម្បីក្អែកនោះ ។ ចាប់ពីពេលនោះ មកសត្វទាំង ២ ក៏បាននៅក្នុងទីនោះ ។ ថ្ងៃមួយ មានមនុស្សនាំត្រីនិងសាច់ជាច្រើន មកជូនសេដ្ឋី ។ នាយចុងភៅកាន់យកត្រីនិងសាច់នោះ ទៅព្យួរទុកក្នុងផ្ទះបាយ ។ ក្អែកឃើញត្រីនិងសាច់នោះហើយ កើតសេចក្ដីល្មោភចង់ស៊ី ហើយគិតថា ស្អែកនេះ យើងនឹងមិនទៅកាន់ទីគោចរទេ យើងនឹងស៊ីត្រីនិងសាច់នេះ ដូច្នេះទើបដេកថ្ងូរអស់មួយរាត្រី ។ ស្អែកឡើង ព្រះពោធិសត្វកាលទៅស្វែងរកអាហារ បានពោលនឹងក្អែកថា នែក្អែកសម្លាញ់ អ្នកចូរមក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ លោកចូរទៅចុះ ខ្ញុំមានរោគឈឺពោះ ។ ព្រាបពោលថា នែសម្លាញ់ ឈ្មោះថា រោគឈឺពោះ មិនធ្លាប់មានដល់ពួកក្អែកក្នុងកាលណាឡើយ បណ្ដាយាមទាំង ៣ នៃរាត្រី សេចក្ដីឃ្លានតែងកើតក្នុងយាមនីមួយៗ សូម្បីកាលលេបប្រឆេះប្រទីប ការឆ្អែតរបស់ក្អែកទាំងនោះ រមែងមានតែមួយភ្លេត អ្នកប្រហែលជាចង់ស៊ីត្រីនិងសាច់នេះទេដឹង អ្នកចូរមក ឈ្មោះថាគ្រឿងបរិភោគរបស់មនុស្ស ជារបស់ដែលអ្នកស៊ីបានដោយក្រ អ្នកកុំធ្វើយ៉ាងនេះឡើយ អ្នកចូរទៅរកចំណីជាមួយនឹងយើង ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំមិនអាចចឹងទេ ។ ព្រាបពោលថា បើយ៉ាងនោះ អ្នកនឹងប្រាកដដោយកម្មរបស់ខ្លួន អ្នកកុំលុះក្នុងអំណាចលោភៈ ចូរជាអ្នកមិនប្រមាទចុះ ព្រះពោធិសត្វឲ្យឱវាទក្អែកដូច្នេះហើយ ក៏ទៅស្វែងរកចំណី ។ នាយចុងភៅតាក់តែងចម្អិនត្រីនិងសាច់ដ៏ប្លែក ដែលមានប្រការផ្សេងៗហើយ បើកភាជនៈបន្តិច ដើម្បីឲ្យចំហាយក្ដៅចេញ និងដាក់វែកសម្លលើគម្របភាជនៈ ហើយគាត់ចេញខាងក្រៅ ឈរជូតញើស ។ ក្នុងខណៈនោះ ក្អែកអើតក្បាលចេញពីកំប្រោង សម្លឹងមើលផ្ទះបាយ ដឹងថា ចុងភៅនោះចេញទៅហើយ ទើបគិតថា ឥឡូវនេះ សេចក្ដីប្រាថ្នារបស់យើងនឹងបានសម្រេច នេះជាកាលដើម្បីនឹងស៊ីសាច់ យើងត្រូវស៊ីសាច់ធំ ឬស៊ីសាច់តូចហ្ន៎ ដូច្នេះហើយក៏គិតឃើញថា ធម្មតាសាច់តូច មិនអាចនឹងឲ្យផ្ទៃពេញដោយឆាប់ឡើយ យើងនាំយកដុំសាច់ធំ មកដាក់ក្នុងកំប្រោងហើយដេកស៊ី គិតយ៉ាងនេះហើយ ក៏ហើរចេញពីកំប្រោង ទៅពួនក្នុងរោងបាយ ។ ក្អែកនោះធ្វើសំឡេងឲ្យលាន់ឮ ក្រិក្រិ ។ នាយចុងភៅស្ដាប់សំឡេងនោះហើយ គិតថា នេះជាសំឡេងអ្វី ទើបចូលទៅ បានឃើញក្អែក ហើយគិតថា ក្អែកអាក្រក់នេះ ចង់ស៊ីសាច់ឆ្អិនរបស់មហាសេដ្ឋី យើងរស់នៅដោយអាស្រ័យនឹងលោកសេដ្ឋី មិនមែនក្អែកពាលនេះទេ ប្រយោជន៍អ្វីដោយក្អែកនេះ ដូច្នេះទើបបិទទ្វារ ចាប់ក្អែកបាន ដករោមទាំងអស់ យកខ្ញីស្រស់បុកជាមួយនឹងអំបិលជាដើម ប្រឡាក់ដោយអម្ពិលនិងទឹកដោះជូរ យកមកលាបសរីរៈទាំងអស់របស់ក្អែក រួចបោះក្អែកនោះទៅក្នុងកំប្រោង ។ ក្អែកនោះត្រូវទុក្ខវេទនាមានប្រមាណដ៏ក្រៃលែងគ្របសង្កត់ ដេកថ្ងួចថ្ងូរ ។ ព្រះពោធិសត្វមកក្នុងវេលាល្ងាច ឃើញក្អែកនោះដល់នូវសេចក្ដីវិនាស ហើយពោលថា នែក្អែកល្មោភ អ្នកមិនធ្វើតាមពាក្យរបស់យើង ព្រោះអាស្រ័យលោភៈរបស់អ្នក ទើបអ្នកដល់នូវសេចក្ដីទុក្ខដ៏ធំ ដូច្នេះហើយ ទើបពោលគាថានេះថា យោ អត្ថកាមស្ស ហិតានុកម្បិនោ, ឱវជ្ជមានោ ន ករោតិ សាសនំ; កបោតកស្ស វចនំ អកត្វា, អមិត្តហត្ថត្ថគតោវ សេតិ។ បុគ្គលណា កាលលោកអ្នកប្រាថ្នាសេចក្តីចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះរមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ ព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប ។ បណ្ដាពាក្យទាំងនោះ ពាក្យថា ព្រោះមិនធ្វើ តាមពាក្យនៃសត្វព្រាប សេចក្ដីថា មិនធ្វើតាមពាក្យប្រៀនប្រដៅ ដែលប្រកបដោយប្រយោជន៍របស់ព្រាប ។ ពាក្យថា រមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ សេចក្ដីថា បុគ្គលនោះរមែងដល់សេចក្ដីវិនាសធំ ដេកសោយសោក ដូចជាក្អែកនេះដែលតាំងនៅក្នុងដៃសត្រូវ ដែលជាអ្នកធ្វើមិនជាប្រយោជន៍ ជាអ្នកធ្វើសេចក្ដីទុក្ខឲ្យកើតឡើង ។ ព្រះពោធិសត្វពោលគាថានេះហើយ ក៏ពោលទៀតថា ឥឡូវនេះ យើងមិនអាចនឹងនៅក្នុងទីនេះបានទៀតទេ ដូច្នេះទើបហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏បានស្លាប់ក្នុងទីនោះឯង ។ លំដាប់នោះ នាយចុងភៅយកកំប្រោងជាមួយនឹងក្អែកនោះ ទៅបោះចោលលើគំនរសំរាម ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយដោយអាស្រ័យសេចក្ដីល្មោភរបស់អ្នក បណ្ឌិតទាំងឡាយក៏បានសាបសូន្យចាកទីលំនៅដែរ ព្រះពុទ្ធអង្គបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសអរិយសច្ច ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុនោះបានសម្រេចអនាគាមិផល ។ ព្រះសាស្ដាបន្តអនុសន្ធិ និងប្រជុំជាតកថា តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុបារាវតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគតនេះឯង ។ ចប់ កបោតជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អត្ថកាមវគ្គ បិដកលេខ ៥៨ ទំព័រ ១៩) ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3288/_________________________________.jpg
Public date : 17, Sep 2022 (2,096 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធកោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បានត្រាស់ព្រះជាតកនេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុ ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធ ហើយធ្វើនូវ សេចក្ដីក្រោធទៅវិញ បោរាណកបណ្ឌិតទាំងឡាយ សូម្បីមានខ្លួនត្រូវគេវាយ ១០០០ រំពាត់ និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ ក៏មិនធ្វើសេចក្ដីក្រោធ ចំពោះអ្នក ដទៃដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះរាជាព្រះនាមកលាពុ សោយរាជសម្បត្តិក្នុងនគរពារាណសី ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូល ដែលមានទ្រព្យ ៨០ កោដិ លោកជា មាណពឈ្មោះថា កុណ្ឌលកុមារ កាលចម្រើនវ័យឡើង ក៏ទៅនគរតក្កសិលា រៀនសិល្បសាស្ត្រទាំងពួង ហើយទុកដាក់ទ្រព្យ អំណើះឥតពីមាតាបិតាទៅ លោកសម្លឹងមើលគំនរ ទ្រព្យ ហើយគិតថា ពពួកញាតិរបស់យើង ញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយ ស្លាប់ទៅ ឥតយកតាមសោះ ចំណែកអញវិញ គួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបាន លុះគិតដូច្នេះហើយ លោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទាន បុគ្គលណាយកវត្ថុណា លោកឲ្យវត្ថុនោះ ហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួស ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយផលាផល នៅអស់កាលដ៏យូរ ទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរ លោកទៅដល់នគរពារាណសីដោយលំដាប់ និងស្នាក់នៅក្នុងរាជឧទ្យាន ដល់ថ្ងៃស្អែក លោកត្រាច់បិណ្ឌបាតក្នុងទីក្រុង ក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី ។ សេនាបតី ជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វ ក៏និមន្តចូលក្នុងផ្ទះ ប្រគេនឲ្យឆាន់នូវភោជន ដែលគេបម្រុងដើម្បីខ្លួន ហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយ និមន្តលោកឲ្យគង់ នៅក្នុងរាជឧទ្យាននោះឯង ។ តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាងទៅឧទ្យានដោយយស ដ៏ធំ ទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផង ព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំង មង្គលសិលា ហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ ។ ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀង ការប្រគំ និងការរាំជាដើម នាំគ្នាប្រគំ ចម្រៀងជាដើម មហាសម្បត្តិរបស់ស្ដេចកលាពុ ហាក់ដូចជាសក្កទេវរាជ (បានបន្តិច) ព្រះរាជាផ្ទំលក់ទៅ ។ លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើងប្រគំនិងចម្រៀងជាដើម ដើម្បី ព្រះរាជាណា ឥឡូវព្រះរាជានោះផ្ទំលក់ហើយ យើងនៅប្រគំចម្រៀងជាដើមធ្វើអ្វី គិតដូច្នេះហើយ ក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះ ហើយនាំគ្នាដើរលេងក្នុងឧទ្យាន ពួកនាងត្រូវផ្កាឈើ ផ្លែឈើ និងត្រួយឈើជាដើមទាក់ទាញចិត្ត សប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួស ទៀប គល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យាន មើលទៅដូចជាដំរីមត្តវរៈ ។ ពេលនោះ ស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យាន ឃើញតាបសពោធិសត្វ ហើយបបួលគ្នាថា នាងទាំងឡាយចូរមកណេះ នៅជិតគល់ឈើនោះ មានបព្វជិតមួយអង្គគង់នៅ ទាន់ពេល ព្រះរាជាមិនទាន់តើន ពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះ ក្នុងសម្នាក់បព្វជិតនោះ បបួលគ្នាដូច្នេះហើយ ក៏នាំគ្នាទៅថ្វាយបង្គំ អង្គុយចោមរោមតាបស រួចពោលថា សូម លោកម្ចាស់សម្ដែងអ្វីដែលគួរ ដល់ខ្ញុំម្ចាស់ទាំងឡាយ ។ ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ ។ លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាលឲ្យព្រះរាជាភ្ញាក់ ឡើង ។ បន្ទាប់ពីភ្ញាក់ហើយ ព្រះរាជាមិនឃើញស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួកមេចង្រៃទៅណា អស់ហើយ ។ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះទៅអង្គុយ ចោមរោមតាបស មួយអង្គ ។ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ នឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង ។ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹង បណ្ដាស្រ្តីទាំងនោះ ស្ត្រីដែលស្និទ្ធស្នាលជាងគេ ទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជា លួងលោមព្រះរាជាឲ្យ ស្ងប់កំហឹង ។ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោកជាវាទីអ្វី (មានវាទៈដូចម្ដេច) ? ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី) ។ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ ក្នុងបុគ្គលដែលជេរ ក្នុងបុគ្គលផ្ដាសា និងក្នុងបុគ្គលដែលវាយប្រហារ (មកលើខ្លួន) ។ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក ។ ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក ។ ពេជ្ឈឃាដនោះ ដោយ ចារិត្តរបស់ខ្លួន គេកាន់ពូថៅ និងរំពាត់ខ្សែតីដែលមានបន្លា ស្លៀកសំពត់កាសាយៈ ទ្រទ្រង់ កម្រងផ្កាក្រហម មកថ្វាយបង្គំព្រះរាជា សួរថា បពិត្រព្រះសម្មតិទេព តើឲ្យទូលបង្គំធ្វើអ្វី? ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញទៅផ្ដួលលើដី យក រំពាត់ខ្សែតី វាយ ២០០០ ខ្វាប់ ក្នុងចំណែកទាំង ៤ គឺពីខាងមុខ ពីក្រោយ និងសងខាង ។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ ។ ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃ និងស្បែក ដាច់សាច់ ហូរឈាម ។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ? ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី ។ ព្រះមហាសត្វពោលទៀតថា ព្រះអង្គសម្គាល់ថា ខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬ ខន្តីមិនមានក្នុងចន្លោះ ស្បែករបស់អាត្មាទេ ព្រះអង្គមិនអាចទតឃើញឡើយ ខន្តីនោះឋិតនៅក្នុងចន្លោះបេះដូង អាត្មា ។ ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?ព្រះរាជាត្រាស់ថា ឯងចូរ​កាត់​ដៃទាំងពីររបស់ជដិលកោងនេះ ។ ចោរឃាតករនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយកាត់ដៃព្រះពោធិសត្វ ។ បន្ទាប់មក ព្រះរាជាត្រាស់បង្គាប់ទៀតថា ចូរឲ្យកាត់ជើងទាំងពីរ, ចោរឃាតកក៏កាត់ជើង ។ ឈាមហូរចេញពីចុងដៃនិងចុងជើង បីដូចទឹកល័ក្ត (ពណ៌ក្រហម) ហូរ ចេញអំពីប្រហោងឆ្នាំង ។ ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថា តើអ្នកជាវាទីអ្វី ? ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ព្រះអង្គ សម្គាល់ថា ខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬ ខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មា ឋិតនៅក្នុងទីជ្រៅណាស់ ។ ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ ។ ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស ។ ខ្លួនប្រាណទាំងអស់ របស់ព្រះពោធិសត្វ ប្រឡាក់ទៅដោយឈាម ។ ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោកជាវាទីអ្វី ?ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ។ ព្រះអង្គកុំសម្គាល់ ថា ខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះ ខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះ បេះដូង ដ៏ជ្រោះ ។ ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយលើកខន្តីរបស់អ្នកចុះ ត្រាស់ហើយ ព្រះរាជាធាក់ដើមទ្រូងតាបសមួយជើង រួចទ្រង់យាងចេញទៅ ។ ពេលព្រះរាជាយាងទៅហើយ សេនាបតីបានទៅជូតឈាមពីសរីរៈ របស់ ព្រះពោធិសត្វ ដោះសំពត់មករុំរបួសចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក ព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗ ថ្វាយបង្គំតាបសរួច អង្គុយទីដ៏សមគួរមួយ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ប្រាថ្នាក្រោធ សូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គ ដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់ លោកម្ចាស់កុំ ក្រោធអ្នកដទៃឡើយ ដូច្នេះហើយ កាលនឹងអង្វរតាបស ទើបពោលគាថាទី ១ ថា ៖ យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។ បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់លោក ខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។ បទថា មហាវីរ បានដល់ មហាវីរិយៈ ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះ ឲ្យវិនាសឡើយ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។ ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។ បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិតដែលដល់ព្រមដោយខន្តិពលៈ ដូចយ៉ាងអាត្មា រមែងមិនក្រោធ (ដោយអាង) ថា អ្នកនេះបានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយអញ ដូច្នេះឡើយ ។ កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុតពីក្រសែភ្នែក របស់ព្រះពោធិសត្វប៉ុណ្ណោះ មហាប្រឹថពីនេះដែលមានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែករហែក បីដូចសំពត់ដែលគេដេរភ្លាត់, អណ្ដាតភ្លើងចេញពីអវិចីនរក ឆាបត្របាក់ចាប់យក ព្រះរាជា ហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហម ដែលជាអំណោយរបស់ ត្រកូល ។ ព្រះរាជានោះ ត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯង ហើយឋិតនៅក្នុង អវីចិមហានរក ។ សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ ។ រាជបរិស័ទ ទាំងឡាយ និងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក ហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ ។ ចំណែកអាចារ្យពួកខ្លះពោលថា ព្រះពោធិសត្វ ទៅព្រៃហិមពាន្តវិញ ។ តែពាក្យនោះ មិនពិតទេ ។ ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ; តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។ សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។ តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ; យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។ ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។ បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នាអំពីអធិវាសនខន្តី (ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រិដ្ឋ ) ។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតកសម្លាប់ ។ ចំណែកអាចារ្យពួកខ្លះពោលថា ដៃ ជើង ត្រចៀក និងច្រមុះរបស់ព្រះពោធិសត្វ ត្រូវបានតភ្ជាប់វិញ ។ សូម្បីពាក្យនោះក៏មិនពិតដែរ ។ បទថា សមប្បិតោ បានដល់ តាំងនៅ ។ ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ទីបញ្ចប់នៃសច្ចធម៌ ភិក្ខុអ្នកក្រោធនោះ បានតាំងនៅក្នុងអនាគាមិផល ចំណែកជនដទៃ ច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម ។ តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុក្នុងកាលនោះបានមក ជាទេវទត្ត សេនាបតិ សារិបុត្តោ សេនាបតីបានមកជាសារីបុត្រ ខន្តិវាទី តាបសោ បន អហមេវ អហោសិំ ចំណែកខន្តិវាទីតាបស គឺតថាគតនេះឯង ។ ខន្តិវាទីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩) ថ្ងៃ ពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2915/___extpic.jpg
Public date : 03, Sep 2022 (10,428 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបាសកទាំងឡាយ ដែលសមាទានឧបោសថ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អព្ភុតោ វត លោកស្មិំ ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសកទាំងឡាយ បោរាណបណ្ឌិតបានអាស្រ័យឧបោសថកម្មរបស់ខ្លួន ហើយទៅកាន់ទេវលោកដោយសរីរៈជារបស់មនុស្ស និងនៅអស់កាលយូរ ដូច្នេះហើយ ទ្រង់ដែលឧបាសកទាំងឡាយនោះសូមអង្វរហើយ ទើបនាំអតីតនិទានមកថាៈ ក្នុងអតីតកាល ព្រះរាជាព្រះនាម សាធិនៈ សោយរាជសម្បត្តិ ប្រកបដោយធម៌ ក្នុងនគរមិថិលា ។ ព្រះរាជានោះឲ្យគេកសាងសាលា ៦ កន្លែង គឺ ត្រង់ទ្វារនគរ ៤ កន្លែង ត្រង់កណ្ដាលនគរ ១ កន្លែង និង ទ្រង់ទ្វារនិវេសន៍ ១ កន្លែង ទ្រង់ធ្វើជម្ពូទ្វីបទាំងមូលឲ្យលើកនង្គលឡើង (រក្សានង្គ័លលែងភ្ជួររាស់) ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដោយចំណាយព្រះរាជទ្រព្យ ៦០០០០០ រាល់ៗថ្ងៃ ទ្រង់រក្សាសីល ៥ និង ឧបោសថ ។ សូម្បីអ្នកដែនក៏ឋិតនៅក្នុងឱវាទរបស់ព្រះរាជានោះ ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម កាលធ្វើកាលកិរិយាហើយបានកើតក្នុងទេវនគរ ។ ទេវតាទាំងឡាយដែលអង្គុយត្រៀបត្រាក្នុងសុធម្មទេវសភា នាំគ្នាពណ៌នាសីលគុណជាដើម របស់ព្រះរាជាសាធិនៈ ។ សូម្បីទេវតាដ៏សេសស្ដាប់ពាក្យនោះហើយជាអ្នកប្រាថ្នានឹងឃើញព្រះរាជានោះ ។ សក្កទេវរាជបានដឹងចិត្តរបស់ទេវតាទាំងនោះ ហើយពោលថា អ្នកទាំងឡាយប្រាថ្នានឹងឃើញនូវសាធិនរាជ ឬ ? ពួកទេវតាពោលថា ព្រះករុណា ទេវរាជ ។ ស្ដេចសក្កៈបញ្ជាមាតលីថា អ្នកចូរទៅ ដោយប្រកបវេជយន្តរថ ហើយនាំសាធិនរាជ មក ។ ព្រះមាតលីទទួលថា សាធុ ហើយប្រកបនូវរថទៅកាន់វិទេហរដ្ឋ ពេលនោះជាថ្ងៃពេញបូណ៌មី ។ ព្រះមាតលីបររថ ឲ្យទៅជាមួយនឹងមណ្ឌលព្រះចន្ទ ក្នុងកាលដែលមនុស្សទាំងឡាយបរិភោគអាហារពេលល្ងាចរួច អង្គុយប្រជុំគ្នាពោលកថា ដែលជាសុខត្រង់ទ្វារផ្ទះ ។ នុស្សទាំងឡាយពោលថា ព្រះចន្ទ ២ ដួងតាំងឡើង ពេលឃើញរថដែលកំពុងមក ដោយការលះបង់មណ្ឌលព្រះចន្ទហើយ ទើបពោលម្ដងទៀតថា នេះមិនមែនព្រះចន្ទទេ នោះគឺជារថ ប្រាកដជាទេវបុត្រនាំរថជាទិព្វ ដែលប្រកបដោយសិន្ធពមនោម័យមក ដើម្បីអ្នកណា មិនដើម្បីអ្នកដទៃឡើយ ដើម្បីព្រះរាជារបស់យើង ព្រោះថា ព្រះរាជារបស់យើងជា ធម្មិករាជ ជាធម្មរាជា ដូច្នេះហើយ មានសេចក្ដីសោមនស្ស ផ្គងអញ្ជលី ពោលគាថាទី ១ ថា អព្ភុតោ វត លោកស្មិំ, ឧប្បជ្ជិ លោមហំសនោ; ទិព្ពោ រថោ បាតុរហុ, វេទេហស្ស យសស្សិនោ។ ចម្លែកណាស់តើ គួរ្យឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្យបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស ។ គាថានោះមានសេចក្ដីថា ឱហ្ន៎អស្ចារ្យណាស់ ព្រះរាជារបស់យើង ការព្រឺរោមកើតឡើងក្នុងលោក រថជាទិព្វរមែងប្រាកដដល់ព្រះបាទវិទេហៈដ៏ទ្រង់យស ។ ចំណែកព្រះមាតលីនាំរថនោះមកហើយ កាលមនុស្សទាំងឡាយបូជា ដោយគ្រឿងក្រអូបនិងកម្រងផ្កាជាដើម ក៏ធ្វើប្រទក្សិណនគរ ៣ ជុំ រួចទៅកាន់ទ្វាររាជនិវេសន៍របស់ព្រះរាជា ញ៉ាំងរថឲ្យបែរត្រឡប់ ទើបឋិតនៅត្រង់ធរណីទ្វារសីហបញ្ជរ ដោយចំណែកខាងក្រោយ ធ្វើការត្រៀមជណ្ដើរ ។ ថ្ងៃនោះ សូម្បីព្រះ​រាជា កាលទ្រង់សម្លឹងសាលាទានជាដើម បានបញ្ជាថា អ្នកទាំងឡាយចូរឲ្យទានដោយនិយាមនេះ ហើយទ្រង់សមាទានឧបោសថ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ទ្រង់ឡោមព័ទ្ធដោយពួកអាមាត្យ ប្រថាប់ដោយ​បែរ​ព្រះភក្ត្រឆ្ពោះទៅសីហបញ្ជរទិសខាងកើត សម្ដែងកថាប្រកបដោយធម៌ ក្នុងសាលាដែលគេប្រដាប់តាក់តែងហើយ ។ លំដាប់នោះ ព្រះមាតលីទូលអញ្ជើញព្រះអង្គឲ្យឡើងលើរថ ហើយនាំទៅ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ បានត្រាស់ព្រះគាថាទាំងឡាយថា ទេវបុត្តោ មហិទ្ធិកោ, មាតលិ ទេវសារថិ; និមន្តយិត្ថ រាជានំ, វេទេហំ មិថិលគ្គហំ។ ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា ឯហិមំ រថមារុយ្ហ, រាជសេដ្ឋ ទិសម្បតិ; ទេវា ទស្សនកាមា តេ, តាវតិំសា សឥន្ទកា; សរមានា ហិ តេ ទេវា, សុធម្មាយំ សមច្ឆរេ។ បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយរលឹកព្រះអង្គ នៅរងចាំក្នុរោងឈ្មោះសុធម្មា ។ តតោ ច រាជា សាធិនោ, វេទេហោ មិថិលគ្គហោ; សហស្សយុត្តមារុយ្ហ, អគា ទេវាន សន្តិកេ; តំ ទេវា បដិនន្ទិំសុ, ទិស្វា រាជានមាគតំ។ លំដាប់នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ទ្រង់យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃទេវតាទាំងឡាយ (ព្រះរាជាជាធំ ទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើន កំពុងយាងទៅក៏បានទតឃើញទេវសភានេះ) ពួកទេវតាបានឃើញព្រះរាជានោះមកដល់ហើយ ក៏ត្រេកអរស្មោះចំពោះថា ស្វាគតំ តេ មហារាជ, អថោ តេ អទុរាគតំ; និសីទ ទានិ រាជីសិ, ទេវរាជស្ស សន្តិកេ។ បពិត្រមហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួលទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូម្បីព្រះអង្គទ្រង់គង់ក្នុងសំណាក់នៃទេវរាជចុះ ។ សក្កោបិ បដិនន្ទិត្ថ, វេទេហំ មិថិលគ្គហំ; និមន្តយិត្ថ កាមេហិ, អាសនេន ច វាសវោ។ ឯព្រះឥន្ទក៏ទទួលរាក់ទាក់ចំពោះព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ព្រះឥន្ទបានអញ្ជើញដោយកាមទាំងឡាយផង ដោយអាសនៈផងថា សាធុ ខោសិ អនុប្បត្តោ, អាវាសំ វសវត្តិនំ; វស ទេវេសុ រាជីសិ, សព្ពកាមសមិទ្ធិសុ; តាវតិំសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។ ប្រពៃណាស់ហើយ ព្រះអង្គបានដល់អាវាសរបស់ទេវតាទាំងឡាយ ដែលញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងពួកទេវតាដែលសម្រេចនូវកាមគ្រប់យ៉ាងបាន សូមព្រះអង្គសោយនូវកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស ក្នុងពួកទេវតាជាន់តាវត្តិង្សចុះ ។ បណ្ដាបទទាំងនោះ បទថា សមច្ឆរេ សេចក្ដីថា នៅរងចាំ ។ បទថា អគា ទេវាន សន្តិកេ សេចក្ដីថា ទៅកាន់សម្នាក់ទេវតា ។ ក្នុងពេលនោះ កាលព្រះរាជាឡើងកាន់រថហើយឋិតនៅ រថបានស្ទុះទៅកាន់អាកាស ព្រះរាជានោះ ដែលមហាជនកំពុងមើល ក៏បានបាត់ទៅ ។ ព្រះមាតលីនាំព្រះរាជាទៅកាន់ទេវលោក ។ ទេវតា និងស្ដេចសក្កៈបានឃើញព្រះរាជាហើយ មានចិត្តត្រេកអរ នាំគ្នាក្រោកទទួល និងធ្វើបដិសណ្ឋារៈ ។ ដើម្បីសម្ដែងសេចក្ដីនោះ លោកទើបពោលថា តំ ទេវ ដូច្នេះជាដើម ។ បទថា បដិនន្ទិំសុ សេចក្ដីថា ត្រេកអររឿយៗ ។ បទថា អាសនេន ច សេចក្ដីថា ព្រះឥន្ទឱបព្រះរាជា ហើយអញ្ជើញដោយបណ្ឌុកម្ពលសិលាសនៈ និងដោយកាមទាំងឡាយរបស់ខ្លួនថា សូមអង្គុយទីនេះ រួចហើយក៏បែងចែករាជសម្បត្តិពាក់កណ្ដាល ឲ្យព្រះរាជាអង្គុយលើអាសនៈជាមួយគ្នា ។ កាលព្រះបាទសាធិនៈសោយរាជសម្បត្តិ ដែលសក្កទេវរាជបែងចែកទេវនគរ ដែលមានទំហំ ១០០០០ យោជន៍ ស្រីទេពអប្សរ ២ កោដិកន្លះ និងវេជយន្តប្រាសាទ ពាក់កណ្ដាល ប្រទានឲ្យ អស់កាល ៧០០ ឆ្នាំដោយការរាប់ឆ្នាំមនុស្ស ឲ្យកន្លងទៅ ។ ព្រះអង្គនៅក្នុង ទេវលោកដោយអត្តភាពនោះ កាលអស់បុណ្យហើយ ក៏កើតសេចក្ដីមិនត្រេកអរ ព្រោះហេតុនោះ កាលចរចាជាមួយនឹងស្ដេចសក្កៈ ទើបពោលគាថា ថា អហំ បុរេ សគ្គគតោ រមាមិ, នច្ចេហិ គីតេហិ ច វាទិតេហិ; សោ ទានិ អជ្ជ ន រមាមិ សគ្គេ, អាយុំ នុ ខីណោ មរណំ នុ សន្តិកេ; ឧទាហុ មូឡ្ហោស្មិ ជនិន្ទសេដ្ឋ។ កាលពីដើម ខ្ញុំមកនៅក្នុងឋានសួគ៌ រីករាយដោយរបាំ ចម្រៀង និងប្រគុំទាំងឡាយ ឥឡូវនេះ ក្នុងថ្ងៃនេះ ខ្ញុំមិនត្រេកអរក្នុងឋានសួគ៌ទេ បពិត្រព្រះជនិន្ទដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹងអស់ឬ ឬសេចក្តីស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏ខ្ញុំជាបុគ្គលវង្វេង ។ បណ្ដាបទទាំងនោះ បទថា អាយុំ នុ ខីណោ សេចក្ដីថា ព្រះបាទសាធិនៈសួរថាជីវិតិន្ទ្រិយ៍ក្នុងសរីរៈរបស់ខ្ញុំអស់ហើយឬ ឬថា ជីវិតិន្ទ្រិយ៍នឹងកើតក្នុងទីជិតនៃមរណៈដោយអំណាចនៃឧបច្ឆេទកកម្ម ។ បទថា ជនិន្ទសេដ្ឋ សេចក្ដីថា បពិត្រព្រះអង្គដែលប្រសើរជាងជន និងទេវតាទាំងឡាយ ។ លំដាប់នោះ ស្ដេចសក្កៈពោលថា ន តាយុ ខីណំ មរណញ្ច ទូរេ, ន ចាបិ មូឡ្ហោ នរវីរសេដ្ឋ; តុយ្ហញ្ច បុញ្ញានិ បរិត្តកានិ, យេសំ វិបាកំ ឥធ វេទយិត្ថោ។ បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាមជាងជន អាយុរបស់ព្រះអង្គមិនទាន់អស់ទេ ទាំងសេចក្តីស្លាប់របស់ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយវិញទៀត ព្រះអង្គ មិនមែនជាមនុស្សវង្វេងទេ តែថា ព្រះអង្គសោយនូវផលនៃបុណ្យណា ក្នុងទេវលោកនេះ បុណ្យរបស់ព្រះអង្គតិច ។ វស ទេវានុភាវេន, រាជសេដ្ឋ ទិសម្បតិ; តាវតិំសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។ បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គគង់នៅដោយទេវានុភាពចុះ សូមព្រះអង្គសោយនូវកាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោកជាន់តាវត្តិង្សចុះ ។ បណ្ដាបទទាំងនោះ បទថា បរិត្តកានិ សេចក្ដីថា សក្កទេវរាជពោលសំដៅយកបុណ្យទាំងឡាយដែលឲ្យវិបាក ក្នុងទេវលោកដោយអត្តភាពនោះ តែថាបុណ្យដទៃទៀតរបស់ព្រះបាទសាធិនៈច្រើនប្រមាណមិនបាន បីដូចជាធូលីក្នុងផែនដី ។ បទថា វសទេវានុភាវេន សេចក្ដីថា សក្កទេវរាជលួងលោមព្រះពោធិសត្វដោយពោលថា ខ្ញុំចែកបុណ្យទាំងឡាយពាក់កណ្ដាលរបស់ខ្ញុំដល់ព្រះអង្គ សូមព្រះអង្គនៅដោយទេវានុភាពរបស់ខ្ញុំចុះ ។ លំដាប់នោះ ព្រះមហាសត្វកាលហាមឃាត់ ទើបពោលថា យថា យាចិតកំ យានំ, យថា យាចិតកំ ធនំ; ឯវំសម្បទមេវេតំ, យំ បរតោ ទានបច្ចយា។ យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមាយ៉ាងណាមិញ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ ន ចាហមេតមិច្ឆាមិ, យំ បរតោ ទានបច្ចយា; សយំកតានិ បុញ្ញានិ, តំ មេ អាវេណិកំ ធនំ។ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ខ្ញុំមិនចង់បានទ្រព្យនុ៎ះឡើយ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង បុណ្យនោះទុកជាទ្រព្យ របស់ខ្ញុំជាប់តាមខ្លួន ។ សោហំ គន្ត្វា មនុស្សេសុ, កាហាមិ កុសលំ ពហុំ; ទានេន សមចរិយាយ, សំយមេន ទមេន ច; យំ កត្វា សុខិតោ ហោតិ, ន ច បច្ឆានុតប្បតិ។ ខ្ញុំនោះនឹងទៅធ្វើកុសលច្រើនក្នុងពួកមនុស្ស ដោយឲ្យទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយាសង្រួមដោយសីលផង កិរិយាទូន្មាននូវឥទ្រ្ទិយផង ព្រោះថា បុគ្គលធ្វើកុសលហើយ រមែងដល់នូវសេចក្តីសុខ ទាំងមិនក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ។ លំដាប់នោះ សក្កទេវរាជបានស្ដាប់ពាក្យរបស់ព្រះរាជានោះហើយ ទើបបញ្ជាមាតលីថា ម្នាលអ្នក ចូរទៅ ហើយនាំសាធិនរាជទៅកាន់ក្រុងមិថិលា ឲ្យស្ដេចចុះក្នុងឧទ្យាន ។ ព្រះមាតលីក៏បានធ្វើយ៉ាងនោះ ។ ព្រះរាជាយាងចង្ក្រមក្នុងឧទ្យាន ។ គ្រានោះ នាយឧទ្យានបាល ឃើញព្រះរាជាហើយ ទូលសួរ រួចហើយក៏ទៅប្រាប់ដល់ព្រះបាទនារទៈ។ ព្រះបាទនារទៈនោះ ស្ដាប់នូវការមក របស់ព្រះរាជាហើយ ទ្រង់បញ្ជូនឧទ្យានបាលថា អ្នកចូរទៅមុនចុះ ចូររៀបចំឧទ្យាន និងចាត់ចែងអាសនៈ ២ សម្រាប់យើង និងព្រះរាជាសាធិនៈ ។ នាយឧទ្យានបាលបានធ្វើយ៉ាងនោះ ។ លំដាប់នោះ ព្រះរាជាសាធិនៈសួរឧទ្យានបាលថា អ្នករៀបចំអាសនៈ ២ ដើម្បីអ្នកណា ? ឧទ្យានបាលពោលថា ដើម្បីព្រះអង្គ ១ ដើម្បីព្រះរាជារបស់ខ្ញុំ ១ ។ ព្រះរាជាពោលថា សត្វដទៃណា នឹងអង្គុយលើអាសនៈក្នុងសម្នាក់យើង ដូច្នេះហើយ ទើបទ្រង់អង្គុយលើអាសនៈមួយ ហើយដាក់ព្រះបាទលើអាសនៈមួយ ។ ព្រះបាទនារទៈយាងមកហើយ ថ្វាយបង្គំព្រះបាទរបស់ព្រះបាទសាធិនៈ រួចក៏អង្គុយនៅកន្លែងមួយ ។ បានឮមកថា ព្រះបាទនារទៈនោះត្រូវជាចៅ (ជំនាន់) ទី ៧ របស់ព្រះបាទសាធិនៈ បានឮមកទៀតថា ក្នុងសម័យនោះ ជាកាលនៃមនុស្សដែលមានអាយុ ១០០ ឆ្នាំ ។ ចំណែកព្រះមហាសត្វបានញ៉ាំងកាលដែលមានប្រមាណប៉ុណ្ណេះ ឲ្យកន្លងទៅ ដោយកម្លាំងបុណ្យរបស់ខ្លួន ។ ព្រះពោធិសត្វកាន់ដៃព្រះបាទនារទៈ ហើយត្រាច់ទៅក្នុងឧទ្យាន រួចក៏ពោល ៣ គាថា ថា ឥមានិ តានិ ខេត្តានិ, ឥមំ និក្ខំ សុកុណ្ឌលំ; ឥមា តា ហរិតានូបា, ឥមា នជ្ជោ សវន្តិយោ។ ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយកុណ្ឌលដ៏ល្អនេះផង ផែនដីដ៏ដេរដាស ដោយស្មៅពណ៌ខៀវនេះផង ស្ទឹងទាំងឡាយដែលកំពុងហូរនេះផង ។ ឥមា តា បោក្ខរណី រម្មា, ចក្កវាកបកូជិតា; មន្ទាលកេហិ សញ្ឆន្នា, បទុមុប្បលកេហិ ច; យស្សិមានិ មមាយិំសុ, កិំ នុ តេ ទិសតំ គតា។ ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាក (សត្វប្រវឹក, ព្រវែក : សត្វចាក្រពាក [ច្រើនប្រើតែក្នុងកាព្យ] ) យំហើយ ដ៏ដេរដាសដោយចង្កុលណី (ឈ្មោះវារិជជាតិមួយប្រភេទ ពួកឈូក, មានកេសរផ្កាច្រើនស្រទាប់, ផ្កាបែកជាខ្នែងតពីគ្នាជាបី ឬជាបួនទៅទៀតក៏មាន) ដោយផ្កាឈូក និងផ្កាឧប្បលនេះផង ពួកជនណា រាប់អាននូវទីទាំងឡាយនេះថាជារបស់អញ អស់ផងទាំងនោះ ទៅកាន់ទិសណាហ្ន៎ ។ តានីធ ខេត្តានិ សោ ភូមិភាគោ, តេយេវ អារាមវនូបចារា; តមេវ មយ្ហំ ជនតំ អបស្សតោ, សុញ្ញំវ មេ នារទ ខាយតេ ទិសា។ ម្នាលនារទៈ ស្រែទាំងឡាយ នៅជាស្រែទាំងនោះដដែល ភូមិភាគនៅជាភូមិភាគដដែល ឧបចារៈនៃសួនច្បារទាំងឡាយ ក៏នៅជាឧបចារៈនោះដដែល តែថាកាលយើងមិនឃើញនូវជនទាំងនោះ ទិសប្រាកដដល់យើង ហាក់ដូចជាសូន្យឈឹង ។ លំដាប់នោះ ព្រះបាទនារទៈពោលថា បពិត្រព្រះសម្មតិទេព ឥឡូវនេះ ជា ៧០០ ឆ្នាំ នៃកាលដែលព្រះអង្គយាងទៅកាន់ទេវលោក ខ្ញុំត្រូវជាចៅជំនាន់ទី ៧ របស់ព្រះអង្គ ឧបដ្ឋាក និងអ្នករស់នៅក្នុងវាំងទាំងឡាយរបស់ព្រះអង្គ បានដល់មាត់នៃសេចក្ដីស្លាប់ នេះជារាជសម្បត្តិក្នុងសម្នាក់របស់ខ្លួនព្រះអង្គ សូមទ្រង់យាងសោយរាជ្យចុះ ។ ព្រះរាជាសាធិនៈ ពោលថា ម្នាលចៅនារទៈ យើងកាលមកក្នុងទីនេះ មិនមែនមកដើម្បីប្រយោជន៍ដល់រាជសម្បត្តិទេ យើងមកក្នុងទីនេះដើម្បីធ្វើបុណ្យ យើងនឹងធ្វើបុណ្យប៉ុណ្ណោះ ដូច្នេះហើយ ទ្រង់ទើបពោលគាថាថា ទិដ្ឋា មយា វិមានានិ, ឱភាសេន្តា ចតុទ្ទិសា; សម្មុខា ទេវរាជស្ស, តិទសានញ្ច សម្មុខា។ វិមានទាំងឡាយ ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺចិញ្ចែងចំពោះមុខទេវរាជផង ចំពោះមុខ ទេវតាជាន់ត្រៃត្រិង្សផង យើងបានឃើញហើយ ។ វុត្ថំ មេ ភវនំ ទិព្យំ, ភុត្តា កាមា អមានុសា; តាវតិំសេសុ ទេវេសុ, សព្ពកាមសមិទ្ធិសុ។ ភពជាទិព្យយើងបាននៅរួចហើយ កាមទាំងឡាយមិនមែនជារបស់មនុស្ស យើងបានបរិភោគរួចហើយក្នុងពួកទេវតាជាន់តាវត្តិង្ស អាចសម្រេចនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងបាន ។ សោហំ ឯតាទិសំ ហិត្វា, បុញ្ញាយម្ហិ ឥធាគតោ; ធម្មមេវ ចរិស្សាមិ, នាហំ រជ្ជេន អត្ថិកោ។ យើងនោះបានលះបង់សម្បត្តិទិព្យប្រាកដដូច្នោះហើយ មកក្នុងទីនេះ ដើម្បីធ្វើបុណ្យ យើងនឹងប្រព្រឹត្តធម៌តែម្យ៉ាង យើងមិនមានសេចក្តីត្រូវការដោយរាជសម្បត្តិទេ ។ អទណ្ឌាវចរំ មគ្គំ, សម្មាសម្ពុទ្ធទេសិតំ; តំ មគ្គំ បដិបជ្ជិស្សំ, យេន គច្ឆន្តិ សុព្ពតា។ ព្រះពុទ្ធទាំងឡាយដែលមានវត្តល្អ ស្តេចយាងទៅតាមផ្លូវណា យើងនឹងដើរទៅតាមផ្លូវនោះ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ជាផ្លូវដែលបុគ្គលមិនមានអាជ្ញាគប្បីត្រាច់ទៅ ។ ព្រះពោធិសត្វពោលគាថាទាំងឡាយនេះ ដាក់ចុះក្នុងសព្វញ្ញុតញ្ញាណ ដោយប្រការយ៉ាងនេះ ។ ព្រះបាទនារទៈពោលទៀតថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គគ្រងរាជសម្បត្តិ ។ ព្រះពោធិសត្វត្រាស់ថា នែចៅ យើងមិនត្រូវការដោយរាជសម្បត្តិ យើងទៅអស់កាល ៧០០ ឆ្នាំ ដូច្នេះយើងប្រាថ្នានឹងឲ្យទានដោយ ៧ ថ្ងៃ ។ ព្រះបាទនារទៈ ទទួលពាក្យរបស់ព្រះរាជានោះថា សាធុ ហើយ ឲ្យគេចាត់ចែងមហាទាន ។ ព្រះរាជាសាធិនៈឲ្យទានអស់ ៧ ថ្ងៃ ក្នុងទី ៧ ទ្រង់ក៏ធ្វើកាលកិរិយា ហើយកើតក្នុងភពត្រៃត្រិង្សនោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់សម្ដែងថា ឈ្មោះថា ឧបោសថកម្ម គឺអ្នកទាំងឡាយគប្បីប្រកបយ៉ាងនេះ ដូច្នេះហើយ ទើបព្រះអង្គប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ បណ្ដាឧបាសកទាំងឡាយដែលប្រកបដោយឧបោសថនោះ ពួកខ្លះតាំងនៅក្នុងសោតាបត្តិផល ពួកខ្លះបានតាំងនៅក្នុងសកទាគាមិផល ពួកខ្លះបានតាំងនៅក្នុងអនាគាមិផល ។តទា នារទរាជា សារិបុត្តោ អហោសិ ព្រះបាទនារទៈក្នុងកាលនោះបានមកជា សារីបុត្រ ។មាតលិ អានន្ទោ ព្រះមាតលីបានមកជាអានន្ទ ។ សក្កោ អនុរុទ្ធោ ស្ដេចសក្កៈបានមកជាអនុរុទ្ធ ។ សាធិនរាជា បន អហមេវ អហោសិំ ចំណែកសាធិនរាជ គឺ តថាគត នេះឯង ។ ចប់ សាធិនរាជជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត បកិណ្ណកនិបាត បិដកលេខ ៦០ ទំព័រ ៤៤) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2914/_________tpic.jpg
Public date : 03, Sep 2022 (10,357 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធបញ្ញាបារមី បានត្រាស់ព្រះធម្ម​ទេសនានេះ មានពាក្យថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ ដូច្នេះជាដើម ។ ក្នុងសាយណ្ហសម័យថ្ងៃមួយ កាលភិក្ខុទាំងឡាយអង្គុយ រងចាំការចេញយាងមក ដើម្បីនឹងសម្ដែងធម៌របស់ព្រះតថាគត ក្នុងធម្មសភា បានពោលសរសើរមហាបញ្ញាបារមីរបស់ព្រះទសពលថា ម្នាលអាវុសោ អស្ចារ្យណាស់ ព្រះសាស្ដាមានមហាបញ្ញា (បញ្ញាច្រើន) មានបុថុបញ្ញា (បញ្ញាក្រាស់) មាន​ហាសបញ្ញា (បញ្ញាផូរផង់) មានជវនបញ្ញា (បញ្ញារហ័ស) មានតិក្ខបញ្ញា (បញ្ញាមុតស្រួច) មាននិព្វេធិក​បញ្ញា (បញ្ញាវាងវៃ) ដល់ព្រមដោយបញ្ញាជាឧបាយក្នុងបញ្ហានោះៗ ក្រាស់ស្មើដូចផែនដី ជ្រៅដូចមហាសមុទ្រ ធំដូចអាកាស បញ្ហាដែលតាំងឡើងសូម្បីក្នុងជម្ពូទ្វីបទាំងមូល ដែលឈ្មោះថា អាចនឹងកន្លងព្រះទសពល រមែងមិនមានឡើយ ។ រលកទាំងឡាយរមែងមិនកន្លងនូវច្រាំងក្នុងមហាសមុទ្រ កាលដល់ច្រាំងហើយតែងបែកខ្ចាយ យ៉ាង​ណា បញ្ហាយ៉ាងណាមួយ រមែងមិនកន្លងនូវព្រះទសពល កាលដល់បាទមូលរបស់ព្រះសាស្ដាហើយ តែង​បែកទៅ ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់​មិញ​នេះ តើអ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ព្រះ​អង្គ​ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ ដែលតថាគតជាអ្នកមានបញ្ញានោះ ​សូម្បីក្នុងកាលមុន ពេលដែលមិនទាន់មានញាណចាស់ក្លា តថាគតក៏ជាអ្នកមានបញ្ញាដែរ សូម្បីតែតថាគតជាមនុស្សងងឹត ក៏អាចដឹងថា រតនៈឈ្មោះនេះ មានក្នុងសមុទ្រឈ្មោះនេះ ត្រង់កន្លែងនេះៗ ដោយការសម្គាល់នូវទឹកក្នុងមហាសមុទ្រ ដូច្នេះហើយ ទ្រង់ក៏នាំអតីតនិទានមកថាៈ ក្នុងអតីតកាល ព្រះរាជាព្រះនាមកុរុ សោយរាជសម្បត្តិក្នុងដែនកុរុ ហើយមានស្រុកដែលជាកំពង់ទូកមួយ ឈ្មោះ កុរុកច្ឆៈ ក្នុងដែនកុរុនោះ ។ ក្នុងគ្រានោះ ព្រះពោធិសត្វបានកើតជាបុត្ររបស់ប្រធាននិយា​មកៈ (អ្នកកាន់ចង្កូតទូក) លោកមានពណ៌សម្បុរដូចមាស គួរជាទីជ្រះថ្លា មាតាបិតាទើបដាក់ឈ្មោះឲ្យ​ថា សុប្បារកកុមារ ។ សុប្បារកកុមារនោះចម្រើនទៅដោយបរិវារដ៏ច្រើន ក្នុងពេលដែលលោកមានអាយុត្រឹ​ម​តែ ១៦ ឆ្នាំ ក៏បានសម្រេចនូវនិយាមកវិជ្ជា (វិជ្ជាបើកបរនាវា) ។ ក្នុងកាលដែលបិតាកន្លងផុតទៅ លោកបានជាប្រធាននិយាមកៈ ហើយធ្វើនិយាមកកម្ម (ការបើកបរនាវា) លោកជាបណ្ឌិតដល់ព្រមដោយបញ្ញា ។ ព្រោះហេតុនោះ ឈ្មោះថាវិបត្តិរបស់អ្នកដែលឡើងទូក ទើបមិនមាន ។ ក្នុងកាលខាងក្រោយមក ភ្នែកទាំង ២ របស់លោកត្រូវទឹកប្រៃប្រហារ ក៏វិនាសទៅ ។ ចាប់តាំងពីពេលនោះមក ព្រះពោធិសត្វមិនបានធ្វើនិយាមកកម្មទៀតឡើយ លោកគ្រាន់តែជាប្រធាននិយាមកៈប៉ុណ្ណោះ ហើយបានចូលគាល់ព្រះរាជាថា ខ្ញុំព្រះអង្គនឹងរស់នៅដោយអាស្រ័យព្រះអង្គ ។ លំដាប់នោះ ព្រះរាជាតាំងទុកព្រះពោធិសត្វនោះក្នុងការងារជាអ្នកវាយតម្លៃ ។ ចាប់តាំងពីពេលនោះមក លោកក៏បានវាយតម្លៃហត្ថិរតន៍ អស្សរតន៍ កែវមុក្ដា កែវមណីជាដើមរបស់ព្រះរាជា ។ ថ្ងៃមួយ មនុស្សទាំងឡាយនាំដំរីមួយ ដែលមានសម្បុរដូចដុំថ្មខ្មៅ ដោយគិតថា នឹងធ្វើជាដំរីមង្គលរបស់ព្រះរាជា ។ ព្រះរាជាទតមើលដំរីនោះហើយ ត្រាស់ថា អ្នកទាំងឡាយចូរឲ្យលោកបណ្ឌិតពិនិត្យចុះ ។ លំដាប់នោះ ពួកមនុស្សទាំងនោះ ក៏បាននាំទៅកាន់សម្នាក់ព្រះពោធិសត្វ ។ សុប្បារកបណ្ឌិតបានស្ទាបអង្អែលសរីរៈរបស់ដំរីនោះដោយដៃ ហើយពោលថា ដំរីនេះមិនសមគួរនឹងជាមង្គលហត្ថីឡើយ ជើងទាំងឡាយនោះខ្លី ព្រោះថា កាលដែលដំរីនេះកើតមក មាតារបស់វាមិនអាចនឹងទទួលដោយចង្កេះ ព្រោះហេតុនោះ កាលជើងវាធ្លាក់ចុះលើផែនដី ជើងខាងក្រោយរបស់វាទើបខ្លី ។ មនុស្សទាំងឡាយបានសួរអ្នកនាំដំរីមក ។ អ្នកនាំដំរីនោះពោលថា លោកបណ្ឌិតពោលពិតហើយ ។ ព្រះរាជាបានស្ដាប់ហេតុនោះហើយ ទ្រង់មានព្រះទ័យត្រេកអរ ហើយប្រទាន ៨ កហាបណៈដល់ព្រះពោធិសត្វ ។ ថ្ងៃស្អែកឡើង មនុស្សទាំងឡាយបាននាំសេះមួយ មកដោយគិតថា សេះនេះនឹងជាសេះមង្គលរបស់ព្រះរាជា ។ ព្រះរាជាបានបញ្ជូនសូម្បីនូវសេះនោះ ទៅកាន់សម្នាក់របស់បណ្ឌិត ។ ព្រះពោធិសត្វក៏បានស្ទាបអង្អែលសូម្បីនូវសេះនោះ ហើយពោលថា សេះនេះមិនប្រកបដើម្បីនឹងជាសេះមង្គលបានឡើយ ព្រោះថា មាតារបស់សេះនេះបានស្លាប់ក្នុងថ្ងៃដែលសេះនេះកើត ព្រោះហេតុនោះ កាលមិនបានទឹកដោះស្រស់របស់មាតា សេះនេះទើបធំធាត់មិនល្អ ។ ពួកមនុស្សដែលនាំសេះនោះមកពោលថា ពាក្យរបស់បណ្ឌិតនោះ ពិតហើយ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ទ្រង់ត្រេកអរ បានឲ្យគេប្រទាន ៨ កហាបណៈ ។ ថ្ងៃមួយទៀត មនុស្សទាំងឡាយបាននាំរថមកដោយគិតថា នឹងធ្វើជាមង្គលរថរបស់ព្រះរាជា ។ ព្រះរាជាបញ្ជូនរថនោះ ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលរថនោះដោយដៃ ហើយពោលថា រថនេះធ្វើដោយឈើប្រហោង ព្រោះហេតុនោះ ទើបមិនសមគួរដល់ព្រះរាជាឡើយ ។ ពួកមនុស្សដែលនាំរថនោះ ពោលថា ពាក្យរបស់លោកបណ្ឌិត ពិតហើយ ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ លំដាប់នោះ មានគេនាំសំពត់កម្ពល ដែលមានតម្លៃថ្លៃមក ។ ព្រះរាជាក៏បានបញ្ជូនសំពត់កម្ពលនោះ ឲ្យដល់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលសំពត់កម្ពលនោះដោយដៃ ហើយពោលថា សំពត់កម្ពលនេះមានប្រហោងមួយដែលត្រូវកណ្ដុរកាត់ ។ មនុស្សទាំងនោះកាលជម្រះបានឃើញប្រហោងនោះទើបក្រាបទូលព្រះរាជា ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ ព្រះពោធិសត្វគិតថា ព្រះរាជានេះបានឃើញភាពអស្ចារ្យទាំងឡាយ សូម្បីដែលមានសភាពយ៉ាងនេះហើយ ឲ្យគេប្រទានទ្រព្យតែ ៨ កហាបណៈប៉ុណ្ណោះ រង្វាន់នេះជារង្វាន់សម្រាប់ជាងកំណោរ (អ្នកកោរកាត់) កំណើតជាងកោរកាត់នឹងមានដល់យើង ដោយការបម្រើព្រះរាជាយ៉ាងនេះឬ យើងនឹងទៅកាន់លំនៅរបស់ខ្លួនវិញ ។ សុប្បារកបណ្ឌិតបានត្រឡប់ទៅកំពង់កុរុកច្ឆៈនោះវិញ ។ កាលព្រះពោធិសត្វនៅក្នុងទីនោះ ពួកពាណិជបានរៀបចំនាវាហើយប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជានិយាមកៈ ទើបមូលមតិគ្នាថា នាវាដែលសុប្បារកបណ្ឌិតឡើងជិះហើយ រមែងមិនលិច លោកគឺជាបណ្ឌិត ជាអ្នកឈ្លាសក្នុងឧបាយ សូម្បីលោកជាមនុស្សខ្វាក់ សុប្បារកបណ្ឌិតប៉ុណ្ណោះដែលប្រសើរ ដូច្នេះហើយ ទើបចូលទៅរកព្រះពោធិសត្វ ហើយពោលថា សូមលោកជានិយាមកៈរបស់ពួកខ្ញុំ កាលព្រះពោធិសត្វពោលថា នែអ្នកទាំងឡាយ យើងជាមនុស្សខ្វាក់ នឹងធ្វើការបើកបរ ដូចម្ដេចបាន ពួកពាណិជពោលថា បពិត្រលោកម្ចាស់ លោកសូម្បីជាមនុស្សខ្វាក់ ក៏ប្រសើរជាងពួកខ្ញុំ ដូច្នេះហើយកាលពួកពាណិជនោះសូមអង្វររឿយៗ ទើបទទួលថា ល្អហើយអ្នកទាំងឡាយ យើងនឹងជានិយាមកៈរបស់ពួកលោក ដោយសញ្ញាដែលពួកលោកប្រាប់ចុះ រួចទើបឡើងនាវារបស់ពាណិជទាំងនោះ ។ ពួកពាណិជបើកបរនាវាទៅកាន់មហាសមុទ្រ ។ នាវាទៅដោយមិនមានឧបទ្ទវៈអស់ ៧ ថ្ងៃ បន្ទាប់ពីនោះ ខ្យល់មិនមែនរដូវកាលបានកើតឡើង នាវាក៏ត្រាច់ទៅលើខ្នងសមុទ្រធម្មតាអស់ ៤ ខែ ទើបដល់សមុទ្រឈ្មោះ ខុរមាលី ។ ក្នុងសមុទ្រនោះ មានហ្វូងត្រីដែលមានសរីរៈដូចមនុស្ស មានច្រមុះស្រួច (ប្រហែលជាទេពមច្ឆា) ធ្វើការផុសឡើង មុជចុះ ក្នុងទឹក ។ ពួកពាណិជឃើញហ្វូងត្រីនោះហើយ កាលសួរនូវឈ្មោះសមុទ្រនោះនឹងព្រះមហាសត្វ ទើបពោលគាថាទី ១ ថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ, មនុស្សា ខុរនាសិកា; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ មនុស្សទាំងឡាយ មានច្រមុះដូចកាំបិតកោរ ងើបមុជ (ក្នុងសមុទ្រនេះ) ពួកយើង សូមសួរលោកឈ្មោះសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វត្រូវពួកពាណិជទាំងនោះសួរហើយ បានប្រៀបធៀបដោយតម្រាអ្នកនាំផ្លូវ រួចទើបពោលគាថាទី ២ ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ខុរមាលីតិ វុច្ចតិ។ កាលសំពៅរបស់ពួកពាណិជ អ្នកសែ្វងរកទ្រព្យចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ខុរមាលី ។ បណ្ដាបទទាំងនោះ បទថា បយាតានំ សេចក្ដីថា កាលចេញពីកំពង់កុរុកច្ឆៈហើយទៅ ។ បទថា ធនេសិនំ សេចក្ដីថា ពួកពាណិជអ្នកសែ្វងរកទ្រព្យ ។ បទថា នាវាយវិប្បនដ្ឋាយ ​សេចក្ដីថា ម្នាលអ្នកទាំងឡាយ កាលនាវារបស់ពួកអ្នកត្រូវកម្មធ្វើឲ្យស្ទុះទៅកាន់ផ្លូវខុស កន្លងហួសបកតិសមុទ្រ (សមុទ្រធម្មតា) ហើយដល់សមុទ្រនេះ សមុទ្រនេះលោកហៅថា ខុរមាលី បណ្ឌិតទាំងឡាយរមែងពោលយ៉ាងនេះ ។ ចំណែកក្នុងសមុទ្រនោះ មានពេជ្រដុះច្រើន ។ ព្រះមហាសត្វគិតថា បើយើងប្រាប់ពាណិជទាំងនោះថា នេះជាវជិរសមុទ្រ ដូច្នេះ ពួកពាណិជនឹងកាន់យកពេជ្រដ៏ច្រើនដោយសេចក្ដីល្មោភ ហើយនឹងញ៉ាំងនាវាឲ្យលិចជាមិនខាន គិតដូច្នេះហើយ លោកទើបមិនប្រាប់ដល់ពាណិជទាំងនោះ ហើយឲ្យពាណិជទាំងនោះបញ្ឈប់នាវា ឲ្យកាន់យកខ្សែមួយដោយឧបាយ ឲ្យបោះសំណាញចុះទៅ ដោយទំនងដូចជាការចាប់ត្រី ហើយស្រង់ដុំពេជ្រឡើងមកដាក់លើនាវា ឲ្យបោះភណ្ឌៈដទៃដែលមិនមានតម្លៃចោល ។ នាវាបានកន្លងផុតនូវសមុទ្រនោះ ហើយទៅកាន់សមុទ្រ ដែលមានឈ្មោះថា អគ្គិមាលី នៅខាងមុខ ។ សមុទ្រនោះកាលបញ្ចេញពន្លឺ បីដូចជា ព្រះអាទិត្យដែលរះកណ្ដាលថ្ងៃ ឬដូចជាគំនរភ្លើងដែលឆេះឡើង ។ ពួកពាណិជបានសួរព្រះពោធិសត្វដោយគាថានេះថា យថា អគ្គីវ សូរិយោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាភ្លើង និងព្រះអាទិត្យ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ចំណែកព្រះមហាសត្វក៏ពោលគាថាដោយមិនមានចន្លោះដល់ពាណិជទាំងនោះថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, អគ្គិមាលីតិ វុច្ចតិ។ កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា អគ្គិមាលី ។ ក្នុងសមុទ្រនេះមានមាសដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកមាសអំពីសមុទ្រនោះ ដោយន័យដូចមុននោះឯង ហើយឲ្យដាក់លើសំពៅ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ ទធិមាលី ដែលមានពន្លឺដូចជាទឹកដោះស្រស់ និងទឹកដោះជូរ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា ទធីវ ខីរំវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាទឹកដោះជូរទឹកដោះស្រស់ ពួកយើងសូមអ្នកសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ទធិមាលីតិ វុច្ចតិ។ កាលសំពៅ របស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ទធិមាលី ។ ក្នុងសមុទ្រនោះមានប្រាក់ដុះច្រើន ។ ព្រះពោធិសត្វក៏បានឲ្យពាណិជទាំងនោះកាន់យកប្រាក់នោះហើយដាក់លើសំពៅ ដោយឧបាយ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ កុសមាលី ដែលមានពណ៌ខៀវ មានពន្លឺដូចស្បូវភ្លាំងពណ៌ខៀវ និងដូចសន្ទូងដែលកំពុងលូតលាស់ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា កុសោវ សស្សោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាស្បូវភ្លាំង និងសំទូង ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, កុសមាលីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា កុសមាលី ។ ក្នុងសមុទ្រនោះមានកែវមណីខៀវដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវមណីនោះហើយដាក់លើសំពៅ ដោយឧបាយនោះឯង ។ សំពៅបានឆ្លងផុត សមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ នឡមាលី ដែលដូចជាព្រៃបបុស និងដូចព្រៃឫស្សី ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា នឡោវ វេឡូវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាបបុស និងឫស្សី ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានពោលប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, នឡមាលីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា នឡមាលី ។ ក្នុងសមុទ្រនោះ មានកែវពព្រុះ ឬពេជ្រភ្នែកឆ្មាដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវពព្រុះ ឬពេជ្រភ្នែកឆ្មានោះហើយដាក់លើសំពៅ ដោយឧបាយ ។ ន័យដទៃទៀត ពាក្យថា បបុស បានដល់ សូម្បីបបុសខ្ទួយ បបុសក្ដាម បបុសនោះ មានពណ៌ក្រហម ។ ពាក្យថា ឫស្សី ជាឈ្មោះនៃកែវប្រពាឡនោះឯង កែវប្រពាឡនោះ និងសមុទ្រដែលមានកែវប្រពាឡដុះ មានពន្លឺពណ៌ក្រហម ព្រោះហេតុនោះ ពួកពាណិជទើបសួរថា ដូចបបុស ដូចឫស្សី យ៉ាងណា ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវប្រពាឡអំពីសមុទ្រនោះ ។ ពួកពាណិជកាលកន្លងសមុទ្រនឡមាលី ក៏បានឃើញសមុទ្រឈ្មោះ ពលវាមុខី ។ ទឹកក្នុងសមុទ្រនោះ កួចហើយៗ ខ្ពុរឡើងលើដោយចំណែកជុំវិញ ។ ទឹកដែលខ្ពុរឡើងដោយចំណែកជុំវិញក្នុងសមុទ្រនោះ ប្រាកដដូចអន្លង់ធំ ដែលត្រូវទឹកជ្រោះទម្លុះដោយជុំវិញ កាលរលកទឹកខ្ពុរឡើង ប្រាកដដូចអន្លង់ទឹកតែមួយ សំឡេងដែលគួរឲ្យភ័យខ្លាចបានកើតឡើង ហាក់បីដូចជាទម្លាយនូវត្រចៀក និងដូចជាបំបែក​បេះដូង ​។ ពួកពាណិជបានឃើញសមុទ្រនោះហើយ មានសេចក្ដីភិតភ័យ ទើបសួរឈ្មោះសមុទ្រនោះដោយគាថានេះថា មហព្ភយោ ភិំសនកោ, សទ្ទោ សុយ្យតិមានុសោ; យថា សោព្ភោ បបាតោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សំឡេងរបស់អមនុស្ស គួរឲ្យភ័យខ្លាំង គួរឲ្យស្បើម ដែលពួកយើងបានឮជាក់ សមុទ្រដែលបា្រកដចំពោះមុខ ហាក់ដូចជារណ្តៅ និងជ្រោះ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ បណ្ដាបទទាំងនោះ បទថា សុយ្យតិមានុសោ សេចក្ដីថា សំឡេងដែលស្ដាប់ជាសំឡេងអមនុស្ស ។ ព្រះពោធិសត្វបានប្រាប់ឈ្មោះសមុទ្រនោះដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ពលវាមុខីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ពលវាមុខី ។ ដូច្នេះហើយលោកទើបពោលទៀតថា នែអ្នកទាំងឡាយ សំពៅដែលដល់សមុទ្រ ពលវាមុខីនេះហើយ ឈ្មោះថាសំពៅដែលអាចនឹងត្រឡប់ទៅវិញ រមែងមិនមាន សមុទ្រនេះនឹងញ៉ាំងសំពៅដែលបរមកដល់ហើយឲ្យលិចចុះ ធ្វើឲ្យដល់សេចក្ដីវិនាស ។ ក៏ក្នុងសំពៅនោះមានមនុស្ស ៧០០ នាក់ឡើងជិះ ។ ពួកមនុស្សទាំងអស់ មានការភ័យខ្លាចចំពោះសេចក្ដីស្លាប់ នាំគ្នាបញ្ចេញសំឡេង ដែលគួរឲ្យអាណិតដោយសំឡេងតែមួយ ហាក់ដូចជាសត្វទាំងឡាយដែលត្រូវចម្អិនក្នុងអវីចិនរក ។ ព្រះមហាសត្វគិតថា វៀរចាកយើងហើយ មនុស្សដទៃដែលអាចធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ រមែងមិនមាន យើងនឹងធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ ដោយសច្ចកិរិយា ដូច្នេះហើយ ទើបហៅមនុស្សទាំងនោះហើយពោលថា នែអ្នកទាំងឡាយ ពួកលោកចូរឲ្យយើងងូតដោយទឹកក្រអូប ឲ្យយើងស្លៀកសំពត់ថ្មី ចូររៀបចំភាជនៈទឹក ហើយតម្កល់នៅនឹងក្បាលសំពៅ ដោយប្រញាប់ ។ មនុស្សទាំងនោះបានធ្វើយ៉ាងនោះ ដោយរហ័ស ។ ព្រះមហាសត្វកាន់ភាជនៈទឹកដោយដៃទាំងពីរ ឈរនៅនឹងក្បាលសំពៅ កាលនឹងធ្វើសច្ចកិរិយា ទើបពោលគាថាចុងក្រោយថា យតោ សរាមិ អត្តានំ, យតោ បត្តោស្មិ វិញ្ញុតំ; នាភិជានាមិ សញ្ចិច្ច, ឯកបាណម្បិ ហិំសិតំ; ឯតេន សច្ចវជ្ជេន, សោត្ថិំ នាវា និវត្តតុ។ តាំងពីកាលដែលខ្ញុំរលឹកឃើញនូវខ្លួន តាំងពីកាលដែលខ្ញុំដល់នូវភាពជាអ្នកដឹងក្តី ខ្ញុំមិនចេះក្លែង ដើម្បីបៀតបៀនសត្វ សូម្បីតែមួយឡើយ សូមឲ្យសំពៅត្រឡប់ទៅកាន់ទីមាន សួស្តី ដោយការពោលពាក្យសច្ចៈនេះចុះ ។ បណ្ដាបទទាំងនោះ បទថា យតោ (តាំងពី) សេចក្ដីថា ខ្ញុំរលឹកនូវខ្លួនចាប់តាំងពីកាលណា អធិប្បាយថា ខ្ញុំដល់ការដឹងខ្លួនចាប់តាំងពីកាលណា ។ បទថា ឯកបាណម្បិហិំសិតំ (បៀតបៀនសត្វ សូម្បីតែមួយ) សេចក្ដីថា ក្នុងរវាងនេះ ខ្ញុំមិនដឹងនូវភាពដែលខ្លួនបានបៀតបៀន សូម្បីសត្វមានស្រមោចក្រហមត្រឹមតែមួយ ដោយការក្លែងឡើយ ។ ពាក្យនេះគ្រាន់តែជាប្រមាណនៃទេសនាប៉ុណ្ណោះ ចំណែកព្រះពោធិសត្វ ក៏បានធ្វើសច្ចកិរិយាដោយអំណាចនៃសីលទាំង ៥ យ៉ាងនេះថា វត្ថុជារបស់អ្នកដទៃសូម្បីត្រឹមតែស្មៅមួយ ក៏យើងមិនដែលកាន់យកដែរ, ប្រពន្ធអ្នកដទៃ ក៏មិនធ្លាប់សម្លឹងមើលដោយអំណាចនៃលោភៈ, មុសាវាទ ក៏យើងមិនធ្លាប់ពោលដែរ, យើងមិនធ្លាប់ផឹកទឹកស្រវឹងសូម្បីដោយចុងស្មៅ កាលព្រះពោធិសត្វធ្វើសច្ចកិរិយាហើយ ក៏ស្រោចទឹកក្នុងភាជនៈទៅលើក្បាលសំពៅ ។ សំពៅដែលបរខុសផ្លូវអស់ ៤ ខែនោះ ក៏ត្រឡប់ ហើយទៅដល់កំពង់កុរុកច្ឆៈត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយអំណាចនៃពាក្យសច្ចៈ ហាក់បីដូចជា អ្នកមានឫទ្ធិបណ្ដាល ។ គ្រាទៅដល់ហើយ សំពៅក៏ស្ទុះទៅកាន់ដីគោកប្រមាណ ៨ ឧសភៈ (៤០០ម៉ែត្រ) ហើយឈប់នៅត្រង់ទ្វារផ្ទះរបស់នាវិកពោធិសត្វ ។ ព្រះមហាសត្វឲ្យគេបែងចែកមាស ប្រាក់ កែវមណី កែវប្រពាឡ កែវមុក្ដា ពេជ្រហើយឲ្យដល់ពាណិជទាំងនោះ ។ ព្រះពោធិស្វបានឲ្យឱវាទដល់ពាណិជទាំងនោះថា រតនៈប៉ុណ្ណេះក៏ល្មមដល់អ្នកទាំងឡាយហើយ ពួកអ្នកចូរកុំចុះសមុទ្រទៀត ដូច្នេះហើយ កាលធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមរហូតអស់ជីវិត ក៏បានកើតក្នុងទេវបុរី ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតក៏ជាអ្នកមានបញ្ញាច្រើនយ៉ាងនេះ ហើយព្រះអង្គប្រជុំជាតកថា តទា បរិសា ពុទ្ធបរិសា អហេសុំ បរិស័ទក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ។ សុប្បារកបណ្ឌិតោ បន អហមេវ អហោសិំ ចំណែកសុប្បារកបណ្ឌិត គឺ តថាគត នេះឯង ។ ចប់ សុប្បារកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៣៣) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2940/___________________________________________________.jpg
Public date : 03, Sep 2022 (4,147 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧភយំ មេ ន ខមតិ ដូច្នេះជាដើម ។ ព្រះសាស្ដាកាលសម្ដែង (ទោសរបស់មាតុគ្រាម) ទើបត្រាស់ថា ធម្មតាមាតុគ្រាម ជារបស់ដែលគេរក្សាមិនបាន តែងធ្វើបាបកម្ម ហើយបញ្ឆោតស្វាមីដោយឧបាយកលយ៉ាងណាមួយ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី (ក្នុងកាលនោះ) ព្រះពោធិសត្វកើតក្នុងត្រកូលគហបតី ក្នុងដែលកាសី កាលចម្រើនវ័យធំហើយ ក៏កាន់យកភាពជាឃរាវាស ។ ភរិយារបស់ព្រះពោធិសត្វនោះជាស្ត្រីទ្រុស្តសីល បានប្រព្រឹត្តអនាចារ (ការប្រព្រឹត្តខុសបែបបទប្រពៃណី) មួយអន្លើដោយគាមភោជក (មេស្រុក) ។ ព្រះពោធិសត្វបានដឹងរឿងនោះ កាលនឹងតាមដានចាប់ ទើបប្រព្រឹត្ត (ដូចជាគ្មានរឿងអ្វី) ។ ក្នុងគ្រានោះ ក្នុងកាលខាងចុងនៃរដូវភ្លៀង កាលពូជទាំងឡាយត្រូវនាំចេញទៅ ជាកាលនៃសេចក្ដីស្រែកឃ្លាន ជាកាលដែលសន្ទូងកាន់យកគភ៌ ។ អ្នកស្រុកទាំងអស់រួមគ្នាកាន់យកគោចាស់មួយអំពីដៃរបស់មេស្រុក មកបរិភោគដោយពោលថា ចាប់ពីពេលនេះទៅ ២ ខែទៀត ពួកយើងច្រូតកាត់ហើយ នឹងឲ្យស្រូវដល់លោក ។ ក្នុងថ្ងៃមួយ មេស្រុកសម្លឹងមើលឱកាស ពេលដែលព្រះពោធិសត្វចេញទៅក្រៅ គាត់ក៏ចូលមកផ្ទះរបស់ព្រះពោធិសត្វ ។ ក្នុងខណៈដែលអ្នកទាំងពីរកំពុងដេកជាសុខនោះឯង ព្រះពោធិសត្វចូលមកតាមទ្វារស្រុក បែរមុខមកកាន់ផ្ទះ រួចដើរទៅ ។ ស្ត្រីនោះ បែរមុខទៅកាន់ទ្វារស្រុក ក៏ឃើញព្រះពោធិសត្វ គិតថា នោះជាអ្នកណា ហើយក្រោកឈរត្រង់ធរណីទ្វារ បានដឹងថា ជាព្រះពោធិសត្វ ដូច្នេះហើយ ទើបប្រាប់ដល់មេស្រុក មេស្រុកភិតភ័យនឹងញ័រខ្លួន ។ លំដាប់នោះ នាងប្រាប់គាត់ថា លោកកុំភ័យអី ខ្ញុំមានឧបាយមួយ កាលមុន ពួកយើងបានបរិភោគសាម់គោអំពីដៃរបស់លោក លោកចូរធ្វើហាក់ដូចជាមកទាមទារតម្លៃនៃសាច់ ហើយខ្ញុំចូលកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ចំណែកលោកឋិតនៅកណ្ដាលផ្ទះហើយពោលទាររឿយៗថា ក្មេងក្នុងផ្ទះរបស់យើងឃ្លានហើយ ចូរឲ្យតម្លៃសាច់ រួចខ្ញុំទើបពោលថា មិនមានស្រូវ ដូច្នេះហើយ នាងក៏ចូលក្នុងជង្រុក ហើយអង្គុយនៅត្រង់ទ្វារជង្រុក ។ ចំណែកមេស្រុកឈរនៅកណ្ដាលផ្ទះពោលថា ចូរឲ្យតម្លៃសាច់ ។ នាងដែលអង្គុយត្រង់ទ្វារ ជង្រុកពោលថា ស្រូវមិនមានក្នុងជង្រុក កាលច្រូតហើយ ខ្ញុំនឹងឲ្យ លោកចូទៅសិនចុះ ។ ព្រះពោធិសត្វចូលផ្ទះហើយ ឃើញកិរិយារបស់អ្នកទាំងពីរនោះ ដឹងថា នេះជាឧបាយកលរបស់ស្រីអាក្រក់នេះ ដូច្នេះហើយ ក៏ហៅមេស្រុក រួចពោលថា នែមេស្រុក កាលយើងបរិភោគសាច់គោចាស់របស់លោក យើងបានពោលថា ចាប់ពីពេលនេះទៅ ពីរខែទៀត យើងនឹងឲ្យស្រូវ ឥឡូវនេះ មិនទាន់បានកន្លងកន្លះខែផង ព្រោះហេតុអ្វី បានជាលោកមកទារស្រូវ លោកមិនមែនមកដោយហេតុនេះទេ ប្រាកដជាមកដោយហេតុដទៃ យើងមិនពេញចិត្តនឹងកិរិយារបស់លោក ចំណែកស្រីនេះ ជាអ្នកប្រព្រឹត្តអនាចារ មានធម៌ដ៏លាមក ដឹងហើយថា ស្រូវមិនមានក្នុងជង្រុក ឥឡូវនេះ នាងចូលក្នុងជង្រុក ហើយពោលថា ស្រូវមិនមាន ហើយលោកពោលថា ចូរឲ្យ យើងមិនពេញចិត្តនឹងអំពើរបស់អ្នកទាំងពីរឡើយ ដូច្នេះហើយ កាលប្រកាសសេចក្ដីនោះ ទើបពោលគាថាទាំងនេះថា ឧភយំ មេ ន ខមតិ, ឧភយំ មេ ន រុច្ចតិ; យាចាយំ កោដ្ឋមោតិណ្ណា, នទស្សំ ឥតិ ភាសតិ។ ហេតុទាំងពីរយ៉ាងមិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុកហើយនិយាយថា ខ្ញុំមិនសងដូច្នេះ ។ តំ តំ គាមបតិ ព្រូមិ, កទរេ អប្បស្មិ ជីវិតេ; ទ្វេ មាសេ សង្គរំ កត្វា, មំសំ ជរគ្គវំ កិសំ; អប្បត្តកាលេ ចោទេសិ, តម្បិ មយ្ហំ ន រុច្ចតិ។ ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើងនិយាយនឹងអ្នក កាលបើជីវិតលំបាកតិច (ប្រព្រឹត្តទៅយ៉ាងនេះ កាលយើងកាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់ស្គមហើយធ្វើនូវការកំណត់ពីរខែ ឥឡូវនេះ មកតឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះ យើងមិនពេញចិត្តឡើយ ។ បណ្ដាបទទាំងនោះ បទថា តំ តំ គាមបតិ ព្រូមិ សេចក្ដីថា នែអ្នកជាប្រធាននៃស្រុក ព្រោះហេតុនោះ យើងសូមពោលនឹងលោក ។ បទថា កទរេ អប្បស្មិ ជីវិតេ សេចក្ដីថា ធម្មតាជីវិតរបស់យើងលំបាក ស្វិតស្វាញ សៅហ្មង ត្រដាប​ត្រដួសផង តិចតួច ស្ដួចស្ដើងផង ជីវិតរបស់យើងប្រព្រឹត្តក្នុងសភាពបែបនេះ ។ បទថា ទ្វេ មាសេ សង្គរំ កត្វា, មំសំជរគ្គវំ កិសំ សេចក្ដីថា កាលយើងកាន់យកសាច់ អ្នកក៏ឲ្យគោចាស់ គឺគោយ៉ាងកញ្ចាស់ ស្គម ខ្សោយគ្មានកម្លាំង ហើយធ្វើការកំណត់ពេលសងតម្លៃអស់ ២ ខែថា កន្លងទៅ ២ ខែ គប្បីសងតម្លៃ ។ បទថា អប្បត្តកាលេ ចោទេសិ សេចក្ដីថា កាលមិនទាន់ដល់វេលា អ្នកក៏មកទារ ។ បទថា តម្បិ មយ្ហំ ន រុច្ចតិ សេចក្ដីថា ចំណែកស្រីអាក្រក់មានធម៌ដ៏លាមក ទ្រុស្តសីលនេះ កាលដឹងថា ស្រូវមិនមានក្នុង​ជង្រុកហើយ ធ្វើដូចជាមិនដឹង ចុះកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ហើយពោលថា ខ្ញុំមិនឲ្យដូច្នេះ អ្នកទាមទារខុសកាល ហេតុទាំងពីរនេះ យើងមិនពេញចិត្តទេ ។ ព្រះពោធិសត្វកាលពោលយ៉ាងនេះហើយ ក៏ចាប់សក់មេស្រុកនោះទាញឲ្យដួលនៅកណ្ដាលផ្ទះ ហើយជេរប្រទេចដោយពាក្យជាដើមថា អ្នកឯងហ៊ានប្រទូស្តនឹងភរិយាដែលគេគ្រប់គ្រងរក្សា ដោយសម្គាល់ថា យើងជាមេស្រុក ដូច្នេះហើយ ព្រះពោធិសត្វក៏វាយមេស្រុក ធ្វើឲ្យខ្សោយ រួចចាប់កអូសបណ្ដេញចេញអំពីផ្ទះ ហើយមកចាប់សក់ស្រីអាក្រក់នោះអូសចេញពីជង្រុក វាយគម្រាមថា ប្រសិនបើនាងធ្វើបែបនេះទៀត នាងនឹងបានដឹងខ្លួន ។ ចាប់ពីពេលនោះមក មេស្រុកមិនហ៊ានសូម្បីតែសម្លឹងផ្ទះនោះ សូម្បីស្រីអាក្រក់នោះ ក៏មិនអាចនឹងប្រព្រឹត្តកន្លង សូម្បីដោយចិត្ត ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា គាមភោជកោ ទេវទត្តោ មេស្រុកក្នុងកាលនោះ បានមកជាទេវទត្ត និគ្គហការកោ គហបតិ បន អហមេវ អហោសិំ គហបតីដែលសង្កត់សង្កិនមេស្រុក គឺតថាគតនេះឯង ។ គហបតិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ បិដកលេខ ៥៨ ទំព័រ ៩៩) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2938/zaxtpic.jpg
Public date : 03, Sep 2022 (6,701 Read)
ព្រះសាស្ដាកាលសេ្ដចគង់នៅជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥទានិ ខោម្ហិ ដូច្នេះជាដើម ។ រឿងនៃសេចក្ដីល្មោភរបស់ភិក្ខុនោះមានពិស្ដារជាច្រើនហើយ ។ ចំណែកព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? លោលភិក្ខុទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយបានដល់នូវការអស់ជីវិត ព្រោះភាពជាមនុស្សល្មោភ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប អាស្រ័យនៅនឹងកំប្រោងក្នុងរោងបាយ របស់សេដ្ឋីក្រុងពារាណសី ។ លំដាប់នោះ មានក្អែកមួយ ជាសត្វលោភនឹងត្រីនិងសាច់ បានធ្វើមេត្រីភាពជាមួយនឹងព្រាបពោធិសត្វនោះ ហើយនៅក្នុងទីនោះដែរ ។ ថ្ងៃមួយ ក្អែកនោះឃើញត្រីនិងសាច់ជាច្រើន គិតថា យើងបរិភោគត្រីនិងសាច់នេះ ដូច្នេះហើយ ទើបដេកដកដង្ហើមធំក្នុងកំប្រោងនោះឯង ។ កាលដល់វេលាស្វែងរកចំណី ព្រាបពោលនឹងក្អែកនោះថា នែសម្លាញ់ ចូរមក យើងនឹងទៅរកចំណី ។ ក្អែកពោលថា ខ្ញុំឈឺពោះ សូមដេកហើយ អ្នកចូរទៅចុះ ។ កាលព្រាបពោធិសត្វទៅហើយ ក្អែកគិតថា បច្ចាមិត្តជាសត្រូវរបស់យើងទៅហើយ ឥឡូវនេះ យើងនឹងបរិភោគត្រីនិងសាច់តាមសេចក្ដីប្រាថ្នា ដូច្នេះហើយ ទើបពោលគាថាទី ១ ថា ឥទានិ ខោម្ហិ សុខិតោ អរោគោ, និក្កណ្ដកោ និប្បតិតោ កបោតោ; កាហាមិ ទានី ហទយស្ស តុដ្ឋិំ, តថា ហិ មំ មំសសាកំ ពលេតិ។ ឥឡូវនេះ អញបានសុខ មិនមានរោគ មិនមានសត្រូវដូចបន្លា (ព្រោះ) ព្រាបហើរចេញទៅហើយ ឥឡូវនេះ អញនឹងធ្វើនូវសេចក្តីត្រេកអរនៃចិត្ត ព្រោះថាសាច់ និងអន្លក់ រមែងញ៉ាំងអញ ឲ្យមានកម្លាំង ។ បណ្ដាបទទាំងនោះ បទថា និប្បតិតោ សេចក្ដីថា ចេញទៅហើយ ។ បទថាកបោតោ បានដល់ បារាវតៈ សត្វព្រាប ។ បទថា កាហាមិ ទានី សេចក្ដីថា ឥឡូវនេះ យើងនឹងធ្វើ ។ បទថា តថា ហិ មំ មំសសាកំ ពលេតិ សេចក្ដីថា ពិតមែន សាច់ និងអន្លក់ដ៏សេសរមែងធ្វើកម្លាំងដល់យើង ដោយពិត អធិប្បាយថា សាច់និងអន្លក់រមែងធ្វើឧស្សាហៈដល់យើង ហាក់ដូចជានិយាយថា ចូរក្រោកឡើងបរិភោគចុះ ។ ក្នុងកាលដែលចុងភៅចម្អិនត្រីនិងសាច់ហើយ ចេញពីរោងបាយ ដើម្បីឲ្យញើសហូរចេញពីសរីរៈ ក្អែកនោះ ក៏ពួនសម្ងំនៅនឹងភាជនៈអាហារ ធ្វើសំឡេងឲ្យលាន់ឮថា កិរិ កិរិ ។ នាយចុងភៅមកដោយរហ័ស ចាប់ក្អែកដកស្លាបទាំងអស់ ហើយកុកខ្ញីនិងម្ទេសស្រស់ជាមួយនឹងគ្រាប់ស្ពៃ ច្របល់ដោយទឹកដោះជូរនិងខ្ទឹម រួចលាបសរីរៈទាំងអស់ ត្រដុសចាក់នឹងដុំក្រួស ចងកក្អែកនោះដោយអំបោះ ហើយបោះទៅក្នុងកំប្រោង រួចក៏ចេញទៅ ។ ព្រាបមកហើយ ឃើញក្អែកនោះ កាលសើចចំអក ទើបពោលថា កុកនោះដូចម្ដេច មកដេកក្នុងកំប្រោងរបស់សម្លាញ់នៃយើង សម្លាញ់របស់យើងនោះកាចណាស់ គេមកហើយនឹងគប្បីសម្លាប់អ្នក ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា កាយំ ពលាកា សិខិនី, ចោរី លង្ឃិបិតាមហា; ឱរំ ពលាកេ អាគច្ឆ, ចណ្ឌោ មេ វាយសោ សខា។ នេះជាកុកអ្វី ជាសត្វមានកំប៉ោយ ជាចោរ មានមេឃជាបិតា នែនាងកុក នាងចូរមកខាងអាយ ក្អែកជាសម្លាញ់របស់ខ្ញុំកាច ។ គាថានោះ មានសេចក្ដីដូចដែលពោលហើយក្នុងខាងក្រោយនោះឯង ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា អលញ្ហិ តេ ជគ្ឃិតាយេ, មមំ ទិស្វាន ឯទិសំ; វិលូនំ សូទបុត្តេន, បិដ្ឋមណ្ឌេន មក្ខិតំ។ អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ (ដល់នូវសេចក្តីទុក្ខ) យ៉ាងនេះ ដែលត្រូវកូនអ្នកគ្រួ ដកស្លាបប្រឡាក់ដោយម្សៅម៉ត់ ។ បណ្ដាបទទាំងនោះ បទថា អលំ នេះ ជានិបាតចុះក្នុងអត្ថបដិសេធ ។ បទថាជគ្ឃិតាយេ សេចក្ដីថា សើច ។ ក្អែកពោលថា ឥឡូវនេះ លោកឃើញខ្ញុំដែលដល់សេចក្ដីទុក្ខបែបនេះហើយ កុំសើចអី សូមលោកកុំធ្វើការសើចចំអកក្នុងកាលនេះឡើយ ។ ព្រាបនោះកាលនឹងសើចចំអក ទើបពោលគាថាទី ៤ ទៀតថា សុន្ហាតោ សុវិលិត្តោសិ, អន្នបានេន តប្បិតោ; កណ្ឋេ ច តេ វេឡុរិយោ, អគមា នុ កជង្គលំ។ អ្នកមានខ្លួនងូតស្អាត ស្រលាបដោយល្អ ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក អ្នកមានកែវពៃទូរ្យព្ធដ៏ក នឹងទៅកាន់នគរកជង្គលៈឬ ។ បណ្ដាបទទាំងនោះ បទថា កណ្ឋេ ច តេ វេឡុរិយោ នេះ ព្រាបសំដៅយកអំបែងនោះ ពោលថា សូម្បីកែវពៃទូរ្យនិងកែវមណីដែលលោកប្រដាប់ត្រង់ក លោកមិនបានសម្ដែងដល់យើងអស់កាលប្រមាណប៉ុណ្ណេះ ។ បទថា កជង្គលំ សេចក្ដីថា ក្រុងពារាណសីនោះឯង ព្រាបពោលថា កជង្គលៈ ក្នុងទីនេះ ។ ព្រាបសួរថា លោកចេញអំពីទីនេះ នឹងទៅខាងក្នុងនគរឬ ។ លំដាប់នោះ ក្អែកក៏ពោលគាថាទី ៥ ថា មា តេ មិត្តោ អមិត្តោ វា, អគមាសិ កជង្គលំ; បិញ្ឆានិ តត្ថ លាយិត្វា, កណ្ឋេ ពន្ធន្តិ វដ្ដនំ។ សត្វជាមិត្ត ឬជាសត្រូវរបស់អ្នក កុំទៅកាន់នគរកជង្គលៈឡើយ ពួកជនក្នុងនគរនោះ បានបោចរោមហើយចងប្រឡៅត្រង់ក ។ បណ្ដាបទទាំងនោះ បទថា បិញ្ឆានិ បានដល់ ស្លាប ។ បទថា តត្ថ លាយិត្វា សេចក្ដីថា មនុស្សក្នុងនគរពារាណីនោះ ដកហើយ ។ បទថា វដ្ដនំ បានដល់ ក្បឿង ។ ព្រាបស្ដាប់ពាក្យនោះហើយ ពោលគាថាចុងក្រោយថា បុនបាបជ្ជសី សម្ម, សីលញ្ហិ តវ តាទិសំ; ន ហិ មានុសកា ភោគា, សុភុញ្ជា ហោន្តិ បក្ខិនា។ ម្នាលសម្លាញ់ អ្នកនឹងដល់នូវអំពើយ៉ាងនេះទៀត ព្រោះមារយាទរបស់អ្នកតែយ៉ាងហ្នឹង ភោគៈទាំងឡាយរបស់មនុស្ស មិនមែងសត្វស្លាប បរិភោគបានទេ ។ បណ្ដាបទទាំងនោះ បទថា បុនបាបជ្ជសី សេចក្ដីថា អ្នកនឹងដល់សេចក្ដីទុក្ខបែបនេះទៀត ។ បើសីលមារយាទរបស់អ្នកនៅតែបែបនេះ ។ ព្រាបពោធិសត្វឲ្យឱវាទ ដល់ក្អែកយ៉ាងនេះហើយ មិនអាចនឹងនៅក្នុងទីនោះទៀត ទើបទទះស្លាប ហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏ដល់នូវការអស់ជីវិតក្នុងទីនោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលទីបញ្ចប់នៃសច្ចៈ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។ តទា លោលកាកោ លោលភិក្ខុ អហោសិ ក្អែកលោ្មភក្នុងកាលនោះ បានមកជាលោលភិក្ខុ កបោតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគត នេះឯង ។ ចប់ កបោតកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត អឌ្ឍវគ្គ បិដកលេខ ៥៩ ទំព័រ ៣២) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2941/nhyic.jpg
Public date : 03, Sep 2022 (4,890 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ទុព្វចភិក្ខុមួយរូប បានត្រាស់ព្រះធម្ម-ទេសនានេះមានពាក្យថា បរិសង្កុបថោ នាម ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះជាកុលបុត្រមួយរូប សូម្បីបួសក្នុងសាសនាដែលដឹកនាំឲ្យរួចផុតចាកទុក្ខហើយ កាលអាចារ្យ ឧបជ្ឈាយ៍ និងសព្រហ្មចារីទាំងឡាយដែលជាអ្នកប្រាថ្នាប្រយោជន៍ពោលប្រៀនប្រដៅថា លោកគប្បីឈានទៅយ៉ាងនេះ គប្បីថយត្រឡប់យ៉ាងនេះ គប្បីសម្លឹងមើលយ៉ាងនេះ គប្បីមៀងមើលយ៉ាងនេះ គប្បីដាក់ដៃជើងយ៉ាងនេះ គប្បីលាតលាយ៉ាងនេះ គប្បីស្លៀកយ៉ាងនេះ គប្បីដណ្ដប់យ៉ាងនេះ គប្បីកាន់បាត្រយ៉ាងនេះ គប្បីទទួលភត្តតែល្មមមួយចម្អែត ត្រូវពិចារណាហើយសឹមបរិភោគ គប្បីជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ គប្បីដឹងប្រមាណក្នុងភោជន គប្បីប្រកបដោយសេចក្ដីភ្ញាក់រលឹក គប្បីដឹងថា នេះជាអាគន្តុកវត្ត នេះជាគមិកវត្ត ទាំងនេះជាខន្ធកវត្ត ១៤ ទាំងនេះជាមហាវត្ត ៨០ លោកគប្បីប្រព្រឹត្តឲ្យល្អក្នុងវត្តទាំងនោះ គប្បីសមាទានធុតង្គគុណ ១៣ ដូច្នេះ ភិក្ខុនោះជាអ្នកដែលគេប្រដៅក្រ មិនអត់ធន់នឹងឱវាទ មិនកាន់យកពាក្យប្រៀនប្រដៅជាចំណែកខាងស្ដាំ មិនធ្វើតាមពាក្យទូន្មាន ។ លោកពោលត្រឡប់ថា ខ្ញុំមិនពោលនឹងលោក ព្រោះហេតុអ្វី លោកទាំងឡាយទើបពោលនឹងខ្ញុំ ខ្ញុំប៉ុណ្ណោះដឹងអំពើជាប្រយោន៍ និងមិនជាប្រយោជន៍ដែលជារបស់ខ្លួនហើយ ដូច្នេះទើបធ្វើខ្លួនឲ្យជាអ្នកដែលគេពោលស្ដីថាមិនបាន ។ លំដាប់នោះ ភិក្ខុទាំងឡាយដឹងភាពជាអ្នកប្រដៅក្ររបស់ភិក្ខុនោះហើយ ទើបអង្គុយពោលពាក្យមិនជាគុណរបស់ភិក្ខុនោះក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គក៏ឲ្យហៅភិក្ខុនោះមក ហើយសួរបញ្ជាក់ថា ម្នាលភិក្ខុ បានឮថា អ្នកជាបុគ្គលប្រដៅក្រ ពិតមែនឬ ? ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះទសពលត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី ដែលអ្នកបានបួសក្នុងនិយ្យានិកសាសនានេះហើយ មិនធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចឹង សូម្បីក្នុងកាលមុន អ្នកក៏មិនធ្វើតាមពាក្យបណ្ឌិតទាំងឡាយ បានក្លាយជាលម្អិតតូចធំ ក្នុងមាត់ខ្យល់វេរម្ភៈ យ៉ាងនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត លើភ្នំគិជ្ឈកូដ ។ កូនរបស់ព្រះពោធិសត្វនោះជាស្ដេចត្មាតមានឈ្មោះថា សុបត្តៈ មានត្មាតច្រើនពាន់ជាបរិវារ ជាអ្នកដល់ព្រមដោយកម្លាំង ។ សុបត្តត្មាតនោះចិញ្ចឹមមាតាបិតា ព្រោះជាអ្នកមានកម្លាំងខ្លាំង ទើបហើរទីកាន់ទីដ៏សែនឆ្ងាយ ។ លំដាប់នោះ ត្មាតជាបិតាពោលប្រៀនប្រដៅគេថា នែកូន អ្នកកន្លងឋានប្រមាណប៉ុណ្ណេះហើយ មិនគប្បីទៅទៀតឡើយ ។ ស្ដេចត្មាតសុបត្តៈនោះសូម្បីពោលថា ល្អហើយ ក៏ដោយ តែថ្ងៃមួយ កាលភ្លៀងបង្អុរចុះ ស្ដេចត្មាតនោះហើរទៅជាមួយនឹងត្មាតទាំងឡាយ ហើយបានលះបង់ត្មាតដ៏សេស ហើរទៅកាន់ទីដ៏ខ្ពស់ ក៏ដល់មាត់ខ្យល់វេរម្ភៈ (ត្រូវខ្យល់វេរម្ភៈបោកបក់កម្ទេច) បានដល់នូវភាពជាលម្អិតតូចធំ ។ ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទើបត្រាស់អភិសម្ពុទ្ធគាថាទាំងឡាយនេះថា បរិសង្កុបថោ នាម, គិជ្ឈបន្ថោ សនន្តនោ; តត្រាសិ មាតាបិតរោ, គិជ្ឈោ បោសេសិ ជិណ្ណកេ; តេសំ អជគរមេទំ, អច្ចហាសិ ពហុត្តសោ។ មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះបរិសង្កុបថៈ ជាផ្លូវមានមក តាំងអំពីបុរាណ ត្មាតមួយចិញ្ចឹមមាតាបិតា ដែលចាស់ជរា នៅក្នុងផ្លូវនោះ ត្មាតនោះ បានទៅនាំយកកន្សោមខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹមមាតាបិតាទាំងនោះ ដោយច្រើន ។ បិតា ច បុត្តំ អវច, ជានំ ឧច្ចំ បបាតិនំ; សុបត្តំ ថាមសម្បន្នំ, តេជស្សិំ ទូរគាមិនំ។ ចំណែកត្មាតជាបិតា កាលបើដឹងថា ត្មាតឈ្មោះសុបត្តៈ ជាកូន មានស្លាបបរិបូណ៌ មានតេជះ ហើរទៅកាន់ទីខ្ពស់ ទាំងហើរទៅកាន់ទីឆ្ងាយបាន ក៏និយាយដាស់តឿន ។ បរិប្លវន្តំ បថវិំ, យទា តាត វិជានហិ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជាស្លឹកឈូក) មានសាគរព័ទ្ធជុំវិញមូលដូចកង់ វេលាណាហើយ នែបា ចូរអ្នកត្រឡប់មក អំពីទីនោះវិញ អ្នកកុំទៅឲ្យហួសទៅនាយ អំពីទីនេះឡើយ ។ ឧទបត្តោសិ វេគេន, ពលី បក្ខី ទិជុត្តមោ; ឱលោកយន្តោ វក្កង្គោ, បព្ពតានិ វនានិ ច។ (ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកម្លាំងដ៏ប្រសើរជាងទិជជាតិ (សត្វដែលកើត២ដង សំដៅដល់សត្វដែលកើតក្នុងស៊ុត) ហើរស្ទុះឡើង ដោយសន្ទុះដ៏ខ្លាំង រមិលមើលនូវភ្នំ និងព្រៃទាំងឡាយ ។ អទ្ទស្ស បថវិំ គិជ្ឈោ, យថាសាសិ បិតុស្សុតំ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ។ ត្មាត (ឈ្មោះសុបត្តៈនោះ) បានឃើញផែនដីមានសាគរព័ទ្ធជុំវិញ មូលដូចជាកង់ សមដូចពាក្យប្រដៅរបស់បិតា ដែលខ្លួនបានឮមកហើយ ។ តញ្ច សោ សមតិក្កម្ម, បរមេវច្ចវត្តថ; តញ្ច វាតសិខា តិក្ខា, អច្ចហាសិ ពលិំ ទិជំ។ ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់ទីខាងនាយ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតដ៏មានកម្លាំងនោះ ខ្ទេចខ្ទីអស់ទៅ ។ នាសក្ខាតិគតោ បោសោ, បុនទេវ និវត្តិតុំ; ទិជោ ព្យសនមាបាទិ, វេរម្ភានំ វសំ គតោ។ បក្សីត្មាតនោះ ហើរជ្រុលហួសទៅនាយហើយ ក៏មិនអាចហើរត្រឡប់មកវិញបាន លុះក្នុងអំណាចខ្យល់ព្យុះ ក៏ដល់នូវសេចក្តីវិនាសទៅ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃដែលរស់នៅដោយសារត្មាតនោះ (បរិវារ) ក្តី ក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះតែត្មាតសុបត្តៈនោះ មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុឌ្ឍានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; ស វេ ព្យសនំ បប្បោតិ, អកត្វា វុឌ្ឍសាសនំ។ ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យទាំងឡាយ យ៉ាងនេះហើយ ពួកជនទាំងអស់នោះ រមែងដល់នូវសេចក្តីវិនាស ព្រោះតែមិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាតដ៏មានកម្លាំង ប្រព្រឹត្តល្មើសពាក្យប្រដៅ ហើរហួសទីព្រំប្រទល់ ។ បណ្ដាបទទាំងនោះ បទថា បរិសង្កុបថោ គឺសង្កុបថោ ។ មនុស្សទាំងឡាយកាលទៅដើម្បីរកមាសនិងប្រាក់ បានបោះបង្គោលក្នុងទីនោះ ចងខ្សែនឹងបង្អោលនោះហើយទៅ ព្រោះហេតុនោះ ទីនោះជាផ្លូវដែលទៅដោយស្មង លើភ្នំគិជ្ឈកូដនោះ លោកទើបហៅថា សង្កុបថៈ ។ បទថា គិជ្ឈបន្ថោ បានដល់ ផ្លូវធំលើកំពូលភ្នំគិជ្ឈកូដ ។ បទថា សនន្តនោ ប្រែថា តាំងអំពីបុរាណ ។ បទថា តត្រាសិ សេចក្ដីថា មានត្មាតមួយនៅនឹងសង្កុបថៈ លើកំពូលភ្នំគិជ្ឈកូដ ត្មាតនោះចិញ្ចឹមមាតាបិតាដែលចាស់ជរា ។ បទថា អជគរមេទំ បានដល់ ខ្លាញ់ខាប់ពស់ថ្លាន់ ។ បទថា អច្ចហាសិ សេចក្ដីថា នាំមកដ៏ច្រើន ។បទថា ពហុត្តសោ បានដល់ ដោយច្រើន។ បទថា ជានំ ឧច្ចំ បបាតិនំ សេចក្ដីថា ត្មាតជាបិតាបានស្ដាប់ថា កូនរបស់លោកហក់លោតកាន់ទីដ៏ខ្ពស់ ទើបដឹងថា សុបត្តត្មាតនេះឡើងកាន់ទីខ្ពស់ ។ បទថា តេជស្សិំ សេចក្ដីថា ដល់ព្រមដោយតេជះរបស់បុរស ។ បទថា ទូរគាមិនំ សេចក្ដីថា ទៅឆ្ងាយដោយតេជះនោះឯង ។ បទថា បរិប្លវន្តំ សេចក្ដីថា អណែ្តតលើទឹក ដូចជាស្លឹកឈូក ។ បទថាវិជានហិ សេចក្ដីថា អ្នកដឹង ។ បទថា ចក្កំវ បរិមណ្ឌលំ សេចក្ដីថា ត្មាតបិតាពោលប្រៀនប្រដៅយ៉ាងនេះថា កាលណាជម្ពូទ្វីបនេះ ដែលកំណត់ដោយសមុទ្រ ឋិតនៅក្នុងទីណា ប្រាកដដូចមណ្ឌលចក្រដល់អ្នកណា នែកូន អ្នកចូរត្រឡប់អំពីទីនោះ ។ បទថា ឧទបត្តោសិ សេចក្ដីថា ត្មាតសុបត្តៈមិនធ្វើតាមឱវាទរបស់បិតា ថ្ងៃមួយ ហើរទៅជាមួយនឹងត្មាតទាំងឡាយ លះបង់ត្មាតទាំងនោះ ទៅដល់ទីដែលបិតាប្រាប់ ។ បទថាឱលោកយន្តោ សេចក្ដីថា សុបត្តត្មាត ដល់ទីនោះហើយ ក្រឡេកមើលខាងក្រោម ។ បទថា វក្កង្គោ ប្រែថា ងាកក ។ បទថា យថាសាសិ បិតុស្សុតំ សេចក្ដីថា បានស្ដាប់មកអំពីសម្នាក់បិតាយ៉ាងណា ក៏បានមើលឃើញយ៉ាងនោះ បាឋៈថា យថាស្សាសិ ក៏មាន ។ បទថា បរមេវច្ចវត្តថ សេចក្ដីថា ហើរកន្លងហួសដែនដែលបិតាប្រាប់ហើយ ទៅខាងមុខទៀត ។ បទថា តញ្ច វាតសិខា តិក្ខា សេចក្ដីថា ខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតជាទិជជាតិ ដែលជាអ្នកមិនធ្វើតាមឱវាទសូម្បីមានកម្លាំង ធ្វើឲ្យខ្ទេចខ្ទី ។ បទថា នាសក្ខាតិគតោ សេចក្ដីថា មិនអាចនឹងត្រឡប់មកវិញបាន ។ បទថា បោសោ ប្រែថា សត្វ ។ បទថា អនោវាទករេ សេចក្ដីថា កាលស្ដេចត្មាតសុបត្តៈជាទិជជាតិនោះ មិនធ្វើតាមឱវាទរបស់បណ្ឌិតទាំងឡាយ ត្មាតទាំងនោះសូម្បីទាំងអស់ក៏ដល់នូវសេចក្ដីទុក្ខដ៏ធំ ។ បទថា អកត្វា វុឌ្ឍសាសនំ សេចក្ដីថា មិនធ្វើតាមពាក្យរបស់បិតាដែលជាអ្នកប្រាថ្នាសេចក្ដីចម្រើន និងប្រយោជន៍ រមែងដល់សេចក្ដីទុក្ខធំយ៉ាងនេះ ។ ម្នាលភិក្ខុ ព្រោះហេតុនោះ អ្នកចូរកុំដូចសត្វត្មាតនោះឡើយ អ្នកចូរធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចុះ ។ ភិក្ខុនោះកាលព្រះសាស្ដាឲ្យឱវាទយ៉ាងនេះហើយ ចាប់ពីពេលនោះមក លោកក៏ជាអ្នកដែលគេទូន្មានបានដោយល្អ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចគិជ្ឈោ ឯតរហិ ទុព្ពចភិក្ខុ អហោសិ ទុព្វចត្មាតក្នុងកាលនោះ បានមកជាទុព្វចភិក្ខុនេះ គិជ្ឈបិតា បន អហមេវ អហោសិំ ចំណែកត្មាតជាបិតា គឺ តថាគត នេះឯង ។ ចប់ គិជ្ឈជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៥) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2946/xdswwc.jpg
Public date : 03, Sep 2022 (106,099 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការព្យាយាមសម្លាប់របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អហមេវ ទូសិយា ភូនហតា ដូច្នេះជាដើម ។ ក្នុងជាតកទាំងឡាយដទៃ ទេវទត្តមិនអាចនឹងធ្វើ សូម្បីតែសេចក្ដីតក់ស្លុត ដល់ព្រះពោធិសត្វឡើយ ចំណែកក្នុងចូឡធម្មបាលជាតកនេះ ទេវទត្តក្នុងកាលនោះបានបញ្ជាឲ្យ ជេជ្ឈឃាដកាត់ដៃ ជើង និងសីសៈរបស់ព្រះពោធិសត្វ និងឲ្យធ្វើអសិមាលកកម្ម (បោះសាកសពឡើងលើ ហើយយកដាវគ្រវីកាប់ចិញ្ច្រាំឲ្យសាកសព បំបែកជាបំណែកតូចៗ) ក្នុងកាលដែលទ្រង់មានព្រះជន្មត្រឹមតែ ៧ ខែ ។ ក្នុងទទ្ទរជាតក ទេវទត្តបានចាប់ច្របាច់កសម្លាប់ព្រះពោធិសត្វ ហើយអាំងសាច់លើជើងក្រាន រួចបរិភោគ ។ ក្នុងខន្តីវាទីជាតក ទេវទត្តបានឲ្យគេវាយប្រហារព្រះពោធិសត្វ ២ ពាន់រំពាត់ និងឲ្យគេកាត់ដៃ ជើង ត្រចៀក ច្រមុះ ហើយឲ្យគេចាប់ផ្នួងសក់អូសទាញ ឲ្យដេកផ្ញារ និងប្រហារទ្រូងដោយជើង រួចទើបចេញទៅ ។ ព្រះពោធិសត្វក៏អស់អាយុក្នុងថ្ងៃនោះឯង ។ សូម្បីក្នុងចូឡនន្ទិយជាតក និងមហាកបិជាតក ទេវទត្តក៏បានព្យាយាមសម្លាប់ព្រះពោធិសត្វ ។ ទេវទត្តនោះព្យាយាមសម្លាប់ព្រះពោធិសត្វអស់កាលយូរដោយប្រការយ៉ាងនេះ សូម្បីក្នុងសម័យពុទ្ធកាល ក៏ព្យាយាមដូចគ្នាដែរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើឧបាយដើម្បីធ្វើឃាតព្រះពុទ្ធ ទេវទត្តគិតថា យើងឲ្យគេសម្លាប់ព្រះសម្មាសម្ពុទ្ធ ដូច្នេះហើយ ប្រកបនាយខ្នាន់ធ្នូ ប្រមៀលថ្ម និងឲ្យគេលែងដំរីនាឡាគិរី ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានព្យាយាមដើម្បីនឹងសម្លាប់​តថាគតដែរ ប៉ុន្តែឥឡូវនេះ ទេវទត្តមិនអាចនឹងធ្វើសូម្បីតែសេចក្ដីតក់ស្លុត ក្នុងកាលមុន កាលតថាគតនៅជាចូឡធម្មបាលកុមារ ទេវទត្តបានញ៉ាំងតថាគត ដែលជាបុត្ររបស់ខ្លួនឲ្យអស់ជីវិត ហើយឲ្យគេធ្វើអសិមាលកកម្ម ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល ព្រះរាជាព្រះនាម មហាបតាបៈ សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានកើតក្នុងផ្ទៃ នៃព្រះនាងចន្ទាទេវី ដែលជាអគ្គមហេសីរបស់ព្រះរាជានោះ ព្រះញាតិទាំងឡាយថ្វាយព្រះនាមថា ធម្មបាល ។ ក្នុងវេលាដែលធម្មបាលកុមារមានអាយុបាន ៧ ខែ ព្រះមាតាងូតទឹកក្រអូបឲ្យព្រះពោធិសត្វ និងប្រដាប់តាក់តែងហើយ ទើបអង្គុយប្រលែងលេងនឹងព្រះរាជកុមារ ។ ព្រះរាជាបតាបៈស្ដេចយាងមកដំណាក់របស់ព្រះនាង ។ ព្រះនាងចន្ទាទេវីនោះ កាលនឹងឲ្យបុត្រលេង ព្រោះភាពជាអ្នកមានសេចក្ដីស្រឡាញ់បុត្រ ទោះឃើញព្រះរាជាយាងមកហើយ ក៏មិនបានក្រោកទទួល ។ ព្រះរាជាគិតថា ឥឡូវនេះ នាងចន្ទាទេវីនេះធ្វើនូវមានះដោយអាស្រ័យបុត្រ មិនសម្គាល់យើងថាជាអ្វីឡើយ ចុះទម្រាំតែបុត្រនោះធំ នឹងមិនសម្គាល់យើងសូម្បីតែជាមនុស្ស យើងនឹងសម្លាប់បុត្រនោះឥឡូវនេះឯង ។ ព្រះរាជាបតាបៈយាងត្រឡប់ទៅអង្គុយលើរាជាសនៈ ហើយត្រាស់ហៅអ្នកសម្លាប់ចោរមកថា ពេជ្ឈឃាដចូរមក ដោយការតាក់តែងរបស់ខ្លួន ។ ពេជ្ឈឃាដនោះស្លៀកដណ្ដប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ទ្រទ្រង់កម្រងផ្កាក្រហម លីពូថៅលើស្មា កាន់យកឈើសម្រាប់តម្កល់ដៃនិងជើង ដែលមានពកជាគ្រឿងទទួល មកហើយថ្វាយបង្គំព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គឲ្យទូលព្រះបង្គំធ្វើអ្វី ? ព្រះរាជាត្រាស់ថា អ្នកចូរទៅកាន់បន្ទប់ដ៏មានសិរីរបស់ព្រះទេវី រួចនាំធម្មបាលកុមារមក ។ ចំណែកព្រះទេវីជ្រាបថា ព្រះរាជាក្រោធនិងយាងត្រឡប់ទៅវិញដូច្នេះ ក៏ឲ្យព្រះពោធិសត្វដេកនៅនឹងទ្រូង ហើយអង្គុយយំ ។ ពេជ្ឈឃាដទៅហើយ បានប្រហារនូវខ្នងព្រះទេវីដោយដៃ ចាប់ទាញព្រះកុមារឲ្យដាច់ចេញអំពីដៃ របស់ព្រះនាង ហើយមកកាន់សម្នាក់ព្រះរាជា ពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាបញ្ជាឲ្យនាំផែនក្ដារមួយមក ឲ្យដាក់ចុះខាងមុខ រួចត្រាស់ថា អ្នកចូរឲ្យកុមារនេះដេកលើទីនេះ ។ ពេជ្ឈឃាដក៏បានធ្វើយ៉ាងនោះ ។ ព្រះនាងចន្ទាទេវីយំ យាងមកតាមខាងក្រោយបុត្រ ។ ពេជ្ឈឃាដពោលម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ដៃធម្មបាល ព្រះនាងចន្ទាទេវីពោលថា បពិត្រមហារាជ បុត្ររបស់ខ្ញុំម្ចាស់នេះ មានអាយុត្រឹមតែ ៧ ខែ នៅក្មេងតូច មិនដឹងអ្វីឡើយ ទោសមិនមានដល់បុត្ររបស់ខ្ញុំម្ចាស់ទេ ទោសនោះគប្បីមានដល់ខ្ញុំម្ចាស់ប៉ុណ្ណោះ ព្រោះហេតុនោះ សូមទ្រង់ឲ្យពេជ្ឈឃាដកាត់ដៃរបស់ខ្ញុំម្ចាស់ចុះ ដូច្នេះហើយ កាលនឹងប្រកាសសេចក្ដីនោះ ព្រះនាងទើបពោលគាថាទី ១ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, ហត្ថេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមលែងនូវធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់នូវដៃទាំងឡាយ របស់ខ្ញុំម្ចាស់វិញចុះ ។ បណ្ដាបទទាំងនោះ បទថា ទូសិយា សេចក្ដីថា អ្នកប្រទូស្ត អធិប្បាយថា ខ្ញុំម្ចាស់បានឃើញព្រះអង្គហើយ កាលមិនបានក្រោកទទួល គឺជាអ្នកបានធ្វើទោស ។ បាឋៈថា ទូសិកា យ៉ាងនេះ ក៏មាន ។ បទថា ភូនហតា សេចក្ដីថា អ្នកបំផ្លាញសេចក្ដីចម្រើន អធិប្បាយថា ជាអ្នកសម្លាប់ប្រយោជន៍ ។ បទថា រញ្ញោ នេះ គប្បីប្រកបដោយបទថា ទូសិយា ។ លោកអធិប្បាយថា ខ្ញុំម្ចាស់ជាស្ត្រីធ្វើនូវកំហុសដល់ព្រះរាជាមហាបតាបៈ កុមារនេះមិនបានធ្វើទេ ព្រោះហេតុនោះ ធម្មបាលដែលនៅតូច និងមិនមានកំហុសនេះ ចូររួចផុត បពិត្រព្រះសម្មតិទេព ប្រសិនបើព្រះអង្គប្រាថ្នានឹងឲ្យពេជ្ឈឃាដកាត់ដៃ ចូរឲ្យកាត់ដៃរបស់ខ្ញុំម្ចាស់ ដែលជាស្ត្រីធ្វើនូវទោសចុះ ។ ព្រះរាជាសម្លឹងមើលមុខពេជ្ឈឃាដ ។ ពេជ្ឈឃាដពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា កុំធ្វើយឺតយូរឡើយ អ្នកចូរកាត់ដៃ ។ ក្នុងខណៈនោះ ពេជ្ឈឃាដបានកាន់យកពូថៅដ៏មុតកាត់ដៃទាំងពីររបស់ព្រះរាជកុមារ ហាក់ដូចជាកាត់ឈើខ្ចី ។ ធម្មបាលកុមារនោះសូម្បីត្រូវកាត់ដៃទាំង ២ ហើយ ក៏មិនស្រែកយំឡើយ ទ្រង់ធ្វើខន្តី និងមេត្តាឲ្យជាបុរេចារិក (ឲ្យប្រព្រឹត្តទៅខាងមុខ) ហើយអត់សង្កត់ ។ ចំណែកព្រះនាងចន្ទាទេវីកាន់យកចុងដៃដែលដាច់ហើយនោះ សៀតទុកនឹងចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំខ្សឹកខ្សួល ។ ពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា ចូរកាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, បាទេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លែងនូវធម្មបាលនេះចេញ សូមកាត់នូវជើងទាំងឡាយ របស់ខ្ញុំវិញចុះ ។ សេចក្ដីអធិប្បាយក្នុងគាថានេះ គប្បីជ្រាបតាមន័យដែលពោលហើយក្នុងគាថាទី ១ នោះចុះ ។ ចំណែកព្រះរាជាមហាបតាបៈ បញ្ជាពេជ្ឈឃាដម្ដងទៀត ។ ពេជ្ឈឃាដនោះក៏កាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីកាន់យកនូវចុងជើងហើយសៀតទុកនឹងថ្នក់ចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំបរិទេវនាការ ពោលថា បពិត្រមហាបតាបៈជាម្ចាស់ ទារកឈ្មោះថា មានដៃជើងដាច់ហើយ គឺមាតាត្រូវចិញ្ចឹម ខ្ញុំម្ចាស់នឹងធ្វើការស៊ីឈ្នួល ហើយចិញ្ចឹមបុត្ររបស់ខ្ញុំម្ចាស់ សូមព្រះអង្គប្រទានបុត្រនោះដល់ខ្ញុំម្ចាស់ ។ ពេជ្ឈឃាដសួរព្រះរាជាបន្តទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំធ្វើតាមព្រះរាជបញ្ជាហើយ កិច្ចរបស់ទូលព្រះបង្គំដល់ទីបំផុតហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ក្បាលរបស់ធម្មបាលកុមារ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា ហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, សីសំ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវក្បាល របស់ខ្ញុំវិញចុះ ។ កាលព្រះនាងពោលយ៉ាងនេះហើយ ក៏បង្អោនក្បាលរបស់ខ្លួនចូលទៅ ។ ចំណែកពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព តើទូលព្រះបង្គំនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា ចូរកាត់ក្បាលរបស់ធម្មបាល ។ ពេជ្ឈឃាដក៏កាត់ក្បាលរបស់ព្រះកុមារ រួចហើយទូលសួរព្រះរាជាថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានធ្វើតាមព្រះរាជបញ្ជាហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើដូចម្ដេចទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរយកចុងដាវទទួលរាងកាយធម្មបាលនោះ ចូរធ្វើនូវអសិមាលកកម្ម ។ ពេជ្ឈឃាដនោះក៏បោះរាងកាយរបស់ធម្មបាលកុមារទៅលើអាកាស ហើយទទួលដោយចុងដាវ ធ្វើនូវកម្មឈ្មោះ អសិមាលកៈ ឲ្យរាងកាយធម្មបាលរោយរាយលើផ្ទៃបាតខាងក្រោម ។ ព្រះនាងចន្ទាទេវីប្រមូលសាច់ របស់ព្រះពោធិសត្វដាក់ទុកក្នុងថ្នក់ចង្កេះ កាលយំខ្សឹកខ្សួល បរិទេវនាការលើផ្ទៃបាតខាងក្រោម បានពោលគាថាទាំងនេះថា ន ហិ នូនិមស្ស រញ្ញោ, មិត្តាមច្ចា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ ឱរសំ បុត្តំ។ ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គ កុំសម្លាប់បុត្តជាឱរស ។ ន ហិ នូនិមស្ស រញ្ញោ, ញាតី មិត្តា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ អត្រជំ បុត្តំ។ ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គកុំសម្លាប់បុត្ត ដែលកើតអំពីខ្លួន ។ បណ្ដាបទទាំងនោះ បទថា មិត្តាមច្ចា ច វិជ្ជរេ សុហទា សេចក្ដីថា ជនជាមិត្រជិតស្និទ្ធរបស់ស្ដេចនេះ ឬ អាមាត្យអ្នករួមក្នុងការងារទាំងពួង ឬអ្នកមានចិត្តល្អ ព្រោះមានចិត្តទន់ភ្លន់ នឹងមិនមាន ដោយពិត ។ បទថា យេ ន វទន្តិ សេចក្ដីថា ជនពួកណាមកក្នុងកាលឥឡូវនេះ (មកទាន់ពេល) តែមិនពោល គឺមិនហាមឃាត់ព្រះរាជានេះថា សូមព្រះអង្គកុំសម្លាប់បុត្រជាទីស្រឡាញ់របស់ខ្លួន ដូច្នេះ យើងយល់ថា ជនទាំងនោះ នឹងមិនមាន ដោយពិតប្រាកដ ។ បទថា ញាតី ក្នុងគាថាទី ២ នេះ បានដល់ ញាតិទាំងឡាយ ។ ចំណែកព្រះនាងចន្ទាទេវី កាលពោលគាថាទាំងពីរនេះហើយ យកដៃទ្រទ្រង់សាច់ទ្រូង (យកដៃរឺតទ្រូង) ពោលគាថាទី ៣ ថា ចន្ទនសារានុលិត្តា, ពាហា ឆិជ្ជន្តិ ធម្មបាលស្ស; ទាយាទស្ស បថព្យា, បាណា មេ ទេវ រុជ្ឈន្តិ។ ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍ របស់ធម្មបាល អ្នកជាទាយាទផែនដីដាច់ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ បណ្ដាបទទាំងនោះ បទថា ទាយាទស្ស បថព្យា សេចក្ដីថា ព្រះនាងចន្ទាទេវីពោលរៀបរាប់ ត្អូញត្អែរ ពិលាបមានពាក្យជាដើមយ៉ាងនេះថា ដៃទាំងឡាយរបស់កុមារជាទាយាទនៃផែនដីដែលមានមហាសមុទ្រទាំង ៤ ជាទីបំផុត ដែលជារបស់ព្រះបិតា ដាច់ហើយ ជើងទាំងឡាយដាច់ហើយ និងក្បាលរបស់កុមារនោះក៏ដាច់ដែរ រាងកាយរបស់កុមារនោះត្រូវធ្វើដោយអសិមាលកកម្ម ឥឡូវនេះ ព្រះអង្គកាត់ផ្ដាច់វង្សរបស់ខ្លួន សូមទ្រង់ទៅចុះ ។ បទថាបាណា មេ ទេវ រុជ្ឈន្តិ សេចក្ដីថា បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់មិនអាចនឹងទ្រទ្រង់សេចក្ដីសោកនេះបាន ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ កាលព្រះនាងចន្ទាទេវីយំរៀបរាប់ បរិទេវនាការយ៉ាងនេះហើយ ព្រះហឫទ័យក៏បែកទៅ ដូចជាឫស្សីដែលត្រូវភ្លើងឆេះក្នុងព្រៃឫស្សីដូច្នោះ ព្រះនាងបានដល់នូវការអស់ព្រះជន្មក្នុងទីនោះឯង ។ ចំណែកព្រះរាជាមហាបតាបៈមិនអាចនឹងឋិតនៅលើបល្ល័ង្កឡើយ ទ្រង់ធ្លាក់ចុះមកលើផ្ទៃបាតខាងក្រោម ហើយផែនក្ដាររនាបក៏បែកជាពីរ ព្រះអង្គក៏ធ្លាក់ចុះមកលើផែនដី ។ លំដាប់នោះ ផែនប្រឹថពីសូម្បីមានកម្រាស់ ២ សែន ៤ ម៉ឺនយោជន៍ ក៏មិនអាចនឹងទ្រទ្រង់អគុណរបស់ព្រះរាជានោះបានឡើយ បែកជាពីរ ធ្វើឲ្យមានចន្លោះ សំណាញ់ភ្លើងអំពីអវីចិ-នរកបានតាំងឡើង ចាប់យកព្រះរាជានោះ បោះទៅក្នុងអវីចិនរក ដូចជារួបរឹតដោយសំពត់កម្ពលដែលត្រកូលប្រគល់ឲ្យ ដូច្នោះ ។ ពួកអាមាត្យទាំងឡាយធ្វើសរីរកិច្ចរបស់ព្រះនាងចន្ទាទេវី និងព្រះពោធិសត្វ ។ ព្រះសាស្ដាបាននាំធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា រាជា ទេវទត្តោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាទេវទត្ត ។ ចន្ទាទេវី មហាបជាបតិគោតមី ព្រះនាងចន្ទាទេវីបានមកជាព្រះនាងមហាបជា-បតិគោតមី ។ ធម្មបាលកុមារោ បន អហមេវ អហោសិំ ចំណែកធម្មបាលកុមារ គឺតថាគតនេះឯង ។ ចប់ ចូឡធម្មបាលជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១១) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។ ដោយ៥០០០ឆ្នាំ
images/articles/2955/32srertpic.jpg
Public date : 03, Sep 2022 (89,231 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធជម្លោះរបស់ក្អែក និងមៀម បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សព្ពេហិ កិរ ញាតីហិ ដូច្នេះជាដើម ។ ក្នុងកាលនោះ ក្អែកទាំងឡាយតែងតែបរិភោគមៀមក្នុងវេលាថ្ងៃ ចំណែកឯមៀមទាំងឡាយវិញ ចាប់ពីព្រះអាទិត្យអស្ដង្គតទៅ តែងកាត់ក្បាលក្អែកដែលដេកនៅក្នុងទីនោះៗ ធ្វើឲ្យពួកក្អែកទាំងនោះដល់នូវការអស់ជីវិត ។ លំដាប់នោះ ក្បាលក្អែកជាច្រើនមានប្រមាណ ៧-៨ នាឡិ ដែលធ្លាក់អំពីដើមឈើ ភិក្ខុមួយរូបដែលនៅក្នុងបរិវេណមួយខាងចុងវត្តជេតពន ក្នុងវេលាបោសសម្អាត ក៏បាន​យកទៅចោល ។ ភិក្ខុនោះ បានប្រាប់សេចក្ដីនោះ ដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងសាលាធម្មសភាថា ម្នាលអាវុសោ បានឮមកថា ក្បាលក្អែកទាំងឡាយមានប្រមាណប៉ុណ្ណេះ ដែលធ្លាក់ក្នុងលំនៅរបស់ភិក្ខុរូបនោះ កាលលោក​បោស​សម្អាត ​បានយកទៅចោលរាល់ៗថ្ងៃ ។ ព្រះសាស្ដាស្ដេចយាងមក ហើយត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងឈ្មោះនេះ ដូច្នេះហើយ ទើបសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គ ពៀរវេរារបស់ក្អែក​និងមៀមទាំងឡាយដល់គ្នានឹងគ្នា តើកើតឡើងក្នុងកាលណាមក ? ព្រះសាស្ដា ត្រាស់​ថា ចាប់តាំងអំពីបឋមកប្បមក រួចហើយទ្រង់ក៏បាននាំអតីតនិទានមកសម្ដែង​ថា៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ មនុស្សទាំងឡាយដែលកើតក្នុងបឋមកប្ប (ក្នុងកាលដែលកប្បតាំងឡើងជាដំបូង) បានប្រជុំគ្នាជ្រើសរើសបុរសមួយ ដែលមានរូបស្អាត ដល់នូវភាពល្អឯក ដល់ព្រមដោយអាចារសម្បត្តិ បរិបូណ៌ដោយអាការៈទាំងពួង ធ្វើជាព្រះរាជា ។ ចំណែកសត្វចតុប្បាទទាំងឡាយក៏ប្រជុំគ្នា ហើយជ្រើសរើសសត្វសីហៈមួយ ធ្វើជាព្រះរាជា ។ សូម្បីត្រីទាំងឡាយក្នុងមហាសមុទ្រ ក៏បានធ្វើត្រីឈ្មោះអានន្ទ ឲ្យជាព្រះរាជា ។ លំដាប់នោះ ពួកបក្សីទាំងឡាយបានប្រជុំគ្នាលើខ្នងថ្មមួយក្នុងហិមវន្តប្រទេស ប្រឹក្សាគ្នាថា ក្នុងពួកមនុស្ស គេមានព្រះរាជា សូម្បីក្នុងពួកសត្វជើងបួន និងពួកត្រី គេក៏មានព្រះរាជាដែរ។ ចំណែកក្នុងរវាងពួកយើង មិនទាន់មានព្រះរាជា ធម្មតាការនៅដោយមិនមានទីពឹង រមែងមិនគួរ សូម្បីពួកយើងក៏គួរនឹងបានព្រះរាជា ពួកយើងចូរកំណត់បក្សីមួយរូបដែលសមគួរតាំងក្នុងតំណែងព្រះរាជា ។ បក្សីទាំងឡាយនោះ កាលសម្លឹងរកមើលបក្សីមួយ ដែលមានសភាពដូចនោះ ក៏ពេញនឹងមៀមមួយ ហើយពោលថា មៀមនេះគាប់ចិត្តដល់ខ្ញុំ ។ លំដាប់នោះ មានបក្សីមួយប្រកាស ៣ ដង ដើម្បីនឹងកាន់យកអធ្យាស្រ័យរបស់បក្សីទាំងពួង ។ កាលបក្សីនោះប្រកាស ​២ ដង បានសង្កត់ពាក្យរបស់បក្សីទាំងឡាយ ក្នុងវេលាប្រកាសគ្រាទី ៣ ក្អែកមួយ ​ក្រោកឡើង ហើយពោលថា អ្នកទាំងឡាយចូរឈប់សិន មុននឹងកាលអភិសេក​មៀម​នេះ​ជាព្រះរាជា មុខរបស់មៀមនេះដែលនៅមិនទាន់ក្រោធ មានសភាពយ៉ាងនេះហើយ ចុះបើមៀននេះក្រោធ មុខនឹងមានសភាពយ៉ាងណាទៅ ក៏ពួកយើងដែលត្រូវមៀមនេះក្រោធហើយសម្លឹងមើលនឹងបែកក្នុងទីនោះៗ ដូចជាអំបិលដែលដាក់ចុះក្នុងអំបែងក្ដៅ កាលឲ្យមៀមនេះជាព្រះរាជា មិនពេញចិត្តដល់ខ្ញុំ ដូច្នេះហើយ ទើបពោលគាថាទី ១ ថា សព្ពេហិ កិរ ញាតីហិ, កោសិយោ ឥស្សរោ កតោ; សចេ ញាតីហនុញ្ញាតោ, ភណេយ្យាហំ ឯកវាចិកំ។ ឮថា ពួកញាតិទាំងអស់ បានលើកកោសិយៈ (មៀម) ឲ្យធ្វើជាធំ ប្រសិនបើពួកញាតិអនុញ្ញាតខ្ញុំសូមនិយាយនូវពាក្យមួយម៉ាត់ ។ គាថានេះមានសេចក្ដីថា សាវនានោះណាកំពុងប្រព្រឹត្តទៅ ខ្ញុំបានស្ដាប់សាវនានោះហើយ សូមពោល ។ បានឮមកថា សមាគមពួកញាតិទាំងឡាយទាំងពួងនេះ ធ្វើកោសិយៈ​នេះ ឲ្យជាព្រះរាជា ។ ប្រសិនបើ ពួកញាតិអនុញ្ញាតហើយ ខ្ញុំនឹងសូមពោលពាក្យមួយក្នុងសមាគមនេះ ។ លំដាប់នោះ បក្សីទាំងឡាយកាលនឹងអនុញ្ញាតដល់ក្អែកនោះ ទើបពោលគាថាទី ២ ថា ភណ សម្ម អនុញ្ញាតោ, អត្ថំ ធម្មញ្ច កេវលំ; សន្តិ ហិ ទហរា បក្ខី, បញ្ញវន្តោ ជុតិន្ធរា។ ម្នាលសម្លាញ់ យើងអនុញ្ញាតហើយ អ្នកចូរនិយាយនូវហេតុ និង ពាក្យដែលជាប់ទាក់ទងដោយបវេណីប៉ុណ្ណោះ ដ្បិតពួកបក្សីក្មេងៗ ដែលមានប្រាជ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿងនៅមាន ។ បណ្ដាបទទាំងនោះ បទថា ភណ សម្ម អនុញ្ញាតោ សេចក្ដីថា ម្នាលសម្លាញ់ ពួកយើងអនុញ្ញាត លោកចូរនិយាយពាក្យដែលគួរនិយាយចុះ ។ បទថា អត្ថំ ធម្មញ្ច កេវលំសេចក្ដីថា កាលលោកនិយាយ ចូរនិយាយឲ្យតាមហេតុ និងពាក្យដែលមានមកតាមបវេណី។ បទថា បញ្ញវន្តោ ជុតិន្ធរា សេចក្ដីថា ពួកបក្សីសូម្បីនៅកំលោះដែលដល់ព្រម​ដោយ​បញ្ញា និងទ្រទ្រង់នូវពន្លឺបញ្ញា រមែងមានប្រាកដ ។ ក្អែកនោះ ដែលពួកបក្សីអនុញ្ញាតហើយ ទើបពោលគាថាទី ៣ ថា ន មេ រុច្ចតិ ភទ្ទំ វោ, ឧលូកស្សាភិសេចនំ; អក្កុទ្ធស្ស មុខំ បស្ស, កថំ កុទ្ធោ ករិស្សតិ។ សូមឲ្យអ្នកទាំងឡាយ មានសេចក្ដីចម្រើន ការដែលអភិសេកមៀម មិនពេញចិត្តខ្ញុំទេ អ្នកទាំងឡាយចូរមើលមុខមៀម ដែលមិនទាន់ខឹង (បែបនេះទៅហើយ) ចំណង់បើខឹងហើយ តើវាធ្វើមុខ ដូចម្ដេចទៅ ។ គាថានេះមានសេចក្ដីថា សេចក្ដីចម្រើនសូមមានដល់អ្នកទាំងឡាយ ដែលដែលអ្នកទាំងឡាយធ្វើការអភិសេកមៀមនេះដោយការប្រកាសសាវនា ៣ ដងនោះ មិនពេញចិត្តខ្ញុំ អ្នកទាំងឡាយចូរមើលមុខ របស់មៀមនេះដែលនៅមិនទាន់ក្រោធ (បែបនេះទៅហើយ) ចំណង់បើក្រោធហើយ តើវាធ្វើមុខ ដូចម្ដេចទៅ ការធ្វើមៀមនេះជាធំ ទើបមិនពេញចិត្តខ្ញុំ ដោយប្រការយ៉ាងនេះ ។ កាលក្អែកពោលយ៉ាងនេះហើយ ក៏ហើរឡើងទៅក្នុងអាកាសពោលថា ខ្ញុំមិនពេញចិត្តទេ ខ្ញុំមិនពេញចិត្តទេ ។ ចំណែកមៀមក៏ក្រោកឡើង ហើរដេញតាមក្អែកនោះទៅ ។ ចាប់តាំងពីពេលនោះមក ក្អែកនិងមៀមនោះក៏ចងនូវពៀរដល់គ្នានឹងគ្នា ។ ពួកបក្សីទាំងឡាយ បានធ្វើសុវណ្ណហង្សឲ្យជាព្រះរាជា រួចទើបគេចទៅ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុទាំងឡាយបានតាំងនៅក្នុងសោតាបត្តិផលជាដើម ។ តទា រជ្ជេ អភិសិត្តហំសបោតោ អហមេវ អហោសិំ សុវណ្ណហង្សដែលបានទទួលការអភិសេក​ឲ្យព្រះរាជាក្នុងកាលនោះ គឺ តថាគត នេះឯង ។ ឧលូកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៥) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។ ដោយ៥០០០ឆ្នាំ
images/articles/3045/5342rweeeeg.jpg
Public date : 03, Sep 2022 (2,443 Read)
ទោសបិសុណាវាចា (ទោសការពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ) មាន​រឿង​ក្នុង​គម្ពីរ​ធម្មបទ បច្ឆិម​ភាគ សេចក្ដី​ថា កាល​ក្នុង​សាសនា​ព្រះ​សម្ពុទ្ធ ព្រះ​នាម​កស្សបៈ មាន​ព្រះ​ថេរៈ​ពីរ​អង្គ​ជា​សម្លាញ់​នឹង​គ្នា មាន​ព្រះ​ទ័យ​ស្មើ​ដូច​ជា​បង​ប្អូន​កើត​ក្នុង​ផ្ទៃ​មាតា​ជា​មួយ​គ្នា ។ ថ្ងៃ​មួយ​មាន​ភិក្ខុ​ជា​ធម្មកថិក​មួយ​រូប ទៅ​ពោល​ពាក្យ​ញុះញង់​បំបែក​ព្រះ​ថេរៈ​ទាំង​ពីរ១អង្គ​ឱ្យ​បែក​ចាក​សេចក្ដី​រាប់អាន លុះ​ភិក្ខុ​ធម្មកថិក​នោះ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ ក៏​ទៅ​រង​ទុក្ខ​ក្នុង​អវីចី​នរក​អស់​កាល​ដ៏​យូរ​រវាង​មួយ​ពុទ្ធន្តរ លុះ​រួច​ពី​នរក​មក​ទៅ​កើត​ជា​សូករ​ប្រេត គឺ​ប្រេត​មាន​សណ្ឋាន​ដូច​ជា​ជ្រូក មាន​ខ្លួន​ជា​មនុស្ស ក្បាល​ជា​ជ្រូក​រង​ទុក្ខ​លើ​ភ្នំ​គិជ្ឈកូដ​ក្នុង​ពុទ្ធកាល​នេះ ទោស​ទាំង​នេះ​ជា​ទោស​ព្រោះ​ពោល​បិសុណា​វាចា​នោះ​ឯង ។ ព្រះ​វង្គិ​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដែល​រាប់​បញ្ចូល​មក​ក្នុង​សុភាសិត​សូត្រ​ដូច្នេះ​ថា តមេវ វាធំ ភាសេយ្យ យាយត្តានំ ន តាបយេ បរេ ច ន វិហឹសេយ្យ សា វេ វាចា សុភាសិតា ។ ប្រែ​ថា បុគ្គល​មិន​គប្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ​ក្រហាយ​ផង មិន​គប្បី​បៀត​បៀន​អ្នក​ដទៃ​ផង ដោយ​វាចា​ណា គប្បី​ពោល​តែ​វាចា​នោះ​ចុះ វាចា​នោះ​ឯង​ហើយ​ជា​សុភាសិត ។ ចប់​រឿង​សូករ​ប្រេត ។ ដោយ៥០០០ឆ្នាំ
images/articles/3240/ertretyuyti67654tr.jpg
Public date : 03, Sep 2022 (891 Read)
រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាល ណោះ ព្រះឥន្ទ្រាធិរាជនិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិរិយបណ្ឌិតបានអារសាច់របស់ ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។ សេចក្តីលម្អិតមានដូចតទៅនេះ ៖ មានសេចក្តីតំណាលថា ព្រះរាជាដែនបញ្ចាល បានចាត់រាជបម្រើនាំសំពត់រ័ត្នកម្ពល់ មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជ ។ ព្រះបាទមហារដ្ឋរាជទ្រង់ទតឃើញសំពត់ នោះហើយ ទ្រង់ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរក រតនវត្ថុដែលមានតម្លៃជាង ផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃ គ្មានអ្វីស្មើ នឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំ ព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។ ព្រះបាទមហារដ្ឋ ទ្រង់ថ្វាយបង្គំព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជជា សម្លាញ់ខ្ញុំព្រះអង្គជាមនុស្សមច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះ ស្តេចនោះ ឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើ បាដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេចនោះ ដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ ។ ព្រះបាទមហារដ្ឋរាជ ទ្រង់បានបួងសួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង (ក) ។ ខណៈនោះ ផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានផ្កាបទុមបញ្ចពណ៌ធំផុស លេច ឡើងលើផ្ទៃទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលា ផ្សេងៗ ហើយហក់ហែលចោមរោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគំតូរ្យតន្រ្តីឮសូររងំពីរោះល្វេងល្វើយគួរជាទីអស្ចារ្យ ។ រាជទូតទាំងឡាយ បានបើកភេត្រាដ៏មានសិរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូល គាល់ក្រាបទូលតំណាលពីហេតុអស្ចារ្យផ្សេងៗ ។ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃ លែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រា ទ្រង់បានថ្វាយបង្គំ ទ្រង់ បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ” ។ ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបាដិហារ្យយ៉ាងអស្ចារ្យ អណ្តែតឡើងព្ធដ៏អាកាស បាន បញ្ចេញឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចម្រុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយ ពណ្ណរាយ ផ្សព្វផ្សាយចេញទៅសព្វទិស ទាំងពួង ។ ពួកទេពតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញ ពីទីតំបន់ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។ ព្រះរាជាបានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមាយាងចុះ មកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបម្រុងទុក លុះព្រះពុទ្ធបដិមាយាងចុះមកហើយ ទ្រង់ព្រមដោយ ចតុរង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ ព្រះពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ ហើយទ្រង់ឲ្យតម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាស ផ្សាយដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទិបព្រះពុទ្ធបដិមា ជាមួយនឹងយើង តាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។ កាលនោះ មានបុរសកម្សត់ម្នាក់ ឈ្មោះ វិរិយបណ្ឌិត ជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មានបំណងនឹងលក់ខ្លួនទិញមាសទិបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និង បិតាធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមី ខ្លួន ឲ្យយកទៅទិញមាសទិបព្រះពុទ្ធបដិមា ។ គាត់បានមាសហើយចូលទៅក្នុងសាលា ប្រាថ្នានឹងទិបព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាង មកទេ អ្នកដទៃទិបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។ វិរិយបណ្ឌិតនិយាយអង្វរ ខ្លាំងពេក អ្នកយាមរក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ គាត់បានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមាមាន ព្រះពុទ្ធដីកាអនុញាតឲ្យអ្នកឯង អ្នកចូរទិបចុះ” ។ វិរិយបណ្ឌិតក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយគាត់ តាំងចិត្តអធិដ្ឋាន ដោយពោលអាងពាក្យសច្ចៈផ្សេងៗ ដើម្បីសូមឲ្យព្រះពុទ្ធបដិមាបើកព្រះ ឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។ គ្រានោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “នែវិរិយបណ្ឌិត ចូរអ្នក ទិបតថាគតតាមប្រាថ្នាចុះ” ហើយបានបញ្ចេញរស្មីទាំង ៦ ពណ៌ ដូចព្រះពុទ្ធបដិមា អង្គមុននោះដែរ ។ វិរិយបណ្ឌិតក៏បានទិបព្រះពុទ្ធបដិមាដោយមាស ដែលខ្លួនមានទាំង ប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព័ត៌មាននោះ ក៏ឲ្យហៅវិរិយបណ្ឌិតមក ហើយទ្រង់ បានព្រះរាជទានសម្បត្តិផ្សេងៗច្រើនអនេក ។ អ្នកនគរក៏នាំមាស ប្រាក់ សំពត់ជាដើមមក ជូនយ៉ាងកកកុញ ។ គាត់បានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខ ក្សេមក្សាន្ត ដរាបដល់ ក្ស័យជីវិត ។ ចប់ វិរិយបណ្ឌិតជាតក ៕ (ចាកបញ្ញាសជាតក របស់ជនជាតលាណា) ញ៉ុក-ថែម កំណាព្យឆព្វណ្ណរង្សីពណ៌លឿង រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែរធ្វើមាស បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ កំណាព្យមួយបែបទៀត ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងឆ្នៃរចនា ថ្វាយសាធុការពេញផែនដី ។ ដោយ៥០០០ឆ្នាំ
images/articles/3246/________________________________________________.jpg
Public date : 03, Sep 2022 (1,040 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុកមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អយមេវ សា អហមបិ សោ អនញ្ញោ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្ននឹងមានជាក់ច្បាស់ក្នុង ឧម្មាទន្តីជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ញាសនិបាត បិដកលេខ ៦១ ទំព័រ ១៤) ។ភិក្ខុនោះត្រូវព្រះសាស្ដាសួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ ?លោកឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែនហើយ ។ ព្រះសាស្ដាសួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុក ?លោកឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញមាតុគ្រាមដែលប្រដាប់តាក់តែងដ៏ស្អាតមួយរូប ទើបជាអ្នកបណ្ដោយតាមកិលេស ទៅជាអផ្សុកបែបនេះ ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ជាមនុស្សទ្រុស្តមិត្រ មានមាយាច្រើន, សូម្បីបោរាណកបណ្ឌិតសុខចិត្តលះបង់ជីវិត ឲ្យផឹកឈាមដែលហូរចេញពីជង្គង់ខាងស្ដាំរបស់ខ្លួនហើយក៏ដោយ ក៏បានមិនចិត្ត (ស្មោះ) របស់មាតុគ្រាមដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា ៈ បពិត្រអើយ ក្នុងកាលដ៏ខណ្ឌខាំងកំបាំងស្ងាត់កន្លង រំលងយូរណាស់ទៅហើយ ឰដ៏កាលនោះ ព្រះចៅក្រុងពារាណសី មានព្រះរាជបុត្រ ៧ អង្គ ។ បណ្ដាព្រះរាជឱរសទាំង ៧ អង្គនោះ បទុមរាជកុមារពោធិសត្វជាបងច្បងលើរាជកុមារទាំងអស់ ។ កាលនោះព្រះចៅក្រុងពារាណសីជាព្រះវររាជបិតា ទ្រង់ព្រះចិន្ដាថាៈ ព្រះរាជកុមារទាំងនេះតទៅ មុខជានឹងនាំគ្នាសម្លាប់អញ ហើយដណ្ដើមយករាជសម្បត្តិតែសព្វ ៗ ខ្លួនពុំខានឡើយ, លុះទ្រង់ព្រះចិន្ដាឈ្វេងយល់ដូច្នេះហើយ ក៏កើតសេចក្ដីរង្កៀសសង្ស័យចំពោះព្រះរាជបុត្រាទាំងនោះ ទើបមានព្រះបន្ទូលថាៈ ហៃបុត្រស្ងួនសម្លាញ់មាសឪពុកទាំងឡាយអើយ ! បាកុំនៅក្នុងទីនេះឡើយ ចូរបានាំគ្នាចេញទៅនៅក្នុងទីដទៃសិនទៅ ទម្រាំតែដល់គ្រាដែលអំណើះឥតអំពីបិតាទៅ សឹមបានាំគ្នាទទួលយករាជសម្បត្តិជាខាងក្រោយចុះ ។ ឯព្រះរាជកុមារទាំងនោះ ព្រមទាំងភរិយារបស់ខ្លួន ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតាបិតាហើយចេញទៅអំពីនគរ ។ លុះដើរ ៗ ទៅបានទៅដល់ផ្លូវដាច់ស្រយាល ក៏ដាច់បាយដាច់ទឹកនៅក្នុងកណ្ដាលអធ្វ័ន រកស្បៀងអាហារបរិភោគពុំបាន ក៏បបួលគ្នាកាប់សម្លាប់ភរិយានៃព្រះរាជកុមារពៅជាមុន ចែកសាច់ជា ១៣ ចំណែកហើយបរិភោគសាច់ ដែលជាចំណែករបស់ខ្លួនតែរៀង ៗ ខ្លួន ។ នឹងថ្លែងឯព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្ន ព្រះអង្គត្រូវបានពីរចំណែក គឺព្រះអង្គ ១ ចំណែក ភរិយារបស់ព្រះអង្គ ១ ចំណែក ។ បណ្ដាចំណែកពីរដែលខ្លួននិងប្រពន្ធបានមកនោះព្រះអង្គបានតម្កល់ទុក ១ ចំណែក ៗ រៀងរាល់ថ្ងៃមិនបរិភោគឡើយ បរិភោគតែ ១ ចំណែកជាមួយនឹងភរិយា ។ ឯកុមារទាំងនោះ ក៏សម្លាប់ស្រ្ដីទាំង ៦ នាក់ ក្នុង ១ ថ្ងៃមួយ ៗ យកសាច់មកចែកគ្នាបរិភោគតាមន័យនេះរៀងរាល់ថ្ងៃ រហូតមកដល់ថ្ងៃជាគម្រប់ ៦ ។ ចំណែកព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នហេតុតែព្រះអង្គមានប្រាជ្ញាឈ្លាសវៃ បានរំលែកទុកចំណែកដែលត្រូវបានខ្លួនមួយចំណែក ៗ តែរាល់ ៗ ថ្ងៃ ទើបដល់មកថ្ងៃទី ៧ ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះ ព្រះអង្គនៅសល់ចំណែកទាំង ៦ ដែលបានរំលែកលាក់ទុកពីថ្ងៃមុន ៗ មក ។ ព្រះអង្គក៏បានចំណែកទាំង ៦ ដល់ព្រះរាជកុមារទាំងឡាយ ដែលមានប្រាថ្នាដើម្បីនឹងសម្លាប់ភរិយារបស់ព្រះអង្គ ហើយទ្រង់ពោលថាៈ ម្នាលអ្នកទាំងឡាយ ក្នុងថ្ងៃនេះ អ្នកទាំងឡាយចូរបរិភោគចំណែកទាំងនេះសិនចុះ ចាំដល់ថ្ងៃស្អែកសឹមយើងនឹងគិតលៃលកតទៅទៀត ។ លុះដល់វេលារាត្រី កាលព្រះរាជកុមារទាំងលក់កំពុងដេកលក់ស៊ប់ ព្រះអង្គក៏នាំភរិយារបស់ព្រះអង្គរត់គេចទៅអំពីទីនោះ ។ លុះដើរឆ្ងាយបន្តិចទៅភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបាន ទើបព្រះអង្គក៏លើកភរិយាបញ្ជិះលើស្មាហើយខំប្រឹងដើរទៅ, កាលព្រះអាទិត្យរះឡើងពេញពន្លឺ ក៏បានឆ្លងផ្លូវឆ្ងាយដាច់ស្រយាលនោះផុត ។ ឯភរិយាបាននិយាយថាៈ បពិត្រអ្នកជាស្វាមី ខ្ញុំស្រេកទឹកខ្លាំងណាស់ ។ ព្រះបរមពោធិសត្វ កាលណាបើរកទឹកពុំបានឲ្យភរិយាផឹក ក៏ចោះជង្គង់ខ្លួនដោយព្រះខាន់ដ៏មុត យកឈាមឲ្យភរិយាផឹក ។ ជនទាំងពីរនាក់ ស្វាមីភរិយានោះ ដើរជាលំដាប់ទៅ បានដល់មហាគង្គា ១ ក៏ធ្វើបណ្ណសាលា ១ នៅក្បែរទន្លេគង្គានោះ ហើយក៏នាំគ្នានៅក្នុងទីនោះទៅ ។ កាលនោះមានពួកមនុស្សជាច្រើន ចាប់បានចោរម្នាក់ដែលមានទោសកំហុសចំពោះព្រះរាជាហើយនាំយកទៅកាត់ដៃ-ជើង-ត្រចៀក និងច្រមុះឲ្យកំបុតអស់ ហើយដាក់នៅក្នុងពោង​ពាយ​បណ្ដែតចោលទៅក្នុងទន្លេគង្គានោះទៅ ។ ឯបុរសកំបុតក៏ស្រែកថ្ងូរដោយសម្រែកដ៏ខ្លាំង ហើយអណ្ដែតទៅដល់ទីនោះ ។ ព្រះបរមពោធិសត្វបានឮសំឡេងនោះហើយក៏ទៅស្រង់លើកបុរសកំបុតនោះ ដោយសេចក្ដីករុណាអាណិតអាសូរ នាំយកទៅកាន់បណ្ណសាលា បានធ្វើ វណបដិកម្ម គឺករិយាបិទរុំដំបៅ ដោយកិច្ចទាំងឡាយមានលាងនិងលាបរុំ ដោយសំពត់ជាដើម ។ ឯភរិយាព្រះបរមពោធិសត្វមហាបុរសរ័ត្ន ខ្ពើមរអើមបុរសកំបុតនោះពន់ពេក ចេះតែខាកស្ដោះ ៗ រាល់ ៗថ្ងៃ ។ កាលនោះ ព្រះបរមពោធិសត្វតែងទុកបុរសកំបុតនោះ ឲ្យនៅក្នុងអាស្រមជាមួយនឹងភរិយា ហើយទ្រង់ចេញទៅស្វែងរកផលាផលដោយព្រះអង្គឯង នាំយកមកចិញ្ចឹមរក្សា ទ្រង់ថែរក្សាបុរសកំបុតរៀងរាល់ថ្ងៃ ទាល់តែបានសះជារបួសនោះដោយស្រួលបួល ។ ឯនាងជាស្រីអប្រិយមានចិត្តគំនិតអាក្រក់ ក្បត់ចិត្តស្វាមីកាលបានឱកាសស្ងាត់ហើយ ក៏លបលួចចងចិត្តប្រតិព័ទ្ធនឹងអាកំបុតឥតមានចិត្តកោតក្រែងដល់ស្វាមីបន្តិចបន្តួចឡើយ ហើយក៏បានប្រព្រឹត្ត កាមេមិច្ឆាចារជាមួយនឹងអាកំបុតនោះទៅ, មិនតែប៉ុណ្ណោះសោត គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វជាស្វាមីរបស់ខ្លួនចោល ហើយក៏ធ្វើជាក្លែងនិយាយថាៈ បពិត្រអ្នកស្វាមី កាលដែលខ្ញុំជិះលើស្មាអ្នកចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមក បានឃើញភ្នំ ១ ធំ ហើយខ្ញុំក៏បានតាំងសច្ចាប្រណិធានបួងសួងបន់ស្រន់ថាៈ បពិត្រលោកទេវតារក្សាភ្នំជាម្ចាស់ខ្ញុំអើយ ! បើសិនណាជាខ្ញុំព្រមទាំងស្វាមីរបស់ខ្ញុំជាបុគ្គលឥតមានជំងឺតម្កាត់អ្វី ហើយបានរស់រួចជីវិតកាលណា ខ្ញុំនឹងត្រឡប់មកធ្វើពលិកម្មបូជាដល់លោកក្នុងកាលនោះពុំខាន, ឥឡូវនេះដល់ពេលដែលខ្ញុំនឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតានោះ ។ នាងថាតែប៉ុណ្ណេះហើយ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ លុះដល់ហើយទើបនិយាយនឹងព្រះពោធិសត្វជាស្វាមីថាៈ បពិត្រអ្នកជាស្វាមី, ខ្លួនអ្នកជាទេវតាដ៏ឧត្ដមបំផុត ខ្ញុំនឹងដើរប្រទក្សិណអ្នក ៣ ជុំ ហើយថ្វាយបង្គំអ្នកជាមុនសិន រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាក្នុងកាលជាខាងក្រោយ ។ ស្រីអប្រិយពោលពាក្យយ៉ាងនេះហើយ ក៏ឲ្យព្រះពោធិសត្វឈរបែរមុខឈមទៅរកជ្រោះភ្នំ ហើយធ្វើអាការហាក់ដូចជាស្រីមានប្រាថ្នា ដើម្បីថ្វាយបង្គំបូជាដោយផ្កាភ្ញីទាំងឡាយ ឈរនៅពីខាងក្រោយខ្នងហើយច្រានព្រះពោធិសត្វទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ ។ រួចហើយក៏ម្នីម្នាត្រឡប់វិលទៅកាន់សំណាក់បុរសកំបុតនោះវិញដោយប្រញាប់ប្រញាល់ ។ ឯព្រះពោធិសត្វមហាបុរសរ័ត្ន កាលដែលធ្លាក់ចុះទៅក្នុងជ្រោះនោះ ហេតុតែបុណ្យសម្ភារព្រះបារមីដែលព្រះអង្គបានកសាងទុកមកពីបុព្វជាតិ ក៏ធ្លាក់ទៅទើរលើគុម្ពឈើស៊ុមទ្រុំ ១ លើចុងឧទុម្ពរ ( ដើមល្វា ) ១ ដើម ដែលជាឈើឥតបន្លាតែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានឡើយ ក៏បេះផ្លែឧទុម្ពរអង្គុយបរិភោក្ដានៅលើប្រគាបមែកឈើនោះឯង ។ ជួនជាពេលនោះ មានស្ដេចទន្សង ១ មានសរីរាវយវៈដ៏ធំ ជាសត្វធ្លាប់ឡើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វានោះ ។ សត្វទន្សោងនោះ កាលឡើងមកស៊ីផ្លែឈើនោះស្រាប់តែក្រឡេកមើលទៅឃើញព្រះបរមពោធិសត្វ ក៏មានសេចក្ដីវិស្សាសៈស្និទ្ធស្នាលនឹងព្រះអង្គ ទើបសួររកហេតុដែលព្រះពោធិសត្វមកក្នុងទីនោះ, កាលបានស្ដាប់ដឹងនូវសេចក្ដីនោះសព្វគ្រប់ហើយ ក៏ឲ្យព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នអង្គុយនៅលើខ្នងរបស់ខ្លួន ហើយវារឡើងអំពីជ្រោះភ្នំនាំចេញទៅដាក់នៅនាមហាមគ៌ា ហើយក៏ត្រឡប់វិលចូលទៅកាន់ព្រៃបាត់ទៅវិញ ។ ឯព្រះបរមពោធិសត្វទ្រង់ទៅកាន់បច្ចន្តគ្រាមហើយនៅក្នុងស្រុកនោះ, លុះអំណើះឥតអំពីព្រះវររាជបិតាទៅក៏បានទទួលសោយរាជ្យជាស្ដេចទ្រង់ព្រះនាមថា ព្រះបាទបទុមរាជ គ្រប់គ្រងរាជសម្បត្តិជាដំណតវង្សមក ព្រះអង្គបានសាងសាលាសម្រាប់ឲ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង ១ ថ្ងៃ ៦ សែនកហាបណៈឲ្យទានតែរាល់ ៗ ថ្ងៃឥតមានលោះថ្ងៃណាមួយឡើយ ។ កាលនោះ ស្រីបាបអប្រិយកាឡកណ្ណីជួជាតិឥតល័ក្ខណ៍នោះ បានបញ្ជិះអាកំបុតលើស្មាដើរចេញមកអំពីព្រៃ ត្រាច់ដើរទៅស្វែមរកសូមទានបាយចំណីគេសព្វច្រកល្ហកឥតមានសោះចន្លោះ ក្នុងផ្លូវជាលំនៅនៃមនុស្សម្នាមហាជនផង យកមកចិញ្ចឹមរក្សាបុរសពិការនោះជាធម្មតាកាលបើមានគេសួរថាៈ បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងពោលថ្លែងរៀបរាប់ប្រាប់ថា យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា គឺខ្លួនខ្ញុំជាធីតាខាងឪពុកខាងឪពុកធំខាងម្ដាយនៃបុរសនេះ, ឯបុរសនេះ ជាកូនរបស់ម្ដាយមីងខ្ញុំ ពួកចាស់ទុំបានផ្សុំផ្គុំខ្ញុំឲ្យជាភរិយានៃបុរសពិការនេះ ។ ខ្លួនខ្ញុំក៏ស៊ូតែខំប្រឹងថែរក្សាស្វាមីរបស់ខ្លួន សូម្បីមានទោសធ្ងន់ដល់ថ្នាក់ ដែលគេត្រូវសម្លាប់ចោលយ៉ាងនេះក៏ដោយ ចេះតែខំត្រេចស្វះស្វែងរកសូមទានបាយចំណីគេយកមកចិញ្ចឹមរក្សាគ្នាទៅ ។ ពួកមនុស្សបានឮសំដីសារស័ព្ទរៀបរាប់កុហកប្រាប់ដូច្នេះហើយក៏គិតថាៈ នាងនេះជាមានសេចក្ដីគោរពប្រតិបត្តិប្ដីណាស់តើ ក៏នាំគ្នាឲ្យបាយបបរជាច្រើន បានឲ្យទាំងកញ្រ្ចែងផ្ដៅ ១ យ៉ាងជាប់មាំ ហើយប្រាប់ថាៈ នាងឯងចូរដាក់ប្ដីរបស់នាងឲ្យអង្គុយនៅក្នុងកញ្រ្ចែងនេះ ហើយទូលដើរទៅចុះ ដើម្បីកុំឲ្យលំបាកនឹងបញ្ជិះលើស្មាពេក ។ នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់ ដូច្នោះហើយទូលដើររៀង ៗ ទៅដល់ក្រុងពារាណសី ក៏ដាក់អាកំបុតចុះអំពីក្បាលឈប់សម្រាកបរិភោគអាហារចំណី ក្នុងសាលាសម្រាប់ឲ្យទាននោះ រួចហើយនឹងត្រាច់រង្គាត់ទៅដើរទៅមុខទៀត ។ គាប់ជួនជាពេលនោះព្រះបរមពោធិសត្វ ព្រះអង្គចេញទៅក្នុងរោងទាន ដើម្បីព្រះរាជទានម្ហូបចំណីដល់ពួកមនុស្សម្នាមហាជនផងទាំងឡាយ ដោយផ្ទាល់ព្រះហស្ដព្រះអង្គឯង រួចហើយត្រឡប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ ។ ស្រាប់តែឃើញស្រ្ដីនោះត្រង់ផ្លូវ ដែលទ្រង់យាងចូលទៅ ហើយក៏ត្រាស់សួរអស់សួរអស់មនុស្សម្នាមហាជនទាំងឡាយថាៈ អ្វីនេះហ្នឹង ! អស់ពួកមនុស្សទាំងនោះក៏ក្រាបបង្គំទូលថាៈ បពិត្រព្រះសម្មតិទេព នាងនេះជាស្រ្ដីមានសេចក្ដីគោរពកោតក្រែងដល់ប្ដីរបស់ខ្លួន ។ ព្រះបរមពោធិសត្វ ព្រះអង្គក៏ទ្រង់ប្រើរាជបម្រើឲ្យទៅហៅនាងនោះមកហើយទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម ទើបទ្រង់ឲ្យគេលើកបុរសពិកលពិការនោះចេញមកអំពីខាងក្នុងកញ្រ្ចែង ហើយត្រាស់សួរសព្វគ្រប់អន្លើ ។នាងនោះក៏បានថ្លែងសារស័ព្ទសេចក្ដី ក្រាបទូលសព្វគ្រប់សព្វគ្រប់តាមន័យ ដែលបានថ្លែងរួចមកហើយក្នុងខាងដើម ។ព្រះរាជទ្រង់ត្រាស់សួរបញ្ជាក់ថាៈ នាងឯងក្រែងជាភរិយារបស់បទុមកុមារជាធីតារបស់ស្ដេចឯណោះមែនឬ ? ហើយជាស្រីមានឈ្មោះយ៉ាងនេះបានផឹកឈាមក្នុងជង្គង់របស់អញ ហើយនាងឯងផិតក្បត់ចិត្តអញទៅលបលួចចងចិត្តប្រដិព័ទ្ធ ស្រឡាញ់អាកំបុតនេះ បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ ? ឥឡូវនេះ នាងឯងងងើលពកថ្ងាសមកក្នុងទីនេះដោយស្មានថាអញស្លាប់បាត់ក្នុងជ្រោះភ្នំនោះទៅហើយ ។ រួចទ្រង់ត្រាស់គាថាទាំងនេះថា អយមេវ សា អហមបិ សោ អនញ្ញោ, អយមេវ សោ ហត្ថច្ឆិន្នោ អនញ្ញោ; យមាហ ‘កោមារបតី មម’ន្តិ, វជ្ឈិត្ថិយោ នត្ថិ ឥត្ថីសុ សច្ចំ។ ស្រ្តីទ្រុស្តសីលនោះគឺមេនេះឯង បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុតមិនមែនអ្នកដទៃឡើយ គឺអាកំបុតនោះឯង ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយមិនមានពាក្យសច្ចៈ ។ ឥមញ្ច ជម្មំ មុសលេន ហន្ត្វា, លុទ្ទំ ឆវំ បរទារូបសេវិំ; ឥមិស្សា ច នំ បាបបតិព្ពតាយ, ជីវន្តិយា ឆិន្ទថ កណ្ណនាសំ។ អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធ នៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀកនិងច្រមុះ នៃស្រ្តីដែលរស់នៅគោរពប្ដីអាក្រក់នេះផង ។ ព្រះពោធិសត្វធ្វើអាការៈគំរាមកំហែងយ៉ាងនេះ ដើម្បីបង្អន់សេចក្ដីក្រោធប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គមិនបានឲ្យគេធ្វើដូច្នោះឡើយ ។ រួចហើយព្រះអង្គប្រើរាជអាមាត្យឲ្យចងកញ្រ្ចែងលើក្បាលនាងនោះ ដូចដើមវិញយ៉ាងណែន ធ្វើមិនឲ្យនាងស្រាយចេញពីក្បាលបាន ហើយឲ្យដាក់អាកំបុតទៅក្នុងកញ្រ្ចែងនោះ ឲ្យនាងទូលដរាបអស់ជីវិត ហើយទ្រង់ត្រាស់ឲ្យអាមាត្យនាំចេញយកទៅចោល ឲ្យផុតអំពីព្រំប្រទល់ដែនរបស់ព្រះអង្គ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកបានតាំងនៅក្នុងសោតាបត្តិផល រួចទ្រង់ប្រជុំជាតកថា តទា ឆ ភាតរោ អញ្ញតរា ថេរា អហេសុំ បងប្អូនទាំង ៦ ក្នុងកាលនោះបានមកជាព្រះថេរៈ ៦ អង្គភរិយា ចិញ្ចមាណវិកា ភរិយាបានមកជានាងចិញ្ចមាណវិកាកុណ្ឋោ ទេវទត្តោ បុរសកំបុតបានមកជាទេវទត្ត គោធរាជា អានន្ទោ ស្ដេចទន្សងបានមកជាអានន្ទ បទុមរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទបទុមរាជ គឺតថាគតនេះឯង ។ ចូឡបទុមជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ ចូឡបទុមជាតក) ឃុនសោភ័ណភក្ដី អិម – ភន ប្រែនិងរៀបរៀង ប្រែបន្ថែម (សេចក្ដីផ្ដើម និងសេចក្ដីបញ្ចប់) និងពិនិត្យឡើងវិញ ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3048/2021-08-03_10_23_17-cow_and_india_man_painting_-_Google_Search.jpg
Public date : 03, Sep 2022 (2,516 Read)
(ទោស​ផរុសវាចា ការពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេច) សេចក្ដី​ថា គ្រា​កាល​ព្រះ​សាស្ដា​គង់​ព្រះ​ជន្ម​នៅ​ឡើយ ព្រះ​អង្គ​ទ្រង់​តិះដៀល​ឆព្វគ្គិយ​ភិក្ខុ​ទាំងឡាយ​ដោយ​បរិយាយ​ថា ភិក្ខវេ ផរុសវាចា នាម អនត្ថការិកា ។ល។ សហស្សេន បរាជយេត‍ិ ។ ប្រែ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ផរុស​វាចា​នេះ ​ជា​វាចា​អាច​ធ្វើ​ប្រយោជន៍​ឱ្យ​វិនាស​ទៅ​បាន មួយ​ទៀត​សោត ជា​វាចា​ជូរ ចត់ ហឹរ ល្វីង ក្ដៅ ផ្សា កម្រ​អ្នក​នឹង​អត់​ធន់​ទ្រាំ​បាន ដោយ​ហោច​ទៅ​ សូម្បី​តែ​សត្វ​តិរច្ឆាន​ក៏​គង់​មិន​គាប់​ចិត្ត​នឹង​ផរុស​វាចា​នោះ​ដែរ ។ រឿង​នេះ​សម​ដូច​និទាន​ដែល​មាន​ក្នុង​ជាតក​សម្ដែង​ថា ៖ កាល​ក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​នៅ​ជា​ពោធិសត្វ​នៅ​ឡើយ ទៅ​កើត​ជា​គោ​ឈ្មោះ​នន្ទិវិសាល​ក្នុង​ក្រុង​តក្កសិលា ។ ថ្ងៃ​មួយ ព្រាហ្មណ៍​ម្នាក់​បាន​នាំ​យក​កូន​គោ​មក​អំពី​សម្នាក់​ទក្ខិណ​ទាយក​ព្រាហ្មណ៍ ហើយ​ឱ្យ​ឈ្មោះ​គោ​នោះ​ថា នន្ទិវិសាល ព្រាហ្មណ៍​តែង​ចិញ្ចឹម​ដោយ​បបរ​និង​បាយ​ស្រួយ គោ​នោះ​ក៏​បាន​ធំ​ចម្រើន​ឡើង​ដោយ​លំដាប់ មាន​កម្លាំង​អាច​អូស​រទេះ​ដ៏​ធ្ងន់ៗ បាន​មួយ​រយ​រទេះ លុះ​ចំណេរ​មក​ខាង​ក្រោយ ព្រាហ្មណ៍​ជា​ម្ចាស់​បាន​ភ្នាល់​នឹង​គោ​វិន្ទសេដ្ឋី​ ដាក់១ពាន់​កហាបណៈ ដើម្បី​ឱ្យ​គោ​នន្ទិវិសាល​អូស​រទេះ​ដ៏​ធ្ងន់ ចំនួន១រយ​រទេះ ថា​ហើយ​ក៏​កើប​ក្រួស​ខ្សាច់​ផ្ទុក​ឱ្យ​ពេញ​រទេះ​មួយ​រយ​ចង​​​បន្ត​​​គ្នា​បង្ហែៗទៅ ​ទើប​ទឹម​គោ​នន្ទិវិសាល​ឱ្យ​អូស​រទេះ​ទាំងនោះ​ឱ្យ​បាន​ឃ្លាត​ពី​ក្រោយ​មក​ដល់​កន្លែង​កង់​រទេះ​មុខ​ប៉ុណ្ណោះ ចាំ​យក​ចាញ់​ឈ្នះ​គ្នា​ក្នុង​ពេល​អូស​រួច​ឬ​មិន​រួច​នោះ ឯ​ព្រាហ្មណ៍​ក៏​ឡើង​ទៅ​អង្គុយ​លើ​ទូក​រទេះ លើក​ជន្លួញ​ឡើង​ស្រែក​ហៅ​ថា នែ​គោ​កៀច គោ​កោង​កាច ចូរ​ឯង​អូស​រទេះ​ទៅ គោ​ស្ដាប់​ពាក្យ​មិន​ពីរោះ​គាប់​ចិត្ត​ខ្លួន​សោះ ក៏​អស់​កម្លាំង​អូស​រទេះ​មិន​រួច​ឡើយ ព្រាហ្មណ៍​ជា​ម្ចាស់​ក៏​ចាញ់​បង់​ទ្រព្យ​រាប់​ដោយ​ពាន់​កហាបណៈ​ក្នុង​កាល​នោះ ព្រោះ​ភ្នាល់​ចាញ់​គោ​វិន្ទ​សេដ្ឋី​នោះ ។ ពោធិសត្វ​ឃើញ​ព្រាហ្ម៍​កើត​ទុក្ខ​ដូច្នោះ ទើប​និយាយ​ថា នែ​ព្រាហ្មណ៍ ចូរ​ព្រាហ្មណ៍​ឯង​ទៅ​ភ្នាល់​ទៅ​ភ្នាល់​នឹង​គោ​វិន្ទ​សេដ្ឋី​ម្ដង​ទៀត ដាក់​ពីរ​ពាន់​កហាបណៈ​វិញ តែ​ថា​ព្រាហ្មណ៍​ឯង​កុំ​ពោល​ពាក្យ​​ផរុសវាទ​ជា​ពាក្យ​ទុព្ភាសិត​ដូច​មុន​ទៀត​ឡើយ ត្រូវ​ពោល​តែ​ពាក្យ​ជា​សុភាសិត អ្នក​នឹង​ឈ្នះ​គោ​វិន្ទ​សេដ្ឋី​មិន​ខាន​ឡើយ ព្រាហ្មណ៍​ទៅ​ធ្វើ​តាម​បង្គាប់​នោះ ក៏​បាន​ឈ្នះ​គោវិន្ទ​សេដ្ឋី​វិញ ។ ពោធិសត្វ​ក៏​ត្រេកអរ​ដោយ​ព្រាហ្មណ៍​ជា​ម្ចាស់​ខ្លួន បាន​លាភ​ផង ដោយ​ខ្លួន​បាន​អូស​រទេះ​នោះ​រួច​ផង ។ បុគ្គល​អ្នក​ពោល​ពាក្យ​ផរុសវាទ​ហើយ តែង​នឹង​បាន​ប្រទះ​សេចក្ដី​ក្ដៅ​ក្រហាយ​ដូច​ព្រាហ្មណ៍​នោះ លុះ​តែ​លះ​ចោល​មិន​ពោល​ពាក្យ​ផរុសវាទ ទើប​នឹង​បាន​លាភ បាន​ប្រទះ​សេចក្ដី​រីករាយ​ជា​ខាង​ក្រោយ ។ សម​ដូច​ព្រះ​ពុទ្ធ​ដីកា​ដែល​ទ្រង់​សម្ដែង​ទុក​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ឯកនិបាត​ដូច្នេះ​ថា មនុញ្ញមេវ ភាសេយ្យ នាមនុញ្ញំ កុទាចនំ មនុញ្ញំ ភាសមានស្ស គរុភារំ ឧទទ្ធរិ[២] ធនញ្ច នំ អលាភេសិ តេន អត្តមនោ អហុ ។ប្រែ​ថា បុគ្គល​គប្បី​ពោល​ពាក្យ​ពីរោះ​ជាទី​គាប់​ចិត្ត កុំ​គប្បី​ពោល​ពាក្យ​ពីរោះ​មិន​ជាទី​គាប់​ចិត្ត​ឱ្យ​សោះ កាល​ដែល​ព្រាហ្មណ៍​ពោល​ពាក្យ​ពីរោះ​ជាទី​គាប់​ចិត្ត គោនន្ទវិសាល​រើ​ឡើង​នូវ​រទេះ​ដ៏​ពេញ​ដោយ​ក្រួស​ខ្សាច់​ទៅ​បាន ហើយ​ធ្វើ​ព្រាហ្មណ៍​ឱ្យ​បាន​ទ្រព្យ​សម្បត្តិ​ច្រើន គោ​នន្ទិវិសាល​ក៏​ត្រេកអរ​ព្រោះ​ខ្លួន​អូស​រទេះ​រួច​ផង ព្រោះ​ធ្វើ​ព្រាហ្មណ៍​ឱ្យ​បាន​ទ្រព្យ​សម្បត្តិ​ផង ។ ចប់​នន្ទិវិសាល​ជាតក ។ ដោយ៥០០០ឆ្នាំ
« Back12345...1819Next »
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿