ពាក្យថាអរិយសច្ច មានអត្ថ ៤ យ៉ាង
១- ព្រោះព្រះអរិយបុគ្គល មានព្រះសម្មាសម្ពុទ្ធជាដើម បានចាក់ធ្លុះនូវសច្ចៈទាំងនោះ ទើបហៅថា អរិយសច្ច ដូចជាព្រះពុទ្ធដីកាក្នុងបិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយគ្រប់អង្គក្នុងអតីតកាល បានត្រាស់ដឹងហើយ... ក្នុងអនាគតកាលនឹងបានត្រាស់ដឹង... ក្នុងបច្ចុប្បន្នកាល រមែងត្រាស់ដឹងតាមសេចក្ដីពិត ព្រះអរហន្តសម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ រមែងត្រាស់ដឹងនូវអរិយសច្ច ៤ តាមសេចក្ដីពិត។
២- ព្រោះដោយអត្ថថា ជាសច្ចៈរបស់ព្រះអរិយៈ ដូចក្នុងបិដកលេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ជាអរិយបុគ្គលក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ព្រោះហេតុនោះ (សច្ចៈ ៤ ដែលតថាគតសម្ដែងហើយ) ហៅថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយសេចក្ដីថា អរិយសច្ចទាំងឡាយនោះ ឈ្មោះថា ជារបស់ព្រះអរិយៈ ព្រោះព្រះតថាគត ជាព្រះអរិយៈទ្រង់ត្រាស់ដឹង និងត្រាស់សម្ដែងហើយ ព្រោះហេតុណា ហេតុនោះ ទើបឈ្មោះថា អរិយសច្ច គឺជាសេចក្ដីពិតរបស់ព្រះអរិយៈ។
៣- ព្រោះសម្រេចជាព្រះអរិយបុគ្គល ដោយការបានត្រាស់ដឹងនូវសច្ចៈទាំង ៤ ដូចក្នុងព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ដែលមានឈ្មោះថា អរហន្តសម្មាសម្ពុទ្ធ ព្រោះតថាគត បានត្រាស់ដឹងនូវអរិយសច្ច ៤ នេះ តាមសេចក្ដីពិត។
៤- ឈ្មោះថា អរិយសច្ច ព្រោះដោយអត្ថថា ជាសច្ចៈដ៏ប្រសើរ ក្នុងបិដកលេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ព្រោះហេតុនោះ បានជាតថាគត ហៅថាអរិយសច្ច ។ តថានិ ជារបស់ពិត អវិតថានិ មិនប្រែប្រួល អនញ្ញថានិ មិនក្លាយទៅជារបស់ដទៃ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣